ថ្ងៃនេះ មុនពេលឆ្នាំ ២០១៩ កន្លងផុត ដើម្បីឆ្ពោះទៅឆ្នាំ ២០២០ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការរីករាយ ដែលបានមកចែកសញ្ញាបត្រ ជូនចំពោះជ័យលាភីទាំងអស់នៅទីនេះ។ នៅ ១០ ឆ្នាំ ឬ ២០ ឆ្នាំទៀត ពេលនោះគេសួរថា តើអ្នកទទួលសញ្ញាបត្រនៅឆ្នាំណា។ ប្រសិនបើពន្យារទៅ ៥ ថ្ងៃទៀត ឬ ១០ ថ្ងៃទៀត គឺយើងនឹងឆ្លើយថា យើងទទួលសញ្ញាបត្រនៅឆ្នាំ ២០២០ ប៉ុន្តែដល់យើងមកទទួលសញ្ញបត្រនៅថ្ងៃនេះ យើងនឹងឆ្លើយថា គឺយើងទទួលសញ្ញាបត្រនៅឆ្នាំ ២០១៩។ តែការពិត គឺខុសត្រូវគ្នាតែប៉ុន្មានថ្ងៃហ្នឹងទេ។ អញ្ចឹងបានគេនិយាយថា មាន់មួយស៊ីបានពីរឆ្នាំ។ ថ្ងៃទី ៣១ ធ្នូ ២០១៩ យើងកាប់មាន់ទៅ យើងស៊ីល្ងាចថ្ងៃទី ៣១ ពាក់កណ្ដាលទៅ ដល់ពាក់កណ្ដាលទៀតចាំព្រឹកថ្ងៃទី ១ មករា ២០២០។ ហ្នឹងគេហៅថា មាន់មួយស៊ីបានពីរឆ្នាំ។ ចុងឆ្នាំនេះ ក៏ដូចជាឆ្នាំក្រោយមានការស្នើសុំកម្មវិធីជាច្រើន ដែលតម្រូវឱ្យខ្ញុំព្រះករុណាខ្ញុំ ដាក់ចូលក្នុងកម្មវិធីដើម្បីចែកជូនសញ្ញាបត្រ។ ថ្ងៃនេះ ក៏បានចូលរួមដើម្បីចែកសញ្ញាបត្រចំពោះជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ចំនួន ២ ៧៩០ នាក់ ដែលចាត់ទុកថា ជាសមិទ្ធផលសំខាន់ថ្មីមួយទៀតរបស់ព្រះរាជាណាចក្រកម្ពុជា។
ធ្លាប់ជាគ្រូឧទ្ទេសនាមនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
អម្បាញ់មិញ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានធ្វើរបាយការណ៍ពាក់ព័ន្ធទៅនឹងវឌ្ឍនភាពនៃវិស័យអប់រំ ក៏ដូចជាវឌ្ឍនភាពនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ ឃើញថា នៅទីនេះ បានទទួលនូវការបណ្ដុះបណ្ដាលដែលរហូតមកដល់ពេលនេះ គឺមានចំនួន ៥៤ ៨៨៩ នាក់ គិតចាប់ពីឆ្នាំ ១៩៨២-១៩៨៣ រហូតមកដល់ឆ្នាំ ២១០៨-២០១៩។ ខ្ញុំព្រះករុណាខ្ញុំ គ្រាន់តែរំលឹកបន្ដិច ដោយសារពេលនោះ ខ្ញុំព្រះករុណាខ្ញុំ ក៏ជាគ្រូម្នាក់ ក្នុងចំណោមគ្រូត្រូវឧទ្ទេសនាមនៅសាលានេះ ហើយពេលនោះមានការថតរូប ប៉ុន្តែមិនដឹងថារូបថតហ្នឹងវាទៅណា។ សូមបញ្ជាក់ថា កាលពេលនោះ មិនមែនក្រសួងអប់រំគ្រប់គ្រងសាលានេះទេ គឺក្រសួងមហាផ្ទៃ។ ឯកឧត្តម ស៊ិន សុង ជាអ្នករៀបចំសាលានេះឡើង។ បន្ទាប់ទៅបានផ្ទេរមកដំណាក់កាលក្រោយ។ ប្រហែលជារូបថតហ្នឹងមាននៅក្រសួងមហាផ្ទៃបច្ចុប្បន្នក៏មិនដឹង។ សូមអំពាវនាវចំពោះអ្នកថតរូបជំនាន់ SPK ជំនាន់អតីតរដ្ឋកម្ពុជា និងសាធារណរដ្ឋប្រជាមានិតកម្ពុជា ប្រសិនបើមានរូបថតនោះ គឺក៏អាចជាការមួយឆ្លុះបញ្ជាំងអំពីការចូលរួម(របស់ខ្ញុំព្រះករុណាខ្ញុំ ជាគ្រូឧទ្ទេសនាម)តាំងពីពេលនោះមក។
ពេលនោះ សាលារបស់យើង ចាប់ផ្ដើមបើកពីកម្រិត និងដំណាក់កាលមួយទៅដំណាក់កាលមួយ ព្រោះថា នេះជាការចាប់ផ្ដើមការស្ដារឡើងវិញ ហើយបើកសាលាទាំងនោះ។ ពិតមែនហើយ ថ្ងៃនេះ ក៏មានអតីតនិស្សិតដែលរៀននៅសាលានោះ ដូចជាឯកឧត្តម ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ សុទ្ធតែជានិស្សិតសាលាហ្នឹងនៅឆ្នាំ ១៩៧៣។ ឯកឧត្តម ប៊ិន ឈិន ក៏រៀននៅសាលាហ្នឹង និងនៅមានច្រើននាក់ទៀត។ អញ្ចឹងទេ ចំនួននិស្សិតដែលរៀននៅទីនោះ ហើយដែលបានសល់រស់រានមានជីវិតមកដល់ពេលនេះ ក៏មានចំនួនច្រើន។ បង សាមុត (អតីត)អនុរដ្ឋមន្រ្តីនៅក្រសួងផែនការកាលពីជំនាន់នោះ ក៏ជាអតីតរៀននៅកន្លែងនេះដែរ មុនពេលដែលគាត់ទៅរៀននៅប្រទេសបារាំងនោះ។ ខ្ញុំព្រះករុណាខ្ញុំ មានការរីករាយដែលឃើញវឌ្ឍនភាពនៃសាកលវិទ្យាល័យមួយនេះ។ សព្វថ្ងៃនេះ ស្ទើរតែរាល់ថ្ងៃ ជិះកាត់មុខសាកលវិទ្យាល័យនេះពីរដង មកម្ដងទៅម្ដង។ អញ្ចឹងទេវាឃើញការខុសគ្នាដាច់ស្រឡះ ពីកាលឆ្នាំ ១៩៩៦។ បើយោងទៅលើការបរិច្ឆេទដែលខ្ញុំព្រះករុណាខ្ញុំ ទៅចែកសញ្ញាបត្រនៅសាលានេះ មានតាំងពីឆ្នាំ ១៩៩៦ ប៉ុន្តែចាប់ពីពេលនោះមក យើងឃើញថា ការរីកចម្រើននេះសាលានេះ ក៏បានធ្វើជាបន្ដបន្ទាប់ តាមរយៈយកសាលាចិញ្ចឹមសាលា។ អញ្ចឹងអគារផ្សេងៗ(កសាងថ្មី) ប៉ុន្តែយើងរក្សាទុករូបថតចាស់ៗនៅសាលារបស់យើងផង ដើម្បីធ្វើការប្រៀបធៀបឱ្យឃើញថា កាលពីសាលាដែលយើងចាប់ផ្ដើមដំបូងវាយ៉ាងម៉េច។ ទន្ទឹមនឹងស្ថានភាពថ្មីរបស់យើង កុំភ្លេចរក្សារូបថតចាស់ៗ។
គ្មានទស្សនៈប្រវត្តិសាស្រ្ត គ្មានគោលដៅ មិនដឹងប្រភពរបស់ខ្លួន
ទីក្រុងភ្នំពេញក៏អញ្ចឹងដែរ។ គេចេះតែថា បន្ដិចៗចេះតែបញ្ចាំងតែរូបថតភ្នំពេញគ្មានមនុស្សនៅ។ បើមិនបញ្ចាំងរូបភាពគ្មានមនុស្សនៅ អត់ដឹងថា តើយើងធ្វើដំណើរដល់ណាហើយទេ? យើងចាប់ផ្ដើមចេញដំណើរពីទីណា? អ្នកខ្លះខា្លចណាស់ ខ្លាចនៅត្រង់ថា យើងយកការប្រៀបធៀបនូវអ្វីដែលយើងចាប់ផ្ដើមចេញដំណើរ ជាមួយនឹងស្ថានភាពបច្ចុប្បន្ន ព្រោះច្បាស់ជាឃើញហើយថា ពីភ្នំពេញគ្មានមនុស្សនៅ ពីភ្នំពេញពីគំនរបាក់បែក ទៅជាភ្នំពេញដែលមានស្ថានភាពរស់រវើកនេះ។ គេមិនចង់ឃើញ។ គេចង់លាក់បាំងការពិតនៃការរីកចម្រើនរបស់យើងតែប៉ុណ្ណោះ។ ប៉ុន្តែយើងអត់ត្រូវគួរខ្លាចទេ អតីតកាលរបស់យើងវាយ៉ាងម៉េច ត្រូវឆ្លុះបញ្ចាំងការពិត ព្រោះរឿងនេះ ជារឿងប្រវត្តិសាស្រ្តមួយ ដែលយើងត្រូវចងចាំ។ អ្នកណាក៏ដោយ បើគ្មានទស្សនៈប្រវត្តិសាស្រ្តទេ ច្បាស់ជាអ្នកនោះមិនដឹងខ្លួនឯងចេញពីទីណា ហើយក៏គោលដៅត្រូវទៅទីណានោះទេ ព្រោះវាមិនដឹងប្រភពរបស់ខ្លួនចេញពីត្រឹមណាមក។ ខ្ញុំព្រះករុណាខ្ញុំ គ្រាន់តែនិយាយវិទ្យាស្ថានជាតិអប់រំរបស់យើង គឺឆ្នាំ ១៩៧៩-១៩៨០ ពេលនោះ បញ្ឆេះកូនម៉ាស៊ីនតូចមួយ គ្រាន់អូស(ភ្លើង) ហើយប្រមូលគ្រូមកដាក់បង្រៀននៅហ្នឹង រៀនផ្នែកគរុកោសល្យកាលពីពេលនោះ។ ខ្ញុំដើរពីផ្ទះមកបង្រៀននៅហ្នឹង។ បង្រៀនថ្ងៃមិនអស់ បង្រៀនយប់ថែមទៀត។ វាលំបាកណាស់ក្នុងការស្ដារប្រទេសឡើងវិញពីគំនរផេះផង់ ពីទីក្រុងចាស់ដែលគេត្រូវបោះបង់ចោល វាលំបាកជាងការកសាងទីក្រុងថ្មីទៅទៀត។ លំបាកខ្លាំងណាស់ទម្រាំតែបានប៉ុណ្ណេះ រាប់ទាំងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ដើម្បីយើងចាប់ផ្ដើមដំណើរការឡើងវិញនោះ។
ផ្ដល់ឱកាសឱ្យវិស័យឯកជន វិនិយោគក្នុងវិស័យអប់រំ ជាគោលនយោបាយជាតិ
