សូមក្រាបថ្វាយបង្គំសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះសង្ឃរាជ
សម្តេចព្រះរាជាគណៈ និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ
សម្តេច ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិដ៏ឧត្តុងឧត្តម
សមាជិក សមាជិកានៃអង្គមីទ្ទីង និងបងប្អូនជនរួមជាតិទាំងអស់ជាទីគោរពស្នេហា !
ថ្ងៃ ២៨ ខែមិថុនា ឆ្នាំ ២០១៩ នេះ ជាទិវាគម្រប់ខួបលើកទី ៦៨ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលនៅគ្រាដំបូងមានឈ្មោះថា បក្សប្រជាជនបដិវត្តន៍ខ្មែរ ។ គណបក្សមានប្រភពកើតចេញពីចលនាតស៊ូស្នេហាជាតិរបស់ប្រជាជនកម្ពុជា ប្រឆាំងរបបអាណានិគមនិយមបារាំងដើម្បីឯករាជ្យជាតិ ហើយបានពុះពារឆ្លងកាត់រាល់ឧបសគ្គច្រើនរាប់មិនអស់នៅលើកំណាត់ផ្លូវយ៉ាងវែង និងបត់បែនបំផុតនៃប្រវត្តិសាស្ត្រកម្ពុជា រហូតធ្វើឲ្យប្រទេសជាតិ និងប្រជាជនទទួលបានសន្តិភាព និងមានការអភិវឌ្ឍប្រកបដោយមោទនភាពនាពេលបច្ចុប្បន្ននេះ។ ក្នុងនាមគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវការគោរព និងដឹងគុណជាទីបំផុត ចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទីដែលតែងតែគាំទ្រ និងជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ធ្វើឲ្យគណបក្សបានសម្រេចជោគជ័យដ៏ត្រចះត្រចង់ក្នុងការបំពេញបេសកកម្មបម្រើជាតិរយៈពេល ៤០ឆ្នាំ មកនេះ។
នៅក្នុងឱកាសដ៏ថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមសម្តែងគារវភក្តី និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមថ្វាយព្រះរាជសព្ទសាធុការពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះវររាជមាតាជាតិ សូមមានព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ សុខក្សេមក្សាន្ត នៃប្រជារាស្ត្រខ្មែរគ្រប់ៗរូប ជារៀងដរាប។
នៅក្នុងឱកាសនេះដែរ យើងទាំងអស់គ្នាសូមលំឱនកាយគោរពដល់ដួងវិញ្ញាណក្ខ័ន្ធរបស់បុព្វការីជន វីរយុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិដ៏ច្រើនឥតគណនានៅគ្រប់ជំនាន់ ដែលបានធ្វើពលិកម្មយ៉ាងអង់អាចបំផុត ដើម្បីឯករាជ្យ សេរីភាព សន្តិភាព ប្រជាធិបតេយ្យ បូរណភាពទឹកដី និងសុភមង្គលរបស់មាតុភូមិ និងប្រជាជន។ យើងទាំងអស់គ្នាចងចាំជានិច្ចនូវគំរូវីរភាព និងគុណូបការៈដ៏ឧត្តុង្គឧត្តមនេះ ហើយប្តេជ្ញាយកអស់កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ដើម្បីកសាង និងការពារប្រទេសជាតិឲ្យកាន់តែរីកចម្រើនឡើង និងស្ថិតស្ថិរគង់វង្សជារៀងរហូត។
អង្គមីទ្ទីង បងប្អូនជនរួមជាតិជាទីស្នេហា!
