សម្រង់ប្រសាសន៍​សម្តេចតេជោ ហ៊ុន សែន ប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៤០ នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ

CNV:

សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ !

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយ ដែលបានមកចូលរួមក្នុង ពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤០ នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ ១០ តុលា ១៩៧៩- ១០ តុលា ២០១៩ ដែលប្រារព្ធឡើងយ៉ាងឱឡារិក នាពេលនេះ។

ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមវាយតម្លៃខ្ពស់ និងសូមអបអរសាទរចំពោះវឌ្ឍនភាព ជាពិសេសសមិទ្ធផលសំខាន់ៗ ដែលសម្រេចបាននៅក្នុងវិស័យធនាគារ និងសូមថ្លែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីធនាគារជាតិនៃកម្ពុជា គ្រប់ជំនាន់ ជាពិសេសឯកឧត្តម ចាន់ ភិន ឯកឧត្តម ចា រៀង ឯកឧត្តម ថោ ប៉េងលាត និង ឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ដែលបានរួមចំណែកក្នុងការស្តារ កសាង និងអភិវឌ្ឍប្រព័ន្ធធនាគារកណ្តាល ឱ្យមានការរីកចម្រើន ដូចសព្វថ្ងៃ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណដល់ប្រទេសជាមិត្ត, ស្ថាប័នពាក់ព័ន្ធ និងអ្នកជំនាញការជាតិ-អន្តរជាតិ រួមទាំងដៃគូអភិវឌ្ឍ ដែលបានផ្តល់ជំនួយបច្ចេកទេស, កិច្ចសហការ និងរាល់ការគាំទ្រនានា ក្នុងបុព្វហេតុ អភិវឌ្ឍវិស័យធនាគារនៅកម្ពុជាកន្លងមក។

ជាការពិត, ក្រោយថ្ងៃជ័យជំនះ ៧ មករា ១៩៧៩, ការងារឤទិភាពសំខាន់របស់រដ្ឋាភិបាលក្នុងវិស័យសេដ្ឋកិច្ច គឺការបង្កើតធនាគារកណ្តាល បន្ទាប់ពីរបប ប៉ុល ពត បានបំផ្លាញទាំងស្រុងនូវខឿន និងរចនាសម្ព័​ន្ធ​​សេដ្ឋកិច្ច និងសង្គមជាតិ។ ការបង្កើតធនាគារកណ្តាល តាមរយៈការបោះផ្សាយរូបិយវត្ថុជាតិ ប្រាក់រៀល​ឡើងវិញ គឺជាការចូលរួមចំណែក ដើម្បីស្តារវិស័យ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ការពង្រឹងអត្តសញ្ញាណជាតិ ជាពិសេសដើម្បីបង្ហាញពិភពលោកអំពីភាពស្របច្បាប់ និងអធិបតេយ្យជាតិរបស់កម្ពុជា ដែលត្រូវស្តារឡើងវិញ ពីចំណុចសូន្យ ក្រោយពីប្រទេសជាតិយើងត្រូវបានរំដោះពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

នៅដើមសតវត្សរ៍ទី ១៦ ក្នុងសម័យ «ហ្លួងព្រះស្តេចកន» ដើម្បីពង្រឹងអធិបតេយ្យទឹកដី, អំណាចសេដ្ឋកិច្ច និងនយោបាយ, កម្ពុជាបានបោះផ្សាយរូបិយវត្ថុជាតិដំបូងរបស់ខ្លួន ឈ្មោះ «ប្រាក់ស្លឹង» ប៉ុន្តែ «ប្រាក់ស្លឹង» ដែលបានដាក់ឱ្យចរាចរនៅពេលនោះ មិនមាននិរន្តរភាពទេ។ បន្ទាប់មកនៅសម័យឤណាព្យា​បាលបារាំង, កម្ពុជាក៏មិនទាន់មានអធិបតេយ្យផ្នែករូបិយវត្ថុដែរ ប៉ុន្តែកម្ពុជាបានប្រើប្រាស់រូបិយវត្ថុក្រដាស «ប្រាក់​ព៉្យាស់» ដែលបោះផ្សាយដោយធនាគារឥណ្ឌូចិន ដែលជាធនាគារពាណិជ្ជបារាំង សម្រាប់ប្រទេសនៅឥណ្ឌូចិន រួមមាន កម្ពុជា ឡាវ វៀតណាម។

នៅថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ១៩៥៤ ប្រទេសកម្ពុជាបានទទួលឯករាជ្យផ្នែករូបិយវត្ថុពិតប្រាកដ ហើយបានបង្កើតធនាគារជាតិនៃកម្ពុជា បន្ទាប់មក ប្រាក់រៀល ត្រូវបានដាក់ឱ្យចរាចរដោយជោគជ័យនៅខែ កញ្ញា ឆ្នាំ ១៩៥៥។ នៅក្នុងរបបប្រល័យ ពូជសាសន៍ ប៉ុល ពត, រូបិយវត្ថុ ប្រាក់រៀល ត្រូវបានកាត់ផ្តាច់ទាំងស្រុង។

ការបង្កើតធនាគារកណ្តាលឡើងវិញនៅកម្ពុជា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ គឺផ្តើមចេញពីបាតដៃទទេ, រចនាសម្ព័ន្ធធនាគារជាតិត្រូវបានបំផ្លាញទាំងស្រុង, ធនធានមនុស្សត្រូវបានកាប់សម្លាប់, គ្មានរូបិយវត្ថុ, គ្មានចរាចរទំនិញ, គ្មានទីផ្សារ ជាមួយនឹងការហ៊ុមព័ទ្ធខាងផ្នែកសេដ្ឋកិច្ច និងការផាត់ចេញពីឆាកអន្តរជាតិទៀតផង។ តាមរយៈនេះ, កម្ពុជាបានប្រកាន់យកគោលការណ៍ អ្នកចេះច្រើនបង្រៀនអ្នកចេះតិច និងអ្នកចេះតិចបង្រៀនអ្នកមិនចេះសោះ ជាមួយនឹងជំនួយបច្ចេកទេសរបស់ប្រទេសជាមិត្ត គឺវៀតណាម និង​សហភាពសូវៀត ដែលកត្តានេះមានស្ថានភាពខុសគ្នាពីប្រទេសមួយចំនួន ដូចជា បណ្តាប្រទេសនៅតំបន់អឺរ៉ុបខាងកើត ជាដើម ក្រោយសង្គ្រាមត្រជាក់, ប្រទេសទាំងនោះបានបង្កើតធនាគារកណ្តាលរបស់ខ្លួន ដោយមានទាំងធនធានមនុស្ស និងហិរញ្ញវត្ថុ ព្រមទាំងមានការគាំទ្រពីអន្តរជាតិ ពិសេសពីបណ្តាប្រទេសអភិវឌ្ឍ។

រូបិយវត្ថុជាតិ ប្រាក់រៀល ត្រូវបានដាក់ឱ្យចរាចរឡើងវិញ នៅថ្ងៃទី ២០ ខែ មីនា ឆ្នាំ ១៩៨០ ជាមួយនឹងការអបអរសាទរ និងការគាំទ្រយ៉ាងខ្លាំងពីប្រជាជនកម្ពុជា, នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដំបូងបង្អស់ក្រោយថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ ហើយក៏ជាជោគជ័យរបស់រដ្ឋាភិបាលក្នុងការអនុវត្តគោលនយោបាយសេដ្ឋកិច្ចជាតិ។

ក្នុងស្ថានភាពសេដ្ឋកិច្ចដ៏លំបាកនាពេលនោះ, ជាក់ស្តែងខ្លួនខ្ញុំផ្ទាល់បានដឹកនាំធ្វើការកែទម្រង់សេដ្ឋកិច្ចជាបន្តបន្ទាប់ ដើម្បីឱ្យសកម្មភាពសេដ្ឋកិច្ចឤចដំណើរការទៅមុខបាន ដោយផ្អែកលើគោលការណ៍ទី​ផ្សារ​និងការបើកចំហឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន និងវិស័យឯកជន។ ពេលនោះ ខ្ញុំបានធ្វើការកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ច តាមរយៈការបើកលទ្ធភាពឱ្យកម្ពុជាឈានទៅអនុវត្តសេដ្ឋកិច្ចទីផ្សារបានដោយរលូន ស្របតាមរដ្ឋធម្មនុញ្ញថ្មីនៅឆ្នាំ ១៩៩៣។ ទន្ទឹមនេះ ធនាគារកណ្តាលក៏បានប្តូរឈ្មោះដើមវិញ គឺ ធនាគារជាតិនៃកម្ពុជា ដែលមានតួនាទីជាឤជ្ញាធរគ្រប់គ្រងវិស័យធនាគារ, ចំណែកឯធនាគារពាណិជ្ជ និងគ្រឹះស្ថានហិ​រញ្ញវត្ថុនានា ជាអ្នកផ្តល់សេវាហិរញ្ញវត្ថុដល់ប្រជាជន ហើយរតនាគារជាតិត្រូវបានបំបែកចេញពីធនាគារជាតិនៃកម្ពុជា។

