សម្រង់ប្រសាសន៍​សម្តេចតេជោ ហ៊ុន សែន, ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ២២ ពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេស ឆ្នាំទី ៦ និងពិធីសំណេះសំណាលជាមួយសិល្បករទូទាំងប្រទេស លើកទី ៣

CNV:

ថ្ងៃនេះ ខ្ញុំ និងភរិយាមានកិត្តិយស និងសេចក្តីរីករាយដែល បានមកចូលរួមក្នុងកម្មវិធីប្រារព្ធ «ទិវាវប្បធម៌ជាតិ ៣ មីនា លើក ទី២២ ឆ្នាំ ២០២០» ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» បូករួមជាមួយសកម្មភាពអបអរចំនួន ៣ ទៀត គឺ «ពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេសឆ្នាំទី ៦» «កម្មវិធីប្រ កួតប្រជែងសមត្ថភាពលើចំណេះដឹងផ្នែកវប្បធម៌» និង«ពិធីជួបជុំសិល្បករទូទាំងប្រទេសលើកទី ៣» ដែល​បានប្រព្រឹត្តទៅយ៉ាងអធិកអធម នាពេលនេះ។

នៅក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ខ្ញុំ និងភរិយា សូមឧទ្ទិស « ទិវាវប្បធម៌ជាតិ ៣ មីនា លើកទី ២២» នេះ ចំពោះគុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ និងសូមឱ្យទិវានេះស្ថិតនៅជាអមតៈក្នុងដួងចិត្តប្រជាពល​រដ្ឋខ្មែរគ្រប់ៗរូប ជាមួយនឹងមនសិការស្នេហាជាតិ និងស្មារតីស្រឡាញ់សិល្បៈវប្បធម៌ជាតិ ជាពិសេស ត្រូវមានសាមគ្គីផ្ទៃក្នុងល្អ និងកិច្ចសហការជួយគ្នាទៅវិញទៅមក ក្នុងចំណោមយុវជនកម្ពុជាដែលជាអ្នកបន្តវេន ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់ ថែរក្សាការពារសម្បត្តិវប្បធម៌ជាតិកម្ពុជា ឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូត។

ខ្ញុំសូមថ្លែងអំណរគុណចំពោះការអញ្ជើញចូលរួមរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាពិសេសសិល្បករគ្រប់ទម្រង់នៅទូទាំងប្រទេសយ៉ាងច្រើនកុះករ ប្រមាណជិត ៤០០០ នាក់ បានមកជួបជុំគ្នាក្នុងព្រឹត្តិការណ៍ជួបសំណេះសំណាលប្រចាំឆ្នាំជាមួយខ្ញុំ ដែលជាការបង្ហាញអំពីសាមគ្គីភាព និងភាពសុខដុមភាវូបនីយកម្មនៃសិល្បៈវប្បធម៌ដ៏រុងរឿងរបស់ប្រជាជាតិយើង។

ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គណៈកម្មការអន្តរក្រសួង ក៏ដូចជាក្រុមការងារទាំងអស់ដែលបានខិតខំប្រឹងប្រែង និងរួមសហការគ្នាយ៉ាងសកម្មរៀបចំព្រឹត្តិការណ៍វប្បធម៌ជាតិជារៀងរាល់ឆ្នាំ រួមជាមួយនឹងគំនិតច្នៃប្រឌិតថ្មីៗ រំលេចនូវស្នាដៃបុព្វបុរសខ្មែរដែលបានបន្សល់នូវស្នាដៃវប្បធម៌ដ៏សម្បូរបែប ដែលជាមរតកមានតម្លៃមិនឤចកាត់ថ្លៃបានសម្រាប់កូនចៅជំនាន់ក្រោយ។

ជាមួយគ្នានេះ ខ្ញុំសូមកោតសរសើរចំពោះឤជ្ញាធរដែនដីរាជធានី-ខេត្ត ដែលបានផ្តល់ការគាំទ្រតាមរយៈគ្រប់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយក្រុមសិល្បៈយុវជនទាំង ២៥ រាជធានី-ខេត្ត ព្រមទាំងនិស្សិតមកពីសកលវិទ្យាល័យនីមួយៗសរុប ៧២៥ នាក់ បានចូលរួមប្រកួតប្រជែងស្នាដៃសិល្បៈ និងចំណេះដឹងផ្នែកវប្បធម៌ ហើយក៏សូមចូលរួមអបអរសាទរចំពោះក្មួយៗ ដែលទទួលបានជ័យលាភីពីកម្មវិធីប្រកួតប្រជែងដែលបានរៀបចំនៅក្នុង «មហោស្រពសិល្បៈយុវជនទូទាំងប្រទេសឆ្នាំទី ៦ » និងក្នុង «កម្មវិធីប្រកួតប្រជែងសមត្ថភាពចំណេះដឹងផ្នែកវប្បធម៌» នៅពេលនេះ។

បាវចនា «អរគុណសន្តិភាព» និងការអភិវឌ្ឍលើគ្រប់វិស័យ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ជាប់ៗគ្នាក្នុងរយៈពេល ២ ទសវត្សរ៍ ចុងក្រោយនេះ ធ្វើឱ្យវិស័យវប្បធម៌មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សគួរជាទីមោទនៈ។ ទន្ទឹមនេះ ការប្រារព្ធទិវាវប្បធម៌ជាតិ ជារៀងរាល់ឆ្នាំក្នុងរយៈពេលជាង ២០ ឆ្នាំ កន្លងមកនេះ បានឆ្លុះបញ្ចាំងអំពីឤរ្យធម៌ដ៏រុងរឿងនៃមហានគរខ្មែរ នាសម័យអង្គរ ហើយក៏ជាកិត្តិយសរបស់ប្រជាជន និងប្រទេសជាតិ ដែលមានកំណើតនៅលើដែនដីនៃវប្បធម៌ដ៏សម្បូរបែបនៅឤស៊ីឤគ្នេយ៍ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាមួយនឹងមរតកវប្បធម៌ និងអរិយធម៌ពីជំនាន់មួយទៅជំនាន់មួយទៀត។