រយៈពេល ៦៨ ឆ្នាំ កន្លងទៅនេះ ទោះបីត្រូវប្រឈមនឹងការវិវត្តដ៏ស្មុគស្មាញបំផុតនៃសភាពការណ៍ជាតិ និងសភាពការណ៍អន្តរជាតិយ៉ាងណាក្តី ក៏គណបក្សប្រជាជនកម្ពុជា បានស្ថិតនៅរួមសុខរួមទុក្ខជាមួយប្រជាជនក្នុងគ្រប់កាលៈទេសៈ ហើយប្រមូលកម្លាំងប្រជាជាតិទាំងមូលដែលមានឧត្តមគតិស្នេហាជាតិ មាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ជនជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាការពារសមិទ្ធផលសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ គណបក្សបានដឹកនាំចលនាតស៊ូប្រឆាំងរបបអាណានិគមនិយមដើម្បីឯករាជ្យជាតិ បន្ទាប់មកបានចូលរួមយ៉ាងសកម្មក្នុងការការពារឯករាជ្យ សន្តិភាព និងអធិបតេយ្យជាតិ ពីឆ្នាំ ១៩៥៣ ដល់ ឆ្នាំ ១៩៧០។ ពេលកម្ពុជាធ្លាក់ក្នុងភ្លើងសង្គ្រាម ពីឆ្នាំ ១៩៧០-១៩៧៥ គណបក្សបានបន្តធ្វើការតស៊ូ ដើម្បីរំដោះជាតិពីការឈ្លានពានរបស់បរទេស។ ពេលប្រទេសជាតិធ្លាក់ក្នុងគ្រោះមហន្តរាយប្រល័យពូជសាសន៍ គណបក្សបានដឹកនាំការតស៊ូ ដើម្បីវាយផ្តួលរំលំរបបដ៏យង់ឃ្នងនេះ ទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រ នៅថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ បានសង្គ្រោះអាយុជីវិតរបស់ជាតិបានទាន់ពេលវេលា នាំមកនូវសិទ្ធិ សេរីភាព ប្រជាធិបតេយ្យ និងសេចក្តីថ្លៃថ្នូរជូនប្រជាជនវិញ។
បន្ទាប់ពីថ្ងៃជ័យជម្នះ ៧ មករា គណបក្សបានជ្រោងខ្ពស់ទង់មហាសាមគ្គីជាតិ ដឹកនាំការស្តារ និងកសាងប្រទេសជាតិឡើងវិញពីលេខសូន្យ និងទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកជាថ្មីទៀត ហើយបានធ្វើជាស្នូលនៃដំណើរការបង្រួបបង្រួមជាតិរហូតបញ្ចប់បាននូវសង្គ្រាមដ៏រ៉ាំរ៉ៃជិត ៣ ទសវត្សរ៍ កសាងសន្តិភាពពេញលេញ មានការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ដែលបានផ្តល់ភាពអនុគ្រោះយ៉ាងធំធេងដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការកែលម្អជីវភាពរបស់ប្រជាជន។ គណបក្សបានធ្វើជាបង្អែកដ៏រឹងមាំ ក្នុងការការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ទប់ស្កាត់ឧបាយកលបដិវត្តន៍ពណ៌ និងសកម្មភាពប្រទូសរ៉ាយគ្រប់បែបយ៉ាងរបស់ក្រុមប្រឆាំង និងមជ្ឈដ្ឋានអគតិនានា ដែលប៉ុនប៉ងឥតឈប់ឈរ សំដៅរាំងខ្ទប់ការអភិវឌ្ឍ និងរុញច្រានកម្ពុជាឲ្យឃ្លាតចេញពីមាគ៌ាប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ព្រមជាមួយនេះ កម្ពុជាបានកសាងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្រប់ប្រទេស ហើយបានចូលរួមដោយស្មើភាព និងស្មើសិទ្ធិក្នុងរាល់កិច្ចការអន្តរជាតិ។
ប្រជាជនយើងមានមោទភាពក្រៃលែងចំពោះជោគជ័យនៃដំណើរការប្រជាធិបតេយ្យភាវូបនីយកម្មរបស់ខ្លួន តាមដំណាក់កាលនីមួយៗ ជាពិសេស តាមរយៈការប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរីត្រឹមត្រូវ និងយុត្តិធម៌នៃការបោះឆ្នោត ទាំងការបោះឆ្នោតថ្នាក់ជាតិ ទាំងការបោះឆ្នោតថ្នាក់ក្រោមជាតិ ដែលបានឆ្លុះបញ្ចាំងឲ្យឃើញថា ប្រជាធិបតេយ្យនៅកម្ពុជាកាន់តែមានភាពចាស់ទុំ ប្រជាជនកម្ពុជា គឺជាម្ចាស់នៃអំណាចពិតប្រាកដ។
ចំពោះដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ កម្ពុជាស្ថិតនៅក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ និងលឿនបំផុត ដោយសម្រេចបានកំណើនជាមធ្យម ក្នុងអត្រាជាង ៧% ក្នុង ១ ឆ្នាំ តាមរយៈការរីកចម្រើននៃវិស័យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ អចលនទ្រព្យ គមនាគមន៍ និងដឹកជញ្ជូន ។ ជាងនេះទៀត កម្ពុជាបានចាកចេញពីឋានៈជាប្រទេសមានចំណូលទាប មកជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ ២០១៥។ ក្នុងឆ្នាំ ២០១៨ សេដ្ឋកិច្ចកម្ពុជាមានកំណើនលើសពីការរំពឹងទុក ដោយសម្រេចបានកំណើន ៧,៥% ធៀបនឹងការគ្រោងទុក ៧,១% ពីដើមឆ្នាំ ដោយសារតែស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណើនវិនិយោគឯកជន កំណើនតម្រូវការប្រើប្រាស់ កំណើននៃការនាំចេញ និងកំណើនភ្ញៀវទេសចរ ។ល។
សម្រាប់ឆ្នាំ ២០១៩ នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងមានកំណើនក្នុងអត្រា ៧,១% ដែលគាំទ្រដោយកំណើនរឹងមាំនៃវិស័យឧស្សាហកម្ម និងកំណើននៃវិស័យសេវាកម្ម ទោះបីវិស័យកសិកម្មនៅបន្តមានកំណើនទាបក្តី។ គួរកត់សម្គាល់ថា នៅក្នុងឆមាសទី ១ ឆ្នាំ ២០១៩ នេះ រាល់សកម្មភាពសេដ្ឋកិច្ចកំពុងបន្តមានដំណើរការយ៉ាងល្អ។ ជាក់ស្តែង រយៈពេល ៤ ខែ ដើមឆ្នាំ គម្រោងវិនិយោគ ១១៥ គម្រោង ដែលមានទុនវិនិយោគប្រមាណ ៤ ពាន់លានដុល្លារ ត្រូវបានអនុម័ត ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ ២០១៨ មាន ៨១ គម្រោង និងទុនវិនិយោគប្រមាណ ៨៦៣ លានដុល្លារអាមេរិក, ការនាំចេញផលិតផលកាត់ដេរនៅតែមានកំណើនខ្ពស់, ការនាំចេញអង្ករ សម្រេចបានជាង ២១ ម៉ឺនតោន ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ ២០១៨ កើនឡើង ៨,៣%, វិស័យសំណង់ និងអចលនទ្រព្យក៏នៅតែបន្តកំណើនខ្ពស់ ជាមួយគ្នានេះ កម្ពុជាបានទទួលភ្ញៀវទេសចរបរទេសជាង ២,៤ លាននាក់ កើនឡើង ១១% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ ២០១៨។
កាលពីពេលថ្មីនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញបណ្តាវិធានការកែទម្រង់ដ៏មុតស្រួច ស្របតាមបាវចនា «កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅក្នុងស្មារតីឯករាជ្យ» និងអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។ វិធានការទាំងនេះមានជាអាទិ៍ ការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម, ការបន្ថយថ្លៃអគ្គិសនី, ការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, ការពង្រឹងក្របខណ្ឌច្បាប់ស្តីពីការវិនិយោគ, ការបន្តការកែទម្រង់ស្ថាប័ន ដើម្បីឲ្យកម្ពុជាធានាបាននូវឯករាជ្យភាពផ្នែកសេដ្ឋកិច្ចក្នុងឋានៈជាប្រទេសមានអធិបតេយ្យពេញលេញ ធ្វើឲ្យកាន់តែប្រសើរឡើងនូវបរិស្ថានវិនិយោគ ពង្រឹងភាពប្រកួតប្រជែង និងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិកាន់តែខ្លាំងក្លា