ឯកឧត្តម នាយករដ្ឋមន្រ្តី Boyko Borissov ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!
ជាបឋម ខ្ញុំសូមអរគុណដល់ឯកឧត្តម នាយករដ្ឋមន្រ្តី រដ្ឋាភិបាលប៊ុលហ្ការី ដែលបានទទួលខ្ញុំ និងគណៈប្រតិភូកម្ពុជា ក្នុងពេលបំពេញទស្សនកិច្ចផ្លូវការនៅទីនេះ។ នេះជាលើកទី ៥ ដែលខ្ញុំទស្សនកិច្ចនៅប៊ុលហ្ការី។ ៤ លើក នៅដើមទសវត្សរ៍ ៨០។ តាំងពីពេលនោះមក ប្រទេសទាំងពីរមានការប្រែប្រួលនៅក្នុងបញ្ហានយោបាយផ្ទៃក្នុងរបស់ខ្លួន ប៉ុន្តែ ក្នុងស្ថានភាពជាមិត្តចាស់ យើងតែងរកគ្នាជានិច្ច។ ទំនាក់ទំនងរវាងកម្ពុជា និងប៊ុលហ្ការី គឺមានប្រវត្តិជាង ៦០ ឆ្នាំ រួចមកហើយ ក្នុងនោះ កម្ពុជាអរគុណចំពោះប៊ុលហ្ការី ដែលបានផ្ដល់ជំនួយសម្រាប់កម្ពុជាក្នុងគ្រា ដែលកម្ពុជាលំបាកបំផុតក្រោយរបបប្រល័យពូជសាសន៍របស់ពួកខ្មែរក្រហម។
ខ្ញុំ ជាមួយនឹង ឯកឧត្តម នាយករដ្ឋមន្រ្តី បានជួបគ្នានៅទីក្រុងញូវយ៉កកាលពីឆ្នាំទៅ នៅឯទីស្នាក់ការអង្គការសហប្រជាជាតិ ហើយទើបថ្ងៃនេះ យើងក៏មានការជួបគ្នា ហើយនិយាយគ្នាដោយស្មោះត្រង់ ទៅលើទំនាក់ទំនងទ្វេភាគី ដែលយើងមានស្រាប់។ ខ្ញុំគិតថា ទស្សនកិច្ចរបស់ខ្ញុំនេះ នឹងបង្កើតបាននូវលទ្ធផលផ្លែផ្កាថ្មីៗថែមទៀត ហើយនិងជាផែនទីចង្អុលផ្លូវសម្រាប់ការពង្រឹងទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ។
ខ្ញុំយកឱកាសនេះ ក្នុងនាមប្រជាជនកម្ពុជា ដែលរួចរស់ពីការស្លាប់ ថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនប៊ុលហ្ការី ដែលបានផ្ដល់ជំនួយសម្រាប់កម្ពុជាពីអតីតកាល ហើយក៏សូមចូលរួមរំលែកទុក្ខជាមួយនឹងទាហានរបស់ប៊ុលហ្ការីចំនួន ៣ នាក់ ដែលបានបាត់បង់ជីវិតនៅក្នុងប្រតិបត្តិការរក្សាសន្តិភាពនៅកម្ពុជាកាលពីដើមទសវត្សរ៍ ៩០។
នៅក្នុងឱកាសនៃជំនួបពិភាក្សារវាងខ្ញុំ និងឯកឧត្តម នាយករដ្ឋមន្រ្តី Borissov យើងបានលើកឡើងសំខាន់ផ្ដោតទៅលើទំនាក់ទំនងទ្វេភាគី ដែលជម្រុញខ្លាំងទៅលើបញ្ហាវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ក៏ដូចជាវិស័យផ្សេងៗទៀត រាប់ទាំងវិស័យអប់រំ។ កាលពីក្នុងចន្លោះឆ្នាំ ១៩៨០ ដល់ ១៩៨៩ និស្សិតកម្ពុជាជិត ២០០ នាក់ បានមកសិក្សានៅទីនេះ។ អម្បាញ់មិញ ខ្ញុំបានស្នើឯកឧត្តមនាយករដ្ឋមន្រ្តី Borissov ដើម្បីនឹងផ្ដល់អាហារូបករណ៍សម្រាប់ការបណ្តុះបណ្តាលនិស្សិតកម្ពុជា។ សូមថ្លែងអំណរគុណចំពោះឯកឧត្តមនាយករដ្ឋមន្រ្តី ដែលបានឆ្លើយតបជាវិជ្ជមានសម្រាប់សំណើរបស់ខ្ញុំទាក់ទងជាមួយនឹងការបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា។
យើងក៏មានការពិភាក្សាដើម្បីបង្កើតនូវយន្តការផ្សេងៗ ដើម្បីជម្រុញនូវទំនាក់ទំនងរបស់ប្រទេសទាំងពីរ ដូច ដែលអស់លោក លោកស្រី បានឃើញអម្បាញ់មិញ យើងមានការចុះហត្ថលេខាលើឯកសារមួយចំនួន។ នៅពេលខាងមុខ រដ្ឋមន្រ្តី និងមន្រ្តីពាក់ព័ន្ធរបស់យើង នឹងធ្វើការជាមួយគ្នាបន្ថែមទៀត ដើម្បីជម្រុញនូវអ្វីដែលបានព្រមព្រៀងគ្នារួចមកហើយៗ សម្រេចបានលទ្ធផលផ្លែផ្កា និងខិតខំស្វែងរកនូវអ្វីដែលនឹងមានជាបន្ត ដើម្បីយើងអាចពង្រីកនូវទំនាក់ទំនងនោះថែមទៀត។
យើងក៏បានពិភាក្សាគ្នាទៅលើទិដ្ឋភាពមួយចំនួន ក្នុងទំនាក់ទំនងរវាងអាស៊ាន ជាមួយនឹងអឺរ៉ុបផងដែរ ហើយដោយសារតែកម្ពុជាក៏នឹងធ្វើជាម្ចាស់ផ្ទះ នៃការប្រជុំអាស៊ីអឺរ៉ុប ASEM នៅឆ្នាំ ២០២០ ខ្ញុំក៏បានអញ្ជើញឯកឧត្ដម នា យករដ្ឋមន្រ្តីទៅចូលរួមប្រជុំ ហើយពិនិត្យលទ្ធភាពធ្វើទស្សនកិច្ចនៅកម្ពុជាក្នុងពេលវេលាសមស្រប។
ជាថ្មីម្តងទៀត ខ្ញុំសូមអរគុណជាមួយនឹងការទទួល និងការជជែកពិភាក្សាដ៏ស្មោះត្រង់ជាមួយគ្នា ហើយចាត់ទុកគ្នាជាដៃគូចាស់ ជាមិត្តចាស់ និងបន្ថែមទៅនឹងកម្លាំងថ្មី នៃកិច្ចសហប្រតិបត្តិការរបស់យើង៕