សម្រង់ប្រសាសន៍​សម្តេចតេជោ ហ៊ុន សែន, ពិធីបិទវគ្គប្រគល់សញ្ញាបត្រ វិញ្ញាបនបត្រជូនដល់សិស្សមន្រ្តីជាន់ខ្ពស់ សិស្សមន្រ្តីក្រមការ កម្មសិក្សាការីឆ្នាំ២០១៨ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២០ របស់សាលាភូមិន្ទរដ្ឋបាល

CNV:

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ។

ឯកឧត្តមអគ្គរដ្ឋទូត អគ្គរដ្ឋទូត និងតំណាងទូតនៃបណ្ដាប្រទេស ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ។
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា!

សាលាភូមិន្ទរដ្ឋបាល បណ្ដុះបណ្ដាលមន្រ្តីគ្រប់គ្រងរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ មានការរីករាយ ដែលបានចូលរួមសាជាថ្មីម្ដងទៀត សម្រាប់ពិធីប្រគល់សញ្ញាបត្រផង និងការបើកវគ្គបណ្ដុះបណ្ដាលថ្មីផង សម្រាប់សាលាភូមិន្ទរដ្ឋបាល។ ក្នុងឋានៈជាសាស្រ្តាចារ្យកិត្តិយសនៃសាកលវិទ្យាល័យនេះ គ្មានឱកាសដើម្បីនឹងទៅបង្រៀននៅទីនោះទៀត ក៏ប៉ុន្តែជានិច្ចកាល យើងតែងជួបគ្នានៅ​ក្នុងឱកាសបើកវគ្គ និងក្នុងឱកាសនៃការបិទវគ្គ។ ដូច្នេះចាត់ទុកថា ជាកម្មវិធីបង្រៀនផងដែរ ដែលគួរតែទារប្រាក់ម៉ោងដូចកាលពីពេលមុន។ កាលពីមុន ខ្ញុំទៅបង្រៀន ក៏គេឱ្យប្រាក់ខ្ញុំដែរ។ ឥឡូវនេះ ខ្ញុំមិនដែលបានទៅបង្រៀនទេ ប៉ុន្តែយើងបានជួបគ្នានៅក្នុងពេលបើកវគ្គ។ អ្នកដែលត្រូវបើកវគ្គ ត្រូវជួបពីរដង ពេលបើកវគ្គ និងពេលបិទវគ្គ។

អម្បាញ់មិញ ខ្ញុំបានស្ដាប់ដោយយកចិត្តទុកដាក់លើរបាយការណ៍អំពីវឌ្ឍនភាព នៃសាលាភូមិន្ទរដ្ឋបាល ដែលឯកឧត្តម ពេជ្រ ប៊ុនធិន បានធ្វើរបាយការណ៍អម្បាញ់មិញនេះ។ ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរចំពោះតួនាទីរបស់សាលានេះ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស សម្រាប់ការគ្រប់គ្រងរបស់យើង។ ឯកឧត្តមជាអភិបាលខេត្ត អភិបាលរងខេត្ត សុទ្ធតែជាមន្រ្តីដែលបានបណ្ដុះបណ្ដាលនៅសាលានេះ។ សាលានេះមានតួនាទីសំខាន់នៅក្នុងការបណ្ដុះបណ្ដាលមន្រ្តីគ្រប់គ្រង រដ្ឋបាលថ្នាក់ជាតិផង និងរដ្ឋបាលថ្នាក់ក្រោមជាតិផង។ ដែលយើងត្រូវតែដំណើរការបន្ដទៅទៀត គឺដូចដែលឯកឧត្តម ពេជ្រ ប៊ុនធិន បានលើកឡើងក្នុងរបាយការណ៍ ពាក់ព័ន្ធទៅនឹងដំណើរទៅមុខរបស់យើង តើគួរតែធ្វើអ្វីបន្ថែមទៀត និងស្រាវជ្រាវ ព្រមទាំងនវានុវត្តទៅលើសាលានេះ។

ទំនើបកម្ម ការកែទម្រង់ ត្រូវចាប់ផ្ដើមពីមនុស្ស

វាច្បាស់ហើយថា យើងមានការកែទម្រង់ ប៉ុន្តែការកែទម្រង់ត្រូវចាប់ផ្ដើមពីអ្វី នេះជាបញ្ហាដែលត្រូវដាក់ចេញ? ខ្ញុំសូមគូសបញ្ជាក់ថា បើទោះបីជាមានសម្ភារៈទំនើបបែបណាក៏ដោយចុះ ក៏ប៉ុន្តែបើមនុស្សមិនទំនើបទេ គឺវានៅតែប៉ុណ្ណឹង។ ខ្ញុំលើកឧទាហរណ៍ ស្ថាប័នព័ត៌មានមួយទៅចុះ។ អ្វីៗសុទ្ធតែឌីជីថលទាំងអស់ ប៉ុន្តែព័ត៌មាននោះអាចផ្សាយបានទេ ទូរទស្សន៍មួយអាចផ្សាយបានទេ បើមនុស្សដេកមិនទាំងក្រោកផងហ្នឹង។ អញ្ចឹងបានអ្នកណាឡើងរត់អក្សរ បានអ្នកណាតាមដានព័ត៌មាន បានព័ត៌មានពីណាយកទៅផ្សាយ។ ត្រង់នេះ ហើយដែលខ្ញុំចង់គូសរំលេចឱ្យបានច្បាស់ថា ការចាប់ផ្ដើមការធ្វើទំនើបកម្ម ការកែទម្រង់ ត្រូវចាប់ផ្ដើមពីមនុស្ស។ យើងចង់ធ្វើឱ្យស្ថាប័នមួយរឹងមាំទៅបាន វាទាមទារឱ្យមនុស្សរឹងមាំ ទើបស្ថាប័ននោះដំណើរការ មិនថាស្ថាប័នរដ្ឋ ឬផ្នែកឯកជននោះទេ។

ការបណ្ដុះបណ្ដាលមន្រ្តី ធ្វើតាមក្រសួងស្ថាប័ន ថ្នាក់ជាតិ និងក្រោមជាតិ

ដូច្នេះបញ្ហាការបណ្ដុះបណ្ដាលមន្រ្តីរបស់យើង នៅតែត្រូវធ្វើបន្ត តាមរយៈសាលានេះផង ក៏ប៉ុន្តែក៏ត្រូវធ្វើទៅតាមរយៈនៃការបណ្ដុះបណ្ដាលតាមក្រសួង-ស្ថាប័ន ទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិផងដែរ ព្រោះកិច្ចការខ្លះ វាមិនទាមទារដល់ការចូលរៀននៅសាលា ដោយមានការប្រមូលផ្ដុំនោះទេ។ ក៏ប៉ុន្តែ ពេលដែលអ្វីបានកើតឡើងនោះ ទាមទារឱ្យមានការប្រជុំ ការស្រាវជ្រាវ និងការបណ្ដុះបណ្ដាលរយៈខ្លីនៅតាមទីកន្លែងរៀងៗខ្លួន ដើម្បីពង្រឹងគុណភាពឆ្លើយតបនៃមន្រ្តី ដែលត្រូវធ្វើការងារនោះ។ ដោយឡែក សាលានេះ មានមុខនាទីដូចដែលបានបញ្ជាក់នៅក្នុងរបាយការណ៍របស់ឯកឧត្តម ពេជ្រ ប៊ុនធិន អម្បាញ់មិញ គឺដំណើរការដើម្បីកសាងសមត្ថភាពសម្រាប់មន្រ្តីរបស់យើង។ បើយោងទៅលើកិច្ចការទាក់ទងនឹងយោធា សូមជម្រាបជូនថា យោធា គេមានគោលការណ៍របស់គេច្បាស់។ មុននឹងឱ្យឡើងឋានន្តរស័ក្ដិ និងកាន់តួនាទី យោធាត្រូវបានទទួលការហ្វឹកហ្វឺនសិន បើមិនដូច្នេះទេ នាំទាហានទៅស្លាប់។ អញ្ចឹងទេ បានជាប្រយ័ត្នប្រយែងណាស់។

អ្នកមិនទទួលបាននូវការបណ្ដុះបណ្ដាលតាមសាលា ក៏ត្រូវតែស្វែងយល់អំពីកិច្ចការដែលខ្លួនត្រូវធ្វើ

ជំនាន់ខ្ញុំនៅជាកូនទាហាន ឬនៅថ្នាក់ក្រោម មុនពេលឡើងថ្នាក់ ត្រូវទៅរៀនសិន រួចហើយបានឡើងថ្នាក់។ ឧទាហរណ៍៖ យើងកាន់កងអនុសេនាធំ ប៉ុន្តែសមត្ថភាពរបស់យើង លទ្ធភាពរបស់យើងមានអនាគតអាចកាន់វរសេនាតូច ឬវរសេនាធំ។ អញ្ចឹងត្រូវទៅរៀនគ្រប់គ្រងថ្នាក់កងវរសេនាតូច និងថ្នាក់កងវរសេនាធំ ឬរហូតទៅដល់កងពលសិន ទើបអាចឡើងថ្នាក់ទៅរួច។ វិធីបញ្ជានៃថ្នាក់នីមួយៗ មិនដូចគ្នាទេ។ ឧទាហរណ៍ ថ្នាក់កងវរសេនាធំ កម្រិតបញ្ជាយ៉ាងណា? ថ្នាក់វរសេនាតូច កម្រិតបញ្ជាយ៉ាងណា? ឬរហូតដល់កងពល។ ដូច្នេះត្រូវតែមានការប្រុងប្រយ័ត្ន។ សម្រាប់យើង មានការតែងតាំងមុន បណ្ដុះបណ្ដាលក្រោយ ក៏វាមិនជាបញ្ហានោះទេ។ ប៉ុន្តែ យ៉ាងណាក៏ដោយ អ្នកដែលមិនទទួលបាននូវការបណ្ដុះបណ្ដាលតាមសាលា ក៏ត្រូវតែស្វែងយល់អំពីកិច្ចការដែលខ្លួនត្រូវធ្វើ។

ព្រះសង្ឃរៀនចប់ អាចសឹក និងរកការងារជាក្របខណ្ឌរដ្ឋ ឬឯកជន

ថ្ងៃនេះ នៅក្នុងពេលដែលយើងបានជួបគ្នា ខ្ញុំគិតថា ដោយសារមេរៀនទាំងឡាយ តាមសាស្រ្តាចារ្យដែលមកពីកន្លែងផ្សេងៗទៅបង្រៀនព្រះតេជព្រះគុណ បង្រៀនអស់លោក លោកស្រី អ្នកនាង កញ្ញានៅតាមសាលារួចហើយ រហូតទៅដល់ខាងក្រុមប្រឹក្សាធម្មនុញ្ញក៏បានទៅបង្រៀននៅទីនោះហើយដែរ។ ។ ខ្ញុំមិនមានការចាំបាច់ដើម្បីរំលឹកថា មេរៀននេះ មេរៀននោះ ការគ្រប់គ្រងនេះ ការគ្រប់គ្រងនោះទេ។ អញ្ចឹងអ្វីដែលជាទំលាប់របស់ខ្ញុំ គឺខ្ញុំគ្រាន់តែធ្វើការដាស់តឿនខ្លះៗទៅលើមន្រ្តីរបស់យើងដែលនៅទីនេះ និងបន្តការងារកាន់កាប់នៅទីកន្លែងដែលកំពុងធ្វើការ ឬមន្រ្តីខ្លះទៀត ក៏នឹងត្រូវឡើងថ្នាក់ លើកលែងតែព្រះតេជព្រះគុណ ព្រះសង្ឃ មិនដឹងថា តើព្រះតេជព្រះគុណ បន្តជាបុព្វជិត ឬក៏សឹកដើម្បីយកប្រពន្ធនោះទេ។

