ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អនុញ្ញាតឱ្យឯកឧត្តម Pablo Chiho Kang ឯកអគ្គរដ្ឋទូតនៃប្រទេសអូស្ត្រាលីប្រចាំកម្ពុជាទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ

កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២០ នៅ​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ ឯកឧត្តម​កិត្តិនីតិកោសល​បណ្ឌិត​ ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ​ រដ្ឋមន្ត្រី​ទទួល​បន្ទុកទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ បាន​អនុញ្ញា​ត​ឱ្យ​ឯកឧត្តម​ ​ Pablo Chiho Kang ឯកអគ្គ​រដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​អូស្ត្រាលី​ ប្រចាំ​ព្រះ​រាជាណា​ចក្រកម្ពុជា​ ទទួល​ជួប​សម្តែង​ការ​គួរ​សម​ និង​ពិភាក្សា​ការងារ​​។

 

ឯកឧត្តម​កិត្តិនីតិកោសល​បណ្ឌិត​ ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទី​ស្តី​ការ​    គណៈរដ្ឋមន្ត្រី​ បាន​សម្តែង​នូវ​ការ​ស្វាគមន៍​ចំ​ពោះ​ឯកឧត្តម​ Pablo Chiho Kang ដែល​ទទួលបេសកកម្ម​ជា​​ឯកអគ្គរដ្ឋទូត​នៃ​ប្រទេស​អូស្ត្រាលី​ប្រចាំ​ព្រះ​រាជា​ណា​ចក្រកម្ពុជា​ ហើយ​ឯកឧត្តមកិត្តិនីតិកោសល​បណ្ឌិត ​ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ ​ក៏មាន​​សេចក្តី​រីករាយ​ក្នុង​ការលើកឡើង​​អំពី​បញ្ហា​នា​នា​​ពាក់​ព័ន្ធ​នឹងកិច្ច​សហប្រតិបត្តិការ​​ ជាទ្វេភាគី​រវាង​ប្រទេស​ទាំង​ពី​រកម្ពុជា  អូស្ត្រាលី ដែលធ្លាប់​​​​មាន​នូវ​ប្រវត្តិនៃទំ​នាក់​ទំ​នង​ការទូត​រវាងគ្នា​​​ដ៏យូរលង់​ណា​ស់​មកហើយ ។

ឯកឧត្តម​ Pablo Chiho Kang បាន​មានប្រសាសន៍ថា មិត្ត​ភាព​ទ្វេភាគី​រវាង​កម្ពុជា និង​អូស្ត្រាលី​ បាន​កើត​មាន​ឡើង​តាំង​ពី​អំឡុង​ឆ្នាំ​១៩៥២មក និងក្រោយពី​​ឆ្នាំ១៩៩៣ ​ក៏ចាប់​ផ្តើម​​បន្ត​ទំ​នាក់​ទំ​នង​គ្នា​រហូត​ដល់​បច្ចុប្បន្ន​។​ ចាប់​តាំង​ពី​ពេល​នោះ​មកកម្ពុជា​ ក៏បាន​បញ្ជូន​និស្សិត​ទៅ​សិក្សានៅ​ប្រទេស​អូស្ត្រាលី​ ហើយ​ក៏មាន​បណ្តាអង្គការ​ជា​ដៃ​គូអភិវឌ្ឍ​នានារបស់អូស្ត្រាលី បាន​មក​បើក​ទី​ស្នាក់​ការនៅ​ក្នុង​ប្រទេស​  កម្ពុជា​។  ឯកឧត្តម​បាន​បន្តថា ប្រទេស​អូស្ត្រាលី​ក៏បាន​រួម​ចំ​ណែក​ក្នុង​ដំ​ណើរការ​បោះ​ឆ្នោត​លើក​ដំ​បូង​នៅ​កម្ពុជា​ដែលរៀប​ចំ​ដោយ​ អ៊ុន​តាក់​ ផង​ដែរ។ ឯកឧត្តម​ឯកអគ្គ​រដ្ឋទូត​បានមានប្រសាសន៍​បន្ថែម​ថា ដោយ​សារ​កិច្ច​ទំ​នាក់​ទំ​នង​ល្អ​នេះ​ហើយ​​ ទើប​​បច្ចុប្បន្ន​មាន​និស្សិត​កម្ពុជា​ប្រមាណជាង​ ៣ពាន់​នាក់​ បាន​និង​កំពុង​បន្ត​ការ​សិក្សា​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ក្នុង​កំ​រិត​សិក្សា​ថ្នាក់​ឧត្តម​ និងជំ​នាញ​​វិជ្ជា​ជីវៈផ្សេង​ៗ ហើយ​ដោយ​ឡែក​និស្សិត​អូស្ត្រាលីចំ​នួន​ប្រមាណ​៥០០នាក់​​ ក៏បាន​និងកំពុង​សិក្សា​នៅ​ក្នុងប្រទេស​កម្ពុជា​​ផង​ដែរ។ ប្រទេសអូស្ត្រាលី សហការជាមួយប្រទេសកម្ពុជា លើវិស័យសំខាន់ៗមួយចំនួនដូចជាៈ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការ និងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក ឬ ECCC) ដែល​បាន​ផ្តល់​ថវិកាសរុប​ចំ​នួន​៣២,៥លាន​ដុល្លារអាម៉េរិក​ដល់​​ អ.វ.ត.ក​ ក្នុង​នោះថវិកា​ចំ​នួន​២៨,៨លានដុល្លារ​អាម៉េរិក​សម្រាប់​ភាគី​អន្តរជាតិ​នៃ​អ.វ.ត.ក​ និង​ចំ​នួន​៣,៧លានដុល្លារអាម៉េរិក​សម្រាប់​ភាគី​ជាតិ​នៃ​ អ.វ.ត.ក។

