សម្រង់សេចក្តី​ថ្លែងការណ៍ ​សម្តេចតេជោ ហ៊ុន សែន, ក្នុងឱកាសទទួលស្វាគមន៍អ្នកដំណើរ នៃនាវាទេសចរណ៍ Westerdam នៅឯកំពង់ផែក្រុងព្រះសីហនុ

CNV:

អស់លោក លោកស្រី ក៏ដូចជាប្រជាពលរដ្ឋកម្ពុជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា!

មិនមានប្រជាជនកម្ពុជាណាម្នាក់បានឆ្លងជំងឺ CoViD-19 នេះនៅឡើយទេ

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានមកធ្វើការស្វាគមន៍ ចំពោះបងប្អូនទាំងឡាយ ដែលរស់នៅលើនាវាអស់រយៈពេលប៉ុន្មានថ្ងៃកន្លងទៅ។ អ្វីដែលសំខាន់ ថ្ងៃនេះ ទោះថាកម្ពុជាជាប្រទេសមួយក្រីក្រ ក៏ប៉ុន្តែជាប្រទេសដែលចូលរួមជាមួយនឹងសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយរាល់បញ្ហាទាំងឡាយ ដែលពិភពលោក ក៏ដូចជាតំបន់កំពុងជួបប្រទះ។ ខ្ញុំគួរតែបញ្ជាក់ពីទីនេះ ទៅកាន់បងប្អូនជនរួមជាតិកម្ពុជាឱ្យបានជ្រាប ហេតុអ្វីបានជាខ្ញុំ ត្រូវធ្វើសេចក្តីសម្រេចដើម្បីនាំយកនាវាមួយដែលដាក់ឱ្យឯកោនៅលើសមុទ្រអស់រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ឱ្យចូលមកកាន់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចាកចេញពីទីនេះ ហើយធ្វើដំណើរទៅកាន់ប្រទេសរៀងៗខ្លួន?

បញ្ហាដែលយើងត្រូវចោទសួរ ដូចអ្វីដែលខ្ញុំធ្លាប់បាននិយាយកាលពីពេលមុនថា បញ្ហាពិតប្រាកដរបស់កម្ពុជាមិនមែនជា corona ថ្មី ដែលឥឡូវនេះគេហៅ CoViD-19 នោះទេ តែគឺការភ័យខ្លាចនៅក្នុងពេលដែល វីរុស CoViD-19 ដែលមុននេះហៅថា novel corona មិនទាន់មានការឆ្លងដល់ប្រជាជនកម្ពុជាណាម្នាក់នៅឡើយនោះទេ គ្រាន់តែមានជនជាតិចិនម្នាក់ដែលយើងបានព្យាបាលជាសះស្បើយ ហើយឥឡូវនេះក៏ត្រឡប់ទៅប្រទេសវិញ។

ភ័យខ្លាច និងរើសអើង ជាជំងឺទាមទារនូវថ្នាំព្យាបាល

ប៉ុន្មានថ្ងៃមុននេះ គឺនៅថ្ងៃទី ១០ ខ្ញុំបានធ្វើសេចក្តីថ្លែងការណ៍មួយទៀតថា ជំងឺរបស់យើងក្នុងតំបន់ និងពិភពលោកបច្ចុប្បន្ន គឺជំងឺដែលគួរឱ្យភ័យខ្លាចជាងទៀត គឺជំងឺភ័យខ្លាច និងការរើសអើង។ ឥឡូវនេះ យើងបានឃើញពិតប្រាកដអំពីការរើសអើង ដែលជំងឺនេះត្រូវទាមទារនូវថ្នាំព្យាបាលមួយដ៏ស័ក្តិសិទ្ធ តាមរយៈតួនាទីរបស់អង្គការសុខភាពពិភពលោក។ ខ្ញុំគ្រាន់តែលើកហេតុផលមួយដើម្បីជូនចំពោះប្រជាពលរដ្ឋកម្ពុជាឱ្យបានជ្រាបថា ប្រសិនបើកម្ពុជាមិនទទួលទេ សួរថា តើអ្នកដែលរស់នៅក្នុងនាវានេះ ជាង ២.០០០ នាក់ តើពួកគេទៅទីណាទៅ? នេះគេនិយាយ អំពីការភ័យខ្លាច corona ឬ CoViD-19 ប៉ុន្តែ សម្រាប់ខ្ញុំៗយល់ផ្សេង។