ព្រះតេជព្រះគុណមួយអង្គនៅខេត្តក្រចេះ កាលដែលលេងហ្វេសប៊ុកជាមួយគ្នា ហើយទៅធ្វើសាលាជាមួយគ្នា គឺនៅជាបុព្វជិត។ ស្រាប់តែសុំខ្ញុំព្រះករុណាខ្ញុំ មករៀននៅសាលាភូមិន្ទរដ្ឋបាល ដល់ត្រឡប់ទៅវិញ ស្មានតែព្រះតេជព្រះគុណ ប៉ាវ ពិសិទ្ធ ហ្នឹងបន្ត(ជាព្រះសង្ឃ) ស្រាប់តែវាយផ្ញើមកថា “ខ្ញុំសូមជូនពរលោកពុក”។ ម៉េចអញ្ចេះ លែងប្រើពាក្យ អាត្មា ហើយ។ ឥឡូវសឹកហើយ យកប្រពន្ធបាត់ហើយ មិនដឹងថា កូនប៉ុន្មានហើយទេ។ គ្មានការហាមឃាត់ទេ ព្រះតេជព្រះគុណបន្ទាប់រៀនចប់អញ្ចឹងទៅ ព្រះតេជព្រះគុណក៏អាចសឹក ដើម្បីទៅរកការងារធ្វើ ជាក្របខណ្ឌការងាររដ្ឋក្ដី ជាក្របខណ្ឌការងារវិស័យឯកជនក្ដី។

ក៏ប៉ុន្តែកុំភ្លេចថា ខាងផ្នែករដ្ឋ មិនមែនចេះតែចូលទេ ដាក់ឱ្យមានការប្រឡង។ ខ្ញុំព្រះករុណាខ្ញុំ ចង់និយាយសំដៅទៅលើមន្រ្តីទាំងអស់ទូទៅ រាប់ទាំងមន្រ្តីសង្ឃ។ ប្រសិនបើត្រូវសឹក រួចហើយទៅធ្វើការងារ ក៏អាចចូលទៅក្នុងចំណាត់ថ្នាក់នៃការដោះស្រាយ នៃចំណុចដែលត្រូវយកចិត្តទុកដាក់ផងដែរ។ ខ្ញុំគិតថា មិត្តភក្ដិបរទេសរបស់យើង ប្រហែលជាមិនសូវបានស្ដាប់នូវអត្ថាធិប្បាយរបស់ខ្ញុំ និងការលើកឡើងរបស់ខ្ញុំនៅក្នុងក្របខណ្ឌនៃការណែនាំមន្រ្តីនោះទេ។ ប៉ុន្តែខ្ញុំគិតថា ថ្ងៃនេះ ក្នុងថ្នាក់ដឹកនាំ អគ្គរដ្ឋទូតនានាក៏អាចនឹងស្ដាប់បាន នូវការពន្យល់ណែនាំរបស់ខ្ញុំ ទៅកាន់មន្រ្តី មុននឹងពួកគេចេញទៅធ្វើការ ឬបន្តការងារដែលគេកំពុងតែធ្វើនោះតែម្ដង។

មន្រ្តី គឺជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាពលរដ្ឋ

ខ្ញុំគួរតែរំលឹកដំបូងថា មន្រ្តីរបស់យើង ជានិច្ចកាលត្រូវរំលឹកខ្លួនឯងថា ខ្លួនគឺជាអ្នកបម្រើប្រជាជន មិនមែនជាចៅហ្វាយប្រជាជនទេ … ជានិច្ចកាល ២៤ ម៉ោងលើ ២៤ ម៉ោង មិនអាចធ្វេសប្រហែសបាន (សូម្បី)មួយនាទីណាក៏ដោយ។ ត្រូវចាំឱ្យច្បាស់ យើងមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ យើងជាខ្ញុំបម្រើដ៏ស្មោះត្រង់បំផុតរបស់ប្រជាជន។ (ធ្វើបានដូចនេះ) ទើបជាអ្នកទាំងអស់គ្នា អាចក្លាយទៅជាមន្រ្តីដែលល្អ ដែលប្រជាជនផ្ដល់នូវជំនឿទុកចិត្ត។ បើមិនដូច្នេះទេ ពួកអ្នកនឹងប្រែធាតុទៅជាមន្រ្តីដ៏អាក្រក់ ដែលប្រជាជនស្អប់ខ្ពើម។ រឿងនេះ គឺជារឿងដែលត្រូវមានការប្រុងប្រយ័ត្នខ្លាំងណាស់។

ឥរិយាបថរបស់មន្រ្តី មិនត្រូវពើងទ្រូងទេ។ ត្រូវយល់ឱ្យច្បាស់ថា ប្រជាពលរដ្ឋនោះឯង គឺជាគោលដៅដែលយើងត្រូវបម្រើ មិនមែនជាគោលដៅដែលយើងត្រូវបង្រ្កាប ឬជាគោលដៅដែលយើងត្រូវប្រមាថ ឬជាគោលដៅដែលយើងមិនត្រូវយកចិត្តទុកដាក់នោះទេ។ ធ្វើអ្វីធ្វើចុះ តែដំបូងត្រូវរំលឹកខ្លួនឯង ២៤ ម៉ោង លើ ២៤ ម៉ោងថា យើងគឺជាអ្នកបម្រើប្រជាជន មិនមែនជាចៅហ្វាយរបស់ប្រជាជនទេ។ ភាពពើងទ្រូងណាមួយ តែងនាំទៅដល់ក្ដីវិនាសនៃមន្រ្តីទាំងនោះ។ នេះជាបទពិសោធន៍។ ខ្ញុំបានឆ្លងកាត់ដំណើររឿងនេះ គិតមកដល់ពេលនេះ រយៈពេល ៥០ ឆ្នាំហើយ។ បើគិតពីឆ្នាំ ១៩៧០ រហូតមកដល់ពេលនេះ គឺរយៈពេល ៥០ ឆ្នាំគត់ ប៉ុន្តែបើនិយាយទាក់ទិននឹងការគ្រប់គ្រងក្នុងអំណាច គឺ ៤១ ឆ្នាំ ក្នុងហ្នឹងជាង ៣៥ ឆ្នាំនៃការកាន់តំណែងជានាយករដ្ឋមន្រ្តី។

គុណធម៌ និងសីលធម៌របស់មន្រ្តី៖ ពេលនៅប្រជាជនស្រលាញ់ ពេលចេញប្រជាជននឹក

… ភាពពើងទ្រូងរបស់មន្រ្តីចំពោះប្រជាជន ភាពខ្វះសីលធម៌ចំពោះប្រជាជន បន្ថែមលើនោះ ប្រជាជនខឹងគោវាយរទេះ ស្អប់អភិបាលស្រុក អភិបាលខេត្ត មកខឹងដល់នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅវិញ។ រឿងនេះគឺជារឿងដែលខ្ញុំត្រូវធ្វើការវះកាត់ … ខ្ញុំបាននិយាយនៅក្រសួងមហាផ្ទៃកាលពីប៉ុន្មានថ្ងៃមុន ថាបើអភិបាលខេត្ត ខ្ញុំត្រូវការ ៣ ម៉ោង អភិបាលរងខេត្ត អភិបាលស្រុក ខ្ញុំត្រូវការតែ ១៥ នាទីទេ សម្រាប់ការដកចេញពីដំណែង … សម័យនេះគឺជាសម័យហ្វេសប៊ុក។ ព័ត៌មានលឿនណាស់។ មិនអាចទុកបន្តមន្រ្តី ដែលមានការឆ្មើងឆ្មៃ ឬក៏មានការប្រមាថចំពោះប្រជាពលរដ្ឋ ហើយជាពិសេសការមិនស្មោះត្រង់ចំពោះប្រជាពលរដ្ឋ ហើយធ្វើជាចៅ​ហ្វាយ​ប្រជាពលរដ្ឋ។ ត្រូវចាំពាក្យចាស់លោកពោលថា “ងើយស្កកឱនដាក់គ្រាប់” រឿងនេះគឺអត់ខុសទេ។ ពាក្យចាស់លោកពោល ត្រឹមត្រូវខ្លាំងណាស់។

ភាពឆ្មើងមិនត្រូវទទួលបានការស្វាគមន៍ណាមួយពីសំណាក់ប្រជាជនទេ។ ប៉ុន្តែ នៅពេលដែលមានភាពទន់​ភ្លន់ ឱនលំទោនចំពោះប្រជាពលរដ្ឋ យើងបានទទួលនូវការសណ្ដោស និងការស្រលាញ់រាប់អានពីប្រជាពល​រដ្ឋ សមតាមពាក្យមួយឃ្លាថា “ពេលនៅឱ្យប្រជាជនស្រលាញ់ ចេញទៅឱ្យប្រជាជននឹក” កុំឱ្យពេលចេញទៅ អើ! អ្ហែងព្រាត់ប្រាស់ទៅណាទៅឱ្យលឿនទៅ។ យើងឃើញថានៅកន្លែងខ្លះចៅហ្វាយស្រុកខ្លះ ពេលដែលនៅគឺប្រជាជនស្រលាញ់ ពេលដែលផ្លាស់ចេញទៅប្រជាជនគាត់នឹក។ ប៉ុន្តែមានចៅហ្វាយស្រុកខ្លះ ពេលដែលនៅគឺប្រជាជនស្អប់ ប៉ុន្តែ ពេលដែលចេញទៅគឺប្រជាជនថាចេញឱ្យលឿនទៅ ចំណុចនេះជាចំណុចនេះជាចំណុចដែលត្រូវយកចិត្តទុកដាក់ ទៅលើបញ្ហាគុណធម៌ និងសីលធម៌ទៅលើមន្រ្តីរបស់យើង។

មន្ត្រីជើងដប់ ជាមន្ត្រីដែលឯកោនិយម

កន្លងទៅនេះ មន្រ្តីរបស់យើងភាគច្រើនគឺធ្វើបានល្អហើយ ប៉ុន្តែមួយចំនួនក៏ត្រូវតែខិតខំកែប្រែឥរិយាបថ ហើយបម្រើប្រជាជនដោយសេចក្ដីស្មោះស្រង់ និងការខិតខំ។ កន្លែងណាដែលមានការលំបាកយើងត្រូវមានវត្តមាននៅទីនោះជាចាំបាច់។ នេះជាភារកិច្ចដែលយើងត្រូវធ្វើ មិនអាចមើលរំលងបញ្ហានេះបានទេ។ ខ្ញុំគ្រាន់តែបញ្ជាក់ដើម្បីដាស់តឿនមន្ត្រី ដែលចាប់ផ្ដើមដំបូងថា យើងជានរណា។ យើងជាខ្ញុំបម្រើរបស់ប្រជាជន មិនមែនជាចៅហ្វាយរបស់ប្រជាជនទេ។ អស់លោកជាមន្រ្តីទាំងឡាយ កុំតាំងខ្លួនជាមន្រ្តីជើងដប់ឱ្យសោះ។ ត្រូវតាំងខ្លួនជាធ្វើជាមន្រ្តីជើងពីរ។ បើសិនជាតាំងខ្លួនជាមន្រ្តីជើងដប់ អស់លោកគ្មានការងារធ្វើទេ។ អស់លោក លោកស្រី នឹងក្លាយទៅជាមន្ត្រីដែលឯកោនិយម។ អ្វីទៅដែលជាមន្រ្តីជើងដប់។ ជើងយើងពីរ ជើងតុបួន ជើងកៅអីបួនទៀតបូកទៅដប់ អញ្ចឹងវាអត់ទៅណានៅអង្គុយនៅហ្នឹង។ សម័យនេះមានម៉ាស៊ីនត្រជាក់ទៀតនៅហ្នឹង។ មន្រ្តីត្រូវចេះរត់រកការងារធ្វើ មិនមែនចាំការងាររត់មករកយើងទេ។ មានអ្នកខ្លះ ពេលដែលយើងតែងតាំងទៅ ថាអត់មានការងារធ្វើ។ បានខ្ញុំភ្ញាក់ផ្អើល។ អត់មានការងារធ្វើចុះលោកឯងធ្វើអី។ ម៉េចក៏មិនរត់រកការងារធ្វើ ចាំឱ្យការងាររត់រកលោកឯង។ រកលុយក៏ដូចគ្នាដែរ។ យើងត្រូវរត់រកលុយ មិនមែនឱ្យលុយរត់មករកយើងទេ បើយើងមិនទៅធ្វើការងារអ្នកណាគេឱ្យលុយ។

