ផ្លូវបេតុងអាមេ១ខ្សែ ប្រវែង១៧៨០០ម៉ែត្រ ចាប់ពីភូមិត្រពាំងលើក ឃុំប្រាំបីមុំ ស្រុកទ្រាំង ដល់ចំណតកំពង់ទូក កំពង់អំពិល ស្រុកបូរីជលសារ ផ្លូវខេត្តលេខ១២៩B ស្ថិតនៅអនុវិទ្យាល័យអង្គស្ពឺ ភូមិស្ពឺ ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ។
តាមរបាការណ៍របស់ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានឲ្យដឹងថា ផ្លូវបេតុងអាមេ១ខ្សែ ដែលត្រូវបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃនេះ មានប្រវែង១៧៨០០ម៉ែត្រ ដោយត្រូវឆ្លងកាត់ស្រុកចំនួន២ គឺស្រុកទាំង និងស្រុកបូរីជលសារ ក្នុងនោះស្រុកទ្រាំង មាន៣ឃុំ ស្មើនឹង៧ភូមិ ដែលមានប្រវែង៨៣០០ម៉ែត្រ និងស្រុកបូរីជលសារ មាន៣ឃុំ ស្មើនឹង៧ភូមិ ដែលមានប្រវែង៩៥០០ម៉ែត្រ ជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុងហ្រ្គុប ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការប្រកបរបរចិញ្ចឹមជីវិត របស់បងប្អូនប្រជាពលរដ្ឋ នៅមូលដ្ឋានស្រុកទ្រាំង និងស្រុកបូរីជលសារ កាន់តែប្រសើរឡើងថែមទៀត។
លោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុងហ្រ្គុប បានមានប្រសាសន៍ថា ផ្លូវបេតុងអាមេ១ខ្សែ ប្រវែង១៧៨០០ម៉ែត្រ ដែលមានទទឹង៨ម៉ែត្រ និងចំណីផ្លូវសង្ខាងប្រវែង១ម៉ែត្រកន្លះ ដែលបានរៀបចំពិធីសម្ពោធ នាពេលនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយបានចំណាយថវិកាអស់ប្រមាណ៧លាន២សែនដុល្លារអាមេរិក ទទួលបន្ទុកសាងសង់ ដោយក្រុមហ៊ុនជីបម៉ុងហ្រ្គុប។ នៅក្នុងឱកាសនេះ លោកឧកញ៉ា បានមានប្រសាសន៍បញ្ជាក់ថា ការចូលរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស គឺជាកាតព្វកិច្ចដ៏ចាំបាច់របស់យើងទាំងអស់គ្នាជាខ្មែរ ក្នុងការចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងអាមេ១ខ្សែ ប្រវែង១៧៨០០ម៉ែត្រ ស្ថិតនៅក្នុងខេត្តតាកែវ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជា មានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ក្នុងនោះលើវិស័យសាធា រណការ និងដឹកជញ្ជូន អំពីស្ថានភាពផ្លូវជាតិ ផ្លូវខេត្ត ផ្លូវក្នុងក្រុង និងផ្លូវដែកក្នុងទឹកដីខេត្តតាកែវ គិតត្រឹមឆ្នាំ២០១៩នេះ ខេត្តតាកែវ មានផ្លូវជាតិចំនួន៧ខ្សែ ជាប្រភេទផ្លូវកៅស៊ូ មានប្រវែងសរុបជាង១៦៥គីឡូម៉ែត្រ ផ្លូវខេត្តមានចំនួន២៤ខ្សែ ប្រវែងសរុបជាង៣៨២,១៤៥គីឡូម៉ែត្រ ផ្លូវក្រុងមានចំនួន៤៧ខ្សែ ប្រវែងសរុប៦១,៦៩០គីឡូម៉ែត្រ និងផ្លូវដែក ចំនួន១ខ្សែ ឆ្លងកាត់ក្រុង ស្រុកចំនួន៥ រួមមាន ស្រុកបាទី ស្រុកសំរោង ស្រុកត្រាំកក់ ស្រុកដូនកែវ និងស្រុកទ្រាំង។ ជាក់ស្តែងរយៈពេលប្រមាណ៨ខែ បន្ទាប់ពីបានប្រារព្វពិធីបើកការដ្ឋានសាងសង់នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងមក ខេត្តតាកែវយើងទទួលបានផ្លូវ១ខ្សែ ទៀត គឺផ្លូវបេតុងអាមេប្រវែង១៧៨០០ម៉ែត្រ ចាប់ពីភូមិត្រពាំងលើក ឃុំប្រាំបីមុំ ស្រុកទ្រាំង រហូតដល់ចំណតកំពង់ទូក កំពង់អំពិល ស្រុកបូរីជលសារ ដែលត្រូវបានស្ថាបនារួចរាល់ជាស្ថាពរដោយក្រុមហ៊ុន