ថ្លែងអំណរគុណចំពោះគ្រីស្ទបរិស័ទដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា
ជាដំបូង អនុញ្ញាតឱ្យខ្ញុំសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះព្រឹទ្ធាចារ្យ បូជាចារ្យ គ្រូបង្រៀន ថ្នាក់ដឹក នាំ និងគ្រីស្ទបរិស័ទទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ហើយសូមព្រះយេស៊ូគ្រីស្ទប្រទានពរជ័យសម្រាប់អស់លោកអ្នកទាំងអស់។ ថ្ងៃនេះជាថ្ងៃថ្មីមួយទៀត ដែលយើងសន្យាជួបគ្នាប្រចាំឆ្នាំ។ មួយឆ្នាំកន្លងផុតទៅ យើងបានធ្វើកិច្ចការជាច្រើនដើម្បីរួមចំណែកកសាងប្រទេសជាតិរបស់យើង។ ខ្ញុំសូមយកឱកាសនេះដើម្បីថ្លែងជូននូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងកក់ក្តៅចំពោះ គ្រីស្ទបរិស័ទទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានរួមចំណែកយ៉ាងធំធេង សម្រាប់ការរក្សាសន្តិភាព និងការអភិវឌ្ឍ។ ជាពិសេស ក៏សូមថ្លែងអំណរគុណចំពោះគ្រីស្ទបរិស័ទ ដែលបានបោះឆ្នោតជូនគណបក្សកម្ពុជាក្នុងរយៈពេលកន្លងទៅ។ យើងបាននិយាយគ្នាហើយថា នៅពេលដែលមានវត្តមានរបស់ខ្ញុំជានាយករដ្ឋមន្ត្រី យើងនឹងជួបគ្នាជាប្រចាំឆ្នាំ ហើយដោយសារតែការបោះឆ្នោតឆ្នាំទៅ គ្រីស្ទបរិស័ទមិនត្រឹមតែចូលរួមការបោះឆ្នោតប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏បានបោះឆ្នោតជូនគណបក្សប្រជាជន ដែលផ្តល់នូវលទ្ធភាពឱ្យខ្ញុំបន្តតំណែងជានាយករដ្ឋមន្ត្រី ទើបមានជំនួបនៅថ្ងៃនេះ។ Amen។
ជំនួបសាសនានឹងបន្តមាន ពីនេះដល់ ឆ្នាំ ២០២៣ និងបើបន្តជាប់ឆ្នោត ដល់ឆ្នាំ ២០២៨
ខ្ញុំសូមកោតសរសើរចំពោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ហឹម ឆែម ក្នុងរបាយការណ៍អម្បាញ់មិញទាក់ទងនឹងវឌ្ឍភាព នៃគ្រីស្ទបរិស័ទ នៃគ្រីស្ទសាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងចំណុចនេះ ក៏ដូចជាពេលមុនៗ ដែលខ្ញុំគួរតែត្រូវបានបញ្ជាក់អំពីទំនាក់ទំនងទាក់ទងជាមួយនឹងសេរីភាពនៃជំនឿខាងសាសនា។ បញ្ហាចម្បងរបស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រកាន់យកតាំងពីរំដោះ ៧ មករា ឆ្នាំ ១៩៧៩ គឺ ខិតខំដើម្បីធ្វើសុខដុមបនីយកម្មជាតិសាសន៍ និងសាសនា ធ្វើយ៉ាងណាដើម្បីធានាថា អ្នកដែលមានជំនឿ ឬគ្មានជំនឿ ទៅលើសាសនាណាមួយនៅក្នុងកម្ពុជា មិនត្រូវទទួលនូវការប៉ះទង្គិចណាមួយនោះទេ។ នៅទីនេះ ខ្ញុំត្រូវជួបជាប្រចាំឆ្នាំជាមួយនឹងគ្រីស្ទបរិស័ទ ហើយក៏ត្រូវជួបប្រចាំឆ្នាំជាមួយនឹងឥស្លាមសាសនាផងដែរ ហើយក៏មានជំនួបដទៃៗទៀត ប៉ុន្តែជំនួបទាំងនេះនឹងត្រូវកើតឡើងជាបន្ត ពីនេះដល់ឆ្នាំ ២០២៣។ ហើយនៅក្នុងឆ្នាំ ២០២៣ ប្រសិនបើគណបក្សប្រជាជនជាប់ឆ្នោតជាបន្តទៀត ខ្ញុំបន្តជានាយករដ្ឋមន្ត្រី សង្ឃឹមថា យើងនឹងមានជំនួបរហូតដល់ឆ្នាំ ២០២៨ ឯណោះ។
