ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាទទួលជួបសម្តែងការគួរសម និងជម្រាបលា

ឯកឧត្តម​កិត្តិនីតិកោសល​បណ្ឌិត  ប៊ិន ឈិន    ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ នៅ​ព្រឹកថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៩នេះ នៅ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​ បាន​អនុញ្ញាតឲ្យ​ឯកឧត្តម​​ Horinouchi Hidechisa ឯកអគ្គ​រដ្ឋទូត​ជប៉ុនប្រចាំ​កម្ពុជាទទួល​ជួប​សម្តែង​ការ​គួរ​សម​និង​ជម្រាប​លា​ បន្ទាប់​ពី​បញ្ចប់​បេសកកម្ម​ការ​ទូត​រយៈពេល​៣ឆ្នាំ​កន្លង​មកនេះ​។

ឯកឧត្តម​​ Horinouchi Hidechisa ឯកអគ្គ​រដ្ឋទូត​ជប៉ុនប្រចាំ​កម្ពុជា បាន​ជម្រាប​ជូន​ឯកឧត្ត​ម​កិត្តិនីតិកោសល​បណ្ឌិត​ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ អំពី​កិច្ច​សហប្រតិបត្តិការ​ដ៏រឹង​មាំ​ និង​រីកចម្រើន​រវាង​ព្រះ​រាជាណា​ចក្រកម្ពុជា​ និង​រដ្ឋាភិបាល​ប្រទេស​​ជប៉ុន​ក្នុង​វិស័យ​សេដ្ឋ​កិច្ច​ វិនិយោគ​ ការ​អភិវឌ្ឍ​នានា ក៏ដូច​ជា​កិច្ចសហប្រតិបត្តិការរបស់​ជប៉ុន​ដែល​ជា​ម្ចាស់​ជំ​នួយ​ធំ​ជាង​គេ​ដល់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ ​នៃ​តុលាការ​កម្ពុជា  ដែលមានទឹកប្រាក់​ចំនួនប្រមាណ៨៧លានដុល្លារអាមេរិក លើចំនួនសរុប៣០៣លានដុល្លារអាមេរិក​ដល់ អ.វ.ត.ក ដើម្បី​យុត្តិធម៌​ និង​ការ​កសាង​សន្តិភាព​នៅ​កម្ពុជា​។

ឯកឧត្តម​អគ្គ​រដ្ឋទូត​បាន​ថ្លែង​ថា ទំ​នាក់​ទំ​នង​ល្អ​រវាង​កម្ពុជា​ និង​ជប៉ុន ក្នុង​វិស័យសេដ្ឋ​កិច្ច​ វិនិយោគ​ទុន​សរុប​បាន​កើន​ឡើងជាង៣ដង កាលពី​ឆ្នាំ​២០១៥  ចំ​ណែក​ផ្នែក​ពាណិជ្ជកម្ម​​វិញ​តម្លៃ​សរុប​ការនាំ​ចូល​ និង​នាំ​ចេញ​បាន​កើន​ឡើង​ជាង​៣០ភាគ​រយ ហើយ​ចំ​នួន​នៃ​ការ​ធ្វើ​ទិដ្ឋាការ​សម្រាប់​ការ​ធ្វើ​ដំ​ណើរទៅ​ជប៉ុន​កើន​ឡើង​ជាង​២,៨៥ដង​  ចាប់​តាំង​ពី​ការ​បើកជើង​​ហោះ​ហើរដោយផ្ទាល់ទៅ​មក​​ពី​កម្ពុជា‑​ជប៉ុនកាលពី​ខែ​កញ្ញា ឆ្នាំ​២០១៦។​ ឯកឧត្តម​បាន​វាយតម្លៃ​ខ្ពស់​​ថា តាម​រយៈកិច្ចសហការក្នុង​ភាព​ជា​ដៃ​គូដ៏ល្អ​នេះ​ កំ​ណើន​​សេដ្ឋកិច្ច​របស់កម្ពុជា​មាន​ការកើន​ឡើង​ខ្លាំង​។  បន្ថែម​ពី​លើ​នេះកាលពី​ខួប​៦៥ឆ្នាំ​នៃ​ទំ​នាក់​ទំ​នង​កម្ពុជា​‑​ ជប៉ុន  រដ្ឋាភិបាល​ជប៉ុន​ក៏បាន​បើក​ស្ថានកុង​ស៊ុល​របស់​ខ្លួន​ផង​ដែរនៅឯ​ខេត្តសៀម​រាប​។

