សម្រង់ប្រសាសន៍​សម្តេចតេជោ ហ៊ុន សែន,​ អញ្ជើញចុះពិនិត្យការបង្កបង្កើនផលស្រូវ និងសំណេះសំណាលជាមួយនឹងប្រជាកសិករស្រុកព្រៃកប្បាស ខេត្តតាកែវ

CNV:

អរគុណឯកឧត្តមរដ្ឋមន្ដ្រី។ មុនខ្ញុំថ្លែងជាមួយនឹងការផ្ដល់អនុសាសន៍ និងសំណេះសំណាល ខ្ញុំចង់សួរសំណួរខ្លះពីកសិកររបស់យើង ព្រោះថ្ងៃមុន (កាល)នៅស្រុកពាមរក៍ ខេត្តព្រៃវែងនោះ គេឆ្ងល់ថាតើមានការរៀបចំមុន ឬអត់ បានជាកសិករឡើងឆ្លើយដូចជាច្បាស់លាស់។ អញ្ចឹង ដើម្បីចៀសវាងគេថា(ជា)ការរៀបចំ (ខ្ញុំ)សុំចង្អុលប្អូនខាងណេះ ហើយប្អូនស្រីនេះ សូមអញ្ជើញឡើងមកវេទិកា ហើយសុំប្អូនស្រីនេះមួយទៀត ប្អូនប្រុសនេះមួយទៀត បានបួននាក់ ដើម្បីខ្ញុំសួរបញ្ហាមួយចំនួន។

ដំបូងបំផុត សំណួររបស់ខ្ញុំ «តើអ្វីជាការងាយស្រួល និងការលំបាក?» សូមបញ្ជាក់។

កសិករ៖ សូមគោរពសម្ដេច និងគណៈប្រតិភូ នៅទីនេះ។ ការងាយស្រួលរបស់ប្រជាកសិករនៅទីនេះ ផ្លូវនេះធ្វើដំណើរមកទីនេះ ត្រូវធ្វើដំណើរមួយម៉ោង ទៅមួយម៉ោងកន្លះ។ សម្ដេចបានជួយនៅស្ថានីយបូមទឹក ប្រព័ន្ធផ្លូវនៅទីនេះ យើងចំណាយពេលតែ ១០ នាទី មកដល់ហើយ។ មួយទៀត មានទឹកបូមគ្រប់គ្រាន់ ឬបង្ហូរបានតាមចិត្ត។ កាលពីពេលមុន ដីមួយហិកតា ត្រូវបូមទឹកដេករហូតមួយយប់ ឬពីរយប់បានពេញ ក៏មានដែរ។ ឥឡូវ បូមតែ ២ ម៉ោង ពេញហើយ និងអាចធ្វើស្រែបានពី ពីរដង ទៅបីដង ក្នុងមួយឆ្នាំ។ វាមានចែកជាកន្លែង។ ដូចកន្លែងនេះបានពីរដង ឯខាងលិចទំនប់ស្រុកអាចបានបីដង។

សម្តេចតេជោ៖ ក្រៅយើងធ្វើស្រែពីរដង តើយើងអាចមានដាំបន្លែបង្ការអីផ្សេងបានទៀតទេ?

កសិករ៖ កន្លែងនេះ កាលពីមុនអាចឆ្លៀតដាំបានខ្លះដែរ ចន្លោះពេលដែលយើងទុក(ឱ្យ)ដីសំរាក។ កន្លែងខ្លះ ដាំអត់បានទេ សម្ដេច!។

សម្តេចតេជោ៖ តើដាំជាអី?

កសិករ៖ ដាំឪឡឹក សម្ដេច!។ បច្ចុប្បន្នការលំបាកនៅមានផ្លូវធ្វើដំណើរមួយចំនួន ហើយមួយវិញទៀត គឺបញ្ហាតម្លៃស្រូវឡើងយឺត ចុះលឿន។ (ឆ្នាំនេះឡើង គ្រាន់តែសម្ដេចថាមក)។

សម្តេចតេជោ៖ វាឡើងយូរហើយ មិនមែនពីខ្ញុំមកទេ(សើច)។

កសិករ៖ អត់ទេ! គ្រាន់តែសម្ដេចថាមក ឥឡូវ ឡើងបានដល់ ៨៥០ រៀលក្នុងមួយគីឡូ។ កាលមុន ៧៨០រៀល ឬ ៨០០ រៀល ទើបតែឡើងប្រហែលមួយអាទិត្យ។

សម្តេចតេជោ៖ ប៉ុន្ដែប្រយ័ត្នគេថា សម្ដេចមកជិត ស្រូវឡើងថ្លៃ សម្ដេចទៅឆ្ងាយ ស្រូវធ្លាក់ថ្លៃ។ ភាសាតំបន់ក្រាំងយ៉ូវ គាត់ប្រើពាក្យថា សម្ដេចមកជិត ទឹកពេញប្រឡាយ សម្ដេចទៅឆ្ងាយ ប្រឡាយអត់ទឹក។ តើមានស្អីទៀតដែលជាការលំបាក?

កសិករ៖ ជម្រាបប្រសាសន៍សម្ដេច! ការធ្វើស្រែនេះមានការលំបាកបន្ដិចបន្ដួចដែរ។ បើយើងធ្វើរដូវនេះ ដូច​ជាកណ្ដុរកាត់ និងជួបមមាច។ តែវាជារឿងបន្ទាប់បន្សំទេ ព្រោះថា បើកណ្ដុរកាត់ កសិករអាចដាក់ប្លាស្ទិកបាំង ឬដាក់អង្គប់។ ចំណែកសត្វល្អិត ក៏មិនជាបញ្ហាធំដុំដែរ ព្រោះតាំងពីកើតស្ថានីយនេះមក ខាងកសិកម្មស្រុក/ខេត្ត បានចុះបង្រៀនបច្ចេកទេសប្រើថ្នាំអីទាំងអស់។

សម្តេចតេជោ៖ ទាក់ទងការបូមទឹក តើក្នុងមួយឆ្នាំគេយកប៉ុន្មាន ក្នុងដីមួយហិកតា?

កសិករ៖ ទៅតាមរដូវដែរសម្ដេច។ បើរដូវប្រាំង អត់សូវមានទឹក ឡើងថ្លៃបន្ដិច ប្រហែល ៣០ ម៉ឺនរៀលក្នុងមួយហិកតា។ ប្រសិនបើមានភ្លៀងទៅ តែ ២៥ ម៉ឺនរៀលក្នុងមួយហិកតា។

សម្តេចតេជោ៖ តើជាកាតព្វកិច្ចដែលយើងត្រូវបង់ ឬយើងបង់ឱ្យទទេ?

កសិករ៖ ជាកាតព្វកិច្ចដែលយើងត្រូវបង់។

សម្តេចតេជោ៖ តើយល់អញ្ចឹងទាំងអស់គ្នាទេ អ្នកទាំងអស់គ្នា? ព្រោះ(ម៉ាស៊ីនបូមទឹក)នេះ តែបញ្ឆេះ វាត្រូវស៊ីអគ្គិសនី ហើយអ្នកបូមគាត់ត្រូវបង់ថ្លៃទៅអគ្គិសនីនោះ។ ដល់អញ្ចឹងយើងត្រូវយកថ្លៃទឹកហ្នឹង ដើម្បីបង់ថ្លៃទៅលើអគ្គិសនី បូកនឹងការថែទាំប្រព័ន្ធធារាសាស្ដ្ររបស់យើងផង។ ប៉ុន្ដែមានសំណូមពរចុះថ្លៃភ្លើងទេ ឥឡូវនេះ?

កសិករ៖ សំណូមពរដែរ សម្ដេច ព្រោះឥឡូវថ្លៃភ្លើងចុះតែពេលយប់។ ចង់សំណូមពរចុះទាំងយប់ទាំងថ្ងៃដូចគ្នា។

សម្តេចតេជោ៖ ពេលយប់(៤៨០រៀល) ពេលថ្ងៃប៉ុន្មាន(៥៣០រៀល) ប៉ុន្ដែយើងចង់ឱ្យបូមតែយប់ទេ។ តែដោយស្រូវរបស់យើងប្រញាប់ប្រញាល់ យើងត្រូវលេងទាំងយប់ទាំងថ្ងៃ។ ថ្ងៃនេះ រដ្ឋមន្ដ្រីឧស្សាហកម្មក៏មកដែរ។ ខ្ញុំបានប្រាប់ហើយឱ្យពិនិត្យពិចារណាថ្លៃ ព្រោះមុខតែខ្ញុំសួរចំកន្លែងហ្នឹងហើយ។ ប៉ុន្ដែ ទាំងអស់គ្នាមិនមានការថ្នាំងថ្នាក់ ប្រៀបធៀបកាលពីមុនដែលយើងបូមខ្លួនឯង … បូមពីរថ្ងៃបានចូលដល់។ ឥឡូវ គេបូមយកមក យើងគ្រាន់តែបង្ហូរដាក់ពីរម៉ោង យើង(នឹងបានទឹក)ពេញ។ ដូច្នេះ ចំណេញទាំងពេលវេលា ចំណេញទាំងសាំង។ បើប្រៀបធៀបកាលពីមុន យើងបូមម៉ាស៊ីនខ្លួនឯង យើងចំណាយច្រើនជាង(កសិករឆ្លើយ ច្រើនជាងពាក់កណ្ដាល)។ អញ្ចឹងកាតព្វកិច្ចយើងត្រូវតែបង់ ព្រោះជាទ្រព្យសម្បត្ដិរួមរបស់យើងតើ។ តើស្អីទៀតជាការលំបាក?

កសិករ៖ ខ្ញុំសុំមានបញ្ហាមួយទៀត។ ឈ្មួញទិញស្រូវ មកតាមផ្លូវពីព្រៃល្វា ហើយផ្លូវមានការលំបាកខ្លាំង។ យើងដឹកយកទៅដាក់ខាងហ្នឹង … យើងត្រូវដឹកឆ្ងាយ។ អញ្ចឹង សូមសម្ដេចជួយធ្វើផ្លូវពីព្រៃល្វាហ្នឹងមួយខ្សែ ព្រោះកសិផលចេញតាមហ្នឹងទាំងអស់ ហើយផ្លូវគ្រលុកខូចឡាន។ ទៅតែមួយច្រកហ្នឹងទាំងអស់ មានការលំបាកដល់សិស្សសាលា ៣ ទៅ ៤ ភូមិ ទៅសាលាតាមហ្នឹង។ ឆ្នាំទៅៗ មិនរួចទេ។ ផុង។

សម្តេចតេជោ៖ ផ្លូវប៉ុន្មានគីឡូ?

កសិករ៖ ប្រហែល ៣ គីឡូម៉ែត្រ សម្ដេច។

កសិករ៖ មើលរដ្ឋមន្ដ្រីអភិវឌ្ឍន៍ជនបទ អ៊ុក រ៉ាប៊ុន។ មើលបង្ហាញមុខ ចុះមកធ្វើផ្លូវហ្នឹង ៣ គីឡូកន្លះ ដើម្បីសម្រួលចរាចរណ៍មកតំបន់នេះ។ មិនអីទេ។ ថ្ងៃនេះ រដ្ឋមន្ដ្រីមកច្រើនណាស់ ប៉ុន្ដែរួចចុះទៅ ម៉េចក៏មិនដោះស្បែកជើងជ័រចេញ។ (តិចលោ)ទៅដួលក្នុងស្រែ។ ខ្ញុំមកជើងទទេ។ ធម្មតាដឹងតែចុះស្រែ ខ្ញុំអត់ពាក់ឃ្វៀរទេ។ អញ្ចឹង ស្រួល។ ប្រុច។ ស្អីទៀត ដែលជាបញ្ហា? អម្បាញ់មិញ យើងឃើញថា ចំណុចដែលមានគឺទាក់ទិនជាមួយនឹងបញ្ហាកណ្ដុរ បញ្ហាសត្វល្អិត បញ្ហាផ្លូវដឹកជញ្ជូន តម្លៃស្រូវចុះរហ័ស ឡើងយឺត ប៉ុន្តែ យើងនៅតែអាចលក់បាន។

ឥឡូវចង់សួរប្អូនស្រីនេះតែម្ដងថា ដីមានប៉ុន្មាន? (កសិករ៖ ៦ ហិកតា) អូ! អ្នកមានហើយ។ ជំនាន់ អា ពត ​គេយកទៅវាយចោលហើយ។ អា ពត ត្រឹមតែ ២ ហិកតា ចាត់ទុកថាកសិករកណ្ដាលថ្នាក់លើ យកទៅវាយចោលហើយ។ នេះ (គាត់មាន)ដល់ ៦ ហិកតា។ មាននរណាគេមកដណ្ដើមដីទេនោះ? (កសិករ៖ អត់ផង) កន្លែងដែលមានបញ្ហាជម្លោះដីធ្លីច្រើនតែនៅ​កន្លែងពីដើមគេវាយគ្នា ដល់ឥឡូវគេឈប់វាយគ្នា គេទៅដណ្ដើមគ្នា ប៉ុន្តែនៅតំបន់(នេះ) គ្មាននរណាគេមកដណ្ដើមទេ។ កម្មសិទ្ធិរឹងមាំទៅហើយហ្នឹង។ ហើយចុះប្អូនខាងនោះ ដីប៉ុន្មាន? (កសិករ៖ ៣ ហិកតា កន្លះ) ប្អូនស្រី? (កសិករ៖ ៤ ហិកតា កន្លះ) ប្អូនប្រុស? (កសិករ៖៤ ហិកតា)។ អញ្ចឹងសុទ្ធតែអ្នកមានហើយចុះ? (សើច) ប៉ុន្តែ ក្នុងមួយហិកតាយើងធ្វើបានប៉ុន្មានតោន? (កសិករ៖ ៦ ទៅ ៧ តោន) អា ពត តែ ៣ តោន វាថាមហាលោតផ្លោះ មហាអស្ចារ្យ។ យើងធ្វើដល់ទៅ ៦ តោនទៅហើយ​ៗ ច្រើនដងទៀត។ បើគិតពីផលចំណេញ យើងគិតថា ក្នុង ១ ហិកតា ធ្វើម្ដងចំណេញបានប៉ុន្មាន? (កសិករ៖ ខ្ទង់ប្រហែល ២ លាន ទៅ ៣ លានរៀល)។ អញ្ចឹងយើងមានដល់ ៦ ហិកតា គុណទៅ។(កសិករ៖ ចាស)។ យើងគិតថាជាមធ្យម ២ លានទៅចុះ (៦ ពីរដង) វាបាន ១២ លាន ផលចំណេញរបស់យើងក្នុងមួយរដូវ។ បើសិនជាយើងធ្វើ ២ រដូវ វាបាន ២៤ លានដែរ (កសិករ៖ ចាស។ ឥឡូវយើងប្រើត្រាក់ទ័រអីខ្លូនឯង(ឬ)? (កសិករ៖ ចាស! ជួលគេខ្លះ ប្រើគោយន្តខ្លះ ត្រាក់ទ័រខ្លះ)។

