សម្រង់ប្រសាសន៍​សម្តេចតេជោ ហ៊ុន សែន, ពិធីបើកបុណ្យទន្លេលើកទី ៦ ក្រោមប្រធានបទ «ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព»

CNV:

  • សម្តេច ឯកឧត្តម លោកជំទាវ
  • ឯកឧត្តម លោកជំទាវ ឯកអគ្គរដ្ឋទូត និងតំណាងអង្គទូត
  • ឯកឧត្តម លោកជំទាវ លោក លោកស្រីភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ
  • បងប្អូនជនរួមជាតិជាទីមេត្រី!

រាត្រីនេះខ្ញុំមានសេចក្តីរីករាយដោយបានមកចូលរួមនៅក្នុងពិធីបុណ្យទន្លេលើកទី ៦ ក្រោមប្រធានបទ «ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព» ដែលប្រព្រឹត្តទៅយ៉ាងអធិកអធមនាពេលនេះ។

ខ្ញុំសូមថ្លែងអំណរគុណចំពោះវត្តមានសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមសប្បាយរីករាយជាមួយក្រុមគ្រួសារ និងញាតិមិត្តក្នុងពិធីបុណ្យទន្លេ ដែលជាការបង្ហាញអំពីសាមគ្គីភាព ហើយក៏ជាការចូលរួមផ្សព្វផ្សាយដើម្បីជំរុញកំណើនទេសចរណ៍ តាមដងទន្លេកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការអន្តរក្រសួង ក្រសួងទេសចរណ៍ ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តបាត់ដំបង និងវិស័យឯកជនដែលបានរួមសហការគ្នាយ៉ាងសកម្មរៀបចំពិធីបុណ្យដ៏មានសារៈសំខាន់នេះ។

ការរៀបចំឱ្យមានបុណ្យទន្លេជារៀងរាល់ឆ្នាំ គឺជាការបង្ហាញអំពីសក្តានុពលទេសចរណ៍តាមដងទន្លេកម្ពុជា ជាពិសេសខេត្តបាត់ដំបងដែលស្ថិតនៅប៉ែកពាយព្យ និងចំកណ្តាលនៃបណ្តាខេត្តសំខាន់ៗនៃប្រទេសកម្ពុជា ហើយក៏ជាខេត្តដែលសម្បូរបេតិកភណ្ឌវប្បធម៌ និងតំបន់ទេសចរណ៍ធម្មជាតិ រមណីយដ្ឋានទេស​ចរណ៍ ធម្មជាតិ វប្បធម៌ប្រវត្តិសាស្ត្រ និងកសិទេសចរណ៍ សំណង់ ស្ថាបត្យកម្មដ៏ប្រណតិជាច្រើនកនែ្លងដែលបន្សល់ទុកដោយឤណានិគមបារាំង និងកំពុងទាក់ទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍ បានមកកម្សាន្ត និងសិក្សាស្វែងយល់។

បច្ចុប្បន្ន វិស័យទេសចរណ៍កម្ពុជាកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិយើង។ ជាក់ស្តែង នៅក្នុងឆ្នាំ ២០១៩ ចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាមាន ប្រមាណ ៦,៦ លាននាក់ កើនឡើង ៣ ដង ធៀបទៅនឹង ១០ ឆ្នាំមុន ដែលមានចំនួនប្រមាណ ២,១៦ លាននាក់ ប៉ុណ្ណោះ។

វិស័យទេសចរណ៍ គឺជា «មាសបៃតង» និងជាសសរស្តម្ភ នៃខឿនសេដ្ឋកិច្ចជាតិ។ ចំណូលដុលពីទេស​ចរណ៍អន្តរជាតិឆ្នាំ ២០១៩ មានចំនួន ៤៩១៩ លានដុល្លារឤមេរិក ឬ ស្មើនឹងជិត ១៣% នៃផសស។ បើគិតជាតម្លៃបន្ថែមវិញ វិស័យទេសចរណ៍ ចូលរួមចំណែកប្រមាណ ៤,៤% នៃផសស ក្នុងឆ្នាំ ២០១៩ ហើយ ក៏ជាអនុវិស័យធំជាងគេទី ៤ នៅក្នុងវិស័យសេវាកម្ម បន្ទាប់ពីអនុវិស័យពាណិជ្ជកម្ម ដឹកជញ្ជូន និទូរគមនាគមន៍និងអចលនទ្រព្យ។ វិស័យទេសចរណ៍បានបង្កើតមុខរបរ និងការងារទេសចរណ៍ ដោយផ្ទាល់ប្រមាណជាង ៦៣ ម៉ឺននាក់ និងការងារដោយប្រយោលរាប់សិបម៉ឺននាក់បន្ថែមទៀត។

ការរីករាលដាលនៃជំងឺ កូវីដ-​១៩ បានបង្កឱ្យមានផលប៉ះពាល់លើវិស័យសេដ្ឋកិច្ចជាសកល និងវិស័យទ្រទ្រង់សំខាន់ៗ ដូចជាវិស័យសេវាកម្ម ដែលក្នុងនោះមានវិស័យទេសចរណ៍ផងដែរ។ នៅដើមឆ្នាំ ២០២០ នេះ ភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា បានធ្លាក់ចុះប្រមាណ ៣០,៥% ក្នុងនោះ ភ្ញៀវទេសចរចិនបានធ្លាក់ចុះក្នុងរង្វង់ ៤០% ធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ ២០១៩។ យោងតាមទិន្នន័យនេះ បើធៀបជាមួយនឹងគោលដៅទេសចរណ៍ក្នុងតំបន់ប្រទេសជិតខាងកម្ពុជា អត្រានៃការធ្លាក់ចុះចំនួនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា គឺនៅមានកម្រិតស្រាលនៅឡើយ។

