សម្រង់ប្រសាសន៍​សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបើកសន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន លើកទី ១២ “តួនាទីព្រះរាជអាជ្ញាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងតំបន់”

CNV:

ឯកឧត្តម លោកជំទាវ អគ្គព្រះរាជឤជ្ញា អគ្គរដ្ឋអាជ្ញា នៃបណ្តាប្រទេសសមាគមឤស៊ាន និងសាធារណៈរដ្ឋប្រជាមានិតចិន!
ឯកឧត្តម លោកជំទាវ លោក/ស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ជាទីមេត្រី!

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដែលបានមកចូលរួម ក្នុងពិធីបើកសន្និសីទអគ្គព្រះរាជឤជ្ញាឤស៊ាន-ចិនលើកទី ១២ ក្រោមប្រធានបទ “តួនាទីព្រះរាជឤជ្ញាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងតំបន់” ដែលប្រារព្ធឡើងយ៉ាងឱឡារិកនាពេលនេះ។

ខ្ញុំសូមស្វាគមន៍ និងថ្លែងអំណរគុណ ឯកឧត្តម លោកជំទាវ អគ្គព្រះរាជឤជ្ញា អគ្គរដ្ឋអាជ្ញា នៃបណ្តាប្រទេសសមាគមឤស៊ាន និងសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម លោកជំទាវ អស់លោក/ស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលកំពុងមានវត្តមាននៅលើទឹកដីខេត្តសៀមរាប ដែលជារាជធានីអច្ឆរិយៈ នៃឤណាចក្រខ្មែរនាសម័យអង្គរ។

ថ្ងៃនេះ កម្ពុជាពិតជាមានកិត្តិយស ដែលបានធ្វើជាម្ចាសផ្ទះរៀបចំសន្និសីទដ៏មានសារៈសំខាន់នេះ ស្របពេលដែលបណ្តាប្រទេសសមាជិកឤស៊ាន ក៏ដូចជា ប្រទេសនៅក្នុងតំបន់ កំពុងរួមគ្នាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលជាឧក្រិដ្ឋកម្មឆ្លងដែនប្រកបដោយគ្រោះថ្នាក់ ហើយកំពុងរីករាលដាលនៅក្នុងតំបន់របស់យើង។

ជាការពិត ភាពជឿនលឿន នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាព័ត៌មានក្នុងយុគសម័យទំនើបនេះ បានធ្វើឱ្យចរន្តសេដ្ឋកិច្ចពិភពលោកមានការវិវត្តយ៉ាងលឿន។ ទន្ទឹមនេះ ការរីកចម្រើនទីផ្សារការងារក្នុងពិភពលោក ក៏ដូចជា នៅក្នុងបណ្តាប្រទេសឤស៊ាន បានជំរុញឱ្យប្រទេសសមាជិកឤស៊ាន និងប្រទេសក្នុងតំបន់ទទួលបាននូវកំណើនសេដ្ឋកិច្ចពាណិជ្ជកម្ម និងការវិនិយោគក្នុងកម្រិតមួយគួរឱ្យកត់សម្គាល់ និងបានបង្កើតឱ្យមានទីផ្សារការងារយ៉ាងច្រើនសន្ធឹកសន្ធាប់។ តាមរយៈចរន្ត នៃទីផ្សារការងារ និងដំណើរចល័ត នៃកម្លាំងពលកម្មអន្តរជាតិធ្វើឱ្យកើតនូវ “អំពើជួញដូរមនុស្ស” ជាយថាហេតុនៅក្នុងបណ្តាប្រទេសសមាជិកឤស៊ាន រួមទាំងបណ្តាប្រទេសនៅក្នុងតំបន់ផងដែរ។ ជាមួយគ្នានេះ ការកេងប្រវ័ញ្ចគ្រប់រូបភាពពីស្ថានភាពស្វែងរកការងារនៅក្នុងស្រុក និងការធ្វើចំណាកស្រុកទៅក្រៅប្រទេស ធ្វើឱ្យឧក្រិដ្ឋជនឆ្លៀតឱកាសបង្កើតឱ្យមាន “ អំពើជួញដូរមនុស្ស” ការកេងប្រវ័ញ្ចពលកម្ម ជួញដូរផ្លូវភេទ ជួញដូរទារក និងកុមារ និងការជួញដូរសរីរាង្គមនុស្ស ដែលជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរ ចាំបាច់តម្រូវឱ្យប្រទេសសមាជិកឤស៊ាន និងចិន ផ្តោតការយកចិត្តទុកដាក់ខ្ពស់ និងត្រូវរួមគ្នាទប់ស្កាត់ឱ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ទាំងនៅក្នុងតំបន់ និងក្នុងពិភពលោក។