ម៉្យាងវិញទៀត ការអបអរ និងការរំលឹកគុណូបការៈបុព្វបុរសខ្មែរ ក្នុងទិវាវប្បធម៌ជាតិ គឺជាយន្តការជំរុញឱ្យមានការផ្ទេរចំណេះដឹង និងជំនាញបច្ចេកទេសផ្នែកសិល្បៈវប្បធម៌ បណ្តុះភាពក្លាហាន មនសិការស្រឡាញ់សិល្បៈវប្បធម៌ជាតិដល់ជនរួមជាតិគ្រប់ៗរូប ជាពិសេស ឱកាសចូលរួមដោយសេរី និងពេញលេញក្នុងសកម្មភាពសិល្បៈវប្បធម៌របស់យុវជនជំនាន់ក្រោយ ដែលជាការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ស្របតាមគោលនយោបាយជាតិ ស្តីពីវិស័យវប្បធម៌ ដើម្បីសម្រេចបាននូវការអភិវឌ្ឍជាតិប្រ កបដោយចីរភាព និងបរិយាប័ន្ន។

ដើម្បីបន្តការងារអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិរូបី និងអរូបីប្រកបដោយតម្លាភាព ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមផ្តល់អនុសាសន៍ណែនាំដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងភាគីពាក់ព័ន្ធទាំងអស់ដូចខាងក្រោម ៖

ទី១· ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងឤជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាការពារ និងបង្ក្រាបរាល់បទល្មើសឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពនៅតាមទីតាំងតំបន់ប្រាសាទ រមណីយដ្ឋានប្រវត្តិសា្រស្ត វត្តឤរាម សំណង់ប្រវត្តិសាស្ត្រ និងសំណង់ ដែលមានឤយុកាលរាប់រយឆ្នាំនៅតាមមូលដ្ឋាននៅទូទាំងប្រទេស។ ត្រូវបន្តរួមគ្នាធ្វើបញ្ជីសារពើភណ្ឌគ្រប់ទីតាំងនៃបេតិកភណ្ឌរូបីទាំងនោះឱ្យបានសព្វគ្រប់ ដើម្បីចៀសវាងការរំលោភបំពាន ហើយត្រូវបន្តទាមទារយកមកវិញនូវបដិមានានារបស់ជាតិ ដែលបានបាត់បង់កន្លងមកក្នុងអំឡុងសម័យសង្គ្រាម។

ទី២· ត្រូវរួមគ្នាបន្តការងារអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីទាំងឡាយរបស់ជាតិ ដែលបានបាត់បង់ និងត្រូវយកចិត្តទុកដាក់ស្វែងរកមរតកមនុស្សរស់បន្ថែមទៀត ដែលជាឃ្លាំងចំណេះដឹងក្នុងការបន្តវេនទៅយុវជនជំនាន់ក្រោយ។

ទី៣· ត្រូវបន្តកិច្ចសហការជាមួយក្រសួងទេសចរណ៍ ធ្វើការផ្សព្វផ្សាយនូវសក្តានុពលទេសចរណ៍វប្បធម៌ជាតិ ឱ្យបានកាន់តែទូលំទូលាយក្នុងគ្រប់រូបភាពសម្រាប់ទេសចរជាតិ និងអន្តរជាតិ ដើម្បីលើកតម្លៃវប្បធម៌ជាតិ រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។

ទី៤· ខ្ញុំសូមគាំទ្រចំពោះកិច្ចសហការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងព័ត៌មានដែលបានធ្វើឱ្យវិស័យភាពយន្តភាគខ្មែរបាន និងកំពុងមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ តាមរយៈការកំណត់ម៉ោងមាសសម្រាប់ធ្វើការចាក់ផ្សាយភាពយន្តភាគខ្មែរនាពេលកន្លងមក។ ជាមួយគ្នានេះ ឤជ្ញាធរដែនដី គ្រប់ជាន់ថ្នាក់ត្រូវសហការជួយសម្រួលផ្តល់ទីតាំងក្នុងដែនដីរបស់ខ្លួន ដើម្បីសម្រួលដំណើរការនៃការថត និងផលិតខ្សែភាពយន្តគ្រប់ប្រភេទ។

ទី៥· ត្រូវបន្តកិច្ចសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បំផុសសកម្មភាពគ្រប់ស្ថានទូត និងស្ថានកុងស៊ុលកម្ពុជាប្រចាំនៅបរទេស រៀបចំព្រឹត្តិការណ៍វប្បធម៌ខ្មែរឱ្យបានទៀងទាត់ ជារៀងរាល់ឆ្នាំ ដើម្បីផ្សព្វផ្សាយវប្បធម៌ជាតិ ជាមួយនឹងការពង្រឹងនយោបាយវប្បធម៌ការទូត ហើយត្រូវបំផុសឱ្យសហគមន៍ខ្មែរនៅបរទេសចូលរួមរៀបចំកម្មវិធីទិវាវប្បធម៌ជាតិ ឱ្យបានអធិកអធម និងទូលំទូលាយ។

ទី៦· ត្រូវរួមគ្នាសហការយ៉ាងជិតស្និទ្ធជាមួយឤជ្ញាធរដែនដីតាមមូលដ្ឋាននានា ថែរក្សា ការពារនូវប្រពៃ​ណី ទំនៀមទម្លាប់ និងទីតាំងគោរពបូជារបស់បងប្អូនជនជាតិដើមភាគតិច ដែលជាផ្នែកមួយនៃវប្បធម៌ដ៏យូរលង់របស់ប្រជាជាតិយើងប្រកបដោយប្រសិទ្ធភាព។

ទី៧· ត្រូវបន្តសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជាពិសេសជាមួយនាយកដ្ឋានប្រ ឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ ដើម្បីទប់ស្កាត់ការបំពាន ច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល តាមរយៈការយកស្នាដៃវប្បធម៌ចាស់ៗ យកមកក្លែងបន្លំជាមួយនឹងការបញ្ចូលរូបភាពមិនសមរម្យនានាដោយពុំមានច្បាប់អនុញ្ញាត។

