សន្និសីទសារព័ត៌មានរួម រវាងសម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តម ថោងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ

CNV:

ឯកឧត្តមនាយករដ្ឋមន្រ្តី ថងលូន ស៊ីស៊ូលីត

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកសារព័ត៌មាន!

លើកកម្ពស់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ជម្រុញទំនាក់ទំនងមានស្រាប់ ពង្រឹងទំនុកចិត្ត

ថ្ងៃនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តក្នុងទំនាក់ទំនងរវាងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ ជាមួយនឹងព្រះរាជាណាចក្រកម្ពុជា។ អ្វីដែលយើងបានធ្វើនៅថ្ងៃនេះ ដំបូង ខ្ញុំគួរតែបញ្ជាក់ថា ភាគីទាំងពីរបានចុះហត្ថលេខាអម្បាញ់មិញទៅលើសេចក្តីថ្លែងការណ៍រួម ដែលក្នុងនោះមានការចែងអំពី ការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ដែលចាត់ទុកថាជាសមិទ្ធផលដ៏សំខាន់ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ យើងបានប្រឹងប្រែងធ្វើការច្រើនហើយ ដើម្បីទទួលមរតកប្រវត្តិសាស្រ្ត ដែលដូនតានៃប្រទេសទាំងពីរបានបន្សល់ទុក ក្នុងឋានៈជាប្រទេសជិតខាងភូមិផងរបងជាមួយ និងប្រកបដោយមិត្តភាព។ ការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ អនុញ្ញាតឱ្យយើងជម្រុញបន្ថែមទៀតនូវទំនាក់ទំនងដែលមានស្រាប់ ហើយកាន់តែពង្រឹងនូវជំនឿទុកចិត្តរវាងប្រទេសទាំងពីរ។

រៀបចំសន្ធិសញ្ញាព្រំដែនកម្ពុជា-ឡាវ លើសមិទ្ធផលសម្រេចបាន ៨៦%, ដូរបង្គោលព្រំដែនចាស់/តូច

យើងបានពិភាក្សាគ្នាយ៉ាងច្រើនទៅលើបញ្ហាមួយចំនួន នៅក្នុងនោះ ក៏សូមបញ្ជាក់ជូនអ្នកសារព័ត៌មានឱ្យបានជ្រាប ទាក់ទងជាមួយនឹងបញ្ហាព្រំដែន នាយករដ្ឋមន្រ្តីទាំងពីរបានឯកភាពគ្នា ដើម្បីធ្វើការរៀបចំឱ្យមានសន្ធិសញ្ញាព្រំដែនកម្ពុជា-ឡាវ ពាក់ព័ន្ធទៅនឹងសមិទ្ធផលដែលយើងសម្រេចបាន ៨៦% រួចមកហើយ​។ នេះជាកិច្ចការសំខាន់ណាស់ ដែលកាលមុននេះ ព្រំដែននៃប្រទេសទាំងពីរពុំមានភាពច្បាស់លាស់នោះទេ ក៏ប៉ុន្តែពេលនេះ ដោយសារយើងបានធ្វើកិច្ចការច្រើនហើយ យើងព្រមព្រៀងគ្នាឱ្យគណៈកម្មការព្រំដែន នៃប្រទេសទាំងពីរ​ព្រៀងនូវសន្ធិសញ្ញា ដើម្បីទទួលយកនូវលទ្ធផល ៨៦%។ យើងក៏បានព្រមព្រៀងគ្នាផងដែរ អំពីការដូរបង្គោលព្រំដែន ដែលបង្គោលព្រំដែនបច្ចុប្បន្នរបស់យើងគឺនៅតូចណាស់ វាហាក់ដូចជាព្រំដីរវាងប្រជាជន និងប្រជាជន មិនសក្តិសមជាមួយនឹងបង្គោលសីមាព្រំដែនរដ្ឋនោះទេ។

គណៈកម្មការព្រំដែនប្រទេសទាំងពីរ គូសប្លង់បង្គោល មកឆ្លងថ្នាក់ដឹកនាំទាំងពីរ, ចំណាយពាក់កណ្តាល​ម្នាក់