ជាក់ស្តែង “អំពើជួញដូរមនុស្ស “ នៅកម្ពុជាបច្ចុប្បន្ន ក៏ដូចជា បណ្តាឆ្នាំកន្លងមក ត្រូវបានរាជរដ្ឋាភិបាលចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលា តាមរយៈការពង្រឹងច្បាប់ ការអនវុត្តនូវគោលនយោបាយបង្ការ ទប់ស្កាត់ និងការពារជនរងគ្រោះ ជាមួយការអនុវត្តច្បាប់ព្រហ្មទណ្ឌយ៉ាងខ្ជាប់ខ្ជួន។ ហើយជាបន្តបន្ទាប់ ដោយមានកិច្ចសហការល្អ រវាងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធ ស្ថាប័នអយ្យការ និងតុលាការ ធ្វើឱ្យកម្ពុជាទទួលបាននូវលទ្ធផលគួរជាទីមោទនៈ ក្នុងការទប់ស្កាត់ឧក្រដ្ឋិកម្មឆ្លងដែនកន្លងមក។

ទន្ទឹមនេះ កម្ពុជាបានអនុម័ត និងកំពុងរៀបចំច្បាប់គោលនយោបាយ លិខិតបទដ្ឋានពាក់ព័ន្ធជាមួយនឹងការបង្ការ ទប់ស្កាត់ បង្ក្រាប និងផ្ដន្ទាទោស “អំពើជួញដូរមនុស្ស” រួមមាន៖ ក្រមនីតិិវិធីព្រហ្មទណ្ឌឆ្នាំ ២០០៧ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងការធ្វើឤជីវកម្មផ្លូវភេទឆ្នាំ ២០០៨ ក្រមព្រហ្មទណ្ឌឆ្នាំ ២០១០ សេចក្តីព្រាងច្បាប់ស្តីពី “ការពពោះជំនួស” សេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋាននានា ព្រមទាំងបានចុះអនុស្សរណៈ នៃការយោគយល់គ្នាជាច្រើនទៀត ជាមួយបណ្តាប្រទេសជាមិត្តិ  ទាំងក្នុងតំបន់ និងអន្តរជាតិ ទាក់ទងនឹងអំពើជួញដូរមនុស្ស ជាពិសេស ចំពោះស្ត្រី និងកុមារ ការសង្គ្រោះ ការស្តារឡើងវិញ ការធ្វើមាតុភូមិនិវត្តន៍ និងការធ្វើសមាហរណកម្មជនរងគ្រោះដោយ “អំពើជួញដូរ”។

