ភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ -ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមបណ្តុះគំនិត នៃការស្រឡាញ់ដើមឈើ ចូលរួមដាំដុះ ថែរក្សាការពារព្រៃឈើ និងបរិស្ថានធម្មជាតិឱ្យបានគ្រប់ៗគ្នា ដើម្បីជាប្រយោជន៍ដល់ការរស់នៅរបស់ ខ្លូនយើង សហគមន៍ និងជីវិតសត្វព្រៃគ្រប់ប្រភេទ ព្រមទាំងប្រព័ន្ធជីវចម្រុះផងដែរ។
នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ សម្ដេចតេជោបានសរសេរថា បុណ្យ«រុក្ខទិវា»បានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញនិងការថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេស ដើម្បីថែរក្សា ការពារ និងបណ្តុះគំនិតស្រឡាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិ។ រុក្ខទិវា ឆ្នាំ ២០១៩នេះ ត្រូវប្រារព្ធធ្វើឡើងនៅក្នុងភូមិ ស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ក្រោម ព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោបានក៏សូមបងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងអស់ ចូលរួមបណ្តុះគំនិត នៃការស្រឡាញ់ដើមឈើ ចូលរួមដាំដុះ ថែរក្សាការពារព្រៃឈើ និងបរិស្ថានធម្មជាតិឱ្យបានគ្រប់ៗគ្នា ដើម្បីជាប្រយោជន៍ ដល់ការរស់នៅរបស់ខ្លួនយើងផង សហគមន៍យើងផង និងជីវិតសត្វព្រៃគ្រប់ប្រភេទ ព្រមទាំងប្រព័ន្ធជីវចម្រុះផងដែរ។
សម្ដេចតេជោក៏សូមអរគុណដល់ក្រសួង មន្ទីរ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ និងសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ព្រមទាំងសមាគម អង្គការជាតិ និងអន្តរជាតិ ម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមថែរក្សាការពារ និងដាំដុះដើមឈើកាន់តែច្រើនឡើងនៅទូទាំងប្រទេស៕