​ឯកឧត្តម​ Pablo Chiho Kang បាន​បញ្ជាក់បន្ថែម​ថា បច្ចុប្បន្ន​ស្ថានទូត​អូស្ត្រាលី​ បាន​និងកំពុង​ធ្វើ​ការ​​ងារជា​មួយ​កម្ពុជា​ ដោយផ្តោតលើ​វិស័យ ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម កសិកម្ម នេសាទ ធនធានទឹក អប់រំ និងសុខាភិបាល ​ដោយ​សហការជា​មួយ​អាជ្ញាធរនៅតាម​បណ្តា​ខេត្ត​មួយ​ចំ​នួន​ បង្កើត​នូវ​ប្រព័ន្ធ​ធារាសាស្ត្រ ដើម្បី​បង្កើន​ទិន្នផល​ស្រូវ​ជូនប្រជា​កសិករ​ខ្មែរ​ ក៏ដូច​ជា​បាន​ជួយ​បង្កើន​នូវ​ប្រាក់​ចំ​ណូល​ក្នុង​គ្រួសារ​ផង​ដែរ​។ ក្រៅ​ពី​នេះ​ អូស្ត្រាលី​ក៏កំពុង​បង្កើត​នូវ​ភាពជា​ដៃ​គូសហការ​​ជា​មួយក្រសួង​កសិកម្ម​ ដើម្បី​រៀប​ចំ​ឯកសារ​បទដ្ឋាន​ ក្នុង​គោល​បំ​ណង​ធានា​នូវ​ស្តង់​ដារ​ជា​អន្តរជាតិ​ពាក់​ព័ន្ធ​នឹង​គុណ​ភាព​ស្រូវ​អង្ក​រ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​​។ ឯកឧត្តម Pablo Chiho Kang ​ក៏បាន​​ឱ្យ​ដឹង​ផង​ដែរថា នៅ​ក្នុង​ពេល​ឆាប់​ៗខាងមុខនេះ អូស្ត្រាលី​ នឹង​អនុញ្ញាតឱ្យ​អ្នក​ជំ​នាញនៅ​តាម​ក្រសួង​ ស្ថាប័ន​ពាក់​ព័ន្ធ​មួយ​ចំ​នួន​របស់រាជ​រដ្ឋាភិបាល​កម្ពុជា​ប្រមាណ​ ២០រូប​ ដើម្បីបាន​​ទៅ​ដក​បទ​ពិសោធន៍​លើ​វិស័យ ​សំ​ណង់​ ក៏ដូច​ជា​ការសិក្សា​ស្វែងយល់​ក្នុង​បរិបទ​អូស្ត្រាលី លើ​ទំ​នាក់​ទំ​នង​ និង​បញ្ហានានា​ក្នុង​តំ​បន់​ផង​ដែរ។​ បន្ថែម​ពី​លើ​នេះ ឯកឧត្តម​ឯកអគ្គ​រដ្ឋទូត​អូស្ត្រាលី​ Pablo Chiho Kang ក៏បាន​រំ​លឹក​នូវ​ការ​ពិភាក្សាគ្នា​ជាមួយ​សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពី​ពេល​ថ្មី​ៗនេះ លើ​គោល​បំ​ណង​ចង់​ឱ្យ​មាន​ដំ​ណើរ​ទស្សនកិច្ច​សិក្សា​រវាង​អ្នក​នយោ​បាយ​វ័យ​ក្មេង​ទៅ​កាន់​ប្រទេស​អូស្ត្រាលី​ ដើម្បី​ចែក​រំ​លែក​បទ​ពិសោ​ធន៍​ ក៏ដូច​ជា​សិក្សាស្វែង​យល់​អំពីរបៀប​របបធ្វើ​ការងាររបស់​សភាជាន់​ទាប​ និង​សភាជាន់​ខ្ពស់ ​និង​ការងារ​របស់អង្គការ​​​សង្គម​ស៊ីវិល​ ជា​មួយ​រដ្ឋាភិបាល​អូស្ត្រាលី​ផង​ដែរ ហើយ​ថា​ គំ​និត​ផ្តួចផ្តើមដ៏មាន​សារៈសំ​ខាន់​​​នេះ ត្រូវ​បាន​ សម្តេច​តេជោនាយករដ្ឋមន្ត្រី ​ ស្វាគមន៍ និង​គាំ​ទ្រ​។​