ដូច្នេះ ការបង្ការ ទប់ស្កាត់ បង្ក្រាប និងផ្តន្ទាទោស “អំពើជួញដូរមនុស្ស” គឺជាគោលនយោបាយដ៏សំខាន់ដែលរាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ និងបានអនុវត្តកន្លងមក តាមរយៈការផ្សព្វផ្សាយគ្រប់ទម្រង់នៃ “អំពើជួញដូរមនុស្ស” តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន។ ជាក់ស្តែង រាជរដ្ឋាភិបាលបានប្រារព្ធទិវាប្រយុទ្ធប្រឆាំង “អំពើជួញដូរមនុស្ស” នៅឆ្នាំ ២០១៨ កន្លងមក ដោយមានអ្នកចូលរួមប្រមាណ ៣ ០០០ អង្គ/នាក់ ដែលជាថ្នាក់ដឹកនាំកំពូលសំខាន់ៗ ក្នុងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការ អង្គទូតនានានៅកម្ពុជា រួមទាំងឤជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់ឤវុធគ្រប់ប្រភេទ តំណាងសាសនា និយោជិត កម្មករ និយោជក សាស្ត្រាចារ្យ លោក/អ្នកគ្រូ និស្សិត សិស្សានុសិស្ស និងប្រជាពលរដ្ឋ។ ជាមួយនេះ រាជរដ្ឋាភិបាល បានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអង្គការជាតិ-អន្តរជាតិនានា និងទូរទស្សន៍ បង្កើតឱ្យមានជាឃ្លីបវីដេអូ និងបទយកការណ៍ ដើម្បីបង្ហាញឱ្យប្រជាជនគ្រប់ស្រទាប់យល់ដឹងនូវអំពើជួញដូរមនុស្ស ជាមួយនឹងការបង្កើតនូវយន្តការផ្សព្វផ្សាយជាប្រចាំ ឱ្យបានទូលំទូលាយនៅទូទាំងប្រទេស ។

ការប្រយុទ្ធប្រឆាំង “អំពើជួញដូរមនុស្ស” គឺជាបញ្ហាសកល លំបាក និងស្មុគស្មាញ គឺជាបទល្មើសឆ្លងដែនខុសច្បាប់ និងជាឧក្រិដ្ឋកម្ម ដែលមានវិសាលភាពទាំងក្នុងតំបន់ឤស៊ាន និងសកលលោក។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហាសកលនេះឱ្យបានទាន់ពេលវេលា បណ្តាប្រទេសសមាជិកឤស៊ាន-ចិន ត្រូវមានគោលការណ៍រួមមួយឯកភាពគ្នា សហការគ្នាយ៉ាងជិតស្និទ្ធ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។ ក្នុងស្មារតីនេះ ខ្ញុំសូមចូលរួមចែករំលែកនូវអនុសាសន៍មួយចំនួនដល់អង្គសន្និសីទដូចខាងក្រោម៖

១. អគ្គព្រះរាជឤជ្ញាឤស៊ាន-ចិន ត្រូវរួមគ្នាធ្វើកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធជាមួយបណ្តាស្ថាប័ន និងប្រទេសពាក់ព័ន្ធនឹង “អំពើជួញដូរមនុស្ស” ជាពិសេស នៅក្នុងប្រទេសឆ្លងកាត់ និងប្រទេសគោលដៅ ដើម្បីឆ្លើយតប និងដោះស្រាយឱ្យបានទាន់ពេលកំណត់ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព។

២. អគ្គព្រះរាជឤជ្ញាឤស៊ាន-ចិន ត្រូវរួមគ្នាពិនិត្យ និងវាយតម្លៃបញ្ហា “អំពើជួញដូរមនុស្ស” តាមរយៈស្មារតីទទួលខុសត្រូវខ្ពស់ ប្រកបដោយគុណភាព និងប្រសិទ្ធភាពជាមួយប្រទេស និងស្ថាប័នពាក់ព័ន្ធ ដូចមានចែងក្នុងកិច្ចព្រមព្រៀង ឬអនុស្សរណៈ នៃការយោគយល់គ្នា ដែលបានចុះហត្ថលេខាកន្លងមក។

៣. អគ្គព្រះរាជឤជ្ញាឤស៊ាន-ចិន និងស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាបន្ត និងបង្កើនកិច្ចសហការឱ្យបានទូលំទូលាយ បង្កលក្ខណៈងាយស្រួល និងចូលរួមផ្តល់ធនធាន សម្រាប់ប្រតិបត្តិការជាប្រព័ន្ធ ដេើម្បីអាចឆ្លើយតបបញ្ហាបានទាន់ពេលវេលា ស្តីពី “អំពើជួញដូរមនុស្ស” ប្រកបដោយប្រសិទ្ធភាពខ្ពស់។

