ការកែសំរួលសមាជិករាជរដ្ឋាភិបាលជាដំណើរការធម្មតា
ថ្ងៃនេះ ខ្ញុំមានការចាំបាច់ ដើម្បីនិយាយទៅកាន់ប្រជាពលរដ្ឋរបស់យើង ក៏ដូចជានិយាយទៅកាន់បណ្ដាស្ថាប័នទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ អស់លោក លោកស្រីដែលជាអ្នកសារព័ត៌មាន បានតាមដានហើយ។ ថ្ងៃនេះ ខ្ញុំមិនមែនតែចង់និយាយជាមួយនឹងអស់លោកទេ ក៏ប៉ុន្តែពិធីនេះ ខ្ញុំចង់និយាយទៅកាន់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ អម្បាញ់មិញ អស់លោកបានដឹងហើយ អំពីការកែសម្រួលសមាជិករាជរដ្ឋាភិបាល តាមការចាំបាច់។ បញ្ហានេះ ក៏ត្រូវបានបោះឆ្នោតនៅព្រឹកនេះផ្ដល់ការជឿទុកចិត្តពីសំណាក់សភារួចរាល់ហើយ។ វាជាដំណើរការធម្មតាមួយ ដែលខ្ញុំគិតថា មិនមានការចាំបាច់ ដើម្បីនឹងធ្វើការបកស្រាយទេ។ ខ្ញុំក៏បានដឹងថា មនុស្សមួយចំនួន ទាល់តែខ្ញុំដកមនុស្សចេញទាំងអស់ ហើយដាក់ពួកគេមកធ្វើរដ្ឋមន្រ្តីនោះ ទើបពួកគេអាចសប្បាយចិត្តទៅបាន។ ប៉ុន្តែសូម(ចាំពេល)អ្នកធ្វើនាយករដ្ឋមន្រ្តីខ្លួនឯងទៅចុះ ចាំធ្វើបែបនោះ ឬធ្វើបែបណាក៏បាន តាមបំណងរបស់គេ។
(២) ហេតុអ្វី ត្រូវធ្វើច្បាប់ “ដាក់ប្រទេសក្នុងគ្រាមានអាសន្ន”
អ្វីដែលខ្ញុំចង់បញ្ជាក់ជូននៅថ្ងៃនេះ សម្រាប់ប្រជាពលរដ្ឋកម្ពុជា គឺទាក់ទងជាមួយនឹងការរៀបចំច្បាប់ ដើម្បីគ្រប់គ្រងប្រទេសក្នុងគ្រាមានអាសន្ន។ កាលពីសប្ដាហ៍មុន ខ្ញុំបាននិយាយជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ហើយខ្ញុំបានកំពុងសិក្សាអំពីលទ្ធភាពនៃការអនុវត្តមាត្រាទី ២២ នៃរដ្ឋធម្មនុញ្ញ។ ឥឡូវសេចក្ដីព្រាងច្បាប់បានធ្វើរួចរាល់ហើយ។ ខ្ញុំនឹងដឹកនាំការប្រជុំអចិន្ត្រៃយ៍គណៈរដ្ឋមន្រ្តីនៅថ្ងៃស្អែក ថ្ងៃទី ៣១ នេះ ដើម្បីពិនិត្យ មុនពេលដាក់ប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃសុក្រក្នុងសប្ដាហ៍នេះតែម្ដង។ ហេតុអ្វីបានជាយើងត្រូវធ្វើច្បាប់នេះឡើង? ខ្ញុំសូមយកឱកាសនេះ អំពាវនាវចំពោះប្រជាពលរដ្ឋ សូមកុំមានការព្រួយបារម្ភ ហើយគិតថា កម្ពុជាត្រូវបិទប្រទេស កម្ពុជានឹងប្រើច្បាប់អាជ្ញាសឹក កម្ពុជាត្រូវប្រើនេះ ធ្វើនេះធ្វើនោះ។ និយាយបានថា យើងចាំបាច់ត្រូវមានឧបករណ៍ច្បាប់នៅក្នុងដៃ។
ប្រទេសជាច្រើនបានអនុវត្តនូវវិធានការចាំបាច់នានា ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃ COVID-19 នេះ។ នៅប្រទេសអូស្ដ្រាលី នៅថ្ងៃនេះ ហើយនៅសល់តែប៉ុន្មានម៉ោងទៀតតែប៉ុណ្ណោះ ដោយសារអូស្រ្តាលី និងយើង គឺខុសគ្នាទៅដល់ ៤ ម៉ោង ដូច្នេះនៅយប់នេះ ការចូលជាធរមាននៃបទបញ្ជារបស់រដ្ឋាភិបាលអូស្រ្តាលី តម្រូវឱ្យការជួបជុំគ្នាមិនឱ្យលើសមនុស្សពីរនាក់នៅទីសាធារណៈ។ ប្រទេសមួយចំនួនបានអនុវត្ត ដោយប្រើប្រាស់ទាហាន ដើម្បីរារាំងប្រជាពលរដ្ឋ មិនឱ្យមានការជួបជុំ បំពានទៅលើការបម្រាមរបស់រដ្ឋាភិបាលរបស់គេ។ ប្រទេសខ្លះទៀត គឺបិទនេះ បិទនោះ បិទប្រទេស បិទខេត្ត បិទស្រុក គឺសុទ្ធតែធ្វើឱ្យស្របជាមួយនឹងច្បាប់។ សម្រាប់យើង ឥឡូវនេះ មិនទាន់មានច្បាប់ណា ដើម្បីនឹងត្រួតត្រាសភាពការណ៍ក្នុងពេលដែលត្រូវដាក់ប្រទេសក្នុងគ្រាមានអាសន្ននោះទេ។ ដូច្នេះ ច្បាប់មួយត្រូវតែបង្កើតឡើង។ បើទោះបីជាចង់ ឬមិនចង់ យើងត្រូវមានឧបករណ៍ច្បាប់នៅក្នុងដៃ ដើម្បីឱ្យរដ្ឋអនុវត្តទៅដោយរលូន។
នៅក្នុងមាត្រាទី ២២ គឺចែងយ៉ាងខ្លី ទាក់ទងជាមួយនឹងករណីដែលប្រទេសជាតិជួបនឹងគ្រោះមហន្តរាយ ព្រះមហាក្សត្រ ទ្រង់ប្រកាសជាសាធារណៈ ដាក់ប្រទេសជាតិក្នុងគ្រាមានអាសន្ន ដោយមានការឯកភាពពីសំណាក់នាយករដ្ឋមន្រ្តី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា។ ក៏ប៉ុន្តែ តើអ្វីខ្លះជាវិសាលភាព កម្រិតណា និងវិធានការបែបណា ដែលនឹងត្រូវធ្វើនោះ? ក្នុងក្របខណ្ឌជាព្រះរាជក្រឹត្យ មិនអាចចាប់បង្ខំ រហូតទៅដល់មានទោសទណ្ឌបានទេ។ ឧទាហរណ៍៖ ទៅពេលដែលប្រជាពលរដ្ឋលើសពី ១០ នាក់ ត្រូវហាមមិនឱ្យជួបជុំប្រមូលផ្ដុំគ្នា សួរថា តើយើងមានច្បាប់ឯណា ដើម្បីនឹងផ្ដន្ទាទោសសម្រាប់អ្នកបំពានច្បាប់បែបនេះ? ឬក៏ទាក់ទិនជាមួយនឹងការបិទប្រទេស ទាក់ទងនឹងការបិទផ្នែកមួយ នៃដែនដីណាមួយនោះ ក៏មិនទាន់អាចធ្វើទៅរួច តាមរយៈនៃព្រះរាជក្រឹត្យនោះដែរ។ ដូច្នេះស្ថានភាព(នេះ) យើងធ្វើបាន ក៏ប៉ុន្តែវាទាក់ទងនឹងធម្មនុញ្ញភាព និងប្រសិទ្ធភាពនៃការអនុវត្ត។
ដូច្នេះហើយ ខ្ញុំចង់បញ្ជាក់ជូនចំពោះប្រជាពលរដ្ឋរបស់យើងថា ២៧ ឆ្នាំហើយ ចាប់តាំងពីឆ្នាំ ១៩៩៣ រហូតមកដល់ពេលនេះ ក្នុងឋានៈជាអ្នកគ្រប់គ្រងអំណាចរដ្ឋជាប់ជាប្រចាំ ខ្ញុំមិនដែលគិតដល់ថា ធ្វើច្បាប់បែបនេះនោះទេ។ ក៏ប៉ុន្តែ ឥឡូវនេះ សភាពការណ៍តម្រូវឱ្យធ្វើហើយ ដោយសារតែយើងពិនិត្យមើលស្ថានភាពនៅលើពិភពលោកទាំងមូល មិនទាន់មានប្រទេសណាមួយ ដែលចាត់ទុកថាធូរស្រាលនោះទេ ក្រៅតែពីប្រទេសចិន ដែលមានលទ្ធភាពធូរស្រាល …។ បើនិយាយពីអឺរ៉ុប និងអាមេរិក សភាពការណ៍កាន់តែធ្ងន់ទៅៗ ដែលតម្រូវឱ្យនៅអឺរ៉ុប (មានប្រទេស)ជាច្រើន ប្រកាន់យកវិធានការខុសៗគ្នា រហូតទៅដល់ការប្រើប្រាស់ទាហាន ប្រើប្រាស់នគរបាល ឬប្រើប្រាស់វិធានការនេះ វិធានការនោះ ដើម្បីទប់ទល់ជាមួយនឹងសភាពការណ៍ក្នុងពេលដែលប្រជាពលរដ្ឋមិនព្រមអនុវត្ត តាមវិធានការដែលដាក់ចេញដោយរដ្ឋ។
ច្បាប់ “ដាក់ប្រទេសក្នុងគ្រាមានអាសន្ន” អនុវត្តពេលដែលសភាពការត្រួតត្រាមិនបាន