ទី៨· ខ្ញុំសូមអំពាវនាវដល់ជនរួមជាតិទាំងអស់ ជាពិសេសបងប្អូនកូនក្មួយសិល្បករ សិល្បការិនី និងអ្នកនិពន្ធស្នាដៃនានា ត្រូវបញ្ឈប់ជាបន្ទាន់នូវគ្រប់ទម្រង់នៃការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល តាមរយៈការយកស្នាដៃចម្រៀង ស្នាដៃភាពយន្ត ស្នាដៃរូបភាព ស្នាដៃអក្សរសាស្ត្រ ស្នាដៃអក្សរសិល្បិ៍ និងស្នាដៃវប្បធម៌ដទៃៗទៀត ទាំងស្នាដៃ ដែលមានមរតកសាសន៍ និងគ្មានមរតកសាសន៍មក ផលិតឡើងវិញ ដោយពុំបានសុំការអនុញ្ញាតពីម្ចាស់សិទ្ធិ ឬពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ទី៩· ខ្ញុំសូមថ្លែងនូវការកោតសរសើរចំពោះការចូលរួមរបស់សប្បុរសជនមួយចំនួន ដូចជាលោកជំទាវឧប នាយករដ្ឋមន្ត្រី ម៉ែន សំអន លោកជំទាវ ម៉ៅ ម៉ាល័យ កែគីមយ៉ាន លោកជំទាវ សៀង ចាន់ហេង និងលោកជំទាវ ស៊ុយ ស៊ីផាន រួមទាំងសប្បុរសជនជាច្រើនទៀត ដែលបានបរិច្ចាគធនធានថវិកាផ្ទាល់ខ្លួន រួមចំណែកជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីអភិរក្សប្រាសាទ និងព្រះវិហារបុរាណមួយចំនួននាពេលកន្លងមក។

អង្គពិធីជាទីមេត្រី !

ដើម្បីឱ្យវប្បធម៌ជាតិដែលជាដួងព្រលឹង និងជាអត្តសញ្ញាណជាតិ និងជាឧបករណ៍សម្រាប់កិច្ចសន្ទនា ការផ្សះផ្សាសង្គម និងជាស្ពាននៃការតភ្ជាប់រវាងប្រជាជាតិមួយទៅប្រជាជាតិ មួយទៀតកាន់តែមានការរីកចម្រើន និងមានភាពល្បីល្បាញនៅបណ្តាឆ្នាំក្រោយៗទៀត ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមផ្តល់មតិណែនាំមួយចំនួនដូចខាងក្រោម៖

ទី១· ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំយុវជន និងកីឡា ក្រសួង ស្ថាប័នពាក់ព័ន្ធ ឤជ្ញាធរដែនដី អង្គការជាតិ អន្តរជាតិ និងវិស័យឯកជន ព្រមទាំងអង្គការមហាជន និងសមាគមសិល្បៈនានា ដើម្បីរៀបចំ «មហោស្រពសិល្បៈយុវជនទូទាំងប្រទេស» និងបំផុសស្មារតី «ទិវាវប្បធម៌ជាតិ» ឱ្យបានកាន់តែសកម្ម និងផុសផុលទាំងក្នុង និងក្រៅប្រទេសក្នុងបុព្វហេតុរួម គឺការអភិរក្ស និងអភិវឌ្ឍសម្បត្តិវប្បធម៌ជាតិ អនុលោមតាមគោលនយោបាយជាតិ ស្តីពីវិស័យវប្បធម៌ដោយរដ្ឋជាអ្នកគាំទ្រគាំពារ ដៃគូឯកជនជាអ្នកអនុវត្ត

ទី២· ត្រូវបន្តនិងបង្កើតនូវយន្តការថ្មីៗ ដើម្បីឱ្យកូនខ្មែរ ឤចមានលទ្ធភាពបង្កើតស្នាដៃសិល្បៈវប្បធម៌ថ្មីៗរបស់ខ្លួន តាមរយៈការបើកវគ្គបណ្តុះបណ្តាលដល់យុវជននៅតាមវិទ្យាល័យ សកលវិទ្យាល័យ និងអង្គការ/សមាគមសិល្បៈទូទៅ ដើម្បីពង្រឹងគុណភាពអ្នកបង្កើតស្នាដៃថ្មីៗ តាមទម្រង់ក្បួនខ្នាតនៃវប្បធម៌ជាតិ ដោយចៀសវាងការលួចចម្លងទាំងស្រុងនូវស្នាដៃសិល្បៈអ្នកដទៃ និងបរទេស។ ជាមួយគ្នានេះ ត្រូវបន្តរៀបចំព្រឹត្តិការណ៍វប្បធម៌ នានាឱ្យបានច្រើននៅតាមបណ្តាខេត្តនៅទូទាំងប្រទេស ជាពិសេសនៅខេត្តសៀមរាប។

ទី៣· ត្រូវបង្កើតភាពជាដៃគូជាមួយប្រព័ន្ធផ្សព្វផ្សាយ និងប្រព័ន្ធសារព័ត៌មានឯកជន តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួង ស្ថាប័នរដ្ឋ និងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់អ្នកវប្បធម៌គ្រប់ៗរូប ហើយត្រូវបន្តផ្សព្វផ្សាយចែករំលែកនូវខ្លឹមសារ រូបភាពនិងវីដេអូនានា ដើម្បីរំលឹក និងអបអរ «ទិវាវប្បធម៌ជាតិ» និងព្រឹត្តិការណ៍វប្បធម៌ ដែលមានអត្ថប្រយោជន៍ផ្សេងៗទៀត ជាមួយនឹងស្មារតីស្រឡាញ់វប្បធម៌ជាតិ ឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសស្រទាប់យុវជនដែលជាអ្នកបន្តវេន និងជាសរសទ្រូងនៃប្រទេសជាតិ។​​

[ចាប់ផ្តើមការអធិប្បាយ ១]

របាំព្រះរាជទ្រព្យ ជាមរតកដូនតា មិនត្រូវទុកឱ្យអាប់ឱនទេ

អញ្ញាតឱ្យខ្ញុំបាននិយាយបន្ថែមបន្តិចនៅទីនេះ ដែលទាក់ទងជាមួយនឹងសមត្ថកិច្ចរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ កាលពីម្សិលមិញ ខ្ញុំបានទទួលនូវឯកសារមួយ ដែលសូមយកឱកាសនេះបង្ហាញនូវការសោកស្តាយ ហើយក៏មិនអាចទទួលយកបាននូវការធ្វើបែបនេះ។ នោះនៅត្រង់ថា ក្រុមសិល្បៈព្រះរាជទ្រព្យរបស់យើងមួយក្រុមបានទៅសម្តែងនៅសាំងហ្គាពួរ ហើយទីកន្លែងនៃការសម្តែងនោះគឺវាខុសនឹងក្បួនខ្នាត នៃការសម្តែងសម្រាប់ទម្រង់នៃសិល្បៈបុរាណខ្មែររបស់យើង។ តាមអ្វីដែលខ្ញុំបានឃើញនោះគឺ គេចាត់ទុកថាជាពិធីនៃការបួងសួង ដើម្បីសូមសេចក្តីសុខសម្រាប់ព្រះរាជាណាចក្រកម្ពុជា ក៏ប៉ុន្តែអ្វីដែលជាទម្រង់នោះគឺមិនមែនយ៉ាងដូច្នោះទេ គឺនៅត្រង់ថា គ្រូអូមអាមរបស់សាំងហ្គាពួរម្នាក់ ដែលភាសាចិនគេហៅថាគ្រូ ហុងស៊ុយ (បែរជារៀបចំឱ្យ)អ្នករាំរបាំព្រះរាជទ្រព្យនៅខាងក្រោយលោកគ្រូនោះ ពេលដែលលោកគ្រូនោះឈរឡើង បន់ស្រន់(ដោយអ្នករាំរបាំ)អង្គុយថ្វាយពីក្រោយខ្នង នេះគឺជាការបន្ទាបបន្ថោកនូវវប្បធម៌ជាតិរបស់យើង។