(អម្បាញ់)មិញយើងច្រូតដោយគ្រឿងម៉ាស៊ីន និយាយរួមចាប់ផ្ដើមតាំងពីភ្ជួរក៏ប្រើគ្រឿងយន្ត ដល់យើងវាយបំបែកដីក៏ប្រើគ្រឿងយន្ត។ ដល់ទៅព្រោះ? (កសិករ៖ ពលកម្មមនុស្សខ្លះ និងគ្រឿងយន្តខ្លះ) ស្ទូងឬ? (កសិករ៖ ចាស! អត់ទេ បាចដោយដៃផង ប្រើម៉ាស៊ីនផង)។ ប៉ុន្តែ គ្រឿងយន្តមកពីដីហ្នឹងវាប្រើមិនកើតឬយ៉ាងម៉េច? (កសិករ៖ និយាយរួមទៅ គ្រឿងយន្តរាងថ្លៃ អត់ទាន់មានលទ្ធភាពទិញ ប្រើមានសមត្ថភាពត្រឹមតែម៉ាស៊ីនបាញ់ព្រោះហ្នឹង)។ ប៉ុន្តែ នៅនេះឃើញឧបករណ៍ដែលគេ(ប្រើ)សម្រាប់ដាក់គ្រាប់(ស្រូវ)? អា​​មួយស្ទូង អាមួយទៀតព្រោះដាក់គ្រាប់។ យើងនៅនេះព្រោះ ឬស្ទូង? (កសិករ៖ ព្រោះ)។ នៅនេះដីពង្រោះទេ អញ្ចឹងអាព្រោះហ្នឹងមានធុនធំ និងធុនតូច? អាណាល្អជាងដែលប្រើនៅនេះ? (កសិករ៖ ធ្លាប់ប្រើតែអាតូច ស្ពាយនឹងខ្លួនអញ្ចេះ មិនដែលប្រើអាធុនធំផង) ប្រើតែអាតូច។ អាហ្នឹងយើងយកមកបំពាក់គោយន្ត? ​(កសិករ៖ អត់ទេ ស្ពាយដើរបាញ់តែម្ដង…) យើងផលិតបានឬអត់? ផលិតនៅឯណា? ឥឡូវចង់បានអាស្ពាយហ្នឹង? មិញខ្ញុំឃើញ ២ ប្រភេទ។ មួយប្រភេទគឺ ១៣០០ ដុល្លារ អាហ្នឹងគឺបានធំ អាមួយទៀតដូចជា ១១០០ ដុល្លារ​ គឺវាតូចជាង តែវាត្រូវអូសដោយគោយន្ត និងដោយត្រាក់ទ័រ។

អញ្ចឹងឥឡូវយើងមានមួយប្រភេទទៀត គឺប្រភេទស្ពាយនឹងស្មា យើងដើរទៅយើងបាញ់ទៅ ឥឡូវចង់បានអាស្ពាយហ្នឹង? ខាងណាផលិត? (កសិករ៖ ភាគច្រើននាំចូលពីវៀតណាម)។ យើងអត់ទាន់មានផលិតបានទេ? (កសិករ៖ មិនដឹងថាមាន ឬមិនមានផង។ ទិញគេនាំចូលពីវៀតណាម និងថៃ) ប៉ុន្តែ សម្រាប់យើងប្រើអាណាស្រួលជាង? អាស្ពាយហ្នឹងតែម្ដង? (កសិករ៖ ដោយដី ដីខ្លះប្រើអាស្ពាយស្រួលជាង ដីខ្លះប្រើម៉ាស៊ីនមិនសូវហត់ តែប្រើអាស្ពាយហ្នឹងហត់) ប៉ុន្តែយើងមានគោយន្តហើយស្រេច? (កសិករ៖ ចាស មានហើយ)។

អម្បាញ់មិញ ខ្ញុំកុម្មង់ ២ ប្រភេទ។ មួយប្រភេទ ១ ពាន់គ្រឿង។ ឥឡូវចង់បានអាធុនតូចឬ? អាធុនតូចប្រើតាមគ្រួសារ អាធំហ្នឹងគឺសម្រាប់អ្នកដែលទៅក្នុងមួយភូមិហ្នឹង ១ គ្រឿង ឬ ២ គ្រឿង។ ប៉ុន្តែ បើអាតូចមួយគ្រួសារទុកមួយ ហើយបើខ្ញុំឱ្យមួយម្នាក់ ព្រមយកឬអត់? (កសិករ៖ ព្រមៗ)។ ឥឡូវចំណាំថ្ងៃនេះ ១៣០ គ្រួសារ? អញ្ចឹងបំពាក់ជូន ១៣០ គ្រឿង។ (សេង) ទៀង កត់ត្រា។ ខ្ញុំប្រកាសឱ្យតែម្ដង។ ខ្ញុំឱ្យគេផលិត​ហើយ លើកទឹកចិត្តឱ្យផលិតក្នុងស្រុករបស់យើង។ យើងយកមកបំពាក់នៅ(នឹង)គោយន្តរបស់យើង រួច… អាហ្នឹងអាធុនតូច។ ដល់ទៅអាធុនធំ អាហ្នឹងយើងពាក់តាមភូមិ ក្នុងមួយភូមិអញ្ចឹង យើងពាក់ ១ ឬ ២ ឬ ៣ តាមភូមិតូច/ធំ។ យើងនឹងមានកម្មវិធីបំពាក់របៀបហ្នឹង ដើម្បីយើងចាប់ផ្ដើមពីការភ្ជួរ ពីការវាយបំបែកដីរាស់ ហើយចូលទៅដល់ការព្រោះ យើងប្រើម៉ាស៊ីនទាំងអស់ ទៅដល់ការច្រូតយើងប្រើម៉ាស៊ីនទៀត អាហ្នឹងចូលដល់ដំណាក់កាល កសិករទំនើប។ កសិករកូនខ្នុរ ឬមេខ្នុរ?

ឥឡូវ ភាគច្រើនធ្វើ ២ ឬ ៣ រដូវ នៅក្នុងអ្នកដែលមកចូលរួម? (កសិករ៖ មានទាំង ២ ទាំង ៣ រដូវ) ទាំង ៤ នាក់ ធ្វើ ២ ឬ ៣ រដូវ? (កសិករ៖ ខាងក្រោមធ្វើ ២ ខាងលើធ្វើ ៣) ឥឡូវមាននរណាធ្វើ ៣? ឡើងមកម្នាក់។ សូមសួរអ្នកធ្វើ ៣ រដូវ។ ឥឡូវការដែលយើងធ្វើ ៣ ដងហ្នឹង ក្នុងមួយឆ្នាំវាមាន ១២ ខែ។ អញ្ចឹងស្រូវយើងរយៈពេលប៉ុន្មាន? ហើយដីត្រូវទុកចន្លោះប៉ុន្មានពីដំណាក់កាលមួយទៅដំណាក់កាលមួយ? (កសិករ៖ បើសម្រាប់ខ្ញុំវិញ ធ្វើ ៣ រដូវ ខាងខ្ញុំទុកចន្លោះពេលធ្វើខែ ៥ ហើយចន្លោះនៅខែ ៩ ព្រោះក្នុងខែ ១០ ច្រូតក្នុងខែ ១២ ហើយចន្លោះមួយខែទៀត ច្រូតនៅខែ ២ ឬ ខែ ៣)។ យើងទុកដល់ខែ ៥ ទើបចាប់ផ្ដើមធ្វើមួយសាទៀត ដល់ទៅខែ ៩ (កសិករ៖ ឥឡូវនេះខ្ញុំចាប់ផ្ដើមធ្វើនៅខែ ៥ អញ្ចឹងស្រូវនេះអាចច្រូតនៅពាក់កណ្ដាលខែ ៨)។ អាហ្នឹងប្រក្រតិទិនរបស់យើងក្នុងការធ្វើ​។ ប៉ុន្តែ នៅពេលដែលយើងធ្វើនោះ តើធ្វើស្មើគ្នាជាមួយនឹងក្រុមដទៃទៀត? (បាទ/ចាស) ព្រោះបើយើងធ្វើតែឯង កណ្ដុរ និងចាបស៊ីអស់ … (កសិ​ករ៖ គឺធ្វើជាទូទៅសម្ដេច ធ្វើមួយប្លុកតែម្ដង ដីជាង ១០០ ហិកតា ហ្នឹងគឺធ្វើទាំងអស់គ្នា ប៉ុន្តែ ភាគតិចណាស់ដែលគាត់ធ្វើផ្ការំដួលនេះ)។ ទឹកផ្គត់ផ្គង់គ្រប់គ្រាន់ទាំងអស់គ្រប់ពេល? (កសិករ៖ បាទ)។ ប៉ុន្មានឆ្នាំហើយដែលយើងចាប់ផ្ដើមធ្វើរបៀបហ្នឹងនៅតំបន់នេះ នៃ(ស្រុក)ព្រៃកប្បាស? (កសិករ៖ និយាយរួមធ្វើពី ២០១៧ មក បាន ៣ ដងហើយ)។ ដូច្នេះបាន ៣ ឆ្នាំហើយ។ ដូច្នេះ ភាពធូរធាររបស់យើងក៏ចាប់នឹងមាន ៣ ឆ្នាំក្រោយហ្នឹងដែរ? ពីមុន យើងធ្វើម្ដងខ្វះទឹក។ ឥឡូវយើងធ្វើ ២ ទៅ ៣ ដង គឺទឹកគ្រប់គ្រាន់។

ប៉ុន្តែ ឥឡូវសួរអ្នកដែលធ្វើ ២ ដង គឺយើងនៅមានអាចដាំបន្លែបង្ការបានថែមទៀត ទៅតាមអ្នកដែលឧស្សាហ៍ទេ? មិនមែនទាំងអស់ទេ។ មើលនៅខាងក្រោយមានចង់សួរអី? ប៉ុន្តែ សួរអញ្ចេះ ក្រៅពីស្រូវយើងនៅមានដំណាំរួមផ្សំអីផ្សេងទៀត? ការចិញ្ចឹមត្រី ឬមាន់ ឬស្អីៗមានធ្វើទេ?

កសិករ៖ មានខ្លះចិញ្ចឹមមាន់ ខ្លះចិញ្ចឹមត្រី គោ ក្របី ចិញ្ចឹមហ្នឹងមិនមែនសម្រាប់លក់ដូរអី គ្រាន់តែចិញ្ចឹមមួយហូប មិនខ្វះទេ។ បើមាន់អាចលក់ខ្លះ បើត្រីយើងចិញ្ចឹមខ្នាតតូចៗ ដាក់កៅស៊ូ ៣ ឬ ៤ ម៉ែត្រ សម្រាប់ហូប មិនបាច់ទិញគេ។ ពេលណាអត់លុយអញ្ចឹងចាប់ហូបទៅ។

សម្តេចតេជោ៖ ត្រីអណ្ដែង? ​(កសិករ៖ អណ្ដែង ឆ្ពិន ត្រីប្រាអីដែរ)។ អាហ្នឹងយើងមានស្រះ តែត្រីអណ្ដែងយើងដាក់តង់កៅស៊ូ។ ទីផ្សារស្រូវមិនពិបាកទេ គ្រាន់តែបញ្ហាថ្លៃវាឡើងចុះ (កសិករ៖ ចាសៗ)។ តែប៉ុណ្ណឹងទេ? ឥឡូវអ្នកដែលកំពុងច្រូតហ្នឹងត្រៀមគេដឹកចេញហើយ? ដឹកទាំងស្រូវទៅតែម្ដង? លក់បានចេះតែលក់ទៅ ព្រោះគេមិនមែនយកទទេឯណា គេឱ្យលុយតើ។ អាហ្នឹងជាពាណិជ្ជកម្ម ជាដំណើរការធម្មតានៅក្នុងប្រទេសជិតខាង នៅក្នុងសេដ្ឋកិច្ចផ្សារ នៅពេលដែលយើងមានទំនាក់ទំនងជិតខាងល្អជាមួយប្រទេសនានា យើងក៏ទិញពីគេ គេក៏ទិញពីយើងទៅវិញទៅមក អាហ្នឹងបន្តិចទៀតចាំខ្ញុំនិយាយ។

ឥឡូវមានសំណូមពរអីចំពោះខ្ញុំ ពេលដែលខ្ញុំមកដល់នេះ? មិញសំណូមពរផ្លូវហើយ នៅសំណូមពរអីឥឡូវ?

កសិករ៖ នាងខ្ញុំសំណូមពរឱ្យតម្លៃស្រូវនៅថេរចាប់ពី ៨៥០ ទៅ ៩០០ ដើម្បីកុំឱ្យស្រុតចុះជាងហ្នឹងទៀត។ នាងខ្ញុំធ្លាប់លក់បានប្រហែលជា ៧០០ ទេ ដូចថាវាធ្លាក់។ អត់ថេរ។ បើតម្លៃដូចសព្វថ្ងៃ កសិករនឹងចំណេញច្រើន។

សម្តេចតេជោ៖ ប៉ុន្តែ នៅពេលតម្លៃស្រូវធ្លាក់ដល់ ៧០០ ភាពចំណេញរបស់យើងបាត់បង់? អាចចូលដល់ខាតទេ?

កសិករ៖ កសិករណាអត់ឧស្សាហ៍អាចនឹងខាត។ កម្លាំងយើងប៉ះប៉ូវច្រើនដែរ ទើបចំណេញ ២ ទៅ ៣ លានហ្នឹងបាន។ បើយើង(ប្រើ)កម្លាំងពលកម្មមិនប៉ះប៉ូវគឺមិនបានចំណេញប៉ុណ្ណឹងដែរ។

សម្តេចតេជោ៖  ខ្ញុំសួរបន្តិចថែមទៀត ពេលដែលច្រូតដាក់បាវរួចហើយ យើងលីខ្លួនឯង ឬជួលគេលី? (កសិករ៖ ជួលគេ) ជួលទៀត? ពួកថៅកែនេះ។ ឥឡូវ ខ្ញុំសូមសួរខាងនេះ អ្នកដែលធ្វើ ៣ ដងហ្នឹង ដីប៉ុន្មានហិកតា? (១ ហិកតា ៧០ អា)។ ដល់ទៅយើងធ្វើ ៣ ដង វាទៅជាធំហើយ (ឡើងទៅស្មើ ៥ ហិកតាជាង)។ នោះហើយជាបញ្ហាដែលយើងត្រូវខិតខំ។ ពីដើមធ្វើតែម្ដង។ ឡើង ២ ដង ឡើង ៣ ដង អញ្ចឹងមួយហិកតារបស់យើង ធ្វើ ៣ ដង ឡើងដល់ ៣ ហិកតា នេះខ្ញុំគិតតែ ១ ហិកតា ។ ហើយបងប្អូនខាងនេះមានអ្នកណាចង់និយាយអី បើកវេទិកាសេរី។ វេទិកាខ្ញុំតែអញ្ចឹង ប្រហែលជាខ្ទង់ ៥០ វេទិការួចទៅហើយ ដែលយើងអង្គុយតាមវាលស្រែ។ មើលប្អូនមានយោបល់អី?