ជាពិសេសសំដៅនាំកម្ពុជាឈានទៅសម្រេចចក្ខុវិស័យនៃការអភិវឌ្ឍវែងឆ្ងាយ គឺប្រែក្លាយខ្លួនពីប្រទេសមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ លើមូលដ្ឋានសមិទ្ធកម្មនៃវិស័យសេដ្ឋកិច្ចដូចខាងលើ បានធ្វើឲ្យកម្រិតជីវភាពរបស់ប្រជាជន ត្រូវបានលើកកម្ពស់ជាលំដាប់ ចំណូលមធ្យមសម្រាប់ប្រជាពលរដ្ឋម្នាក់ៗមានកំណើនជាងប្រាំដង បើប្រៀបធៀបពីឆ្នាំ ២០០០ ដល់ ២០១៨ ឯអត្រានៃភាពក្រីក្របានថយចុះពី ៥៣,២% នៅឆ្នាំ ២០០៤ មក ក្នុងរង្វង់ ១០% នាបច្ចុប្បន្ន។
ក្នុងក្របខណ្ឌនៃការអនុវត្តគោលនយោបាយជាតិគាំពារសង្គមដើម្បីលើកកម្ពស់សុខុមាលភាព និងសាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រជាអតិបរមា រាជរដ្ឋាភិបាលបានបង្កើត បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ក្នុងគោលដៅផ្តល់នូវសេវាធានាសន្តិសុខសង្គម និងដើម្បីរក្សាបាននូវសុខុមាលភាពរបស់ប្រជាពលរដ្ឋខ្មែរពេលចាស់ជរា ទុព្វលភាព និងនៅពេលទទួលរងហានិភ័យការងារផ្សេងៗ។ ក្នុងនោះ ផ្នែកថែទាំសុខភាពនៃ ប.ស.ស បានគ្របដណ្តប់លើប្រជាពលរដ្ឋជាង ២ លាននាក់ ដោយរាប់បញ្ចូលទាំងកម្មករ–និយោជិត, អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ។ រីឯផ្នែកហានិភ័យការងារ ដែលបានជួយសម្រួលបន្ទុកដល់កម្មករ និយោជិតដែលមានគ្រោះថ្នាក់ពេលបំពេញការងារ បានចុះបញ្ជិកាចំនួនជាង ១៣ ពាន់សហគ្រាស និងមានវិសាលភាពលើកម្មករនិយោជិតប្រមាណ ១,៧ លាននាក់ ។ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពមាតា និងទារក ដោយបានផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតជាស្ត្រីសម្រាលកូន ប្រមាណ ៩ ម៉ឺន នាក់ រួចហើយ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ តាមរយៈ ប.ស.ស សរុបជាទឹកប្រាក់ប្រមាណ ៣៦ ពាន់លានរៀល គិតតាំងពីដើមខែ មករា ឆ្នាំ ២០១៨ មកទល់ដំណាច់ខែ មេសា ឆ្នាំ២០១៩។ ទន្ទឹមនេះ រាជរដ្ឋាភិបាលបានដាក់ឲ្យអនុវត្តការឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកូនអាយុក្រោម ២ ឆ្នាំ នៃគ្រួសារក្រីក្រ ដែលត្រូវបានអនុវត្តចាប់ពីថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០១៩ តទៅ ដើម្បីជួយសម្រាលបន្ទុក លើកកម្ពស់ជីវភាពរស់នៅ និងអាហារូបត្ថម្ភទៅដល់ស្ត្រី និងកុមារ។ ការឧបត្ថម្ភនេះ ត្រូវបានផ្តល់ជូននៅពេលស្រ្តីមានផ្ទៃពោះ មកទទួលសេវានៅមូលដ្ឋានសុខាភិបាលសាធារណៈ ក្នុងពេលសម្រាល និងក្រោយពេលសម្រាល និងក្នុងករណីរលូតកូន, កូនស្លាប់ ឬ ម្តាយស្លាប់។ រាជរដ្ឋាភិបាលក៏បានសម្រេចបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបន្តផ្តល់ការគាំពារផ្នែកសុខភាព ប្រកបដោយគុណភាព និងដោយមិនគិតថ្លៃ ដល់កុមារកម្ពុជា។
លើសពីនេះ រាជរដ្ឋាភិបាលបានធ្វើការពង្រីកការតភ្ជាប់បណ្តាញអគ្គិសនីដល់មូលដ្ឋានភូមិឃុំ និងកាត់បន្ថយថ្លៃប្រើប្រាស់អគ្គិសនី ដែលបានជួយកាត់បន្ថយចំណាយរបស់ប្រជាជន។
សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃអង្គមីទ្ទីង បងប្អូនជនរួមជាតិជាទីស្នេហា!
