អរគុណឯកឧត្ដម វ៉េង សាខុន ដែលបានធ្វើរបាយការណ៍។ មុននឹងខ្ញុំនិយាយ គឺខ្ញុំចង់អញ្ជើញអ្នកដែលចិញ្ចឹមត្រីមួយរូប និងអ្នកដែលចិញ្ចឹមកង្កែបមួយរូប។ ឱ្យមកខាងលើបន្តិច តើមានទេ? ឥឡូវ សុំថា អ្នកណាដែលបានវោហាបន្តិច។ មិនវោហាក៏បានដែរ ឱ្យតែបានមកឆ្លងឆ្លើយគ្នា … សំណួររបស់ខ្ញុំគឺចាប់ផ្ដើមពីថា តើអី្វទៅជាចំណុចងាយស្រួល អ្វីទៅជាចំណុចលំបាក ហើយតើមានសំណូមពរអ្វី? ឥឡូវសូមឱ្យអ្នកចិញ្ចឹមត្រីនិយាយមុន។
អ្នកចិញ្ចឹមត្រី៖ ចំណុចងាយស្រួល នៃការចិញ្ចឹមត្រី គឺទីមួយ មានជំនាញបច្ចេកទេស ជួយដល់កសិករ ដែលកាលពីមុនធ្លាប់តែចិញ្ចឹមតាមរបៀបធម្មជាតិ។ ឥឡូវនេះ មានខាងមន្រ្តីរបស់មន្ទីរកសិកម្ម ក៏ដូចជាខាងរដ្ឋបាលព្រៃវែងហ្នឹងចុះមកជួយដល់កសិករ។ ឥឡូវ ចិញ្ចឹមតាមបែបពាណិជ្ជកម្មវិញ គឺថាមានការប្រើប្រាស់ថ្នាំ មានការឱ្យចំណីតាមលក្ខណៈបច្ចេកទេស ធ្វើឱ្យមានការរីកចម្រើន។ ចង់និយាយថា កាលពីមុនចិញ្ចឹមបែបលក្ខណៈគ្រួសារ តែឥឡូវជាលក្ខណៈពាណិជ្ជកម្មវិញ។
ចុះចំណុចលំបាកនោះវាស្អី?
អ្នកចិញ្ចឹមត្រី៖ ចំណុចដែលលំបាកនោះ ត្រង់ថា ទីមួយទីផ្សាររាងចង្អៀតបន្តិច។ បានហើយ តែលំបាកលក់។ ដូចថាដល់ថ្ងៃលក់ហើយ ត្រូវរង់ចាំ ២ ទៅ ៣ ខែ ទើបឈ្មួញមកចាប់ ហើយតម្លៃក៏រាងធ្លាក់ចុះបន្តិច។ អញ្ចឹងធ្វើឱ្យលំបាកនៃការចំណេញ។
យើងយកទៅលក់ៗនៅឯណា?
អ្នកចិញ្ចឹមត្រី៖ ហៅឈ្មួញមកចាប់នៅនឹងស្រះតែម្ដង ហើយឈ្មួញយកទៅតាមខេត្ត ដូចជានៅកំពង់ចាម ឬទីក្រុងភ្នំពេញ។
រួចចុះ បើសិនជាឧបមាថា នៅតំបន់យើងហ្នឹង យើងបង្កើតជាគេហៅថា សហគមន៍មួយ គេហៅថា ក្រុមអាជីវកម្មមួយ ដែលយើងអាចរួមគ្នាដើម្បីទៅជាកម្លាំងតថ្លៃជាមួយក្រុមឈ្មួញ តើវាអាចទេ? ឥឡូវឧបមាថា យើងមាន ១០០ គ្រួសារ ហើយយើងបង្កើតទៅជាសហគមន៍មួយ … ទទួលផលដោយឡែកពីគ្នាទេ ប៉ុន្តែ យើងមានកម្លាំងតថ្លៃមួយជាមួយនឹងឈ្មួញ ហើយដែលយើងអាចមានលទ្ធភាពនាំចូលទៅកាន់ទីផ្សារខ្លួនឯង តើវាអាចជាលទ្ធភាពទេ?
អ្នកចិញ្ចឹមត្រី៖ ត្រង់នេះ បើសិនជាសម្ដេចចង្អុលបង្ហាញ ប្រហែលជាអាចលទ្ធភាព (ហើយក៏)ជាការចង់បានរបស់កសិករគ្រប់រូប។
ស្នើឱ្យអាជ្ញាធរ និងផ្នែកកសិកម្ម សហការគ្នា បង្កើតសហគមន៍ចិញ្ចឹមត្រី សម្រាប់តទល់នឹងឈ្មួញ
ឥឡូវហ្នឹង ឈ្មួញបានមកតថ្លៃត្រីតាមបែ តាមគ្រួសាររៀងៗខ្លួន។ ជួនកាលគេថា គ្រួសារនេះលក់ថោក នោះលក់ថ្លៃ។ អញ្ចឹងទេ កម្លាំងតថ្លៃរបស់យើងជាមួយឈ្មួញ មិនគ្រប់គ្រាន់ទេ។ បើសិនជាយើងបង្កើត ការពិតភាសា «សហករណ៍» មិនមែនជាជាភាសាអាក្រក់ទេ ភាសានេះសូម្បីតែនៅជប៉ុន កូរ៉េ ក៏គេប្រើភាសាសហករណ៍។ តែដោយសារតែ សហករណ៍ ហ្នឹងវាខូចឈ្មោះពី អា ពត ទេ។ ប៉ុន្តែ ឥឡូវយើងថាកុំបង្កើតជាសហករណ៍ យើងបង្កើតជាសហគមន៍ ក្រុមអ្នកចិញ្ចឹមត្រីតែម្ដង នៅតំបន់របស់យើងហ្នឹង រួចហើយបានសេចក្ដីថា គាត់(ឈ្មួញ)មិនអាចទៅបង្អាប់ថ្លៃអ្នកនេះ ហើយទៅបង្កើនថ្លៃឱ្យអ្នកនោះទេ។ យើងបង្កើតជាគេហៅថា កម្លាំងតថ្លៃមួយ ដើម្បីនឹងតទល់ជាមួយឈ្មួញ និងសម្រុកចូលទីផ្សារ។ ហ្នឹងគឺជាចំណុចដែលខ្ញុំស្នើឱ្យអាជ្ញាធរខេត្ត/ស្រុក ហើយនិងផ្នែកកសិកម្ម គិតគូរអំពីបញ្ហាហ្នឹង … អញ្ចឹងចំណុចលំបាកនៅត្រង់ថា ទីផ្សារចង្អៀត ហើយចំណុះទៅលើឈ្មួញទៀត ឈ្មួញចង់មកចាប់ ក៏ចាប់ មិនចង់មកចាប់ យើងត្រូវចាំ អញ្ចឹងឬ? ស្អីទៅជាការលំបាកទៀត?
អ្នកចិញ្ចឹមត្រី៖ លំបាកមួយទៀត គឺខ្វះទុន។
ទុនហ្នឹងគឺអញ្ចេះ ឥឡូវ ប្អូនឯងជាអ្នកចិញ្ចឹមត្រីអី? អណ្ដែង ឬអី?
អ្នកចិញ្ចឹមត្រី៖ ត្រីប្រា និងត្រីឆ្ពិន។
ចិញ្ចឹមយូរ ឬនៅ?
អ្នកចិញ្ចឹមត្រី៖ តាំងពី ២០១៥ មក។
ហើយទុនហ្នឹង បានសេចក្ដីថា ពេលដែលខ្វះទុនហ្នឹង ពីមុន បានមកពីណាយកមកដាក់?
អ្នកចិញ្ចឹមត្រី៖ កាលពីមុន ប្រើទុនដែលមានខ្លួនឯងខ្លះ និងខ្ចីពីធនាគារខ្លះ។ គ្រាន់តែថា ខ្ចីពីធនាគារពិបាកអញ្ចេះ ធនាគារគេមានកាលកំណត់។ ដល់យើងយកមកប្រើ តែ ៨ ឬ ៩ ឬ ១០ ខែ ត្រូវសងធនាគារវិញ ដល់អញ្ចឹងត្រូវខាតបង់។ ធនាគារគេមានពិន័យបង់មុនអីអញ្ចឹង ពិបាកអញ្ចឹងទេ។ មួយទៀតនោះ ដើម្បីឱ្យរត់ទាន់សភាពការណ៍ ទាល់តែចងការឯកជន តែការប្រាក់ថ្លៃ ពិបាកអញ្ចឹង។
ចិញ្ចឹមត្រីប៉ុន្មានឆ្នាំហើយនៅតែជំពាក់គេ។ អញ្ចឹងបានសេចក្ដីថា អត់មានផលចំណេញអីទាំងអស់?
អ្នកចិញ្ចឹមត្រី៖ ចំណេញដែរ គ្រាន់តែចំណេញមិនច្រើនទេ បានពី ១០% ទៅ ១៥% ឆ្នាំខ្លះ។ ដូចជាឆ្នាំទៅ ទីផ្សារខ្ពស់អាចចំណេញដល់ទៅ ២០% ប៉ុន្តែ ផលចំណេញនេះមិនមែនសម្រាប់ផ្គត់ផ្គង់ទៅលើត្រីវិញទេ គឺថាចង់ពង្រីក។
អូ! យើងចង់ពង្រីក តែខ្វះទុន?
អ្នកចិញ្ចឹមត្រី៖ បាទៗ!
ប៉ុន្តែ អាស្អីយើងមានរួចហើយ យើងអត់ជំពាក់គេទៀតទេ?
អ្នកចិញ្ចឹមត្រី៖ បាទៗ!
ប៉ុន្តែ ឥឡូវ ខ្ញុំសួរអញ្ចេះ និយាយជាទំហំទឹកលុយវិញ ក្នុងមួយឆ្នាំ តើយើងចំណូលបានប៉ុន្មាន? ចំណាយទុនប៉ុន្មាន?
អ្នកចិញ្ចឹមត្រី៖ ចំពោះខ្ញុំផ្ទាល់ ខ្ញុំចិញ្ចឹម ២ ស្រះ សរុបផ្ទៃដីមាន ៨០ អា ហើយខ្ញុំចំណាយទុនទៅលើការចិញ្ចឹមហ្នឹងអស់ ២៨០ លាន(រៀល)។
មួយស្រះប៉ុណ្ណឹង ចំណាយអស់ ២៨០ លាន ចុះលក់ទៅវិញបានប៉ុន្មាន?
អ្នកចិញ្ចឹមត្រី៖ លក់ទៅវិញបាន ៣០៤ ទៅ ៣០៥ លាន ឬឆ្នាំណាបានថ្លៃអញ្ចឹង ៣១០ លាន(រៀល) អញ្ចឹងទៅ។
អញ្ចឹង មួយស្រះប៉ុណ្ណឹងប្រើទុនដល់ទៅ ២៨០ លាន(រៀល) ហើយលក់ត្រឡប់មកវិញបានជាង ៣០០ លាន(រៀល) ចំណេញបានជាង ២០ លាន(រៀល)ដែរ។ រួចចុះចំណីយកមកពីណា?
អ្នកចិញ្ចឹមត្រី៖ ចំណីនេះយកមកពីខាងក្រុមហ៊ុន ដូចជា ក្រុមហ៊ុនអប្សរា ក្រុមហ៊ុន លីហុងឆយ ហើយខ្វះខាតគ្មានលុយទៅរកក្រុមហ៊ុន ទៅដាក់ឯកជន មិនដឹងគេនាំពីណាមកទេ។ ប៉ុន្តែ ឃើញមានដាក់ផ្លាក Green Feed មកពីខាងត្បូងឃ្មុំ។
ប៉ុន្តែ ផលិតក្នុងស្រុក ឬនាំពីក្រៅស្រុក?
អ្នកចិញ្ចឹមត្រី៖ ក្នុងស្រុកខ្លះ ក្រៅស្រុកខ្លះ នាំពីវៀតណាមមកតាមសួរទៅ។
ប៉ុន្តែ នៅក្នុងស្រុកមានផលិតចំណីសត្វដែរ?
អ្នកចិញ្ចឹមត្រី៖ មានៗ។
ក្រៅពីនោះ នាំពីវៀតណាមមក?
អ្នកចិញ្ចឹមត្រី៖ បាទ។
ចិញ្ចឹមត្រី ចំណេញជាងធ្វើស្រូវ
ឥឡូវយើងពិនិត្យមើល ដីយើង ៨០ អា បើយើងធ្វើស្រូវអាចបានប្រហែលជាង ៣ តោន យើងគិតអញ្ចឹងទៅចុះ។ ៣ តោន បើ ១ តោន យើងគិតថា ៨០ ម៉ឺនរៀល អញ្ចឹង ៣ តោន យើងបានតែ ២ លាន(រៀល)ទៅចុះ។ ប៉ុន្តែ ដល់ទៅយើងចិញ្ចឹមត្រី ដី ៨០ អា យើងបានដល់ជាង ៣០០ លាន(រៀល) ដូច្នេះ យើងត្រូវកត់សម្គាល់ទៅលើចំណុចនេះ។ ធ្វើស្រូវ យើងថា ១ ហិកតា បានប្រហែលជា ៣ តោន ឬលើសតិចតួច ឬស្មើនឹង ៣ លាន(រៀល)ចុះ។ ប៉ុន្តែ ដល់ពេលយើងចិញ្ចឹមត្រី យើងបានរហូតទៅដល់ជាង ៣០០ លាន(រៀល) ហ្នឹង ប្រៀបធៀបគ្នាទៅ ផលចំណេញនៅតែច្រើន បើទោះបីថា អស់(ដើម) ២៨០ លាន ហើយយើង(លក់)បាន ៣០០ លាន(រៀល) អញ្ចឹងផលចំណេញក៏នៅតែច្រើនជាងស្រូវ។ អញ្ចឹងមែនទេ?
អ្នកចិញ្ចឹមត្រី៖ ច្រើនជាង! សម្ដេច!
ស្អីទៀត ដែលជាការលំបាក? មើលនិយាយឱ្យអស់។
អ្នកចិញ្ចឹមត្រី៖ លំបាកមួយទៀតនោះ គឺបញ្ហាទឹក គឺថា យើងប្រើទឹករាល់ថ្ងៃនេះ។ យើងបុកអណ្ដូងយកមកប្រើនៅលើស្រះហ្នឹង។ អញ្ចឹង តម្រូវទៅតាមលក្ខណៈបច្ចេកទេស គឺមិនគ្រប់គ្រាន់ទេ។ បើមានទឹកធម្មជាតិ ប្រឡាយបូម ផ្ទេរអីអញ្ចឹងទៅ អាចទាន់សភាពការណ៍ត្រី។
ប៉ុន្តែ ផ្ទះប្អូនឯងនៅឆ្ងាយពីទន្លេ ឬបឹងទេ?
អ្នកចិញ្ចឹមត្រី៖ មិនឆ្ងាយប៉ុន្មានទេ ប្រហែលជា ៧០០ ឬ ៨០០ ម៉ែត្រ។
មិនឆ្ងាយប៉ុន្មានទេ ឡើង ៧០០ ឬ ៨០០ ម៉ែត្រទៅហើយ។ ជំនាន់ខ្ញុំនៅឯលើ (និយាយថា)នៅត្រង់នេះ អាត្រង់នេះហ្នឹងដើរមួយព្រឹក។ ដល់ទៅថា នៅត្រង់នោះ ដើររហូតថ្ងៃត្រង់។ ដល់ពេល អូ! មិនឆ្ងាយទេ នៅត្រង់នោះ លើក(ដៃ)ឆ្ងាយបន្តិច អាហ្នឹងដើរទល់ព្រលប់។ បងប្អូនអ្នកនៅខាងលើនោះ។ ឥឡូវប្អូនឯងថា មិនឆ្ងាយទេ ៧០០ ឬ ៨០០ ម៉ែត្រ វាមិនមែនលេងសើចឯណា? ប៉ុន្តែ នៅកន្លែងនោះមិនមានស្រះ ឬមានអីទេ? ក្រៅពីត្រូវតែបូមទឹកចេញពី(អណ្ដូង)? យើងអាចមានកន្លែងណាជិតជាង ហើយយើងអាចមានប្រឡោះធ្វើជាប្រឡាយចូលទៅ? នៅម្ដុំនោះមានគ្រួសារចិញ្ចឹមត្រីច្រើនទេ?
អ្នកចិញ្ចឹមត្រី៖ មានច្រើន នៅម្ដុំភូមិរបស់ខ្ញុំហ្នឹង គឺមានដល់ទៅ ៧០ ស្រះ ប្រហែលជាជាង ៤០ គ្រួសារ។
ចុះបើសិនជាយើងជីកជាប្រឡាយ មានដីជីកទេ?
អ្នកចិញ្ចឹមត្រី៖ កន្លែងខ្លះមាន ខ្លះអត់ ប៉ះដីគេៗមិនឱ្យទេ ហើយបើមានដីរបស់សហគមន៍ ឬដីសាធារណៈ គឺបានតែមួយជ្រុង អត់គ្រប់។
ឥឡូវអញ្ចេះ ម្ដុំនោះប៉ុន្មានគ្រួសារ ដែលចិញ្ចឹមត្រី?
អ្នកចិញ្ចឹមត្រី៖ មិនច្បាស់ដែរ ដឹងតែ ៤០ គ្រួសារជាង បាន ៧០ ស្រះ នៅនឹងភូមិ។
ហើយសុទ្ធតែបុកអណ្ដូងទាំងអស់?
អ្នកចិញ្ចឹមត្រី៖ មានអ្នកនៅជាប់មាត់ទន្លេ ប្រហែលជា ៤ ទៅ ៥ ស្រះ ប៉ុណ្ណឹង ដែលប្រើទឹកទន្លេ។
ដើម្បីដោះស្រាយបញ្ហាទឹកសម្រាប់ចិញ្ចឹមត្រី ស្នើក្រសួងធនធានទឹកសិក្សាបង្កប់ទុយោបូមទឹកទន្លេ ជំនួសទឹកអណ្ដូង
បើសិនជាយើងបូមពីទន្លេ យើងបង្កប់ទុយោ ស្រួលជាង? ឥឡូវ អញ្ចេះ ខ្ញុំឱ្យសាកល្បងមួយកន្លែង ហើយឯកឧត្ដម លឹម គានហោ រដ្ឋមន្រ្តីធនធានទឹក ត្រូវសាកល្បងពិនិត្យកន្លែងនោះ … យើងលេងកប់ទុយោ ហើយបូមពីទន្លេបញ្ចូល។ ប៉ុន្តែ វាទាល់តែមានកន្លែងមួយ ដែលគេហៅថា កន្លែងចែកចាយទឹកទៅកាន់តំបន់ដទៃ ទៅកាន់ស្រះដទៃ។ ប៉ុន្តែ ខ្ញុំនឹងឱ្យទៅសិក្សាៗអំពីថា យើងបូមទឹកពីទន្លេ បង្កប់ទុយោទៅតាមភូមិរបស់គេៗអាចឱ្យយើងបង្កប់ទុយោ រួចហើយយើងអាចបែកខ្នែងទៅតាមស្រះនានា ដើម្បីជាតំបន់សាកល្បងមួយអំពីការផ្គត់ផ្គង់ទឹកធម្មជាតិ ដែលយកពីទន្លេ ជំនួសឱ្យទឹកបូមពីអណ្ដូង។ អាហ្នឹងយើងសាកល្បងមួយកន្លែង។ ខ្ញុំប្រគល់ភារកិច្ចឱ្យឯកឧត្ដម លឹម គានហោ ដើម្បីទៅមើលកន្លែងហ្នឹង។ ហើយប្រសិនបើជោគជ័យ យើងនឹងពិនិត្យធ្វើកន្លែងដទៃទៀត។ មានអីពិបាកទៀត និយាយមើល?
អ្នកចិញ្ចឹមត្រី៖ បញ្ហាបច្ចេកទេសនៅមានតិចតួច ខ្វះតិចតួច ដូចជា ការព្យាបាលត្រី ឡាបូរ(Laboratoire) ពិនិត្យជំងឺត្រី ឬគុណភាពត្រី។
មន្រ្តីជំនាញរបស់យើង គេចុះទៅមើលទេ?