កសិករ៖ ជាបឋម ខ្ញុំសូមជម្រាបសួរសម្ដេច និងថ្នាក់ដឹកនាំ ខ្ញុំសូមសំណូមពរសម្ដេចជួយធ្វើផ្លូវមួយខ្សែនេះទៅដល់ស្ទឹង ព្រោះកសិផលនៅខាងក្រោមក៏ត្រូវដឹកតាមហ្នឹងវាពិបាក។

សម្តេចតេជោ៖ បញ្ហាទាក់ទងនឹងផ្លូវហ្នឹង អ៊ុក រ៉ាប៊ុន ចាត់ចែងផ្លូវហ្នឹង។ ប៉ុន្តែ ពេលវេលានៃការធ្វើផ្លូវលំ ធ្វើខែវស្សាធ្វើរួចបែកម៉ាំដដែលទេ ទាល់តែចាប់ផ្ដើមធ្លាក់ខ្យល់ពីជើង យើងចាប់ផ្ដើមធ្វើតែម្ដង។ បើមិនអញ្ចឹង​ទេ គឺគ្រាន់តែអាចលុបៗ សម្បុកមាន់សិន។ ខ្ញុំយល់ព្រមធ្វើជូន ប៉ុន្តែគ្រាន់តែឱ្យអ្នកបច្ចេកទេស តើធ្វើនៅក្នុងខែវស្សា ឬនៅពេលអស់ទឹកភ្លៀង។ ព្រោះបើធ្វើនៅខែវស្សាចាក់ដីភ្លាម(ភ្លៀង) ឡានមកពីលើខ្ទេច។ ខ្ញុំយល់ព្រមធ្វើទាំងពីរខ្សែ។

កសិករ៖ ខ្ញុំសូមថ្វាយបង្គំសម្ដេច និងសូមគោរពដល់ឯកឧត្តម និងលោកជំទាវ លោក លោកស្រី ទាំងអស់មានវត្តមាននៅទីនេះ ខ្ញុំស្នើសម្ដេចជួយឱ្យតម្លៃភ្លើងចុះបន្តិច និងធនាគារបន្ធូរបន្ថយការប្រាក់បន្តិច​ … (សម្តេចតេជោ៖) ចុះរាល់ថ្ងៃ ចំណេញប៉ុណ្ណឹងហើយនៅខ្ចីធនាគារទៀត?

កសិករ៖ ខ្ញុំបាទយកមកពង្រីកប្រព័ន្ធធារាសាស្ត្រថែមទៀតជូនប្រជាពលរដ្ឋដែលយកទឹក និងបូមទឹកដាក់ស្រែផង ចិញ្ចឹមបង្កងផង (សម្តេចតេជោ៖) ហើយចិញ្ចឹមបង្កងប៉ុន្មានឆ្នាំហើយ?

កសិករ៖ តាំងពីឆ្នាំ២០០៧ កូនបង្កងប្រជាពលរដ្ឋមកទិញច្រើន ខេត្តកណ្ដាល កំពង់ស្ពឺ កំពង់ចាម ត្បូងឃ្មុំ​។

សម្តេចតេជោ៖ រឿងថ្លៃភ្លើង ខ្ញុំឱ្យពិចារណាសរុបហើយ តាំងពីទៅព្រៃវែង ខ្ញុំឱ្យពិចារណាក្នុងការផ្គត់ផ្គង់ទៅលើអ្នកចិញ្ចឹមត្រី ដែលគេហៅថា វារីវប្បកម្ម ដែលឥឡូវ​ឱ្យពិចារណាថ្លៃភ្លើងសម្រាប់ការបូមទឹក។

កសិករ៖ សម្ដេចខ្ញុំស្នើសុំសម្ដេចធ្វើផ្លូវក្នុងភូមិប្រហែលជា ៥០០ ម៉ែត្រ ភូមិសំរោងរះ ឥឡូវដាច់លូជាពីរ​ចរាចរណ៍លែងកើតហើយ។

សម្តេចតេជោ៖ ប្រគល់ឱ្យអភិបាលខេត្ត អ៊ូច ភា និង អ៊ុក រ៉ាប៊ុន ចាត់ចែងអ្នកបច្ចេកទេសចុះមើលទៅ ដើម្បីជួយខាងផ្នែកប្រព័ន្ធដឹកជញ្ជូន។ ម្នាក់ៗសុទ្ធតែអ្នកមាន។ ខ្ញុំសួរអញ្ចេះ ដើម្បីកាន់តែច្បាស់អ្នកដែលមកចូលរួម មានដីតិចជាងមួយហិកតាមានប៉ុន្មាននាក់លើកដៃ ហើយអ្នកដែលមានដីតិចជាង ២ ហិកតាប៉ុន្មាននាក់? អ្នកដែលមានដីតិចជាង ៣ ហិកតាប៉ុន្មាននាក់? ហើយអ្នកដែលមានដីតិចជាង ៤ ហិកតាប៉ុន្មាននាក់? អ្នកដែលមានដីតិចជាង ៥ ហិកតាប៉ុន្មាននាក់? អ្នកដែលមានដីតិចជាង ៦ ហិកតាប៉ុន្មាននាក់? អ្នកដែលមានដីតិចជាង ៧ ហិកតាមានប៉ុន្មានាក់? ៣ នាក់។

ហើយទៅបានដីមកពីណាច្រើនម្ល៉េះ។ សុំសួរបន្តិច ដីហ្នឹងដីកេរពីមុនមក ឬយ៉ាងម៉េច? ដីទិញថែម​​​។ បានសេចក្ដីថា ធ្វើស្រែបានផលទិញបន្ថែម។ អ្នកណាអ្នកលក់ឱ្យ? អ្នកជិតខាង។ បន្ទាប់ពីគាត់លក់ដីគាត់ទៅធ្វើអី? គាត់ទៅកន្លែងផ្សេងជិតៗហ្នឹង។ នេះរបៀបដោះដូរ​​ដី។ ដូរដីនេះឱ្យជិតគ្នាម្ដុំយើងនេះយើងប្រមូលទិញពីគាត់ ហើយគាត់យកទៅប្រមូលទិញនៅកន្លែងក្បែរគាត់វិញ ហើយអ្នកដែលលក់នៅទីនោះ តើគាត់ទៅណាវិញ? ចេះតែបន្តអញ្ចឹងទៅ។ អត់មានលក់ទៅលេងល្បែងទេ? អត់ទេ។ ល្អហើយអញ្ចឹង អរគុណ​។

ចូលរួមច្រូតស្រូវ ដើម្បីពិនិត្យអំពីវឌ្ឍនភាពនៃវស័យកសិកម្ម

ឥឡូវខ្ញុំសុំចាប់ផ្ដើម។ បន្ទាប់ពីការបានសួរនាំ ឥឡូវនេះម៉ោង ៨:៥៤ នាទី កាឡូរីរបស់ខ្ញុំធ្លាក់បាន ៨០០ហើយ។ ប៉ុន្តែត្រូវកាត់ ៥០០ ចេញ។ អញ្ចឹង កាឡូរីពិតប្រាកដរបស់យើងបានតែ ៣០០ ទេ។ ឯកឧត្តម អគ្គរដ្ឋទូតអូស្ត្រាលី សម្ដេច ឯកឧត្តម លោកជំទាវ លោកស្រី បងប្អូនជនរួមជាតិ ថ្ងៃនេះដូចដែលខ្ញុំបានប្រកាសពីខេត្តព្រៃវែង ថាមកចូលរួមច្រូតស្រូវ ប៉ុន្តែពាក្យមកចូលរួមច្រូតស្រូវ មិនមែនគ្រាន់តែបញ្ហាច្រូតទេ បញ្ហារបស់ខ្ញុំគឺមកពិនិត្យអំពីវឌ្ឍនភាពនៃវិស័យកសិកម្មរបស់កម្ពុជាយើង​។

គោលនយោបាយនាំចេញអង្ករឱ្យបានជាងមួយលានតោន នៅតែជាគោលដៅអាទិភាព

គោលនយោបាយផលិតស្រូវ និងនាំចេញអង្ករឱ្យបានជាងមួយលានតោន នៅតែជាគោលដៅអាទិភាពរបស់យើង ដែលត្រូវបន្តជាមួយនឹងគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥។ ខ្ញុំគួរតែនិយាយថា មុនពេលដែលយើងដាក់ចេញនូវគោលនយោបាយកសិកម្ម គោលនយោបាយផលិតស្រូវ និងការនាំចេញអង្កររបស់យើង ពេលនោះយើងនៅមានអតិរេកស្រូវតិចតួចណាស់ … ប៉ុន្តែ បើខ្ញុំគិតត្រឹមឆ្នាំ ២០០២ យើងនៅខ្វះអង្ករទេ។ ពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ឥណ្ឌាបានផ្ដល់អង្ករមកឱ្យយើងចំនួន ២ ម៉ឺនតោន។ ពេលនោះ យើងជួបគ្រោះរាំងស្ងួត បន្ទាប់ពីជំនន់ឆ្នាំ ២០០០-២០០១ និងគ្រោះរាំងស្ងួតឆ្នាំ ២០០២ យើងនៅខ្វះខាត។ ប៉ុន្តែ នៅពេលដែលយើងដាក់ចេញគោលនយោបាយផលិតស្រូវ និងការនាំចេញអង្ករ ពេលនោះស្រូវរបស់យើងក៏ចាប់ផ្ដើមសល់។ ចុងក្រោយនៅក្នុងឆ្នាំនេះ យើងសល់ស្រូវជិត ៦ លានតោន បើគិតជាអង្ករ គឺយើងមានប្រមាណជាជិត ៤ លានតោន។ ប្រទេសតូចមួយដែលមានកសិកម្មមិនទាន់លូតលាស់ ក៏ប៉ុន្តែយើងសល់ស្រូវរហូតទៅដល់ជាងជិត ៦ លានតោន។ វាជាទំហំមួយដ៏ធំ។ អាចនិយាយបានថាជាកញ្ចប់នយោបាយស្ដីពីការធ្វើផលិតកម្មស្រូវ និងការនាំចេញអង្កររបស់យើង យើងសម្រេចជោគជ័យបានតែមួយទេ បានតែពីបង្កើនផលិតផលដែលយើងខ្វះខាត ទៅជាការសល់ស្រូវ​ជិត ៦ លានតោន។ យើងប្រើពាក្យថា លើស ៥ លានតោន។ ប៉ុន្តែ គោលដៅនៃការនាំចេញឱ្យបាន ១ លានតោន គឺមិនទាន់សម្រេចទេ។ យើងនាំចេញបានតិចណាស់ គឺមានតែឆ្នាំនេះទេ ដែលយើងនាំចេញបានច្រើន ក្នុងរយៈពេល ៦ ខែ យើងនាំចេញបានជាង ៤០ ម៉ឺនតោន។ អញ្ចឹងតាមការព្យាករទុកគឺយើងអាចឈានទៅដល់ការនាំចេញអង្កររបស់យើងឱ្យបាន ១ លានតោន នៅក្នុងរង្វង់ឆ្នាំ ២០២១ ឬ ២០២២។ ដើម្បីឈានទៅដល់ការសម្រេចនោះ មិនអាចធ្វើតាមរបៀបចាស់របស់យើង។

កំហុសរបស់យើងនៅត្រង់ពេលចូលសេដ្ឋកិច្ចទីផ្សារ រដ្ឋបោះបង់ចោលអន្តរាគមន៍ចំពោះកសិករ

ខ្ញុំនៅចាំបានថា នៅក្នុងខេត្តតាកែវនេះ ហើយនៅមិនឆ្ងាយបើយើងចង្អុលទៅបាទី (…) ហើយចង្អុលទៅខាងក្រាំងយ៉ូវទៅខាងណា? ខ្ញុំនៅចាំបានថា នៅពេលមុននេះយើងមានការលំបាកខ្លាំងណាស់ នៅក្នុងពេលបុណ្យអុំទូក សំពះលោកខែ ឆ្នាំ ១៩៩៤ ប្រជាជននៅឃុំពុទ្ធស របស់បាទី បានទៅមុខផ្ទះរបស់ខ្ញុំ ដើម្បីសុំឱ្យជួយបូមទឹកដាក់ស្រែរបស់គាត់។ ពេលនោះ ខ្ញុំបានប្រាប់ឱ្យពួកគាត់ត្រឡប់មកផ្ទះ ហើយខ្ញុំចុះមកស្រុកបាទី។ ខ្ញុំមកសំពះលោកខែ នៅឯឃុំពុទ្ធស នៃស្រុកបាទី។ ពេលនោះ(អាចថា)គឺជាកំហុសរបស់យើង កាលពីសម័យអតីតរដ្ឋកម្ពុជាបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការធ្វើប្រឡាយមេ ក្នុងការធ្វើម៉ាស៊ីនបូមទឹកទៅតាមស្ថានីយបូមទឹកជាច្រើន ប៉ុន្តែនៅពេលដែលយើងចាប់ផ្តើមអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស រួចហើយបែរជាបោះបង់ចោលនូវអន្តរាគមន៍របស់រដ្ឋទាំងអស់ទៅលើកសិករ រាប់ទាំងបញ្ហាប្រឡាយមេ។ នៅខេត្តតាកែវមានប្រឡាយមួយហៅថា ប្រឡាយហនុមាន (ដែលផ្គត់ផ្គង់ទឹកដល់)ស្ទូងស្រូវទាំងអស់។ ងាកទៅម៉ាស៊ីនបូមទឹក ដោះយកកូនជ្រូកខ្ទេច ដោះយកគ្រឿងបន្លាស់ខ្ទេច។ អញ្ចឹងបានសេចក្តីថា ពេលនោះយើងមានកំហុសនៅត្រង់ថា ពេលចូលសេដ្ឋកិច្ចទីផ្សារ រដ្ឋបោះបង់ចោលអន្តរាគមន៍ចំពោះកសិករដែលនេះជាកំហុស។

ចេញទ្រឹស្តីថ្មីៗ ច្រូតស្រូវក្នុងទឹកប្រសើរជាងអត់ស្រូវច្រូត

ពេលនោះហើយដែលខ្ញុំចាប់ផ្តើមចេញទ្រឹស្តីថ្មីៗ។ គេអាចចាក់រូបភាពឡើងវិញ។ ពេលដែលខ្ញុំប្រកាសនៅឯឃុំពុទ្ធស ដែលពេលនោះនិយាយពីការអន្តរាគមន៍របស់រដ្ឋទៅលើការកសាងប្រឡាយមេ។ ពេលនោះក៏ប្រើប្រាស់នូវទ្រឹស្តីមួយទៀត «ច្រូតស្រូវក្នុងទឹកប្រសើរជាងអត់ស្រូវច្រូត»។ កសិកររបស់យើង នៅតែនិយម​ធ្វើស្រូវកណ្តាល និងស្រូវធ្ងន់ អត់ធ្វើស្រូវស្រាលទេ។ គាត់ថាពិបាកច្រូត។ អញ្ចឹងបានខ្ញុំលើកជាទ្រឹស្តីមួយ ច្រូតស្រូវក្នុងទឹកប្រសើរជាងអត់ស្រូវច្រូត។ ទ្រឹស្តីនេះនៅតែមានតម្លៃឥឡូវហ្នឹង មានតម្លៃសម្រាប់អ្នកទាំងអស់គ្នានៅហ្នឹង។ ច្រូតស្រូវយ៉ាងច្រើន។ ត្រឹមតែគេផ្អាកបូមទឹកដាក់តែប៉ុណ្ណឹង ប៉ុន្តែអានៅខាងក្រោមសុទ្ធតែទឹកនៅក្នុងហ្នឹង រាប់ទាំងយប់មិញមានភ្លៀងទៀតផង។