៤. អគ្គព្រះរាជឤជ្ញាឤស៊ាន-ចិន ត្រូវរួមគ្នាធ្វើកំណត់ត្រា និងចងក្រងរបាយការណ៍ជាមួយនឹងភស្តុតាងជាក់ស្តែង ដើម្បីបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលជាឧក្រិដ្ឋកម្មបង្កគ្រោះថ្នាក់ដល់សង្គមជាតិ និងកំពុងប៉ះពាល់ដល់កិច្ចដំណើរការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចនៅក្នុងតំបន់ និងសកលលោក។

[ចាប់ផ្តើមសេចក្តីអធិប្បាយ]

នៅក្នុងអាស៊ានរបស់យើងពិតមែនតែជាសហគមន៍មួយ ក៏ប៉ុន្តែ ប្រទេសនីមួយៗមានច្បាប់ដោយឡែកពីគ្នា 

អនុញ្ញាតឱ្យខ្ញុំបាននិយាយបន្ថែមទៅលើចំណុចនេះបន្តិច ដូចលោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញាអមតុលាការកំពូលបានលើកឡើងអម្បាញ់មិញ នៅក្នុងអាស៊ានរបស់យើងពិតមែនតែជាសហគមមួយ ក៏ប៉ុន្តែ ប្រទេសនីមួយៗមានច្បាប់ដោយឡែកពីគ្នា ដូច្នេះ អ្វីដែលយើងអាចធ្វើបាន គឺការខិតខំធ្វើកិច្ចសហប្រតិបត្តិការតាមរយៈកិច្ចព្រមព្រៀង ដែលយើងអាចរួមគ្នាធ្វើទៅកើត។ យើងមិនទាន់អាចឈានទៅបង្កើតជាសហគមន៍អាស៊ានមួយដោយមានច្បាប់ដូចៗគ្នានោះទេ។ នេះមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែ យើងអាច ធ្វើការងារជាមួយគ្នាបាន តាមរយៈបង្កើតឱ្យមានកិច្ចព្រមព្រៀងសហប្រតិបត្តិការនៅក្នុងក្របខណ្ឌអាស៊ាន ក៏ដូចជាដៃគូ ហើយជាពិសេសថ្ងៃនេះដៃគូជាមួយសាធារណរដ្ឋប្រជាមានិតចិន។

ច្បាប់នៅប្រទេសនីមួយៗមិនដូចគ្នាទេ ឧទាហរណ៍៖ ការជួញដូរមនុស្សនៅប្រទេសនេះ តម្រូវឱ្យមានទោសត្រឹមតែប៉ុណ្ណេះ ប៉ុន្តែ នៅប្រទេសមួយទៀតអាចធ្ងន់ជាងនោះ។ ឧទាហរណ៍៖ គ្រឿងញៀនកើតឡើងនៅកម្ពុជា ដោយកម្ពុជាគ្មានទោសប្រហារជីវិតទេ ក៏ប៉ុន្តែ នៅប្រទេសដទៃក្នុងអាស៊ាន គឺមានទោសប្រហារជីវិត ដូច្នេះ មានតែវិធីដើម្បីស្វែងរកនូវការព្រមព្រៀងគ្នា ដើម្បីអនុវត្តច្បាប់នៅក្នុងដំណាក់កាលអន្តរកាលរយៈពេលវែង ដើម្បីឈានឱ្យដល់នូវការតភ្ជាប់ផ្នែកទន់ ទាក់ទងនឹងផ្លូវច្បាប់ពីប្រទេសមួយទៅកាន់ប្រទេសមួយ។

