សម្រង់ប្រសាសន៍​សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុង​ពិធី សម្ពោធ​អគារឥន្ទ្រទេវី – ខួប​២០​ឆ្នាំ នៃការបង្កើតរាជបណ្ឌិតសភាកម្ពុជា ប្រកាសគោរមងារកិត្តិយស និងប្រគល់សញ្ញាបត្រ

CNV:

គម្រោងអគារឥន្ទ្រទេវី ឡើងតម្លៃលើសការគ្រោងទុក

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានមកចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ នូវអគារឥន្ទ្រទេវី ក៏ដូចជាចូលរួម ដើម្បីនឹងផ្ដល់ជូននូវគោរម្យងារ និងសញ្ញាបត្រ សម្រាប់ជាផ្នែកដែលព្រះរាជទានដោយព្រះមហាក្សត្រ និងការសិក្សានៅទីនេះ។ អនុញ្ញាតឱ្យខ្ញុំយកឱកាសនេះ សុំការអធ្យាស្រ័យពីសំណាក់រាជបណ្ឌិត្យសភា ដែលរយៈ​ពេលកន្លងទៅនេះ ឆ្លងកាត់ថ្ងៃនេះ គឺរយៈពេល ២០ ឆ្នាំ ក៏ប៉ុន្តែ ទោះបីជាបានយកចិត្តទុកដាក់ តែរាជបណ្ឌិត្យ​សភា​របស់យើងគ្មានកន្លែងធ្វើការគ្រប់គ្រាន់ ឱ្យសក្តិសមទៅនឹងស្ថាប័ន ដែលជាស្ថាប័នខួរក្បាលរបស់ជាតិនោះទេ។ ដូច្នេះហើយបានជានៅឆ្នាំ ២០១៧ ខ្ញុំមើលឃើញថា វាមានការចាំបាច់ដើម្បីកសាងនូវអគារមួយសម្រាប់រាជបណ្ឌិត្យសភា។ កាលពីពេលនោះ យើងគូសប្លង់ក្នុងកម្រិតតម្លៃប្រហាក់ប្រហែល ៤ ទៅ ៥ លានដុល្លារទេ ក៏ប៉ុន្តែចេះតែថែមថយចុះឡើងៗ ឥឡូវអគារគឺឡើងតម្លៃទៅដល់ប្រមាណ ១០ លានដុល្លារ ដែលនឹងត្រូវសម្រេចរួចរាល់នៅឆ្នាំ ២០២០ ខាងមុខ។ ពេលនោះយើងនឹងមានកន្លែងធ្វើការគ្រប់គ្រាន់។ សម្រាប់អគារនេះ គឺខ្ញុំបានធ្វើការជាមួយលោកឧកញ៉ា ពង់ ខៀវសែ ដើម្បីសុំការគាំទ្រខាងហិរញ្ញវត្ថុ និងបានប្រសិទ្ធនាមថា អគារឥន្ទ្រទេវី។ សុំយកឱកាសនេះ អរគុណលោកឧកញ៉ា ដែលបានផ្ដល់នូវវិភាគទានសម្រាប់អគារនេះ។

រាជបណ្ឌិត្យសភា ធ្វើការស្រាវជ្រាវផង បណ្តុះបណ្តាលផង

ស្ថាប័នស្រាវជ្រាវមួយនេះ មានអាយុកាល ២០ ឆ្នាំ បើនិយាយពីមនុស្សគឺមានភាពកំលោះ ឬក៏ក្រមុំ។ ក៏ប៉ុន្តែ អ្វីដែលយើងបានប្រឹងប្រែងធ្វើកាលពីរយៈពេលកន្លងទៅនេះ គឺយើងបានចូលរួមចំណែកច្រើននៅក្នុងការស្រាវជ្រាវ ក៏ដូចជាការចូលរួមចំណែកក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស។ មុខងារ ២ ដែលបានធ្វើនៅទីនេះ គឺមុខងារស្រាវជ្រាវ និងមុខងារនៃការបណ្ដុះបណ្ដាល ទន្ទឹមជាមួយគ្នា ដែលអម្បាញ់មិញ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភា បានធ្វើរបាយការណ៍ជូនអង្គប្រជុំរួចហើយ។ ទីនេះជាការ​​ដោះដូរដីគ្នា រវាងសាលានយោបាយរបស់គណបក្សប្រជាជន និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ … សុំនិយាយពីប្រវត្តិទីនេះបន្តិច។ ទីនេះ បើនិយាយពីប្រវត្តិគឺវាវែងឆ្ងាយបន្តិច។ កាលដើមឡើង ទាំងផ្នែកម្ខាងដែលជាផ្នែកមួយនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គឺជាសាលាគណបក្សប្រជាជនកម្ពុជាទេ។ កាលពេលនោះ យើងកសាងសាលាធំណាស់ ដែលជាសាលារបស់គណបក្សប្រជាជន ហើយជាជំនួយរបស់បក្សកុម្មុយនីស្តវៀតណាម … យើងកសាងបានសាលានេះ ប៉ុន្តែយើងមិនអាចប្រើប្រាស់អស់។ ពេលនោះ ខ្ញុំក៏បានផ្ដល់នូវអគារនេះសម្រាប់ទៅជាផ្នែកមួយនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយដោះដូរជាមួយនឹងអចលនទ្រព្យរបស់គណបក្សប្រជាជនបច្ចុប្បន្ននេះ គឺដោះដូរគ្នា។ បានសេចក្តីថា គណបក្សប្រជាជនមិនមែនយក(ដី)វិទ្យាល័យបឹងត្រ​បែក ដោយគ្មានការដោះដូរទេ។ ទីកន្លែងនេះ គឺជាទីកន្លែងរបស់គណបក្សប្រជាជន សាលានយោបាយរបស់គណបក្សប្រជាជន ហើយដែលថវិកាសាងសង់នោះត្រូវបានផ្ដល់ដោយបក្សកុម្មុយនីស្តវៀតណាម អញ្ចឹងដើម្បីជាថ្នូរនៃទីតាំងថ្មី របស់គណបក្សប្រជាជន យើងក៏បានដោះដូរគ្នា អចលនទ្រព្យទាំងសងខាង។

មិនព្រមឱ្យអ៊ុនតាក់ យកជាស្នាក់ការ, សុំក្រសួងអប់រំកាត់មួយផ្នែក ធ្វើជារាជបណ្ឌិត្យសភា

ក្រោយមក គឺសម័យថ្ងៃមួយ អ៊ុនតាក់ ចង់ជួល។ ខ្ញុំនិយាយប្រវត្តិកន្លែងហ្នឹងបន្តិច គឺប្រកែកគ្នាពេញ ហើយពាក្យតែមួយម៉ាត់ទេ ធ្វើឱ្យអ៊ុនតាក់ ប្រទេសធំទាំង ៥ ដកថយភ្លាម។ ពេលនោះ SNC មិនទាន់មានកន្លែងប្រជុំនៅដំណាក់ច័ន្ទទេ។ ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ គឺប្រជុំនៅមហាប្រាសាទខេមរិន្ទ ដែលដឹកនាំអង្គប្រជុំដោយ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលពេលនោះព្រះអង្គជាប្រធានក្រុមប្រឹក្សាជាតិជាន់ខ្ពស់ SNC និង យ៉ាស៊ូស៊ី អាកាស៊ី ដែលជាប្រធានអ៊ុនតាក់។ ដោយសារតែគ្មានទីតាំងសម្រាប់ធ្វើជាទីបញ្ជាការរបស់អ៊ុនតាក់ គឺប្រទេសធំទាំង ៥ បានទាមទារយ៉ាងខ្លាំង ឱ្យខ្ញុំផ្ដល់ទីកន្លែងនេះ សម្រាប់ជា Headquarters របស់អ៊ុនតាក់ ហើយឱ្យជាប្រាក់ឈ្នួលក្នុងមួយខែ ៥០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក កាលពីជំនាន់នោះ។ ខ្ញុំមិនយល់ព្រមទៅលើបញ្ហានេះទេ។ ម្តងហើយម្តងទៀត។ ពេលនោះ នៅក្នុងចំណោមប្រទេសធំទាំង ៥ គឺមានអគ្គរដ្ឋទូតអង់គ្លេស គេប្ដូរវេនគ្នាធ្វើប្រធាន។ ប្រធានវិលជុំ។ ក្នុងចំណោម P5 ប្រទេសធំទាំង ៥។ អញ្ចឹងលើកចុះលើកឡើង ខ្ញុំក៏ឆ្លើយតបថា ប្រសិនបើឯកឧត្តមត្រូវការក៏សូមអញ្ជើញយកទៅចុះ ប៉ុន្តែខ្ញុំសូមលាលែងចេញពីតំណែង មុនពេលដែលនិស្សិតធ្វើបាតុកម្មប្រឆាំងជាមួយខ្ញុំ។ ស្រាប់តែទាំងអស់គ្នាលើកដៃថាអត់ទេ យើងខ្ញុំត្រូវការឯកឧត្តមជាងអគារ។ ទាល់តែដាក់អញ្ចឹង។

បើអត់ ហ៊ុន សែន អ្នកណាដឹកនាំអនុវត្តកិច្ចព្រមព្រៀងប៉ារីស? និយាយឱ្យវាពិត។ ហ៊ុន សែន ជាអ្នកទៅចរចា ចុះហត្ថលេខាជាមួយនឹងតួអង្គផ្សេងៗទៀត ខាងរដ្ឋកម្ពុជា ៦ នាក់ ខាងត្រីភាគី ៦ នាក់ ហើយនិងប្រទេសដទៃទៀត។ ប៉ុន្តែ បើអត់ ហ៊ុន សែន (តើ)អ្នកណាជាអ្នកដឹកនាំអនុវត្តកិច្ចព្រមព្រៀងប៉ារីស? … និស្សិតគេកំពុងតែរៀននៅហ្នឹង។ ពួកគាត់មកទារឱ្យយើងដេញនិស្សិតចេញ ដើម្បីធ្វើជាមូលដ្ឋានរបស់ អ៊ុនតាក់។ អញ្ចឹងបានវាគង់វង្សទៅអញ្ចឹង។ ក្រោយមក ដោយមានតម្រូវការនៃការបង្កើតរាជបណ្ឌិត្យសភា ខ្ញុំក៏បានពិភាក្សាជាមួយនឹងក្រសួងអប់រំ ស្នើសុំកាត់មួយផ្នែកយកមកធ្វើរាជបណ្ឌិត្យសភា។ ពេលមុននោះ ចង់ពង្រីកដី ប៉ុន្តែដីនោះរបស់ក្រសួងការពារជាតិ … ដីរបស់យើងក៏វាធំណាស់ដែរ តែអគាររបស់យើងគឺវាត្រង់នេះបន្តិចត្រង់នោះបន្តិច។ អញ្ចឹងទេ ឥឡូវយកដកអគារខ្លះចេញ ហើយយើងដាក់អគារធំៗ មកជំនួស។

កំពុងសាងសង់ស្នាក់ការគណបក្សប្រជាជនថ្មី ទំហំ ៥៤.០០០ ម៉ែត្រការ៉េ

នេះនិយាយពីប្រវត្តិរបស់អគារនេះ កាលពីដើមវាជាអចលនទ្រព្យរបស់គណបក្សប្រជាជន។ ប៉ុន្តែ គណបក្សប្រជាជនបានដោះដូរជាមួយនឹងវិទ្យាល័យបឹងត្របែក។ ឥឡូវនេះ កំពុងតែកសាងនូវស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលមានទំហំ ៥៤០០០ ម៉ែត្រការ៉េ ដែលប្រហាក់ប្រហែលនឹងអគារវិមានសន្តិភាព។ ជាបក្សកាន់អំណាចមួយ យើងមិនអាច(តូច)ទេ។ ពីមុនមានអគារច្រើនដែរ តែក៏វាទ្រុឌទ្រោមណាស់ទៅហើយ។ ឥឡូវយើងត្រូវធ្វើអគារមួយសម្រាប់ធ្វើការងាររបស់គណបក្ស ដែលបក្សកាន់អំណាច។ ឆ្នាំក្រោយនេះនឹងរួចរាល់ ហើយនឹងដាក់សម្ពោធឱ្យប្រើប្រាស់នៅពេលនោះ។ បើនិយាយពីអគារចាស់ៗ ដែលយើងកសាងនៅនេះ គឺមានអាយុកាលប្រមាណជាជិត ៣០ ឆ្នាំហើយ អញ្ចឹងអគារខ្លះ យើងមានតម្រូវការជួសជុល ឯអគារខ្លះទៀត(ត្រូវដកចេញ)ដោយសារយើងមានតម្រូវការដី ព្រោះពេលមុន កម្រិត ២ ទៅ ៣ ជាន់ហ្នឹង វាខ្ពស់ណាស់ទៅហើយ ប៉ុន្តែ ឥឡូវអត់ទេ ដីនៅភ្នំពេញថ្លៃណាស់ កសាងមួយជាន់ ឬពីរជាន់ កុំធ្វើ។ អញ្ចឹងបាន កន្លែងខ្លះ សុំឱ្យយើងរកដី ដល់ទៅកសាងអគារសិក្សា កសាងមួយជាន់ អញ្ចឹងអគារនៅពីលើថោកជាងថ្លៃដី …។