យ៉ាងណាក៏ដោយ ខ្ញុំសុំអះអាងចំពោះប្រជាពលរដ្ឋរបស់យើង ចំពោះធុរកិច្ច ជាអ្នកវិនិយោគនៅក្នុងប្រទេស និងអ្នកវិនិយោគមកពីក្រៅប្រទេស ព្រមទាំងបងប្អូនអាជីវករនៅក្នុងស្រុក អ្នកទេសចរ ដែលនឹងស្វែងរកការធ្វើទេសចរណ៍ បន្ទាប់ពី COVID-19។ ខ្ញុំនៅតែគិតថា បើទោះបីមានច្បាប់ហើយក្ដី ការប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន និងច្បាប់គ្រប់គ្រងប្រទេសក្នុងគ្រាមានអាសន្ន ពុំមែនជាលទ្ធភាពដែលត្រូវអនុវត្ត ឬដែលហៅថា ភាពច្រើននៃការអនុវត្ត(ច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្ន)ទេ។ ខ្ញុំនៅតែគិតថា នេះគ្រាន់តែជាមធ្យោបាយឱ្យមានក្នុងដៃតែប៉ុណ្ណោះ នៅពេលដែលសភាពការណ៍ត្រួតត្រាមិនបាន ដោយអំណាចរបស់សមត្ថកិច្ច ជាកម្លាំងនគរបាល ឬអាវុធហត្ថ នៅក្នុងការត្រួតត្រាសភាពការណ៍ យើងអាចនឹងបញ្ចេញកងទ័ព ដើម្បីត្រួតត្រាក្នុងក្របខណ្ឌគ្រាមានអាសន្ន ឬនិយាយមួយបែបតាមរបៀបក្រោមក្របខណ្ឌនៃរបបអាជ្ញាសឹក។ ប៉ុន្តែ សេចក្ដីព្រាងច្បាប់នេះ គេនឹងអាចបានដឹងនៅក្នុងសប្ដាហ៍នេះ នៅថ្ងៃសុក្រខាងខាងមុខនេះ តើនឹងមានវិធានការអ្វីខ្លះនៅទីនោះ។
អ្វីដែលខ្ញុំចង់បញ្ជាក់ សុំឱ្យប្រជាពលរដ្ឋរបស់យើងនឹងនរចិត្ត។ ច្បាស់ណាស់ មកដល់ពេលនេះ រាជរដ្ឋាភិបាលមិនទាន់ដាក់បម្រាមណាមួយ ហាមប្រជាពលរដ្ឋមិនឱ្យជួបជុំគ្នាលើសពី ៣ នាក់ ឬ៥ នាក់នោះទេ គ្រាន់តែសុំអង្វរករកុំឱ្យជួបជុំដោយមានមនុស្សច្រើនតែប៉ុណ្ណោះ ខុសពីប្រទេសដទៃដែលហាមឃាត់។ សូម្បីតែអូស្រ្តាលី ឥឡូវនៅទីធ្លាសាធារណៈ គឺមិនឱ្យមានមនុស្សលើសពី ២ នាក់ទេ អញ្ចឹងតែដល់ ៣ នាក់ គឺត្រូវតែមានវិធានការហើយ។ សម្រាប់ខ្ញុំ ខ្ញុំចង់ឱ្យប្រជាពលរដ្ឋរបស់យើងបន្តដំណើរការជីវភាព សេដ្ឋកិច្ចសង្គមជាបន្តទៀត ប៉ុន្តែក្នុងកម្រិតប្រុងប្រយ័ត្ន ដោយកាត់បន្ថយការជួបជុំក្នុងទ្រង់ទ្រាយធំ។
ដោយយើងចៀសវាងមិនបាន ទើបមានការប្រជុំសភានៅថ្ងៃនេះ ហើយជាបន្តបន្ទាប់ទៀត យើងនឹងមានការប្រជុំគណៈរដ្ឋមន្រ្តី ព្រោះសភាពការណ៍កម្ពុជាមិនទាន់ដល់កម្រិតមួយដែលឆ្លងដល់ព្រះមហាក្សត្រ ឆ្លងទាំងនាយករដ្ឋមន្រ្តី ឆ្លងទាំងសមាជិកគណៈរដ្ឋមន្រ្តីដូចជានៅអង់គ្លេសទេ។ អ្នកទាំងអស់គ្នាប្រហែលជាបានដឹងហើយ ម្ចាស់ក្សត្រីអង់គ្លេស Elizabeth II ក៏បានឆ្លង COVID-19, ព្រះអង្គម្ចាស់ Charles ក៏បានឆ្លង, នាយករដ្ឋមន្រ្តីអង់គ្លេសក៏បានឆ្លង, រដ្ឋមន្រ្តីសុខាភិបាលអង់គ្លេសក៏បានឆ្លង និងមានសមាជិកសភាដទៃទៀត។ ប៉ុន្តែនៅកម្ពុជាមិនទាន់មានបែបនោះទេ តែយើងត្រូវតែមានការប្រុងប្រយ័ត្ន។ សូម្បីតែខ្លួនខ្ញុំផ្ទាល់ ទៅទីណាក៏មាន(ទឹកអាល់កុលសម្លាប់មេរោគ)នៅជាប់នឹងខ្លួន បើខ្ញុំមិនកាន់ខ្លួនឯង ក៏មាន(អ្នកកាន់ឱ្យ) ហើយទីកន្លែងដែលខ្ញុំធ្វើការ សុទ្ធតែមានអាល់កុលក្នុងការលាងសំអាតដៃ។ អម្បាញ់មិញ ខ្ញុំភ្លេចនៅលើតុ ខ្ញុំដើរទៅយកវិញ។ ខ្ញុំបានប្រាប់អ្នកទាំងនោះថា ខ្ញុំបានភ្លេចអាវុធរបស់ខ្ញុំ។ អ្នកទាំងឡាយមិនដឹងថា តើអាវុធរបស់ខ្ញុំជាស្អីទេ ប៉ុន្តែដបអាល់កុលដែលខ្ញុំកាន់នៅក្នុងដៃនេះឯង សម្រាប់ការលាងដៃ អនាម័យ ដើម្បីចៀសវាងការចម្លងពីគេមកយើង និងពីយើងទៅគេតែប៉ុណ្ណោះ។
ថ្ងៃទី ៦ ខែមេសា ច្បាប់ស្ដីពី “ដាក់ប្រទេសក្នុងគ្រាមានអាសន្ន” នឹងបញ្ជូនទៅសភា
អញ្ចឹងចូលបញ្ជាក់ឡើងវិញថា ច្បាប់ស្ដីពីការគ្រប់គ្រងប្រទេសក្នុងគ្រាមានអាសន្ន នឹងចេញពិតប្រាកដ បន្ទាប់ពីថ្ងៃទី ២៤ មីនាកន្លងទៅ ខ្ញុំបានប្រកាស ហើយពេលនោះ អ្នកច្បាប់របស់យើងក៏បានត្រៀមរៀបចំ។ ព្រឹកថ្ងៃស្អែក តាមទំលាប់ ច្បាប់គឺដឹកនាំប្រជុំអន្តរក្រសួង ដោយថ្នាក់រដ្ឋមន្រ្តី ឬថ្នាក់ឧបនាយករដ្ឋមន្រ្តី។ ក៏ប៉ុន្តែច្បាប់មួយនេះ ដោយវាជាករណីច្បាប់ពិសេស ការប្រជុំមុនដាក់ឆ្លងគណៈរដ្ឋមន្រ្តីទាំងមូល នាយករដ្ឋមន្រ្តីដឹកនាំប្រជុំជាមួយនឹងឧបនាយករដ្ឋមន្រ្តីទាំងអស់ បូកជាមួយនឹងអ្នកច្បាប់មួយចំនួនផ្សេងទៀត ដើម្បីចូលរួម។ ថ្ងៃសុក្រ យើងនឹងដាក់ឆ្លងប្រជុំពេញអង្គ បន្ទាប់ពីការប្រជុំពេញអង្គហើយ គឺយើងបញ្ជូនមកកាន់សភា។ សង្ឃឹមថា សភាមិនប្រើពេលវេលាយូរពេក ដើម្បីអនុម័តច្បាប់នេះ រួចហើយបញ្ជូនទៅព្រឹទ្ធសភា និងបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញ ហើយព្រះមហាក្សត្រ ព្រះអង្គនឹងឡាយព្រះហស្តលេខាដាក់ឱ្យប្រើច្បាប់នេះជាការប្រញាប់។ នេះជាចំណុចដែលខ្ញុំចង់ជម្រាបជូនទៅកាន់ប្រជាពលរដ្ឋឱ្យបានជ្រាប និងសុំការយោគយល់អំពីការចាំបាច់របស់រដ្ឋ របស់រាជរដ្ឋាភិបាលនៅក្នុងការគ្រប់គ្រងរដ្ឋក្នុងគ្រាមានអាសន្ន។
បម្រាមគោចរ ជាអនុវិស័យមួយ ក្រោមក្របខណ្ឌច្បាប់គ្រាមានអាសន្ន
… សុំផ្ដាំផ្ញើទៅក្រុមអ្នកវិភាគមួយចំនួន។ អ្នកវិភាគខ្លះថា មិនចាំបាច់ធ្វើច្បាប់ដាក់ប្រទេសក្នុងគ្រាមានអាសន្នទេ សុំដាក់ត្រឹមតែបម្រាមគោចរបានហើយ។ តែខ្ញុំសុំបកស្រាយត្រឡប់ទៅវិញថា បម្រាមគោចរមិនអាចដាក់បានដោយត្រឹមតែអនុក្រឹត្យរបស់រាជរដ្ឋាភិបាលទេ។ បម្រាមគោចរ វាគ្រាន់តែជាអនុវិស័យមួយនៅក្រោមក្របខណ្ឌនៃច្បាប់គ្រាមានអាសន្នតែប៉ុណ្ណោះ។ ខ្ញុំអរគុណ(ចំពោះការមានយោបល់) ក៏ប៉ុន្តែការផ្ដល់យោបល់នេះ គឺជាការផ្ដល់យោបល់ដែលមិនចេះរដ្ឋធម្មនុញ្ញ ហើយក៏មិនចេះច្បាប់ទៀតផង។ បម្រាមគោចរ មិនអាចដាក់បានដោយបទបញ្ជារបស់នាយករដ្ឋមន្រ្តីនោះទេ។ បំរាមគោចរត្រូវតែមានច្បាប់ ហើយច្បាប់នោះ យើងនឹងដាក់ជាវិធានការមួយនៅក្នុងចំណោមវិធានការផ្សេងៗទៀត ទាក់ទងទៅនឹងការធ្វើដំណើរដែលមានចរិតជាបម្រាមគោចរនៅក្នុងពេលយប់។ ឧទាហរណ៍ថា ហាមឃាត់ការធ្វើដំណើររបស់ប្រជាពលរដ្ឋពីម៉ោងពីម៉ោង ៨ យប់ ទៅដល់ម៉ោង ៥ ភ្លឺ គឺវាស្ថិតនៅក្នុងវិធានការនៃច្បាប់ក្នុងការគ្រប់គ្រងប្រទេសក្នុងគ្រាមានអាសន្ន។
ត្រៀមច្បាប់ តែមិនទាន់ដល់ពេលដាក់