[ចាប់ផ្តើមសេចក្តីអធិប្បាយ]

មកដល់ចុងសតវត្សរ៍ទី ២០ មិនមានប្រទេសណាលុបចោលរូបិយវត្ថុដូចកម្ពុជាទេ

សុន្ទរកថា ពិតជាមិនអាចនឹងសរសេរអស់នូវព្រឹត្តិការណ៍ដែលបានវិវត្តកន្លងទៅទេ។ នៅលើពិភពលោកនេះ គ្មានប្រទេសណាណាមួយដែលមកដល់ចុងសតវត្សរ៍ទី ២០ ទៅហើយនោះត្រូវបានលុបចោលរូបិយវត្ថុដូចកម្ពុជានោះទេ ហើយក៏មិនមានប្រទេសណាមួយ នៅចុងសតវត្សរ៍ទី ២០ ហើយនោះ បែរជាប្រទេសគ្មានទីក្រុង គ្មានផ្សារ គ្មានសាលារៀន គ្មានអ្វីៗទាំងអស់។ ត្រង់ចំណុចនេះ រយៈពេល ៤០ ឆ្នាំក្រោយ យើងកាន់តែមើលឃើញអំពីមោទនភាពរបស់យើង ដែលយើងបានប្រឹងប្រែងងើបឈរឡើងពីគំនរផេះផង់ ដើម្បីការរស់រានមានជីវិតរបស់ជាតិ។

… ថ្ងៃនេះជាការគួរឱ្យសោកស្តាយ ដែលខ្ញុំមិនអាចនាំមកនូវសៀវភៅរបស់ខ្ញុំ ដែលក្នុងនោះបានគូសវាសអំពី ក្រដាសប្រាក់។ ថ្ងៃនោះ ខ្ញុំនៅចាំបានថា មានឥស្សរជន ៤ នាក់ បានជួបគ្នា(គឺ) សម្ដេច ហេង សំរិន, សម្តេច ជា ស៊ីម, ប៉ែន សុវណ្ណ និងខ្ញុំ នៅក្នុងអំឡុងនៃខែសីហា ឬខែកញ្ញា ឆ្នាំ ១៩៧៩ ដើម្បី(សម្រេច)ថា រូបភាពលុយនោះត្រូវធ្វើរបៀបម៉េច? គឺមាននៅក្នុងសៀវភៅរបស់ខ្ញុំនៅឡើយ។ បន្ទាប់ពីការជួបជុំគ្នារួចហើយនោះ គឺខ្ញុំបានអញ្ជើញ ឯកឧត្តម ចា រៀង នៅពេលនោះដើម្បីឱ្យមកទទួលទស្សនទានស្តីអំពីក្រដាសប្រាក់។ អាក្រ​ដាសប្រាក់ ១ រៀល ហ្នឹង គឺម្ខាងនេះមានអីខ្លះ ម្ខាងទៀតមានអីខ្លះ គឺមានគូសនៅក្នុងហ្នឹង។ ប៉ុន្តែ ខ្ញុំមិនបានយកសៀវភៅនោះមកទេ។

ប្រាក់រៀលបោះពុម្ពនៅឆ្នាំ ១៩៥៥ តែបំផ្លាញចោលទាំងស្រុងក្នុងរបប ប៉ុល ពត

អញ្ចឹងចោទចេញជាសំណួរថា នៅលើពិភពលោក ក្នុងចុងសតវត្សរ៍ទី ២០ ហើយនោះ តើមានប្រទេសណាមួយដែលមានស្ថានភាពដូចកម្ពុជា? គ្មានការចាយវាយប្រាក់ គ្មានការផ្លាស់ប្តូរទំនិញ គ្មានទីផ្សារបែបកម្ពុជានោះ? ត្រង់ចំណុចនេះហើយ ដែលខ្ញុំយល់ថា ប្រជាជនកម្ពុជាគ្រប់រូបដែលនៅទីនេះ ក៏ដូចជាអ្នកដែលបានចូលរួមចំណែក កាន់តែមោទនភាព ព្រោះយើងមិនបានទទួលមរតកពីអ្វីដែលអតីតកាលបានបន្សល់ទុកទេ។ ខុសគ្នាពីស្ថានភាពដែលសម្តេចព្រះ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ដែលទ្រង់ទទួលតំណ បើទោះបីជាពេលនោះ ធនាគារឥណ្ឌូចិន ដែលប្រើប្រាស់ប្រាក់សម្រាប់បីប្រទេសគឺកម្ពុជា ទាំងឡាវ ទាំងវៀតណាម ប៉ុន្តែ ប្រាក់នោះក៏ត្រូវបានប្តូរបន្ទាប់ពីការបោះប្រាក់រៀលរបស់កម្ពុជា នៅឆ្នាំ ១៩៥៥។ ប្រាក់ដែលបោះពុម្ពនៅក្នុងសម័យ​សង្គមរាស្រ្តនិយម ក៏ត្រូវបានបន្តប្រើប្រាស់រហូត។ មកដល់ លន់ នល់ (ក៏បាន)បោះក្រដាសប្រាក់ដើម្បីប្តូរជាមួយនឹងក្រដាសប្រាក់របស់សង្គមរាស្រ្តនិយម។ ប៉ុន្តែ (ក្រដាសប្រាក់រៀលក៏)មកត្រូវបានបំផ្លាញចោលនៅក្នុងរបប ប៉ុល ពត នេះតែម្តង។

អ្វីដែលលំបាកជាងទៀត នៅពេលដែលយើងមានរូបភាពក្រដាសប្រាក់ហើយនោះ យើងគ្មានរោងពុម្ពដើម្បីបោះក្រដាសប្រាក់ទេ។ យើងត្រូវទៅបោះនៅមូស្គូ សហភាពសូវៀតឯណោះ ហើយបានដឹកតាមកប៉ាល់ហោះមក។ ខ្ញុំនៅចាំបានថា នៅពេលមួយ ខ្ញុំបានធ្វើដំណើរជាមួយជើងយន្តហោះដោយប្រើប្រាស់នូវយន្តហោះ IL-62 របស់អតីតសហភាពសូវៀតកាលពីពេលនោះ ដោយសារខ្ញុំទៅទាំងក្រុមគ្រួសារ ទាំងកូនៗរបស់ខ្ញុំទៅសម្រាក ហើយក៏គាប់ជួនពេលនោះ ត្រូវដឹកក្រដាសប្រាក់មក។ អញ្ចឹងយើងហោះចេញពីមូស្គូ មកកាន់ Vladivostok ហើយចេញពី Vladivostok មកចុះចតនៅភ្នំពេញ។