គណបក្សប្រជាជនកម្ពុជា តែងផ្តល់ការគោរពនូវសិទ្ធិ សម្រាប់ការជឿសាសនា
ប្រទេសកម្ពុជាពិសេសក្នុងក្របខ័ណ្ឌនៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា តែងផ្តល់នូវការគោរពនូវសិទ្ធិ សម្រាប់ការជឿសាសនាណាក៏បាន ចង់ជឿសាសនាណា ហើយក៏មិនគោរពទៅដល់អ្នកដែលមិនកាន់សាសនាណាទាំងអស់។ នៅក្នុងប្រទេសរបស់យើងមានសាសនាធំៗ ៣ ដែលកំពុងមានវត្តមាន៖ ទី ១៖ ព្រះពុទ្ធសាសនា ជាសាសនារដ្ឋ ទី ២៖ ឥស្លាមសាសនា និងទី ៣៖ គ្រីស្ទសាសនា។ ពិតមែនហើយ ភ្ញៀវពិសេសរបស់ខ្ញុំនៅថ្ងៃនេះ ដែលបានជួបខ្ញុំកាលពី ៤០ ឆ្នាំមុន គឺ លោក ណាយ៉ាន់ ចាន់ដា គឺគាត់អង្គុយតុជាមួយខ្ញុំនៅថ្ងៃនេះក្នុងឋានៈជាមិត្តចាស់ ហើយសរសេរនៅក្នុងទស្សនាវដ្តី Far Eastern Economic Review ហើយក៏បានជួបគ្នានៅទីក្រុងកូឡុំបូ គាត់ជាអ្នកកាន់សាសនាហិណ្ឌូ។ ដូច្នេះ នៅក្នុងបន្ទប់របស់យើងនេះអាចថា មានសាសនាយ៉ាងហោចមាន ៤ មានអ្នកកាន់ព្រះពុទ្ធសាសនា មានអ្នកកាន់គ្រីស្ទសាសនា មានអ្នកកាន់ឥស្លាមសាសនា មានអ្នកកាន់ហិណ្ឌូ ហើយក៏មានអ្នកដែលមិនកាន់សាសនាណាផងដែរ។
ការខុសគ្នាខាងសាសនា មិនជាឧបសគ្គរារាំង នៃការរក្សាសន្តិភាព និងការអភិវឌ្ឍ
យើងត្រូវផ្តល់នូវការគោរពចំពោះសិទ្ធិសេរីភាព នៃការជឿសាសនាណាក៏បាន ហើយអ្វីដែលយើងចង់បាននោះ យើងបានឃើញច្បាស់ហើយថា ការខុសគ្នាខាងសាសនា មិនមែនជាឧបសគ្គរារាំង នៃការរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសនោះទេ។ ប្រសិនបើគ្មានការបៀតបៀនណាមួយរវាងគ្នា និងគ្នា ហើយធ្វើសុខដុមបនីយកម្មជាមួយគ្នា វានឹងមិននាំទៅដល់ការរំខានណាមួយនៅក្នុងដំណើរឈានឡើងទៅមុខនោះទេ។ យើងអាចនៅក្នុងបន្ទប់ធ្វើការជាមួយគ្នា នៅក្នុងការដ្ឋានសំណង់ជាមួយគ្នា នៅតាមវាលស្រែ និងរោងចក្រជាមួយគ្នា គ្រាន់តែមានជំនឿសាសនាខុសគ្នាប៉ុណ្ណោះ។ ទោះបីជាកាន់សាសនាខុសគ្នា ក៏ប៉ុន្តែមានគោលដៅដូចគ្នា នៅត្រង់ថាមនុស្សទាំងអស់ត្រូវការការរស់រានមានជីវិត ត្រូវការនូវសេរីភាព ត្រូវការនូវអ្វីៗដែលមនុស្សលោកត្រូវការ។ ឧទាហរណ៍៖ ទាំងអស់គ្នាត្រូវការឱ្យប្រទេសមានឯករាជ្យ ទាំងអស់គ្នាត្រូវការសេរីភាព ទាំងអស់គ្នាត្រូវការទទួលទាន ត្រូវការស្លៀកពាក់ ត្រូវការរៀនសូត្រ ត្រូវការជម្រកសមរម្យ … ដូច្នេះ បើគ្រាន់តែជឿលើសាសនាមួយ ហើយអ្នកនេះជឿសាសនានេះ អ្នកនោះជឿសាសនានោះ មិនមែនជាឧបសគ្គទេ។ ឧទាហរណ៍៖ នៅក្នុងព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន សេចក្តីត្រូវការធំបំផុតរបស់យើងគឺសន្តិភាព និងការអភិវឌ្ឍ។ ដូច្នេះការខុសគ្នាខាងសាសនាមិនមែនជាឧបសគ្គ សម្រាប់ការរក្សាសន្តិភាព និងការអភិវឌ្ឍក្នុងប្រទេសរបស់យើងនោះទេ។