បើមាន CoViD-19 នៅលើនាវា កម្ពុជានៅតែទទួលអ្នកជំងឺមកព្យាបាល

អ្នកដទៃ ឬប្រទេសដទៃអាចយល់ ឬក៏អាចចោទជាសំណួរថា ចុះបើមានជំងឺ corona នេះនៅលើនាវា តើកម្ពុជាអនុញ្ញាតឱ្យចូលទេ? ខ្ញុំអាចឆ្លើយតបយ៉ាងច្បាស់ថា ប្រសិនបើមានអ្នកជំងឺនេះនៅលើនាវា ខ្ញុំនឹងឱ្យចូលយ៉ាងលឿនបំផុតតាមដែលអាចធ្វើទៅបាន។ មូលហេតុនៅត្រង់ថា ប្រសិនបើមានអ្នកជំងឺនៅលើនាវានេះ តើយើងទុកឱ្យអ្នកជំងឺទាំងនោះស្លាប់ នៅលើនាវានេះ បន្ទាប់ទៅសាកសពតើត្រូវទម្លាក់ចោលក្នុងទឹកសមុទ្រ ឬត្រូវទុកនៅលើនាវា? នេះជាបញ្ហាដែលត្រូវឃើញអំពីបញ្ហាទទួលខុសត្រូវរបស់ពិភពលោក ក៏ដូចជាការទទួលខុសត្រូវរបស់យើងក្នុងឋានៈជាសមាជិក នៃសហគមន៍អន្តរជាតិ ដែលមានការទទួលខុសត្រូវ។

មិនមែនជាពេលភ័យខ្លាច រើសអើង តែជាពេលសាមគ្គីគ្នា ស្រាយបញ្ហាប្រឈម

ខ្ញុំសូមជម្រាបជូនប្រជាពលរដ្ឋកម្ពុជាថា ខ្ញុំមកទីនេះ ទោះបីរយៈពេលខ្លី តែខ្ញុំនឹងបញ្ជូនសារនេះទៅកាន់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស ក៏ដូចជាទៅកាន់សហគមន៍អន្តរជាតិផងដែរថា ពេលនេះ មិនមែនជាពេលភ័យខ្លាច និងមិនមែនជាពេលត្រូវធ្វើការរើសអើងនោះទេ តែជាពេលដែលយើងត្រូវរួបរួមសាមគ្គីគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលបាន និងកំពុងយាយី មិនគ្រាន់តែប្រទេសមួយទេ ប្រទេសជាច្រើនបានជួបប្រទះរឿងរ៉ាវរួចទៅហើយ។

កម្ពុជាយកការទទួលខុសត្រូវគោរពសិទ្ធិមនុស្សជាចំបង

ខ្ញុំមកកាន់ទីនេះ ក៏ចង់បញ្ជាក់បងប្អូនប្រជាពលរដ្ឋកម្ពុជាឱ្យបានជ្រាបថា ថ្ងៃនេះ ប្រសិនបើខ្ញុំមកទទួលប្រជាពលរដ្ឋ នៃបណ្តាប្រទេសរហូតដល់ ៤១ សញ្ជាតិនៅទីនេះ បែរជាគ្រោះថ្នាក់ដល់ខ្លួនខ្ញុំ វាក៏សក្តិសមនឹពលិកម្ម ដែលខ្ញុំធ្វើដើម្បីមនុស្សជាតិផងដែរ។ តើឱ្យយើងនិយាយអំពីការគោរពសិទ្ធិមនុស្សអ្វីទៅ ប្រសិនបើសិទ្ធិរស់រានមានជីវិតមិនបានគោរពផងនោះ។