អ្វីដែលជាការរីកចម្រើន ជាការចូលរួមនៅក្នុងក្របខណ្ឌនៃគោលនយោបាយដែលយើងបានដាក់ចេញ ក្នុងនោះអនុញ្ញាតឱ្យសាកលវិទ្យាល័យរបស់រដ្ឋ មានឱកាសដើម្បីធ្វើការងារ ទន្ទឹមនឹងការរៀនដោយអាហារូបករណ៍របស់រដ្ឋ យើងបើកឱកាសឱ្យគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋមានលទ្ធភាព ដើម្បីនឹង(ឱ្យនិស្សិត)រៀនបង់ថ្លៃ។ យើងចោទចេញជាសំណួរថា ប្រសិនបើយើងមិនបើកឱកាសបែបនេះ បើកឱកាសឱ្យសាកលវិទ្យាល័យឱ្យមានការចូលរួមរបស់វិស័យឯកជន ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស និងបើកឱកាសឱ្យសាកលវិទ្យាល័យរបស់រដ្ឋ គ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋមួយផ្នែករៀនដោយអាហារូបករណ៍ និងមួយផ្នែកទៀតរៀនដោយការបង់ថ្លៃ តើយើងដោះស្រាយបញ្ហាយុវជន ដែលប្រលងជាប់មធ្យមសិក្សាទុតិយភូមិក្នុងមួយឆ្នាំ ប្រមាណជា ៧ ម៉ឺននាក់នេះ តើដោះស្រាយយកទៅណា? យើងត្រូវតែខិតខំ ដើម្បីធ្វើឱ្យមានការរួមចំណែករបស់វិស័យឯកជនផង និងសាកលវិទ្យាល័យរបស់រដ្ឋ ដែលអនុញ្ញាតឱ្យយកមួយផ្នែកសម្រាប់ការសិក្សាបង់ថ្លៃផង និងការបង្កើតឱ្យមានការបណ្ដុះបណ្ដាលបច្ចេកទេស ដែលក្នុងនោះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានខិតខំធ្វើរឿងនេះ នៅតាមបណ្ដាខេត្តនានាទូទាំងប្រទេស។ អញ្ចឹងទេ នេះជាការផ្ដល់ឱកាសធំធេងណាស់សម្រាប់យុវជនរបស់យើង។
សម័យសង្រ្គាម យុវជនគ្មានឱកាសរៀនសូត្រ
យុវជនរបស់យើងមកដល់សម័យនេះ អាចចាត់ទុកថា ជាយុវជនដែលមានសំណាងជាងយុវជនសម័យមុន ដោយសារយុវជនសម័យមុននេះ គឺបាត់បង់ឱកាសអស់ហើយ។ ពុំមានឱកាសទេ។ ពេលដែលប្រទេសមានសន្ដិភាព ក្នុងដំណាក់កាលមួយ គឺក្នុងចន្លោះឆ្នាំ ១៩៥៣ ដល់ឆ្នាំ ១៩៧០ ក្រោមការដឹកនាំរបស់សម្ដេចឪ ព្រះបរមរតនកោដ្ឋរបស់យើងគឺយុវជនក៏មានឱកាស ប៉ុន្តែយុវជនត្រូវបាត់បង់ឱកាសនៅក្នុងរយៈពេលមានសង្រ្គាមឆ្នាំ ១៩៧០ ដល់ ១៩៧៥ និងជាពិសេស គឺរបបប្រល័យពូជសាសន៍ ប៉ុល ពត ឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩។ ឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ ឱកាសមិនទាន់បាត់ទាំងស្រុងទេ ដោយសារនៅក្នុងតំបន់ដែលគ្រប់គ្រងដោយរដ្ឋកាល លន់ នល់ ក៏នៅទទួលបាននូវការបណ្ដុះបណ្ដាលការរៀនសូត្រ ប៉ុន្តែឱកាសបាត់នៅតំបន់ដែលគ្រប់គ្រងដោយខាងរំដោះជាតិ។ ឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ក្នុងរបប ប៉ុល ពត បាត់បង់ឱកាសទាំងស្រុងតែម្ដង។ ឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩៨ ឱកាសមានច្រើន ប៉ុន្តែអ្នកដែលបាត់ឱកាសក៏នៅមានបន្ត។ ដំណាក់កាលនោះ យើងស្ថិតនៅក្នុងស្ថានភាពមានសន្ដិភាពផង មានសង្រ្គាមផង។ ពិតមែនតែសន្ដិភាពបានគ្របដណ្ដប់លើភាគច្រើននៃចំណែកផែនដី និងពេលវេលា ឯសង្រ្គាមមានដាច់ដោយដុំ និងពេលវេលាខ្លះ ប៉ុន្តែវារំខានទៅដល់ការអភិវឌ្ឍរបស់យើងផងដែរ។ នៅទីកន្លែងមួយចំនួនដែលជួបប្រទះនឹងសង្រ្គាម លោកគ្រូអ្នកគ្រូត្រូវមើលថែទាំកូនសិស្សនៅក្នុងពេលសិក្សា កំពុងតែរៀន ត្រូវមានការប្រយុទ្ធ ត្រូវជម្លៀសកូនសិស្សនៅក្នុងរយៈពេលនោះ។
ខួបទី ២១ នៃការអនុវត្តនយោបាយឈ្នះឈ្នះ កម្ពុជាបានបង្រួបបង្រួមជាតិ និងឯកភាពទឹកដី
ប៉ុន្តែឥឡូវនេះ បន្ទាប់ពីការអនុវត្តនូវនយោបាយឈ្នះឈ្នះ ដែលថ្ងៃខានស្អែក ២៩ ធ្នូ នេះ គឺខួបលើកទី ២១ នៃជោគជ័យ នៃការអនុវត្តនយោបាយឈ្នះឈ្នះ ដែលយើងបានបង្រួបបង្រួមជាតិ មិនត្រឹមតែបញ្ចប់សង្រ្គាមទេ ប៉ុន្តែយើងបាននាំទៅដល់ការឯកភាពទឹកដី ដែលមុននេះចែកជាតំបន់ត្រួតត្រាគ្នាជាចម្រៀកៗ។ ឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ ចែកចេញជា ២ ផ្នែកត្រួតត្រា។ ឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ របបប្រល័យពូជសាសន៍។ ឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៩៣ ប្រទេសកម្ពុជាមួយតំបន់ត្រួតត្រា ៤។ ឆ្នាំ ១៩៩៣ ដល់ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨ ប្រទេសកម្ពុជាមួយតំបន់ត្រួតត្រា ២ ប៉ុន្តែចាប់ពីពេលនោះរហូតមកដល់ពេលនេះ គឺប្រទេសកម្ពុជាមួយតំបន់ត្រួតត្រាតែមួយទេ គ្មានចម្បាំងផ្ទៃក្នុង។ ដូច្នេះផ្ដល់ឱកាសឱ្យយុវជនបានរៀនសូត្រ។ កាលានុវត្តភាពមាស ពេជ្រ ត្រូវបានចាប់ផ្ដើមផ្ដល់សម្រាប់យុវជនយើង។
ឥឡូវនេះ មិនមែនជាសម័យត្រូវកៀងចាប់ទាហានទេ។ ឥឡូវនេះ គ្រាន់តែត្រូវជ្រើសរើសទាហាន ១ ពាន់នាក់ មានជាង ១ ម៉ឺននាក់មកដាក់ពាក្យប្រឡង។ អញ្ចឹងសម័យដើម គឺសម័យប្រមូលមនុស្សចូលទាហាន គេមិនព្រមចូលទៅទៀត។ រត់ចោលជួរ។ ឥឡូវអត់ទេ។ បញ្ជាំងតាមទូរទស្សន៍ប៉ុន្មានថ្ងៃមុននេះ។ ប្រឡង(ក្របខណ្ឌទាហាន) យុវជន យុវនារីដាក់ពាក្យប្រឡង ដើម្បីឱ្យជាប់បានចូលធ្វើទាហាន ព្រោះទាហានក្នុងសម័យសន្ដិភាពគេចង់ធ្វើ។ ទាហានក្នុងសម័យចម្បាំង គេមិនចង់ធ្វើទេ។ ប៉ុន្តែ វាជាកាតព្វកិច្ចកូនខ្មែរដែលត្រូវធ្វើនៅក្នុងពេលនោះ។ ខ្ញុំព្រះករុណាខ្ញុំ សូមអបអរសាទរចំពោះសាកលវិទ្យាធិការ សាកលវិទ្យាធិការរង សាស្រ្តាចារ្យ និងអ្នកទទួលខុសត្រូវទាំងអស់ ទៅលើការខិតខំដើម្បីគ្រប់គ្រងដឹកនាំសាកលវិទ្យាល័យនេះ ទទួលបានការរីកចម្រើនជាបន្តបន្ទាប់។
រាជរដ្ឋាភិបាលខិតខំ និងរក្សាទុក អ្វីដែលបន្សល់ទុកលើសពី ៥០ ឆ្នាំទៅ
ក្នុងរយៈពេលពីឆ្នាំ ១៩៩៦ រហូតមកដល់ពេលនេះ គឺ ២០ លើកដែលខ្ញុំព្រះករុណាខ្ញុំចូលរួមចែកសញ្ញាបត្រឱ្យនិស្សិតនៅសាកលវិទ្យាល័យនេះ។ នៅចាំទេកាលពេលនោះ គឺយើងអត់ទាន់មានអគារបែបនេះ ឬធ្វើនៅកោះពេជ្រទេ ប៉ុន្តែកាលនោះ យើងធ្វើនៅក្នុងសាលាតែម្ដង ហើយមានពេលខ្លះភ្លៀងទៀតផង។ ពេលខ្លះក៏ក្ដៅ ពេលខ្លះក៏ភ្លៀងនៅពេលនោះ។ ប៉ុន្តែឥឡូវ យើងមិនធ្វើនៅសាលាទេ(ចែកសញ្ញាបត្រ) ថ្ងៃណាមួយអាចសាលាមានសាលខ្លួនឯង ប៉ុន្តែដូចអត់មានដីធ្វើទេ។ ដូចនៅវិទ្យាស្ថានបច្ចេកវិទ្យាបានធ្វើមួយ សម្រាប់ក្រសួងអប់រំ។ នៅសាកលវិទ្យាល័យភូមិន្ទចំការដូង ក៏ធ្វើមួយ អាហ្នឹងខ្ញុំធ្វើឱ្យ។ នៅសាកលវិទ្យាល័យស្វាយរៀង ក៏មានមួយ ខ្ញុំធ្វើឱ្យ។ អគារនេះខ្ញុំធ្វើ ហើយរំលឹកដល់កន្លែងនេះ ខ្ញុំនៅចងចាំ ពេលដែលយើងប្រគល់សញ្ញាបត្រឱ្យនិស្សិត យើងទៅជួលដំបូលរោងការគេមក។ ខ្ញុំព្រះករុណាខ្ញុំ ឈរនិយាយទៅកាន់និស្សិត អាហ្នឹងគឺដំណាក់កាលមួយទៅ។ ក្រោយមក ខ្ញុំព្រះករុណាខ្ញុំ ជាមួយនឹង ម៉ុង ឬទ្ធី ទៅធ្វើរោងមួយដំបូលទូក ដាក់បានប៉ុន្មានរយនាក់អញ្ចឹងទៅ។ ក្រោយមក យើងបានធ្វើអគារហ្នឹងមួយ គ្រាន់សាកលវិទ្យាល័យនានា ដែលមានសិស្សដែលមិនមានចំនួនច្រើនទេ អាចមកចូលរួមទទួលសញ្ញាបត្រនៅកន្លែងនេះ។ ប៉ុន្តែអគារនេះ ប្រៀបធៀបនឹងអគារនៅចំការដូង និងប្រៀបធៀបនឹងអគារនៅស្វាយរៀង អគារនេះតូចជាង។ ពេលហ្នឹង (ជាកន្លែងទទួលសញ្ញាបត្រ)មុនគេ ចាត់ទុកថា ធំណាស់ទៅហើយ។ ឥឡូវប៉ុណ្ណេះ មិនធំទេ។ ដូចជាសាលមហោស្រព កាលពីមុន សាលមហោស្រពទន្លេបាសាក់ និងសាលមហោស្រពចតុមុខ ចាត់ទុកថាធំ ប៉ុន្តែឥឡូវវាតូច។ ទោះតូចយ៉ាងម៉េចក៏ដោយ វាជាសមិទ្ធផលដែលបន្សល់ទុកពីដូនតា។
