សម្រង់ប្រសាសន៍​សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុង​​​ពិធី​បិទសន្និបាតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បូកសរុបការងារ ១៦ ខែដំបូង (ខែ កញ្ញា ២០១៨- ខែ ធ្នូ ២០១៩) និងទិសដៅការងារឆ្នាំ ២០២០

CNV:

  • សម្តេច ឯកឧត្តម លោកជំទាវឯកឧត្តម លោកជំទាវ លោក លោកស្រី
  • ប្រតិភូគណបក្សទាំងអស់នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់,
  • អង្គសន្និបាតជាទីមេត្រី

១. ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដែលបានមកចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបការងារ ១៦ ខែដំបូង  (ខែ កញ្ញា ២០១៨-ខែ ធ្នូ ២០១៩) និងទិសដៅការងារឆ្នាំ ២០២០ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលបានដំណើរការរយៈពេលមួយថ្ងៃមកនេះ។

២. ខ្ញុំសូមសម្តែងនូវមោទនភាពជាតិ ចំពោះបរិការណ៍ពហុបក្ស ក្នុងប្រព័ន្ធនយោបាយកម្ពុជា ដែលយើងកំ ពុងរួមគ្នាដើរលើផ្លូវត្រូវ រហូតដល់រួមគ្នាបង្កើតចេញបាន នូវយន្តការពហុបក្សក្រៅក្របខណ្ឌសភារបស់ព្រះ រាជាណាចក្រកម្ពុជា ដែលជារដ្ឋប្រជាធិបតេយ្យ និងឯករាជ្យ អធិបតេយ្យ។ ចេញដំណើរជាមួយនឹងការគាំទ្រគំនិតផ្តួចផ្តើមរបស់ខ្ញុំ ក្នុងការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គឺឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំគណបក្សនានា បានចូលរួមកិច្ចប្រជុំលើកដំបូងប្រព្រឹត្តទៅនាថ្ងៃទី ២១ ខែ សីហា​ ឆ្នាំ ២០១៨​ នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) ដើម្បីពិគ្រោះពិភាក្សាអំពីគម្រោងបង្កើតយន្តការពហុបក្សក្រៅក្របខណ្ឌសភា សម្រាប់នីតិកាលទី ៦ នៃរដ្ឋសភា ក្នុងគោលបំណងលើកស្ទួយរបបនយោបាយ​ប្រជាធិបតេយ្យសេរីពហុបក្សបែបកម្ពុជាខ្លួនឯង ដើម្បីប្រមូលធាតុចូលនូវទស្សនៈពហុគំនិត ជាប្រយោជន៍ដល់ការចូលរួមអភិវឌ្ឍជាតិ តាមរយៈការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយក្រៅក្របខណ្ឌសភា ជូនរាជរដ្ឋាភិបាល សំដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាសក្តានុពលដល់ការបម្រើ សេវាប្រជាជន និងការអភិវឌ្ឍសង្គមជាតិ ប្រកបដោយសុខដុមរមនាក្នុងសហគមន៍ជាតិទាំងមូល។

កិច្ចប្រជុំនេះ បានសម្រេចជាឯកច្ឆន្ទនូវគោលការណ៍ចំបងនានានៃការរៀបចំ  និងការប្រព្រឹត្តទៅរបស់យន្តការថ្មីនេះ និងត្រូវបានបង្កើតចេញជារូបរាងស្ថាពរ ដោយព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការ​ប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ចុះថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០១៨ ដែលមានឤណត្តិស្មើនឹងឤណត្តិរបស់រាជរដ្ឋាភិបាលនីតិកាលទី ៦ នៃរដ្ឋសភា។

[ចាប់ផ្តើមការអធិប្បាយ ១]

ក្រោយឆ្នាំ ២០២៣ នឹងស្នើសុំបន្តយន្តការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

ក្នុងចំណុចនេះខ្ញុំសុំបញ្ជាក់ជូនបន្តិចថា បន្ទាប់ពីធ្វើការជាមួយគ្នាអស់មួយរយៈពេលកន្លងទៅនេះ បើទោះបីនៅក្នុងព្រះរាជក្រឹត្យ យើងបានកំ​ណត់ត្រឹមតែមួយអាណត្តិ ប៉ុន្តែដោយសង្កេតឃើញពីភារកិច្ច និងការចូលរួមធ្វើការផ្ទាល់ដោយបណ្តាគណបក្សនយោបាយជាមួយនឹងរាជរដ្ឋាភិបាល ខ្ញុំមានបំណងថា ក្រោយឆ្នាំ ២០២៣ យើងក៏អាចស្នើសុំបន្តនូវក្បាលម៉ាស៊ីនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះបន្តទៀត ព្រោះថាបើនិយាយពីប្រសិទ្ធិភាព និងកិច្ចការដែលឯកឧត្តម លោកជំទាវ បានធ្វើដោយផ្ទាល់ជា​មួយរាជរដ្ឋាភិបាល គឺវាខុសគ្នាយ៉ាងច្រើនជាមួយនឹងសមាជិកសភានៃបក្សប្រឆាំង ដែលតែងលើកតាំងសំណួរតាមរយៈសភាមករាជរដ្ឋាភិបាល មកនាយករដ្ឋមន្ត្រី ឬមករដ្ឋមន្ត្រីនានា។ ឯកឧត្តម លោកជំទាវ ដែលនៅជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គឺមានឱកាសធ្វើការផ្ទាល់ជាមួយនឹងបណ្ដារដ្ឋមន្រ្តី ធ្វើការផ្ទាល់ជាមួយនឹងនាយករដ្ឋមន្ត្រី ហើយធ្វើការផ្ទាល់ជាមួយនឹងអាជ្ញាធរថ្នាក់ក្រោមជាតិទៀតផង។