កម្ពុជាយកការទទួលខុសត្រូវមួយលើបញ្ហាការគោរពសិទ្ធិមនុស្សជាចំបង។ ដំបូងបំផុតត្រូវគោរពដល់ការរស់រានមានជីវិតរបស់មនុស្ស ដែលមានជាង ២.០០០ នាក់ នៅលើនាវានេះ ដែលមានរហូតទៅដល់ ៤១ សញ្ជាតិ។ ពេលនេះ កម្ពុជាបានធ្វើកិច្ចការដែលទាក់ទងនឹងការគោរពសិទ្ធិមនុស្ស គឺសិទ្ធិរស់រានមានជីវិត សិទ្ធិមិនត្រូវបានគេរើសអើង និងសិទ្ធិវិលត្រឡប់ទៅកាន់ប្រទេសវិញដោយសុវត្ថិភាពសម្រាប់ពួកគេ។ ខ្ញុំគិតថា ប្រជាពលរដ្ឋរបស់យើងគួរយល់ហើយមានមោទនភាព ហើយខ្ញុំសូមអរគុណចំពោះប្រជាពលរដ្ឋកម្ពុជាដែលបានលើកទឹកចិត្ត ហើយគាំទ្រដល់ការសម្រេចចិត្តរបស់ខ្ញុំ ក្នុងការឱ្យនាវានេះបានចូលមកកាន់ទឹកដីកម្ពុជា។

តាមរយៈទឹកដីកម្ពុជា បងប្អូនគ្រប់សញ្ជាតិទាំង ៤១ សញ្ជាតិនេះ បានធ្វើដំណើរត្រឡប់ទៅកាន់ប្រទេសរៀងៗខ្លួន ជួបជុំគ្រួសារ ពុំមានការភ័យខ្លាចទេ។ អម្បាញ់មិញ ពេលមកដល់ ឃើញបងប្អូនធ្វើការស្វាគមន៍ ប៉ុន្តែ គួរឱ្យចាប់អារម្មណ៍ទៀតនោះ មានស្រ្តីម្នាក់អម្បាញ់មិញនេះ គាត់ហាក់ដូចជារំភើបពេក រហូតដល់ហូរទឹកភ្នែក។ អញ្ចឹងទេ តើយើងព្រមឱ្យអ្នកទាំងនេះរស់នៅក្នុងកណ្តាលសមុទ្រ ហើយដែលមិនដឹងកោះ មិនដឹងត្រើយយ៉ាងណា? នេះជាបញ្ហាដែលយើងត្រូវមានការទទួលខុសត្រូវ ក្នុងឋានៈជាមនុស្សជាតិដូចគ្នា។ ខ្ញុំមិនដឹងថា តើជាតិសាសន៍ណាខ្លះទេ ប៉ុន្តែ ហោចណាស់ យើងក៏បានសិក្សាមួយចំនួនដែរ។

យល់ស្របសំណើស្ថានទូតអាមេរិក សុំឱ្យនាវាបានចូលចត, ការទទួលខុសត្រូវខាងផ្លូវសីលធម៌ និងមនុស្សធម៌

ខ្ញុំសុំអរគុណចំពោះស្ថានទូតសហរដ្ឋអាមេរិក ដែលបានទាក់ទងមកកាន់ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាទាំង ក្រសួងការបរទេស ហើយនឹងមាន channel លឿនមួយ ដែលជាអ្នកគ្រប់គ្រងកំពង់ផែតែម្តង គឺឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដែលជារដ្ឋមន្រ្តីក្រសួងសារធារណការ និងដឹកជញ្ជូន។ ខ្ញុំបានយល់ព្រមឱ្យនាវានេះចូលចតតាំងពីមុនម៉ោង ១០ ថ្ងៃទី ១១ ខែកុម្ភៈ ឯណោះ នៅពេលដែលឯកឧត្តម ស៊ុន ចាន់ថុល ទូរស័ព្ទជួបខ្ញុំថា មានសំណើពីស្ថានទូតអាមេរិក ហើយរៀបរាប់ប្រាប់ខ្ញុំអំពីការបដិសេធ នៃប្រទេសមួយចំនួនថាមិនឱ្យចូល ហើយនៅលើនាវាក៏ជិតអស់ស្បៀងហើយដែរ។

