ប្រសាសន៍ដើមទាំងស្រុង សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្ត  ព្រីនស៍ ម៉ាណ័រ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល

ប្រសាសន៍ដើមទាំងស្រុង
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្ត  ព្រីនស៍ ម៉ាណ័រ (Prince Manor)
ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ព្រឹកថ្ងៃពុធ ៥រោច ខែអស្សុជ ឆ្នាំជូត ទោសស័ក ព.ស. ២៥៦៤ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០

CNV:

មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ ជាមជ្ឈមណ្ឌលកម្សាន្តលំដាប់អន្តរជាតិដំបូងនៅកម្ពុជា

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ នូវមជ្ឈមណ្ឌលកម្សាន្ត “ព្រីនស៍ ម៉ាណ័រ” ដែលស្ថិតនៅក្នុងចំណោមក្រុមហ៊ុន ហៅកាត់ថា “ព្រីនស៍” ដែលមានរហូតទៅដល់ ៣០ ក្រុមហ៊ុនឯណោះ។ ការសម្ពោធរបស់យើងនេះ ធ្វើឡើងនៅក្រោមតំណក់ទឹកភ្លៀង ដែលវាជាទម្លាប់ធម្មតានៅរដូវវស្សារបស់កម្ពុជា បើទោះបីថា យើងមានលំបាកបន្តិចនៅក្នុងពិធីសម្ពោធក្រោមតំណក់ទឹកភ្លៀង ក៏ប៉ុន្តែ កសិកររបស់យើងនៅទូទាំងប្រទេសនឹងទទួលពីទឹកភ្លៀងនេះឯង នៅក្នុងវិស័យកសិកម្ម។ បើទោះបីជាភ្លៀងធ្លាក់ ក៏យើងមិនបានលើកពេលវេលានៃការសម្ពោធនេះទេ យើងមានមធ្យោបាយ ដើម្បីនឹងធ្វើពិធីសម្ពោធនៅថ្ងៃនេះ ដើម្បីដាក់ឱ្យប្រើប្រាស់នូវមជ្ឈមណ្ឌលមួយ ដែលមានទំហំទឹកប្រាក់រហូតទៅដល់ ៨៦ លានដុល្លារ សហរដ្ឋអាមេរិក។ បើនិយាយទាក់ទិននឹងបញ្ហាមួយចំនួន គឺវាជាលំដាប់អន្តរជាតិលើកដំបូងនៅក្នុងប្រទេសរបស់យើងផងដែរ។

មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ មានការទាក់ទាញ ទាំងភ្ញៀវជាតិ/អន្តរជាតិ

ខ្ញុំពិតជាមានការកោតសរសើរជាមួយនឹងការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ព្រីនស៍ ដែលមានអ្នកឧកញ៉ា ជិនស៊ី ជាអគ្គនាយកនៅក្នុងដំណើរការដឹកនាំ ក្នុងការវិនិយោគនៅកម្ពុជា ដែលមានទំហំទឹកប្រាក់រាប់ពាន់ លានដុល្លារសហរដ្ឋអាមេរិក រួចទៅហើយៗ ក៏បានចំណាយទឹកប្រាក់រហូតទៅដល់ជាង ៨៥ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីកសាងនូវមជ្ឈមណ្ឌលមួយនេះ។ អម្បាញ់មិញ លោកនាយក បានធ្វើរបាយការណ៍ ដែលអស់លោកអ្នកបានស្តាប់រួចមកហើយ អំពីវឌ្ឍនភាពនៃការវិនិយោគ និងការកសាងនូវមជ្ឈមណ្ឌលនេះ។ មជ្ឈមណ្ឌលនេះ ប្រកបទៅដោយការទាក់ទាញនៅទិសខាងកើតនៅរាជធានីភ្នំពេញ ហើយវាក៏ជាមជ្ឈមណ្ឌលនៃការទាក់ទាញមួយសម្រាប់ភ្ញៀវក្នុងស្រុក ក៏ដូចជាភ្ញៀវមកពីបរទេស។ កាលពីខែសីហា ខ្ញុំបានទៅសម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលកម្សាន្តនៅខាងជើងទីក្រុងភ្នំពេញ របស់ឧកញ៉ា លី យ៉ុង​ផាត់ ដែលនៅទីនោះក៏មានស្ថានភាពផ្នែកទឹក ដែលមានទាំងទឹកសមុទ្រ មានទាំងទឹកសាបតាមទន្លេ ដែលអាចចូលបាន ៧ ពាន់នាក់/ថ្ងៃ។

ឆ្នាំនេះ កម្ពុជាទទួលបានទេសចរបរទេសតែជាង ១ លាននាក់តែប៉ុណ្ណោះ ដោយសារវិបត្តិកូវីដ-១៩

ថ្ងៃនេះ យើងក៏មានមជ្ឈមណ្ឌលមួយទៀតនៅទីនេះ ដើម្បីបង្កើតនូវបរិយាកាស សម្រាប់ការកម្សាន្តរបស់ប្រជាពលរដ្ឋរបស់យើង។ គេអាចចោទចេញជាសំណួរថា ហេតុអ្វីបានជាសម័យកូវីដ ដែលទេសចរណ៍ កំពុងតែមានការធ្លាក់ចុះ បែរជានាំគ្នាសម្ពោធដាក់ឱ្យប្រើប្រាស់នូវមជ្ឈមណ្ឌលកម្សាន្តទៅវិញ? នេះជា ចំណុចគប្បីត្រូវបានបកស្រាយបញ្ជាក់ថា បើទោះបីវាបានបំផ្លិចបំផ្លាញ(សង្គមសេដ្ឋកិច្ច)យើង ក៏ប៉ុន្តែ កូវីដ មិនអាចសម្លាប់យើងបាននោះទេ។ ម្យ៉ាងទៀត នៅពេលនេះ ទេសចរណ៍មានផលប៉ះពាល់ខ្លាំងណាស់។ កម្ពុជាធ្លាប់ទទួលបាននូវទេសចរ(អន្តរជាតិ)រហូតទៅ ៦ លាន ៦ សែននាក់ កាលពីឆ្នាំ ២០១៩ កន្លងទៅ។ ប៉ុន្តែ នៅឆ្នាំនេះ ទេសចរបរទេសយើងទទួលបានត្រឹមតែជាង ១ លាននាក់ តែប៉ុណ្ណោះ។ មិនសង្ឃឹមថាទេសចរអន្តរជាតិមានការងើបឡើងយ៉ាងឆាប់រហ័សនោះទេ ព្រោះផុតពីកន្លែងមួយទៅដល់កន្លែងមួយ ស្ថានភាព កូវីដ-១៩ មិនទាន់ស្រាកស្រាន្តទេ …។

មិនអនុញ្ញាតឱ្យទេសចរបរទេសចូលមកកម្ពុជា លើកលែងតែធុរជន អ្នកបច្ចេកទេស និងអ្នកការទូត

យើងក៏បានសុំអធ្យាស្រ័យ/យោគយល់ពីមិត្តភក្តិរបស់យើង បញ្ឈប់ការហោះហើរចូលមកក្នុងប្រទេសរបស់យើង ដោយសារតែស្ថានភាពនៃជំងឺឆ្លងនៅក្នុងប្រទេសនោះមានការរីករាលដាលខ្លាំង។ ពេលជើងយន្តហោះទាំងនោះមកម្តងៗ តែងតែនាំមកនូវអ្នកឆ្លងមេរោគកូវីដ-១៩។ ដូច្នេះ បានជាយើងសុំការយោគយល់ពីសំណាក់មិត្តភក្តិរបស់យើង។ យើងមិនទាន់មានលទ្ធភាពបើកឱ្យមានភ្ញៀវទេសចរបរទេសចូលមកក្នុងប្រទេសរបស់យើងទេ លើកលែងតែអ្នកធ្វើធុរកិច្ច អ្នកជំនាញ អ្នកបច្ចេកទេស និងអ្នកការទូតតែប៉ុណ្ណោះ ដែលត្រូវធ្វើដំណើរមកកាន់កម្ពុជា។ បើយើងមិនឱ្យអ្នកដែលគេគ្រប់គ្រងការវិនិយោគនៅក្នុង ប្រទេសកម្ពុជា ធ្វើដំណើរចុះឡើងកម្ពុជាទេនោះ តើបានអ្នកណាគ្រប់គ្រងក្រុមហ៊ុនទាំងនោះ? ដូច្នេះហើយ បានជាយើងមានជនជាតិបរទេស ដែលចេញចូលក្នុងប្រទេសកម្ពុជាជារៀងរាល់ថ្ងៃ។ ក៏ប៉ុន្តែ នោះមិនមែនជាភ្ញៀវទេសចរទេ តែជាភ្ញៀវដែលធ្វើកិច្ចការងារគ្រប់គ្រងទាក់់ទងនឹងការវិនិយោគ អ្នកបច្ចេកទេស ឬក៏អ្នកការទូត ដែលធ្វើការងារប្រចាំនៅកម្ពុជា។

សម្រាប់វិស័យទេសចរណ៍វិញ, ទេសចរបរទេស ដែលធ្លាប់ចូលមកកម្ពុជា យើងក៏ទទួលមិនទាន់បាន ហើយភ្ញៀវក៏មិនទាន់ចង់មកដែរពេលនេះ។ ប្រទេសរបស់យើងនៅសល់ជើងហោះហើរតិចតួចណាស់។ យើងនៅសល់ជើងហោះហើរជាមួយសាធារណរដ្ឋប្រជាមានិតចិន នៅសល់ជាមួយសាធារណរដ្ឋកូរ៉េ នៅតៃប៉ិ ហើយក៏មានជើងហោះហើរម្តងម្កាលពីប្រទេសនេះ/នោះ សម្រាប់ទំនាក់ទំនងមកកាន់កម្ពុជា។

ដោយសារការបង្វែរទិសជាសត្យានុម័ត(នៅខាងក្រៅ) ចាំបាច់បង្វែរទិសជាអត្តនោម័តនៅខាងក្នុង

បញ្ហាចំណោទដែលសួរថា ហេតុអ្វីបានជាត្រូវនាំគ្នា ដើម្បីនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នូវមជ្ឈមណ្ឌល កម្សាន្តទាក់ទាញទេសចរណ៍ទៅវិញនៅពេលនេះ? បញ្ហាទេសចរណ៍ មិនសំដៅទៅលើភ្ញៀវបរទេសមួយ មុខនោះទេ។ ភ្ញៀវទេសចរណ៍ ក៏សំដៅទៅលើពលរដ្ឋកម្ពុជាខ្លួនឯងផងដែរ។ កាលពីមុនកូវីដ១៩ ប្រជាជនកម្ពុជាជិត ២ លាននាក់ ចេញទៅលេងនៅប្រទេសក្រៅ។ សម័យកូវីដ ប្រជាជនកម្ពុជាមានឱកាស ច្រើនដើរលេងនៅក្នុងប្រទេសរបស់ខ្លួនទៅវិញ។ នេះគឺជាការបង្វែរទិសជាសត្យានុម័ត។ ក្នុងពេលមានការបង្វែរទិសជាសត្យានុម័ត(នៅខាងក្រៅ)យ៉ាងដូច្នេះ យើងក៏មានការចាំបាច់បង្វែរទិសជាអត្តនោម័តនៅខាងក្នុង ដោយខិតខំធ្វើឱ្យមានការទាក់ទាញតាមបណ្តាខេត្តនានា សម្រាប់វិស័យទេសចរណ៍ក្នុងស្រុក។ ខ្ញុំគ្រាន់តែលើកជាឧទាហរណ៍ នៅក្នុងខែសីហា ពេលដែលយើងអនុញ្ញាតឱ្យឈប់សម្រាក ៥ ថ្ងៃ បូកជាមួយនឹង ថ្ងៃសៅរ៍/អាទិត្យ ៤ ថ្ងៃ ផ្សេងទៀត ប្រជាពលរដ្ឋ/មន្ត្រីរាជការរបស់យើងបានសម្រាក ៩ ថ្ងៃ មានភ្ញៀវក្នុងស្រុកដើរលេងគ្រប់ទីកន្លែងប្រមាណជា ១ លាន ៦ សែននាក់។ ឈប់ប៉ុន្មានថ្ងៃនៅពេលបុណ្យភ្ជុំ យើងមានប្រជាជនទៅស្រុក ឬទៅកម្សាន្តនៅតំបន់នេះ/នោះ គឺមាន ១ លាន ១ សែននាក់ថែមទៀត។

ខេត្តដែលមានការទាក់ទាញសុទ្ធតែមានទេសចរទៅកំសាន្ត

ក្នុងហ្នឹងខ្ញុំបានសួរ ឧកញ៉ា លី យ៉ុងផាត់ ពេលខ្ញុំទៅសម្ពោធដាក់ឱ្យប្រើប្រាស់។ ដូចជាថ្ងៃទី ១៦ ខែសីហា ថ្ងៃ ១៧ ថ្ងៃ ១៨ ចាប់ផ្តើមសម្រាក គឺពេលនោះទោះបីថាក្រសួងសុខាភិបាលគឺអនុញ្ញាតចូលម្តង ៧ ពាន់នាក់ ប៉ុន្តែក្រសួងសុខាភិបាលឱ្យចូលតែពាក់កណ្តាលប៉ុណ្ណោះ។ ប៉ុន្តែ ដោយមានការឆ្លាស់គ្នា ព្រោះមិនមែនអ្នកខ្លះចូលពីម៉ោង ៦, ៧ ព្រឹក ដល់ ៦, ៧ ល្ងាចឯណា មានអ្នកចូលព្រឹក មានអ្នកចូលល្ងាច បូកសរុបទៅគឺមានថ្ងៃខ្លះឡើងដល់ជាង ១ ម៉ឺននាក់ សម្រាប់ការកំសាន្តនៅក្នុងនេះ។ នៅទីនោះ មានកន្លែងសត្វ មានស្វាប្រដាល់ជាមួយគ្នា មានក្រពើ មានដំរី ហើយនឹងមានទឹក និងផ្នែកដទៃទៀត។ និយាយពីទេសចរតាមគោលដៅ ខេត្តដែលមានការទាក់ទាញសុទ្ធតែមានទេសចរទៅកម្សាន្ត។ ដូច្នេះប្រជាពលរដ្ឋរបស់យើងពិតជាមានការចាំបាច់ ដើម្បីនឹងកម្សាន្ត។