ជីបម៉ុងគ្រុប និងត្រូវបានរៀបចំពិធីសម្ពោធ ដាក់ឲ្យ ប្រជាជន ទូទាំង ខេត្តតាកែវយើងប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ ។ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានមានប្រសាសន៍បញ្ជាក់ថា ដោយសារកត្តាសុខសន្តិភាព និងការអភិវឌ្ឍន៍ ក្នុងរយៈពេលពីរទស្សវត្សកន្លងមកនេះ កម្ពុជាទទួលបានភាពរីកចម្រើន និងការអភិវឌ្ឍន៍គួរជាទីមោទនៈ ដោយក្នុងនោះយើងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧%ជាប់គ្នា ដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេសដែលសម្រេចបានកំណើនសេដ្ឋកិច្ចលំដាប់ខ្ពស់មួយនៅក្នុងតំបន់អាស៊ី និងទទួលបានការវិនិយោគសំខាន់ៗជាច្រើន ហើយបានបង្កើតការងារបានកាន់តែច្រើនឡើងជូនដល់ប្រជាពលរដ្ឋ ពិសេសសម្រាប់ស្រទាប់យុវជន។ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនានា ក្នុងប្រទេស ដូចជា ផ្លូវថ្នល់ កំពង់ផែ ស្ពាន និងប្រព័ន្ធធារាសាស្ត្រ សំណង់វារីអគ្គីសនី ផ្លូវដែក និងសំណង់តូចធំនានា ត្រូវបានស្តារឡើងវិញ និងសាងសង់ជាបន្តបន្ទាប់ ដើម្បីបម្រើនូវសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ព្រមទាំងបានចូលរួមលើកស្ទួយជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសគោលនយោបាយសេដ្ឋកិច្ច ហ៊ុនសែនណូមិក របស់សម្តេចតេជោ បានធ្វើឲ្យកម្ពុជាប្តូរពីប្រទេសក្រីក្រ មកជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ហើយកំពុងអភិវឌ្ឍឈានទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងឈានទៅជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។
នៅក្នុងឱកាសនេះដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានអញ្ជើញប្រគេន ទយ្យវត្ថុ និងបច្ច័យ ដល់ព្រះសង្ឃ ដោយក្នុង១អង្គៗ ទទួលបានទយ្យវត្ថុ១កញ្ចប់ និងបច្ច័យ១សែនរៀល យាយជី តាជី ចំនួន១០០នាក់ ក្នុងម្នាក់ៗទទួលបានក្រណាត់ស១ដុំ និងថវិកា១ម៉ឺនរៀល លោកគ្រូ អ្នកគ្រូ ស្រុកទ្រាំង ចំនួន១៩នាក់ និងលោកគ្រូ អ្នកគ្រូ ស្រុកបូរីជលសារ ចំនួន២០នាក់ សរុបចំនួន៣៩នាក់ ក្នុងម្នាក់ៗថវិកា៣ម៉ឺនរៀល គ្រូពេទ្យ១០នាក់ ក្នុងម្នាក់ៗថវិកា៣ម៉ឺនរៀល ឧបត្ថម្ភថវិកាដល់យុវជនកាកបាទក្រហមកម្ពុជា៥០នាក់ យុវជនកាយរិទ្ធចំនួន១០០នាក់ និងសហភាពសហព័ន្ធយុវជនកម្ពុជា៥០នាក់ សរុប២០០នាក់ ក្នុងម្នាក់ៗថវិកា១ម៉ឺនរៀល សិស្សានុសិស្សអនុវិទ្យាល័យអង្គស្ពឺចំនួន២៥៥នាក់ ក្នុងម្នាក់ៗ ទទួលបានសៀវភៅ២ក្បាល ប៊ិច១ដើម និងថវិកា៥ពាន់រៀល។ បន្ទាប់មក ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ក៏បានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងអាមេ១ខ្សែ ប្រវែង១៧៨០០ម៉ែត្រ ចាប់ពីភូមិត្រពាំងលើក ឃុំប្រាំបីមុំ ស្រុកទ្រាំង ដល់ចំណតកំពង់ទូក កំពង់អំពិល ស្រុកបូរីជលសារ ផ្លូវខេត្តលេខ១២៩B ស្ថិតនៅអនុវិទ្យាល័យអង្គស្ពឺ ភូមិស្ពឺ ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ ចាប់ពីពេលនេះតទៅ៕