នាយករដ្ឋមន្រ្តីនៃប្រទេសខ្វះសាច់ប្រាក់បើកប្រាក់ខែឱ្យមន្រ្តីរដ្ឋការ

ចូលមកដល់ដើមទសវត្សរ៍ ៩០ ហើយ ទើបយើងមានរោងពុម្ពដើម្បីបោះក្រដាសប្រាក់ប្រភេទតូចៗ មិនមែនប្រភេទធំៗទេ។ ពិបាកណាស់។ អ្នកទាំងអស់គ្នាអាចដឹងហើយថា មនុស្សតែម្នាក់គត់ដែលនៅក្នុងរដ្ឋាភិបាល តាំងពីរដ្ឋាភិបាលចាប់ផ្តើមនៅថ្ងៃទី ៨ ខែមករា ឆ្នាំ ១៩៧៩ រហូតមកដល់ពេលនេះគឺខ្លួនខ្ញុំនេះតែម្ដង។ ពេលនោះចូលកាន់ការជារដ្ឋមន្រ្តីការបរទេស ប៉ុន្តែមកកាន់ការជានាយករដ្ឋមន្រ្តីនៅឆ្នាំ ១៩៨៥។ វាលំ​បាក​ណាស់សម្រាប់យើងក្នុងការធ្វើជានាយករដ្ឋមន្រ្តីនៃប្រទេសមួយ ក្នុងស្ថានភាពខ្វះសាច់ប្រាក់បើកប្រាក់ខែឱ្យមន្រ្តីរដ្ឋការ។ សូម្បីតែក្រោយមក នៅក្នុងដំណាក់កាលចូលដល់រាជរដ្ឋាភិបាល អាណត្តិទី ១ អាណត្តិទី ២ អាណត្តិទី ៣ ហើយ យើងនៅខ្វះសាច់ប្រាក់ ដើម្បីបើកបៀវត្សរ៍ឱ្យមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធនៅឡើយទេ។

រំលាយចោលបែបផែនផលិតកម្ម បែបទាសករ តាមរយៈចលនាប្រជាជន

ការចាប់ផ្តើមរបស់យើងពិតជាលំបាកណាស់។ យើងបានរំលាយចោលនូវបែបផែនផលិតកម្ម បែបទាសករ តាមរយៈចលនាប្រជាជន ដែលពួកគាត់រង់ចាំពេលវេលាមកដល់។ ប៉ុល ពត បានប្រមូលទាំងចាន ទាំងឆ្នាំង យកទៅដាក់ ធ្វើរួមស៊ីរួម ក្រោយដែលយើងរំដោះចេញពីរបប ប៉ុល ពត ភ្លាម ប្រជាពលរដ្ឋមិនបានរង់ចាំទទួលបទបញ្ជាពីនរណាទេ គាត់នាំគ្នា ចែកចាន ចែកឆ្នាំង ត្រឡប់មកវិញ (ព្រោះតែ)គេយកចានឆ្នាំង គាត់ទៅដាក់កន្លែងរួម។ ចាន ១០ ចាន ២០ គាត់បានត្រឡប់មកវិញ ចាន ១ ចាន ២ បានចាន អត់ស្លាបព្រា បានឆ្នាំង អត់គម្រប នេះជារឿងដែលលំបាក សម្រាប់ប្រទេសយើងនៅពេលនោះ។

ការដោះដូរទំនិញ និងទំនិញ មាស និងមាស វត្តមានក្រដាសប្រាក់តាមព្រំដែន និងរូបិយប័ណ្ឌបរទេស

ការចាប់ផ្តើមរបស់យើងទៅលើបញ្ហាការដោះដូរទំនិញ គឺប្រើប្រាស់ទំនិញ និងទំនិញ ដើម្បីដោះដូរគ្នា អ្នករកត្រី បានត្រី យកទៅដូរជាមួយនឹងអង្ករ អ្នកដែលមានអង្ករ បានអង្ករយកទៅដូរជាមួយនឹងសាច់ក្រណាត់ ហើយសាច់ក្រណាត់ពេលនោះ គឺសាច់ក្រណាត់ដែលសេសសល់ពី ប៉ុល ពត ដែលទុកនៅឃ្លាំងនេះ ឃ្លាំងនោះ វាមិនឱ្យប្រជាជនស្លៀក។ អញ្ចឹង យើងប្រើរបស់ និងរបស់ ដើម្បីធ្វើការដោះដូរគ្នា។ បន្ទាប់ទៅក៏បានចេញជាសញ្ញានៃការដោះដូររវាងមាស និងមាស ប្រាក់ និងប្រាក់ ដោះដូរគ្នាអញ្ចឹង។ ប៉ុន្តែក៏ចាប់ផ្តើមមានវត្តមាននៃក្រដាសប្រាក់បាត ធ្វើការដោះដូរតាមព្រំដែនកម្ពុជា-ថៃ និងប្រាក់ដុងរបស់វៀតណាមមួយចំនួនមានវត្តមាននៅតាមព្រំដែនកម្ពុជា-វៀតណាម ក៏ចាប់ផ្តើមមានវត្តមានជាប្រាក់រូបិយប័ណ្ឌបរទេស មានទាំងដុល្លារ មានទាំងហ្វ្រង់របស់បារាំង កាលពីពេលនោះនៅហ្វ្រង់នៅឡើយទេ មានហ្វ្រង់ស្វីស ស្អីក៏ចេះតែប្រើ ប្រើបានគឺប្រើទាំងអស់។

នៅពេលដែលយើងចាប់ផ្តើមបោះផ្សាយក្រដាសប្រាក់នោះហើយ ការចរាចរធ្វើសកម្មភាពភ្លាម ហើយខ្ញុំក៏បានសរសេរក្នុងសៀវភៅ ១០ ឆ្នាំ នៃដំណើរកម្ពុជា មានផ្នែកមួយខ្ញុំសរសេរអំពីបញ្ហាការចាប់ផ្តើមចរា​​ចរសាច់ប្រាក់របស់យើង ដែលទៅដល់របៀបណា? ចរាចររបៀបម៉េច? សូម្បីកន្លែងប្រជាជនតំបន់ខ្លះអត់ស្គាល់លុយទេ ដោយសារតែគេមិនឱ្យស្គាល់លុយហ្នឹងតាំងពី ប៉ុល ពត។ កន្លែងខ្លះតាំងពីមុន ប៉ុល ពត ទៅទៀត តំបន់ដែលគេរំដោះបាន (គេឈប់ឱ្យប្រើប្រាស់)។ អញ្ចឹងទេ ចំណុចទាំងអស់នេះវាមិនងាយនោះទេ ទៅលើរចនាសម្ព័ន្ធសេដ្ឋកិច្ច។

ការកែទម្រង់នយោបាយ និងសេដ្ឋកិច្ច នៅក្នុងទសវត្សរ៍ ១៩៨០

យើងមិនអាចផ្លោះចេញពីសេដ្ឋកិច្ចផែនការ ទៅកាន់សេដ្ឋកិច្ចទីផ្សារតែម្តងបានទេ។ ខ្ញុំស្ទើរតែមានគ្រោះថ្នាក់ ដោយសារបញ្ហានៅទីនេះ។ វាមិនមែនជាការងាយស្រួលទេ សម្រាប់ការដឹកនាំកំណែទម្រង់។ ខ្ញុំគិតថា ជីវិតរបស់ខ្ញុំគឺថ្លៃណាស់ គ្រាប់កាំភ្លើងមិនអាចសម្លាប់ខ្ញុំបានទេ បានត្រឹមតែធ្វើឱ្យខ្ញុំរបួស ៥ លើក និងពិការភ្នែកម្ខាង  ហើយសូម្បីតែបាញ់ខ្ញុំនៅសៀមរាប ថ្ងៃ ២៤ ខែកញ្ញា ឆ្នាំ ១៩៩៨ B៤០ រ៉ុកែត បាញ់ ៥ គ្រាប់ ផ្ទុះតែ ១គ្រាប់ ក៏មិនអាចធ្វើឃាតខ្ញុំបានដែរ។ ប៉ុន្តែ នៅពេលដែលខ្ញុំនឹកឃើញរឿងអ្វី ដែលខ្ញុំបានចាប់ផ្តើមចេញដំណើរ ទៅលើការកែទម្រង់នយោបាយ និងសេដ្ឋកិច្ច នៅក្នុងទសវត្សរ៍ ១៩៨០ ទើបជារឿងគួរឱ្យព្រឺក្បាលបំផុត។ ហេតុអ្វី?