ក្រុងភ្នំពេញរីកធំ កាត់បញ្ចូលដីពីខេត្តកណ្តាល

… យើងពិនិត្យមើលអំពីការរីកលូតលាស់នៅទីក្រុងភ្នំពេញ។ ភ្នំពេញកាលពីមុននេះ ដែលយើងចូលមកគ្រប់គ្រង មានតែជាង ៣០០ គីឡូម៉ែត្រការ៉េទេ។ ឥឡូវឡើងទៅដល់ជាង ៦០០ គីឡូម៉ែត្រការ៉េ។ ខ្ញុំកាត់តាំងពីខ្ញុំធ្វើនាយករដ្ឋមន្រ្តីមក ខ្ញុំចុះហត្ថលេខាច្រើនលើកច្រើនសា កាលពីមុន ដីម្តុំហ្នឹងដូចជាដីខេត្តកណ្ដាលទេតើ? … នៅព្រលានយន្តហោះហ្នឹង ក៏ខេត្តកណ្ដាលដែរ។ អញ្ចឹងទេ បានចុះហត្ថលេខាម្ដងដើម្បីកាត់ឱ្យ(មកជា)ទីក្រុងភ្នំពេញ។ ក្រោយមកបានទៅខាងព្រែកតាសេក។ ពេលនោះព្រំប្រទល់ខេត្តកណ្ដាលនៅនឹងជើងស្ពានជ្រោយ​ចង្វារ។ អញ្ចឹងទេក៏បានកាត់មួយសាទៀត។ កាលពេលនោះកំពុងធ្វើការចរចាដើម្បីស្វែងរកដំណោះស្រាយ ជាពិសេសការចរចារវាងខ្ញុំ និងព្រះករុណាព្រះបិតា ដែលហៅថា ជំនួយ សីហនុ-ហ៊ុន សែន ហ្វ៊ែរអង់តាដឺន័រ សីហនុ-ហ៊ុន សែន សាំងហ្សែម៉ាំងអង់ឡេ និងការចរចាបន្តបន្ទាប់ទៀត។ ខ្ញុំគ្រាន់តែឆ្លៀតឱកាសដើម្បីទៅមើល … ពីដើមតំបន់នោះជាទីដែលខ្មែរក្រហមលួចដាក់(អាវុធ) H12 បាញ់ចូលក្រុងភ្នំពេញ។ (ដោយហេតុនោះ) បានជាបញ្ជូនយុវជនពីទីក្រុងភ្នំពេញ និងពីក្រសួងនានា ទៅកាប់ព្រៃនៅខាងនោះ ដើម្បីសម្អាតកុំឱ្យខ្មែរក្រហមមកលួចបាញ់។ បាញ់ប៉ុន្មានសា ធ្លាក់ … សូម្បីតែឆ្នាំ ១៩៨៩ យើងធ្វើបុណ្យខួប ១០ ឆ្នាំ នៃការរំដោះប្រទេសពីរបប ប៉ុល ពត ក៏នៅមានការបាញ់ចូលមកម្តុំហាងឃ្លាំងសាំងសូគីមិចរាល់ថ្ងៃនេះ។

ឥឡូវនេះ (ដី)ថ្លៃអស់ទាស់ហើយខាងនោះ។ ម្ដុំខាងនោះសុទ្ធតែ ១០០០ ទៅ ២០០០ (ដុល្លារ)ក្នុងមួយម៉ែត្រការ៉េនោះ … កន្លែងយើងម្ដុំនេះ ជិតទៅផ្លូវកោង កន្លែងហ្នឹងគេហៅកន្លែងចាក់លេខឡាន។ ព្រោះពីដើម យើងមានឡានមួយៗ ហើយខ្ញុំចេះតែឆ្ងល់នៅពេលធ្វើដំណើរផុត ស្រាប់តែលឺសូរសម្លេងក្មេងៗ វាហ៊ោ (ក៏)សួរថាម៉េចបានចេះតែវាហ៊ោ (ថា)វាចាក់លេខឡាន។ ពេលដែលឃើញឡានជិះមកអញ្ចឹង វាបបួលគ្នាចាក់ អាណាចាក់ត្រូវ/ខុស ស៊ីសងគ្នា … ឥឡូវស្ថានភាពវាមិនដូចពេលមុនទេ។ ពេលនោះវាអត់មានស្អីអញ្ចឹង បានជាកន្លែងនេះយើង វាអត់មានផ្ទះសម្បែងអ្នកណាទាំងអស់។ យើងយកកន្លែងហ្នឹងកសាងជាងសាលានយោបាយគណបក្សប្រជាជនកម្ពុជា។ យើងចង់ពង្រឹងតួនាទីរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងកាលៈទេសៈនោះ។

ធ្វើឱ្យការស្រាវជ្រាវមានលក្ខណៈវិទ្យាសាស្រ្ត ផ្ដល់នូវធាតុចូលដល់គ្រប់ផ្នែក

ឥឡូវនិយាយពីរាជបណ្ឌិតសភា ខ្ញុំរីករាយនឹងបានឃើញថា យើងបានធ្វើកិច្ចការច្រើនណាស់ហើយ។ ហើយសូមអរគុណចំពោះឯកឧត្តម ស៊ន សំណាង ដែលជាប្រធានបណ្ឌិតសភាលើកទី ១ និងជំទាវ ខ្លូត ធីតា ដែលជាប្រធានដំណាក់កាលទី ២។ ឥឡូវនេះ គឺឯកឧត្តម សុខ ទូច ដែលបន្ដ ដើម្បីគ្រប់គ្រងជាមួយនឹងស្ថាប័ន​ស្រាវ​ជ្រាវមួយនេះ។ យើងបន្តការខិតខំរួមគ្នា ដើម្បីធ្វើឱ្យដំណើរការនៃការស្រាវជ្រាវរបស់យើង ក្លាយទៅជាការស្រាវជ្រាវដែលមានលក្ខណៈវិទ្យាសាស្រ្ត ហើយដែលផ្ដល់នូវធាតុចូលសម្រាប់ឱ្យគ្រប់ផ្នែក។ ប៉ុន្តែខ្ញុំគួរតែនិយាយបន្ដិចថា តើការស្រាវជ្រាវរបស់យើង គួរស្រាវជ្រាវរបៀបម៉េច ហើយគួរផ្សារភ្ជាប់គ្នាយ៉ាងម៉េច? បើមិនដូច្នោះ ស្រាវជ្រាវគឺគិតតែស្រាវជ្រាវទៅ ប៉ុន្តែវាអត់មានអ្នកណាទទួលយកទៅសិក្សា និងទៅអនុវត្ត។ យើងឃើញហើយថា ដំណាក់កាលនាសម័យមុន មិនមែនគ្រាន់តែកម្ពុជាទេ នៅលើពិភពលោក រវាងដំណាក់កាលពួកក្រុមស្រាវជ្រាវ ជាមួយនឹងក្រុមពួកអនុវត្ត គឺនៅឃា្លតឆ្ងាយពីគ្នាខ្លាំងណាស់។ ឥឡូវក្រុមអនុវត្ត និងក្រុមស្រាវជ្រាវ នៅក្បែរគ្នា ឬនៅជាប់គ្នាតែម្ដង។ អញ្ចឹងបានជាបច្ចុប្បន្ននេះ រវាងការអនុវត្ត គឺវាឆាប់រហ័សខ្លាំងណាស់ បានជាបច្ចេកវិទ្យាមានការជឿនលឿនយ៉ាងខ្លាំង។ ឧទាហរណ៍ បច្ចុប្បន្ននេះ ផ្នែកបច្ចេកទេសវិទ្យាសាស្រ្ត វាជឿនលឿនណាស់ រវាងការស្រាវជ្រាវជាមួយនឹងការអនុវត្ត គឺវាបំពេញឱ្យគ្នាភ្លាមៗ ស្រាវជ្រាវបានភ្លាម​ៗ​។ រហូតទៅដល់គេស្រាវជ្រាវរបៀបនេះទៅទៀត ឧទាហរណ៍៖ ក្រុមហ៊ុនរថយន្តមួយ គេចង់ដឹងថា មនុស្សប៉ុន្មានដែលពេញចិត្តម៉ូឌែលនេះ ពេញចិត្តម៉ូឌែលនោះ។ ម៉ាកវាតែមួយទេ។ ប៉ុន្តែ រថយន្ត(ម៉ូដែល)នេះរាងកន្ទុយងរបន្តិចទៅ អានោះកន្ទុយចុះបន្តិចទៅ មានពណ៌នេះ ពណ៌នោះ តើមានមនុស្សប៉ុន្មាននាក់ដែលចាប់អារម្មណ៍លើរថយន្តកន្លែងហ្នឹង បានគេសិក្សាស្រាវជ្រាវ អាហ្នឹងរបៀបសិក្សាទីផ្សារ។

រកវិធីផ្សព្វផ្សាយពីផលិតផលទឹកដោះគោខ្មែរ

អញ្ចឹងបានរឿងយើង ទាក់ទិនជាមួយនឹងបញ្ហាទឹកដោះគោ។ យើងផលិតបានក្នុងមួយថ្ងៃ ៨០០ លីត្រទៅហើយ ប៉ុន្តែទឹកដោះគោយើង វាអត់មានអ្នកណាទិញ។ បញ្ហារបស់យើងស្ថិតនៅត្រង់ថា ទម្លាប់របស់ប្រជាពលរដ្ឋរបស់យើងវាមិនសាមញ្ញទេ ទាមទារនូវការកែប្រែទម្លាប់។ កាលពីសម័យឯកឧត្តម តាំង សារឹម គាត់ធ្វើរដ្ឋមន្រ្តីពាណិជ្ជកម្ម គាត់នាំចូលនូវទូរទស្សន៍ និងវិទ្យុពីអតីតសហភាពសូវៀត និងអឺរ៉ុបខាងកើតច្រើនណាស់យកមកលក់ (តែលក់)វាមិនដាច់។ ខ្ញុំថា បងឯងជឿទៅ ចរិតខ្មែររបស់យើងនេះ បើថានាឡិកាទាល់តែនាឡិកាស្វ៊ីសបានពាក់។ បើថា ថ្នាំពេទ្យ ទាល់តែថ្នាំពេទ្យបារាំង បានគាត់ប្រើ។ បើថា វិទ្យុ និងទូរទស្សន៍ អាហ្នឹងទាល់​តែរបស់ជប៉ុន។ ឱ្យយល់អំពីចិត្តសាស្រ្តរបស់ខ្មែរ។ អាហ្នឹងមិនមែនជាការងាយទេ ក៏ត្រូវមានការកែប្រែនូវទម្លាប់ឱ្យចេះប្រើប្រាស់របស់ខ្មែរយើង។ អញ្ចឹងទេ ត្រូវរកវិធី។ ម្យ៉ាងទៀត យើងក៏ត្រូវការផ្សព្វផ្សាយទាក់ទិននឹងផលិត​ផលខ្មែរ ទៅតាមរបៀបផ្សព្វផ្សាយឱ្យប្រជាជនបានដឹង។ ជួនកាលគេមិនទាំងដឹងថា យើង(ផលិតទឹកដោះគោ)បានផង។