មិនថា សម្លេងភាគតិច ឬសម្លេងភាគច្រើន គណបក្សក្នុងក្រុមប្រឹក្សា ស្មើភាពគ្នា

… បើទោះបីថាស្ថានភាពពហុបក្សមិនមាននៅក្នុងសភា ក៏ប៉ុន្តែស្ថានភាពពហុបក្សនេះបែរជាមកកៀកនឹងក្បាលម៉ាស៊ីននៃអង្គការនិតីប្រតិបត្តិតែម្តង។ ចំណុចនេះ បានក្លាយទៅជាវប្បធម៌នៃកិច្ចសហប្រតិបត្តិការនៃបណ្តាបក្សនយោបាយ ដែលវាមិនចាំបាច់ទាល់តែជេរប្រទេចផ្តាសាគ្នា បានហៅថាជាបក្សប្រឆាំងនោះទេ។ ដូចអ្វីដែលខ្ញុំបានជម្រាបជូនតាំងពីពេលចាប់ផ្តើម ខ្ញុំមិនពាក់ព័ន្ធជាមួយនឹង​ការផ្តួចផ្តើមគំនិតរៀបចំនូវតួនាទីភារកិច្ចនោះទេ ហើយយើងក៏ចាប់ផ្តើមបើកឱកាសសម្រាប់ការធ្វើប្រធានប្តូរវេនក្នុងរយៈពេល ១ ខែម្តង ឥឡូវគ្រប់ ១៦ ខែហើយ … នោះហើយដែលខ្ញុំចង់បញ្ជាក់ថា យើងអត់និយាយដល់ថា គណបក្សមានសម្លេងភាគច្រើន ឬគណបក្សដែលមានសម្លេងភាគតិច ឬក៏គណបក្សដែលធំ ឬតូច យើងនិយាយពីការស្មើភាពគ្នារវាងគណបក្សនយោបាយទាំងអស់។ ដូច្នេះ បានជាគណបក្សដែលកាន់រដ្ឋាភិបាលក៏មានសិទ្ធិធ្វើប្រធានប្តូរវេន គណបក្សដែលមិនមានអាសនៈក្នុងសភា ប៉ុន្តែបានចូលរួមនៅក្នុងយន្តការនេះ ក៏មានសិទ្ធិដើម្បីនឹងធ្វើប្រធានប្តូរវេន បង្ហាញពីការស្មើភាពនៅក្នុងដំណើរការនៃគណបក្សនយោបាយ។

[ចប់ការអធិប្បាយ ១]

៣. បរិបទនៃរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ដែលយកមកអនុវត្តនៅព្រះរាជាណាចក្រ      កម្ពុជា គឺត្រូវផ្អែកលើគោលការណ៍គ្រឹះ ដែលចែងច្បាស់ក្នុងរដ្ឋធម្មនុញ្ញថា ព្រះរាជាណាចក្រកម្ពុជាជារដ្ឋ  ឯករាជ្យ អធិបតេយ្យ និងអព្យាក្រឹត្យអចិន្ត្រៃយ៍។ ការគោរពអនុវត្តគោលការណ៍រដ្ឋធម្មនុញ្ញនេះមិនមែន កើតចេញពីការគូសវាសពីបរទេសនោះទេ គឺត្រូវកើតចេញពីឆន្ទៈរបស់កម្ពុជាខ្លួនឯង។​ កត្តានេះជាក់ស្តែងបានបង្ហាញថា ការអនុវត្តរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាបាន និងកំពុងដំណើរការជាជំហានៗ ដោយផ្សារភ្ជាប់នឹងលក្ខខណ្ឌពិសេស និងកម្រិតរីកចម្រើនជាក់ស្តែងរបស់ប្រទេសជាតិ និងប្រជាជន ជាពិសេសប្រវត្តិសាស្ត្រ និងបច្ចុប្បន្នភាពរបស់ប្រទេសជាតិ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា វប្បធម៌នយោបាយ ផ្នត់គំនិត និងការគិតរបស់ប្រជាជនកម្ពុជា។ នេះជាការទទួលខុសត្រូវរបស់យើងជាម្ចាស់នៃជោគវាសនាជាតិ និងកំណត់ជោគវាសនាដោយខ្លួនឯង។

