មិទ្ទិញរំលឹកខួបទី៤១ នៃទិវាជ័យជំនះ ៧ មករា (៧មករា១៩៧៩-៧មករា ២០២០) បានប្រារព្វធ្វើ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចំាការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ។ មិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១នៃទិវាជ័យជំនៈ ៧មករា១៩៧៩-៧មករា ២០២០នេះ បានប្រព្រឹត្តិទៅដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មន្ត្រីអ្នកការ អ្នកការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបប្រមាណជិត១ម៉ឺននាក់។ មានប្រសាសន៍ក្នុងអង្គមិទ្ទិញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន បានអានសន្ទរកថា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងពិធីមិទ្ទិញរំលឹកខួបទី៤១ នៃទិវាជ័យជំនះ ៧មករា (៧មករា ១៩៧៩-៧មករា ២០២០) ដោយបានគូសបញ្ជាក់ថា ថ្ងៃនេះ ជាថ្ងៃគម្រប់ខួបទី៤១ នៃទិវាជ័យជំនះ ៧ មករា ឆ្នាំ១៩៧៩ ជាប្រវត្តិសាស្ត្រ ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍របស់បន ប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជាឲ្យមានជីវិតរស់រានឡើងវិញ រួចផុតពីការសម្លាប់រង្គាលនៃរបបដ៏សាហាវយង់ឃ្នងបំផុតនេះបានទាន់ពេលវេលា និងបានបញ្ចប់នូវសករាជដ៏ខ្មៅងងឹតបំផុតនៃប្រទេសកម្ពុជា ហើយបើកឡើងនូវសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ ជាមួយគ្នានេះ នៅក្នុងថ្ងៃជាប្រវត្តិសាស្ត្រនេះដែរ ប្រជាជនកម្ពុជាយើងនៅគ្រប់ទិសទី ទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស កំពុងអបអរសាទរយ៉ាងក្លៀវក្លានូវខួបអនុស្សាវរីយ៍នៃទិវាជ័យជន្នះជាប្រវត្តិសាស្ត្រនេះ ក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិដ៏ច្រើនឥតគណនា ដែលបានប្រយុទ្ធធ្វើពលីកម្មយ៉ាងអង់អាច ដើម្បីរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ និងការពារការរស់ឡើងវិញរបស់ប្រជាជន។ សន្ទរកថារបស់សម្តេចតេជោ បានបញ្ជាក់ថា ក្នុងឱកាសដ៏ថ្លៃថ្លានេះ យើងក៏សូមសម្តែងនូវការគោរពដឹងគុណដ៏ជ្រាលជ្រៅ ចំពោះបណ្តាប្រទេសជាមិត្តជិតឆ្ងាយ និងប្រជាជនស្នេហាសន្តិភាព និងយុត្តិធម៌លើពិភពលោក ដែលបានជួយឧបត្ថម្ភគាំទ្រចំពោះបុព្វហេតុដ៏ថ្លៃថ្លាបំផុតនេះ។ នៅក្នុងឱកាសនេះ ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ប៊ិន ឈិន បានអានសន្ទរកថារបស់សម្តេចតេជោ ដោយបានបញ្ជាក់បន្តថា បច្ចុប្បន្ន ប្រជាជាតិយើងកំពុងរស់នៅយ៉ាងសុខដុមរមនាក្រោមពន្លឺនៃសន្តិភាព និងការអភិវឌ្ឍក្តី ក៏យើងទាំងអស់គ្នានៅតែចងចាំជានិច្ចនូវអតីតកាលដ៏ឈឹចាប់ និងខ្មៅងងឹតបំផុតរបស់ជាតិយើង ដែលបណ្តាលមកពីភ្លើងសង្គ្រាម និងអំពើប្រល័យពូជសាសន៍ដ៏សាហាវយង់ឃ្នងបំផុត។ បន្ទាប់ពីសង្គ្រាម៥ឆ្នាំ កម្ពុជាបានបន្តធ្លាក់ចូលក្នុងគ្រោះមហន្តរាយប្រល័យពូជសាសន៍ថែមទៀត ដែលបង្ករឡើងដោយពួកឃាតករ ប៉ុល ពត ធ្វើឲ្យមាតុភូមិកម្ពុជា ត្រូវបំផ្លិចបំផ្លាញខ្ទេចខ្ទីដល់ចំណុចសូន្យ។ ប្រជាជនកម្ពុជា ជាង៣លាននាក់ត្រូវបានសម្លាប់រង្គាលយ៉ាងព្រៃផ្សៃបំផុត ឯអ្នកនៅរស់ក៏រង់ចាំតែពេលត្រូវគេយកទៅសម្លាប់ប៉ុណ្ណោះ។ ពិតប្រាកដណាស់ បើគ្មានរដ្ឋប្រហារថ្ងៃទី១៨ មីនា ឆ្នាំ១៩៧០ ក៏គ្មានរបបប្រល័យពូជសាសន៍ដែរ ហើយនិរន្តរភាពជាតិ ក៏មិនត្រូវកាត់ផ្តាច់ ប្រជាជនកម្ពុជានឹងបានបន្តរស់ក្នុងសន្តិភាព និងភាពសម្បូរសប្បាយ។ សន្ទរកថាសម្តេចតេជោ នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៩ ដែលទើបតែកន្លងផុតទៅនេះ សភាពការណ៍ទូទៅរបស់កម្ពុជា