ដើម្បីជួយសម្រួលនូវបញ្ហាលំបាករបស់ឤជីវករ វិនិយោគិន និងក្មួយៗជាកម្មករ-និយោជិតនៅក្នុងវិស័យ​ទេសចរណ៍ ដែលបណ្តាលមកពីជំងឺរាតត្បាតសកល ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំបានដាក់ចេញនូវវិធានការរយៈពេលខ្លីមួយចំនួន ដូចជាការលើកលែងពន្ធ ការជំរុញនូវសកម្មភាពទេសចរណ៍ក្នុងស្រុកទៅកាន់ខេត្តសៀមរាប ការធ្វើដំណើររួមគ្នាតាមផ្លូវគោក ផ្លូវទឹក និងផ្លូវឤកាស ជាពិសេសជាមួយប្រទេសជិតខាង (ដូចជាបាងកក-សៀមរាប និងហូជីមិញ-សៀមរាប) ការរៀបចំសកម្មភាព និងព្រឹត្តិការណ៍ទាក់ទាញផ្សេងៗ ការពន្យាររយៈពេលសម្រាប់សំបុត្រចូលទស្សនាអង្គរ ការរៀបចំវគ្គបណ្តុះបណ្តាលជូនដល់ក្មួយៗ កម្មករ-និយោជិត ដែលបានបាត់បង់ការងារ និងវិធានការមួយចំនួនទៀត ដើម្បីកាត់បន្ថយផលប៉ះពាល់លើអាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់សំដៅរក្សាលំនឹងឤជីវកម្ម និងជួយដល់ក្មួយៗ កម្មករ-និយោជិត ដែលបាត់បង់ការងារឱ្យទទួលបានការបណ្តុះបណ្តាលជាមួយប្រាក់បំណាច់សមរម្យ។ វិធានការដែលត្រូវបាន ដាក់ចេញនាពេលនេះ គឺជាកញ្ចប់វិធានការរយៈពេលខ្លីជុំទីមួយប៉ុណ្ណោះ ហើយខ្ញុំនឹងបន្តដាក់ចេញនូវវិធានការកែទម្រង់ជាកញ្ចប់ថ្មីមួយទៀត នៅក្នុង« វេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន » ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១ ខែ មេសា ឆ្នាំ ២០២០ នេះ។

  • សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី !

ដើម្បីជំរុញកំណើនទេសចរណ៍តាមដងទន្លេកម្ពុជា ដែលជាប្រភពទឹកសម្រាប់ការចិញ្ចឹមជីវិតឱ្យក្លាយទៅជាគោលដៅទេសចរណ៍ប្រកបដោយឧត្តមភាព ស្របតាមប្រធានបទ «ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព» រួមជាមួយពាក្យស្លោក «បាត់ដំបងជាទីក្រុងទេសចរណ៍ បេតិកភណ្ឌវប្បធម៌ និងធម្មជាតិ» ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមផ្តល់នូវអនុសាសន៍ណែនាំមួយចំនួនដូចខាងក្រោម៖

ទី១· ត្រូវរួមគ្នារក្សាឱ្យបាននូវវត្តមានជាអចិន្ត្រៃយ៍នៃសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ គ្មានសន្តិភាព គ្មានការអភិវឌ្ឍ គ្មានការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ពោលគឺគ្មានអ្វីៗទាំងអស់។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋរួមគ្នារក្សាការពារនូវសន្តិភាព ដែលរកបានដោយលំបាក និងមិនត្រូវឱ្យប្រទេសណា មួយ ឬក្រុមណាមួយមកបំផ្លាញសន្តិភាពនៅក្នុងប្រទេសកម្ពុជាឡើយ។ សន្តិភាពធានាឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ មានសុខុមាលភាពសង្គមល្អប្រសើរ ជាមួយនឹងជីវភាពរស់នៅសម្បូរសប្បាយរុងរឿងជារៀងរហូត។

ទី២· ត្រូវបន្តធ្វើការអភិវឌ្ឍក្រុងបាត់ដំបងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេសត្រូវរក្សាឱ្យបាននូវអត្តសញ្ញាណទីក្រុងបេតិកភណ្ឌ ដែលនឹងគ្រោងដាក់បញ្ចូលក្នុងបញ្ជីទីក្រុងបេតតិកភណ្ឌរបស់អង្គការយូណេស្កូ។ ត្រូវរួមគ្នា រក្សាឱ្យបាននូវបណ្តាសំណង់បូរាណ ផ្ទះបូរាណ ស្ពានបូរាណក្នុង ខេត្តដោយមិនត្រូវឱ្យមានការកែប្រែខុសស្ថានភាពដើម។ ត្រូវបន្តជំរុញកំណត់អត្តសញ្ញាណ នៃគោលដៅទេសចរណ៍ឤទិភាព រួមមានទេសចរណ៍ផ្ទះបូរាណ តំបន់ទស្សនាសត្វស្លាប តំបន់ប្រាសាទបាណន់ រមណីយដ្ឋានភ្នំសំពៅ ទស្សនាហ្វូងសត្វប្រចៀវរាប់លានក្បាលចេញពីរូងពេលមុនថ្ងៃរៀបលិច រួមទាំងលក្ខណៈពិសេសរបស់ម្ហូបឤហារប្រចាំតំបន់ក្នុងខេត្តនេះផងដែរ។

ទី៣· ត្រូវបន្តកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដែលបម្រើឱ្យវិស័យទេសចរណ៍ រួមមានឤកាសយានដ្ឋាន ផ្លូវរថភ្លើង ផ្លូវថ្នល់ ទឹកស្អាត អគ្គិសនី ភ្លើង សណ្ឋាគារ និងរមណីយដ្ឋានផ្សេងៗ តាមរយៈការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ តាមផ្លូវគោក ផ្លូវដែក និងផ្លូវឤកាស ហើយត្រូវធ្វើការពិនិត្យលទ្ធភាពក្នុងការរៀបចំព្រលានយន្តហោះបាត់ដំបងឡើងវិញ ដោយជំរុញឱ្យសមត្ថកិច្ចជំនាញពិនិត្យឱ្យបានហ្មត់ចត់លើការងារដ៏មានសារៈសំខាន់នេះ។

[​ផ្តើមសេចក្តីអធិប្បាយ ១]

កសាងផ្លូវតភ្ជាប់រវាងខេត្តបាត់ដំបងជាមួយនឹងខេត្តសៀមរាប

… ព្រឹកមិញ នៅក្នុងការសំណេះសំណាលជាមួយមន្រ្តីប្រមាណជា ២៦០០ នាក់ ខ្ញុំបានលើកយកបញ្ហា ២ សំខាន់ មកធ្វើការពិនិត្យ។ ទី ១ យើងនឹងខិតខំរៀបចំដើម្បីកសាងផ្លូវតភ្ជាប់រវាងខេត្តបាត់ដំបងជាមួយនឹងខេត្តសៀមរាបដែលផ្លូវនោះនឹងធ្វើដែលអាចកាត់បន្ថយចំងាយនៃការធ្វើដំណើរ ដែលមុននេះ(ត្រូវ)ធ្វើដំ​ណើរពីបាត់ដំបងទៅបន្ទាយមានជ័យ ទើបទៅកាន់ខេត្តសៀមរាប។ ប្រៀបធៀបនឹងផ្លូវថ្មី យើងអាចចំ​ណេញទៅដល់ ៦៩ គីឡូម៉ែត្រ ដែលជាការតភ្ជាប់ក្នុងចំណោមការតភ្ជាប់ខាងផ្នែកគមនាគមន៍របស់យើង។ ចំ​ណុចនេះ ស្ថិតក្នុងបេក្ខភាពគម្រោងនៅឆ្នាំ ២០២១។ ប្រសិនបើការសិក្សាជាក់លាក់រួចហើយនោះយើងនឹងរកឥណទានដើម្បីធ្វើផ្លូវមួយខ្សែនេះ ដែលជាការតភ្ជាប់មួយដ៏សំខាន់សម្រាប់ខេត្តបាត់ដំបង បន្ទាប់ពីក្នុងខេត្តរបស់ខ្លួនបានតភ្ជាប់ជាមួយនឹងខេត្តជុំវិញ រួមមានខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ហើយតភ្ជាប់ទៅពោធិ៍សាត់ និងតភ្ជាប់ទៅខេត្តកោះកុង។