និយាយសាជាថ្មីម្ដងទៀត សូមប្រជាពលរដ្ឋរបស់យើង កុំមានការព្រួយបារម្ភអំពីច្បាប់នេះ។ ខ្ញុំមិនចង់ប្រើច្បាប់នេះទេ គ្រាន់តែចង់ឱ្យមាននៅក្នុងដៃ ទាល់តែសភាពការណ៍ត្រួតត្រាលែងបាន ទើបយើងនឹងប្រកាសច្បាប់នេះ ដើម្បីគ្រប់គ្រងនៅក្នុងគ្រាមានអាសន្ន ក្នុងរយៈពេលមួយជាកំណត់។ ក្នុងនោះ យើងមិនធ្វើឱ្យមានអធម្មនុញ្ញភាពទេ។ មាត្រាទី ៧៨, ៨៦ និង ១០២ និយាយអំពីតួនាទីរបស់រដ្ឋសភា និងព្រឹទ្ធសភា នៅក្នុងដំណាក់កាលនៃការដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ ដូច្នេះមិនមែនរដ្ឋាភិបាលត្រូវធ្វើតែឯងនោះទេ ត្រូវមានការគាំទ្រចាំបាច់ពីប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា ទើបព្រះមហាក្សត្រអាចឡាយព្រះហស្តលេខា ហើយប្រគល់កិច្ចការនេះឱ្យរាជរដ្ឋាភិបាលធ្វើការគ្រប់គ្រង ក៏ប៉ុន្តែរដ្ឋសភា និងព្រឹទ្ធសភាក៏មានសិទ្ធិនៅក្នុងការពិនិត្យមើល ហើយនិងក៏អាចមានសិទ្ធិទៅរកការបញ្ចប់ នៃពេលវេលាក្នុងការដាក់ប្រទេសជាតិក្នុងគ្រាមានអាសន្នបាន។
កុំគិតថា ច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន ជាការបំបិទមាត់ ឬសេរីភាពបញ្ចេញមតិ
… ខ្ញុំក៏សូមប្រាប់ទៅអ្នកវិភាគមួយចំនួនដែរថា សូមអ្នកកុំចាត់ទុកថារឿងនេះគឺជារឿងដែលរាជរដ្ឋាភិបាលប្រើដើម្បីបំបិទមាត់អ្នកប្រឆាំងឱ្យសោះ។ អ្នកត្រឹមបានបញ្ចេញមតិតែប៉ុណ្ណោះ ប៉ុន្តែ អ្នកមិនបានគិតអំពីជីវិតរបស់ប្រជាជនកម្ពុជានោះទេ។ អ្នកគិតពីសេរីភាពនៃការបញ្ចេញមតិ រាប់ទាំងមតិដែលទាក់ទងនឹងការបំភ័យ ឬបំពុលបរិយាកាស បំពុលសង្គម បិទក្រុង ដូចជាម្សិលមិញនេះ បិទក្រុងព្រះសីហនុ បិទក្រុងភ្នំពេញជាដើម តើគួរមានទោសឬទេ? វាចាំបាច់ត្រូវតែមានទោស បើសូម្បីតែអស់លោកដែលនិយាយកោកៗតាមវិទ្យុ។ បើសិនជាអស់លោកបំភ័យគេ ក៏ខ្ញុំគង់បញ្ជូនមនុស្សទៅចាប់យកមកផ្តន្ទាទោសភ្លាមៗដែរ ដោយមិនចាំបាច់ឱ្យយឺតពេលនោះទេ។ នេះជាចំណុចទី ២ ដែលខ្ញុំចង់និយាយ។ ចំណុចទី ១ ទាក់ទងនឹងការកែសម្រួលរាជរដ្ឋាភិបាល ចំណុចទី ២ ទាក់ទងជាមួយនឹងប្រកាសជូនបងប្អូនជនរួមជាតិអំពីការត្រៀមចេញនូវច្បាប់ ដើម្បីគ្រប់គ្រងប្រទេសក្នុងគ្រាមានអាសន្ន។
(៣) ផ្អាកការនាំចេញអង្ករស និងស្រូវ លើកលែងអង្ករក្រអូប ទុកផ្គត់ផ្គង់ក្នុងស្រុក ពីថ្ងៃ ៥ មេសា ២០២០
ចំណុចទី ៣ ដែលខ្ញុំចង់និយាយនៅពេលនេះ គឺចេញបញ្ជាឱ្យផ្អាកការនាំចេញអង្ករស និងស្រូវ តែអនុញ្ញាតឱ្យនាំចេញអង្ករក្រអូប រហូតដល់មានបទបញ្ជាជាថ្មី ដើម្បីរក្សាទុកផ្គត់ផ្គង់ក្នុងស្រុក ហើយត្រូវចាប់អនុវត្តពីថ្ងៃទី ៥ ខែ មេសា ឆ្នាំ ២០២០ តទៅ។ ចំណុចនេះ ខ្ញុំសូមបញ្ជាក់បន្តិច យើងនឹងហាមឃាត់ការនាំចេញអង្ករស និងស្រូវ ទៅកាន់បរទេស ដែលភាគច្រើនយើងនាំទៅប្រទេសជិតខាង គឺនាំទៅវៀតណាម និងថៃ។ អញ្ចឹងដើម្បីធានាការផ្គត់ផ្គង់ក្នុងស្រុក យើងត្រូវរក្សាទុកស្រូវទាំងនេះ អង្ករសទាំងនេះ។ ប៉ុន្តែយើងអនុញ្ញាតឱ្យនាំចេញអង្ករក្រអូប ដោយសារអង្ករក្រអូបនេះវាមិនមានចំនួនច្រើនទេ ហើយក៏មិនសូវមានតម្រូវការប្រើប្រាស់ក្នុងស្រុកច្រើនដែរ។ ប្រជាជនយើងភាគច្រើនប្រើអង្ករធម្មតា ខុសពីអង្ករលេខមួយ ដែលជាអង្ករក្រអូបនាំទៅកាន់ទីផ្សារអឺរ៉ុប និងនាំទៅទីផ្សារចិន និងនាំទៅកាន់ទីផ្សារនៅប្រទេសមួយចំនួនទៀត …។ ក៏ប៉ុន្តែ ចំនួនច្រើនបំផុតនៃអង្កររបស់យើង គឺអង្ករស និងស្រូវ ដែលមិនមែនជាប្រភេទអង្ករក្រអូប សម្រាប់ការនាំចេញ …។ ភាគច្រើនដាច់ខាត ប្រជាពលរដ្ឋរបស់យើងនៅតាមមូលដ្ឋាន គឺប្រើអង្ករធម្មតា ដែលមិនមែនអង្ករក្រអូប ហើយដែលមានតម្លៃថ្លៃនោះទេ។
ទុកពេល ១ សប្ដាហ៍ ឱ្យប្រជាពលរដ្ឋ និងឈ្មួញនាំចេញឱ្យផុតនូវស្រូវ
ហេតុអ្វីចាំបាច់ដល់ថ្ងៃ ៥ ខែ មេសា ទើបអនុវត្ត? យើងយល់ដឹងថា ពេលវេលាមួយអាទិត្យអាចនឹងគ្រប់គ្រាន់ហើយ សម្រាប់ឱ្យប្រជាពលរដ្ឋរបស់យើង ដែលបានលក់ស្រូវ ហើយទិញស្រូវត្រៀមនាំចេញទៅកាន់ប្រទេសថៃ ត្រៀមនាំចេញទៅវៀតណាម ដែលភាគច្រើននាំទៅកាន់តែ ២ ប្រទេសហ្នឹង គឺឱ្យនាំចេញឱ្យផុតនូវអ្វីដែលគាត់បានទិញ។ ឯក្រៅពីនោះគឺតម្រូវឱ្យមានការស្តុកទុកនៅក្នុងចំណោមប្រជាពលរដ្ឋ ក៏ដូចជារោងម៉ាស៊ីនកិនស្រូវនានា។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្តពិនិត្យបញ្ហានេះ ដើម្បីទម្លាក់ប្រាក់ទៅឱ្យរោងម៉ាស៊ីនកិនស្រូវ និងស្តុកស្រូវ ដើម្បីទទួលទិញនូវស្រូវ/អង្ករពីប្រជាពលរដ្ឋ ដោយសារពេលមុននេះស្រូវរបស់ប្រជាពលរដ្ឋត្រូវលក់ទៅឱ្យឈ្មួញមកពីវៀតណាម និងថៃ ឥឡូវចាំបាច់ត្រូវតែឱ្យរោងម៉ាស៊ីនកិនស្រូវរបស់យើងទិញស្រូវទាំងនេះ ដើម្បីរក្សាតម្លៃស្រូវរបស់ប្រជាពលរដ្ឋ។ ខ្ញុំបានផ្ដល់បទបញ្ជានេះឱ្យឯកឧត្ដម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការពិនិត្យ ដើម្បីឆ្លើយតបទៅនឹងកង្វះទុនរបស់រោងម៉ាស៊ីនកិនស្រូវ ក្នុងការប្រមូលទិញស្រូវជំនួសឱ្យឈ្មួញ ដែលធ្លាប់តែមកទិញស្រូវ ហើយនាំចេញទៅកាន់ប្រទេសវៀតណាម និងថៃ។ បើឈ្មួញទាំងនោះឈប់ មិនមកទិញទៀត ប្រជាពលរដ្ឋរបស់យើងមិនដឹងជាលក់ស្រូវឱ្យនរណាទេ។ អញ្ចឹងមានតែជម្រើសមួយ រដ្ឋត្រូវផ្ដល់ទុនទៅឱ្យរោងម៉ាស៊ីនកិនស្រូវ ទិញស្រូវយកមករក្សាទុក ដើម្បីជាការបម្រុងរបស់រដ្ឋនៅក្នុងដំណាក់កាលណាមួយ រហូតទៅដល់មានបទបញ្ជាជាថ្មី។
រក្សាតម្លៃដដែល និងចៀសវាងបង្អាប់ថ្លៃទិញស្រូវ, ក្រសួងពាណិជ្ជកម្មផ្សព្វផ្សាយរឿងនេះឱ្យបានឆាប់
