ផ្លូវជាតិលេខ ២ និងលេខ ២២ សំខាន់ដល់ដំណើរការអភិវឌ្ឍន៍ទិសខាងត្បូង
សុខសប្បាយទេទាំងអស់គ្នា? ច្បាស់ជាសុខសប្បាយហើយបានមុខញញឹមពព្រាយ ហើយថ្ងៃនេះមេឃមិនសូវក្ដៅផង ត្រជាក់ស្រួលខ្លួន។ អ្នកណាទើបតែចូលរោងការហើយថ្មីៗ អ្នកដែលត្រៀមរៀបការមានប៉ុន្មាននាក់? លើកដៃបន្តិចមើល? … ឯកឧត្តម Park Heung Kyeong អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី បង ប្អូនជនរួមជាតិជាទីគោរពនឹករលឹកពីខ្ញុំ។ ថ្ងៃនេះ ខ្ញុំពិតជាមានការីករាយដែលបានមកចូលក្នុងពិធីបើកការដ្ឋាន ដើម្បីស្ថាបនាផ្លូវឡើងវិញ នូវផ្លូវជាតិលេខ ២ និងផ្លូវជាតិលេខ ២២ ដែលតភ្ជាប់ខេត្តកណ្ដាល ខេត្តតាកែវ តម្រង់ឆ្ពោះទៅរកព្រំដែនវៀតណាមម្ខាង ដែលម្ខាងទៀតតភ្ជាប់ជាមួយនឹងផ្លូវជាតិលេខ ៣ ដើម្បីតភ្ជាប់ទៅកាន់ខេត្តកំពត និងទៅតាមច្រកផ្លូវជាតិលេខ ៣៣ ដែលទៅតភ្ជាប់ជាមួយនឹងវៀតណាម នៅឯព្រំដែនកំពត និងវៀតណាម។
កាលពីឆ្នាំទៅ នៅតំបន់នេះ យើងបើកការដ្ឋានដើម្បីស្ថាបនាផ្លូវខ្សែក្រវាត់ក្រុងទី ៣ ប្រហែលជាពេលនោះក្នុងខែមករា …ថ្ងៃនេះយើងបើកការដ្ឋានសាងសង់នូវកំណាត់ផ្លូវជាតិមួយខ្សែ ដែលមានសារៈសំខាន់សម្រាប់ដំណើរការ នៃការអភិវឌ្ឍទិសខាងត្បូងនៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំបានស្ដាប់ដោយយកចិត្តទុកដាក់ពីរបាយការណ៍របស់ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទៅលើបញ្ហាទាក់ទងជាមួយបច្ចេកទេស ក៏ដូចជាបញ្ហាទាក់ទងជាមួយនឹងថវិកា ដើម្បីអនុវត្តគម្រោងនេះ។ ខ្ញុំបានស្ដាប់ដោយយកចិត្តទុកដាក់ អំពីការលើកឡើងរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ដែលបានឡើងថ្លែងអម្បាញ់មិញ ទាក់ទងនឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការកើនឡើងនៃទំហំពាណិជ្ជកម្មរបស់ប្រទេសយើងទាំងពីរ។
៣០ ខែខាងមុខ ការសាងសង់ផ្លូវនឹងរួចរាល់
កាលពីសប្ដាហ៍មុននេះ ខ្ញុំមានឱកាសទៅសាធារណរដ្ឋកូរ៉េ បើទោះបីជាខ្ញុំមិនមែនទស្សនកិច្ចផ្លូវការ ឬទស្សនកិច្ចការងារក៏ដោយចុះ ក៏ប៉ុន្តែប្រធានាធិបតីកូរ៉េ មូន ជេអ៊ីន ក៏ដូចជានាយករដ្ឋមន្រ្តីកូរ៉េ បានទទួលឱ្យខ្ញុំបានពិភាក្សាការងារក្នុងក្របខណ្ឌទំនាក់ទំនងទ្វេភាគី ក៏ដូចជាបញ្ហាអន្តរជាតិ ដែលភាគីទាំងពីរយកចិត្តទុកដាក់។ ខ្ញុំបានប្រាប់ទៅឯកឧត្តមប្រធានាធិបតី មូន ជេអ៊ីន របស់សាធារណរដ្ឋកូរ៉េថា ពេលត្រឡប់មកកម្ពុជាវិញ ខ្ញុំនឹងរួមជាមួយឯកអគ្គរដ្ឋទូតកូរ៉េ ដើម្បីធ្វើពិធីបើកការដ្ឋានស្ថាបនាផ្លូវជាតិលេខ ២ និងផ្លូវជាតិលេខ ២២ ដែលមានការតភ្ជាប់រវាងខេត្តកណ្ដាល តាកែវ ហើយតម្រង់ឆ្ពោះទៅកាន់ខេត្តកំពត ដែលជារបៀងភាគត្បូងរបស់កម្ពុជា។ ថ្ងៃនេះ យើងជួបជុំគ្នានៅទីនេះ ដើម្បីរួមគ្នាអបអរសាទរ ជាមួយសមិទ្ធផលដែលបានកើតឡើង … ហើយ ៣០ ខែខាងមុខផ្លូវនេះនឹងរួចរាល់ ដែលផ្ដល់លទ្ធភាពឱ្យប្រជាពលរដ្ឋរបស់យើង បានប្រើប្រាស់ហើយសម្រួលដល់អ្នកដែលរស់នៅ ឬទទួលផលប្រយោជន៍ពីផ្លូវនេះទាំងអស់ វាជាផ្នែកមួយនៃការរីកលូតលាស់របស់ប្រទេសយើងផងដែរ។
ហិរញ្ញប្បទានសាធារណរដ្ឋកូរ៉េ ដល់ការអភិវឌ្ឍកម្ពុជា
ខ្ញុំសូមយកឱកាសនេះ តាមរយៈឯកឧត្តមអគ្គរដ្ឋទូត ផ្ញើជូននូវការអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលជានិច្ចកាលតែងផ្ដល់ជំនួយការឧបត្ថមគាំទ្រសម្រាប់ការអភិវឌ្ឍកម្ពុជា។ វាមិនមែនគ្រាន់តែបញ្ហាផ្លូវជាតិលេខ ២ នេះទេ ផ្លូវជាតិលេខ ២១ បាន និងកំពុងសាងសង់ ហើយប្រុងប្រៀបដាក់ឱ្យដំណើរការ ដែលតភ្ជាប់រវាងទីរួមខេត្តកណ្ដាល តភ្ជាប់ទៅដល់ជ្រៃធំ ព្រំដែនកម្ពុជាវៀតណាម។ ហើយមានផ្លូវមួយខ្សែទៀត ដែលត្រូវប្រើដោយហិរញ្ញប្បទាន នៃសាធារណរដ្ឋកូរ៉េ គឺផ្លូវជាតិលេខ ៤៨ ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៤ ទៅកាន់ខេត្តកោះកុង។ នេះគ្រាន់តែជាការរៀបរាប់ដោយត្រួសៗអំពីសមិទ្ធផល ដែលទាក់ទងជាមួយនឹងជំនួយ និងហិរញ្ញប្បទាន ដែលទទួលពីសាធារណរដ្ឋកូរ៉េ។
ឆ្នាំ១៩៩៧ ប្រកាសអាទិភាព ៤ ទឹក ផ្លូវ ភ្លើង មនុស្ស ត្រូវមក ៣៣ ឆ្នាំហើយ
អនុញ្ញាតឱ្យខ្ញុំយកឱកាសនេះ ដើម្បីបញ្ជាក់ជូនទាក់ទិនទស្សនៈវិស័យលើបញ្ហាផ្លូវថ្នល់។ បញ្ហាផ្លូវថ្នល់មិនមែនជាបញ្ហាថ្មីថ្មោង ដែលខ្លួនខ្ញុំក៏ដូចជាសហការី ដែលនៅក្នុងរដ្ឋាភិបាលតាំងពីសាធារណរដ្ឋប្រជាមានិតកម្ពុជា រដ្ឋកម្ពុជា រហូតមកដល់ព្រះរាជាណាចក្រកម្ពុជា ខ្លួនខ្ញុំមិនដែលផ្លាស់នូវគោលដៅនោះទេ។ ឆ្នាំ១៩៩៧ គឺ ៣៣ ឆ្នាំមុន ខ្ញុំបានប្រកាសអំពីអាទិភាព ៤ យ៉ាង ដែលកម្ពុជាត្រូវផ្ដល់អាទិភាពសម្រាប់ការវិនិយោគ នោះគឺលើកឡើងអំពី ទឹក ផ្លូវ ភ្លើង មនុស្ស។ អាទិភាពទាំង ៤ នេះ គឺជាអាទិភាពគន្លឹះ នៃការដោះស្រាយបញ្ហា និងទទួលបាននូវការយកចិត្តទុកដាក់វិនិយោគ។
ពិតមែនហើយចាប់តាំងពីឆ្នាំ ២០១៣ រហូតមកដល់ពេលនេះ យើងគ្រាន់តែបានផ្លាស់ប្ដូរមុំរបស់វាតែប៉ុណ្ណោះ គឺយកអាទិភាពបណ្ដុះបណ្ដាលធនធានមនុស្ស ទៅជាអាទិភាពទីមួយ និងបន្តទៅទៀតយើងបានរៀបរាប់គឺ មនុស្ស ទឹក ផ្លូវ ភ្លើង វានូវតែគ្របដណ្ដប់ទិដ្ឋភាពនៃការយកចិត្តទុកដាក់ដដែល។ បញ្ហាការកសាងផ្លូវចំណោទដែលត្រូវសួរ តាំងពីពេលមុនដែលដាក់ចេញនូវអាទិភាព នៃគោលនយោបាយរបស់រដ្ឋាភិបាលកាលពីដំណាក់កាលនោះ។
យើងបានដាក់ចេញជាសំណួរថា៖ តើគួរទិញឡាន ឬគួរធ្វើផ្លូវ? បើមានរថយន្តល្អ ក៏ប៉ុន្តែផ្លូវមិនល្អ ដូចថា រថយន្ត ឬម៉ូតូរបស់យើង ត្រូវប្រើបាន ៥ ឆ្នាំ ក៏ប៉ុន្តែត្រឹមតែ ២ ឆ្នាំគឺរថយន្តត្រូវខូចហើយ។ ដូច្នេះបានជាពេលនោះ បើទោះបីជាយើងក្រ យើងជួបការលំបាក យើងគ្មានលទ្ធភាព ក៏ប៉ុន្តែយើងនូវតែដាក់ចេញគោលដៅនេះ ហើយបើនិយាយពីគោលដៅទាំង ៤ នេះ វាត្រូវក្នុងរយៈពេល ៣៣ ឆ្នាំរួចមកហើយ។ ខ្ញុំគិតថា វានឹងត្រូវរយៈពេល ៣០ ឆ្នាំឬ ១០០ ឆ្នាំខាងមុខថែមទៀតផង។ នេះមិនមែនជាបញ្ហានិយាយបញ្ចើចបញ្ចើ ឬអង្គុយលើចង្អេរលើកខ្លួនឯងទេ ក៏ប៉ុន្តែមើលលំដាប់នៃអាទិភាព ដែលកម្ពុជាត្រូវយកចិត្តទុកដាក់ ហើយរឿងនេះត្រូវបន្តទាក់ទងជាមួយនឹងការធ្វើបន្តទៅទៀត។
សមាហរណកម្មនយោបាយ រដ្ឋបាល និងការតភ្ជាប់
នៅពេលដែលធ្វើសមាហរណកម្មបន្ទាប់ពីនយោបាយឈ្នះឈ្នះ ដែលខ្លួនខ្ញុំបានដឹកនាំ និងអនុវត្តកិច្ចការនេះ ដែលមានការចូលរួមពីគ្រប់ស្រទាប់ ពីគ្រប់មជ្ឈដ្ឋាន ដើម្បីនាំមកនូវសន្តិភាពសម្រាប់កម្ពុជា។ ពេលនោះ ខ្លួនខ្ញុំបាននិយាយយ៉ាងច្បាស់ទៅកាន់សហការីរបស់ខ្ញុំថា ការតភ្ជាប់ខាងនយោបាយ និងរដ្ឋបាលវាមិនគ្រប់គ្រាន់ទេ ក៏ប៉ុន្តែការតភ្ជាប់ត្រូវតែធ្វើជារូបវន្ត ហើយសំដៅសំខាន់គឺការតភ្ជាប់ខាងផ្លូវនេះតែម្ដង។ ដូច្នេះហើយបានជាឃើញថា ឥឡូវនេះផ្លូវលេខ ៥៧ ដែលតភ្ជាប់រវាងខេត្តបាត់ដំបង ទៅប៉ៃលិន។ ប៉ុន្តែមុននឹងកើតផ្លូវលេខ ៦៧ (តភ្ជាប់ទៅអន្លង់វែង) គឺវិស្វកម្មរបស់អគ្គបញ្ជាការកងទ័ព ត្រូវរុលព្រៃធ្វើផ្លូវ … ជំងឺគ្រុនចាញ់នៅពេលនោះកើតលើកងវិស្វកម្មធ្វើផ្លូវ។ យើងខិតខំតភ្ជាប់ផ្លូវពីខេត្តបាត់ដំបង ទៅកាន់ខេត្តប៉ៃលិន និងទៅកាន់តំបន់ដទៃទៀតនៅទូទាំងប្រទេស។ រាប់ទាំងពីពេលមុននេះ គឺការធ្វើដំណើរទៅរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង គឺត្រូវធ្វើដំណើរវែងឆ្ងាយខ្លាំងណាស់ រហូតទៅដល់គេប្រើពាក្យថា មណ្ឌលគិរី ដីស្អិតចិត្តមិនចង់ទៅ ហើយបើទៅហើយគឺមិនចង់មកវិញ។ មិនមែនមានន័យថា អ្នកដែលទៅទីនោះ បែរជាទៅមានប្រពន្ធចុងនៅទីនោះ ហើយមិនព្រមមកវិញទេ ក៏ប៉ុន្តែ ផ្លូវវាពិបាកពេក ត្រូវដេកព្រៃតែម្ដង។ បើអ្នកកោះកុងវិញគឺត្រូវធ្វើដំណើរពីផ្លូវជាតិលេខ ៤ ត្រូវឆ្លងកាត់ការធ្វើដំណើរដ៏លំបាក ហើយត្រូវឆ្លងស្ពានប៉ុន្មានឯណោះ ដែលគ្មានស្ពានឆ្លង និងមួយផ្នែកទៀត គឺធ្វើដំណើរតាមផ្លូវទឹក ត្រូវធ្វើដំណើរពីស្រែអំបិល ទៅកាន់ទីរួមខេត្តកោះកុង ត្រូវធ្វើដំណើរមួយយប់ ឬលើសពីនោះ ប្រសិនបើមានភ្លៀងផ្គរថែមទៀត។
ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាការបែងចែកផ្លែផ្កា នៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌
អញ្ចឹងទេ ការអនុវត្តបណ្ដាញផ្លូវថ្នល់ ដើម្បីតភ្ជាប់ ហើយតភ្ជាប់របស់យើងមិនមែនគ្រាន់តែជាការតភ្ជាប់ផ្ទៃក្នុងទេ ក៏ប៉ុន្តែយើងត្រូវតភ្ជាប់ជាមួយនឹងប្រទេសជិតខាង ដូចជាថ្ងៃនេះ មិត្តកូរ៉េបានជួយតភ្ជាប់យើងជាមួយនឹងសាធារណរដ្ឋសង្គមនិយមវៀតណាម គឺតាមរយៈផ្លូវជាតិលេខ ២ នេះ តម្រង់ឆ្ពោះទៅទីរួមខេត្ត រួចចេញទៅព្រំដែនភ្នំដិន ដែលវាជាការបង្កើតនូវការសម្រួលពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ គឺកម្ពុជា-វៀតណាម។ ប៉ុន្តែមិនត្រូវភ្លេចថា ផ្លូវនេះក៏មានខ្នែងរបស់វាមួយគឺផ្លូវជាតិលេខ ២២ តភ្ជាប់ទៅផ្លូវជាតិលេខ ៣ ហើយតភ្ជាប់ទៅផ្លូវជាតិលេខ ៣៣ និងទៅច្រកទ្វារព្រំដែនព្រែកចាកឯណោះ ដើម្បីតភ្ជាប់សម្រួលឱ្យយើងដោះស្រាយទំនាក់ទំនងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ គឺកម្ពុជា/វៀតណាម ដែលមានទំហំពាណិជ្ជកម្ម ប្រមាណជាង ៥ ពាន់លាន ដុល្លារសហរដ្ឋអាមេរិក …។
យើងត្រូវធ្វើការតភ្ជាប់ជាមួយប្រទេសជិតខាងទាំងអស់។ ហើយរឿងដែលល្អនៅត្រង់ថា ការបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ច។ វាល្អបំផុត គឺយកថវិកាដែលបានមកពីកំណើនសេដ្ឋកិច្ច បានមកពីការបង់ពន្ធ បានមកពីការខ្ចីបុល ឬជំនួយបរទេស យកមកកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបម្រើឱ្យប្រជាជនទូទៅ ដូចជា៖ ការកសាងផ្លូវថ្នល់ ការកសាងប្រឡាយទឹក ការកសាងមន្ទីរពេទ្យ ការកសាងសាលារៀន សុទ្ធតែត្រូវអាទិភាព។ នោះហើយដែលប្រពាក្យថា “បែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចប្រកបដោយសមធម៌” វាមិនចាំបាច់ថា ត្រូវយកប្រាក់ចំណូលរបស់រដ្ឋយកមកប្រើប្រាស់នៅក្នុងការចែកជូនប្រជាពលរដ្ឋនោះទេ។ ប៉ុន្តែ រដ្ឋទទួលបាននូវប្រាក់ចំណូល រដ្ឋត្រូវយកមកបំពេញ សម្រាប់ការធ្វើហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាជន។
កម្ពុជារួមចំណែកថវិកាបដិភាគ ១៩.១៦០.០០០ ដុល្លារ ដល់ការចំណាយធ្វើស្ពាន
ដូចជានៅទីនេះ ផ្លូវដែលយើងបាននឹងកំពុងបើកការដ្ឋាននៅពេលនេះ មានប្រវែង ៧២ គីឡូម៉ែត្រ និយាយលេខគត់ ដែលក្នុងនោះ គឺមានផ្លូវលេខ ២ គឺចំនួន ៦២,៥៦ គីឡូម៉ែត្រ និងផ្លូវជាតិលេខ ២២ (ចំនួន) ៩,៦១ គីឡូម៉ែត្រ យើងត្រូវចំណាយប្រាក់ ដែលជាហិរញ្ញប្បទានដោយសាធារណរដ្ឋកូរ៉េ មានចំនួន ៥៦.១០០.០០០ ដុល្លារ(សហរដ្ឋអាមេរិក)។ ប៉ុន្តែ ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលមានទំហំចំនួន ១៩.១៦០.០០០ ដុល្លារ(សហរដ្ឋអាមេរិក)។ ប៉ុន្តែ យើងចេញសាច់ប្រាក់ ដើម្បីដោះស្រាយផលប៉ះពាល់ ចំនួន ១១.១៦០.០០០ ដុល្លារ(សហរដ្ឋអាមេរិក) ឯក្រៅពីនោះពន្ធ ១២% ស្មើនឹង ៨ លាន(ដុល្លារសហរដ្ឋអាមេរិក) យើងអត់ចេញសាច់ប្រាក់ទេ។ យើងលើកលែងពន្ធ។ នេះជាដំណើរធម្មតា។ ប៉ុន្តែ បើយើងគ្មានសាច់ប្រាក់ជាង ១១ លាន(ដុល្លារ) ដើម្បីដោះស្រាយផលប៉ះពាល់ទេ ពិតណាស់ ផ្លូវនេះមិនអាចកសាងបានទេ។ ខ្ញុំតែងតែរំលឹកហើយរំលឹកទៀតថា ដើម្បីអនុវត្តនូវគម្រោងការបាន បើទោះបីជាជំនួយឥតសំណង ឬក៏ហិរញ្ញប្បទាន ដែលហៅថា ការខ្ចីបុលពីខាងក្រៅដោយអត្រាការប្រាក់ទាប ក៏យើងនៅតែត្រូវការថវិការបស់យើង ដើម្បីបញ្ចេញយកទៅប្រើប្រាស់ ជាការដោះមីន ជាការដោះស្រាយផលប៉ះពាល់ទៅលើដីធ្លីរបស់ប្រជាពលរដ្ឋ។
រាល់ការសាងសង់នៅកម្ពុជា ត្រូវចំណាយលើរកមីន និងគ្រាប់មិនទាន់ផ្ទុះ
នៅកម្ពុជា រាល់ការសាងនៅគ្រប់ទីកន្លែងទាំងអស់ ត្រូវចំណាយខ្ពស់ជាងប្រទេសដទៃ នៅត្រង់ថា ចំណាយខ្ពស់ជាងនោះ កន្លែងណាក៏ត្រូវតែរាវ(រក)មីនដែរ។ មីន និងគ្រាប់មិនទាន់ផ្ទុះ តម្រូវឱ្យយើងធ្វើការ ចំណាយ បើមិនដូច្នោះទេ ការសង្ស័យទៅលើគ្រោះថ្នាក់ដោយសារការមិនយកចិត្តទុកដាក់ទៅលើការដោះស្រាយផលប៉ះពាល់ ដែលបណ្តាលមកពីគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ អាចនាំទៅដល់ការបាត់បង់អាយុជីវិត អ្នកដែលកំពុងធ្វើការសាងសង់ ឬក៏គ្រោះថ្នាក់សម្រាប់ប្រជាពលរដ្ឋតែម្តង។ ដូច្នេះហើយ បានជាយើងតែងយកចិត្តទុកដាក់ទៅលើការដោះស្រាយផលប៉ះពាល់ម្ខាង ប៉ុន្តែ ម្ខាងទៀត ត្រូវតែស្វែងរកឱ្យឃើញនូវគ្រាន់មីន និងគ្រាប់មិនទាន់ផ្ទុះ ដោយសារតែប្រទេសយើងវាធ្លាប់មានសង្គ្រាម បើមានសង្គ្រាម អាគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះតែងតែមាននៅកន្លែងនេះ/នោះ។ ដូច្នេះ តម្រូវឱ្យយើងមានការចំណាយមួយចំនួនបន្ថែមទៀត។
គម្រោងស្ថាបនាផ្លូវជាតិលេខ ២ ត្រូវរង់ចាំយូរ ដោយសារត្រូវកែបច្ចេកទេស
ខ្ញុំពិតជាមានការរីករាយ ដែលថ្ងៃនេះ ការដ្ឋានដែលយើងរង់ចាំយូរ ដូចដែល ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ ផ្លូវនេះយើងរង់ចាំយូរបន្តិច ដោយសារតែមានតម្រូវការខាងពិគ្រោះ និងរកហិរញ្ញប្បទានបន្ថែម។ កាលខ្ញុំទៅសួរសុខទុក្ខនៅខេត្តតាកែវ ខ្ញុំក៏បានលើកអំពីបញ្ហាហ្នឹង ដូចជានៅដើមឆ្នាំ ២០១៨។ ក្រោយការលើកឡើងនេះ ទើបបានទទួលរបាយការណ៍ពី ឯកឧត្តម ស៊ុន ចាន់ថុល ដោយសារយើងត្រូវកែបច្ចេកទេសខ្លះ។ បើបានជាជ្រុលពង្រីកហើយ ពង្រីកឱ្យវាធំ/មាំបណ្តោយ។ អញ្ចឹងទេ តាមរបាយការណ៍ អម្បាញ់មិញនេះ វាមានទៅ/មក ហើយវាមានផ្លូវបើកម៉ូតូសងខាង កុំឱ្យវាគ្រោះថ្នាក់ចរាចរណ៍។ បើមានរបាំងកណ្តាល បើទោះបីថា រេចង្កូតទៅបុកគេខាងនេះ ក៏មកបុកអត់បានដែរ បុករបាំងកណ្តាលហ្នឹងមុនហើយ។
កំហុសទាំងអស់ធ្លាក់មកលើខ្ញុំតែម្នាក់គត់ កំហុសនៅត្រង់ណា? បើសិនខ្ញុំមិនបញ្ចប់សង្គ្រាមទេ មិនដឹកនាំឱ្យមានការអភិវឌ្ឍទេ ប្រហែលជាអ្នកទាំងអស់គ្នាអត់មានម៉ូតូ/ឡានជិះ អត់គ្រោះថ្នាក់ចរាចរណ៍ រឿងវាអញ្ចឹង។ កាលពីទសវត្សរ៍ ៨០ ពេលនោះ ទីក្រុងភ្នំពេញដេកមួយអាទិត្យលើផ្លូវ ក៏គ្មានអ្នកណាមកបុកដែរ ព្រោះវាអត់ឡានបើក។ ឥឡូវ អត់បានទេ ស្ទះចរាចរណ៍ … ពេលខ្លះដោយសារជាប់រវល់ សឹងតែថាយកឧទ្ធម្ភាគចក្រទៅរំដោះខ្ញុំពីកន្លែងស្ទះចរាចរណ៍។ ប៉ុន្តែ ធ្វើម៉េចយើងមិនមែនជាទាហានឡើងឆ័ត្រយោងទៅឧទ្ធម្ភាគចក្រឯណា ហើយឧទ្ធម្ភាគចក្រមិនមែនចេះតែចុះឯណា តែមិនស្រួលទៅទាំងឧទ្ធម្ភាគចក្រហ្នឹងទៅទៀត។
ការចាក់កៅស៊ូមួយស្រទាប់ លែងក្លាយទៅជាអាទិភាព នៃការសាងសង់របស់កម្ពុជាទៀតហើយ។ ផ្លូវនេះ បើតាម ឯកឧត្តម ស៊ុន ចាន់ថុល រាយការណ៍ប្រាប់នៅខាងក្រៅអម្បាញ់មិញ គ្រាន់តែចាក់ប៊ីទូម ១ តឹក ២ ផឹង អញ្ចឹងទេ នៅពេលដែលកសាងរួច ផ្លូវនេះនឹងដំណើរការល្អ ហើយវាជាផ្នែកមួយ នៃការទ្រទ្រង់ឆ្អឹងខ្នង នៃភាគខាងត្បូងរបស់យើងផងដែរ។ សង្ឃឹមថា យើងនឹងបន្តគោលនយោបាយអាទិភាពរបស់យើងបន្តទៀត តាមរយៈការកសាងផ្លូវថ្នល់។
ស្នើប្រធានាធិបតីកូរ៉េ ពិចារណាកសាងស្ពានមិត្តភាពកម្ពុជាកូរ៉េ ពីជ្រោយចង្វារទៅស្វាយជ្រុំ
ខ្ញុំសូមបញ្ជាក់ជូនបន្តិច លើកនេះខ្ញុំនិយាយផ្ទាល់ជាមួយឯកឧត្តម Moon Jae-in តែម្តង។ ខ្ញុំថា ឯកឧត្តម កម្ពុជាមានស្ពានមិត្តភាពជប៉ុន-កម្ពុជាហើយ មានស្ពានមិត្តភាពចិន-កម្ពុជាហើយ ក៏ប៉ុន្តែ វានៅខ្វះស្ពានមិត្តភាពកម្ពុជា-កូរ៉េ។ អញ្ចឹង ខ្ញុំបានស្នើឱ្យប្រធានាធិបតីកូរ៉េ Moon Jae-in ពិចារណាជួយកសាងស្ពាននៅកន្លែងណាមួយ។ បើយើងគ្រោងទុក គឺស្ពានតភ្ជាប់ជ្រោយចង្វារទៅស្វាយជ្រុំរបស់ខេត្តកណ្តាល ។ ប្រធាន KOICA នឹងមកទស្សនកិច្ចនៅចុងខែកុម្ភៈនេះ ពេលនោះ អាចនាំប្រធាន KOICA ទៅមើលតែម្តង ដើម្បីឱ្យគាត់សិក្សា។ ឥឡូវនេះ ត្រើយម្ខាងខាងអរិយក្សត្រវាទៅជាក្រុងរណបមួយដ៏ធំនៅកន្លែងនោះ។ ខាងលើយើងមាន(ស្ពាន)ព្រែកតាមាក់ឆ្លងទៅហើយម្ខាង ប៉ុន្តែ ដែលចំណេញពេល គឺយើងទៅដល់ជ្រោយចង្វារហើយ ឆ្លងស្ពានមួយតទៀតទៅស្វាយជ្រុំ/អរិយក្សត្រ។ យើងមានការចាំបាច់កំពុងសិក្សាទៅលើគម្រោង យើងនឹងមានផ្លូវស្ពានមួយខ្សែទៀតពីក្តីតាកុយ ផ្លូវជាតិលេខ ១ ទៅត្រើយម្ខាងទៀត ព្រោះត្រូវរង់ចាំម្ខាងឆ្លងស្ពានព្រែកតាមាក់ វាយូរណាស់។ ហើយម្ខាងទៀតទៅឆ្លងនៅស្ពានអ្នកលឿង ហើយបានធ្វើដំណើរឡើងមកវិញ វាយូរណាស់។