រក្សា និងរៀបចំព្រលានយន្តហោះបាត់ដំបង បម្រើឲ្យសេចក្តីត្រូវការនៃការអភិវឌ្ឍ

ឯចំណុចមួយទៀតយើងក៏ត្រូវតែខិតខំសិក្សា ហើយរក្សាឲ្យបានជាមួយនឹងព្រលានយន្តហោះបែកចានរបស់យើង។ បើទោះបីជារយៈពេលនេះមិនទាន់ត្រូវការ ក៏ប៉ុន្តែ នៅពេលខាងមុខនេះយើងច្បាស់ជាត្រូវការនូវព្រលានយន្តហោះសម្រាប់ខេត្តបាត់ដំបង។ ដូច្នេះបានជាខ្ញុំស្នើឲ្យឯកឧត្តមអភិបាលខេត្ត ក៏ដូចជាសុំស្នើឲ្យសម្តេច ក្រឡាហោម ស ខេង យកចិត្តទុកដាក់ទៅលើការគ្រប់គ្រងដីធ្លីនៅក្នុងតំបន់នេះ នឹងចៀសវាងនូវការកសាងសំណង់ខ្ពស់ ដែលវាអាចប៉ះពាល់ទៅដល់ការហោះហើរ នៅពេលដែលយើងពង្រីកនូវព្រលានយន្តហោះមួយនេះ។

បើទោះបីជាព្រលានយន្តហោះនេះ មិនអាចក្លាយទៅជាព្រលានយន្តហោះអន្តរជាតិក៏ដោយ ក៏ប៉ុន្តែ នៅពេលដែលប្រជាជនមានការរីកចម្រើន ជីវភាពមានការរីកចម្រើន តម្រូវការធ្វើដំណើរប្រជាពលរដ្ឋរបស់យើងកាន់តែមានខ្ពស់។ ដូច្នេះ ការហោះហើរក្នុងស្រុកក៏ត្រូវតែមាន។ យើងត្រូវរៀបចំចក្ខុវិស័យមួយដើម្បីពិនិត្យអំពីការរៀបចំព្រលានយន្តហោះបាត់ដំបងឡើងវិញ ដើម្បីបម្រើឲ្យសេចក្តីត្រូវការនៃការអភិវឌ្ឍ។ ពីទីក្រុងភ្នំពេញ ការធ្វើដំណើរទៅមកខេត្តបាត់ដំបង អ្នកខ្លះមកតាមរថយន្ត អ្នកខ្លះគេមកតាមរថភ្លើង តែអ្នកខ្លះក៏អាចធ្វើដំណើរមកតាមយន្តហោះផងដែរ។ អាចមាន ២ ប្រភេទ ជាយន្តហោះធម្មតា និងជាឧទ្ធម្ភាគចក្រដែលអាចធ្វើដំណើរបានងាយស្រួលជាង។

កសិកម្ម វិស័យឧស្សាហកម្ម និងវិស័យសេវា មានចំណែកដ៏ធំនៃផលិតផលរបស់ជាតិ

បាត់ដំបងពេលនេះ ដូចដែលឯកឧត្តម ថោង ខុន និងឯកឧត្តម ងួន រតនៈ បានធ្វើរបាយការណ៍អម្បាញ់មិញ វិស័យទាំង ៣ ដែលទាក់ទងជាមួយនឹងចំណែកដ៏ធំនៃផលិតផលរបស់ជាតិរួមមានវិស័យ​កសិកម្ម វិស័យឧស្សាហកម្ម និងវិស័យសេវា … ព្រឹកមិញខ្ញុំគ្រាន់តែបញ្ជាក់អំពីចំណុចមួយទាក់ទងនឹងវិសាលភាពនៃឧស្សាហកម្មធុនធ្ងន់មួយកន្លែង ដែលផ្គត់ផ្គង់ស៊ីម៉ង់ត៍។ អម្បាញ់មិញចូលទស្សនកិច្ចនៅទីនោះ (ដែលមានលទ្ធភាពអាចផលិតបាន)រហូតទៅដល់ ២ លានតោន ក៏ប៉ុន្តែ នៅមានរោងចក្រដទៃទៀតដែលជាផ្នែកនៃកសិឧស្សាហកម្ម ដែលយើងបានទស្សនកិច្ចនៅពិព័រណ៌អម្បាញ់មិញនេះ។ ដូច្នេះ ខ្ញុំគិតថាខេត្តបាត់ដំបង នៅក្នុងដំណាក់កាលនេះ ផលប៉ះពាល់ពី COVID-19 មានក្នុងកម្រិតវិស័យទេសចរណ៍ ប៉ុន្តែគ្មានផលប៉ះពាល់លើវិស័យកសិកម្ម និងវិស័យឧស្សាហកម្មនោះទេ។

ផ្ទុយទៅវិញ អាចមានកាលានុវត្តភាពទៀតផង ហើយវាក៏មិនពាក់ព័ន្ធជាមួយនឹងបញ្ហា EBA នោះដែរព្រោះស៊ីម៉ង់ត៍របស់យើងមិនត្រូវការយកទៅលក់នៅអឺរ៉ុបនោះទេ។ ផលិតផលនៅទីនេះក៏គ្មានការចាំបាច់ទៅប៉ះពាល់ជាមួយនឹងអឺរ៉ុប ដែលពាក់ព័ន្ធជាមួយនឹងមុខទំនិញជាង ៤០ មុខ(នោះទេ) … សុំឲ្យខេត្តបាត់ដំ​បងយកចិត្តទុកដាក់ និងអាជ្ញាធរ និងថ្នាក់ជាតិដែលត្រូវរៀបចំ ព្រោះការធ្វើផ្លូវ ក៏ដូចជាការកសាងព្រលានយន្តហោះ ទាមទារឲ្យមានការវិនិយោគពីថ្នាក់ជាតិគាំទ្រដល់ថ្នាក់មូលដ្ឋាន។ ប៉ុន្តែ ថ្នាក់មូលដ្ឋានមានភារកិច្ចគ្រប់គ្រងដីធ្លីទៅលើតំបន់ជុំវិញនៃព្រលានយន្តហោះ ដើម្បីពង្រីកផ្លូវហោះហើរ ព្រមទាំងខិតខំដោះស្រាយបញ្ហាដីធ្លីដែលរងផលប៉ះពាល់ទៅលើផ្លូវមួយខ្សែតភ្ជាប់រវាងខេត្តបាត់ដំបង និងខេត្តសៀមរាប។