នាយករដ្ឋមន្រ្តីទាំងពីរបានប្រគល់ភារកិច្ចដល់គណៈកម្មការព្រំដែន នៃប្រទេសទាំងពីរ ដើម្បីធ្វើការគូសជាប្លង់បង្គោល ដើម្បីមកឆ្លងជាមួយនឹងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ហើយក៏ព្រមព្រៀងគ្នាដើម្បីចែកនូវការចំណាយពាក់​កណ្ដាលម្នាក់ នៃការផលិតបង្គោលដើម្បីជំនួសឱ្យបង្គោលចាស់ ដែលបានបោះ(ពីមុន)។ ក្រៅពីនោះ ដោយសារតែបង្គោលព្រំដែនរបស់យើងវាមានចំនួនតិច យើងក៏បានព្រមព្រៀងគ្នាដើម្បីឱ្យសិក្សាថាយើងអាចបោះបង្គោលបន្ថែមប៉ុន្មានបង្គោលទៀត? ក៏មានការព្រមព្រៀងគ្នាអំពីបញ្ហានេះ ព្រោះ​កន្លងទៅព្រំដែនរាប់រយគីឡូម៉ែត្រ បោះបានត្រឹមតែ ១២១ បង្គោល តែប៉ុណ្ណោះ ដូច្នេះវាវែងឆ្ងាយណាស់ ត្រូវបោះបង្គោលបន្ថែម។ ប៉ុន្តែ បង្គោលទាំងនោះក៏ត្រូវតែស្របជាមួយនឹងបង្គោលដែលមានរួចមកហើយៗក៏ត្រូវបានឆ្លងកាត់នូវការយល់ព្រមពីថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ។

សម្រាប់បញ្ហាសេសសល់ ១៤% ទៀត នាយករដ្ឋមន្ត្រីទាំងពីរបានប្រគល់ភារកិច្ចឱ្យក្រសួងការបរទេស ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ធ្វើការជាមួយគ្នាបន្តការដោះស្រាយ ហើយយើងមានសុទិដ្ឋិនិយមថា នឹងឈានរកការដោះស្រាយក្នុងពេលវេលាមួយសមស្រប ក្នុងស្មារតីមិត្តភាព និងសហប្រតិបត្តិការជិតខាងល្អ។

ចុះហត្ថលេខាទិញអគ្គិសនីពីឡាវ នាំដល់ការពង្រីកទំហំពាណិជ្ជកម្មកម្ពុជា-ឡាវ

ថ្ងៃនេះ ដូចដែលអស់លោក លោកស្រី អ្នកសារព័ត៌មានបានជ្រាប យើងក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន ដែលក្នុងនោះកម្ពុជាក៏បានក្លាយទៅជាទីផ្សារនាំចេញអគ្គិសនីរបស់ឡាវ ហើយឡាវក៏ក្លាយទៅជាទីកន្លែងនៃការផ្គត់ផ្គង់អគ្គិសនី​ឱ្យកម្ពុជា​ ដែលជាការបំពេញឱ្យគ្នាទៅវិញទៅមក។ យោងទៅលើអ្វីដែលបានចុះហត្ថលេខាថ្ងៃនេះ រួមជាមួយនឹងការចុះហត្ថលេខា ដែលមានពីមុន និងកំពុងតែផ្គត់ផ្គង់ ប្រភពអគ្គិសនីដែលយើងកំពុងទទួលពីឡាវមានទៅដល់ ៣១០០ មេហ្គាវ៉ាត់ឯណោះ។ ដូច្នេះជាទំហំមួយដ៏ធំ បើប្រៀបធៀបជាមួយនឹងប្រទេសកម្ពុជាកាលមុននេះ ទីក្រុងភ្នំពេញ និងទូទាំងប្រទេស ប្រើត្រឹមតែប្រមាណមិនដល់ ៤០ មេហ្គាវ៉ាត់នោះទេ។ ក៏ប៉ុន្តែ ឥឡូវនេះ កម្ពុជាបានឈានទៅទិញអគ្គិសនីពីឡាវ រហូតទៅដល់ ៣១០០ មេហ្គាវ៉ាត់ ដែលឡាវអាចចាត់ទុកថាជាប្រភេទទំនិញមួយ ដែលនាំចូលមកកាន់កម្ពុជា ដែលធ្វើឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងមានការកើនឡើងដោយឆាប់រហ័សបន្ទាប់ពីកិច្ចព្រមព្រៀងត្រូវបានអនុវត្តជាជំហានៗ។ ទំហំពាណិជ្ជកម្មដែលកម្ពុជានាំចូលអគ្គិសនីពីឡាវក៏នឹងមានការកើនឡើងផងដែរ។