គ្រប់ស្ថាប័ន មិនថាតូច/ធំ សុទ្ធតែមានផ្នែកស្រាវជ្រាវ

កុំភ្លេចថា ពេលនេះ នូវគ្រប់ស្ថាប័នទាំងអស់ មិនថាស្ថាប័នតូច ស្ថាប័នធំទេ ក៏សុទ្ធតែមានផ្នែកស្រាវជ្រាវរបស់គេដែរ ប៉ុន្តែយើងក៏មានកម្រិតស្រាវជ្រាវនូវថ្នាក់ជាតិ ដែលមានអង្គភាពស្រាវជ្រាវមួយចំនួន៖ ទី ១ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ កំពុងធ្វើតួនាទីមួយដែលជាខួរក្បាលរបស់នាយករដ្ឋមន្រ្តីតែម្ដង ដោយសព្វថ្ងៃដឹកនាំដោយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន។ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន កំពុងធ្វើកិច្ចការដែលខ្ញុំធ្វើពីមុន។ ម៉េចបានខ្ញុំនិយាយអញ្ចឹង? ខ្ញុំសូមជម្រាបថា ពីអតីតកាល ខ្លួនខ្ញុំបានធ្វើកិច្ចការទាក់ទងជាមួយនឹងអ្វីដែលជារបស់មេដឹកនាំ សម្ដេច ហេង សំរិន ក្ដី, សម្ដេច ជា ស៊ីម ក្ដី ឯកសាររបស់គាត់ត្រូវឆ្លងកាត់ការពិនិត្យរបស់ខ្ញុំ។ មានសុន្ទរកថាខ្លះ ខ្ញុំសរសេរទាំងយប់ឱ្យគាត់ … បើនិយាយពីប្រវត្តិ កុំភ្លេចអ្នកធ្វើស្មៀន អ្នករៀបចំឯកសារឱ្យ។ បានសេចក្ដីថា ចំណេះមេដឹកនាំប៉ុន្មានគឺអ្នកនេះជាអ្នកចេះ។ អញ្ចឹងខ្ញុំត្រូវគេប្រើរហូត។

មេរបស់ខ្ញុំម្នាក់ ឥឡូវបានមកនៅភ្នំពេញហើយ។ ចេញពីសៀមរាបទៅនៅតាខ្មៅហើយ។ ខ្ញុំបង្ហោះនៅក្នុងហ្វេសប៊ុក នាយឧត្តមសេនីយ៍ សុខ សារឿន។ ពីដើមពួកគាត់ចូលចិត្តតែនៅជាមួយខ្ញុំ។ ប្រធាននយោបាយក៏នៅជាមួយខ្ញុំ ប្រធានយោធាក៏នៅជាមួយខ្ញុំ អនុទទួលបន្ទុកសេនាធិការក៏នៅជាមួយខ្ញុំ។ មូលហេតុអី? ប្រជុំរួចហើយ ប្រគល់ឱ្យខ្ញុំរៀបចំរបាយការណ៍ ហើយអក្សរខ្ញុំស្អាតណាស់ មិនមែនដូចឥឡូវទេ។ ឥឡូវត្រូវមានអ្នកបកប្រែ។ ចារខ្លួនឯងរួចហើយ ពីរម៉ោងក្រោយ មកមើលខ្លួនឯងវិញ មើលអត់យល់។ ឥឡូវមានជំនាញអ្នកបកប្រែ។ អក្សរខ្ញុំ ពីដើមគឺស្អាតណាស់។ ប្រជុំអីរួចហើយអញ្ចឹង អ្នកដែលតាក់តែងរបាយការណ៍ដើម្បីជូនទៅខាងលើ និងផ្សព្វផ្សាយ គឺខ្ញុំជាអ្នកធ្វើ … ដល់ប្រធានយោធា គឺត្រូវឱ្យយើងធ្វើរបាយការណ៍ទាក់ទិនជាមួយនឹងសភាពការណ៍យោធា។ ដល់អ្នកទទួលខាងសេនាធិការ ឱ្យយើងធ្វើ តាំងពីផែនទី ធ្វើតាំងពីយន្តយុទ្ធ ពលយុទ្ធ … អ្នកទាំងហ្នឹងចាំតែចុះហត្ថលេខា។ អញ្ចឹងចំណេះទាំងឡាយជាចំណេះរបស់យើង។ អញ្ចឹង​បានជាថា តួនាទីរបស់អ្នកសែង និងតួនាទីអ្នកនៅលើស្នែង តើអ្នកណាសំខាន់? អាហ្នឹងត្រូវចាំ។ អ្នកនៅលើស្នែងសំខាន់ហើយ ខ្ពង់ខ្ពស់ណាស់ ក៏ប៉ុន្តែប្រយ័ត្នអ្នកសែងទម្លាក់ទឹក។ ខ្ញុំមិនមែនអ្វីចេះតែអាននោះទេ។ ខ្ញុំត្រូវពិនិត្យចុះ ពិនិត្យឡើង។ ខ្វះអី មានសុន្ទរកថាត្រៀមហើយស្រេច ដាក់យកមក។ ត្រូវតែមានព្រៀងឱ្យខ្ញុំអញ្ចឹង ក៏ប៉ុន្តែ ខ្ញុំមកនិយាយ។ ប៉ុន្តែឯកសារខ្លះ គឺយើងត្រូវតែអាន ព្រោះយើងមិនអាចចាំជាតួលេខ ឬស្អីៗទេ។ ក៏ប៉ុន្តែ ជាទំលាប់ ដូចជាការប្រជុំអាស៊ានអី គឺឯកសារព្រៀង។ ជួនកាលខ្ញុំអាន ជួនកាលខ្ញុំនិយាយ ជួនកាលខ្ញុំលាយ ទៅតាមប្រធានបទ ទៅតាមអ្វីដែលវិវត្តន៍នៅក្នុងដំណាក់កាលនៃការធ្វើការងារនោះ។

ធនាគារអភិវឌ្ឍន៍អាស៊ីបានសន្យានឹងផ្ដល់ជំនួយ ៦០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក

ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ច បានបង្កើតនៅឆ្នាំ ២០០២។ ពេលនោះ ធនាគារអភិវឌ្ឍន៍អាស៊ីបានសន្យានឹងផ្ដល់ជំនួយ ៦០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដើម្បីបង្កើត ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យមានសង្គតិភាព ទៅលើបញ្ហាទាំងឡាយ ទាក់ទងជាមួយនឹងសុន្ទរកថារបស់នាយករដ្ឋមន្រ្តី។ ជួនកាល ស្ថាប័ននេះមួយមកព្រៀងសុន្ទរកថា ចង់បានទៅលើចំណុចនេះ រវាងពីរសុន្ទរកថានៅទីកន្លែងមួយ ទៅជាមួយសុន្ទរកថាទៅកាន់កន្លែងមួយទៀត គឺវាអត់ដូចគ្នា។ វាមិនមានសង្គតិភាពទេ។ ចង់ឱ្យវាមានជាលក្ខណៈស្រាវជ្រាវក្នុងក្របខណ្ឌជាយុទ្ធសាស្រ្ត … ដល់ពេលបង្កើត លុយ ៦០ ម៉ឺនដុល្លារនោះ វាអត់បាន។ មូលហេតុអី? មូលហេតុយើងដាក់អ្នកដែលទៅជាប្រធាន និងសមាជិកឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិនោះ វាសុទ្ធតែជាមនុស្សដែលចាំបាច់ត្រូវការហ្វឹកហ្វឺនបន្ថែមទេ។ ខ្ញុំគិតស្ថានថា  ៦០ ម៉ឺនដុល្លារ គេឱ្យមកសម្រាប់កុំព្យូទ័រ សម្ភារៈស្អីៗ មានអី ៦០ ម៉ឺនដុល្លារនេះ គោលដៅរបស់គេ រុញគ្រូមកបង្រៀន។ ប៉ុន្តែយើងដាក់ដូចជា ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន, ហង្ស ជួន​ណារ៉ុន ហើយបណ្ឌិតមួយចំនួនទៀតព្រឹប បាត់លុយ ៦០ ម៉ឺនដុល្លារបណ្ដោយ។ ទោះបីមកដល់ម៉ោងនេះក៏ដោយ ADB គួរបញ្ចេញកាយវិការអីមួយ ឱ្យ ៦ ពាន់ដុល្លារក៏បានដែរ។ សន្យាឱ្យលុយគ្នា ៦០ ម៉ឺនដុល្លារ ដើម្បីបង្កើតនូវឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិនេះ ដល់ទៅឥឡូវនេះទទេរស្អាត។ មូលហេតុដែលទទេ​ស្អាត ព្រោះយើងដាក់មនុស្សទៅវាខ្លាំង។ ដល់ខ្លាំង គាត់ថា អត់មានការចាំបាច់ដើម្បីហ្វឹកហ្វឺនផង … ខ្ញុំសុំថា បើមិនបាន ៦០ ម៉ឺនដុល្លារ ឱ្យ ៦ ពាន់ដុល្លារក៏បាន ឬ ៦០០ ដុល្លារក៏បានជានិមិត្តរូបរួមចំណែក …។

CAP វិភាគពីយុទ្ធសាស្រ្ត និងចារកម្ម

ហ្នឹងជាអ្នកស្រាវជ្រាវក្របខណ្ឌគោលនយោបាយទៅលើវិស័យសេដ្ឋកិច្ច ក៏ដូចជាវិស័យនយោបាយ។ ស្ថាប័នស្រាវជ្រាវមួយទៀត ដែលនៅអមជាមួយខ្ញុំ ហៅកាត់ថា CAP … ស្ថាប័ននេះ មិនមានអ្នកណាដឹង។ ស្ថាប័ន​នេះបង្កើតតាំងពីឆ្នាំ ១៩៩៧ ឯណោះ។ ផ្នែកនេះ វិភាគទៅលើបញ្ហាយុទ្ធសាស្រ្ត និងចារកម្ម។ ឯកឧត្តម ប្រាក់ សុខុន ក៏បានដឹកនាំបង្កើតនូវក្រុមស្រាវជ្រាវមួយ។ ក្រុមស្រាវជ្រាវនោះ អាចទទួលយកបាន … ខ្ញុំឱ្យឯកឧត្តម សុខ ទូច ស្រាវជ្រាវឱ្យខ្ញុំ។ ខ្ញុំចង់សាកល្បងសមត្ថភាព ឯកឧត្តម សុខ ទូច នៅពេលដែលកាន់ផ្នែក គេហៅថា ទំនាក់ទំនងអន្តរជាតិ។ ផ្នែកហ្នឹងយល់ដឹងប៉ុណ្ណា? ពេលនោះខ្ញុំឱ្យស្រាវជ្រាវឱ្យខ្ញុំ ទៅលើបញ្ហាស្ថានភាពមួយចំនួនដូចជា៖ នៅមជ្ឈឹមបូព៌ា ហើយបញ្ហានៅអ៊ុយក្រែន ដោយសារ សុខ ទូច ធ្លាប់រៀននៅហ្នឹង និងបញ្ហាផ្សេងទៀត។ នេះជាការសាកល្បង។

មិនមែនបានសេចក្តីថា ខ្ញុំធ្វើការគ្មានអ្នកស្រាវជ្រាវផ្នែកយុទ្ធសាស្ត្រនោះទេ។ ខ្លួនខ្ញុំផ្ទាល់ហ្នឹង ក៏ជាអ្នកស្រាវ​ជ្រាវម្នាក់ ក្នុងចំណោមអ្នកដែលចូលរួមស្រាវជ្រាវជាមួយគ្នា មិនមែនបានសេចក្តីប្រគល់ឱ្យគេស្រាវជ្រាវទាំងអស់ទេ។ ស្រាវជ្រាវ វិភាគ វាយតម្លៃសភាពការណ៍ ហើយភាគច្រើនក្នុងតួអង្គគណបក្សប្រជាជនក៏បានដឹងហើយថា អ្នកដែលស្រាវជ្រាវពិតប្រាកដនៅក្នុងបក្ស គឺផ្តើមចេញពី ហ៊ុន សែន គឺវាយតម្លៃច្រើនជាងគេទាំងអស់ នៅក្នុងការវាយតម្លៃសភាពការណ៍ និងមានស្ថាប័នមួយទៀត ដែលជាស្ថាប័នរបស់ជាតិ គឺគណៈកម្មាការគោលនយោបាយសេដ្ឋកិច្ច ដែលដឹកនាំដោយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទៀត ដើម្បីធ្វើកិច្ចការទាំងឡាយ គ្រប់​គ្រងកុំឱ្យបែកខ្ញែក … យើងមានស្ថាប័នជាតិស្រាវជ្រាវ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ CAP ក្រុមស្រាវជ្រាវដែលឥឡូវទៅនៅនឹងក្រសួងការបរទេស ហើយនិងគណៈកម្មាការគោលនយោបាយសេដ្ឋកិច្ច។