៤. ការអនុវត្តរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្សរបស់កម្ពុជា ត្រូវឈរលើមូលដ្ឋានគ្រឹះ គឺសុខ សន្តិភាព និងរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម។ នេះជាតថភាពនៃសង្គមកម្ពុជា និងជាបំណងប្រាថ្នារបស់ប្រជាជនយើងទូទៅ និងគ្រប់និន្នាការ។ ដូច្នេះការរក្សាសុខសន្តិភាព និងស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម ក្នុងប្រទេសរបស់យើងឱ្យបានស្ថិតស្ថិរ និងមាន​ប្រសិទ្ធភាព កត្តាឤទិភាព និងកត្តាចំបង គឺត្រូវការការចូលរួមពីគ្រប់គណបក្សនយោបាយដែលមានជំហរឈរលើការគោរពឯករាជ្យ អធិបតេយ្យជាតិ ផ្អែកលើស្មារតីរដ្ឋធម្មនុញ្ញ។ ការចូលរួមរបស់ប្រតិភូគណបក្សចម្រុះក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គឺពិតជាឈរលើជំហរស្រឡាញ់សន្តិភាព និងរក្សា​សន្តិភាព ស្ថិរភាព ភ្ជាប់ជាមួយនឹងការចូលរួមរិះគន់ក្នុងន័យស្ថាបនា ដោយគោរពលើទស្សនៈវិស័យ នយោបាយខុសៗគ្នារបស់គណបក្សនីមួយៗ ដែលជាវប្បធម៌នយោបាយប្រជាធិបតេយ្យសេរីពហុបក្ស នៅកម្ពុជាមិនឤចខ្វះបាន ពោលគឺការប្រមូលនូវធនធានមនុស្សពីគ្រប់ក្រុមនិន្នាការនយោបាយខុសៗគ្នា ក្នុងស្រទាប់ប្រជាពលរដ្ឋខ្មែរ ក្នុងស្មារតីទទួលខុសត្រូវ ក្នុងនាមជាម្ចាស់ជោគវាសនាជាតិកម្ពុជា។

៥. ក្នុងសតិសម្បជញ្ញៈនេះ គឺរយៈពេល ១៦ ខែដំបូង ប្រតិភូគណបក្សចម្រុះ ក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ពិតជាបានចូលរួមយ៉ាងសកម្ម និងបានផ្តល់ធាតុចូលជាច្រើន រួមទាំងរបាយការណ៍ ដែលបានមកពីការប្រមូលនូវទិន្នន័យពាក់ព័ន្ធនឹងអង្គហេតុ អង្គសេចក្តី អង្គច្បាប់ ជុំវិញភាពអសកម្ម និង ភាពមិនប្រក្រតីដែលកើតមានក្នុងសង្គម។ ខ្ញុំសូមស្វាគមន៍ចំពោះការប្រមូលធាតុចូល តាមរយៈរបាយ ការណ៍ជាក់ស្តែងរបស់ប្រតិភូគណបក្សចម្រុះ ក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោ​បល់ ប្រសើរជា ជាងទទួលយកការបញ្ជាពីបរទេស ដែលតម្រូវ ឬដាក់គំនាបឱ្យកម្ពុជាធ្វើបែបនេះ ឬ បែបនោះ ដែលមិន ឆ្លុះបញ្ចាំងនឹងលក្ខខណ្ឌពិសេស និងកម្រិតរីកចម្រើនជាក់ស្តែងរបស់ប្រជាជាតិ និងប្រជាជនកម្ពុជា។ នេះគឺជាការសម្រេចចិត្តយ៉ាងមុតមាំរបស់ខ្ញុំ ដោយឈរលើប្រជាធិបតេយ្យបែបកម្ពុជា ផ្អែកលើឯករាជ្យ អធិប​តេយ្យជាតិ ក្នុងក្របខណ្ឌរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ជាតិ។

[ចាប់ផ្តើមការអធិប្បាយ ២]

ទទួលយកការផ្តល់យោបល់ពីគណបក្សនយោបាយខុសគ្នា មិនទទួលបញ្ជាពីបរទេស

… សុំបញ្ជាក់ថា ខ្ញុំសុខចិត្តទទួលយកយោបល់នៃគណបក្សនយោបាយដែលមានយោបល់ខុសគ្នា​ មានចំណុចខុសគ្នា ប្រសើរជាជាងទទួលបទបញ្ជាពីបរទេសឲ្យយើងធ្វើនេះឬធ្វើនោះ។ ពិតមែនហើយ មានចំ​ណុចខ្លះដែលយើងធ្លាប់បាននិយាយនៅក្នុងអង្គប្រជុំ កន្លែងខ្លះគឺទាក់ទិនជាមួយនឹងតួនាទី ភារកិច្ចនៃតុ​លាការ កន្លែងខ្លះទាក់ទងតួនាទីភារកិច្ចរបស់ថ្នាក់នេះថ្នាក់នោះ ដែលត្រូវការចំណាយពេលបន្ថែម។ ប៉ុន្តែប្រតិកម្មទាន់ពេលមួយចំនួន ដែលលើកឡើងដោយថ្នាក់ដឹកនាំនៃគណបក្សទាំងអស់ ក៏បានបង្ហាញអំពីចំណុចដែលយើងត្រូវដោះស្រាយបន្ទាន់។ ឧទាហរណ៍ ប្រតិកម្មដែលបានចេញមកពីគណបក្សយុវជនកម្ពុជាទាក់ទងនឹងការលុបសមុទ្រ។ យើងបានបញ្ជា និងផ្តល់ភាពម៉ឺងម៉ាត់ ប្រសិនបើអ្នកមិនកាយចេញទេ យើងនឹងដកហូតសក្តិតែម្តង។ ឥឡូវ ខ្ញុំទទួលបានដំណឹងថា គេបានកាយដីទាំងនោះចេញពីសមុទ្រ។

និតីវិធីរបស់តុលាការជារឿងមួយផ្សេងទៀត ក៏ប៉ុន្តែ ឆន្ទានុ​សិទ្ធិរបស់នាយករដ្ឋមន្ត្រីច្បាស់លាស់ថា​ ត្រូវតែឲ្យអ្នកឯងកាយដីចេញពីសមុទ្រឲ្យអស់។ បើមិនកាយចេញទេ យើងនឹងមិនទុកអ្នកឯងឲ្យនៅក្នុងជួរកងទ័ព ដែលនាំទៅដល់ខូចកេរ្តិ៍ឈ្មោះកងទ័ពយើងនោះទេ។ ខ្ញុំសុខចិត្តទទួលយកយោបល់ពីជនជាតិយើង បើទោះបីជាយើងមាននយោបាយមិនដូចគ្នា ក៏ប៉ុន្តែអ្វីដែលជាចំណុចដូចគ្នា គឺចង់ឲ្យប្រទេសរីកចម្រើន។ ចំណុចនេះ ប្រហែលជាល្អជាងការដែលយើងទទួលបង្គាប់បញ្ជាពីខាងក្រៅ ឲ្យយើងធ្វើនេះធ្វើនោះ ដើម្បីនឹងដោះដូរជំនួយរបស់គេ។

ដំណើរការនៅក្នុងក្របខណ្ឌនៃឧត្តមក្រុមប្រឹក្សា​ មិ​នមែនបានសេចក្តីថា គេយកឯកឧត្តម លោកជំទាវ មកអនុវត្តនូវគោលនយោបាយរបស់គណបក្សប្រជាជនទេ។ អត់ទេ។ គឺ(ធ្វើតួនាទៅ)ទៅតាមព្រះរាជក្រឹត្យដែល​ដាក់ចេញមកប៉ុណ្ណោះ។ នៅពេលឆ្នាំ ២០២២ និងឆ្នាំ ២០២៣ ក៏មិនមានការចាំបាច់នឹងតម្រូវឱ្យគណបក្សមកចូលរួមសម្ព័ន្ធភាពជាមួយគណបក្សប្រជាជន ដើម្បីនឹងដំណើរការធ្វើការបោះឆ្នោតជ្រើសរើស​ថ្នាក់ឃុំ/សង្កាត់ រហូតដល់ការបោះឆ្នោតជ្រើសរើសសមាជិកសភាទេ។ ពេលនោះ អស់លោកអាចប្រើប្រាស់​សិទ្ធិគ្រប់បែបយ៉ាង ធ្វើការឃោសនាទៅតាមអ្វីដែលជាចំណង់ចំណូលចិត្ត ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ។​

នៅទីនេះ អ្វីដែលគេមើលឃើញ គេប្រហែលចាត់ទុកថា​ អស់លោកមករណបគណបក្សប្រជាជន។ មិន មែនមានន័យយ៉ាងដូច្នេះទេ។ អ្នកគិតបែបនេះគឺខុសស្រឡះ។ អស់លោកនៅតែឯករាជ្យ។ រាជរដ្ឋាភិបាល​មិនដែលទៅនិយាយអំពីនយោបាយរបស់គណបក្សនានានោះទេ។ ផ្ទុយទៅវិញ ឯកឧត្តម លោកជំទាវ មានលទ្ធភាពនឹងសួរមករាជរដ្ឋាភិបាល។ ជាងនេះទៅទៀត មុនពេលឆ្លងគណៈរដ្ឋមន្ត្រី បណ្តាមន្ត្រី ដែលមានឋានៈជារដ្ឋមន្ត្រី ជាទេសរដ្ឋមន្ត្រី ជាឧបនាយករដ្ឋមន្ត្រី តែងយកសេចក្តីព្រៀងច្បាប់ ឬសេចក្តីព្រៀងគោលនយោបាយទាំងនោះ ទៅឆ្លងយោបល់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលជាទីកន្លែងប្រមូលផ្តុំនៃបណ្តាបក្សនយោបាយជាមុន។ ចំណុចនេះអាចនិយាយបានថា គណបក្សកាន់អំណាចនេះ យកគំនិតផ្តួចផ្តើម តាមរយៈរាជរដ្ឋាភិបាលទៅឆ្លងយោបល់គណបក្សនយោបាយ ដែលមិនមែនជាគណបក្សកាន់អំណាចទៅវិញ។ ប៉ុន្តែ ខ្ញុំមិនគិតថានេះវាជាសញ្ញានៃការអន់ថយរបស់បក្សកាន់អំណាចទេ។ ខ្ញុំគិតថា ខ្ញុំសុខចិត្តសុំយោបល់ពីគណបក្សនានានៅក្នុងក្របខណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោ​បល់ ជាជាងខ្ញុំទៅស្នើសុំពីជនបរទេស។ យើងបានធ្វើការជាមួយគ្នា ហើយដែលភាពសុខដុមរមនានេះ បើទោះ​បីជាពេលបោះឆ្នោត យើងមានការផ្លោងដាក់គ្នាទៅវិញទៅមក ប៉ុន្តែបន្ទាប់ពីការបញ្ចប់ការបោះឆ្នោតទៅ យើងមកអង្គុយធ្វើការជាមួយគ្នា។