មនុស្សប៉ុន្មាននាក់ទៅ ដែលស្គាល់ពីការចរចាក្រៅពីតែពីវាយគ្នា។ នេះជាបញ្ហាធំណាស់ មិនមែនតូចទេ។ ខ្ញុំចាប់ផ្តើមធ្វើការកែទម្រង់ដោយបើកមុខព្រួញទាំង ២ តែម្តង។ មុខព្រួញទី១ កែទម្រង់ខាងនយោបាយ។ បានសេចក្តីថា គោលដៅនោះត្រូវសម្រេចនូវការចរចាស្វែងរកសន្តិភព សម្រាប់កម្ពុជា។ ចំណុចនេះហើយ ដែលខ្ញុំត្រូវរំលឹកបន្តិចថា ពេលនោះរដ្ឋមន្ត្រីការពារជាតិ កុយ ប៊ុនថា អត់យល់ព្រមលើការចរចានេះទេ។ (តាមការ)ស្ទង់មតិពីខាងក្រសួងការពារជាតិត្រឡប់មកវិញ កាលពីពេលនោះថា ប្រសិនបើចរចាគឺមានន័យថាស្មើនឹងការបោះបង់ចោលសមិទ្ធផលបដិវត្ត សមិទ្ធផលសង្គមជាតិ។ ត្រង់នេះហើយ ដែលខ្ញុំត្រូវប្តូររដ្ឋមន្ត្រីការពារជាតិ យក ទៀ បាញ់ ពីរដ្ឋមន្រ្តីក្រសួងសាធារណការ ឱ្យមកធ្វើរដ្ឋមន្រ្តីការពារជាតិ។ ពីមុនគាត់ជាអគ្គសេនាធិការរង ហើយបញ្ជូនទៅធ្វើជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ត្រូវបញ្ជូន ទៀ បាញ់ ត្រឡប់មក​វិញ។ ខ្ញុំបានចាកចេញពីក្រសួងការបរទេសទៅហើយ មួយពេលនោះខ្ញុំធ្វើទាំងនាយករដ្ឋមន្រ្តីផង ធ្វើរដ្ឋមន្ត្រីការបរ​ទេសផង។ ក្រោយមកខ្ញុំបានផ្ទេរកិច្ចការនេះ ទៅឱ្យឥស្សរជនម្នាក់ ប៉ុន្តែឥស្សរជនរូបនោះហាក់ដូចជាមិនសប្បាយចិត្តជាមួយនឹងការចរចានោះទេ តម្រូវឱ្យខ្ញុំត្រូវវិលត្រឡប់មកកាន់ក្រសួងការបរទេស ធ្វើជានា​យករដ្ឋមន្ត្រីផង និងធ្វើជារដ្ឋមន្ត្រីការបរទេសផង។

… តើមានមនុស្សប៉ុន្មាននាក់យល់ពីការចរចា? គេគិតថាការចរចានេះ គឺជាការចុះចាញ់។ យើងនិយាយពីការចរចា យើងចង់បញ្ចប់សង្គ្រាមនៅក្នុងប្រទេសរបស់យើង តាមរយៈនៃការចរចាស្វែងរកដំណោះស្រាយនយោ​បាយមួយសម្រាប់កម្ពុជា។ ឯចំណុចខាងសេដ្ឋកិច្ចយើងចាប់ផ្ដើមរៀបចំចូលទៅកាន់សេដ្ឋកិច្ចទីផ្សារ។ សួរថាមានមនុស្សប៉ុន្មាននាក់ ដែលយល់អំពីសេដ្ឋកិច្ចទីផ្សារនោះ ព្រោះបងប្អូនមួយចំនួនធ្លាប់បានរៀនសូត្រនៅឯភាគខាងជើងវៀតណាម ក្រោយសន្និសីទហ្សឺណែវឆ្នាំ ១៩៥៤ គាត់ស្គាល់តែរឿងសហករណ៍ ហើយចំរដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុទៅទៀត។ អញ្ចឹងធ្វើម៉េចចេញ? ពិបាកណាស់ ហើយមិនអាចមិនឆ្លងអន្តរកាលមួយនោះទេ មិនអាចផ្លោះរំលងពីសេដ្ឋកិច្ចផែនការហក់ចូលសេដ្ឋកិច្ចទីផ្សារបាននោះទេ …។

គ្រោះថ្នាក់ ៣ របស់ខ្ញុំ

គ្រោះថ្នាក់របស់ខ្ញុំ ដែលខ្ញុំធ្លាប់បាននិយាយម្ដងហើយ ខ្ញុំសូមរំលឹកឡើងវិញ កម្លាំងសង្កត់នឹងធ្វើឱ្យខ្ញុំគ្រោះថ្នាក់​គឺមាន ៣៖

ទី១៖ ផ្ទៃក្នុងខ្លួនឯងអត់យល់ ដូច្នេះខ្លួនខ្ញុំអាចនឹងទទួលនូវការបាត់បង់ការគាំទ្រពីផ្ទៃក្នុង នេះជាគ្រោះថ្នាក់ធំជាងគេ ព្រោះផ្ទៃក្នុងខ្លួនឯងអត់យល់ទៅហើយ ចរចាកុំវាយគ្នាដើម្បីដោះស្រាយនយោបាយក៏អត់យល់ សេដ្ឋកិច្ចផ្សារក៏មិនយល់។ យើងនិយាយពីជម្រុញតួនាទីឯកជន គាត់និយាយពីពង្រឹងតួនាទីរដ្ឋ វាផ្ទុយគ្នាស្រឡះ។ សូម្បីតែ ឆ្នាំ១៩៨៨ រដ្ឋមន្ត្រីឧស្សាហកម្មយើង ហូ ណូន មកស្នើសុំខ្ញុំឱ្យបិទសិប្បកម្មឯកជនទាំងអស់ ផលិត​សំ​បកកង់ និងពោះវៀនកង់។ ខ្ញុំមានសរសេរនៅក្នុងសៀវភៅ “១០ ឆ្នាំ នៃដំណើរកម្ពុជា”។ ខ្ញុំប្រាប់ត្រឡប់ទៅវិញថា អត់ទេ ខ្ញុំសុខចិត្តបិទរោងចក្ររដ្ឋ រោងចក្រផលិតសំបកកង់ឡានរបស់យើង ដែលផលិតកង់ និងពោះ​វៀនកង់ រកស៊ីមិនឈ្នះសិប្បកម្មឯកជន … តែខ្ញុំមិនព្រម។

ស្ថានភាពអស់ទាំងនេះមិនមែនជារឿងលេងសើច សម្រាប់តួអង្គនាយករដ្ឋមន្ត្រីនៅពេលនោះ ពិបាកណាស់ ផ្ទៃក្នុងខ្លួនឯងអត់យល់ គឺមានការលំបាក។ ក៏ប៉ុន្តែជាភ័ព្វសំណាងរបស់ខ្ញុំ គឺថ្នាក់ដឹកនាំកំពូលៗរួមមាន សម្ដេច ជា ស៊ីម សម្ដេច ហេង សំរិន ឯកឧត្តម សាយ ភូថង និងមេដឹកនាំដទៃទៀតនៅក្នុងក្បាលដឹកនាំម៉ាស៊ីនសំខាន់ៗផ្ដល់នូវការគាំទ្រ។ ឯវិធីសាស្ត្ររបស់ខ្ញុំ គឺធ្វើពីក្រោមឡើងមកលើ។ អញ្ចឹងបានគេឃើញខ្ញុំដើរ តាមទីជនបទ តាមបណ្ដាខេត្តខ្ញុំដើរច្រើន។ ចំណុចដែលខ្ញុំទៅរៀនសូត្រអំពីកំណែទម្រង់ដីធ្លីគឺ ប៉ុល សារឿន ពេលនោះធ្វើចៅហ្វាយខេត្តតាកែវ។ ខេត្តតាកែវគឺជាខេត្តដែលកម្រមានសល់ស្រូវណាស់ ប៉ុន្តែ មានតែខេត្តតា​កែវមួយ មានសល់ស្រូវពេញៗជង្រុក។ ខេត្តតាកែវគាត់ភូតថ្នាក់លើ ថាគាត់ធ្វើក្រុមសាមគ្គី តែជាក់ស្ដែងគាត់ប្រគល់ដីធ្លីឱ្យប្រជាជនធ្វើ ដល់អញ្ចឹងប្រជាជនធ្វើបានផលរបស់គាត់។ ទន្ទឹមនឹងទៅតាកែវ ទៅក្រចេះគឺជាខេត្តដែលអភិរក្សជាងគេក្នុងដំណាក់កាល(នៃ)ឯកឧត្តម ពោន ពន្លឺ និង ញ៉ែម ហេង … មិនកែទំនុក។ បញ្ហាផ្ទៃក្នុងមិនយល់គឺជាឧបសគ្គមួយ ជាគ្រោះថ្នាក់មួយក្នុងចំណោមគ្រោះថ្នាក់ ៣ មកលើខ្លួនខ្ញុំ។