អ្នកចិញ្ចឹមត្រី៖ បាទ! ចុះញឹកញាប់។ គ្រាន់តែពេលត្រីឈឺអញ្ចឹង គាត់ខ្វះឡាបូរដែរ។ ថាឡាបូរហ្នឹងនៅកំពង់សោមឯណានោះ ឆ្ងាយទម្រាំទៅដល់ ទម្រាំវិភាគឃើញ ត្រីងាប់អស់។ ចង់បាននៅជិតៗហ្នឹង នៅមន្ទីរអីទៅ ឆាប់ដល់។
សាកពិសោធន៍នៅទីនេះ រកទិញដី ជីកស្រះរួម បង្កប់ទុយោក្រោមដី បូមទឹកទន្លេមកដាក់ក្នុងស្រះ រួចឱ្យអ្នកចិញ្ចឹមត្រីបូមពីស្រះទៅតាមស្រះរៀងៗខ្លួន
រួចចុះ ឥឡូវហ្នឹង កុំនិយាយដល់ទៅងាប់ត្រី ឥឡូវមនុស្សងាប់មួយថ្ងៃៗ ងាប់រាប់ម៉ឺននាក់ទូទាំងពិភពលោក។ ការពារជីវិតមនុស្សពិបាកផង ឥឡូវយើងការពារជីវិតត្រី។ ទេ! អាហ្នឹងត្រូវតែស្រាវជ្រាវហើយ។ ថ្ងៃក្រោយ យើងត្រូវធ្វើយ៉ាងម៉េច ដើម្បីកុំឱ្យត្រីមានជំងឺស្អីៗហ្នឹង។ យើងមានអ្នកបច្ចេកទេសរបស់យើង។ រដ្ឋមន្រ្តីកសិកម្មថា បើបានទឹកស្អាតទៅ ត្រីវាមានសុខភាពល្អដែរ។ អញ្ចឹងបានជាលើកសំណូមពរពាក់ព័ន្ធជាមួយទឹកហ្នឹង។ ខ្ញុំចាប់អារម្មណ៍រឿងហ្នឹង។ អញ្ចឹងយើងមានសមត្ថភាពដើម្បីនឹងពិសោធន៍ យកកន្លែងហ្នឹងមួយធ្វើពិសោធន៍ ដាក់ទុយោទៅ យើងមិនចាំបាច់ម៉ាស៊ីនធំពេកទេ មិនបាច់ចាំ ហ៊ុន សែន ទីប៉ុន្មាន (ទំហំ) ៥ តឹកទេ លេងតែត្រឹម ២ តឹកកន្លះ កប់ទុយោមក។ រួចមកដល់នេះ យើងតទុយោកៅស៊ូ ឬដែក ទៅកាន់ស្រះដទៃទៀត ដើម្បីយើងចែកចាយទៅតាមបណ្ដាស្រះ។
ប៉ុន្តែ ទាល់តែនៅកន្លែងនោះចងក្រងជាសហគមន៍។ ពេលណាត្រូវបូម? ពេលណាមិនត្រូវបូម? ឧទាហរណ៍ ត្រូវការមួយស្រះ ហើយយើងទៅបញ្ឆេះម៉ាស៊ីនដែរ វាមិនត្រូវទេ។ យើងអាចរកនៅកន្លែងណាមួយ ជីកជាស្រះតែម្ដង … រកដីកន្លែងណាមួយ យើងទិញតែម្ដង។ យើងជីកជាស្រះ យើងបូមទម្លាក់មកស្រះហ្នឹង ហើយឱ្យកសិករពួកគាត់បូមខ្លួនឯងយកទៅ បូមចេញពីកន្លែងហ្នឹង … វាគង់តែប្រើប្រាស់គេហៅថា កម្លាំងដើម្បីទាញ។ ពីដើមទាញទឹកពីក្រោមដី ឥឡូវយើងទាញពីស្រះ អញ្ចឹងវាអាចសុខភាពត្រីយើងល្អជាង។ ជំងឺដែលយើងកង្វល់អម្បាញ់មិញ អាចនឹងកាត់បន្ថយដែរ … ត្រូវហើយ! ពុលអាចនឹងមកពី(ទឹកក្រោមដី)ហ្នឹង។ អាទឹកក្រោមដីហ្នឹងវាអត់មានអុកស៊ីស្អីៗ (មានជាតិមីណេរ៉ាល់ច្រើនពេក)។ ឥឡូវមានអីលំបាកទៀត និយាយរឿងលំបាក។ រឿងស្រួលមិនបាច់និយាយ។ មានសន្តិភាពហើយ មានផ្លូវល្អ ផ្លូវដែលខ្ញុំជិះមកមិញ ផ្លូវលេខ ១១ កំពុងតែល្អ។ ស៊ីវិល័យណាស់ អ្នកព្រៃវែងរបស់យើង។ ប៉ុន្តែ ឥឡូវមានអីលំបាកទៀត? ឥឡូវអាជ្ញាធរមានអីសម្រួលឱ្យយើងទេ?
អ្នកចិញ្ចឹមត្រី៖ អាជ្ញាធរគ្មានបញ្ហាអីទេ មានតែជួយជម្រុញឱ្យមានការចិញ្ចឹម ឱ្យតែចំណេញ លើកទឹកចិត្ត។
អត់មាននរណាមករំខានយើងទេ?
អ្នកចិញ្ចឹមត្រី៖ អត់ទាល់តែសោះ។
អ្នកត្រូវការទឹកស្រោចដំណាំ ក៏អាចបូមយកទឹកពីស្រះរួមនេះបានដែរ
កុំខ្លាចពួកចៅហ្វាយខេត្ត/ស្រុកនៅហ្នឹង។ ខាងដូចជាមន្រ្តីជលផលនេះ កាលណាមានបញ្ហាគឺគេទៅជួយមើលយើងភ្លាម? គ្រាន់តែឡាបូរហ្នឹងនៅឆ្ងាយ។ ហ្នឹងចាំយើងដោះស្រាយក្រោយ។ ប៉ុន្តែ រឿងបញ្ហាទឹក ខ្ញុំឯកភាពថា យើងវិនិយោគមួយកន្លែងទៅ ទិញដីនៅកន្លែងហ្នឹង អាចមានដីឱ្យទិញទេ? ទិញទៅ។ យើងជីកស្រះ ហើយយើងបូមពី(ទន្លេ)មកទម្លាក់ចូលស្រះ(រួម) ហើយមិនថា តែអ្នកចិញ្ចឹមត្រីទេ អ្នកដទៃត្រូវការស្រោចដំណាំអី អាចបូមពីស្រះហ្នឹងទៅបាន … ក្រសួងធនធានទឹកគ្រប់គ្រងស្រះហ្នឹងសិនទៅ ហើយពេលណាមួយចាំប្រគល់ឱ្យសហគមន៍។ ឥឡូវ សុំអ្នកចិញ្ចឹមកង្កែបចូលម្ដង។ ស្អីទៅដែលជាការងាយស្រួល? ហើយស្អីទៅដែលជាការលំបាក ហើយមានសំណូមពរអី?
អ្នកចិញ្ចឹមកង្កែប៖ ជំរាបសួរ សម្ដេច! … សម្រាប់ការចិញ្ចឹមកង្កែប លក្ខណៈងាយស្រួល គឺរយៈពេលនៃការប្រមូលផល និងបច្ចេកទេសក្នុងការថែទាំ គឺមានភាពងាយស្រួលក្នុងការចិញ្ចឹមកង្កែប។ លក្ខណៈប្រមូលផលបានន័យថា វគ្គនៃការចិញ្ចឹមកង្កែបគឺរយៈពេលខ្លី ត្រឹមតែ ២ ខែ ឬ ២ ខែ កន្លះ ឬ ៣ ខែ ទេ គឺយើងអាចប្រមូលផលបានហើយ។ មួយទៀត ទាក់ទងនឹងបច្ចេកទេសចិញ្ចឹម វាអត់មានភាពស្មុគ្រស្មាញ និងការលំបាកដែរ គ្រាន់តែថាយើងត្រូវការចំណេះដឹងបន្តិចបន្តួច ជាមួយនឹងការថែទាំ ក៏ដូចជាការចិញ្ចឹមកង្កែបគឺគ្រប់គ្រាន់។ នេះជាលក្ខណៈងាយស្រួល។
រីឯផលលំបាកនៃការចិញ្ចឹមកង្កែប ទីមួយ ដូចបងខាងលើបានលើកឡើងហើយ គឺទាក់ទងនឹងទឹក។ មិនថា កង្កែប ឬត្រីទេ ទឹកគឺជាគន្លឹះទីមួយ ដែលធ្វើឱ្យត្រី ឬកង្កែបធំធាត់លឿន។ បញ្ហាមួយទៀតទាក់ទងនឹងបច្ចេកទេសដែរ … ត្រង់ថា កង្កែបមានជំងឺដែរ ទៅតាមរដូវកាល។ ទាក់ទងនឹងបច្ចេកទេសក្នុងការប្រើប្រាស់ថ្នាំសម្រាប់ព្យាបាលជំងឺ ជាផលលំបាកទីពីរសម្រាប់ការចិញ្ចឹមកង្កែប។ សម្រាប់ផលលំបាកនានា គ្រាន់តែជាផលលំបាកបន្ទាប់បន្សំសម្រាប់អ្នកដែលចិញ្ចឹមកង្កែបទេ។
ចុះទីផ្សារយ៉ាងម៉េចដែរ?
អ្នកចិញ្ចឹមកង្កែប៖ បច្ចុប្បន្ននេះ ខ្ញុំសម្លឹងឃើញថា ទីផ្សារកង្កែបល្អ។ ជាក់ស្ដែង នៅឯកសិដ្ឋានរបស់ខ្ញុំ ក្នុងកំឡុងជំងឺកូវីដ ១៩ វិស័យផ្សេងៗ រងផលប៉ះពាល់ តែបែរហុចផលឱ្យខាងខ្ញុំ ជាអ្នកចិញ្ចឹមកង្កែប ឬអ្នកធ្វើវារីវប្បកម្មហ្នឹងវិញ។ ការលក់កូនកង្កែប គឺមានសន្ទុះឡើងជាគំហុក ដោយប្រជាកសិករមួយចំនួន(ដែល)គាត់(ជាអ្នក)ចំណាកស្រុកមករកស៊ីទៅខាងភ្នំពេញ ឬទៅក្រៅប្រទេស ចាប់ផ្ដើមត្រឡប់ចូលស្រុកវិញ ឧទាហរណ៍ គាត់រត់ PassApp គាត់លែងមានអ្នកជិះនៅភ្នំពេញ ឬមានតិចតួចហ្នឹង គាត់ចាប់ផ្ដើមត្រឡប់ទៅស្រុកវិញ ចាប់ផ្ដើមគិតរកមុខរបរណា ដែលគាត់អាចរកចំណូលបានជាប្រចាំថ្ងៃ ហើយវាងាយស្រួល គាត់មិនត្រូវការទុនច្រើន និងរយៈពេលវែង។ អញ្ចឹងគាត់ក៏ចាប់ផ្ដើមស្វែងរកបច្ចេកទេស ឬក៏ព័ត៌មានទាក់ទងនឹងការចិញ្ចឹមសត្វ ហើយក៏សម្លឹងមើលឃើញថា ការចិញ្ចឹមកង្កែបមានលក្ខណៈងាយស្រួល គាត់ចំណាយដើមទុនតិច ហើយវគ្គប្រមូលផលវាលឿន …។
ក្មួយឯងចាប់ចិញ្ចឹមកង្កែបពីពេលណាមក?
អ្នកចិញ្ចឹមកង្កែប៖ ខ្ញុំចាប់ចិញ្ចឹមកាលពីឆ្នាំ ២០១៦។
ចំណូលយ៉ាងម៉េចដែរ បើប្រៀបធៀបរវាងការដែលយើងដាក់ទុនចិញ្ចឹម ជាមួយនឹងការទទួលបានផល គឺប្រាក់ចំណូលរបៀបម៉េច?
អ្នកចិញ្ចឹមកង្កែប៖ បើនិយាយពីប្រាក់ចំណូលសម្រាប់ការចិញ្ចឹមកង្កែប ហុចផលគួរសម ចំណូលទៅតាមទំហំនៃការចិញ្ចឹម និងទៅតាមលទ្ធភាព ឬបច្ចេកទេសនៃការចិញ្ចឹម។ បានន័យថា បើយើងចិញ្ចឹមទៅមានបច្ចេកទេសត្រឹមត្រូវ ផលប៉ះពាល់ ឬការខូចខាតកង្កែបមានចំនួនតិច ផលចំណេញរបស់យើងបានខ្ពស់។ មួយទៀត បើតំបន់យើងមានពពួកចំណីធម្មជាតិមួយចំនួន ដែលកាត់បន្ថយការចំណាយទៅលើចំណី(ដែលដាក់ក្នុង)បេ ផលិតដោយក្រុមហ៊ុន គឺយើងបានផលចំណេញខ្ពស់ដែរ។ ផលចំណេញគឺចន្លោះពី ២០% ទៅ ៤០%។
ឥឡូវគិតជាលុយវិញ? ចំណាយលុយអស់ប៉ុន្មាន? ហើយលក់មកវិញបានប៉ុន្មានសម្រាប់គ្រួសារក្មួយ?
អ្នកចិញ្ចឹមកង្កែប៖ សម្រាប់ខ្ញុំ ដំបូងឡើយខ្ញុំមានមេពូជកង្កែបតែ ៤ គូ ទេ ដែលខ្ញុំយកមកពីស្ថានីយនេះទៅ។ ដំបូងឡើយ យើងមិនទាន់មានបច្ចេកទេស អត់ទាន់ដឹងពីបច្ចេកទេសចិញ្ចឹម ហើយក៏មិនទុកចិត្តសម្រាប់ការចិញ្ចឹមរបស់យើងដែរ បានយកមេពូជ ៤ គូ ទៅរៀនបង្កាត់ភ្ញាស់។ នៅឆ្នាំដំបូង បានប្រហែលជា ២ ម៉ឺន ទៅ ៣ ម៉ឺន កូន ហើយយើងទុកប្រហែលជា ៣ ពាន់ពូជ សម្រាប់បន្តទៅផលិតសម្រាប់ឆ្នាំក្រោយ ហើយសល់ប៉ុន្មានយើងលក់សាច់។ បន្ទាប់ពីឆ្នាំទី ២ មក យើងមានមេពូជគ្រប់គ្រាន់ មានន័យថា ៣ ពាន់គូហ្នឹង យកមកផលិតសម្រាប់ចែកចាយកូនកង្កែបតែម្ដង។ ការចែកចាយឆ្នាំដំបូង គឺសន្ទុះនៃការទិញកូនកង្កែបនៅមានកម្រិត ហើយទីផ្សាររបស់យើងក៏មិនទាន់ទូលំទូលាយ។ រហូតដល់ឆ្នាំទី ៣ យើងចាប់ផ្ដើមរីកចម្រើនទៅលើការចិញ្ចឹមកង្កែប ដោយការធ្វើទីផ្សារតាមបណ្ដាញសង្គម ដូចជា YouTube ឬ Facebook ជាដើម ដែលធ្វើឱ្យអ្នកចង់ចិញ្ចឹមកង្កែបចាប់ផ្ដើមស្គាល់យើងបានច្រើន ស្ទើរតែ ២៥ ខេត្ត/រាជធានី … ទាក់ទងមក។ ខេត្តខ្លះក៏យើងអាចផ្ញើកូនកង្កែបទៅដល់ទៅ ខេត្តខ្លះឆ្ងាយពេកយើងមិនអាចផ្ញើទៅបាន ហើយតំបន់ខ្លះអត់មានអ្នកដឹកជញ្ជូនទៅដល់អញ្ចឹង ក៏យើងមិនបានផ្ញើទៅ។ សម្រាប់ផលចំណេញវិញ ឆ្នាំទៅ ការចំណាយប្រហែលខ្ទង់ ២០០ លាន(រៀល)ដែរ ហើយផលចំណេញបានពី ៤០ លាន ទៅ ៦០ លាន(រៀល)។
ដើមទុន ២០០ លាន ហើយចំណេញដល់ទៅ ៤០ លាន ទៅ ៦០ លាន អីយ៉ាស់! ហើយប៉ុន្មានខែទៅអាហ្នឹង?
កង្កែបក្នុងមួយឆ្នាំអាចចិញ្ចឹមបានទៅ ៣ ឬ ៤ ដង។ ជាទូទៅ ១ វគ្គ ២ ទៅ ៣ ខែ អាចទទួលផលបាន។ ចំណីធម្មជាតិមានខ្យង កូនត្រី ចិញ្ចឹមកូនជន្លេនក្រហមជាចំណីសំខាន់សម្រាប់កង្កែប។ នៅពេលយប់មានសត្វល្អិត។ ទីផ្សារនៅតាមតំបន់ ឈ្មួញកណ្ដាលយកទៅលក់តាមតំបន់ ម្នាក់ ៣០ ទៅ ៤០ គីឡូ ហើយក្នុងមួយថ្ងៃ ៤ ទៅ ៥ នាក់ ហើយខ្លះយកទៅកែច្នៃតាមតំបន់ ទៅជាអាម៉ុក ឬកង្កែបបោក។
ទីផ្សារមិនជាចំណោទធំទេ?
អ្នកចិញ្ចឹមកង្កែប៖ សម្រាប់បច្ចុប្បន្នមិនជាចំណោទធំទេ មានផលប៉ះពាល់មួយនៃតម្លៃកង្កែបក្នុងស្រុកនិងកង្កែបនាំចូល ប៉ុន្តែប្រជាជននៅតាមតំបន់នេះ គាត់ឱ្យតម្លៃទៅលើផលិតផលក្នុងស្រុក ទាក់ទងនឹងរសជាតិ និងសុវត្ថិភាព គាត់ចាប់ផ្ដើមងាកចេញពីការបរិភោគកង្កែបនាំចូល។ សម្រាប់តម្លៃយើងមិនអាចប្រកួតប្រជែងនឹងកង្កែបដែលនាំចូល។
ព្រោះយើងច្បាស់លាស់។ នៅក្នុងការនាំចូល យើងមិនដឹងថាមានប្រភពពីកន្លែងណា។
អ្នកចិញ្ចឹមកង្កែប៖ ដូចអ្នកមួយចំនួនគាត់មកមើលដល់កន្លែងចិញ្ចឹមផ្ទាល់តែម្ដង គាត់ចាប់ផ្ដើមសាកល្បងទិញមួយគីឡូ ឬពីរគីឡូក្រាមទៅ។
និយាយពីកង្កែបបើប្រៀបធៀបស៊ីកង្កែបចិញ្ចឹមល្អជាង កង្កែបធម្មជាតិស្មោគគ្រោកជាងអីទៀត។ ស្រុកខ្ញុំខែវស្សាឡើងទឹកលិច បន្ទាប់ពីហ្នឹងទៅកង្កែបហ្នឹងវាចាំទទួលទានតែរបស់យើងទេ។ ស្អីទៀតដែលជាការលំបាក?
អ្នកចិញ្ចឹមកង្កែប៖ បញ្ហាទឹក គឺទាញទឹកពីក្រោមដីយកមកប្រើប្រាស់ ខាងក្រោយកសិដ្ឋានមានព្រែកមួយ ប៉ុន្តែព្រែករាក់អស់ហើយ ខែមួយចាប់ផ្ដើមរីងអស់ហើយ។
ហើយមានប៉ុន្មានគ្រួសារដែលចិញ្ចឹមកង្កែប?
អ្នកចិញ្ចឹមកង្កែប៖ នៅនេះសម្រាប់ការចិញ្ចឹមមួយភូមិមានប្រហែល ៥ ទៅ ៦ គ្រួសារ អ្វីដែលមើលឃើញគឺអ្នកជុំវិញចាប់ផ្ដើមងាកចេញពីការធ្វើស្រែមកចិញ្ចឹមត្រី កង្កែប។
ចិញ្ចឹមតាមស្រះ ឬកង់ឡាន?
អ្នកចិញ្ចឹមកង្កែប៖ ធ្វើមាន ២ របៀប គឺតាមលើគោក និងលើទឹក។ លើគោកគឺជាតង់វាយជាឬស្សីទៅតាមទំហំ ហើយមួយទៀតលើទឹកដេរសំណាញ់ ហើយដាក់បណ្ដែតលើទឹកជាបន្ទះស្នោរ ឬក៏ទុយោទឹកជ័រដាក់បណ្ដែតវា ព្រោះថាយើងមានស្រះមួយដែលមានប្រភពទឹកស្អាត យើងដាក់ចិញ្ចឹមលើទឹក។
មានអ្នកណាដែលទើបនឹងចិញ្ចឹមត្រីអណ្ដែង ដែលខាងកសិកម្មទើបផ្ដល់តង់ឱ្យថ្មីៗ?
អ្នកចិញ្ចឹមត្រីអណ្ដែង និងកង្កែប៖ ដំបូងខ្ញុំបាទសុំគោរពសម្ដេច លោកជំទាវ លោក លោកស្រី ដែលបានចូលរួម។ ក្រោយពីបានទទួលតង់ពីរដ្ឋបាលជលផល ខាងរដ្ឋបាលគាត់ទៅបង្រៀនកាលពីឆ្នាំទៅមួយទេ ខ្ញុំបានចិញ្ចឹមត្រីអណ្ដែង និងកង្កែប។ ចិញ្ចឹមត្រីអណ្ដែង ខ្ញុំដាក់នៅក្នុងស្រះ ហើយអាងក៏ខ្ញុំធ្លាប់ដាក់ដែរ។ ការលូតលាស់ក្នុងអាងចាញ់ក្នុងស្រះ ព្រោះខ្ញុំបានបទពិសោធន៍អញ្ចឹង។ តង់ដែលរដ្ឋបាលជលផលបានឱ្យ ខ្ញុំបានដាក់ក្នុងអាង។ ខ្ញុំខ្លាចវាលិច ហើយបូមទឹកបញ្ចូលដាក់កូនត្រីទៅស៊ីចំណីធម្មតា ផលហូបមិនខ្វះហូប លក់ដូរជួនកាលគេមកទិញមួយគីឡូអីអញ្ចឹងទៅ ព្រោះគេដឹងប្រភពខ្ញុំធ្វើស្អាត។
ចុះតំបន់នេះខែវស្សាទឹកលិចទេ?
អ្នកចិញ្ចឹមត្រីអណ្ដែង និងកង្កែប៖ កន្លែងខ្ញុំលិចដែរ ប៉ុន្តែភូមិខ្ញុំអត់លិច។ ប៉ុន្តែ គ្រាន់តែដាក់ក្នុងស្រះ មិនសូវអំណោយផលដោយសារវាជិតទន្លេដែរ ទឹកវាបឺតចូលទន្លេវិញ។ ប៉ុន្តែបានអំណោយផលវិញដោយសារខ្ញុំដាក់កង្កែបនៅលើ បង្ហូរទឹកកង្កែបទៅ ត្រីវាស៊ី។ វាក៏អត់លោតដែរ ប៉ុន្តែស្រះខ្ញុំវាតូច។
ប៉ុន្តែអ្នកចិញ្ចឹមត្រី កង្កែប ផ្សេងទៀតទឹកឡើងមកលិចទេ?