យើងត្រូវតែរក្សាស្បៀងនៅក្នុងស្រុកយើង ហើយស្បៀងនេះខ្ញុំមិនសំដៅទៅលើដំឡូងមី ពោត ឬសណ្ដែកទេ គឺទៅលើអង្ករតែម្ដង ហើយអង្ករនេះសំដៅតែអង្ករស និងស្រូវតែប៉ុណ្ណោះ។ ប៉ុន្តែ អង្ករក្រអូបរបស់យើង ដែលចុះកុងត្រានាំចេញទៅសហភាពអឺរ៉ុប និងទៅប្រទេសមួយចំនួន ហើយដែលវាមានបរិមាណមិនច្រើន គឺសុំឱ្យបន្តការនាំចេញទៅចុះ។ ខ្ញុំសូមបញ្ជាក់សាជាថ្មី សូមឱ្យរោងម៉ាស៊ីនកិនស្រូវយកចិត្តទុកដាក់ប្រមូលទិញស្រូវនៅតាមទីកន្លែង ដែលប្រជាជនធ្វើការច្រូតកាត់ ហើយត្រូវការលក់ស្រូវ។ ប្រមូលទិញស្រូវទាំងនោះដោយរក្សាតម្លៃស្រូវឱ្យបានល្អ ចៀសវាងការបង្អាប់ថ្លៃ ពេលដែលឈ្មួញមកពីវៀតណាម និងថៃ ទិញស្រូវពីកម្ពុជា ហើយដែលពេលនេះមិនមកទិញ បែរជាឈ្មួញក្នុងស្រុករបស់យើងទៅបង្អាប់ថ្លៃ គឺមិនមែនជារឿងល្អនៅក្នុងកាលៈទេសៈ នៃប្រទេសរបស់យើងបែបនេះ ដែលតម្រូវឱ្យមានការស្តុកស្រូវសម្រាប់ការផ្គត់ផ្គង់ក្នុងស្រុកនោះទេ។ សូមអនុវត្តចាប់ពីម៉ោង ២៣:៥៩ នាទី ថ្ងៃទី ៥ ខែ មេសា ឆ្នាំ ២០២០ តទៅ។ យើងទុកពេលវេលាមួយសប្តាហ៍ ដើម្បីឱ្យឈ្មួញទាំងឡាយនាំចេញឱ្យផុត ប៉ុន្តែ បន្ទាប់ពីម៉ោង ២៣:៥៩ … ថ្ងៃទី ៥ ខែ មេសា គឺបទបញ្ជានេះនឹងចូលជាធរមាន។ ក្រសួងពាណិជ្ជកម្មធ្វើការផ្សព្វផ្សាយរឿងនេះឱ្យបានឆាប់បំផុតតាមតែអាចធ្វើទៅបាន បន្ទាប់ពីទទួលនូវបទបញ្ជានេះ។
(៤) បិទកាស៊ីណូនៅទូទាំងប្រទេស ពីថ្ងៃ ១ មេសា ២០២០ តទៅ
ទី ៤ ចេញបទបញ្ជាបិទកាស៊ីណូទាំងអស់ ចាប់ពីម៉ោង ២៣:៥៩ យប់ថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០២០ តទៅ។ ហេតុអ្វីបានជាយើងត្រូវទុកពេលរហូតទៅដល់ថ្ងៃទី ១ ខែ មេសា? មិនចូលជាធរមាននៅយប់នេះតែម្ដង? បញ្ហាមិនស្ថិតនៅត្រង់អ្នកលេងល្បែងទេ ស្ថិតនៅត្រង់បញ្ហាថៅកែកាស៊ីណូ ត្រូវដោះស្រាយជាមួយនឹងកម្មកររបស់ពួកគេយ៉ាងណា។ ព្រោះប្រសិនបើបិទភ្លាម ថៅកែកាស៊ីណូទៅបាត់ អញ្ចឹងតើនរណាទទួលខុសត្រូវទៅលើបញ្ហាបុគ្គលិក/កម្មករ ដែលត្រូវព្យួរការងារនៅក្នុងកាលៈទេសៈនៃការបិទនេះ? យើងប្រគល់ភារកិច្ចឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បន្តធ្វើការងារនេះជាមួយម្ចាស់កាស៊ីណូទាំងអស់ អាចថា ហោចណាស់ក៏គេត្រូវរួចពីកាតព្វកិច្ចបង់ចំណូលក្នុងរយៈពេលបិទ ព្រោះពេលបិទ វាអត់មានចំណូលមកពីណា? … ទុកពេលវេលានេះ គឺទុកដើម្បីឱ្យមានការដោះស្រាយជាមួយនឹងកម្មករ។
ការបិទកាស៊ីណូ មិនមែនតាមសំណើលើហ្វេសប៊ុករបស់នរណាម្នាក់
ក៏ប៉ុន្តែ សូមកុំចាត់ទុកថា ខ្ញុំទទួលនូវសំណូមពររបស់អាម្សៀរណាមួយនោះ ឃើញបង្ហោះហ្វេសប៊ុកថាបង្ខំឱ្យ ហ៊ុន សែន បិទ។ អញប្រាប់ទៅឯងវិញថា ព្រឹកនេះ គេដាក់កម្មវិធីសន្និសីទកាសែតតាំងពីម៉ោង ៤ ម្សិលមិញនោះ មិនមែនទើបនឹងឯងនិយាយ អញប្រកាសបិទទេ។ គ្រាន់តែគាប់ជួន ឯងក៏គិតដូចអញតែប៉ុណ្ណឹងទេ។ និយាយអញ្ចឹងតែម្ដងទៅ ខ្ញុំមិនចង់តមាត់ជាមួយនរណាទេ។ វាដល់ដំណាក់កាល។ វាជាកន្លែងនាំមកនូវការឆ្លងផងដែរ។ នៅទីក្រុងភ្នំពេញ យើងមានតែកាស៊ីណូ Naga World មួយប៉ុណ្ណោះ ហើយនៅតាមទល់ដែនក៏មាន នៅក្រុងព្រះសីហនុក៏មាន ប៉ុន្តែបិទគ្រប់ទាំងអស់ ទាំងនៅទីក្រុងភ្នំពេញ និងនៅទូទាំងប្រទេស បិទទាំងអស់ សូមបញ្ជាក់ឡើងវិញ។ អញ្ចឹងទេ សូមឱ្យថៅកែកាស៊ីណូទាំងអស់ដោះស្រាយជាមួយកម្មកររបស់ខ្លួនយ៉ាងណា នៅក្នុងរយៈពេលផ្អាកការធ្វើអាជីវកម្មនេះ។ នេះគ្រាន់តែជាការបិទបណ្ដោះអាសន្នទេ ពេលវេលាណាមួយស្រាកស្រាន្ត យើងនឹងវិលត្រឡប់មកធ្វើអាជីវកម្មវិញ។
យើងបានបិទរួចមកហើយ អ្វីដែលយើងបានប្រកាសជាបន្តបន្ទាប់ ក៏ប៉ុន្តែការបិទក្រុង បិទប្រទេស បិទផ្សារលក់ដូរ បិទភោជនីយដ្ឋាន ការបិទហាងកាហ្វេ ការបិទហាងលក់ទំនិញស្អីៗនេះ មិនឈានទៅដល់នោះទេ។ ទន្ទឹមនឹងយកវិធានការទាក់ទងវិស័យសង្គមកិច្ច យើងក៏ត្រូវតែគិតអំពីបញ្ហាទាក់ទិនជាមួយនឹងដំណើរការសេដ្ឋកិច្ចរបស់ប្រទេសផងដែរ ដែលក្នុងនោះ ទាក់ទងជាមួយនឹងដំណើរការរោងចក្រជាដើម ដែលយើងមិនបិទទេ ព្រោះនេះជាផ្នែកមួយដ៏សំខាន់នៃសេដ្ឋកិច្ចជាតិរបស់យើង។ ការដឹកជញ្ជូនដោយមធ្យោបាយរបស់រដ្ឋក៏ត្រូវបានបិទជាបណ្ដោះអាសន្ន មានរថយន្តក្រុង និងកាណូតនៅក្នុងទីក្រុងភ្នំពេញ។
(៥) រឹបអូស/បំផ្លាញចោលឧបករណ៍ធ្វើតេស្ត Covid-19 ឬថ្នាំដែល WHO មិនបានទទួលស្គាល់
ទី ៥ បានចេញបទបញ្ជា និងបន្តចេញបទបញ្ជាឱ្យចាប់យកនូវឧបករណ៍ ឬថ្នាំ ដែលមិនមានការទទួលស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា និងពីអង្គការសុខភាពពិភពលោក។ ម្សិលមិញនេះ គឺបទបញ្ជាបន្ទាន់ឱ្យមានការចាប់រឹបអូសយកនូវអ្វីដែលហៅថា ឧបករណ៍ធ្វើតេស្តរកមេរោគ Covid-19។ ឥឡូវសូមឱ្យគ្រប់ទីកន្លែងទាំងអស់បន្តរុករកតទៅទៀត។ អ្វីដែលក្រសួងសុខាភិបាលកម្ពុជាមិនបានទទួលស្គាល់ អង្គការសុខភាពពិភពលោកមិនបានទទួលស្គាល់ ត្រូវរឹបអូសយកមក ហើយគួរតែត្រូវបំផ្លាញចោលតែម្ដង។ សូមអំពាវនាវចំពោះអាជីវករទាំងឡាយ “មិនប្រាកដ កុំបង្កើតបញ្ហា”។ ប្រជាជនកំពុងតែរងគ្រោះស្រាប់ទៅលើបញ្ហា Covid-19 ដែលមកដល់ថ្ងៃនេះ យើងនឹងកើនចំនួនទៅដល់ ១០៧ ព្រោះព្រឹកនេះយើងបានរកឃើញ ៤ ករណីថ្មី ទន្ទឹមនឹង ២ ករណីបានជាសះស្បើយ។ ម្សិលមិញ យើងរកឃើញមួយករណី តែជាសះស្បើយដល់ទៅ ៨។ តែថ្ងៃនេះ យើងរកឃើញ ៤ ករណីថ្មី និងជាសះស្បើយ ២ ករណី … រាប់ទាំងបុរសម្នាក់ដែលទាក់ទងនឹងជនជាតិជប៉ុននៅឯខេត្តសៀមរាប។ អញ្ចឹង ឧបករណ៍ធ្វើតេស្តនេះវាមិនអាចទៅរួចទេ។ សូមបងប្អូនប្រជាពលរដ្ឋរបស់យើងកុំចាញ់បោកអ្នកណាឱ្យសោះ។ សូម្បីតែវិទ្យាស្ថានប៉ាស្ទ័រក៏ត្រូវរង់ចាំរាប់ម៉ោងទើបអាចដឹងអំពីលទ្ធផល។ ហេតុអ្វីបានជាឧបករណ៍ធ្វើតេស្តចាក់ហើយ ចេញមកធ្វើតេស្តថាមានរោគ ឬមិនមានរោគ។ ចំណុចនេះជាចំណុចដែលសូមឱ្យអាជីវករមួយចំនួន គឺត្រូវតែមានការយកចិត្តទុកដាក់ កុំឱ្យប្រជាជនរងគ្រោះដោយសារយើង។ សូមកុំឱ្យបំផុសថ្នាំនេះលេបជា ថ្នាំនោះលេបជា។ នៅលើពិភពលោកមិនទាន់មានប្រទេសណាមួយ ហើយអង្គការសុខភាពពិភពលោកក៏មិនទាន់អះអាងអំពីថា មានវ៉ាក់សាំងដើម្បីការពារជំងឺនេះទេ។
បើមិនទាន់មានវ៉ាក់សាំងផង ហេតុអីមើលជា?