ត្រូវមានសង្គតិភាពនៃការស្រាវជ្រាវ

… តើរាជបណ្ឌិត្យសភា ត្រូវស្រាវជ្រាវ និងផ្សារភ្ជាប់គ្នារបៀបម៉េច? សង្ឃឹមថា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ធ្វើការសម្រុះសម្រួលជាមួយនឹងរាជបណ្ឌិត្យសភា ដែលធ្វើការស្រាវជ្រាវបានហើយ។ ចំណុចដែលស្រាវជ្រាវបាន ត្រូវយកទៅកន្លែងណា ផ្គុំគ្នានៅកន្លែងណា ព្រោះមិនអាចឱ្យអង្គភាពនោះមកចំណុះអានេះ ហើយយកអានោះទៅចំណុះអានេះបានទេ។ ត្រូវតែមានសង្គតិភាពនៃការស្រាវជ្រាវ។ ទាំងនេះ គឺជាការផ្តល់មតិរបស់ខ្ញុំ។ បើមិនដូច្នេះទេ អានេះក៏ស្រាវជ្រាវថាត្រូវ អានោះក៏ត្រូវ អញ្ចឹងដល់គ្រប់ទិដ្ឋភាពទាំងអស់ បង្កើតទៅជាជំងឺឡប់។ សុំបញ្ជាក់ថា ខ្ញុំមិនបានឡប់ជាមួយទេ។ ខ្ញុំគឺជាមនុស្សម្នាក់ដែលចូលចិត្តស្រាវជ្រាវ ហើយចូលចិត្តវាយតម្លៃសភាពការណ៍។ ខ្ញុំសុំជម្រាបជូន អ្នកដែលត្រូវធ្វើដំណើរជាមួយខ្ញុំទៅចរចា ដែលនៅទីនេះគឺ ហោចណាស់មានសម្តេច ទៀ បាញ់ ឯកឧត្តម ឌិត មន្ទី ដែលធ្វើដំណើរទៅចរចាជាមួយខ្ញុំ។ មុនចេញដំណើរទៅ ខ្ញុំនិយាយពីកាលទសវត្សរ៍ ៨០ មុនចេញដំណើរទៅចរចា បានវាយតម្លៃលទ្ធភាពដែលភាគីម្ខាងទៀតលើកពីអីខ្លះ ចំណុចអីខ្លះដែលជាលទ្ធភាពលើកឡើង ហើយពេលដែលលើកឡើងលើចំណុចនេះ តើការឆ្លើយតបរបស់យើងយ៉ាងណា។ ហ៊ុន សែន សរសេរទាំងអស់ ដាក់ក្នុងហៅប៉ៅម្នាក់មួយ ដើម្បីកុំឱ្យអ្នកនេះឆ្លើយចេះ អ្នកនោះឆ្លើយចុះ។ ពេលនោះ ខ្ញុំត្រូវធ្វើការហត់។ មុនទៅចរចាត្រូវប្រជុំថ្នាក់ដឹកនាំ រៀបចំអ្វីៗគ្រប់យ៉ាង ត្រឡប់មកវិញរាយការណ៍ជូនថ្នាក់ដឹកនាំហើយ ត្រូវជួបមន្ត្រីរបស់យើងដើម្បីពន្យល់ ព្រោះសភាពការណ៍វាមិនធម្មតាទេ។ ពាក្យថាចរចាផង វាយតម្លៃផងនោះ បើមិនស្រួលទេ។ ទាហានដាក់អាវុធចុះ អាងថាត្រូវគ្នាហើយ ឆ្លៀតឱកាស ខាងទ័ពព្រៃវាយយកទឹកដី។ ពេលនោះគឺទាស់គ្នាដណ្តើមតែដីគ្នាទេ ប៉ុន្តែទីចុងបំផុតដីខ្មែរទាំងអស់។

៣ ចំណុចនៃនយោបាយឈ្នះឈ្នះ

គ្រាន់តែដើម្បីដាក់ចេញនូវគោលនយោបាយឈ្នះឈ្នះ ៣ ចំណុចនៃនយោបាយឈ្នះឈ្នះ ខ្ញុំត្រូវចំណាយពេលរបៀបម៉េច? ទាហានខ្មែរក្រហមចុះចូលម្នាក់មក ឱ្យគេមកជួបខ្ញុំផ្ទាល់ យើងសិក្សាពីគេ តើគេចង់បានអី។ អ្នកណាចុះចូលនៅណា អីណា យកព័ត៌មានមកឱ្យខ្ញុំ។ រហូតទៅដល់ខ្ញុំចូលទៅក្នុងពន្ធនាគារ កាល T3 ពេលហ្នឹងជួប តោ សឿត។ ឥឡូវ តោ សឿត ស្លាប់បាត់ហើយ … តោ សឿត ថាហេតុអីបានជាលោកឯងដឹកនាំទ័ពមកឱ្យគេចាប់ម្តង ៥០០ នាក់យ៉ាងនេះ? ពេលហ្នឹង ចូលមកវាយភ្នំស្រុក។ ចូលមកគឺចាប់ទាំងរស់ ៥០០ នាក់ប្លាយ។ ហ្នឹងម្នាក់។ ម្នាក់ទៀតគឺកងទ័ពរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ ដែលចេញពីទន្លេសាប … សៀមរាប ចាប់បានជាង ៧០ នាក់។ សួរដើម្បីសិក្សាពីបំណងរបស់បងប្អូនយ៉ាងម៉េច ទើបយើងដាក់ចេញនូវនយោបាយត្រូវបាន។

ចុងក្រោយតែ ៣ ចំណុចទេ។ ធានាជីវិត និងរូបកាយ អត់ត្រូវបានសម្លាប់ ឬក៏ត្រូវធ្វើទារុណកម្ម អត់ទេ ធានាជីវិតនិងរូបកាយរបស់គេ។ ទី ២ ធានាអាជីព និងមុខរបរ ទី ៣ ទទួលស្គាល់កម្មសិទ្ធិលើអចលនទ្រព្យ និងចលនទ្រព្យ តែ ៣ ចំណុចក្រឡេះខេះ ទីចុងបំផុតប្រទេសខ្មែររួបរួមគ្នាជិត ២០ ឆ្នាំហើយ។ មើលទៅដូចស្រាលណាស់ ប៉ុន្តែរឿងមិនតូចទេ។ សំខាន់ជាងគេចំណុចទី ១ និងចំណុចទី ២ … បងប្អូនកាន់កងពលទាំងអស់ដោះខោអាវខ្មែរក្រហមចេញ ដាក់ខោអាវរដ្ឋាភិបាលចូល និងអនុវត្តច្បាប់របស់រដ្ឋាភិបាល។ ចប់។ មានអីទៀត មានខ្មែរក្រហម ខ្មែរខៀវ ខ្មែរសអីណាទៀត។ បើអនុវត្តកាតព្វកិច្ច គោរពរដ្ឋធម្មនុញ្ញ និងច្បាប់តែមួយរបស់ជាតិ គឺគ្រប់គ្រាន់។ ប៉ុណ្ណឹង ចាំបាច់បែងចែកនេះក្រហម នេះខៀវ នេះស នេះស្អីទេ …។

ស្រាវជ្រាវទៅលើប្រធានបទមានភាពបន្ទាន់ ឱ្យទូលាយទាំងក្នុងក្របខណ្ឌតំបន់ និងពិភពលោក

… យើងស្រាវជ្រាវទៅលើអ្វីដែលជាភាពបន្ទាន់ ដែលខ្ញុំសុំផ្តល់ជាគំនិត។ ពិតហើយការស្រាវជ្រាវប្រវត្តិសាស្ត្រ យើងត្រូវស្រាវជ្រាវហើយ ក៏ប៉ុន្តែភាពបន្ទាន់នៃការស្រាវជ្រាវរបស់យើង ឥឡូវរឿងច្រើនណាស់នៅពីមុខ។ យើងពិនិត្យមើល ខ្ញុំគ្រាន់តែថា ដាក់ចេញនូវការស្រាវជ្រាវមួយចំពោះអឺរ៉ុប យើងនិយាយអញ្ចេះទៅចុះ។ អឺរ៉ុបក៏ស្រាវជ្រាវអាស៊ី ឬក៏អាមេរិកស្រាវជ្រាវពីអាស៊ី អាស៊ីក៏ចេះស្រាវជ្រាវពីអឺរ៉ុប ពីអាហ្វ្រិក ពីអាមេរិកឡាទីន ពីកន្លែងផ្សេង។ ឥឡូវចំណុចអឺរ៉ុប យើងដាក់ចេញជាសំណួរថា តើបន្ទាប់ពីអង់គ្លេសចាកចេញ ទោះបីមាន ឬគ្មានកិច្ចព្រមព្រៀង តើសេដ្ឋកិច្ចរបស់អង់គ្លេសយ៉ាងម៉េច? ហើយមានផលប៉ះពាល់ទៅដល់ប្រទេសណាទៀតរបស់អឺរ៉ុប? នេះក៏ជាចំណុចដែលយើងត្រូវព្យាករឱ្យដឹងមុនដែរ។ អឺរ៉ុបទទួលបាបកម្ម ដោយសារបានគាំទ្រការធ្វើសង្គ្រាម និងការផ្តួលរំលំនៅមជ្ឈឹមបូព៌ា ជាអ៊ីរ៉ាក់ ដូចជាស៊ីរី ជាលីប៊ី។ ឥឡូវនេះបាបកម្មនោះត្រូវបានជនភៀសខ្លួនហូរចូលមកក្នុងអឺរ៉ុប ដល់ពេលហូរចូលមកក្នុងអឺរ៉ុប អឺរ៉ុបមួយចំនួនព្រមទទួល អឺរ៉ុបមួយចំនួនអត់ទទួល កើតទៅជាជម្លោះនយោបាយមួយ រវាងអឺរ៉ុបមិនព្រមទទួលជនភៀសខ្លួន និងអឺរ៉ុបព្រមទទួលជនភៀសខ្លួន។ គណបក្សដែលព្រមទទួលគឺធ្លាក់ឆ្នោតទាំងអស់។

អញ្ចឹង តើអនាគតនៃជនភៀសខ្លួននេះ ត្រូវដោះស្រាយយ៉ាងម៉េច? ទួគីដែលជាសមាជិកអង្គការសន្និសញ្ញាអាត្លង់ទិកខាងជើងណាតូ ឬអូតង់ ប៉ុន្តែមិនមែនជាសមាជិករបស់សហភាពអឺរ៉ុបទេ EU ទេ។ ឥឡូវសមាជិកណាតូដែលជាកម្លាំងធំទីពីរបន្ទាប់ពីអាមេរិក ទៅជាធ្វើសម្ព័ន្ធមិត្តរបស់រុស្ស៊ី ទិញអាវុធរបស់រុស្ស៊ី។ អញ្ចឹងណាតូនៅសល់អីទៀត? កម្លាំងណាតូពិតប្រាកដជាអ្វី? សូម្បីតែប្រធានាធិបតី ម៉ាក្រុង របស់បារាំង គាត់ទើបលើកឡើងប៉ុន្មានអាទិត្យមុន។ យើងក៏ត្រូវចង់ដឹងដែរ មិនមែនបានសេចក្តីថា​ យើងនៅកម្ពុជាគិតតែពីរឿងកម្ពុជា មិនមើលគេឯងនោះទេ។ ត្រូវមើលឱ្យទូលាយ ទាំងក្នុងក្របខណ្ឌតំបន់ និងក្របខណ្ឌពិភពលោក។ ហើយ(យើងពិនិត្យពី)ផលប៉ះពាល់ ឧទាហរណ៍ថា បន្ទាប់អីអង់គ្លេសចាកចេញហើយ ទោះបីមានកិច្ចព្រមព្រៀង ឬគ្មានកិច្ចព្រមព្រៀង វាមានផលប៉ះពាល់យ៉ាងម៉េចទៅលើសេដ្ឋកិច្ចអឺរ៉ុប ហើយបើសេដ្ឋកិច្ចអឺរ៉ុបមានផលប៉ះពាល់ហើយ តិចឬច្រើន វាដូចកាលពី ២០០៨ ២០០៩ អញ្ចឹង។ គេសិក្សារហូតដល់ប៉ុណ្ណេះ នៅចាំទេ អ្នកសិក្សាសេដ្ឋកិច្ចនៅអេស្ប៉ាញ គេបានលើកឡើងថា ប្រាក់ចំណូលរបស់នារីរកស៊ីផ្លូវភេទមានការធ្លាក់ចុះ ដោយសារអី ដោយ​សារប្រុសៗអត់សូវមានលុយ អញ្ចឹងវាអត់សូវទៅរកស្រីខូចទេ។ សំលៀកបំពាក់ធ្លាប់តែពាក់មួយឆ្នាំ ៣ កំប្លេ តែគេកាត់បន្ថយនៅត្រឹមតែ ២ កំប្លេ។ ដូច្នេះការនាំចេញរបស់ប្រទេសដែលនាំចេញទៅប្រទេសអឺរ៉ុប សុទ្ធតែកាត់បន្ថយការផលិតទាំងអស់ ផលប៉ះពាល់ទាំងអស់។ ជំនាន់វិបត្តិសេដ្ឋកិច្ចឆ្នាំ ២០០៨ ២០០៩ យើងមានរោងចក្រមួយចំនួនត្រូវបិទ សង្គ្រាមពាណិជ្ជកម្មពេលណាត្រូវចប់។