រឿងនេះ ខ្ញុំព្រះករុណាខ្ញុំ សុំនិយាយបន្ដិច។ កន្លងទៅនាំគ្នាផ្អើលថា យើងនាំគ្នាប្រុងវាយស្ពានសម័យបារាំងនៅបាត់ដំបង។ ផ្អើលពេញហ្វេសប៊ុក។ សូមបញ្ជាក់ អ្វីដែលបន្សល់ទុកលើសពី ៥០ ឆ្នាំទៅ គឺខិតខំរក្សា អាហ្នឹងក្លាយទៅជាសមិទ្ធផល។ ស្ពាននោះជាង ១០០ ឆ្នាំ រឿងអីត្រូវាយចោល។ ខិតខំរក្សា។ ជួលជុលធ្វើម៉េចដើម្បីទប់កុំឱ្យវាបាក់។ អាជ្ញាធរខេត្តបាត់ដំបង (ផ្ដល់ព័ត៌មានបិទស្ពានឱ្យ)វាងស្ពាន ដើម្បីកុំឱ្យមានគ្រោះថ្នាក់របស់ប្រជាពលរដ្ឋ គឺធ្វើយ៉ាងម៉េចកុំឱ្យប្រជាពលរដ្ឋឆ្លងកាត់ស្ពានហ្នឹងទៀត។ ជំនួសមកវិញ យើងត្រូវរកវិធីធ្វើស្ពានបន្ថែមនៅកន្លែងនោះ មិនមែនជាការវាយចោលនោះទេ។ ការកោតសរសើរចំពោះការរីកចម្រើននៃ វិទ្យាស្ថាន គឺសុំយកឱកាសនេះ ថ្លែងនូវការអបអរសាទរចំពោះជ័យលាភីទាំងអស់ ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ។ ដែលមានបរិញ្ញាបត្រចំនួន ២ ៥០១នាក់ ក្នុងនោះស្រ្តីចំនួន ២.២៨៧នាក់ ស្មើនឹង ៥១,៤៦% បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ២៨៩ នាក់ នារី ៩៣ នាក់ ស្នើនឹង ៣២,១៨%។
ស្ត្រីផ្ទាល់ខ្លួន និងការជួយជ្រោមជ្រែងពីគ្រួសារ ដើម្បីទៅដល់ថ្នាក់ក្រោយឧត្តមសិក្សា
រឿងហ្នឹងដដែល គ្រប់សាកលវិទ្យាល័យទាំងអស់ បរិញ្ញាបត្រ គឺចំនួននិសិ្សតជាបុរស និងចំនួននិស្សិតជាស្ត្រីនៅស្មើគ្នា ហើយមានពេលខ្លះគឺនិស្សិតជាស្ត្រីខ្ពស់ជាង តែចាប់ពីបរិញ្ញាបត្រជាន់ខ្ពស់ គឺស្ត្រីចាប់ផ្តើមធ្លាក់ចុះគ្រឹប។ រឿងវាអត់អីទេ ការពិតរឿងតែមួយទេ កត្តាសត្យានុម័ត គឺរឿងស្រ្តីដល់វ័យហ្នឹងគឺត្រូវតែមានប្តីហើយ។ រឿងអញ្ចឹងដល់សិក្សាទៅ លោកជំទាវ អ៊ឹង កន្ថាផាវី តួលេខនេះកើនឡើង។ ប៉ុន្តែ … ថ្នាក់ក្រោយឧត្តមសិក្សាគឺស្ត្រីតិចជាង។ ទោះបីយើងដឹងបែបនេះក៏ដោយ យើងប្រឹងរុញអត្រានៃចំនួនស្ត្រីឱ្យមានតួលេខ កុំឱ្យវាមានធ្លាក់ច្រើនហួស ឱ្យកើនឡើងថែមបន្តិច។ ការទាមទាររបស់ស្ត្រីគឺសមភាពយេនឌ័រ ហើយក៏ចង់បានដែរការវិនិយោគចំពោះស្ត្រី ក៏ប៉ុន្តែ បើសិនយើងដាក់ទៅលើលក្ខខណ្ឌថា តាមស្ថាប័នមិនអាចបន្ធូរបន្ថយ ថាអាហ្នឹងស្ត្រីត្រូវតែលក្ខខណ្ឌទាបជាងទេ (អត់ទេ) ឧទាហរណ៍៖ ប្រឡងចូលស្ថាប័នមួយ គេត្រូវការតែម្តងថា តម្រូវឱ្យមានបរិញ្ញាបត្រជាន់ខ្ពស់។ អញ្ចឹងស្រ្តីរបស់យើងនៅតែត្រឹមបរិញ្ញាបត្រ អត់ឱកាសចូលប្រឡងជាមួយគេទេ។ នៅតាមវិស័យឯកជនក៏ដូចគ្នា ជួនកាលគេដាក់តម្រូវមកអញ្ចឹង អញ្ចឹងស្ត្រីរបស់យើងបាត់ឱកាស។ យើងមិនអាចទៅដាក់ថា ជ្រើសរើសបុគ្គលិកប៉ុណ្ណេះ បុរសលក្ខខណ្ឌត្រូវតែមានបរិញ្ញាជាន់ខ្ពស់ឡើង ស្ត្រីត្រូវតែមានបរិញ្ញាបត្រ យើងអត់ទាន់ដាក់អញ្ចឹងបានទេ បើដាក់អញ្ចឹងថ្ងៃក្រោយស្ត្រីលែងរៀនហើយ រៀនត្រឹមតែបរិញ្ញាបត្រ។ នេះជាកត្តាសត្យានុម័ត។ វាតម្រូវឱ្យមានការខិតខំផ្ទាល់ខ្លួនរបស់ស្ត្រីផង និងមានការជួយជ្រោមជ្រែងពីគ្រួសារផង ដែលនៅពេលដែលគាត់ចាប់ផ្តើមចប់បរិញ្ញាបត្រហើយ គឺចាប់ផ្តើមមានប្តី អញ្ចឹងវាទាល់តែប្តីអនុញ្ញាតឱ្យមករៀនដែរ ទើបអាចទៅរួច។
វិបត្តិខ្វះអាចារ្យ និងវិបត្តិខ្វះភ្លេងការ
គាប់ជួនខ្លាំងម្ល៉េះ ឆ្នាំនេះ ម្សិលមិញដាច់ខែមិគសិរ ថ្ងៃនេះ ១ កើត ខែបុស្ស ម្សិលមិញគាប់ជួន Christmas ហើយឆ្នាំនេះ គឺជាឆ្នាំមួយដែលភាពត្រជាក់មានរយៈពេលវែង។ ប៉ុន្មានអាទិត្យមុននោះគឺត្រជាក់ម្តងហើយ ឥឡូវចាប់ផ្តើមត្រជាក់ម្តងទៀត។ ខែនេះនិយាយពីសម្លេងភ្លេងការ គឺច្រើនណាស់។ ឥឡូវ វិបត្តិខ្វះអាចារ្យនៅតែបន្ត វិបត្តិខ្វះភ្លេងការ អ្នកខ្លះតាមដឹងកាត់សក់ជួនកាលមួយថ្ងៃ ២ រោង កាត់សក់ឱ្យកន្លែងហ្នឹងហើយ រួចហើយទៅកាត់សក់កន្លែងមួយទៀត។ គ្នាក៏ខិតខំ ប៉ុន្តែ អាហ្នឹងត្រូវប៉ាន់តែខែហ្នឹងទេ អ្នកដែលលេងភ្លេងការ។ អាហ្នឹងនិយាយបើករង្វង់ក្រចកបន្តិចចុះ សម្រាប់ពួកសិល្បៈ នេះជាខែត្រូវប៉ាន់ទាំងសិល្បៈ ទាំងប្រពៃណីទាក់ទងនឹងអាពាហ៍ពិពាហ៍ ទាំងតន្រ្តីសម័យ ដល់ទៅពេលដែលចាប់ផ្តើមខែវស្សា ជាពិសេសក្នុងពេលចូលវស្សាគេហាមការ អញ្ចឹងគឺពេលហ្នឹងត្រូវដេកស៊ីអាប្រាក់ដែលរកបានពីថ្ងៃនេះ។ បើអ្នកខាងភ្លេងការគឺដាច់តែម្តង ដោយសារតែ ប្រពៃណីរបស់យើងមិនសូវរៀបការកូនប្រុស/ស្រី ក្នុងពេលវេលាដែលព្រះសង្ឃចូលវស្សាទេ។ មិនដឹងថា ព្រះតេជគុណ ព្រះសង្ឃ ប៉ុន្មានអង្គនៅទីនេះ បន្ទាប់ពីនេះទៅត្រូវលាចាកសិក្ខាបទដើម្បីទៅការប្រពន្ធ។ រឿងហ្នឹងជារឿងធម្មជាតិទេ ព្រះតេជព្រះគុណ ព្រោះយើងហាមឃាត់មិនបានទេ។ ព្រះសង្ឃនៅប្រទេសខ្លះគេឱ្យយកប្រពន្ធ ដល់អញ្ចឹងបួសរហូតក៏បានដែរ ហើយស៊ីបាយល្ងាច។
នាយទាហាន នាយនគរបាលឥណ្ឌូនេស៊ីអត់ឱ្យមានក្បាលពោះទេ
ឥឡូវ ព្រះសង្ឃរបស់យើង ពិនិត្យមើល ១០០ អង្គ ព្រះសង្ឃដែលដុះពោះមានប្រហែលជា ២ ប៉ុណ្ណឹងទេ ដោយសារព្រះសង្ឃអត់ឆាន់ល្ងាច។ ចំពោះយើងខាងលើនេះមួយចំនួន ដល់មើលទៅពោះឥឡូវធំអស់ទាស់ម្នាក់ៗ ហើយយើងអត់គ្រប់លក្ខណៈសម្បត្តិទេណា។ បើថានៅឥណ្ឌូនេស៊ីវិញ នាយទាហាន នាយនគរបាលកម្ពុជា បើថាធ្វើតាមឥណ្ឌូនេស៊ីធ្លាក់អស់ ៨០% ដោយសារនាយទាហាន នាយនគរបាលកម្ពុជាដុះពោះ។ នាយទាហាន នាយនគរបាលឥណ្ឌូនេស៊ីអត់ឱ្យមានពោះទេ។ តែមានពោះ អត់ឱ្យនៅក្នុងនាយទាហាន/នគរបាលទេ មិនដឹងជាធ្វើម៉េចអាហ្នឹង។ ប្រហែលជាបងប្អូនមួយចំនួនចាប់អារម្មណ៍។ ប៉ុន្មានខែមុន ខ្ញុំព្រះករុណាខ្ញុំហាក់ដូចជាស្គមបន្តិច។ ប៉ុន្តែឥឡូវនេះ តាំងពីចាប់ផ្តើមធ្វើកីឡាប្រណាំងកង់ ទៅដួលត្រូវអាស្មានេះទៅ។ ថ្ងៃនោះមកពី ហ្សឺណែវ មកដល់យន្តហោះចុះម៉ោងប្រហែលជា ៩ ព្រឹក មកដល់ផ្ទះហ្នឹងខិតខំសម្អាត ព្រោះដាក់ពីនោះមកប្រាប់ឱ្យគេដាក់ឯកសារទាំងប៉ុន្មាននៅលើតុទាំងអស់។ ហ្នឹងដោយសារយើងនៅលើយន្តហោះ ក៏មានអ៊ិនធើណែតសម្រាប់ភ្ជាប់មកខាងក្រោម និយាយមកខាងក្រោមបាន។ ហើយក៏ប្រឹងធ្វើឯកសារហើយអស់ បន្ទាប់ទៅម៉ោងប្រហែលជិត ១២ ក៏ឡើងទៅដោះខោ ដោះអាវស្អីៗហ្នឹង ប្រុងប្រៀបថាវាយកូនហ្គោលថ្ងៃទី ៧ ខែ កក្កដា។ ទី ៦ ខែកក្កដា មកដល់។ បាយទឹកអីរួចហើយ ខំសម្រាក ម៉ោងប្រហែលជា ២កន្លះ នឹកឃើញចង់ជិះកង់ ហើយគេមានអាកង់ប្រណាំង ព្រោះអាហ្នឹងកង់គេសម្រាប់ឡើងភ្នំ ប៉ុន្តែទៅជិះអាកង់តូច។ ជិះលឿនវាអត់ដួលឯណា ដល់តែយើងចាប់ផ្តើមឈប់ស្រាប់តែដួលតែម្តង។ បញ្ហាស្មានេះ។ ដល់អញ្ចឹងទៅតាំងពីពេលនោះមកខានហាត់ប្រាណ។ ដល់ខានហាត់ប្រាណវាមិនឡើងអីមុនគេ វាឡើងក្បាលពោះមុនគេ។ ធ្វើម៉េច? អញ្ចឹងទេ សារេអស់ទាំងខោក៏សារេ ទាំងអាវក៏សារេ។