សព្វថ្ងៃនេះ ប្រជាពលរដ្ឋរបស់យើងមួយចំនួននៅឆ្លងទូកដ រវាងភ្នំពេញ និងអរិយក្សត្រនៅឡើយទេ។ អញ្ចឹងទេ យើងចង់បញ្ចប់ស្ថានភាពនៅក្បែរក្រុងៗរបស់យើង មិនចាំបាច់មានសាឡាង ឬទូកដថែមទៀតទេ។ អញ្ចឹងទេ បានជាសុំចិត្តថា ជីវិតអ្នករត់ទូកដបានបញ្ចប់ជាបណ្តើរៗ … ពីមុនយើងឆ្លងសាឡាងនៅទន្លេបិទ យើងឆ្លងសាឡាងអ្នកលឿង ឥឡូវ យើងកំពុងតែឆ្លងសាឡាង រវាងក្រូចឆ្មារ ជាមួយនឹងស្ទឹងត្រង់។ ប៉ុន្តែ បន្តិចទៀតស្ពានដែលធ្វើ ហើយនោះ គឺបញ្ចប់ការឆ្លងសាឡាងនៅតំបន់នោះទៀតហើយ។
តាមការសិក្សា ស្ពានឆ្លងមេគង្គ ជ្រោយចង្វារទៅស្វាយជ្រុំ មានតម្លៃ ៤០-៥០ លានដុល្លារ
ត្រូវបញ្ជូនអាសាឡាងហ្នឹងមកជួយ ជ្រុមជ្រែងនៅភ្នំពេញ-អរិយក្សត្រ។ ប៉ុន្តែ បើសិនបានស្ពានមួយខ្សែហ្នឹង អស់ទាស់ហើយកម្ពុជា។ ឯកឧត្តម(អគ្គរដ្ឋទូត) ជួយនិយាយប្រធានាធិបតី។ បើយោងទៅលើការសិក្សា តម្លៃស្ពាននេះ ប្រហែលជាត្រឹម ៤០-៥០ លានដុល្លារ (សហរដ្ឋអាមេរិក) នោះទេ។ ប៉ុន្តែ ក្នុង ៤០-៥០ លានដុល្លារ (សហរដ្ឋអាមេរិក)នេះ បើគិតពីកញ្ចប់ថវិកាដែលកូរ៉េត្រៀមឱ្យយើង ២០១៩-២០២៣ មានដល់ទៅ ៧០០ លានដុល្លារ (សហរដ្ឋអាមេរិក) ឯណោះ។ អញ្ចឹង បេះហែកយក ៤០ ឬ ៥០ លានដុល្លារ (សហរដ្ឋអាមេរិក) កសាងស្ពានហ្នឹងវាមិនហើយ? អាហ្នឹងយើងគិតតាមមួយបែប។ ប៉ុន្តែ បញ្ហានេះ មិនចំណុះលើកូរ៉េទាំងស្រុងទេ។ គេខ្ចប់ឥណទានឱ្យយើងចំនួន ៧០០ លានដុល្លារ (សហរដ្ឋអាមេរិក) ពីឆ្នាំ ២០១៩-២០២៣ អញ្ចឹង វាចំណុះទៅលើការផ្តល់អាទិភាពរបស់យើង ដើម្បីស្នើសុំឱ្យបែងចែកថវិកា នៃឥណទាន ដែលបានផ្តល់ឱ្យកម្ពុជានេះ សម្រាប់គម្រោងស្ពានហ្នឹងតែម្តង។
បន្តនយោបាយអាទិភាពលើហេដ្ឋារចនាសម្ព័ន្ធ
យើងពិនិត្យមើល តើយើងអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងណាទៅ ប្រសិនបើយើងផលិតបានហើយគ្មានផ្លូវដឹកជញ្ជូន។ ផលិតបានហើយ តែការដឹកជញ្ជូនវាថ្លៃពេក។ តើយើងនឹងដោះស្រាយបែបណា ដើម្បីសម្រួលទៅដល់ជីវភាពរបស់ប្រជាជន? ការធ្វើដំណើរ ពេលដែលមានផ្លូវលំបាក ប្រជាជនត្រូវប្រើប្រាស់ថវិកា៖ ឧទាហរណ៍ថា ម៉ូតូឌុប ឬរ៉ឺម៉ក ឬកាត់ស៊ីគេយក ៣ ម៉ឺនរៀល និងចំណាយពេលវេលាដល់ទៅ ១ ម៉ោង ប៉ុន្តែ នៅពេលដែលមានផ្លូវល្អគេយកត្រឹមតែ ២ ម៉ឺនរៀល និងចំណាយពេលតែកន្លះម៉ោង តើយើងចំណេញបានពេលប៉ុន្មានទៅ? ក្នុងមួយថ្ងៃៗ ពលរដ្ឋកម្ពុជាទទួលបានផលប្រយោជន៍ពីការវិនិយោគរបស់រាជរដ្ឋាភិបាលច្រើនណាស់ កាត់បន្ថយពេលវេលាសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការធ្វើដំណើររបស់សិស្ស និស្សិត ការចំណាយសម្រាប់ការធ្វើដំណើរ រាប់ទាំងរថយន្តដែលធ្វើដំណើរដោយផ្ទាល់ខ្លួន។
ពីដើមធ្លាប់ប្រើប្រាស់ប្រេងអស់ ៥ លីត្រ ទើបធ្វើដំណើរបាន ៥០ គីឡូម៉ែត្រ ដោយសារតែផ្លូវវាលំបាក ប៉ុន្តែ នៅពេលដែលផ្លូវស្រួលប្រើប្រាស់ប្រេងត្រឹមតែ ៣ លីត្រ គឺមានន័យថា រាជរដ្ឋាភិបាលបានផ្តល់ឱ្យប្រជាជននូវការធ្វើដំណើរម្តងសាំង ២ លីត្រ ឬរាជរដ្ឋាភិបាលផ្តល់ឱ្យប្រជាពលដ្ឋនូវការធ្វើដំណើរម្តងចំណេញប្រាក់ ១ ម៉ឺនរៀល និងចំណេញពេលវេលាក្នុងកន្លះម៉ោង។ គិតមើលទៅ។ ប្រជាជន ១៦ លាននាក់ ថាធ្វើដំណើរ យើងមិនគិតពីកូនក្មេងទេ គិតថា ១២ លាននាក់ ដែលមានតម្រូវការធ្វើដំណើរសុទ្ធតែមានចំណែកនៃការផ្តល់ឱ្យពីសំណាក់រាជរដ្ឋាភិបាល។ នេះវាជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល ប៉ុន្តែរដ្ឋាភិបាលវាមិនដូចគ្នាទេ … និយាយរួមថា មនុស្សខ្លះយកចិត្តទុកដាក់លើអានេះ មនុស្សខ្លះយកចិត្តទុកដាក់លើអានោះ សម្រាប់យើង យើងយកចិត្តទុកដាក់ទៅលើសន្តិភាព និងការអភិវឌ្ឍ នេះវាការយកចិត្តទុកដាក់របស់យើង។ ការអភិវឌ្ឍយើងបានដឹងហើយ វិស័យ ៤ អាទិភាព ៤ នៅតែជាវិស័យគន្លឹះ មនុស្ស ទឹក ផ្លូវ ភ្លើង …។
ខែ មីនា សម្ពោធផ្លូវជាតិលេខ ៥៨ និង ៥៥ ព្រមទាំងបើកការដ្ឋានផ្លូវជាតិលេខ ១០
ផ្លូវនេះ ក្នុងខែកុម្ភៈនេះ ដាក់កម្មវិធីដើម្បីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ២ និងផ្លូវជាតិ ២២ ដល់ទៅខែមីនា នឹងត្រូវទៅសម្ពោធដាក់ឱ្យប្រើប្រាស់នូវផ្លូវជាតិលេខ ៥៨ តភ្ជាប់ពីប៉ោយប៉ែត តាមតំបន់ព្រំដែនកម្ពុជាថៃ ទៅដល់ខេត្តឧត្តរមានជ័យ ដែលហិរញ្ញប្បទានដោយសាធារណរដ្ឋប្រជាមានិតចិន អាហ្នឹង ១ ខ្សែទៅ។ មួយខ្សែទៀតទៅសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវលេខ ៥៥ ដែលតភ្ជាប់ជាមួយនឹងខេត្តពោធិ៍សាត់ ពីទីរួមខេត្តពោធិ៍សាត់ ពីវាលវែង ទៅកាន់ថ្មដារ ព្រំដែនកម្ពុជាថៃ ព្រមគ្នាជាមួយនឹងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ១០ (ផ្លូវថ្មី) គឺតភ្ជាប់រវាងសំឡូត នៃខេត្តបាត់ដំបង តភ្ជាប់មកដល់ថ្មដារ ខេត្តពោធិ៍សាត់ និងចុះមកកោះកុង ដែលជាការតភ្ជាប់មួយសម្រាប់ផលចំណេញរបស់ប្រជាជនកម្ពុជា។
បន្ទាប់ពីផ្លូវនោះស្ថាបនារួចហើយ អ្នកនៅបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ពោធិ៍សាត់ មិនចាំបាច់ធ្វើដំណើរមកទីក្រុងភ្នំពេញ ហើយទើបធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុនោះទេ គឺគេអាចធ្វើដំណើរតាមផ្លូវថ្មីមួយខ្សែនេះ ចេញទៅខេត្តកោះកុង រួចហើយចេញទៅខេត្តព្រះសីហនុតែម្តង ចំណេញចម្ងាយផ្លូវប្រមាណលើសពី ១០០ គីឡូម៉ែត្រឯណោះ ដែលជាផលចំណេញសម្រាប់ប្រជាពលរដ្ឋរបស់យើង។ នេះគឺជាទស្សនទានដែលខ្ញុំនិយាយឡើងវិញទាក់ទងនឹងការតភ្ជាប់ ហើយដែលត្រូវផ្តល់អាទិភាពជាបន្តទៅលើការសាងសង់ផ្លូវ ពង្រីកផ្លូវ និងថែទាំផ្លូវរបស់យើង។
ផ្លូវជាតិលេខ ២ កាត់ក្រុងភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវ
ខេត្តព្រះសីហនុ កំពុងតែកសាងយ៉ាងសកម្ម។ យើងបោះទុនយ៉ាងគំហុកប្រមាណជា ៣០០ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីកសាងឡើងវិញផ្លូវថ្នល់ទាំងអស់នៅក្នុងទីរួមខេត្តព្រះសីហនុ និងការតភ្ជាប់នៅតំបន់ជុំវិញនោះ ដែលអាចផ្តល់ឱ្យខេត្តមួយនេះនូវការរីកលូតលាស់ នៃសេដ្ឋកិច្ចរបស់ប្រទេសយើង។ យើងបន្តកិច្ចការនេះ ហើយសុំយកឱកាសនេះថ្លែងនូវការកោតសរសើរចំពោះក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរដែនដីនៃខេត្តដែលមានពាក់ព័ន្ធដូចជា៖ ខេត្តកណ្តាល និងខេត្តតាកែវ។ ដែលថ្ងៃនេះ ដូចបាត់មុខអភិបាលខេត្តតាកែវ ហើយទៅអង្គុយហ្នឹង ការពិតត្រូវឈរនៅហ្នឹង (៣ នាក់) អភិបាលរាជធានីភ្នំពេញ អភិបាលខេត្តតាកែវ អភិបាលខេត្តកណ្តាល ការពិតភ្នំពេញដូចជាប់បន្តិច (៥ គីឡូ) កាត់ភ្នំពេញ កាត់កណ្តាល និងកាត់តាកែវ ដូច្នេះគឺតួអង្គ ៣ ជាប់ជាមួយគ្នា។ អញ្ចឹងបានអម្បាញ់មិញនេះ ខាងនេះប្រជាជនភ្នំពេញ ខាងនេះកណ្តាល អម្បាញ់មិញនេះជួបមេឃុំ សាក់សំពៅ ពីមុនខ្ញុំឱ្យចិញ្ចឹមគោបា គាត់ចិញ្ចឹមតែគោបាទេ ប៉ុន្តែឥឡូវគាត់ថាចិញ្ចឹមគោមេម្តង …។
រឿងទាក់ទងជាមួយនឹងការអភិវឌ្ឍរបស់យើង ដែលខ្ញុំបានលើកអំពីទស្សនៈនេះ ហើយខ្ញុំសុំយកឱកាសនេះ សុំការអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋរបស់យើង ដែលនៅសងខាងផ្លូវដែលត្រូវធ្វើនេះ នៅពេលដែលធ្វើច្បាស់ជាមានការរំខានទៅដល់ប្រជាពលរដ្ឋរបស់យើងហើយ ប៉ុន្តែអ្នកដែលទទួលផលមុខគេគឺប្រជាពលរដ្ឋ ដែលរស់នៅសងខាងផ្លូវហ្នឹងឯង។ ថ្ងៃក្រោយផ្លូវល្អមនុស្សធ្វើដំណើរតាមហ្នឹង គ្រាន់តែលក់ដូរនៅតាមផ្លូវហ្នឹងក៏វាបានទទួលផលដែរ។ ដីធ្លីរបស់យើងក៏ឡើងថ្លៃ។
ពីមួយហិកតាចិញ្ចឹម ៥ នាក់ ទៅចិញ្ចឹម ៥ ពាន់នាក់
និយាយអញ្ចឹងមិនមែនឃោសនាឱ្យលក់ដីទេ ក៏ប៉ុន្តែខ្ញុំគ្មានសិទ្ធិហាមឃាត់សម្រាប់ប្រជាពលរដ្ឋលក់ដី ហើយរឿងលក់ដីនេះ ខ្ញុំបានលើករឿងលក់ដី កាលពីជំនាន់ឆ្នាំ ១៩៩៤ ឆ្នាំ ១៩៩៨ មានការទិតៀនខ្ញុំខ្លាំងណាស់ ហើយបន្តមកទៀតក៏នៅមានការទិតៀនដែរ នៅពេលនោះប្រជាពលរដ្ឋបានលក់ដីតាមផ្លូវជាតិលេខ ៤ ដែលតភ្ជាប់ពីភ្នំពេញមកអង្គស្នួល ហើយពីអង្គស្នួល តទៅខេត្តកំពង់ស្ពឺ។ គេទិតៀនគេថា ឱ្យប្រជាជនលក់ដីអស់។ បានខ្ញុំធ្វើការឆ្លើយតប ដីដែលត្រូវប៉ាន់គេទិញដើម្បីកសាងរោងចក្រ យើងពិនិត្យមើលស្ថានភាពអញ្ចេះ ខ្ញុំមិនមែនចេះតែថាឱ្យប្រជាជនលក់ដីកន្លែងណាចេះតែលក់ៗនោះទេ។ ប៉ុន្តែយើងនិយាយពីតាមផ្លូវជាតិទៅវិញ។ ពេលនោះប្រជាជនលក់ដី ខ្ញុំធ្វើការប្រៀបធៀបដី ១ ហិកតា ដែលប្រជាពលរដ្ឋធ្លាប់តែធ្វើស្រូវ ចិញ្ចឹមមនុស្សបានត្រឹមតែ ៥ នាក់ប៉ុណ្ណោះ ប៉ុន្តែដី ១ ហិកតា ដដែលនេះ បើគាត់លក់ទៅគេយកទៅធ្វើរោងចក្រ នឹងចិញ្ចឹមបានប្រជាជន ៥.០០០ នាក់ ឯណោះ ដោយរោងចក្រនេះទទួលនូវមនុស្សធ្វើការសម្រាប់ ៥.០០០ នាក់ ឯម្ចាស់ដីដែលលក់ ដោយសារដីត្រូវប៉ាន់ហើយ គាត់លក់ ១ ហិកតា គាត់សល់លុយទៅទិញ ១០ ហិកតា ហើយសល់លុយធ្វើផ្ទះទៀតផង។
អញ្ចឹងបានជាមានរោងចក្រកូរ៉េ ប្រជាជនកូរ៉េ អីមួយចំនួនធ្វើរោងចក្រតាមផ្លូវជាតិលេខ ៤ តាមផ្លូវជាតិលេខ ៣ រោងចក្រកូរ៉េក៏មិនតិចដែរ។ ជាការប្រឆាំងទាំងងងឹតងងុលតែម្តង។ ខ្ញុំជំទាស់ជាមួយនឹងការយកដីរបស់រដ្ឋនៅតាមបឹងបួ ឬទន្លេ ឬសមុទ្រ យកទៅលក់។ ប៉ុន្តែយើងត្រូវឃើញថា ប្រជាពលរដ្ឋគាត់មិនល្ងង់ទេ។ ឧទាហរណ៍៖ តាមផ្លូវហ្នឹង កន្លែងនេះបន្តិចទៀតអាចទៅជារោងចក្រ ឬក៏ស្អីនៅពេលក្រោយដែលជាដីត្រូវប៉ាន់។ និយាយឡើងវិញ ខ្ញុំមិនមានការលើកទឹកចិត្តឱ្យមានការលក់ដីទេ ក៏ប៉ុន្តែខ្ញុំក៏អត់ជំទាស់ដែរ ប្រសិនបើការលក់ដីនោះ ប្រែក្លាយពីការចិញ្ចឹមមនុស្សតែ ៥ នាក់ក្នុង ១ ហិកតា ទៅជាចិញ្ចឹម ២.០០០ នាក់ ៣.០០០ នាក់ ៥.០០០ នាក់ ក្នុង ១ ហិកតា តាមរយៈការអភិវឌ្ឍរោងចក្រ ឬគេយកសាងសង់ជាសណ្ឋាគារ ភោជនីយដ្ឋាន ឬកន្លែងដែលធ្វើការអភិវឌ្ឍដទៃទៀត ជាលទ្ធភាពដែលគេអាចធ្វើទៅបាន។
ពាក់ម៉ាស់នៅពេលចាំបាច់ បង្ការខ្លាចមានការឆ្លងទៅអ្នកដទៃ
ថ្ងៃនេះ មានរឿងពាក់ព័ន្ធជាមួយនឹងបញ្ហាផ្លូវថ្នល់ ក៏ប៉ុន្តែខ្ញុំមិនភ្លេចជាមួយនឹងការលើកឡើង ដែលយកឱកាសនេះថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរគ្រប់ទីកន្លែងទាំងអស់ ដែលបានចាត់វិធានការការពារប្រជាពលរដ្ឋ ក្នុងការឆ្លងគេហៅថា វីរុសកូរ៉ូណាថ្មី។ ថ្ងៃនេះ ខ្ញុំសប្បាយណាស់ដោយសារឃើញប្រជាពលរដ្ឋរបស់យើងមកដល់ទីនេះ អត់មានអ្នកពាក់ម៉ាស់ទេ កាលពេលមុននោះ ពាក់ខ្ទេចពាក់ខ្ទី ពាក់រហូត ធ្វើឱ្យម៉ាស់ឡើងថ្លៃ ស្រែកចាចតែម្តង ដល់អញ្ចឹងបង្ខំចិត្តឱ្យនាយករដ្ឋមន្ត្រី ឡើងកញ្ចក់ទូរទស្សន៍ ឡើងកញ្ចក់ទូរទស្សន៍និយាយពីអី? ជំងឺពិតប្រាកដនៅក្នុងប្រទេសយើងមិនមែន កូរ៉ូណា ទេ គឺជំងឺភ័យខ្លាច។ ឥឡូវ មកដល់ម៉ោងត្រឹមនេះ ករណីកូរ៉ូណាត្រូវបានបញ្ចប់នៅកម្ពុជា ដោយសារតែជនជាតិចិនដែលមកពី ខេត្តវូហាន នោះ គាត់បានចេញពីមន្ទីរពេទ្យពីម្សិល ហើយតាមគម្រោង ថ្ងៃនេះ គាត់នឹងចាកចេញពីកម្ពុជាទៅប្រទេសចិនវិញ។
ម្សិលមិញ ឯកឧត្តម ម៉ម ប៊ុនហេង ទៅទទួលស្វាគមន៍ផ្ទាល់ពីគាត់ចាកចេញពីមន្ទីរពេទ្យ។ នេះជាកាយវិការយកចិត្តទុកដាក់របស់យើងចំពោះគាត់ ដែលបានឆ្លងនូវជំងឺហ្នឹង។ គាត់ចេញមកពីវូហាន ហើយយើងយកចិត្តទុកដាក់ព្យាបាលគាត់។ ឥឡូវគាត់បានជាសះស្បើយ ម្សិលមិញឃើញជូនបាច់ផ្កាអីចំពោះគាត់ផង។ អញ្ចឹងឮថា ថ្ងៃហ្នឹងគាត់នឹងចាកចេញអញ្ចឹងទេពិតប្រាកដទៅវាស្អី ពិតប្រាកដជំងឺកូរ៉ូណាអត់មានឆ្លងចំពោះពលរដ្ឋខ្មែរម្នាក់ទាល់តែសោះ ប៉ុន្តែបែជានាំគ្នាភ័យខ្លាច ក្រោមការបំពុលព័ត៌មានរបស់ពួកអគតិ ឬពួកខិលខូចលើការជាក់ស្តែង។
ឥឡូវនេះ តើមានប្រជាជនណាម្នាក់ដែលមានបញ្ហាជំងឺកូរ៉ូណាហ្នឹង? ពិតហើយមានបញ្ហាទាក់ទិនជាមួយ នឹងរឿង បើទោះបីគ្មានកូរ៉ូណា ក៏មានជំងឺគ្រុនផ្តាសាយដែរ និយាយឱ្យវាច្បាស់អញ្ចេះបន្តិចទៀតទៅ ហើយអាគ្រុនផ្តាសាយនេះ តាមអង្គការសុខភាពពិភពលោកអាផ្តាសាយធំក្នុងមួយឆ្នាំស្លាប់ពី ២០ ទៅ ៣០ ម៉ឺននាក់ឯណោះ មិនមែនគ្រាន់តែជំងឺកូរ៉ូណា។ ពីមុនមានជំងឺសារស៍ បន្ទាប់ពីជំងឺសារស៍ មានគ្រុនផ្តាសាយបក្សី ផុតពីគ្រុនផ្តាសាយបក្សីមានជំងឺវីរុសជ្រូក ហើយឥឡូវទៅដល់ជំងឺកូរ៉ូណា។
ដឹងពីសម្តេចចៅហ្វាវាំង គង់ សំអុល, ពេលមួយព្រះមហាក្សត្រ ព្រះអង្គយាងចុះចែកព្រះរាជអំណោយ ប្រជាជនយើងពាក់ម៉ាស់ទទួលអំណោយពីព្រះមហាក្សត្រ។ ឃើញម្នាក់ពាក់ម៉ាស់ ប៉ុន្តែខ្ញុំជឿថា ប្រហែលជាគាត់ផ្តាសាយខ្លួនឯងទេ គាត់មិនមែនខ្លាចឆ្លងពីខ្ញុំទេ។ ពាក់ទៅខ្ញុំប្រើពាក្យថាពាក់ម៉ាស់នៅពេលចាំបាច់។ ពាក្យថាចាំបាច់ហ្នឹងមួយបង្ការខ្លាចមានការឆ្លង មួយសូម្បីតែអ្នកមិនទាន់ជិះម៉ូតូសូម្បីតែមិនទាន់មានកូរ៉ូណា អ្នកជិះម៉ូតូ ខ្លាចដីហុយចូលមាត់ចូលអីគ្នាក៏ពាក់មិនមែនបានសេចក្តីថា ចាំមានកូរ៉ូណាទេ ខ្លះមានជំងឺផ្តាសាយអត់ស្រួលខ្លួនៗឯង ត្រូវពាក់ម៉ាស់ដើម្បីចៀសវាងការឆ្លងទៅអ្នកដទៃ។ យើងមិនហាមឃាត់ការពាក់ម៉ាស់ទេ យើងត្រូវមានការប្រុងប្រយ័ត្នខ្លួនឯង ចាប់ផ្តើមពីមនុស្សម្នាក់ៗ គ្រួសារនីមួយៗ ភូមិនីមួយៗ ឃុំនីមួយៗ ស្រុកនីមួយៗ ខេត្តនីមួយៗរហូតដល់ក្របខណ្ឌទូទាំងប្រទេសត្រូវមានការប្រយ័ត្នប្រយែងអំពីកាឆ្លង។ មិនមែនគ្រាន់តែឆ្លងលើបញ្ហាកូរ៉ូណាទេ ឆ្លងគ្រប់ប្រភេទឆ្លងតាំងពីអាគ្រុនផ្តាសាយ ព្រោះអាផ្តាសាយនេះឆ្លងអាក្រក់អាក្រីណាស់ ផ្ទះរបស់ខ្ញុំធ្លាប់មានពិសោធន៍ហើយ បើសិនជាចៅណាមួយ ឬកូនណាមួយឆ្លង គឺត្រូវស្ថិតឱ្យនៅឆ្ងាយពីគេបន្តិច ព្រោះបើមិនអញ្ចឹងវាមកចម្លងដល់ ឪចម្លងដល់ម៉ែ ដល់ម៉ែឪជា វាទៅដល់អាកូនទៀតវិលជុំអាហ្នឹងឆ្លងវិលជុំ។
រកឃើញអ្នកជំងឺនៅប្រទេសណា ប្រទេសនោះត្រូវព្យាបាលឱ្យជា មុនឱ្យអ្នកជំងឺចាកចេញ
អញ្ចឹងទេ ចាប់តាំងពីខ្ញុំបានឡើងកញ្ចក់ទូរទស្សន៍បញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា ជំងឺពិតប្រាកដរបស់យើងមិនមែនជំងឺកូរ៉ូណាទេ គឺជំងឺភ័យខ្លាច ចាប់ពីពេលនោះមករាងស្វាងមែនទែន។ សង្ឃឹមថាស្វាងបែបនេះ នឹងបន្តក្នុងចំណោមប្រជាពលរដ្ឋយើងតទៅទៀត។ ពិតមែនហើយព្រឹកនេះ អភិបាលខេត្តព្រះសីហនុ គួច ចំរើន បានធ្វើរបាយការណ៍មក យើងមានកប៉ាល់ទេសចរណ៍ចូលមកនៅខេត្តព្រះសីហនុ។ ឥឡូវមានមួយករណីជនជាតិហូឡង់ មិនមែនជនជាតិចិនទេ ជនជាតិហូឡង់ក្តៅខ្លួន ឥឡូវយើងកំពុងយកមកដាក់ឱ្យមានការព្យាបាល។ យកសំណាកនោះមកពិនិត្យនៅប៉ាស្ទ័រ។ នេះយើងកំពុងរង់ចាំលទ្ធផលពិសោធន៍ដើម្បីស្វែងរកជំងឺ តើមានកូរ៉ូណាឬអត់? បើមានកូរ៉ូណាជនជាតិហូឡង់ម្នាក់នេះ ត្រូវតែនៅព្យាបាលនៅក្នុងប្រទេសកម្ពុជារហូតដល់ជា។
នេះជាគោលការណ៍ដែលយើងចាប់ផ្តើម មានតាំងពីជំងឺសារស៍ ដែលផ្ទុះឡើងនៅក្នុងឆ្នាំ ២០០៣ ដែលពេលនោះកម្ពុជាធ្វើជាប្រធានអាស៊ាន ខ្ញុំជាមួយនឹងឯកឧត្តមអតីតនាយករដ្ឋមន្រ្តី សិង្ហបូរី Goh Chok-tong និងអតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត់ បានពិភាក្សាគ្នាយកគំនិតផ្តួចផ្តើមដើម្បីប្រជុំអាស៊ាន-ចិន បន្ទាន់ដោយសារប្រទេសយើងជួបការលំបាកនៅពេលនោះ បន្ទាប់ពីការប្រជុំអាស៊ានឆ្នាំ ២០០២ ។ យើងត្រូវទៅប្រជុំអាស៊ាន នៅទីក្រុងបាងកក ដោយថៃធ្វើជាម្ចាស់ផ្ទះ តែកម្ពុជាធ្វើជាប្រធាន ហើយខាងភាគីចិនមានអតីតនាយករដ្ឋន្រ្តី វ៉េន ជាប៉ាវ និងអតីតអភិបាលរដ្ឋបាលនាយករដ្ឋបាលពិសេសតំបន់ ហុងកុង Tung Chee-hwa មកចូលរួម។ គោលការណ៍នៅពេលនោះប្រសិនបើរកឃើញថាជំងឺនេះវាកើតនៅក្នុងប្រទេសណា ប្រទេសនោះត្រូវតែព្យាបាលឱ្យជាមុនពេលឱ្យអ្នកជំងឺនេះចាកចេញ។
យើងរង់ចាំពិនិត្យមើលនូវជនជាតិ ហូឡង់ ម្នាក់នេះ ដែលឥឡូវកំពុងដាក់នៅមន្ទីរពេទ្យខេត្តព្រះសីហនុដាក់ដោយឡែក មានបន្ទប់ច្រើន ប៉ុន្តែថែទាំឱ្យបានល្អ ឱ្យគាត់ស៊ីនំប៉័ងពួកហូឡង់ មិនមែនស៊ីបាយទេ ប៉ុន្តែឱ្យគាត់រៀនស៊ីបាយខ្លះទៅអាហ្នឹងក៏វាល្អដែរ រៀនស៊ីបាយដាក់ម្ហូបខ្មែរពេលដែលគាត់នៅកន្លែងហ្នឹងឱ្យគាត់បង្រៀនដាក់ម្ហូបបារាំងឱ្យគាត់ ប៉ុន្តែ ក៏ត្រូវឆ្លៀតដាក់ម្ហូបខ្មែរឱ្យគាត់មានសម្លកកូរ សម្លប្រហើរ សម្លម្ជូរគ្រឿង ហើយអាប្រហុក កុំប្រហុកសុទ្ធ ដាក់ឱ្យគាត់ យើងអត់ត្រូវរើសអើងទេ។