ល្ងាចនេះ កុំតែស្ថានភាពនៃសុខភាពម្តាយខ្ញុំ គួរអោយបារម្ភ និងមានការងារខ្លះ ខ្ញុំនឹងចូលរួមបាយជាមួយនឹងឯកឧត្តម លោកជំទាវ។ ប៉ុន្តែ ខ្ញុំសង្ឃឹមថា ឯកឧត្តម លោកជំទាវនឹងបន្តការទទួលទានអាហារពេលល្ងាចនេះ ហើយយើងរង់ចាំដល់ទៅពេល ៦ ខែទៀត យើងនឹងបាយជាមួយគ្នានៅវិមានសន្តិភាពដូចរាល់ដង … ខ្ញុំសុំបញ្ជាក់ឡើងវិញថា ខ្ញុំពេញចិត្តជាមួយនឹងការទទួលយកនូវយោបល់ទាំងឡាយ ហើយទោះបីថាមានចំណុចខ្លះ ដូចដែលខ្ញុំធ្លាប់បញ្ជាក់ហើយ វាស្ថិតនៅក្នុងសមត្ថកិច្ចអ្នកនេះ​សមត្ថកិច្ចអ្នកនោះ ប៉ុន្តែអ្វីដែលយើងអាចអន្តរាគមន៍ទៅរួច និងអន្តរាគមន៍ឆាប់រហ័ស … ប្រសិនបើគ្មានការរុករកពីសំណាក់នៃបណ្តាគណបក្សនយោបាយក្នុងឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ទេ ប្រហែលជាគ្មានរបាយការណ៍​មកដល់នាយករដ្ឋមន្ត្រីនោះទេ ហើយមិនមែនមកមិនដល់ក្នុងពេលនេះទេ ៥ ឆ្នាំទៀត ១០ ឆ្នាំទៀត វានៅតែមិនដល់។ នេះជាចំ​ណុចដែលបានបង្ហាញចេញរួចមកហើយ។

[ចប់ការអធិប្បាយ ២]

៦· ជំហររឹងមាំនៃការការពារខឿនឯករាជ្យ អធិបតេយ្យជាតិ ក្នុងលក្ខណៈសម្បត្តិព្រះរាជាណាចក្រកម្ពុជា ជារដ្ឋប្រជាធិបតេយ្យ ទើបការអនុវត្តរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស និងដំណើរការប្រជាធិបតេយ្យបូនីយកម្មក្នុងសង្គមកម្ពុជា ឤចការពារបាននូវសុខសន្តិភាព ស្ថិរភាព និងទប់ស្កាត់បាននូវការប៉ុនប៉ងជ្រៀតជ្រែកពីខាងក្រៅ មកលើកិច្ចការនយោបាយផ្ទៃក្នុងកម្ពុជា ក្រោមលេសនៃពាក្យប្រជាធិបតេយ្យ និងសិទ្ធិមនុស្សបែបបរទេសនិយម។ លើមូលដ្ឋាននេះ ការចូលរួមរបស់គណបក្សនយោបាយនានា ក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គឺជាការបង្ហាញ ពីទឡ្ហកីរណ៍ជាក់ស្តែង អំពីការអនុវត្តប្រព័ន្ធនយោបាយប្រជាធិបតេយ្យសេរីពហុបក្សរបស់ប្រជាជនកម្ពុជា ជាប្រយោជន៍ដ៏វិសេសវិសាល ក្នុងការកសាងសហគមន៍ជាតិ ដែលគ្រប់គ្នារួមរស់ក្រោមដំបូលសន្តិភាព និងសុខដុមរមនា ជាពិសេសរវាងក្រុមនិន្នាការនយោបាយខុសៗគ្នា។ នេះគឺជាមោទនភាពជាតិដែលបញ្ជាក់ច្បាស់ថា បរិបទប្រជាធិបតេយ្យសេរីពហុបក្ស គឺកម្ពុជាឤចធ្វើបានដោយខ្លួនឯង ដែលទស្សនៈចម្រុះខុសៗគ្នាឤចរួមរស់ និងធ្វើការជាមួយគ្នា ក្នុងក្របខណ្ឌទទួលខុសត្រូវផ្សេងៗគ្នា ផ្អែកលើស្មារតីគោរពនូវគោលការណ៍ពហុគំនិតជាមួយនឹងការរិះគន់ក្នុងន័យស្ថាបនា។