ការពាក់ក្រវាត់ក ជាឥទ្ធិពលពីអឺរ៉ុប
អញ្ចឹងបានជាឥឡូវសង្កេតឃើញ ខ្ញុំព្រះករុណាទៅណាមិនសូវពាក់ក្រវាត់កទេ មូលហេតុងាយយល់ណាស់អាហ្នឹង ទី១ មកពីកាលកាត់អាវនេះក្នុងពេលដែលធ្លាក់គីឡូ ត្រូវកាត់អាវឡើងវិញ។ ដល់ឥឡូវឡើងគីឡូអាកអាវហ្នឹង ដាក់ទៅវាតឹងស្តូកនៅហ្នឹងតែម្តង។ កំពុងតាមរកថា តើអ្នកណាសម័យដើម ឈ្មោះអីដែលបង្កើតអាក្រវាត់កហ្នឹងមក នាំពិបាកញ៉េមញ៉ុម។ យើងរាល់ថ្ងៃទទួលឥទ្ធិពលពីពួកអឺរ៉ុប យកមកអនុវត្តនៅស្រុកខ្មែរ។ ប៉ុន្តែខាង មូស្លីម តិចណាស់ដែលយកទៅអនុវត្ត។ គេស្លៀកពាក់សំលៀកបំពាក់របស់គេ ដូចនៅតំបន់មជ្ឈឹមបូព៌ាអីគេស្លៀកពាក់តាមបែបរបស់គេ។ ឯចំពោះយើងទទួលឥទ្ធិពលពីអឺរ៉ុបមក។ មិនដឹងថាមានអ្នកដែលបង្កើតដំបូង ហេតុអីបានបង្កើតក្រវាត់ក? នេះត្រូវអស់លុយថែម ត្រូវចំណាយពេលវេលាច្រើនណាស់។ ឥឡូវក្រវាត់កមួយៗថ្លៃទៀត … ខ្ញុំព្រះករុណាខ្ញុំមិនដែលចេះពាក់ក្រវាត់កទេ ឱ្យតែគេចងឱ្យទេ។ តែរបូតក្រវាត់កលើយន្តហោះចប់ហើយ ព្រោះទាញហើយបន្ធូរដកចេញ រួចដល់ត្រូវពាក់ដកពាក់មកវិញ អត់ចេះចងក្រវាត់ក អាហ្នឹងមួយរៀនអត់ចេះ។ មនុស្សវាមាននិស្ស័យ ចងក្រវាត់កក៏អត់ចេះ ភ្លេងរៀនយ៉ាងម៉េចក៏មិនចេះ។ ថ្ងៃមុននោះខំនិយាយនៅហ្នឹងលេងថា បើអ្នកណាហ៊ានបង្រៀនខ្ញុំព្រះករុណាខ្ញុំកូតទ្របាន គឺជូនប្រាក់ប៉ុណ្ណេះៗ មិនខ្វះទេអ្នកដែលចង់បង្រៀននោះ ប៉ុន្តែសុំកុំមកបង្រៀន រៀនម៉េចក៏អត់ចេះដែរ។ ខ្វះអីទ្រ ឃើញអារូបថតមួយខ្ញុំព្រះករុណាខ្ញុំកូតទ្រនៅសៀមរាប គេនឹកស្មានថា ខ្ញុំកូតទ្រមែនទែន។ ការពិតកូតង៉ិកង៉ក់ៗ រៀនវាមិនចេះ។
អ្នករកបានការងារធ្វើ មាន ៩៣,៩៦% និង មាននិស្សិតបរទេសច្រើនមករៀន
… បកត្រឡប់មកវិញគឺ អបអរចំពោះជ័យលាភីដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ក្នុងនោះអ្វីដែលគួរកត់សម្គាល់គឺទី ១៖ ទាក់ទិនជាមួយនឹងអត្រាអ្នកមានការងារធ្វើ ដែលក្នុងនោះមាន ៩៣,៩៦% ដែលមានការងារធ្វើ ហើយចំពោះកម្រិតបរិញ្ញាចំនួន ៩៣,១៦% កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៩៨,២៧%។ ប៉ុន្តែ យើងបែងចែកទៅតាមស្ថាប័នរដ្ឋ ២២,៨៦% អង្គការមិនមែនរដ្ឋាភិបាលជាតិស្មើនឹង ១,៩១% អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិស្មើនឹង ១,១៥% វិស័យឯកជនស្មើនឹង ៦២,៤៣% អាជីវកម្មផ្ទាល់ខ្លួនស្មើនឹង ១១,៦៥% នេះជាការកត់សម្គាល់ទី ១។ ការកត់សម្គាល់ទី ២៖ រឿងនិស្សិតមកពីបរទេសចូលរៀននៅសាលានេះច្រើន យើងពិនិត្យអំពីនិស្សិតដែលជាជនជាតិបរទេស មករៀននៅទីនេះគឺ ១៥៨ នាក់ ដោយក្នុងនោះបែងចែកថ្នាក់បរិញ្ញាបត្រអាហារូបករណ៍មាន ២៩ នាក់មកពីឡាវ បរិញ្ញាបត្ររៀនបង់ថ្លៃ ៣៦ នាក់ ក្នុងនោះមានជនជាតិកូរ៉េ ១៥ នាក់ វៀតណាម ៩ នាក់ ជប៉ុន ១ នាក់ ចិន ៣ នាក់ បារាំង ៨ នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ៩៣ នាក់ បារាំង ៦៨ នាក់ ចិន ៥ នាក់ អាមេរិក ១ នាក់ បង់ក្លាដេស ១ នាក់ កូរ៉េខាងត្បូង ៥ នាក់ កូរ៉េ ៥ នាក់ ជប៉ុន ៣ នាក់ ម៉ារ៉ុក ២ នាក់ អង់គ្លេស ៥ នាក់ ម៉ាលី ១ នាក់ ហ្គាបុង ១ នាក់ ទុយនេស៊ី ១ នាក់។ យើងឃើញថា ចំនួននេះសាលានេះនៅតែទទួលបានចំណាប់អារម្មណ៍ពីនិស្សិតបរទេសដែលមករៀន។ ពិតហើយនិស្សិតបរទេសមួយចំនួន រៀននៅសាលាដទៃៗ ប៉ុន្តែសាលានេះអាចចាត់ទុកថា ជាសាលាដែលទាក់ទាញបាននូវការយកចិត្តទុកដាក់មករៀនពីសំណាក់និស្សិតបរទេស។ ឯទិន្នន័យដែលកំពុងតែ ក្នុងចំណោមនិស្សិតដែលកំពុងតែទទួលការសិក្សានៅទីនេះមាន ១៦.២៩៦ នាក់ ក្នុងនោះក៏មាននិស្សិតដែលជាជនជាតិបរទេសចំនួន ៨១ នាក់ ដែលក្នុងនោះផ្នែកបរិញ្ញាបត្រមាន ៣៣ នាក់ ហើយចែកចេញជា ជនជាតិឡាវ ៣ នាក់ ជនជាតិកូរ៉េ ២ នាក់ វៀតណាម ១ នាក់ បរិញ្ញាបត្រជាន់ខ្ពស់មាន ៤៨ នាក់ ជនជាតិបារាំង ៤២ នាក់ កូតឌីវ័រ ១ នាក់ និងចិន ៥ នាក់។ អាចចាត់ថា បច្ចុប្បន្ន មិនមែនតែយើងបញ្ជូននិស្សិតទៅក្រៅទេ ប្រទេសក្រៅក៏បញ្ជូននិស្សិតមករៀនផងដែរ។ ដូច្នេះ យើងត្រូវបន្តជម្រុញនូវការពង្រឹងគុណភាពបន្តទៀត។ សាកលវិទ្យាល័យ គ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋទាំងអស់ជាទូទៅ គឺទទួលបាននូវចំណាប់អារម្មណ៍ពីសំណាក់និស្សិត។ យើងមើលឃើញទាំងសាលានេះ ទាំងសាកលវិទ្យាល័យជាតិគ្រប់គ្រង និងសាកលវិទ្យាល័យភ្នំពេញ គឺសុទ្ធតែទទួលបាននូវការទាក់ទាញធំ នៅក្នុងចំណោមនិស្សិតដែលត្រូវចូលរៀនក្នុងសាលាទាំងអស់នោះ។ សូម្បីសាលាកសិកម្មក៏ទាក់ទាញការចូលរៀន ពីសំណាក់និស្សិតរបស់យើងច្រើនដែរ ដែលសុំឱ្យបន្តទៅលើការងារនេះតទៅទៀត។
ធ្វើស្រូវប្រាំងតែមួយដងបានហើយ គួរគិតពីការបែងចែកតំបន់ដាំដុះ
ថ្ងៃនេះ ដោយសារតែកន្លងទៅក៏បាននិយាយច្រើនហើយដែរ លើបញ្ហានេះបញ្ហានោះ ឥឡូវនេះការប្រមូលផលរបស់យើងក៏ជិតដាច់ឆ្នាំ។ រឿងដែលត្រូវគិតនោះគឺថា ឆ្នាំនេះទឹកធ្លាក់លឿនជ្រុលហួស។ ឥឡូវនេះ បើតាមការរាយការណ៍របស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការប្រមូលផលរដូវវស្សាបានជាង ២ លានហិកតាហើយ លើផ្ទៃដីដែលធ្វើបានចំនួន ២ លាន ៧ សែនហិកតា។ សង្ឃឹមថា ស្រូវវស្សា(ដែលនៅសល់)អាចនឹងមិនមានផលប៉ះពាល់ ដោយសារការខ្វះទឹកទេ ក៏ប៉ុន្តែស្រូវប្រាំងនៅតំបន់មួយចំនួនខ្វះខាតទឹក។ ម្សិលម្ង៉ៃខ្ញុំទៅត្បូងឃ្មុំ ក៏ហោះមើលពីលើ ការរីងស្ងួតកន្លែងខ្លះដល់ទៅបាតត្រពាំងទៅហើយ។ ទឹកវាធ្លាក់រហ័សពេក។ អញ្ចឹងបានជាខ្ញុំព្រះករុណាខ្ញុំ ចេញសារាចរអំពាវនាវ ឱ្យកសិកររបស់យើងធ្វើស្រូវប្រាំងតែមួយដងបានហើយ ក្រៅពីនោះអាចរកវិធីដាំដុះដំណាំ។ នៅក្នុងការធ្វើដំណើរនោះទៀតសោត ឆ្លងកាត់ខេត្តព្រៃវែង គឺយើងបានឃើញថា កសិករមួយចំនួនបានប្រើប្រាស់ដីស្រែរបស់ខ្លួន ដាំជាអំពៅ គឺឃើញល្អ។