បើសិនមានរោងចក្រព្យួរការងារ (កម្មករ/ការនី)នឹងទទួលបានកម្រៃ ៦០% នៃបៀវត្សរ៍អប្បបរមា

ម្សិលមិញខ្ញុំធ្វើសេចក្តីប្រកាសទាក់ទិនជាមួយនឹងបញ្ហាថា ប្រសិនបើសង្វាក់ផលិតកម្មរបស់យើង(ទទួលការ)ផ្គត់ផ្គង់មិនទាន់ពេល នូវវត្ថុធាតុដើមពីប្រទេសចិន ដែលកំពុងតែរាតត្បាតដោយជំងឺ Covid-19 ហើយបើសិនជារោងចក្រត្រូវព្យួរការងារ គេ(កម្មករ/ការនី)នឹងទទួលបានប្រាក់ ៦០% នៃបៀវត្សរ៍អប្បបរមា ដោយនិយោជក ដោយថៅកែរោងចក្រផ្ដល់ ៤០% និងរាជរដ្ឋាភិបាលផ្ដល់ ២០%។ ប៉ុន្តែក្នុងករណីដែលរោងចក្របិទតែម្ដង រាជរដ្ឋាភិបាលនឹងផ្ដល់ប្រាក់បៀវត្សឱ្យគេចំនួន ៦ ខែ ក្នុងមួយខែ ១២០ ដុល្លារ។ ប៉ុន្តែ ៤ ខែត្រូវតែយកទៅបណ្ដុះបណ្ដាល ដោយទទួលបានប្រាក់បៀវត្ស ១២០ ដុល្លារ/ខែ (រយៈពេលបួនខែ) នៅសល់ ២ ខែទៀតសម្រាប់ដោះស្រាយមុនគ្នាទៅរកការងារធ្វើបាន។

វិធីសាស្រ្តដឹកនាំ និងការធ្វើការងារ ១៖ រៀបចំផែនការ ដែលគិតពីកត្តាអត្តនោម័ត និងសត្យានុម័ត

សម្រាប់យើង ខ្ញុំចង់បញ្ជាក់ត្រឡប់មកវិញថា យើងត្រូវចេះរត់ទៅរកការងារធ្វើ ដោះស្រាយបញ្ហា កុំឱ្យបញ្ហានោះរត់មករកយើង ព្រោះបើដូច្នេះ គឺយើងធ្វើការបិទទ្វារឯកោខ្លួនឯង។ នៅក្នុងវិធីសាស្ត្រទាក់ទិននឹងការងារនេះទៀត ខ្ញុំគួរតែត្រូវនិយាយអំពីវិធីសាស្រ្តដឹកនាំការធ្វើការងារ។ ចំណុចនេះគឺសំខាន់ណាស់គឺជាទស្សនទាន និងជាគោលការណ៍ណែនាំតម្រង់ទិសសម្រាប់មន្ត្រីដឹកនាំគ្រប់កម្រិត អង្គការចាត់តាំងគ្រប់ថ្នាក់ទាំងអស់ ប្រសិន​បើមិនមានការរៀបចំវិធីសាស្រ្តដឹកនាំការងារឱ្យបានត្រឹមត្រូវទេ វាមិនអាចក្លាយទៅជាមេដឹកនាំបានទេ។ ខ្ញុំសុំពន្យល់អំពីបញ្ហានេះបន្តិច ថាអ្វីទៅជាវិធីសាស្រ្តដឹកនាំ និងធ្វើការងារ។ ដំណាក់កាលនៃការដឹកនាំរបស់យើងទោះអ្វីក៏ដោយត្រូវចាប់ផ្ដើមពីការរៀបចំផែនការ។

សូម្បីតែសាលានេះក៏ត្រូវរៀបចំផែនការ ចង់សម្រេចគោលដៅអី ត្រូវរៀបចំផែនការឱ្យបានច្បាស់។ ការរៀបចំផែនការត្រូវគិតទាំងកត្តាអត្តនោម័តិ និងសត្យានុម័តិដែលវាស្ថិតនៅជុំវិញយើង ឬវានៅខាងក្រោយយើង ឬនៅខាងមុខយើង។ ការរៀបចំផែនការបានមួយវាជាការប្រសើរខ្លាំងណាស់ ព្រោះវាក្លាយទៅជាផែនទីចង្អុលផ្លូវសម្រាប់ការធ្វើសកម្មភាពរបស់យើង។ ប៉ុន្តែត្រូវចាំថាដំណាក់កាលនៃការរៀបចំផែនការ វាគ្រាន់តែសម្រេចបានលទ្ធផល ៣០% តែប៉ុណ្ណោះ។ តែ៣០% នេះមានសារៈសំខាន់ខ្លាំងណាស់ ដោយសារវាជាផែនទីចង្អុលផ្លូវ ជាត្រីវិស័យសម្រាប់ឆ្ពោះទៅមុខរបស់យើង។ តែ ៣០% នេះទៀតសោត ប្រសិនបើរៀបចំផែនការរួចហើយ យើងយកទៅដាក់ក្នុងថតតុចោលវាអត់បានអីទាំងអស់ កុំថាឡើយ ៣០% មួយភាគរយក៏មិនបានផង។

វិធីសាស្រ្តដឹកនាំ និងការធ្វើការងារ ២៖ ការចាត់តាំងអនុវត្ត ប្រមូលផ្តុំធនធានមនុស្ស មធ្យោបាយ សម្ភារៈបរិក្ខារ

ជំហ៊ានបន្ទាប់ពីការរៀបចំផែនការនោះ គឺត្រូវចាត់តាំងអនុវត្ត។ ការចាត់តាំងអនុវត្តនេះជាដំណាក់កាល ទី ២ ដែលសំខាន់មិនអន់ជាងការរៀបចំផែនការទេ។ ការចាត់តាំងអនុវត្តសំខាន់ត្រូវប្រមូលផ្ដុំសំខាន់ទាក់ទងជាមួយធនធានមនុស្ស មធ្យោបាយ សម្ភារៈបរិក្ខារ ដើម្បីសម្រេចគោលដៅ ឬបើសិនជាទាក់ទងជាមួយនឹងការដឹកនាំ។ ឧទាហរណ៍៖ បញ្ហាសេដ្ឋកិច្ចវាមិនតម្រូវឱ្យមានគ្រឿងចក្រ ប៉ុន្តែវាតម្រូវឱ្យមានការធ្វើសកម្មភាព បញ្ហាទាក់ទងពន្ធដារ បញ្ហាទាក់ទងជាមួយសហគ្រាស រឿងនេះ/នោះ។ អញ្ចឹងការចាត់តាំងអនុវត្ត បើមានផែនការហើយត្រូវចាត់តាំងអនុវត្ត។ ការចាត់តាំងអនុវត្តបានល្អ វាក៏ទើបនឹងសម្រេចបាន ៣០% ទៀត បូកសរុបទាំងលទ្ធផល ការរៀបចំផែនការបានល្អ និងការចាត់តាំងបានល្អ លទ្ធផលរបស់យើងទើបសម្រេចបាន ៦០% ទេ។

វិធីសាស្រ្តដឹកនាំ និងការធ្វើការងារ ៣៖ ការគ្រប់គ្រង/ដោះស្រាយកត្តាចៃដន្យ មិនបានគ្រោងទុកក្នុងផែនការ

នៅសល់ ៤០% ទៀតនោះ​ វាជាអ្វីទៅ? នោះគឺកត្តាចៃដន្យដែលកើតឡើងនៅក្នុងដំណាក់កាលនៃការអនុវត្តដែលវាតែងតែលេចឡើង។ ឥឡូវនេះ ប្រទេសនីមួយៗកំពុងតែស្ថិតនៅក្នុងដំណាក់កាលនៃការដោះស្រាយបញ្ហាចៃដន្យហើយ។ សេដ្ឋកិច្ចនៃប្រទេសនីមួយៗ រងផលប៉ះពាល់ពី Covid-19 … នេះហើយដែលជាកត្តាចៃដន្យ។ អាចនិយាយបានថាដឹកនាំប្រទេសក្នុងសភាពការណ៍ចល័ត។ ដូចនៅសម័យប្រទេសកម្ពុជាមានសង្គ្រាមផង សន្តិភាពផង ពិតមែនតែសន្តិភាពបានគ្របដណ្ដប់ភាគច្រើននៃដែនដី និងពេលវេលា ឯសង្គ្រាមកើតឡើងដោយដាច់ដោយដុំ ប៉ុន្តែយើងចាត់ទុកថាជាសភាពការណ៍ចល័ត។ ឥឡូវនេះ ដល់ដំណាក់កាលនេះ ភាពមិនច្បាស់លាស់នៃសង្គ្រាមពាណិជ្ជកម្ម ការអន់ថយនៃសេដ្ឋកិច្ចពិភពលោក ព្រមគ្នានឹងការដល់យ៉ាងលឿន និងទំហំធំ នៃ Covid-19 ថ្មី ធ្វើឱ្យមានការប៉ះទង្គិចធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក សេដ្ឋកិច្ចតំបន់។

សូម្បីតែនៅអ៊ីតាលី ប្រទេសនៅអឺរ៉ុបកំពុងតែគម្រាមកំហែង។ នៅអ៊ីតាលីធ្ងន់ធ្ងរជាងគេ។ ស្លាប់ប៉ុន្មានទៅ? ហើយតំបន់មួយចំនួនត្រូវបិទតែម្តង។ អញ្ចឹង បញ្ហាពិភពលោកបច្ចុប្បន្ន និងតាមប្រទេសមួយៗ ទាមទារឱ្យមានការប្រុងប្រយ័ត្ន ដែលលេចឡើងនូវកត្តាចៃដន្យនេះ។ សម្រាប់យើង ដែលកត្តាចៃដន្យវាបានកើតឡើង … ម្សិលមិញនេះ យើងបានដាក់ចេញនូវដំណោះស្រាយ ប៉ុន្តែយើងក៏ត្រូវតាមដានមើលអំពីប្រសិទ្ធិភាពនៃការអនុវត្តរបស់យើង នៅក្នុងសភាពការណ៍កើតឡើង ដែលហៅថាកត្តាចៃដន្យនេះ។ នៅតាមមូលដ្ឋាននីមួយៗ និងការអនុវត្តនៅកន្លែងណាក៏ដោយ សុទ្ធតែមានកត្តាចៃដន្យកើតឡើង ដោយមិនបានគ្រោងទុកក្នុងផែនការទេ។

តាមរយៈកត្តាចៃដន្យ លេចឡើងនូវមន្ត្រី ២ ប្រភេទ

អញ្ចឹងទេ នៅពេលដែលកត្តាចៃដន្យកើតឡើង វានឹងលេចឡើងនូវមនុស្ស ២ ប្រភេទ។ ប្រភេទទី ១៖ រាយការណ៍ឱ្យថ្នាក់លើ និងបន្ទោសថ្នាក់ក្រោម។ ប្រភេទនេះ យកល្អមិនចាំបាច់ប្រើទេ ហើយយកគេឱ្យទៅរៀនសូត្រ ហើយដាក់គេទៅកាន់កន្លែងណាមួយ ដែលមិនចាំបាច់ឱ្យមានការទទួលខុសត្រូវទេ ព្រោះជាប្រភេទមិនមានការទទួលខុសត្រូវ។ វាគ្រាន់តែជាប្រភេទ មានអីឡើងរាយការណ៍ឱ្យខាងលើ សុំអនុសាសន៍ពីខាងលើ រួចទៅបន្ទោសទៅខាងក្រោម ឯខ្លួនឯងយករួចខ្លួន។ ខ្ញុំគិតថារឿងយើងវាល្មមដល់ពេលហើយ។ ខ្ញុំចេះតែស្រែកថា ចុះបើអត់អនុសាសន៍វាងាប់ ឬក៏អី? តំណែងគេឱ្យទៅធ្វើហើយ ធ្វើតាមបទបញ្ជា ឬ ធ្វើតាមច្បាប់។ តួនាទីអភិបាលខេត្ត តួនាទីអភិបាលស្រុក តួនាទីរដ្ឋមន្ត្រី តួនាទីស្អីគេចែងនៅក្នុងអនុក្រឹត្យ ឬក៏ព្រះរាជក្រឹត្យ ឬក៏ក្នុងច្បាប់ ជាពិសេសអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅអស់ហើយ នាំគ្នាធ្វើទៅ កុំចាំបាច់អនុសាសន៍បានធ្វើ។