គួរធ្វើការសិក្សាបម្រើឱ្យស្ថានភាពជាក់ស្តែង ជាធាតុចូលដែលអាចទទួលយកបានដោយស្ថាប័នអនុវត្ត

ប្រជុំអាស៊ាន និងដៃគូពាក់ព័ន្ធនៅសាំងហ្គាពួរ ខ្ញុំចោទសួរទៅប្រធាន IMF អគ្គនាយក IMF ប្រធានធនាគារពិភពលោក នាយករដ្ឋមន្ត្រីកាណាដា ចាស្ទីន ទ្រូដូ (Justin Trudeau) និងប្រធានាធិបតី ឈីលី (Chile) ដែលផ្អាកការប្រជុំ(កំពូលមួយចំនួន)ដោយសារបាតុកម្ម។ ខ្ញុំដាក់ជាសំណួរអំពីតួនាទីរបស់អង្គការពាណិជ្ជកម្មពិភពលោក តើវាយ៉ាងម៉េចនៅក្នុងដំណាក់គាំពារនិយមនេះ និងរបៀបវារៈ … ពាក់ព័ន្ធជាមួយនិងអាណត្តិរបស់មេដឹកនាំតាមប្រទេស ដែលមេដឹកនាំមួយអាចធ្វើអញ្ចេះ ប៉ុន្តែមេដឹកនាំថ្មីមួយមកអាចកែសម្រួលគោលនយោបាយ។ ពេលនោះ ពេលវេលាមិនសមស្រប ពេលវេលាឆ្លើយតបក៏វាដល់កម្រិតហើយ។ នាយករដ្ឋមន្រ្តី Justin Trudeau ក៏បានឆ្លៀតមកជួបជាមួយខ្ញុំ ដើម្បីខ្សិបប្រាប់ថា វាមកពីរឿងអ្វី ប៉ុន្តែមិនបានច្រើនទេ។ យើងស្ថាប័នទាក់ទិននឹងការសិក្សាស្រាវជ្រាវនេះ ត្រូវបន្តហើយមើលឱ្យច្បាស់។ តើអ្វីដែលគួរចំណាយយធនធានដើម្បីនឹងធ្វើការសិក្សាបម្រើឱ្យស្ថានភាពជាក់ស្តែង។ ហើយការសិក្សានោះគួរត្រូវបានជាធាតុចូលដែលអាចទទួលយកបានដោយស្ថាប័នអនុវត្ត ហើយនៅកៀកជាមួយគ្នា។ មិនមែនសិក្សាហើយបញ្ជូនឱ្យនាយករដ្ឋមន្រ្តី ហើយនា​យករដ្ឋមន្រ្តីជម្រុញឱ្យស្ថាប័នអនុវត្តនោះគេអនុវត្ត(ទេ)។ យើងត្រូវដឹងថា នៅពេលវេលាដែលយើងកំពុងសិក្សានេះ គោលនយោបាយជាក់លាក់មួយត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាល។ ក្នុងនោះមានទាំងយុទ្ធសាស្រ្តចតុកោណ ក្រៅពីយុទ្ធសាស្រ្តចតុកោណ ដែលជាយុទ្ធសាស្រ្តរួមផ្នែកមួយៗសុទ្ធតែមាន ឧទា​ហរណ៍ គោលនយោបាយគាំពារសង្គម គឺមានចែងច្បាស់លាស់ធ្វើម៉េចៗ អាហ្នឹងសុទ្ធតែជាបញ្ហា។

ពង្រឹងក្រុមប្រឹក្សាការពារ ហើយត្រូវបោះឆ្នោតសម្ងាត់ ដើម្បីពង្រឹងគុណភាពបណ្ឌិត

ឥឡូវងាកមកការបណ្តុះបណ្តាល។ ខ្ញុំសូមយកឱកាសនេះដើម្បីថ្លែងជូនការកោតសរសើរចំពោះសមិទ្ធផលនៃការបណ្តុះបណ្តាលដែលនៅទីនេះក៏បានរួមចំណែកការបណ្តុះបណ្តាលធនធានមនុស្សដែលមានបរិញ្ញាបត្រ ជាន់ខ្ពស់ហើយមានថ្នាក់បណ្ឌិត ពីឆ្នាំ ២០០១ រហូតមកដល់ឆ្នាំ ២០១៩ នេះ និស្សិតដែលបញ្ចប់ការសិក្សា ពីរាជបណ្ឌិត្យសភាមាន ៤១៦ នាក់ ក្នុងនោះបរិញ្ញាបត្រជាន់ខ្ពស់មាន ៣០៨ នាក់ ថ្នាក់បណ្ឌិត ១០៨ នាក់។ ឥឡូវកំពុងមាននិស្សិតសិក្សានៅទីនេះ ៧៩៣ នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ២៤៩ នាក់ និងថ្នាក់បណ្ឌិត ៥៤៦ នាក់។ ទន្ទឹមនឹងការអបអរសាទរ ខ្ញុំហាក់ដូចជាមានកង្វល់ទៅលើបេក្ខជនបណ្ឌិតច្រើនហួស។ បើសិនជា មានបណ្ឌិតចំនួននេះបន្ថែមទៀត បូកចំនួនបណ្ឌិតដែលបានបញ្ចប់ការសិក្សារួចហើយធ្វើឱ្យបណ្ឌិតដែលចេញពី រាជបណ្ឌិតសភាឡើងដល់ជាង ៦០០ នាក់។ ចាត់ទុកថា ជាប្រទេសដែលមានបណ្ឌិតច្រើនជាងគេបង្អស់លើពិភពលោក គិតពីចំនួនប្រជាពលរដ្ឋ។ ចំណុចនេះ ក៏ត្រូវពិនិត្យមើលឱ្យបានច្បាស់។ ខ្ញុំនិយាយកាលពីពេលមុនថា តើអ្នកណែនាំនិក្ខេបបទក្នុងម្នាក់ទទួលសិស្សប៉ុន្មាន? … កង្វល់ទី ១ គេហៅថាអ្នកណែនាំនិក្ខេប​បទប៉ុន្មាន ទទួលនិស្សិតប៉ុន្មាន? … តើអ្នកណែនាំ និក្ខេបបទនេះគ្រប់លក្ខណៈសម្បត្តិមានចំណេះគ្រប់គ្រាន់ដើម្បីនឹងបណ្តុះបណ្តាលដែលជានិស្សិតខ្លួនទទួលធ្វើ ការបណ្តុះបណ្តាលទេ? នេះជាចំណុចដែលយើងត្រូវឃើញ​។ ឥឡូវបណ្ឌិតម្នាក់ត្រូវទទួលសិស្ស ៩ នាក់។ អញ្ចឹង បណ្ឌិតខ្លួនឯងគ្រប់គ្រាន់លក្ខណៈសម្បត្តិដើម្បីនឹងទទួលធ្វើជាណែនាំនិក្ខេបបទឱ្យគេឬអត់? …

ក្នុងចំណុចនេះ ដោយសារតែមានបេក្ខជនច្រើនអញ្ចឹង​ហើយ និងដើម្បីធានាឱ្យបានច្បាស់លាស់ នៅពេលការពារ កុំធ្វេសប្រហែសឱ្យសោះ។ ត្រូវចាត់តាំងក្រុមប្រឹក្សាការពារ(និក្ខេបបទ) មិនមែនការពារត្រឹម ២ ឬ ៣ នាក់ទេ។ ត្រូវបង្កើនសមាសភាព ៧ នាក់។ ដូចមិនតឹងទេ។ បើប្រៀបធៀបជាមួយនឹងខ្ញុំ លោកជំទាវ ជាសិស្សប្អូនរបស់ខ្ញុំ ពេលដែលខ្ញុំការពារនិក្ខេបបទក្រុមប្រឹក្សាការពារ ១៥ នាក់ … ខ្ញុំត្រូវធ្វើ ២ គន្លាក់។ ១ គន្លាក់ធ្វើបណ្ឌិត ១ គន្លាក់ទៀតធ្វើបណ្ឌិតវិទ្យាសាស្រ្ត។ ថ្នាក់បណ្ឌិត ១១ នាក់ ថ្នាក់បណ្ឌិតវិទ្យាសាស្រ្ត ១៥ នាក់ ហើយគ្រាន់តែសួរដេញដោលឱ្យឆ្លើយជិត ២ ម៉ោង។ អញ្ចឹងត្រូវពង្រឹងក្រុមប្រឹក្សាការពារ ហើយត្រូវបោះឆ្នោតសម្ងាត់ ដើម្បីថាបេក្ខជនហ្នឹងជាប់ ឬមិនជាប់។ ពង្រឹងការងារហ្នឹង … ខ្ញុំ ដកស្រង់តែមួយផ្នែក ពី (និក្ខេបបទ)​១៣ ទសវត្សរ៍ដំណើរកម្ពុជា យកទៅបោះផ្សាយ ឯក្រៅពីនោះគឺអត់ផ្សាយទេ … ខ្ញុំធ្វើ ២ ភាសា។ ភាសាខ្មែររបស់ខ្ញុំមាន។ ១៣ ទសវត្សរ៍ នៅតាមបណ្ណាល័យគគោក អាហ្នឹងជាផ្នែកមួយនៃនិក្ខេបទដែលខ្ញុំបានសរសេរ។ ខ្ញុំមាននិក្ខេបបទរបស់ខ្ញុំជាក់លាក់ ហើយនិក្ខេបបទនោះហើយជាពិសេស អំពីប្រជាធិបតេយ្យប្រជាជនដែលជាចក្ខុវិស័យណែនាំសកម្មភាពរបស់ខ្ញុំ រហូតដល់ណែនាំសកម្មភាពរបស់គណបក្សប្រជាជនរហូតមកដល់ពេលនេះ ប្រជាធិបតេយ្យប្រជាជន។ រាប់ទាំងការមិនយកពន្ធដី លើដីស្រែប្រជាជនកសិករ ក៏វាផ្តើមចេញពីចំណុចទាក់ទងនឹងការសិក្សាស្រាវជ្រាវទៅលើស្ថានភាពសង្គមសេដ្ឋកិច្ចរបស់កម្ពុជា ហើយដែលអនុវត្តមកដល់សព្វថ្ងៃនេះ … ជាចំណុចដែលផ្តើមចេញពីនិក្ខេបបទនៃការស្រាវជ្រាវ ភាគច្រើនស្រាវជ្រាវប្រមូលផ្តុំមកនៅកម្ពុជា …។

បកប្រែឯកសារជាខេមរភាសា ដាក់នៅបណ្ណាល័យរាជបណ្ឌិត្យសភា និងចែកចាយតាមបណ្ណាល័យនានា

… ត្រូវរឹតបន្តឹង មិនមែនបានសេចក្តីថា យើងមិនចង់ឱ្យគេជាប់ អ្នកណាមានលទ្ធភាពគឺជាប់។ កាលពីមុននៅសាកលវិទ្យាល័យមួយនោះ ឃើញតែថ្នាក់នេះ ថ្នាក់នោះពេញ ប៉ុន្តែទីចុងបំផុតអ្នកទាំងនោះអត់បានទៅរៀនផង​។ ចម្លងតគ្នា។ អញ្ចឹងទៅវាទៅជាប់ទាំងអស់ទៅ។ បរិញ្ញាជាន់ខ្ពស់ៗ អញ្ចឹងទៅ។ ដល់សារណាចម្លងតាមគ្នាទាំងអស់ ហើយដាក់ទៅ ហើយគ្រូមានពេលឯណាមើល។ ចេះតែឱ្យជាប់។ យើងចេះតែទៅប្រគល់សញ្ញាបត្រឱ្យទៅ។ រឿងវាអញ្ចឹង ដល់អញ្ចឹងវាអត់មានគុណភាព ឯអ្នកខ្លះទៀតគេអត់មានយកបណ្ឌិតអីទេ តែគេមានការស្រាវជ្រាវផ្ទាល់របស់គេ យើងក៏ត្រូវមានការលើកទឹកចិត្ត ដើម្បីឱ្យមានការស្រាវជ្រាវ។ អញ្ចឹងបានជាយើងខិតខំរៀបចំឱ្យមានបណ្ណាល័យ ហើយរាជបណ្ឌិត្យសភាធ្វើយ៉ាងម៉េច ថ្ងៃក្រោយរៀបចំឱ្យមានបណ្ណាល័យ នៅពេលដែលយើងមានអគារធំ … ដែលអាចទាក់ទាញមនុស្សឱ្យចូលស្រាវជ្រាវនៅកន្លែងហ្នឹង។ ខ្ញុំគាំទ្រ ហើយនឹងផ្តល់នូវថវិកា។ កត់សម្គាល់ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដើម្បីធ្វើការបកប្រែឯកសារនានាទៅជាខេមរភាសា ហើយបោះពុម្ពសម្រាប់ដាក់នៅរាជបណ្ឌិត្យសភាផង និងចែកចាយទៅតាមបណ្ណាល័យនានា ព្រោះមិនមែនមនុស្សគ្រប់រូបចេះភាសាទាំងអស់(នោះ)ទេ។ ជួនកាលយើងយកសៀវភៅរបស់គេបានត្រឹមតែ ១០០ ច្បាប់ ប៉ុន្តែបើសិនយើងបោះចេញជាភាសាខ្មែរច្រើនម៉ឺន/ពាន់ច្បាប់ ហើយចែកចាយទូលំទូលាយ ហើយដាក់ឱ្យប្រជាជនយើងមើល អ្នកដែលមិនចេះភាសាបរទេសក៏មើលភាសាខ្មែរបាន។ អញ្ចឹង ត្រូវមានក្រុមបកប្រែជំនាញ ដើម្បីធ្វើការបកប្រែចេញជាភាសាខ្មែររបស់យើង។ ខ្ញុំគាំទ្របញ្ហាហ្នឹង។