ពេលដែលគណបក្សប្រជាជនឈ្នះឆ្នោត ឆ្នាំ ១៩៩៨ ខ្ញុំបានបង្កើតក្រសួង ២

អញ្ចឹងតាំងពីពេលនោះ ខ្ញុំមានគំនិតបង្កើតក្រសួងធនធានទឹក ពេលនោះ ឯកឧត្តម លឹម គានហោ ដើរជាមួយខ្ញុំក្នុងឋានៈជាប្រធាននាយកដ្ឋានធារាសាស្ត្រ នៃក្រសួងកសិកម្មទេ។ ដូច្នេះ តើយើងទៅរួច ឬអត់? ដាក់ទុនទៅក្រសួងកសិកម្ម ត្រូវមានច្រើន មានក្សេត្រសាស្ត្រ មានតាំងពីបសុព្យាបាល មានតាំងពីវារីវប្បកម្មស្អីៗ ទាំងអស់ តើលុយបានប៉ុន្មានទៅនៅក្នុងផ្នែកធារាសាស្ត្រ។ អញ្ចឹង នៅពេលដែលគណបក្សប្រជាជនឈ្នះឆ្នោត ឆ្នាំ​ ១៩៩៨ ខ្ញុំបានបង្កើតក្រសួង ២ សិន មួយគឺក្រសួងធនធានទឹក និងឧតុនិយម ដោយបំបែកពីក្រសួងកសិកម្មទៅ ឯមួយទៀតគឺបង្កើតក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម។ នេះជាសារបាននៃបញ្ហា។ ដូច្នេះ នៅពេលដែលយើងមានក្រសួងធនធានទឹក និងឧតុនិយម យើងចាប់ផ្តើមឱ្យក្រសួងនេះជាអាណាប័ក ដែលទទួលខុសត្រូវលើបញ្ហាការដោះស្រាយទឹក។ ខ្ញុំយល់ថា ដើម្បីការរីកចម្រើនកសិកម្ម ទឹកត្រូវដើរមុនមួយជំហាន។ អ្នកឯងចង់និយាយអី និយាយទៅ ប៉ុន្តែបើអត់ទឹកហើយអ្នកឯងកុំនិយាយពីរឿងប្រពលវប្បកម្ម អ្នកឯងកុំនិយាយពីរឿងពូជល្អ អ្នកឯងកុំនិយាយពីរឿងបច្ចេកទេសនោះ បច្ចេកទេសនេះ … អញ្ចឹងទឹកត្រូវដើរមុនមួយជំហាន។

គ្រឿងយន្តកសិកម្ម ភ្ជួរ ៩៩% នៃផ្ទៃដីស្រែជាង ២ លានហិកតា

ដូច្នេះហើយបានជាពេលនោះ យើងប្រើប្រាស់អង្ករពលកម្ម។ នៅចាំទេ អ្នកទាំងអស់គ្នា នៅចាំអង្ករពលកម្ម នាំគ្នាជីកដូរនឹងអង្ករ ដើម្បីបានប្រឡាយ … ប្រឡាយរង និងប្រឡាយតូចៗ យើងប្រើអង្ករពលកម្មកាលពីពេលនោះ។ នេះជាសារបានមួយ។ នៅស្រុកព្រៃកប្បាសនេះ ដូចជាឆ្នាំ ២០០០ … នៅព្រំប្រទល់កណ្តាលជាមួយនឹងព្រៃកប្បាស ព្រោះកណ្តាលមកផុតពីក្រាំងយ៉ូវ​ ដល់ភ្នំតាពែក អាហ្នឹងព្រំប្រទល់ព្រៃ​កប្បាសជាមួយនឹងស្រុកស្អាង។ ពេលនោះខ្ញុំមកច្រូត គឺច្រូតនឹងកណ្តៀវកាលពី ២០ ឆ្នាំមុន ប៉ុន្តែ ២០ ឆ្នាំក្រោយ ខ្ញុំមកបើកត្រាក់ទ័រ ព្រោះអាកណ្តៀវវាហួសសម័យ។ មិនមែនបានសេចក្តីថា ហួសគ្រប់កន្លែងទេ ប៉ុន្តែ កន្លែងដែលអាចឈានទៅមុនបានទៅលើបញ្ហាការប្រើគ្រឿងយន្តក៏ប្រើទៅ។ ឆ្នាំនេះក្នុងចំណោមជាង ២ លានហិកតា ដែលបានភ្ជួររួចហើយ ភ្ជួរដោយគ្រឿនយន្តកសិក​ម្មរហូតទៅដល់ ៩៩% ដែលបានភ្ជួររាស់ដោយគ្រឿងយន្តកសិកម្មទៅហើយ។ និយាយពីរឿងច្រូតដោយកណ្តៀវ មានអាចម្រៀងមួយបទ កណ្តៀវ​អូនស្រួយ។ ស្រាប់តែក្រសួងវប្បធម៌ប្រកាសព្រមាន ហើយឈប់ឱ្យចាក់។ កាលពីអត់ទាន់មានក្រសួងវប្បធម៌ហាម អត់មានបង្ហោះតាម YouTube ផង ស្រាប់តែដល់ពេលគេហាម បង្ហោះតាម YoutTube ព្រាត។ ម៉ែអើយ! កណ្តៀវអូនស្រួយ រួចហើយដល់វគ្គណាមួយនោះ “ប្រដាប់អូនមួយ” វាលេងអញ្ចឹងៗ អើយ! អ្នកនិពន្ធ​អើយ។ ប៉ុន្តែ កុំបន្ទោសអ្នកចម្រៀងអី ព្រោះគ្នាគេឱ្យច្រៀងក៏ចេះតែច្រៀងទៅ សំខាន់អ្នកនិពន្ធអីក៏ចង្រៃម្ល៉េះ។ កាលពីខ្ញុំមក ២០ ឆ្នាំមុន ច្រូតនៅព្រៃកប្បាសហ្នឹង កាលហ្នឹងមកផ្តល់ស្រូវពូជឱ្យផង ហើយប្រជាពលរដ្ឋក៏មានសុំប្រឡាយមេមួយខ្សែ ដែល ឯកឧត្តម លឹម គានហោ ក៏បានជីកជូននៅតំបន់នោះ …។

ការផ្លាស់ប្តូរឥរិយាបថរបស់ប្រជាពលរដ្ឋឱ្យទទួលយករបៀបថ្មី មិនជាការងាយ

ស្ថានភាពកសិកម្មរបស់យើងបានផ្លាស់ប្តូរ ដែលខ្ញុំសូមយកឱកាសនេះថ្លែងនូវការកោតសរសើរចំពោះប្រជាពលរដ្ឋរបស់យើង កោតសរសើរចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីកសិកម្មទាំងអស់ដែលបានចូលរួមចំណែកយ៉ាងធំធេងនៅក្នុងការផ្លាស់ប្តូរឥរិយាបថរបស់ប្រជាពលរដ្ឋរបស់យើង​។ មិនមែនជាការងាយទេណា ការផ្លាស់ប្តូរឥរិយាបថរបស់ប្រជាពលរដ្ឋរបស់យើង ឱ្យទទួលយកនូវអ្វីដែលហៅថាថ្មីមិនងាយទេ។ សូម្បីតែឪពុករបស់ខ្ញុំ មន្ទីរកសិកម្មគេបានទៅប្រាប់ថា ឱ្យធ្វើពូជនេះៗ គាត់បែរជាទៅនិយាយជាមួយមន្ទីរកសិកម្មកាលពីជាន់នោះថា អញធ្វើមួយជាតិ មួយជីវិតរបស់អញ អញធ្វើតែពូជហ្នឹង។ ដល់ពេលទៅប្រាប់គាត់ថាធ្វើអញ្ចេះ គាត់ថា អញចិញ្ចឹមក្បាលអ្ហែងរស់ដោយសារតែពូជហ្នឹង​។ មិនងាយទេ ដូចអូសឫស្សីបញ្ច្រាសចុង។ ខ្ញុំដើរច្រើន ហើយក្នុងហ្នឹងខេត្តតាកែវរបស់យើង ខ្ញុំចុះមកច្រើន ដោយសារ ប៉ុល សារឿន គាត់ធ្វើអភិបាលខេត្ត។ គាត់អត់ដែលធ្វើក្រុមសាមគ្គីស្អីនឹងគេទេ។ គាត់ចែកដីឱ្យប្រជាជនធ្វើ ទីចុងបំផុតគាត់សម្រេចជោគជ័យ។ ឥឡូវនេះ ខេត្តតាកែវ ក្លាយទៅជាខេត្តទី ៣ ទៅវិញបន្ទាប់ពីបាត់ដំបង និងព្រៃវែង។ ប៉ុន្តែ ពីសម័យសង្គ្រាម តាកែវគឺជាខេត្តលេខ ១ ក្នុងការផលិតស្រូវ។ យើងដឹកស្រូវចេញពីខេត្តតាកែវយកទៅផ្គត់ផ្គង់ឱ្យខេត្តផ្សេង។ បាត់ដំបង (រួមចំណែក)តិច ដោយសារតែបាត់ដំបងនៅសល់សង្គ្រាមពេលនោះ។ ដូច្នេះបាត់ដំបងផលិតអត់បានច្រើនប៉ុន្មានទេ។ តិចជាងតាកែវទេ បើនិយាយពីចំនួនស្រូវសល់។ អញ្ចឹង យើងបានផ្លាស់ប្តូរឥរិយាបថ ដោយប្រជាពលរដ្ឋព្រមទទួលយកនូវពូជល្អៗ។

អូស្ត្រាលី ឈប់ទទួលស្គាល់ខ្មែរក្រហមនៅអង្គការសហប្រជាជាតិ និងរួមចំណែកជួយវិស័យកសិកម្ម

ខ្ញុំក៏សូមយកឱកាសនេះ អរគុណចំពោះអូស្ត្រាលីតាមរយៈឯកឧត្តមអគ្គរដ្ឋទូត។ អូស្ត្រាលីបានហក់ចូលមកជួយតាំងពីអូស្ត្រាលីមិនទាន់ទទួលស្គាល់រដ្ឋាភិបាលរបស់យើង ជំនាន់រដ្ឋកម្ពុជាឯណោះ តាមខ្ញុំចាំ។ បើខ្ញុំមិនច្រឡំទេតាំងពីឆ្នាំ ១៩៨៨។ ខ្ញុំសូមនិយាយបន្តិចទៅចុះអំពីទំនាក់ទំនងរវាងយើង និងអូស្រ្តាលី។ ឆ្នាំ ១៩៨៣ អូស្ត្រាលីបានផ្តួចផ្តើមគំនិតឈប់ទទួលស្គាល់ខ្មែរក្រហមនៅអង្គការសហប្រជាជាតិ។ ហ្នឹងអគ្គរដ្ឋទូតអូស្រ្តាលីប្រហែលជាគាត់សិក្សាហើយមុននឹងគាត់មក។ អូស្ត្រាលី ចាប់ផ្តើមដោយបក្សពលករអូស្ត្រាលីឈ្នះឆ្នោតពេលនោះ ប្រកាសឈប់ទទួលស្គាល់ខ្មែរក្រហមនៅអង្គការសហប្រជាជាតិ។ ដកការទទួលស្គាល់របបខ្មែរក្រហមនៅអង្គការសហប្រជាជាតិ។ ក្នុងពេលដំណាលគ្នា អង្គការក្រៅរដ្ឋាភិបាលអូស្ត្រាលីបានចូលមកកម្ពុជា … រួមចំណែកនៅក្នុងវិស័យកសិកម្មរបស់កម្ពុជា។ វិទ្យាស្ថានស្រាវជ្រាវដែលមានឈ្មោះថា CARDI ដែលបង្កាត់ពូជស្រូវនេះ គឺមានចំណែករបស់អូស្រ្តាលីចូលរួមនៅក្នុងបញ្ហាហ្នឹង។ ក្នុងពេលដែលខ្ញុំទស្សនកិច្ចនៅអូស្ត្រាលី ឆ្នាំ ២០០៦ ជំនាន់ Howard អូស្ត្រាលីអត់នាំខ្ញុំទៅទស្សនកិច្ចរោងចក្រគីមី រោងចក្រធ្វើយន្តហោះ រោងចក្រធ្វើឡានទេ នាំខ្ញុំទៅទស្សនកិច្ចនៅតំបន់កសិកម្មមួយ ព្រោះគេដឹងថា យើងជាប្រទេសកសិកម្ម ហើយកំពុងស្វែងរកនូវជំនួយអំពីកសិកម្ម។

តំបន់នេះ អូស្រ្តាលីបានចូលមកក្នុងកម្មវិធី គេហៅថា​ចង្វាក់តម្លៃនៃវិស័យកសិក​ម្មរបស់យើង ដោយមានវិសាលភាពនៅក្នុងខេត្តតាកែវ នៅតំបន់នេះ នៅខេត្តកំពត កំពង់ធំ ព្រៃវែង កណ្តាល ៥ ខេត្ត។ អញ្ចឹងគាត់ជួយយើងទាំងផ្នែករឹង និងផ្នែកទន់។ ស្អីទៅផ្នែករឹង? ផ្នែករឹងខ្ញុំចង់និយាយអំពីប្រព័ន្ធធារាសាស្ត្រស្អីៗនេះ ដែលជាហេដ្ឋារចនាសម័ន្ធសម្រាប់ប្រព័ន្ធស្រោចស្រព ដែលផ្តល់ឱកាសឱ្យប្រជាកសិករយើងប្រែក្លាយពីការធ្វើម្តងដែលខ្វះទឹក ទៅជាការធ្វើពីរដង ឬបីដង ដែលមានទឹកគ្រប់គ្រាន់។ ឯផ្នែកទន់គាត់ចូលរួមបណ្តុះបណ្តាលទៅលើបញ្ហាទាក់ទិនជាមួយនឹងបច្ចេកទេស ទៅលើបញ្ហាការកែប្រែ ការផ្តល់នូវគ្រាប់ពូជ និងការចូលទៅកាន់ទីផ្សារទៀត អានេះខ្ញុំគ្រាន់តែលើកជាត្រួសៗ។

កសិកម្មប្រើរដ្ឋមន្ត្រី ១០ តាកែវផ្តល់មន្ត្រីច្រើន

អញ្ចឹងការចាប់ផ្តើមរបស់យើងមិនមែនជាបញ្ហាថ្មីថ្មោងទេ។ យើងត្រូវចាប់ផ្តើមរយៈពេលវែង។ បើក្រសួងកសិកម្មវិញ យើងប្រើប្រាស់អស់រយៈពេល គិតពីឆ្នាំ ១៩៧៩ រហូតមកដល់ឥឡូវ រដ្ឋមន្ត្រីកសិកម្ម ១០ រូបហើយ។ តា ម៉ែន ឆន ហើយ គង់ សំអុល ហើយ សាយ ឈុំ ហើយ ងួន ញិល ហើយបង គង់ សំអុល វិញ មួយសាទៀត ហើយ តាវ សេងហួរ ហើយបង ឈា សុង ហើយបង ចាន់ សារុន ហើយ អ៊ុក រ៉ាប៊ុន ហើយបាន វេង សាខុន។ ១០ រូបហើយ។ តាមការចំណាំរបស់ខ្ញុំ កសិករយើងចាប់ផ្តើមប្រែឥរិយា​បថខ្លាំង គឺនៅក្នុងដំណាក់កាលបង ចាន់ សារុន … ថ្ងៃនេះបង ចាន់ សារុន មកតើ អតីតរដ្ឋមន្ត្រីកសិកម្ម ដែលជាអ្នកខេត្តតាកែវ។ តាកែវនេះផ្គត់ផ្គង់ឱ្យរដ្ឋមន្ត្រីច្រើនណាស់។ រដ្ឋមន្ត្រី ម៉ុក ម៉ារ៉េត ក៏មកដែរ រដ្ឋមន្ត្រីបរិស្ថាន សុទ្ធតែគ្រហុបធ្មេញអស់ហើយ។ មើល យឹម តុលា អ្នកកំពង់ចាមទេ គ្រាន់តែឈរតំណាងរាស្ត្រនៅតាកែវ កាន់នៅព្រៃកប្បាសហ្នឹងតែម្តង។