បន្ទាប់ពីឯកឧត្តម ស៊ុន ចាន់ថុល និយាយចប់ ខ្ញុំបានប្រើពាក្យថា Welcome សូមរៀបចំចាត់ចែងឱ្យពួកគេចូលមកឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន ព្រោះអ្វីដែលខ្ញុំព្រួយបារម្ភ ព្រោះខ្លាចក្រែងមានមនុស្សនៅលើកប៉ាល់នេះមានជំងឺឈឺថ្កាត់។ ការមានជំងឺឈឺថ្កាត់ ត្រូវតែពន្លឿនឱ្យគេបានចូលមកទឹកដីរបស់យើង ដើម្បីយើងយកមនុស្សនោះ មកធ្វើការព្យាបាលក្នុងទឹកដីរបស់យើង មិនត្រូវឱ្យពួកគេស្លាប់នៅលើនាវានេះទេ។ នេះជាការទទួលខុសត្រូវរបស់យើង ហោចណាស់ខាងផ្លូវសីលធម៌ និងមនុស្សធម៌ផងដែរ។

អនុញ្ញាតអ្នកដំណើរលើនាវា ចុះមកទស្សកិច្ចខេត្តព្រះសីហនុ ឬបន្តទៅសៀមរាបក៏បាន

ខ្ញុំអរគុណចំពោះអង្គការសុខភាពពិភពលោក ដែលអគ្គនាយក នៃអង្គការសុខភាពពិភពលោក បានធ្វើសេចក្ដីថ្លែងការណ៍គាំទ្រនូវកម្ពុជា ហើយគាត់មានបំណងសុំជួបខ្ញុំតាមទូរស័ព្ទ។ ខ្ញុំនឹងជួបគាត់នៅពេលដែលយើងបញ្ចប់ប្រតិបត្ដិការសង្គ្រោះនេះ ព្រោះយើងនៅមានកិច្ចការច្រើនទៀត ដែលត្រូវធ្វើ។ ថ្ងៃនេះ យើងគ្រាន់តែចាកចេញបានប្រមាណជាង ១០០ នាក់តែប៉ុណ្ណោះ ប៉ុន្តែនៅសល់ច្រើនរយនាក់ទៀត។

ថ្ងៃនេះ ខ្ញុំក៏បើកឱកាសសម្រាប់អ្នកនៅលើនាវាទាំងអស់ អាចចាកចេញទៅធ្វើដំណើរកម្សាន្ដនៅក្នុងខេត្តព្រះសីហនុ ហើយបើមានបំណងធ្វើដំណើរទៅទស្សនកិច្ចនៅឯខេត្តសៀមរាប ទៀតនោះ យើងនឹងបង្កលក្ខណៈងាយស្រួល មានក្រុមហ៊ុនអាកាសចរណ៍ កម្ពុជាអ៊ែរ បួនគ្រឿង បានត្រៀមរៀបចំសម្រាប់ការជួយដឹកជញ្ជូន។

ប្រជាជនកម្ពុជា កុំរើសអើង និងភ័យខ្លាច អ្នកដំណើរនៃនាវា Westerdam

អញ្ចឹងទេ សូមឯកឧត្តម ស៊ុន ចាន់ថុន និងឯកឧត្តម គួច ចំរើន ជួយផ្ដល់ឱកាសសម្រាប់អ្នក ដែលនៅលើនាវាចុះទៅមុជទឹកសមុទ្រ ទៅមើលកន្លែងកម្សាន្ដនានា ដែលលោកតំណាងខាងសហរដ្ឋអាមេរិកបានលើកសំណើអម្បាញ់មិញ។ ខ្ញុំបានឆ្លើយតបរួចហើយ។ អនុញ្ញាតឱ្យពួកគាត់បានចុះទៅលេងកម្សាន្ដ ហើយប្រជាពលរដ្ឋនៅតាមសណ្ឋាគារ ភោជនីយដ្ឋាន ក្នុងខេត្តព្រះសីហនុ មិនត្រូវរើសអើង និងមិនត្រូវភ័យខ្លាចពីរឿងនេះទេ។ បើសិនជាមានការឆ្លងណាមួយ គឺឆ្លងចំពោះខ្ញុំតែម្ដង។