នាយករដ្ឋមន្រ្តីចិន ត្រូវបានដាក់ឱ្យនៅដាច់ពីគេរយៈពេល ១៤ ថ្ងៃ
ឥឡូវនេះ ខ្ញុំសុំនិយាយដោយត្រង់ៗ ខ្ញុំនៅកូរ៉េជារួមអរគុណសាជាថ្មីម្តងទៀត អម្បាញ់មិញខ្ញុំនិយាយដល់កូរ៉េ ប៉ុន្តែ និយាយមិនទាន់អស់។ ខ្ញុំទៅកូរ៉េដើម្បីចូលរួមប្រជុំ គេហៅថាប្រជុំពិភពលោកប៉ុន្តែត្រូវចាត់តាំងដោយអង្គការក្រៅរដ្ឋាភិបាលទេ ដោយមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលពីតំបន់មួយចំនួន ហើយភាគច្រើនមកពីតំបន់អាហ្រ្វិក ប៉ុន្តែ ខ្ញុំត្រូវបានទទួលឱ្យមានការជួបចរចាជាមួយនឹងប្រធានាធិបតី កូរ៉េ Moon Jae-In និងការរៀបចំបាយថ្ងៃត្រង់មុនពេលដែលខ្ញុំចាកចេញពីកូរ៉េមកកាន់សាធារណប្រជាមានិតចិននៅបាយថ្ងៃត្រង់ យើងស្នើសុំឱ្យគាត់បាយហ្នឹងគឺថា ឱ្យបានឆាប់បន្តិច ដើម្បីចេញមកប្រទេសចិនទាន់ពេលក៏តាមពេលវេលានោះ។ ពេលនោះខ្ញុំចង់ទៅទស្សនកិច្ចសួរសុខទុក្ខនិស្សិតខ្មែរនៅឯក្រុងវូហាន ប៉ុន្តែដោយសារតែក្រុងវូហានស្ថិតនៅក្នុងជាតំបន់ហ៊ុមព័ទ្ធ វូហានត្រូវបានបិទជើងហោះហើរទាំងអស់ មិនមែនបិទជើងហោះហើរមកក្រៅប្រទេសទេ បិទជើងហោះហើរនៅក្នុងប្រទេសរាប់ទាំងបិទផ្លូវគោក ផ្លូវដែកមិនឱ្យមានការចេញទៅក្រៅ។
ខ្ញុំធ្វើដំណើរពីសេអ៊ូលមកកាន់ប៉េកាំងរួចហើយធ្វើ ដំណើរជួបជា មួយនឹងនាយករដ្ឋមន្រ្តី លី ខឺឈាំង បន្ទាប់ទៅជួបជាមួយនឹងប្រធានាធិបតី ស៊ីន ជីនពីង ហើយបន្ទាប់ទៅ បាយជាមួយនឹងទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេស ដែលឯកឧត្តម នាយករដ្ឋមន្រ្តី លី ខឺឈាំង គាត់បាននិយាយជាមួយខ្ញុំ សូម្បីតែនាយករដ្ឋមន្រ្តី ថ្នាក់នាយករដ្ឋមន្រ្តីក៏គេដាក់ឱ្យគាត់នៅក្នុងស្ថានភាពដាច់ពីគេ នៅក្នុងរយៈពេល ១៤ ថ្ងៃដែរ។ តើនាយករដ្ឋមន្រ្តីចិនគាត់និយាយមកកាន់ខ្ញុំយ៉ាងម៉េចទេ គាត់ថាអរគុណ ឯកឧត្តម ហ៊ុន សែន ដែលបានចាប់ដៃខ្ញុំ ព្រោះខ្ញុំទើបនឹងចេញពីតំបន់វូហាន ដែលគេហាមឃាត់មិនឱ្យទំនាក់ទំនង់ជាមួយអ្នកដទៃ។ ប៉ុន្តែ ឯកឧត្តមចាប់ដៃខ្ញុំដោយមិនខ្លាចឆ្លង តាមធម្មតាខ្ញុំត្រូវរៀបបាយជូនឯកឧត្តម ប៉ុន្តែ ដោយសារតែខ្ញុំមានស្ថានភាពបែបនេះ គឺសុំប្រគល់ជូនរដ្ឋមន្រ្តីការបរទេសរៀបបាយជូន ឯកឧត្តម ពេលដែលឯកឧត្តមចាកចេញពីប្រទេសចិន។
សុំកុំមានការរើសអើងចំពោះប្រទេសចិន
ជាទស្សនកិច្ចការងាររយៈពេលខ្លី ក៏ប៉ុន្តែពិភាក្សា ស្វែងយល់អំពីបណ្តាវិធានការដែលចិនបានប្រកាន់យកដើម្បីឆ្លើយតបជាមួយនឹងសភាពការណ៍ដែលបានកើតឡើង ដោយសារការរីករាលដាលនៃជំងឺនោះ។ ក៏ប៉ុន្តែ បញ្ហាស្ថិតនៅត្រង់ថាសម្រាប់ប្រទេសខាងក្រៅ បច្ចុប្បន្ននេះ និយាយឱ្យត្រង់តែម្តងទៅជំងឺនៅខាងក្រៅប្រទេសចិន រឿងកូរ៉ូណាគឺមានតិចតួចទេ ក៏ប៉ុន្តែ រឿងដែលគួរឱ្យភ័យខ្លាចជាងកូរ៉ូណាគឺការភ័យខ្លាច និងការរើសអើងតែម្តង នេះជាបញ្ហាធ្ងន់ធ្ងរ ហើយឈានដល់សម្លាប់សេដ្ឋកិច្ចខ្លួនឯងតែម្តង។ ព្រឹកមិញ មុនមកនេះ ខ្ញុំបានមើលនូវសារព័ត៌មានរបស់ប្រទេសថៃ ចុះផ្សាយអំពីថាថៃនៅតែបន្តស្វាគមន៍ចំពោះទេសចរចិន បើកទូលាយទេសចរចិនមកកាន់ប្រទេសថៃ ក៏ប៉ុន្តែក្នុងនោះមានហាងមួយចំនួនបានសរសេរជា ៣ ភាសាថា ហាមទេសចរចិនចូលស៊ីក្នុងហាងរបស់គេជាអក្សរថៃ ជាអក្សរអង់គ្លេស និងជាអក្សរចិន អាហ្នឹងចរន្តមួយទៅ ដល់ចរន្តមួយទៀត ស្វាគមន៍ទេសចរចិន ដើម្បីចូលទទួលទាន។ ដល់ទៅហាងខ្លះនៅបន្ត ដោយសារអាជ្ញាធរបានថាហ្នឹងជាការរើសអើង គេនៅតែបន្តហាមឃាត់ តែគេថាហាងហ្នឹងលក់អស់ហើយ។ ប៉ុន្តែហាងខ្លះ ដោយសារពីដើមធ្លាប់ពឹងពាក់ទៅលើទេសចរចិនចូលទទួលទាន ឥឡូវគេអត់ចូលទទួលទានទៀត បើកឡើងវិញ តែចិនមិនចូលស៊ី ដោយសារតែអ្នកឯងធ្លាប់រើសអើង គេទៅស៊ីនៅហាងដទៃ។ វិធានការបែបនេះគឺជាវិធានការសម្លាប់ខ្លួនឯងហើយ។
មិនមែនប្រជាជនចិន ១.៤០០ លាននាក់ សុទ្ធតែកើតវីរុសកូរូណាឯណា តំបន់វូហានត្រូវបានរដ្ឋាភិបាលចិនគ្រប់គ្រង ហើយមិនឱ្យពលរដ្ឋនៅក្នុងតំបន់នេះចេញមកក្រៅទេ បញ្ជូនគ្រូពេទ្យចូលទៅតំបន់នោះ ដើម្បីព្យាបាលនៅក្នុងតំបន់នោះ។ គេគ្រប់គ្រងសភាពការណ៍ដល់ប៉ុណ្ណឹង រហូតដល់នាយករដ្ឋមន្ត្រីខ្លួនឯងដែលទៅតំបន់នោះ ចេញត្រឡប់មកវិញក៏ត្រូវ សូម្បីតែខ្ញុំចាប់ដៃគាត់ ក៏គាត់អរគុណខ្ញុំដែរ ដោយសារតែឯកឧត្តមហ៊ានចាប់ដៃខ្ញុំដោយមិនខ្លាចឆ្លង។ ភាសាមួយម៉ាត់នេះបង្ហាញឱ្យឃើញថា យើងគិតខ្លួនគេខ្លួនយើងមើល។ ប្រសិនបើយើងកើតជំងឺអីមួយ ស្រាប់តែយើងទៅប្រទេសដទៃ គេថាកុំឱ្យខ្មែរចូលស៊ី តើវាប៉ះទង្គិចប៉ុណ្ណាសម្រាប់ប្រជាជនខ្មែរ ១៦ លាននាក់។ យើងគិតខ្លួនឯងតែប៉ុណ្ណឹងទៅបានហើយ។ គេថាកុំឱ្យទេសចរចេញពីកម្ពុជាចូលទៅក្នុងប្រទេសរបស់គេ កុំឱ្យខ្មែរចូលប្រទេសរបស់ខ្លួន។ សួរថាតើអារម្មណ៍របស់យើងយ៉ាងម៉េចដែរ? ចិនក៏ជាមនុស្សដូចគ្នា នៅពេលដែលហាមពលរដ្ឋចិនចូលមកលេងប្រទេស បិទទិដ្ឋាការប្រជាជនចិន បិទជើងហោះហើរប្រជាជនចិន ប្រជាជនចិនមកដល់ ទេសចរចិនមកដល់ មិនឱ្យដេកសណ្ឋាគារ មិនឱ្យចូលហាង តាក់ស៊ីមិនព្រមដឹក តើប៉ះទង្គិចផ្លូវអារម្មណ៍ប៉ុណ្ណាទៅ។ ហាក់ដូចជាការទទួលការប្រមាថ។ នោះហើយគឺជាបញ្ហាដែលពិភពលោកត្រូវតែរកវិធីទប់ស្កាត់ សូម្បីតែអង្គការសុខភាពពិភពលោកក៏បានហាមឃាត់កុំឱ្យនិយាយពាក្យជំងឺចេញពីចិន ឬវីរុសវូហាន គេឱ្យប្រើពាក្យវីរុសកូរូណាថ្មី។
គាំទ្រឱ្យមានការប្រជុំឡាងឆាង-មេគង្គ ថ្នាក់រដ្ឋមន្ត្រីការបរទេស អំពីបញ្ហាវីរុសកូរូណាថ្មី និងរកវិធីទប់ស្កាត់
អញ្ចឹងទេខ្ញុំគាំទ្រណាស់ នៅពេលខាងមុខនេះ មានការប្រជុំឡាងឆាងមេគង្គថ្នាក់រដ្ឋមន្ត្រីការបរទេស ហើយនឹងឈានទៅប្រជុំអាស៊ានចិននៅឯវៀងចន្ទន៍ ថ្នាក់រដ្ឋមន្ត្រីការបរទេស។ ខ្ញុំនឹងបន្តគាំទ្រប្រសិនបើរដ្ឋមន្ត្រីការបរទេសនៃប្រទេសអាស៊ានចិន មានគំនិតផ្តួចផ្តើមស្នើឱ្យមានការប្រជុំបន្ទាន់ថ្នាក់កំពូលរវាងអាស៊ានចិន ដើម្បីឆ្លើយតបនៅក្នុងក្របខណ្ឌតំបន់លើបញ្ហាវីរុសកូរូណាថ្មីនេះ។ ខ្ញុំគាំទ្រ ព្រោះពេលនេះវិធានការដែលប្រកាន់យក ដោយប្រទេសខ្លះសម្រាប់បញ្ហានេះ វាមានផលប៉ះពាល់ជាមួយបញ្ហាដែលវានាំទៅដល់ការរើសអើង និងការភ័យខ្លាច ដែលមិនគួរកើតមានទេ។ ក្នុងឋានៈជាសមាជិកមួយនៃអង្គការតំបន់របស់អាស៊ាន ខ្ញុំគាំទ្រឱ្យមានការប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានចិន ពិភាក្សាលើបញ្ហាទប់ស្កាត់ការរីករាលដាលនៃជំងឺកូរូណាថ្មី។ ខ្ញុំនឹងបន្តគាំទ្រនូវការប្រជុំកំពូលអាស៊ានចិន លើបញ្ហាទាក់ទងនឹងជំងឺនេះ ហើយប្រសិនបើមានវេទិកាអន្តរជាតិដទៃទៀត ខ្ញុំក៏គាំទ្រ ដើម្បីរកវិធានការឆ្លើយតប។
ការរអាក់រអួលការផ្គត់ផ្គង់វត្ថុធាតុដើមចិនប៉ះពាល់រោងចក្រកម្ពុជា និងពិភពលោក
ឥឡូវ បញ្ហាកូរូណាមិនមែនជាបញ្ហាដាច់ដោយឡែករបស់ចិនទៀតទេ គឺជាបញ្ហាតំបន់ និងជាបញ្ហាសកលហើយ ត្រូវរួមគ្នាដោះស្រាយបញ្ហាប្រឈមនេះ មិនត្រូវយកពេលនេះដើម្បីឯកោចិន ឬសម្លាប់ចិននោះទេ។ ចិនច្បាស់ជាមានសមត្ថភាពដើម្បីដោះស្រាយបញ្ហានេះ។ ប្រទេសមួយចំនួនបានធ្វើការគិតគូររួចស្រេចទៅហើយ ថានឹងមានការខាតបង់ប៉ុន្មានៗទៅលើវិស័យទេសចរណ៍ ដែលបណ្តាលមកពីការធ្លាក់ចុះនៃទេសចរណ៍ចិន ឬបណ្តាលមកពីវិធានការខ្លួនឯងបិទជើងហោះហើរ ហាមឃាត់ទេសចរណ៍ចិនចូលប្រទេសរបស់ខ្លួន។ គេបានព្យាករពីការធ្លាក់ចុះថាត្រូវខាតបង់ប៉ុន្មាន ប្រទេសខ្លះដែលធ្លាប់នាំទំនិញទៅចិន តាមរយៈកប៉ាល់ ឬយន្តហោះ ក៏ត្រូវបានព្យាករថា ទំនិញទាំងនោះមិនត្រូវបាននាំទៅកាន់ប្រទេសចិននោះទេ។ ដូច្នេះវិធានការនេះ គឺជាវិធានការបិទផ្លូវខ្លួនឯងតែម្តង។ បន្ថែមលើនោះ វត្ថុធាតុដើមដែលចេញពីប្រទេសចិនច្រើនណាស់សម្រាប់ផ្គត់ផ្គង់ទៅលើប្រទេសមួយចំនួន។ ឥឡូវត្រូវរងផលប៉ះពាល់ហើយ។ យប់មិញខ្ញុំបានមើល សូម្បីតែក្រុមហ៊ុនកូរ៉េ ដែលផលិតរថយន្តនៅក្រុងវូហានត្រូវទទួលការខាតបង់ធ្ងន់ធ្ងរ ដោយសារការផលិតរថយន្តមួយចំនួននៅក្រុងវូហានត្រូវបានបិទ ព្រោះមិនអាចចលនាបាន។ ក្រៅពីនោះបំណែកបន្លាស់រថយន្តមួយចំនួន ដែលយកទៅផ្គុំនៅកូរ៉េខាងត្បូងក៏ត្រូវអាក់ខានមិនបានបញ្ជូនទៅ។ ដូច្នេះធ្វើឱ្យសង្វាក់ផលិតកម្មនៅកូរ៉េខាងត្បូងធ្លាក់ចុះដែរ។