ប៉ុន្តែបើទៅធ្វើចៅហ្វាយខេត្តវិញច្រើនណាស់ ឃឹម បូរ ចេញពីតាកែវ ធ្វើចៅហ្វាយខេត្តតាកែវ រួចហើយទៅធ្វើចៅហ្វាយខេត្តកំពង់សោម។ កាលមុនហៅថាចៅហ្វាយក្រុងកំពង់សោម ក្រោយមកទៅធ្វើចៅហ្វាយខេត្តកណ្តាល។ ទូច ម៉ូរៀម ចេញទៅធ្វើចៅហ្វាយខេត្តកំពង់ឆ្នាំង។ បង ឈិន សុខុន ចេញទៅធ្វើចៅ​ហ្វាយខេត្ត កំពង់សោម មុននឹងផ្លាស់មក ឥឡូវធ្វើរដ្ឋមន្ត្រីក្រសួងធម្មការ។ ស៊ូ ភិរិន្ទ ចេញទៅធ្វើចៅហ្វាយខេត្តនៅឯកំពង់ឆ្នាំង ហើយបានទៅសៀមរាប។ ហាស់ សារ៉េត ឥឡូវរដ្ឋលេខាធិការក្រសួងកសិកម្ម មកដែរថ្ងៃនេះ? អត់មក។ គេគ្រប់គ្រងរដ្ឋលេខាធិការអត់បាន ឬគេទទួលជំនាញមិនត្រូវ? អូ ហាស់ សារ៉េត ទទួលខាងជលផល។ នេះខាងពួកក្សេត្រសាស្ត្រ គេមកខាងនេះ។ ហាស់ សារ៉េត ហ្នឹងចេញទៅធ្វើចៅ​ហ្វាយក្រុងកែប ហើយបានទៅធ្វើចៅហ្វាយខេត្តព្រៃវែង។ អញ្ចឹងអ្នកតាកែវបានផ្គត់ផ្គង់មន្ត្រីច្រើនដែរ ក្រៅពីនោះមានរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មានមន្ត្រីច្រើនដែរ ដែលត្រូវធ្វើការងារនៅទីនោះ។

ថ្ងៃអនាគត ប្រឡាយរងត្រូវបំព្រួញ និងចាក់បេតុងបង្ហូរទឹកចូលស្រែ

ខ្ញុំនិយាយដល់កសិកម្មវិញ។ ក្នុងជំនាន់បង ចាន់ សារុន យើងរុញខ្លាំងអំពីបញ្ហាពូជ ដែលមាន សែនក្រអូប សែនពិដោរ គឺបណ្តុះជំនាន់បង ចាន់​ សារុន។ នៅនេះធ្វើស្រូវអី? ផ្ការំដួល។ អាហ្នឹងជំនាន់ហ្នឹងដំណាក់កាលកើត CARDI គឺជំនាន់បង ចាន់ សារុន ខ្ញុំទៅសម្ពោធ។ អញ្ចឹង វាតហូរហែរគ្នាមក មិនមែនបានសេចក្តីថា (ជា)សមិទ្ធផលធ្វើមួយថ្ងៃទេ។ យើងធ្វើ ៤១ ឆ្នាំហើយ ក្រោយពី អាពត ប៉ុន្តែវាអត់ទាន់គ្រប់ទេ។ ស្ថានភាពនេះ (មាន)នៅតាមតំបន់នៅឡើយ។ តំបន់ដែលអាច(យកបាន)ជាគំរូ គឺតំបន់នេះ តំបន់កណ្តាល​ស្ទឹងរបស់ជប៉ុន ដែលខ្ញុំលើកគំនិតប្រព័ន្ធធារាសាស្ត្រតាំងពីប៉ុន្មានឆ្នាំ អាចថា ២០ ឬ ២៥ ឆ្នាំមុននោះ ដែលថា ថ្ងៃក្រោយពង្រួញប្រឡាយរបស់យើងនេះទៅតូចវិញ លើកលែងតែប្រឡាយមេ ដែលវាធំ វាអាចធ្វើចរាចរណ៍ផ្លូវទឹកបានផង ប៉ុន្តែដូចប្រឡាយរងអីនេះ លេងបេតុងទាំងអស់ ហើយបើសិនជាបូមត្រូវបូមតែម្តងទេ ហើយបង្ហូរចូលស្រែបណ្តោយ។ បើមិនអញ្ចឹងទេ ទាំងប្រឡាយមេក៏នៅក្នុងទឹក ប្រឡាយរងក៏នៅក្នុងទឹក រហូតដល់ពេលមួយរាំងស្ងួតឆ្នាំ ២០០៤។

នៅចាំទេ បងហោ ឆ្នាំ ២០០៤ ខ្ញុំទៅប្រជុំអាស៊ាននៅវៀងចន្ទន៍ ពេលដែលចុះព្រឹប ទៅផ្លាស់ខោអាវហើយ ចេញដំណើរតាមឧទ្ធម្ភាគចក្រទៅឧត្តុង្គ រួចហើយបានមកចុះនៅអង្គស្នួលក្បែរព្រលប់ទៅហើយ។ យើងបូមទឹកពីរលាំងជ្រៃដាក់ឱ្យពេញប្រឡាយ … រហូតមកតាកោ។ កសិករគាត់អត់ព្រមទៀត។ គាត់ថាសុំជួយម៉ាស៊ីនបូមទឹកពីប្រឡាយទៅស្រែ។ ខ្ញុំថាស្រែនៅណា? ស្រែនៅត្រង់នោះ។ ខ្ញុំថាអញ្ចេះ ឥឡូវអ៊ំកុំធ្វើអី ចាំខ្ញុំដាំបាយទៅបញ្ចុកតែម្តងល្អ។ កាលពីមុនយើងធ្វើកន្លែងហ្នឹង គេហៅថាកម្មវិធីប្រាសាក់របស់សហភាពអឺរ៉ុប យើងមានធ្វើនៅស្វាយរៀង យើងមានធ្វើនៅតាកែវនេះក៏មានធ្វើដែរ … នៅតាកែវនេះមានមួយកន្លែងទៀត ដែលលោក ឈៀង ស៊ុនទ្រី ឥឡូវគាត់នៅដំណើរការទេ? គាត់នៅស្រង៉ែ … គាត់នៅដំណើរការ ធ្វើបានប៉ុន្មានដង? ៣ ដង។ ទិន្នផលដូចគ្នាដែរ? ប៉ុន្តែយ៉ាងណា ក៏គាត់បាន ៣ ដង។ នៅបន្ត។ ប៉ុន្តែប្រឡាយរបស់គាត់ជាប្រឡាយបង្ហូររបៀបនេះ ឬប្រឡាយ? បូមតទៅតាមស្ថានភាពដី។

ថ្ងៃក្រោយដីរបស់យើងសល់រាប់ម៉ឺនហិកតា ដែលយើងអាចពង្រីកជាផ្លូវលំ នៅពេលដែលយើងធ្វើប្រ​ឡាយ​ធុននេះបាន យើងចាប់ផ្តើមពង្រីកផ្លូវលំរបស់យើង។ ប្រឡាយរងរបស់យើង ពេលណាដែលយើងធ្វើប្រឡាយបេតុងនេះបាន ដីនៅសល់យើងពង្រីកទៅជាផ្លូវលំទាំងអស់។ សល់រាប់ម៉ឺនហិកតា។ យើងគិតមើល ប្រឡាយរបស់យើង ឥឡូវសូម្បីតែប្រឡាយរង ប្រឡាយខ្លះទទឹង ៧ ម៉ែត្រ ដល់យើងបន្ថយប្រឡាយហ្នឹងឱ្យវានៅតូច ពង្រីកអាហ្នឹងឱ្យវាទៅជាផ្លូវ។ ផ្លូវតូចឱ្យទៅផ្លូវធំ។ បើយើងមិនយកដីធ្វើស្រែចំការ យើងប្រើប្រាស់ជាដីសាធារណៈសម្រាប់បម្រើឱ្យប្រជាជនក្នុងការធ្វើដំណើរឆ្លងកាត់ពីស្រែមួយទៅស្រែមួយ ដឹកជញ្ជូនមិនជួបការលំបាកទេ។

៦ ខែកន្លងទៅ បាននាំចេញស្រូវជាង ១ លានតោន

យើងត្រូវបន្តដំណើររួមគ្នាតទៅទៀត។ តាមឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីកសិកម្មខ្សឹបប្រាប់ខ្ញុំ ៦ ខែកន្លងទៅនេះ យើងបាននាំចេញជាង ១ លានតោនរួចស្រេចទៅហើយ ពីខេត្តកំពត តាកែវ កណ្តាល ព្រៃវែង ស្វាយរៀង ដែលនៅជាប់នឹងព្រំដែនវៀតណាម។ នោះហើយបានជាទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម។ ទំហំ(ពាណិជ្ជកម្ម)ប្រមាណជាង ៥ ពាន់លានដុល្លារ អត់ទាន់គិតពីរឿងចរាចរណ៍ស្រូវដែលយើង​អត់បានកត់ត្រាដោយគយទេ។ មានពេលមួយអតីតនាយករដ្ឋមន្ត្រីវៀតណាមគាត់បាននិយាយជាមួយខ្ញុំអញ្ចេះ ពេលនោះគាត់ចុះកុងត្រាជាមួយហ្វីលីពីន ផ្គត់ផ្គង់ស្រូវឱ្យហ្វីលីពីន ប៉ុន្តែស្រាប់តែនៅក្នុងប្រទេសមានបញ្ហាមមាចត្នោតបំផ្លាញ ដូច្នេះគាត់មកទិញស្រូវពីកម្ពុជាដើម្បីផ្គត់ផ្គង់ឱ្យហ្វីលីពីន។ ស្រាប់ដល់ពេលជួបគ្នា ឯកឧត្តម ង្វៀន តាន់យុង អតីតនាយករដ្ឋមន្ត្រីវៀតណាម ដែលខេត្តកំណើតរបស់គាត់មិនឆ្ងាយពីព្រំដែនកម្ពុជា ថាអរគុណឯកឧត្តម ហ៊ុន សែន ដែលបានលក់ស្រូវឱ្យវៀតណាមជាង ១ លានតោន។ បានខ្ញុំនិយាយតបទៅគាត់វិញ ខ្ញុំក៏អរគុណឯកឧត្តមដែរ ដែលបានជួយទិញស្រូវខ្ញុំជាង ១ លានតោន ដោយមិនបាច់បង់ពន្ធ។ ធម្មតានាំចេញទៅស្រុកគេៗឱ្យបង់ពន្ធ។ ឥឡូវវៀតណាមទិញពីយើងជាផ្លូវការ អង្ករ ៣០ ម៉ឺនតោនទេ។

ការជំរុញផលិតកម្មស្រូវ ដើរទៅផុតការវិនិយោគលើការកែច្នៃ និងការនាំចេញ

ក៏ប៉ុន្តែលើការជាក់ស្តែងច្រើនជាងនេះ យើងស្ថិតក្នុងស្ថានភាពមានមាសខ្វះក្រដាសខ្ចប់ នេះជាចំណុចដែលយើងកំពុងប្រឹង។ ហេតុអីបានជាយើងនិយាយថា មានមាស ខ្វះក្រដាសខ្ចប់? ខ្ញុំសុខចិត្តថា ខ្ញុំទទួលស្គាល់នូវកំហុសទៅចុះនៅពេលដែលគេទិតៀនខ្ញុំ នៅត្រង់អញ្ចេះ យើងផលិតបានស្រូវ ប៉ុន្តែទីចុងបំផុតផ្សាររបស់យើងនៅឯណា? ងាកមកខ្លួនឯងខ្វះម៉ាស៊ីនកិនស្រូវ ខ្វះឃ្លាំងស្តុកស្រូវ ខ្វះអ្នកប្រមូលទិញ អញ្ចឹងនាំចេញខ្លួនឯងបានប្រហែលកន្លះលានតោនកន្លងទៅ ប៉ុន្តែសល់ជាង ៣ លានតោនទៀតនាំទៅណា? ទៅខាងវៀតណាមប្រហែលជាង ៧០% ទៅខាងថៃប្រហែលជាង ៣០%។ នេះតាមទិន្នន័យដែលយើងរកឃើញ។ អញ្ចឹងបានជាឥឡូវនេះ យើងខិតខំជំរុញការវិនិយោគ ដោយធ្វើឃ្លាំងស្តុក ធ្វើម៉ាស៊ីនកិនស្រូវ ធ្វើឡសម្ងួត ដើម្បីលើកទឹកចិត្តឱ្យគេើម្បីលើកទឹកចិត្តឲ្យតម្លៃបន្ថែមនៅក្នុងប្រទេសរបស់យើងនាំចេញស្រុកគេ គេឲ្យបង់ពន្ធតម្លៃបន្ថែមនៅក្នុងប្រទេសរបស់យើងតែម្តង។ ពេលដែលយើងនាំចេញស្រូវ យើងដឹងថាយើងបានបាត់ការងារធ្វើរបស់កសិករយើង បាត់កន្ទក់ បាត់ចុងអង្ករ បាត់អង្កាម បាត់តម្លៃច្រើនណាស់។ អញ្ចឹងបានជាឥឡូវនេះ យើងហៅក្រុមហ៊ុននានាមកពីក្រៅប្រទេស ដោយផ្តល់ឱកាសឱ្យគេវិនិយោគ ហើយយើងក៏បានទៅរកទុនពីចិនប្រមាណជា ៤០០ លានដុល្លារ កំពុងតែពង្រាយធ្វើឃ្លាំង និងតំបន់សម្រាប់ការប្រមូលទិញ។ បើយើងធ្វើដូចនេះបាន តម្លៃស្រូវដែលប្អូនស្រីអម្បាញ់មិញសំ​ណូមពរ យើងអាចធានាបានល្អជាង។ យើងម្ចាស់ការច្រើនជាង ព្រោះយើងទិញខ្លួនឯង។ អញ្ចឹងបានជាយើងមានតម្រូវការវិនិយោគបន្ថែមលើចំណុចនេះ។ អ្នកទាំងឡាយអាចទិតៀនខ្ញុំ។ ខ្ញុំទទួលយក ដោយ​សារ​ល្បឿននៃការជំរុញផលិតស្រូវ វាដើរលឿនហួសទៅផុតអំពីការវិនិយោគសម្រាប់ការកែច្នៃ និងការនាំចេញ។ ការនាំចេញ មិនមែនចេះតែនាំទៅទេ ត្រូវធ្វើឱ្យវាស្ងួត ត្រូវធ្វើយ៉ាងម៉េចកុំឱ្យដឹកទៅពាក់កណ្តាល​សមុទ្រ ស្រាប់តែចេញសុទ្ធតែខ្មូត អាហ្នឹងគេហៅថាចោលលុយហើយ អាហ្នឹងលក់កេរ្តិ៍ឈ្មោះកម្ពុជាតែម្តង។