ប៉ុន្តែ និយាយយ៉ាងដូច្នេះ ខ្ញុំធ្លាប់បានចូលមើល Comment នៅតាម Facebook Page នៅតាមទូរទស្សន៍ខ្លះបានសួរថា ហេតុអីបានជា បើអត់ទាន់មានវ៉ាក់សាំងផង? ប៉ុន្តែយើងដាក់ចេញជាសំណួរត្រឡប់ទៅវិញថា ហេតុអីបានជានៅលើពិភពលោកនេះគឺមានការជាដែរ? គឺគេឱ្យថ្នាំអ្វីទៅ? វាជាករណីប្រហាក់ប្រហែលគ្នា គឺការព្យាបាលដោយថ្នាំនេះ ឬថ្នាំនោះ បន្ទាប់ទៅគឺការធ្វើតេស្ត … សព្វថ្ងៃនេះ អ្នកឆ្លងមាន ១៨៥.៧៤២ នាក់ អ្នកជាសះស្បើយមានរហូតទៅដល់ ១៥១.៧៦៦នាក់ ឯអ្នកស្លាប់មាន ៣៣.៩៧៦ នាក់ ស្មើនឹង ១៨%។ គ្រប់ប្រទេសទាំងអស់សុទ្ធតែមានករណីជា ដូចជាករណីយើងថែមព្រឹកនេះជា ២នាក់ ថែមទៀត វាឡើងទៅដល់ ២៣ ករណី។ ឥឡូវនេះយើងឃើញហើយថា សហរដ្ឋអាមេរិកបានឈរនៅទីតាំងទី ១ នៃអ្នកដែលមានជំងឺឆ្លងច្រើនជាងគេ។ ប៉ុន្តែ ចំនួនស្លាប់មិនមែនជាចំនួនច្រើនទេ បើប្រៀបធៀបជាមួយប្រទេសដទៃ ក៏ប៉ុន្តែក៏បានស្លាប់អស់ ២.៤៨៤ នាក់ រួចទៅហើយ។ ចំណាត់ថ្នាក់ទី ២ គឺអ៊ីតាលី ចំណាត់ថ្នាក់ទី ៣ គឺចិន គឺចម្លង។ ប៉ុន្តែចិនមិនមែនស្ថិតនៅក្នុងចំណាត់ថ្នាក់ដែលស្លាប់ច្រើនជាងគេទេ ស្លាប់ច្រើនជាងគេ អ៊ីតាលី លេខ ១ អេស៉្បាញ លេខ ២ ចិន លេខ ៣ អាមេរិក លេខ ៤ ប៉ុន្តែផ្នែកចម្លងវិញគឺអាមេរិក លេខ ១។ យោងទៅតាមតួលេខខុសគ្នារវាង អេស៉្បាញ ជាមួយនឹងចិន ចិនឆ្លង ៨១.៤៧០នាក់ អេស៉្បាញឆ្លង ៨០.១១០នាក់។ អញ្ចឹងទេប្រៀបធៀបទៅនឹងអត្រាឆ្លងថ្មី និងស្លាប់ថ្មីនៅក្នុងប្រទេសអេស៉្បាញ ប្រហែលជាស្អែក ឬខានស្អែក អេស៉្បាញនឹងឡើងឈរលំដាប់លេខ ៣ បន្ទាប់ពី អាមេរិក អ៊ីតាលី មកដល់អេស៉្បាញ។ ចំនួននេះគឺជាចំនួនដែលយើងត្រូវមានការព្រួយបារម្ភ …។
រដ្ឋរឹបអូស ផ្អែកតាមច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ
ខ្ញុំសូមបញ្ជាក់ឡើងវិញ ឧបករណ៍ណាដែលថាធ្វើតេស្តបាន ថ្នាំណាដែលថាព្យាបាលទៅជាសូមកុំឱ្យជឿ ហើយប្រើវិធានការ បើទោះបីជាច្បាប់មិនទាន់ចេញក៏ដោយចុះ ក៏ប៉ុន្តែរដ្ឋមានលទ្ធភាព ដើម្បីនឹងទៅរឹបអូសយក ដោយយើងមានច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងនឹងឱសថក្លែងក្លាយ ដែលដឹកនាំដោយក្រសួងមហាផ្ទៃហើយ និងមានក្រសួងសុខាភិបាលចូលរួម ដូច្នេះយកវាទៅបំផ្លាញចោលទៅ មិនបាច់រកឃ្លាំងដាក់ទេ មិនចាំបាច់សងសំណងស្អីទេ ដល់ដំណាក់កាលដែលយើងត្រូវធ្វើ ហើយគ្មានការចាំបាច់ដើម្បីមករវល់ជាមួយនឹងឈ្មួញប៉ុន្មាននាក់នោះទេ។ ខ្ញុំសូមដាក់ចេញបទបញ្ជាដោយម៉ឺងម៉ាត់ ដោយមិនចាំបាច់ធ្វើការអប់រំច្រើនតទៅមុខទៀតទេ។ អ្នកណាដែលផ្សព្វផ្សាយតាមអនឡាញ ត្រូវទៅតាមទៅដល់ ខ្ទប់អនឡាញភ្លាម ចាប់មនុស្ស ចាប់ទាំងសម្ភារៈយកតែម្តង។ មិនមែនជាសិទ្ធិបញ្ចេញមតិទេ។ លោក អ៊ុំ សំអាត នៅ លីកាដូ ត្រូវប្រុងប្រយ័ត្នខ្លួន។ ពាក្យសម្តីរបស់អស់លោក មិនមែនជាសិទ្ធិបញ្ចេញមតិទេ។ អស់លោកមានបានគិតទេ អំពីគ្រោះថ្នាក់សម្រាប់ប្រជាពលរដ្ឋ? លោកឯងទើបនឹងថ្លែងតាមវិទ្យុក្រៅប្រទេសនៅយប់មិញតែប៉ុណ្ណោះ។ លោកឯងត្រូវយល់។ បើសិនលោកឯងធ្វើអញ្ចឹង លោកឯងក៏មិនរួចខ្លួនដែរ។ ខ្ញុំសូមព្រមានទុកជាមុន។ អ្នកណាចង់ថាអីថាទៅ ខ្ញុំព្រមានលោកឯងទុកជាមុន។ ខ្ញុំនិយាយលោក អ៊ុំ សំអាត នៃអង្គការលីកាដូ លោកឯងត្រូវតែប្រុងប្រយ័ត្នចំពោះសម្តីនៅក្នុងកាលៈទេសៈនេះ បើទោះបីជាច្បាប់ដាក់ប្រទេសនៅក្នុងគ្រាមានអាសន្ន មិនទាន់ចូលជាធរមាន ក៏ខ្ញុំអាចចាប់លោកឯងបានដែរ ព្រោះលោកឯងគាំទ្រដំណើរការខុសច្បាប់។ ចាត់ទុកជាផ្នែកមួយនៃការរួមគំនិត ដើម្បីនឹងធ្វើអំពើខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។ ការគាំទ្រឱ្យមានការបញ្ចេញមតិដោយមានចរិតរើសអើង ដោយមានការបំភ័យ ដោយមានការលើកទឹកចិត្តឱ្យមានការផ្សព្វផ្សាយលក់ឱសថ ឬឧបករណ៍ក្លែងក្លាយ ខ្ញុំសូមព្រមានជាសាធារណៈ ចេញពីទីតាំងរដ្ឋសភាដែលជាទីកន្លែងបង្កើតច្បាប់នៅទីនេះស្រាប់។
អំពាវនាវ ប្រជាពលរដ្ឋកុំផុសលេងនូវព័ត៌មានមិនពិត
អញ្ចឹងទេ ពីម្សិលមិញចាប់មួយចំនួនហើយ ថ្ងៃនេះត្រូវតាមចាប់យកឱ្យដល់ផ្ទះ ឆែកយកនៅតាមផ្ទះតែម្តង សូមឱ្យព្រះរាជអាជ្ញារចូលរួមនៅក្នុងការចេញដីកាឆែកឆេរ ដើម្បីរុករកឱ្យអស់នូវឧបករណ៍ខុសច្បាប់ទាំងឡាយ។ សូមអំពាវនាវចំពោះប្រជាពលរដ្ឋ កុំលេងផុសឡើងថា កូនង៉ែតកើតឡើងនិយាយបាន ៣ ម៉ាត់ ថានាំគ្នាស៊ីពងមាន់ ប្រឆាំងនឹង Covid-19 បាន។ បើបានជ្រុលនិយាយថា (មិនថា)នាំគ្នាស៊ីដុំថ្មមួយដុំម្នាក់ ប៉ុន្តែអានេះសុទ្ធតែអបិយជំនឿទាំងអស់។ អញ្ចឹងសាក អ្នកណាមួយនិយាយពីរឿងស៊ីដុំថ្មជា តើស៊ី ឬមិនស៊ី? តែប្រហែលជាអាពងមាន់ហ្នឹងវាមិនគ្រោះថ្នាក់។ ក៏ល្អដែរ ដោយសារពងមាន់ពងទា វាសល់ច្រើនពេក អញ្ចឹងក៏ជួយទិញម្នាក់មួយម្នាក់ពីរយកទៅស៊ីទៅ។ អាហ្នឹងវាមិនអីទេ បើអ្នកណានៅបន្តជឿ សូមបន្តតទៅទៀតទៅ។ សូមទៅទិញពងមាន់ពងទា ដែលកំពុងដាក់លក់នៅតាមទីផ្សារ មិនសូវដាច់នោះ អាហ្នឹងគឺជាចំណុចទី ៥។
(៦) អរគុណបណ្តាញផ្សព្វផ្សាយព័ត៌មាន សិល្បករ/សិល្បការិនី អ្នកនិពន្ធ ចូលរួមផ្សាយការពារសុខភាព