និយាយរួមមក ប្រវត្តិនៃសកម្មភាពនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺជាប្រវត្តិនៃការដឹកនាំប្រកប ដោយភាពក្លាហាន ឥតរាថយនៅគ្រប់ដំណាក់កាលធំៗនៃប្រវត្តិសាស្ត្រ នៅលើមាគ៌ានយោបាយដែលមានគោលដៅច្បាស់លាស់ មានភាពប្រាកដនិយម និងមានចក្ខុវិស័យវែងឆ្ងាយ ដើម្បីផលប្រយោជន៍ដ៏ឧត្តុងឧត្តមបំផុតរបស់ជាតិ។
ឆ្លងកាត់រយៈពេល ៤ ទសវត្សរ៍ នៃដំណើរការតស៊ូសង្គ្រោះអាយុជីវិតប្រទេសជាតិ ការស្តារកសាង និងការពារមាតុភូមិចាប់ពីថ្ងៃជ័យជម្នះ ៧ មករា មក យើងដកស្រង់បាននូវមេរៀនដ៏មានតម្លៃមួយចំនួន ដែលមានសារៈសំខាន់បំផុតសម្រាប់អនាគតរបស់ជាតិយើង គឺ៖
ទីមួយ៖ ការដាក់ចេញនូវមាគ៌ានយោបាយ យុទ្ធសាស្រ្ត និងយុទ្ធវិធី សម្រាប់ការដឹកនាំបានត្រឹមត្រូវ ជាកត្តាចម្បងនៃជ័យជម្នះរបស់ជាតិ។ រយៈពេល ៤០ ឆ្នាំ មកនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសប្រកប ដោយជោគជ័យតាមមាគ៌ាមួយដ៏ត្រឹមត្រូវដែលមិនឆ្វេង មិនស្តាំ មិនបាត់ម្ចាស់ការ គឺមានលក្ខណៈប្រាកដជាក់ស្តែង ឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាជន និងស្របទៅនឹងការវិវត្តន៍នៃសភាពការណ៍ជាតិ និងអន្តរជាតិ។ គណបក្សបានផ្សារភ្ជាប់ជាមួយប្រជាជន ស្តាប់មតិយោបល់របស់ប្រជាជន ចេះស្វ័យត្រួតពិនិត្យខ្លួនជាប្រចាំ និងហ៊ានកែលម្អនូវចំណុចខ្វះខាតរបស់ខ្លួន។ ការសម្រេចចិត្តរបស់ប្រជាជនក្នុងការជ្រើសរើសយកការដឹកនាំខាងនយោបាយមួយដ៏ត្រឹមត្រូវ គឺជាប្រការដ៏សំខាន់ចាំបាច់បំផុត។
ទីពីរ៖ ប្រជាជនជាកត្តាសម្រេចនៃជ័យជម្នះក្នុងការតស៊ូរំដោះជាតិ ក៏ដូចក្នុងការកសាង និងការពារប្រទេស និងជាមូលដ្ឋានគ្រឹះសម្រាប់ទ្រទ្រង់ដល់ការដឹកនាំខាងនយោបាយក្នុងសង្គមជាតិ។ បើប្រជាជនមិនយល់ មិនគាំទ្រ មិនចូលរួម គឺគ្មានកិច្ចការធំៗណារបស់ជាតិអាចសម្រេចបានឡើយ។ អាស្រ័យហេតុនេះ នៅក្នុងនយោបាយ និងសកម្មភាពទាំងមូលរបស់គណបក្ស ត្រូវតែប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ និងយកប្រជាជនធ្វើជាគោលដៅនៃការបម្រើរបស់ខ្លួន។ ព្រមជាមួយនេះ ប្រជាជនម្នាក់ៗក៏គប្បីយល់ដឹងច្បាស់អំពីសិទ្ធិ និងករណីយកិច្ចរបស់ខ្លួន ហើយចូលរួមប្រកបដោយភាពជាម្ចាស់ក្នុងការកសាង និងការពារជាតិ។
ទីបី៖ សាមគ្គីភាពជាកត្តាស្លាប់រស់របស់ជាតិ មានសាមគ្គីភាពទើបជាតិយើងឈ្នះ។ ដើម្បីធានាសាមគ្គីភាពជាតិដ៏រឹងមាំ ត្រូវមានមាគ៌ាដឹកនាំត្រឹមត្រូវ និងត្រូវធានាការអនុវត្តគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីភាព និងនីតិរដ្ឋ។ ទន្ទឹមនេះ ត្រូវរាំងស្កាត់ដាច់ខាតតាំងពីដំបូងទី ចំពោះរាល់សកម្មភាព អុចអាល ញុះញង់ បំបែកបំបាក់ បង្កើតទំនាស់ បង្កអនាធិបតេយ្យ កុំទុកឲ្យក្លាយទៅជាគ្រោះមហន្តរាយដល់ប្រទេសជាតិបាន។ ក្នុងន័យនេះ ការអនុវត្តគោលនយោបាយ ១១ “ខ” របស់រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ការអនុវត្តគោលនយោបាយបង្រួបបង្រួមជាតិ ការអនុវត្តនយោបាយឈ្នះឈ្នះ និងការប្រកាន់យកវិធានការច្បាប់ដ៏ម៉ឺងម៉ាត់ ដើម្បីរក្សាស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅគ្រប់កាលៈទេសៈកន្លងមក បានធានានូវការពង្រឹងធ្លុងសាមគ្គីភាពរបស់ជាតិយើងយកឈ្នះលើរាល់ឧបសគ្គធំៗបាន។