[បញ្ចប់សេចក្តីអធិប្បាយ ១]

ទី៤· ត្រូវបន្តរក្សាឱ្យបានសន្តិសុខសណ្តាប់ធ្នាប់សង្គម គ្រប់តំបន់ទេសចរណ៍តាមបណ្តាខេត្តជាប់បឹងទនេ្ល​ស្លាប ត្រូវខិតខំរក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សង្គម បង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែន ក្រុមបងតូចបងធំ និងការលួចឆក់នានា ដើម្បីធានាសុវត្ថិភាពភ្ញៀវទេសចរក្នុង និងក្រៅប្រទេស។

ទី៥· ត្រូវជំរុញការផលិតក្នុងស្រុក ដើម្បីផ្គត់ផ្គង់ទេសចរ ដែលជាគោលដៅ «នាំចេញនៅនឹងកន្លែង»។ ត្រូវបន្តជំរុញការផលិតតាមស្តង់ដារ ត្រូវបង្កើតឱ្យមានខ្សែក្រវាត់បៃតងក្នុងតំបន់ទេសចរណ៍ តាមរយៈការបណ្ដុះបណ្តាលប្រជាពលរដ្ឋ ដើម្បីទទួលបាននូវបច្ចេកទេសនៃការដាំដុះ ការចិញ្ចឹមត្រី និងសត្វសម្រាប់ការផ្គត់ផ្គង់ដល់ទេសចរ។ ត្រូវផ្សារភ្ជាប់កសិកម្មជាមួយទេសចរណ៍ តាមរយៈការជំរុញ និងការអភិឌ្ឍវិស័យ​កសិ-ទេសចរណ៍ ឱ្យកាន់តែរីកចម្រើន ជាមួយនឹងការបណ្តុះបណ្តាលជំនាញទេសចរណ៍ ផ្នែកបដិសណ្ឋារកិច្ចស្វាគមន៍ និងជំនាញចំអិនម្ហូបឤហារជាដើម។

ទី៦· ជាមួយនឹងសភាពការណ៍វិវឌ្ឍថ្មីៗ នៃការរីករាលដាល នៃជំងឺ ខូវីដ ១៩  នៅក្នុងតំបន់ និងពិភពលោក ខ្ញុំនៅតែបន្តអំពាវនាវដល់បងប្អូនជនរួមជាតិ សូមរក្សានូវភាពស្ងៀមស្ងាត់ ការពារសុខភាព ធ្វើអនាម័យជាប្រចាំដើម្បីសុខភាព ខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារ ហើយឤចការពារបាននូវជំងឺគ្រប់ប្រភេទ។ ទន្ទឹមនេះ សូមបងប្អូនជនរួមជាតិរួមគ្នាផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវព័ត៌មានពិត ដើម្បីបំបាត់នូវព័ត៌​មានក្លែងក្លាយ ដែលធ្វើឱ្យមានភាពចលាចល វឹកវរ និងអសន្តិសុខសង្គម។ រាជរដ្ឋាភិបាលដែលមានក្រសួងសុខាភិបាលជាសេនាធិការ បានធ្វើកិច្ចសហប្រតិបត្តិការជាមួយអង្គការសុខភាពអន្តរជាតិនានា ជាពិសេសអង្គការសុខភាពពិភពលោក មានវិធានការម៉ឺងម៉ាត់ បំផុតក្នុងការការពារ និងត្រៀមគ្រប់លក្ខណៈសម្បត្តិ ដើម្បីប្រឈមនឹងជំងឺសកលនេះ។ ដូច្នេះ សូមបងប្ងូនប្រជាពលរដ្ឋនៅទូទាំងប្រទេសចូលរួមទាំងអស់គ្នា ការពារសុខភាពរៀងៗខ្លួន និងក្រុមគ្រួសារឱ្យបានល្អប្រសើរជាជាងការភ័យខ្លាច ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ សុខុមាលភាពសង្គម និងភាពសុខដុមរមនាគ្រប់ជាតិសាសន៍ នៃព្រះរាជាណាចក្រកម្ពុជា។

[ផ្តើមសេចក្តីអធិប្បាយ ២]

ចិនលែងជាចំណុចផ្ទុះជំងឺ Covid-19

គិតមកត្រឹមម៉ោង ៥ ល្ងាចថ្ងៃនេះ នៅលើពិភពលោកមាន ១៤៦ ប្រទេស និងដែនដី រាប់ទាំងនាវា Princess Diamond បានសេចក្តីថាប្រទេសមានជាង ២០ ០ ឥឡូវនេះមាន ១៤៥ ប្រទេសទៅចុះ ដោយផាត់ចេញនូវនាវាមួយគ្រឿងដែលផ្ទុកទៅដោយអ្នកជំងឺនោះ។ ដូច្នេះទំហំនៃការរីករាលដាលនេះ វាធំធេង។ ឥឡូវនេះ មិនមែនប្រទេសចិនទៀតទេ ដែលជាប្រទេសផ្ទុះចេញនូវជំងឺ Covid-19 ប៉ុន្តែគឺតំបន់អឺរ៉ុប ទៅវិញទេ ដែលអង្គការសុខភាពពិភពលោកបានប្រកាសដាក់ក្នុងភាពអាសន្ន ជាចំណុចកណ្តាលនៃការផ្ទុះ Covid-19។

ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា យើងក៏សុំសំដែងនូវការអបអរសាទរជាមួយសាធារណរដ្ឋប្រជាមានិតចិន ចំពោះវឌ្ឍនភាពនៃការខិតខំប្រឹងប្រែង ដើម្បីជំនះនូវគ្រោះមហន្តរាយនេះ រហូតទៅដល់គិតពេញមួយថ្ងៃពីម្សិលមិញនេះ អត្រាស្លាប់សូន្យ ក្នុងពេលដែលអត្រាស្លាប់នេះក្នុងប្រទេសអ៊ីតាលីក្នុងមួយ​ថ្ងៃ​ដូចគ្នា មានរហូតដល់ជាង ២០០ នាក់ឯណោះ។ ដូច្នេះសាធារណរដ្ឋប្រជាមានិតចិនបានរំដោះខ្លួន ហើយកំពុងតែឈានទៅជួយដល់ប្រទេសផ្សេងទៀត ដូចជាប្រទេសអ៊ីតាលី។ ប្រធានាធិបតី Xi Jinping របស់ចិន ក៏ទើបនឹងប្រកាសថា នឹងចូលរួមចំណែកជួយដល់កូរ៉េខាងត្បូង ចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់នូវមេរោគដ៏សាហាវនេះ។