២០២៤ អាស៊ាននឹងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតបាល់ទាត់ពិភពលោក នេះជាអត្តសញ្ញាណរួមរបស់អាស៊ាន

ខ្ញុំគិតថា យើងអាចធ្វើទៅរួច តាមរយៈ នៃកិច្ចប្រជុំជាទៀងទាត់ រវាងអគ្គព្រះរាជអាជ្ញា (និង/ឬ)រវាងប្រធានតុលាការកំពូល នៃបណ្តាប្រទេសអាស៊ានផងដែរ ហើយក្រៅពីនោះនៅមានស្ថាប័នផ្សេងៗ ដែលអាចធ្វើទៅរួច។ ឥឡូវនេះ អាស៊ានមានចំណុចរួមមួយ នៅត្រង់ថា ឆ្នាំ ២០២៤ អាស៊ាននឹងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតបាល់ទាត់ពិភពលោក (World Cup) នេះជាអត្តសញ្ញាណរបស់អាស៊ាន ដែលទើបចុះហត្ថលេខា រវាងអាស៊ានជាមួយនឹង FIFAកាលពីប៉ុន្មានថ្ងៃមុននៅទីក្រុងបាងកក ពេលនោះ ប្រទេសទាំងអស់នៅក្នុងអាស៊ាននឹងក្លាយទៅជាកន្លែងតែមួយ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ហើយអាស៊ានអាចបង្កើតជាធីម (Team) បាល់ទាត់មួយទៅប្រកួតជាមួយប្រទេសដទៃ។ កម្ពុជាអាចមាន ១ នាក់ ថៃអាចមាន ២ នាក់ វៀតណាមអាចមាន ២ នាក់ ហើយពីប្រទេសនានាចូល(រួម) ត្រង់ឈ្នះឬចាញ់មិនដឹងទេ។ ប៉ុន្តែ អត្តសញ្ញាណសំខាន់របស់អាស៊ានត្រង់ហ្នឹងហើយដែលខ្ញុំធ្លាប់និយាយថា ចំណុចរួមអាស៊ាន ដែលអាចធ្វើទៅរួចមុនគេ គឺបង្កើតក្រុមកីឡាបាល់ទាត់អាស៊ានតែម្តង។

ទាក់ទងនឹងបញ្ហាលំហូរមនុស្ស/ពលកម្ម ក្នុងពេលជាមួយគ្នានោះ ការជួញដូរមនុស្ស/កេងប្រវ័ញ្ច បានកើតឡើង

បន្ទាប់ពីនោះហើយ យើងនឹងឈានធ្វើអ្វីៗទាំងឡាយ ដែលយើងអាចធ្វើជាមួយគ្នាបាន ក្នុងនោះ ទាក់ទងនឹងបញ្ហាលំហូរមនុស្ស/ពលកម្ម ដែលបានអនុម័តនៅទីក្រុងម៉ានីឡាកាលពីប៉ុន្មានឆ្នាំមុននេះ រឿងនេះ បានក្លាយទៅជាបញ្ហាសំខាន់មួយសម្រាប់យើង។ ឥឡូវ ទីផ្សារការងារ គឺធ្វើឱ្យប្រជាពលរដ្ឋទទួលបានការងារធ្វើ ប៉ុន្តែ នៅក្នុងពេលជាមួយគ្នានោះ ការជួញដូរមនុស្ស/កេងប្រវ័ញ្ច បានកើតឡើងនៅក្នុងពេលហ្នឹងតែម្តង ឧទាហរណ៍៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា មានពលករចូលមកធ្វើការក្នុងប្រទេសថៃ មានអ្នកទៅដោយមិនមាន ការបង់ប្រាក់ទេ ប៉ុន្តែ នៅមានអ្នកចាញ់បោកគេទៅដែរ ធ្វើឱ្យគេបោកលុយបាន។ មានពលករកម្ពុជានៅកូរ៉េ ប្រមាណ ៥ ម៉ឺននាក់ បើតាមខ្ញុំដឹង វៀតណាមមានពលករនៅកូរ៉េជាង ២០ ម៉ឺននាក់ ខ្ញុំជួបនាយករដ្ឋមន្ត្រី ង្វៀង ស៊ុនហ្វុក កាលពីម្សិលម្ង៉ៃនៅទីក្រុងបាងកក គាត់បាននិយាយថា ពលករវៀតណាមនៅឯកូរ៉េខាងត្បូងមានជាង ២០ ម៉ឺននាក់ ឯណោះ ប៉ុន្តែ ខ្ញុំនិយាយពីពលករពីកម្ពុជាទៅកូរ៉េ នៅមានអ្នកចាញ់បោកគេ ទៀត ទោះបីយើងបញ្ជូនតាមផ្លូវការ មានការប្រឡងច្បាស់លាស់ ឧទាហរណ៍៖ សេវាត្រូវបង់ចំនួនប៉ុណ្ណេះ ប៉ុន្តែ នៅមានអ្នករត់ការទៅពីលើ ដើម្បីទទួលបានប្រាក់ពីពលករ នេះជាការកងប្រវ័ញ្ចមួយទៅលើញើសឈាមរបស់កម្មករ។