អញ្ចឹងទេ បានជាខ្ញុំព្រះករុណាខ្ញុំ តែងតែផ្តល់អនុសាសន៍ឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សិក្សាបែងចែកតំបន់ដាំដុះ។ តំបន់ខ្លះអាចធ្វើដំណាំផ្សេងបានដែលធ្វើទឹកតិចជាង ជាពិសេសគឺលើតំបន់ដែលខ្វះខាតទឹក គប្បីប្រែវាទៅជាតំបន់ដែលដាំនូវអ្វីដែលអាចទទួលផលបានខ្ពស់ជាង ហើយប្រើទឹកតិចជាង។ បើយើងបន្តនៅតែ គិតតែពីរឿងស្រូវមួយមុខ ហើយទៅលើតំបន់ដែលខ្វះប្រភពទឹក គឺជារឿងមួយគេហៅថា ធ្វើសេដ្ឋកិច្ចមិនជឿនលឿន។ ដូច្នេះ ទាល់តែខិតខំជម្រុញឱ្យកសិករ របស់យើងផ្លាស់ប្តូរនូវមុខរបរ។ សំលឹងមើលទៅក្រោមជាមួយឯកឧត្តម ជា សុផារ៉ា ខាងនោះអំពៅ ខាងនេះស្រែ។ អញ្ចឹងស្រូវកំពុងតែខ្វះទឹក ប៉ុន្តែក្នុងពេលដែលអំពៅគឺដល់ពេលដែលត្រូវកាប់។ ប៉ុន្តែអំពៅនេះ ក៏ត្រូវតែមានទីផ្សាររបស់វាដែរ។ ខ្លះគ្រាន់តែជាអំពៅដើម្បីធ្វើអំពៅសាង ឬស្អីៗទេ ប៉ុន្តែ យើងក៏មានរោងចក្រ ធ្វើស្ករអំពៅដែរ។
ទំនាក់ទំនងយ៉ាងណារវាងរោងចក្រធ្វើស្ករអំពៅ រោងចក្រធ្វើស្ករស ដែលប្រើប្រាស់វត្ថុ ធាតុដើមពីអំពៅរបស់យើង ដើម្បីយកទៅផ្គត់ផ្គង់ឱ្យរោងចក្រទាំងអស់នោះ។ មិនមែនគ្រាន់តែអំពៅមួយទេ អាចនឹងមានមុខដំណាំដទៃទៀត ដែលផ្ទេរពីស្រូវទៅធ្វើផលិតផលកសិកម្មដទៃទៀត ដែលអាចទទួលផលបានច្រើនជាង ហើយមិនលំបាកក្នុងការផ្គត់ផ្គង់ទឹក ក្នុងតំបន់ដែលគ្មានប្រភពទឹក ព្រោះប្រទេសរបស់យើងមានតំបន់ដែលមានប្រភពទឹក និងតំបន់ដែលអត់មានប្រភពទឹក អញ្ចឹងទេ ហើយ ខាងក្រសួងកសិកម្ម ក៏ដូចជាផ្នែកពាក់ព័ន្ធបានពន្យល់រួចហើយ អំពីមូលហេតុអីបានជាស្រូវធ្លាក់ថ្លៃ វាមាន មូលហេតុរបស់វា ស្រូវធម្មតាដែលអត់មានខូចគុណភាព តម្លៃនៅរក្សាដដែល ប៉ុន្តែកន្លែងខ្លះគឺថាពូជអត់សុទ្ធ ហើយអង្ករបាក់ស្អីៗទៅ ដូច្នេះអ្នកទិញទៅគឺជួបលំបាក។
អ្នកស្អប់កុម្មុយនីស្ត៍ ឱ្យយើងកំណត់តម្លៃស្រូវ ខុសពីយន្តការទីផ្សារ
យ៉ាងណាក៏ដោយអាចមានការគាំពារមួយ។ តែអ្វីក៏ដោយខ្ញុំព្រះករុណាខ្ញុំមិនយល់នៅត្រង់ថា រហូតដល់អ្នកខ្លះស្អប់កុម្មុយនីស្ត៍ណាស់ ប៉ុន្តែអំពាវនាវ ឬក៏ជម្រុញឱ្យខ្ញុំព្រះករុណាខ្ញុំធ្វើកុម្មុយនីស្ត៍។ ស្អីទៅ? គឺឱ្យយើងកំណត់ថ្លៃស្រូវ។ អញ្ចឹងទេ ខ្លួនឯងគឺថាពូកែណាស់ មកជេរគេថាគេកុម្មុយនីស្ត៍ ប៉ុន្តែខ្លួនឯងក៏ជាអ្នកមកចាប់បង្ខំគេឱ្យគេអនុវត្តនូវសេដ្ឋកិច្ចបែបកុម្មុយនីស្ត៍ដែរ។ គេសំគាល់ទៅលើស្ថានភាពកុម្មុយនីស្ត៍ នៅត្រង់ថា សម័យមុននោះ គេមានសេដ្ឋកិច្ចទីផ្សារ និងសេដ្ឋកិច្ចផែនការ។ ពួកសេដ្ឋកិច្ចផែនការ គឺពួកអ្នកកំណត់ថ្លៃ រដ្ឋកំណត់ថ្លៃតែម្តង។ អញ្ចឹងស្ថានភាពមិនច្បាស់លាស់ សូម្បីប្រព័ន្ធគ្រប់គ្រងមិនច្បាស់លាស់ផង រួចហើយមកនិយាយដើម្បីទូន្មានគេឱ្យគេធ្វើនូវកិច្ចការដែលខ្លួនឯងកំពុងស្អប់។ ចង់ឱ្យរដ្ឋកំណត់ថ្លៃស្រូវ។ បើធ្វើយ៉ាងដូច្នេះ វាជាការអនុវត្តតាមប្រព័ន្ធសេដ្ឋកិច្ចផែនការ ដែលអតីតប្រទេសសង្គមនិយមកាលពីមុនធ្លាប់បានធ្វើរឿងនេះ។ នេះគ្រាន់តែជាការ បង្រៀនអ្នកដែលបានអំពាវនាវយើងឱ្យធ្វើការកំណត់ថ្លៃ។ យើងបានត្រឹមតែអំពាវនាវតែប៉ុណ្ណឹង ប៉ុន្តែយន្តការទីផ្សារមិនតម្រូវឱ្យរដ្ឋធ្វើការកំណត់ថ្លៃទេ។ អាហ្នឹងត្រូវឱ្យបានច្បាស់ជាមួយគ្នា។
ឡើងប្រាក់ខែកម្មករឆ្នាំ ២០២០ កុំតម្លើងថ្លៃផ្ទះឈ្នួលខ្ពស់ពេក ឡើងប្រាក់បៀវត្ស បើកប្រាក់ពីរដង/ខែ
ពិតមែនហើយថាចុះ ហេតុអ្វីបានជារដ្ឋាភិបាលមកចូលរួម ដើម្បីកំណត់ទៅលើបៀវត្សរ៍អប្បបរមារបស់កម្មករក្នុងវិស័យកាត់ដេរ និងដេរស្បែកជើងបាន។ នោះគឺមិនមែនរដ្ឋកំណត់ដោយឯងៗទេ។ យន្តការត្រីភាគីត្រូវបានធ្វើ ផ្នែកខាងរដ្ឋដឹកនាំដោយក្រសួងការងារ វិស័យឯកជន ហើយនិងផ្នែកតំណាងឱ្យកម្មករនិយោជិត ដើម្បីចូលរួមជាមួយគ្នា រហូតដល់មានការបោះឆ្នោត ដើម្បីសម្រេចថាតើបៀវត្សរ៍បានប៉ុន្មាន។
សល់តែប៉ុន្មានថ្ងៃទៀត បៀវត្សរ៍នឹងចាប់ឡើង កម្មករ/ការិនីរបស់យើងតម្លើងបានត្រឹមតែ ៨ ដុល្លារទេក្នុងឆ្នាំនេះ គឺពី ១៨២ ទៅ កាន់ ១៩០។ ចំនួននេះ គឺជាចំនួនមួយដែលអាចនឹងធ្វើឱ្យកម្ពុជាយើង(ឡើងលើសពី) ក្នុងចំណោមប្រទេសមួយចំនួន។ យើងឥឡូវនេះបានឡើងហួសពីកម្មករវៀតណាមទៅហើយ។ កម្មករវៀតណាមមានចែកជាតំបន់ តំបន់ខ្លះ នៅ ១៣០ ដុល្លារទេ ឯយើងអត់មានចែកជាតំបន់ទេ ១៩០ ទាំងអស់ អនុវត្តនូវ ១៩០។
ខ្ញុំព្រះករុណាខ្ញុំ សុំនៅបន្តអំពាវនាវចំពោះម្ចាស់ផ្ទះឈ្នួល ខិតខំធ្វើយ៉ាងម៉េចកុំតម្លើងថ្លៃហួសពីអ្វីដែលកម្មករទទួលបាន។ កម្មករឡើងប្រាក់ខែបានតែ ៨ ដុល្លារ ដល់យើងឡើងបន្ទប់ឈ្នួលឡើងដល់ ១០ ដុល្លារចឹង វាចាប់ផ្តើមរួញ។ អញ្ចឹងបានជាអាជ្ញាធរនៅតាមមូលដ្ឋាន ត្រូវធ្វើការជាមួយនឹងម្ចាស់ផ្ទះជួល ដើម្បីធានាថា នៅពេលដែលតម្លើងបៀវត្សរ៍នេះ ទទួលបាននូវផលប្រយោជន៍ពិតប្រាកដ។ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏នឹងចាប់ផ្តើមឡើងបៀវត្សរ៍នៅប៉ុន្មានថ្ងៃខាងមុខ។ តែនេះគឺជាការឡើងកម្រិតតិចតួចទេ ដល់ឡើងពេញបន្ទុកឯដល់ខែមេសា។ អញ្ចឹងមួយឆ្នាំយើងឡើង ២ ដង។ ឡើងទី ១ គឺ ឡើងមួយចំនួនណានោះទេ ប៉ុន្តែដល់ឡើងខ្លាំង គឺឡើងខែមេសា ឆ្នាំទៅក៏ដូចគ្នាដែរ រាល់ឆ្នាំ។
តែអ្វីដែលយើងបានដោះស្រាយរួចមកហើយនៅត្រង់ថា កាលពីយើងក្នុងមួយខែ បើកបៀវត្សរ៍ម្តង នៅមុនចូលឆ្នាំខ្មែរ ត្រូវតែបើកប្រាក់ខែឱ្យបាន។ កាលពីមុនយើងថា ចាប់ពីថ្ងៃ ២៣ ដល់ថ្ងៃ ២៨ ត្រូវបើកប្រាក់ខែ។ អញ្ចឹងដើម្បីឱ្យមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធមានលុយចូលឆ្នាំ យើងត្រូវបើកប្រាក់ខែមុនចូលឆ្នាំនៅអាទិត្យទី ១ បន្ថែមទៅដោយប្រាក់ឧបត្ថម្ភសម្រាប់ការចូលឆ្នាំ។ ដល់ទៅខែបន្ទាប់ យើងអត់រុញទៅដល់អាទិត្យទី ៣ យើងរុញត្រឹមតែអាទិត្យទី ២ គឺបើក ព្រោះថាលុយ ដែលយកទៅ យកទៅចាយអស់ហើយ។ អញ្ចឹងពន្យារតទៅទៀតអត់បាន។ ចាប់ពីអនុវត្តនូវប្រព័ន្ធ ២ សប្តាហ៍បើកម្តង ដូច្នេះមិនលំបាកទេ។ មុនចូលឆ្នាំយើងចាប់ផ្តើមបើក ហើយបន្ទាប់ទៅគឺសារេវា បន្តិចចុះមក ដោយមិនរង់ចាំដល់ទៅចុងពេកទេ។