អញ្ចឹងមន្ត្រីដែលជួបកត្តាចៃដន្យ ហើយបែរជារឿងស្អីក៏ត្រូវរាយការណ៍ឱ្យខាងលើ សុំអនុសាសន៍ពីខាងលើ ហើយបន្ទាប់ទៅបន្ទោសតែខាងក្រោម មន្ត្រីបែបនេះមិនគួរត្រូវបានឱ្យបន្តការងារទេ គួរតែដកគេចេញទៅ។ តែមានមន្ត្រីមួយទៀត គឺឈ្មុសឈ្មុលអនុវត្តការងារនៅនឹងកន្លែង ដោះស្រាយបញ្ហានៅនឹងកន្លែង រួមសុខរួមទុក្ខជាមួយថ្នាក់ក្រោម។ ពិតហើយការសុំជំនួយ ឬរាយការណ៍ឱ្យខាងលើត្រូវធ្វើ ប៉ុន្តែសកម្មភាពរបស់ខ្លួនគឺចុះទៅជាមួយមូលដ្ឋានដោះស្រាយបញ្ហាតែម្តង។ ធ្វើបែបនេះ បានលេចចេញនូវមន្ត្រីល្អ ដែលត្រូវធ្វើការជម្រុញការបណ្ដុះបណ្តាល ហើយនឹងតែងតាំងឱ្យសមស្របទៅតាមតួនាទីរបស់គេ។ ខ្ញុំរីករាយណាស់ ដោយសារប៉ុន្មានថ្ងៃមុនចុះហត្ថលេខាផ្តល់នូវកិត្តិយសជាវីរជនសម្រាប់មន្ត្រីយោធាម្នាក់ ដែលមុននេះគ្រាន់តែដោយមួយជាន់ទេ នៅ​ខេត្តកែប ប៉ុន្តែសកម្មភាពនៅក្នុងខេត្តកែប នៃការរលំដួលអគារនោះ គឺធ្វើសកម្មភាពល្អណាស់។ យើងបានឱ្យឡើងថ្នាក់ផ្លោះពីដោយមួយជាន់ ឱ្យឡើងស័ក្តិ ២ ហើយឱ្យកិត្តិយសជាវីរជនតែម្តង ព្រោះការរើ គេមិនបានគិតអំពីសេចក្តីស្លាប់របស់ខ្លួន នៅពេលដែលអគារវាអាចបាក់បន្ថែមនោះទេ។

រៀបចំផែនការឱ្យបានល្អ ចាត់តាំងអនុវត្ត និងត្រៀមរៀបចំឆ្លើយតបនឹងកត្តាចៃដន្យ

ចំណុចអស់ទាំងនេះ (បញ្ចាក់ថា)នៅពេលដែលមានបញ្ហាកើតឡើង តែងលេចឡើងនូវមនុស្ស ២ ប្រភេទហ្នឹង ទី ១ មនុស្សអត់ទទួលខុសត្រូវ គិតតែពីរាយការណ៍ ហើយគិតតែចាំបន្ទោសខាងក្រោម មនុស្សមួយប្រភេទទៀតគឺដោះស្រាយបញ្ហា។ ចំណុចនេះជាចំណុចដែលយើងត្រូវគិត។ អញ្ចឹងទេ សុំបញ្ជាក់ឡើងវិញ វិធីសាស្ត្រដឹកនាំ និងធ្វើការងារ ដំបូងបំផុតរៀបចំផែនការឱ្យបានល្អ ឱ្យជាក់លាក់ ឱ្យសត្យានុម័ត ដោយគិតគូរគ្រប់ទិដ្ឋ​ភាពទាំងអស់។ កុំរៀបចំផែនការប្រកបដោយមហិច្ឆតាតែធ្វើមិនបាន បន្ទាប់ពីការរៀបចំផែនការហើយ ត្រូវចាត់តាំងអនុវត្ត។ ប៉ុន្តែទាំងពីរនេះ គឺមិនទាន់គ្រប់គ្រាន់ទេ ត្រូវត្រៀមរៀបចំដើម្បីឆ្លើយតបនឹងកត្តាចៃដន្យដែលវាកើតឡើង ដូចជាដំណាក់កាលរបស់យើង កត្តាចៃដន្យ ដែលវាកើត បើវាកើតក្នុងរយៈពេលប៉ុណ្ណឹង ថា ៥ ខែ យើងសង្គ្រោះរបៀបម៉េច? បើលើសពីហ្នឹងទៅទៀត យើងត្រូវសង្គ្រោះយ៉ាងម៉េចថែមទៀត។

ការព្យាករកំណើនសេដ្ឋកិច្ចពិភពលោក និងតំបន់ មិនខ្ពស់ តាំងពីមុនផ្ទុះឡើងនូវ ខូវីដ-១៩

មិនមែនតែប្រទេសយើងទេ។ ប្រទេសដទៃសុទ្ធតែមានបញ្ហាទាំងអស់។ ឆ្នាំនេះ សេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក មិនខ្ពស់ទេ។ គេព្យាករ(កំណើនសេដ្ឋកិច្ច)ក្នុងពេលដែលកូរ៉ូណាថ្មីនេះ មិនទាន់លេចឡើង ថាសេដ្ឋកិច្ចពិភពលោកថមថយ ហើយសេដ្ឋកិច្ចតាមប្រទេសនីមួយៗក៏ថមថយដែរ រាប់ទាំងយើង ដែលឆ្នាំទៅយើងសម្រេច ៧,១% ក៏ប៉ុន្តែច្បាប់សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០ នេះ យើងដាក់ត្រឹមតែគោលដៅ ៦,៥% ក៏ប៉ុន្តែពេលនោះ យើងរំពឹងគិតថា ប្រហែលជាលទ្ធភាពនៃការសម្រេច ៦,៥% ទៅមិនរួចទេ។ នេះជាស្ថានភាពពិតប្រាកដ ប៉ុន្តែយើងអាចនិយាយថាជុំវិញ ៦% បើជុំវិញ ៦% វាអាចលើ ៦% បន្តិច ឬក្រោម ៦% បន្តិច ព្រោះជាដំណាក់កាលដែលយើងឆ្លងកាត់នូវការលំបាកទាក់ទងជាមួយនឹងបញ្ហា។

ការគិតគូរណាមួយចង់ឱ្យចិនគ្រោះថ្នាក់ ក្លាយទៅជាការសម្លាប់ខ្លួនឯងដែរ

គ្រាន់តែឥឡូវប៉ះទង្គិចទៅលើវិស័យទេសចរណ៍ … រដូវនេះ ជារដូវពោរពេញដោយទេសចរ ប៉ុន្តែឆ្នាំនេះក៏ជាឆ្នាំអត់ទេសចរដែរ ទេសចរធ្លាក់ចុះ ប៉ះពាល់ដល់ប្រាក់ចំណូលដែលប្រជាពលរដ្ឋទទួលផលពីទេសចរណ៍។ (មានការ)ប៉ះទង្គិចទៅលើសង្វាក់ផលិតកម្មមួយចំនួន ដែលផ្តល់វត្ថុធាតុដើមពីប្រទេសចិន។ តាមខ្ញុំដឹង មិនមែនគ្រាន់តែកម្ពុជាមួយទេ ប្រទេសមួយចំនួនក៏មានការនាំចេញ នាំវត្ថុធាតុដើមពីប្រទេសចិនមកដែរ។ អញ្ចឹងសុទ្ធតែរងផលប៉ះពាល់ទាំងអស់។ អញ្ចឹងទេ ការគិតគូរណាមួយចង់ឱ្យប្រទេសចិនគ្រោះថ្នាក់ វាក៏ក្លាយទៅជាការសម្លាប់ខ្លួនឯងដែរទេ។ ប្រទេសមួយចំនួនគិតថា ធ្វើម៉េចទប់ស្កាត់ចិន (ដោយសំអាងថា)ឥទ្ធិពលចិនអញ្ចេះអញ្ចុះ ចង់ឱ្យចិនកើតរោគ។ ប៉ុន្តែដល់ចិនកើតរោគ វាងាប់ខ្លួនឯង។ សូម្បីតែឧស្សាហកម្មរថយន្តនៅប្រទេសមួយចំនួនក៏បានផ្អាកផលិតកម្មដែរ ដោយសារបំណែកមួយចំនួនផលិតនៅក្នុងប្រទេសចិន។

ចិន អឺរ៉ុប អាមេរិក រីកចម្រើនខាងសេដ្ឋកិច្ច នាំដល់ការរីកចម្រើននៃប្រទេសដទៃ

ព្រឹកមិញខ្ញុំមើលព័ត៌មានមួយ ក្រុមហ៊ុនអាវម៉ាកស្អីមួយនោះនៅអឺរ៉ុប កំពុងតែខ្វះអាវហ្នឹង ដោយសារតែនាំចេញពីប្រទេសចិនទៅមិនរួច … ហ្នឹងកំពុងខ្វះសម្លៀកបំពាក់ ដោយសារតែផលិតនៅប្រទេសចិន ដល់ផលិតចេញមិនរួច។ អញ្ចឹងត្រូវខ្វះ។ អញ្ចឹងអាវហ្នឹងវាឡើងថ្លៃហើយ។ រឿងវាអញ្ចឹង។ អាហ្នឹងវាជាក្រឹត្យក្រមតម្រូវការ និងការផ្គត់ផ្គង់។ បើសិនជាតម្រូវការច្រើន ការផ្គត់ផ្គង់តិច អាហ្នឹងគឺវាឡើងថ្លៃហើយ ហើយបើសិនជាតម្រូវការតិច ការផ្គត់ផ្គង់ច្រើន អាហ្នឹងគឺចុះថ្លៃហើយ រឿងជាធម្មតាតែប៉ុណ្ណឹង។ អញ្ចឹងទេ គួរតែថាប្រទេសទាំងអស់លើពិភព​លោកអភិវឌ្ឍន៍ ឧទាហរណ៍៖ ចិន អឺរ៉ុប អាមេរិក គឺសុទ្ធតែក្បាលរថភ្លើងនៃកំណើនសេដ្ឋកិច្ច។ យើងបន់ស្រន់ឱ្យប្រទេសទាំងនោះ ទាំងអាមេរិក ទាំងអឺរ៉ុប ទាំងចិន ទាំងឥណ្ឌា មានការរីកចម្រើនខាងសេដ្ឋកិច្ច។ ហើយការរីកចម្រើនសេដ្ឋកិច្ចរបស់ពួកគេមានលំនាំទៅដល់ការរីកចម្រើនរបស់ពួកយើងផងដែរ ព្រោះយើងចាត់ទុកពួកគេជាក្បាលរថភ្លើងនៃកំណើនសេដ្ឋកិច្ចពិភពលោក។