ខ្ញុំសុំស្នើឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវធ្វើការគ្រប់គ្រងបច្ចុប្បន្ននេះយើងមានស្ថានប័នជាតិរបស់យើង យើងមានស្ថាប័នថ្នាក់ក្រោមជាតិរបស់យើងដើម្បីគ្រប់គ្រង ក្រៅពីនោះនៅមានសមាគមច្រើនណាស់ ដែលធ្វើការបណ្តុះបណ្តាល ធ្វើការអភិរក្ស រួចហើយគ្រប់គ្រងជាមួយសិល្បករ សិល្បការិនី រួចហើយក៏ចេះតែយកទៅសម្តែងដោយខ្វះការពិចារណា។ ក្នុងឋានៈខ្ញុំជាប្រមុខរាជរដ្ឋាភិបាល ខ្ញុំមិនអាចទទួលយកបានទេ នូវការធ្វើឱ្យអាប់ឱន​ នូវមរតកដូនតាបានបន្សល់ទុក ហើយជាពិសេសគឺ​ របាំព្រះរាជទ្រព្យ ដែលសូម្បីតែអង្គព្រះមហាក្សត្ររបស់យើង ក៏យើងមិនដែលបានឃើញថា របាំព្រះរាជទ្រព្យត្រូវបានសម្តែងនៅពីក្រោយមនុស្សនោះទេ ក៏ប៉ុន្តែផ្ទុយទៅវិញរបាំទាំងអស់ត្រូវបានបែរមុខឆ្ពោះរកព្រះភក្រ្ត ឬក៏ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលទៅវិញទេ។

បើមិនសុំទោសរាជរដ្ឋាភិបាល និងព្រះរាជវង្សានុវង្សកម្ពុជា គ្រូហុងស៊ុយនោះ មិនអាចចូលកម្ពុជាទេ

អ្វីដែលធ្ងន់ធ្ងរជាងនោះ មនុស្សម្នាក់នេះដែលជាជនជាតិម៉ាឡេ ដែលទើបនឹងចូលសញ្ជាតិសាំងហ្គាពួរ បានបន្តុះបង្អាប់ វាយប្រហារព្រះបរមរាជវាំងយ៉ាងធ្ងន់ធ្ងរ ដែលខ្ញុំមិនអាចទទួលយកបានទេ។ ដែលថ្ងៃនេះ ខ្ញុំបានចាត់វិធានការចំពោះមន្រ្តីដែលបានចូលទៅ Comment នៅក្នុង Facebook Page បន្ទាប់ពីបានឃើញភាពមិនសមរម្យ ជនជាតិខ្មែរម្នាក់ក៏បានធ្វើការទិតៀនទៅលើរឿងនេះ បន្ថែមទៅដោយរាជវង្សយើងមួយព្រះអង្គ ក៏បានយល់ថាមិនត្រឹមត្រូវ។ ប៉ុន្តែផ្ទុយទៅវិញជនជាតិសាំងហ្គាពួរនេះមកវាយប្រហារចំពោះ ព្រះរាជវង្សានុវង្សខ្មែរ ហើយបែងចែក ធ្វើឱ្យមានការអាប់ឱនទៅដល់ព្រះរាជវង្សានុវង្ស ដែលនេះជាការវាយយ៉ាងដំណំទៅលើរបបរាជានិយមអាស្រ័យធម្មនុញ្ញ និងទៅលើអង្គព្រះមហាក្សត្រ ក៏ដូចជារាជវង្សានុវង្សខ្មែរ។ ថ្ងៃនេះ ខ្ញុំបានដាក់បទបញ្ជាដើម្បីឱ្យក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ហាមឃាត់បុគ្គលរូបនេះមិនឱ្យជាន់ទឹកដីកម្ពុជាតទៅទៀត។ ប៉ុន្តែខ្ញុំក៏អាចបញ្ជាក់បានថា បើសិនគេសុំទោសរាជរដ្ឋាភិបាលកម្ពុជា ហើយធ្វើការសុំទោសចំពោះព្រះរាជវង្សានុវង្សកម្ពុជា យើងនឹងអាចបើកឱកាសឱ្យមនុស្សនេះមកកម្ពុជា។ តាមពិតមនុស្សនេះ បើនិយាយតាមភាសាចិនគេហៅ គ្រូហុងស៊ុយ ប៉ុន្តែបើនិយាយតាមភាសាខ្មែរគឺជាគ្រូទាយ ឬជាគ្រូអូមអាម។