គ្មានការចាំបាច់លាក់លៀមអំពីជំងឺ covid-19

មកដល់ពេលនេះ យើងមានពលរដ្ឋខ្មែរតែម្នាក់គត់ នៅខេត្តសៀមរាបដែលបានឆ្លងជំងឺនេះ។ ប៉ុន្តែជាអកុសល យើងក៏បានរកឃើញចំពោះជនជាតិបរទេសចំនួន ៥ នាក់ផ្សេងទៀត ដែលមានជំងឺនេះ នោះគឺជនជាតិអង់គ្លេសចំនួន ៣ នាក់ និងជនជាតិកាណាដា ដែលធ្វើឲ្យចំនួននេះបានកើតនៅក្នុងប្រទេសរបស់យើង។ បើគិតទាំងជនជាតិចិនម្នាក់ដែលយើងបានព្យាបាលជា ហើយគេបានវិលត្រឡប់ទៅស្រុកវិញនោះ ចំនួននៅកម្ពុជាទើបនឹងមាន ៧ នាក់តែប៉ុណ្ណោះ។​ ពិតហើយ ក្រុមប្រតិកិរិយាមួយក្រុម បាននិយាយអំពីការលាក់ទិន្នន័យរបស់កម្ពុជា។ ខ្ញុំមិនចង់ឆ្លងឆ្លើយជាមួយអ្នកណាទាំងអស់ ក៏ប៉ុន្តែខ្ញុំគ្រាន់តែបញ្ជាក់ជូនប្រជាពលរដ្ឋកម្ពុជាឲ្យបានជ្រាបថា កម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធិជាមួយនឹងដៃគូទាំងអស់ ជា​ពិសេសជាមួយនឹងអង្គការសុខភាពពិភពលោក (ដែល)រឿងទាំងអស់គ្មានការចាំបាច់ណា ដើម្បីលាក់លៀមអំពីអ្នកកើតជំងឺនេះទេ។ បើសិនជារដ្ឋាភិបាលចង់លាក់ ក៏មិនអាចលាក់បានដែរ នេះគឺជារឿងពិត ព្រោះសាម៉ីខ្លួនគេ គេដឹងថា គេឈឺ ឬមិនឈឺ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលអង្វរករអំពាវនាវឲ្យប្រជាពលរដ្ឋដែលមានការសង្ស័យថាមានការឆ្លងជំងឺ ទាក់ទងទៅវិស័យសុខាភិបាល ដើម្បីពិនិត្យរកជំងឺនោះ។ យើងរៀបចំការឆ្លើយតប បើទោះបីជាប្រទេសយើងក្រ ក៏ប៉ុន្តែទឹកចិត្តរបស់យើងមិនក្រនោះទេ។

សុំការយោគយល់ពីស្ថានទូតនៃប្រទេសខ្លះ

យើងធ្លាប់បានធ្វើរួចមកហើយ។ យើងនឹងបន្តធ្វើតទៅទៀត។ នៅក្នុងឱកាសនេះ ខ្ញុំក៏សុំការយោគយល់ពីស្ថានទូតនៃប្រទេសខ្លះ ដែលកន្លងទៅនេះ បានស្នើសុំឲ្យយកអ្នកទេសចរនៅក្នុងនាវាទេសចរណ៍មួយ ដែលឡើងមកពីវៀតណាម ហើយឡើងទៅដល់ខេត្តកំពង់ចាម ដែលយើងបានរកឃើញនូវមេរោគ Covid-19 ចំនួន ៣ នាក់​ … (ឲ្យ)មកដេកសណ្ឋាគារផ្កាយប្រាំនៅទីក្រុងភ្នំពេញ។ គេបានប្រៀបធៀបថា កាលពី មុនហេតុអ្វីបានកម្ពុជាអាចផ្តល់ការអនុញ្ញាតឲ្យភ្ញៀវទេសចររាប់ពាន់នាក់នៅលើនាវា Westerdam មក ស្នាក់នៅទីក្រុងភ្នំពេញ មកនៅសណ្ឋាគារផ្កាយប្រាំបាន។ ហេតុអ្វី មិនអាចធ្វើនៅលើជនជាតិរបស់គេ នៅ លើនាវានោះនៅឯទីក្រុងកំពង់ចាម យកមកស្នាក់នៅសណ្ឋាគារធំៗ ផ្កាយប្រាំ នៅទីក្រុងភ្នំពេញ? យើង បានពន្យល់។ នៅពេលនេះ ខ្ញុំក៏ពន្យល់បន្ថែមទៀតថាបញ្ហាវាមិនដូចគ្នាទេ។ នៅលើ Westerdam គ្មានអ្នកជំងឺ Covid-19 ទេ … ពិតមែនតែនៅ កួឡាឡាំពួរ បានប្រកាសថារកឃើញស្ត្រីជនជាតិអាមេរិកម្នាក់ អាយុ ៨៣ ឆ្នាំ កើតមេរោគនេះ (ដែលជា)បន្ទាន់ យើងផ្អាកការចាកចេញពីនាវាសម្រាប់អ្នកដែលនៅសេសសល់ជាង ២៤០ នាក់។ ជារឿងអកុសល។ ប៉ុន្តែ ៧២ ម៉ោងក្រោយមក កួឡាឡាំពួរបានប្រកាសថា ស្រ្តីរូបនេះគ្មានកូវីដ១៩ ទេ។ ដូច្នេះធ្វើឱ្យដោះស្រាយបញ្ហាងាយជាង ប៉ុន្តែនាវាទេសចរណ៍មួយគ្រឿងនៅកំពង់ចាម មានផ្ទុកនូវមេរោគនេះ …។

