ឯកឧត្តមកិត្តិនីតិកោសល បណ្ឌិត ប៊ិន ឈិន អញ្ជើញជាអធិបតីក្នុងពិធីផ្ទេរ និងប្រកាសចូលកាន់តំណែងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

​​ពិធី​​ផ្ទេរនិងប្រកាសចូលកាន់ដំណែងរដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានរៀបចំធ្វើឡើងនៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងមុខងារសាធារណៈ ក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។

​ ឯកឧត្តមកិតិ្តបណ្ឌិត ពេជ្រ ប៊ុនធិន​​ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានធ្វើរបាយការណ៍សង្ខេប​នូវសមិទ្ធផលការងារ​សំខាន់ៗ​នៃការអភិវឌ្ឍ​វិស័យ​មុខ​ងារ​សាធារណៈ​​កម្ពុជា ដែលក្រសួងមុខងារសាធារណៈអនុវត្តកន្លងមក ក្នុងនោះ បានរៀបចំឱ្យមានផែនការរយៈពេលវែង និងមធ្យមសម្រាប់អនុវត្តការងាររបស់ក្រសួង ដូចជាផែនការយុទ្ធសាស្រ្តឆ្នាំ២០១៩-២០២៣ របស់ក្រសួង​មុខងារសាធារណៈ ផែនការយុទ្ធសាស្រ្តថវិកា និង​កម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ​  បានកសាងអគាររដ្ឋបាលនៃមន្ទីរមុខងារសាធារណៈរាជធានី-ខេត្តបានចំនួន១១មន្ទីរ សាងសង់អគារក្រសួងមុខងារសាធារណៈកម្ពស់ប្រាំជាន់និង អគារ សម្រាប់​សិក្សា​នៅ​សាលាភូមិន្ទរដ្ឋបាលកម្ពស់ប្រាំជាន់  ការកែលម្អការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមរយៈការរៀបចំរចនា   ​​​​  សម្ព័ន្ធថវិកា​កម្មវិធី ​និងការរៀបចំអង្គភាពថវិកាចំនួន២៩ ក្នុងនោះអាណាប័កផ្ទេរសិទ្ធិចំនួន២៦អង្គភាព បានបង្កើតក្រុមការងារនិងអនុវត្តការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមប្រព័ន្ធ​ព័ត៌មានវិទ្យា(FMIS)សាងសង់អគារទីស្តីការក្រសួងចំនួន០១ខ្នង កម្ពស់០៦ជាន់ ការអនុវត្តលិខិតបទដ្ឋានគតិយុត្ត ដើម្បីបម្រើ​ដល់​ការងារ​គ្រប់គ្រង​មន្ត្រីរាជការ ការអភិវឌ្ឍវិស័យមុខងារសាធារណៈ ការកែ​ទម្រង់​ប្រព័ន្ធបៀវត្ស ការកែ​លម្អនិងពង្រឹងគុណភាពនៃការផ្តល់​សេវា​សាធារ​ណៈ ប្រព័ន្ធគ្រប់គ្រងមន្រ្តីរាជការតាមប្រព័ន្ធព័ត៌មានវិទ្យា ដូចជា ប្រព័ន្ធ​​​ព័ត៌មាន​មន្ត្រី​រាជការស៊ីវិល  ប្រព័ន្ធគ្រប់គ្រងមន្រ្តីជាប់កិច្ចសន្យា ប្រព័ន្ធគ្រប់គ្រងប្រាក់​ម៉ោងបន្ថែម​គ្រូ​បង្រៀន និងប្រព័ន្ធគ្រប់គ្រងគ្រូបង្រៀនជាប់កិច្ចសន្យា ក្នុងនោះបានរកឃើញប្រាក់បៀវត្សដែលបានបើកលើស មិនសមស្របតាមគោលការណ៍ ហើយ​តម្រូវឱ្យក្រសួង /ស្ថាប័នបង្វែរថវិកាចូលជាតិវិញ។ ក្រៅពីនេះបានធ្វើអធិការកិច្ច ដើម្បីត្រួតពិនិត្យលើការអនុវត្តលិខិតបទដ្ឋានគតិយុត្ត​ពាក់​ព័ន្ធ​​​នឹងវិស័យមុខងារសាធារណៈធ្វើសមាហរណកម្មក្របខណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់របស់មន្ត្រីរាជការ​ទៅក្នុង​ប្រព័ន្ធមុខងារសាធារណៈថ្មីចំនួន១៨៤.