៧. ​ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមគាំទ្រ និង វាយតម្លៃខ្ពស់ចំពោះការងាររបស់ឯកឧត្តម លោកជំទាវ ក្នុង អំឡុង ពេល ១៦ ខែដំបូងកន្លងទៅ តាមរយៈយន្តការពហុបក្សក្រៅក្របខណ្ឌសភារបស់ឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់។ ទន្ទឹមនេះ ខ្ញុំសូមលើកទឹកចិត្តដល់ការបំពេញការងារជាបន្តទៀត របស់ឯក ឧត្តម លោកជំទាវ នាឆ្នាំខាងមុខ ក្នុងការរួមចំណែកប្រកបដោយសក្តានុពល  ចំពោះការចូលរួមក្នុងដំ ណើរការប្រជាធិបតេយ្យូបនីយកម្ម និងជាពិសេសការចូលរួមផ្តល់វិភាគទានជាប្រយោជន៍ដល់ប្រសិទ្ធ ភាព នៃការអនុវត្តគោលនយោបាយកែទម្រង់ស៊ីជម្រៅគ្រប់ជ្រុងជ្រោយ និងមុតស្រួចរបស់រាជរដ្ឋាភិបាល នីតិកាលទី ៦ នៃរដ្ឋសភា។

៨. បច្ចុប្បន្ន កម្ពុជាស្ថិតនៅក្រោមដំបូលនៃសុខសន្តិភាព គឺជាបរិយាកាសនយោបាយមានអំណោយផល កាន់តែល្អប្រសើរដល់ការអភិវឌ្ឍសង្គមជាតិយើង លើគ្រប់វិស័យ មានវឌ្ឍនភាពរុងរឿងជាជំហានៗ រាប់ ទាំងបរិបទប្រជាធិបតេយ្យ និងសិទ្ធិមនុស្សផងដែរ។ គន្លឹះចំបងក្នុងការរក្សាសុខសន្តិភាព ស្ថិរភាព និ​ង សុខដុមរមនា គឺការពង្រឹងនីតិរដ្ឋ ដែលត្រូវមានការចូលរួមពីគ្រប់ចលករសង្គម ស្ថាប័ននយោបាយ និងអង្គការរដ្ឋ។ ដោយឡែក ការងារតាមដានប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋាននានា ដែល ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បាននិងកំពុងបំពេញ ពិតជារួមចំណែកសំខាន់ក្នុងការកសាង រដ្ឋបាលសាធារណៈស្អាតស្អំបម្រើប្រជាជន និងការកសាងប្រព័ន្ធយុត្តិធម៌សង្គម សុច្ចរិតទៀងត្រង់ បម្រើ ប្រជាជន ដោយគ្មានការរើសអើងនិន្នាការនយោបាយ និងដោយមិនលំអៀង ដើម្បីកសាងជំនឿទុកចិត្ត របស់ប្រជាពលរដ្ឋគ្រប់រូប។ ការចុះបេសកកម្មសិក្សាប្រមូលទិន្នន័យ ដើម្បីស្វែងរកដើមចមនៃភាពអស កម្ម ក៏ដូចជាភាពមិនប្រក្រតី ដែលបង្កឡើងដោយបុគ្គល ហើយប៉ះពាល់ដល់ផលប្រយោជន៍ស្របច្បាប់ របស់ប្រជាពលរដ្ឋ គឺជាវិភាគទានផ្តល់នូវការពិត សម្រាប់ទ្រទ្រង់ប្រសិទ្ធភាពនៃការកែទម្រង់ស៊ីជម្រៅគ្រប់ ជ្រុងជ្រោយ និងមុតស្រួចរបស់រាជរដ្ឋាភិបាលនីតិកាលទី ៦ នៃរដ្ឋសភា។ លើសពីនេះទៀត ​ក្នុងបរិការណ៍ នៃការកសាងប្រព័ន្ធរដ្ឋបាលសាធារណៈស្អាតស្អំ និងប្រព័ន្ធយុត្តិធម៌សង្គម គឺជាចក្ខុវិស័យរួមរបស់យើង ក្នុងការកាត់បន្ថយភាពខឹងសម្បាររបស់ប្រជាពលរដ្ឋ ដែលគ្រប់និន្នាការបាន និងកំពុងចូលរួមចំណែកប្រ ឈមតទល់នឹងនយោបាយដុតបញ្ឆេះកំហឹងមហាជនពីសំណាក់ក្រុមនយោបាយឧទ្ទាមក្រៅច្បាប់។