ក្នុងសម័យ Covid-19 នេះ ធ្វើឱ្យប្រជាពលរដ្ឋរបស់យើងអាចស្គាល់ប្រទេសរបស់យើង ដែលមុននេះឱ្យតែពេលឈប់សម្រាក book សំបុត្រយន្តហោះទៅឌូបៃ ទៅម៉ាលឌីវ ទៅថៃ ទៅវៀតណាម ទៅចិន ទៅជប៉ុន ទៅម៉ាឡេស៊ី ទៅច្រើនប្រទេស ។ល។ ឥឡូវអត់ទេ ពេលឈប់សម្រាកគឺនាំគ្នាថាតើទៅរតនៈគីរី ឬទៅមណ្ឌលគីរី ឬទៅកំពត ឬទៅកែប ឬទៅកំពង់សោម ឬទៅកោះកុង ឬទៅសៀមរាប ឬកន្លែងដទៃទៀត។ ឯអ្នកនៅជិតខាងភ្នំពេញនេះ តើទៅសួនតាម៉ៅនៅតាកែវ ទន្លេបាទី ឬទៅកន្លែងលីយ៉ុងផាត់ ឥឡូវនេះមានមួយកន្លែងទៀតគឺ ព្រីនស៍ ម៉ាណ័រ …។

ជីវិតមនុស្សនៅលើលោកនេះ គឺត្រូវការហូបចុក និងការកម្សាន្ត

នេះជាតម្រូវការរបស់មនុស្ស។ ពិតហើយ មានអ្នកខ្លះគេបានពោលពាក្យយ៉ាងទទឹងទិសមកចំពោះខ្ញុំថា សង្គមនេះគឺជាសង្គមស៊ីចុក សង្គមសប្បាយ។ ឥឡូវខ្ញុំចោទជាសំណួរទៅវិញ បើរកមិនស៊ី រកធ្វើអី? … គេហៅសង្គមស៊ីផឹក។ អញ្ចឹង ពិភពលោកផលិតស្រាធ្វើអី ផលិតប៊ីយ៉ែរធ្វើអី ផលិតទឹកអីណាតាំងពីខារ៉ាបាវ គោជល់ តាំងពីអ៊ីឈីតាន់ តាំងពីស្អីៗណា ផ្សាយពេញទូរទស្សន៍ទាំងអស់ គេផលិតធ្វើអី បើមិនស៊ី មិនផឹកនោះ? រួចហើយប្រដាប់ស៊ីនេះ យើងផលិតរាល់ថ្ងៃ។ កសិករយើងផលិតរាល់ថ្ងៃ ប្រឹងកែច្នៃរហូត។ ខ្ញុំមើលទូរទស្សន៍ (ប៉ុស្តិ)ស៊ីធីអិន ឥឡូវកំពុងប្រឡងធ្វើម្ហូប ធ្វើមេចុងភៅ។ ហើយអ្នកភ្លក់ម្ហូបគឺអស់ទាស់ហើយ ប៉ុន្តែមិនដឹងថាអ្នកភ្លក់ម្ហូបនោះ ធ្វើមេប្រយោគចេះធ្វើម្ហូប ឬអត់? (ឯកឧត្តម Wang Wentian បានអញ្ជើញមកដល់) អញ្ចឹងទេចំណុចអស់ទាំងនេះ ខ្ញុំគ្រាន់តែឆ្លើយតបថា បើខិតខំរកហើយមិនស៊ី មិនផឹក តើរកធ្វើអី? បើមនុស្សអត់ស៊ីអត់ផឹក ចាំបាច់ផលិតអី គ្រាន់តែដកខ្យល់ដង្ហើមវារស់ដែរ។ អញ្ចឹង ប្រហែលជានៅលើលោកនេះ មិនចាំបាច់មានការផលិតអីទាំងអស់ មានការកែច្នៃអីទាំងអស់។ ក្រៅពីនោះត្រូវការកម្សាន្ត កម្សាន្តហ្នឹងមានតំបន់ទេសចរណ៍នៅលើពិភពលោក គេប្រើប្រាស់ការកសាងផ្នែកសេវាទេសចរណ៍នេះទទួលចំណូលបានធំណាស់។

វិស័យសេវា គឺជាផ្នែកដ៏សំខាន់ក្នុងចំណោមវិស័យទាំង ៣ លើបញ្ហាសេដ្ឋកិច្ច

ខ្ញុំគ្រាន់តែបញ្ជាក់ថា បើយោងទៅលើចំណែកនៃបញ្ហាសេដ្ឋកិច្ច មានវិស័យកសិកម្ម មានវិស័យឧស្សាហកម្ម មានវិស័យសេវា។ ៣ ហ្នឹងជាចំណែកដែលគិតចូលទៅក្នុងចំណោមផ្នែកសេដ្ឋកិច្ចទាំងមូល។ វិស័យកសិកម្មមានទំហំតូចណាស់។ ប្រទេសអភិវឌ្ឍន៍វិស័យកសិកម្មមានត្រឹមតែ ១% ឬជាង ១% ឬក្រោម ១% តែប៉ុណ្ណោះ ប៉ុន្តែវិស័យឧស្សាហកម្មច្រើនជាង តែច្រើនជាងទៀតគឺវិស័យសេវាតែម្តង។ ក្នុងវិស័យសេវាមានច្រើន តាំងពីធនាគារ តាំងពីទូរស័ព្ទស្អីៗ ប៉ុន្តែទេសចរណ៍គឺជាផ្នែកមួយនៅក្នុងវិស័យសេវា បានជានៅលើពិភពលោក គេប្រឹងឃោសនាខ្លាំងណាស់ គេប្រឹងបង្កើតឡើងនូវផលិតផលទេសចរណ៍ ដើម្បីទាក់ទាញទេសចរណ៍ពីក្រៅប្រទេស ឱ្យចូលមកក្នុងប្រទេសរបស់ខ្លួន។ កម្ពុជាក៏ដូចគ្នាដែរ យើងមានអង្គរវត្តមួយមិនគ្រប់គ្រាន់ទេ យើងត្រូវផលិតឡើងនូវផលិតផលទេសចរណ៍ផ្សេងទៀត ដូចជា ព្រីនស៍ ម៉ាណ័រ ជាដើម ដែលមានច្រើនផ្នែក ដូចដែលក្នុងរបាយការណ៍របស់លោកនាយកអម្បាញ់មិញនេះ … រាប់ទាំងកង(រង្វង់វិល)ជិះ។ ខ្ញុំអត់ដែលបានជិះនឹងគេទេ ថ្ងៃណាមួយសុំមកជិះ។ តែប្រពន្ធខ្ញុំបានមកមុនបាត់។ តាមដឹងប្រពន្ធខ្ញុំ គាត់ប្រាប់ខ្ញុំថាគាត់មកមុនបាត់ហើយ ប៉ុន្តែប្រហែលជាគាត់មិនទាន់បានជិះអាហ្នឹង មិនដឹងទេ។ តែខ្ញុំថ្ងៃណាខ្ញុំសាក ព្រោះទៅសាំងហ្គាពួរ មិនហ៊ានជិះឯណា ទៅកន្លែងដទៃមិនហ៊ានជិះណា។ ឥឡូវមានក្នុងស្រុកខ្លួនឯង ថ្ងៃណាមួយមកជិះ។ បើប្រៀបធៀបក្នុងតំបន់ ដែលខ្ញុំក្តាប់បាន បន្ទាប់ពីសាំងហ្គាពួរ និងវៀតណាម យើងគឺខ្ពស់ជាងគេនៅក្នុងអាស៊ានទាំង ១០ គឺមានសាំងហ្គាពួរ និងវៀតណាមគឺខ្ពស់ជាងគេ បន្ទាប់ទៅគឺយើងទី ៣ ដែលមានកំពស់ខ្ពស់ជាងប្រទេសដទៃ។

បង្កើត និងកែលំអតំបន់ទេសចរណ៍ថ្មីៗ ព្រោះមិនដឹងថា កូវីដ-១៩ ចប់នៅពេលណាទេ

អញ្ចឹងទេ ទាំងអស់នេះសុទ្ធតែជាតម្រូវការនៃការកំសាន្តរបស់ប្រជាពលរដ្ឋរបស់យើង។ ដូច្នេះ បានជាយើងប្រែទិសនៅក្នុងដំណាក់កាលនៃ Covid-19 នេះ។ យើងប្រែទិសពីការដែលធ្លាប់ចេញទៅកម្សាន្តនៅប្រ​ទេសក្រៅ។ ឥឡូវ កត្តាសត្យានុម័ត គេមិនឱ្យទៅតែម្តង ព្រោះគេខ្លាចនាំ Covid-19 ទៅកាន់ប្រទេសគេ។ ឯយើងក៏មិនទាន់ឱ្យទេសចរបរទេសចូលមកក្នុងប្រទេសយើងដែរ​ លើកលែងតែអ្នកបច្ចេកទេសស្អីៗ ដែលខ្ញុំនិយាយអម្បាញ់មិញនេះ។ អញ្ចឹង ប្រជាជនយើងគាត់ថាធ្លាប់ទៅលេងនៅកោះក្នុងប្រទេសគេ ឥឡូវគាត់ទៅលេងនៅកោះក្នុងប្រទេសយើង ដែលសំបូរទៅដោយកោះនៅតាមសមុទ្រ ហើយដែលមានសណ្ឋាគារ មានផ្ទះសំណាក់នៅក្នុងកន្លែងហ្នឹងផងដែរ។ គាត់ចង់ទៅមើលតំបន់នេះ តំបន់នោះ ស្គាល់នូវប្រវត្តិប្រទេសរបស់ខ្លួនឯង។ នេះជាឱកាសដែលយើងត្រូវខិតខំ បង្កើតនូវតំបន់ទេសចរណ៍ និងកែលំអតំបន់ទេសចរណ៍ថ្មីៗ ព្រោះ ​Covid-19 មិនដឹងថាចប់នៅពេលណាទេ។ បើយោងទៅលើប្រធានអង្គការសុខភាពពិភពលោកចេញមកព្រមានក្នុងរយៈកាលប៉ុន្មានថ្ងៃនេះ ថាពិភពលោកអាចមានអ្នកឆ្លងរហូតដល់ ១០% នៃមនុស្ស បើ ១០% នៃមនុស្ស ខ្ញុំគិតថាងាប់ហើយ ដោយសារឥឡូវប្រជាជនលើពិភពលោកមានប្រមាណជា ៧ ពាន់លាននាក់ បើ ៧ ពាន់លាននាក់ ១០% វាស្មើនឹង ៧០០ លាន ជាង ៧០០ លាននាក់ យើង ១៦ លាននាក់ បើ ១០% ជាង ១ លាន ៦ សែននាក់ វាមិនងាប់។ អញ្ចឹង អង្គការសុខភាពពិភពលោកអើយ ខ្ញុំសុំអង្វរ កុំបំភ័យហួសហេតុពេក។ ខ្ញុំដូចមិនជឿទេ អាហ្នឹងនិយាយត្រង់តែម្តង។ ខ្ញុំគាំទ្រអង្គការសុខភាពពិភពលោក ប៉ុន្តែជួនកាលបំភ័យខ្លាំងពេក ក្រែងលោវ៉ាក់សាំងហ្នឹងទៅមិនរួច។ ១០% ច្រើនណាស់ បើ ១០% គឺថាផែនដីនឹងរង្គើតែម្តង។