បញ្ហាទេសចរណ៍ និងហោះហើរត្រង់

យើងក៏បានពិភាក្សាគ្នាលើបញ្ហាមួយចំនួនផ្សេងទៀត ដូចជា បញ្ហាទេសចរណ៍ ការហោះហើរត្រង់​របស់ក្រុមហ៊ុនកម្ពុជា Angkor Air ក៏ដូចជាក្រុមហ៊ុនឡាវ ដែលទាក់ទងនឹងការហោះហើរត្រង់ ដើម្បីពង្រីកទំហំទេសចរណ៍រវាងប្រទេសទាំងពីរ។ ខ្ញុំគិតថា ខ្ញុំលើកប៉ុណ្ណេះសិន ហើយទុកឱកាសឱ្យឯកឧត្តមនាយករដ្ឋមន្រ្តី ថងលូន ធ្វើការផ្តល់ព័ត៌មានជូនចំពោះអស់លោក លោកស្រី។

នាយករដ្ឋមន្រ្តីឡាវ៖

… ការអញ្ជើញមកទស្សនកិច្ចជាផ្លូវការលើកនេះ ចាត់ទុកជានិមិត្តរូបល្អ។ យើងបានឯកភាពគ្នានូវការងារច្រើន ជាបញ្ហាយុទ្ធសាស្រ្ត ដល់ទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការ​​ជាផ្លែផ្ការបស់ប្រទេសយើងទាំងពីរ ក៏ដូចជាប្រជាជនទាំងពីរ។ ថ្ងៃនេះ ខ្ញុំគាំទ្រចំពោះមតិថ្លែងរបស់សម្តេចតេជោ ខ្ញុំគិតថា ការបំពេញទស្សនកិច្ចគ្នាទៅវិញទៅមកនៅកម្រិតខ្ពស់របស់ប្រទេសយើង ចាត់ទុកថាជាប្រពៃណីល្អ យើងនឹងបន្តជម្រុញទំនាក់ទំនងនេះឱ្យបានល្អថែមទៀត។

ខ្ញុំឯកភាពទៅលើសម្តេចតេជោ ហ៊ុន សែន ថា យើងបានពិភាក្សាគ្នាដោះស្រាយបញ្ហាព្រំដែនឱ្យចេញផ្លែផ្កា មានជំហានឈានទៅមុខ។ សំខាន់បំផុតគឺនាយករដ្ឋមន្រ្តីទាំងពីរ ៨៦% ដែលយើងបានកំណត់ខ្សែព្រំដែនជាមួយគ្នានៅពេលកន្លងមកនេះ យើងនឹងធ្វើឱ្យមានបង្គោលសីមាព្រំដែនល្អ បង្គោលណាមិនទាន់បានបោះ ក៏ត្រូវឱ្យមានការគូសជាប្លង់បង្គោលឱ្យធំជាងមុន ដើម្បីជាបង្គោលស្អាត និងល្អជាងនេះ។ ខ្ញុំស្នើឱ្យភាគីកម្ពុជាជាអ្នកគូសប្លង់ ដើម្បីឱ្យនាយករដ្ឋមន្រ្តីទាំងពីរទទួលយកបាន។ ចំណាយគឺយើងបែងចែកគ្នាពាក់កណ្តាល។ នេះជាការសម្រេចចិត្តដ៏មានសារសំខាន់ណាស់ ព្រោះយើងបានធ្វើការជាច្រើនឆ្នាំមកហើយ ចំពោះការដោះស្រាយបញ្ហាព្រំដែន ហើយកំណត់បាន ៨៦% យើងចាត់ទុកថា ជាជ័យជម្នះរបស់យើងក្នុងការសហការគ្នា។ ចំពោះចំណុចដែលនៅសេសសល់ នាយករដ្ឋមន្ត្រីទាំងបានឱ្យគណៈកម្មការចម្រុះព្រំដែនឡាវ-កម្ពុជា ក៏ដូចជាក្រសួងការបរទេសកម្ពុជាសហការដោះស្រាយជាមួយគ្នា។ ខ្ញុំមានជំនឿជឿជាក់ថា នឹងដោះស្រាយបញ្ហាបាន ដោយសារយើងមានមូលដ្ឋាននៃទំនាក់ទំនងល្អជាមួយគ្នា។