៩. ការចុះបេសកកម្មសិក្សាប្រមូលទិន្នន័យរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីស្វែងរក ដើមចមនៃភាពអសកម្ម ក៏ដូចជាភាពមិនប្រក្រតី គឺជាផ្នែកមួយនៃការលើកស្ទួយប្រព័ន្ធត្រួតពិនិត្យតាម បែបពហុបក្ស ក្នុងការលើកស្ទួយប្រសិទ្ធភាពនៃការគោរពអនុវត្តច្បាប់ជាធរមាន ពីសមត្ថកិច្ចពាក់ព័ន្ធ និង តួអង្គពាក់ព័ន្ធផ្សេងទៀត រាប់បញ្ចូលទាំងចំណុចខ្សោយនៃបទប្បញ្ញត្តិច្បាប់ដែលលែង ឬមិនឆ្លុះបញ្ចាំង នឹងតម្រូវការបច្ចុប្បន្នភាពរបស់សង្គម។ រាល់ធាតុចូលផ្តល់ដោយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់​ដល់រាជរដ្ឋាភិបាល គឺបានជាប្រយោជន៍ដល់ការពង្រឹងការអនុវត្តដោយតម្លាភាព សំដៅទប់ស្កាត់ភាពអសកម្ម ក៏ដូចជាភាពមិនប្រក្រតី និងជាប្រយោជន៍ដល់ការផ្តួចផ្តើមគំនិតវិសោធនកម្មច្បាប់ ក្នុងដំ ណើរការតាក់តែងច្បាប់ ក្របខណ្ឌអំណាចនីតិប្រតិបត្តិ សំដៅរួមគ្នាកែលំអបទប្បញ្ញត្តិច្បាប់ឱ្យក្លាយជាវិ ធានដោះស្រាយបញ្ហាជាក់ស្តែងជូនប្រជាជន ដើម្បីរាជរដ្ឋាភិបាលបន្តនីតិវិធីចូលដល់ក្របខណ្ឌអំណាច នីតិប្បញ្ញត្តិ។

១០. ម៉្យាងវិញទៀត ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បាននិងកំពុងបំពេញតួនាទីជាស្ពានដ៏សំ ខាន់មួយ ដែលភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងនាយករដ្ឋមន្ត្រី ជាពិសេសលើបរិការណ៍នៃការលាតត្រ ដាងការពិត ការតវ៉ា ការទាមទារ សំណូមពររបស់ប្រជាពលរដ្ឋទូទៅ ភ្ជាប់ជាមួយនឹងវិធាននៃការដោះ ស្រាយទាន់ពេលវេលា និងប្រកបដោយសមិទ្ធផល។

១១. ខ្ញុំមានសុទិដ្ឋិនិយម និងសង្ឃឹមថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នឹងបន្តបំពេញតួនាទី នេះ ជាមួយបេសកកម្មដ៏មានសារៈប្រយោជន៍ក្នុងឆ្នាំ ២០២០ ខាងមុខ សំដៅរួមចំណែកធ្វើឱ្យការកែ ទម្រង់នៅកម្ពុជាមានផ្លែផ្កា ជាបន្តបន្ទាប់ និងកាន់តែប្រសើរឡើង ដើម្បីសុខសន្តិភាព ស្ថិរភាព និងការ អភិវឌ្ឍលើគ្រប់វិស័យ ដែលផ្តល់នូវសេចក្តីសុខ សេចក្តីចម្រើនដល់ប្រទេសជាតិ និងប្រជាជនយើង។

[ចាប់ផ្តើមការអធិប្បាយ ៣]

សំណូមពរឲ្យឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់បន្តធ្វើកិច្ចការនេះទៀត