អាចរៀបចំជាកំពង់ផែទេសចរណ៍ សម្រាប់នាវាទេសចរណ៍ចូលចតកំសាន្ត

ពិតមែនហើយ យើងមិនអាចធ្វេសប្រហែសចំពោះ Covid-19 បានទេ។ បន្តិចទៀតខ្ញុំនឹងនិយាយបញ្ហានេះ ដែលខ្ញុំសុំលោកអ្នកឧកញ៉ា និងក្រុមហ៊ុន ដើម្បីខ្ញុំយកបញ្ហាមួយចំនួនមកនិយាយនៅទីនេះ ព្រោះមិនមែនគ្រាន់តែខ្ញុំនិយាយសម្រាប់អ្នកទាំងអស់គ្នានៅពីមុខរបស់ខ្ញុំដើម្បីស្តាប់ទេ ខ្ញុំត្រូវនិយាយទៅកាន់ព្រះសង្ឃ និយាយទៅកាន់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និយាយទៅកាន់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ក៏ដូចជាស្ថាប័ន ទាំងស្ថាប័នថ្នាក់ជាតិ និងស្ថាប័នក្រោមជាតិផងដែរ។ ឥឡូវនេះ រាប់សិបទូរទស្សន៍ និងអនឡាញ ក៏ដូចជាវិទ្យុកំពុងផ្សាយផ្ទាល់ ឬបន្តផ្ទាល់ចេញពីទីនេះតែម្តង។ ចំណុចដែលនាយករដ្ឋមន្ត្រីចេញដើម្បីនិយាយនោះ វាមិនមែនគ្រាន់តែបញ្ហាទាក់ទិនជាមួយនឹងមជ្ឈមណ្ឌលកំសាន្ត ព្រីនស៍ ម៉ាណ័រ នៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ប៉ុណ្ណោះទេ។ យ៉ាងណាក៏ដោយ មុននឹងចូលដល់បញ្ហានោះ ខ្ញុំក៏សុំថ្លែងនូវការកោតសរសើរចំពោះក្រុមហ៊ុន ព្រីនស៍ ហើយដែលទីនេះហៅថា ព្រីនស៍ ម៉ាណ័រ Resort ដែលបានវិនិយោគនូវតំបន់ទាក់ទាញមួយសម្រាប់វិស័យទេសចរណ៍របស់កម្ពុជា ក្នុងហ្នឹងមានទាំងកន្លែងសំរាប់វិស័យកសិកម្មផងដែរ។ សុំឱ្យលើកទឹកចិត្តធ្វើបន្តទៀត។ ខ្ញុំជឿថា កន្លែងនេះ ថ្ងៃក្រោយអាចរៀបចំជាកំពង់ផែទេសចរណ៍ ព្រោះអាចនឹងមានទេសចរតាមច្រកហ្នឹង ហើយចេញពីត្រង់ហ្នឹងចុះទៅខាងក្រោម ឬឡើងទៅខាងលើ ដើម្បីតភ្ជាប់គ្នានៃផ្លូវនាវាទេសចរ។ យើងមាននាវាទេសចរ។ គេអាចធ្វើនាវាទេសចរចូលចត រួចហើយគេចូលលេងនៅក្នុងហ្នឹងមួយយប់ពីរយប់។ មានសណ្ឋាគារស្នាក់នៅកន្លែងនេះផងដែរ។ អញ្ចឹងទេ នេះគ្រាន់តែជាការផ្តល់មតិសម្រាប់ការកសាង ហើយក្រសួងសាធារណការ ក៏ដូចជាអាជ្ញាធរខេត្តគប្បីត្រូវសម្រួលការកសាង ប្រសិនបើមានសំណូមពរបែប​នោះ។

មិនត្រឹមគ្មានមនុស្សអត់បាយស្លាប់ ចរាចរណ៍ស្ទះនៅទីក្រុងភ្នំពេញ

ខ្ញុំសុំកោតសរសើរចំពោះអាជ្ញាធរខេត្ត ក៏ដូចជាផ្នែកពាក់ព័ន្ធដែលបានជួយសម្រួលឱ្យក្រុមហ៊ុននេះវិនិយោគនូវទីតាំងដ៏ទាក់ទាញមួយនេះ បើទោះបីខ្ញុំមិនបានទាន់មើលទាំងអស់ក៏ដោយ ក៏ប៉ុន្តែស្តាប់តាមរបាយការណ៍ និងអ្នកធ្លាប់មកកាន់ទីនេះ គឺជាតំបន់ទាក់ទាញមួយ។ ខ្ញុំបានបញ្ជាក់អម្បាញ់មិញហើយថាហេតុអីបានជាសម័យ Covid-19 ទេសចរធ្លាក់ បែរជានាំគ្នាសម្ពោធកន្លែងទេសចរណ៍ ខែ ៨ សម្ពោធមួយ ឥឡូវដើមខែ ១០ សម្ពោធមួយ … ខ្ញុំនឹងដើរសម្ពោធទៀត។ ចង់បង្ហាញថា ប្រទេសមួយវាត្រូវមានយ៉ាងដូច្នេះ។ Covid-19 អាចបំផ្លាញ តែមិនអាចសម្លាប់សម្រាប់យើង។ អ្វីដែលសំខាន់ គឺការបង្វែរទិសតាមរយៈកត្តាសត្យានុម័ត តម្រូវឱ្យយើងកែលំអបង្វែរទិសផ្នែកអត្តនោម័ត ដោយរៀបចំឱ្យបានល្អនូវទេសចរណ៍ផ្ទៃក្នុង សម្រាប់ទាក់ទាញការកម្សាន្តរបស់ប្រជាពលរដ្ឋ។ សុំកុំភ័ន្តច្រឡំកម្ពុជាម៉ោងនេះ ពេលនេះ មិនត្រឹមតែគ្មានមនុស្សអត់បាយស្លាប់ទេ ប៉ុន្តែ(ប្រជាពលរដ្ឋមាន)លុយទិញសាំងចាក់ឡាន ចាក់ម៉ូតូ ស្ទះពេញទីក្រុងភ្នំពេញ … មុនសម័យ Covid-19 ដែលប្រកាសដំបូងនោះ ផ្លូវរាងស្រឡះបន្តិច។ ឥឡូវនេះ អត់ទេ។ គឺស្ទះ។ អញ្ចឹងបានសេចក្តីថាប្រជាពលរដ្ឋនៅមានប្រាក់ចំណូលគួរសមនៅឡើយ។ ខ្ញុំក៏សុំយកឱកាសនេះ និយាយទៅកាន់ផ្នែកឯកជន នេះគឺជាចំណុចសំខាន់នៃដំណាក់កាលសម័យ Covid-19 ក៏ដូចជាដំណាក់កាលនៃការស្តារឡើងវិញក្រោយ Covid-19 ប្រ​សិនបើវាចប់ទៅ។

ភាពជាដៃគូររវាងរដ្ឋ និងឯកជន កំពុងដើរតួនាទីគន្លឹះ៖ (១) មិនក្ស័យធន មិនបិទក្រុមហ៊ុន រក្សាការងារឱ្យប្រជាពលរដ្ឋ និងបន្តបង្កើតផលិតកម្ម បំពេញតម្រូវការក្នុងស្រុក និងជម្រុញការនាំចេញ

ខ្ញុំអរគុណចំពោះក្រុមហ៊ុន ព្រីនស៍ រាប់ទាំង ព្រីនស៍ ម៉ាណ័រ ដែលស្ថិតនៅទីនេះ និងនិយាយដោយឡែក និងនិយាយរួមចំពោះក្រុមហ៊ុនវិស័យឯកជនទាំងអស់ ដែលបានចូលរួមរក្សាស្ថានភាព ស្ថេរភាពរបស់ប្រទេស នៅត្រង់ថា ភាពជាដៃគូររវាងរដ្ឋ និងឯកជន បានកំពុងដើរតួនាទីគន្លឹះ ២ សំខាន់ ទី ១ ការមិនក្ស័យធន ការមិនបិទក្រុមហ៊ុន គឺជាការរក្សាការងារឱ្យប្រជាពលរដ្ឋកម្ពុជាធ្វើ និងបន្តបង្កើតផលិតកម្មដែលកម្ពុជាមាន​ សម្រាប់ការបំពេញតម្រូវការក្នុងស្រុក និងជម្រុញការនាំចេញ នេះជាចំណុចទី ១ សំខាន់ណាស់។ ប្រសិនបើពេលនេះ គ្រប់តែក្រុមហ៊ុនទាំងអស់នាំគ្នាបិទ តើប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ដែលកំពុងធ្វើការងាររាប់សែននាក់ ចូលដល់លាននាក់ ទាំងតូចទាំងមធ្យម ទាំងក្នុងប្រព័ន្ធ ទាំងក្រៅប្រព័ន្ធ តើទៅជាយ៉ាងណា បាត់បង់ប្រាក់ចំណូលទាំងអស់?

នៅទីនេះ មានបុគ្គលិកជាង ១៨០ នាក់ មានការងារធ្វើ ដែលទទួលបានបៀវត្សរ៍ប្រមាណពី ៣០០ ទៅ ៥០០ ដុល្លារសហរដ្ឋអាមេរិក អាហ្នឹងយោងតាមរបាយការណ៍ ហើយភាគច្រើនជាប្រជាជននៅមូលដ្ឋាននេះ។ ជាទូទៅ ក្នុងវិស័យឯកជន បើគាត់មិនទាល់ពេកទេ គាត់រក្សាទុកនូវក្រុមហ៊ុន ហើយការរក្សាទុកនូវក្រុមហ៊ុននេះ គឺមានចំណែករក្សានូវការងារ និងប្រាក់ចំណូលរបស់អ្នកធ្វើការ ដែលជាប្រជាពលរដ្ឋកម្ពុជា មិនទំលាក់បញ្ហានោះឱ្យរាជរដ្ឋាភិបាល។ ពេលនេះ រាជរដ្ឋាភិបាលកំពុងបាន និងកំពុងធ្វើ និងបន្តធ្វើរយៈពេល ៣ ខែទៀត គឺឧបត្ថម្ភចំពោះកម្មករដែលបាត់បង់ការងារធ្វើ។ បានអនុម័ត ហើយក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ បានប្រកាសផ្សាយរួចហើយដែរ។ បើកម្មករក្នុងវិស័យទេសចរណ៍ ត្រូវទទួលបាន ៤០ ដុល្លារក្នុងម្នាក់ពីរាជរដ្ឋាភិបាល។ បើក្នុងវិស័យកាត់ដេរ វាយនភណ្ឌ គឺទទួលបានពីរាជរដ្ឋាភិបាល ៤០ ដុល្លារ និងរោងចក្រមួយចំនួនទៀត ផ្ដល់ ៣០ ដុល្លារ។ តើអនុវត្តសរុបទេ ជាទូទៅ? ទូទៅ។ អញ្ចឹងកម្មករដែលត្រូវបានព្យួរការងារ ត្រូវទទួលបានការឧបត្ថម្ភ។ ផ្នែកទេសចរណ៍ទទួលបាន ៤០ ដុល្លារ។ ផ្នែករោងចក្រទទួលបាន ៧០ ដុល្លារ ដែល ៤០ ដុល្លារទទួលបានពីរាជរដ្ឋាភិបាល និង ៣០ ដុល្លារពីរោងចក្រ។ អត់ទៅធ្វើការឱ្យគេផង ក៏បានលុយ ហើយលុយនោះទៅចូលរួមជាមួយនឹងឪពុកម្ដាយ ដែលកំពុងប្រកបរបរផ្សេង រាប់ទាំងវិស័យកសិកម្ម។ អញ្ចឹង(កម្មករ)បាន ៧០ ដុល្លារ ឬបាន ៤០ ដុល្លារ ទៅចូលរួមជាមួយនឹងឪពុកម្ដាយ ដែលធ្វើឱ្យមានលំនឹងនូវជីវភាព។ បើទោះបីមានបញ្ហានៅលើពិភពលោកបាត់បង់ការងារច្រើនណាស់ មិនមែនគ្រាន់តែប្រទេសកម្ពុជាមួយទេ។

អញ្ចឹងការដែលក្រុមហ៊ុនឯកជនទាំងអស់នៅបន្តការខិតខំវិនិយោគ និងបន្តដំណើរការនៃក្រុមហ៊ុនរបស់ខ្លួន ដោយមិនបិទ ឬមិនបន្ថយបុគ្គលិក គឺជាការរួចចំណែកដ៏ធំ នៃការដោះស្រាយការងារធ្វើ និងប្រាក់ចំណូលឱ្យប្រជាជនកម្ពុជា ហើយមិនទំលាក់បន្ទុកដោះស្រាយបញ្ហាសង្គម ឱ្យរាជរដ្ឋាភិបាលនោះទេ។ ខ្ញុំឃើញថា ក្រុមហ៊ុនសំណង់នានា គឺបន្តធ្វើ។ ហើយបើតាមខ្ញុំសួរទៅ គឺគម្រោងផ្ទះស្អីហ្នឹង តែបើក(លក់គម្រោង)ភ្លាម មានអ្នកកក់ទិញៗ។ ដូច្នេះ(សំណង់បុរី ផ្ទះល្វែង)នៅតែម្ដងធ្វើបែបនេះ ធ្វើឱ្យកម្មកររបស់យើងមានការងារធ្វើ មានប្រាក់ចំណូល។