… សូមឱ្យបងប្អូនជនរួមជាតិរបស់យើងធ្វើការពិចារណា រាប់ទាំងបងប្អូនជនរួមជាតិមួយចំនួន ដែលធ្លាប់តែទិតៀនរាជរដ្ឋាភិបាល។ គេចង់បង្ខំឱ្យរាជរដ្ឋាភិបាល យកជនជាតិបរទេសនៅលើនាវានៅឯទីក្រុងកំពង់ចាម មកដេកនៅសណ្ឋាគារផ្កាយ ៥ នៅឯទីក្រុងភ្នំពេញ ហើយគេចេញលុយដោយខ្លួនឯង។ រហូតទៅដល់មន្ត្រីទូតនៃប្រទេសមួយ ដែលខ្ញុំសូមមិនបញ្ចេញឈ្មោះ បានធ្វើការបំភ័យ ឬអាចថាជាការព្រមានទៅអភិបាលខេត្តកំពង់ចាម អ្នកទេសចរនៅលើនាវានេះអាចឡើងមកធ្វើបាតុកម្ម លើកបដា ហើយបង្ហោះហ្វេសប៊ុក។ ខ្ញុំបានឆ្លើយតបទៅវិញថា បើគេចង់ធ្វើ ក៏ធ្វើទៅតាមចិត្តគេចង់ទៅចុះ។ ទឹកដីកម្ពុជានៅតែជាទឹកដីកម្ពុជា។

អនុញ្ញាតឱ្យអ្នកឯងឡើងគោកដើម្បីសំអាតនាវា។ បើអ្នកឯងឡើងគោកមិនព្រមឡើងទេ ហើយបើនៅពេលនេះអ្នកឯងចង់ចុះទៅក្នុងនាវាវិញ យើងអនុញ្ញាតឱ្យអ្នកឯងចុះទៅវិញក្នុងនាវា។ ប៉ុន្តែនាវានេះ មិនត្រូវបានចល័តទៅកន្លែងណាផ្សេងទៀតទេ រហូតផុតរយៈពេលនៃជំងឺ ដែលត្រូវកំណត់ទៅដោយវិធាននៃអង្គការសុខភាពពិភពលោក។ ខ្ញុំសូមជូនសារទៅមន្ត្រីស្ថានទូតនេះឱ្យបានជ្រាបថា នេះមិនមែនជាទឹកដីរបស់អ្នក ហើយតម្រូវឱ្យខ្ញុំគិតគូរចំពោះតែជនជាតិរបស់អ្នកឯងប៉ុន្មាននាក់ ហើយខ្វះការគិតគូរចំពោះពលរដ្ឋរបស់ខ្ញុំ ១៦ លាននាក់នោះទេ។

សូមធ្វើការយោគយល់ ហើយអធ្យាស្រ័យគ្នា រួមគ្នាប្រយុទ្ធ ពិតមែនតែសណ្ឋាគារនៅខេត្តកំពង់ចាមជួបការលំបាក ក៏ប៉ុន្តែប្រសើរជាងទុកឱ្យអ្នកឯងនៅលើកប៉ាល់ ហើយឆ្លងដូចជា Princess Diamond នៅឯជប៉ុននោះ ដែលគេចាត់ទុកថាជាការខុសឆ្គង។ នេះជាភ័ព្វសំណាងហើយ ដែលកម្ពុជាមានភាពអនុគ្រោះ ឱ្យពិនិត្យសំណាក ហើយយកអ្នកទាំងនេះមកព្យាបាលនៅកន្លែងសមរម្យ។ ប៉ុន្តែអ្នកដទៃទៀតត្រូវស្នាក់នៅដាច់ដោយឡែកក្នុងរយៈពេល ១៤ ថ្ងៃយ៉ាងតិច។ អ្នកឯងមិនអាចគំរាមកម្ពុជាឱ្យយកភ្ញៀវរបស់អ្នកឯងត្រឹមតែប៉ុន្មាននាក់ មកកាន់ទីក្រុងភ្នំពេញ ហើយឱ្យមានការភ័យខ្លាចនៅទីក្រុងភ្នំពេញទេ។ អញ្ចឹងសូមមេត្តាយោគយល់។

ហាមឃាត់ការធ្វើដំណើរទៅ/មកប្រទេស ៥ ដែលកំពុងរីករាលដាលខ្លាំង

ម៉្យាងទៀតក្រសួងសុខាភិបាលរបស់យើងក៏បានចេញនូវសេចក្តីប្រកាស ហាមឃាត់ការធ្វើដំណើរចំពោះប្រទេស ៥ ដែលកំពុងរីករាលដាលខ្លាំង នោះរួមមាន៖ ប្រទេសបារាំង ប្រទេសអេស៉្បាញ ប្រទេសអាល្លឺម៉ង់ ប្រទេសអ៊ីតាលី និងអាមេរិក។ ប៉ុន្តែថ្ងៃនេះខ្ញុំក៏បានឃើញនូវហ្វេសប៊ុក នៃការឌឺដងរបស់ពួកអគតិដែលគេគិតថា វាជារឿងល្អដែលត្រូវបិទ ក៏ប៉ុន្តែ មិនឃើញបិទចិនទាល់តែសោះ … អ្នកបានយល់ទេ ថានៅអាមេរិកបានប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្នហើយ … នៅអេស៉្បាញមានការដាក់រដ្ឋទៅក្នុងគ្រាមានអាសន្នហើយ … នៅអ៊ីតាលីបានបិទប្រទេសទាំងស្រុងហើយ … នៅអាល្លឺម៉ង់ និងនៅបារាំងការជួបជុំត្រឹមតែ ១ ពាន់នាក់ ត្រូវបានហាមឃាត់ហើយទេ? អ្នកពិតជាអគតិជ្រុលហួស ហើយមិនស័ក្តិសមជាពលរដ្ឋខ្មែរទាល់តែសោះ។ ពិតមែនតែអ្នកមានឈាមជ័រជាខ្មែរ ក៏ប៉ុន្តែអ្នកគ្មានការទទួលខុសត្រូវ។

ករណីនេះ ប្រទេសទាំងនោះគ្មានជើងហោះហើរជាប់ជាមួយនឹងកម្ពុជាទេ។ បើទោះបីជាភ្ញៀវទាំងនោះមិនបានចូលមកកម្ពុជាក្នុងមួយរយៈ ដែលយើងត្រូវអនុវត្តទៅដល់ថ្ងៃទី ១៧ ឯណោះ ដើម្បីឱ្យមានពេលវេលានៃការលុបចោលសំបុត្រយន្តហោះក្នុងការធ្វើដំណើរមកកាន់កម្ពុជា​ ក៏ប៉ុន្តែកន្លែងទាំងនោះជាកន្លែងដែលមានការផ្ទុះឡើងយ៉ាងធ្ងន់ធ្ងរនូវមេរោគ។ ប្រទេសផ្សេងទៀត គេមានវិធានតឹងរឹងជាងនេះទៅទៀត ដូចជាយប់ពីម្សិលសាំងហ្គាពួរក៏បានប្រកាសដែរ (ថា)ប្រទេសទាំងនេះមិនឱ្យចូលហើយ ថែមទាំងអ្នកណាក៏ដោយ​ដែលបានធ្វើដំណើរឆ្លងកាត់ប្រទេសទាំងនេះ ពេលមកដល់សាំងហ្គាពួរ​ ក៏ត្រូវនៅដាច់ដោយឡែក ១៤ ថ្ងៃ ​រាប់ទាំងជនជាតិសាំងហ្គាពួរខ្លួនឯង ក៏ត្រូវនៅដាច់ដោយឡែក ១៤ ថ្ងៃ ដែរ។ នៅវៀតណាម អ្នកដែលមកពីអឺរ៉ុប មានប្រទេសមួយចំនួនក៏គេដាក់(ឱ្យនៅដោយឡែក) ជនជាតិវៀតណាម(ខ្លួនឯង) ក៏គេដាក់ឱ្យនៅដាច់ដោយឡែក ១៤ ថ្ងៃ ផងដែរ។