សាសនាទាំងអស់មានអាយុស្មើគ្នា ៧ មករា ១៩៧៩
ខ្ញុំពិតជាសប្បាយរីករាយ ដែលបានចូលរួមចំណែកនៅក្នុងតួនាទីរបស់ខ្លួនក្នុងរយៈពេល ៤០ឆ្នាំ កន្លងទៅ ដែលបានធ្វើឱ្យប្រទេសកម្ពុជាពីស្ថានភាពមួយ ដែលពុំមានសាសនារស់រានមានជីវិត ដែលសាសនាទាំងអស់ត្រូវបានស្លាប់ក្នុងជំនាន់ ប៉ុល ពត ប៉ុន្តែត្រូវបានរស់រានមានជីវិតឡើងវិញ នៅក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩។ ពិតមែនហើយ បើសិនជាយើងនិយាយអំពី តើសាសនាណាដែលមានអាយុវែងជាងគេ? យើងពិតជាបានដឹងហើយថា បើនិយាយតាមព្រះពុទ្ធសាសនាមកដល់ពេលនេះគឺមាន ២៥៦៣ ព្រះវស្សា ទៅហើយ ឯសម្រាប់គ្រីស្ទសាសនាគឺមានត្រឹម ២០១៩ ឥស្លាមសាសនាជិត ២០០០ ខ្ញុំមិនច្បាស់ទេ។ សំរាប់កម្ពុជា ដូចដែលសាសនិកឥស្លាមម្នាក់ នៅឯខេត្តពោធិ៍សាត់ គាត់បាននិយាយទៅកាន់ចៅហ្វាយខេត្ត នៅពេលដែលចៅហ្វាយខេត្តសួរថា តើសាសនា រវាងព្រះអាឡោះ និងព្រះពុទ្ធ តើអ្នកណាអាយុច្រើនជាង? សាសនិកឥស្លាមរូបនោះក៏បានឆ្លើយត្រឡប់ទៅវិញថា អត់មានអ្នកបង អ្នកណាប្អូនទេ គឺអាយុស្មើគ្នាទាំងអស់ គឺស្មើគ្នានៅត្រង់ថា រស់ឡើងវិញនៅថ្ងៃ ៧ មករា ១៩៧៩ ដូចគ្នា។ នេះគឺជារឿងពិត នៅក្នុងបញ្ហាសាសនានៅកម្ពុជា។ សាសនាទាំងអស់មានប្រវត្តិដ៏យូរយង់នៅក្នុងទឹកដីកម្ពុជា ក៏ប៉ុន្តែ សាសនានេះត្រូវបានស្លាប់ក្នុងជំនាន់ ប៉ុល ពត ហើយក៏ត្រូវបានរស់រានមានជីវិត ចាប់តាំងពីឆ្នាំ ១៩៧៩ មកដូចគ្នា។
គ្មានសុខសន្តិភាព គ្មានការអភិវឌ្ឍ គ្រប់សាសនាត្រូវរងផលប៉ះពាល់
ឥឡូវនេះ យើងបានសង្កេតឃើញគ្រប់សាសនាដែលមានវត្តមាននៅកម្ពុជាមានការរីកចម្រើន ព្រះពុទ្ធមានវត្តអារាម ឥស្លាមមានព្រះវិហារ គ្រីស្ទសាសនាក៏មានវិហារនៅតាមទីកន្លែងនានាកើតឡើង ដែលនោះវាបានផ្សារភ្ជាប់ទំនាក់ទំនងរវាងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាមួយនឹងការរីកចម្រើននៅក្នុងវិស័យសាសនា។ ចំណុចនេះ យើងត្រូវឃើញអំពីការបំពេញឲ្យគ្នាទៅវិញទៅមករវាងតួនាទីសាសនាក្នុងការរក្សាសន្តិភាព និងការអភិវឌ្ឍ និងការរីកចម្រើនរបស់រដ្ឋ ក្នុងការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ចសង្គម។ សូមបញ្ជាក់ទៅលើក្របខណ្ឌនេះបន្តិច ដើម្បីយើងអាចយល់គ្នា ប្រសិនបើប្រទេសជាតិគ្មានសេចក្តីសុខ គ្មានសុខសន្តិភាពទេ គ្មានការអភិវឌ្ឍទេគ្រប់សាសនាទាំងអស់សុទ្ធតែត្រូវរងផលប៉ះពាល់ដូចៗគ្នា មិនថាគ្រីស្ទ មិនថាឥស្លាម មិនថាសាសនាព្រះពុទ្ធ ឬក៏ហិណ្ឌូនោះទេ មានផលប៉ះពាល់ដូចគ្នា។ ប្រជាជនក្រីក្រជួបប្រទះនូវការលំបាកក្រីក្រ ពិតណាស់គាត់គ្មានប្រាក់ធ្វើបុណ្យធ្វើទានទេ។ គាត់គិតក្រពះរបស់គាត់មុនហើយ អញ្ចឹងត្រូវចាំឲ្យបានថានៅពេលដែលរដ្ឋដឹកនាំ មានសន្តិភាពល្អ មានការអភិវឌ្ឍល្អ វាផ្តល់នូវផលប្រយោជន៍សម្រាប់ទៅដល់សាសនាទាំងអស់ ក្នុងហ្នឹងក៏មានគ្រីស្ទសាសនាផងដែរ។
សាសនាអប់រំមនុស្សឲ្យប្រព្រឹត្តនូវអំពើល្អ គោរពច្បាប់ និងពុំមានឧក្រិដ្ឋកម្ម
ថ្ងៃនេះយើងឃើញថាសំលៀកបំពាក់ និងទឹកមុខដ៏សប្បាយរីករាយបានជួបគ្នា។ ខ្ញុំពិតជាមានការសប្បាយរីករាយ។ ប៉ុន្តែយើងក៏មិនត្រូវភ្លេចថា រដ្ឋក៏បានទទួលផលប្រយោជន៍យ៉ាងច្រើនអំពីសាសនាមកវិញដែរ។ ចំណុចនេះក៏ជាចំណុចជាផ្នែកមួយនៃនិក្ខេបទវិទ្យាសាស្រ្តនយោបាយរបស់ខ្ញុំ ដែលខ្ញុំបានការពារប្រកបដោយជោគជ័យនៅក្នុងឆ្នាំ ១៩៩១ អំពីតួនាទីរបស់សាសនា។ បញ្ហាស្ថិតនៅក្នុងថា គ្រប់សាសនាទាំងអស់ គឺតែងផ្តល់នូវការអប់រំទូន្មានឲ្យមនុស្សប្រព្រឹត្តនូវអំពើល្អ។ បើរដ្ឋចេះទទួលយក និងធ្វើសុខដុមបនីយកម្មបំពេញឲ្យគ្នាអំពីតួនាទីសាសនាដែលអប់រំមនុស្សឲ្យប្រព្រឹត្តអំពើល្អ ដូច្នេះច្បាស់ណាស់ថាការគោរពច្បាប់រដ្ឋ ការមិនប្រព្រឹត្តនូវឧក្រិដ្ឋកម្មពិតជានឹងផ្តល់ឲ្យរដ្ឋនូវការគ្រប់គ្រងសង្គមមួយដែលជាសង្គមប្រកបដោយភាពសុខសាន្ត។ យើងនឹងមានធនធានមនុស្សល្អ មិនគ្រាន់តែចំណេះដឹងទេ ក៏ប៉ុន្តែគុណធម៌ និងសីលធម៌ក៏ត្រូវទទួលបាននូវការគោរព នូវការផ្តល់ពីសំណាក់សាសនា ពុំមានសាសនាណានៅលើពិភពលោក នេះអប់រំមនុស្សឲ្យប្រព្រឹត្តអំពើអាក្រក់។ ដូច្នេះត្រង់ចំណុចនេះ ទំនាក់ទំនងរវាងរដ្ឋជាមួយនឹងសាសនាគឺបំពេញឲ្យគ្នា។ រដ្ឋដឹកនាំមានជោគជ័យល្អ គឺសាសនាទទួលនូវការរីកចម្រើន ប៉ុន្តែត្រឡប់មកវិញសាសនាក៏បានជួយអប់រំមនុស្សឲ្យប្រព្រឹត្តនូវអំពើល្អ គោរពច្បាប់ និងពុំមានឧក្រិដ្ឋកម្ម នោះហើយជាការលើកទឹកចិត្ត ដែលយើងខិតខំធ្វើជាមួយគ្នាជាបន្តទៀត។
អំពាវនាវចូលរួមរក្សានូវសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សង្គម
ឥឡូវនេះ ខ្ញុំមិនចង់ថារំខានពេលវេលាច្រើនពេកទេ ក៏ប៉ុន្តែខ្ញុំមានការចាំបាច់ដើម្បីនឹងនិយាយទៅកាន់ថ្នាក់ដឹកនាំនៃគ្រីស្ទបរិស័ទ ក៏ដូចជាបរិស័ទទាំងអស់ដែលចូលរួមនៅក្នុងឱកាសនេះ អំពីកិច្ចការដែលត្រូវធ្វើនៅពេលខាងមុខ។ ខ្ញុំពិតជាមានសំណូមពរទៅលើការអំពាវនាវឲ្យធ្វើទៅលើកិច្ចការងារមួយចំនួនដែលយើងកំពុងធ្វើ ទី ១ រួមគ្នាដើម្បីការពារសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សង្គម។ ចំណុចនេះ មានសារសំខាន់ខ្លាំងណាស់។ ប្រសិនបើយើងមិនអាចរក្សាបាននូវសុខសន្តិភាពទេ កុំនិយាយទៅដល់ការរីកចម្រើននៃវិស័យសាសនា។ ឥឡូវបទពិសោធន៍របស់កម្ពុជាខ្លួនឯងគឺគ្រប់គ្រាន់ណាស់ទៅហើយ។ ពេលដែលសង្គ្រាមបំផ្លិចបំផ្លាញចាប់ពីឆ្នាំ ១៩៧០ ពិសេសក្នុងកាលៈទេសៈនៃរបប ប៉ុល ពត សាសនាទាំងអស់នៅកម្ពុជាទាំងអស់ត្រូវបានស្លាប់ ហើយនៅពេលប្រទេសដែលមានសង្រ្គាម សួរថាតំបន់អសន្តិសុខដោយសង្គ្រាមនោះ តើសាសនាអាចនឹងគោរពប្រតិបត្តិបានឬទេ? ក៏ប៉ុន្តែបច្ចុប្បន្ននេះ យើងមើលទៅប្រទេសអុីរ៉ាក់ យើងត្រូវមើលទៅក្នុងប្រទេសលីប៊ី យើងត្រូវមើលទៅក្នុងប្រទេសស៊ីរី យេមែនដែលកំពុងមានសង្រ្គាម យើងត្រូវមើលទៅក្នុងអាហ្រ្វិកកណ្តាល យើងត្រូវមើលទៅក្នុងប្រទេសម៉ាលី មើលទៅក្នុងប្រទេសស៊ូដង់ និងស៊ូដង់ខាងត្បូងដែលប្រទេសកម្ពុជាកំពុងបញ្ជូនកងទ័ពទៅកាន់ទីនោះផងដែរនោះ។ តើនៅទីនោះសុវត្ថិភាពប៉ុណ្ណា? និងសាសនាត្រូវបានគោរពឬទេ? ទោះបីគោរពនៅក្នុងចិត្ត ក៏ប៉ុន្តែ ព្រះវិហារត្រូវបានបំផ្លាញ។ ចំណុចជាចំណុចដំបូងបំផុត បើយើងចង់និយាយថាត្រូវការរស់រានមានជីវិត ត្រូវការការអភិវឌ្ឍ កុំភ្លេចនិយាយអំពីការការពារសន្តិភាពឲ្យបានមុនសិន។
មិនទុកសន្តិភាពអោយជាចំណាប់ខ្មាំងរបស់អ្នកណាឡើយ
មិនត្រូវទុកឲ្យសន្តិភាពក្លាយជាចំណាប់ខ្មាំងរបស់អ្នកណាទាំងអស់ ហើយមិនត្រូវឲ្យសន្តិភាពនេះត្រូវទទួលការគំរាមកំហែង បំផ្លិចបំផ្លាញពីជនអាក្រក់ណាទេ។ រាជរដ្ឋាភិបាលពិតជាមិនបណ្តោយទេ ក៏ប៉ុន្តែ កិច្ចការនេះមិនមែនគ្រាន់តែរាជរដ្ឋាភិបាល ឬតួនាទីរបស់អាជ្ញាធរទេ ប្រជាពលរដ្ឋគ្រប់រូប គ្រប់និន្នាការ គ្រប់សាសនាត្រូវចូលរួមដើម្បីរក្សានូវសន្តិភាពនេះ។ បើរក្សាសន្តិភាពមិនបានទេ កុំនិយាយទៅដល់ការអភិវឌ្ឍ កុំនិយាយទៅដល់ការគោរពបូជាចំពោះសាសនា។ ដូច្នេះ យើងត្រូវរួមចិត្ត រួមថ្លើមជាមួយគ្នា ដើម្បីបន្តដំណើរទៅមុខ។ លោក ណាយ៉ាន់ ចាន់ដា មានសំណួរច្រើនណាស់សម្រាប់ខ្ញុំ ប៉ុន្តែយើងមិនអាចឆ្លើយអស់នៅល្ងាចនេះទេ ព្រោះព្រឹកឡើងខ្ញុំហោះចេញ គាត់ក៏ចាកចេញ។ គាត់នឹងត្រឡប់មកវិញ ព្រោះគាត់ក៏ធ្លាប់មកប្រទេសកម្ពុជាក្នុងរយៈពេលមុន ដែលពេលមុនភ្នំពេញ(ប្រៀបថា)ហាក់គ្រាន់តែជាកូនស្រុកតូចមួយនៃប្រទេសដទៃទេ។ ប៉ុន្តែឥឡូវភ្នំពេញក៏ក្លាយជាទីក្រុងធំមួយនៅក្នុងចំណោមបណ្តានៃរដ្ឋធានីនៃប្រទេសដូចប្រទេសដទៃដែរ។ គាត់ចង់ដឹងថាតើធ្វើយ៉ាងម៉េចបានកើតមានអញ្ចឹង? អម្បាញ់មិញខ្ញុំនិយាយប្រាប់គាត់ថា ប្រើក្បាច់ស្រី ក្បាច់មេផ្ទះ។ តើត្រូវសន្សំលុយ សន្សំកាក់យ៉ាងម៉េចដើម្បីឲ្យមានការរីកចម្រើនសម្រាប់ប្រទេសនោះ …។