ឯកឧត្តម​កិត្តិនីតិកោសល​បណ្ឌិត​ ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​ បានអរគុណ​ចំ​ពោះការលើកឡើង​របស់​ ឯកឧត្តម​ Pablo Chiho Kang ឯកអគ្គ​រដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃប្រទេស​អូស្ត្រាលីប្រចាំ​កម្ពុជា និង​សង្ឃឹម​ថា ទំ​នាក់​ទំ​នង​រវាង​អូស្ត្រាលី និង​កម្ពុជា​ កាន់​តែ​មាន​ភាព​រឹងមាំ​ និង​ល្អ​ប្រសើរឡើង​ថែម​ទៀត​។

ឯកឧត្តម​កិត្តិនីតិកោសល​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ​ បាន​មាន​ប្រសាសន៍ថា កម្ពុជា​ និង​អូស្ត្រាលី​មាន​ទំ​នាក់​ទំ​នង​យ៉ាង​ល្អ​ប្រសើរទាំង​វិស័យ​សេដ្ឋកិច្ច​ និង​សង្គម​កិច្ច ​ ជាពិ​សេស​អូស្ត្រាលីបាន​ផ្តល់​ជំ​នួយ​អភិវឌ្ឍ​ន៍នានាជាបន្ត​បន្ទាប់​មកដល់​កម្ពុជា​។ ឯកឧត្តម​កិត្តិនីតិកោសល​បណ្ឌិត​ ក៏បាន​ថ្លែង​អំ​ណរ​គុណ​ដល់​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី​ផង​ដែរ និង​បាន​បញ្ជាក់​ថា ប្រទេស​អូស្រ្តាលី​ គឺ​ជា​ប្រទេស​ផ្តល់​ជំ​នួយ​ចំ​ណាត់​ថ្នាក់​លេខ៣ដល់​ អ.វ.ត.ក។

ឯកឧត្តម​កិត្តិនីតិកោសល​បណ្ឌិត​ បាន​មាន​ប្រសាសន៍បន្ថែម​ថា រហូត​មកដល់ពេល​នេះ អ.វ.ត.ក សម្រេច​បាន​សមិទ្ធិផល​ទាំង​ផ្នែក​តុលាការ និង​មិន​មែន​ផ្នែក​តុលាការ​យ៉ាង​ច្រើន​  ហេតុ​នេះ​ឯកឧត្តម​កិត្តិនីតិកោសល​បណ្ឌិត ប៊ិន ឈិន ក៏បាន​សំ​នូម​ពរស្នើ​សុំ​រដ្ឋាភិបាលអូស្ត្រាលី​​​សូម​បន្ត​ជួយ​ឧបត្ថម្ភគាំ​ទ្រ​ដល់​ អ.វ.ត.ក បន្ត​ទៀត​ ។

ជា​ចុង​បញ្ចប់​នៃ​ជំ​នួប​ពិភាក្សា​ ឯកឧត្តម​កិត្តិនីតិកោសល​បណ្ឌិត​​ ប៊ិន ឈិន ឧបនាយករដ្ឋ    មន្ត្រី​ប្រចាំ​ការ​ ​សង្ឃឹម និង​​ជឿជាក់​ថា ទំ​នាក់​ទំ​នង​រវាង​កម្ពុជា​ និង​អូស្ត្រា​លី​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ថែមទៀត និង​បាន​ជូន​ពរដល់​ឯកឧត្ត​ម​ឯកអគ្គ​រដ្ឋទូត​ ​​ Pablo Chiho Kang សូម​បន្ត​បេសកកម្ម​ការងារ​ការទូត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឱ្យ​ទទួល​បាន​ជោគ​ជ័យ​គ្រប់​ភារកិច្ច​៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ព្រះមហាក្សត្រ យាងអុជបំភ្លឺភ្លើងជ័យ អបអរសាទរខួប៧១ឆ្នាំ ដែលកម្ពុជាដណ្តើមបានឯករាជ្យ...

ខួប៧១ឆ្នាំ ដែលប្រជាជាតិកម្ពុជាទាំងមូល បាន​រំដោះ​ខ្លួន​ទាំងស្រុងចេញពីអាណានិគមបារាំង និងដណ្តើមបានសិទ្ធិសេរីភាពពេញលេញត្រឡប់​មក​វិញ ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា