នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យលោកជំទាវ Angela Corcoran ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្ត្រាលីប្រចាំកម្ពុជាដែលនឹងត្រូវចប់អាណត្តិបេសកកម្មការទូត ចូលជួបសម្តែងការគួរសមនិងជម្រាបលា។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន បានសម្តែងនូវការសោកស្តាយដែលលោកជំទាវឯកអគ្គរដ្ឋទូតត្រូវចប់អាណត្តិការងារការទូតនៅកម្ពុជា ប៉ុន្តែឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលីដែលមាននូវទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយកម្ពុជានាពេលកន្លងមក។ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្ថែមថា រដ្ឋាភិបាលអូស្ត្រាលី គឺជាប្រទេសដែលដែលគាំទ្រឱ្យមាន អ.វ.ត.ក ឬហៅកាត់ថា សាលាក្តីខ្មែរក្រហម និងជាប្រទេសផ្តល់ជំនួយចំណាត់ថ្នាក់ទី៣ បន្ទាប់ពីជប៉ុននិងរាជ រដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន ក៏បានយល់ស្របទៅនឹងការវាយតម្លៃខ្ពស់របស់លោកជំទាវ Angela Corcoran ឯកអគ្គរដ្ឋទូតអូស្រ្តាលី ដែលបានចាត់ទុកកិច្ចខិតខំប្រឹងប្រែងរបស់ អ.វ.ត.ក ដែលសម្រេចបាននូវសមិទ្ធផលទាំងផ្នែកតុលាការ និងមិនមែនផ្នែកតុលាការជាច្រើន ថា អ.វ.ត.ក បានបន្សល់ទុកនូវកេរដំណែលដ៏ល្អនៅក្នុងសង្គមកម្ពុជា និងក៏បានចូលរួមពង្រឹងនីតិរដ្ឋតាមរយៈការបង្កើតឱ្យមានឡើងនូវគំរូនៃការដំណើរការជំនុំជម្រះក្តីដោយយុត្តិធម៌ និងបើកទូលាយស្របតាមស្តង់ដារអន្តរជាតិ។
លោកជំទាវ Angela Corcoran ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជាបានថ្លែងថា រវាងកម្ពុជា និងអូស្ត្រាលីទំនាក់ទំនងយ៉ាងជិតស្និទ្ធលើវិស័យជាច្រើន ដូចជាកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ ការប្រយុទ្ធប្រឆាំងនឹងបទល្មើសនានាពាក់ព័ន្ធនឹងសន្តិសុខក្នុងតំបន់ ផ្នែកការពារជាតិ ក៏ដូចជាពាណិជ្ជកម្ម និងថែមទាំងបានសម្រួលដល់ការផ្តល់អាហាររូបករណ៍ដល់និស្សិតកម្ពុជាជាច្រើន ក្នុងការបន្តការសិក្សារៀនសូត្រនៅក្នុងប្រទេសអូស្ត្រាលីផងដែរ។ លោកជំទាវបានបន្ថែមថា ចាប់តាំងពីឆ្នាំ១៩៩៤មកដល់បច្ចុប្បន្ន ប្រទេសអូស្ត្រាលីបានផ្តល់ជំនួយអភិវឌ្ឍន៍មកកម្ពុជាក្នុងទឹកប្រាក់ចំនួន១,៣ពាន់លានដុល្លារអូស្ត្រាលី ហើយគិតពីឆ្នាំ២០០៣ មកដល់ពេលនេះប្រទេសអូស្រ្តាលីបានផ្តល់ថវិកាគាំទ្រដល់សាលាក្តីខ្មែរក្រហមសរុបចំនួន៣២,៥លានដុល្លារអាម៉េរិក ក្នុងនោះថវិកាចំនួន២៨,៨លានដុល្លារសម្រាប់ភាគីអន្តរជាតិនៃ អ.វ.ត.ក និងចំនួន៣,៧លានដុល្លារអាម៉េរិកសម្រាប់ភាគីជាតិនៃអ.វ.ត.ក។ លោកជំទាវបានមានប្រសាសន៍ថា អ.វ.ត.ក បាននិងកំពុងចូលរួមក្នុងការផ្សះផ្សាជាតិ ការចងចាំ ហើយក៏ក្លាយជាយន្តការបង្ការក្នុងការទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបឧក្រិដ្ឋកម្មដ៏ឃោរឃៅខ្មែរក្រហមនេះកុំឱ្យកើតមានឡើងសាជាថ្មីនៅលើទឹកដីកម្ពុជា។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានស្នើសុំទៅលោកជំទាវឯកអគ្គរដ្ឋទូតអូស្ត្រាលីដែលនឹងបញ្ចប់បេសកកម្មការទូត ឱ្យជម្រាបជូនរដ្ឋាភិបាលអូស្ត្រាលី ហើយនឹងឯកអគ្គរដ្ឋទូតថ្មីដែលនឹងមកបំពេញបេសកកម្មនៅកម្ពុជា សូមបន្តផ្តល់ជំនួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាទាំងផ្នែកសេដ្ឋកិច្ច សន្តិសុខ ជាពិសេសដល់អ.វ.ត.ក ឱ្យបញ្ចប់ដំណើរការរបស់ខ្លួនទៅដោយរលូន និងប្រកបដោយជោគជ័យ និងក៏សំណូមពរសូមឱ្យរដ្ឋាភិបាលអូស្ត្រាលីអាចគិតគូជួយដល់គម្រោងមួយចំនួនដល់មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់នៃសាលាក្តីខ្មែរក្រហម LDC លើគម្រោងចំណាយសម្រាប់បំពាក់សម្ភារៈនានា ពាក់ព័ន្ធនឹងកេរដំណែលរបស់សាលាក្តី ក្នុងការគ្រប់គ្រង និងថែរក្សាឯកសារ និងគម្រោងជួយដល់ជនរងគ្រោះផងដែរ។
ជាចុងបញ្ចប់នៃជំនួបពិភាក្សា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតឧបនាយករដ្ឋមន្ត្រី ក៏បានជូនពរដល់លោកជំទាវ Angela Corcoran សូមបានទទួលជោគជ័យការងារថ្មីបន្ថែមទៀត និងជួបនូវសេចក្តីសុខគ្រប់ប្រការ៕