កម្ពុជាមិនមានការខ្វះស្បៀង, កុំចាំទីផ្សារអឺរ៉ុបទើបលក់

អញ្ចឹងឥឡូវនេះ យើងឃើញក្រុមហ៊ុនជាច្រើនបានខិតខំ ប៉ុន្តែសមត្ថភាពនៅតែមិនទាន់គ្រប់។ ដែលហៅថាទីផ្សារមានការប្រកួតប្រជែង បើកាលណាគេមកឱ្យថ្លៃ ត្រូវលក់ឱ្យអ្នកនោះ … យើងកំពុងតែ(នៅ)ក្នុងក្របខណ្ឌ AFTA តំបន់ពាណិជ្ជកម្មសេរីអាស៊ាន។ កាលដែលយើងហាមឃាត់(ការនាំចេញស្បៀង) ខ្ញុំបានហាមឃាត់មួយពេលខ្លី ដើម្បីពិនិត្យមើលតុល្យភាពស្បៀងនៅក្នុងស្រុកតែប៉ុណ្ណោះ។ នៅវិមានសន្តិភាព ខ្ញុំបានប្រកាសថាឱ្យផ្អាកនាំចេញអង្ករស និងនាំចេញស្រូវក្នុងមួយរយៈកាលខ្លី។ ប៉ុន្តែ បន្ទាប់ពីការពិនិត្យហើយ កម្ពុជាមិនមានការខ្វះខាតស្បៀងទេ គឺអនុញ្ញាតឱ្យមានការនាំចេញ ដែលសូម្បីតែ ៦ ខែដើមឆ្នាំនេះស្រូវនៅ ៥ ខេត្ត ស្វាយរៀង ព្រៃវែង កណ្តាល តាកែវ កំពត ៥ ខេត្តនេះ ចេញជាង ១ លានតោនរួចស្រេចទៅហើយ។ អាហ្នឹងទីផ្សារ។ កុំចាំទីផ្សារមកពីអឺរ៉ុបចាំលក់។ មកពីវៀតណាមមិនលក់ មកពីថៃមិនលក់ មកពីចិនមិនលក់ ចាំតែអាមេរិកាំង ចាំតែបារាំង បានលក់។ មិនមែនអញ្ចឹងទេ។ អ្នកណាឱ្យថ្លៃគឺយើងយក។ ប៉ុន្តែ យើងត្រូវតែខិតខំដើម្បីធ្វើឱ្យដើរទន្ទឹមគ្នារវាងដំណើរការអភិវឌ្ឍនៃវិស័យកសិកម្មនិយាយជារួម និងនិយាយដោយឡែកលើវិស័យស្រូវ។

គោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ ទាញឧស្សាហកម្មកែច្នៃវត្ថុធាតុដើមក្នុងស្រុក

ស៊ីសង្វាក់ជាមួយនឹងដំណើរការនៃគោលនយោបាយឧស្សាហកម្ម ២០១៥-២០២៥ ដែលផ្តល់អាទិភាពទាញឧស្សាហកម្មពីក្រៅមកគឺតម្រង់ឆ្ពោះមករកការកែច្នៃវត្ថុធាតុដើមដែលមានក្នុងស្រុក។ នេះជាគោលនយោបាយឧស្សាហកម្មរបស់រាជរដ្ឋាភិបាល ឬរបស់ ហ៊ុន សែន ទៅចុះ។ ព្រោះបើ ហ៊ុន សែន ដឹកនាំហើយ​។ មានអាមួយនោះថា ហ៊ុន សែន ពូកែជាងអ្នកដទៃ ធ្វើវេទិកាសាធារណៈ។ ខ្ញុំអត់តាំងខ្លួនពូកែជាងអ្នកណាទេ  ក៏ប៉ុន្តែ អ្វីដែលខ្ញុំដឹង គឺខ្ញុំគ្រាន់តែដឹកនាំប្រទេសកម្ពុជាមួយពីវាលពិឃាដមកកាន់កម្ពុជាមួយ ដែលមានការអភិវឌ្ឍប៉ុណ្ណឹងទេ។ ចង់អ្នកឯងថាអីថាទៅ។ ខ្ញុំបានលះបង់គ្រប់យ៉ាងដើម្បីការរស់រានមានជីវិត តាំងពីប្រជាជនជាង ៥ លាននាក់ សេសសល់ពី ប៉ុលពត សម្លាប់ឡើងទៅដល់ ១៦ លាននាក់ទៅហើយ។ ធ្វើតាំងពីខ្មែរ អត់អង្ករស៊ី ឥឡូវសល់អង្ករ ជាង ៤ លានតោន ដែលអាចក្លាយទៅជាអ្នកផ្គត់ផ្គង់ក្នុងតំបន់ និងនៅក្រៅតំបន់ផងដែរ។ ខ្ញុំទៅសុំចិន ទៅសុំកូរ៉េ ទៅសុំជប៉ុន ទៅសុំអូស្រ្តាលី អត់ទៅសុំយន្តហោះជិះខ្លួនឯងទេ។ មើលកំណត់ហេតុទាំងឡាយដែលខ្ញុំចរចាជាមួយអូស្រ្តាលី (មិនមានអ្វី)ក្រៅពីសុំឱ្យជួយខាងវិស័យកសិកម្ម ជួយក្នុងបញ្ហាសេដ្ឋកិច្ចទេ។ សុំយល់អំពីចរិត ហ៊ុន សែន ដឹកនាំ។ ចិនបានផ្តល់ទុនឱ្យយើង។

ប្រឡាយមេរាប់ពាន់គីឡូម៉ែត្រ និងផ្ទៃដីដាំដុះ ជាសក្តានុពលរបស់កម្ពុជា

ឥឡូវប្រឡាយធុនធំសរុបទៅរាប់ពាន់គីឡូ។ មួយគឺប្រឡាយវ៉ៃគោ ឆ្លង ៣ ខេត្តកំពង់ចាម ព្រៃវែង ទៅស្វាយរៀង ហើយនៅខាងបាត់ដំបងប៉ុន្មានខ្សែ គិតជាគីឡូម៉ែត្រ គឺរាប់ពាន់គីឡូម៉ែត្រ ដែលអាចស្រោចស្រពបាននៅលើផ្ទៃដីជាច្រើន។ ខ្ញុំនឹកដល់លោក Kuroda ឥឡូវគាត់ជាប្រធានធនាគារជប៉ុន កាលពីមុនគាត់ជាប្រធានធនាគារអភិវឌ្ឍន៍អាស៊ី។ ជិះឧទ្ធម្ភាគចក្រជាមួយខ្ញុំទៅស៊ីសុផុន ដើម្បីភ្ជាប់ផ្លូវរទេះភ្លើងឡើងវិញ។ នៅពេលដែលឧទ្ធម្ភាគចក្រហោះចេញផុតពីភ្នំពេញចូលទឹកដីកំពង់ឆ្នាំង ឧទ្ធម្ភាគចក្រនៅកម្ពស់ប្រហែលជា ៤០០ ទៅ ៥០០ ម៉ែត្រ ខ្ញុំចង្អុលទៅខាងក្រោមថា នោះជាសក្តានុពលរបស់កម្ពុជា។ គាត់រាងដូចភ្ញាក់ៗ។ ចង្អុលចុះទៅក្រោមសុទ្ធតែជញ្រ្ជាំងស្រូវ ព្រោះខែប្រាំងដូចជាខ្ទង់ខែ ១ ឬខែ ២ ពេលនោះ… ខ្ញុំពន្យល់គាត់ថា ឥឡូវនេះ ខ្ញុំធ្វើស្រូវតែម្តង ភាគច្រើនធ្វើស្រូវតែម្តង ខ្ញុំហូបគ្រប់គ្រាន់ ហើយនៅសល់ខ្លះ។ នៅពេលដែលខ្ញុំដោះស្រាយទឹករួចហើយ នោះហើយជាសក្តានុពលដែលខ្ញុំនៅសេសសល់។

ដូចជានៅទីនេះ បងប្អូនធ្លាប់ធ្វើម្តងមែនទេ? ធ្វើម្តងខ្វះទឹក ខើចព្រឹក ខើចល្ងាចពិបាក ឥឡូវបងប្អូនធ្វើ ២ ដង រហូតដល់ធ្វើ ៣ ដង នេះហើយជាសក្តានុពលរបស់យើងដែលអ្នកព្រៃកប្បាសអ្នកនៅទីនេះកំពុងប្រើប្រាស់ កំពុងមាន។ ពីមុនគេហៅថាសក្តានុពលមិនទាន់ប្រើ ប៉ុន្តែ អ្នកព្រៃកប្បាសដែលកំពុងអង្គុយនៅជាមួយខ្ញុំនេះ បានបញ្ចេញនូវសក្តានុពលហើយ។ អញ្ចឹងសង្ឃឹមថានៅកន្លែងដទៃទៀត សក្តានុពលត្រូវបានពង្រីកតាមរយៈនៃការដោះស្រាយទឹក។ មុននឹងនិយាយពីស្អី ត្រូវនិយាយពីទឹកមុនគេ។ អញ្ចឹងបានជានៅក្នុងសភា ពេលខ្លះគេមើលឃើញតែខ្ទង់លុយដែលយើងដាក់ឱ្យទៅក្រសួងកសិកម្ម ក្រសួងធនធានទឹកថាតិចពេក តែគាត់អត់បានគិតអំពីប្រព័ន្ធធារាសាស្រ្តដែលយើងធ្វើរាប់រយលានក្នុងមួយឆ្នាំៗ … គាត់គិតតែលុយប្រតិបត្តិការនៃក្រសួងធានធានទឹក ប៉ុន្តែលុយផ្នែកវិនិយោគទៅលើប្រព័ន្ធស្រោចស្រព​មានច្រើនជាងនោះ(គាត់មិនបានគិត) …។

ផ្ទេរពីការអភិវឌ្ឍតាមបែបបើកទូលាយ ទៅជាការអភិវឌ្ឍតាមបែបស៊ីជម្រៅ

រីឯអូស្រ្តាលី បើត្រូវការពង្រីក(ការជួយឧបត្ថម្ភ ក៏សូម)ពង្រីកថែមឱ្យទៅច្រើនខេត្តទៀតទៅ។ សុំផ្តាំផ្ញើទៅ ឯកឧត្តមនាយករដ្ឋមន្រ្តីអូស្រ្តាលីផង ជួយកាន់តែច្រើនកាន់តែល្អ។ អូស្រ្តាលីគាត់មានបច្ចេកទេសរបស់គាត់។ ឥឡូវនេះ យើងមានសក្តានុពលដែលកំពុងបញ្ចេញ និងសក្តានុពលដែលនឹងបន្តបញ្ចេញ ដែលជាការដូរទិសដែលខ្ញុំបានប្រកាសតាំងពីឆ្នាំ ១៩៩៥។ ឆ្នាំ ១៩៩៥ បើយកមកចាក់ឡើងវិញខ្ញុំប្រកាសនៅខេត្ត​ព្រះសីហនុគឺផ្ទេរពីការអភិវឌ្ឍតាមបែបបើកទូលាយ ទៅជាការអភិវឌ្ឍតាមបែបស៊ីជម្រៅ មានន័យថាម៉េច មានន័យថា យើងត្រូវពង្រីកសមត្ថភាពចិញ្ចឹមលើផ្ទៃដីដែលមានស្រាប់ ហើយរឿងនេះ ក្រោយមកខ្ញុំធ្វើជំរុញនៅតំបន់ក្រាំងយ៉ូវ ហើយនឹងតំបន់កុកស។ តំបន់កុកសគឺមិនសូវបានប៉ុន្មានទេ យើងធ្វើបានមួយភាគ ប៉ុន្តែក្រាំងយ៉ូវយើងធ្វើបានច្រើនជាង។

ទម្លាប់ខ្មែរយើងតាំងពីដើមឱ្យតែមាន ៥ នាក់ ត្រូវមានដីមួយហិកតា អញ្ចឹង បើមនុស្សកើនឡើង ១០ នាក់ ត្រូវមានដី ២ ហិកតា កាប់អស់ហើយព្រៃ។ បើធ្វើតែរបៀបហ្នឹងមិនបានទេ។ ពេលដែលកាប់ហើយ បើកាលពីមុននោះទៀតកាប់ចំការធ្វើបាន ៤ ទៅ ៥ ឆ្នាំ បោះបង់ចោលទៅកាប់ដីថ្មី។ អញ្ចឹងដីចាស់នេះ ទៅជាបុស បានគេហៅថា បុសតាកុក បុសតាកុយ បុសនេះ បុសនោះអញ្ចឹងទៅ។ គេហៅថាធ្វើស្រែ ធ្វើចំការពនេចរ។ កាប់ខ្ទេចខ្ទីព្រៃ។ អញ្ចឹង ឥឡូវត្រូវបង្វែរទិស ពីដាំស្រូវមួយហិកតាចិញ្ចឹមបានមនុស្ស ៥ នាក់ ត្រូវធ្វើដីមួយហិកតាចិញ្ចឹមបានមនុស្ស ១០ នាក់ ២០ នាក់ ៣០ នាក់ ឬលើសពីនេះ។ ជាការជាក់ស្តែង ឥឡូវ កាលពីមុនធ្វើមួយរដូវបាន ២ តោនចុះ ឥឡូវយើងធ្វើ ៣ រដូវ យើងបាន ដល់ទៅ ៥ តោន ប៉ុលពត ៣ តោន មហាលោតផ្លោះមហាអស្ចារ្យហើយ។

ក្រសួងរ៉ែ និងថាមពលពិចារណាពីម៉ាស៊ីនកិនស្រូវ ម៉ាស៊ីនបូមទឹក តម្លៃអគ្គីសនី ជាកញ្ចប់

យើងមិនទៅតាម ប៉ុល ពត ទេ ក៏ប៉ុន្តែ យើងត្រូវលើកកម្រិត។ ដើម្បីជំរុញវាទៅតាមទិសដៅនោះ ត្រូវវិនិយោគបន្ថែមទៅលើបញ្ហាទឹក ប្រព័ន្ធធារាសាស្រ្ត ធ្វើឱ្យកាន់តែច្រើន ឱ្យកាន់តែល្អ កាន់តែប្រសើរ ហើយបើធ្វើរបៀបនេះ កសិករយើងបង់ថ្លៃហ៊ានបង់ថ្លៃដើម្បីទាញទឹកយកមកប្រើ។ វាចំណេញជាង។ អម្បាញ់មិញបានសួរគ្នាហើយ សុទ្ធតែថតទូរទស្សន៍ ចំណេញមួយជាពីរ។ ពីមុនចំណាយ ២ ឥឡូវចំណាយតែ ១ ទេ។ ដូច្នេះកុំខ្លាចនឹងបង់។ ប៉ុន្តែ ពេលណាដែលតំលៃបូមទឹកចុះថ្លៃ តំលៃភ្លើងចុះថ្លៃ អាចនឹងសហគមន៍របស់យើងគិតគូរឡើងវិញ ប៉ុន្តែ កុំអាលអី ឥឡូវនោះបន្តបង់ថ្លៃតាមអញ្ចឹងសិនទៅ។ ខ្ញុំឱ្យខាងក្រសួងរ៉ែ និងថាមពលទៅពិចារណាអំពីបញ្ហាហ្នឹងទាក់ទងជារឿង ជាកញ្ចប់តែម្តង។ ឯកឧត្តម ស៊ុយ សែម យកទៅពិចារណា គឺជាកញ្ចប់ដើម្បីបម្រើឱ្យវិស័យកសិកម្ម មានតាំងពីម៉ាស៊ីនកិនស្រូវ មានតាំងពីម៉ាស៊ីនបូមទឹកដាក់ស្រែ មានតាំងពីអគ្គិសនីសម្រាប់បម្រើឱ្យការចិញ្ចឹម។