គ្រោះថ្នាក់ទី២៖ នៅពេលដែលខ្ញុំចាប់ផ្ដើមធ្វើកំណែទម្រង់ កងទ័ពវៀតណាមប្រមាណ ១០ ម៉ឺននាក់ នៅកម្ពុជានៅឡើយទេ។ វៀតណាមពេលនោះអត់ទាន់មានពាក្យ ដូយម៉ឺយ អត់ទាន់មានពាក្យកែទម្រង់ទេ។ វៀតណាម​គេហៅដូយម៉ឺយ ហើយ កាយតូ។ អញ្ចឹងបើ វៀតណាម មិនយល់ស្រប ឬក៏គាត់ជ្រៀតជ្រែកគោលការណ៍នយោបាយរបស់កម្ពុជា គឺគ្រោះថ្នាក់។ ក៏ប៉ុន្តែ ខ្ញុំសម្តែងនូវការគោរពចំពោះកងទ័ពវៀតណាមដែលនៅកម្ពុជាដែលគោរពការសម្រេចចិត្តរបស់កម្ពុជា ជាពិសេសអតីតសព ឯកឧត្តម Le Duc Anh ដែលគាត់ទើបនឹងទទួលមរណភាពប៉ុន្មានខែមុននេះ។ គាត់ធ្វើជំនាញការនៅស្រុកខ្មែរ (តែ)អត់ឱ្យប៉ះពាល់ទេ ប្រាប់ថាភារកិច្ចរបស់កងទ័ពវៀតណាម មកកម្ពុជា ត្រឹមតែបន្តជួយទប់ស្កាត់ការវិលត្រឡប់នៃពួក ប៉ុល ពត ប៉ុន្តែ រឿងកិច្ចការនយោបាយខ្មែរធ្វើសេដ្ឋកិច្ចយ៉ាងម៉េចអីយ៉ាងម៉េចគឺទុកឱ្យខ្មែរធ្វើ។

អញ្ចឹងបានជានៅពេលដែលខ្ញុំប្រជុំជាមួយនឹងតួអង្គពាក់ព័ន្ធនៅសម័យក្រោយនេះ ខ្ញុំថា អស់លោកតែងតែមើលខ្ញុំថា ជាអាយ៉ងវៀតណាម ប៉ុន្តែនៅពេលវៀតណាមមានកងទ័ពនៅស្រុកខ្មែរ វៀតណាមមិនដែលផ្តល់ការប្រដៅឱ្យខ្ញុំធ្វើបែបនេះៗទេ។ អស់លោកមកធ្វើការជាមួយខ្ញុំ បែរជាតម្រូវឱ្យខ្ញុំធ្វើតាមអញ្ចេះៗ បើមិនធ្វើតាមទេ មិនអាចប្រើកញ្ចប់លុយនេះបានទេ។ ដូចជាថ្ងៃមុនខ្ញុំរំលឹកអារឿងលក់គយ។ គេភ្ជាប់លក្ខខណ្ឌមកជាមួយ បើរដ្ឋាភិបាលនៅបន្តគ្រប់គ្រងគយ កញ្ចប់លុយនេះមិនបានប្រើទេ។ ខ្ញុំថាមិនប្រើទេហីទៅ។ បើគេមិនឱ្យហើយធ្វើម៉េចប្រើបាន? ប៉ុន្តែ ឥឡូវ តើការសម្រេចចិត្តរបស់ខ្ញុំមិនលក់គយត្រូវ ឬខុស? គយជាសេវាអធិប​តេយ្យ ដែលមិនអាចឱ្យវិស័យឯកជន ហើយក្នុងហ្នឹង private sector នេះ តាមដឹងគឺក្រុមហ៊ុនមកពីបរទេសទៀត ត្រូវដឹងថាគយសេវាអធិបតេយ្យ គយអាចបំពាក់កាំភ្លើង គយមានឧទ្ធម្ភាគចក្រប្រដេញ គយមាននាវាប្រដេញ ដើម្បីគ្រប់គ្រងសភាពការណ៍។

អញ្ចឹងទេ វៀតណាមមិនមែនជាឧបសគ្គសម្រាប់ការកែទម្រង់របស់ខ្ញុំ ទាំងសិទ្ធិនយោបាយ និងសេដ្ឋកិច្ចនោះទេ។ សុំបញ្ជាក់ឱ្យច្បាស់ទៅលើរឿងនេះ អញ្ចឹងបានជាខ្ញុំសម្រេចបាននូវជោគជ័យនៅក្នុងការកែទម្រង់នៅក្នុងពេលដែលកងទ័ពវៀតណាមនៅកម្ពុជា។ វៀតណាមបានបន្តសហករណ៍ ប៉ុន្តែ កម្ពុជាបានចែកដីឱ្យប្រជាពល​រដ្ឋកម្ពុជាទៅហើយ។ នៅពេលនោះ យើងឯណេះចែកដីឱ្យប្រជាពលរដ្ឋ វៀតណាមដែលមានកងទ័ពនៅកម្ពុជាគាត់នៅធ្វើសហករណ៍ដីគ្រប់គ្រងដោយរដ្ឋនៅឡើយទេ។

ឯគ្រោះថ្នាក់ទី ៣៖ ពេលនោះ អ្នកដែលផ្តល់ជំនួយឱ្យយើង គឺមានអតីតសហភាពសូវៀត និង Comecon (CMEA) ហើយសូវៀតជាអ្នកផ្តល់ជំនួយធំជាងគេ ប្រសិនបើសូវៀតនៅពេលនោះ គេនៅប្រើពាក្យសើរើនិយមនៅឡើយទេ។ អញ្ចឹង តើ ហ៊ុន សែន ស្ថិតនៅក្នុងចំណោម(អ្នក)សើរើនិយមទេ? នេះជាគ្រោះថ្នាក់មួយទៀត … នៅពេលដែល ហ៊ុន សែន ចាប់ផ្តើម អត់ទាន់មាន Perestroika និង glasnost របស់ Gorbachev ទេ។ (ក្នុងន័យនេះ) បើសិនជាខាងសូវៀតប្រាប់ មកសម្តេច ហេង សំរិន ឬ សម្តេច ជា ស៊ីម ថា បើទុក ហ៊ុនសែន បន្តទៀត សូវៀតឈប់ផ្តល់ជំនួយ … ហ៊ុន សែន ងាប់បាត់។

នាំប្រទេសកម្ពុជា នាំគណបក្សប្រជាជនឱ្យស្របគ្នាគាំទ្រនូវដំណោះស្រាយនយោបាយ …

ជាភ័ព្វសំណាងរបស់ខ្ញុំដែរ ដែលខ្ញុំបាននាំប្រទេសកម្ពុជា នាំគណបក្សប្រជាជនឱ្យស្របគ្នា គាំទ្រនូវដំណោះស្រាយនយោបាយ អាហ្នឹងមួយ (និង)មួយទៀតឱ្យគ្រាំទ្រគោលដៅ (ដែលដាក់ចេញក្នុងសម័យ)ប្រជុំសភានៅកន្លែងហ្នឹង។ មិនដែលម៉ែអ្នកណាកែរដ្ឋធម្មនុញ្ញក្នុងតែមួយថ្ងៃកែចេញទេ។ ខ្ញុំឧទ្ទេសនាមនៅនឹងប្រជុំសភា ព្រោះសម្តេច ជា ស៊ីម ប្រធានសភា សម្តេច ហេង សំរិន ប្រធានរដ្ឋ ហើយខ្ញុំនាយករដ្ឋមន្រ្តី អញ្ចឹង ខ្ញុំឡើងឧទ្ទេសនាមនៅហ្នឹងប្រហែលជាជិត ២ ម៉ោង។ ខ្ញុំថា បើមិនប្រគល់ដីធ្លី មិនប្រគល់ផ្ទះសំបែងឱ្យប្រជាជន ក្រុង​យើងបាក់ទាំងអស់ព្រោះអី? បើប្រជាជនអត់ទាន់ច្បាស់ថាផ្ទះហ្នឹង (ជា)ផ្ទះរបស់គាត់ផង។ អញ្ចឹងរឿងអីដែលគាត់ត្រូវចេញលុយទៅជួសជុល ចេញលុយទៅធ្វើក៏អត់ មិនថាទីក្រុងភ្នំពេញ គ្រប់ទីក្រុងទាំងអស់ បាត់ដំបងនៅយកកន្ទេលធ្វើបង្អួចនៅឡើយទេ សូម្បីមានលុយក៏ដោយ។ ឯភ្លឺស្រែអត់មានអ្នកណាហ៊ានលើកទេ មូលហេតុ​អី? មូលហេតុគាត់អត់ច្បាស់ថា គាត់បានធ្វើអាហ្នឹងនៅកន្លែងហ្នឹងឆ្នាំហ្នឹង ឆ្នាំក្រោយគេទារឱ្យធ្វើនៅកន្លែងផ្សេង កន្លែងនេះត្រូវអ្នកផ្សេងមកធ្វើ ជីក៏មិនហ៊ានដាក់ ព្រោះដាក់ទៅ ក្រែងលោឆ្នាំក្រោយមិនបានធ្វើទៀតអញ្ចឹងវាខូច ទៅអញ្ចឹង។

ប៉ុន្តែ ខ្ញុំសប្បាយរីករាយណាស់ សមិទ្ធផលដែលបានមកស្រួលពេក ពិបាកការពារវិញទេ។ នេះជាសមិទ្ធផល ដែលបានមកដោយការខិតខំរបស់យើង។ ខ្ញុំអរគុណថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនទាំងអស់ ប្រជាជនកម្ពុជា ដែលគាំទ្រនូវគំនិតផ្តួចផ្តើមរបស់ខ្ញុំតាមដំណាក់កាលមួយៗ រហូតដល់ថ្ងៃនេះ ខួប ៤០ ឆ្នាំ គឺជាពេលវេលាដែលយើងឈរជើងរឹងមាំនៃក្នុងទឹកដីរបស់យើង។ បើទុកឱ្យខ្ញុំនិយាយ ខ្ញុំត្រូវនិយាយរឿងប្រវត្តិអស់នេះ មិនមែនត្រឹម ១ ម៉ោង ២ ម៉ោងទេ ខ្ញុំត្រូវនិយាយ ២០០ ម៉ោង ក៏មិនទាន់អស់ផង តែមិនទាន់មានពេល។ ថ្ងៃណាមួយខ្ញុំនឹងចាប់ផ្តើមថា ឱ្យគេយកទូរទស្សន៍ថត រួចហើយខ្ញុំចេះតែនិយាយបប៉ាច់បប៉ោច រួចហើយគេយកទៅកត់ត្រា។ ខ្ញុំអត់មានពេលសរសេរឡើងវិញទេ ប៉ុន្តែ គ្រាន់តែឃើញចំណុច ៣ នេះ គឺព្រឺក្បាលទៅហើយ។ ទី ១ គឺផ្ទៃក្នុងខ្លួនឯងអត់យល់។ ខិតខំធ្វើឱ្យយល់។ មិនត្រឹមតែយល់ទេ បង្កើតនូវកម្លាំងគាំទ្រធ្វើបណ្តោយ រកដំណោះស្រាយនយោបាយក៏ចេញ ជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចកែទម្រង់សេដ្ឋកិច្ច ពីសេដ្ឋកិច្ចផែនការ ហើយតាមរយៈអន្តរកាលគួបផ្សំទីផ្សារ និងផែនការ ចូលមកក្នុងសេដ្ឋកិច្ចទីផ្សារ។

អ្នកស្រែកឱ្យដាក់ទណ្ឌកម្មកម្ពុជាច្រើនជាងគេ រកស៊ីជាមួយកម្ពុជាច្រើនជាងគេ

សេដ្ឋកិច្ចទីផ្សារមិនមែនកើតក្រោយ​សន្និសីទប៉ារីសទេ សូមចាំ។ មុនសន្និសីទប៉ារីស។ បានសេចក្តីថា កម្ពុជាបានដំណើរការលើភាគច្រើនទៅហើយ រាប់ទាំងសាលាឯកជនក៏បានចាប់ផ្តើមមុនកិច្ចព្រមព្រៀងប៉ារីសទៅទៀត ចូលរួមក្នុងការបណ្តុះបណ្តាលធនធានមនុស្ស វិស័យសិប្បកម្ម កសិកម្មស្អីៗ ចែកដីធ្លីឱ្យប្រជាជន។ ពេលហ្នឹងចែកខ្លះមិនយកផង។ តែឥឡូវមិនបាច់ចែកទេ ទៅកាប់យកបណ្តោយ បង្កើតបានរឿងដីធ្លីធំធេង។ ពេលហ្នឹងគេដាក់ទណ្ឌកម្មយើងគ្រប់ទិសទី ប៉ុន្តែកម្ពុជាអត់ស្លាប់ទេ អ្នកដែលស្រែកឱ្យដាក់ទណ្ឌកម្មឱ្យកម្ពុជាច្រើនជាងគេ ក៏រកស៊ីជាមួយកម្ពុជាច្រើនជាងគេដែរ ខ្ញុំមិននិយាយថាប្រទេសណាទេ ស្រែកនោះលឺពេញអាស៊ីអាគ្នេយ៍ ក៏ប៉ុន្តែរកស៊ីជាមួយកម្ពុជាក៏ច្រើនដែរ។ កម្ពុជាប្រើដៃឯកជនទៅរកស៊ី។ គេដឹកទំនិញមក យើងដឹកទំ​និញទៅ។ យើងទូទាត់ឱ្យគេទៅ។ ពេលនោះ ពន្ធដែលប្រមូលបាន កំពង់សោមប្រមូលបានតិចជាងកោះកុងទេ ព្រោះកោះកុងជាច្រកដែល ហ៊ុន សែន បើកឱ្យដំណើរការរកស៊ី។ អញ្ចឹងប្រាក់ដែលបញ្ចូលមកពីកោះកុង មកចិញ្ចឹមរដ្ឋបាលកណ្តាល គឺនៅកោះកុងនោះ។ អញ្ចឹងបានល្បែងទណ្ឌកម្មនេះមិនអាចសម្លាប់អ្នកណាបានទេ។ ខ្ញុំសុំអភ័យទោសដោយសារតែយើងរៀបរាប់(ហូរហែ តែនេះក៏ដោយសារតែយើង)សរសេរវាមិនអស់។ អញ្ចឹងដល់បានអត្ថាធិប្បាយបន្តិចទៅ។

ខំការពារសមិទ្ធផលដែលកើតចេញពីការលំបាក និងការប្រឹងប្រែងខ្លួនឯង

ប៉ុន្តែ ពីស្ថានភាពដ៏លំបាកមួយ យើងបានមកដល់ដំណាក់កាលនេះ។ សមិទ្ធផលដែលកើតចេញពីការលំ​បាក និងការប្រឹងប្រែងខ្លួនឯង គឺជាសមិទ្ធផលដែលយើងត្រូវខំការពារ។ នៅប្រទេសដទៃវាស្រួលណាស់ ឡើងធ្វើនាយករដ្ឋមន្រ្តីគ្រឹប ស្អែកឡើងទៅ ស្អីៗក៏មានហើយទាំងអស់។ បន្តទៅ។ ឯកម្ពុជាអត់ទេ។ ស្ថាប័ននៅភ្នំពេញ ស្ថាប័នមួយណាក៏កើតថ្មីទាំងអស់។ យើងពិនិត្យអញ្ចេះ នៅក្នុងសុន្ទរកថាដែលព្រៀងមកឱ្យខ្ញុំនេះ ព្រោះខ្ញុំពិនិត្យហើយ ក៏ប៉ុន្តែខ្ញុំត្រូវតែអាន។ ឥឡូវខ្ញុំនិយាយបន្ថែមបន្តិចចុះ និយាយពីរឿងសូវៀត និងអឺរ៉ុបខាងកើត ប៉ុន្តែ យើងប្រៀបធៀបជាមួយនឹងវៀតណាម យើងប្រៀបធៀបជាមួយឡាវ និងប្រៀបធៀបជាមួយប្រទេសមួយចំនួននៅលើពិភពលោកនេះ (ដែល)មានការដូររបប។ គេដូរតែមេដឹកនាំនយោបាយទេ។ គេអត់លុបចោលទេប្រព័ន្ធ។ ជាក់ស្តែង អគ្គរដ្ឋទូតវៀតណាមនៅទីនេះស្រាប់ ពេលរំដោះបានភាគខាងត្បូងវៀតណាម បានសេចក្តីថា មេៗទាំងឡាយ អាហ្នឹងគឺចាកចេញ ប៉ុន្តែជាហិរញ្ញវត្ថុវិញ (ទុកឱ្យ)ខ្ញុំនិយាយរឿងប្រាក់វៀតណាម។