អ្វីៗសំខាន់បំផុតគឺ ខ្ញុំឯកភាពចំពោះសម្តេចតេជោ ហ៊ុន សែន ថា លើកនេះយើងបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដើម្បីលើកកម្ពស់ទំនាក់ទំនង ឱ្យទៅជាភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ គង់វង្ស និងយូរអង្វែង ជាដៃគូយុទ្ធសាស្រ្ត មានទំនុកទុកចិត្តជាមួយគ្នា សហការគ្នាអភិវឌ្ឍប្រទេសជាតិ​ បង្កើតភាពសុខដុមរមនារវាងប្រជាជន និងប្រទេសជាតិយើង។

ក្រៅពីនោះក៏មានការចុះហត្ថលេខាឯកសារផ្សេងៗ។ ការចុះហត្ថលេខាជាមួយគ្នាលើកនេះ គឺជាការផ្តល់នូវទំនុកទុកចិត្តជាមួយគ្នា ហើយតទៅទៀត យើងនឹងមានសហការជាមួយគ្នារវាង​រដ្ឋាភិបាល និងប្រជាជនប្រទេសយើងទាំងពីរថែមទៀត។

ខ្ញុំ និងគណៈប្រតិភូឡាវ មានសេចក្តីរីករាយ ដែលសម្តេចតេជោ ហ៊ុន សែន និងរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្តទិញអគ្គិសនីពីប្រទេសឡាវ ចំនួនជាង ៣០០០ មេហ្គាវ៉ាត់ ចាប់ពីឥឡូវដល់ឆ្នាំ ២០៣០។ នេះគឺជាការបំពេញបន្ថែមគ្នាទៅវិញទៅមក។ ដូចសម្តេចតេជោ បានលើកឡើង កម្ពុជានឹងមានអគ្គិសនីយកមកប្រើប្រាស់ក្នុងការអភិវឌ្ឍ ហើយខាងឡាវ យើងក៏មានចំណូលពីការលក់អគ្គិសនី​មកកម្ពុជា ដើម្បីយកមកអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាជីវភាពរស់នៅរបស់ប្រទេសយើង។ ខ្ញុំគិតថា នៅក្នុងពេលបច្ចុប្បន្ននេះ យើងមានការធ្វើពាណិជ្ជកម្មជាមួយគ្នាជាង ១៦ លានដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ ក៏ប៉ុន្តែក្រោយសម្តេចតេជោ បានទទួលទិញអគ្គិសនីនៅឡាវ ខ្ញុំគិតថា ខាងការងារ​សហការខាងពាណិជ្ជកម្មយើងនឹងមានថ្លៃខ្ពស់ថែមទៀត។ ចំនួនពាណិជ្ជកម្មគឺយើងនឹងមានទឹកប្រាក់កាន់តែច្រើនថែមទៀត​ ហើយសង្ឃឹមថា យើងនឹងសហការអភិវឌ្ឍតាមស្មារតីដែលយើងទាំងពីរបានឯកភាពគ្នា។

ក្រៅពីពីនោះ យើងក៏បានពិភាក្សាជម្រុញឱ្យប្រជាជនទៅមករកគ្នា ហើយជម្រុញទេសចរណ៍ ខាងការងារពលកម្ម ការងារខាងផ្លាស់ប្តូរវប្បធម៌ និងជម្រុញការងារទេសចរណ៍ ក៏ដូចជាថ្នាក់មូលដ្ឋានឱ្យមានការជួបគ្នា​។ មូលដ្ឋានមានបញ្ហាអ្វីកើតឡើង ឱ្យពិភាក្សាគ្នា និងជួយគ្នាទៅវិញទៅមក ដោះស្រាយបញ្ហានេះកម្រិតថ្នាក់មូលដ្ឋាន។ ចំណុចណាដែលតំបន់ដោះស្រាយមិនបាន ក៏ស្នើឱ្យថ្នាក់ជាតិដោះស្រាយ​។ តទៅទៀតនេះ ខ្ញុំសង្ឃឹមថា ថ្នាក់មូលដ្ឋានក៏អាចដោះស្រាយបញ្ហាជាមួយគ្នាបាន ដោយសាររដ្ឋាភិបាលយើងទាំងពីរបានឯកភាពគ្នាថា នឹងចាប់ដៃគ្នា សាមគ្គីគ្នា និងមានចិត្តជាធ្លុងមួយ ដើម្បីអភិវឌ្ឍប្រទេសជាតិយើង ក៏ដូចជាប្រជាជនយើងទាំងពីរមានជីវភាពរស់នៅល្អ ហើយយើងក៏មានទំនៀមទម្លាប់ ប្រពៃណីល្អ។ អញ្ចឹងជាការល្អដើម្បីឱ្យកូនចៅយើងបន្តវេននូវទំនាក់ទំនងល្អរវាងប្រទេសយើងទាំងពីរ។

