សន្និសីទសារព័ត៌មានរួមគ្នា រវាងសម្តេចតេជោ និងឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធៀរ មហាម៉ាត់

CNV:

ឯកឧត្ដម លោកជំទាវ លោក លោកស្រី ​អ្នកសារព័ត៌មានជាទីមេត្រី!

ខ្ញុំ និងឯកឧត្តមបណ្ឌិត មហាធៀរ មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ទើបនឹងបានបញ្ចប់កិច្ចពិភាក្សាទ្វេភាគី ក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល និងភាតរភាព។ ជាបឋម ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមនាយករដ្ឋមន្រ្តី មហាធៀរ មហាម៉ាត់ ដែលបានផ្ដល់កិត្តិយសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការក្នុងថ្ងៃនេះ ដែលជាទស្សនកិច្ចផ្លូវការលើកទីមួយរបស់ឯកឧត្ដមនៅព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិបច្ចុប្បន្ន។

ខ្ញុំមានសេចក្ដីរីករាយ និងសូមវាយតម្លៃខ្ពស់ចំពោះទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្រ្តនាពេលនេះ។ ទស្សនកិច្ចនេះ គឺជាតឹកតាង​បង្ហាញពីមិត្តភាព សាមគ្គីភាព និងភាពរឹងមាំ នៃទំនាក់ទំនងទ្វេភាគីកម្ពុជា-​ម៉ាឡេស៊ី។ ខ្ញុំសូមអបអរសាទរយ៉ាងកក់ក្តៅចំពោះសមិទ្ធផលដ៏ធំធេង ដែលប្រទេសម៉ាឡេស៊ីសម្រេចបានក្រោមមាគ៌ាដឹកនាំដ៏ក្លៀវក្លារបស់ឯកឧត្ដមនាយករដ្ឋមន្រ្តី។ ខ្ញុំជឿជាក់ថា ជាមួយនឹងសន្ទុះនៃការអភិវឌ្ឍ និងគោលដៅទំនើបកម្ម ព្រមទាំងគោលនយោបាយអភិវឌ្ឍន៍លើគ្រប់វិស័យ ប្រទេសម៉ាឡេស៊ីនឹងសម្រេចបានគោលដៅឈានទៅរកឋានៈជាប្រទេសអភិវឌ្ឍន៍ ជាខ្លាសេដ្ឋកិច្ចក្នុងតំបន់អាស៊ី ហើយនិងចូលរួមដើរតួនាទីកាន់តែសកម្ម និងសំខាន់ថែមទៀតនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។

ឆ្លៀតក្នុងឱកាសនេះផងដែរ ខ្ញុំសូមអបអរសាទរផងដែរ ទិវាបុណ្យជាតិ​​ឯករាជ្យលើកទី ៦២ របស់ម៉ាឡេស៊ី ក៏ដូចជាទិវាផ្សារភ្ជាប់ទំនាក់ទំនងការទូតរវាងកម្ពុជា និងម៉ាឡេស៊ី ដែលជាព្រឹត្តិការណ៍កើតឡើងនៅថ្ងៃតែមួយ គឺ ៣១ ខែ សីហា ឆ្នាំ ១៩៥៧។

ស្តីពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី ខ្ញុំ ក៏ដូចជានាយករដ្ឋមន្រ្តី មហាធៀរ មហាម៉ាត់ បានពេញចិត្តចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់ នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងម៉ាឡេស៊ី លើគ្រប់វិស័យ រួមមានសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ ការងារ និងវប្បធម៌ ។ល។ និងបានប្តេជ្ញាពង្រឹងពង្រីកថែមទៀតនូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ទាំងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ប្រជាជនយើងទាំងពីរ និងដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងលើពិភពលោក។

បច្ចុប្បន្ន ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ​​រវាងប្រទេសយើងទាំងពីរ មានលក្ខណៈល្អប្រសើរ និងមានវត្តមានធុរកិច្ចម៉ាឡេស៊ីជាច្រើននៅកម្ពុជា។ ក្នុងឆ្នាំ ២០១៨ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរមានចំនួនប្រមាណជា ៥០០ លានដុល្លារអាមេរិក ហើយគ្រាន់តែក្នុងឆមាសទី ១ ឆ្នាំ ២០១៩ ទំហំនេះបានកើនឡើងដល់ជាង ៤០០ លានដុល្លារ។ ដើម្បីបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ម៉ាឡេស៊ី ខ្ញុំ និងឯកឧត្ដម មហាធៀរ បានឯកភាពឱ្យស្ថាប័នពាក់ព័ន្ធ នៃប្រទេសទាំងពីរ រិះរកវិធីពង្រីកសហប្រតិបត្តិការក្នុងវិស័យនេះបន្ថែមទៀត។