អនុវត្តនយោបាយភូមិឃុំមានសុវត្ថិភាព
ចំណុចទី ២ និយាយចូលទៅលើការជាក់ស្តែងគឺចូលរួមអនុវត្តនយោបាយភូមិឃុំមានសុវត្ថិភាព ដែលនេះគឺជាចំណុចងាយស្រួលនៅក្នុងការប្រៀនប្រដៅរបស់ព្រឹទ្ធាចារ្យ បូជាចារ្យ ក៏ដូចជាគ្រូគង្វាលទៅកាន់អ្នក ដែលនៅតាមវិហារនានា។ ធ្វើយ៉ាងណាឲ្យប្រទេសជាតិមួយមានសន្តិសុខ សណ្តាប់ធ្នាប់សង្គម ត្រូវផ្តើមចេញពីមូលដ្ឋានដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដែលសង្ឃឹមថា គ្រូបង្រៀនក៏ដូចអ្នកប្រៀនប្រដៅទាំងឡាយនៅតាមព្រះវិហារផ្តល់នូវការណែនាំសម្រាប់គ្រីស្ទបរិស័ទដែលត្រូវធ្វើការបន់ស្រន់ ឬទៅកាន់ពិធីនានានៅទីនោះ។ វាមិនលំបាកទេ ព្រោះនេះជាផលប្រយោជន៍យើងផ្ទាល់ ប្រសិនបើភូមិយើងរស់នៅប្រកបដោយមានការឆក់ប្លន់ ដោយគ្រឿងញៀន ឬដោយអំពើឧបាយមុខផ្សេងៗ ភូមិឃុំនោះពិតជាមិនមានសុវត្ថិភាពទេ។ នេះជាចំណុចទី ២ ដែលសូមអំពាវនាវ ឲ្យចូលរួមធ្វើទាំងអស់គ្នា ដើម្បីភូមិ ឃុំ យើងមានសុវត្ថិភាព។
ធ្វើយុទ្ធនាការបំបាត់ ឬកាត់បន្ថយ ការសេពគ្រឿងញៀន
ទី ៣ សុំឲ្យគ្រប់វិហារ និងបងប្អូនទាំងឡាយចូលរួម ក្នុងការធ្វើយុទ្ធនាការ ដើម្បីបំបាត់ ឬកាត់បន្ថយអំពី បញ្ហាគ្រឿងញៀន។ រឿងនេះនៅលើពិភពលោកមានបញ្ហាច្រើនណាស់ ហើយក្នុងហ្នឹងក៏មានកម្ពុជាដែរ ដែលគ្រឿងញៀនបានញាំញីទៅក្នុងចំណោមយុវជន ក្នុងចំណោមប្រជាពលរដ្ឋរបស់យើង ដែលទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់។ សង្ឃឹមថានៅក្នុងចំណោមអ្នកកាន់គ្រីស្ទសាសនា មិនមែនអ្នកប្រព្រឹត្តគ្រឿងញៀន មិនមែនអ្នកលក់ដូរគ្រឿងញៀន ផ្ទុយទៅវិញ អ្នកដែលបានកាន់គ្រីស្ទសាសនា និងចូលរួមចំណែកដើម្បីអប់រំ កុំឲ្យប្រព្រឹត្តនូវគ្រឿងញៀន។
អប់រំអំពីសុវត្ថិភាពចរាចរណ៍ ធានាសុវត្ថិភាពផ្ទាល់ខ្លួន និងសំរាប់អ្នកដទៃ
ទី ៤ យកចិត្តទុកដាក់ទៅលើបញ្ហាទាក់ទងទៅនឹងចរាចរណ៍ ដែលសព្វថ្ងៃនេះប្រទេសកម្ពុជាយើងបានក្លាយទៅជាទីកន្លែងមួយធ្វើឲ្យមនុស្សស្លាប់ច្រើនជាងសម័យសង្គ្រាមទៀត។ ខ្ញុំធ្លាប់ចូលរួមដឹកនាំប្រទេសនេះ រយៈពេល ៤០ ឆ្នាំរួចមកហើយ ក្នុងរយៈពេល ៤០ ឆ្នាំនោះ មានជាង ៣៤ ឆ្នាំ កាន់មុខតំណែងជានាយករដ្ឋមន្ត្រី។ នៅក្នុងសម័យមានសង្គ្រាម ថ្ងៃខ្លះ អត់មានមនុស្សស្លាប់ទាល់តែសោះ ដោយសារតែគ្មានការប្រយុទ្ធ គ្មានស្លាប់ គ្មានរបួស។ ប៉ុន្តែមកដល់ពេលនេះ ថ្ងៃណាក៏មានមនុស្សស្លាប់ ជាមធ្យមគឺស្លាប់ ៦ ឬ ៧ នាក់ ក្នុងមួយថ្ងៃ ដោយមិនគិតពីអ្នករបួសទេ។ ជាសោកនាដកម្មមួយដ៏ធំ ដែលសង្ឃឹមថាអ្នកដែលកាន់គ្រីស្ទសាសនាទាំងឡាយ មិនត្រឹមតែយកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍ខ្លួនឯងទេ ក៏ប៉ុន្តែនឹងផ្តល់នូវការអប់រំចំពោះអ្នកកាន់គ្រីស្ទសាសនាទាំងឡាយ ដើម្បីពួកគេគឺនឹងអាចនឹងធានាសុវត្ថិភាពផ្ទាល់ខ្លួន ក៏ដូចជាសុវត្ថិភាពសម្រាប់អ្នកដទៃទៀត ដែលធ្វើចរាចរណ៍លើដងផ្លូវ។ អ្វីដែលខ្ញុំចង់និយាយនោះ ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍។
សុខដុមភាវូបនីយកម្មផ្ទៃក្នុងគ្រីស្ទសាសនា និងជាមួយសាសនាដទៃ
ទី ៥ ខ្ញុំអំពាវនាវឲ្យបន្តការយកចិត្តទុកដាក់ធ្វើសុខដុមបនីយកម្មផ្ទៃក្នុងគ្រីស្ទសាសនាខ្លួនឯង និងជាមួយសាសនាដទៃទៀត។ យើងទាំងអស់គ្នាពិតជាបានដឹងហើយថា ក្នុងចំណោមគ្រីស្ទសាសនាដែលមាន តួយ៉ាងជាព្រះយេស៊ូគ្រីស្ទ ប៉ុន្តែមាននិកាយច្រើនណាស់នៅក្នុងហ្នឹង ដែលទាមទារធ្វើយ៉ាងណា យើងនៅទីនេះ យើងនិយាយអំពីបញ្ហាសុខដុមភាវូបនីយកម្មជាតិសាសន៍ និងសាសនា ក៏ប៉ុន្តែក្នុងសាសនានីមួយៗ សុទ្ធតែមាននិកាយខុសៗគ្នា ព្រះពុទ្ធសាសនា មានធម្មយុទ្ធ និងមហានិកាយ។ ឥស្លាមសាសនាក៏មាននិកាយច្រើន។ ក្នុងគ្រីស្ទសាសនាក៏មាននិកាយ ដូចជាប្រូតេស្តង់ ដូចជាគ្រីស្ទ ឬក៏អីផ្សេងទៀត។ យើងបើទោះបីជាដូចដែលខ្ញុំបាននិយាយអម្បាញ់មិញ សាសនាណាក៏ដោយ ឬក៏ក្នុងនិកាយណាក៏ដោយ មិនមែនជាឧបសគ្គរារាំង ហើយរហូតទៅដល់បំផ្លាញគ្នាទេ។ ខ្ញុំឃើញនៅក្នុងប្រទេសខ្លះ ដូចជាអង់គ្លេស រហូតដល់ថ្នាក់ អ្នកដែលកាន់និកាយខុសគ្នា ធ្វើដំណើរទៅតាមផ្លូវមួយ មិនអាចធ្វើទៅបាន ដោយសារតែនិកាយមួយផ្សេងទៀត ស្ទាក់កុំឲ្យធ្វើដំណើរតាមផ្លូវហ្នឹង។ ប្រសិនបើប្រទេសយើងមាន បញ្ហានោះវាមិនជាការល្អទេ។ ខ្ញុំសុំអំពាវនាវឲ្យយកចិត្តទុកដាក់ធ្វើនូវសុខដុមភាវូបនីយកម្ម នៅក្នុងក្របខណ្ឌនៃគ្រីស្ទសាសនាខ្លួនឯង ហើយក្នុងជាមួយនោះក៏ត្រូវយកចិត្តទុកដាក់ធ្វើទំនាក់ទំនងជាមួយនឹងសាសនាដទៃទៀត ដូចជាសាសនាព្រះពុទ្ធ សាសនាឥស្លាម ឬក៏អ្នកដែលមិនជឿសាសនា ឬក៏អ្នកដែលមានជំនឿខុសពីយើង ដែលខ្ញុំបានលើករួចមកហើយថា ជាតិសាសន៍ខុសគ្នា មិនមែនជាឧបសគ្គរារាំងសម្រាប់ការអភិវឌ្ឍប្រទេសរបស់យើងទេ។
បណ្តុះបណ្តាលធនធានមនុស្ស ដើម្បីសាសនាអាចរីកចម្រើន