តួនាទីគន្លឹះទី ២៖ សម័យ COVID-19, ទោះបីមានបិទរោងចក្រ តែមានរោងចក្រថ្មីបើកដែរ

ឯចំណុចទី ២ បើទោះបីជាសម័យ COVID-19 មានបិទរោងចក្រ តែមានអ្នកបើករោងចក្រថ្មីដែរ។ ឧទា​ហរណ៍៖ អ្នកនេះបិទរោងចក្រមួយ ប៉ុន្តែអ្នកសុំបើករោងចក្រមួយ។ អញ្ចឹងទេ វាជាឱកាសនៃការបង្កើតការងារថ្មី និងផលិតកម្មថ្មីដែរ។ ក្នុងនោះ ការរីកដុះដាលនៃកម្មន្តសាល, ​ឧស្សាហកម្មធុនតូច និងមធ្យម បាន និងកំពុង​រីករាលដាល ដែលក្នុងហ្នឹងមានការផលិតស្បៀងជាសំខាន់។ ផលិតស្បៀង ហើយផលិត​ឧប​ករណ៍ ឬក៏មធ្យោបាយការពារ COVID-19 ដូចជាការផលិត ម៉ាស់ជាដើម តាំងពីផ្នែកតូចតាច ប្រើមនុស្ស ៤ ទៅ ៥ នាក់, ប្រើមនុស្ស ១០ នាក់, ២០ នាក់, ៣០ នាក់ អាហ្នឹងក៏ជាផ្នែកសំខាន់នៃការដោះស្រាយការងារធ្វើ និងបង្កើតប្រាក់ចំណូលឱ្យប្រជាពលរដ្ឋដែរ។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមអរគុណចំពោះវិស័យឯកជន ដែលបានរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ធ្វើឱ្យមានដំណើរការនិរន្តរភាពនៃសង្គមជាតិរបស់យើង។ នេះជាចំណុចពិសេស ហើយនៅពេលដែលខ្ញុំជជែកវែកញែកនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក តាមរយៈវីដេអូ conference។ ខ្ញុំបានលើកភាពជាដៃគូ និងសង្កត់ធ្ងន់លើចំណុចសំខាន់ ២ ហ្នឹង ដែលថា វិស័យឯកជនកំពុងលិចឡើងនូវតួនាទីសំខាន់ ២ យ៉ាង។ សង្ឃឹមថា ពីនេះទៅមុខ យើងនឹងបន្តកាន់ដៃគ្នា ដើម្បីរក្សាលំនឹង និងបន្តរុញប្រទេសជាតិ រក្សាស្ថានភាពដ៏ល្អប្រសើររបស់ប្រទេសជាតិ និងរុញឈានទៅដល់​កំណើនសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពី COVID-19។

សេដ្ឋកិច្ចកម្ពុជាអវិជ្ជមាន ១,៩ ភាគរយ

ពីមុននេះ គេព្យាករសម្រាប់យើង ថាសេដ្ឋកិច្ចរបស់យើងអាចធ្លាក់ពី ៧ ភាគរយ ទៅ ៩ ភាគរយ … ក្នុងពេលដែលយើងព្យាករថា សេដ្ឋកិច្ចកម្ពុជាយើងអវិជ្ជមាន ១,៩ ភាគរយ។ ឥឡូវនេះ ស្ថាប័នហិរញ្ញវត្ថុធំៗ រាប់ទាំងធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី បានធ្វើការព្យាករឡើងវិញ ប្រហាក់ប្រហែលនឹងការព្យាកររបស់រាជរដ្ឋាភិបាលហើយ។ បើធនាគារពិភពលោក ចាត់ទុកថា អវិជ្ជមានត្រឹមតែ ២ ភាគរយទេ។ បើ ២ ភាគរយ យើង(ព្យាករ) ១,៩ ភាគរយ មានអីខុសគ្នា។ អញ្ចឹងទេ កាលមុននេះ គេមើលឃើញស្ថានភាពរបស់យើងផ្សេង។ ក៏ប៉ុន្តែ យើងប្រឹងដោយខ្លួនឯង ងើបឈរដោយខ្លួនឯង គ្រប់គ្រង COVID-19 ផង ខិតខំរក្សាលំនឹងសេដ្ឋកិច្ចសង្គមផង ធ្វើឱ្យស្ថានភាព ជីវភាពរបស់ប្រជាពលរដ្ឋរបស់យើង មានភាពល្អប្រសើរ បន្ថែមលើនោះ វិស័យកសិកម្មរបស់យើង ក៏បានផ្ដល់ឱកាសដ៏ធំធេងសម្រាប់កសិកររបស់កម្ពុជា។

មើលឃើញវិស័យសុខាភិបាលក្នុងស្រុកប្រសើរឡើងវិញ ក្នុងសម័យ COVID-19

ខ្ញុំលើកចំណុចនេះបន្ដិច ដើម្បីឱ្យឃើញ។ រឿងទេសចរណ៍ម្យ៉ាងហើយ អត់ទៅលេងប្រទេសក្រៅបាន ទៅលេង(តំបន់ទេសចរណ៍)ក្នុងស្រុក ប៉ុន្តែខ្ញុំលើករឿងមួយ រឿងវិស័យសុខាភិបាល។ វិស័យសុខាភិបាល មុននេះ និយាយពីទៅព្យាបាល ឱ្យតែឈឺអីបន្ដិច ទៅប្រទេសក្រៅ ប៉ុន្តែដល់ឥឡូវ ទៅមិនរួច ព្យាបាលស្រុកខ្មែរទាំងអស់។ មានទីប្រឹក្សាខ្ញុំម្នាក់ តែងតែសុំច្បាប់ទៅពិនិត្យសុខភាពនៅប្រទេសបារាំង ក៏ប៉ុន្តែឥឡូវទៅមិនរួច ស្រាប់តែមានបញ្ហាវះបេះដូង។ ដល់វះបេះដូង វះនៅមន្ទីរពេទ្យកាល់ម៉ែត្រ វះជា(សះស្បើយ)ដល់ថ្ងៃនេះ។ ត្រង់នេះ បានវាបង្ហាញពីសមត្ថភាពពិតនៃវិស័យសុខាភិបាលរបស់កម្ពុជា ដែលមុននេះ គេជេរគ្រូពេទ្យ ដល់សម័យ COVID-19 គេសរសើរគ្រូពេទ្យ។ ឥឡូវគេតែងចម្រៀង “កងទ័ពអាវស” ។ ដូច្នេះ វាជាការសាកល្បងមួយដ៏ធំនៃសមត្ថភាពដោះស្រាយរបស់កម្ពុជា ដែលមិនត្រឹមតែការព្យាបាល COVID-19 តែមួយមុខទេ យើងមានអ្នកជំងឺផ្សេងទៀត ដែលត្រូវការព្យាបាល​។ អញ្ចឹងបានជានៅពេលខ្ញុំរើសយុវជន គ្រូពេទ្យស្ម័គ្រចិត្តប្រមាណជិត ៤០០ នាក់ ពេលនោះ ខ្ញុំបាននិយាយហើយ យើងត្រូវការការព្យាបាលទៅតាមមន្ទីរពេទ្យនានា។ ដូច្នេះ យើងត្រូវការមានជំនួយបន្ថែមពីគ្រូពេទ្យស្ម័គ្រចិត្ត ដែលខ្លះជានិស្សិតកំពុងរៀននៅតាមមហាវិទ្យាល័យសុខាភិបាល ក៏ជាការសាកល្បងមួយនៅក្នុងដំណើរការនៃការការពារ COVID-19។

កសិករមានលទ្ធភាពចិញ្ចឹមខ្លួនឯង និងមានលទ្ធភាពផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ក្នុងរយៈពេល COVID-19

ឯរឿងមួយទៀតក្នុងវិស័យកសិកម្ម។ នៅពេលដែលមានការអត់នាំចូលបាននូវរបស់របរ(បន្លែបង្ការ សាច់សត្វ)ពីខាងក្រៅ (កសិករ)ប្រឹងដាំដុះ ប្រឹងចិញ្ចឹមសត្វខ្លួនឯង ចិញ្ចឹមទីផ្សារបាន។ ដូចជាការនាំជ្រូកចូល ឬនាំបន្ថែបង្ការចូល ក៏ត្រូវបានកាត់បន្ថយនៅក្នុងរយៈ COVID-19 តើអ្នកណាជាអ្នកផ្គត់ផ្គង់(ក្នុងទីផ្សារ)? គឺកសិករយើង ផ្គត់ផ្គង់ទីផ្សារក្នុងស្រុករបស់យើង។ នេះហើយ នៅពេលដែលយើងមានការលំបាក យើងតែងដកហូតបានពិសោធន៍ទៅលើចំណុចនេះ ទៅលើចំណុចនោះ។ នៅពេលដែលយើងមានការលំបាក យើងតែងតែរកឃើញនូវឱកាស ដើម្បីជំរុញខ្លួនទៅមុខ។ (វាមិនមែនជាស្ថានភាព)ធូរប្រឹង ដល់តាំងប្រាសយកអាយូស។ ខ្លះ គឺចរិតវាអញ្ចឹង សភាពការណ៍ធូរស្រាល គឺនៅបាន។ សភាពការណ៍មិនធូរស្រាល ដឹងតែអញមានសញ្ជាតិបរទេស អញរត់ហើយ អញទៅហើយ អញមិននៅទេ។ ប៉ុន្តែ សម្រាប់យើងទាំងអស់គ្នានៅទីនេះ គឺខិតខំធ្វើការ ដើម្បីការអភិវឌ្ឍប្រទេសជាតិមួយនេះ អត់ឱ្យរលូតទៅណាទេ។

ទី ១ ពលរដ្ឋដើរលេងបានដោយសារកត្តាសន្ដិភាព

ខ្ញុំសុំយកឱកាសនេះ អរគុណចំពោះគ្រប់ស្ថាប័ន អរគុណចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានធ្វើការការពារប្រជាជនយ៉ាងល្អ ព្រោះតាំងពីថ្ងៃដែលខ្ញុំនិយាយ មុនការឈប់សម្រាក ៩ ថ្ងៃ និងពេលភ្ជុំបិណ្ឌ ខ្ញុំមិនដែលបានថ្លែងទេ ប៉ុន្តែសុវត្ថិភាពក្នុងពេលឈប់ ៩ ថ្ងៃ ឈប់ជំនួសចូលឆ្នាំ និងក្នុងពេលភ្ជុំបិណ្ឌ គឺសុវត្ថិភាពល្អណាស់ គ្រប់ទីកន្លែងទាំងអស់។ ទាំង ២ ដង នៅឯក្រុងព្រះសីហនុ ទេសចរទាំងខ្មែរ ទាំងបរទេសជាប់នៅកោះរុង ដោយសារខ្យល់ព្យុះខ្លាំង បងប្អូននៅទីនោះ ជម្លៀសអត់ឱ្យមានគ្រោះថ្នាក់អីមួយទេ។ អញ្ចឹងទេ សូមអរគុណ កោតសរសើរចំពោះការខិតខំរបស់កម្លាំងគ្រប់ប្រភេទ រាប់ទាំងការសម្រួលដល់ចរាចរណ៍។ ប្រជាជនដើរលេងលើកទីមួយ ១ លាន ៦ សែននាក់។ លើកទីពីរមាន ១ លាន ១ សែននាក់។ កត្តាអីដែលដើរលេងបាន? ទី ១ ប្រទេសមានសុខសន្ដិភាព។ បើគ្មានសន្ដិភាព ដើរលេងមិនបានទេ ដើរទៅគេបាញ់។ អញ្ចឹង ចាំបាច់ណាស់ ទី ១ ពេលដែលដើរលេងត្រូវនឹកដល់សន្ដិភាពជាមុន បើអត់មានសន្ដិភាព ទៅណាមិនរួច។ ចេញតែពីផ្ទះ គេបាញ់ ចេញទៅគ្រាប់ផ្លោងដូចសម័យសង្រ្គាម។

សូមបើកស្ដាប់ចម្រៀងមួយ ដែលគួរឱ្យខ្មាសអៀន។ វាយនៅក្នុង YouTube ដាក់ “សំឡេងយុទ្ធជនភូមិគគីរធំ”​​។​ ស៊ិន ស៊ីសាមុត ច្រៀង “សំឡេងយុទ្ធជនភូមិគគីរធំ”​។ បានសេចក្ដីថា កាលពីដើមខ្សែត្រៀមជួរមុខនៅត្រឹមគគីរធំនេះ ចន្លោះឆ្នាំ ១៩៧៤-១៩៧៥ បានកើតចម្រៀង “សំឡេងយុទ្ធជនភូមិគគីរធំ”។ វាយក្នុង YouTube ចេញចម្រៀងមក ស្ដាប់ទៅមើល តើគួរឱ្យអាម៉ាស់ទេ នៅពេលដែលប្រទេសរបស់យើង ផ្ទៃដី ១៨១ ០៣៥ គីឡូម៉ែត្រក្រឡា បែរជាខ្សែត្រៀមជួរមុខនៃទីក្រុងភ្នំពេញ មានត្រឹមតែគគីរធំនៅខាងមុខតាមដងទន្លេនៅត្រឹមអរិយក្សត្រ ព្រែកតាមាក់អស់ហើយ បាត់ទាំងព្រែកតាមាក់ ហើយមកនៅត្រឹមអរិយក្សត្រហ្នឹង។ គេវាយយកអរិយក្សត្រហ្នឹងចូលភ្នំពេញបាត់។ អញ្ចឹងសួរថា ប្រជាជននៅភ្នំពេញពេលនោះសុវត្ថិភាព ឬអត់? អត់ទេ ប្រជាជនទូទាំងប្រទេសអត់មានសុវត្ថិភាពទេ។ តាំងពីឆ្នាំ ១៩៧០ ធ្លាក់មកដល់ឆ្នាំ ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះ ទើបយើងមានសន្តិភាព ឯកភាពទឹកដីជាលើកដំបូង ក្នុងរយៈកាលដ៏យូរលង់របស់កម្ពុជា។ អញ្ចឹងការដែលប្រជាជនដើរលេងបាន ទី១៖ គឺប្រទេសមានសន្តិភាព។