ផ្អាកការផ្តល់គោរមងារកិត្តិត្រឹមនេះសិន

អបអរសាទរជាមួយនឹងឯកឧត្តម លោកជំទាវ ដែលបានទទួលនូវគោរមងារកិត្តិយស ដែលថ្ងៃនេះ មាន ឯកឧត្តម ឆាយ ថន, លោកជំទាវ ឃួន សុដារី, ឯកឧត្តម ឌិត មន្ទី, ឯកឧត្តម ប៉ែន បញ្ញា, ឯកឧត្តម ជាម យៀប, ឯកឧត្តម អ៊ីម ឈុនលឹម។ ប៉ុន្តែ ខ្ញុំសូមបញ្ជាក់ជូនថា យោងទៅលើការស្នើសុំពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដែលជាប្រធានបណ្ឌិតសភាចារ្យស្នើមកខ្ញុំ ដើម្បីរក្សាតម្លៃ យើងស្នើផ្អាកត្រឹមប៉ុណ្ណឹងសិន។ ឯចំ​ពោះបញ្ហាទាក់ទិនជាមួយនឹងការផ្តល់ដោយរាជបណ្ឌិត្យសភា (អា)ហ្នឹង(ជា)រឿងរបស់រាជបណ្ឌិតសភាចារ្យធ្វើការជាមួយគ្នាទៅ។ ឯការចេញសំណើរបស់នាយករដ្ឋមន្ត្រី ចេញព្រះរាជក្រឹត្យ គឺសុំផ្អាកត្រឹមប៉ុណ្ណឹងសិន។ ពាក្យ​ថាផ្អាក គឺមិនមែនបិទទេ។ ផ្អាក និងបិទ គឺខុសគ្នា។ សូម្បីតែអ្នកយកព័ត៌មានខ្លះ ក៏យល់មិនអស់នូវពាក្យផ្អាក និងបិទ។ យើងថាផ្អាក គេថា លោក ហ៊ុន សែន ចាប់ពីពេលនេះ ទៅឈប់ឱ្យមានហើយ។ អញ្ចឹង បានជាត្រូវមានចំណេះឱ្យវាគ្រប់ អាចំណេះវាមិនគ្រប់វាពិបាកណាស់។ ធ្វើជាអ្នកព័ត៌មាន រហូតទៅដល់ព័ត៌​មានអន្តរជាតិ(ទៅ)ទៀតថា លោក ហ៊ុន សែន បិទហើយ។ ពាក្យផ្អាក គឺបានសេចក្តីថា ពេលណាមួយវានឹងបើកឡើងវិញ។ ពាក្យបិទ និងផ្អាក វាខុសគ្នា … ភាសា ដែលគេប្រើថា មិនអាចទទួលយកបាន និងមិនអាចអត់ឱនបាន ពីរនេះខុសគ្នា។ ភាសា “សេចក្តីថ្លែងការណ៍របស់លោក ខ្ញុំមិនអាចទទួលយកបាន” អាហ្នឹងស្រាលទេ ប៉ុន្តែដល់ប្រើពាក្យថា “សេចក្តីថ្លែងការណ៍របស់អ្នកឯង ខ្ញុំមិនអាចអត់ឱនឱ្យអ្នកឯងបានទេ” ភាសាហ្នឹងធ្ងន់ណាស់។

បើនិយាយពីកាន់ប្រដាប់អាវុធ ឬកាន់អំណាច បានសេចក្តីថា ភាសាពីរគន្លាក់។ ភាសាមិនអាចទទួលយកបាន ភាសាមិនអាចអត់ឱនបាន។ អាមិនអាចអត់ឱនបាន ចូលដល់កម្រិត នៃការប្រើប្រដាប់អាវុធតែម្តង។ អញ្ចឹង ត្រូវរៀនស្តាប់ភាសា ឬរៀនវិភាគ។ មកដល់កន្លែងនេះ ខ្ញុំមិនមែនមេអស់លោក ធ្វើជាអ្នកពូកែជាងទេ ក៏ប៉ុន្តែ អស់លោកឱ្យខ្ញុំធ្វើប្រធានកិត្តិយសនៃក្រុមបណ្ឌិត្យសភា។ អញ្ចឹង ខ្ញុំសុំនិយាយអញ្ចឹង។ បើអស់លោកទទួលក៏ទទួល បើមិនទទួលទេហីទៅ ព្រោះសុទ្ធតែបណ្ឌិតរៀងខ្លួន។ អគារនោះ សង្ឃឹមថា នឹងរួចរាល់នៅពេលខាងមុខ ដែលយើងអាចធ្វើការប្រមូល ហើយធ្វើការប្រជុំ។ កន្លែងប្រជុំកន្លងទៅហ្នឹង ពេលដែលយើងប្រជុំធ្វើតុមូល/ជ្រុងអីហ្នឹងឃើញតែសសរ ចាប់ពីពេលនេះទៅបានអគារនេះមួយ ដើម្បីធ្វើការប្រជុំ (ឬ)ពិភាក្សាស្អីៗ បន្ទាប់ទៅយើងមានអគាមួយទៀតហៅថា ខេមរវិទូ ដែលយើងនឹងដោះស្រាយនៅពេលខាងមុខនោះ។

រាជបណ្ឌិត្យសភា រៀបចំបន្ទប់ពិសោធន៍ និងបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍

ខ្ញុំសូមអបអរសាទរជាមួយនឹងជ័យលាភីទាំងឡាយ ដែលទទួលបាននូវគោរមងារ ក៏ដូចជា សញ្ញាបត្រនៅថ្ងៃនេះ។ ចំពោះសំណូមពរទាំងពីរចំណុច៖ ទី ១. រៀបចំបន្ទប់ពិសោធន៍ បំពាក់ដោយគ្រឿងបរិក្ខា ដែលបម្រើរាល់ការងារស្រាវជ្រាវបង្កាត់ពូជរុក្ខជាតិ ដែលមានតម្លៃប្រមាណ ២០ ម៉ឺនដុល្លារអាមេរិក។ ខ្ញុំយល់ព្រម ហើយសុំឱ្យ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដាក់ចូលទៅក្នុងផែនការថវិកា សម្រាប់ឆ្នាំ ២០២០។ ទី ២. ស្នើសុំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍នៅរាជបណ្ឌិត្យសភា។ សុំគាំទ្រ និងធ្វើការងារជាមួយក្រសួងទេសចរណ៍។ ម្សិលមិញឃើញ ឯកឧត្តម សុខ ទូច បានវាយ(សារ)ទៅឱ្យខ្ញុំថា បានធ្វើការជាមួយនឹងទេសចរណ៍ សម្រាប់បម្រើឱ្យការសិក្សាជំនាញលើវិស័យទេសចរណ៍ ដែលនេះជាផ្នែកមួយ នៃការចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សរបស់យើង។

ខ្ញុំសុំអភ័យទោស ចំពោះអ្វីដែលខ្ញុំបាននិយាយ ក្រែងលោវាលើសលស់ ព្រោះសុទ្ធតែអ្នកចេះដឹងប្រមូលផ្តុំនៅទីនេះ។ ប៉ុន្តែ ខ្ញុំគិតថា ចំណុចខ្លះយើងក៏និយាយពីប្រទេសដទៃ ខ្ញុំលើកឧទាហរណ៍ទាក់ទងជាមួយអឺរ៉ុប។ រឿងអឺរ៉ុបយើងកុំភ្លេច បើអឺរ៉ុបរញ្ជួយ វារញ្ជួយស្ទើរគ្រប់កន្លែង។ យើងឃើញវិបត្តិនៅអាមេរិកវាធ្លាក់មកដល់អឺរ៉ុបភ្លាម​។ អាស៊ីបានចិន និងឥណ្ឌាទប់ទល់។ កំណើនប្រទេសធំទាំងពីរនេះ បានធ្វើឱ្យអាស៊ីនៅរក្សាស្ថានភាពនៅល្អប្រ​សើរ។ អឺរ៉ុបក៏ធ្លាក់ចូលក្នុងវិបត្តិ។ ឥឡូវនេះ អឺរ៉ុបមានដល់ទៅបញ្ហានយោបាយ សេដ្ឋកិច្ច វាមានរឿងប្រឈមនេះ/នោះច្រើនលើសតំបន់ដទៃទៀត។ ជនភៀសខ្លួន បើមិនឱ្យគេនៅ គឺរំលោភសិទ្ធិពលរដ្ឋ ហើយបើចាប់បញ្ជូន​ទៅក្រៅប្រទេស ឬបញ្ជូនទៅប្រទេសដើមវិញ អាហ្នឹងសិទ្ធិដែលអឺរ៉ុបធ្លាប់តែនិយាយថា សិទ្ធិមនុស្សនោះវានៅកន្លែងណាទៀត? អាហ្នឹងដើរបញ្ច្រាសទិសហើយ។ យើងត្រូវព្យាករពីឥឡូវ … ផលប៉ះពាល់នៃសេដ្ឋកិច្ចពិភពលោក សម្រាប់ប្រទេសរបស់យើងវាទៅដល់ណា?

អាស៊ានអត់ទាន់ប្រើប្រាស់អស់សក្តានុពល នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងអាស៊ាន

សព្វថ្ងៃនេះ ក្នុងក្របខណ្ឌអាស៊ានខ្លួនឯង អាស៊ានអត់ទាន់ប្រើប្រាស់អស់សក្តានុពល នៃកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីក្នុងអាស៊ានទេ។ អាស៊ានគ្នាឯងគិតតែនាំគ្នានាំចេញទៅប្រទេសដទៃ តែនាំចេញ/ចូលប្រទេសគ្នាឯងអត់សូវធ្វើប៉ុន្មានទេ។ គិតតែទៅរកទីផ្សារ(នៅ)ប្រទេសដទៃ ប៉ុន្តែ ថៃបានធ្វើច្រើន ធ្វើជាមួយកម្ពុជា។ ទំ​ហំ​ពាណិជ្ជកម្មរបស់ថៃជាមួយកម្ពុជា ៦ ពាន់លាន(ដុល្លារអាមេរិក)ប្លាយ ហើយជាង ៥ ពាន់លាន(ដុល្លារអាមេរិក) គឺថៃនាំចូលមកកម្ពុជា។ ជាមួយវៀតណាមប្រមាណជា ៥ ពាន់លាន(ដុល្លារអាមេរិក) ក៏វៀតណាមនាំចូលមកកម្ពុជា។ អាហ្នឹងយើងបានធ្វើ(ពាណិជ្ជកម្ម)ជាមួយប្រទេសជិតខាងគ្នា ក៏ប៉ុន្តែ យើងជាមួយនឹងដៃគូដទៃទៀត ដូចជា៖ ហ្វីលីពីន, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, សាំងហ្គាពួរ ពីទំនិញរបស់យើង និងទំនិញរបស់មិត្តភក្តិយើងៗអត់ទាន់បានធ្វើទេ។