អ្នកចិញ្ចឹមកង្កែប និងកង្កែប៖ ទឹកធំលិច ទឹកតូចអត់លិចទេ កន្លែងខ្លះលិចដល់ពីរម៉ែត្រ។
ស្បៃមុងដែលរឹបអូសបាន ត្រូវចែកឱ្យប្រជាកសិករចិញ្ចឹមត្រី/កង្កែប
ប៉ុន្តែលើកក្រោយសូមរំលឹក ធម្មតាយើងចាប់ស្បៃមុង ហើយតែងតែដុតចោលចាប់ពីពេលនេះចាប់បានស្បៃមុងយើងកុំដុត ដើម្បីទុកឱ្យកសិករដែលចិញ្ចឹមត្រីពេលណាទឹកឡើងយកមកហ៊ុម។ ប៉ុន្តែមិនមែនសម្រាប់យកទៅអូសកូនត្រីទេ។ គ្រាន់តែជាអនុសាសន៍។ ឥឡូវទុកស្បៃហ្នឹងមកឱ្យប្រជាកសិករនៅតំបន់ទឹកលិច ពេលណាដែលទឹកឡើងមកយើងត្រូវការពារវាអត់មានចាប់ត្រីចេញឯណា ទឹកស្រកយើងយកវាទុក។ មានអីជាសំណូមពរទៀត?
អ្នកចិញ្ចឹមត្រីអណ្ដែង និងកង្កែប៖ សំណូមពរទីមួយ ទីផ្សារត្រី ទីពីរចងក្រងជាសហគមន៍។
ស្ថានភាពប្រក្រតីនៃជីវភាពតាមគន្លងថ្មី តាំងពីកើតជំងឺ COVID-19
រដ្ឋមន្ត្រីកសិកម្មមកប្រាប់ចងក្រងជា សមាគមន៍ចិញ្ចឹមត្រី ចិញ្ចឹមកង្កែប បង្កង ផលិតស្រូវទៅតាមហ្នឹង យើងមានកម្លាំងតថ្លៃជាមួយទីផ្សារ ទើបបាន។ អរគុណណាស់ដែលបានសន្ទនាគ្នា។ ថ្ងៃនេះជំនួបរបស់យើងគឺជាជំនួបមួយ ដែលយើងហៅថាស្ថានភាពប្រក្រតីនៃជីវភាពតាមគន្លងថ្មី។ តាំងពីកើតជំងឺ COVID-19 យើងមិនដែលបានបិទសកម្មភាពទាំងអស់ទេ។ មានផ្នែកមួយចំនួនយើងបានបិទ សាលារៀន ឥឡូវចាប់ផ្ដើមបើកបណ្ដើរ ប៉ុន្តែសកម្មភាពមួយចំនួនទៀត ដូចជាការជួបជុំយើងក៏បានធ្វើ ប៉ុន្តែធ្វើក្នុងស្ថានភាពមួយថ្មី ដូចជាថ្ងៃនេះគឺខ្ញុំធ្វើការសិក្សាទាក់ទិននឹងវឌ្ឍនភាពអំពីបញ្ហាវារីវប្បកម្ម។ ការជួបជុំ កាលពីដើម ខ្ញុំធ្លាប់មកគឺប្រជាពលរដ្ឋតែងតែមកចាប់ដៃអីអញ្ចឹងទៅ។ ប៉ុន្តែឥឡូវ យើងអត់ចាប់ដៃគ្នាទេ។ យើងបែរជានាំគ្នាពាក់ម៉ាសទៅវិញ ហើយយើងអង្គុយកៅអីឆ្ងាយពីគ្នាទៀត។ កាលពីមុនប្រជ្រៀតគ្នា ហ្នឹងហើយដែលយើងហៅថាប្រក្រតីភាពនៃជីវភាពតាមរបៀបថ្មី។ COVID-19 វាបានផ្លាស់ប្ដូរស្ថានភាពកែទម្លាប់ដែលកាលពីមុន។
ទាហានរបស់យើងមកពីប្រទេសម៉ាលី ការពិតកាលពីពេលមុននោះ ពលទាហានរបស់យើងដែលចូលរួមរក្សាសន្តិភាពនៅប្រទេសក្រៅ ត្រឡប់មកវិញ គឺថាធ្វើម៉េចបានជួបប្រពន្ធឱ្យស្រូត រួចហើយទៅដល់ផ្ទះឱ្យកូនរត់លេង ទៅណាសិនទៅ ឱ្យលុយកូនទៅទិញស្ករគ្រាប់ដើម្បីជួបគ្នាបានរហ័ស។ ប៉ុន្តែ ឥឡូវគឺអត់អញ្ចឹងទេ។ យកនាយទាហាន ពលទាហានរបស់យើងទៅដាក់នៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃសិន អញ្ចឹងបានជានាយទាហាន ពលទាហានគាត់បាននិយាយថា គាត់បែកគ្នាជាងមួយឆ្នាំហើយ រឿងអីគាត់ចាំប៉ុណ្ណឹងមិនបាន។ គន្លងថ្មី បើទោះបីជាខ្ញុំ បើសង្ស័យថាមានបញ្ហា អត់ទៅជិតចៅរបស់ខ្ញុំទេ ក្រែងយើងនាំជំងឺទៅឱ្យចៅ។ ថ្ងៃនេះក៏ដូចគ្នាដែរការជួបជុំរបស់យើងគឺមានគម្លាត អង្គុយនៅដាច់ដោយឡែកហើយមានពាក់ម៉ាស។
ដើមឈើចងចាំ
ថ្ងៃនេះខ្ញុំចង់ដាក់ឈ្មោះដើមឈើនេះ … ថ្ងៃនេះផ្ដល់ឱកាសឱ្យយើងបានជួបជុំគ្នាយ៉ាងស្រួល ទម្រាំតែខ្ញុំនិយាយចប់មិនទាន់ មិនទាន់ថ្ងៃមែនទែនទេ។ អញ្ចឹងទេ យើងគិតហៅដើមឈើចងចាំ នៅឯកំពង់សោមខ្ញុំដាក់ដើមឈើចាំស្នេហ៍ ពាក្យដែលចងចាំនៅទីនេះគឺចង់និយាយពីបញ្ហាដែលនាយករដ្ឋមន្ត្រីចុះមកដើម្បីពិនិត្យមើលទាក់ទិនវារីវប្បកម្ម។
ស្គាល់ពីបញ្ហាទាំងឡាយទាក់ទងនឹងការចិញ្ចឹមត្រី៖ ការភ្ញាស់កូនត្រី និងរបៀបចិញ្ចឹម
ខ្ញុំសូមអរគុណឯកឧត្តម វេង សាខុន ក៏ដូចជាសហការីនៅទីនេះ ដែលបានរៀបចំហើយឱ្យខ្ញុំបានស្គាល់ពីបញ្ហានេះ បញ្ហាទាំងឡាយដែលទាក់ទងនឹងការចិញ្ចឹមត្រី ការភ្ញាស់កូនត្រី និងរបៀបចិញ្ចឹម ហើយក៏អរគុណចំពោះអ្នកទាំងអស់ ដែលបានផ្ដល់ឱកាសឱ្យខ្ញុំបានសាកសួរ ទាក់ទិនជាមួយការចិញ្ចឹមត្រី កង្កែប។ ខ្ញុំគួរតែចាប់ផ្ដើមថា ឆ្នាំនេះយើងលុបចោលទិវាទាំងអស់ រាប់ទាំងទិវាមច្ឆជាតិ ១ កក្កដា និងរុក្ខទិវា ៩ កក្កដា ព្រោះព្រះមហាក្សត្រយាងចូលរួម ឯទិវាមច្ឆជាតិ ១ កក្កដា នាយករដ្ឋមន្ត្រីចូលរួម។ យើងអត់បានចូលទេ ប៉ុន្តែថ្ងៃនេះជំនួសវិញមកពិនិត្យអំពីវឌ្ឍនភាពវារីវប្បកម្ម ហើយក៏យកឱកាសនេះដើម្បីធ្វើការជម្រុញ នៅក្នុងយុទ្ធនាការមួយដែលយើងត្រូវផ្លាស់ប្ដូរ អំពីការផលិតផ្នែកខ្លះ។ ឧទាហរណ៍ធ្លាប់ផលិតស្រូវក្នុងមួយស្រែ ជំនួសដោយការចិញ្ចឹមត្រី ឬការចិញ្ចឹមកង្កែប ឬចិញ្ចឹមបង្កង ឬអ្វីដែលទទួលបានផលខ្ពស់ជាង។
ពិភពលោកមានការផ្លាស់ប្ដូរដោយសារកូវីដ ១៩
ពិភពលោកមានការផ្លាស់ប្ដូរជ្រាលជ្រៅ។ ចំនួនមនុស្សស្លាប់ច្រើនណាស់ ដែលគេមិនទាន់រកឃើញថ្នាំព្យាបាលនៅឡើយ ដែលឥឡូវនេះទម្លាប់រាប់ឆ្នាំរបស់ប្រជាជនយើង រាប់ពាន់រាប់ម៉ឺនឆ្នាំរបស់ពិភពលោក ត្រូវបានផ្លាស់ប្ដូរដោយ COVID-19 ដែលពីដើមយើងធ្លាប់តែចាប់ដៃគ្នា តែឥឡូវយើងអត់ចាប់ដៃគ្នាបានទៀតទេ។ ជំងឺមួយនេះ មិនមែនផ្លាស់ប្ដូរឥរិយាបទតែអ្នកនៅស្រុកខ្មែរទេ ប៉ុន្តែគឺជាការផ្លាស់ប្ដូរឥរិយាបទនៅទូទាំងពិភពលោកតែម្ដង។ ដោយឡែក វិលមកទាក់ទិនជាមួយបញ្ហាការផលិត ឬបញ្ហាសេដ្ឋកិច្ច និយាយជារួមគ្មានប្រទេសណាមួយដែលមិនរងផលប៉ះពាល់អំពីបញ្ហា ជំងឺ COVID-19 នេះទេ ប្រទេសទាំងអស់ដែលនៅលើពិភពលោក តិច ឬច្រើនមានការប៉ះពាល់ទាំងអស់ មិនថាប្រទេសអ្នកមានឬប្រទេសអ្នកក្រទាំងអស់។ សម្រាប់យើងផលប៉ះពាល់វិស័យឧស្សាហកម្ម កើតមានចំពោះវិស័យសេវា ដូចជាទេសចរឆ្នាំទៅយើងទទួល ៦ លាន ៦ សែននាក់ តែឆ្នាំនេះយើងទទួលតិចណាស់។ ប្រទេសនៅក្នុងពិភពលោកសុទ្ធតែជួបបញ្ហាបែបនេះទាំងអស់ សេវាសណ្ឋាគារទាំងអស់ត្រូវបិទ អាហ្នឹងការប៉ះពាល់ទៅលើបញ្ហាសេវា ផ្នែកវិស័យឧស្សាហកម្មនៅលើពិភពលោកប៉ះពាល់ធ្ងន់ជាងកម្ពុជាយើងឆ្ងាយណាស់។ លើកឧទាហរណ៍៖ ក្រុមហ៊ុនផលិតយន្តហោះនៅអាមេរិក Boeing នៅអឺរ៉ុបមាន Airbus សួរថាពួកគេផលិតបានទៀតទេ គេផលិតបានក៏ប៉ុន្តែគេលក់ឱ្យអ្នកណា? ឯសេវាដឹកជញ្ជូនផ្លូវអាកាស យន្តហោះដែលធ្លាប់បើកក្នុង ១ ថ្ងៃ ប្រហែលជា ២ ម៉ឺនគ្រឿង ឥឡូវប្រហែលជាសល់ ២ ពាន់ យ៉ាងច្រើន។ ប្រទេសរបស់យើងធ្លាប់ទទួលក្នុង ១ ថ្ងៃ ៣០០ ទៅ ៤០០ ជើង ឥឡូវនៅសល់ ៧ ទៅ ៨ ជើង ឬ ១០ ជើងក្នុងមួយថ្ងៃតែប៉ុណ្ណោះ ដែលទទួលនៅព្រលានយន្តហោះភ្នំពេញ និងព្រលានយន្តហោះកំពង់សោម ឯព្រលានយន្តហោះសៀមរាបគឺសូន្យតែម្តង។
កសិកម្មមិនត្រឹមតែមិនប៉ះពាល់ទេ ប៉ុន្តែបែរជាមានឧត្តមភាពទៅវិញ
អញ្ចឹងវិស័យឧស្សាហកម្ម និងវិស័យសេវាប៉ះពាល់ធំ។ ប៉ុន្តែកម្ពុជាមានចំណុចខ្លាំងមួយនៅត្រង់ថា យើងជាប្រទេសកសិកម្ម។ វាមិនត្រឹមតែមិនប៉ះពាល់ទេ ប៉ុន្តែវាបែរជាមានឧត្តមភាពទៅវិញនៅក្នុងវិស័យកសិកម្ម។ ដូច្នេះហើយបានជារាជរដ្ឋាភិបាលបានប្តូរទិសយ៉ាងឆាប់ទៅក្នុងការជម្រុញវិស័យកសិកម្មឱ្យមានការលូតលាស់ឡើង ហើយយើងក៏នឹងចូលរួមចំណែក មួយផ្នែកគឺដោះស្រាយបញ្ហាស្បៀងក្នុងស្រុក ធានាសន្តិសុខស្បៀងក្នុងស្រុក តែមួយផ្នែកទៀតយើងក៏ចូលរួមក្នុងសង្វាក់ផ្គត់ផ្គង់នៅក្នុងតំបន់ និងពិភពលោកផងដែរ។ ដូច ឯកឧត្តម វេង សាខុន បានធ្វើរបាយការណ៍អម្បាញ់មិញ ក្នុងត្រីមាសទី១ យើងនាំចេញបានជាង ៤០ ម៉ឺនតោន ដែលមុននោះយើងនាំចេញបានទាបជាង។
ពិតមែនហើយក្នុងពេលមួយដែលខ្ញុំមិនទាន់ថា ដែលគេហៅថា ការស្តុកទុកស្បៀងក្នុងស្រុកវាអាចគ្រប់គ្រាន់សម្រាប់តម្រូវការរបស់ប្រជាជនយើង ឬអត់? ពេលនោះខ្ញុំបានប្រកាសឱ្យផ្អាកការនាំចេញអង្ករស និងស្រូវមួយរយៈ។ ប៉ុន្តែនៅពេលដែលយើងពិនិត្យបានហើយនោះគឺ យើងបានបើកឱ្យការនាំចេញអង្ករ និងនាំចេញស្រូវឡើងវិញ អង្ករ ស្រូវ និងត្រី ដែលមុននេះយើងឱ្យផ្អាកបន្តិចដើម្បីយើងធ្វើតុល្យភាពស្បៀងនៅក្នុងប្រទេសរបស់យើងសិន ក្រែងលោវាមានបញ្ហាខ្វះខាតស្បៀងក្នុងពេលដែលយើងនាំចេញ ខ្វះតម្រូវការក្នុងស្រុក។
មិនមែនជាលើកទី ១ ដែលធ្វើវេទិកាសាធារណៈ ឬនិយាយជាមួយប្រជាជននៅតាមវាលស្រែ ចម្ការ
ប៉ុន្តែឥឡូវនេះយើងគ្មានបញ្ហានោះទេ។ បន្ទាប់ពីការច្រូតស្រូវប្រាំងរួចហើយ ឥឡូវដល់ដំណាក់កាលច្រូតស្រូវស្រែ ដែលនៅក្នុងខេត្តព្រៃវែងនេះក៏មានការច្រូតស្រូវច្រើន។ អាទិត្យក្រោយនៅថ្ងៃទី ២១ ខ្ញុំនឹងទៅខេត្តតាកែវ ដើម្បីចូលរួមច្រូតស្រូវ។ នេះមិនមែនជាបញ្ហាចម្លែកសម្រាប់ ហ៊ុន សែន ទេ ដែលធ្វើវេទិកាសាធារណៈ ឬនិយាយទៅកាន់ប្រជាពលរដ្ឋនៅតាមវាលស្រែ វាលចម្ការនោះ។ បើនិយាយពីព្រៃវែងនៅស្រុកកំពង់ត្របែក តាំងពី ស្បោង សារ៉ាត នៅធ្វើអភិបាលស្រុកកំពង់ត្របែកនោះ នៅចាំទេ? ដែលយើងទៅជួបជុំកសិករ និយាយជាមួយកសិករនៅវាលស្រែ តាំងពីឯកឧត្តម ប៊ិន ឈិន នៅធ្វើអនុខេត្តព្រៃវែង … ខ្ញុំទៅមើលកន្លែងទិញស្រូវ … ទ្រឹស្តីមួយដែលខ្ញុំនៅចាំក្នុងអំឡុងប្រហែលជាខែ កក្កដា អញ្ចឹងដែរ ខ្ញុំទៅនិយាយនៅឯស្រុកកំពង់ត្របែក ថាមិនត្រូវទុកឱ្យប្រជាជនណាមួយម្នាក់អត់ឃ្លានដោយអត់បាយស្លាប់ ដែលយើងមិនបានដឹង ហើយមិនបានដោះស្រាយ បន្ទាប់ពីខ្ញុំនិយាយនៅក្នុងសភា នៅពេលដែលសភាបោះឆ្នោតឱ្យខ្ញុំ។
អញ្ចឹងទេ ខ្ញុំដើរធ្វើវេទិកាសាធារណៈជាមួយនឹងកសិករច្រើនខេត្តណាស់ កំពង់ធំប៉ុន្មានកន្លែងឯណោះ? ពោធិ៍សាត់ តាកែវ កំពង់ស្ពឺ កណ្តាល ដើរច្រើនខេត្តណាស់។ មិនមែនរឿងថ្មីរបស់ ហ៊ុន សែន ទេ។ ឯអ្នកខ្លះ គេហៅថា ពួកក្រុមកសិករស្រូវក្តិបថា អើយ! ទើបឃើញនៅវាលស្រែ។ ប៉ុន្តែបើយករូបថត យករូបភាពចាស់ៗមកមើល រូបថតខ្ញុំជាមួយ លឹម គានហោ នេះច្រើន ព្រោះពេលនោះដំណាក់កាលដោះស្រាយទឹក ហើយចុះស្ទូងក៏មាន។ ចាក់រូបភាពអាច្រូតស្រូវ។ ប៉ុន្តែនៅពេលខ្ញុំទៅព្រៃកប្បាស ខ្ញុំអត់ច្រូតនឹងកណ្តៀវ វាហួសសម័យ ខ្ញុំទៅឡើងត្រាក់ទ័រច្រូតតែម្តង។ នៅព្រៃកប្បាស គ្រាន់តែនៅតាកែវមួយជិត ៨០០០ ហិកតាឯណោះ ស្រូវស្រាលដែលត្រូវច្រូត។ ច្រូតរួចហើយ បានត្រូវធ្វើឡើងវិញ។ នៅព្រៃវែងប៉ុន្មានហិកតាដែលបានច្រូត និងត្រៀមច្រូតនេះ? អញ្ចឹងទេ បញ្ហាស្បៀងនៅក្នុងស្រុករបស់យើងនេះ ទាក់ទងជាមួយនឹងបញ្ហាអង្ករ បញ្ហាស្រូវមិនមានចំណោទទេ ដែលយើងអាចដោះស្រាយបញ្ហារបស់យើងបាន។
កម្ពុជា នឹងចូលរួមផ្គត់ផ្គង់ស្បៀងនៅក្នុងតំបន់
ខ្ញុំយល់អំពីបញ្ហារបស់ប្រទេសខ្លះ ដែលក្នុងអត្ថបទនៃសារព័ត៌មានរបស់ប្រទេសខ្លះនោះ គេបានចង្អុលចំមកកម្ពុជា ចង្អុលចំទៅថៃ ចង្អុលចំទៅមីយ៉ាន់ម៉ា ចង្អុលចំទៅឥណ្ឌា ចង្អុលចំទៅរុស្សី ហេតុអីបានជាគេចង្អុល? មូលហេតុមកពីការប្រកាសរបស់ខ្ញុំថា សូមឱ្យផ្អាកការនាំចេញ។ អញ្ចឹងទេ គេលើកជាកង្វល់ថា សង្វាក់ផ្គត់ផ្គង់ស្បៀងនៅក្នុងតំបន់អាស៊ីនេះ នឹងមានការពិបាកដោយសារភាពតឹងរ៉ឹងរបស់ថៃ របស់កម្ពុជា របស់ភូមា របស់ឥណ្ឌា និងចង្អុលទៅរុស្សីអំពីស្រូវស្រូវសាលីទៅទៀត។ ប៉ុន្តែ កម្ពុជាសូមបញ្ជាក់ឡើងវិញថា កម្ពុជានឹងចូលរួមនៅក្នុងក្របខ័ណ្ឌតំបន់ ក្នុងសង្វាក់ផ្គត់ផ្គង់នៅក្នុងតំបន់ ព្រោះកម្ពុជាមានសមត្ថភាពដែលសល់ជាស្រូវជិត ៦ លានតោន ហើយបើគិតជាអង្ករក៏ជិត ៤ លានតោនដែរក្នុងមួយឆ្នាំ។ អញ្ចឹងកម្ពុជាមានសមត្ថភាពចូលរួមនៅក្នុងការផ្គត់ផ្គង់ស្បៀង មិនត្រឹមតែដោះស្រាយបញ្ហាខ្លួនឯងទេ ប៉ុន្តែយើងអាចនឹងនាំចេញបាន ដែលសូមឱ្យមិត្តភក្តិបរទេស ឬអ្នកកាសែតបរទេសដែលធ្លាប់បានសរសេរអត្ថបទនេះប្រហែលជា ៣ ទៅ ៤ អត្ថបទរួចហើយ ដែលគេចង្អុលចំមកយើង (បានដឹង)។ ប៉ុន្តែថ្ងៃនេះ ខ្ញុំចង់បញ្ជាក់ទៅអ្នកសារព័ត៌មានទាំងនោះវិញថា កម្ពុជានឹងចូលរួមនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ស្បៀងនៅក្នុងតំបន់ និងនៅក្នុងពិភពលោកផង។