កូវីដ ១៩ អាចបំផ្លាញក្នុងកម្រិតណាមួយ តែមិនអាចសម្លាប់យើងបានទេ

រឿងទាំងអស់នេះ យើងអាចដោះស្រាយបាន។ ឥឡូវនេះ យើងមិនមែនចង់ឱ្យមានកូវីដ ១៩ ទេ ប៉ុន្តែធ្វើម៉េចបើវាកើតមួយសកលលោក ហើយអកុសលអីថ្ងៃនេះ ថ្ងៃមុនខ្ញុំទៅឯខេត្តព្រៃវែងឆ្លងតែ ១៥ នាក់ទេ យប់មិញនេះ ខ្ញុំទទួលដោយការស្លុតចិត្ត ឆ្លង ២៦ នាក់ ជាចំនួនមួយច្រើនដែលធ្វើឱ្យកម្ពុជាយើងមានអ្នកឆ្លងរហូតទៅដល់ ១៩៧ នាក់ មកដល់ពេលនេះ។ សុទ្ធតែ(ជាករណី)នាំចូលពីក្រៅប្រទេស។ និស្សិតយើងដែលរៀននៅក្រៅប្រទេសត្រូវចូលប្រទេស។ ឆ្លងតែតាមរយៈហ្នឹង។ បើយើងមិនយកពលរដ្ឋយើងត្រឡប់មកប្រទេសទេ តើឱ្យគាត់ទៅនៅឯណា? កាលពីមុន ដោយខ្វះការរៀបចំនៅក្នុងស្រុក យើងមិនដឹងច្បាស់លាស់ យើងស្នើឱ្យបងប្អូនយើងនៅម៉ាឡេស៊ីសិន។ យើងសុខចិត្តបញ្ជូនលុយពីនេះទៅឱ្យស្ថានទូតយើងជួយចិញ្ចឹម។ ក្រោយមកយើងទទួល។ ឥឡូវ មកពី Saudi Arabia គឺក្នុងចំនួនជាង ៩០ នាក់ ឆ្លង ២៤ នាក់។ និស្សិតយើងរៀននៅក្រៅប្រទេសមកពី Russia មកពី Egypt មកពីបារាំង មួយយប់មិញនេះធ្ងន់តែម្តង ដល់ទៅ ២៦ នាក់ ខ្មែរ ២៥ នាក់ និងកូរ៉េ ម្នាក់។ កូវីដ ១៩ អាចបំផ្លាញយើងក្នុងកម្រិតណាមួយ តែមិនអាចសម្លាប់យើងបានទេ។ មូលហេតុអីបានជាខ្ញុំធានាថាមិនអាចសម្លាប់យើងបាន? ធ្វើយ៉ាងម៉េចកុំឱ្យខ្មែរខ្វះអង្ករស៊ី/ច្រកឆ្នាំង។ អញ្ចឹង បានជាវិស័យកសិកម្មឥឡូវនេះ មិនមែនគ្រាន់តែជាសក្តានុពល តែវាក៏ជាឱកាសព្រមគ្នា។ ព្រោះអី? នៅលើពិភពលោកគេអាចកាត់បន្ថយការជិះយន្តហោះ។ យន្តហោះធ្លាប់តែមួយថ្ងៃៗ ៤០០ ឬ ៥០០ ជើងចុះ(នៅ)ស្រុកខ្មែរ ឥឡូវ ក្នុងមួយថ្ងៃចុះប្រហែលជា ៥ ឬ ១០ ជើងប៉ុណ្ណឹងទេ។ យន្តហោះធ្លាប់តែហោះរាប់ម៉ឺនជើងក្នុងមួយថ្ងៃៗ នៅលើពិភពលោក ឥឡូវ យន្តហោះដេកស្ងៀម។ ហោះតិចតួចណាស់។

ត្រូវបង្កើនសមត្ថភាពផលិតនូវអ្វីដែលតំបន់ និងពិភពលោកត្រូវការ

គេអាចផ្អាកធ្វើដំណើរ ដើរលេង គេអាចផ្អាកទិញសម្លៀកបំពាក់ គេអាចផ្អាកទិញឡាន/ម៉ូតូ ក៏ប៉ុន្តែ គេមិនអាចផ្អាកទិញរបស់ច្រកក្រពះបានទេ។ ដូច្នេះ ប្រទេសដែលមានការផលិតស្បៀង គឺជាប្រទេសដែលត្រូវប៉ាន់ គឺឱកាសវាបានមកដល់។ យើងត្រូវប្រែក្លាយវិបត្តិនេះឱ្យទៅជាឱកាសរបស់កម្ពុជា ពង្រីកទីផ្សារនាំចេញនូវប្រភេទស្បៀង​ទាំងឡាយ។ មិនមែនគ្រាន់តែអង្ករទេ យើងនាំចេញទាំងម្ស៉ៅមី/ដំឡូងមី/ស្វាយ/ចេក នាំចេញទាំងអ្វីៗដែលជាប្រភេទស្បៀង។ យើងអាចទុកគោយន្ត យើងអាចទុកឡានចោលបាន សុខចិត្តជិះកង់ បើសិនជាថាវាលំបាក ប៉ុន្តែ រឿងស្បៀងច្រកក្រពះ ត្រូវតែមាន។ អញ្ចឹងទេ បានជាយើងត្រូវបង្កើនសមត្ថភាពផលិតនូវអ្វីដែលប្រជាជនយើងត្រូវការ នូវអ្វីដែលតំបន់ និងពិភពលោកត្រូវការ។ ឥឡូវ អាចថាក្រុមហ៊ុនផលិតរថយន្តលក់មិនដាច់ ប៉ុន្តែអ្នកដែលផលិតអង្ករ/ស្រូវ ផលិតអ្វីដែលជាផលិតផលស្បៀង គឺនៅតែមានឱកាសចូលទីផ្សារ។ ខ្ញុំសុំស្នើឱ្យពិនិត្យមើលនូវបញ្ហាទាំងឡាយ ដែលទាក់ទងជាមួយនឹងផលិតកម្មកសិកម្មរបស់យើង មិនមែនចប់(ត្រឹម)តែថ្ងៃនេះទេ។ ត្រូវខិតខំយ៉ាងម៉េច ដើម្បីស្រាវជ្រាវបន្ត …។

កម្មករកម្ពុជា មិនទាន់ផ្តាច់ខ្លួនចេញពីភាពជាកសិករ

កុំភ្លេចថា ប្រទេសយើងជាប្រទេសកសិកម្ម ហើយកម្មករ ដែលបាត់បង់ការងារធ្វើដោយសារបិទរោងចក្រ ឬបិទសណ្ឋាគារ នៅកម្ពុជាយើងកម្មករមិនទាន់ផ្តាច់ខ្លួនចេញពីកសិករនៅឡើយទេ។ ប្រទេសឧស្សាហកម្ម ជីដូន/តាគេ ឪពុកម្តាយគេ គឺសុទ្ធតែជាកម្មករ ដល់មកដល់គេក៏នៅបន្តជាកម្មករ ដូច្នេះ បើគេបាត់បង់ការងារហើយ គឺបាត់ហើយ។ ឯយើងធ្លាប់បាត់បង់ការងារ(កាលពីឆ្នាំ) ២០០៨, ២០០៩ ក្នុងពេលវិបត្តិ សេដ្ឋកិច្ចហិរញ្ញវត្ថុពិភពលោក។ យើងធ្លាប់មានបាត់កម្មករជិត ៤ ម៉ឺននាក់ ពេលនោះ កម្មកររបស់យើងបានវិលត្រឡប់ទៅចូលរួមជាមួយនិងឪពុកម្តាយ ដើម្បីធ្វើកសិកម្មឡើងវិញ។ ឥឡូវក៏ដូចគ្នាដែរ។ កម្មករយើង មកពីប្រទេសថៃប្រមាណ ១០ ម៉ឺននាក់ បានវិលត្រឡប់មកចូលរួមពលកម្មក្នុងវិស័យកសិកម្ម។ កម្មករបាត់បង់ការងារធ្វើ ក៏បានមកស្រុកកំណើត ជាមួយនឹងការឧបត្ថម្ភប្រាក់ខ្លះៗ (ចំនួន) ៤០ ដុល្លារ(អាមេរិក) ពីរាជរដ្ឋាភិបាល មកចូលរួមធ្វើជាមួយនឹងឪពុកម្តាយ ដែលជាកសិករនៅឡើយ។ អញ្ចឹង កម្លាំងបំពេញបន្ថែមឱ្យវិស័យកសិកម្ម ដែលបាត់បង់ពីវិស័យសេវា និងឧស្សាហកម្ម និងចំណាកស្រុក ចូលត្រឡប់មកវិញ យើងមានការងារធ្វើក្នុងវិស័យកសិកម្ម។

បើកូវីដមិនទាន់ថមថយ ត្រូវបន្តកម្មវិធីជំនួយសង្គម តែមិនមែនរដ្ឋចិញ្ចឹមរហូត ឬចិញ្ចឹមទាំងស្រុងទេ

នៅលើលោកនេះ គ្មានអ្នកណាមិនធ្វើការចាំដេកស៊ី ហើយរដ្ឋចិញ្ចឹមរហូតនោះទេ។ ពិតមែនហើយនៅក្នុង ដំណាក់កាល កូវីដ ១៩ ម្សិលមិញរដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានប្រកាស ក្នុងខែ កក្កដា នេះ យើងកើនពី ៥៦ ម៉ឺនគ្រួសារជាង ដែលចំណាយ ២៤ លាន(ដុល្លារអាមេរិក) ទៅដល់ ៦១ (ម៉ឺនគ្រួសារ) នឹងត្រូវចំណាយ ២៨ លានដុល្លារ(អាមេរិក) ព្រោះយើងស្វែងរកឃើញគ្រួសារក្រីក្រថ្មីៗប្រមាណជា ៥ ម៉ឺនគ្រួសារបន្ថែមទៀត ហើយយើងនឹងបន្តរុករក។ បើ កូវីដ មិនទាន់ថមថយទេ យើងត្រូវនៅបន្តកម្មវិធីជំនួយសង្គម ប៉ុន្តែ មិនមែនបានសេចក្តីថា រដ្ឋចិញ្ចឹមរហូតទេ ហើយនេះមិនមែនរដ្ឋចិញ្ចឹមទាំងស្រុងដែរ គឺជាការប៉ះប៉ូវ។ ដូចជាគ្រួសារមួយ ទាំងនៅជនបទ ទាំងនៅទីក្រុង ឬនៅត្រង់ណា ១២ ម៉ឺនរៀល/គ្រួសារ។ បើមានមនុស្ស ៥ នាក់ គិតម្នាក់ប៉ុន្មានម៉ឺនៗតទៅទៀត ហើយបើមានក្មេងអាយុក្រោម ៥ ឆ្នាំ ត្រូវគិតទៀត។ មានមនុស្សចាស់អាយុលើស ៦០ (ឆ្នាំ) ត្រូវគិតទៀត។ ដូច្នេះ គ្រួសារខ្លះអាចបានជាង ១០០ ដុល្លារ(អាមេរិក)។ ខ្លះក៏បាន តិចជាង ខ្លះក៏បានច្រើនជាង ទៅតាមកូនច្រើន/តិច តែរាជរដ្ឋាភិបាលនៅតែមានការទទួលខុសត្រូវ។

សន្តិភាព ផ្តល់ឱកាសគ្រប់បែបយ៉ាងឱ្យប្រទេស

ខ្ញុំសូមយកឱកាសនេះអំពាវនាវ (ចាប់ពី)ថ្ងៃទី ១៦-២១ គឺចូលឆ្នាំ តែចូលឆ្នាំលើកនេះ មិនបាច់ទទួលទេវតាទេ ព្រោះទេវតាយើងបានទទួលតាមផ្ទះកាលពីចូលឆ្នាំខ្មែរ ខែ មេសា រួចហើយ។ អញ្ចឹង យើងគ្រាន់តែយកពេលនោះ ដើម្បីនឹងសម្រាកកម្សាន្ត ជាពិសេស មន្ត្រីរាជការ។ ចំពោះកសិករ គាត់គ្មានសៅរ៍-អាទិត្យសម្រាកទេ ក៏ប៉ុន្តែ ក៏នឹកឃើញថា គេទៅលេងតំបន់ទេសចរណ៍ ក៏ទៅនឹងគេ ក៏មានដែរ។ កសិករលេងសុទ្ធតែចំណេញលុយមិនចេះតិច (សម្តេចសួរនាំកសិករពីជីវភាពគ្រួសារ)។ ស្ថានភាពនេះ តើពីសម័យ  អាពត វាមានទេ? ក្រោយ អាពត វាមានទេ? វាអត់ដែលមាន។ ប៉ុន្តែ ដល់ប្រទេសយើងមានសន្តិភាព យើងមានឱកាសធ្វើបែបហ្នឹង។ ស្រែក៏យើងមានទឹក។ យើងមានឱកាសទៅរុករានកន្លែងដែល(ពីមុនមកមិនអាចចូលទៅបាន)។ ឥឡូវ យើងកំពុងតែដោះមីន។ អរគុណ! ចំពោះអូស្ត្រាលីដែរ ក៏បានផ្តល់ជំនួយទៅលើការដោះមីន។ ដោះមីនដើម្បីអី? ដោះមីនដើម្បីយកធ្វើជាស្រែ/ចម្ការ។ យើងរួមគ្នាប្រឹងមួយដង្ហើម គេហៅថា មួយដង្ហើមវែង មិនមែនដង្ហើមចង្រិតទេ។

៣០ ឆ្នាំទៀត ការអភិវឌ្ឍតាមបែបស៊ីជម្រៅនៅព្រៃកប្បាស អាចមាន ៥០% នៅទូទាំងប្រទេស

ខ្ញុំគិតថា (ឆ្នាំ) ២០៥០ កសិកម្មតាមបែបព្រៃកប្បាសនេះ អាចនឹងមានប្រមាណជា ៥០% ឬក៏ជិត ៥០% ឥឡូវ បើគិត(ឆ្នាំ) ២០៥០ យើងនៅសល់ ៣០ ឆ្នាំទៀត។ អញ្ចឹង បើសិនជាយើងជម្រុញការវិនិយោគបែប នេះ បានសេចក្តីថា ឱ្យមានទឹកគ្រប់រដូវកាល ឥឡូវ វាជាង ៦០% ប៉ុន្តែ ៦០% ហ្នឹងវាមិនទាន់គ្របដណ្តប់ទាំងប្រាំង/វស្សាទេ។ អញ្ចឹង បើយើងពង្រីកត្រឹមតែ ៥០% នៃផ្ទៃដីដាំដុះ ក្នុងចំណោមផ្ទៃដីធ្វើស្រូវប្រមាណជាង ៤ លានហិកតា ទាំងប្រាំង/វស្សា បើយើងធ្វើបានរបៀបនេះ ត្រឹមតែ ២ លានហិកតា បានសេចក្តីថា កម្ពុជាទៅជាប្រទេសដែលសម្បូរស្រូវ។ មានសមត្ថភាពចិញ្ចឹមប្រជាជនខ្លួនឯងហើយ មានសមត្ថភាពអាចនាំចេញ។ អញ្ចឹងទេ គោលដៅផ្ទេរពីការពង្រីកបើកទូលាយ ទៅកាន់ការអភិវឌ្ឍតាមបែបស៊ីជម្រៅ នៅតែជាគោលដៅសំខាន់ ហើយត្រូវចាប់ផ្តើមពីការដោះស្រាយទឹក។ បន្ទាប់ពីនោះ កសិកររបស់យើងបានទទួលបណ្តើរៗហើយនូវការបណ្តុះបណ្តាល អំពីការប្រើប្រាស់ពូជ អំពីរបៀបធ្វើដី អំពីរបៀបប្រើប្រាស់គ្រឿងយន្ត។