ចំណូលសរុបឆ្នាំនេះ បានលើស ១៤០០ លាន បានមកពីគយ និងពន្ធ
អញ្ចឹងយើងគិតគូរអំពីកត្តាអស់ទាំងនេះ ហើយជាភ័ព្វសំណាងដែរ ដែលក្នុងការប្រមូលចំណូលនៅក្នុងឆ្នាំនេះ គឺថាមកដល់ពេលនេះគឺបានលើស ១៤០០ លានរួចស្រេចទៅហើយ។ ផ្នែកគយគេប្រាប់ពីម្សិល លើស ៩០០លាន ២ សែន។ បានសេចក្តីថា លើសច្បាប់ថវិកានៃការប្រមូលចំណូល។ នេះក៏បានមកពីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ដែលផ្តល់ឱ្យប្រាក់ចំណូលគ្រាន់តែគយមួយ លើសផែនការរហូតដល់ ត្រឹមពីម្សិលលើស ៩០០ លានស្រេចទៅហើយ។ អញ្ចឹងនៅសល់ប៉ុន្មានថ្ងៃទៀត ជាមធ្យមមួយថ្ងៃគឺយើងមួយថ្ងៃចូល ១០ លានដុល្លារ ក្នុងផ្នែកគយ មិនទាន់គិតពីពន្ធដារទេ។ ពន្ធដារក្នុងប៉ុន្មានថ្ងៃមុនហ្នឹង បានធ្វើរបាយការណ៍មកលើស ៥១៣ លានរួចស្រេចទៅហើយ។ អញ្ចឹងពីរហ្នឹងគិតទៅលើស ១៤០០ លាន។ អញ្ចឹងនេះគឺជាការខិតខំមួយនៅ ក្នុងកំណែទម្រង់សេដ្ឋកិច្ច ឬក៏កំណែទម្រង់នៅក្នុងវិស័យហិរញ្ញវត្ថុសាធារណៈរបស់យើង។
សម្រេចកំណើន ៧,១% ដូចការគ្រោងទុក អត្រាខ្ពស់មួយក្នុងក្របខណ្ឌតំបន់
នេះគ្រាន់តែជាការគូសបញ្ជាក់អំពីការខិតខំរបស់យើង ហើយដំណើរការសេដ្ឋកិច្ចរបស់យើង យើងក៏នៅតែ រំពឹងជាក់លាក់ថា អត្រា ៧,១% នៅតែសម្រេចបាន។ ខ្ញុំព្រះករុណាខ្ញុំ សុំបញ្ជាក់បន្តិចរឿងវាយតម្លៃខាងសេដ្ឋកិច្ចនៅប្រទេសរបស់យើង រហូតទៅដល់ខែ ៦ ទើបបញ្ចប់ការវាយតម្លៃពិតប្រាកដ។ ប៉ុន្តែឥឡូវនេះ យើងស្ថិតនៅក្នុងពេលវេលាពិតប្រាកដ គឺសេដ្ឋកិច្ចរបស់យើងសម្រេចដូចការគ្រោងទុក ៧,១% ដែលជាអត្រាខ្ពស់មួយ នៅក្នុងក្របខណ្ឌប្រទេសក្នុងតំបន់របស់យើង។ តែយើងនឹងទូទាត់វារហូតទៅដល់ខែ ៦ មានកាលពីឆ្នាំ ២០០៥ បូកតាំងពីកំណើនតាំងពីជិត ១២% ស្រាប់តែតិចៗ IMF និងធនាគារពិភពលោក គាត់ថា កើនថែមអានេះៗ កើនថែមអានោះ រហូតដល់បូកចុងបញ្ចប់ ១៣,៣% កាលពីពេលនោះ។ ១៣,៣% ជាចំនួន បើកុំមានវិបត្តិសេដ្ឋកិច្ចកម្ពុជាលើស ១០% រហូត។ ២០០៥ ១៣,៣%, ២០០៦ ១២%, ២០០៧ ១១% ប៉ុន្តែដល់ ២០០៨ គឺធ្លាក់ ២០០៩ ងើបឡើងតិច ២០១០ ងើបឡើង ហើយចាប់ពីពេល ហ្នឹងមក ៧% រហូត ដែលយើងប្រឹងប្រែង ព្រោះយើងធ្វើសេដ្ឋកិច្ចពហុវិស័យ ពហុផ្នែក ដែលយើងខិតខំបន្ត។
ជម្រុញបានផលិតកម្មស្រូវ តែការនាំចេញអង្ករមិនបានតាមគោលដៅ
អំពាវនាវដល់ប្រជាពលរដ្ឋរបស់យើង ឥឡូវហ្នឹងគឺឯកឧត្តម វេង សុខុន កសិកម្មរបស់យើងគឺដូចជា មិននៅទាបជាង ៣ តោនទេ ជាទូទៅ លើសឆ្នាំទៅ ៨៧ គីឡូក្នុងមួយហិកតា។ អញ្ចឹងបានសេចក្តីថាវិស័យកសិកម្មរបស់យើង ចំនួនផ្ទៃដីដាំដុះរបស់យើង ទោះបីថាចំនួនផ្ទៃដីដាំដុះរបស់យើងនៅក្នុងចំនួនកម្រិតដដែល ប៉ុន្តែ ទិន្នផលរបស់យើងកើតខ្ពស់ជាង។ អតិរេកនៅឆ្នាំនេះ ក៏ប្រហាក់ប្រហែលជា ៦ លានតោន ដែលយើងសល់ស្រូវ។ នោះហើយដែលយើងប្រឹងប្រែងនាំចេញ។ ឆ្នាំនេះយើងនាំចេញបានក្នុងរង្វង់ ដែលធ្វើរបាយការណ៍រួចមកហើយនេះ គឺជិតកន្លះលានតោន អញ្ចឹងហើយបានខ្ញុំថា ទំហំពាណិជ្ជកម្មរវាង កម្ពុជា និងវៀតណាមនេះ វាមិនមែនស្ថិតនៅក្រោម ៥ ពាន់លានដុល្លារទេ វាស្ថិតនៅលើលើស ៥ ពាន់ លានដុល្លារ ដោយសារអី? យើងនាំចេញទៅវៀតណាមដែលវៀតណាមទិញជាផ្លូវការ ដែលកត់ត្រាក្នុងជើងលេខគយ គឺចំនួនតែ ៣០ ម៉ឺនតោនទេ ប៉ុន្តែខាងវៀតណាមមកទិញគឺមានប៉ុន្មានជាង ២ លានតោនជាស្រូវ។
ខ្ញុំព្រះករុណាខ្ញុំពន្យល់កន្លែងនេះបន្តិច។ រឿងយើងគឺរឿងមានមាសខ្វះក្រដាសខ្ចប់។ គោលនយោបាយរបស់យើងដាក់ចេញជម្រុញផលិតកម្មស្រូវ និងការនាំចេញអង្ករឱ្យបាន ១ លានតោន។ អញ្ចឹងគោលដៅទាំង ២ របស់យើងនេះ សម្រេចបានតែគោលដៅ ១ ទេ គឺយើងធ្វើឱ្យសល់ស្រូវក្នុងប្រទេសរបស់យើង គឺប្រមាណជាជិត ៦ លានតោនសល់ស្រូវ។ ដល់ការនាំចេញ យើងអត់ដែលបាននាំចេញដល់ ១ លានតោនទេ។ អញ្ចឹងស្រូវដែលនៅសល់តើយកទៅណា? នេះជាចំណោទរបស់យើង។ ស្រូវដែលនៅសល់ គឺត្រូវលក់ទៅវៀតណាម ៧០% និងលក់ទៅថៃ ៣០%។ ឥឡូវនេះ យើងកំពុងខិតខំទាញវិនិយោគឱ្យមកធ្វើការវិនិយោគក្នុងស្រុក។ កន្លងទៅនេះ ខ្វះឡសម្ងួត ខ្វះម៉ាស៊ីនកិនស្រូវ ខ្វះឃ្លាំង។ ជម្រើសដែលនៅសល់គឺលក់ឱ្យប្រទេសជិតខាង។ មានពេលមួយនោះ អតីតនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន ស៊ុនហ្វុក គាត់បាននិយាយមកកាន់ខ្ញុំថា អរគុណឯកឧត្តម ហ៊ុន សែន ដែលបានជួយលក់ស្រូវឱ្យវៀតណាមជាង ១ លានតោន។ ខ្ញុំព្រះករុណាខ្ញុំ ក៏ឆ្លើយតបត្រឡប់ទៅវិញ ថា អរគុណឯកឧត្តមដែលបានជួយទិញស្រូវខ្ញុំ ទិញស្រូវពីកម្ពុជា ជាង ១ លានតោន ដោយមិនចាំបាច់បង់ពន្ធចូលប្រទេសវៀតណាម។
រឿងសំខាន់បើយើងមានអាហ្នឹងគ្រប់នៅក្នុងស្រុករបស់យើង ការងារធ្វើម្ខាង តែម្ខាងតម្លៃបន្ថែមដែលបង្កើតនៅស្រុកយើងគឺល្អ។ ចុងអង្ករក៏នៅស្រុកយើង អង្កាមក៏នៅស្រុកយើង កន្ទក់ក៏នៅស្រុកយើង បង្កើតនូវស្ថានភាពអំណោយផលទៅលើការចិញ្ចឹមសត្វថែមទៀត។ អញ្ចឹង បានជាយើងខិតខំទាញអ្នកវិនិយោគ។ អនុប្រធានាធិបតីនៅប្រទេសប៉ាឡាវ នៅកោះមួយក្នុងប៉ាស៊ីហ្វិក គាត់ថា ឥឡូវគាត់ទិញអង្ករផ្គត់ផ្គង់ក្នុងប្រទេសរបស់គាត់ ពីអាមេរិក ពីអូស្ត្រាលី ដែលមានតម្លៃថ្លៃណាស់។ ខ្ញុំថា ឯកឧត្តមឱ្យអ្នកសិក្សាមក រួចហើយឯកឧត្តមមកបង្កើតក្រុមហ៊ុន ដើម្បីនឹងធ្វើម៉ាស៊ីនកិនស្រូវ កន្លែងស្តុក រួចហើយទិញអង្ករកម្ពុជា ទិញស្រូវពីប្រជាជន កិននៅកន្លែងហ្នឹង ហើយដឹកទៅប្រទេសឯកឧត្តមទៅ។ ហ្នឹងគឺចំណេញហើយ។ គាត់ថាឱ្យតែធ្វើចឹងបាន។ ខ្ញុំថាអត់ហាមគាត់ទេ ឱ្យបរទេសវិនិយោគ ១០០%។
យើងស្ថិតក្នុងស្ថានភាពជោគជ័យក្នុងគោលដៅមួយ គឺការផលិតកម្ម លើសពីតម្រូវការ ដែលក្នុងឆ្នាំ ២០០២ យើងនៅខ្វះស្រូវនៅឡើយទេ អត់ទាន់មានអតិរេកស្រូវ។ ប៉ុន្តែក្រោយ មកយើងខិតខំសល់ ១ លានតោន ២ លានតោន ៣ លានតោន រហូតមកដល់ជិត ៦ លានតោន។ ដល់ទៅការនាំចេញ ឆ្នាំនេះមានកំណើនបន្តិច គឺបាន ៥៨ ម៉ឺន(តោន) … អញ្ចេះខ្មែរយើងនិយាយអំពី ៦០០ ពាន់តោនអីពិបាកស្តាប់ណាស់។ និយាយ ៦០ ម៉ឺនតោន ហ្នឹងខ្មែរយើងចូលចិត្តភាសាអញ្ចឹង។ អាហ្នឹងគឺនិយាយតាមបរទេសទេ ច្រើនតែ ១០០ ពាន់ ២០០ ពាន់ ៣០០ ពាន់ ប៉ុន្តែខ្មែរយើងអត់ទេ ១ ម៉ឺន ១០ ម៉ឺន ២០ ម៉ឺន ៣០ ម៉ឺន ១០០ ម៉ឺន អាហ្នឹងចូលចិត្តនិយាយចឹង។ មិនទាន់គ្រប់គោលដៅរបស់យើងទេ។ ស្រូវរបស់យើងត្រូវតែបន្តពិបាក។ ប៉ុន្តែ ឥឡូវនេះចំនួនការកិនប្រើប្រាស់ខ្លួនឯងគឺល្អ។ កើនឡើង។ នៅពេលដែលវិនិយោគចប់សព្វគ្រប់ អាចស្រូវរបស់យើងស្ថិតនៅក្នុងប្រទេសរបស់យើង ចំនួនចុងអង្ករ កន្ទក់ អង្កាម ស្ថិតនៅក្នុងប្រទេសរបស់យើង ដែលបង្កើតតម្លៃបន្ថែមឱ្យប្រជាពលរដ្ឋរបស់យើង។ អាហ្នឹងគឺជាការល្អ ហើយយើងចង់ឱ្យមិត្តបរទេសទាំងឡាយមកធ្វើឧស្សាហកម្មកែច្នៃក្នុងប្រទេសរបស់យើង។