អង្ករភាគច្រើន ស្រូវភាគច្រើនរបស់យើងនេះកំពុងនាំចូលទៅទីផ្សារអឺរ៉ុប ដែល ឯកឧត្តម វេង សាខុន រាយការណ៍ឱ្យខ្ញុំ ម្សិលមិញឃើញរាយការណ៍មកមួយទៀត ការនាំចេញអង្កររបស់យើងទៅកាន់ទីផ្សារអឺរ៉ុបភាគច្រើនគឺអង្ករក្រអូប ព្រោះគេត្រូវការអង្ករក្រអូបនោះ។ ទោះបីអ្នកឯងឱ្យបង់ពន្ធ ក៏ខ្ញុំនៅតែមានលទ្ធភាពដើម្បីនាំចេញបានដែរ។ នាំចេញទៅអឺរ៉ុបបាន ១៣ ម៉ឺន ៨ ពាន់តោន នាំចេញទៅចិនបាន ១៤ ម៉ឺន ៨ ពាន់តោន ស្មើនឹង ៣៤% នៃការនាំចេញ នាំចេញទៅអាស៊ាន ៥ ម៉ឺន ៤ ពាន់តោន និងទិសដៅផ្សេងៗទៀតគឺ ៦ ម៉ឺន ៣ ពាន់តោន។ អញ្ចឹង ៦ ខែ យើងបាន ៤០ ម៉ឺនតោន (…) យើងនាំដំឡូងមីក្រៀមជាង ១លានតោន ដំឡូងមីស្រស់ ៤ សែន ៤១ ម៉ឺនតោន ម្សៅដំឡូងមី ១ ម៉ឺន ៣ ពាន់តោន កាកសំណល់ដំឡូងមី ៧ ពាន់តោន គ្រាប់ស្វាយចន្ទី ១៩ ម៉ឺន ៣ ពាន់តោន គ្រាប់ពោត ៩ ម៉ឺន ២ ពាន់តោន សណ្ដែកបាយ ២ ពាន់ ៧ រយតោន ចេកស្រស់ ១៥ ម៉ឺន ២ ពាន់តោន ផ្លែក្រូចថ្លុង ១ ម៉ឺន ៣ ពាន់តោន ផ្លែស្វាយបាន ៤ ម៉ឺន ៦ ពាន់តោន ដំណាប់ស្វាយបាន ៤ ពាន់ ៣ រយតោន ដូងប្រេងបាន ២ ម៉ឺន ៧ ពាន់តោន។ ទាំងអស់នេះសុទ្ធតែជាស្បៀង។ និយាយដល់ស្បៀង មិនមែននិយាយត្រឹមតែអង្ករមួយមុខទេ។ ស្រូវដែលយើងប្រមូលផលរួចមកហើយនេះបាន ៣៤ ៩៥១ ហិកតា ទើបស្មើនឹង ១,៧៨% នៃផ្ទៃដីអនុវត្តទេ ហើយទិន្នផលមធ្យម ៤ តោន ៣១១ គីឡូក្រាម បរិមាណបាន ១៥០ ០០០ តោន …
ប្រទេសមួយចំនួនដែលមានការពឹងពាក់ទៅលើតែវិស័យឧស្សាហកម្ម និងវិស័យទេសចរណ៍នឹងមានអសន្តិសុខស្បៀង។ កម្ពុជាប្រកាសចូលរួមចំណែកទៅតាមលទ្ធភាពរបស់ខ្លួន នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងតំបន់រាប់តាំងពីស្រូវរហូតទៅដល់ផ្នែកដទៃទៀត ហើយរហូតឈានទៅដល់បញ្ហាត្រី ដែលជានិច្ចជាកាលយើងតែងនាំត្រីមួយចំនួនទៅក្នុងប្រទេសថៃ ហើយត្រីមួយចំនួននាំទៅហុងកុង សាំងហ្គាពួរ ឯណោះ។
សម័យកាល កូវីដ ១៩ គេមិនអាចកាត់បន្ថយស្បៀងបានទេ
ឥឡូវនេះ ខ្ញុំវិលមកនិយាយអំពីបញ្ហានៅលើពិភពលោកយើងនេះ។ ក្នុងដំណាក់កាល កូវីដ ១៩ គេអាចបន្ថយផលិតយន្តហោះ បន្ថយការជិះយន្តហោះ បន្ថយការផលិតរថយន្ត បន្ថយការជិះរថយន្ត បន្ថយការផលិតនាឡិកាដៃ បន្ថយការផលិតវិទ្យុ ទូរទស្សន៍ គេបន្ថយការទិញសម្លៀកបំពាក់ថ្មី ប៉ុន្តែរឿងមួយដែលគេមិនអាចបន្ថយបានគឺអាប្រដាប់ច្រកក្រពះ។ រឿងនៅកន្លែងនេះ គេអាចបន្ថយទិញពីយើងនូវសម្លៀកបំពាក់។ កាលពីឆ្នាំ ២០០៨ វិបត្តិសេដ្ឋកិច្ចពិភពលោកបានកើតឡើង ពេលនោះគេក៏បានកាត់បន្ថយទិញពីយើងដែរ។ ឥឡូវកម្មករនៅវៀតណាមបាត់បង់អស់ជិត ១ លាននាក់បានប្រកាស ឯយើងកម្មករបាត់បង់ការងារប្រមាណជា ១៧ ម៉ឺននាក់រួចស្រេចទៅហើយ ដោយសារអ្នកនៅអឺរ៉ុប អ្នកនៅអាមេរិក សេដ្ឋកិច្ចគេក៏ធ្លាក់បាត់បង់ការងារធ្វើរាប់លាននាក់ អញ្ចឹងមានលុយឯណាទិញខោអាវថ្មី … ក៏ប៉ុន្តែអ្នកឯងអាចបន្ថយការទិញសម្លៀកបំពាក់ ការទិញឡាន ការទិញម៉ូតូ តែអ្នកឯងមិនអាចបន្ថយការទិញអង្ករ ឬទិញម្សៅមី ទិញនំបុ័ង ឬទិញការប្រដាប់ច្រកក្រពះបានទេ។
បង្វែរវិបត្តិ កូវីដ ១៩ ឱ្យទៅជាឱកាសនៃវិស័យកសិកម្ម
បូកសរុបលទ្ធផលមកវិញ ឥឡូវចំណុចខ្លាំងរបស់កម្ពុជានៅមានសក្តានុពលយ៉ាងធំ ដីប្រមាណជា ៤លានហិកតាជាង ទាំងស្រូវ ទាំងចម្ការ។ យើងនៅធ្វើការដាំដុះបាន។ យើងអាចនឹងមានផលប៉ះពាល់ទៅលើការនាំចេញជ័រកៅស៊ូ ក៏ប៉ុន្តែខ្ញុំរំពឹងថា ការនាំចេញស្រូវ ការនាំចេញស្វាយចន្ទី ការនាំចេញគេហៅថា ប្រភេទស្បៀងគឺនៅតែមានកំណើន … ពិភពលោកនៅត្រូវការ។ ដោយហេតុនេះហើយ បានជាយើងត្រូវបង្វិលទិសឆាប់រហ័ស ដើម្បីជម្រុញវិស័យកសិកម្មរបស់យើងដែលគេថា ឱកាសឱ្យក្លាយទៅជាឱកាស ពីវិបត្តិ កូវីដ ១៩ នេះ ឱ្យទៅជាឱកាសនៃវិស័យកសិកម្ម។ ដែលវិស័យកសិកម្មនេះប្រជាជនរបស់យើង ដែលមុននេះមានអត្រារហូតទៅដល់ ៨០% ឯណោះ ដែលធ្វើក្នុងវិស័យកសិកម្ម ប៉ុន្តែដោយសារវិស័យសេវា និងវិស័យឧស្សាហកម្មរីកធំ ក៏នៅសល់ប្រមាណជា ៧៣% ដែលធ្វើក្នុងវិស័យកសិកម្ម។
ឥឡូវនេះ កម្លាំងពលកម្មដែលបាត់បង់ការងារនៅក្នុងវិស័យឧស្សាហកម្ម និងវិស័យសេវាអាចវិលត្រឡប់មកចូលរួមចំណែកក្នុងវិស័យកសិកម្មវិញ ដើម្បីទទួលបាននូវការងារធ្វើ និងបង្កើតមុខរបរក្នុងវិស័យកសិកម្ម ព្រោះចំណែកដីទាំងស្រូវប្រាំង ទាំងស្រូវវស្សាដែលយើងមាន ៣ លានហិកតាឯណោះ បូកជាមួយដំណាំឧស្សាហកម្មដទៃទៀត។ យើងដឹងច្បាស់ហើយ កៅស៊ូច្បាស់ជាងើបថ្លៃមិនទាន់រួចទេ។ ក៏ប៉ុន្តែដូចជាស្រូវ ដូចជាបន្លែបង្ការ ដូចជាស្វាយ ដំឡូងមី ចេក ស្អីៗយើងកាន់តែពង្រីកទីផ្សារទៅចិន ទៅកូរ៉េ ទៅជប៉ុន ទៅប្រទេសដទៃទៀតដែលយើងធ្វើទៅបាន។
អញ្ចឹងទេ ទិដ្ឋភាពជារួម អ្នកឯងអាចបន្ថយការផលិត តម្រូវការទិញ ឧទាហរណ៍៖ យើងប្រហែលជាតម្រូវការទិញជ័រកៅស៊ូប្រហែលជាតម្រូវការទិញអាចកាត់បន្ថយពីយើង។ ប៉ុន្តែតម្រូវការទិញអង្ករស្រូវ ដំឡូងមី ស្វាយ ចេក ប្រហែលជាតម្រូវការនេះកើនឡើង។ កូវីដ ១៩ កាន់តែអូសបន្លាយ ឧត្តមភាពកាន់តែមាន។ និយាយអញ្ចឹង មិនមែនបន់ឱ្យ កូវីដ ១៩ បន្តទេ វាពិបាកទាំងអស់គ្នាហ្នឹង។
កុំនាំសត្វចូលពីបរទេស សម្លាប់ការចិញ្ចឹមផ្ទៃក្នុង
ឥឡូវយើងមិននិយាយអំពីបញ្ហាទាក់ទងជាមួយនឹងការចិញ្ចឹម រឿងនេះជារឿងដែលយើងត្រូវធ្វើ ក្នុងនោះបើនិយាយអំពីតម្រូវការសាច់ ក្នុង ១ ឆ្នាំៗ យើងត្រូវការសាច់ជិត ២៩ ម៉ឺនតោនក្នុងមួយឆ្នាំ។ ប៉ុន្តែយើងទើបនឹងផ្គត់ផ្គង់ខ្លួនឯងបាន ២៣៩ ០០០ តោន ស្មើនឹង ៨២% តែប៉ុណ្ណោះ។ ដូច្នេះ យើងត្រូវជម្រុញការចិញ្ចឹមសត្វជាបន្តទៀត។
ម្សិលមិញមានសំណើក្រុមហ៊ុនមួយ ដែលបានបញ្ជូនមកខ្ញុំ ហើយខ្ញុំចារទៅឱ្យ ឯកឧត្តម វេង សាខុន ពិភាក្សាជាមួយ ឯកឧត្តម ប៉ាន សូរស័ក្តិ អំពីគម្រោងស្នើសុំនាំចូលជ្រូករស់ពីថៃ ១ លានក្បាល ចូលក្នុងប្រទេសកម្ពុជា ដែលអាចផ្គត់ផ្គង់ក្នុងប្រទេសកម្ពុជា ហើយអាចនាំទៅវៀតណាម។ ខ្ញុំគ្រាន់តែចារទៅឱ្យអ្នកបច្ចេកទេសសិក្សាទេ។ ប៉ុន្តែ គំនិតរបស់ខ្ញុំ គឺកុំនាំចូលពីគេ ហើយសម្លាប់ការចិញ្ចឹមសត្វក្នុងប្រទេសរបស់ខ្លួន។ ខ្ញុំមិនយល់ស្របអាហ្នឹងទេ។ ទីចុងបំផុតការងារធ្វើបានទៅប្រទេសថៃ ឬបានទៅប្រទេសវៀតណាម។ បើសិនជាយើងត្រូវការនាំចូល យើងនាំចូលតែចំណុចដែលខ្វះ។ ឥឡូវ យើងខ្វះ ១៨% បើយើងចិញ្ចឹមឱ្យគ្រប់ គឺយើងមិនបាច់នាំចូលពីគេទេ ព្រោះបើទីផ្សារយើងគ្រប់ហើយចាំបាច់នាំចូលពីគេធ្វើអី?
ខ្ញុំអត់យល់ ម្សិលមិញនេះ មានក្រុមហ៊ុនមួយមានបំណងនាំចូលជ្រូកពីថៃ ១ លានក្បាល បើខ្ញុំចារយល់ព្រម ច្បាស់ណាស់ថា ខ្ញុំជាអ្នកសម្លាប់កសិករចិញ្ចឹមជ្រូកក្នុងស្រុកខ្មែរខ្លួនឯងតែម្តង ក្នុងពេលដែលខ្លួនដើរមកប្រកាស ប្រាប់ឱ្យកសិករចិញ្ចឹមជ្រូក។ អញ្ចឹង បានជាយើងយកឱកាសនេះ ខិតខំចិញ្ចឹមផ្គត់ផ្គង់ខ្លួនឯងឱ្យគ្រប់ រួចហើយមានតម្រូវការនាំចេញ គឺយើងចូលរួមការនាំចេញ សម្រាប់ផ្គត់ផ្គង់ឱ្យទីផ្សារនៅក្រៅប្រទេសទៀត ព្រោះទីផ្សារនៅក្រៅប្រទេស ដូចជា៖ ហុងកុង (និង)សាំងហ្គាពួរ គាត់ត្រូវការនូវសាច់ ដើម្បីផ្គត់ផ្គង់ ព្រោះពួកគាត់អត់មានកន្លែងចិញ្ចឹមសត្វទេ។ គាត់ត្រូវការនាំចូល។ យើងជម្រុញការនាំចេញត្រឡប់ទៅវិញ។
វារីវប្បកម្ម មិនមែនជារឿងថ្មី
ឥឡួវ ខ្ញុំតម្រង់ឆ្ពោះទាក់ទង ទៅនឹងវារីវប្បកម្ម។ វារីវប្បកម្មមិនមែនជារឿងថ្មីរបស់យើងទេ។ សូមមើលសេចក្តីសម្រេចចិត្ត និងកម្មវិធីនយោបាយរបស់គណបក្សប្រជាជន ក្នុងមហាសន្និបាតលើកទី ៥ នៅឆ្នាំ ១៩៨៥ នៅពេលដែលខ្ញុំកាន់តំណែងជានាយករដ្ឋមន្ត្រី។ ទន្ទឹមនឹងការអភិរក្សត្រី យើងត្រូវជម្រុញធ្វើវារីវប្បកម្ម ប៉ុន្តែ បញ្ហាស្ថិតនៅត្រង់ពេលនោះ ទឹករបស់យើងវានៅជ្រៅ ប្រជាជនយើងនៅតិច ចលនាចិញ្ចឹម ត្រីរបស់យើងមិនទាន់ជាធំពេកទេ។ កាលពីឆ្នាំ ១៩៨៥ យើងមានប្រជាជនប្រហែល ៧-៨ លាននាក់ ឥឡូវ ១៦ លាននាក់ អញ្ចឹង បានខ្ញុំលុបចោលឡូត៍នេសាទទាំងអស់ ទុកឱ្យកសិករយើងទទួលអាស្រ័យ ផល ក៏ប៉ុន្តែ កុំអាស្រ័យផលក្នុងពេលបិទឡូត៍នេសាទ។ អត់លើកទឹកចិត្តអាហ្នឹងទេ។
ប្រៀបធៀបទិន្នផលត្រីក្នុងឆ្នាំ ២០១៩ ទៅនឹងឆ្នាំ ២០០៩ គឺកើន ២០% ក្នុងមួយឆ្នាំ
ពេលវេលានេះ ជាពេលវេលាអ្នកចិញ្ចឹមត្រីត្រូវគន់គូរមើល។ យើងពិនិត្យមើលទាក់ទិននឹងការកើនឡើង នៅឆ្នាំ ២០០៩ យើងចិញ្ចឹម(ត្រី)បានតែ ៥ ម៉ឺនតោនទេ ដល់ឆ្នាំ ២០១៩ កន្លងទៅ យើង(ចិញ្ចឹមត្រី)បាន ៣០៧ ៤០៨ តោន។ ភ្ញាស់ពូជត្រីបាន ២២២ លានក្បាល តែឆ្នាំ ២០០៩ (ភ្ញាស់)បានតែ ៦៩ លានក្បាលទេ។ អញ្ចឹង ជាមធ្យម ៥ ឆ្នាំ ចុងក្រោយនេះ គឺកំណើន ២០% ក្នុងមួយឆ្នាំ។ បើយើងធ្វើឱ្យកើន ២០% ក្នុងមួយឆ្នាំបន្តថេរ ឬកើនឡើងខ្ពស់ជាងហ្នឹង យើងមិនត្រឹមតែមានសមត្ថភាពផ្គត់ផ្គង់ត្រី សម្រាប់ ប្រជាពលរដ្ឋរបស់យើងទេ តែយើងមានសមត្ថភាពចូលរួមនឹងខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងតំបន់ និងពិភពលោកថែមទៀតផង។ ប៉ុន្តែ ដើម្បីធានាការនាំចេញបាន វាទាល់តែយើងដោះស្រាយក្នុងស្រុកសិន។
ដីស្រោចស្រពកើនពី ៧% ដល់ ៦២%, ទំនប់ប្រឡាយជួយបង្កើនមច្ឆជាតិ
ពិតហើយ ឡូត៍នេសាទបានផ្តល់ឱកាស សម្រាប់ប្រជាពលរដ្ឋរបស់យើង ហើយអំណោយផលពីការដែល យើងបានធ្វើប្រព័ន្ធធារាសាស្ត្រយ៉ាងច្រើន ដែលមុននោះ ក្នុងទសវត្សរ៍ ៨០ ផ្ទៃដីគ្របដណ្តប់ក្នុងប្រព័ន្ធស្រោចស្រពរបស់យើងមានប្រហែលជា ៧% ទេ ឥឡូវឡើងជាង ៦២% ទៅហើយ។ តាមរយៈប្រព័ន្ធធារាសាស្ត្រ ក៏ដូចជា ទំនប់ ប្រឡាយ ដែលយើងបានធ្វើ ក៏ជាផ្នែកមួយ នៃការបង្កើនមច្ឆជាតិរបស់ យើងដែរ។ យើងធ្វើទិវាលែង(កូន)ត្រី ដែលមួយឆ្នាំៗយើងលែងរាប់លានកូន តែនោះជាត្រីសម្រាប់ប្រជាពលរដ្ឋរបស់យើងគាត់ទទួលផល តាមរយៈការដាក់មង/រាយសន្ទូច/ដាក់លប ទៅតាមក្របខណ្ឌការអនុញ្ញាត តែកុំលេងនៅក្នុងពេលវេលាហាមឃាត់ពេលត្រីពង។
រិះរកប្រក្រតិទិនក្នុងវារីវប្បកម្ម ការពារការជន់ផលនេសាទ ដើម្បីការពារថ្លៃ
ពេលវេលានេះ ជាពេលវេលារបស់កសិករយើង ដែលចិញ្ចឹមត្រីផ្គត់ផ្គង់ត្រីលើទីផ្សារ។ បើយើងផ្លាស់ប្តូរស្ថានភាពនេះ ហើយរៀបចំប្រក្រតិទិននៃការចិញ្ចឹម ដើម្បីឱ្យវាស៊ីសង្វាក់គ្នា កុំឱ្យវាជាប់គ្នាផ្ទួនៗ វាអាចធ្វើឱ្យតម្លៃរបស់យើងធ្លាក់ចុះ។ ពេលធ្លាក់ខ្យល់ពីជើងគ្រឹប អាត្រីក៏មកដល់ អាត្រីក្នុងស្រះរបស់យើងក៏វាដល់ដែរ បើអញ្ចឹងវាមិនធ្លាក់ថ្លៃ? អាហ្នឹងតម្រូវការតិច ការផ្គត់ផ្គង់មានច្រើន។ ផ្គត់ផ្គង់ពីទន្លេមេគង្គ ទន្លេបាសាក់ ទន្លេសាបក៏ត្រីសម្បូរ ផ្គត់ផ្គង់ពីក្នុងស្រះរបស់យើងក៏សម្បូរទៀត អញ្ចឹង ត្រូវរកប្រក្រតិទិន។ ចិញ្ចឹមពីពេលនេះ ទៅដល់(ពេល)នេះត្រូវចាប់ អញ្ចឹង កាល់កាលេអាហ្នឹងឱ្យត្រូវ។ ខ្ញុំគ្រាន់តែផ្តល់ជាអនុសាសន៍ទេ ដើម្បីទៅដល់ពេលណាគេបិទឡូត៍នេសាទ ត្រីរបស់យើងល្មមផ្គត់ផ្គង់ទីផ្សារបាន។ ពេលហ្នឹងកុំព្រួយរឿងថ្លៃ។ ប៉ុន្តែ បើវាជាន់គ្នា នឹងធ្វើឱ្យតម្លៃរបស់យើងវាធ្លាក់ចុះ។ អ្វីដែលគ្រោះថ្នាក់ជាង(នេះទៅ)ទៀត នៅពេលរដូវបិទនេសាទ ជាមួយនឹងត្រីរបស់យើងអត់មានតាមស្រះ ធ្វើឱ្យតម្លៃត្រីក្នុងទីផ្សារកើនឡើងភ្លាម។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវតែធ្វើប្រក្រតិទិន ហើយរៀបចំទៅតាមតំបន់ដែរ មិនមែនចេះតែធ្វើៗនោះទេ។ ប៉ុន្តែ ខ្ញុំគិតថា វាអាចនឹងបង្កើតនូវឱកាសសម្រាប់យើង ឧទាហរណ៍ថា៖ ត្រីត្រូវចិញ្ចឹម ៣ ខែ អញ្ចឹងដល់ខែបិទនេសាទ ចំខែមិថុនា ឬកក្កដាអីអញ្ចឹង អញ្ចឹងទេ យើងចិញ្ចឹមពីខែណាមកដល់ខែណា? យើងចិញ្ចឹមរហូត។ ក៏ប៉ុន្តែ ខែត្រូវប៉ាន់ គឺខែបិទនេសាទនេះឯង។