ទីបួន៖ សន្តិភាព និងស្ថិរភាព ជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ ហើយផ្ទុយមកវិញ ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងសមធម៌ គឺជាលក្ខខណ្ឌចាំបាច់ សម្រាប់ធានា និងពង្រឹងសន្តិភាព និងស្ថិរភាពសង្គម។ ព្រមជាមួយនេះ នៅក្នុងដំណើរការសន្តិភាពរបស់ជាតិយើង គប្បីចងចាំថា សង្គ្រាម និងការបែកបាក់ជាតិដែលកើតមកពីការដឹកនាំមិនត្រឹមត្រូវរបស់អ្នកជំនាន់មុនដែលផ្ទុយទាំងស្រុងពីឆន្ទៈប្រជាជន និងការចូលជ្រៀតជ្រែកយ៉ាងខ្លាំងពីសំណាក់បរទេស បានបន្សល់ទុកឲ្យអ្នកជំនាន់ក្រោយត្រូវតែដោះស្រាយ ហើយការដោះស្រាយនោះត្រូវជៀសវាងការយកសង្រ្គាមមកបញ្ចប់សង្រ្គាម។
ទីប្រាំ៖ នៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព យើងត្រូវតែលើកកម្ពស់មនសិការភ្ញាក់រឭក ប្តូរផ្តាច់ការពារឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដីរបស់យើងឲ្យបានរឹងមាំ ស្ថិតស្ថេរ គង់វង្ស ដោយមិនរាថយចំពោះមុខការរំលោភបំពានណាពីខាងក្រៅ។ ឯករាជ្យ និងអធិបតេយ្យជាតិ ជាគុណតម្លៃដ៏វិសេសវិសាលឧត្តុង្គឧត្តមដើម្បីធានាអត្ថិភាពនៃជាតិ និងជាសសរស្តម្ភដ៏រឹងមាំសម្រាប់ទ្រទ្រង់ដល់សន្តិភាព និងវឌ្ឍនភាពប្រកបដោយកិត្តិយសរបស់ប្រជាជាតិយើង។ ប្រវត្តិសាស្រ្តជាក់ស្តែងបានបង្ហាញឲ្យយើងឃើញច្បាស់ហើយថា ការចុះខ្សោយ ឬបាត់បង់ឯករាជ្យ និងអធិបតេយ្យជាតិ គឺមានតែនាំមកនូវការបែកបាក់ សង្រ្គាម វិនាសកម្ម ទុក្ខវេទនា ភាពឱនថយ និងការប្រមាថមើលងាយសម្រាប់ប្រជាជាតិយើងប៉ុណ្ណោះ។
ទីប្រាំមួយ៖ នៅគ្រប់កាលៈទេសៈ ប្រជាជនយើងត្រូវប្រកាន់ខ្ជាប់នូវជំហរជាអ្នកធ្វើជាម្ចាស់របស់ប្រទេសជាតិ ខ្លួន មានជំនឿលើកម្លាំង និងការប្រឹងប្រែងរបស់ខ្លួន។ ការជាក់ស្តែងបានបញ្ជាក់ច្បាស់ថា យើងបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ និងទប់ស្កាត់មិនឲ្យរបបនេះវិលមកវិញជាលើកទី ២, យើងបានសម្រេចសមិទ្ធផលយ៉ាងធំធេងក្នុងការស្តារ កសាង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម, យើងបានពុះពារជម្នះដោះស្រាយវិបត្តិនានាដែលបានកើតមាននៅផ្ទៃក្នុងជាតិ ជាពិសេសសម្រេចបាននូវសន្តិភាពពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ ដែលយើងបានដាក់ចេញដោយខ្លួនឯង ដោយគ្មានការបញ្ជា ឬជំនួយពីបរទេស គឺអាស្រ័យដោយផ្អែកលើសាមគ្គីភាព ឆន្ទៈ បញ្ញាញាណ សេចក្តីព្យាយាម និងភាពអង់អាចក្លាហានរបស់ប្រជាជាតិយើងជាចម្បង។ គប្បីចងចាំថា គឺភាពរឹងមាំនៃកត្តាខាងក្នុងនេះហើយ ដែលមានចរិតកំណត់ និងជាមូលដ្ឋានដើម្បីទទួលបានការជួយឧបត្ថម្ភពីខាងក្រៅ។