ចៀសវាងរឿង ប្តីស័ក្តិ ៣ ប្រពន្ធស័ក្តិ ៤ កូនស័ក្តិ ៥

មួយទៀត សុំផ្តាំផ្ញើពាក្យខ្មែរថា សំណាបយោងដី ស្រីយោងប្រុស រឿងនេះសំខាន់សម្រាប់បុរសៗ។ មន្ត្រីជានារីគឺរឿងមួយទេ ប៉ុន្តែបើមន្ត្រីជាបុរសត្រូវប្រុងប្រយ័ត្ន នូវបញ្ហាការលូកលាន់ការងារពីសំណាក់ប្រពន្ធ។ អ្វីដែលគួរខ្លាចនៅក្នុងប្រទេសរបស់យើង ប្តីស័ក្តិ ៣ ប្រពន្ធស័ក្តិ ៤ កូនស័ក្តិ ៥ អាហ្នឹងត្រូវប្រយ័ត្ន … ស្ថានភាពពិតប្រា​កដ​នៃសង្គម មិនថាតែក្នុងប្រទេសកម្ពុជាទេ ប្រទេសដទៃក៏មានដែរ។ ប្តីល្អណាស់ធ្វើការ ប៉ុន្តែប្រពន្ធលូកលាន់ ងាកទៅកូនដើរទៅគំរាមកំហែងគេ ប្រើឥទ្ធិពលឪពុក។ ចំណុចនេះ សុំផ្តាំផ្ញើទុក។ បើសិនជាមន្ត្រីរបស់យើងនៅទូទាំងប្រទេសស្តាប់ឮ ក៏សុំតែប្រយ័ត្ន។ មិនមែនគ្រាន់តែខ្ញុំចង់សំដៅទៅលើមន្ត្រីតែប៉ុណ្ណឹងទេ ព្រោះនេះកំពុងតែផ្សាយផ្ទាល់នៅទូរទស្សន៍ច្រើនណាស់។ ត្រូវប្រយ័ត្ន។ ខ្មែរយើងស្អប់បំផុត ប្តីស័ក្តិ ៣ ប្រពន្ធស័ក្តិ ៤ កូនស័ក្តិ ៥ ត្រូវប្រយ័ត្នចំណុចនេះ។

ជួនកាលប្ដីមិនរកស៊ីទេ ប៉ុន្តែបើកឱកាសឱ្យប្រពន្ធរកស៊ី ទៅត្រង់ណាក៏មានដីរបស់ប្រពន្ធមន្ដ្រីហ្នឹង … ទីចុងបំផុតធ្វើឱ្យការតែងតាំងចំពោះមន្ដ្រីដែលជាមេគ្រួសារ ធ្វើទៅមិនរួច … ចាស់ៗយើងនិយាយ «ថាប្ដីមិនអីទេ ណាស់តែមីប្រពន្ធហ្នឹងតែម្តង» … មានកន្លែងខ្លះទៀតនិយាយថាប្ដីប្រពន្ធគាត់ពីរនាក់ហ្នឹងមិនអីទេ ប៉ុន្តែយ៉ាប់អាកូនហ្នឹងតែម្តង វាបង្ហោះម៉ូតូ វាប្រណាំងឡាន … ពេលខ្លះខ្ញុំអន្ដរាគមន៍។ និយាយអញ្ចឹង សរសើរ ដួង ឆាយ​ពេលហ្នឹងវាវាយគេវាយឯង។ កាចណាស់ពីដើម។ ឥឡូវស្លូត។ ឥឡូវល្អ។ កាលហ្នឹងខ្ញុំទូរស័ព្ទទៅ ដួង ងៀប ថា ងៀប ឯងប្រគល់ អាឆាយ ឱ្យមកទទួលខុសត្រូវចំពោះមុខច្បាប់ បើ ងៀប មិនព្រមប្រគល់ទេ ខ្ញុំនឹងដកស័ក្ដិងៀប ឯងតែម្ដង។ ឥឡូវសម្រេចចិត្តទៅ ប្រគល់កូនឱ្យមក ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់។ អញ្ចឹង ងៀប! វាខ្លាចអស់ស័ក្ដិដែរ ព្រោះ ហ៊ុន សែន និយាយហើយ(ធ្វើ) ស្អែកកំណត់ពេលវេលាឱ្យត្រឹមម៉ោង ១១ ថ្ងៃត្រង់។ ងៀប ថា កូនហ្នឹងមិនដឹងវានៅឯណាផង។ ឪហើយកូន មិនដែលវាមិនដឹងទេ។ ម៉ោង ៩ ព្រឹកមកដល់បាត់។ ឥឡូវ អាឆាយ កែខ្លួនល្អទៅជាសប្បុរសជនទៀត។

ធ្វើឱ្យកូនចៅប្រកបដោយគុណធម៌ កុំប្រើប្រាស់អំណាចរបស់ឪពុក សង្កត់សង្កិនអ្នកដទៃ

អញ្ចឹងទេ ពេលខ្លះប្ដីអន្ដរាយមកពីប្រពន្ធ ហើយមិនមែនតែប្រទេសយើងទេ។ ជួនកាលប្ដីប្រពន្ធល្អ តែកូនវាមិនល្អ។ អញ្ចឹងសូមឱ្យមន្ដ្រីរបស់យើងយកចិត្តទុកដាក់ ទន្ទឹមនឹងខិតខំធ្វើការ យើងត្រូវខិតខំនិយាយជាមួយប្រពន្ធ កូនយើង ហើយបើមានចៅគួរនិយាយជាមួយចៅផង។ រឿងនេះកុំមើលស្រាល។ វាបំផ្លាញយើង។ អ្នកខ្លះត្រូវបានដកហូតតំណែង ឬបញ្ឈប់ពីតំណែង ត្រូវប្រជាជនសោកស្ដាយ។ អ្នកខ្លះ ប្រជាជនថា “សាធុ! ទៅចុះ”។ ហ្នឹងជាការអន្ដរាយ។ ត្រូវធ្វើយ៉ាងម៉េចឱ្យកូនចៅរបស់យើងប្រកបដោយគុណធម៌ កុំប្រើប្រាស់អំណាច​របស់ឪពុក ដើម្បីទៅសង្កត់សង្កិនអ្នកដទៃ។ មិនមែនជាវិធីល្អទេ។ ប្រសិនបើយើងធ្វើបានដូច្នេះ យើងនឹងមានទឹកមាត់ប្រៃ អាចនិយាយទៅកាន់អ្នកដទៃ។ តែបើកូនប្រពន្ធយើងធ្វើមិនល្អ តើយើងអាចសិទ្ធិទៅនិយាយជា​មួយ​អ្នកដទៃយ៉ាងម៉េចទៅ? បើសិនជាកូនយើងធ្វើមិនល្អ … យើងថាត្រូវអប់រំយុវជនអញ្ចេះៗ គេគ្រាន់ថាតែ ថា ឧបមាកូនសម្តេចអត់ប្រយោជន៍អីផង មួយថ្ងៃៗដើរតែរំខានគេ។ តែមួយម៉ាត់ហ្នឹងមកចប់សេចក្តីហើយព្រោះវាការជាក់ស្តែង។ កូនយើងទៅបំផ្លាញគេមែន កូនយើងទៅបំពានគេមែន កូនយើងខិលខូចមែន ដូច្នេះវាចប់បាត់ហើយ។ បើយើងអប់រំ ប្រពន្ធយើងមិនបាន អប់រំកូនយើងមិនបាន តើឱ្យយើងមានលទ្ធភាពទៅអប់រំអ្នកណាទៀត ទឹកមាត់របស់យើងសាបដូចទឹកទន្លេអញ្ចឹង។

ខ្ញុំស្នើឱ្យមានការយកចិត្តទុកដាក់ ហើយប្រពន្ធ និងកូនមន្រ្តីត្រូវយោគយល់ចំពោះកិច្ចការរបស់ឪពុក។ ខ្ញុំមិនអួតខ្លួនខ្ញុំទេ។ ចោទចេញជាសំណួរមួយថាហេតុអីបាន ហ៊ុន សែន ឈរជើងរយៈពេល ៤១ ឆ្នាំដោយគ្មានការរង្គោះរង្គើនៅក្នុងហ្វូងអ្នកនយោបាយកម្ពុជា។ វាមិនមែនគ្រាន់តែ ហ៊ុន សែន ម្នាក់ឯងទេ តែមានការរួមចំណែកពីប្រពន្ធ មានការរួមចំណែកពីកូនផងដែរ។ ខ្ញុំមិនមើលស្រាលការអប់រំកូនទេ។ សៀវភៅទំនាក់ទំនងសាលា និងគ្រួសារត្រូវខ្ញុំកាន់កាប់ទាំងអស់។ ខ្ញុំជាអ្នកចុះហត្ថលេខា និងធ្វើមតិតបទៅសាលាវិញ។ រឿងនេះប្រទេសខ្លះ ថ្នាក់ប្រមុខរដ្ឋ ឬប្រមុខរដ្ឋាភិបាល បញ្ហាកើតចេញពីកូន បញ្ហាកើតចេញពីប្រពន្ធ ប្រទេសរបស់យើងក៏មានមន្រ្តីមួយចំនួនបញ្ហាកើតចេញពីប្រពន្ធ កើតចេញពីកូនដែលខ្ញុំនិយាយអម្បាញ់មិញហ្នឹងថា លោកចៅហ្វាយស្រុកអត់បញ្ហា តែណាស់មីប្រពន្ធហ្នឹងតែម្តង ឬពេលខ្លះបើប្តីប្រពន្ធហ្នឹងល្អ គេថាប្តីប្រពន្ធចៅហ្វាយស្រុកហ្នឹងល្អណាស់ តែអាកូនហ្នឹងតែម្តង វារំខានគេ បងធំបងតូចនៅកន្លែង។ យើងកុំបិទបាំងនូវអំពើអាក្រក់ដែលកូនយើងបានប្រព្រឹត្ត ឬប្រពន្ធយើងបានប្រព្រឹត្ត។ មានកន្លែងខ្លះ ខ្ញុំមិននិយាយថាឈ្មោះអ្នកណាទេ។ ខ្ញុំធុញទ្រាន់ ដែលឃើញមន្រ្តីរបស់យើងមួយចំនួនបណ្តែតបណ្តោយឱ្យប្រពន្ធ និងកូនធ្វើអំពើមិនគប្បីដីធ្លី។ នៅកន្លែងណាក៏ឃើញថា ដីធ្លីរបស់ប្រពន្ធលោកនេះ ដីធ្លីរបស់ប្រពន្ធលោកនោះ។ អញ្ចឹងវាបង្កើតរឿង។ យើងក៏ប្រឹងអប់រំ។

ចំណុចនេះជាចំណុចដែលខ្មែរយើងប្រើពាក្យថា សំណាបយោងដី ស្រីយោងប្រុស។ មេរៀននេះប្រហែលជាគ្មានអ្នកណា បង្រៀនអស់លោកទេ ឬក៏មានគេទៅបង្រៀនហើយអាមេរៀនហ្នឹង? អញ្ចឹងបានគេហៅថាសាស្រ្តាចារ្យកិត្តិយសនោះ។ ឥឡូវគិតទារលុយហើយ។ ប៉ុន្តែ ខ្ញុំស៊ីលុយថ្លៃមកបិទវគ្គដូចមកបង្រៀនម្តងអញ្ចឹង ប៉ុន្តែខ្ញុំអត់បង្រៀនត្រូវនឹងអ្វីដែលជារឿងអស់លោកដែលបានរៀននោះទេ។ ខ្ញុំគ្រាន់តែធ្វើការដាស់តឿនដើម្បីអស់លោក/ស្រីចេញទៅធ្វើការ យកការទទួលខុសត្រូវ ហើយបំរើផលប្រយោជន៍ប្រជាជនធ្វើជាស្នូល។

រឿងមន្រ្តីគ្រាប់ល្ពៅ

អ្វីដែលត្រូវខិតខំកុំឱ្យយើងក្លាយទៅជាមន្រ្តីគ្រាប់ល្ពៅឱ្យសោះ។ រឿងមន្រ្តីគ្រាប់ល្ពៅខ្ញុំនៅតែនិទាន បើទោះបីវគ្គណាក៏ដោយខ្ញុំនិទានមួយឆ្នាំនិទានរឿងមន្រ្តីគ្រាប់ល្ពៅម្តងៗ ស្អីទៅមន្រ្តីគ្រាប់ល្ពៅ? ប្រហែលជាយ៉ាងហោចណាស់មួយភាគបី នៃមនុស្សដែលធ្លាប់បានស្តាប់ការនិទានរបស់ខ្ញុំលើរឿងមន្រ្តីគ្រាប់ល្ពៅ។ មន្រ្តីគ្រាប់ល្ពៅគឺវានៅត្រង់នេះ។ ព្រះរាជាមួយព្រះអង្គចង់ដឹងអំពីមន្រ្តីរបស់ព្រះអង្គវាយ៉ាងម៉េច? ព្រះរាជាក៏បានយកគ្រាប់ល្ពៅយកមក ដើម្បីនឹងផ្តល់ឱ្យមន្រ្តីមានឧបរាជ មហាឧបរាជស្អីៗហ្នឹងគ្រប់សព្វ ជំនាន់ដើមមានឧបរាជ មហាឧបរាជអីអញ្ចឹង អញ្ចឹងមន្រ្តីនានាក៏ខិតខំយក។ មន្រ្តីខ្លះ កាលជំនាន់ដើមស្លៀកក្បិន ទាញអាក្បិនហ្នឹងយកមកដាក់ឱ្យខាងតែបានច្រើនយកទៅដាំ។ មន្រ្តីខ្លះ ក៏យកតិច។ មន្រ្តីខ្លះក៏យកច្រើន។ ដល់ប្រមាណជាព្រះរាជាគិតថាដល់ពេលវេលាដែលផ្លែល្ពៅហ្នឹងវាធំហើយ  ព្រះរាជាក៏កោះប្រជុំមន្ត្រីហ្នឹងទាំងអស់គ្នាឡើងវិញ។ វាកើតចេញជាមនុស្ស ៤ ប្រភេទ។