ជាការឆ្លើយតប​​ឯកឧត្តម​កិត្តិនីតិកោសល​បណ្ឌិត​ ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍ថា ក្នុង​រយៈពេល​ដែល​ឯកឧត្តម​បំ​ពេញ​បេស​ក​កម្ម​​ការទូត​នៅ​កម្ពុជា៣ឆ្នាំមកនេះ គឺជាពេល​វេលាមួយ​ដែលហាក់​ដូច​ជា​លឿន ប៉ុន្តែ​ប្រទេស​យើង​ទាំង​ពីរបាន​សហការ​គ្នាល្អ​បំ​ផុត ទាំង​វិស័យ​សេដ្ឋ​កិច្ច​ និង​ទំ​នាក់​ទំ​នង​ការទូត គឺមាន​ភាព​​រឹង​មាំ​ល្អ​ប្រសើរណាស់​។ ឯកឧត្តមកិត្តិនីតិ​កោសល​បណ្ឌិត​​ឧបនាយករដ្ឋមន្ត្រីប្រចាំ​ការ បាន​មាន​ប្រសាសន៍បន្ថែម​ថា កន្លងមក​លោកផ្ទាល់​បាន​សហការ​ការងារ​គ្នា​ជាច្រើន​ជា​មួយ​ឯកអគ្គរដ្ឋទូត​ជប៉ុន និង​បាន​មើល​ឃើញ​ថា ឯកអគ្គ​រដ្ឋទូត​ជប៉ុនប្រចាំ​កម្ពុជា​​មាន​ការ​យល់​ដឹង​ច្រើន​ទាំង​ចិត្ត​គំ​និត​ និង​ទស្សនៈ និង​អំពីសភាព​ការណ៍ពិតរបស់​កម្ពុជា​​ ដែល​បាន​នាំ​ឱ្យ​ឯកឧត្តម​ងាយស្រួល​ក្នុង​ការ​សម្រប​សម្រួល​ និង​បំ​ពេញ​ភារកិច្ច​របស់​ខ្លួន​ប្រកប​ដោយ​ជោគ​ជ័យ​។

ឯកឧត្តមកិត្តិនីតិកោសល​បណ្ឌិត​​ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ​ ក៏បាន​រំ​លឹក​អំ​ពី​ការ​ជួយ​ឧបត្ថម្ភ​គាំ​ទ្រ​របស់​រដ្ឋាភិបាល​ជប៉ុន​ដល់​ប្រជា​ជន​កម្ពុជា​ជា​ច្រើនដើម្បី​ការ​ពង្រឹង​សេដ្ឋ​កិច្ច​ វិនិយោគ​ និងការ​កសាង​អភិវឌ្ឍប្រទេស​កម្ពុជា​​ ក្នុង​នោះ​ជប៉ុន​បាន​ជួយ​គាំ​ទ្រ​ជា​ថវិកាធំ​ជាង​គេដល់​កិច្ច​ដំ​ណើរការ​នៃ​សាលាក្តី​កាត់​ទោស​មេដឹកនាំជាន់​ខ្ពស់ខ្មែរ​ក្រហម​ និងជាពិសេសដំ​ណាក់​កាល​ចុង​ក្រោយ​ ​ នៅឆ្នាំ២០១៩នេះ ជប៉ុនក៏បានសម្រេចផ្តល់ថវិកាចំនួនប្រមាណ២៥១.៩៧០ ដុល្លារអាមេរិក ដើម្បីជួយទ្រទ្រង់គម្រោងរបស់ LDC  (មជ្ឍមណ្ឌល​តម្កល់​ឯកសាររបស់​សាលាក្តី​ខ្មែរក្រហម) សម្រាប់រយៈពេល៣ឆ្នាំ ដែល​កាយវិការដ៏ល្អ​នេះ កម្ពុជា​សូម​ចង​ចាំ​ទុក​ជា​និច្ច​៕

ជា​មួយ​គ្នា​នេះ ឯកឧត្តម​កិត្តិនីតិកោសល​បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ​ ក៏បាន​សម្តែង​នូវ​ការ​កោតសរសើរ និង​សូម​ថ្លែង​នូវអំណរអរគុណ​ចំ​ពោះ​រដ្ឋាភិបាល​ប្រទេស​ជប៉ុន​ដែល​បាន​ឧបត្ថម្ភគាំ​ទ្រ និង​ជួយ​កសាង​អភិវឌ្ឍ​នៅ​កម្ពុជា​ ជាពិសេសការ​ជួយ​ទ្រទ្រង់​ដល់​សាលាក្តី​ខ្មែរក្រហម​ និង​បាន​ជូន​ពរដល់​ឯកឧត្តម​ Horinouchi Hidechisa ឯកអគ្គ​រដ្ឋ​ជប៉ុនប្រចាំ​កម្ពុជាដែល​បាន​បញ្ចប់អណត្តិ​ការងារ​របស់​ខ្លួន​នៅ​កម្ពុជា​ សូម​​ទទួល​បាន​នូវ​សេចក្តី​សុខ ពុទ្ធ​ពរទាំង​បួន​ប្រការ និង​ជោគ​ជ័យ​លើការ​បំ​ពេញ​​ភារកិច្ចថ្មី​​ជា​បន្តបន្ទាប់​ទៀត​នៅ​ឯបណ្តាប្រទេសផ្សេង​ៗ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