មានការវិវត្តន៍យ៉ាងល្អដែលផ្តល់ភាពអនុគ្រោះដល់ការសម្រេចគោលដៅរបស់យើងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ទោះបីជាសភាពការណ៍អន្តរជាតិនៅតែបន្តប្រែប្រួលយ៉ាងស្មុគស្មាញក្តី ។ ៤១ឆ្នាំ្នកន្លងទៅនេះ គឺ៤១ឆ្នាំ នៃសាមគ្គីភាព វីរភាព និងជ័យជម្នះ។ការពុះពារផ្តូរផ្តាច់របស់យើងក្នុងរយៈពេល៤១ឆ្នាំនេះ បានកែប្រែមាតុភូមិយើងពីគំនរផេះផង់ឲ្យឈានមកដល់ដំណាក់កាលអភិវឌ្ឍន៍ប្រកបដោយមោទនភាពបំផុត។ នៅលើកំណាត់ផ្លូវដ៏វែងនេះ គណបក្សប្រជាជនកម្ពុជាដែលបានដឹកនាំការប្រយុទ្ធតស៊ូសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍បានឋិតនៅ រួមសុខរួមទុក្ខជានិច្ចជាមួយប្រជាជន ធ្វើជាបង្អែករបស់ប្រជាជននៅគ្រប់កាលៈទេសៈ ទាំងក្នុងបុព្វហេតុការពារជាតិ ការពារការរស់ឡើងវិញរបស់ប្រជាជន ទាំងបុព្វហេតុសន្តិភាព និងបង្រួបបង្រួមជាតិ និងទាំងបុព្វហេតុស្តារ កសាង និងអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា។ នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមកិតិ្តនីតិកោសលបណ្ឌិត ប៊ិន ឈិន បានគូសបញ្ជាក់ពីខ្លឹមសារសន្ទរកថា របស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិ ដែលបានគាំទ្រដល់សារនយោបាយរបស់សម្តេច គឺអរគុណសន្តិភាព ដែលសម្តេចយល់ឃើញថា មានតម្លៃមិនសាបសូន្យ មិនថាកន្លងមក ថ្ងៃនេះ និងថ្ងៃក្រោយ។ មនុស្សទាំងអស់គ្នា ត្រូវការសន្តិភាព លើកលែងតែពួកភេរវករប៉ុណ្ណោះ ដែលចង់បំផ្លាញសន្តិភាព។
បន្ទាប់ពីមន្ត្រីនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ បានសូត្រកំណាព្យ ថ្ងៃ៧មករា ចារក្រាំងមាស រួចមក នៅក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤១ នៃថ្ងៃជ័យជម្នះ៧មករា ១៩៧៩- ៧មករា ២០២០ នេះដែរ តំណាងសមាជិក សមាជិកា អង្គពិធី ក៍បានឡើងមានចំណាប់អារម្មណ៍ថា ថ្ងៃនេះខ្ញុំរំភើបរីករាយ គ្មានអ្វីប្រៀបផ្ទឹមបានឡើយដែលបានចូលរួម ពិធីខួបអនុស្សាវរី៍លើកទី៤១នៃថ្ងៃជ័យជម្នះ៧មករា ដ៏មហោឡារឹកនេះ និងបានស្ដាប់នូវសុន្ទករថាប្រកបដោយខ្លឹមសារនិងអត្ថន័យដ៏ជ្រាលជ្រៅបំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលអានដោយឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណៈបក្សប្រជាជនកម្ពុជា ។ ឆ្លងកាត់រយៈពេល៤១ឆ្នាំ បន្ទាប់ពីជ័យជម្នះ៧មករា ឆ្នាំ១៩៧៩ ប្រជាជាតិមួយដែលរងការសម្លាប់រង្គាល បានងើបឈរឡើងវិញយ៉ាងរឹងប៉ឹង និងស្រស់បំព្រង ប្រកបដោយមោទនភាពខ្ពស់បំផុត ក្រោមកម្លាំងមហាសាមគ្គីរបស់ប្រជាជនជាមួយនឹងការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា មហាជ័យជម្នះ៧មករា ពិតជាមានអត្ថន័យ និងជាប្រវត្តិសាស្រ្ដដ៏ជ្រាលជ្រៅ ដែលបានបិទនូវទំព័រសករាជដ៏ខ្មៅងងឹតបំផុត នៃកម្ពុជា ហើយបានបើកឡើងវិញនូវទំព័រសករាជថ្មីនៃឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ វឌ្ឍនភាពសង្គម និងបានធ្វើឲ្យរាល់តម្លៃ ទាំងខាងសម្ភារៈ និងស្មារតីរបស់ប្រជាជាតិខ្មែរ ដែលបានកសាង ពូនជ្រុំអស់រយៈកាលរាប់ពាន់ឆ្នាំមកហើយ នៃប្រវត្តិសាស្រ្ដ របស់ខ្លួន ក្នុងនោះមានកេរដំណែល វប្បធម៌ អរិយធម៌ អង្គរដ៏រុងរឿង បានរស់ឡើងវិញ និងបន្តរីកចម្រើនឥតឈប់ឈរ។ មហាជ័យជម្នះ៧មករា គឺជាបុព្វបន្តថែសមិទ្ធផលដែលប្រជាជនកម្ពុជាសម្រេចបានដូចមានអ្វីៗទាំងអស់នៅថ្ងៃនេះ ហើយផ្អែកលើមូលដ្ឋាននេះ និងបន្តធ្វើឲ្យមានសមិទ្ធផលនានាទៅថ្ងៃមុខទៀតស្របតាមសំណូមពរ និងក្ដីសង្ឃឹមរបស់ជាតិ និងប្រជាជនយើង៕ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារចុះមូលដ្ឋានតាមបណ្តាស្រុក បានអញ្ជើញលែងព្រាប និងបង្ហោះប៉ោង ប៉ោង ដើម្បីអបអរសាទរទិវាជ័យជំនះ៧មករា ខួបលើកទី៤១ (៧មករា១៩៧៩-៧មករា២០២០)។