ទី ២ ដើរលេងបានដោយសារកត្តាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់

ទី២៖ មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដែលធ្វើឱ្យប្រទេសរបស់យើងទៅកន្លែងណា ក៏អាចទៅបាន។ ថ្ងៃនេះមានអគ្គរដ្ឋទូតចិន វ៉ាង វិនធាន (Wang Wentian) មកចូលរួមដែរ អរគុណចំពោះមិត្តចិនដែលបានជួយធ្វើផ្លូវរបស់កម្ពុជារាប់ពាន់គីឡូម៉ែត្រ។ អ្នកខ្លះឃើញចិនមកជួយធ្វើផ្លូវ ផ្តល់ជាជំនួយឥតសំណង ផ្តល់ជាប្រាក់កម្ចីឱ្យកម្ពុជាធ្វើផ្លូវ បែរជាថា កម្ពុជារណបចិន ជ្រើសរើសយកចិនចោលមហាអំណាចនេះ មហាអំណាចនោះ។ ប៉ុន្តែខ្ញុំចង់សួរត្រឡប់ទៅវិញ បើផ្លូវហ្នឹង ស្ពានហ្នឹងចិនមិនបានធ្វើទេ តើអ្នកណាមកធ្វើជំនួស? ពិតមែនហើយយើងក្រឡេកទៅខាងមុខតាម ផ្លូវលេខ ១ ជប៉ុនជាអ្នកធ្វើ ស្ពានត្សឹបាសា (អ្នកលឿង) គឺជប៉ុនជាអ្នកធ្វើ ប៉ុន្តែដល់ទៅតភ្ជាប់ចេញពីភ្នំពេញ ចេញទៅព្រែកក្តាម និងស្ពានព្រែកក្តាម ចិនជាអ្នកធ្វើ អាហ្នឹងតាមផ្លូវលេខ ៥។ ដល់ផ្លូវលេខ ៦ ចេញពីភ្នំពេញទៅទល់នឹងសៀមរាប ចិនជាអ្នកធ្វើ ទាំងស្ពានព្រែកតាមាក់ ផ្លូវលេខ ៨ ហើយផ្លូវតគ្នា។ សួរថា បើចិនកុំលូកដៃចូលជួយ តើអ្នកណាជួយ? ឆ្លើយមកបើអ្នកឯងឆ្លើយឱ្យខ្ញុំបាន អាចនិយាយបានថា ខ្ញុំគួរចុះចេញពីតំណែងដែរ បើឱ្យតែអ្នកឯងនិយាយថា អ្នកនេះធ្វើបាន អ្នកនោះធ្វើបាន។

ប៉ុន្តែ ពួកគេបានត្រឹមថា ពួកគេប្រើប្រាស់ផ្លូវហ្នឹងដែរ ប៉ុន្តែពួកគេអត់បាននិយាយដល់ទេ យកតែអារឿងអាក្រក់មួយយកមកនិយាយ ថាកម្ពុជាទៅជាមួយចិនហើយ។ រហូតដល់ប៉ុន្មានថ្ងៃនេះ ចោទកម្ពុជាប្រគល់កំពង់ផែរាមឱ្យចិនប្រើប្រាស់ផ្តាច់មុខទៅទៀត។ ដែលបង្ខំចិត្តត្រូវចាក់ឡើងវិញនូវអ្វីដែលខ្ញុំនិយាយនៅ ខេត្តព្រះសីហនុតាំងពីខែ ៦ ចាក់ឡើងវិញឱ្យស្តាប់ បកជាភាសាអង់គ្លេសឱ្យមើលទៀត។ ហើយឱ្យក្រសួងការបរទេសធ្វើណោតទូតផ្ញើឱ្យគ្រប់ស្ថានទូតថា លោក ហ៊ុន សែន និយាយអញ្ចេះ ម៉េចក៏ថា ចង់ធ្វើកំពង់ផែយោធារាម ឱ្យទៅជាកំពង់ផែអន្តរជាតិ។ ម៉ែ! អ្នកណាធ្វើកំពង់ផែយោធាឱ្យទៅកំពង់ផែអន្តរជាតិ។ យើងអាចឱ្យចូលនៃនាវាប្រទេសច្រើន មិនមែនកំពង់ផែអន្តរជាតិដូចកំពង់ផែដឹកទំនិញ យើងមានកំពង់ផែមួយ កំពង់ផែយោធា។ អាហ្នឹងកំពង់ផែចម្បាំង។ អញ្ចឹងត្រូវសុំការអនុញ្ញាត មិនមែនគ្រាន់តែចិនមួយមានសិទ្ធិប្រើប្រាស់ទេ ប្រទេសដទៃដែលសុំការអនុញ្ញាតមកចូលចត ចាក់ប្រេង ឬឡើងគោក ដើម្បីសមយុទ្ធជាមួយនឹងកម្ពុជា ឬធ្វើកិច្ចការអ្វីមួយជាមួយនឹងកម្ពុជា។ យើងស្វាគមន៍។

ហេដ្ឋារចនាសម្ព័ន្ធអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានងាយស្រួល

ប៉ុន្តែ ឥឡូវខ្ញុំបកមកនិយាយវិញមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ អញ្ចឹងបានជាជីវិតអ្នករត់ទូកដ និងជីវិតអ្នករត់សាឡាងអស់ហើយ ស្ទើរតែចប់ នៅសល់តិចតួចណាស់ ប៉ុន្តែអាធំៗ​ចប់អស់ហើយ អ្នកលឿងក៏ចប់ ពីដើមសាឡាងអ្នកលឿង ឡើងទៅខាងនេះ សាឡាងព្រែកក្តាមក៏ត្រូវចប់ សាឡាងព្រែកតាមាក់ ក៏ត្រូវចប់ ទៅខាងលើទៀតសាឡាងនៅទន្លេបិទ ក៏ត្រូវចប់ ទៅខាងលើទៅស្ទឹងត្រែងសាឡាងស្ទឹងត្រែង ក៏ត្រូវចប់ បន្តិចទៀតសាឡាងនៅក្រូចឆ្មារ និងស្ទឹងត្រង់ក៏ត្រូវចប់ដែរ។ ខែប៉ុន្មាននេះនឹងត្រូវចប់ ឯកឧត្តម វ៉ាង វិន ធាន យើងទៅជាមួយគ្នាពេលដែលចប់ស្ពាន។ ថ្ងៃមុនខ្ញុំទៅធ្វើបុណ្យឱ្យម្តាយក្មេករបស់ខ្ញុំ ខ្ញុំបានមើលឃើញស្ថានភាពដែលសាងសង់នោះវាបានទៅអញ្ចឹង។ អញ្ចឹងទេ ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសយើងអនុញ្ញាតឱ្យប្រជាពលរដ្ឋគាត់អាចធ្វើដំណើរបានងាយស្រួល។ ឥឡូវ លឺថាផ្លូវជាតិលេខ ៣ ថ្ងៃមុនប្រពន្ធខ្ញុំឆ្លៀតទៅកំពត ខ្ញុំមកពីវាយកូនហ្គោលវិញ មីងអ្ហែងទៅណាបាត់ហើយ ថាទៅកំពតបាត់ហើយ។ គាត់ទៅមួយភ្លែត។ មកវិញ គាត់ថា ផ្លូវជាតិលេខ៣ ជិះលឿនណាស់ឥឡូវ។ ខ្ញុំថា និយាយមិនលឿនម៉េចពង្រីកឡើង ៣០ ម៉ែត្រហើយ។

សម្រេចគម្រោង ៣ ទៀត និងសូមការគាំទ្រហិរញ្ញវត្ថុពីមិត្តចិន

ខ្ញុំសូមជម្រាប ឯកឧត្តម វ៉ាង វិនធាន ម្សិលមិញខ្ញុំបានសម្រេចគម្រោង ៣ សុំលុយពីចិនទៀតហើយ ព្រោះចរចាត្រូវថ្លៃហើយ។ ទី១៖ ផ្លូវ ៤១ តភ្ជាប់ផ្លូវជាតិលេខ ៤ ចុះទៅកំពត។ ទី២៖ ផ្លូវជាតិលេខ ៣១ នៅកំពតទី៣៖ ផ្លូវជាតិ ៣៣ នៅកំពត។ អាហ្នឹងយើងបានឯកភាពគ្នាចរចា ជាគម្រោង ស្ថិតនៅក្នុងគម្រោង ហើយបានប្រថាប់ត្រា និងចុះហត្ថលេខាឱ្យ អូន ព័ន្ធមុនីរ័ត្ន និង ស៊ុន ចាន់ថុល ចុះហត្ថលេខា។ ដល់ចុះហត្ថលេខាហើយ គឺធ្វើតែម្តងផ្លូវហ្នឹង។ គឺជាធម្មតា ការដ្ឋានរបស់ចិនទាំងអស់អត់មានថយក្រោយទេ។ អញ្ចឹងដោយសារមានហេដ្ឋារចនាសម័្ពន្ធទើបប្រជាជនដើរលេងបាន អាហ្នឹងកត្តាទី២។

ទី៣៖ ប្រជាជនដើរលេងបាន ដោយមានមធ្យោបាយធ្វើដំណើរ

ចំណុចទី៣៖ ប្រជាជនមានមធ្យោបាយធ្វើដំណើរបានដើរលេងបាន បើគ្មានឡានខ្លួនឯងទេ គ្មានម៉ូតូខ្លួនឯងទេ ជិះតាក់ស៊ី ជិះឡានក្រុង មានតើឥឡូវ ហើយសម្បូរបែបគឺប្រជាជនមានខ្លួនឯង ដែលមានឡាន ម៉ូតូដល់ទៅរាប់លានគ្រឿង ដែលអាចធ្វើដំណើរកម្សាន្តបាន។ ឥឡូវ មធ្យោបាយធ្វើដំណើរនៅប្រទេសរបស់យើងច្រើន ប្រៀបធៀបឆ្នាំ ១៩៧៩ មានអា Lada ស្មើនឹង Mercedes … ខ្ញុំមិនសូវស្គាល់ឡានទេ។ ចង់យកឡានអីថ្ងៃហ្នឹងគេឱ្យជិះអីជិះទៅ ស្រេចតែគេយកមកដាក់ ខ្ញុំដឹងតែជូនខ្ញុំដល់កន្លែងធ្វើការ … អញ្ចឹងមធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋរបស់យើង មានលទ្ធភាពឱ្យប្រជាពលរដ្ឋរបស់យើងធ្វើដំណើរកម្សាន្ត ដោយមធ្យោបាយផ្ទាល់ក្តី ដោយគេប៉ាវតាក់ស៊ី គេប៉ាវឡានក្រុងទៅរួមគ្នានៃការធ្វើដំណើរបូកជាមួយនឹងកន្លែងកម្សាន្តនានាមានសណ្ឋាគារស្នាក់នៅគ្រប់ទីកន្លែង ផ្ទះសំណាក់ និងសណ្ឋាគារ ដែលប្រជាពលរដ្ឋអាចរកចំណូលបាន ផ្ទះរបស់ខ្លួនមាន ២​ ឬ ៣ បន្ទប់ ជួលឱ្យគេ ២ បន្ទប់ ទុកដេកខ្លួនឯង ១បន្ទប់ ដើម្បីរកលុយ នេះក៏ជាមធ្យោបាយរកលុយ បានប្រាក់ចំណូលទៅប្រជាពលរដ្ឋ។

ទី៤៖ ប្រជាជនដើរលេងបាន ដោយសារនៅមានប្រាក់ចំណូល

ឯចំណុចទី ៤៖ ប្រជាជននៅមានប្រាក់ចំណូលដើម្បីដើរលេងតើ ។ អញ្ចឹងស្ថានភាពនេះវាមិនខុសពីរៀងរាល់ឆ្នាំទេ។ អ្វីដែលវាខុសគឺ កូវីដ១៩ បានបំផ្លាញទំនៀមទម្លាប់យើង ដែលដូនតាយើងទុកឱ្យរាប់ពាន់ រាប់ម៉ឺនឆ្នាំ បំផ្លាញអស់ហើយ។ មុននេះ យើងធ្លាប់តែអង្គុយកៀកគ្នាបាន ឥឡូវអង្គុយកៀកគ្នាអត់បានទេ ឆ្លងកូវីដ១៩។ ខ្ញុំកំពុងតែព្រួយបារម្ភ ថ្ងៃមុនខ្ញុំមានការព្រួយបារម្ភព្រោះនៅពេលដែលទៅធ្វើបុណ្យនៅស្រុក បងប្អូនអ្នកស្រុកតែងតែធម្មតាទេ ខ្ញុំតែងតែចាប់ដៃគាត់ មកអោបយើង យើងអោបគាត់ ចាប់ដៃជាមួយគ្នា ដល់ទៅពេលយើងដើរទៅធ្វើបុណ្យហ្នឹង គាត់លើកដៃសំពះយើង យើងបានត្រឹមតែលើកដៃសំពះគាត់ ដែលខុសកាលពីពេលមុននោះយើងទៅចាប់ដៃ តែនេះដោយសារតែកូវីដ១៩ ឥឡូវមិញមកគ្មានអ្នកណាចាប់ដៃគ្នា អត់ចាប់ដៃគ្នាទេ។ នេះហើយដែលហៅថា ជីវភាពវិលទៅរកភាពធម្មតាតាមគន្លងថ្មី។ ឥឡូវយើងសម្ពោធធម្មតា។ ប៉ុន្តែ អ្វីដែលយើងសង្កេតឃើញ អ្នកទាំងអស់គ្នាបែរជាអង្គុយពាក់ម៉ាស … ដោយសារតែក្មួយៗពាក់ម៉ាស អញ្ចឹងប្រហែលជាមិនបានលាបក្រែមទេ។ ស្ថានភាពវាអញ្ចឹង អញ្ចឹងពិភពលោកកំពុងប្រែប្រួលដោយសារការបំផ្លាញរបស់កូវីដ១៩ ហើយមិនមែនមានតែកម្ពុជាទេ។ ចំណុច ៤ ឬកត្តា ៤ នេះ ដែលនាំឱ្យប្រជាពលរដ្ឋអាចដើរលេងបាន។

ក្រសួងសុខាភិបាលចាត់វិធានការការពារការឆ្លងកូវីដ១៩ នៅពេលបុណ្យអុំទូក

នៅពេលខាងមុខ រឿងដដែលហ្នឹងវានឹងកើតឡើងដូចគ្នា។ នៅពេលបុណ្យអុំទូកខាងមុខ ពិតមែនតែរាជរដ្ឋាភិបាល បានប្រកាសមិនប្រារព្ធពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ នៅទីក្រុងភ្នំពេញ ក៏ប៉ុន្តែមានលទ្ធភាពជាច្រើន ដែលប្រជាពលរដ្ឋចាត់តាំងពីធីបុណ្យអុំទូកដោយខ្លួនឯង។ បញ្ហានេះ ខ្ញុំសូមស្នើ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើការពិចារណា ព្រោះកីឡាអុំទូក​ និងកីឡាទាត់បាល់ខុសគ្នា ដោយសារកីឡាអុំទូកគឺគាត់អង្គុយម្ខាងម្នាក់កៀកគ្នា។ អញ្ចឹងបានសេចក្តីថា មនុស្សប៉ះគ្នាទាំងអស់។ ក្រុមទាត់បាល់នៅអឺរ៉ុប ក្រុមអាខ្លាំងៗមួយចំនួន (មាន)កីឡាករឆ្លងកូវីដ១៩ ហើយ។ អញ្ចឹង បើប្រជាពលរដ្ឋគាត់មានការអុំទូក តើគួរត្រូវមានវិធានការអីខ្លះ។ យើងពិបាកហាមឃាត់ដែរ ជួនកាលគាត់អូសទូកទៅប្រណាំងកណ្តាលទន្លេទៅ ជួនកាលគាត់អូសទូកអាតូចៗហ្នឹងទៅប្រណាំង ព្រោះឥឡូវទូកខ្លះមិនសូវជាធំទេ អាទូកផ្កាចារ អាទូកខ្នាតអន្តរជាតិ ហើយខ្លះទូកល្មមៗ គាត់ប្រណាំង។ អញ្ចឹង ត្រូវមានវិធានការអីខ្លះសម្រាប់ពេលខាងមុខនេះ។ ពិធីបុណ្យនៅទីក្រុងភ្នំពេញគឺយើងអត់ចាត់តាំងទេ ប៉ុន្តែពិធីសំពះព្រះខែ អកអំបុក នៅតែធ្វើតាមវត្តអារាមដដែល ធ្វើតាមផ្ទះ … ភ្នំពេញអត់មានធ្វើទេ ក៏ប៉ុន្តែនៅមូលដ្ឋានទម្លាប់គាត់ត្រូវតែអុំទូក ត្រូវតែបណ្តែតប្រទីត អញ្ចឹងត្រូវណែនាំ ដើម្បីការពារផងដែរ។ ចំណុចដែលខ្ញុំចង់និយាយបន្ត ថ្ងៃចេញទៅប្រហែលជាគេនាំទៅមើលកន្លែងណាបន្តិច តែដល់និយាយទៅវាបែកញើស ដល់បែកញើសស្រកគីឡូដែរអត់អីទេ។

សូមព្រះមហាក្សត្រនិងហ្លួងម៉ែ ព្រះរាជទានទោសចំពោះការខុសឆ្គងក្នុងផ្លូវពិធីការ

ម្សិលមិញទៅបែកញើសនៅ ពោធិ៍ចិនតុង ប៉ុន្តែម្សិលមិញខ្ញុំបានបង្ហោះហ្វេសប៊ុក ធ្វើកំហុសមួយដែលមិនគួរឱ្យកើតមាន។ ភ្នែកខ្ញុំជាធម្មតាពេលដែលថ្ងៃខ្លាំងគឺចាំង គឺបានសេចក្តីថា ចាញ់ពន្លឺ។ អញ្ចឹងខ្ញុំក៏ទាញ វ៉ែនតាខ្មៅនេះយកមកពាក់ពេលដែលដើរចេញមក។ ពេលមុនព្រះទីនាំងរបស់ព្រះករុណា និងហ្លួងម៉ែមកដល់។ ដល់ពាក់ទៅ វាសគួរសម។ វាខ្មៅខាងលើបន្តិច។ ពេលព្រះករុណាយាងមកអត់បានដោះ។ អញ្ចឹងទេជាទម្លាប់របស់ខ្ញុំជាមួយព្រះមហាក្សត្រ ទី១៖ អត់ប្រើវ៉ែនតាខ្មៅ មិនថាតែជាមួយព្រះមហាក្សត្រទេ ជាមួយប្រជាពលរដ្ឋក៏ដោយ ក្នុងពេលដែលខ្ញុំជួបប្រជាពលរដ្ឋខ្ញុំអត់ប្រើវ៉ែនតាខ្មៅទេ។ វ៉ែនតាខ្មៅខ្ញុំពាក់នៅពេលណាដែលខ្ញុំធ្វើដំណើរម្នាក់ឯង។ ទី ២ ខ្ញុំមិនប្រើក្រវាត់កក្រហមក្នុងការចូលគាល់ព្រះមហាក្សត្រនោះទេ ឬហ្លួងម៉ែទេ ចំណាំមើលចុះ នៅពេលដែលខ្ញុំចូលគាល់ព្រះមហាក្សត្រ ខ្ញុំមិនដែលពាក់ឆើតឆាយ តាមរបៀបគេហៅថា ក្រវាត់កក្រហមទេ។

អញ្ចឹងខ្ញុំមានការសោកស្ដាយ ហើយក៏សូមព្រះរាជទានទោស តាមរយៈសារ WhatsApp ផង និងតាមរយៈការបង្ហោះតាមហ្វេសប៊ុក ព្រោះប្រជាពលរដ្ឋ​មើលមកអាចថា លោក ហ៊ុន សែន ធ្វើឆ្គង ព្រោះជាមួយព្រះមហាក្សត្រលេងវ៉ែនតាខ្មៅ អាហ្នឹងគឺមិនត្រូវទេ។ អានេះជាកំហុសដោយអចេតនា។ ដល់ទៅពេលព្រះអង្គយាងផុតទៅ យន្តហោះកំពុងចេញដំណើរ យើងទៅដកវ៉ែនតាខ្មៅថាយកមកពាក់។ ដល់ដកមក អាវ៉ែនតាសសោះនៅក្នុងហោប៉ៅ។ វ៉ែនតាខ្មៅនៅនឹង(ភ្នែក)នេះខ្លួនឯង។ អញ្ចឹងបានវាយ WhatsApp ភ្លាមៗ ចូលទៅក្នុងយន្តហោះ ដើម្បីសុំព្រះរាជទានទោស។ តែនៅមិនអស់ចិត្ត ត្រូវបង្ហោះហ្វេសប៊ុកមួយ ព្រោះមិនមែនគ្រាន់តែបញ្ហាព្រះមហាក្សត្រទេ និងហ្លួងម៉ែទេ តែបញ្ហាប្រជាជនទូទៅត្រូវគោរពព្រះរាជា គឺនឹងមើលឃើញថាមានការខុសឆ្គង ក្នុងផ្លូវពិធីការ ដោយខ្វះការគោរព និយាយតាមមួយបែប នៅក្នុងការប្រើវ៉ែនតាពណ៌ខ្មៅបែបនេះ។

នៅកម្ពុជា ករណី Covid-19 សុទ្ធតែជាករណីនាំចូល មិនទាន់មានឆ្លងក្នុងសហគមន៍ទេ

អ្វីដែលខ្ញុំចង់និយាយបន្ត ពិភពលោកមិនទាន់ច្បាស់លាស់នៅឡើយទេ ថានឹងមានរឿងអ្វីកើតឡើងបន្ត នៅក្នុងដំណាក់កាល Covid-19 នេះ។ មកដល់ពេលនេះ មិនទាន់ដឹងប្រភព Covid-19 ហ្នឹងថាមកពីអ្វីផង? អ្នកនេះថារកឃើញវ៉ាក់សាំង អ្នកនោះថារក​ឃើញវ៉ាក់សាំង ប៉ុន្តែ អង្គការសុខភាពពិភពលោកមិនទាន់អះអាងថាវ៉ាក់សាំងណាមួយមានប្រសិទ្ធភាពនោះទេ។ ថ្នាំព្យាបាលក៏កន្លងទៅយើងព្យាបាលតាមថ្នាំតៗគ្នាទៅ ក៏ចេះតែជាទៅ​ ឥឡូវក្នុងចំណោម ២៨០ នាក់ នៅសល់តែ ៤ នាក់ទេ។ យើង(ព្យាបាល)អស់ ២ ដងរួចហើយ តែនៅតែឆ្លង ឥឡូវនៅសល់ នៅសៀមរាប ២ នាក់ បារាំង ម្នាក់ ហុងគ្រី ម្នាក់ បាន ២ នាក់ហ្នឹង។ អាហ្នឹងនាំចូលពីក្រៅដែរ។ នៅភ្នំពេញ ស្រ្តីឥណ្ឌាម្នាក់ មកពីក្រៅដែរ។ នៅបាត់ដំបង ស្រ្តីកម្ពុជាម្នាក់ បងប្អូនខ្មែរយើងនៅអាមេរិក មកពីក្រៅដែរ។ នាំចូលពីក្រៅទាំងអស់​ អត់ទាន់មានការឆ្លងក្នុងសហគមន៍ទេ។

ប៉ុន្តែ បើទោះបីជាកម្ពុជាមិនទាន់មានការឆ្លង តែយើងមិនត្រូវប្រមាថទេ ត្រូវមានការខិតខំដើម្បីបន្តការពារតទៅទៀត។ ម៉ាស អាល់កុល ជែល ការធ្វើអនាម័យ ប្រើប្រាស់ការមិនទុក​ចិត្តគ្នាថាអ្នកនេះមាន Covid-19 អ្នកនោះគ្មាន Covid-19 ឬយើងមាន Covid-19 ឱ្យនៅឃ្លាតពីគ្នា។ Covid-19 វាមិនភ្លេចយើងទេ ហើយមិនដឹងថាវាសម្ងំនៅទីណា? សូម្បីតែសេតវិមាន ដែលជាវិមានប្រធានាធិបតីអាមេរិក ក៏វាចូលទៅឆ្លងប្រធានាធិបតី និងភរិយាប្រធានាធិបតីអាមេរិក Donald Trump ដែលខ្ញុំសង្ឃឹមថា លោកប្រធានាធិបតី Donald Trump និងលោកជំទាវ ឆាប់បានជាសះស្បើយពីជំងឺ Covid-19 នេះ។ កាលពីថ្ងៃចន្ទ គាត់ក៏បានចេញមក ដើម្បីបន្តការព្យាបាល និងធ្វើការនៅសេតវិមានហើយ។ អញ្ចឹង យើងត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា។ ទាល់តែប្រជាជនចូលរួម គ្រូពេទ្យ(តែឯកឯង)ក៏មិនអាច(ទប់ស្កាត់ឈ្នះដែរ) ព្រោះគ្រូពេទ្យខ្លួនឯងក៏មិនដឹងថា Covid-19 នៅឯណាផងហ្នឹង។ តាមប្រទេសនានា គ្រូពេទ្យក៏ស្លាប់មិនតិចទេ ស្លាប់ច្រើនណាស់ ដោយសារតែទៅពិនិត្យអ្នកជំងឺដោយខ្វះការការពារខ្លួន មកឈឺខ្លួនឯង ងាប់ខ្លួនឯង។

ដូច្នេះ យើងត្រូវប្រុងប្រយ័ត្ន ជំងឺដែលមើលមិនឃើញនេះ វាសាហាវ វាព្រៃផ្សៃ វាពិបាក ដូច្នេះ ត្រូវតែមានការប្រុងប្រយ័ត្ន។ នៅទីនេះត្រូវមានសហការឱ្យបានល្អ ក្នុងមជ្ឈមណ្ឌល ព្រីនស៍ ម៉ាណ័រ នេះ ទៅតាមក្បួនខ្នាតដែលខាងសុខាភិបាលណែនាំ។ បើសិនជាមានការឆ្លង គឺចប់ហើយ​។ ឆ្លងតែមួយ ឬពីរករណីនៅក្នុង ព្រីនស៍ ម៉ាណ័រ ​មជ្ឈមណ្ឌលកម្សាន្តនេះ គឺបានសេចក្ដីថាកន្លែងនេះនឹងត្រូវបិទរយៈពេលវែង។ បើទោះបីបើកឡើងវិញ សុវត្ថិភាពហើយ ក៏មនុស្សនៅមានការភ័យខ្លាចដែរ​។ ដូច្នេះ គ្រប់ទីកន្លែង គ្រប់ច្រកល្ហកទាំងអស់ ធ្វើម៉េចកុំឱ្យមានជំងឺឆ្លង Covid-19។ ហើយខិតខំយ៉ាងណាកុំឱ្យកម្ពុជាមានឆ្លងក្នុងសហគមន៍។