អំពាវនាវប្រជាពលរដ្ឋ បង្វែរការភ័យខ្លាចឱ្យទៅជាវិធានការ ការពារខ្លួនតាមការណែនាំពីក្រសួងសុខាភិបាល។ ក្រសួងសុខាភិបាលបានធ្វើការណែនាំច្រើនហើយ តាមរូបភាពជាច្រើន ហើយខ្ញុំក៏សូមអរគុណចំពោះបណ្តាញផ្សព្វផ្សាយព័ត៌មានទាំងអស់ ដែលបានចូលរួមនៅក្នុងយុទ្ធនាការ នៃការផ្សព្វផ្សាយអំពីការការពារសុខភាព ការអនាម័យ។ អរគុណចំពោះសិល្បករ/សិល្បការិនី អរគុណចំពោះអ្នកនិពន្ធទាំងឡាយ ដែលបាននិពន្ធបទចម្រៀង ឬនិពន្ធរឿងផ្នែកខ្លីៗ បង្កើតបានគឺជាចំណុចនៃការជួយទៅដល់រឿងទាក់ទិននឹងការអប់រំនេះ។ អញ្ចឹងក្រសួងសុខាភិបាលបានធ្វើហើយ ហើយគ្រប់ទីកន្លែងក៏បានធ្វើដែរ ណែនាំចំពោះមនុស្សទាំងឡាយ ហើយជាពិសេសចាប់ផ្តើមពីខ្លួនយើងទាំងអស់គ្នា។ ក្នុងរយៈពេលកន្លងទៅគឺកាត់បន្ថយនូវការនៅកៀកគ្នា កាត់បន្ថយនូវការជួបជុំទំហំធំ និងកាត់បន្ថយនូវបញ្ហាដែលវាអាចនាំទៅដល់ការរីករាលដាលនៃជំងឺឆ្លងនេះ។
សូមណែនាំកូនចៅ ជាពិសេសបងប្អូនពលករដែលមកពីប្រទេសថៃ ដែលមកដល់ពេលនេះតួលេខពីក្រសួងមហាផ្ទៃបានបង្ហាញថា មកពីប្រទេសថៃមានជាង ៥ ម៉ឺននាក់។ សូមឱ្យបងប្អូនជាង ៥ ម៉ឺននាក់នោះ ដាក់ខ្លួននៅមួយកន្លែង ហើយសូមលើកទឹកចិត្ត និងកោតសរសើរចំពោះក្រុមគ្រួសារទាំងឡាយ ទាំងបុគ្គលដែលជាកូនជាចៅ ឬជាបុគ្គលដែលមកពីប្រទេសថៃ ទាំងក្រុមគ្រួសារដែលមានកូនចៅមកពីប្រទេសថៃ មានកន្លែងខ្លះដាក់សរសេរជាអក្សរនៅមុខផ្ទះតែម្តងថា ដោយខ្ញុំទើបនឹងមានកូនមកពីប្រទេសថៃ សុំអធ្យាស្រ័យមិនអាចចូលលេងបានទេ គឺបានដាក់បម្រាមខ្លួនឯងតែម្តង។ ខ្ញុំលើកទឹកចិត្តឱ្យធ្វើបែបនេះចំពោះប្រជាពលរដ្ឋ ដែលទើបពីប្រទេសថៃ។ យើងមិនអាចប្រមូលផ្តុំមនុស្សទាំង ៥ ម៉ឺននាក់នេះ ទៅទុកនៅកន្លែងដាក់ដោយឡែកអស់បានទេ។
ជំងឺ Covid-19 ពិតប្រាកដ នាំចូលពីខាងក្រៅ
ប៉ុន្តែយើងត្រូវពិនិត្យគ្រប់គ្រងគោលដៅទាំងអស់ ភូមិទាំងអស់ដែលមានបងប្អូនមកពីប្រទេសថៃ ឬមកពីប្រទេសក្រៅ មិនមែនត្រឹមតែថៃទេ ថ្ងៃនេះក្នុងអ្នកដែលបានឆ្លង ៤ នាក់ មាន ២ នាក់ មកពីក្រៅប្រទេស មួយនិស្សិតមកពីសហរដ្ឋអាមេរិក មួយនិស្សិតមកពីជប៉ុន ២ នាក់។ អញ្ចឹងសព្វថ្ងៃនេះ ជំងឺពិតប្រាកដរបស់យើងគឺជំងឺនាំចូលពីខាងក្រៅទេ។ អញ្ចឹងបានជាក្រសួងការបរទេសបានប្រកាសចេញរួចហើយនូវវិធានការតឹងរ៉ឹងមួយចំនួន ក្រៅពី ៦ ប្រទេសដែលយើងបានកំណត់។ យើងបានកំណត់នូវវិធានការលុបចោលនូវទិដ្ឋាការពេលមកដល់ លុបចោលនូវការចេញទិដ្ឋាការក្នុងការគេថា តាម E-visa និងវិធានការតឹងតែងមួយចំនួនទៀត រាប់ទាំងការតម្កល់ប្រាក់ ៥ ម៉ឺនដុល្លារសហរដ្ឋអាមេរិក មុននឹងចូលមកកម្ពុជា ព្រោះយើងឃើញករណី ៤ នាក់ ដែលបានកើតនៅបុរីមួយ ឪពុកម្តាយ ២ នាក់ទៅប្រទេសបារាំង ត្រឡប់មកវិញចម្លងបានកូន ២ នាក់ទៀត ឡើងបាន ៤ ក្នុង ១ គ្រួសារ តែម្តង។ អញ្ចឹង ជំងឺកើតចេញពីការនាំចូល ដែលត្រូវយកចិត្តទុកដាក់ ហើយជាពិសេសបងប្អូនដែលមកពីប្រទេសថៃទាំងឡាយ សូមឱ្យមានការប្រុងប្រយ័ត្នខ្លួនឯងតែម្តង កុំឱ្យខ្លួនឯងក្លាយទៅជាអ្នកដែលមានជំងឺនោះ ហើយយកជំងឺនោះមកចម្លងឱ្យគ្រួសារ និងនៅក្នុងសហគមន៍។ នេះជាកង្វល់មួយ។ រួចផុតពីរយៈពេល ១៤ ថ្ងៃ ទើបយើងនឹងអាចដឹងបាន ហើយត្រូវដាក់ខ្លួនឱ្យនៅឆ្ងាយពីគេរយៈពេល ១៤ ថ្ងៃ នៅពេលណាដែលមានបញ្ហាគឺត្រូវតែរុករកគ្រូពេទ្យភ្លាម។
ពេញចិត្ត ឬមិនពេញចិត្ត អត់មានជម្រើសអ្វី ក្រៅពីប្រើប្រាស់សេវាសុខាភិបាលកម្ពុជា
ឥឡូវបើទោះបីអស់លោក លោកស្រីពេញចិត្ត ឬមិនពេញចិត្ត នូវគ្រូពេទ្យខ្មែរ តែអស់លោកអត់មានជម្រើសទេ ក្រៅតែពីប្រើប្រាស់នូវសេវាកម្ម នៃសុខាភិបាលកម្ពុជាតែប៉ុណ្ណោះ។ អ្នកដែលជួយអស់លោកបាននៅពេលនេះគឺមានតែគ្រូពេទ្យកម្ពុជាតែប៉ុណ្ណោះ ដែលអស់លោកត្រូវជឿជាក់។ នៅទីនេះគឺមិនមែនអ្នកណា សួរថា តើប្រជាជនកម្ពុជាប៉ុន្មានរូបហើយ ដែលអាចទិញនូវវិញ្ញាបនបត្របញ្ជាក់សុខភាពបាន? ដូចដែលមនុស្សខ្លះចោទប្រកាន់ថាកម្ពុជា ដើម្បីបញ្ជាក់អំពីសុខភាពរបស់ខ្លួនបានគឺ ត្រូវការតែ ៤០ ដុល្លារសហរដ្ឋអាមេរិកទេ។ នេះជាអំពើថោកទាបមួយនៃការបំផ្លាញពលរដ្ឋខ្លួនឯង។ តើពលរដ្ឋរបស់យើងមានប៉ុន្មានសិបអ្នកហើយ ប៉ុន្មានម៉ឺននាក់ ពាន់នាក់ សែននាក់ លាននាក់ បានទទួលអាវិញ្ញាបនបត្រហ្នឹង? នេះជាការប្រមាថចំពោះមន្ត្រីសុខាភិបាលកម្ពុជា ជាការប្រមាថពលរដ្ឋកម្ពុជា ដែលមិនត្រូវអត់ឱនអាក្រុមពួកនេះទេ។
អំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង បើភ័យខ្លាចនាំគ្នាដេកផ្ទះ កុំដើរ ហ្នឹងគឺយើងចាត់ទុកថាយើងមានសុវត្ថិភាពហើយ។ បើគ្មានការចាំបាច់ទេ គឺមិនចាំបាច់ចេញក្រៅទេ។ ឧទាហរណ៍៖ ធ្លាប់ចេញទៅនេះ ទៅនោះច្រើនគ្នា យើងអាចចេញទៅតែម្នាក់ ហើយត្រឡប់មកវិញត្រូវតែលាងសំអាត។ កន្លែងលក់ដូរទាំងអស់ត្រូវតែមាន ដែលបងប្អូននៅតាមទីផ្សារមួយៗបានធ្វើហើយ។ ខ្ញុំអរគុណ និងលើកទឹកចិត្តឱ្យធ្វើបន្តទៀត ប៉ុន្តែអាល់កុលក៏មានអាល់កុលក្លែងក្លាយដែរ អ្នកខ្លះបានប្រើតែដបល្អទេ ប៉ុន្តែក្នុងដបហ្នឹងពិតប្រាកដជាស្រាមកពីត្រង់ណាលាយនោះទេ។ មិនមែនជាប្រភេទអាល់កុលពិតប្រាកដនោះទេ។ ហ្នឹងក៏ត្រូវតែចាប់ដែរ ព្រោះមានប្រភេទអាល់កុលក្លែងក្លាយ ថ្នាំក្លែងក្លាយ និងធ្វើតេស្តក្លែងក្លាយ ព្រោះឥឡូវអ្វីដែលក្រសួងសុខាភិបាលមិនទាន់ទទួលស្គាល់ អង្គការសុខភាពពិភពលោកមិនទាន់ទទួលស្គាល់ គឺមិនអនុញ្ញាតឱ្យប្រើប្រាស់នៅលើទឹកដីកម្ពុជា។
កម្ពុជាមិនមែនជាកន្លែងសាកល្បងប្រដាប់ធ្វើតេស្ដ និងថ្នាំទេ