ខ្ញុំពុំមានអនុសាសន៍ចំណុចទី ១ ទី ២ ទី ៣ ដូចដែលខ្ញុំធ្លាប់បានលើកនៅក្នុងពេលប្រជុំដែលពាក់ព័ន្ធជា មួយបណ្តាស្ថាប័នទេ ដោយសារការគោរពចំពោះតួអង្គក្នុងភាពជាអ្នកដឹកនាំក្នុងបណ្តាបក្សនយោបាយ​ ដែលចូលរួមនៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់។ ប្រសិនបើខ្ញុំដាក់ចេញថា ១ ធ្វើនេះ ២ ធ្វើនេះ ៣ ធ្វើនេះ ៤ ធ្វើនោះ ដូចដែលខ្ញុំធ្លាប់ធ្វើនៅតាមស្ថាប័ននេះ នៅតាមស្ថាប័ននោះ វាមិនខុសអីពីការចេញបញ្ជារបស់នាយករដ្ឋមន្ត្រី ឲ្យបណ្តាគណបក្សនយោបាយ ដែលចូលរួមនៅក្នុងឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់យកទៅធ្វើតាមនោះទេ។ ខ្ញុំគ្រាន់តែផ្តល់នូវក្តីសង្ឃឹមថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដោយប្រមូលផ្តុំដោយ ១៦ គណបក្សនយោបាយ នឹងបន្តធ្វើនូវកិច្ចការទាំងឡាយស្រប ទៅតាមព្រះរាជ្យក្រឹត្យ ដែលចែងអំពីតួនាទី ភារកិច្ចរបស់ខ្លួន ដោយក្នុងនោះរាប់ទាំងការស្វែងរកឲ្យឃើញ អំពីចំណុចពាក់ព័ន្ធជាមួយនឹងផ្លូវច្បាប់ ដែលលែងសមស្រប ឬមិនឆ្លុះបញ្ចាំងអំពីផលប្រយោជន៍របស់ប្រ​ជាពលរដ្ឋ ហើយត្រូវបានលើកជាសំណើក្នុងក្របខណ្ឌនៃអង្គការនិតីប្រតិបត្តិ ដើម្បីយើងអាចឈានទៅធ្វើវិសោធនកម្មនៃច្បាប់​ ឬក៏ធ្វើការកែតម្រូវគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ខ្ញុំធ្លាប់បានលើកក្នុងអង្គប្រជុំរួចមកហើយ ពេលខ្លះមិនមែននយោបាយរបស់យើងសុទ្ធតែត្រូវទាំងអស់ទេ។ យើងដាក់(គោលនយោបាយ)ទៅពីខាងលើ (ដោយ)អាចថា ខ្លួនយើងជារដ្ឋាភិបាលយល់ថាត្រូវ។​ ក៏ប៉ុន្តែវាមិនឆ្លុះបញ្ចាំងអំពីផលប្រយោជន៍ជាក់ស្តែងនៅខាងក្រោមនោះទេ។ រាប់ទាំងលើកសំណើសុំឲ្យមានការកែសម្រួលលិខិតបទដ្ឋានគតិយុត្តិនៅក្នុងក្របខណ្ឌនិតីប្រតិបត្តិផង … ក៏អាចលើកសំណើធ្វើវិសោធនកម្មច្បាប់ដើម្បីសុំការអនុម័ត​ពីនិតីប្រតិបត្តិផង។ ចំណុចនេះ អ្នកនៅខាងក្រៅកំពុងមើលការផ្សាយបន្តផ្ទាល់ នៅច្រើនស្ថានីយ៍ទូរទស្សន៍ និងវិទ្យុ នៅខាងក្រៅ អាចយល់ដឹងថាហេតុអ្វីបានជាលោក ហ៊ុន សែន រាប់ទាំងការប្រជុំខ្នាតអន្តរជាតិ ធ្លាប់តែមានផ្តល់អនុសាសន៍ … ចែករំលែកគំនិត ឬក៏ដាក់ចេញជាបទបញ្ជា បើសិនជាស្ថាប័ននោះជាស្ថាប័នរបស់រដ្ឋ ក៏ប៉ុន្តែបែជាមកទីនេះ បានត្រឹមតែជាការអំពាវនាវដោយគ្មានអនុសាសន៍ … យើងអត់មានតម្រូវការធ្វើបែបនេះទេ។

ទុកលទ្ធភាពឲ្យបណ្តាបក្សនយោបាយដែលចូលរួមនៅក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ សិក្សា និងធ្វើខ្លួនឯង ក្រោមបញ្ញត្តិនៃព្រះរាជ្យក្រឹត្យដែល បម្រើ​ឲ្យទិសដៅនៃការងាររបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់។ បើទោះបីជាខ្ញុំមិនបាន(ទទួលទាន)បាយ(ជាមួយ)ក៏ដោយ ប៉ុន្តែគណៈប្រតិភូអាចរៀបចំថតរូប មួយគណៈប្រតិភូម្តង។ អញ្ចឹងខ្ញុំអាចឈរថតរូប ១៦ លើក ជាមួយនឹងបណ្តាបក្សនយោ​បាយដែលអញ្ជើញមក ដើម្បីទុកជាអនុស្សាវរីយ៍ …។

[ចប់ការអធិប្បាយ ៣]

១២. នៅទីបញ្ចប់​ជាមួយនឹងការប្រកាសបិទសន្និបាតចាប់ពីពេលនេះតទៅ ខ្ញុំសូមជូនពរប្រតិភូគណបក្ស ទាំងអស់នៃ់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្នុងកិច្ចបន្តដំណើរការក្នុងទស្សនៈវិស័យ សម្រាប់ ទិសដៅការងារឆ្នាំ ២០២០ ខាងមុខ ឱ្យទទួលបានជោគជ័យជាបន្តទៀត។ ខ្ញុំសូមជូនពរ សម្តេច ឯក ឧត្តម  លោកជំទាវ លោក លោកស្រី អង្គសន្និបាតទាំងមូល សូមទទួលបាននូវពុទ្ធពរ និងពរ ទាំង ៥ ប្រការ គឺ ឤយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