សាលាពុទ្ធិកបឋមសិក្សា និងមិទ្ធិផលនានា ក្នុងវត្តទួលព្រេជ (ហៅវត្តស្វាយសុខោ) ដែលទើបបានស្ថាបនាហើយរួចរាល់ជាស្ថាពរ ស្ថិតនៅក្នុងភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង បានសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃអាទិត្យ ២កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។
តាមរបាយការណ៍របស់អភិបាលនៃគណៈអភិបាលក្រុងព្រៃវែង បានឲ្យដឹងថា សមិទ្ធិផលដែលព្រះចៅអធិការ អាចារ្យ គណៈកម្មការ សហគមន៍ ពុទ្ធបរិស័ទ សប្បុរសជនគ្រប់ជំនាន់បាន កសាងនិងត្រូវដាក់សម្ពោធនាថ្ងៃនេះ រួមមានៈ សាលាពុទ្ធិកបឋមសិក្សា (៧,៥មx១៣ម) ១ខ្នង, សាលាសំណាក់ (៦មx៩ម) ១ខ្នង, ចាក់សាបក្នុងទីធ្លាវត្តទំហំ ១.៦៧៩ម២ រូបសំណាក បង្គោល និងអំពូលភ្លើងប្រើពន្លឺព្រះអាទិត្យ ព្រមទាំងសមិទ្ធិផលមួយចំនួនទៀត គិតជាថវិកាចំណាយអស់ជាង ៤៧៦លានរៀល និងប្រាក់ដុល្លាចំនួន៨ពាន់១៨០ដុល្លាអាមេរិក ។
នៅក្នុងឱកាសនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានមានប្រសាសន៍ថា ថ្ងៃនេះជាថ្ងៃប្រកបដោយសេចក្តីសោមនស្សរីករាយ ដោយឯកឧត្តម បានចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវសាលាពុទ្ធិកបឋមសិក្សា និងសមិទ្ធិផលនានា នៅវត្តស្វាយសុខោ ក្នុងភូមិស្វាយសុខោ សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង ជាមួយព្រះថេរានុត្ថេរៈ ពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធសាសនិកជិតឆ្ងាយ ដែលបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលជាច្រើននៅក្នុងវត្តស្វាយសុខោ សម្រាប់ជាប្រយោជន៍រួមដល់ពុទ្ធបរិស័ទជិតឆ្ងាយ សិស្សានុសិស្ស និងព្រះសង្ឃ។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានមានប្រសាសន៍បញ្ជាក់ថា រាជ រដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃប្រកបដោយកិត្តិបណ្ឌិត តែងតែយកចិត្តទុកដាក់កសាងសមិទ្ធផលនានាសម្រាប់បំរើឲ្យវិស័យពុទ្ធចក្រយ៉ាងច្រើនសម្រាប់ប្រជាពលរដ្ឋប្រារព្វធ្វើបុណ្យទានតាមប្រពៃណីព្រះពុទ្ធសាសនា។ សាលាពុទ្ធិកបឋមសិក្សាត្រូវបានបង្កើតឡើងនៅតាមបណ្តាវត្តអារាម មានតួនាទីយ៉ាងសំខាន់សម្រាប់ បណ្តុះបណ្តាលធនធានព្រះសង្ឃ តាំងពីបុរាណកាលរហូតដល់បច្ចុប្បន្នកាល ព្រោះនៅក្នុងបរិវេណនៃវត្តអារាម ភាគច្រើននៅទូទាំងប្រទេស យើងសង្កេតឃើញមានសាលារៀន ជាពិសេសសាលាពុទ្ធិកសិក្សាហើយសមិទ្ធិផលថ្មីស្រឡាងនេះ ជាសមិទ្ធិផលមួយបន្ថែមទៀត ក្នុងចំណោមសមិទ្ធិផលជាច្រើន ក្នុងក្រុងព្រៃវែង ក៍ដូចសមិទ្ធិផលជាច្រើនដែលរដ្ឋាភិបាល បានកសាងឡើងនៅទូទាំងខេត្តព្រៃវែង សម្រាប់សម្រាប់វិស័យព្រះពុទ្ធសាសនា។
ផ្តើមចេញពីសន្តិភាពនិងក្រោមម្លប់ដ៏ត្រជាក់នៃព្រះធម៌ ប្រទេសជាតិយើងទាំងមូល បាននឹងកំពុងស្ថិតក្នុងស្ថានភាពមួយផ្តល់ឱកាសយ៉ាងទូលំទូលាយដល់កាអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ រួមទាំងវិស័យព្រះពុទ្ធសាសនាផង លទ្ធផលនេះគឺពិតជាកើតឡើងពីគំនិតដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រោមនយោបាយឈ្នះ ឈ្នះ ដែលរហូតមកទល់ពេលនេះប្រទេសជាតិយើងបានទទួលសន្តិភាព២២ឆ្នាំមកហើយ។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះព្រះចៅអធិការវត្ត លោកអាចារ្យ គណៈកម្មការវត្ត ឯកឧត្តមលោកជំទាវ អស់លោក លោកស្រី និងសប្បុរសជនទាំងអស់ ដែលបានរួមចំណែកផ្តល់វិភាគទានដល់ការកសាងនូវសមិទ្ធិផលនានាជាច្រើននៅក្នុងទីអារាមនេះ ដើម្បីបំពេញតម្រូវការរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទតាមគន្លងព្រះពុទ្ធសាសនា។
នៅក្នុងឱកាសនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានអញ្ជើញបំពាក់មេដាយប្រគេនដល់ចៅអធិការវត្ត មន្ត្រីរាជការ សប្បុរសជននិងពុទ្ធបរិស័ទ ដែលមានស្នាដៃ ក្នុងការចូលរួមចំណែកកសាងនូវសមិទ្ធិផលនានាក្នុងវត្តស្វាយសុខោ រួមនិងសមិទ្ធិផលសង្គមជាតិជាច្រើនទៀតនាពេលកន្លងមក និងបានអញ្ជើញជួបសំណេះសំណាលជាមួយព្រះសង្ឃគង់សិក្សារៀនសូត្រនៅក្នុងសាលាពុទ្ធិកបឋមសិក្សា និងទស្សនាសមិទ្ធិផលនានា ក្នុងវត្តស្វាយសុខោ ផងដែរ៕