សិល្បៈជាតិ ជារបស់ប្រជាជាតិកម្ពុជា

ហេតុអ្វីទៅ? បានជាត្រូវយកសិល្បៈបុរាណខ្មែរ​យកទៅធ្វើពិធីបួងសួង ហើយខ្លួនឯងនៅពីមុខសិល្បៈរបស់យើង។ នៅពេលសិល្បៈកំពុងរាំពួកគេនៅពីមុខ នៅពេលដែលគ្រូនេះលើកដៃបួងសួង យើងត្រូវបួងសួងពីខាងក្រោយ អង្គុយរាំនៅពីក្រោយ។ ដូច្នេះ តើវាសមហេតុសមផលទេជាមួយនឹងតម្លៃនៃសិល្បៈខ្មែរបែបនេះ? ត្រូវស្វែងរកឱ្យឃើញ។ បើទោះបីថា អ្នកនាំទៅនោះជារាជវង្សានុវង្ស ក៏ត្រូវយាងរាជវង្សានុវង្សនោះឱ្យមកក្រសួងវប្បធម៌ ដើម្បីក្រសួងវប្បធម៌ធ្វើការណែនាំ មិនអាចតាំងខ្លួនជារាជវង្សានុវង្ស ហើយនាំសិល្បៈខ្មែរទៅបំផ្លាញទេ។ សិល្បៈរបស់ជាតិយើងគឺជារបស់ប្រជាជាតិកម្ពុជា មិនមែនជារបស់រាជវង្សានុវង្សមួយអង្គណានោះទេ ហើយព្រះមហាក្សត្រក៏ព្រះអង្គមិនដែលទុកថាជារបស់ព្រះអង្គផ្តាច់មុខនោះទេ។ យើងមើលលើស្ថានភាពជាក់ស្តែង ពេលដែលអង្គព្រះមហាក្សត្រជាទីសក្ការៈរបស់យើងបានជប់លៀងថ្វាយ ឬក៏ជូនព្រះមហាក្សត្រ ឬប្រមុខរដ្ឋដែលមកទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

ព្រះមហាក្សត្រព្រះអង្គតែងយកនូវរបាំពីក្រសួងរប្បធម៌ និងវិចិត្រសិល្បៈទៅសំដែង ហើយក្នុងពិធីសំដែងនោះ គឺព្រះអង្គបានបែងចែកដាច់ពីគ្នានៅពេលដែលទម្រង់កំដរកំសាន្តគឺមានភ្លេង មានចម្រៀងកំដរ កំសាន្ត ប៉ុន្តែនៅពេលដែលចាប់ផ្តើមសំដែងសិល្បៈក្នុងរយៈពេលតែ ៣ ឬ ៤ ឈុតតែប៉ុណ្ណោះ គឺសិល្បៈផ្នែកដទៃទៀតត្រូវចេញ ហើយសិល្បៈទាំងអប្សរា ឬរបាំជូនពរ ឬរបាំដទៃទៀត ត្រូវចូលមកជំនួសដោយគ្មានការឡូកឡំទេ។ ដូច្នេះ នេះជាចំណុចដែលយើងត្រូវនិយាយគ្នាឲ្យច្បាស់មិនអាចមានអ្នកណាមួយអនា​ធិបតេយ្យ ធ្វើការគ្រប់គ្រងតាមបែបអនាធិបតេយ្យ ហើយនាំសិល្បៈខ្មែរទៅធ្វើការបួងសួងនៅក្រៅប្រទេស ហើយយកហេតុផលថាបួងសួងឲ្យព្រះរាជាណាចក្រកម្ពុជា។ បើសិនជាត្រូវការធ្វើការបួងសួងឲ្យព្រះរាជាណាចក្រកម្ពុជា ក៏ខ្លួនឯងត្រូវរកទីតាំងឲ្យបានសមរម្យ ហើយមិនអាចឲ្យអ្នករបាំខ្មែរ មករាំពីក្រោយបុគ្គលដែលជាគ្រូអូមអាមនោះទេ។

ពង្រឹងវិន័យគ្រប់គ្រងសិល្បៈជាតិ

នេះមិនមែនជាជម្លោះរបស់រដ្ឋាភិបាលកម្ពុជាជាមួយនឹងសាំងហ្គាពួរទេ ក៏ប៉ុន្តែគឺជនជាតិសាំងហ្គាពួរម្នាក់បានធ្វើទង្វើបែបនេះ ដោយមានការរួមគំនិតជាមួយនឹងបុគ្គលខ្មែរមួយចំនួន រាប់ទាំងបុគ្គលម្នាក់ខ្ញុំចេញអនុក្រឹត្យដកចេញពីតំណែងដែលជាជំនួយការរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី មិនអាចឲ្យគេធ្វើការប្រមាថចំពោះរាជវង្សានុវង្សខ្មែរតាមរយៈ Facebook នោះទេ។ រាជវង្សានុវង្សខ្មែរ  គ្រាន់តែត្រឹមចូលទៅ comment ក្នុង Facebook page ថារឿងនេះវាមិនសមស្របទេ គ្រាន់តែប៉ុណ្ណឹងគឺចាប់ផ្តើាមួយនឹងវេទិការធំៗដែលជាកម្រឹតថ្នាក់ជាតិ ឬត្រូវបានគេអញ្ជើញឲ្យទៅ ធ្វើការសម្តែង ប៉ុន្តែមិនមែនទៅធ្វើឲ្យសិល្បៈ់បទបញ្ជាឲ្យក្រសួងវប្បធមមវាយប្រហារពីជ្រុងសាំហហ្គាពួរផង ពីជ្រុងខ្មែរគ្នាយើងផងដែរ។

… ក្នុងឋានៈជាអ្នកការពារនូវរាជវង្សានុវង្ស ការពាររបបរាជានិយមអាស្រ័យធម្មនុញ្ញ ការពាររាជបល្ល័ង្ក និងក្នុងឋានៈ ជាអ្នកការពារវប្បធម៌ជាតិខ្មែរ ខ្ញុំមិនអាចទទួលយកបានទេ។ ខ្ញុំសូមដាក់បទបញ្ជាឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈធ្វើការពង្រឹងវិន័យនៃការគ្រប់គ្រងសិល្បៈជាតិរបស់យើងឲ្យបាន។ ខ្ញុំយល់ស្របឲ្យសិល្បៈខ្មែរយើង ទៅសំដែងក្រៅប្រទេសជាមួយនឹងវេទិកាធំៗដែលជាកម្រិតថ្នាក់ជាតិ ឬត្រូវបានគេអញ្ជើញឲ្យទៅធ្វើការសម្តែង ប៉ុន្តែមិនមែនទៅធ្វើឲ្យសិល្បៈខ្មែរចូលទៅក្នុងកម្រិតនោះបានទេ។ ទទួលយកមិនបានទេ … សុំផ្ញើសារទៅឲ្យលោកម្នាក់ដែលខ្ញុំនឹងថា ទើបនឹងចាកចេញពីកម្ពុជា ២ ថ្ងៃមុននេះតែប៉ុណ្ណោះ​។ ថ្ងៃនេះបានដាក់បម្រាមទៅ។ ខ្ញុំមានលិខិតទៅសម្តេចក្រឡាហោម ស ខេង ហើយព្រឹកមិញខ្ញុំក៏បានជួបជាមួយនឹងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីបញ្ជូនលិខិតឆ្លងដែនទប់ស្កាត់ម្នាក់ហ្នឹង។ បើអ្នកឯងសុំទោស យើងនឹងពិចារណាដើម្បីផ្តល់ឱកាសឲ្យអ្នកឯងចូលមកកម្ពុជាវិញ។ បើអ្នកឯងមិនបានសុំទោស ហើយទទួលយកមិនបាននូវពាក្យសុំទោសនេះទេ យើងក៏មិនអាចអនុញ្ញាតឲ្យអ្នកឯងចូលមកក្នុងទឹកដីកម្ពុជាបានតទៅទៀតទេ។

រក្សាតម្លៃសិល្បៈវប្បធម៌ជាតិ ដោយរក្សារបៀបរបប និងទម្រង់

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!