ត្រូវឃើញ ចិនគឺជាអ្នកទ្រទ្រង់សេដ្ឋកិច្ចពិភពលោកក្នុងស្ថានការណ៍មានវិបត្តិ។ ឆ្នាំ ១៩៩៧ វិបត្តិហិរញ្ញវត្ថុអាស៊ី ចិនឈរយ៉ាងរឹងមាំដើម្បីស្រោចស្រង់អាស៊ីនៅពេលនោះ។ វិបត្តិសេដ្ឋកិច្ចសកល ២០០៨ ២០០៩ ២០១០ ដែលចាប់ផ្តើមពីអាមេរិក និងអឺរ៉ុប ប៉ុន្តែសេដ្ឋកិច្ចចិនបូកនឹងសេដ្ឋកិច្ចរបស់ឥណ្ឌានៅតែរឹងមាំ ធ្វើឱ្យកំណើនសេដ្ឋកិច្ចរបស់អាស៊ី គឺនៅតែល្អប្រសើរ ចិនឈានទៅដល់ជួយស្រោចស្រង់សេដ្ឋកិច្ចនៃប្រទេសមួយចំនួននៅអឺរ៉ុប ដូចជាវិបត្តិបំណុលនៅក្រិកជាដើម។ ឥឡូវផលប៉ះពាល់ សូម្បីតែក្រុមហ៊ុនខ្លះបានប្រកាសហើយ ដូចជាក្រុមហ៊ុន Nike Adidas បានប្រកាសអំពីចំនួនដែលខ្លួនត្រូវផលិត ត្រូវទិញហើយ ព្រោះអាហ្នឹងត្រូវផលិតនៅប្រទេសចិន ហើយមានមួយចំនួនបញ្ជូនវត្ថុធាតុដើមមកផលិតនៅកម្ពុជា នៅបង់ក្លាដេស នៅប្រទេសផ្សេងទៀត វាផលិត វានាំវត្ថុធាតុដើមមកអត់បាន។
ប្រសិនបើមានការបិទរោងចក្រណាមួយ មកពីការផ្គត់ផ្គង់វត្ថុធាតុដើមមកមិនទាន់ពេល
សម្រាប់យើងនៅពេលខាងមុខនេះ ប្រសិនបើមានការបិទរោងចក្រណាមួយ មិនមែនមកពីបញ្ហា EBA នោះទេ។ នៅពេលខាងមុខចាំមើល បើទោះបីមាន ឬគ្មាន EBA ព្រោះអាចនឹងវត្ថុធាតុដើមមួយចំនួន ដែលកំពុងយកមកដេរនៅស្រុកខ្មែរ រួចហើយបន្តនាំចេញទៅ។ យើងអត់សាច់ក្រណាត់ តើយើងមានអីដេរ? ដូច្នេះកម្មករច្បាស់ជាជួបប្រទះនូវបញ្ហាខ្វះការងារធ្វើ ត្រូវគិតរឿងហ្នឹងឱ្យហើយ។ រឿង EBA បើទោះបីគេដកទាំងស្រុង ឬដកផ្នែកខ្លះ ក៏គង់ទៅដល់ខែ ៨ នោះបានចាប់ផ្តើម។ សូមកុំឆ្កួត និយាយរួមគេហៅថាពុលក្តួច ភ័យខ្លាច លឺតែ EBA អត់ដឹង EBA ជាអី ហើយនាំគ្នាភ័យខ្លាច។ គេចង់ដក ឬគេចង់ទុក ឱ្យគេសម្រេចទៅ។ ខ្ញុំអត់និយាយទៅរឿងហ្នឹង។ ក៏ប៉ុន្តែខ្ញុំគ្រាន់តែប្រាប់ប្រជាពលរដ្ឋកម្ពុជា ប្រសិនបើប៉ុន្មានអាទិត្យខាងមុខនេះ រោងចក្រខ្លះដែលនាំវត្ថុធាតុដើមពីចិនមកកម្ពុជា នាំមកមិនរួច ដោយសារកត្តា មិនមែនកត្តាដែលកម្ពុជាបិទទេ ដោយសារកត្តាពីខាងប្រទេសចិនផ្គត់ផ្គង់មកយើងមិនទាន់ពេល។ សុំកុំចោទថា រឿងហ្នឹងជាទណ្ឌកម្មសេដ្ឋកិច្ចពីប្រទេសអឺរ៉ុប ពីគណៈកម្មការអឺរ៉ុប ព្រោះបើសិនជាដក ឬមិនដក បើសិនជាមានដកប្រសិទ្ធភាពរបស់វាដល់ខែ ៨ បានចាប់ផ្តើម។
មិនយកឯករាជ្យ អធិបតេយ្យជាតិ ទៅដោះដូរជាមួយជំនួយ និងភាពអនុគ្រោះ
ខ្ញុំអត់ចាំបាច់ធ្វើសេចក្តីថ្លែងការណ៍ណាមួយ រឿងថាសុំឱ្យគេទុក សុំឱ្យគេដកអីទេ សិទ្ធិនៅលើដៃរបស់គេ ធ្វើអីក៏ធ្វើចុះ សុំអញ្ជើញ។ ខ្ញុំបាននិយាយបន្ថែម ខ្ញុំនៅតែបញ្ជាក់បន្ថែមថា ខ្ញុំមិនយកឯករាជ្យ អធិបតេយ្យជាតិរបស់កម្ពុជា ទៅដោះដូរជាមួយជំនួយ និងភាពអនុគ្រោះណាទាំងអស់។ សុំប្រជាពលរដ្ឋកម្ពុជាគិតឱ្យបានច្បាស់ថា ពេលនេះកម្ពុជាត្រូវការអីពិតប្រាកដ? កម្ពុជាត្រូវការសន្តិភាព មិនអាចឱ្យអ្នកណាមួយមកបំផ្លាញសន្តិភាពបានទេ។ បើទោះបីបង់ថ្លៃប៉ុណ្ណាក៏ដោយចុះ កម្ពុជាត្រូវតែជាប្រទេសដែលមានសន្តិភាព មានឯករាជ្យ មានអធិបតេយ្យភាពពេញលេញ ច្បាប់របស់ខ្លួនត្រូវតែបានអនុវត្ត។ ទោះបីអ្នកណាក៏ដោយដែលនៅក្រោមច្បាប់របស់កម្ពុជា។ យើងចង់ធ្វើមិត្តភក្តិ និងដៃគូជាមួយប្រទេសទាំងអស់នៅលើពិភពលោក។ ប្រសិនបើគេមិនយល់ពីយើង ហើយចង់ចាប់បង្ខំយើង ក៏យើងមិនព្រមតាមដែរ។ យើងធ្លាប់ភ្លក់រសជាតិរួចហើយនៃសង្គ្រាម និងសោកនាដកម្មរាប់មិនអស់ ដែលពួកគេបានកសាងឡើងសម្រាប់យើង តែយើងមិនបានស្លាប់ទេ។
អញ្ចឹងសុំអំពាវនាវចំពោះប្រជាពលរដ្ឋកម្ពុជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា ងើបឈរឡើងដើម្បីការពារឯករាជ្យ អធិបតេយ្យភាព និងសន្តិភាពរបស់កម្ពុជា អត់ត្រូវអោនក្បាលចំពោះអ្នកណាទាំងអស់។ យើងត្រូវខិតខំរស់។ អ្នកទាំងនេះ មានមួយចំនួនបានឆ្លងកាត់របប ប៉ុល ពត មួយចំនួនមិនបានឆ្លងកាត់ទេ ប៉ុន្តែ ជីដូនជីតា ឪពុកម្ដាយ បានឆ្លងកាត់របប ប៉ុល ពត និងបានឆ្លងកាត់សង្គ្រាម តើយើងលំបាកប៉ុណ្ណា? ពេលនេះ មិនមែនជាពេលវេលាដែលត្រូវនិយាយពីអ្វីក្រៅពីរក្សានូវសន្តិភាពឱ្យខាងតែបាន។ មានសន្តិភាពទើបមានការអភិវឌ្ឍ មានសន្តិភាពទើបមានសិទ្ធិមនុស្ស មានសន្តិភាពទើបមានប្រជាធិបតេយ្យ។ អ្នកឯងយល់ទេ?
កាលពីជំនាន់គ្រាប់បែក គ្រាប់ប្លោង តើសិទ្ធិមនុស្សវានៅឯណា? បើមួយថ្ងៃៗស្លាប់មនុស្សអស់មិនចេះតិច។ កាលពីជំនាន់ខ្មែរក្រហម តើសិទ្ធិមនុស្សនៅឯណា? តើអ្នកណាមកជួយរកសិទ្ធិមនុស្សឱ្យកម្ពុជា ក្រៅពីកម្ពុជារកដោយខ្លួនឯង? គឺសិទ្ធិរស់រានមានជីវិតរបស់ប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត យើងបានប្រឹងប្រែងខ្លាំងណាស់ ទម្រាំបានថ្ងៃនេះ។ គេជ្រលក់យើងទៅនឹងភក់ ទៅនឹងជ្រាំ។
នឹងទៅប្រជុំ ASEAN-អាមេរិក ថ្ងៃ ១៤ មីនា ២០២០
ខ្ញុំខ្លោចផ្សាណាស់ បើគិតដល់អតីតកាល នៅពេលដែលធ្វើរដ្ឋមន្រ្តីការបរទេស សូម្បីតែប្រធាននាយកដ្ឋានរបស់ប្រទេសមួយ មិនចាប់ដៃជាមួយយើងនោះ។ ក្រោយមកធ្វើនាយករដ្ឋមន្រ្តី ប្រទេសខ្លះគេចាប់ដៃយើង ស្វាគមន៍យើង តែអ្នកខ្លះអត់ចាប់ដៃយើងទេ។ ឥឡូវ យើងបានមកដល់ដំណាក់កាល ដែលយើងចាប់ដៃគ្រប់មនុស្សទាំងអស់នៅលើពិភពលោក លើកលែងតែពួកភេរវកម្មទេ។ ប្រសិនបើថ្ងៃ ១៤ ខែ មីនា ២០២០ ខាងមុខនេះ ការប្រជុំអាស៊ាន និងអាមេរិក នៅ Las Vegas ខ្ញុំសូមផ្ដាំទៅប្រជាពលរដ្ឋខ្មែរនៅអាមេរិកថា ខ្ញុំនឹងទៅដល់ Las Vegas នៅថ្ងៃទី ១២ ខែ មីនា។ ថ្ងៃទី ១៣ អាចមានលទ្ធភាពដែលខ្ញុំវាយកូនហ្គោលនៅ Las Vegas វាយកូនហ្គោលលើដែនដីអាមេរិកតែម្ដង ព្រោះខ្ញុំមិនធ្វើដំណើរថ្ងៃ ១៣ ទេ ខ្ញុំទៅថ្ងៃ ១២ តែម្ដងឱ្យវាស្រួល។ ថ្ងៃ ១៤ ប្រជុំ ថ្ងៃ ១៥ ជួបពលរដ្ឋខ្មែរ ថ្ងៃ ១៦ បានខ្ញុំចាកចេញ។ ហើយពេលនោះ ខ្ញុំក៏នឹងជួបប្រជុំជាមួយប្រធានាធិបតីអាមេរិក Donald Trump តែម្ដង។
យើងជាម្ចាស់ប្រទេស យើងមានសមត្ថភាពដោះស្រាយបញ្ហាខ្លួនឯង
យើងកម្សត់ណាស់ ទម្រាំមកដល់ពេលនេះ។ ហេតុអីមកគំរាមយើង តាមរយៈធ្វើតាមអញ មិនធ្វើតាមអញៗផ្ដាច់អានេះ … សូមទោស កាលពីអតីតកាលកម្ពុជាមិនព្រមធ្វើតាមអ្នកឯងទេ ដើម្បីការរស់រានមានជីវិត ទប់ស្កាត់របបប្រល័យពូជសាសន៍ ប៉ុល ពត កុំឱ្យវិលត្រឡប់។ កម្ពុជាសុខចិត្តទទួលទណ្ឌកម្មនយោបាយ និងសេដ្ឋកិច្ចពីប្រទេសក្រៅ … លើកនេះហេតុអីមិនហ៊ាន? មិនមែនជាសារនយោបាយផ្ចាញ់ផ្ចាលទេ ក៏ប៉ុន្តែ អំពាវនាវឱ្យប្រជាពលរដ្ឋរបស់យើង កុំមានការតក់ស្លុតឱ្យសោះ។ ប្រទេសរបស់យើងៗជាម្ចាស់របស់ប្រទេសនេះ យើងត្រូវតែមានសមត្ថភាពដោះស្រាយបញ្ហារបស់យើង។ ជាក់ស្ដែង យើងចាប់ផ្ដើមពីប្រជាជនតែជាង ៥ លាននាក់ទេណា ឥឡូវកូនច្រើនណាស់ ឡើងដល់ ១៦ លាននាក់ហើយ។
ខ្ញុំមិនបន្ទោសអ្នកណាទេ ខ្ញុំទើបនឹងដឹងពីម្សិល ដំបូងខ្ញុំគ្រាន់តែនិយាយថា ចៅទី ២១ បានកំពុងធ្វើដំណើរមកហើយ។ ម្សិលមិញ ភរិយាខ្ញុំបានប្រាប់ខ្ញុំថា អាទី ២២ វាមកដែរហើយ បាន ២ ខែហើយ។ អញ្ចឹងទេ ខ្ញុំនឹងមានចៅដល់ទៅ ២២ នាក់ឯណោះ។ ជាមេដឹកនាំពិភពលោកម្នាក់ ដែលមានចៅច្រើនបំផុត លើកលែងតែគេមានប្រពន្ធ ៤ ប្រពន្ធច្រើន អាហ្នឹងខ្ញុំមិនហ៊ាន(ប្រជែង) តែបើប្រពន្ធមួយម្នាក់ដូចគ្នា ខ្ញុំជាមនុស្សដែលមានចៅច្រើន។ ចៅដល់ទៅ ២២ នរណាតាមទាន់ ក្នុងចំណោមហ្នឹង អត់មាននរណាតាមខ្ញុំទាន់ទេ។ ប៉ាវដាច់តែម្ដងអារឿងហ្នឹង …។
អត់ EBA មិនមែនបាត់ផ្សារនៅអឺរ៉ុបទេ