យើងត្រូវតែប្រើនូវសក្តានុពលនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងអាស៊ាន-ចិន ឱ្យអស់លទ្ធភាព។ ឯកឧត្តម សុខ ទូច លើកឡើងហើយទ្រីស្តី “ត្នោតមួយដើមត្រូវប្រើឱ្យអស់លទ្ធភាព”។ យើងអត់ទាន់ប្រើឱ្យអស់លទ្ធភាពទេ ប្រើតែទឹកត្នោតផ្អែម ហើយនិងធ្វើទឹកត្នោតជូរទេ។ អត់ទាន់ប្រើស្លឹកវាច្នៃធ្វើអី? ធាងវាច្នៃ ធ្វើអី? (ជា)ខ្សែគោ ឬស្អីៗអត់ទាន់ទេ។ អញ្ចឹង បានជាសក្តានុពលរបស់យើងនៅធំណាស់ … យើងគិតទៅទីឆ្ងាយ តែយើងមិនបានគិតទីជិត។ យើងពិនិត្យមើល កុំមើលងាយអាពាណិជ្ជកម្មសេរី (និង/ឬ)ពាណិជ្ជកម្មឆ្លងដែន។ គិតពីរឿងកម្ពុជា និងថៃទៅវិញ/មក ទំហំជាង ៦ ពាន់លាន(ដុល្លារអាមេរិក)។ គិតជាមួយវៀតណាមប្រមាណ ៥ ពាន់លាន(ដុល្លារអាមេរិក) ហើយបើវៀតណាម និងចិន ឯកឧត្តម ង្វៀន ស៊ុនហ្វុក ប្រកាសថ្ងៃមុននៅបាងកក ក្នុងពេលអាស៊ាន-ចិន ទំហំពាណិជ្ជកម្ម រវាងវៀតណាម និងចិន ទំហំដល់ ១៦០ ពាន់លាន(ដុល្លារអាមេរិក)។ អញ្ចឹង បានសេចក្តីថា ទីផ្សាររបស់វៀតណាម មិនមែនអាមេរិក ឬអឺរ៉ុបទេ ទីផ្សាររបស់វៀតណាម គឺចិន។ គាត់រកស៊ីតាមទល់ដែនជាមួយគ្នា។ ឯយើងក៏រកស៊ីតាមទល់ដែនជាមួយគ្នាដែរ។

សភាពាណិជ្ជកម្មកម្ពុជា គួរសម្លឹងឆ្ពោះទៅរកទីផ្សារនានា

យើងនៅសេសសល់ប្រទេស(ខ្លះ) ទៅម៉ាឡេស៊ី យើងមានធ្វើការនាំចេញ/ចូលច្រើនហើយ ក៏ប៉ុន្តែ នៅប្រទេសដទៃទៀត នៅ(មាន)ចំនួនតិចណាស់។ អញ្ចឹង យើងគួរណែនាំសភាពាណិជ្ជកម្មរបស់យើង (ឬ)ផ្នែកធុរកិច្ចរបស់យើង ឱ្យសម្លឹងមើលឆ្ពោះទៅរកទីផ្សារនានា រាប់ទាំងថ្ងៃមុន Palau គាត់ថា អង្កររបស់គាត់ទិញពីអាមេរិកថ្លៃណាស់។ ក្រៅពីជំនួបផ្លូវការ (នៅ)ពេលជប់លៀង ខ្ញុំសួរគាត់ថា តើអង្ករសព្វថ្ងៃទិញពីណា? គាត់(ថា) គាត់ទិញពីអាមេរិក និងទិញពីអូស្ត្រាលី ហើយថ្លៃណាស់ (រីឯ)ដឹកក៏ឆ្ងាយ។ ខ្ញុំថា អញ្ចឹង ឯកឧត្តម រៀបចំទិញពីកម្ពុជាទៅ។ ធ្វើតាមអញ្ចេះ ឯកឧត្តម ឱ្យក្រុមវិនិយោគមួយក្រុមមកកសាងឃ្លាំង កសាងម៉ាស៊ីនកិនស្រូវ ហើយប្រ​មូលទិញពីប្រជាពលរដ្ឋ កិនហើយនាំចេញទៅ Palau ដែលនៅមិនឆ្ងាយពីហ្វីលីពីនប៉ុន្មានទេ។ អញ្ចឹងផ្គត់ផ្គង់មានស្ថិរភាព។ ប្រទេសយើងខ្វះឃ្លាំងស្តុក យើងកំពុងធ្វើអាឃ្លាំងស្តុកហើយ ក៏ប៉ុន្តែនៅតែអ្នកមានអ្នកវិនិយោគដែលអាចមកវិនិយោគបាន … ទាញគេមកវិនិយោគ គេអាចដាក់ទុន ១០០% … ខ្វះអី (ស្រូវ) ដែលអាចទិញសម្រាប់ផ្គត់ផ្គង់ ម៉ាស៊ីនកិនស្រូវរួចហើយផ្គត់ផ្គង់នៅក្នុងប្រទេស ព្រោះ Palau មានប្រជាជនមិនដល់ ៣ ម៉ឺននាក់ផងហ្នឹង។ ដូច្នេះក្នុងមួយឆ្នាំយើងថា ១ ម៉ឺនតោន ក៏អាចទៅជាទីកន្លែងមួយផ្គត់ផ្គង់ …។

អង្ករយើងទៅអឺរ៉ុប មិនមែនរឿង EBA ទេ គឺរឿងប្រទេសអ៊ីតាលី និងប្រទេសអេស្ប៉ាញ

ខ្ញុំថ្ងៃមុន ខ្ញុំមើលស្ថិតិនាំចេញអង្ករ។ អញ្ចឹងបានរឿងនេះក៏ជារឿងមួយនៃ ការដកពិសោធន៍ដែរ។ អង្ករយើងទៅអឺរ៉ុប មិនមែនរឿង EBA ទេ គឺរឿងប្រទេសអ៊ីតាលី និងប្រទេសអេស្ប៉ាញ គាត់លក់អង្ករគាត់មិនដាច់។ ដល់លក់អង្ករគាត់មិនដាច់ គាត់ប្រឆាំងនឹងអង្ករយើង និងអង្ករមីយ៉ាន់ម៉ា។ អញ្ចឹងគាត់វាយពន្ធលើអង្ករយើង។ ខ្ញុំគិតស្មានថា ការវាយពន្ធលើអង្ករយើង នឹងធ្វើឱ្យមានការផ្អាកនាំចេញអង្ករ ពីកម្ពុជាទៅកាន់អឺរ៉ុប។ ផ្ទុយទៅវិញក្នុង ២៨ ប្រទេស អង្ករកម្ពុជាចូលទៅកាន់អឺរ៉ុបបាន ២៣ ប្រទេសដដែល។ អញ្ចឹងពេលមិនទាន់បង់ពន្ធក៏នាំទៅបាន ដល់គេឱ្យបង់ពន្ធនៅតែនាំទៅបាន។ ខាងមុខនេះក៏ដូចគ្នាដែរ បើគេដក EBA គេឱ្យបង់ពន្ធ បង់ពន្ធឱ្យគេទៅ ព្រោះអាហ្នឹងវាគង់តែបាត់ដដែលនោះ។

… បាត់ទីផ្សារ និងបាត់ EBA វាខុសគ្នា។ EBA នៅពេលណាមួយវាគង់តែបាត់ទេ។ នៅពេលដែលសេដ្ឋកិច្ចយើងកើនឡើង នៅអាស៊ាន ១០ គេឱ្យតែ ៣ ប្រទេសទេ កម្ពុជាឡាវ និងមីយ៉ាន់ម៉ា មីយ៉ាន់ម៉ា ក៏គេគំរាមដែរ។ អញ្ចឹង យើងបានត្រៀមខ្លួនតាំងពី ខែមីនា ឯនោះ។ យើងមិនចង់ឱ្យបាត់ទេ។ ប៉ុន្តែធ្វើម៉េច? បើគាត់យកអាហ្នឹងមកដោះដូរជាមួយនឹងច្បាប់ ជាមួយនឹងឯករាជ្យរបស់យើងហើយ។ យើងក៏មិនអាចទទួលយកបានដែរ។ អញ្ចឹងបើគេឱ្យបង់ពន្ធ យើងបង់ពន្ធឱ្យគេទៅ។ គ្រាន់តែពីមុនវាចំណេញច្រើន ឥឡូវវាចំណេញតិចតែប៉ុណ្ណឹង។ តែវានៅតែចំណេញ ហើយក៏វាថ្លៃថ្នូរដែរ។ គេមិនយកអាហ្នឹងមកគំរាមយើងតទៅទៀតបានទេ។ ឥឡូវគេយកអាហ្នឹងមកគំរាមយើង ថាអ្នកឯងត្រូវធ្វើអានេះៗ។ យើងប្រាប់ទៅវិញថា យើងមិនអាចយកអធិបតេយ្យរបស់យើងទៅដោះដូរជាមួយនឹងជំនួយ ឬការអនុគ្រោះណាទេ។ អ្វីដែលយើងខិតខំធ្វើបានយើងធ្វើ តែអ្វីដែលយើងធ្វើមិនបាន (គឺ)អត់ទេ។ ទីផ្សារ នៅតែជាទីផ្សារ គ្រាន់តែពេលមុនអត់បង់ពន្ធ ឥឡូវត្រូវបង់ពន្ធ។ រឿងបង់ពន្ធនេះនៅត្រឹមឆ្នាំ ២០២៥ ឬ ២០២៦ គឺយើងត្រូវបង់ពន្ធឱ្យគេហើយ។ សេដ្ឋកិច្ចឡើង វាអស់ភាពអនុគ្រោះ។

រឿងអឺរ៉ុបជាមួយនឹងអាស៊ាន មិនមែនជារឿងបញ្ហាដាច់ដោយឡែករបស់កម្ពុជាទេ

រឿងអឺរ៉ុបជាមួយនឹងអាស៊ាន មិនមែនជារឿងបញ្ហាដាច់ដោយឡែករបស់កម្ពុជាទេ។ អឺរ៉ុបគំរាមកម្ពុជា គំរាមហ្វីលីពីន គំរាមមីយ៉ាន់ម៉ា លើបញ្ហាសិទ្ធិមនុស្ស អឺរ៉ុបគំរាមឥណ្ឌូនេស៊ី​ ម៉ាឡេស៊ីទៅលើបញ្ហាដូងប្រេង រហូតដល់បណ្ឌិត មហាធៀ គាត់និយាយទៅកាន់អាស៊ាន ថាបើសិនជា អឺរ៉ុបបញ្ឈប់ទិញដូរប្រេង ម៉ាឡេស៊ីនឹងបញ្ឈប់ទិញ Airbus ពីអឺរ៉ុប និងទៅទិញពីរុស្សី និងប្រទេសផ្សេង។ ការពិតអឺរ៉ុបបានស្វែងរកនូវសារធាតុអីមួយជំនួសឱ្យដូងប្រេង ប៉ុន្តែអឺរ៉ុបបានយកហេតុផលថា ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី កាប់ព្រៃច្រើនពេកដាំដូងប្រេង។ អញ្ចឹង​បញ្ឈប់។ បើគេចង់ធ្វើបាបយើងហើយហេតុផល ១០០ ជំពូក។ ដូច្នេះ យើងត្រូវប្រឹងត្រៀមខ្លួនដោយខ្លួនឯង មិនមែននិយាយអញ្ចឹង ខ្ញុំជូនសារអីអញ្ចេះអញ្ចោះទេ ​ប៉ុន្តែខ្ញុំឱ្យទាំងអស់គ្នាប្រជាជនកម្ពុជាត្រូវត្រៀមខ្លួន។ យើងធ្លាប់ជួបប្រទះហើយ ពីដើមគេដាក់ទណ្ឌកម្មជុំទិស។ ខ្ញុំទៅទស្សនកិច្ចលើកដំបូងនៅប្រទេសថៃ ដើមឆ្នាំ ១៩៨៩ ជំនាន់ ឯកឧត្តម ឆាត់ឆៃ ឈុនហាវ៉ាន់។ ពេលនោះគេហៅទស្សនកិច្ចរំជួយផែនដី។ កាលនោះនៅចាំទេ ឯកឧត្តម ទៀ បាញ់ និយាយពីគ្រាន់តែកម្លាំងការពារសម្បើមណាស់។ បើមិនអញ្ចឹងគឺថា កាសែតនឹងមកជាន់កយើងតែម្តង … ចំណងជើងជាភាសាថៃ អ្នកល្បីមកដល់ហើយ។ ពេលនោះ ឯកឧត្តម ឆាត់ឆៃ ឈុនហាវ៉ាន់ គាត់សួរខ្ញុំថា តើនៅប្រទេសកម្ពុជាមានទំនិញរបស់ថៃ ឬអត់?