វៀតណាមមិនបានបំបាត់ប្រាក់របស់ភាគខាងត្បូងវៀតណាមទេ គឺឱ្យប្រជាជននៅបន្តប្រើប្រាស់ និងដូរក្រ​ដាស​ប្រាក់ថ្មី បន្ទាប់ពីវៀតណាមឯកភាព។ អញ្ចឹង បាន(ជា)ពេលខ្ញុំឆ្លងទៅវៀតណាម ល្ងាចថ្ងៃទី ២១ មិថុនា ១៩៧៧ ខ្ញុំបានទៅដល់ទីរួមខេត្តសុងប៊ែរ កាលពេលនោះ នៅសល់ខេត្តសុងប៊ែរ ឥឡូវ ទៅជា ប៊ិញយឿង … អនុសេនីយ៍ត្រីម្នាក់បានប្រាប់ខ្ញុំថា ខាងលើកំណត់ឱ្យអស់លោកទទួលមួយថ្ងៃ ៧ ០០០ ដុង។ ខ្ញុំគិតស្មានថា ៧ ០០០ ដុង វាច្រើនណាស់។ អើ! បើ ៧ ០០០ ដុង យើងគិតស៊ីបាយត្រឹមតែប៉ុណ្ណេះបានហើយ ជក់បារីប៉ុណ្ណេះ។ ប៉ុន្តែ គេគិតអត្រាប្រាក់របស់រដ្ឋបាល ធីវគី ដល់ទៅគិតប្រាក់ថ្មី ស្មើនឹង ៧ កាក់។ ប៉ុន្តែ យើងយ៉ាងណាក៏ដោយ តម្លៃលុយពីរបបមុន ដែលបន្សល់ទុកនៅក្នុងចំណោមប្រជាជន នៅតែរក្សាបានតាមរយៈការដូរក្រដាសប្រាក់ថ្មី។ ប្រទេសជាច្រើននៅលើពិភពលោកមានការដូររបប ប៉ុន្តែ គេនៅរក្សាតម្លៃលុយរបស់គេ។ គេអត់លុបចោលលុយទេ គេគ្រាន់តែបោះក្រដាសប្រាក់ថ្មីមកដូរក្រដាសប្រាក់ចាស់តែប៉ុណ្ណោះ។

តើមានប្រទេសណា ក្រោយពីបរទេសដកចេញ រដ្ឋបាលនៅស្ថិតស្ថេរ?

កម្ពុជាខុសពីនេះ។ ប៉ុន្តែ និយាយពីរឿងខុសគេអញ្ចឹង ខ្ញុំក៏គួរតែនិយាយរឿងខុសគេមួយទៀត ដើម្បីឱ្យយល់។ នៅលើពិភពលោក ឬក៏នៅក្នុងតំបន់អាស៊ី តើមានរបបណាខ្លះ ដែលមានបរទេសមួយជួយហើយ (នៅ)ពេល បរទេសដកចេញត្រឡប់ទៅវិញ រដ្ឋបាល(នៅបាន)ស្ថិតស្ថេរ? មានតែកម្ពុជាទេ។ និយាយរួម មានតែរដ្ឋបាល ហេង សំរិន, ហ៊ុន សែន ទេ។ យើងមើលរដ្ឋាភិបាល លន់ នល់ អាមេរិកចូលមកជួយ អាមេរិកដកទៅវិញ ដួល​រលំគ្រេង។ វៀតណាមខាងត្បូង អាមេរិកចូលមកជួយ អាមេរិកដកទៅវិញ ដួលរលំគ្រេង។ អាហ្វហ្គានីស្ថាន សូវៀតចូលមកជួយ ដល់សូវៀតដកចេញ ដួលរលំគ្រេង។ ដល់រដ្ឋាភិបាល ហ៊ុន សែន វៀតណាមចូលមកជួយ ដល់វៀតណាមដកចេញ រដ្ឋាភិបាល ហ៊ុន សែន ឈរយ៉ាងមាំនៅទីនេះ។ ពិតមែនតែត្រូវធ្វើការសម្របសម្រួល ប៉ុន្តែសម្របសម្រួលលើមូលដ្ឋាននៃយន្តការ(របស់)រដ្ឋាភិបាល ហ៊ុន សែន ទាំងអស់។ លើការជាក់ស្តែង ហ៊ុន សែន កំពុងឈរនៅទីនេះ ហើយឈរ ១០ ឆ្នាំ ទៀតឯណោះ។ យើងពិនិត្យមើលសារបាន​។ ប្រ​ទេសខ្លះអន្តរាគមន៍បរទេសទៅ បរទេសដកថយ គឺដួលរលំគ្រេង។ ដូចជាអាហ្វហ្គានីស្ថាន ប្រធា​នាធិបតី ត្រូវពួកតាលីបង់ចាប់ព្យួរក។ ឯ(កម្ពុជា)នេះអត់ទេ។

កម្ពុជាបញ្ចប់សង្គ្រាម នៅថ្ងៃទី ២៩ ធ្នូ ១៩៩៨

(ឆ្នាំ) ១៩៨៩ កងទ័ពវៀតណាមដកចេញ ទិដ្ឋភាពអន្តរជាតិនៃបញ្ហាកម្ពុជាត្រូវបានដោះស្រាយ។ បញ្ហា ដែលនៅសេសសល់ គឺទិដ្ឋភាពផ្ទៃក្នុង នោះគឺការកម្ចាត់របបប្រល័យពូជសាសន៍ ប៉ុល ពត។ បញ្ហាកម្ពុជា មានទិដ្ឋភាពពីរ។ ទិដ្ឋភាពអន្តរជាតិ និងទិដ្ឋភាពផ្ទៃក្នុង។ ទិដ្ឋភាពអន្តរជាតិ រួមមាន៖ វត្តមានកងទ័ពវៀតណាមនៅកម្ពុជា និងការប្រើប្រាស់ដីបរទេស និងជំនួយបរទេសប្រឆាំងកម្ពុជា។ ឯទិដ្ឋភាពផ្ទៃក្នុង គឺកម្ពុជាត្រូវបែងចែកជាបក្សពួកបួនភាគី។ ត្រីភាគីនៅឯណោះទៅហើយ ពិតមែនតែនៅក្នុងរដ្ឋាភិបាលចម្រុះ ក៏ប៉ុន្តែ នៅមានបីក្រុមផ្សេងគ្នា និងទីក្រុងភ្នំពេញ។ អញ្ចឹង ត្រូវរកវិធីសម្របសម្រួលគ្នា។ យើងធ្វើបានជោគជ័យ។

(កម្ពុជា)បញ្ចប់សង្គ្រាម (នៅថ្ងៃទី) ២៩ ខែធ្នូ ១៩៩៨ ដោយ(កំណត់)យក(តាម)ថ្ងៃ ដែលមេដឹកនាំជាន់ខ្ពស់របស់ខ្មែរក្រហមមកចុះចូលដល់ផ្ទះនាយករដ្ឋមន្ត្រី។ ករណីនេះមិនទាន់មានទេលើពិភពលោក។ វាយគ្នា គឺភាគីម្ខាងទៀត អាមេក្លោងរត់ទៅត្រង់ណាអីត្រង់ណាបាត់ទៅ ប៉ុន្តែនេះគឺប្រធានាធិបតី និងនាយករដ្ឋមន្ត្រី ខៀវ សំផន ប្រធានសភា នួន ជា ហើយមកមួយគណៈរដ្ឋមន្ត្រី។ អៀង សារី មកមុន។ ប៉ុន្តែ អ្នកទាំងនោះលាចាក លោកទៅហើយ នៅសល់តែ ខៀវ សំផន មួយទេ។ ទាក់ទងនឹងតុលាការជារឿងមួយផ្សេង។ ដំណើរឆ្លងកាត់របស់យើងពិបាកណាស់។ ថែវាឱ្យបាន។ ខ្ញុំសុំនិយាយប៉ុណ្ណឹង បន្ថែមលើសុន្ទរកថា ដែលបានព្រៀងទុក៕

[ចប់សេចក្តីអធិប្បាយ]

សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អង្គពិធីជាទីមេត្រី!