យើងពិនិត្យមើលនៅតំបន់ណា ដែលមានការឆ្លង។ អញ្ចឹង ហេតុអីបានជាច្រណែនទៅលើចិនខ្លាំងម៉្លេះ វាយប្រហារទៅលើចិនខ្លាំងម្ល៉េះ? នេះជារឿងអគតិជ្រុលហួស ហើយការឌឺដងរបស់អ្នកតាម Facebook មិនសមជាពលរដ្ឋកម្ពុជា ដែលមានការទទួលខុសត្រូវនោះទេ។ អ្នកគិតអំពីជាតិនេះអំពីជាតិនោះ ក៏ប៉ុន្តែ អ្នកអត់បានគិតអំពីជាតិកម្ពុជាសូម្បីតែបន្តិចដែលនៅទីនេះសេដ្ឋកិច្ចជាតិ ត្រូវនៅរក្សាឱ្យបានគង់វង្ស មិនមែនគិតមួយ និងចោលមួយទេ។ យើងត្រូវមានការទទួលខុសត្រូវចំពោះពលរដ្ឋកម្ពុជារបស់យើង។

ហាមមិន​ឱ្យប្រមូលផ្ដុំ UN ឱ្យមន្រ្តីខ្លូនធ្វើការពីផ្ទះ, ការប្រកួតបាល់ទាត់នៅអឺរ៉ុបគ្មានអ្នកទស្សនាផ្ទាល់ 

យើងមិនមែនគ្មានវិធានការទេ។ រហូតដល់ប្រទេសខ្លះមានការត្អូញត្អែរថា ពលរដ្ឋរបស់គេពាក់ម៉ាស ប៉ុន្តែ ទេសចរពីលោកខាងលិចមិនព្រមពាក់ម៉ាសទាល់តែសោះ។ … ពិភពលោកបច្ចុប្បន្ននេះក្លាយទៅជាពិភពលោកពោរពេញដោយការរើសអើង។ ម្យ៉ាងទៀត ព្រឹកមិញ ខ្ញុំបាននិយាយថា អង្គការសហប្រជាជាតិ ទាំងនៅ New York និងទាំងនៅ Geneva អាចនឹងមិនមានការប្រជុំនោះទេ។ បោះបង់ចោលការប្រជុំ។ ចេញពីកន្លែងប្រជុំ ឃើញអគ្គលេខាធិការអង្គការសហប្រជាជាតិតម្រូវឱ្យមន្រ្តីអង្គការសហប្រជាជាតិធ្វើការពីផ្ទះ អត់មកទីស្នាក់ការអង្គការសហប្រជាជាតិដើម្បីធ្វើការទេ។ ពិភពលោកបច្ចុប្បន្ននេះ សូម្បីតែកីឡាបាល់ទាត់នៅអឺរ៉ុប មានអ្នកទាត់បាល់ ប៉ុន្តែគ្មានអ្នកមើលទេ ព្រោះគេហាមមិនឱ្យមានការប្រមូលផ្ដុំ។ ខ្ញុំគ្រាន់តែគូសបញ្ជាក់ នេះមិនមែនជាការរើសអើងទេ ក៏ប៉ុន្តែយើងជ្រើសរើស។ ពិតហើយ យើងកំពុង​ពិនិត្យនៅប្រ​ទេសអ៊ីរ៉ង់មួយទៀត ដែលមានការខ្វះចន្លោះ ឬអាចមិនទាន់គិតដល់ពីសំណាក់ក្រសួងសុខាភិបាល។ ប្រ​ទេសអ៊ីរ៉ង់ក៏ជាប្រទេសកំពុងមានការឆ្លងរីករាលដាល យើងអាចដាក់ទៅក្នុងបញ្ជីនៃការផ្អាកការធ្វើដំណើរ នៃពលរដ្ឋអ៊ីរ៉ង់ចូលមកកាន់កម្ពុជា ក្នុងរយៈពេល ៣០ ថ្ងៃ។

នៅភ្នំពេញ និងសៀមរាប ធ្វើវិស្សមកាលតូចមុនកាលកំណត់

ឯវិធានការផ្ទៃក្នុងរបស់យើង ដើម្បីធានាសុវត្ថិភាពសម្រាប់ទីក្រុងភ្នំពេញ និងខេត្តសៀមរាប ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំបានដាក់ឱ្យធ្វើវិស្សមកាលមុនកាលកំណត់ សម្រាប់សាលារៀននៅទីក្រុងភ្នំពេញ និងសាលារៀននៅឯខេត្តសៀមរាប។ ជាធម្មតា នៅក្នុងឱកាសនៃពិធីចូលឆ្នាំខ្មែរ គេហៅថា យើងមានវិស្សមកាលតូច ឬ វ៉ាកងតូច។ អញ្ចឹងទេ នៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប ត្រូវដាក់ឱ្យធ្វើវិស្សមកាលតូចមុនកាលកំណត់។ ប្រសិនបើមានកន្លែងណាដទៃទៀតអាចកើតឡើង ហើយមានការសង្ស័យ យើងក៏ត្រូវតែដំណើរការដូចគ្នា។ នេះជាការត្រៀមរៀបចំដើម្បីឆ្លើយតបទៅតាមដំណាក់កាលវិវឌ្ឍរបស់វា ជាមួយនឹងការដោះស្រាយផលប៉ះពាល់នានា ទាក់ទងនឹងវិស័យសេដ្ឋកិច្ច សង្គមរបស់យើងផងដែរ។