ខ្ញុំថា ខ្ញុំប្រើទំនិញថៃមួយគំនរ។ (គាត់ថា) ថៃអត់មានលក់ទំនិញឱ្យកម្ពុជាទេ ព្រោះហាមឃាត់ទំនិញ។ ខ្ញុំថា ឯកឧត្តមយល់ខុសហើយ។ មានប្រទេសមួយទៀតស្រែកខ្លាំងណាស់អំពីទណ្ឌកម្ម តែអ្នកនោះហើយយកទំ​និញ​ឯកឧត្តមមកលក់ឱ្យខ្ញុំ។ ឯទំនិញរបស់កម្ពុជា ផលិតផលរបស់កម្ពុជាក៏មានលក់ក្នុងប្រទេសថៃដែរ។ អញ្ចឹងទេ បានជាពេលនោះ ឯកឧត្តម ឆាត់ឆៃ ឈុនហាវ៉ាន់ និយាយថា អញ្ចឹងគួរតែរកស៊ីផ្ទាល់ជាមួយគ្នាតែម្តងទៅ ​មិនចាំបាច់ឆ្លងកាត់ប្រទេសមួយទៀតទេ។ ប៉ុន្តែសូមទូទាត់ជាប្រាក់បាត។ ខ្ញុំថាមានអី នៅតាមទល់ដែនខ្មែរ-ថៃ មានប្រើប្រាក់បាតតើ។ ដូច្នេះតាំងពីឆ្នាំ ១៩៨៩ មកបានជារកស៊ីផ្ទាល់ជាមួយគ្នាតែម្តង។ ក្នុងពេលដែលថៃហាមឃាត់ទំនិញរបស់ថៃកុំឱ្យចូល ប្រទេសមួយទៀតទិញទំនិញថៃមកលក់ឱ្យកម្ពុជា មានស្អីខុស។ រឿងហ្នឹង បើឱ្យខ្ញុំមកឈរនិយាយនៅបណ្ឌិត្យសភា ខ្ញុំនិយាយ ១០០ ម៉ោង។ និយាយពីបទពិសោធន៍ ក្នុងអាស៊ាន កាលហ្នឹងអាស៊ានគ្នាគាត់​ទណ្ឌកម្មទំនិញប៉ុន្មាន ១០០ មុខ ប៉ុន្មាន ១០០០ មុខ រៀបរាប់ទាំងអស់ ប៉ុន្តែទំនិញអស់ហ្នឹងវានៅស្រុកខ្មែរទាំងអស់។ ដល់សួរមកពីណា មកពីប្រទេសមួយទៀត (អ្នកនាំ)។ ហាមតែថៃ ប៉ុន្តែប្រទេសហ្នឹងមានហាមណា។ ពេលហ្នឹង ខ្ញុំប្រើក្រុមហ៊ុនឯកជនទាំងអស់​រកស៊ីជាមួយគេ …។

បរទេសមកជួយ ហើយដកទៅវិញ កម្ពុជានៅឈរបាន

សូមបញ្ជាក់ប្រវត្តិនៅលើពិភពលោកមានតែកម្ពុជាទេ ដែលបរទេសមកជួយហើយ បរទេសដកត្រឡប់ទៅវិញ កម្ពុជានៅឈរបានដល់រាល់ថ្ងៃ។ យើងមើលវៀតណាមខាងត្បូងរបប ធីវគី អាមេរិកចូលជួយ ពេលដែលអាមេរិកដកចេញដួលរលំ និងវៀតណាមខាងត្បូង។ លន់ នល់ អាមេរិកចូលមកជួយ អាមេរិកដកទៅវិញដួលរលំ។​ អាហ្វហ្គានីស្ថាន សូវៀតចូលមកជួយ ពេលដែលសូវៀតដកចេញពីវិញដួលរលំ។ ប្រធានាធិបតីត្រូវគេចាប់ព្យួរកផង … ចំពោះកម្ពុជា ពេលដែលវៀតណាមចូលមក ហើយវៀតណាមនៅហ្នឹងក៏នាយករដ្ឋមន្ត្រី ហ៊ុន សែន ដល់វៀតណាមត្រឡប់ទៅវិញ ក៏នៅតែនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ ហ៊ុន​ សែន បន្តដល់ថ្ងៃនេះ … សច្ចធម៌វានៅកន្លែងហ្នឹង។ ខ្ញុំមានវិធីសាស្ត្ររបស់ខ្ញុំ។ មិត្តវៀតណាមក៏មានវិធីសាស្ត្រ ត្រង់ចំណុចដែរថា​វៀតណាមចូលមកកម្ពុជា ភារកិច្ចរបស់គាត់គឺភារកិច្ចវាយ ប៉ុល ពត ទប់ស្កាត់ការវិលត្រឡប់នៃ របប ប៉ុល ពត ឯ​ភារកិច្ចសម្រេចកិច្ចការនយោបាយសេដ្ឋកិច្ចសង្គម គឺសម្រេចលើកម្ពុជា។ នៅពេលដែលកម្ពុជាឈានជើងចូលសេដ្ឋកិច្ចទីផ្សារ វៀតណាមនៅធ្វើសហករណ៍ទេ វៀតណាមនៅធ្វើសេដ្ឋកិច្ចផែនការសង្គមនិយមទេ។ ចំណុចនេះវាអត់ដូចគ្នាទេ ដែលខ្ញុំធ្លាប់និយាយថា ការលំបាករបស់ខ្ញុំមានដល់ ៣។ ពេលនោះ វៀតណាមនៅធ្វើសេដ្ឋកិច្ចផែនការ អត់ទាន់មានដូយមើយទេ ង្វៀន វ៉ាន់លីញ ឡើងធ្វើអគ្គលេខាបក្សបានចាប់ផ្តើមមានអាការកែទម្រង់។

ត្រូវតែរឹងមាំក្នុងការគ្រប់គ្រងជីពចររបស់ជាតិ

យើងនៅទីនេះ បានចែកដីឱ្យប្រជាពលរដ្ឋ ហើយចាប់ផ្តើមចូលក្នុងវិស័យសេដ្ឋកិច្ចទីផ្សារហើយ ដែលអន្តរកាលរបស់វាចាប់ផ្តើមពីសេដ្ឋកិច្ចផែនការទៅជាសេដ្ឋកិច្ចទីផ្សារ ដោយឆ្លងកាត់អន្តរកាល សេដ្ឋកិច្ចផែនការគួបផ្សំទីផ្សារ។ ពេលកិច្ចព្រមព្រៀងប៉ារីស ស៊ីញ៉េហើយ កម្ពុជាមានសេដ្ឋកិច្ចទីផ្សារសេរីរួចស្រេចទៅហើយ ដែលបន្ទាប់ទៅយើងបានធ្វើសុក្រឹតកម្មសេដ្ឋកិច្ចទីផ្សារ រហូតដល់យើងឈានជើងចូលអង្គការពាណិជ្ជកម្មពិភពលោក … មុនវៀតណាម។ វៀតណាមចូលអង្គការពាណិជ្ជកម្មពិភពលោកក្រោយកម្ពុជាទេ។ ចំណុចទាំងនេះ អ្នកណាជាចៅហ្វាយ អ្នកណាជាអាយ៉ង? អញ្ចឹងបានខ្ញុំចេះតែនិយាយប្រាប់ ប្រជុំនេះប្រជុំនោះ ខ្ញុំថាមើល ឯកឧត្តម លោកជំទាវ កាលពីមុនថា ខ្ញុំជាអាយ៉ងវៀតណាម ក៏ប៉ុន្តែនៅពេលវៀតណាមមានកងទ័ពនៅស្រុកខ្មែរ ខ្ញុំមានសេរីភាពក្នុងការសម្រេចចិត្តគ្រប់យ៉ាង។

តែឥឡូវ បើខ្ញុំមិនធ្វើតាមអស់លោកទេ អស់លោកមិនឱ្យឥណទាននេះឥណទាននោះ រាប់ទាំងដែលឱ្យលក់គយ​។ ពេលហ្នឹងអស់លោកដែលជាសមាជិក សមាជិការដ្ឋាភិបាលនៅចាំទេ គេដាក់ឱ្យយើងលក់គយពាក់កណ្តាល។ តែខ្ញុំមិនព្រម។ ដល់មិនព្រមអញ្ចឹង គេខឹងខ្ញុំ។ ខឹងៗទៅ។ ឥឡូវលើការជាក់ស្តែង បើខ្ញុំលក់គយ តើលទ្ធផលវាយ៉ាងម៉េចហើយ?​ អន្តរាយខ្ទេច។ គយជាសេវាអធិបតេយ្យមិនអាចឱ្យនរណាទេ។ ឥឡូវប្រាក់ចំ​ណូលគយឆ្នាំនេះលើសផែនការពី ៧០០ ទៅ ៨០០ លានដុល្លារ។ ផែនការគ្រោងទុកវាលើសពីឆ្នាំមុនទៅហើយប៉ុន្តែ ឥឡូវនេះ វាបានលើសក្នុងរង្វង់ប្រមាណជា ៥០០ លានដុល្លារ។ នៅសល់ ១ ខែកន្លះទៀត អញ្ចឹងវាអាចទៅដល់ ៧០០ ទៅ ៨០០ លានដុល្លារ … ប្រាក់ចំណូលគយមួយ យើងអាចចិញ្ចឹមប្រាក់ខែមន្ត្រីរាជការរបស់យើងបានគ្រប់គ្រាន់។ បើពេលនោះព្រមលក់ ប្រាក់ហ្នឹងមិនចែកគេពាក់កណ្តាល ហើយមិនដឹងថាវាទៅជាអីផង? យកគេយកមករួមចំណែកត្រួតត្រាជាដូចកូនរដ្ឋមួយ។ មិនដឹងបានបទពិសោធន៍ពីណាកាលហ្នឹង គេយកមកបង្រៀនយើង។ ប៉ុន្តែមានជនបរទេស ២ នាក់ សរសេរសំបុត្រទុកជាបណ្តាំ បើមានរឿងអីកើតឡើងកុំបន្ទោសគាត់ ព្រោះគាត់ធ្វើតាមគេ ហើយគាត់អត់ហ៊ានចេញមុខទៀត ខ្លាចគេកាត់ប្រាក់ខែ គេដេញចេញ។

រឿងវាមិនលេងទេ។ អញ្ចឹងបានថាយើងត្រូវតែរឹងមាំក្នុងការគ្រប់គ្រងជីពចររបស់ជាតិយើង។ មិនអាចឱ្យបរ​ទេសមកគ្រប់គ្រងជីពចរជាតិរបស់យើងទេ។ អញ្ចឹងបានជាខ្ញុំចេះតែអំពាវនាវថា ត្រូវឱ្យមានមារយាទក្នុងការគ្រប់គ្រងសេដ្ឋកិច្ច រកបាន ១០ ចាយតែ ៨ បានហើយ សន្សំ ២ អាហ្នឹងបានយើងវាមានប្រាក់ ដើម្បីនឹងវិនិយោគ និងធ្វើអ្វីបន្ត។ កុំរកបាន ១០ ចាយដល់ ១៥ អតិផរណាពេញ ហើយចាប់ផ្តើមបោះក្រដាសប្រាក់​ អាហ្នឹងអត់លេងទេ។ និយាយច្រើនពេកហើយ ថាមិនចង់និយាយច្រើន ប៉ុន្តែមកដល់ជួបគ្នាហើយចេះតែជក់មាត់ … ប៉ុន្តែនេះជាបទពិសោធន៍ …។

អំណោយ

ថ្ងៃនេះមានសាស្រ្តាចារ្យ បុគ្គលិក ចំនួន ២៤១នាក់ ក្នុងម្នាក់ៗ សូមជូនថវិកាចំនួន ២០ ម៉ឺនរៀល ជូនរាជ​បណ្ឌិត្យសភាកម្ពុជាចំនួន ១០ លានរៀល ហើយជាមួយការប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់នូវ អគារឥន្ទ្រទេវី ដែលជាជំនួយរបស់លោក ឧកញ៉ា ពង់ ខៀវសែ តាមរយៈខ្ញុំ ក៏ដូចជាអបអរសាទរចំពោះជ័យលាភីដែលទទួលបាននូវកិត្តិយស ជាគោរមងារ​ និងសញ្ញាបត្រនៅថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរចំពោះ ព្រះតេជគុណ ព្រះសង្ឃ ជូនពរ ឯកឧត្តម លោកជំទាវ និងអស់លោក លោកស្រី ជួបប្រទះតែពុទ្ធពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕​

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យ និងជូនដំណើរពលរដ្ឋ ឡើងរថយន្តក្រុងសាធា...

នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា បានឆ្មក់ចុះទៅពិនិត្យ និងជូនដំណើរប្រជាពលរដ្ឋឡើងរថយន្តក្រុងសាធារណៈ​ចេញទៅស្រុកកំណើត​ក្នុង​ឱកាសបុណ្យភ្ជុំបិណ្ឌ។