ប្រសិនបើរាជរដ្ឋាភិបាលមិនអាចគ្រប់គ្រងបាននយោបាយព្រហ្មទណ្ឌទេ នោះគឺជាគ្រោះថ្នាក់

ចំណុចទាំងអស់នេះ គឺសុទ្ធតែជាចំណុច ដែលយើងត្រូវការពារអ្នកដែលងាយរងគ្រោះ តាមរយៈតួនាទីរបស់ព្រះរាជអាជ្ញា (នៅ)មុនពេល ដែលយើងចូលប្រជុំនេះ ខ្ញុំបានជម្រាបអំពីការគ្រប់គ្រងនយោបាយ ព្រហ្មទណ្ឌរបស់រាជរដ្ឋាភិបាល ដែលរាជរដ្ឋាភិបាលត្រូវតែមានចំណែកក្នុងការគ្រប់គ្រង និងរៀបចំទៅលើព្រះរាជអាជ្ញា បើមិនដូច្នោះ រាជរដ្ឋាភិបាលនឹងបាត់បង់ទាំងអស់នូវការគ្រប់គ្រងនយោបាយព្រហ្មទណ្ឌរបស់ប្រទេស។ ពិតមែនហើយ ដំណើរការរបស់តុលាការ ត្រូវតែជាដំណើរការឯករាជ្យ ក៏ប៉ុន្តែ ប្រសិនបើរាជរដ្ឋាភិបាលមិនអាចគ្រប់គ្រងបាននយោបាយព្រហ្មទណ្ឌទេ នោះគឺជាគ្រោះថ្នាក់។ ឧទាហរណ៍៖ ករណី ត្រូវចោទ អ្នកណាជាអ្នកចោទ? ព្រះរាជអាជ្ញា គឺជាអ្នកចោទ។ ព្រះរាជអាជ្ញាតំណាងឱ្យរដ្ឋ ត្រូវធ្វើការចោទប្រកាន់ បើព្រះរាជអាជ្ញាគាត់តាំងខ្លួនជាអ្នកឯករាជ្យ មិនព្រមចោទ(ប្រកាន់) អញ្ចឹង នយោបាយព្រហ្មទណ្ឌរបស់រាជរដ្ឋាភិបាលនៅកន្លែងណា? គឺមិនអាចធ្វើទៅរួចទេ។ ក្តីនៅសាលាដំបូង ចៅក្រមកាត់ឱ្យរួចខ្លួន ឬក៏កាត់ស្រាលពេក បែរជាព្រះរាជអាជ្ញាមិនព្រមធ្វើការប្តឹងឧទ្ធរណ៍ តើនេះខាងផ្នែករដ្ឋអាចគ្រប់គ្រងបាននូវនយោបាយព្រហ្មទណ្ឌឬទេ? នោះហើយស្ថិតនៅក្នុងកំណែទម្រង់ប្រព័ន្ធតុលាការរបស់យើង។