បង្កើនចំនួនមន្រ្តីជំនាញវារីវប្បកម្ម ចូលក្របខណ្ឌដើមឆ្នាំក្រោយ
ចំណុចនេះខ្ញុំយល់ព្រម ហើយខ្ញុំនឹងប្រាប់ទៅក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យបង្កើនចំនួនអ្នកបច្ចេកទេសក្នុងវិស័យវារីវប្បកម្ម។ ប៉ុន្តែ សុំប្រាប់ឱ្យហើយ យកមន្ត្រីជាប់កិច្ចសន្យា ដែលកំពុងធ្វើការឱ្យយើង ហើយចាំដើមឆ្នាំក្រោយចាំចូលក្របខណ្ឌ។ ឥឡូវ ក្មួយៗដែលបានរៀនសូត្រក្នុងវិស័យវារីវប្បកម្ម កំពុងធ្វើជាមន្ត្រីជាប់កិច្ចសន្យា ឆ្នាំក្រោយយើងនឹងអនុញ្ញាតឱ្យចូលក្របខណ្ឌ។ ឥឡូវ មានប៉ុន្មាននាក់? ពី ៤៥-៥០ នាក់ អញ្ចឹងទេ ឯកឧត្តម ប៊ិន ឈិន ត្រឡប់ទៅវិញប្រាប់ទៅក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
មានអ្នកខ្លះចង់ធ្វើមេដឹកនាំប្រទេស ប៉ុន្តែមិនស្គាល់ពីកសិកម្ម
គាត់ស្តាប់លឺហើយ ឥឡូវ គេ LIVE ផ្ទាល់មិនដឹងប៉ុន្មានទូរទស្សន៍ អ្នកនៅស្រុកណា តាំងពីកសិករស្រូវក្តិប កូនខ្នុរ រួចតាំងខ្លួនជាកសិករដែរនោះ ក៏កំពុងមើល ហ៊ុន សែន និយាយដែរ។ ស្អប់ ហ៊ុន សែន ណាស់ ក៏ប៉ុន្តែ ចង់តែស្តាប់ ហ៊ុន សែន និយាយហ្នឹង។ អរគុណដែលបានស្តាប់នោះ។ ឱ្យវាដឹងរឿង។ កាន់ខ្នុរមួយ “នែ! ប្រាប់ឱ្យដឹង មុនបានអាខ្នុរធំ អានេះកូនខ្នុរ (តាមពិត)ក្តិបខ្នុរសោះ”។ បើយើងបណ្ដោយឱ្យមេដឹកនាំខ្លះមកធ្វើអញ្ចឹង សូម្បីតែស្រូវចេញសោះ (គាត់ថា)ស្រូវក្ដិបហើយ។ ក្ដិបខ្នុរនៅកូនខ្នុរ។ ក្ដិបខ្នុរ និងកូនខ្នុរ វាខុសគ្នា។ បើអញ្ចឹងៗចង់ធ្វើជាមេដឹកនាំកម្ពុជា ដែលជាប្រទេសកសិកម្មមួយ ធ្វើកើត ឬមិនកើត? សូម្បីតែការរៀនសូត្រ ភាសាប្រើទៅលើបញ្ហាអស់ទាំងអស់ មិនទាំងចេះប្រើផងនោះ។ តែខ្ញុំមិនថាឱ្យអ្នកណាទេ ខ្ញុំមិនថាចំឈ្មោះទេ។
ម្ខាងខិតខំអភិរក្សត្រី ម្ខាងទៀតជម្រុញវារីវប្បកម្ម
ខ្ញុំក៏សុំបញ្ជាក់ដែរ កាលបង្កើននេះ ក្នុងគោលដៅរុញទៅមុខនៃចលនាវារីវប្បកម្ម។ យើងមិនអាចពឹងពាក់ទៅលើត្រីធម្មជាតិក្នុងបឹងទន្លេសាប ទន្លេមេគង្គ ទន្លេបាសាក់ បឹងបួបានតទៅទៀតទេ។ កាលពីសម័យដើម កសិករនៅខេត្តព្រៃវែងរបស់យើងនេះ ធ្វើការតវ៉ាតាំងពីមុនព្រះបាទ ព្រះស៊ីសុវត្ថិ ក្រោយពីព្រះអង្គបានប្រកាសបង្កើតឡូត៍នេសាទនៅឆ្នាំ ១៩០៩។ ឯខ្ញុំលុបចោលឡូត៍នៅខែមីនា ឆ្នាំ ២០១២។ អញ្ចឹង ១០០ ឆ្នាំក្រោយ ខ្ញុំលុបចោលឡូត៍នេសាទ ព្រោះអី? កាលពីមុន ឡូត៍នេសាទរបស់យើងចែកឱ្យថៅកែៗ កសិកររបស់យើងអត់មានកន្លែងដើម្បីនេសាទទេ។ ខ្ញុំជាមួយនឹងឯកឧត្តម លឹម គានហោ ទៅត្រើយស្លា ស្រាប់តែប្រជាពលរដ្ឋគាត់មកស្នើសុំកាំភ្លើង។ ខ្ញុំថា សុំកាំភ្លើងយកទៅធ្វើអី? ប្រជាពលរដ្ឋថា យកទុកបាញ់ពួកនេសាទ ព្រោះនៅពេលដែលខ្ញុំកំពុងធ្វើស្រែប្រាំង វាបង្ហូរទឹកចាប់ត្រី។ ជម្លោះមិនចាំបាច់ទៅណា គុំតែគ្នាឯងហ្នឹង ដែលមានឡូត៍នេសាទ។
ត្រីស្រុកខ្មែរដឹងណាស់ ឱ្យតែថ្ងៃសីល ៨ កើត, ១៥ កើត, ៨ រោច ត្រីដឹងតែចុះហើយ។ អញ្ចឹងអ្នកនេសាទត្រូវការបង្ហូរទឹកចាប់ត្រី ឯអ្នកធ្វើស្រែប្រាំងខ្វះទឹក ត្រូវការទឹក។ ខ្ញុំទៅវិទ្យាល័យ ទេពប្រណម្យ កសិករនៅខេត្តកំពង់ឆ្នាំ មកថ្វាយបង្គំខ្ញុំតែម្ដង។ ខ្ញុំសួរថា រឿងអី? គាត់ថា គាត់កំពុងធ្វើស្រែប្រាំង ពួកអ្នកនេសាទ វាបង្ហូរទឹកទៅអស់ ហើយខ្ញុំអត់មានទឹកធ្វើស្រែ។ អញ្ចឹងទីចុងបំផុត ខ្ញុំសម្រេចចិត្តកាត់ឡូត៍នេសាទ។ នៅឆ្នាំ ២០០០ ខ្ញុំកាត់ឡូត៍នេសាទប៉ុន្មានជា ៦០% ចេញ កាត់ចោលតែម្ដង កាត់ឱ្យប្រជាពលរដ្ឋ។ ប៉ុន្តែនៅសល់(ឡូត៍នេសាទ)បន្ដិចបន្ដួចហ្នឹង ប្រជាកសិករគាត់នៅក្បែរហ្នឹង ត្រូវការទឹកដើម្បីធ្វើស្រែប្រាំង ក៏អត់ទឹក ព្រោះពួកនេសាទបង្ហូរទឹកចាប់ត្រី។ ចូលអុំទូកកាត់ឡូត៍នេសាទ ក៏ថៅកែឡូត៍ចាប់ដែរ។ វារឿងដល់ប៉ុណ្ណឹង។ អញ្ចឹងទេ មានតែសម្រេចកាត់ចោលតែម្ដង ទុកឱ្យកសិករ គាត់ទៅបង្កើតសហគមន៍នាំគ្នាការពារ និងទទួលផលខ្លួនឯងទៅ។
រាជរដ្ឋាភិបាលទម្លាក់ថវិកា ៥០ ម៉ឺនដុល្លារសាកល្បងវារីវប្បកម្ម
តាមប្រវត្តិ កសិករខេត្តព្រៃវែង ក្នុងឆ្នាំ ១៩២០ ជាង ដែលកសិករខេត្តព្រៃវែងទាមទារ ធ្វើការបះបោរប្រឆាំងនឹងបារាំង កាលពីសម័យនោះ។ ប៉ុន្តែពេលនោះ ជំនាន់ខ្ញុំនៅពីក្មេង ក៏នៅត្រីច្រើនណាស់។ ពេលនោះ ទឹកជ្រៅ ដីច្រើន ប្រជាជនតិច។ ឥឡូវនេះ ទឹករាក់ ត្រីតិច ប្រជាជនច្រើន វាផ្ទុយគ្នាស្រលះ។ អញ្ចឹងទេ បានជា ម្ខាងត្រូវខិតខំអភិរក្សតាមរយៈការលែងកូនត្រី តាមរយៈការរៀបចំតំបន់ពូជត្រី និងម្ខាងទៀត គឺជម្រុញការចិញ្ចឹមត្រី ចិញ្ចឹមបង្កង កង្កែប ដើម្បីបំពេញម្ហូបអាហារសម្រាប់អាហារឱ្យប្រជាជនយើង។ ឥឡូវនេះ ដល់ពេលវេលាដែលយើងត្រូវវាយលុក។ រាជរដ្ឋាភិបាលបានទម្លាក់លុយកន្លះលានដុល្លារ មកសាកល្បងដំបូង។ ខ្ញុំប្រើពាក្យសាកល្បងដំបូង។ សម័យកូវីដ ១៩ នេះ អង្ករយើងមានហើយ ប៉ុន្តែយើងត្រូវការត្រីទៀត។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទម្លាក់លុយ ២ ពាន់លានរៀល ស្មើនឹង ៥០ ម៉ឺនដុល្លារ ដើម្បីឱ្យកសិករទិញតង់ ដោយមិនបាច់ជីក(ស្រះចិញ្ចឹម)ទេ ដាក់នៅខាងលើតែម្ដង ចិញ្ចឹមត្រីអណ្ដែង។ បន្តិចទៀត ស្រុកខ្មែរ គេហៅថា ពិភពត្រីអណ្ដែង ព្រោះត្រីអណ្ដែងស្រួលចិញ្ចឹម។
ជិត ១០ ឆ្នាំមុន ខ្ញុំទៅតាកែនកោះស្លា កន្លែងយុទ្ធជនពិការរបស់យើង មានចិញ្ចឹមត្រីអណ្ដែង។ ប៉ុន្តែយើងធ្វើកូនស្រះតូចៗ។ ឥឡូវដាក់តង់នៅពីលើដោយមិនបាច់ជីក(ស្រះដើម្បីចិញ្ចឹមត្រី)ទេ។ ដាក់ក្បែររបងផ្ទះ រួចតម្លើងមួយទៅ រួចដាក់កូនត្រីអណ្ដែង ចិញ្ចឹមវាទៅ ដើម្បីផ្គត់ផ្គង់ខ្លួនឯងផង។ ចិញ្ចឹមទៅ កំដរដៃ ត្រូវការចង់ស៊ី ចង់ម៉ោង ១២ យប់ ក៏ទៅចាប់យកត្រីមកអាំងបានដែរ ព្រោះត្រីនៅផ្ទះយើងស្រាប់។ អ្នកណាខ្វះត្រី មកទិញពីយើង។ បើយើងមានមុខរបរ (ចិញ្ចឹមត្រី)បន្ថែមមុខរបរ ដើម្បីចិញ្ចឹមជីវិត។ ជម្រុញការរៀបចំ។
បន្ដរក្សាថវិកាបេសកកម្មក្នុងប្រទេស បន្តបិទបេសកកម្មក្រៅប្រទេស
អញ្ចឹងទេបានជាខ្ញុំចារទៅឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឱ្យទម្លាក់ថវិកា ដែលធ្លាប់តែបានរក្សាទុក។ ឯកត្តម អូន ព័ន្ធមុនីរ័ត្ន រាយការណ៍ឱ្យខ្ញុំ ហើយខ្ញុំបានចារទៅឱ្យឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឱ្យរក្សាទុកនូវថវិកាសម្រាប់បេសកកម្មក្នុងប្រទេស។ ខ្ញុំឯកភាពហើយ ជាមួយនឹងគម្រោងវិស័យកសិកម្មនេះ ក៏ប៉ុន្តែខ្ញុំចារទៅ ដើម្បីជម្រុញយុទ្ធនាការនេះ សូមរក្សាទុកនូវថវិកាសម្រាប់បេសកកម្មក្នុងប្រទេស សិក្ខាសាលា និងការបណ្ដុះបណ្ដាលក្នុងប្រទេស តែបន្ដកាត់បេសកកម្មក្រៅប្រទេស។ តែបន្តកាត់បេសកកម្មនៅក្រៅប្រទេស ក្នុងន័យនេះខ្ញុំសំដៅឱ្យមន្រ្តីរបស់យើងចុះធ្វើការ ពួកអ្នកបច្ចេកទេស សំដៅរុញពួកអ្នកបច្ចេកទេសទៅ ពិតហើយថ្ងៃមុននោះ។
បច្ចេកទេស គឺសំដៅទៅលើការផ្តល់នូវចំណេះដឹង និងជំនាញសម្រាប់កសិករ
ឃុន សាវឿន អនុរដ្ឋលេខាធិការ គាត់តបជាមួយនឹងអ្នកបង្ហោះ Facebook មួយ។ គាត់ប្រើពាក្យថា គាត់និយាយខុសតែត្រូវ។ និយាយត្រូវតែខុស ព្រោះប្អូនម្នាក់ មិនដឹងថាប្អូន ឬមិនដឹងអ្នកណាទេថា ប្រធានមន្ទីរកសិកម្មនានា គួរតែមានចំការខ្លួនឯងឱ្យគ្រប់គ្រាន់ ចាំទៅណែនាំគេ … ប៉ុន្តែ ខ្ញុំសុំផ្តល់ជាគំនិតត្រឡប់ទៅវិញអញ្ចេះ ខ្ញុំមិនវាយប្រហារទៅលើប្អូនដែលបានបង្ហោះថាប្រធានមន្ទីរកសិកម្មនានា ទៅមានប្រយោជន៍អត់ប្រយោជន៍ទេ។ ទស្សនៈរបស់ប្អូនអាចបញ្ចេញមកបាន មិនមានបញ្ហាទេ ក៏ប៉ុន្តែ ខ្ញុំគ្រាន់តែជម្រាបជូនថា បណ្ឌិតសាស្រ្តាចារ្យដែលជាគ្រូបង្រៀនថ្នាក់ធំៗ អ្នកប្រាជ្ញធំៗ កម្រណាស់ ដែលក្លាយទៅជាសេដ្ឋី។ តិចណាស់ពិនិត្យមើលចុះ។ គ្រូរបស់ថៅកែ លី ខឺស៊ីង ក្តី Bill Gates ក្តី កម្រណាស់មានអ្នកប្រាជ្ញក្លាយទៅជាអ្នកមានមហាសេដ្ឋី ប៉ុន្តែកូនសិស្សវិញទេ ដែលក្លាយទៅជាសេដ្ឋី។ ត្រូវយល់កន្លែងនេះ។ កូនសិស្សទេដែលទទួលចំណេះដឹងពីគ្រូ ទៅពង្រីកមុខរបរទៅជាសេដ្ឋី។ អញ្ចឹងនៅទីនេះ ការផ្តល់នូវចំណេះដឹងធំជាងការដែលយើងផ្តល់អ្វីដែលជាកាដូមួយភ្លែតនេះ ដែលខ្ញុំយកមកអម្បាញ់មិញហ្នឹង។ ប្អូនឯងនិយាយត្រូវណាស់ អាយុប៉ុន្មានហើយឥឡូវ? ៥៣ ហៅប្អូនត្រូវហើយ។
ប្អូនឯងនិយាយត្រូវហើយថាបញ្ហាបច្ចេកទេស។ គ្រាន់តែប្អូនឯងថា Laboratoire នៅខេត្តព្រះសីហនុ ទម្រាំតែដឹងរឿងត្រីនោះងាប់អស់។ អញ្ចឹងទេ ចំណុចនេះវាសំខាន់បានជាយើងត្រូវផ្តល់ឱ្យ។ ឥឡូវគ្រាន់តែទៅបង្រៀនកសិករ ឱ្យចិញ្ចឹមត្រីអណ្តែងតាមរបៀបថ្មីដែលតង់នៅពីលើ ក៏ត្រូវការអ្នកជំនាញពីក្រសួងកសិកម្ម ឬពីមន្ទីរកសិកម្មទៅធ្វើការដែរ។ ដើម្បីឱ្យកសិករដែលទទួលតង់ និងទទួលយកកូនត្រីពីយើង គាត់បានទទួលផលពិត ហើយមិនមែនទទួលផលតែចិញ្ចឹមម្តងទេ តង់មួយថាបើសិនជាចេះការពារអាចដល់ទៅ ៣ ឆ្នាំ អញ្ចឹងទេ យើងត្រូវផ្តល់បន្ថែមទៀតនូវការលើកទឹកចិត្តក្នុងការស្រាវជ្រាវពូជត្រីដែលវាឆាប់លូតលាស់ ហើយអ្នកបច្ចេកទេសរបស់យើងត្រូវចុះឱ្យដល់ជាមួយនឹងកសិករ។ ចំពោះអ្នកដែលបានលើកថា ប្រធានមន្ទីរកសិកម្មត្រូវតែមានចំការខ្លួនឯងឱ្យល្អសិនចាំទៅ ខ្ញុំយល់ស្របអញ្ចេះ យល់ស្របថាបើអ្នកណាថាកសិករស្រូវក្តិប អ្នកណាថាក្តិបខ្នុរជាកូនខ្នុរ អ្នកហ្នឹងមិនបាច់ទៅទេ បង្ហិនបាយបង្ហិនសាំង ប៉ុន្តែទិសដៅដែលខ្ញុំចង់ឱ្យទៅនេះឱ្យអ្នកបច្ចេកទេសទៅ គឺសំដៅទៅលើការផ្តល់នូវចំណេះដឹង និងជំនាញសម្រាប់កសិករយើង។ អញ្ចឹងទេ សុំបន្តទៅកិច្ចការរបស់យើង។
កូវីដ ១៩ មិនអាចសម្លាប់ប្រជាជនកម្ពុជា ដោយកង្វះស្បៀងបានទេ
ខ្ញុំគិតថា កូវីដ ១៩ មិនអាចសម្លាប់ប្រជាជនកម្ពុជាបានទេ។ អ្នកឯងបានបំផ្លាញ អ្នកឯងអាចបំផ្លាញ ប៉ុន្តែ បើសម្លាប់ប្រជាជនកម្ពុជាឱ្យដាច់បាយស្លាប់គឺអត់ទេ ព្រោះជីពចរសេដ្ឋកិច្ចរបស់យើងមិនមែនពឹងតែលើវិស័យសេវាជាទេសចរណ៍ ជាសេវាដឹកជញ្ជូនផ្លូវអាកាស ឬក៏ផ្លូវទឹក ផ្លូវគោកនោះទេ ហើយក៏មិនមែនពឹងពាក់តែលើវិស័យឧស្សាហកម្មមួយប្រភេទណានោះដែរ។ ជីពចរសេដ្ឋកិច្ចដែលចិញ្ចឹមប្រជាជនឱ្យរស់ គឺស្ថិតនៅត្រង់ធ្វើម៉េចឲ្យុមានអង្ករច្រកឆ្នាំង ឱ្យមានត្រីស៊ីគ្រប់គ្រាន់។ ជំនាន់សង្គមរាស្រ្តនិយមរបស់ព្រះករុណាបិតា ព្រះអង្គអត់មានទេសចរណ៍ច្រើនទេ ព្រះអង្គអត់មានឧស្សាហកម្មច្រើនធំៗដូចយើងទេ ប៉ុន្តែព្រះអង្គចិញ្ចឹមប្រជាជនរស់មួយប្រទេស ហើយនាំចេញបានទៀត។ អង្ករខ្មែរល្បីនៅអាហ្រ្វិក។ ឥឡូវបើទោះបី កូវីដ ១៩ រីករាលដាលប៉ុណ្ណាក៏ដោយ ហើយអូសបន្លាយពេលប៉ុណ្ណាក៏ដោយ តែវិធានការក្នុងវិស័យកសិកម្មរបស់យើងគឺប្រជាជនត្រូវការបាយទទួលទាន ត្រូវការអង្ករ ត្រូវការម្ហូបអាហារ យើងត្រូវការជម្រុញការដាំដុះ ការចិញ្ចឹមសត្វ ការចិញ្ចឹមត្រី អ្វីដែលជាផ្នែកកសិកម្ម។ យើងឈានទៅដល់ការកែច្នៃ ការកែច្នៃពិតជាមានហើយកន្លងទៅ ការនាំចេញរបស់យើងមួយចំនួន មានជាត្រីប្រាសំយ៉ុង ឃើញតាំងពិព័រណ៍នៅណាននីង ឃើញមានត្រីងៀត ត្រីអីនាំចេញ។ ត្រីប្រាដែលយើងចិញ្ចឹម។ ការចិញ្ចឹមត្រី អាចខុសពីការដាំបន្លែបន្តិច។ បន្លែកាលណាតែហួសរដូវវាវាខូច តែត្រីបើទោះបីថាគេយឺត មកចាប់បន្តិចវាធ្វើឱ្យយើងមានការលំបាកក្នុងបញ្ហាទីផ្សារ ក៏ប៉ុន្តែ ត្រីគឺអត់មានចំណោទទេ។ បើលក់មិនអស់អញធ្វើត្រីប្រឡាក់ លក់មិនអស់អញធ្វើប្រហុក អញធ្វើផ្អក។ នៅច្នៃបានអញ្ចឹង អត់មានយកទៅបោះចោលនៅទីណាទេ យើងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកឱ្យបានហើយ យើងខិតខំនាំចេញពិតហើយនៅប្រទេសជិតខាងយើងទាំង ២។