ក្នុងឱកាសនេះ ក៏សូមថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានឯកភាព និងការសម្រេចចិត្តជាមួយ នៅក្នុងដំណើរទស្សនកិច្ច​លើកនេះ។

សូមលោកបណ្ឌិតទៅរៀនពីគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងគ្នារបស់អាស៊ានឱ្យបានច្រើន

សូមអរគុណឯកឧត្តមនាយករដ្ឋមន្រ្តី ថងលូន។ ខ្ញុំគួរតែយកឱកាសនេះ ដើម្បីបញ្ជាក់បន្តិច ខ្ញុំមិនមានបំណងណាមួយដើម្បីយកបញ្ហាផ្ទៃក្នុងរបស់កម្ពុជាមកនិយាយនឹងភ្ញៀវបរទេសនោះទេ។ ក៏ប៉ុន្តែ ដោយសារតែរយៈពេលកន្លងទៅ មានបណ្ឌិតអ្នកវិភាគម្នាក់បានលើកឡើងថា ទស្សនកិច្ចរបស់ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេស​ ប្រាក់ សុខុន ទៅកាន់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យឡាវ គឺច្បាស់ជាស្វះស្វែងដើម្បីឱ្យឡាវធានាថា កុំឱ្យពួករត់ចោលគុក ហើយដែលកំពុងនៅទីក្រុងប៉ារីស ត្រៀមចូលមកក្នុងប្រទេសវិញតាមច្រកឡាវ ដែលឡាវចាត់ទុកថា ជាផ្នែកដ៏សំខាន់មួយដែលចាប់កម្ពុជាធ្វើជាចំណាប់ខ្មាំង បើសិនជាកម្ពុជាមិនព្រមទេ គឺឡាវនឹងផ្តល់ឱកាសឱ្យអ្នករត់ចោលគុក ហើយត្រៀមចូលស្រុកដើម្បីប្រើប្រាស់ដីឡាវ​។ ខ្ញុំសូមផ្តាំទៅលោកបណ្ឌិតឱ្យបានជ្រាប សារព័ត៌មានដែលបានសម្ភាសន៍ជាមួយលោកបណ្ឌិត ត្រូវបានបញ្ជូនមកខ្ញុំ ត្រង់សារព័ត៌មាននោះបានចុះផ្សាយ ឬមិនចុះផ្សាយ គឺជារឿងសារព័ត៌មានទេ ប៉ុន្តែ ខ្ញុំមិនចង់ឱ្យលោកបណ្ឌិតមានការខុសឆ្គងតទៅទៀត ជាមួយឥរិយាបទ​របស់ឡាវ ឬជាមួយឥរិយាបទរបស់ថៃ ឬឥរិយាបទរបស់វៀតណាម ឬឥរិយាបទនៅក្នុងចំណោមប្រទេសអាស៊ាន​នោះទេ។ សុំទោសចំពោះលោកបណ្ឌិត លោកបណ្ឌិតគួរទៅរៀនឱ្យបានច្រើនបន្តិច អំពីទំនាក់ទំនងរវាងប្រទេស និងប្រទេស ហើយលោកបណ្ឌិត     គួរទៅរៀនឱ្យបានច្រើនបន្តិចអំពីគោលការណ៍អាស៊ាន ស្តីពីការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា។

ទាំងអាស៊ាន ទាំងឡាវ មិនអនុញ្ញាតឱ្យប្រើដីរបស់ខ្លួនប្រឆាំងនឹងកម្ពុជា ឬប្រទេសជិតខាងដទៃទៀតដាច់ខាត