ឯចំណុចចុងក្រោយនោះ គឺចំណុចទី ៦ គឺការបណ្តុះបណ្តាលធនធានមនុស្ស គឺជាចំណុចមួយដ៏សំខាន់ បើចង់ឲ្យសាសនារឹងមាំ។ ចង់ឲ្យសាសនាមានការរីកចម្រើនជាបន្ត កុំភ្លេចយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្ស ដូចជាគ្រូអាចារ្យប្រដៅ ទាក់ទិននឹងព្រឹទ្ធាចារ្យ បូជាចារ្យ គ្រូអីជាដើម។ អញ្ចឹងត្រូវតែលើកកម្ពស់កម្រិតសមត្ថភាពនេះឡើង ដើម្បីផ្តល់ការអប់រំគេឲ្យបានត្រឹមត្រូវ។ នៅក្នុងផ្នែកព្រះពុទ្ធសាសនាក៏កំពុងយកចិត្តទុកដាក់ មានសាលារៀនខាងផ្នែកទាក់ទិនជាមួយនឹងការពង្រឹងសមត្ថភាពទៅលើការគ្រប់គ្រង ព្រោះវត្តអារាមនីមួយៗ មានព្រះចៅអធិការ មានគ្រូសូត្រឆ្វេង គ្រូសូត្រស្តាំ មានប្រធានកុដិជាដើម។ អញ្ចឹងទេ ទាមទារនូវការបណ្តុះបណ្តាលនូវធនធានមនុស្ស ហើយក្នុងបញ្ហាធនធានមនុស្សនេះទៀតសោត មិនមែនសំដៅលើសាសនាតែមួយមុខទេ សំដៅលើកកម្ពស់សមត្ថភាពទាំងអស់គ្នា ដើម្បីធ្វើឲ្យសមត្ថភាព ការចេះដឹងរបស់យើង ដែលជាអ្នកកាន់គ្រីស្ទសាសនានេះ ក្លាយទៅជាផ្នែកមួយនៃការរួមចំណែកក្នុងការកសាងសង្គមជាតិ ក៏ដូចជាកសាងនៅក្នុងគ្រួសាររបស់យើងផងដែរ។ នេះជាចំណុចរួមទាំង ៦ យ៉ាង ដែលខ្ញុំយកឱកាសនេះអំពាវនាវនៅពេលនេះ សង្ឃឹមថាគ្រីស្ទបរិស័ទរបស់យើងនឹងទទួលបាននូវការអំពាវនាវទាំងអស់នេះ។ Amen។
៤០ ឆ្នាំដ៏មោទនភាព អំពីសុខដុមបនីយកម្មជាតិសាសន៍ និងសាសនា
ជាថ្មីម្តងទៀត ខ្ញុំសុំអរគុណសម្រាប់ការអញ្ជើញចូលរួមតាមការអញ្ជើញរបស់ខ្ញុំប្រចាំឆ្នាំ។ ឆ្នាំក្រោយយើង នឹងរកវិធីដើម្បីជួបជុំគ្នាទៀត។ ខ្ញុំក៏គួរតែបញ្ជាក់បន្តិចថា ហេតុអីបានខ្ញុំលើកមកដល់ពេលនេះ? វាត្រូវការរៀបចំពេលវេលាមួយ ដើម្បីៀឲ្យសមស្រប ហើយល្ងាចនេះយើងជួបគ្នានៅទីនេះ ព្រឹកស្អែកខ្ញុំត្រូវចេញទៅប្រទេសដែលកាន់សាសនាគ្រីស្ទតែម្តង បានសេចក្តីថាទៅឆែក។ ឆែក កាន់សាសនាគ្រីស្ទ ហុងគ្រីក៏គ្រីស្ទ ប៊ុលហ្គារីក៏គ្រីស្ទ។ … អញ្ចឹងខ្ញុំអត់ខ្លាចនិយាយលើពិភពលោកទេ ដោយសារតែប្រទេសគេ ក៏គេកាន់គ្រីស្ទ យើងកាន់ព្រះពុទ្ធ ប៉ុន្តែយើងអនុញ្ញាតឲ្យគ្រីស្ទនៅជាមួយយើងដោយសុខសាន្ត។ ខ្ញុំទៅប្រទេសឥស្លាម ក៏ខ្ញុំអត់ខ្លាចនិយាយដែរ ព្រោះយើងជាប្រទេសកាន់ព្រះពុទ្ធ ក៏ប៉ុន្តែមានឥស្លាមនៅជាមួយយើងដោយសុខសាន្ត។ ដូច្នេះចំណុចនេះជាចំណុចដែលរាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជន មានមោទនភាពបំផុត នៅក្នុងរយៈពេល ៤០ ឆ្នាំកន្លងផុតទៅ ដែលយើងបានធ្វើសុខដុមភាវូបនីយកម្ម ពុំមានការជម្លោះណាមួយអំពីជាតិសាសន៍ និងសាសនានោះទេ។ សង្ឃឹមថាឆ្នាំក្រោយយើងនឹងរៀបចំដូចគ្នានេះ។ ល្ងាចនេះក៏មានសិល្ប:លេងកំសាន្តដែរ ដើម្បីកំដរសម្រាប់ការជួបជុំរបស់យើងនេះ។ ខ្ញុំសុំយកឱកាសនេះ អធិដ្ឋាន។ ខ្ញុំអត់ចេះអធិដ្ឋានទេ ប៉ុន្តែអ្វីដែលសំខាន់ គឺខ្ញុំសុំឲ្យព្រះយេស៊ូគ្រីស្ទប្រទានពរជ័យសម្រាប់អស់លោក អ្នកទាំងអស់ ហើយសុំអស់លោកអ្នកទាំងអស់ ចូលរួមរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេស។ Amen៕