ជំនួយឧបត្ថម្ភដល់គ្រួសារក្រីក្រ និងកម្មករបាត់បង់ការងារ នឹងបន្តរយៈពេល ៣ ខែទៀត

នេះជាកិច្ចការដែលយើងត្រូវបន្ត។ ជាមួយនោះ ខ្ញុំសូមប្រកាសជូនប្រជាពលរដ្ឋឱ្យបានជ្រាបថា រាជរដ្ឋាភិបាលនឹងបន្តក្នុងរយៈពេល ៣ ខែ តទៅទៀត អ្នកដែលបានទទួលជំនួយឧបត្ថម្ភ ដែល(ជា)គ្រួសារក្រីក្រប្រមាណជា ៦០ ម៉ឺនគ្រួសារ ជាមួយនឹងមនុស្សជិត ៣ លាននាក់ រាជរដ្ឋាភិបាលនឹងបន្តជំនួយឧបត្ថម្ភនេះ ពីនេះរហូតទៅដល់ខែធ្នូ ដែលជាជុំទី ៦ នៃអន្តរាគមន៍។ កម្មករ/ការិនី ដែលបាត់បង់ការងារក្នុងវិស័យទេសចរណ៍នឹងទទួលបាន ៤០ ដុល្លារ។ ក្នុងវិស័យកាត់ដេរ/វាយនភណ្ឌ នឹងទទួលបាន ៧០ ដុល្លារ ពីសំណាក់រាជរដ្ឋាភិបាល ៤០ ដុល្លារ និងពីសំណាក់ថៅកែរោងចក្រ ៣០ ដុល្លារ។ កិច្ចគាំពារសង្គមផ្សេងទៀត រាប់ទាំងកម្មការិនីឆ្លងទន្លេ ស្រ្តីមានផ្ទៃពោះ ចាប់ពីពេលមានផ្ទៃពោះរហូតដល់កូនអាយុ ២ ឆ្នាំ នៅតែបន្ត។ សាច់ប្រាក់ពលកម្មត្រូវបានបង្កើនពី ៥០ លាន ទៅ ១៥០ លាន ដើម្បីឱ្យប្រជាពលរដ្ឋអាចធ្វើពលកម្មជាធារាសាស្រ្តតូចៗ និងជាផ្លូវលំ បានផលប្រយោជន៍នៅមូលដ្ឋានផង ហើយក៏បានប្រាក់ចំណូលផងដែរ គឺមានការងារធ្វើ។

១៥០ លានស្ដាររចនាសម្ព័ន្ធក្រុងសៀមរាប, ការបន្ធូរបន្ថយ មិនបង់ពន្ធ បេឡាសន្តិសុខសង្គម បន្ត ៣ ខែ

រាជរដ្ឋាភិបាល នឹងទម្លាក់លុយ ១៥០ លានដុល្លារ ចុះទៅខេត្តសៀមរាប ដើម្បីធ្វើផ្លូវ ៣៨ ខ្សែ។ ទី ១ បានហេដ្ឋារចនាសម្ព័ន្ធ​នៅទីក្រុងទេសចរណ៍ ដែលស្អាតបន្ទាប់ពីយើងធ្វើជិតរួចរាល់នៅឯទីក្រុងព្រះសីហនុ ដែលខែវិច្ឆិកា ខ្ញុំនឹងទៅបើកការដ្ឋានសាងសង់។ ប្រាក់ ១៥០ លានដុល្លារនេះ ក៏មានមួយភាគធំបានទៅលើកម្លាំងពលកម្ម នៃកម្មករ/ការិនី​ និងប្រជាពលរដ្ឋដែលចូលរួមធ្វើផ្លូវ។ នេះជាការផ្ដល់នូវរបៀបគេហៅថា របៀបចាត់ចែងគ្រប់គ្រងរដ្ឋក្នុងកាលៈទេសៈហៅថា គ្រប់គ្រងប្រទេសក្នុងសភាពការណ៍ចល័ត។ សភាព​ការណ៍ចល័តមានន័យថា សភាពការណ៍មិននឹងនរ។ យើងរុញបញ្ហាសេដ្ឋកិច្ចរបស់យើង ឱ្យស្ថិតនៅក្នុងលំនឹងមួយ។ អ្វីដែលបានបង្កើតតាំងពីជុំទី ១ រហូតដល់ជុំទី ៥ នៅមានជាធរមានសម្រាប់បណ្ដាក្រុមហ៊ុននានា ដូចជា ការបន្ធូរបន្ថយពន្ធ មិនបង់ពន្ធ មិនបង់ប្រាក់បេឡាជាតិសន្តិសុខសង្គមស្អីៗ នឹងបន្តក្នុងរយៈពេល ៣ ខែ ដូចគ្នា។

ជម្រុញកសិកម្ម ខណៈសេវា និងឧស្សាហកម្មចុះថយ, ទប់ទឹកទុកប្រើប្រាស់ស្រោចស្រពដំណាំ

ជាមួយនោះ យើងត្រូវខិតខំជម្រុញសេដ្ឋកិច្ចរបស់យើង ជាពិសេសក្នុងវិស័យកសិកម្ម ធ្វើឱ្យកសិកម្មមានកំណើន។ ឆ្នាំនេះ យ៉ាងណាក៏ដោយ វិស័យកសិកម្មមានកំណើនហើយ ព្រោះសេវាថយចុះ ឧស្សាហកម្មថយចុះ កសិកម្មកើន។ សុំបងប្អូនជនរួមជាតិ ឥឡូវនេះ ទឹកយើងនៅទាបជាងរាល់ដង ៤ ទៅ ៥ ម៉ែត្រនោះ។ ទឹក​ទន្លេមានលទ្ធភាពតិចណាស់ដែលថានឹងងើបឡើង។ ឥឡូវ ព្យុះមួយបានចូលមកដល់ ញ៉ាចាង របស់វៀតណាម គេហៅថា សម្ពាធ។ ល្ងាចនេះ ម៉ោង ៥ នឹងចូលមកដល់កម្ពុជា។ ប៉ុន្តែសម្ពាធនេះវាបានមកដល់មុន។ សម្ពាធដែលមានស្រាប់នេះ ព្រះភិរុណបង្អុរព្រឹកមិញនេះឯង។ ចាប់ពីយប់នេះទៅ សម្ពាធនេះវាមកដល់កម្ពុជា គឺនឹងធ្វើឱ្យទូទាំងប្រទេសមានភ្លៀង។

ខ្ញុំសូមអំពាវនាវចំពោះប្រជាពលរដ្ឋនៅតាមដងទន្លេ និងបឹងបួរទាំងអស់ ត្រូវខិតខំទប់ទឹកទុក កុំធ្វេសប្រហែស ក្រែងលោភ្លៀងតែពីនេះទៅ អស់ពីហ្នឹងទៅ វាអស់ភ្លៀង អញ្ចឹងបានអីធ្វើដំណាំ? ស្រូវប្រាំងឆ្នាំនេះអាចនឹងជួបការលំបាក។​ អាស្រូវប្រដេញទឹកអត់ធ្វើកើត។ អញ្ចឹងសូមអំពាវនាវចំពោះប្រជាពលរដ្ឋ យើងពិតមែនតែនៅសល់ភ្លៀង ក្រែងលោតែមិនច្រើន អញ្ចឹងតាមប្រឡាយ តាមទំនប់នានា បិទដើម្បីរក្សាទុកទឹក។ ស្រែរបស់យើងរក្សាទុកទឹកនៅពេលដែលវាកំពុងលូតលាស់ កុំបើកវា ហើយជាពិសេសកុំកាប់វាដាក់ទ្រូយកត្រី។ អាហ្នឹងជាទម្លាប់កសិកររបស់យើង។

ស្តុកយុទ្ធសាស្រ្ត ទាំងខាងសុខាភិបាល និងខាងស្បៀងអាហារ ត្រូវពិនិត្យមើលដើម្បីដោះដូរ

អ្វីដែលខ្ញុំអំពាវនាវបន្ត ស្ថាប័នដែលទទួលបន្ទុកស្តុកយុទ្ធសាស្រ្ត ត្រូវពិនិត្យមើលដើម្បីដោះដូរវា រាប់ទាំងផ្នែកវេជ្ជសាស្រ្ត ឯកឧត្ដម ម៉ម ប៊ុនហេង យើងមានស្តុករបស់ក្រសួងសុខាភិបាល និងស្តុករបស់រាជរដ្ឋាភិបាល។ ម៉ាសរបស់យើង តើដល់ពេលវេលាដែលយើងត្រូវប្ដូរចេញហើយឬនៅ? ព្រោះរយៈពេលទុកបានប៉ុន្មាន? ​​ត្រូវតែគិតគូររឿងហ្នឹង។ ខោអាវពេទ្យ តើបញ្ចេញយកមកប្រើ ហើយទិញថ្មីយកមកដាក់ជំនួសទេ? នេះជាចំណុចដែលខ្ញុំសូមបញ្ជាក់។ ឯខាង​ស្តុកស្រូវអង្ករ មី អំបិល ទឹកត្រី ទឹកស៊ីអ៊ីវ … នេះយុទ្ធសាស្រ្តរបស់ ហ៊ុន សែន។ អត់ឱ្យចាញ់ទេណា ប្រាប់ឱ្យហើយ។ ស្តុកតាំងពីដំបូងនោះ ស្តុកតាំងពីផ្នែកខាងថ្នាំពេទ្យ តាំងពីម៉ាស តាំងពីសម្លៀកបំពាក់ពេទ្យ តាំងពីអ្វីដែលទាក់ទងនឹងការការពារសុខភាព ហ្នឹងស្តុកនៅខាងសុខាភិបាល។ អង្ករស្តុកនៅក្រសួងពាណិជ្ជកម្ម ស្តុកមីតាមបណ្ដារោងចក្រផលិតមី ស្តុកតាំងពីទឹកត្រី/ស៊ីអ៊ីវ ព្រោះខ្ញុំ​ប្រើពាក្យស្លោកមួយថា៖ «យ៉ាងណាក៏ដោយ កុំឱ្យប្រជាជនកម្ពុជាដាច់បាយ»។ អញ្ចឹងសូមពិនិត្យមើល កន្លងទៅ ​ឯកឧត្ដម អូន ព័ន្ធមុន្នីរ័ត្ន បានស្នើសុំបញ្ចេញអង្ករដែលស្តុករយៈកន្លងទៅចេញ ដើម្បីយកទៅលក់ទីផ្សារ ហើយបញ្ចូលទៅវិញដោយអង្ករថ្មី។ ឥឡូវ មី ទឹកត្រី ទឹកស៊ីអ៊ីវ ទុកវាខូច អញ្ចឹងទេ បញ្ចេញអាហ្នឹង បញ្ចូលអាថ្មី។

ម៉េចបានលោក ហ៊ុន សែន លេងខាងស្តុកហ្នឹង? កុំវាយសន្លឹកបៀរអាត់ឱ្យអស់ពីដៃ ត្រូវមានត្រៀមក្នុងដៃជានិច្ច។ ហ្នឹងហើយបាន ហ៊ុន សែន កាន់អំណាចរយៈពេល ៤០ ឆ្នាំជាង និយាយឱ្យច្បាស់ និងក្នុងមុខតំណែងជាង ៣៥ ឆ្នាំ អ្នកឯងត្រូវចាំ។ កុំចង់មកកម្ទេច ហ៊ុន សែន និងគ្រួសារ ហ៊ុន សែន អី។ កុំស្រមើស្រមៃ។ ខ្ញុំស្ដាប់លឺហើយសម្លេងអ្នកឯងនិយាយគ្នានោះ ថាបើមិនបញ្ជូនលុយមកខ្ញុំនឹងទៅចូលគុក ព្រោះនៅកន្លែងគុកហ្នឹងវាមានបាយស៊ីស្រាប់ ព្រោះអាពីក្រៅនោះរុញឱ្យធ្វើសកម្មភាព ដល់រុញធ្វើសកម្មភាព វាជាប់ទោស ដល់វាជាប់ទោសរត់គេចខ្លួន។ បើអាខាងក្រៅអត់បញ្ជូនលុយមក អានេះគំរាមថាបើអញ្ចឹង ខ្ញុំទៅជាប់គុកតែម្តងមានបាយស៊ីស្រាប់។ អាពីខាងក្រៅរុញឱ្យតែអ្នកខាងក្នុងជាប់គុកតែប៉ុណ្ណឹង …។

ប្រជាពលរដ្ឋជាង ១៦ លាននាក់ ថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម

ទី ១ ត្រូវរក្សាសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សន្តិសុខសង្គម ឱ្យខាងតែបាន ធ្វើម៉េចកុំឱ្យប្រទេសរបស់យើងធ្លាក់ទៅក្នុងស្ថានភាពចលាចល។ ទោះដោយតម្លៃណាក៏ដោយ ខ្ញុំសុំអរគុណចំពោះប្រជាពលរដ្ឋកម្ពុជាជាង ១៦ លាននាក់ ដែលបានចូលរួមក្នុងការថែរក្សាសន្តិភាព ស្ថេរភាពនយោបាយសន្តិសុខសណ្តាប់ធ្នាប់សង្គម ដោយមិនរត់តាមការញុះញង់ ដោយឧក្រិដ្ឋជនពីខាងក្រៅ និងខាងក្នុង ខ្ញុំហៅឧក្រិដ្ឋជន អ្នកណាចង់ថាអីថាទៅ។ អញ្ចឹងទេ ដោយសារភាពស្ងប់ស្ងាត់ ប្រជាពលរដ្ឋចូលរួមហ្នឹងហើយ បានជាយើងភ្ជុំប្រកបដោយសន្តិភាព យើងដើរលេងប្រកបដោយសន្តិភាព ដោយសារតែសន្តិភាព ស្ថេរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គមហ្នឹងហើយ។ អញ្ចឹង ព្រះសង្ឃ ប្រជាពលរដ្ឋបន្ត។ អាខ្លះលើកឡើងថាសព្វថ្ងៃមានសន្តិភាពហើយ តែអសន្តិសុខក្នុងចិត្ត បើអ្នកឯងធ្វើខុសច្បាប់ អ្នកឯងអសន្តិសុខងាប់តែឯងអញ្ចឹងទៅ។ បើចង់មានសន្តិភាពផ្លូវចិត្ត អ្នកឯងកុំធ្វើខុសច្បាប់ និយាយឱ្យខ្លីអញ្ចេះ មិនមែនសង្គមនេះធ្វើឱ្យអ្នកឯងងាប់ទេ មកពីអ្នកឯងធ្វើខុសច្បាប់ទើបអ្នកឯងភ័យខ្លាចរាល់ថ្ងៃ គេថាអត់មានសន្តិភាពគ្រប់គ្រាន់ទេ រាប់ទាំងអាអ្នកវិភាគមួយចំនួន គេថាអត់ទាន់មានសន្តិភាព។