រុញបច្ចេកទេសថ្មីៗ ចូលទៅក្នុងកម្មវិធីសិក្សានៅសាលាកសិកម្ម
ទាំងខាងវៀតណាម និងទាំងខាងថៃកម្រិតកែច្នៃរបស់គេខ្ពស់ណាស់ សមត្ថភាពចិញ្ចឹមរបស់គេក៏ខ្ពស់ គេផ្គត់ផ្គង់ចំណីសត្វក៏ខ្លួនគេ គេកែច្នៃ គ្រាន់តែវៀតណាម ត្រីទីឡាប់យ៉ា គាត់នាំចេញក្នុងមួយឆ្នាំប្រមាណ ៣ លានដុល្លារ។ គាត់ចិញ្ចឹមរួចហើយគាត់កែច្នៃ គាត់នាំចេញទៅទីផ្សារអន្តរជាតិប្រមាណ ៣ ពាន់លានដុល្លារ យើងនៅកៀកប្រទេសវៀតណាម យើងនៅកៀកប្រទេសថៃ យើងអាចទាញយកនូវបច្ចេកទេសពីប្រទេសជិតខាង។ សូម្បីតែអង្គរក្សរបស់ខ្ញុំ ក៏ខ្ញុំឱ្យទៅរៀនមានវគ្គបណ្តុះបណ្តាលនៅថៃអំពីការចិញ្ចឹមត្រីចិញ្ចឹមសត្វ ខ្ញុំឱ្យទៅតើ។ យើងអាចបញ្ជូនអ្នកបច្ចេកទេសរបស់យើងទៅរៀនសូត្រពីខាងវៀតណាម ទៅរៀនសូត្រពីប្រទេសថៃ ទៅរៀនសូត្រពីប្រទេសណាដែលមានការចិញ្ចឹមលូតលាស់ ហើយយើងយកមកបន្តក្នុងស្រុករបស់យើង។ យើងត្រូវតែរុញបច្ចេកទេសថ្មីៗចូលទៅក្នុងសាលាកសិកម្មទាំងអស់ ទាំងសាកលវិទ្យាល័យចំការដូង ទាំងសាលាព្រែកលាប ទាំងសាលនៅកំពង់ចាម បញ្ជូនបច្ចេកទេសថ្មីៗរបស់យើងនេះ ទៅក្នុងសាលាទាំងផ្នែកក្សេត្រសាស្រ្ត ទាំងផ្នែកវារីវប្បកម្ម គោលនយោបាយរបស់យើងលើវិស័យកសិកម្មមានសព្វគ្រប់អស់ហើយ រហូតទៅដល់តាមវិស័យមួយៗ។ ឧទាហរណ៍ តាមវិស័យវារីវប្បកម្ម ក្នុងវារីវប្បកម្មវាមានតាមផ្នែកមួយៗរបស់វាទៀតតាមផ្នែកមួយៗ ឆ្នាំនេះយើងអត់បានធ្វើសន្និបាតកសិកម្មទេ ដោយសារពេលហ្នឹង កូវីដ ១៩ វាកំពុងឆ្លង។
រាជរដ្ឋាភិបាលសងថ្ងៃឈប់សម្រាកចូលឆ្នាំ ១៧-២១ សីហា
សុំបញ្ជាក់ជូនប្រជាពលរដ្ឋនៅក្នុងប្រទេសដែរ ឆ្នាំនេះយើងផ្អាកចូលឆ្នាំដោយសារ កូវីដ ១៩ កំពុងរាតត្បាត។ ឥឡូវដល់ពេលដែលរាជរដ្ឋាភិបាលត្រូវសងហើយ។ ពេលនោះយើងឱ្យឈប់ចូលឆ្នាំតែ ៣ ថ្ងៃទេ ប៉ុន្តែរាជរដ្ឋាភិបាលបានសន្យាជាមួយនឹងប្រជាពលរដ្ឋរបស់យើងថានឹងសង ៥ ថ្ងៃ ឥឡូវសង ៥ ថ្ងៃ។ ម្សិលម្ង៉ៃ បានអនុម័តជូនហើយ សងថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែសីហា ប៉ុន្តែ បើយោងតាមការគិតបែបនេះ ប្រជាពលរដ្ឋ មន្រ្តីរាជការ កម្មករ កម្មការិនីរបស់យើងឈប់បាន ៩ ថ្ងៃជាប់គ្នាព្រោះអី? យើងឈប់ពីថ្ងៃចន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រ សៅរិ៍ អាទិត្យ ដល់ថ្ងៃសៅរ៍សម្រាកហើយអាទិត្យសម្រាកហើយ អាហ្នឹងវាមិន ៧ ថ្ងៃ ចុះមុនមកដល់ថ្ងៃចន្ទ វាមិនសៅរ៍អាទិត្យដែរ? វា ៩ ថ្ងៃ ល្មមដើរលេងពេញស្រុកខ្មែរ។
ម៉េចបាន ២ អាទិត្យទៀតឈប់។ ចុងខែហ្នឹងឈប់អត់(បាន)ទេ។ ទុកពេលឱ្យក្រសួងសុខាភិបាលរៀបចំទិសដៅកែលម្អតាមរចនាសម្ព័ន្ធទ្រទ្រង់នៅក្នុងពេលវេលា ដែលប្រជាពលរដ្ឋដើរលេង ត្រូវដាក់គ្រូពេទ្យយ៉ាងម៉េច អីយ៉ាងម៉េច ព្រោះដើរមិនមែនរាំពពាក់ពពូនដូចសម័យដើមទេ រាំក៏ត្រូវរាំឆ្ងាយពីគ្នាដែរ បើសិនជារាំ ទុកពេលវេលាឱ្យម្ចាស់សណ្ឋាគារ ម្ចាស់ផ្ទះសំណាក់ដើម្បីរៀបចំប្រព័ន្ធការពារសុខភាពយ៉ាងម៉េច ស្អីយ៉ាងម៉េច ហើយជួសជុលបន្ទប់យ៉ាងម៉េច ស្អីយ៉ាងម៉េច ទុកពេលវេលាឱ្យផ្នែកដឹកជញ្ជូន តើត្រូវដោះស្រាយស្អីយ៉ាងម៉េច ក្នុងពេលវេលានៃការធ្វើដំណើរកំសាន្តនេះ។ ប៉ុន្តែ សម្រាប់រោងចក្រសហគ្រាសគាត់អាចឈប់មុន ឬអាចឈប់ក្រោយទៅតាមការស្រុះស្រួលរវាងកម្មករជាមួយនឹងថៅកែរោងចក្រ គាត់អាចឈប់មុន ឬអាចឈប់ក្រោយអាហ្នឹងអាស្រ័យលើការស្រុះស្រួលទេ។ ប៉ុន្តែរាជរដ្ឋាភិបាលសុំសងពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ឯចំពោះ ២ ថ្ងៃផ្សេងទៀតសម្រាប់មន្រ្តីរាជការគឺអាហ្នឹងជាថ្ងៃសម្រាកធម្មតា អញ្ចឹង ៩ ថ្ងៃ ហើយឆ្នាំនេះប្រហែលជាគ្មានមនុស្សណាចេញទៅលេងនៅក្រៅប្រទេសទេ ព្រោះគេអត់ឱ្យទៅ។
អ្នកធ្លាប់ទៅព្យាបាលនៅបរទេស ពេលនេះព្យាបាលដោយពេទ្យខ្មែរ
ឥឡូវលើការជាក់ស្តែងរឿងគួរឱ្យចាប់ចិត្តវានៅកន្លែងនេះ។ មុននេះគេទិតៀនគ្រូពេទ្យ អ្នកខ្លះថាគ្រូពេទ្យស្រុកខ្មែរខូច ៩០ ភាគរយ ល្អតែ ១០ ភាគរយទេ ដល់ឥឡូវមានចម្រៀងមានការលើកសរសើរពីគ្រូពេទ្យ គេហៅថាកងទ័ពអាវស។ ឥឡូវលើការជាក់ស្តែងអ្នកដែលធ្លាប់ទៅព្យាបាលនៅសិង្ហបូរី នៅថៃ នៅវៀតណាម នៅបារាំង ព្យាបាលក្នុងស្រុកទាំងអស់។ ពេទ្យខ្មែរទាំងអស់។ ចេះរស់នឹងគេដែរ។ មើលយើងជួយគិតគ្នាមើល អង្កាល់ពីមុនទៅក្រៅស្រុកបានបង្អាប់ពេទ្យខ្មែរ ឥឡូវដល់ឈឺទៅរកពេទ្យខ្មែររស់ដែរ ឥឡូវថាម៉េច? បញ្ហាស្ថិតនៅក្នុងយើងឱ្យតម្លៃទេ។ លើការជាក់ស្តែងវាអញ្ចឹង ហើយការខិតខំរបស់គ្រូពេទ្យយើងពិតមែន។
១០០% នៃកូវីដ ១៩ ជាករណីនាំចូល
ថ្ងៃនេះ គឺវារឿងអកុសលមួយទៀតសម្រាប់យើង។ និស្សិតខ្មែរយើងចំនួន ៩០ នាក់ ដែលរៀននៅ Saudi Arabia ត្រឡប់មកប្រទេស ៣ ថ្ងៃមុននេះឆ្លង ១៥ នាក់ យប់មិញនេះបានរកឃើញ ៩ នាក់ទៀត ឡើង ២៤ នាក់ ដែលធ្វើឱ្យចំនួនរបស់យើងមកពី Saudi Arabia ឆ្លង ២៤ នាក់ ។ ឥឡូវនៅសល់ជាង ៧០ នាក់ទៀត។ តើនឹងមានទៀតឬអត់? ព្រោះយើងអត់ហ៊ានឱ្យទៅផ្ទះទេ ទុកនៅធ្វើចត្តាឡីស័ក ដាក់ឱ្យនៅដាច់ដោយឡែកនៅឯជម្ពូវ័ន្ត នៅឯភ្នំពេញនៅឡើយ។ បើឱ្យទៅផ្ទះ រកមិនទាន់ឃើញ រកមិនឃើញគឺមិនបានទេ។ ត្រូវធ្វើចត្តាឡីស័ក ១៤ ថ្ងៃ ត្រូវនៅដាច់ដោយឡែក ១៤ ថ្ងៃ ប៉ុន្តែ កម្ពុជាមានត្រឹមករណីឆ្លង ហើយឆ្លងទាំងអស់ ១០០ ភាគរយ មកពីក្រៅប្រទេស នាំពីក្រៅប្រទេសមកតែម្តង។ ទោះបីមកចម្លងក្នុងស្រុកនៅខេត្តបាត់ដំបងពីប្តីចម្លងទៅប្រពន្ធ ក៏ប្តីនោះបានទៅធ្វើពិធីសាសនានៅឯម៉ាឡេស៊ី ត្រឡប់មកវិញចម្លងទៅប្រពន្ធ។ នៅសៀមរាប ជនជាតិជប៉ុនមកចម្លងជនជាតិខ្មែរម្នាក់ ករណីជនជាតិបារាំង ៣៧ នាក់ ឆ្លងតែមួយពេល។ ឥឡូវបរទេសពាក់កណ្តាល ខ្មែរពាក់កណ្តាល។ ប៉ុន្តែ ១០០ ភាគរយនៃជំងឺទាំងអស់មិនមែនជំងឺកើតក្នុងស្រុកទេ គឺជំងឺនាំចូល។ នាំចូលដោយជនជាតិបរទេស ឬនាំចូលដោយជនជាតិខ្មែរយើង ដែលទៅបរទេស មកពីអាមេរិក មកពីអង់គ្លេស មកពីបារាំង មកពីម៉ាឡេស៊ី មកពី Saudi Arabia អញ្ចឹងខ្ញុំមិនដឹងថាចំនួន ៩០ នាក់នេះ ឥឡូវរកឃើញ ២៤ នាក់ហើយមិនដឹងថាតើនៅមានទៀតឬអត់? ប៉ុន្តែ យ៉ាងណាក៏ដោយនៅកម្ពុជាភ័ព្វសំណាងមួយនៅត្រង់ថា យើងអត់មានអ្នកណាស្លាប់ម្នាក់ទេ។
ម៉ាសក្រមា ម៉ាសខ្មែរ
ឥឡូវនេះ ខ្ញុំសូមអំពាវនាវឱ្យប្រជាពលរដ្ឋរបស់យើង ខ្ញុំបាននិយាយតាំងពីដើមទី ខ្ញុំប្រើពាក្យថាពាក់ម៉ាសនៅពេលចាំបាច់ ខ្ញុំមិនដែលបដិសេធថាមិនឱ្យពាក់ម៉ាសទេ រាប់ទាំងពេលដែលខ្ញុំប្រជុំកាសែតដំបូង។ ដោយសារអញ្ចេះ ខ្ញុំទ្រាំវាមិនបាន អា K01 នោះវាពាក់អាវខាងក្រៅព័ទ្ធជុំវិញទាំងអស់ វាទៅសម្ភាសន៍ដូចគេកំពុងតែចលាចលអ្វីមួយអញ្ចឹង។ បន្ទាប់ទៅ ស្រាប់តែ Facebook របស់ប្រធានសមាគមសិល្បៈចេញមកនារីម្នាក់គ្នាមិនដឹងថាស្អីផង ស្រាប់តែបង្ហោះ Facebook ថាជំងឺឆ្លងហើយស្រែកពុទ្ធោទៀត។
ប្រាប់ទាំងយប់ថាឱ្យប្រជុំកាសែត។ ពេលហ្នឹងខ្ញុំបានប្រកាសថា ជំងឺពិតប្រាកដនៅក្នុងប្រទេសរបស់យើងមិនមែនជំងឺកូរ៉ូណាទេ ជំងឺពិតប្រាកដរបស់យើងគឺជំងឺភ័យខ្លាច។ អញ្ចឹងពេលនោះខ្ញុំឱ្យជាអនុសាសន៍ ទាក់ទិនជាមួយនឹងការការពារខ្លួន ហើយត្រូវពាក់ម៉ាសនៅពេលចាំបាច់ ខ្ញុំមិនដែលបដិសេធថា មិនឱ្យពាក់ម៉ាសទេ រាប់ទាំងពេលនោះខ្ញុំឱ្យផ្ទេររោងចក្រខ្លះដេរទៅជាម៉ាស ឥឡូវរោងចក្រមួយចំនួនសិប្បកម្មមួយចំនួនបានក្លាយទៅជាម៉ាសហើយ។ ថ្ងៃនេះ ខ្ញុំបាននាំម៉ាសមក ឥឡូវខ្ញុំពាក់ម៉ាសហ្នឹង ម៉ាសនេះគឺយើងប្រើអាសន្សំសំចៃប្រាក់បានច្រើនជាង ម៉ាសដែលកំពុងពាក់ទាំងអស់គ្នានេះ ចេញពីហ្នឹងទៅត្រូវដោះម៉ាសក្រវាត់ចោលហើយ ប៉ុន្តែ កុំបោះចោលតាមផ្លូវរញ៉េរញៃ យកទៅដាក់នៅផ្ទះធុងសំរាមរបៀបម៉េច កប់ចោលរបៀបម៉េច អីរបៀបម៉េច ប៉ុន្តែ ម៉ាសក្រម៉ានេះមួយយើងអាចប្រើបានច្រើនថ្ងៃតាមរយៈដែលយើងបោកទឹកបាន។ ថ្ងៃហ្នឹងខ្ញុំនាំមកម៉ាសម្នាក់ចំនួន ២០ ម៉ាស ម៉ាសក្រម៉ាដែលក្រសួងសុខាភិបាលបានទិញ ឯខ្ញុំទៅទិញហាងមួយ ហាងហ្នឹងគេដាក់ម៉ាសក្រម៉ា ម៉ាសខ្មែរ ហើយមាន logo ដាក់រាជសែន ខ្ញុំមិនទាន់សួរផង តើរាជសែនមានន័យថាម៉េច? អា logo តូចមួយ ប៉ុន្តែមានគ្រប់ពណ៌ អាហ្នឹងបើថាថ្ងៃហ្នឹងពាក់ ខ្ញុំត្រូវរៀបចំដែរ។ ខ្ញុំមកក្រម៉ាហ្នឹង ខ្ញុំពាក់ម៉ាសនេះ ហើយបើសិនខ្ញុំមកក្រម៉ាក្រហម ខ្ញុំមានពណ៌ក្រហមរបស់ខ្ញុំ ប៉ុន្តែអានេះអត់ទេ ខ្ញុំដាក់ហោប៉ៅសងខាងសុទ្ធតែមាន ខ្ញុំមានម៉ាសនៅក្នុងហោប៉ៅ កាលណាមានការចាំបាច់ ខ្ញុំមានម៉ាសមកពាក់ ហើយក្រៅពីនោះ ខ្ញុំមានក្រម៉ាទៀត មានការអីគិប ចងជាប់។
ការពារកុំឱ្យជំងឺឆ្លងចូលទៅក្នុងសហគមន៍
កូវីដ ១៩ អត់ទាន់ចប់ទេ មិនដឹងថាហួសបន្លាយពេលវេលាប៉ុន្មានទេ អ្នកវិទ្យាសាស្ត្រជាង ២០០ នាក់ សរសេរសំបុត្រទៅអង្គការសុខភាពពិភពលោកថាមានលទ្ធភាពឆ្លងតាមខ្យល់អាកាស ឥឡូវតើពិត ឬមិនពិត? បើសិនជាពិតរលំរលាយហើយមើលទៅ សូម្បីតែខ្យល់ដកដង្ហើមក៏យើងត្រូវរកអុកស៊ីសែនស្ពាយតាមខ្លួន។ យើងត្រូវបង្ការ មកតាមផ្លូវ ឥឡូវប្រជាពលរដ្ឋពីមុនខ្លាចជ្រុល ឥឡូវបន្លាចក៏មិនខ្ចីខ្លាច។ ដល់កហើយឥឡូវនេះ។ ពីមុនផ្អើលទិញអង្ករ ខ្ញុំរុញទូកបណ្តោយទឹកបណ្តោយ រុញទូកបណ្តោយទឹករបៀបម៉េច? ប្រហែលជាយកចាក់ឡើងវិញ ពេលនោះខ្ញុំនៅចែកសញ្ញាប័ត្របាននៅឡើយទេ ខ្ញុំថាអង្ករកំពុងតែលក់មិនដាច់ផង អញ្ចឹងទេបើសិនជាផ្អើលទិញអង្ករ ផ្អើលទិញស្អីៗ យកទៅទុក ឥឡូវសុំជួយទិញអង្ករម្នាក់មួយប៉ាវ ម្នាក់ពីរប៉ាវយកទៅទុក។ ដល់រុញឱ្យទិញអង្ករមិនខ្ចីទិញ។ ឥឡូវមកតាមផ្លូវ ១០ ពាក់មួកសុវត្ថិភាពទាំង ១០ ប៉ុន្តែម៉ាសឃើញតែ ១ ទេ អ្នកជិះម៉ូតូ។ ប៉ុន្តែខ្ញុំនៅតែស្នើឱ្យការខិតខំការពារខ្លួន ហើយរឿងនេះគ្មានអ្នកណាជួយយើងក្រៅពីយើងទេ បានជាខ្ញុំចាប់ផ្តើមនិយាយក្នុងសន្និសីទកាសែត ណែនាំប្រជាពលរដ្ឋ ត្រូវការពារខ្លួន ដោយចាប់ផ្តើមពីមនុស្សម្នាក់ៗ ឪពុកយើងក៏មិនអាចជួយយើងបាន ប្រពន្ធយើងក៏មិនអាចជួយយើងបាន ប្តីយើងក៏មិនអាចជួយយើងបាន អញ្ចឹងយើងត្រូវចាប់ផ្តើមពីមនុស្សម្នាក់ៗ អនាម័យផ្ទាល់ខ្លួន។ ខ្ញុំមានអាល់កុលលាងដៃរបស់ខ្ញុំ ដាក់តាមហោប៉ៅមួយទៅ ជួនកាលអង្គរក្សគេចាក់ឱ្យទៅ កាលណាអង្គរក្សគេភ្លេចទៅ យើងក៏ចាក់ខ្លួនឯងមក ព្រោះអង្គរក្សគេមានរបស់គេ សម្រាប់លាងដៃឱ្យយើង ប៉ុន្តែកាលណាអង្គរក្សគេមិនចាក់ទេ យើងមានរបស់យើងស្រាប់។ អញ្ចឹងយើងត្រូវការការពារខ្លួនយើងតទៅទៀត កុំឱ្យជំងឺនេះឆ្លងចូលទៅក្នុងសហគមន៍ឱ្យសោះ។
សាលារៀន ភោជនីយដ្ឋាន បើកជាបណ្តើរៗ តែត្រូវមានការរក្សាអនាម័យ និងវិធានការត្រឹមត្រូវ