អញ្ចឹងទេ កាលពីមុន យើងអត់មាន EBA ម៉េចក៏មិនងាប់ ចេះរស់បាន។ ពិតហើយ បើសិនគេឱ្យយើងបន្ដ យើងក៏អរគុណ តែបើគេសម្រេចដកហើយ អាហ្នឹងក៏ទៅតាមអញ្ចឹងទៅ។ យើងបង់ពន្ធឱ្យគេ វានៅតែចំណេញ គ្រាន់តែពីមុនចំណេញច្រើន ឥឡូវចំណេញតិចតែប៉ុណ្ណឹងទេ។ ហ្នឹងវាគង់តែនឹងបាត់ទេ មិនមែនបាត់ផ្សារអឺរ៉ុបឯណា។ ជាក់ស្ដែង រឿងដែលគួរឱ្យចង់សើច វានៅត្រង់នេះ ប្រទេសខ្លះនៅក្នុងអឺរ៉ុបផលិតអង្ករ លក់អង្ករខ្លួនឯងមិនដាច់ មករករឿងអង្ករកម្ពុជា និយាយឱ្យច្បាស់ប្រទេសអ៊ីតាលី និងអេស្ប៉ាញ ពីរប្រទេសហ្នឹង ផលិតអង្ករ។ តែដល់អង្ករខ្លួនឯងលក់មិនដាច់ ចាញ់អង្ករកម្ពុជា អញ្ចឹងទាមទារឱ្យគណៈកម្មការអឺរ៉ុបដាក់វិធានការការពារ អញ្ចឹងតម្រូវឱ្យកម្ពុជាបង់ពន្ធនាំចូលទៅក្នុងទីផ្សារអឺរ៉ុប។ ខ្ញុំគិតថា ឆ្នាំ ២០១៩ នឹងមិនមានអង្ករកម្ពុជាចូលទៅទីផ្សារអឺរ៉ុបទេ តែមិននឹកស្មានថា របាយការណ៍របស់ក្រសួងកសិកម្មឱ្យមក ក្នុងចំណោម ២៨ ប្រទេសកាលពីពេលមុន ឥឡូវនៅសល់តែ ២៧ ទេ ព្រោះអង់គ្លេសបានចាកចេញពីអឺរ៉ុប ប្រហែលជាអង់គ្លេសធុញទ្រាន់នឹងអឺរ៉ុប … អឺរ៉ុបខ្លួនឯងក៏មិនត្រូវគ្នាដែរ។ ក្នុងចំណោម ២៨ ប្រទេស កាលពីឆ្នាំ ២០១៨ (មាន)២៣ ប្រទេសដែលកម្ពុជានាំអង្ករចូលទៅ ហើយប្រមាណជា ៣០ ម៉ឺនតោន។ អញ្ចឹងអាមិនទាន់បង់ពន្ធក៏នាំទៅ អាបង់ពន្ធរួចហើយក៏នាំទៅ អញ្ចឹងទេ លទ្ធភាពបង់ពន្ធរបស់យើងក៏ត្រូវតែធ្វើ។ កុំខ្លាច។
ការប៉ះពាល់ ២៖ ការផ្គត់ផ្គង់វត្ថុធាតុដើមយឺតដោយសារ coronavirus និងការថយចុះនៃទេសចរចិន
រឿងសង្គ្រាមចិត្តសាស្រ្តមុខតែវាយប្រហារមកហើយ តែក្នុងឋានៈខ្ញុំជានាយករដ្ឋមន្រ្តីឈរនៅមុខនេះ ក្មួយៗកម្មករ/ការិនីទាំងអស់បើសិនជាមានរឿងអ្វីកើតឡើងនៅថ្ងៃស្អែក ថ្ងៃ ១២ កុំតក់ស្លុត បើមានរឿងអី ទាល់តែខែ ៨ បានវាចាប់ផ្ដើម។ ផលប៉ះពាល់មុនគេ គឺរឿង coronavirus នៅប្រទេសចិន ដែល(នាំឱ្យ)វត្ថុធាតុដើមផ្គត់ផ្គង់មិនទាន់ រឿងទីមួយ។ ទីពីរ បណ្ដាសណ្ឋាគារមួយចំនួនអាចនឹង(ខ្វះ)ទេសចរ ក្នុងពេលដែលចិនមួយចំនួនមិនបានធ្វើដំណើរមក យើងក៏មិនបានបិទទេ។ អញ្ចឹង ភោជនីយដ្ឋាន និងសណ្ឋាគារមួយចំនួនក៏អាចថាលក់មិនដាច់។ អញ្ចឹងសុំកុំឆ្ងល់បញ្ហាហ្នឹង។ ចិនជាប្រទេសធំណាស់ ១.៤០០ លាននាក់ សូម្បីតែពេលនេះ ទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងអាមេរិក ដំណាក់កាលទី ១ ចិនត្រូវទិញកសិផលពីអាមេរិក ប្រមាណសិបពាន់លាន(ដុល្លារ)ឯណោះ តើនាំចូលបានឬអត់? រឿងហ្នឹងទៀត ហើយបើនាំចូលមិនបាន អ្នកដែលខាតគឺកសិករអាមេរិកនោះទេ។
ស្វែងរក (១) ថ្នាំព្យាបាល coronavirus និង (២) ថ្នាំព្យាបាលជំងឺភ័យខ្លាច និងរើសអើង
ឥឡូវនេះ ត្រូវរកថ្នាំព្យាបាលពីរប្រភេទ។ មួយប្រភេទ រកថ្នាំព្យាបាលជំងឺវីរុសកូរ៉ូណាថ្មី ដែលអង្គការសុខភាពពិភពលោក អ្នកឯកទេសចិន ក៏ដូចជាអ្នកឯកទេសពិភពលោក កំពុងស្វែងរកថ្នាំដើម្បីព្យាបាលវីរុសនេះ។ អាហ្នឹងគឺប្រភេទថ្នាំទីមួយ។ ប្រភេទថ្នាំទីពីរ ត្រូវរកឱ្យឃើញ ហើយដែលវាងាយទេ គឹថ្នាំព្យាបាលជំងឺភ័យខ្លាច និងជំងឺរើសអើង។ នេះអាជំងឺនេះគ្រោះថ្នាក់ជាង អាកូរ៉ូណា អញ្ចឹងទេ ខ្ញុំពិតជាសប្បាយចិត្តចំពោះពលរដ្ឋខ្មែរយើង ដែលមិនមានការរើងអើងចំពោះទេសចរចិន ចំពោះអ្នកវិនិយោគចិននៅកម្ពុជា។ សណ្ឋាគារមួយចំនួននៅសៀមរាប គេស្វាគមន៍ទេសចរចិន ហើយបញ្ចុះថ្លៃឱ្យទៀត។ អរគុណបើធ្វើកាយវិការបែបនេះ។ ឥឡូវ រោងចក្រចិនជាច្រើននៅពង្រាយតាមខេត្តនានា តាមរាជធានី បើយើងបិទមិនឱ្យពលរដ្ឋចិនធ្វើដំណើរ សួរថា នរណាគ្រប់គ្រងរោងចក្រ? រោងចក្រ(នឹងត្រូវ)បិទមុនតែម្ដង ព្រោះបើជនជាតិចិនត្រូវបានរើសអើងនៅកម្ពុជាហើយ តើមានអីនៅសល់ទៀត? ចិនជាអ្នកវិនិយោគ។ ការដ្ឋានសាងសង់ ដែលកំពុងសាងសង់ មានផ្លូវ ស្ពាននៅទន្លេមេគង្គ ខេត្តកំពង់ចាម និងត្បូងឃ្មុំ នៅស្ទឹងត្រង់ ក្រូចឆ្មារ សាងសង់ផ្លូវមួយចំនួន តើធ្វើយ៉ាងណាទៅបានសាងសង់កើត? ជាពិសេស ផ្លូវជាតិលេខ ៣ … ក្រុមហ៊ុនចិនកំពុងសាងសង់នៅតាមហ្នឹង។ បើយើងខ្ទប់ទេសចរ ខ្ទប់ទិដ្ឋាការចិនត្រឹមតែ VISA ទេសចរទេ ផលប៉ះពាល់កើតមានទាំងអស់ទៅលើការដ្ឋានសំណង់ទាំងឡាយ ដែលមាននៅក្នុងប្រទេសកម្ពុជា។
អ្នកដែលរើសអើងចិនពេលនេះ ចាំមើលលទ្ធផលថ្ងៃក្រោយ
មានអ្នកខ្លះដាក់ផ្លែ/ផ្កាឱ្យខ្ញុំ ឌឺសុទ្ធតែថា រួមរស់រួមសុខរួមទុក្ខជាមួយចិន។ អ្នកឯងត្រូវយល់ឱ្យបាន ចំណងមិត្តភាពមួយនេះ វាជាផ្នែកមួយនៃដំណើរការនយោបាយ សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា។ អ្នកឯងត្រូវយល់។ បើមិនយល់ទេ សូមទៅរៀនថែម ហើយអ្នកដែលរើសអើងជាមួយចិន អ្នកចាំមើលលទ្ធផលថ្ងៃក្រោយ តើចិននិយាយថាម៉េច? ជួនកាល ម្ចាស់ការបិទជាឯកតោភាគីជាមួយនឹងការធ្វើដំណើររបស់ចិន ដល់ពេលសុំបើកវិញ ឧទាហរណ៍ទេណា ស្រាប់តែចិនថា ចាំពិចារណាសិន។ អាពាក្យចាំពិចារណាហ្នឹងគ្រោះថ្នាក់។ ខ្ញុំមិនប្រដៅទៅលើប្រទេសណាទេៗ។ ម្សិលមិញ ខ្ញុំក៏បានពិភាក្សាជាមួយប្រធានាធិបតីឡាវដែរ។ ឡាវគាត់អត់មានការបិទទេ ព្រំដែនឡាវជាមួយនឹងខេត្តយូណាន គឺបើកចំហរកស៊ីទៅវិញទៅមក ទេសចរ ការលក់ដូរទៅវិញទៅមក។ យូណានគ្មានអ្នកឆ្លងវីរុសហ្នឹងឯណា? អញ្ចឹងទេសចរពីខេត្តយូណានចូលមកឡាវក៏នៅបន្តតទៅទៀត។
(១) សូមកុំភ័យខ្លាច និងកុំមានការរើសអើង តែត្រូវមានការប្រុងប្រយ័ត្ន និងធ្វើអនាម័យ
អញ្ចឹងគ្មានរឿងអីទេ នេះជាសារមួយដែលខ្ញុំសូមជូនទៅប្រជាពលរដ្ឋកម្ពុជា សូមកុំឱ្យមានការភ័យខ្លាច។ ភ័យខ្លាចទីមួយ គឺវាអត់មានមកឆ្លងឯណាព្រឹបៗ ប៉ុន្តែការប្រុងប្រយ័ត្ននៅតែប្រុងប្រយ័ត្ន។ តែកុំឱ្យហួសហេតុពេក។ រហូតដល់នៅក្នុងផ្ទះស៊ីបាយជាមួយប្រពន្ធ ក៏ពាក់ម៉ាស់ដែរនោះ ចប់ហើយ។ ប៉ុន្តែបើនៅជាមួយប្រពន្ធ ប្រពន្ធ(មានជំងឺផ្ដាសាយ) ច្បាស់ណាស់ថា (ជំងឺផ្ដាសាយ)ហ្នឹងឆ្លងមកប្ដីហើយ …។ អញ្ចឹងសុំប្រជាពលរដ្ឋរបស់យើង កុំមានការភ័យខ្លាច និងកុំមានការរើសអើង តែត្រូវមានការប្រុងប្រយ័ត្ន(ត្រូវ)លាងដៃ លាងស្អីៗ (ធ្វើ)តាមក្បូនអនាម័យទៅ (ដែល)ចាប់ផ្ដើមពីមនុស្សម្នាក់ៗ គ្រួសារនីមួយៗចាប់ផ្ដើមពីកន្លែងហ្នឹងតែម្ដង។ បើរស់នៅអត់អនាម័យ កុំថាមានជំងឺអី មិនមានជំងឺអី កើតជំងឺតែក្នុងផ្ទះ(ខ្លួនឯង)ហ្នឹង គឺជំងឺខ្វះអនាម័យតែប៉ុណ្ណឹងឯង។
(២) សុំកុំស្លន់ស្លោទាក់ទងនឹងការសម្រេចចិត្តរបស់អឺរ៉ុប
ឯការភ័យខ្លាចទី ២ ប្រសិនបើមានរឿងអ្វីកើតឡើង សុំកុំស្លន់ស្លោទាក់ទងនឹងការសម្រេចចិត្តរបស់អឺរ៉ុប យ៉ាងម៉េច កុំមានការតក់ស្លុតឱ្យសោះ។ យើងត្រូវពឹងលើការដកដង្ហើមខ្លួនឯង។ យើងដកបាន យើងដក (ហើយ)បើមានជំនួយអុកស៊ីសែនអាហ្នឹងគឺល្អ ប៉ុន្តែបើសិនដក(EBA) ក៏យើងមានលទ្ធភាព ដើម្បីដកដង្ហើមដោយខ្លួនឯងដែរ។ ក្នុងករណីដែលរោងចក្រមួយចំនួនត្រូវបានបិទជាបណ្ដោះអាសន្ន វាមិនមែនបណ្ដាលមកពីការបាត់ EBA ទេ ព្រោះ EBA គាត់សម្រេចនៅថ្ងៃស្អែក ប៉ុន្តែគេទុកពេល ៦ ខែ បានបាត់។ ប៉ុន្តែបើបាត់ក្នុងរយៈពេលប៉ុន្មានអាទិត្យខាងមុខនេះ វាបាត់មកពីវត្ថុធាតុដើមជាសាច់ក្រណាត់ សំភារៈវត្ថុធាតុដើមដែលនាំមកពីប្រទេសចិន ដើម្បីធ្វើការផលិតនៅកម្ពុជាសម្រាប់ការនាំចេញនេះ យកមកមិនទាន់ តែប៉ុណ្ណឹងទេ។ អំពាវនាវជាថ្មីម្ដងទៀត ប្រជាជនកម្ពុជាងើបឈរឡើង ការពារសន្ដិភាព ការពារឯករាជ្យ អធិបតេយ្យជាតិរបស់ខ្លួន ដើម្បីធានាដល់ការអភិវឌ្ឍយូរអង្វែង។
កម្ពុជាសូមរំលែកមរណទុក្ខចំពោះអ្នកស្លាប់ដោយវីរុសកូរ៉ូណា សូមខិតខំស្វែងរកថ្នាំ និងការទប់ស្កាត់
ខ្ញុំសុំនិយាយប៉ុណ្ណឹងទៅចុះ ជាមួយនឹងអ្វីដែលជាសភាពការណ៍ថ្មី និងសភាពការណ៍បានមកដល់។ ខ្ញុំក៏បន្ថែមបន្ដិច ខ្ញុំបញ្ជាក់តទៅទៀតថា តំបន់ និងពិភពលោកបច្ចុប្បន្ន ត្រូវខិតខំស្វែងរកនូវថ្នាំ ដើម្បីព្យាបាលជំងឺមួយ គឺជំងឺទប់ស្ដាត់ កូរ៉ូណាវីរុស ហើយព្យាបាលឱ្យជា ដែលយើងជឿជាក់ទៅលើសមត្ថភាពរបស់ប្រជាជនចិន។ សុំផ្ញើជូនប្រធានាធិបតីចិន ស៊ី ជីនពីង និងនាយករដ្ឋមន្រ្តីចិន លី ខឺឈាំង រដ្ឋាភិបាល និងប្រជាជនចិន នូវការចែករំលែកនូវមរណទុក្ខចំពោះអ្នកស្លាប់ ដែលបានកើនឡើងជាង ១ ពាន់នាក់ និងសូមជូនពរឱ្យអ្នកដែលទទួលការឆ្លង(ជំងឺកូរ៉ូណាវីរុស)ប្រមាណជាង ៤ ម៉ឺននាក់នេះ ទទួលបាននូវការព្យាបាលជាសះស្បើយ។ មកដល់ពេលនេះ អត្រានៃអ្នកជាសះស្បើយឡើងដល់ជាង ៣ ពាន់នាក់ហើយ។ បានសេចក្ដីថា ជំងឺនេះ គេអាចព្យាបាលជា ជាក់ស្ដែង គឺយើងបានព្យាបាលជានៅក្នុងប្រទេសរបស់យើងមួយករណីទៅហើយ។ នៅក្នុងប្រទេសចិនឆ្លងហើយ ព្យាបាលជាបានជាង ៣ ពាន់នាក់ហើយដែរ។