ខ្ញុំក៏សុំយកឱកាសនេះធ្វើការអំពាវនាវចំពោះសិល្បករ សិល្បការិនីរបស់យើង មាន ២ ចំណុចដែលខ្ញុំចង់អំពាវនាវ។ ទី ១ សុំមេត្តារក្សាតម្លៃនៃសិល្បៈវប្បធម៌របស់ជាតិរបស់យើងដោយខិតខំធ្វើយ៉ាងណារក្សានូវរបៀបរបបទម្រង់របស់យើង។ ខ្ញុំនៅតែនិយាយដដែលថា គ្មានការឈ្លានពានខាងវប្បធម៌ទេ មានតែការទទួលដោយស្ម័គ្រចិត្តតែប៉ុណ្ណោះ នេះគឺជារឿងពិត គ្មានប្រទេសណាមួយអាចមកឈ្លានពានវប្បធម៌យើងបានទេ មានតែយើងទទួលដោយស្ម័គ្រចិត្តតែប៉ុណ្ណោះ។ ឥឡូវនេះ ទម្រង់សិល្បៈមួយចំនួន យើងមិនដឹងថាសិល្បៈនោះវាជាប្រភេទអីទេ ក្បាច់រាំដទៃៗបង្កើតឡើងតាមតែខ្ញុំគិតទេ អ្នកចម្រៀងម្នាក់បង្កើតក្បាច់រាំខ្លួនឯងមួយ ហើយហ្វឹកហាត់អ្នករាំអមជាមួយ ប៉ុន្តែតាមការដែលខ្ញុំគិតនៅពេលដែលអ្នកហ្នឹងរាំលែងកើត បានសេចក្តីថាអាក្បាច់រាំហ្នឹងវារលាយទៅតាមខ្លួន។ អញ្ចឹងបានជាកន្លងទៅ យើងបានឃើញហើយនៅពេលនេះចម្រៀងខ្លះមានអាយុរាប់សិបឆ្នាំ ចូលដល់រយឆ្នាំហើយនៅរក្សាបានរហូតដល់ពេលនេះ។ បានសេចក្តីថា អ្នកនិពន្ធស្លាប់ទៅគឺបន្សល់ទុកនូវចម្រងនេះដល់ពេលនេះ ប៉ុន្តែឥឡូវនេះអ្នកចម្រៀង អ្នកនិពន្ធមិនទាន់ស្លាប់តែចម្រៀងនេះ​វាបានស្លាប់មុនអ្នកនិពន្ធទៅហើយ។

ទិវាវប្បធម៌ គឺធ្វើ ៣៦៥ ថ្ងៃ

អញ្ចឹងទេ តើវានឹងមានរឿងអ្វីកើតឡើង ខ្ញុំពិតជាមានការរីករាយ ហើយពង្រឹងនូវទិវាវប្បធម៌នេះ ហើយទិវាវប្បធម៌នេះ ខ្ញុំសូមស្នើថា មិនមែនគ្រាន់តែធ្វើត្រឹមថ្ងៃ ៣ មីនា នោះទេ ប៉ុន្តែ ធ្វើរៀងរាល់ថ្ងៃ ធ្វើ ៣៦៥ ថ្ងៃតែម្ដង។ ក៏សូមស្នើផងដែរ នៅពេលនៃការសម្ដែងទាំងភាពយន្តក្ដី ទាំងការសម្ដែងលើឆាក នៅការប្រគុំតន្រ្តីក្ដី សូមមេត្តាការស្លៀកពាក់ឱ្យបានសមរម្យ ដើម្បីរក្សានូវតម្លៃ និងសេចក្ដីថ្លៃថ្នូររបស់ជាតិយើង។

ទីផ្សារភាពយន្តខ្មែរកំពុងរីកលូតលាស់ខ្លាំង, អំពាវនាវក្រុមហ៊ុនផ្សាយពាណិជ្ជកម្មគាំទ្រភាពយន្តខ្មែរ

យើងទទួលស្គាល់ថា ភាពយន្តរបស់យើងកំពុងមានការវិវឌ្ឍយ៉ាងលឿន តាមរយៈដែលក្រសួងព័ត៌មានកំណត់ អំពី​ម៉ោងមាស មុនម៉ោង ៩ យប់ ត្រូវចាក់ភាពយន្តខ្មែរ។ ដូច្នេះហើយបានជាភាពយន្តខ្មែរពេលនេះ គឺគ្រប់ស្ថានីយទូរទស្សន៍ទាំងអស់ត្រូវខិតខំផលិត។ ដូច្នេះ ទីផ្សារភាពយន្តកម្ពុជាបច្ចុប្បន្ននេះកំពុងតែមានការរីកលូតលាស់ខ្លាំង។ ដូច្នេះ សង្ឃឹមថា អ្នកនិពន្ធ អ្នកដឹកនាំរឿង នឹងបន្តការខិតខំនិពន្ធ និងដឹកនាំរឿង ដោយមិនចម្លងតាមគេ ហើយក៏មិនបង្កើតនូវទម្រង់ខ្សែភាពយន្ត ដែលនាំទៅដល់របៀបអាសអាភាសនោះទេ។ ឥឡូវនេះ យើងបានឃើញថា នៅពេលដែលមានការបញ្ចាំងខ្សែភាពយន្តនៅតាមទូរទស្សន៍នានា ក្រុមហ៊ុននានាបានដាក់ពាណិជ្ជកម្មផ្សព្វផ្សាយនៅក្នុងខ្សែភាពយន្តខ្មែរទាំងនោះ ដែលនេះចាត់ទុកថាជាការលើកទឹកចិត្តមួយដល់សិល្បៈភាពយន្តខ្មែរយើង ដែលត្រូវបន្តការខិតខំ។ ហើយសូមអរគុណចំពោះក្រុមហ៊ុនទាំងអស់ ដែលបាន​ធ្វើជាអ្នក sponsor ​នៃការផលិតខ្សែភាពយន្ត ក៏ដូចជាដាក់ពាណិជ្ជកម្មក្នុងខ្សែភាពយន្តខ្មែរ ដែលខ្ញុំអំពាវនាវឱ្យបណ្ដាក្រុមហ៊ុន ដែលមានផលិតផល ដាក់បន្ថែមទៀតទៅលើវិស័យ​ខ្សែភាពយន្តខ្មែរ ដើម្បីបង្កើននូវជំនឿ​នឹងការផលិត លើក​តម្កើងភាពយន្តខ្មែរយើងដល់កម្រិតខ្ពស់មួយថែមទៀត។ មានតែការចូលរួមទាំងអស់គ្នាទេ ទើបឱ្យវិស័យនេះរីកចម្រើនទៅបាន។