ពិតមែនហើយយើងចាប់ផ្តើមបើកបណ្តើរៗ។ ឥឡូវ សាលាបើកឱ្យមានការប្រឡង ហើយសាលាឯកភាពយល់ព្រមទៅជាមួយរដ្ឋមន្ត្រីអប់រំពីម្សិល ឱ្យចាប់ផ្តើមបើកដំណាក់កាលទី ១ គឺបើកកម្រិតឧត្តមសិក្សាដែលគេមានការគ្រប់គ្រង ហើយគម្លាតសុវត្ថិភាពយ៉ាងម៉េចអីយ៉ាងម៉េច។ សាលាឯកជនត្រូវធ្វើយ៉ាងម៉េចអីយ៉ាងម៉េច។ ខារ៉ាអូខេ ក្លាយទៅជាភោជនីយដ្ឋាន ប៉ុន្តែអ្នកខ្លះវាមិនទៅជាភោជនីយដ្ឋាន វានៅជាខារ៉ាអូខេលួចលាក់ទៅទៀត ជ្រកក្រោមស្លាក។ អាហ្នឹងប្រយ័ត្ន។ យប់មិញដូចជាមានការចាប់មួយកន្លែងនៅចំការមន ដែលប្រើប្រាស់គ្រាន់តែស្លាកដូរតែខាងមុខ។ អញ្ចេះចូលស៊ីពេញៗហាងឡើងវិញហើយ។ ខ្ញុំមិនហាមឃាត់ទេ ទទួលទានទៅ។ ខ្ញុំបានបង្ហាញខ្លួននៅហាងមួយហើយ កូនចៅ និងមិត្តភក្តិមួយចំនួន ខ្ញុំបានទៅទទួលទាននៅហាងហ្នឹងហើយ ចង់ដឹងមើលថាហាងរបៀបម៉េច ហើយក៏ធ្វើដំណើរទៅឃើញគេមានអីចូលហាងស៊ីហើយ។ ផ្ទះសំណាក់នៅតាមកន្លែងទេសចរណ៍មួយចំនួន សណ្ឋាគារមួយចំនួនត្រូវបានបើកឱ្យប្រជាពលរដ្ឋក្នុងស្រុកហើយ។ ពេលសំរាកជំនួសចូលឆ្នាំខាងមុខ ផ្ទះសំណាក់នឹងអាចកាន់តែមានតម្រូវការ។ អញ្ចឹងការបាត់បង់ការងារ និងប្រាក់ចំណូលក្នុងវិស័យសេវា នឹងត្រូវបានកាត់បន្ថយ។
គ្រោងផ្តល់សាច់ប្រាក់ជូនប្រជាជនក្រីក្រពី ២ ខែ ទៅ ៤ ខែ ករណីមិនធូរស្រាល
ពិតមែនហើយ យើងបាននឹងកំពុងដោះស្រាយឱ្យកម្មកររបស់យើងប្រមាណ ១៧ ម៉ឺននាក់ ដែលបានបាត់បង់ការងារធ្វើ នូវប្រាក់មួយចំនួនឱ្យពួកគេ គឺ ៤០ ដុល្លារក្នុងមួយខែ ក្រៅពីនោះតួលេខត្រឹមពីម្សិល យើងបានផ្តល់សាច់ប្រាក់ឱ្យប្រជាជនក្រីក្រ ចំនួនជាង ៥២ ម៉ឺនគ្រួសាររួចស្រេចទៅហើយ ក្នុងទំហំទឹកប្រាក់ ៩២ ពាន់លាន គឺ ២៣ លានដុល្លាររួចស្រេចទៅហើយ។ តាមការគ្រោងទុករបស់យើង ខ្ញុំបានប្រកាសថាធ្វើ ២ ខែ បើវាមិនស្រាលទេ យើងធ្វើ ៤ ខែ ក៏ប៉ុន្តែលុយបើកទៅមុនសម្រាប់ ១០ ខែឯណោះ សម្រាប់ត្រៀមរបស់យើង។
ប៉ុន្តែ ខ្ញុំក៏អំពាវនាវកម្មករ កម្មការិនីរបស់យើង និងបងប្អូនដែលត្រឡប់ពីថៃ ចូលរួមនៅក្នុងវិស័យកសិកម្ម ជម្រុញវិស័យកសិកម្ម ឥឡូវបង្កើតរបររបៀបចិញ្ចឹមត្រី ឥឡូវបើថា ៥០ ម៉ឺនដុល្លារវាមិនគ្រប់ យើងបន្ថែមដើម្បីឱ្យអ្នកទាំងនោះចិញ្ចឹមត្រីអណ្តែង យើងបន្ថែមឱ្យពួកគាត់មានដើមទុន។ អាហ្នឹងយើងឱ្យទទេតែម្ដង។ កូនត្រីក៏យើងឱ្យទទេ តង់ក៏យើងឱ្យទទេ ហើយយើងទៅជួយបង្ហាត់បង្ហាញឱ្យគាត់មានមុខរបរ។ យើងមិនមែនចិញ្ចឹមតែត្រីឯណា យើងធ្វើស្រែ តែយើងចិញ្ចឹមត្រីបន្ថែមដើម្បីយកប្រាក់ចំណូល វាជាឱកាស។ អញ្ចឹងការស្រាវជ្រាវ ការស្អីៗ ត្រូវធ្វើជាបន្ត។
ខ្ញុំហាក់ដូចជានិយាយច្រើនហើយ យប់មិញខ្ញុំបានចេញផុតពីផ្ទះនៅម៉ោង ៥:៤០ នាទី ការពិតគេឱ្យខ្ញុំមកដល់កន្លែងហ្នឹងម៉ោង ៨។ ទម្លាប់របស់ខ្ញុំ ខ្ញុំមិនឱ្យអ្នកដែលនៅរង់ចាំខ្ញុំយូរទេ។ ខ្ញុំភ្ញាក់ម៉ោង ៥ ខ្ញុំត្រូវការពេលវេលាខ្លីណាស់ បានជាខ្ញុំមានពេលច្រើនដើម្បីធ្វើការ បើសិនជាធ្វើការធម្មតា ខ្ញុំអត់ត្រូវការដល់កន្លះម៉ោងទេ ដោយសារខ្ញុំត្រូវរៀបចំស្អីៗ ហើយទៅយកឯកសារ បានជាខ្ញុំត្រូវប្រើពីពេលភ្ញាក់ដល់ ៤០ នាទីនោះ ទើបឡានចេញពីផ្ទះ ប៉ុន្តែជាធម្មតាពេលព្រឹកខ្ញុំប្រើយូរបំផុត ២០ នាទី ទាំងលុបមុខ ទាំងទទួលទាន ទាំងចេញពីផ្ទះ ចេញដំណើរផុតពីផ្ទះ។ ពេលថ្ងៃរសៀលយូរបំផុតគឺ ១៥ នាទី ចេញផុតពីផ្ទះ អត់ត្រេតត្រតទេ ព្រោះខោអាវខ្ញុំរៀបចំថាព្រឹកឡើងត្រូវស្លៀកអី ខ្ញុំរៀបចំពីល្ងាចហើយស្រេច តាំងពីអាវក្នុង តាំងពីក្រវាត់ក យូរៗនឹងអាក្រវាត់កហ្នឹងតើ ព្រោះអត់ចេះក្រវាត់កនឹងគេ មួយជីវិតនេះទីមួយមិនចេះចងក្រវាត់ក ទីពីរមិនចេះភ្លេង ហើយក៏មិនចេះច្រៀង ច្រៀងបានតែដាច់គោ ដាច់ក្របីគេអស់ហើយ ផ្អើល។
អាចបង្កើនការវិនិយោគលើវារីវប្បកម្មពី ៥០ ម៉ឺន ទៅ ៥ លានដើម្បីបង្កើតការងារឱ្យកសិករ
អញ្ចឹងទេ ចំនួនគ្រួសាររបស់យើងដែលមានស្រះចិញ្ចឹមត្រី ដែលធ្វើវារីវប្បកម្មមាន ៤៦ ០០០ គ្រួសារហើយ ហើយអ្នកដែលមានស្រះ គឺមាន ៤១ ៩៣៩ គ្រួសារ មើលរុញគ្រួសារចិញ្ចឹមត្រីឱ្យឡើង ១០ ម៉ឺនគ្រួសារមើល រុញវា។ រដ្ឋចំណាយទុនវិនិយោគឱ្យកសិករ បង្កើតការងារឱ្យកសិករ យើងហ៊ានចិញ្ចឹមប្រជាពលរដ្ឋក្នុងមួយខែ ២៥ លានដុល្លារ ដោយមិនទាន់គិតកម្មករ និងស្រ្តីឆ្លងទន្លេ បូកនឹងស្ត្រីមានផ្ទៃពោះ ឆ្លងទន្លេរហូតដល់ ២ ឆ្នាំ ក្នុងមួយខែយើងចំណាយប្រហាក់ប្រហែល ៥០ លានដុល្លារក្នុងសម័យ COVID-19 នេះ ម៉េចយើងមិនហ៊ាន។ ឥឡូវទើបអស់កន្លះលាន ខ្ញុំថាឱ្យចំណាយ ៥ លានដុល្លារថែមទៀតក៏វាមិនហួសហេតុដែរ ដើម្បីពង្រីកឱ្យកសិករយើងចិញ្ចឹមត្រី អត់ខ្លាចវិនិយោគទេ ព្រោះវិនិយោគនេះ ជាការវិនិយោគបង្កើតការងារធ្វើឱ្យកសិករ បង្កើតប្រាក់ចំណូលឱ្យកសិករ វាក៏មានតម្លៃមិនអន់ជាងការវិនិយោគធ្វើសាលារៀននោះទេ។ ដូច្នេះអត់មានរឿងអីត្រូវខ្លាចវិនិយោគទេ អញ្ចឹងត្រូវរុញទាំងអស់គ្នា។
ឥឡូវគ្រាន់តែស្រូវស្រាលរបស់យើង ទិន្នផលលើសពី ៤ តោនទៅហើយ។ អញ្ចឹងឥឡូវនៅស្រុកខ្មែរ ស្ទើរតែលែងនិយាយរដូវណារដូវប្រាំង រដូវណារដូវវស្សាហើយ ព្រោះខែណាក៏មានស្រូវច្រូតដែរ។ ពីមុនយើងមានរដូវប្រាំង និងរដូវវស្សា ហើយរដូវវស្សារបស់យើងច្រើនតែច្រូតនៅខែ ១០ ខែ ១១ ព្រោះលេងសុទ្ធតែធ្វើពូជនាងពួន។ ឥឡូវយើងប៉ុន្មានឆ្នាំចុងក្រោយនេះ លែងពូជនាងពួន ទៅជានាងសង្ហាទាំងអស់។ ពូជនាងពួននេះ ខ្ញុំជាមួយឯកឧត្តម លឹម គានហោ ទៅពោធិសាត់។ ទៅដល់ពេលហ្នឹងទឹកជំនន់ គេហៅថាជំនន់ខែប្រាំងទៀត ស្ទើរតែចូលរដូវលំហើយទៅហើយ ទឹកជំនន់ លិចស្រូវគាត់ខូចទាំងអស់។ ដល់សួរគាត់ថាស្រូវអី ថាពីមុនធ្វើស្រូវស្រាល ប៉ុន្តែពិបាកច្រូតក្នុងទឹក អញ្ចឹងក៏ធ្វើស្រូវធ្ងន់ទៅ បានខ្ញុំថាអាហ្នឹងពូជនាងពួន ឥឡូវកុំធ្វើនាងពួនអី ធ្វើនាងសង្ហាម្តងវិញទៅ ធ្វើស្រូវស្រាល។ អញ្ចឹងឥឡូវប្រជាពលរដ្ឋរបស់យើង បានផ្លាស់ប្តូរពីការ ផ្ទេរពីស្រូវធ្ងន់ មកស្រូវកណ្តាល ហើយអ្នកធ្វើស្រូវកណ្តាល ផ្ទេរមកស្រូវស្រាល នៅនេះជិតពាក់កណ្តាលហើយដែលធ្វើស្រូវស្រាល។ ដូច្នេះនេះហើយដែលយើងទទួលផលល្អ សុំបន្ត ហើយខ្ញុំនឹងនិយាយរឿងប្រធានបទស្រូវនេះ ទុកនិយាយនៅព្រៃកប្បាសថែមទៀត …។
បាញ់សម្លាប់ប្អូនថ្លៃខ្ញុំ បាញ់បេ ៤០ ប៉ងសម្លាប់ខ្ញុំ នរណាគិតពីការរកយុត្តិធម៌ឱ្យ? ខ្ញុំមិនចងពៀរទេ
អ្នកណាត្រូវ(ការ)ដាក់គ្រាប់មីន គ្រាប់បែក ទៅដាក់មុនទៅ កុំឱ្យវាពិបាកពេក (ក្រែងលោគិតថា)ទុកនៅអាមួយហ្នឹងអញកាន់អំណាចមិនបាន ទាល់ដាក់មីនកំចាត់វាចោល ដូចឆ្នាំ ១៩៩៨ បាញ់បេ ៤០ បួនគ្រាប់ ប៉ុន្តែសំណាងវាផ្ទុះមួយគ្រាប់ វាមិនត្រូវឡាន កុំអីរកឆ្អឹងមិនឃើញទេ។ អ្នកណាបានស្វែងរកយុត្តិធម៌សម្រាប់ខ្ញុំ ពេលដែលគេបាញ់ប្អូនថ្លៃខ្ញុំស្លាប់ម្នាក់ នៅកណ្តាលក្រុងភ្នំពេញនៅឆ្នាំ ១៩៩៦ , ឆ្នាំ ១៩៩៨ គេបាញ់ខ្ញុំ ៤ គ្រាប់បេ ប៉ុន្តែផ្ទុះ ៣ គ្រាប់ ស្លាប់ប្រជាពលរដ្ឋម្នាក់ កូនក្មេងម្នាក់ និងរបួសម្នាក់ អ្នកណាខ្វល់ខ្វាយរកយុត្តិធម៌ឱ្យខ្ញុំ ឬអាងថាជីវិតនាយករដ្ឋមន្ត្រីមិនមានតម្លៃ បានជាមិនរកយុត្តិធម៌។ តែខ្ញុំមិនតាមចងកម្មពៀរទេ តែខ្ញុំនឹងទៅព្រៃកប្បាសថ្ងៃទី ២១។
ទាក់ទាញអ្នកវិនិយោគក្នុងស្រុក ឱ្យផលិតចំណីសត្វ
ឥឡូវបញ្ហាទាក់ទងជាមួយនឹងចំណីសត្វ ឯកឧត្តម វេង សាខុន យើងពិភាក្សាអញ្ចេះ ខ្ញុំគិតថាទាល់តែទាក់ទាញអ្នកវិនិយោគក្នុងស្រុករបស់យើង ដើម្បីឱ្យមានការវិនិយោគផលិតចំណីសត្វ ចំណីត្រី ចំណីសត្វ ចំណីដទៃទៀតដែលយើងនាំចូលនេះ ដើម្បីកាត់បន្ថយការនាំចូល។ មានចំនួនតិចណាស់ ដែលចង់ផលិត ជីក៏មិនចង់ផលិត ហើយចំណីសត្វក៏មិនចង់ផលិត។ អាចមកពីកត្តាមួយចំនួនដែលធ្វើឱ្យរាំងស្ទះ ដូចជាតម្លៃអគ្គិសនី តម្លៃនេះ តម្លៃនោះ។ អញ្ចឹងត្រូវរកវិធីប៉ះប៉ូវអាហ្នឹង។ ទុនដែលយើងបានបោះសម្រាប់វិស័យកសិកម្ម សម្រាប់សហគ្រាសធុនតូច និងមធ្យម។ ឥឡូវត្រឡប់ទៅវិញពិភាក្សាជាមួយឯកឧត្តម ចម ប្រសិទ្ធិ ពិភាក្សាជាមួយឯកឧត្តម សុខ ចិន្តា ជុំគ្នា ដើម្បីទាញឯកជនណាមួយឱ្យវិនិយោគ មួយឬពីរឬបី ឱ្យវិនិយោគ ហើយរដ្ឋយើងតាមរយៈធនាគារអភិវឌ្ឍន៍ជនបទជួយផ្តល់ឥណទាន គាំទ្រឥណទាន សម្រាប់ការផលិត។ ពិតមែនហើយយើងរំលាយចោលក្រុមហ៊ុនប៉ុន្មាននោះ ដើម្បីទទួលបានលក្ខខណ្ឌប្រើប្រាស់ឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ទីមួយក្រុមហ៊ុនជលផល ផ្នែកនេសាទកាលហ្នឹង ទី ២ ក្រុមហ៊ុនចំការកៅស៊ូ ដើម្បីប្រើ ព្រោះខាងបរទេសជួនកាលដាក់តម្រូវទាល់តែយើងរំសាយក្រុមហ៊ុនរដ្ឋនេះចោល។
រដ្ឋអាចចម្រុះទុនជាមួយឯកជន បង្កើតសមត្ថភាពផលិតចំណី
ប៉ុន្តែនៅក្នុងចំណុចនេះ បើសិនជាឯកជនមិនមានលទ្ធភាពគ្រប់គ្រាន់ទេ រដ្ឋអាចចម្រុះទុនជាមួយនឹងវិស័យឯកជន ដើម្បីយើងបង្កើតសមត្ថភាពផលិតចំណីសត្វនៅក្នុងប្រទេសរបស់យើង។ បើយើងធ្វើបានអាហ្នឹង ហើយថ្លៃវាប្រហាក់ប្រហែលនឹងការនាំចូល ប្រជាពលរដ្ឋគាត់នឹងទិញអាហ្នឹងយកទៅប្រើប្រាស់ អញ្ចឹងយើងបង្កើតបានការងារក្នុងស្រុក បង្កើតនូវភាពម្ចាស់ការលើការផ្គត់ផ្គង់ចំណីសត្វក្នុងស្រុក។ អញ្ចឹងត្រូវរួមគ្នា ហើយលើកបញ្ហាហ្នឹងទៅឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដែលជាប្រធានគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច តើយើងគួរធ្វើយ៉ាងម៉េច ដើម្បីផលិតបាន? ទៅមួយពេលទាំងអស់ក៏វាមិនទាន់ផលិតបានដែរ អាចណាទៅមុនបាន យើងទៅ ព្រោះមិនមែនខ្លះផលិតចំណីត្រី ខ្លះផលិតចំណីកង្កែប ខ្លះផលិតចំណីសម្រាប់ជ្រូក ខ្លះផលិតចំណីសម្រាប់គោ ហើយដែលមានតម្លៃថោក អញ្ចឹងតើរដ្ឋជួយឧបត្ថម្ភរបៀបម៉េច? គោលការណ៍សេដ្ឋកិច្ចទីផ្សារ រដ្ឋអត់ត្រូវឧបត្ថម្ភទុនទេ ក៏ប៉ុន្តែរដ្ឋអត់ឧបត្ថម្ភទុននេះ គេប្រើតែពីប្រទេសអ្នកមានមកឱ្យអ្នកក្រ តែប៉ុណ្ណឹង ប៉ុន្តែអ្នកមានខ្លួនឯងឧបត្ថម្ភទុនមិនតិចទេ ដើម្បីកសិកររបស់គេរស់នោះ អញ្ចឹងទេ យើងក៏ត្រូវហ៊ានលេងដែរ។
យើងអាចហ៊ានបញ្ចុះថ្លៃអគ្គិសនីឱ្យនៅសល់ប៉ុន្មាន ដែលយើងអាចជួយប៉ះប៉ូវ ដើម្បីឱ្យការផលិតចំណីសត្វ ផលិតជី មាននៅក្នុងស្រុករបស់យើង។ វត្ថុធាតុដើមត្រូវរកពីអ្នកណា ឥឡូវយើងបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកទេស និងនវានុវត្តន៍ អញ្ចឹងនឹងប្រមូលផ្តុំអ្នកស្រាវជ្រាវ ទាំងផ្នែកកសិកម្ម ទាំងផ្នែកឧស្សាហកម្ម ផ្នែកនេះ ផ្នែកនោះ ទៅប្រមូលផ្តុំនៅកន្លែងនេះ។ ឥឡូវយើងពិនិត្យមើល ទុនវិនិយោគត្រូវការប៉ុន្មាន ដើម្បីយើងឱ្យមានការផ្គត់ផ្គង់ក្នុងស្រុក បើយើងធ្វើបានអាហ្នឹងទៀត ភាពម្ចាស់ការរបស់យើងកាន់តែខ្ពស់ អញ្ចឹងខ្ញុំផ្តល់ជាអនុសាសន៍ត្រឹមប៉ុណ្ណឹងចុះ។
សហហរិញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម និងវិស័យកសិកម្ម សម្រាប់ការអភិវឌ្ឍជនបទ