គោលនយោបាយឧស្សាហកម្ម សំដៅទាក់ទាញផ្នែក ២ សំខាន់
ឧស្សាហកម្មទី១ គឺឧស្សាហកម្មការកែឆ្នៃផលិតផលកសិកម្មដែលមានស្រាប់របស់កម្ពុជា ជាចំណុចដែលយើងចង់បាន ដែលក្នុងនោះវាមិនទាមទារទុនធំពេកទេ សហគ្រាសធុនតូច និងមធ្យម គឺត្រូវដំណើរការ(សហគ្រាស)ទាំងអ្នកក្នុងស្រុក និងក្រៅស្រុក ហើយជិតចូលឆ្នាំខ្មែរខ្ញុំត្រូវជួបសហគ្រាសធុនតូច និងមធ្យម។ ក្នុងអាទិត្យហ្នុងខ្ញុំត្រូវជួបពីរ។ ថ្ងៃទី ០៤ ខ្ញុំត្រូវជួបពួកកីឡា ហើយបន្ទាប់ទៅបានជួបសហគ្រាសធុនតូច និងមធ្យម មុនពេលចូលឆ្នាំខ្មែរ ឥឡូវឃើញកែឆ្នៃបានច្រើនសម្រាប់ការនាំចេញ។ យើងចង់បានអ្នកវិនិយោគ មកវិនិយោគផ្នែកហ្នឹង ជ័រកៅស៊ូ កាហ្វេផ្សេងៗទៀតដែលអាចធ្វើទៅរួច។
ឯការចង់បានទី ២ គឺការវិនិយោគទៅលើឧស្សាហកម្មបច្ចេកវិជ្ជា ទោះបីយើងនៅរក្សាឧស្សាហកម្មអតិពលកម្ម គឺឧស្សាហកម្ម ដែលប្រើកម្លាំងពលកម្មច្រើន ដូចជាវិស័យកាត់ដេរ ក៏ប៉ុន្តែ បើយើងនៅទ្រឹងប៉ុណ្ណឹងគឺទៅមិនរួចទេ ត្រូវទាញយកឧស្សាហកម្មជំនាញខ្ពស់ ដូចជាជប៉ុនបានមកវិនិយោគក្នុងប្រទេសយើង Minebea គឺបានដំឡើងទុនរួចទៅហើយ ៤ រយលានដុល្លារ។ កម្លាំងកម្មជំនាញដែលកំពុងហ្វឹកហាត់ហើយកំពុងធ្វើការ នៅក្នុងរោងចក្រ ៧ ពាន់(នាក់) គេនឹងពង្រីកទៅដល់ ២ ម៉ឺននាក់។ គាត់បានមកជួបប៉ុន្មានអាទិត្យមុននេះ ហើយបើនិយាយពីម៉ូទ័រ ត្រង់ណាក៏ត្រូវការដែរ ចែកពេញពិភពលោក។ ម៉ាស៊ីនថតរូប ទូរស័ព្ទ សុទ្ធតែត្រូវការម៉ូទ័រទាំងអស់ គឺផលិតសម្រាប់ចែកចាយ។ ខ្ញុំព្រះករុណាខ្ញុំគិតថាម៉ូទ័របូមទឹក តែនេះមិនមែនទេ បច្ចេកវិទ្យាវាសម្បើមណាស់។
កម្ពុជាត្រូវចូលទៅក្នុងសង្វាក់ផលិតកម្មដែលមានចរិកសកល
ថ្ងៃមុនបានមករៀបរាប់ ផលិតគ្រឿងបង្គុំសម្រាប់ក្មេងលេង ហើយដាក់ផលិតនៅកម្ពុជាតែម្ដង។ ឥឡូវនេះ នៅក្នុងឆ្នាំខាងមុខនេះ គេមិនទៅផ្គុំនៅខាងក្រៅទេ គេមកបង្កើតប្រដាប់ក្មេងលេងផ្គត់ផ្គង់នៅស្រុកខ្មែរផង អាចនាំចេញទៅក្រៅប្រទេសផង ព្រោះក្មេងៗប្រដាប់នៅលើពិភពលោកនេះ ខ្ញុំព្រះករុណាខ្ញុំគិតថា ចំណាយច្រើនបំផុតប្រដាប់ក្មេងលេង។ ក្នុងមួយគ្រួសារៗ ឱ្យតែមានកូនមានចៅ គឺត្រូវទិញរបស់ឱ្យវាលេង សូម្បីតែអ្នកផលិតតុក្កតាក៏លក់ដាច់ដែរ។ ថ្ងៃមុនចេញពីកន្លែងប្រគល់សញ្ញាបត្រ ឃើញក្រុមគ្រួសារនិងមិត្តភក្តិរបស់និស្សិត មានមួយនោះកាន់តុក្កតា។ សួរថាក្មួយឯងកាន់តុក្កតាយកឱ្យអ្នកណា? មិត្តភក្តិ។ មិត្តភក្តិប្រុសឬស្រី? ស្រី។ អត់មានអីធ្វើការដូឱ្យតុក្កតា។ ប្រហែលជានិស្សិតដែលទទួលសញ្ញាបត្រចូលចិត្តតុក្កតា។ កុំមើលស្រាល នៅលើពិភពលោកការចំណាយច្រើន ប្រដាប់ក្មេងលេង ហើយនិងសម្ភារៈកីឡា គឺចំណាយច្រើនណាស់ក្នុងមួយឆ្នាំៗគឺមិនតិចទេ។
មនុស្សស្ទើរតែគ្រប់គ្នា ដែលមានលទ្ធភាពទិញខោ អាវ ស្បែកជើងកីឡា សម្រាប់ដើរហាត់ប្រាណ សម្រាប់លេងកីឡា គ្រាន់តែប្រដាប់វាយកូនគោលមួយឆ្នាំៗមិនដឹងប៉ុន្មានទេ។ បាល់ទាត់ និងប្រភេទកីឡាគឺត្រូវប្រើប្រាស់ច្រើន បានជានៅក្នុងប្រទេសរបស់យើងត្រូវចូលទៅក្នុងសង្វាក់ផលិតកម្មដែលមានចរិកសកល។ ឥឡូវបណ្ដាក្រុមហ៊ុនរថយន្តនានា ក៏ចេះតែចូលមកផ្គុំនៅស្រុកខ្មែរ ម៉ូតូ ឡាន ផ្គុំនៅស្រុកខ្មែរផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងនាំចេញ។ យើងមិនទាន់មានលទ្ធភាពផលិតរថយន្ត ហើយបើទោះបីយើងមានលទ្ធភាពផលិតរថយន្ត ប្រហែលក៏គ្មានជាមានអ្នកណាទិញទេ។ ខ្មែរពិបាក។ រាជបណ្ឌិត្យសភារបស់យើងមានទឹកដោះគោ ក៏ប៉ុន្តែលក់អត់ដាច់។ ខ្មែរយើងនេះ បើថានាឡិកាទាល់តែនាឡិកាស្វ៊ីស បានពាក់។ សូម្បីតែនាឡិកាអាល្លឺម៉ង់ ដែលផលិតតាំងពីសង្គ្រាមលោកលើកទី ២ ក៏អត់មានល្បីលើទីផ្សារ(កម្ពុជា) ក៏ប៉ុន្តែ នាឡិកាអាល្លឺម៉ង់មួលឡានម្ដងគឺបាន ៣០ ថ្ងៃ។ ប៉ុន្តែ ប្រដាប់មួលឡាន គឺនៅខាងក្រោម មិនមែននៅទ្រនិច ហើយផលិតស្អាតដូចនាឡិកាស្វ៊ីស តើមានមនុស្សប៉ុន្មាននាក់ ដែលស្គាល់នាឡិកាអាល្លឺម៉ង់។ ត្រូវការនាឡិកាស្វ៊ីស ជប៉ុន នាឡិកាប្រទេសដទៃលក់មិនដាច់។ ថ្នាំពេទ្យត្រូវការថ្នាំបារាំង បើទូរទស្សន៍ត្រូវការទូរទស្សន៍របស់ជប៉ុន។
ឥឡូវនេះ គ្រប់គ្រងទីផ្សារស្ទើរតែទាំងស្រុងទៅហើយ គឺទូរទស្សន៍របស់កូរ៉េខាងត្បូង មិនថានៅស្រុកខ្មែរទេ ទៅមើលនៅអាមេរិក អឺរ៉ុប សុទ្ធតែទូរទស្សន៍ Samsung LG គឺត្រួតត្រាពេញ ដាក់តាមសណ្ឋាគារសុទ្ធតែរបស់កូរ៉េខាងត្បូង។ បានសេចក្ដីថា របស់ជប៉ុនគេនៅបន្តប្រើ តែតិចតួចណាស់។ ប្រហែលជាមកពីថ្លៃក៏មិនដឹង។ គ្រាន់តែលើកឡើងបញ្ជាក់ពីគោលនយោបាយ វិស័យកសិកម្ម ហើយវិលមកទាក់ទងជាជាមួយនឹងគោលនយោបាយឧស្សាហកម្ម ដែលយើងទាក់ទាញពីរគឺ ១ មកវិនិយោគដែលនាំវិនិយោគដែលប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ឯទី ២ គឺទាញបច្ចេកវិទ្យាខ្ពស់ ដែលមានចរិកជាចង្វាក់ផលិតកម្មសកល ដូចជាក្រុមហ៊ុន Yazaki ដំឡើងខួរក្បាលរថយន្ត គឺដំឡើងនៅកោះកុង រួចហើយយកចេញទៅផ្គត់ផ្គង់កន្លែងណាដែលធ្វើឡានម៉ាក Yazaki …។
តាមមើលសភាពការណ៍កូរ៉េខាងជើង