សិល្បការិនី កុំឱ្យមានភាពសិចស៊ីហួសហេតុ

ហើយភាពសិចស៊ីនានា ក៏គួរត្រូវបានកាត់បន្ថយ។ សង្ឃឹមថា កូន ក្មួយទាំងឡាយជាសិល្បករ/ការិនី ជាពិសេស សិល្បករមិនសូវជាអីទេ​ ណាស់គឺសិល្បការិនីហ្នឹងឯងតែម្ដង ដែលសុំអង្វរករសុំកុំឱ្យមានភាពសិចស៊ីហួសហេតុ។ អ្នកខ្លះគេលើកឡើងថា ខ្ញុំធ្វើនេះគឺហាមឃាត់នូវសិទ្ធិរបស់គេ ក៏ប៉ុន្តែ សុំពិចារណា​ឱ្យបានច្បាស់ រវាងម្ខាងតម្លៃនៃវប្បធម៌ តម្លៃសីលធម៌ស្រ្តីខ្មែរ និងម្ខាងទៀតនូវភាពសិចស៊ីបង្ហាញកេរ្តិ៍ខ្មាស ដែលក្នុងនោះ​ មានចែងនៅក្នុងលិខិតបទដ្ឋានគតិយុត្តិរបស់កម្ពុជា​ផងដែរ។

សុំកុំឱ្យមានការឈ្លោះ/ជេរបញ្ចោរគ្នា រវាងសិល្បករ/ការិនី តាមបណ្ដាញសង្គម

ការសំណូមពរ​ទី ២ របស់ខ្ញុំ តើខ្ញុំអាចសុំបានទេ អំពី​សិល្បករ/ការិនី ដែលកន្លងមកនេះ ឧស្សាហ៍ជេរគ្នាតាមហ្វេសប៊ុក តើខ្ញុំអាចសុំបានទេ? រឿងនេះគឺជារឿងមិនគប្បីទាល់តែសោះ យើងជាសិល្បករ/ការិនី ជាបុគ្គលសាធារណៈ ដែលបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ ឬក៏បង្ហាញមុខនៅក្នុងចំណោមសាធារណជន រាបពាន់រាប់ម៉ឺននាក់មួយកន្លែងៗ ប៉ុន្តែ យើងបែរជាជេរគ្នាទៅតាមហ្វេសប៊ុក រឿងនេះវាមិនសមទាល់តែសោះ។ ខ្ញុំសង្ឃឹមថា លើកមុនខ្ញុំបាននិយាយ គ្រាន់តែនិយាយព្រាលៗតែប៉ុណ្ណោះ ប៉ុន្តែ លើកនេះ ខ្ញុំនិយាយចំៗតែម្ដង អង្វរករសិល្បករ/ការិនីរបស់យើង ជាសមាគមក្ដី មិនមែនសមាគមក្ដី សូមមេត្តាកុំប្រើប្រាស់​វោហារសាស្រ្ត ដោយប្រើប្រាស់ហ្វសប៊ុកដើម្បីវាយប្រហារគ្នា ជេរបញ្ចោរគ្នាតាមរយៈហ្វេសប៊ុកបានទេ? ខ្ញុំគិតថា រឿងនេះគឺជារឿងអកុសល យើងជាអ្នកប្រកាន់តួនាទីជាអ្នកក្នុងការអប់រំ ប៉ុន្តែ ផ្ទុយទៅវិញ ​យើងប្រឆាំងនឹងខ្លួនឯងផ្ទាល់តែម្ដង តាមរយៈនៃការជេរបញ្ចោរតាមបណ្ដាញសង្គមនានា។ សង្ឃឹម​ថា កូនក្មួយដែលជាសិល្បករ/ការិនីនេះ នឹងទទួលយកទៅពិចារណា​ ហើយកាត់បន្ថយ បើមានរឿងអី យើងអាចនិយាយគ្នាតាមទូរស័ព្ទ​បានទេ? យើងអាចហៅគ្នាមកនិយាយបានទេ? ជាជាងប្រើប្រាស់ស្អីឡើងហ្វេសប៊ុក​ៗ ហើយជេរបញ្ចោរគ្នាពេញហ្នឹង។ អញ្ចឹងវាជារឿងមួយដែលគួរតែត្រូវបានគិត យើងគ្មានសិទ្ធិទៅធ្វើការហាមឃាត់នោះទេ ប៉ុន្តែ ខ្ញុំគ្រាន់តែសុំអំពាវនាវ អង្វរករកូនក្មួយ ដើម្បីផ្ដល់នូវតម្លៃឱ្យយើងថ្លៃថ្នូរក្នុងឋានៈជាអ្នកសម្ដែងក្ដី ជាអ្នករបាំក្ដី ជាអ្នកនិពន្ធក្ដី ជាអ្នកដឹកនាំរឿងក្ដី ជាទម្រង់គ្រប់ប្រភេទទាំងអស់។ នេះជាចំណុច ដែលសុំឱ្យមានការយកចិត្តទុកដាក់។

សិល្បករ/ការិនី និស្សិត/សិស្ស សកម្មអប់រំ និងប្រឆាំងព័ត៌មានក្លែងក្លាយ អំពីជំងឺ covid-19