ដូច្នេះខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ប្រជាជនកម្ពុជានឹងយកការទទួលខុសត្រូវមួយ ក្នុងឋានៈជាអ្នកចូលរួមចំណែកដើម្បីលើកស្ទួយដល់សិទ្ធិរស់រានមានជីវិត សិទ្ធិដើរហើរដោយសេរី និងសិទ្ធិមិនត្រូវបានគេរើសអើង។ សម្រាប់ពីព្រលានយន្ដហោះកងកេង ទៅកាន់ព្រលានយន្ដហោះទីក្រុងភ្នំពេញ យប់មិញខ្ញុំក៏បានសួរបញ្ជាក់រដ្ឋមន្ដ្រីទទួលបន្ទុករដ្ឋលេខាធិការ(ដ្ឋាន) អាកាសចរណស៊ីវិល ក៏បានរៀបចំទីកន្លែងបានល្អហើយដែរ។ សូមបងប្អូននៅទីនោះ កុំមានការភ័យខ្លាចអំពីការដែលត្រូវឆ្លងជំងឺនេះ ឬជំងឺនោះ។ បញ្ហាដែលខ្ញុំបញ្ជាក់ហើយបញ្ជាក់ទៀត យើងប្រុងប្រយ័ត្នគឺចេះតែប្រុងប្រយ័ត្ន ក៏ប៉ុន្ដែ មិនត្រូវហួសជ្រុល រហូតទៅដល់ការតក់ស្លុតហើយរហូតដល់មានការរើសអើង ចំពោះអ្នកធ្វើដំណើរនោះទេ។

កម្ពុជា គ្មានទ្រព្យសម្បត្តិច្រើន តែមានទឹកចិត្តមិនខ្វះ

សូមបងប្អូនយល់ឱ្យបានច្បាស់អំពីអ្វីដែលជាការទទួលខុសត្រូវខាងសីលធម៌ និងកិច្ចការមនុស្សធម៌របស់យើង ដែលយើងត្រូវរួមចំណែកហើយនៅទីនេះ។ យើងពុំមានទ្រព្យសម្បតិ្ដច្រើនដូចប្រទេសអ្នកមានទេ ប៉ុន្ដែ យើងមានទឹកចិត្តដើម្បីជួយស្រោច ស្រង់ដល់អ្នកដែលជាប់នៅលើនាវានេះ។ ប្រសិនបើយើងស្ថិតនៅនាវានេះដូចអ្នកទាំងនេះ តើយើងមានអារម្មណ៍ក្ដុកក្ដួលយ៉ាងណា នៅពេលដែលទៅដល់កន្លែងមួយ គេបដិសេធ ទៅដល់កន្លែងមួយ គេបដិសេធ។ នេះជារឿងអកុសល។ ខ្ញុំគិតថាឥរិយាបថបែបនេះ មិនគួរត្រូវបានស្វាគមន៍ទេ។

ខ្ញុំគាំទ្រជាមួយនឹងសេចក្ដីថ្លែងការណ៍របស់អគ្គនាយកនៃអង្គការសុខភាពពិភពលោក ដែលថាពេលនេះជាពេលដែលត្រូវរួមសាមគ្គីគ្នា ដោះស្រាយបញ្ហា។ ដូច្នេះ កម្ពុជានឹងបន្ដចូលរួមជាមួយសហគមន៍អន្ដរជាតិ ដើម្បីដោះស្រាយបញ្ហាទាំងឡាយ ដែលខ្លួនអាចធ្វើទៅបាន ដូចជាករណីនេះ វាមិនទៅហួសពីសមត្ថភាពរបស់កម្ពុជាទេ។ កម្ពុជាអាចធ្វើបាន។ អញ្ចឹងទេ សូមស្វាគមន៍បងប្អូន ដែលចង់ចុះលេងនៅទីក្រុងព្រះសីហនុ។ Welcome to Cambodia។ (ស្នូរទះដៃ)

លទ្ធផលការធ្វើតេស្តន៍ គ្មាននរណាម្នាក់លើនាវាមានជំងឺ, សង្ឃឹម ថ្ងៃក្រោយ នាវានេះនឹងចូលមកកម្ពុជាជាថ្មីម្ដងទៀត