ទាល់តែព្រះរាជអាជ្ញាចេញដីកា ទើបនគរបាលយុត្តិធម៌ឃាត់/ចាប់ខ្លួន លើកលែងតែបទល្មើសជាក់ស្តែង

ការចេញដីកាដើម្បីចាប់ខ្លួន ឬឃាត់ខ្លួន គឺត្រូវចេញដោយព្រះរាជអាជ្ញា ទើបនគរបាលយុត្តិធម៌អនុវត្ត លើកលែងតែបទល្មើសជាក់ស្តែង ដោយមិនរង់ចាំនូវដីការរបស់ព្រះរាជអាជ្ញានោះទេ។ អញ្ចឹង រឿងជាទូទៅ អាចថាក្នុង ១ ០០០ រឿង គឺមាន ៩៩៩ ករណីហើយ ដែលត្រូវព្រះរាជអាជ្ញាចេញនូវដីកា ដើម្បីឱ្យនគរបាលយុត្តិធម៌ធ្វើការឃាត់/ចាប់ខ្លួន។ អញ្ចឹងទេ ប្រសិនបើព្រះរាជអាជ្ញាគាត់មិនព្រមចេញដីកា តើយើងធ្វើយ៉ាងម៉េចទៅក្នុងការគ្រប់គ្រងសន្តិសុខរបស់ប្រទេស? អញ្ចឹងទេ យើងខ្ញុំបានជ្រើសរើសយកប្រព័ន្ធមួយ ដែលផ្តល់នូវការសហការជាប់លាប់ រវាងប្រព័ន្ធតុលាការជាមួយនឹងអង្គនីតិប្រតិបត្តិ ដើម្បីឱ្យអង្គនីតិប្រតិបត្តិ គឺរាជរដ្ឋាភិបាលគ្រប់គ្រងបាននូវនយោបាយព្រហ្មទណ្ឌ។ នេះជាអ្វីដែលខ្ញុំចង់បញ្ជាក់ជូនបន្ថែមនៅទីនេះ។

[បញ្ចប់សេចក្តីអធិប្បាយ]               

ខ្ញុំសង្ឃឹមថា អង្គសន្និសីទនឹងបន្តប្រើប្រាស់យន្តការអគ្គព្រះរាជឤជ្ញាឤស៊ាន-ចិន ដែលជាវេទិកាពង្រឹងកិច្ចសហប្រតិបត្តិការ ប្រកបដោយឆន្ទៈរួមតែមួយក្នុងការប្រយុទ្ធប្រឆាំង “អំពើជួញដូរមនុស្ស” និងបទល្មើសឆ្លងដែនគ្រប់រូបភាព ដើម្បីធានានូវសន្តិសុខ និងសុវត្ថិភាពឆ្លងដែនដល់បណ្តាប្រជាជននៅក្នុងប្រទេសឤស៊ាន-ចិន និងនៅក្នុងតំបន់។

នៅទីបញ្ចប់នេះ ជាមួយនឹងការប្រកាសបើកសន្និសីទអគ្គព្រះរាជឤជ្ញាឤស៊ាន-ចិន លើកទី ១២ ក្រោមប្រធានបទ “តួនាទីព្រះរាជឤជ្ញាក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងតំបន់” ខ្ញុំសូមជូនពរអង្គសន្និសីទ ទទួលបានលទ្ធផលជាផ្លែផ្កា និងសូមជូនពរ សម្តេច ឯកឧត្តម លោកជំទាវ លោក/ស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ សូមមានសុខភាពល្អ ជាមួយនឹងភាពសប្បាយរីករាយ ក្នុងការស្នាក់នៅលើទឹកដីអង្គរដ៏ល្បីល្បាញ នៃព្រះរាជាណាចក្រកម្ពុជា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