អរគុណក្មួយៗ និស្សិតនៅទីក្រុងវូហាន
យើងចូលរួមចែករំលែកនូវការលំបាកជាមួយប្រជាជនចិន តាមរយៈនៃសកម្មភាពដែលយើងមិនរើសអើង ដែលយើងមិនភ័យខ្លាច។ យើងសង្ឃឹមថា ប្រជាពលរដ្ឋរបស់យើងដែលមានកូនចៅ ដែលកំពុងសិក្សានៅប្រទេសចិន មិនមានការតក់ស្លុតនោះទេ។ ផ្ដាំផ្ញើទៅក្មួយៗ នៅឯទីក្រុងវូហាន ទាំង ២៣ នាក់ ពូអរគុណចំពោះក្មួយៗ ដែលយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ពូ ព្រោះពេលហ្នឹង និស្សិតយើងនៅតំបន់វូហាន បានផ្ញើសារជារូបភាព និងសំឡេងថា “សូមសម្ដេចពុក កុំធ្វើដំណើរទៅវូហាន។ បើទៅ ពួកខ្ញុំចេញមកជួប គេនឹងដាក់ពួកគាត់ឱ្យនៅដាច់ដោយឡែកទៅទៀត”។ អញ្ចឹងបើសិនជាយើងទៅពេលនោះ ម្ខាងគឺបង្កើតនូវការលំបាកសម្រាប់អ្នកដែលកំពុងប្រតិបត្តិការនៅទីនោះ ត្រូវរកការពារឱ្យយើង។ តែមួយផ្នែកទៀត បង្កការលំបាក(ដល់និស្សិត) ២៣ នាក់ ដែលនៅ ៦ កន្លែងផ្សេងគ្នា នៅទីក្រុងវូហាន ដែលចិនគ្រប់គ្រង ថែទាំ។
យើងក៏បានផ្ដល់ថវិកាបន្ថែមសម្រាប់និស្សិតដែលជាប់នៅទីក្រុងវូហាន ២ លានរៀល ស្មើនឹង ៥០០ ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ។ បើសិនពន្យាររយៈពេលវែងជាប់នៅទីក្រុងវូហានបន្ដទៀត យើងបន្តផ្ដល់ថវិកានេះបន្តឱ្យនិស្សិតរបស់យើង។ សំណាងដែរ ពេលហ្នឹងចំពេលចូលឆ្នាំចិន ធម្មតានៅប្រទេសចិន ឈប់សម្រាកដូចជា ២ អាទិត្យ ឬ ៣ អាទិត្យឯណោះ។ អញ្ចឹងទេ និស្សិតខ្មែរមួយចំនួនក៏មកលេងស្រុក ប៉ុន្តែអ្នក ២៣ នាក់នៅទីក្រុងវូហានហ្នឹង(បន្តនៅទីក្រុងវូហាន)។ ឯនៅតំបន់ដទៃទៀត ក៏មាន(និស្សិតខ្មែរ)មកចេញស្រុក។ សូមផ្ដាំផ្ញើសួរសុខទុក្ខចំពោះនិស្សិតដែលកំពុងសិក្សានៅប្រទេសចិនទាំងអស់ ហើយជាពិសេសនៅទីក្រុងវូហាន។
ចិន យកចិត្តទុកដាក់ទាំងប្រជាជនខ្លួន និងនិស្សិតបរទេស
ចិនមានសមត្ថភាព ហើយចិនមិនមែនគ្រាន់តែទទួលបន្ទុកលើសុខភាពរបស់ប្រជាជនចិននោះទេ គេយកចិត្តទុកដាក់ខ្ពស់ណាស់ ជាមួយនឹងនិស្សិតបរទេស រាប់ទាំងកម្ពុជា។ និស្សិតបរទេសដែលមកពីអាហ្វ្រិក មកពីអាមេរិកឡាទិនច្រើនណាស់នៅក្នុងប្រទេសចិន។ ចិនមាននិស្សិតពីបរទេសច្រើនណាស់។ អញ្ចឹងចិនយកចិត្តទុកដាក់សុខភាពប្រជាជនខ្លួនឯង យកចិត្តទុកដាក់សុខភាពរបស់ជនជាតិបរទេស ពិសេសនិស្សិតបរទេស ដែលទៅរៀននៅប្រទេសចិន ក្នុងហ្នឹងមាននិស្សិតកម្ពុជាផងដែរ។ ទាំងលោក ប្រធានាធិបតី ស៊ី ជីនពីង និងនាយករដ្ឋមន្រ្តី លី ខឺឈាំង រដ្ឋមន្រ្តីការបរទេស វ៉ាង យី សុទ្ធតែអះអាងថា យកផលប្រយោជន៍ប្រជាជនចិនជាធំ នៅក្នុងកាល
ៈទេសៈដ៏លំបាកនេះ។ អញ្ចឹងចិនត្រូវប្រើគ្រប់មធ្យោបាយទាំងអស់ ធនធានដែលខ្លួនមាន ដើម្បីដោះស្រាយបញ្ហាសុខភាពរបស់ប្រជាជនចិន។ អញ្ចឹងថ្នាំទី ១ ដែលត្រូវខិតខំរក ដែលវាមិនមែនគ្រាន់តែអ្នកវិទ្យាសាស្រ្តចិននោះទេ តែអ្នកវិទ្យាសាស្រ្តលើពិភពលោកនេះត្រូវរកដំណោះស្រាយ រកថ្នាំព្យាបាល គ្រប់គ្រងកូរ៉ូណាវីរុស។
ប៉ុន្តែថ្នាំទី ២ គឺបំបាត់ការភ័យខ្លាច និងបំបាត់ការរើសអើងនៅតាមប្រទេសនានា ក្នុងតំបន់ និងក្នុងពិភពលោក។ នេះទើបជាគ្រោះថ្នាក់ធំមែនទែន វាបង្កផលប៉ះពាល់ចំពោះសេដ្ឋកិច្ចតែម្ដង។ ជួនកាល សេដ្ឋកិច្ចផ្ទាល់របស់ប្រទេស ដែលបានសម្រេចចិត្តខុសនោះតែម្ដង។ ភោជនីយដ្ឋាននៅប្រទេសខ្លះ ដែលរើសអើងប្រជាជនចិន ច្បាស់ជាស្លាប់ហើយ ព្រោះកាលពីមុន កសាងភោជនីយដ្ឋានឡើង ពឹងពាក់លើទេសចរចិនចូលស៊ី។ ឥឡូវគេចំណាំមុខ ថ្ងៃក្រោយគេហាមឃាត់(មិនឱ្យប្រជាជនចិនចូលហាងហ្នឹង)។ ហើយគេដាក់(ភោជនីយដ្ឋាន)ហ្នឹងក្នុងបញ្ជីខ្មៅ ក្នុង Tour ទេសចរចិនដែរ អញ្ចឹងងាប់ខ្លួនឯងតើ។ ខ្ញុំបន្តគាំទ្រឱ្យមានការប្រជុំអាស៊ានចិន ថ្នាក់រដ្ឋមន្រ្តីការបរទេស បន្តទៅទៀត និងឱ្យមានការប្រជុំអាស៊ានចិនកំពូល ប្រសិនមានកុងសង់ស៊ីសក្នុងក្របខណ្ឌអាស៊ានចិន នៅវៀងចន្ទន៍ ក្នុងប៉ុន្មានថ្ងៃខាងមុខ នៅពេលប្រជុំឡាងឆាង-មេគង្គ គឺតភ្ជាប់ជាមួយឡាងឆាង-មេគង្គ ទៅប្រជុំកំពូលតែម្ដង ដើម្បីរកដំណោះស្រាយ។ សូមអំពាវនាវ ធ្វើយ៉ាងម៉េចឱ្យប្រជាពលរដ្ឋរបស់យើង បន្តដំណើរជាមួយគ្នាតទៅទៀត ក្នុងការការពារឯករាជ្យ អធិបតេយ្យភាព ការពារសន្ដិភាពដែលយើងរកបានដោយលំបាក ចង់អ្នកណាថាអីថាទៅ។ ខ្ញុំមិនឆ្លើយតប ខ្ញុំមានតំណមរបស់ខ្ញុំ មិនឆ្លើយតបជាមួយនឹងក្រុមប្រឆាំងណាទាំងអស់។ សូមមិនចាំបាច់បង្ហោះហ្វេសប៊ុកចាក់ឱ្យខ្ញុំ ឱ្យឆ្លើយទេ។ គ្មានការចាំបាច់ដើម្បីឆ្លើយទេ។
ការបង្ហោះព័ត៌មានបំពុលសង្គម ត្រូវចាត់វិធានការតាមច្បាប់
ក្រសួងសុខាភិបាល បានធ្វើការហើយ។ (ហេ្វសប៊ុក) ព័ត៌មានពិត ចេញពីកម្ពុជា (បង្ហោះថា មានអ្នកកើតជំងឺកូរ៉ូណាវីរុស) រាប់រយនាក់ ប៉ុន្តែរាជរដ្ឋាភិបាលលាក់។ សូមកូនក្មួយ អ្នកដែលបង្ហោះព័ត៌មានមិនពិតនេះ តើព័ត៌មានមិនពិតនេះ ក្មួយ ឬកូន ឬអ្នក ឬបង ឬប្អូន ឬពូ ឬមីង បានទទួលផលចំណេញអ្វីទៅពីការបំផុសព័ត៌មានមិនពិតនេះ? បើនៅក្នុងស្រុក បានត្រឹមតែមួយជាប់គុក តែប៉ុណ្ណឹង។ ពិតមែនហើយ ខ្ញុំឱ្យយកវិធានការអប់រំ ប៉ុន្តែវិធានការអប់រំត្រូវបានធ្វើតែចំពោះអ្នកដែលបានបង្ហោះព័ត៌មានទៅ រួចហើយដកព័ត៌មានហ្នឹងវិញ ហើយសុំកែតម្រូវ។ ហ្នឹងវិធានការផ្លូវច្បាប់ មិនត្រូវបានប្រកាន់យកទោសទេ យកវិធានការអប់រំ។ តែអាលួចលាក់បំផុសព័ត៌មាននេះ អាហ្នឹងគឺវិធានការផ្លូវច្បាប់ ត្រូវបានប្រកាន់យក។ បើសិនជាបង្ហោះនៅក្នុងស្រុក អ្នករត់មិនរួចទេ ពិបាករត់ណាស់។ ប៉ុន្តែខ្ញុំគ្រាន់តែសួរទៅអ្នក(បង្ហោះព័ត៌មានបំពុលសង្គម) តើអ្នកបានផលចំណេញអ្វីទៅ ពីការបំពុលព័ត៌មានឱ្យប្រជាជនភ័យខ្លាច រាប់ទាំងក្រុមគ្រួសាររបស់អ្នកផងដែរ? តើអ្នកបានទទួលផលអ្វីទៅ? អត់បានទទួលអ្វីទាំងអស់។ ប្រជាជនខ្មែរមកដល់ពេលនេះ ទោះបីមានជំងឺកូរ៉ូណាវីរុសហ្នឹង ឬក៏ការភ័យខ្លាចយ៉ាងណាក៏ដោយ តែអតិផរណានៅតាមទីផ្សារអត់មានទេ។ ល្អវានៅកន្លែងហ្នឹង។ ស្ថិរភាពនយោបាយហើយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងតម្លៃលើទីផ្សារបានយ៉ាងល្អ។
ពាំនាំអំណោយ
ថ្ងៃនេះ ខ្ញុំបាននាំមកសម្រាប់ក្រុមកាយាឬទ្ធិ និងយុវជនកាកបាទក្រហមកម្ពុជាចំនួន ៤០០ នាក់ ក្នុងម្នាក់ៗ ថវិកា ២ ម៉ឺនរៀល។ សិស្សានុសិស្សចំនួន ២.២៦៩ នាក់ ក្នុងម្នាក់ៗ សៀវភៅ ២ ក្បាល ប៊ិចមួយដើម ថវិកា ១ ម៉ឺនរៀល។ ជូនលោកគ្រូ អ្នកគ្រូចំនួន ៣១១ នាក់ ម្នាក់ៗ ថវិកា ៥ ម៉ឺនរៀល។ ជូនវិទ្យាល័យ ហ៊ុន សែន ព្រែកកំពីស សង្កាត់ព្រែកកំពិស ថវិកា ២ លានរៀល។ ជូនវិទ្យាល័យ ហ៊ុន សែន កំពង់កន្ទួត ឃុំបាគូ ថវិកា ២ លានរៀល។ ជូនមណ្ឌលសុខភាពរលួស ខណ្ឌដង្កោ ថវិកា ២ លានរៀល។ ជូនមណ្ឌលសុខភាពសៀមរាប ភូមិសៀមរាប ស្រុកកណ្ដាលស្ទឹង ថវិកា ២ លានរៀល។ ជូនសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ ថវិកា ២ លានរៀល។ ជូនសាលាស្រុកកណ្ដាលស្ទឹង ថវិកា ២ លានរៀល។ ជូនក្រុមតន្រ្តីសម័យ ថវិកា ៥ លានរៀល។
ជាមួយនឹងការប្រកាសបើកការដ្ឋាន ធ្វើឱ្យប្រសើរឡើងវិញ នូវផ្លូវជាតិលេខ ២ និងផ្លូវជាតិលេខ ២២ ប្រវែងជាង ៦២ គីឡូម៉ែត្រ ដែលតភ្ជាប់ភ្នំពេញ កណ្ដាល ទៅតាកែវ និងតម្រង់ឆ្ពោះទៅកាន់ខេត្តកំពត ដែលជាថវិកាហិរញ្ញប្បទានដោយសាធារណរដ្ឋកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល អនុញ្ញាតឱ្យខ្ញុំសូមជូនពរចំពោះសម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសបងប្អូនជនរួមជាតិទាំងអស់ សូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខាៈ ពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