បញ្ជាទិញឧបករណ៍ព្រោះស្រូវ ធុនធំ ១០០០ គ្រឿង ធុនតូច ១០០០ គ្រឿង

ខ្ញុំសូមប្រកាស ព្រឹកមិញខ្ញុំបានបញ្ជាទិញម៉ាស៊ីនព្រោះស្រូវ ១០០០ គ្រឿង អាធុនធំ និង ១០០០ គ្រឿង អាធុនតូច។ អាធុនតូច ពេលណាដែលរួច, អ្នកដែលធ្វើស្រូវនៅក្នុងតំបន់នេះប៉ុន្មាន? ឥឡូវខ្ញុំដោះស្រាយ(ម៉ាស៊ីនព្រោះស្រូវ) យកមកចែកជូន ១៣៥ គ្រួសារនោះសិន។ យកមកអាធុនតូចសិន យកមកដាក់ក្រោមចង្កេះរបស់យើង យកស្ពាយដើរទៅនាំតែហត់។ ធុនធំ ខ្ញុំទិញ(ម៉ាស៊ីនព្រោះស្រូវ) ១០០០ គ្រឿង និងធុនតូច ១០០០ គ្រឿង ហើយប្រគល់ឱ្យខាងកសិកម្ម ខ្ញុំអ្នកចេញលុយ។ សេង ទៀង ត្រឡប់ទៅវិញ ទៅកក់ ៥០% … អ្នកស្រាវជ្រាវខ្លះ អត់ទាន់ដឹងថា កម្ពុជាដើរដល់ណា? គាត់ចង់មកធ្វើការស្រាវជ្រាវរួចស្រេចទៅហើយ។ មុននឹងធ្វើការស្រាវជ្រាវ ដូចវេជ្ជបណ្ឌិតអញ្ចឹង ត្រូវស្រាវជ្រាវពីប្រវត្តិជំងឺថា មុនអ្នកឯងឈឺអាហ្នឹង អ្នកឯងធ្លាប់ឈឺអីខ្លះ ទើបឱ្យថ្នាំវាត្រូវ … យើងបានបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកទេស និងនវានុវត្តន៍, ក្រសួងនេះប្រមូលផ្ដុំធ្វើការស្រាវជ្រាវ ហើយបែងចែកទៅតាមផ្នែករបស់វា។ ដូចជាឥឡូវ គាត់ផលិតនៅចាក់អង្រែ។ គាត់ថា ជួយគាំទ្រ។ ឥឡូវខ្ញុំជួយគាំទ្រ ធ្វើជាអតិថិជន ខ្ញុំទិញ(ម៉ាស៊ីនព្រោះស្រូវ) ២០០០ គ្រឿងធុនធំ និងធុនតូច ១០០០ គ្រឿង។ ផលិតទៅ។

ប្រើប្រាស់ម៉ាស៊ីនព្រោះស្រូវ បង្កើតការងារដល់អ្នកអត់មានដីស្រែ ឬគ្មានមុខរបរ

រួចហើយ វេង សាខុន ដើរទៅ កន្លែងណាដែលត្រូវបំពាក់(ម៉ាស៊ីនព្រោះស្រូវ)អាធុនធំ។ យើងរកកសិករណាមួយឱ្យគាត់កាន់កាប់ឧបករណ៍ហ្នឹង ឱ្យគាត់ដើរស៊ីឈ្នួលគេ។ ឧបករណ៍ហ្នឹងមិនមែនមួយគ្រួសារប្រើអស់ទេ។ មាន ១១១៩ សហគមន៍ ប៉ុន្តែត្រូវជ្រើសរើសអ្នកណាដែលខ្វះដី កុំយកអ្នកដែលមានដី។ ខ្ញុំប្រើរបៀបចាត់ចែង ដើម្បីបង្កើតការងារឱ្យកសិករ ម្ចាស់ដី បើថា ភូមិធំ យើងអាចបំពាក់(ម៉ាស៊ីនព្រោះស្រូវ)ឱ្យ ២ គ្រឿង ឱ្យចំពោះកសិករដែលអត់មានដី គាត់យកអាហ្នឹងទៅស៊ីឈ្នួលគេ គាត់នឹងក្លាយទៅជាអ្នកមានមុខរបរ។ អញ្ចឹងទេ យើងអាច ក្នុង ១០០០ (ម៉ាស៊ីនព្រោះស្រូវ)ធុនធំនេះ ដោះស្រាយការងារឱ្យ ១០០០ នាក់ ដែលខ្វះដីធ្លី ខ្លះមុខរបរ ឱ្យគាត់កាន់កាប់ ថែទាំ ហើយស៊ីឈ្នួលព្រោះយកលុយ។ ឯចំពោះ(ម៉ាស៊ីនព្រោះស្រូវ) ដែលខ្ញុំឱ្យៗ ទទេ មិនបាច់សងខ្ញុំទេ ឱ្យតែប្រឹងធ្វើឱ្យល្អទៅបានហើយ។

ពាក់ម៉ាស

ថ្ងៃប៉ុណ្ណេះ ខ្ញុំល្អណាស់ បើបានក្ដៅជាងហ្នឹងបន្ដិចទៀតក៏ល្អដែរ។ កសិករ ខ្ញុំមិនព្រួយទេ។ មន្រ្តីខាងក្រោយក្រែងវិលមុខ ប៉ុន្តែសម្រាប់ខ្ញុំ ក្ដៅប៉ុណ្ណា ក៏អត់អីដែរ។ ពាក់មួកទៅ និយាយទៅដូចអួលៗម៉េច។ ដោះមួកចេញ។ មិនមែនដោះមួក ដើម្បីបង្ហាញម៉ូដសក់ទេ ប៉ុន្តែដាក់មួកពីលើទៅ វាដូចជាគ្មានទំលាប់ ព្រោះយើងធ្លាប់តែនិយាយទៅកាន់គេ អត់ដែលពាក់មួកទេ។ ពាក់មួកតែពេលវាយកូនគោលទេ …។

ខ្ញុំអំពាវនាវប្រជាពលរដ្ឋរបស់យើង៖

ទី ១ សូមខិតខំប្រើម៉ាស ដើម្បីការពារការឆ្លង។ ប្រើម៉ាសនៅពេលចាំបាច់ ខ្ញុំមិនមែនថាឱ្យប្រើម៉ាសគ្រប់ពេលទេ។

ទី ២ ដើម្បីសន្សំសំចៃលុយ ប្រើប្រាស់ម៉ាសក្រមាដែលផលិតក្នុងស្រុក។ ម៉ាសក្រមានេះ មួយអាចប្រើបានមួយខែ ឬលើសពីហ្នឹង។ បើយើងប្រើហើយ យើងបោក។ ម៉ាសប្រើបានតែ ៣ ម៉ោងទេ ត្រូវបោះចោល។ ឥឡូវ រោងចក្ររបស់យើង សិប្បកម្មរបស់យើង ក្នុងហ្នឹងមានសិប្បកម្មមួយ ដែលខ្ញុំទិញយកមកប្រើ គឺគេដាក់ថា ម៉ាសក្រមា ម៉ាសខ្មែរ ហើយ Logo រាជសែន។​ សូមអំពាវនាវឱ្យពាក់ម៉ាស ហើយដើម្បីសន្សំសំចៃ គប្បីប្រើម៉ាសក្រមា។

អំណោយ

ថ្ងៃនេះ ខ្ញុំបាននាំមកចែកជូន ១០០ គ្រួសារ ក្នុងហ្នឹងមានម៉ាសក្រមា។ ខ្ញុំបាននាំមកសម្រាប់ការធ្វើគំរូជូនមួយគ្រួសារ ២០ ម៉ាស។ ជែលលាងដៃ ៥ ដប។ ទឹកអាល់កុល ២ ដប។ សាប៊ូ ២ ប្រអប់ មាន ១៦ ដុំ សម្រាប់លាងដៃ។ ក្រមាមួយ។ មុងមួយ។ ខ្នើយមួយ។ ភួយមួយ។ កន្ទេលមួយ និងថវិកា ១០ ម៉ឺនរៀល​។

ខាងក្រសួងកសិកម្ម ក៏បាននាំមកនូវពូជស្រូវផ្ដារំដួល ហើយនិងពូជបន្លែមានត្រកួន សណ្ដែកកួរ មានស្ពៃចង្កឹះ មានត្រប់វែង។ សម្រាប់អ្នកបើកបរគ្រឿងយន្ត​ ២៦ នាក់ ក្នុងម្នាក់ ២០ ម៉ឺនរៀល។ គ្រូពេទ្យប្រចាំការ ៣០ នាក់​ ក្នុងម្នាក់ ២០ ម៉ឺនរៀល។ មណ្ឌលសុខភាព ២ លានរៀល។ ហើយជូនសាលាស្រុកព្រៃកប្បាស ២ លានរៀល។

កុំឱ្យប្រជាជនស្លាប់ដោយសារ កូវីដ ១៩, ស្លាប់ដោយអត់បាយ ដោយមិនបានដឹង មិនបានដោះស្រាយ

ខ្ញុំបន្តការអំពាវនាវសម្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ប្រុងប្រយ័ត្នជាមួយនឹង កូវីដ ១៩។ ឥឡូវហ្នឹង ពាក់ម៉ាសកាន់តែតិចទៅៗហើយ មានការធ្វេសប្រហែសបន្ដិច។ នៅពេល(ថ្ងៃឈប់សង)ចូលឆ្នាំនេះ ច្បាស់ណាស់ គឺថា ប្រជាពលរដ្ឋនឹងធ្វើដំណើរដើរលេង។ ក៏ប៉ុន្តែបើជៀសវាងការប្រមូលផ្ដុំបានទ្រង់ទ្រាយធំ គឺជាការល្អ ដើម្បីជៀសវាងការរីករាលដាលនៃជំងឺ កូវីដ ១៩។ សូម្បីតែអូស្ដ្រាលី កន្លែងខ្លះចង់បិទឡើងវិញហើយ បើកហើយបិទវិញ។ ឯយើងនៅទីនេះ កុំយល់ច្រឡំ ចេះតែនាំគ្នាឃោសនាថាក្ដៅអញ្ចឹង កូវីដ​១៩ វាងាប់។ មិនមែនអញ្ចឹងទេ កុំយល់ច្រឡំ។ ជនបទខ្មែរមិនមាន កូវីដ ១៩ ទេ។ ការពិត កូវីដ ១៩ នៅក្នុងប្រទេសកម្ពុជា ដែលឡើងដល់​ ១៩៧ ករណីនៅថ្ងៃនេះ មានតែមួយករណីឆ្លងពីប្ដី​ដែលធ្វើពិធីសាស​នានៅម៉ាឡេស៊ី មកវិញឆ្លងដល់ប្រពន្ធ។ ប៉ុន្តែក៏ជាករណីនាំចូលមកចម្លងដែរ ក្រៅពីនោះជាករណីនាំចូលទាំងអស់ អត់មានប្រជាជនយើងកើតដោយឯងៗក្នុងស្រុកទេ។ ទោះបីយ៉ាងដូច្នេះក្ដី ត្រូវតែប្រុងប្រយ័ត្ន ដំណាក់កាលនេះមិនទាន់ផុតរលត់ទេ។

ប្រទេសខ្លះកំពុងតែចាប់ផ្ដើមបើកបិទៗ យើងបើកតាមដំណាក់ៗ ឥឡូវបានបើកបណ្ដើរៗ ឱ្យសាលារៀនខ្លះបើក រាប់ទាំងសាលាបរទេស ដែលកូនចៅរបស់គេមិនអាចមានសាលារៀន ជាអ្នកវិនិយោគ អ្នកការទូត ត្រូវតែឱ្យកូនចៅគេអាចរៀនសូត្របាន ថ្នាក់ឧត្តមសិក្សា ថ្នាក់នេះថ្នាក់នោះ ដែលអាចនឹងធ្វើការប្រឡងបាន។ យើងសុខចិត្តទ្រាំបន្ដិច ក៏ប៉ុន្តែយើងមានសុវត្ថិភាព។ យើងធ្វើម៉េចកុំឱ្យប្រជាជនណាម្នាក់ស្លាប់ដោយសារ កូវីដ ១៩ ហើយក៏មិនត្រូវទុកឱ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយ ដោយយើងមិនបានដឹង មិនបានដោះស្រាយ។

គ្រប់ខេត្តក្រុង ត្រូវពិនិត្យ និងស្រាវជ្រាវរកអ្នកក្រពិត ដើម្បីទទួលបានប្រាក់ឧបត្ថម្ភសង្គម

អភិបាលស្រុកព្រៃកប្បាសត្រូវតែមើលឱ្យបានច្បាស់។ ចៅហ្វាយខេត្តទាំងអស់ ថ្ងៃនេះគ្រប់ចៅហ្វាយខេត្តទាំងអស់មើលឱ្យអស់ ក្រែងលោអ្នកក្រពិតប្រាកដ គាត់មិនបានប័ណ្ណក្រីក្រ ទៅបានអ្នកមិនមែនអ្នកក្រ។ អាហ្នឹងហើយដែលគេហៅថា អយុត្តិធម៌នោះ។ អញ្ចឹងត្រូវមើលឱ្យអស់ត្រង់កន្លែងហ្នឹង។ ថ្ងៃនេះ ឱ្យតែបានបែកញើសប៉ុណ្ណឹង អាចទៅវិញស្រកកន្លះគីឡូ ព្រោះខ្ញុំត្រូវការបែកញើស។ បើមិនបែកញើសទេ គីឡូចេះតែឡើង។ មិនមែនយករាងដើម្បីបង្ហាញម៉ូដអីទេ … មិនមែនចង់សង្ហាទេ ក៏ប៉ុន្តែទំងន់ខ្វះក៏មិនល្អ លើសក៏មិនល្អ​។ អរគុណសាជាថ្មីម្ដងទៀត ចំពោះឯកឧត្តមអគ្គរដ្ឋទូត ដែលថ្ងៃនេះមកចូលរួមជាមួយនឹងសហការីរបស់ឯកឧត្តម ហើយតាមរយៈឯកឧត្តម ផ្ដាំផ្ញើថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលជានិច្ចកាលជួយដល់យើងនៅក្នុងវិស័យកសិកម្មនេះ ហើយសង្ឃឹងថា នឹងបន្តជួយថែមទៀត។

អរគុណចំពោះសម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីដែលបានចូលរួម។ អរគុណចំពោះប្រជាពលរដ្ឋទាំងអស់។ យើងអត់មានការ ការដែលយើងអាចទៅកៀកគ្នាបាន ដោយគេត្រូវមានគម្លាតសុវត្ថិភាព។ ឥឡូវយើងអត់ទុកចិត្តគ្នា មិនដឹងថា អ្នកឯងកើត ឬខ្ញុំជាអ្នកកើត អញ្ចឹងអត់ទុកចិត្តគ្នា ប្រើប្រាស់ការមិនទុកចិត្តគ្នាហ្នឹងហើយ ដើម្បីការពារខ្លួន។

ហើយចុងបញ្ចប់ ជូនពរ មានជោគជ័យ សិរីសួរស្ដី​ជ័យមង្គល រកស៊ីមានបាន ជួបប្រទះតែនឹងពុទ្ធពរ និងពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