យើងបានទទួលស្គាល់អំពីតម្រូវការជម្រុញកិច្ចសហប្រតិបត្តិការចែករំលែកព័ត៌មាន និងបណ្តុះបណ្តាល ក្នុង​វិស័យសន្តិសុខ និងការពារជាតិ​ ហើយបានស្វាគមន៍ការបន្តកិច្ចពិភាក្សារវាងក្រសួងការពារជាតិ នៃប្រទេសទាំងពីរ ដើម្បីឈានទៅចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា​ ស្តីពីកិច្ចសហប្រតិបត្តិការក្នុងផ្នែកការពារជាតិ។

យើងក៏បានលើកទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ឱ្យពន្លឿនការចុះហត្ថលេខាលើអនុស្សារណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។ ខ្ញុំសូមឆ្លៀតឱកាសនេះថ្លែងអំណរគុណដល់ម៉ាឡេស៊ី ដែលបានជួយកម្ពុជា ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស​តាមរយៈកិច្ចសហប្រតិបត្តិការបច្ចេកទេសម៉ាឡេស៊ី និងបានផ្តល់កិច្ចសហប្រតិបត្តិការល្អដើម្បីលើកស្ទួយសុខុមាលភាពពលករ/ការិនី ដែល​កំពុងស្នាក់នៅធ្វើការក្នុងប្រទេសម៉ាឡេស៊ី។ ដើម្បីជម្រុញបន្ថែមលើទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងប្រជាជនម៉ាឡេស៊ី យើងបានឯកភាពគ្នាលើកទឹកចិត្តឱ្យមានការផ្លាស់ប្ដូរយុវជន តាមរយៈកម្មវិធីកីឡា កម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំរបស់យុវជន និងការផ្លាស់​ប្ដូរវប្បធម៌ទៅវិញទៅមក។

អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ យន្តការតំបន់ និងអន្តរជាតិ ខ្ញុំ និងឯកឧត្តម មហាធៀរ បានផ្លាស់ប្តូរយោបល់អំពីស្ថានការតំបន់ និងពិភពលោក ដែលភាគីទាំងពីរបានយកចិត្តទុកដាក់។ ក្នុងហ្នឹង ខ្ញុំសូមជម្រាបថា យើងក៏មានការពិភាក្សា ផ្លាស់ប្តូរមតិ ទៅលើបញ្ហាមួយចំនួន ដូចជា បញ្ហាសមុទ្រចិនខាងត្បូង បញ្ហានៅរដ្ឋរ៉ាក់ឃីន (Rakhine State) បញ្ហាទាក់ទងជាមួយនឹងទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខទៅលើកូរ៉េខាងជើង ហើយនិងបញ្ហាទណ្ឌកម្មរបស់ប្រទេសធំៗ ទៅលើប្រទេសមួយចំនួនទៀត ដែលវាមិនគ្រាន់តែជាទណ្ឌកម្មទៅលើប្រទេសទាំងនោះទេ ក៏ប៉ុន្តែ វាអាចជាទណ្ឌកម្មមកលើប្រទេស ដែលមិនជាប់ពាក់ព័ន្ធ ប៉ុន្តែគឺជាដៃគូនៃកិច្ចការជាមួយនឹងប្រទេសទាំងនោះ។

ខ្ញុំ និងឯកឧត្តមនាយករដ្ឋមន្រ្តី មហាធៀរ ក៏បានពិភាក្សាអំពីបេក្ខភាពរបស់ ទីម័រលេស្ត នៅក្នុងជាសមាជិកទី ១១ របស់អាស៊ាន ដែល ទីម័រលេស្ត គប្បីទទួលបានការស្វាគមន៍អោយចូលជាសមាជិកអាស៊ាន។

មុននេះបន្តិច យើងបានធ្វើជាសាក្សីលើការចុះហត្ថលេខា ដែលអស់លោកអ្នកសារព័ត៌មានបានឃើញស្រាប់ នូវ (១) កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការទប់ស្កាត់ការកឹបកេងបន្លំពន្ធ និងលើពន្ធនៃប្រាក់ចំណូល ហើយទី ២ អនុស្សារណៈស្តីពីការយោគយល់គ្នាអំពីវិស័យទេសចរណ៍ ដែលនេះយើងកំពុងតែពិនិត្យអំពីការប្រើប្រាស់ទិដ្ឋាការ ដែលអាចចូលម៉ាឡេស៊ីហើយ មកទស្សនកិច្ចនៅកម្ពុជាបាន (ឬ)ហើយនៅពេលដែលចូលកម្ពុជារួចហើយ អាចទៅទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ីបាន។

នេះគឺជាទិដ្ឋភាព ដែលសូមសង្ខេបដោយត្រួសៗ ហើយសូមឯកឧត្តមនាយករដ្ឋមន្រ្តីមានមតិ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញពិនិត្យ និងជូនដំណើរពលរដ្ឋ ឡើងរថយន្តក្រុងសាធា...

នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា បានឆ្មក់ចុះទៅពិនិត្យ និងជូនដំណើរប្រជាពលរដ្ឋឡើងរថយន្តក្រុងសាធារណៈ​ចេញទៅស្រុកកំណើត​ក្នុង​ឱកាសបុណ្យភ្ជុំបិណ្ឌ។