កម្ពុជា និងឡាវ មានទំនាក់ទំនងគ្នាល្អណាស់ ហើយខ្ញុំចង់ឱ្យឯកឧត្តម ថងលូន ស៊ីស៊ូលីត បញ្ជាក់បន្តិចចំពោះអ្នកសារព័ត៌មានរបស់យើង និងទៅកាន់​បណ្ឌិតកម្ពុជាម្នាក់ ព្រោះគេនឹងចាត់ទុកថា ក្រុមនោះនឹងអាចប្រើប្រាស់ដីឡាវ ដើម្បីចូលមកកម្ពុជា។ ខ្ញុំចង់ឱ្យឯកឧត្តមនាយករដ្ឋមន្រ្តីបញ្ជាក់ទៅពួកគេអំពីគោលការណ៍អាស៊ាន និងគោលការណ៍របស់ឡាវ​ ដែលមិនអនុញ្ញាតឱ្យប្រើប្រាស់ទឹកដីរបស់ខ្លួនប្រឆាំងនឹងប្រទេសកម្ពុជា ឬប្រឆាំងនឹងប្រទេសជិតខាង។ ខ្ញុំក៏សូមបញ្ជាក់ជូនដែរថា មិនមែនគ្រាន់តែឡាវទេ ទាំងថៃ រដ្ឋាភិបាលថៃបានទទួលរួចមកហើយ នូវសាលដីកាតុលាការដើម្បីចាប់ខ្លួនជនណាដែលមានសាលដីកាតុលាការ។ យើងក៏នឹងបញ្ជូននូវសាលដីកាតុលាការនោះទៅកាន់ប្រទេសទាំងអស់នៅក្នុងក្របខណ្ឌអាស៊ានរបស់យើង។ បើអញ្ចឹងសូមអញ្ជើញធ្វើតាមចំណង់របស់ខ្លួនទៅចុះ ប៉ុន្តែ អ្វីដែលខ្ញុំសោកស្ដាយគឺនៅត្រង់ថា បណ្ឌិតម្នាក់​ប្រើប្រាស់ការវិភាគមួយទៅជាឡាវចាប់កម្ពុជាធ្វើចំណាប់ខ្មាំង បើសិនមិនព្រមធ្វើតាមឡាវទេ គឺនឹងប្រគល់ដីឱ្យក្រុមប្រឆាំងធ្វើសកម្មភាពចេញពីឡាវចូលមកកម្ពុជា។ ឥឡូវ​សូមឯកឧត្តមនាយករដ្ឋមន្រ្តីឆ្លើយប្រាប់គេបន្តិចអំពីគោលការណ៍នេះ។

នាយករដ្ឋមន្រ្តីឡាវ៖

… មានរឿងបែបនេះកើតឡើង មានចេញព័ត៌មានដូចនោះ ខ្ញុំបានបញ្ជាក់ថា បើសិនជាបុគ្គលណាដែលមានទោសមកឆ្លងប្រទេសឡាវ សញ្ជាតិណាក៏ដោយ (មកយក)ប្រទេសឡាវឆ្លងកាត់ ដើម្បីទៅបំផ្លាញប្រទេសផ្សេងនោះ ​យើងនឹងដំណើរការយ៉ាងហ្មត់ចត់ មិនឱ្យកើតបញ្ហានេះឡើង។ ដោយឡែក ចំពោះកម្ពុជាដែលជាមិត្តភក្តិ។ ហើយជនទាំងនោះ អានេះគឺមិនមានការបញ្ជាក់ដូចគេនិយាយទេ។ … នាយករដ្ឋមន្រ្តី ឧបនាយករដ្ឋមន្រ្តីឡាវ គឺបានពិភាក្សាដើម្បីរៀបចំនូវទស្សនកិច្ចរបស់ខ្ញុំ មុននឹងខ្ញុំមកទស្សនកិច្ចនៅកម្ពុជាលើកនេះ ចាត់ទុកថា ជាព័ត៌មានមិនល្អ បង្កើតភាពបំបែកដល់ប្រទេសកម្ពុជា និងឡាវ។ ខ្ញុំសូមផ្ញើទៅដល់បណ្ឌិតដែលសម្តេចតេជោ បានលើកឡើងអម្បាញ់មិញនេះ កុំយកបញ្ហានេះមកធ្វើឱ្យទំនាក់ទំនងឡាវ និងកម្ពុជា មានការបាក់បែកគ្នា។ ព័ត៌មាននោះចេញមកបានយ៉ាងម៉េចដែរ?​​ ខ្ញុំគិតថា នេះគឺជាការបំផ្លាញឈ្មោះរបស់បណ្ឌិតនោះតែម្នាក់មុននឹងគាត់ចេញព័ត៌មាននោះ ហើយជាការបង្កើតភាពបំបែកបំបាក់រវាងប្រជាជនឡាវ និងកម្ពុជា រវាងរដ្ឋាភិបាលឡាវ ​និងកម្ពុជា​​​ថែមទៀត។ ខ្ញុំសូមបញ្ជាក់ជូនសម្តេចតេជោប៉ុណ្ណេះ … សូមអរគុណ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