ថ្ងៃនេះកំពុងរង់ចាំមើល។ លោក យ៉ាន មើល។ យប់មិញខ្ញុំតាមមើលដែរ។ តើកូរ៉េខាងជើងបានផ្ដល់កាដូណូអ៊ែលអ្វី។ ប៉ុន្តែ ខ្ញុំគិតថាកាដូណូអ៊ែលមិនកើតឡើងពេលយប់ទេ។ ឥឡូវកំពុងរៀបចំសប្បាយ។ បើសិនជាកាដូរបស់កូរ៉េខាងជើង ក៏ត្រូវកាដូនៅពេលថ្ងៃរបស់យើង។ ក្នុងពេលយប់នៅអាមេរិក មិនដឹងថា តើកូរ៉េខាងជើងមានកាដូសម្រាប់ពិភពលោកជាកាដូអី។ តាមដានសាច់រឿងហ្នឹង។ ជួនកាលមីស៊ីលចេញ ៣ គ្រាប់លេង ប៉ុន្តែ ជួនកាលចេញជាសារអីមួយ។ ល្អទៅវិញក៏អាចថាបាន … បើសិនជាកាដូចេញទៅជានយោបាយ ថាចាប់ផ្ដើមចរចាឡើងវិញ រវាងកូរ៉េខាងជើង ហើយឈានទៅដល់ការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង ជាមួយនឹងការប្រកាសឥរិយាបទរបស់អាមេរិក បន្ធូរបន្ថយស្ថានភាពខ្លះដែលបង្កើតជំនឿទុកចិត្តគ្នា ខ្ញុំព្រះករុណាខ្ញុំគិតថាជារឿងល្អ។ យើងតាមដានរឿងនេះ នៅក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ គឺជារយៈពេលនៃការតាមដាន។ តើកាដូរបស់កូរ៉េខាងជើងសម្រាប់បុណ្យណូអ៊ែលគឺជាអ្វី។ ជាសាកល្បងមីស៊ីលដែលបាញ់ចូលទៅក្នុងសមុទ្រ តំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន បាញ់រំលងប្រទេសជប៉ុន ឬក៏ជាសារនយោបាយបែបបន្ធូរបន្ថយ? យើងយល់មិនទាន់បាន កុំគិតថាកាដូនោះជាក្រម ប៉ុន្តែគិតថា ទាយមិនត្រូវ។
ព័ត៌មានល្អមួយចំនួនមុនដាច់ឆ្នាំ
ប៉ុន្មានថ្ងៃមុននេះ ដែលជារឿងល្អណាស់ ដែលមិត្តយើងដៃគូសន្ទនារបស់អាស៊ាន ទាំង ៣ ជួបប្រជុំគ្នានៅប្រទេសចិន ចិន ជប៉ុន កូរ៉េខាងត្បូង។ ឥឡូវ ៣ ប្រទេសហ្នឹងត្រូវគ្នាអនុវត្តពហុភាគីនិយម បន្តក៏បានកាត់បន្ថយការលំបាកសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន និងរវាងសហរដ្ឋអាមេរិកជាមួយនឹងប្រទេសមួយចំនួនផ្សេងទៀត ហើយធ្វើឱ្យពួកអាស៊ានមានការងាយស្រួល ដោយសារពេលប្រជុំម្ដងៗ គឺយើងតែងមានជំនួបអាស៊ានបូក ៣ ដែលមានចិន ជប៉ុន កូរ៉េខាងត្បូង ប៉ុន្មានឆ្នាំមុននោះគាត់បង្កើត មុនមកជួបអាស៊ាន ១០ បូក ៣ បានជួបគ្នាមុន។ ប៉ុន្មានឆ្នាំក្រោយមក ដោយសារទំនាក់ទំនង មានការខ្វែងគំនិតគ្នាខ្លះ គឺរវាងជប៉ុន និងចិន កូរ៉េខាងត្បូង ការអាក់ខានមិនបានជួបគ្នា។ ឆ្នាំទៅនេះ បូក ៣ បានជួបគ្នាមុន ពេលមកជួបអាស៊ាន។ ឥឡូវនេះ បូក ៣ មានការប្រជុំជាមួយគ្នា នៅក្នុងប្រទេសចិនគឺជារឿងល្អ គិតថាវាមានឥទ្ធិពលល្អ ឥទ្ធិពលវិជ្ជមានសម្រាប់សេដ្ឋកិច្ចតំបន់របស់យើង ព្រោះសេដ្ឋកិច្ចរបស់ ជប៉ុន ចិន គឺសុទ្ធតែជាសេដ្ឋកិច្ចលេខ ២ លេខ ៣។ ពីមុនអាមេរិកលេខ ១ ជប៉ុនលេខ ២ ចិនលេខ ៣ ឥឡូវអាមេរិកលេខ ១ ចិនលេខ ២ ជប៉ុនលេខ ៣ ទំហំសេដ្ឋកិច្ចនៃប្រទេសទាំង ៣ ធំណាស់។
បើស្ថានភាពរវាងប្រទេសដៃគូទាំង ៣ នេះល្អ វាក៏ល្អប្រសើរ មិនមែនសម្រាប់ប្រទេសទាំង ៣ នោះទេ សម្រាប់តំបន់របស់យើងតែម្ដង ហើយដៃគូទាំង ៣ នេះទៀតសោត ក៏ស្ថិតនៅក្នុងកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងតំបន់ … មុននឹងដាច់ឆ្នាំឃើញថាមានព័ត៌មានល្អៗកើតចេញមកដែរ។ បើយោងទៅលើអ្វីៗដែលប្រធានាធិបតីអាមេរិកបាននិយាយថា នឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិក-ចិន នោះវាកាន់តែជាសារនយោបាយមួយល្អ។ បើវាក្លាយជាការពិត ដែលជម្លោះពាណិជ្ជកម្មរវាងអាមេរិក-ចិនត្រូវបានកាត់បន្ថយ ជំនួសវិញដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដែល ប្រធានាធិបតីអាមេរិកថា ដូណាល់ ត្រាំម៍ នឹងចុះហត្ថលេខាជាមួយប្រធានាធិបតីចិន ស៊ី ជីងពីង។
សញ្ញានៃចរន្តសាកលភាវូបនីយកម្មពហុភាគីនិយម មិនឯកតោនិយម ឬគាំពារនិយម
ពិតមែនហើយស្ថានភាព នៅប្រទេសដែលមានសង្គ្រាមមួយចំនួន វាក៏អាក្រក់ដែរហើយប៉ុន្មានថ្ងៃនេះក៏មានការចុះផ្សាយអំពីសង្គ្រាមពាណិជ្ជកម្ម រវាងឥណ្ឌូនេស៊ី និងអឺរ៉ុបបានកើតឡើង ដែលក្នុងនោះមានការដាក់ប្ដឹងគ្នាទៅវិញទៅមក ហើយទំនិញអឺរ៉ុបត្រូវបានហាមឃាត់ ការនាំចូលប្រទេសឥណ្ឌូនេស៊ី ដើម្បីឆ្លើយតបជាមួយការដែលអឺរ៉ុបបានធ្វើចំពោះឥណ្ឌូនេស៊ីអំពីបញ្ហាដូងប្រេង។ នេះក៏ជាកង្វល់ដែរព្រោះសុទ្ធតែជាបញ្ហា ពីប្រទេសមួយទៅប្រទេសមួយ ក៏ប៉ុន្តែ រឿងសង្គ្រាមដូងប្រេងរវាងឥណ្ឌូនេស៊ី ម៉ាឡេស៊ីជាមួយអឺរ៉ុប គឺនឹងបន្តហើយរហូតដល់មានវិធានការឆ្លើយតបពីសំណាក់ឥណ្ឌូនេស៊ី … គ្រឿងស្រវឹងភាគច្រើនគឺនាំចូលពីអឺរ៉ុប។ អញ្ចឹងគឺឥណ្ឌូនេស៊ីបិទ។ មកដល់ហើយតែឥណ្ឌនេស៊ីមិនឱ្យយកចេញពីស្តុក … ខ្ញុំបន្តតាមដានការពង្រឹងភាពជាដៃគូ ជប៉ុន ចិន កូរ៉េខាងត្បូង និងព័ត៌មានដែលប្រធានាធិបតីសហរដ្ឋអាមេរិកប្រកាសថា នឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយប្រធានាធិបតីចិន។ បើអញ្ចឹងគឺពិភពលោកមានស្ថានភាពល្អប្រសើរ ទៅលើបញ្ហាដំណើរក្នុងចរន្តនៃសាកលភាវូបនីយកម្ម ដែលជាពហុភាគីនិយម ដែលមិនមែនជាឯកតោនិយម ឬគាំពារនិយមនោះទេ។ ក្នុងប៉ុន្មានម៉ោងខាងមុខ និងប៉ុន្មានថ្ងៃខាងមុខ រហូតដល់ដាច់ឆ្នាំ ព្រោះកូរ៉េខាងជើងនឹងចេញសារមួយជាមីស៊ីល ឬក៏ជាសារនយោបាយចរចារ ជួនកាលថ្ងៃ ៣១ គឺបាញ់យកតែម្ដងក៏អាចថាបានដែរ។
ពាំនាំ
ថ្ងៃនេះប៉ុណ្ណឹងទៅចុះ។ ខ្ញុំព្រះករុណាខ្ញុំ ប៉ប៉ាច់ប៉ប៉ោច ក៏ប៉ុន្តែភាពប៉ប៉ាច់ប៉ប៉ោចនេះ ជាទម្លាប់ទៅហើយក៏ប៉ុន្តែភាពប៉ប៉ាច់ប៉ប៉ោចរបស់ខ្ញុំក៏មិនចេញផុតពីអ្វីដែលជាការបញ្ជាក់សម្រាប់និស្សិតដែលចូលរួមនៅទីនេះ ក៏ដូចជាការយល់ដឹងជារួមរបស់ប្រជាជនយើង។ បើមកដល់គ្រាន់តែអានសុន្ទរកថា ដែលគេព្រៀងទុកឱ្យ វាមិនលំបាក ត្រឹមតែប៉ុន្មាននាទីចប់ហើយ។ ក៏ប៉ុន្តែ ក្នុងឋានៈជាប្រមុខរដ្ឋាភិបាល យើងពិតជាមានការចាំបាច់ដើម្បីនិយាយ ទៅលើបញ្ហាខ្លះដែលវាត្រូវនិយាយ ទាក់ទងជាមួយវិស័យកសិកម្ម ឧស្សាហកម្ម សេដ្ឋកិច្ច ហើយសង្ឃឹមថានិស្សិតរបស់យើងនឹងប្រឹងប្រែងបន្តទៅទៀត ដើម្បីរួមគ្នាធ្វើកិច្ចការទាំងឡាយដែលយើងត្រូវធ្វើ ឆ្នាំចាស់កន្លងផុតដល់ឆ្នាំថ្មីការងារកាន់តែច្រើន។
ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំបាននាំមកនូវសម្រាប់សិស្ស និស្សិត ជ័យលាភី ទទួលសញ្ញាបត្រចំនួន ២.៧៩០ អង្គ/នាក់ ក្នុងម្នាក់ៗថវិកាចំនួន ៥ ម៉ឺនរៀល ជូនសាស្ត្រាចារ្យ និងបុគ្គលិកចំនួន ៥៨៥ នាក់ ក្នុងម្នាក់ថវិកា ១០ ម៉ឺនរៀល ជូនសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ៥ លានរៀល ជូនវិទ្យាស្ថានជាតិអប់រំថវិកា ៥ លានរៀល ហើយជាមួយការអបអរសាទរជ័យលាភី ចំពោះវឌ្ឍនភាពនៃសាកលវិទ្យាល័យ ក៏ដូចជាអបអរជ័យលាភីដែលទទួលសញ្ញាបត្រ នៅថ្ងៃនេះនិងការចូលរួមរបស់ក្រុមគ្រួសាររបស់និស្សិតដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ខ្ញុំព្រះករុណា ខ្ញុំសូមប្រគេនពរ ចំពោះព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី នាង កញ្ញា សូមប្រកបដោយពុទ្ធពរ និងពរប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ សូមអរគុណ៕