Covid-19 ក្លាយជាជំងឺដែលរីករាលដាលសកល, លើកដៃសំពះគ្នាជំនួសការចាប់ដៃ បង្ការការឆ្លង

ចំណុចនេះ ជាចំណុចដែលខ្ញុំសូមយកឱកាសនេះអំពាវនាវសាជាថ្មីម្ដងទៀត ជាមួយបងប្អូនជនរួមជាតិ សូមចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់នៃការរីករាលដាល​នៃជំងឺឆ្លង Covid-19 នេះ ដែលឥឡូវបានក្លាយទៅជា … ការរីករាលដាលជាសកល។ ឥឡូវនេះវិធីរបស់យើង … អ្វីដែលជាទម្លាប់របស់ខ្មែរ ទម្លាប់អ្នកកាន់ព្រះពុទ្ធសាសនា ត្រូវបានអឺរ៉ុបយកទៅប្រើ តាមរយៈនៃការលើកដៃសំពះ ជំនួសឱ្យការចាប់ដៃគ្នា។ មានរបៀបជាច្រើនដែលគេធ្វើ ប៉ុន្តែនៅកម្ពុជា របៀបមួយនៅក្នុងទំនាក់ទំនង ដើម្បីចៀសវាងនៃការរីករាលដាល នៃជំងឺឆ្លង គឺការលើកដៃសំពះគ្នាទៅវិញទៅមក ដើម្បីជំនួសឱ្យការចាប់ដៃ ព្រោះជំងឺនេះវាឆ្លងរហ័សបំផុត នៅពេលដែលមានការប៉ះពាល់គ្នា។ សូមមើលឃ្លីបវីដេអូមួយ។ ខ្ញុំគិតថា គ្រប់ស្ថានីយទូរទស្សន៍ទាំងអស់ គួរយកនូវឃ្លីបវីដេអូនោះ យកទៅចាក់ផ្សាយ ដែលគេបង្ហាញពីការឆ្លងរីករាលដាល នៃ Covid-19 នេះរបៀបម៉េច ពីការប៉ះទង្គិច ចាប់ដៃគ្នា ពេទ្យទៅពិនិត្យអ្នកជំងឺ ក៏ឆ្លងទៅអ្នកជំងឺថែមទៀត …។

ប្រើក្រមាជំនួសម៉ាស

ហ្នឹងជាករណីទីមួយ ឯករណីទីពីរ ខ្ញុំសប្បាយរីករាយដោយឃើញថា មន្រ្តីរបស់យើងបានដាក់ក្រមាជាប់​នឹងខ្លួនជំនួសឱ្យការប្រើម៉ាស។ មានរឿងអ្វីគឺជាការស្រួលណាស់។ ក្រមាជាទំនៀមទម្លាប់ខ្មែរ ឥឡូវនេះ សូមឱ្យ «ក្រមាខ្មែរ ថែសុខភាពយើងទាំងអស់គ្នា»។ ពិតហើយ ម៉ាសនៅពេលចាំបាច់យើងក៏ត្រូវពាក់ម៉ាស តែខ្ញុំគិតថាក្រម៉ាគឺវាងាយស្រួលជាងវាបង់ក វាបម្រើបានគ្រប់គឺពេលក្តៅទទូរ ពេលមុជទឹក ផ្លាស់មុជទឹក។ ធ្វើអ្វីក៏បាន។ ម៉ាសប្រើបានរយៈពេល ៣ ម៉ោងទៅ ៤ ម៉ោង បោះចោលហើយ។ អញ្ចឹង អ្នកលក់ម៉ាសពុំមានលទ្ធភាពដើម្បីតម្លើងថ្លៃម៉ាសទៀតទេ។ នេះជាអ្វីដែលខ្ញុំសុំអំពាវនាវសម្រាប់ប្រជាពលរដ្ឋរបស់យើង។ ត្រូវចូលរួមទប់ស្កាត់ជំងឺរីករាលដាល ការឆ្លងនៃជំងឺរីករាលដាល Covid-19 នេះ តាមរយៈនៃ សកម្មភាពផ្តើមចេញពីមនុស្សម្នាក់ៗ គ្រួសារនីមួយៗ ភូមិនីមួយៗដើម្បីធ្វើអនាម័យ ដើម្បីសុវត្ថិភាពផ្ទាល់ ខ្លួនយើង ក្រុមគ្រួសាររបស់យើង និងសម្រាប់សហគមន៍របស់យើង ក៏ដូចជាជាតិយើងទាំងមូល។

យើងគ្មានការចាំបាច់ដើម្បីលាក់លៀមជាមួយព័ត៌មានណានោះទេ។ ហើយបើអ្នកទាំងឡាយនៅតែមិនច្បាស់ អ្នកឯងហ៊ានស្បថទេ ថារដ្ឋការលោក ហ៊ុន សែន ពិតជាបានលាក់លៀម។ អ្នកឯងហ៊ានស្បថឲ្យរន្ទះបាញ់ទេ? ខ្ញុំយល់ថាពួកនេះមិនហ៊ានស្បថទេ។ … ខ្ញុំគិតថា នៅទីនេះជាតំបន់ស័ក្កិសិទ្ធ ច្បាស់ជាគេមិនហ៊ានស្បថទេ។ បើសិនជាអ្នកណា ហ៊ានស្បថសូមអញ្ជើញបង្ហោះតាម Facebook មកដើម្បីស្បថដាក់ជីវិតតែម្តង។ បើគ្រាន់តែផ្ចាញ់ផ្ចាល ខ្ញុំសូមជម្រាបអស់លោកអ្នកថា កម្ពុជាពេលនេះរាប់ទាំងព្យាបាលជាទើបនឹងមាន ៧ ករណីទេ ប៉ុន្តែសម្រាប់ពួកអ្នកឯងវិញបានដល់ជណ្តើរផ្ទះទៅហើយព្រោះឆ្លងរាប់ពាន់នាក់ ស្លាប់រាប់រយនាក់ ឬរាប់សិបនាក់នៅក្នុងប្រទេសដែលអ្នកឯងកំពុងស្នាក់នៅទៅហើយ។ ដូច្នេះសូមអ្នកឯងគិតគូរពីខ្លួនឯង ជាជាងគិតគូរអំពីការបំពុលនូវព័ត៌មាន។ ខ្ញុំគិតថាតាមសកម្មភាពរបស់មនុស្សម្នាក់​ៗគ្រួសារនីមួយៗ យើងនឹងបំបាត់ចោលនូវការបំភ្លៃព័ត៌មានដែលនាំទៅដល់ការភ័យខ្លាច។ នេះជាអ្វីដែលខ្ញុំចង់និយាយបន្ថែម។

[បញ្ចប់សេចក្តីអធិប្បាយ ២]

ជាទីបញ្ចប់ ជាមួយនឹងការប្រកាសបើកពិធីបុណ្យទន្លេ លើកទី ៦ ឆ្នាំ ២០២០ នៅខេត្តបាត់ដំបង ចាប់ពីពេលនេះតទៅ ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ សូមទទួលបាននូវសុខភាពល្អគ្រប់ៗគ្នា ចៀសផុតពីជំងឺគ្រប់ប្រភេទ និងសូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ ឤយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សូមអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