ប្រភេទទី ១ គឺប្រភេទ ដឹកផ្លែល្ពៅមកតែម្តង។ រួចហើយខាងកងការពារព្រះរាជវាំងអត់ឱ្យចូល។ មន្ត្រីនោះក៏មកទូលព្រះមហាក្សត្រតែម្តងថា ទូលបង្គំដឹកល្ពៅមកច្រើនណាស់ ព្រះអង្គប្រទានគ្រាប់ល្ពៅដល់ទូលបង្គំ ឥឡូវដាំបានភោគផលច្រើនណាស់។ ប៉ុន្តែ កងការពារវាំងវាមិនឱ្យចូល។ អាហ្នឹងចេញមួយប្រភេទទៅ។ ប្រភេទទី ២ ក៏លេចចេញថា ល្ពៅរបស់ទូលបង្គំក៏ផ្លែដែរ តែអត់បានបេះមក។ អាហ្នឹងចេញប្រភេទទី ២។ ដល់ប្រភេទទី ៣ បានទូលព្រះរាជាថា ទូលបង្គំយកទៅដល់ផ្ទះកណ្តុរវាស៊ីបាត់អស់ទៅ ខ្លះថាកូនយកទៅលេងបាត់ទៅ អត់បានដាំទេ ព្រះអង្គ។ ដល់ប្រភេទទី ៤ (ដឹង)ចម្លើយ គាត់យ៉ាងម៉េចទេ? ព្រះអង្គអើយដាំអត់ដុះទេ ព្រោះគ្រាប់ល្ពៅស្ងោរ។ គ្រាប់ល្ពៅតែស្ងោរហើយដាំវាអត់ដុះទេ។

អញ្ចឹង ត្រង់កន្លែងនេះតើវិនិច្ឆ័យថាម៉េច? មន្ត្រីប្រភេទទី ៤ មន្ត្រីនេះ ជាមន្ត្រីដែលស្មោះត្រង់បំផុតហើយ ហ៊ានប្រាប់ព្រះមហាក្សត្រថា ព្រះអង្គ ដាំមិនដុះទេ ព្រោះគ្រាប់ល្ពៅស្ងោរ។ អញ្ចឹង មន្ត្រីបែបនេះ គួរតែជាមន្ត្រីដែលត្រូវបានហ្វឹកហាត់ ហើយត្រូវដំឡើងស័ក្តិ ព្រោះហ៊ាននិយាយត្រង់។ មន្ត្រីប្រភេទទី ៣ ដែលថា កណ្តុរស៊ីបាត់ ឬកូនយកទៅលេង អាហ្នឹងមិនដឹងថា កណ្តុរស៊ីមែន ឬកូនយកទៅលេងទេ ក៏ប៉ុន្តែ វាមិនហ៊ាននិយាយត្រង់ អាហ្នឹងក៏ជាប្រភេទមន្ត្រីដែលគួរអប់រំ ថ្ងៃក្រោយឱ្យអ្ហែងស្មោះត្រង់ទៅ វាអត់អីទេ អាហ្នឹងវាអត់គ្រោះថ្នាក់ទេ។ មន្ត្រីប្រភេទទី ២ ក៏មិនជាគ្រោះថ្នាក់ប៉ុន្មានដែរ។ ប៉ុន្តែ មន្ត្រីប្រភេទទី ១ អាហ្នឹងត្រូវ បំបែកសាកសពតែម្តង មូលហេតុអី? វាចេះយកអាគ្រាប់ល្ពៅស្ងោរ ដែលដាំមិនដុះ វាធ្វើជាដឹកយកមក ហើយវាមិនត្រឹមតែបោកព្រះមហាក្សត្រទេ វាទៅឱ្យព្រះមហាក្សត្រសម្លាប់កងការពាររាជវាំងទៀត … អញ្ចឹង ត្រូវប្រយ័ត្ន។ កុំឱ្យក្លាយទៅជាមន្ត្រីគ្រាប់ល្ពៅប្រភេទទី ១។

អ្នកដឹកនាំ កុំឱ្យរបាយការណ៍ និង/ឬព័ត៌មានបំភ្លៃបោកប្រាស់បាន

ភាពមិនស្មោះត្រង់ណាមួយ ធ្វើឱ្យអ្នកដឹកធ្វើការវិនិច្ច័យខុសបាន។ អ្នកដឹកនាំនោះក៏ត្រូវតែច្បាស់ កុំឱ្យរបាយការណ៍ (និង/ឬ)ព័ត៌មានបំភ្លៃ បោកប្រាស់យើងបាន។ ក្នុងករណីគេបោកប្រាស់យើងបាន យើងត្រូវកែតម្រូវភ្លាម​។ ខ្ញុំគិតថា នេះក៏ជាការដាស់តឿនមួយ សម្រាប់មន្ត្រីរបស់យើងក្នុងពេលបំពេញការងារ (ត្រូវ)យកចិត្តទុកដាក់ទៅលើបញ្ហាទាំងអស់ ហើយសមត្ថភាពត្រូវបង្កើនជាប្រចាំ មិនមែនរៀនចប់តែប៉ុណ្ណឹងហើយ បែរជាចាត់ទុកថាគ្រប់គ្រាន់នោះទេ។ គ្មានចំណេះដឹងណាគ្រប់គ្រាន់នោះទេ គឺអត់ទេ។ ជាងនេះទៅទៀត ពិភពលោកមានការវិវត្តលឿនណាស់។ ក្នុងដំណាក់កាលបដិវត្តន៍ឧស្សាហកម្ម ៤.០ ឬសេដ្ឋកិច្ចឌីជីថលនេះ វាលឿនខ្លាំងណាស់។ អញ្ចឹង ទាមទារឱ្យយើងធ្វើការតាមដានហ្មត់ចត់ (និង) វិនិច្ឆ័យឱ្យបានត្រឹមត្រូវ និងដាក់ចេញផែនការសកម្មភាពឱ្យបានគ្រប់ជ្រុងជ្រោយ និងឱ្យមានប្រសិទ្ធភាព។ ត្រូវបង្កើនសមត្ថភាពជាប្រចាំ។

ខ្ញុំនិយាយពីខាងដើម យើងត្រូវធ្វើកំណែទម្រង់ស្ថាប័ន ប៉ុន្តែ ដើម្បីស្ថាប័នមានប្រសិទ្ធភាពទៅបាន វាផ្តើមចេញពីមនុស្ស បើមនុស្សវាអត់ពូកែ រៀបចំស្ថាប័នប៉ុន្មានទៀតក៏វានៅតែប៉ុណ្ណឹង។ អញ្ចឹងទេ ទាមទារឱ្យយើងដាស់​តឿនខ្លួនយើងជាប្រចាំ (ដើម្បី)ធ្វើការរៀនសូត្រ ហើយដាក់ចេញគោលដៅឱ្យច្បាស់។ រំលឹកខ្លួនឯងជាប្រចាំថាខ្លួនជាអ្នកណា? “មិនមែនជាចៅហ្វាយប្រជាជនទេ តែជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាជន”។

នៅសម័យ ប៉ុល ពត តើយើងមានសិទ្ធិសុំសិទ្ធិរស់រានមានជីវិត ឬទៅសុំបាយស៊ីទេ?

ខ្ញុំនិយាយអម្បាញ់មិញ ការឈរជើងជាប់នៅក្នុងហ្វូងអ្នកនយោបាយរយៈពេលជាង ៤១ ឆ្នាំ មិនមែនខ្ញុំប្រើអាវុធដើម្បីបង្ក្រាបនោះទេ។ អាវុធត្រូវតែប្រើហើយ នៅពេលដែលចាំបាច់ វាមិនដែលគេមិនប្រើទេ កុំទៅឆ្ងល់។ គេបង្កើតគុកឡើង ដើម្បីដាក់អ្នកទោស ហើយបើអ្នកទោសតដៃ អាហ្នឹង គឺច្បាស់ជាបញ្ហាហើយ។ នៅក្នុងសម័យសង្គ្រាម យើងអត់មានសិទ្ធិទៅសុំការអនុគ្រោះពីពួក ប៉ុល ពត បានទេ។ យើងអត់មានសិទ្ធិទេ។ នៅសម័យ ប៉ុល ពត តើយើងមានសិទ្ធិទៅសុំសិទ្ធិរស់រានមានជីវិត (ទៅ)សុំបាយពីពួក ប៉ុល ពត បានស៊ីទេ? អត់ទេ។ អញ្ចឹង មធ្យោបាយតែមួយគត់ ដើម្បីយើងចេញផុតពីរបប ប៉ុល ពត គឺប្រើកម្លាំងប្រដាប់អាវុធ វាយតែម្តង (គឺ)វាយអ្ហែងឱ្យដួល។ បន្ទាប់ទៅយើងត្រូវបន្តទប់ស្កាត់ការវិលត្រឡប់ នៃរបប ប៉ុល ពត ទៀត ដើម្បីការរស់រានមានជីវិតរបស់យើង។

កម្លាំងយើងរួមនឹងកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលថ្ងៃនេះក៏ មានឯកឧត្តមអគ្គរដ្ឋទូតវៀតណាមនៅទីនេះ បើយើងមិនធ្វើអញ្ចឹងទេ សួរថា អ្នកណាជួយយើង? និយាយឱ្យពិត ប្រវត្តិសាស្ត្រវានៅកន្លែងហ្នឹង។ ពិតហើយ ការកត់ត្រា និងការផ្សព្វផ្សាយ(មាន)ច្រើន។ ខ្ញុំកសាងកងទ័ពជាង ១ ម៉ឺននាក់ដែរ ដោយមានជំនួយឧបត្ថម្ភខាងវៀតណាម។ ប៉ុន្តែ សួរថា (កងទ័ព)ជាង ១ ម៉ឺន(នាក់) មកទប់ទល់ជាមួយនឹងអាជាង ១៨ ម៉ឺន(នាក់) ហ្នឹងបានទេ? ផែនការរបស់ខ្ញុំ (ត្រូវ)ប្រើពេលរំដោះ ៤-៥ ឆ្នាំ ប្រសិនបើកម្លាំងកម្ពុជាសុទ្ធ ដោយវាយយកទិសខាងកើតធ្វើជាឈ្នាន់ ដើម្បីឆ្ពោះមកទិសខាងលិច។ ប៉ុន្តែ សួរថា អាចទៅរួចទេ? បើទុក ៤-៥ ឆ្នាំទៀត ដល់ឆ្នាំ ១៩៨៥ បានរំដោះ ប្រជាជនខ្មែរងាប់អស់រលីងហើយ គ្មាននៅសល់ទេ។