ខ្ញុំសូមយកឱកាសបញ្ជាក់ជូនថា ម្សិលមិញ យើងប្រើនូវរបៀបចាត់ការរហ័ស តាមរយៈការយកសំណាកអ្នកដែលមានសង្ស័យថា មានវីរុស ដោយប្រើឧទ្ធម្ភាគចក្រដើម្បីដឹកពីទីនេះទៅវិទ្យាស្ថាន Pasteur នៅឯទីក្រុងភ្នំពេញ។ ២០ នាក់ដែលសង្ស័យ ហើយយកទៅដាក់ទុកក្នុងបន្ទប់ដោយឡែកនោះ មិន បានរកឃើញនូវសញ្ញាណាមួយ ដែលថាកើតវីរុសដែលជាជំងឺឆ្លង ដែលមុននេះគឺហៅថា novel corona ឥឡូវនេះគេហៅ CoViD-19 នោះទេ។ សូមកុំបារម្ភឱ្យសោះ ពីការឆ្លងរីករាលដាលបន្ថែមទៀត។ សូមប្រជាជនកម្ពុជា រក្សានូវសេចក្ដី ថ្លៃថ្នូរ និងទទួលរាក់ទាក់ចំពោះភ្ញៀវ ដែលបានមកកាន់ទឹកដីរបស់យើង បន្ទាប់ពីភាពភ័យខ្លាចនៅក្នុងសមុទ្រ។

ប្រសិនបើអ្នកទាំងនេះចេញពីការភ័យខ្លាចនៅក្នុងដែនទឹក មកជួបការភ័យខ្លាចនៅក្នុងដែនគោក ខ្ញុំគិតថា កម្ពុជាមិនមានមោទនភាពជាជនជាតិកម្ពុជា ដែលមានការទទួលខុសត្រូវខាងផ្នែកសីលធម៌ និងមនុស្សធម៌នោះទេ។ សង្ឃឹមថា ប្រជាពលរដ្ឋរបស់យើងនឹងមានការយោគយល់។ សង្ឃឹមថា ថ្ងៃក្រោយនាវានេះនឹងចូលមកកម្ពុជាជាថ្មីម្ដងទៀត យើងនឹងស្វាគមន៍។ (ស្នូរទះដៃ)

ទទួលខុសត្រូវពីសុវត្ថិភាព និងការស្នាក់អាស្រ័យ លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា

អរគុណចំពោះអង្គការសុខភាពពិភពលោក អរគុណចំពោះបណ្ដាស្ថានទូតនានា ដែលបានទុកចិត្តចំពោះកម្ពុជា ហើយបានចូលចតនៅកម្ពុជា។ កម្ពុជានឹងទទួលខុសត្រូវគ្រប់បែប យ៉ាងទៅលើសុវត្ថិភាពអ្នកទាំងអស់ ដែលទាក់ទងនឹងការស្នាក់អាស្រ័យទៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ឥឡូវនេះ ការចាកចេញនឹងអាចត្រូវពន្យារពេល អាស្រ័យទៅលើអ្នកដែលមានសំបុត្រយន្តហោះ។ អញ្ចឹងអាចនឹងស្ថិតនៅទីនេះក្នុងរយៈពេល ៥ ថ្ងៃ ឬ ៦ ថ្ងៃ ឬ ៧ ថ្ងៃ តែខ្ញុំអាចបញ្ជាក់បានថា បើទោះបីស្នាក់នៅ ១ ខែ ក៏កម្ពុជាអត់មានយកសេវាអ្វីទាំងអស់។ យើងអត់ត្រូវការប្រាក់កាសទេ។ យើងត្រូវការនូវការផ្តល់នូវសមានចិត្តជួយឧបត្ថម្ភនាវានេះ ដើម្បីនាវានេះដោះស្រាយបាននូវបញ្ហាមនុស្ស ដែលជាប់នៅទីនេះ (អាច)វិលត្រឡប់ទៅប្រទេសរៀងៗ ខ្លួនវិញប្រកបដោយសុវត្ថិភាព។ ជូនពរចំពោះអ្នកទាំងអស់គ្នាសូមទទួលបានជោគជ័យ និងរីករាយក្នុងការស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

Thank You Very Much!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