អើ សន្តិភាពអញរកបាន ពាក្យថាអញៗ គេថាអសុរសទៀតហើយ ប៉ុន្តែមានមីមួយនោះជេរឆ្ងាញ់ណាស់។ វាប្រើពាក្យអាសែន។ អាសែនចង់ទៅណារៀបចំខាងក្រោមហ្នឹងយ៉ាងខ្លាំង។ ប៉ុន្តែអាសែនជិះយន្តហោះនៅខាងលើ។ វាហៅឯងអាសែន រួចបើអញ្ចឹងៗ អញអត់ឱននាងឯងម៉េចនឹងកើត។ ល្ងាចមិញ ខ្ញុំមើលវាថាគេបាញ់ខ្ញុំនៅកំពង់ចាម។ ខ្ញុំអ្នកជិះឡានប្លាំងដាសរួចហើយឱ្យគេបាញ់ រួចហើយអត់ងាប់។ និយាយអញ្ចឹងៗ ក្មេងជេរចាស់ ជាពិសេសគឺនិយាយខុស អាហ្នឹងរន្ទះបាញ់។ ប្រយ័ត្នងាប់ខ្លួនឯងវើយ។ អញ្ចឹងៗនាងឯងហ៊ាននិយាយនៅក្រៅប្រទេស និយាយនៅក្នុងប្រទេសងាប់ឥឡូវ។ បើមិនគេវាយខ្នោះយកទៅបាត់។ គេអត់ទុកទេ បទល្មើសអីដែលអ្នកឯងហ៊ានធ្វើហ្នឹង។ អញ្ចឹងទេ បើអ្នកឯងចង់មានសន្តិភាពផ្លូវចិត្ត គឺអ្នកឯងកុំធ្វើខុសច្បាប់ទៅវាមានស្អី។

បញ្ចៀសសង្គ្រាម បង្កើតបានសន្តិភាព ធ្វើការរួបរួមគ្នា

ខ្ញុំអាចបញ្ចៀសបានរកឃើញសន្តិភាពពីការវាយគ្នាដោយអាវុធមកធ្វើការរួ​បរួមគ្នា ដែលពីមុនប្រទេសកម្ពុជាបែងចែកជាតំបន់ត្រួតត្រា មិនតិចជាងពីរក្នុងពេលតែមួយ។ ដែលមានប្រទេសកម្ពុជា ដែលមានតំបន់ត្រួតត្រាមួយទេ? អត់ទេ។ មុនឆ្នាំ ១៩៧០ មានខ្មែររដ្ឋាភិបាល មានខ្មែរក្រហម មានខ្មែរខៀវ មានខ្មែរស ៧០-៧៥ មានខ្មែរ លន់ នល់ ខ្មែរ សម្តេចព្រះនរោត្តម សីហនុ គេហៅថាខ្មែររំដោះ ៧៥-៧៩ ប៉ុលពត សូម្បីតែ ប៉ុល ពត ខ្លាំងប៉ុណ្ណឹង ក៏ ប៉ុល ពត ត្រួតត្រាទឹកដីមិនអស់ដែរ។ បើ ប៉ុល ពត ត្រួតត្រាទឹកដីអស់ ខ្ញុំនៅឯណា? ព្រោះខ្ញុំវាយ ប៉ុល ពត ខ្ញុំត្រូវមានដីរបស់ខ្ញុំនៅដែរ។ កសាងកងទ័ពដែរពី ៧៩ ដល់ ៩៣ ប្រទេសកម្ពុជាមួយមានតំបន់ត្រួតត្រា ៤ តំបន់ត្រួតត្រាដែលរដ្ឋកម្ពុជាសាធារណរដ្ឋប្រជាមានិតកម្ពុជា រដ្ឋកម្ពុជា តំបន់ត្រួតត្រាមួយដោយខ្មែរក្រហម តំបន់ត្រួតត្រាមួយដោយ ហ្វ៊ុនស៊ីនប៉ិច តំបន់ត្រួតត្រាមួយដោយរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ។ ៩៣ បោះឆ្នោតហើយនៅសល់ប្រទេសកម្ពុជាជាមួយតំបន់ត្រួតត្រា ២ រហូតដល់ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៣ ទើបប្រទេសកម្ពុជាមួយមានតំបន់ត្រួតត្រាមួយ មានរដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ កងកម្លាំងប្រដាប់អាវុធតែមួយ។ ប៉ុណ្ណឹងហើយលោកឯងចង់វិលទៅរកសង្គ្រាមវិញឬអី? ដូច្នេះហើយបានជាពួកយើង ដោយតម្លៃណាក៏ដោយ មិនអនុញ្ញាតឱ្យអ្នកណាក៏ដោយដែលចង់បំផ្លាញសន្តិភាព ដែលយើងរកបានយ៉ាងលំបាក សុំបញ្ជាក់ហើយបញ្ជាក់ទៀត។ ខ្ញុំបានបញ្ជាក់ហើយ ចេញមួយវាយមួយ ចេញពីរវាយពីរ អ្នកឯងចង់ថាអីថាទៅ តែដើម្បីការពារប្រជាជនដ៏កម្សត់មួយនេះ ដែលមានប្រជាជន ១៦ លាននាក់ ខ្ញុំត្រូវមានភារកិច្ចការពារ សន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម។

បន្តការខិតខំរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច

ឯទី ២ បន្តការខិតខំរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ខិតខំយ៉ាងណាដែលរយៈពេល ៩ ខែ កន្លងផុតទៅនេះ ទីផ្សាររបស់យើងមានលំនឹង ពិតមែនតែអត្រាប្តូរប្រាក់របស់យើងមានបញ្ហាបន្តិចបន្តួច ប្រៀបធៀបនឹងគោលដៅគោល តម្លៃអង្ករឡើងម្តងម្កាលនៅពេលដែលនាំគ្នាភ័យពេក ប៉ុន្តែ ឥឡូវជាទូទៅ តម្លៃរបស់របរសម្រាប់ភាពចាំបាច់រាល់ថ្ងៃរបស់ប្រជាពលរដ្ឋ ត្រូវបានធានានៅក្នុងទីផ្សារ។ ដូច្នេះត្រូវបន្តកិច្ចការងារនេះតទៅទៀត តាមរយៈនៃការខិតខំ ដើម្បីធ្វើឱ្យទីផ្សាររបស់យើងមានលំនឹងទាំងអង្ករ ទាំងត្រី ទាំងសាច់ ទាំងបន្លែបង្ការ ទាំងរបស់របរប្រើប្រាស់រហូតដល់ម៉ាស់ អាល់កុល ជែល ដែលប្រើប្រាស់នៅក្នុងបញ្ហាវេជ្ជសាស្រ្ត ម្ខាងគឺស្ថេរភាពនយោបាយ ម្ខាងគឺស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច។

នេះហើយដែលធ្លាប់ហៅថាជាចុងខ្សែ ២ នៃចំណងមួយ … ថ្ងៃ ២៦ នេះ ខ្ញុំទៅបើកការដ្ឋានទៀត បើកការ​ដ្ឋានកសាងស្ពាន តភ្ជាប់កោះពេជ្រ ជាមួយនឹងកោះនរា និងកៀនស្វាយយើងជាមួយកោះនរា ធ្វើទៀត។ អ្វីដែលត្រូវធ្វើចេះតែធ្វើ អ្នកឯងព្រុសអីព្រុសទៅ … មានអ្នកកាសែតសរសេរថា មនុស្ស ២ នាក់ កំពុងសាកល្បងការអត់ធ្មត់ … ត្រូវហើយ ហ៊ុន សែន មិនត និយាយទៅ អ្នកឯងថាមក អ្នកឯងចូលមក អ្នកឯងធ្វើអ្វីធ្វើទៅរឿងរបស់ឯង ឯងភូតអ្នកណាបានក៏ភូតទៅ ភូត ហ៊ុន សែន ភូតមិនបានទេ ភូតប្រជាជនភាគច្រើនភូតមិនបានទេ។

ដោយសារសេដ្ឋកិច្ចមិនច្បាស់លាស់ សុំផ្អាកការតម្លើងប្រាក់ខែដល់មន្រ្តីរាជការឆ្នាំ ២០២១

បកមកឯណេះវិញ កោតសរសើរចំពោះការខិតខំ ហើយបុគ្គលិកនៅទីនេះណា ប្រយ័ត្នប្រយែងឆ្លង Covid-19។ នេះប្រហែលសុទ្ធតែមន្រ្តីភូមិ-ឃុំ របស់យើង។ ឥឡូវនិយាយត្រង់នេះទុកឱ្យហើយ។ សុំទោសទុកឱ្យ​ហើយ អូន ព័ន្ធមុន្នីរ័ត្ន គ្រោងឡើងប្រាក់ខែ ប៉ុន្តែ ខ្ញុំបានប្រាប់ទៅ អូន ព័ន្ធមុន្នីរ័ត្ន ថា ប្រាក់ខែឆ្នាំ ២០២១ ដោយសារសេដ្ឋកិច្ចមិនច្បាស់លាស់ សុំផ្អាកការតម្លើងឆ្នាំ ២០២១ អញ្ចឹង សុំទោសទុកឱ្យហើយ។ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ រក្សាទុកនូវប្រាក់បៀវត្សដដែល តែប្រាក់ឧបត្ថម្ភសម្រាប់ចូលឆ្នាំ និងភ្ជុំ ហ្នឹងនៅឱ្យ។

បង្កើនប្រាក់បៀវត្ស ចំពោះនិវត្តជន និងអតីតយុទ្ធជនដែលចូលនិវត្តន៍មុន

អ្វីដែលជាការយកចិត្តទុកដាក់ដែលជម្រាបជូនទៅអតីតយុទ្ធជន និងនិវត្តជន នោះគឺយើងនឹងបង្កើនប្រាក់បៀវត្ស ចំពោះនិវត្តជន និងអតីតយុទ្ធជនដែលចូលនិវត្តន៍មុន កាលចូលនិវត្តន៍មុនគាត់ប្រាក់ខែតែ ៤០ ម៉ឺន ដល់គេកាត់ទៅវានៅ ៣០ ម៉ឺន ។ ប្រៀបធៀបអ្នកចូលនិវត្តន៍ឥឡូវ យើងថា ប្រាក់ខែ ១ លាន ដល់ចូលនិវត្តិ៍ទៅគេកាត់ ២០ ភាគរយ សល់ ៨០ ម៉ឺន។ អញ្ចឹងរវាងអ្នកចូលនិវត្តន៍មុន និងអ្នកចូលនិវត្តន៍ក្រោយ គឺខុសគ្នា។ អញ្ចឹង យើងប្រើទំហំទឹកប្រាក់ប្រមាណជា ១០ លានដុល្លារ ដើម្បីរុញឱ្យអ្នកចូលនិវត្តន៍មុន កុំឱ្យខុសគ្នាខ្លាំងពេក ជាមួយនឹងអ្នកចូលនិវត្តន៍ក្រោយ​តែប៉ុណ្ណឹងទេ។ អញ្ចឹងបានសេចក្តីថា យើងមិនបំភ្លេចអតីតយុទ្ធជន និងនិវត្តជនដែលបានចូលនិវត្តន៍កាលពីពេលមុននោះទេ ធ្វើម៉េចរុញអ្នកហ្នឹងឱ្យឡើង។ ប៉ុន្តែ មន្រ្តីរាជការទូទៅដែលកំពុងធ្វើការ និងនិវត្តជនដទៃទៀត គឺមិនបានទទួលការឡើងប្រាក់ខែទេ តែអ្នកអតីតយុទ្ធជន និងនិវត្តជនដែលចូលនិវត្តន៍មុន បានឡើង។ សុំការយោគយល់ដោយសារស្ថានការសេដ្ឋកិច្ច វាមានស្ថានភាពបែបនេះ អស់ហើយសេចក្តីថ្លែងការណ៍របស់ខ្ញុំក៏ល្មមគ្រប់គ្រាន់។

ហើយថ្ងៃនេះ មានកម្មករ កម្មការិនី និងបុគ្គលិកចំនួន ២១៥ នាក់ សូមជូនម្នាក់ៗ ថវិកា ៥ ម៉ឺនរៀល ជូនក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធីថវិកា ២ លានរៀល ជូនសាលាស្រុកកៀនស្វាយថវិកា ២ លានរៀល។ ជាមួយនឹងការប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលកំសាន្ត  ព្រីនស៍ ម៉ាណ័រ ដែលស្ថិតនៅឃុំ ដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ខ្ញុំសុំយកឱកាសនេះ ជូនពរចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិ សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