មិនមែនប្រើអាវុធ ដើម្បីឡើងកាន់កាប់តំណែង តែជាការគាំទ្រពីផ្ទៃក្នុងរបស់គណបក្ស

ខ្ញុំឈរជើងក្នុងហ្វូងអ្នកនយោបាយ នៅក្នុងរដ្ឋាភិបាល និងនៅក្នុងគណបក្សនៅពេលនោះ អ្នកដែលមានអាយុតិចបំផុតនៅពេលនោះ ក្រៅពីខ្ញុំ អ្នកដែលទាបបំផុតក៏ជាង ៤០-៥០-៦០ (ឆ្នាំ) នៅក្នុងហ្នឹង។ ឯខ្ញុំមានអាយុមិនទាន់គ្រប់ ២៧ ឆ្នាំទេ។ អញ្ចឹង សួរថា ខ្ញុំប្រើកម្លាំងប្រដាប់អាវុធ ដើម្បីនឹងឡើងកាន់កាប់តំណែងរដ្ឋមន្ត្រីការបរទេស ហើយក្រោយមកជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងបន្ទាប់ទៅ ជានាយករដ្ឋមន្ត្រីមែនទេ? អត់ទេ។ បញ្ហាសំខាន់ជាងគេ គឺលទ្ធភាពរបស់យើង ដែលទទួលបានការគាំទ្រពីផ្ទៃក្នុងរបស់គណបក្សប្រជាជន ក្នុងពេលដែលខ្ញុំបោះឆ្នោត ក្នុងថ្ងៃទី ១៤ ជាបេក្ខជន សម្រាប់ការបោះឆ្នោតជានាយករដ្ឋមន្ត្រី ខ្ញុំមិននឹកស្មានថា ខ្ញុំមានការគាំទ្រសន្លឹកឆ្នោត ១០០% នៃអ្នកចូលរួមបោះឆ្នោត ដែលអ្នកមុនខ្ញុំពីរនាក់ មួយបាត់ ៧ សម្លេង (និង)មួយទៀតបាត់ ៦ សម្លេង។ ប៉ុន្តែ សម្រាប់តួអង្គរបស់ខ្ញុំនេះ ពុំមានបាត់មួយសម្លេងណាទេ។ បន្ទាប់មកទៀត ខ្ញុំធ្វើដំណើរហូរហែរមក តើខ្ញុំប្រើប្រដាប់អាវុធ ដើម្បីបង្ក្រាបទេ? អត់ទេ។ ប៉ុល ពត ប្រើប្រដាប់អាវុធបង្ក្រាប ប៉ុន្តែ ប៉ុល ពត ទីចុងបំផុតកាន់អំណាចបានត្រឹមតែ ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ រួចហើយ ប៉ុល ពត ទៅស្លាប់រកដីកប់មិនបានផង។

មោទនភាពទឹកមាត់ប្រៃ ដែលអាចនិយាយទៅកាន់មន្ត្រីរាជការ/កងកម្លាំងប្រដាប់អាវុធស្តាប់

ខ្ញុំនៅតែមោទនភាពថា ខ្ញុំទឹកមាត់ប្រៃ នៅគ្រប់បញ្ហា ដើម្បីនិយាយទៅកាន់(ប្រជា)ពលរដ្ឋ/មន្ត្រីរាជការ/កងកម្លាំងប្រដាប់អាវុធ ព្រោះជាភ័ព្វសំណាងរបស់ខ្ញុំ។ ក្រៅពីខ្លួនឯង ខ្ញុំនៅមានគ្រួសារ និងកូនៗ ដែលមិន ប្រព្រឹត្តនូវអំពើផ្តេសផ្តាស។ ដូច្នេះ ចំណុចនេះ អាចឱ្យអស់លោក/ស្រីដកពិសោធន៍បាន ដែលចោទចេញជាសំណួរថា ម៉េចបានជា លោក ហ៊ុន សែន ធ្វើបានយូរម្លេះ? មិនមែនខ្ញុំប្រើកម្លាំងប្រដាប់អាវុធទេ។ អតីតប្រធានាធិបតីស៊ូដង់ ដែលគេធ្វើរដ្ឋប្រហារកាលពីប៉ុន្មានខែមុននោះ ឥឡូវ ត្រូវរដ្ឋបាលថ្មីបញ្ជូនទៅឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិ(កាត់ទោស)។ Robert Mugabe ក៏ធ្លាប់ជាអ្នកមានប្រជាប្រិយភាពម្នាក់ ប៉ុន្តែ នៅដំណាក់កាលចុងក្រោយ គាត់មានចំណុចមិនល្អ ក៏ត្រូវគេធ្វើការទម្លាក់។

អ្វីក៏ដោយបើយើងដោះស្រាយដោយផ្អែកលើមូលដ្ឋាន នៃផលប្រយោជន៍ប្រជាជនវាមិនខុសទេ

ខ្ញុំក៏សូមអបអរសាទរជាមួយមន្ត្រីទាំងអស់ ដែលបានធ្វើការសិក្សាក្នុងរយៈពេលកន្លងទៅនេះ។ សង្ឃឹមថា មន្ត្រីទាំងអស់នេះនឹងយកចំណេះវិជ្ជា ដែលខ្លួនទទួលបានទៅបម្រើការងារ ហើយមន្ត្រីនឹងចូលធ្វើកម្មសិក្សា និងធ្វើការរៀនសូត្របន្តនេះ ក៏នឹងខិតខំរៀន ហើយឆ្នាំក្រោយយើងនឹងជួបគ្នានៅកន្លែងនេះទៀត។ ជួបគ្នាខ្ញុំនៅតែនិយាយដដែលហ្នឹង ព្រោះអាហ្នឹងជាការស្រោចទឹករំដោះគ្រោះមុនពេលចេញទៅធ្វើការ។ លោកឯងសូត្រធម៌ឱ្យចប់ទៅ អាហ្នឹងដូចបាលីការពារខ្លួនអញ្ចឹងថា ខ្ញុំគឺជាអ្នកបម្រើប្រជាជន។ អ្វីក៏ដោយបើយើងដោះស្រាយដោយផ្អែកលើមូលដ្ឋាន នៃផលប្រយោជន៍ប្រជាជនវាមិនខុសទេ។ លើកលែងតែយើងមានភាពលម្អៀងណាមួយ និងផលប្រយោជន៍ណាមួយនៅក្នុងអាហ្នឹង អាហ្នឹងដោះអត់ចេញ។

ឧទាហរណ៍៖ គម្រោងធ្វើផ្លូវមួយខ្សែត្រូវប្រើថវិកាថា ១០០ លានដុល្លារ ប៉ុន្តែបែរជាយើងមានផលប្រយោជន៍ថា នឹងហែកយកប្រាក់នេះ ១០ លានដុល្លារ។ ពេលនោះហើយដែលគម្រោងរបស់យើងវាត្រូវខូច ព្រោះឱ្យគ្នាទៅធ្វើគ្នាធ្វើម៉េច? ត្រូវចាក់កៅស៊ូប៉ុណ្ណេះ វាត្រូវកាត់បន្ថយអាកៅស៊ូហ្នឹង ព្រោះអស់ ១០ លាន បាត់ទៅហើយ។ រឿងទាក់ទងជាមួយកំណែទម្រង់នេះ អស់លោកបានរៀនហើយ។ កំណែទម្រង់ដែលយើងបន្តខិតខំ មានការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងតុលាការ កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់កងកម្លាំងប្រដាប់អាវុធ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ។

ការកែទម្រង់ ដើម្បីដើរស្របជាមួយដៃគូក្នុងអាស៊ាន

ការកែទម្រង់មានច្រើនណាស់ មិនអាចនៅទ្រឹងប៉ុណ្ណឹងបានទេ។ យើងត្រូវដើរស្រប ជាមួយដៃគូក្នុងអាស៊ានរបស់យើង។ បើយើងនៅក្រោយគេពេកអត់បានទេ។ មន្ត្រីរបស់យើងត្រូវឆ្លើយតប មិនត្រឹមតែកិច្ចការនៅក្នុងប្រទេសរបស់ខ្លួនទេ ត្រូវឆ្លើយតបនូវកិច្ចការតំបន់ និងអន្តរជាតិថែមទៀត។ ប៉ុណ្ណឹងទៅចុះដោយសារម្សិលមិញ តេជគុណ អើយ! ៥ ម៉ោងជាង រួចហើយត្រូវមកអង្គុយបាយជាមួយនឹងបណ្តាប្រធានគណបក្ស ១៦ ដែលនៅក្នុងក្រុមឧត្តមប្រឹក្សាពិគ្រោះយោបល់។ បាយហើយពិភាក្សាគ្នា។ ស្រាប់តែពិធីការមកប្រាប់ថាលោកពូ ម៉ោង ៣ ហើយ។ អញ្ចឹង ទម្រាំមកដល់ផ្ទះ ៣ កន្លះ។ សម្រាកមួយភ្លែត ស្រាប់តែភ្ញាក់ឡើងម៉ោង ៦ បាត់ទៅហើយ។ ក្រោកមុជទឹកប្រញាប់ប្រញាប់ទៅមើលឯកសារនេះផង និងឯកសារសម្រាប់ស្អែកនោះ។ ស្អែកត្រូវក្រោកពីម៉ោង ៥ រួចហើយមកម៉ោង ៦ ឥឡូវព្រឹកទាល់តែម៉ោង ៦ ឬមុនម៉ោង ៦ បន្តិច ទើបវាចាប់ផ្តើមមើលឃើញ អាចហោះចេញដំណើរទៅបាន។ ហើយថេរវេលាហោះ ១ ម៉ោង ៤៥ នាទី ដើម្បីទៅសម្ពោធផ្លូវមួយខ្សែ ផ្លូវលេខ ៥៨ ដែលតភ្ជាប់ពី ប៉ោយប៉ែត ទៅក្រុងសំរោង ឧត្តរមានជ័យ ឯណោះ។ អញ្ចឹងការងាររបស់យើងវាច្រើន​។

អ្នកដទៃអាចមានសិទ្ធិឈឺ តែខ្ញុំអត់មានសិទ្ធិឈឺទេ

ប៉ុន្តែយើងអត់មានសិទ្ធិឈឺទេ។ អ្នកដទៃអាចមានសិទ្ធិឈឺ តែខ្ញុំអត់មានសិទ្ធិឈឺទេ ហើយបើឈឺដឹងថាធ្វើការមិនរួចហើយគឺច្បាស់ជាត្រូវលាលែងពីតំណែងហើយ។ ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំនៅបំពង់កឈរនៅឡើយទេ ហើយនៅនិយាយលឺណាស់ ដកក្បាលមេក្រូហ្នឹងចេញក៏បានដែរ ហើយនិយាយលឺ។ ប៉ុណ្ណឹងហើយ ប៉ុន្មានថ្ងៃមុននេះវាបង្ហោះថា ខ្ញុំព្រះករុណាខ្ញុំ ត្រូវដឹកជាសម្ងាត់ទៅពេទ្យនៅ Singapore ឯណោះ។ អរគុណតាមរយៈឯកឧត្តម អគ្គរដ្ឋទូតថៃដែរ ទៅដល់កាសែតកងទ័ពថៃ ពេលដែលខ្ញុំបង្ហោះហ្វេសប៊ុកភ្លាម កាសែតកងទ័ពថៃ ចេញជាភាសាថៃ ថាលោក ហ៊ុន សែន អត់មានជំងឺអីទេ គាត់កំពុងនៅក្នុងប្រទេស ហើយវាយកូនហ្គោលជាមួយសម្តេច សេនាពិជ័យ ទៀ បាញ់ ទៀតផង ក្នុងពេលដែលមនុស្សមួយចំនួនថា ខ្ញុំទៅនៅពេទ្យ Singapore ឯណោះថាដឹកជាសម្ងាត់ទៅធ្វើការសង្គ្រោះ ដោយសារឆ្លង Covid-19 នេះ។