ហើយ ឃុន សាវឿន នេះបេក្ខជនតំណាងរាស្ដ្រនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដល់តែបោះឆ្នោតរកកៅអីមិនបាន ខ្ញុំក៏ឱ្យមក។ កាលហ្នឹងគាត់ពូកែឃោសនាអំពីកសិកម្ម ប៉ុន្ដែពេល សាវឿន ឯងធ្វើបេក្ខជននៅហ្នឹង សាវឿន ឯងគិតថា សាមញ្ញណាស់ ស្រួលណាស់។ ដល់មកធ្វើ មិនមែនស្រួលទេ។ និយាយស្រួល។ ឥឡូវ វឿន ឯងទៅធ្វើទៅ ទទួលបន្ទុកជលផលដែរតើ។ ថ្ងៃនេះ ខ្ញុំឱ្យអាទិភាពខ្ពស់លើជលផលហើយ ដឹកនាំធ្វើទៅ ប៉ុន្មាននាក់សុទ្ធតែអ្នកខាងជលផល នាំគ្នាធ្វើអាហ្នឹង។ ឥឡូវ ខ្ញុំបង្កើនទុនមកឱ្យលើផ្នែកសកម្មភាពក្នុងស្រុក ដើម្បីឱ្យអ្នកមានអ្នកបច្ចេកទេសរបស់យើងចុះធ្វើការ ជួយដំឡើងបែត្រីហ្នឹងយ៉ាងម៉េចអីយ៉ាងម៉េច ហើយយើងផ្នែកធារាសាស្ដ្រ ខាងការដាំដុះ ជួនកាលយើងធ្វើបឹងមួយយ៉ាងធំ យើងអនុញ្ញាតឱ្យប្រជាពលរដ្ឋទៅចិញ្ចឹមត្រីក្នុងហ្នឹងទៅ អត់មានអីខាត។ គាត់ធ្វើជាបែយកទៅដាក់ក្នុងបឹងហ្នឹងទៅ តែកុំឱ្យគាត់យកបឹង។ សូម្បីជាទន្លេ គាត់អាចធ្វើជាបែ យកទៅដាក់ក្នុងទន្លេ ដល់ខែវស្សាគាត់ទាញយកមកខាងលើ ខាងប្រាំងគាត់ដាក់ត្រឡប់ទៅវិញ។ ចិញ្ចឹមឱ្យឡើងដល់ ១០ ម៉ឺនគ្រួសារមើល។ តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ យើងរុញលុយហ្នឹងចុះទៅឱ្យពួកគាត់ចិញ្ចឹមត្រី ព្រោះយើងបានបញ្ចូលថវិកាទៅធ្វើសហហរិញ្ញប្បទានក្នុងសហគ្រាសធុនតូច និងមធ្យម និងវិស័យកសិកម្ម សម្រាប់ការអភិវឌ្ឍជនបទ ហើយទំហំប្រាក់សម្រាប់វិស័យកសិកម្មក៏មិនមានការថយដែរទេ។
ត្រៀមថវិកាសំរាប់ការជម្រុញសកម្មភាពវារីវប្បកម្ម
ឥលូវឱ្យ ៥០ ម៉ឺន(ដុល្លារ) មកសម្រាប់ ១ ០០០ គ្រួសារ សម្រាប់ចិញ្ចឹមត្រីអណ្ដែង ៧០០ គ្រួសារ ចិញ្ចឹមកង្កែប ហើយបើចាយលុយប៉ុណ្ណឹងអស់ប្រាប់មកខ្ញុំ ថែមឱ្យប៉ុណ្ណឹងទៀត។ អស់ប៉ុណ្ណឹងថែមទៀត ថែមរហូត។ មើលឱ្យស្រុកខ្មែរយើង រាប់ទាំងអ្នកព្រៃវែង ក្លាយជាអធិរាជត្រីអណ្ដែងមើល អាំង ឬសម្លកកូរ ហើយបើត្រីប្រឡាក់ក៏អស់ទាស់ដែរ។ ខ្ញុំសូមបញ្ជាក់ណា ក្នុង ៣៦៥ ថ្ងៃ ក្នុងមួយថ្ងៃត្រូវមានត្រីមួយក្បាលឱ្យខ្ញុំ គឺត្រីឆ្ពិន ហើយត្រីឆ្ពិនមែនត្រីទន្លេអី ត្រីចិញ្ចឹមហ្នឹង។ ប្រហែលពេលនេះគេចាំមើលខ្ញុំ ពេលណាខ្ញុំចេញទៅជិតដល់ផ្ទះ គេចាប់ផ្ដើមអាំងត្រីឆ្ពិនឱ្យខ្ញុំហើយ។ ត្រីឆ្ពិនមួយជាមួយទឹកត្រីប៉េងប៉ោះ ខ្ញុំហូបនេះហូបនោះ ប៉ុន្ដែនៅចុងបង្ហើយរបស់ខ្ញុំគឺ បាយជាមួយត្រីឆ្ពិន ទឹកត្រីប៉េងប៉ោះ តែប៉ុណ្ណឹង។
សូមអរគុណ និងកោតសរសើរខេត្តព្រៃវែង។ អភិបាលខេត្ត ថ្ងៃមុនឡើងទៅនិយាយពីវឌ្ឍនភាពរបស់ខេត្តព្រៃវែង ស្បោង សារ៉ាត់ (និទាន៖ វាធ្វើកសិដ្ឋានចិញ្ចឹមគោ ហើយមានមេឆ្កែវា។ ឆ្កែវាហក់មកជើងខ្ញុំសម្លាកដល់សព្វថ្ងៃនេះ ដែលក្នុងភាពយន្ដ ដំណើរឆ្ពោះទៅរកការរំដោះជាតិ ខ្ញុំចង្អុលទៅសម្លាកជើងឆ្កែនោះ គឺឆ្កែរបស់ សារ៉ាត់ នេះក្លើ)។ ថ្ងៃដែលខ្ញុំរត់ចេញ ឆ្កែហ្នឹងវាព្រូសខ្ញុំទៀត ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ១៩៧៧ ព្រោះវាលឺសំរិបជើង ព្រោះចន្លោះទីតាំងរបស់លោកឯង និងខ្ញុំប្រហែល ៧០០ ម៉ែត្រ ហើយខ្ញុំចេញប្រឡោះកណ្ដាល ឆ្កែវាព្រូសនៅខាងនោះ។ ព្រៃវែងថ្ងៃមុនត្រូវគេបង្អាប់ ហើយអ្នកហ្នឹងគ្នាបានជាជ្រុលជ្រួសហើយ អត់ទោសឱ្យគ្នាទៅ។ ប៉ុន្ដែព្រៃវែងជាស្រុកកំណើតនេនទុំ ជាស្រុកកំណើតប្រុសស្អាត ទៅយកនាងទាវនៅត្បូងឃ្មុំបាន។ កុំលេង ប្រយ័ត្នត្រូវស្នេហ៍អ្នកព្រៃវែង។ គ្នាប្រហែលមិនបានគិត(ដល់) ហើយគ្នាក៏បានសុំទោសសុំពៃរ៍អីដែរ។
អំណោយជូនអ្នកចូលរួមកម្មវិធី
ថ្ងៃនេះបងប្អូនមកចូលរួមទាំងអស់ដែលជាប្រជាកសិករចិញ្ចឹមត្រី (ថ្ងៃនេះដូចមានត្រី? ខ្ញុំនិយាយយូរតិចងាប់អស់ទៅ! សុទ្ធត្រីអណ្ដែង ក្នុងមួយថង់ប្រហែល ៧០០ កូន)។ ខ្ញុំនាំម៉ាសក្រម៉ា ត្រឡប់ទៅវិញពាក់ទៅ ម្នាក់អាច ២ ទៅ ប្ដី មួយប្រពន្ធមួយ ហើយអាចកូនអីទៅ។ ពាក់ពីព្រឹកថ្ងៃបោក ពាក់មួយទៀត ល្ងាចបោក ដូរ អាហ្នឹងបានយូរ។ នៅប្រទេសរបស់យើងបានប្ដូរ ១០ រោងចក្រហើយ(ទៅផលិតម៉ាសវិញ) ប៉ុន្ដែ(ម៉ាសដែលយកមកនេះ) មិនមែនរោងចក្រទេ។ មើលទៅសិប្បកម្ម ច្នៃប្រឌិត ចង់ល្អជាងអានោះផង អានោះខ្ញុំពាក់ទៅហប់ អានេះមានប្រដាប់បឺតខ្យល់ មានប្រឡោះគ្រាន់ដកដង្ហើមបាន។ សម្រាប់កសិករនៅទីនេះ ១៥០ គ្រួសារ ក្នុងមួយគ្រួសារ ២០ ម៉ាស ជែលលាងដៃ ២ ដប សាប៊ូ ២ ដុំ (សុទ្ធតែប្រដាប់ប្រឆាំងកូវីដ) ក្រម៉ាមួយ មុងមួយ ខ្នើយមួយ កន្ទេលមួយ និងថវិកា ១០ ម៉ឺនរៀល។ សម្រាប់មន្ដ្រីជលផលដែលចូលរួមថ្ងៃនេះ ៤៥ នាក់ ក្នុងមួយម្នាក់ ២០ ម៉ឺនរៀល(ឯណាក្មួយស្រីមិញ យើងខាងវារីវប្បកម្ម? សញ្ញាបត្រដល់ណា? បរិញ្ញាបត្រ រៀននៅព្រែកលាភ។ ចូលធ្វើការប៉ុន្មានឆ្នាំហើយ? ប្រាក់ខែប៉ុន្មាន? ១ លាន ៣០ ម៉ឺនរៀល)។
មិនប្រើលុយបរទេសស្រាយកិច្ចការសង្គម, មិនកាត់ប្រាក់ខែ, អំណោយសប្បុរសជាង ១៥ លានដុល្លារ
កុំថាកូវីដ រាជរដ្ឋាភិបាលកាត់លុយណា ហើយនៅតែបើក ២ អាទិត្យម្ដង។ រដ្ឋាភិបាល ហ៊ុន សែន មិនទាន់រលំទេ ផ្ដាំទៅអ្នកថា។ ផ្ដាំទៅ រ័ត្ន សុធី ខាងបន្ទាយមានជ័យ ដែលបាននិយាយថា ផ្ដល់ជំនួយឱ្យប្រជាពលរដ្ឋដោយជំនួយរបស់ EU សហគមន៍អឺរ៉ុប។ ខ្ញុំប្រាប់ទៅលោក សុធី ឯង សំណាងហើយដែលខ្ញុំមិនបញ្ជាឱ្យចាប់។ បើថ្ងៃហ្នឹង ខ្ញុំបញ្ជាឱ្យចាប់ ពេលនេះ លោក សុធី ឯងនៅក្នុងគុក។ លោក សុធី ឯងបានព័ត៌មានពីណាដែលថា ខ្ញុំយកលុយពីសហគមន៍អឺរ៉ុប ទៅបើកឱ្យប្រជាពលរដ្ឋក្នុងមួយខែ ២៥ លានដុល្លារនេះ? ឈ្មោះ រ័ត្ន សុធី លោកឯងនៅកន្លែងណា លោកឯងនិយាយយ៉ាងម៉េច លោកឯងចាំក្នុងខ្លួនឯងទៅ ខ្ញុំផ្ដាំទៅលោកឯងតែប៉ុណ្ណឹងទេ។ រាជរដ្ឋាភិបាល ហ៊ុន សែន អត់ទាន់ប្រើប្រាស់លុយបរទេសមួយសេនណាទៅលើបញ្ហាការដោះស្រាយកិច្ចការសង្គម របស់ប្រជាពលរដ្ឋកម្ពុជាទេ។
ប្រាក់ខែ(មន្រ្តីរាជការ កងកម្លាំង)មិនត្រឹមតែមិនកាត់។ ឯប្រទេសដទៃស៊ីញ៉េកាត់ប្រាក់ខែ។ តែកម្ពុជាអត់កាត់ប្រាក់ខែទេ។ ប៉ុន្តែ មានមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធជាង ៧ ម៉ឺននាក់រួចស្រេចទៅហើយ ដែលបានបរិច្ចាគ(ប្រាក់ខែមួយចំនួនរបស់ខ្លួន)ដែលចាប់ផ្ដើមពីខ្ញុំប្រកាសកាត់ប្រាក់ខែខ្ញុំ ៧ ខែ ស្រាប់តែម្នាក់ៗ (ធ្វើ)តាមៗ ឥឡូវដោយទាំងប៉ូលីស និងទាហានស័ក្ដិ ២, ស័ក្ដិ ៣ អីមួយចំនួន ក៏ចេញមកកាត់(ប្រាក់ខែមួយចំនួន)ហ្នឹងគេដែរ។ តែកាត់(ប្រាក់ខែ)តាមតិចតាមច្រើន។ ដល់មួយនោះ ជាស្មៀនសង្កាត់ម្នាក់ កាត់ប្រាក់ខែ មួយខែ ១ ម៉ឺនរៀល(ផ្ដល់ជូនរាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងកូវីដ១៩) កាត់ប៉ុន្មានខែ ព្រោះគាត់ក៏ប្រាក់ខែតិចដែរ តែជាទឹកចិត្តសប្បុរស។
បើនិយាយពីសប្បុរសជន ផ្ដើមចេញពីហ្លួងម៉ែ និងព្រះករុណា។ ពីមុន ព្រះអង្គទាំងទ្វេបានប្រគល់ប្រាក់ ៣០ ម៉ឺនដុល្លារ។ ស្រាប់តែថ្ងៃមុន ព្រះអង្គអញ្ជើញឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ទៅទទួល ២ លានដុល្លារ។ ព្រះអង្គទាំងទ្វេចូល ២ លានដុល្លារទៀត ដែលធ្វើឱ្យទំហំនៃចំនួនប្រាក់បរិច្ចាគពីសប្បុរសជនឡើងជាង ១៥ លានដុល្លារ។ ឥឡូវយើងចាយអស់ជាង ៨ លានដុល្លារ ព្រោះបានវាយមកឱ្យខ្ញុំរាល់យប់។
ប៉ុន្តែបើនិយាយពីការបរិច្ចាគប្រាក់ខែ ទំហំទឹកលុយជាង ៤១ ពាន់លានរៀល មានន័យថា ជាង ១០ លានដុល្លាររួចស្រេចទៅហើយ។ លោក រ័ត្ន សុធី ឯងត្រូវចាំ ហើយផ្ដាំទៅពួកក្រុមប្រឆាំងមួយប្រទេស មើលមុខអញឱ្យច្បាស់ អញនិយាយនៅខ្លាំងប៉ុណ្ណឹង ច្បាស់ណាស់ថា កម្លាំងអញគ្រប់គ្រាន់ដើម្បីទប់ទល់ជាមួយនឹងសភាពការណ៍ដ៏លំបាកនេះ។ ប្រជាជននៅជាមួយនឹង ហ៊ុន សែន នៅឡើយទេ។ ប្រជាជនខ្មែរមិនទាន់ស្លាប់ដោយអត់បាយទេ សូមចាំ …
មួយសេន ក៏មិនទាន់ប្រើលុយបរទេសណា ដើម្បីត្រួតត្រាបញ្ហា កូវីដ ១៩។ មន្រ្តីរាជការ មិនត្រឹមតែមិនកាត់ប្រាក់ខែ បើកប្រាក់ខែទៀងទាត់។ កម្ពុជាមិនទាន់ខ្វះសាច់ប្រាក់ទេ សូមជម្រាបជូន ហើយការបើកប្រាក់ខែនេះ ក៏មិនចាំបាច់យកសាច់ប្រាក់សល់ជាង ៣ ពាន់លានដុល្លារទេ។ ចំណូលរបស់យើង បើទោះបីជាវាធ្លាក់ចុះ ក៏វានៅ(មានចំណូល) ៤០០ លានដុល្លារក្នុងមួយខែដែរ ក្នុងពេលដែលតម្រូវការបើកប្រាក់ខែត្រឹមតែជាង ២០០ លានដុល្លារទេ ស្ដាប់ឱ្យបាន …។ ឈ្មោះ រ័ត្ន សុធី ហ្នឹងយូរហើយ ច្រើនដងហើយ ប៉ុន្តែវាចេះតែភ្លេចខ្លួន។ ជួនកាល រត់ទៅថៃ តែឥឡូវត្រូវដឹងថា ថៃគេធ្វើដល់របងដែកលួសទៀត (នៅព្រំដែន)។
ពាំនាំអំណោយ
ឥឡូវមន្រ្តីជលផល ដែលមកចូលរួមថ្ងៃនេះ សូមជូនម្នាក់ៗ ២០ ម៉ឺនរៀល។ ជូនមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍពូជត្រី ចំនួន ៥ លានរៀល។ ជូនគ្រូពេទ្យ ៥ នាក់ ដែលមកថ្ងៃនេះ ក្នុងម្នាក់ៗ ២០ ម៉ឺនរៀល។ ជូនមណ្ឌលសុខភាពពាមរក៍ ២ លានរៀល។ ជូនសាលាស្រុកពាមរក៍ ២ លានរៀល។
សូមអភិបាលស្រុកពាមរក៍ សហការជាមួយធនធានទឹក ទិញដីជីកស្រះឱ្យបានច្រើន
លោកស្រីអភិបាលស្រុកពាមរក៍ សេង ទៀង។ បានធ្វើចៅហ្វាយស្រុក ២ ឆ្នាំ ១០ ខែ ត្រូវបន្តធ្វើការងារឱ្យល្អ។ រួចហើយចាំទៅជួបជាមួយនឹងឯកឧត្តម លឹម គានហោ (សិក្សា)ដីកន្លែងណាអីកន្លែងណា យើងសុខចិត្តទិញដីប្រជាពលរដ្ឋ ជីកស្រះ។ រួចហើយស្រះហ្នឹង ក្លាយជាសម្បត្តិសាធារណៈរបស់ប្រជាជននៅកន្លែងហ្នឹង។ ប៉ុន្តែជាបណ្ដោះអាសន្នទុកឱ្យខាងមន្ទីរធនធានទឹកជួយគ្រប់គ្រងសិន។ ឱ្យតែយើងទិញដីបាន ជីកស្រះឱ្យច្រើនទៅ ដើម្បីបម្រើដល់ប្រជាពលរដ្ឋ។ ដល់ពេលលោកស្រីអភិបាលស្រុកពាមរក៍ចូលនិវត្តន៍ ត្រូវរកអភិបាលស្រុកស្រីមកដាក់ជំនួស។
យើងនៅជាមួយគ្នាជាង ៤០ ឆ្នាំហើយ ហើយយើងធ្លាប់តែនិយាយប៉ប៉ាច់ប៉ប៉ោចតែអញ្ចឹងជាមួយគ្នា ឱ្យខ្ញុំទៅណា បើខ្ញុំអត់មានសញ្ជាតិបរទេសផង ខ្ញុំអត់ដែលទៅចោលប្រជាពលរដ្ឋខ្មែរផង លំបាកក៏នៅហ្នឹង ស្រួលក៏នៅហ្នឹង។ តាមផ្លូវជាតិលេខ ១១ របស់យើងហ្នឹង ពេលទឹកជំនន់ឆ្នាំ ២០០០ ហើយមកចុះឧទ្ធម្ភគចក្រនៅបាបោង។ ផ្លូវជាតិលេខ ១១ ខ្ញុំមកបើកការដ្ឋាននៅព្រៃកណ្ដៀង ឥឡូវមិនទាន់បានសម្ពោធផង ប៉ុន្តែរឿងសម្ពោធរឿងប្រថាប់ត្រាទេ រួចហើយនាំគ្នាដើរទៅ កុំតែខុសច្បាប់ចរាចរណ៍ទៅបានហើយ ការពារខ្លួន គ្មាននរណាស្លាប់ជំនួសយើង គ្មាននរណារបួសជំនួសយើងទេ។
អ្នកបច្ចេកទេសបានត្រឹមពន្យល់ តែអ្នកមានពិតប្រាកដ គឺអ្នកអនុវត្តផ្ទាល់
អរគុណណាស់ដែលមកជុំគ្នាមន្រ្តីនានា។ ហើយ វឿន ដឹកនាំធ្វើអាហ្នឹង លើកទឹកចិត្តឱ្យ វឿន។ សូមផ្ដាំផ្ញើ មិនមែនកាន់ជើង វឿន ឯង ហើយទៅវ៉ៃម្នាក់ទៀតទេ គ្រាន់តែផ្ដាំថា ដូចជាអ្នកបច្ចេកទេសយើងនេះ បានទៅត្រឹមតែណែនាំ តែអ្នកមាន គឺអ្នកចិញ្ចឹមត្រី។ បន្ដិចទៀតអ្នកចិញ្ចឹមត្រីក្លាយទៅជាអ្នកមាន ឯអ្នកទៅពន្យល់ពីរបៀបចិញ្ចឹមត្រី រកត្រីស៊ីខ្លួនឯងមិនបានទេ អាហ្នឹងវាអញ្ចឹង។ ដូចជាសាស្រ្តាចារ្យគ្រូបង្រៀនយើងនេះ មានអ្នកណាក្លាយទៅជាអ្នកមានប៉ុន្មានអ្នកទៅ? ទីចុងបំផុត កូនសិស្សទេដែលក្លាយទៅជាអ្នកមាន ព្រោះលោកគ្រូហ្នឹង បានផ្ដល់នូវចំណេះដឹងឱ្យ។ អញ្ចឹងកុំមើលស្រាលអ្នកបច្ចេកទេស។ ហេតុអ្វីបានថា ឱ្យមន្ទីរកសិកម្ម ព្រោះយ៉ាងណាយើងត្រូវចេះដាំខ្លួនឯង បើទៅដល់ថា អានេះក្ដិបខ្នុរ ថាកូនខ្នុរ, ស្រូវចេញក្ដិបអស់ហើយ, កង្កែបស្រីទេ, ជ្រូកស្រីទេ។ បើលេងអញ្ចឹងអីមិនងាប់ហើយទេ អាធុនហ្នឹងមិនបាច់ទេ កុំថាឡើយទៅដល់ឱ្យទៅធ្វើអ្នកបច្ចេកទេស ឬអ្នកដឹកនាំ សូម្បីតែសមត្ថភាពទៅធ្វើជាអ្នកចិញ្ចឹមសត្វ ក៏ធ្វើមិនកើតដែរ។
ហើយចុងបញ្ចប់ ជូនពរមានសុខភាពល្អទាំងអស់គ្នា ជៀសផុតពីជំងឺកូវីដ១៩ ហើយទទួលបាននូវពុទ្ធពរ និងពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃា្លតឡើយ។ សូមអរគុណ៕