៦៨៧នាក់ នៅដើមឆ្នាំ២០១៥ ការបណ្តុះបណ្តាលជូនមន្រ្តី​រាជការ​ស៊ីវិល និង សិស្សមន្រ្តី មន្រ្តី​ជាន់ខ្ពស់ មន្រ្តីក្រមការ មន្រ្តីគ្រប់គ្រងរដ្ឋបាល និងមន្ត្រីនិងថ្នាក់ដឹកនាំពីក្រសួងជំនាញ ជាពិសេសថ្នាក់ដឹកនាំជាស្រ្តី បានរៀបចំបៀវត្សប្រចាំខែអប្បបរមារបស់មន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ត្រូវបានរៀបចំដំឡើង​ជា​បន្តបន្ទាប់ដល់ជាង ១លានរៀលក្នុងឆ្នាំ២០១៨បានរៀបចំដំឡើងបៀវត្សនិងប្រាក់ឧបត្ថម្ភផ្សេងៗជាបន្តបន្ទាប់ជូនមន្រ្តីរាជការស៊ីវិល​កងកម្លាំង​ប្រដាប់​អាវុធ មន្រ្តីរាជការក្នុងវិស័យតុលាការ មន្រ្តីអនុរក្សពន្ធ​នាគារ សមាជិក​ក្រុមប្រឹក្សា​រដ្ឋបាលថ្នាក់ក្រោមជាតិ​ សមាជិកភូមិ​ និងមន្រ្តីជាប់កិច្ច​សន្យា ជាពិសេស​ការ​បង្កើនតម្លៃឯកតានៃសន្ទស្សន៍​​បៀវត្ស​មូលដ្ឋាន និង ប្រាក់បំណាច់​មុខងារ  ការដំឡើងប្រាក់របបសន្តិសុខសង្គម ការបើកផ្ដល់បៀវត្សរៀងរាល់២​សប្ដាហ៍​ម្ដង តាមប្រព័ន្ធ​ធនាគារ​ជាដើម។ ​  ​ ​ ​                                                                                                ​  ​​          ឯកឧត្តម ជាប សត្ថារតន៍ អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី អានព្រះរាជក្រឹត្យលេខ នស/រកត០៣២០/៤២១របស់ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ស្តីពីការតែងតាំងឯកឧត្តម ព្រុំ សុខា ជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈចាប់ពីពេលនេះតទៅ។

បន្ទាប់ពីឯកឧត្តម ព្រុំ សុខា ​រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈដែលទើបនឹងតែងតាំងឡើងថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាល និងបានប្តេជ្ញា​ជំរុញអនុវត្តឲ្យបានជោគជ័យនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលលើវិស័យអាទិភាពទាំង៤ ជាពិសេសកំណែទម្រង់វិស័យសាធារណៈ ដោយប្រកាន់ខ្ជាប់នូវបាវចនា២ និងអភិក្រម៥ ដែលជាប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលបាវចនា២ គឺកែទម្រង់ខាងក្នុង និងពង្រីកមិត្តខាងក្រៅ លើមូលដ្ឋានឯករាជ្យ និងអធិបតតេយ្យភាពជាតិ និងអភិក្រមទាំង៥ រួមមាន ឆ្លុះកញ្ចក់ ងូតទឹក ដុលក្អែល ព្យាបាល និងវះកាត់។ ពង្រឹងបន្តការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ និងការបណ្តុះបណ្តាលសមត្ថភាព វិជ្ជាជីវៈរបស់មន្ត្រីរាជការស៊ីវិល ដោយផ្អែកទៅលើគោលការណ៍គុណាធិបតេយ្យ រួមចំណែកកសាងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសាធារណៈ។

នៅក្នុងឱកាសនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានមានប្រសាសន៍ថា​ ថ្ងៃនេះ ឯកឧត្តមពិតជាមានសេចក្តីរីករាយ និងកិត្តិយសដ៏ឧត្តុង្គឧត្តម​ ដែលទទួលបានការចាត់តាំងពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ     មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ជាតំណាងដ៏ខ្ពង់ខ្ពស់ក្នុងពិធីចូលកាន់តំណែងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។​ នៅក្នុងឱកាសនេះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ​ បានថ្លែងអំណរគុណជាពិសេស និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន ដែលបានធ្វើរបាយការណ៍យ៉ាងក្បោះក្បាយអំពីសមិទ្ធផលសម្រេចបានដែលបង្ហាញពីការអភិវឌ្ឍន៍រីកចម្រើនក្នុងវិស័យមុខងារសាធារណៈ ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិបណ្ឌិតនាពេលកន្លងមក ជាពិសេសការធ្វើឲ្យមានការប្រែប្រួលជាវិជ្ជមានទៅលើការធ្វើសមាហរណកម្មក្របខ័ណ្ឌ ឋានន្តរសក្តិ និងថ្នាក់ ការដំឡើងប្រាក់បៀវត្ស ការបើកផ្តល់ទាន់ពេលវេលា និងក្នុងខែ ការ  បណ្តុះបណ្តាលអភិវឌ្ឍធនធានមនុស្ស​​ និងស្ថាប័ន និងការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជំនាញគ្រប់ជាន់ថ្នាក់ដែលបានរួមចំណែកយ៉ាងសកម្ម និងប្រកបដោយសុខដុមនីយកម្មជាមួយឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន ក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា និងការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍជាតិ ព្រមទាំងស្របតាមការវិវឌ្ឍជាអន្តរជាតិ ជាពិសេសគឺការខិតខំបំពេញការងារឲ្យទទួលបានលទ្ធផលល្អ ប្រសិទ្ធភាពខ្ពស់ បង្ហាញឲ្យឃើញពីការរីកចម្រើនក្នងវិស័យមុខងារសាធារណៈនៅកម្ពុជានាពេលកន្លងមក។ ជាមួយគ្នានេះ  បន្ទាប់ពីកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ ដែលជាលទ្ធផលនៃនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យវិស័យមុខងារសាធារណៈ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ទាំងនៅក្នុងប្រទេសកម្ពុជា ក្នុងតំបន់ និងលើឆាកអន្តរជាតិ។ ក្នុងការអភិវឌ្ឍកាន់តែល្អប្រសើរឡើង នៃវិស័យមុខងារសាធារណៈកម្ពុជា ក្នុងនាមរដ្ឋាភិបាល ឯកឧត្តមសង្កេតឃើញថា ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន និងថ្នាក់ដឹកនាំគ្រប់លំដាប់ឋានានុក្រមនៃក្រសួងមុខងារសាធារណៈ បានប្រែក្លាយមុខងារសាធារណៈកម្ពុជា ពីការធ្វើសមាហរណកម្មមន្ត្រីរាជការគ្រប់ភាគី ដែលជាផលប៉ះពាល់រយៈពេលយូរនៃការអនុវត្តយុទ្ធវិធីមួយក្នុងចំណោមយុទ្ធវិធីផ្សេងៗទៀតនៃនយោបាយ ឈ្នះ ឈ្នះ មកជាប្រព័ន្ធ មុខងារសាធារណៈតែមួយ ក្របកបដោយសមត្ថភាព សង្គតិភាព និងសុខដុមនីកម្ម។​ ទាំងនេះសបញ្ជាក់ឲ្យឃើញថា ការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ ក្រោមសមត្ថភាព និងភាពជាអ្នកដឹកនាំរបស់ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុន ធិន បានរួមចំណែកធ្វើឲ្យការអនុវត្តយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណគ្រប់ដំណាក់កាលរបស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបាននូវលទ្ធផលជាទីគាប់ប្រសើរ ដែលរាជរដ្ឋាភិបាលកម្ពុជា បានកត់ត្រាជាស្នាដៃ និងសមិទ្ធិផលទាំងនេះ ទាំងនៅពេលបច្ចុប្បន្ន និងទៅអនាគត។ នៅក្នុងឱកាសនេះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានផ្តល់នូវមគ្គុទេសដឹកនាំ និងមតិផ្តាំផ្ញើដល់​ ឯកឧត្តម ព្រំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកដែលជាថ្នាក់ដឹកនាំក្រសួង​ និងមន្ត្រីរាជការ និងប្រធានមន្ទីររបស់ក្រសួងមុខងារសាធារណៈទាំងអស់​​ ដើម្បីយកទៅអនុវត្តការងារ ឲ្យកាន់តែទទួលបានជោគជ័យថ្មីៗបន្ថែមទៀត៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