ក្នុងរយៈពេល ៤០ ឆ្នាំ ចុងក្រោយនេះ, វិស័យធនាគារកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ។ កម្ពុជាមានប្រព័ន្ធធនាគារប្រកបដោយប្រសិទ្ធភាព, បរិយាប័ន្ន និងសមាហរណកម្មខ្ពស់ ទៅក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងបំពេញបាន នូវសេចក្តីត្រូវការផ្នែកសេវាហិរញ្ញវត្ថុ កាន់តែទូលំទូលាយនៅទូទាំងប្រទេស។

វិស័យធនាគារបានក្លាយជាសសរស្តម្ភមួយ ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ, មជ្ឈដ្ឋានជាតិ និងអន្តរជាតិ បានទទួលស្គាល់តួនាទីស្នូលរបស់វិស័យធនាគារ ក្នុងការរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, ស្ថិរភាពហិរញ្ញវត្ថុ, ការលើកស្ទួយជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ជាពិសេសតាមរយៈវិស័យមីក្រូហិរញ្ញវត្ថុ។ ទន្ទឹមនេះ, ធនាគារជាតិនៃកម្ពុជាបានរក្សាស្ថិរភាពតម្លៃប្រាក់រៀល ដែលប្រែប្រួលក្នុងរង្វង់តែ ១% ប៉ុណ្ណោះ ជាមួយនឹងការបង្កើនទុនបម្រុងអន្តរជាតិឱ្យស្ថិតក្នុងកម្រិតខ្ពស់ ដែលលទ្ធផលទាំងនេះ បង្ហាញពីប្រសិទ្ធភាពនៃការគ្រប់គ្រង បរិមាណផ្គត់ផ្គង់ប្រាក់រៀល និងការគរពូនទ្រព្យសម្បត្តិជាតិឱ្យបានល្អប្រសើរ ដើម្បីរក្សាស្ថិរភាពថ្លៃ ដោយអត្រាអតិផរណា មានកម្រិតទាបប្រមាណ ៣%។ ម៉្យាងវិញទៀត, វិស័យធនាគារបានពង្រីកការផ្តល់សេវាហិរញ្ញវត្ថុទៅដល់ប្រជាជនទូទាំងប្រទេស ជាពិសេសប្រជាជនក្រីក្រ សម្រាប់លើកស្ទួយជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង ដែលក្នុងនោះ ប្រជាជនពេញវ័យ​ប្រមាណ ៧១% កំពុងទទួលបានសេវាហិរញ្ញវត្ថុ ហើយការផ្តល់ហិរញ្ញប្បទានតាមរយៈប្រព័ន្ធធនាគារបានកើនឡើងដល់ ១១៥% នៃ ផសស សម្រាប់បំពេញសេចក្តីត្រូវការពង្រីកឤជីវកម្មលើគ្រប់វិស័យ។ តាមរយៈឥណទានវិស័យធនាគារ, ប្រជាជនកម្ពុជាមានឱកាសពង្រីកឤជីវកម្មរបស់ខ្លួន មានជីវភាពរស់នៅល្អប្រសើរ ឤចទិញលំនៅដ្ឋានបានសមរម្យ ដែលជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងភាពសុខដុមរមនារបស់សង្គមជាតិទាំងមូល។

ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំបានអនុញ្ញាតឱ្យសាងសង់អគារធនាគារជាតិនៃកម្ពុជាថ្មី លើទីតាំងចាស់, ទន្ទឹមនេះ យើងមានមោទនភាពដែលកម្ពុជាមានអគាររោងពុម្ព សម្រាប់បោះពុម្ព រូបិយបណ្ណប្រាក់រៀល ដោយខ្លួនឯង នៅក្នុងប្រទេសរបស់ខ្លួន ខណៈដែលប្រទេសមួយចំនួននៅក្នុងតំបន់ មិនទាន់មានលទ្ធភាពនៅឡើយ។

រូបិយវត្ថុក្នុងវិស័យសេដ្ឋកិច្ច គឺជាឧបករណ៍គោលនយោបាយជំរុញកំណើនសេដ្ឋកិច្ច, ពង្រឹងភាពធន់នៃសេដ្ឋកិច្ចទៅនឹងហានិភ័យនានា, ដូច្នេះ ដើម្បីឱ្យធនាគារជាតិនៃកម្ពុជា ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ សម្រេចបាននូវសមិទ្ធផលសំខាន់ៗបន្ថែមទៀត ខ្ញុំសូមផ្តល់អនុសាសសន៍មួយចំនួន ដូចខាងក្រោម៖

ទី ១ ធនាគារជាតិនៃកម្ពុជា រួមជាមួយក្រសួង-ស្ថាប័ន, វិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាបន្តរក្សារូបិយវត្ថុជាតិ ប្រកបដោយស្ថិរភាព និងទំនុកចិត្ត តាមរយៈការប្រើប្រាស់ប្រាក់រៀលឱ្យបានទូលំទូលាយ ដើម្បីលើកកម្ពស់អត្តសញ្ញាណ និងអធិបតេយ្យជាតិ ជាមួយនឹងការបង្កើនប្រសិទ្ធភាពគោលនយោ​បាយរូបិយវត្ថុ, សារពើពន្ធ និងហិរញ្ញវត្ថុ។ ជាមួយគ្នានេះ ខ្ញុំស្នើឱ្យបង្កើតគោលនយោបាយថ្នាក់ជាតិរយៈពេលវែងមួយ សំដៅលើកកម្ពស់ការប្រើប្រាស់ ប្រាក់រៀល ប្រកបដោយភាពប្រុងប្រយ័ត្ន មានសង្គតិភាព និងផ្អែកលើយន្តការទីផ្សារ។

ទី ២ ធនាគារជាតិនៃកម្ពុជា, ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តសហការគាំទ្រ និងអនុវត្តផែនការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ២០១៦-២០២៥ និងយុទ្ធសា្រស្តស្តីពីបរិយាប័ន្ននៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងសង្គតិភាព សំដៅគាំទ្រកំណើនសេដ្ឋកិច្ចជាតិ, បន្តរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើង ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។

ទី ៣ ធនាគារជាតិនៃកម្ពុជា ក៏ដូចជាស្ថាប័នពាក់ព័ន្ធត្រូវបន្តគាំទ្រការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដែលធ្វើឱ្យសេវាហិរញ្ញវត្ថុនៅកម្ពុជា កាន់តែមានភាពទំនើប ងាយស្រួល ទទួលបានតម្លៃទាប និងប្រសិទ្ធភាពខ្ពស់​។ ត្រូវធ្វើការត្រួតពិនិត្យអំពីហានិភ័យនៃបច្ចេកវិទ្យាថ្មីៗទាំងអស់នេះ ដើម្បីរក្សាបាននូវស្ថិរភាព និងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៅកម្ពុជា។

ទី ៤ ធនាគារជាតិនៃកម្ពុជា, ស្ថាប័នពាក់ព័ន្ធ និងគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវបន្តលើកកម្ពស់ការយល់ដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាជន, ត្រូវបន្តចូលរួមបង្កើនការយល់ដឹង និងពង្រឹងវប្បធម៌ឥណទាន ដល់អ្នកដែលកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុ ជាពិសេសនៅតាមជនបទ ដើម្បីទប់ស្កាត់នូវហានិភ័យនានា ដែលឤចកើតឡើងជាយថាហេតុ នាបច្ចុប្បន្ន និងអនាគត។

ទី ៥ ធនាគារជាតិនៃកម្ពុជា, អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធទាំងអស់, អង្គភាពប្រឆាំងអំពើពុករលួយ, ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ត្រូវបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹងទប់ស្កាត់ ឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពនូវការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដើម្បីការពារវិស័យហិរញ្ញវត្ថុ ធនាគារ ប្រកបដោយតម្លាភាព និងអភិបាលកិច្ចល្អ។

ជាទីបញ្ចប់, នៅក្នុងឱកាស អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤០ នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ, ខ្ញុំសូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ សូមជួបប្រទះតែនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ ឤយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