បន្ថែមពីលើនោះ ក្រៅពី ២ ចំណុចនេះ ខ្ញុំដោយសារតែបញ្ហាកំពុងតែរីករាលដាល ថ្ងៃស្អែកខ្ញុំត្រូវនិយាយនៅសន្និបាតក្រសួងសុខាភិបាល ក៏ប៉ុន្តែ នៅទីនេះ ខ្ញុំក៏ចង់ឱ្យសិល្បករ/ការិនីរបស់យើងទាំងអស់​ ដែលនៅទីនេះ ព្រមទាំងនិស្សិត/សិស្ស ដែលចូលរួមនៅក្នុងពិធីក្នុងថ្ងៃនេះ ​ក្លាយទៅជាសកម្មជន ដើម្បីអប់រំពលរដ្ឋរបស់យើង ក្រុមគ្រួសាររបស់យើង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ឬវីរុសកូរ៉ូណាថ្មី … មកដល់ម៉ោងនេះ ពុំទាន់មានវត្តមានជំងឺនេះនៅក្នុងព្រះរាជាណាចក្រកម្ពុជាទេ។ សង្ឃឹមថា យើងនឹងដើរតួនា​ទីជាអ្នកអប់រំ បង្កើតការធ្វើអនាម័យ ការពារខ្លួនពីការឆ្លងរីករាលដាលនៃជំងឺ Covid-19 … បំផុសឲ្យប្រជាពលរដ្ឋ ឲ្យបុគ្គលម្នាក់ៗ គ្រួសារនីមួយៗ ខិតខំធ្វើអនាម័យ ព្រោះការមិនមានអនាម័យនាំទៅដល់ជំងឺដែលមិនមែនគ្រាន់តែ Covid-19 ទេ ជំងឺគ្រប់ប្រភេទអាចឆ្លង។ ម្ខាងទៀត សុំឲ្យក្នុងចំណោមសិល្បករ/ការិនី ប្រ​យុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ (ដែល)បំផុសឲ្យមានការភ័យខ្លាច។ សិល្បករ/ការិនីគ្រប់ទម្រង់ ជាសកម្មជននៃការប្រយុទ្ធប្រឆាំងនៃព័ត៌មានក្លែងក្លាយ ទាក់ទងទៅនឹងជំងឺដ៏កាចសាហាវនេះ។

[ចប់ការអធិប្បាយ ១]

ជាទីបញ្ចប់ នៅក្នុងទិវាវប្បធម៌ដ៏មានសារៈសំខាន់នេះ ខ្ញុំ និងភរិយា សូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវជាតិ-អន្តរជាតិ ជាពិសេសព្រឹទ្ធាចារ្យ វីរៈសិល្បករ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនី និង សិស្ស-និស្សិតទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការគឺ ឤយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបី ឃ្លៀងឃ្លាតឡើយ។

[ចាប់ផ្តើមការអធិប្បាយ ២]

នៅសេសសល់ទាក់ទងជាមួយនឹងបញ្ហាថវិកាសម្រាប់ជូនក្រុមសិល្បៈយុវជនទូទាំងប្រទេសសរុប ៣៤ ក្រុម ក្នុងមួយក្រុមៗជូនថវិកាចំនួន ​​៥ លានរៀល។ ជូនក្រុមរបាំ និងសិល្បករ សំដែងជូនទស្សនាក្នុងអង្គពិធី ចំនួន ៣ ក្រុម ក្នុងមួយក្រុមៗថវិកាចំនួន ៥ លានរៀល។ ជូនក្រុមតន្ត្រីសម័យ និងក្រុមតន្រ្តីបុរាណមួយក្រុមៗ គឺថវិកា ៥ លានរៀល។ ជូនសិល្បករ គណៈមេប្រយោគថវិកាចំនួន ១០ លានរៀល។ ជូនគណៈកម្មការរៀបចំអង្គពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេស ឆ្នាំទី ៦ ថវិកាចំនួន ២០ លានរៀល​។ ជូនតន្រ្តីប្រគុំកំដរពិធីជប់លៀង ថវិកាចំនួន ១០ លានរៀល។ ក្រុមហ្នឹងចេះចម្រៀងព្រះឥន្ទ្រទាត់សីនៅ? បែបចាបយំល្វើយៗបែបជាចេះ តែព្រះឥន្ទ្រទាត់សីមិនប្រាកដថាចេះទេ។

បងប្អូនខ្មែរសុរិន្ទ រក្សាបានក្បាច់រាំកន្ទ្រឹម

ខ្ញុំគួរតែយកឱកាសនេះ ​ផ្ញើសារជូនទៅបងប្អូនខ្មែរយើងនៅសុរិន្ទ។ រឿងនេះជារឿងមួយដែលយើងត្រូវធ្វើទំ នាក់ទំនងផ្លាស់ប្តូរវប្បធម៌រវាងបងប្អូនខ្មែរនៅសុរិន្ទ ដែលការពារបានល្អណាស់។ សុំកោតសរសើរពីទីនេះទៅកាន់បងប្អូនខ្មែរយើងនៅសុរិន្ទ នៅក្នុងព្រះរាជាណាចក្រថៃ។ អ្វីដែលកំពុងតែបានផ្សព្វផ្សាយមកក្នុងប្រទេសកម្ពុជារបស់យើងនេះ មានការទទួលយកបាន ហើយជាផ្នែកមួយនៃការរួមចំណែកទៅដល់ការការ​ពារនៃមរតកវប្បធម៌ជាតិរបស់យើងផងដែរ …​ យើងមានខ្មែរលើ មានខ្មែរកណ្តាល និងមានខ្មែរក្រោម។ ខ្មែរលើទៅនៅក្នុងទឹកដីថៃ ខ្មែរក្រោមទៅនៅក្នុងទឹកដីវៀតណាម ឯខ្មែរកណ្តាលនៅក្នុងទឹកដីខ្មែរកណ្តាល​នេះ។ ខ្មែរក្រោមរក្សាបានផ្នែកបាសាក់/យីកេ។ ខ្មែរក្រោមគឺនៅរក្សាបានច្រើន។ ប៉ុន្តែ ខ្មែរលើរបស់យើងហ្នឹង គឺផ្នែករាំវង់ រាំក្បាច់ កន្ទ្រឹម អីគឺនៅនោះច្រើនណាស់។ តិចទៀត សាកព្រះឥន្ទ្រទាត់សី ឬក៏ចាបយំល្វើយ​ៗ … ក្មួយៗឡើងរាំលេងទៅល្ងាចហ្នឹង៕

[ចប់ការអធិប្បាយ ២]

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