ទេសចរលើនាវា Westerdam ចេញផុតពីកម្ពុជា មិនបន្សល់ទុកជំងឺណាមួយទេ

ហើយ(ទាក់ទងនឹង) Covid-19 (យើងបាន)ធ្វើកិច្ចការ(សំរាប់អ្នកទេសចរលើនាវា) Westerdam ជាកិច្ចការដ៏ល្អអំពីកិច្ចការមនុស្សធម៌របស់យើង។ ទេសចរទាំងអស់ចេញផុតពីប្រទេសកម្ពុជាប៉ុន្មានថ្ងៃហើយ មិនបន្សល់ទុកជំងឺណាមួយនៅកម្ពុជានេះទេ។ យើងអត់ទាន់មានករណីប្រជាជនខ្មែរឆ្លងអាហ្នឹងទេ។ ជំងឺវាមិនឆ្លងមកខ្ញុំឯណា។ បើខ្ញុំ(ឆ្លង)ជំងឺ តើនិយាយអញ្ចឹងបាន(ឬ)? ដែលយើងអបអរសាទរជាមួយនឹងការដែលគេមិនអាចរកឃើញនូវ Covid-19 នៅឯ Kuala Lumpur នោះទៅទៀត នេះជាការផ្តល់យុត្តិធម៌សម្រាប់កម្ពុជា។ កម្ពុជាអត់មានត្រូវការអីទេ តែកម្ពុជាក៏មិនទុកឱ្យគេរើសអើង និងទទួលការប្រមាថទេ។ យើងធ្វើកិច្ចការ(មនុស្សធម៌ជូនមនុស្សពី) ៤១ ជាតិសាសន៍ នៅលើនាវាក្នុងនោះ។ បើនិយាយពីនាវិក និងអ្នកបម្រើការនៅលើកប៉ាល់ ជនជាតិឥណ្ឌូនេស៊ីមានទៅដល់ ៣៦២ នាក់ ឯណោះ។

អញ្ចឹងយើងបានធ្វើកិច្ចការងារដ៏ធំសម្រាប់កិច្ចការមនុស្សធម៌មួយនេះ។ ប៉ុន្តែយើងអាណិតទៅដល់អ្នកធ្វើដំ​ណើរទៅវិញទេ។ គាត់នៅលើនាវាអត់ដឹងកោះ អត់ដឹងត្រើយ ហើយមិនដឹងទៅខាងណា ហើយអានាវាហ្នឹងចង់អស់ទាំងស្បៀងទៅទៀត។ ថ្ងៃមុនឃើញ ជា សុផារ៉ា បង្ហោះអ្នកថតរូបមកឱ្យខ្ញុំ។ ខ្ញុំស្មាន គួច ចំរើន ព្រោះវាដូចគ្នា។ មើលមុខអាអ្នកចុះមកលើកដៃ(សំពះ) អញ្ចេះនោះ ហើយថាអញ្ចេះអាចៅហ្វាយខេត្ត វាទៅចំតិតគូទដាក់កប៉ាល់ ហើយមកសំពះដីស្អីវា។ ទីចុងបំផុតមើលឡើងវិញភ្ញៀវបរទេស ដោយគ្នានៅជាប់លើនាវានោះប៉ុន្មានអាទិត្យទៅហើយ។ ជាប់ថែមដោយសារបញ្ហាសេចក្តីរាយការណ៍ពី Kuala Lumpur មកថា រកឃើញស្ត្រីម្នាក់។ ដល់អញ្ចឹង ផ្អាកអ្នកដែលនៅលើហ្នឹង ២៤៣ នាក់ នៅលើនាវា អត់ទាន់ឱ្យចុះ ដែលគ្នាប្រុងចុះមកផ្អាកអត់ឱ្យចុះ។ ប៉ុន្មានថ្ងៃក្រោយបានឱ្យចុះ។ ហ្នឹងជារឿងអកុសល គេហៅថាពេលនេះគឺវិបត្តិមនុស្សធម៌។

សូមមិត្តភក្តិនានា កុំសង្ស័យថាកម្ពុជាមាន Covid-19

ប៉ុន្តែ កម្ពុជាបានជម្នះ ប្រទេសតូច ប៉ុន្តែចិត្តវាធំ ហើយមិត្តភក្តិនានា កុំសង្ស័យថា កម្ពុជាមាន Covid-19 អ្នកដែលនៅលើនាវានោះបានចាកចេញពីកម្ពុជាហើយ។ អញ្ចឹង ការបង្អាក់ការធ្វើដំណើរដោយអ្នកចេញពីកម្ពុជាអី កុំថាគ្នានៅលើ Westerdam ព្រោះ Westerdam វាចេញទៅអស់ហើយ។ ពេលនេះមិនមែនជាពេលវេលារើស​អើងគ្នានោះទេ ប៉ុន្តែគឺជាពេលវេលានៃកិច្ចសហប្រតិបត្តិការ ធ្វើការជាមួយគ្នា រកឃើញនៅកន្លែងណា ព្យាបាលឱ្យគេឱ្យជានៅកន្លែងនោះ ហើយចាំឱ្យចាកចេញទៅ។ វាជាអកុសលសម្រាប់តំបន់របស់យើង ហើយសម្រាប់ពិភពលោកផងដែរ បើសិនបើយើងបែកខ្ញែកគ្នា រើសអើងគ្នា រហូតដល់មិនហ៊ានចាប់ដៃគ្នា។ មានកន្លែងមួយប្រជុំនាំគ្នាពាក់ម៉ាសទាំងអស់គ្នា។ វាមិនមែនជារឿងល្អ បើអញ្ចឹងប្រជុំតាម Video conference តែម្តងទៅ កុំចាំបាច់មកប្រជុំរបៀបហ្នឹង។ វាជាការបញ្ជូនសារនៃការភ័យខ្លាចសម្រាប់ប្រជាពលរដ្ឋតែប៉ុណ្ណោះ។ ហើយកាលណាបើមិនស្រួលខ្លួនទេ នាំគ្នាសម្រាកទៅ កុំមកចូលរួមក្រែងលោឆ្លងដល់គេ។ ប៉ុន្តែខ្ញុំបានរំលឹកហើយកុំថា កុំដេកផ្សំដួល រមួលផ្សំគ្រិច។ គិតតែអញ្ចឹងអញថា អើ! ៣៧ កន្លះរហូត កម្តៅ ក្អករហូត ប៉ុន្តែរួចហើយលួចទៅវាយកូនហ្គោល កុំលេងអាហ្នឹង។

ជនពិការ មានសមត្ថភាពបណ្តុះបណ្តាលទៅដល់ថ្នាក់បរិញ្ញា ឬបរិញ្ញាជាន់ខ្ពស់

ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំបាននាំមកនូវជ័យលាភីទទួលសញ្ញាបត្រ និងវិញ្ញាបនបត្រចំនួន ៥៧៥ នាក់ ក្នុងនោះសិស្សមន្ត្រីក្រមការចំនួន ២ នាក់ ដែលជាជនពិការភ្នែក ឯណាជនពិការ ២ នាក់? ពិការភ្នែកទាំង ២ ក៏ប៉ុន្តែយើងវាលទ្ធភាពដើម្បីនឹងរៀងសូត្រ សុទ្ធតែអ្នកចប់បរិញ្ញារួចហើយបានមករៀននេះ។ ឥឡូវចូលធ្វើការនៅក្រសួងណាហើយ ឬនៅ? អង្គភាពប្រឆាំងអំពើពុករលួយ។ ត្រូវហើយអាហ្នឹងយើងធ្វើសមាធិទៅ ហើយមួយទៀតធ្វើការខាងអីហ្នឹង? ក្រសួងការងារ។ ត្រូវហើយព្រោះខាងស្ថាប័នរដ្ឋ ត្រូវឱ្យយកជនពិការ ២%។ ឥឡូវជនពិការរបស់យើង រាប់ទាំងពិការភ្នែក ក៏យើងមានសមត្ថភាពបណ្តុះបណ្តាលទៅដល់ថ្នាក់បរិញ្ញា ឬបរិញ្ញាជាន់ខ្ពស់ឯណោះ។ ឥឡូវគឺពិការភ្នែកទាំង ២ មករៀននៅសាលាភូមិន្ទរដ្ឋបាល រួចហើយមួយទៅអង្គភាពប្រឆាំងអំ​ពើពុករលួយ ហើយមួយនៅក្រសួងកាងារ។

ដូច្នេះមានការងារធ្វើ អានេះគឺជាចំណុចដែលគេត្រូវមើលឃើញ។ នេះហើយកម្ពុជាដែលផ្តល់នូវគេហៅថា សិទ្ធិរស់រានមានជីវិត និងសិទ្ធិគ្រប់ផ្នែក។ គ្រាន់តែមិនឱ្យសិទ្ធិអាពួកដែលបំផ្លាញជាតិតែប៉ុណ្ណឹង។ អាហ្នឹងមិនត្រឹមតែមិនឱ្យសិទ្ធ កាត់ទោសអ្ហែង ហើយអ្នកណាចង់ធ្វើអីធ្វើទៅ។ ហ្នឹងខ្ញុំនិយាយពីម្សិលរួចហើយ។ ពិការដូចជា ៣ នាក់។ ឯណាពិការជើង? ហើយយើងធ្វើការនៅឯណាហើយ? ទើបហ្នឹងប្រឡងចូលទេ ប៉ុន្តែដល់ពេលចប់ហើយក្រសួងណាត្រូវការរើស រើសឱ្យហើយទៅ។ ហ្នឹងដើម្បីយកទៅធ្វើការ។ អញ្ចឹងយើងមានជនពិការ ៣ នាក់ ពិការភ្នែក ២ ពិការជើង ១។

អំណោយ

ក្នុងចំណោមសិស្សរបស់យើងទាំងអស់ ៧៧៥ នាក់ និងសិស្សមន្ត្រីជាន់ខ្ពស់ និងកម្មសិក្សាការី ដែលចូលរួមវគ្គមានចំនួន ៤៦១ នាក់ ក្នុងនោះមានពិការជើងម្នាក់ សរុបទាំងអស់ ១០៣៦ នាក់ សូមជូនថវិកាម្នាក់ៗ ១០ម៉ឺនរៀល សម្រាប់ជនពិការទាំង ៣ នាក់ សុំបន្ថែមម្នាក់ៗ ១ លានរៀល ធម្មតាអាទិភាពសម្រាប់ជនពិការ សង្ឃឹមថា អ្នកទាំងអស់គ្នាមិនច្រណែនជនពិការទេ។ ជូនសាស្ត្រាចារ្យ និងបុគ្គលិកចំនួន ១៣៥ នាក់ ក្នុងម្នាក់​ៗ​​​ចំនួន ២០ ម៉ឺនរៀល។ ជូនសាលាភូមិន្ទរដ្ឋបាលថវិកា ១០ លានរៀល ជូនវិទ្យាស្ថានជាតិអប់រំថវិកា ៥ លានរៀន។ ជាថ្មីម្តងទៀត អរគុណឯកឧត្តម លោកជំទាវ អគ្គរដ្ឋទូត ក៏ដូចជាតំណាងស្ថានទូតនានា ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ ប្រហែលជាអគ្គរដ្ឋទូតខ្លះស្តាប់ខ្ញុំជាលើកដំបូងនៃការធ្វើអត្ថាធិប្បាយ ទៅលើរឿងនេះរឿងនោះ។ មិនមានសាស្ត្រាចារ្យណាមកបង្រៀនបែបហ្នឹងទេ ព្រោះនេះជាការចង្អុលបង្ហាញនៃសីលធម៌របស់មន្ត្រី ដែលខ្ញុំចាត់ទុកថា វាជាផ្នែកដ៏សំខាន់មួយ។ ចេះចំណេះប៉ុណ្ណាក៏ដោយ បើគ្មានគុណធម៌បែបនេះទេគឺថា អត់ទៅធ្វើការឯណាកើតទេ អញ្ចឹងបានជាមកស្រោចទឹកអាចុងក្រោយហ្នឹង គឺថា សំខាន់ដើម្បីផ្តាំផ្ញើមុនពេលនាំគ្នាទៅធ្វើការ។

ចុងបញ្ចប់ជាមួយនឹងការអបអរសាទរចំពោះវឌ្ឍភាពនៃ សាលាភូមិន្ទរដ្ឋបាល ក៏ដូចជាអបអរសាទរចំពោះជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ និងការអបអរសាទរចំពោះសិស្សដែលប្រឡងជាប់ចូលរៀន នៅក្នុងសាលាភូមិន្ទរដ្ឋបាល ខ្ញុំព្រះករុណាខ្ញុំសុំប្រសិទ្ធិពរ ប្រគេនពរចំពោះព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា សូមប្រកបតែពរ និងពុទ្ធពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ សូមអរគុណ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