កម្ពុជាមិនមែនកន្លែងសាកល្បង នៃប្រដាប់ធ្វើតេស្តទេ។ កម្ពុជាក៏មិនមែនកន្លែងសាកល្បង នៃការប្រើថ្នាំព្យាបាលទេ។ សុំឱ្យប្រទេសនានា ធ្វើតេស្តដោយខ្លួនឯងថា ជោគជ័យហើយ អង្គការសុខភាពពិភពលោកទទួលស្គាល់ កម្ពុជានឹងបញ្ជាទិញតែម្តង ដោយមិនចាំបាច់ឱ្យប្រជាពលរដ្ឋរបស់យើងព្រួយបារម្ភទេ។ មាននាងម្នាក់បង្ហោះហ្វេសប៊ុកថា អង្គការនេះ ប្រទេសនេះគេទទួលស្គាល់ហើយ ម៉េចក៏យើងមិនទទួលស្គាល់? ប្រទេសផ្សេងគឺរឿងផ្សេង តែនេះ ប្រទេសកម្ពុជា ដែលប្រទេសកម្ពុជាត្រូវមានការទទួលខុសត្រូវចំពោះពលរដ្ឋរបស់ខ្លួន។ ថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំ ថ្នាក់ភូមិ ភូមិណាដែលមានអ្នកចំណូលថ្មី ដែលមកពីក្រៅប្រទេស ត្រូវតែជាភូមិគោលដៅ នៃការពិនិត្យឱ្យបានដិតដល់បំផុត កុំឱ្យភូមិនេះក្លាយទៅជាភូមិដែលរីករាលដាលនៅក្នុងសហគមន៍។ ខ្ញុំមានជំនឿថា បើយើងយកវិធានការនេះ កម្ពុជាគ្មានចរិតឆ្លងដល់សហគមន៍ទេ គ្រាន់តែមានការចម្លងដាច់ដោយឡែក ហើយយើងយកដាក់ការព្យាបាលនៅទីតាំងជាក់លាក់ ដែលកំណត់ដោយក្រសួងសុខាភិបាលតែប៉ុណ្ណោះ ដោយមិនមានតម្រូវការចំាបាច់នាំបិទទាំងភូមិទេ ព្រោះបើសិនមានការរីករាលដាលដល់ភូមិហើយ យើងត្រូវបិទភូមិហើយ ហើយពេលនោះតើមានអ្វីនឹងកើតឡើង? នេះមិនមែនជាការបំភ័យបន្ថែមទេ ប៉ុន្តែជាវិធានការដែលយើងត្រូវប្រកាន់យក ហើយយើងប្រែក្លាយការភ័យខ្លាចរបស់យើង ទៅជាវិធានការការការពារខ្លួន អញ្ចឹងខ្លាចឆ្លងរោគត្រូវលាងដៃ ខ្លាចឆ្លងរោគលាងដៃដុសសាប៊ូ លាងដៃអាល់កុល ការខ្ទប់មាត់ប្រើម៉ាស ឬប្រើក្រមា ដើម្បីនឹងទប់ទល់ជាមួយនឹងការឆ្លង។
(៧) វិស័យឯកជន និងវិស័យឯកជន យោគយល់រកស៊ីជាមួយគ្នា
អំពាវនាវឱ្យវិស័យឯកជន និងវិស័យឯកជន យោគយល់គ្នាក្នុងការរកស៊ីជាមួយគ្នា នោះស្ថិតនៅត្រង់ថា ខ្ញុំលើកឧទាហរណ៍ ឯកជនមួយគាត់បើកអាជីវកម្ម ក៏ប៉ុន្តែអាជីវកម្មនេះគាត់មិនមានទីតាំងខ្លួនឯងទេ គាត់ទៅជួលហាងពីម្ចាស់មួយទៀត។ ដល់អាជីវកម្មរបស់គាត់មួយនេះ វាកំពុងធ្លាក់ចុះ ឬរហូតដល់បិទទ្វារ ដូច្នេះសុំឱ្យគូភាគីនេះធ្វើការយោគយល់គ្នា កាត់បន្ថយការបង់ ឬពន្យារ ឬក៏ថាមិនឱ្យបង់។ យើងគ្រាន់តែអំពាវនាវទេ យើងអត់មានសិទ្ធិកាត់ក្តីសម្រាប់គូភាគី។ នេះជាការអនុវត្តកិច្ចសន្យារវាងគូភាគីតែប៉ុណ្ណោះ។ អញ្ចឹងទេ សុំឱ្យមានការយោគយល់គ្នាលើបញ្ហាហ្នឹង។ ខ្ញុំបានលឺពីមនុស្សមួយចំនួន ដែលបានរកស៊ីជួលអគារគេ ជួលទីតាំងគេ ឥឡូវម្ចាស់ដើមទារពេញថ្លៃ ក្នុងពេលដែលគ្នារកចំណូលអត់បាន។ អញ្ចឹងទេ សុំកុំកាប់មេមាន់ទទួលទាន គួរត្រូវរក្សាមេមាន់នេះ ដើម្បីថ្ងៃក្រោយឱ្យមានពងកូនតទៅទៀត។ អញ្ចឹងបើសិនជាកាប់គ្នាក្នុងពេលនេះ គឺបានសេចក្តីថាហាងហ្នឹងគ្នាត្រូវបិទ បិទរហូតគ្មានអ្នកណាជួលទៅថ្ងៃក្រោយ។ ប៉ុន្តែបើសិនជាអនុគ្រោះឱ្យគ្នាមួយខែ ពីរខែ ឬក៏បញ្ចុះថ្លៃប៉ុណ្ណេះភាគរយ ៥០% ៦០% ៧០% គឺ យើងអាចរក្សាអតិថិជននេះឱ្យជួលត្រឡប់មកវិញនៅពេលដែលសភាពការណ៍បានរើបម្រះត្រឡប់មកវិញ ។
ការបង់ថ្លៃឈ្នួលផ្ទះ ការបង់រំលស់ផ្ទះ បង់រំលស់រថយន្ត បង់រំលស់ស្អីៗច្រើនណាស់នៅក្នុងប្រទេសរបស់យើង គឺគប្បីធ្វើរវាងម្ចាស់ជាមួយអ្នកបង់រំលស់ ដោយផ្តល់នូវការយោគយល់។ នេះគ្រាន់តែជាការអំពាវនាវទេ។ អ្នកខ្លះស្អប់កុំម្មុយនីស្ត ប៉ុន្តែចង់ឱ្យរដ្ឋធ្វើកុំម្មុយនីស្ត បានសេចក្តីថាឱ្យរដ្ឋតម្រូវអញ្ចេះៗ។ រដ្ឋអត់មានសិទ្ធិតម្រូវទេ។ ប៉ុន្តែខ្ញុំគ្រាន់តែចង្អុលបង្ហាញថា នៅពេលច្បាប់ដាក់ប្រទេសជាតិក្នុងគ្រាមានអាសន្ន រដ្ឋអាចនឹងកំណត់មុខទំនិញមួយចំនួន កំណត់ថ្លៃ តែពេលនេះសេដ្ឋកិច្ចទីផ្សារ រដ្ឋអត់មានសិទ្ធិកំណត់ថ្លៃទេ ត្រឹមតែចរចាថ្លៃឱ្យមានការស្រុះស្រួល។ ប៉ុន្តែ បើសិនជាដាក់ប្រទេសក្នុងគ្រាមានអាសន្ន រដ្ឋអាចកំណត់ទីផ្សារអង្ករត្រឹមតែប៉ុន្មាន លក់លើសពីហ្នឹងគឺផាក។ កំណត់បែបនេះទៅបាន។ ប៉ុន្តែក្នុងសភាពការណ៍ធម្មតារដ្ឋអត់អាចធ្វើបានទេ ហើយបើទោះបីជាមានច្បាប់ក្នុងគ្រាមានអាសន្នក៏ដោយ ក៏រដ្ឋមិនទៅលូកដៃរវាងឯកជននិងឯកជននោះទេ។ រដ្ឋគ្រាន់តែអំពាវនាវឱ្យវិស័យឯកជន និងវិស័យឯកជន ធ្វើការផ្តល់នូវការយោគយល់គ្នា រាប់ទាំងវិស័យធនាគារ យោគយល់ទៅការពន្យារពេលសង គ្រាន់តែពន្យារពេលសងឱ្យគ្នា ដល់ដំណាក់កាលសងបញ្ចប់ គ្នាមានការលំបាក។
មិនគួរប្រើប្រាស់ពេលវេលាហ្នឹងទៅរឹបអូសផ្ទះគ្នាទេ។ ពន្យារបន្ថយការប្រាក់ ព្រោះរដ្ឋបានបន្ថយ ខាងធនាគារជាតិបានមានវិធានការច្រើនហើយ ចំពោះធនាគារ និងមីក្រូហិរញ្ញវត្ថុ ដូចជាទុនបម្រុងកាតព្វកិច្ចមុននេះទាំងប្រាក់រៀលប្រាក់ដុល្លារ ទុនបម្រុងកាតព្វកិច្ចមានជាង ១២% ឥឡូវនេះទុនបម្រុងកាតព្វកិច្ចធ្លាក់មកនៅត្រឹមតែ ៧% តែប៉ុណ្ណោះ ដែលអនុញ្ញាតឱ្យធនាគារទាំងអស់ និងមីក្រូហិរញ្ញវត្ថុទាំងអស់ មានទុនប្រមាណជា ១.១០០ លានដុល្លារ ដើម្បីដោះស្រាយ ជាមួយនឹងកូនបំណុល បន្ធូរបន្ថយជាមួយនឹងកូនបំណុល។
រាជរដ្ឋាភិបាលពិនិត្យលទ្ធភាពបញ្ចេញទុន ៥០០/៦០០ លានដុល្លារ ឱ្យធនាគារឯកទេសខ្ចី
យើងក៏កំពុងពិនិត្យអំពីលទ្ធភាព បញ្ចេញទុនរបស់រាជរដ្ឋាភិបាល ៥០០ ឬ ៦០០ លានដុល្លារ ដើម្បីឱ្យធនាគារឯកទេសខ្ចីក្នុងអត្រាការប្រាក់ទាប ហើយធនាគារឯកទេសទាំងនោះនឹងយកទៅឱ្យអ្នកធ្វើអាជីវកម្ម ដោយការប្រាក់ទាបដែរ។ យើងកំពុងពិនិត្យបញ្ហានេះ តែមិនទាន់ឈានដល់ទេ។ យើងនឹងឈានដល់នៅជុំទី ២ យើងប្រកាសជុំទី ១ ហើយ ជុំទី ២ ឬជុំទី ៣ អំពីលទ្ធភាពបញ្ចេញទុនរបស់រដ្ឋ ប្រាក់សន្សំរបស់រដ្ឋ ៥០០ ឬ ៦០០ លានដុល្លារ ទៅឱ្យផ្នែកធនាគារឯកជន សហគ្រាសឯកជន ព្រោះរដ្ឋមិនអាចឱ្យឯកជនមកខ្ចីផ្ទាល់ទេ។ រដ្ឋមានសិទ្ធិត្រឹមតែឱ្យធនាគារឯកជនមកខ្ចី ដោយអត្រាការប្រាក់ទាប រួចហើយប្រើប្រាស់កម្ចីនេះទៅឱ្យអ្នកខ្ចី ដែលមានអត្រាការប្រាក់ទាបតគ្នា។ នេះជាការអំពាវនាវដើម្បីបន្ធូរបន្ថយ វិស័យឯកជន និងវិស័យឯកជន ប្រាក់ឈ្នួលអីនានា ព្រោះឥឡូវគ្នាពិបាករកតែលុយបង់ថ្លៃបុគ្គលិកមិនបានផង។ ភោជនីយដ្ឋានមួយ ធ្លាប់មានមនុស្សចូលស៊ី ឥឡូវអត់មានមនុស្សចូលស៊ី តម្លៃអគារនៅតែ ៣.០០០ ដុល្លារដដែលក្នុងមួយខែ ក្នុងពេលដែលគ្នារកតែចំណូល ២.០០០ ដុល្លារមិនគ្រប់ បូកនឹងថ្លៃទឹក ថ្លៃភ្លើង បូកនឹងបុគ្គលិកទៀត។ ដូច្នេះជួបការលំបាក សុំឱ្យមានការយោគយល់គ្នាក្នុងកាលៈទេសៈដ៏លំបាក។
(៨) ទឹកប្រាក់ទទួលបានពីសប្បុរសជនមានជិត ១០ លានដុល្លារសហរដ្ឋអាមេរិក
ចំណុចចុងក្រោយ អរព្រះគុណចំពោះព្រះមហាក្សត្រ ចំពោះសម្តេចម៉ែ ក៏ដូចជាសប្បុរសជនដែល បានចូលរួមរហូតមកដល់ពេលនេះ គឺចំនួនទឹកប្រាក់ដែលទទួលបាន គឺមានជិត ១០ លាន និងបូកទាំង ២ ទិស សរុបនឹងមានប្រាក់រៀលប្រមាណ ១.៥០០ លានរៀល។ ដូច្នេះចំនួនទឹកប្រាក់ដែលយើងទទួលបានមកដល់ពេលនេះ គឺមានប្រមាណជាង ១០ លានដុល្លារ ហើយបន្ថែមទៅលើអ្វីដែលមានស្រាប់ ដែលក្រសួងសុខាភិបាលទិញ ខ្ញុំបានបញ្ជាទិញម៉ាសចំនួន ៣ លានម៉ាស ដែលអាចដឹកពីក្រៅមកវិញ ព្រោះនៅប្រទេសយើងអត់គ្រប់ និងសម្ភារៈសម្រាប់ក្រុមគ្រូពេទ្យ អាវគ្រូពេទ្យចំនួន ៥០០០ សម្រាប់ ដែលនឹងត្រូវដកយកពីប្រាក់សប្បុរសជនចូលរួមនេះ។ នេះជាការបញ្ជាទិញ បន្ថែមទៅលើអ្វីដែលក្រសួងសុខាភិបាលបម្រុងទុក។ ឃើញថាយើងបញ្ចេញប្រើរាល់ថ្ងៃ ប៉ុន្តែយើងមិនបានបញ្ចូលទេ ហើយក្រសួងសុខាភិបាលមានការស្ទាក់ស្ទើរ។ ក្រសួងសុខាភិបាលនៅតែចេញមុខរក្សាទុកនូវរបស់របរទាំងអស់នេះ ក៏ប៉ុន្តែក្នុងឋានៈមេបញ្ជាការនៅក្នុងដំណាក់កាលនេះ ខ្ញុំត្រូវតែមានគ្រាប់កាំភ្លើងនៅក្នុងដៃ គឺម៉ាសការពារខ្លួន សម្រាប់ប្រជាពលរដ្ឋរបស់យើង។ សម្ភារៈសម្រាប់ការពារគ្រូពេទ្យ ៥.០០០ សម្រាប់បន្ថែមទៀត ព្រោះខោអាវខ្លះគឺប្រើម្តងបោះចោល ឧបករណ៍ខ្លះគឺមានមួកស្អីៗ ស្បែកជើងអីសព្វបែបយ៉ាងទាំងអស់ គឺត្រូវមាន ដើម្បីការពារគ្រូពេទ្យយើង កុំឱ្យគ្រូពេទ្យយើងគ្រោះថ្នាក់ ឆ្លងរោគ ហើយមានគ្រោះថ្នាក់។ ស្ថានភាពនេះធ្លាប់បានមានកើតនៅក្នុងប្រទេសនេះ ប្រទេសនោះរួចទៅហើយ។ ខ្ញុំមិនអនុញ្ញាតឱ្យមានការកើតឡើងលើគ្រូពេទ្យកម្ពុជា ដោយសារតែកំហុសខ្វះសម្ភារៈនោះទេ។
មិនខ្លាចចំណាយលើសម្ភារៈការពារក្រុមគ្រូពេទ្យ និងបង្កើតចំណាយឱ្យក្រុមគ្រូពេទ្យមានសុខភាពល្អ
គ្រូពេទ្យយើងមានការលះបង់ច្រើនណាស់ ដោយសុំយកឱកាសនេះ ថ្លែងនូវការកោតសរសើរចំពោះក្រសួងសុខាភិបាល ថ្លែងនូវការកោតសរសើរចំពោះក្រុមគ្រូពេទ្យទាំងអស់ ដែលបានចូលរួមនៅក្នុងប្រតិបត្តិការ ថ្លែងអំណរគុណចំពោះផ្នែកពាក់ព័ន្ធទាំងអស់ ហើយជាពិសេសសំដៅក្រុមគ្រូពេទ្យទាំងអស់។ យើងមិនខ្លាចនឹងចំណាយទៅលើសម្ភារៈសម្រាប់ការការពារក្រុមគ្រូពេទ្យ ហើយយើងក៏មិនខ្លាចនឹងការបង្កើតចំណាយសម្រាប់ឱ្យក្រុមគ្រូពេទ្យរបស់យើងមានសុខភាពល្អ ក្នុងការការពារខ្លួន។ ទៅលើប្រាក់ប្រចាំថ្ងៃក្នុងការដែលគាត់ត្រូវធ្វើការ ខ្លះ ២៤ ម៉ោងលើ ២៤ ម៉ោង បានសម្រាកតិចតួចណាស់ ក្នុងមួយរយៈកាលកន្លងទៅនេះ។ សុំបញ្ជាក់ថា ឥឡូវនេះសរុបទឹក ប្រាក់របស់យើងមានជាង ១០ លានដុល្លារ ប៉ុន្តែយើងនៅតែបន្តទទួលដោយសារនេះជាចិត្តសប្បុរសចង់ចូលរួម តែខ្ញុំគ្រាន់តែបង្ហាញថាជាង ១០ លានដុល្លារនេះ ត្រូវបានខ្ញុំបញ្ជាទិញ ហើយដែលប្រគល់ឱ្យឯកឧត្តម ម៉ម ប៊ុនហេង ធ្វើការទូទាត់ទេ។ ខ្ញុំបញ្ជា ដោយសារខ្ញុំស្គាល់អ្នកផលិតម៉ាស ផលិតសម្ភារៈនៅកំពង់ចាម និងនៅស្វាយរៀង។ ខ្ញុំឱ្យ សុខ ចិន្តា ទាក់ទងទិញម៉ាស ប៉ុន្តែម៉ាសខ្វះ ត្រូវដឹកពីហ្វីលីពីនត្រឡប់មកវិញ ឯសម្ភារៈក្បាំងមុខក្បាំងអីសំរាប់គ្រូពេទ្យមួយផ្នែកយកពីស្វាយរៀង មួយផ្នែកយកពីកំពង់ចាម និងមួយផ្នែកត្រូវដឹកពីបរទេសចូលមក ដើម្បីយើងស្តុកបម្រុង។ ខ្ញុំគិតថាម៉ាស ៣ លាននេះក៏នៅតែមិនទាន់គ្រប់ដែរ។ បើសិនជាចំណាយចេញផុតទៅអស់ ១ លាន ត្រូវដាក់បន្ថែមឱ្យគ្រប់ ៣ លានឡើងវិញ។ ជាការស្តុក ដូចជាខ្ញុំស្តុកគ្រាប់កាំភ្លើងចឹង ១០០ លានគ្រាប់។ ត្រូវតែមានក្នុងស្តុក។ ប្រសិនបើយកទៅប្រើប្រាស់អស់ ២ លានគ្រាប់ ត្រូវទិញដាក់បន្ថែមចូលក្នុងហ្នឹងឱ្យគ្រប់ ១០០ លានគ្រាប់ឱ្យខ្ញុំ។ ដូចគ្នានេះដែរ ម៉ាសត្រូវតែមាន ៣ លានក្នុងស្តុក។ បើកាលណាប្រើប្រាស់អស់ ១ លាន ត្រូវទិញថែមចូល ១ លានទៀត ដើម្បីស្តុកត្រៀមបម្រុងក្នុងរយៈពេលវែង។
នេះជាការប្រកាសរបស់ខ្ញុំ ហើយខ្ញុំផ្តល់ឱកាសសម្រាប់អ្នកសារព័ត៌មានទាំងឡាយ ដើម្បីចោទចេញជាសំ ណួរនៅពេលនេះ ដោយនេះជាវេទិកា នៃសន្និសីទកាសែត ប៉ុន្តែដូចដែលរាល់ដងអញ្ចឹង មុនពេលដែលធ្វើ សន្និសីទ មុនពេលឱ្យអ្នកកាសែតផ្តល់នូវសំណួរ ខ្ញុំត្រូវធ្វើនូវការថ្លែងការណ៍ពាក់ព័ន្ធនឹងបញ្ហាមួយចំនួន ផងដែរ ដែលវាជាទម្លាប់ធម្មតានៃសន្និសីទកាសែតនីមួយៗ។ សុំអញ្ជើញអ្នកសារព័ត៌មាន …៕