ទីប្រាំពីរ៖ ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយប្រទេសជិតខាងភូមិផងរបងជាមួយ និងបណ្តាប្រទេសលើពិភពលោកដោយមិនប្រកាន់របបនយោបាយ លើមូលដ្ឋានប្រកាន់ខ្ជាប់គោលការណ៍ អព្យាក្រឹត សន្តិសហវិជ្ជមាន និងមិនចូលបក្សសម្ព័ន្ធ និងលើមូលដ្ឋានការគោរពឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី ស្មើភាព ស្មើសិទ្ធិ និងមានផលប្រយោជន៍ទៅវិញទៅមក គឺជាកត្តាសំខាន់ចាំបាច់មិនអាចខ្វះបាន ដើម្បីធានាដល់ការអភិវឌ្ឍ និងសន្តិភាពរបស់ជាតិយើងទាំងពេលបច្ចុប្បន្នក៏ដូចតទៅមុខយូរអង្វែង។ អាស្រ័យហេតុនេះ នៅគ្រប់កាលៈទេសៈ ត្រូវយកចិត្តទុកដាក់កសាង ថែរក្សា ពូនជ្រំចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេស និងអង្គការអន្តរជាតិនានាឲ្យកាន់តែរឹងមាំឡើង ហើយបន្តចូលរួមយ៉ាងសកម្មក្នុងរាល់កិច្ចការអន្តរជាតិ។
អង្គមីទ្ទីង បងប្អូនជនរួមជាតិជាទីស្នហា!
ឆ្លងតាមជ័យជម្នះដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជាបន្តបន្ទាប់ ជាពិសេសការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៦ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ នាពេលថ្មីៗនេះ បានបង្ហាញថា ប្រជាជនកម្ពុជាត្រូវការចាំបាច់ និងជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានានូវសន្តិភាព ការពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម លើកស្ទួយជីវភាពប្រជាជន និងការបន្តកែទម្រង់លើគ្រប់វិស័យតទៅមុខទៀត។ តបស្នងទៅនឹងជំនឿទុកចិត្តរបស់ប្រជាជន ក្នុងនាមគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា ខ្ញុំព្រះករុណាខ្ញុំសូមសន្យាជាឧឡារិក ប្តេជ្ញាពុះពារអនុវត្តនូវកម្មវិធីនយោបាយសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ ២០១៨-២០២៣ ដែលបានប្រកាសជូនបងប្អូនជនរួមជាតិរួចហើយនោះ ឲ្យបានសម្រេចជោគជ័យលើគ្រប់វិស័យ។ ក្នុងស្មារតីនេះ គណបក្សប្រកាន់ជំហរដ៏ម៉ឺងម៉ាត់ក្នុងការថែរក្សានូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ ដែលយើងប្រឹងប្រែងរកបានដោយលំបាកបំផុតនេះ មិនឲ្យក្រុមប្រឆាំងជ្រុលនិយមដែលក្បត់នឹងផលប្រយោជន៍ជាតិ និងប្រជាជន ឬមជ្ឈដ្ឋានអគតិនៅខាងក្រៅណាមកបំផ្លាញទៅវិញបានឡើយ ទោះបីជាត្រូវបង់ក្នុងតម្លៃណាក្តី។
គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាការពារយ៉ាងរឹងមាំនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ហើយប្រឆាំងការជ្រៀតជ្រែករបស់បរទេសចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលជាមូលហេតុចម្បងនាំមកនូវគ្រោះមហន្តរាយសម្រាប់ប្រទេសយើង។ ខ្ញុំក៏សូមយកឱកាសនេះ ដើម្បីរំឭកជាថ្មីថា៖ កម្ពុជាមិននៅក្រោមការត្រួតត្រារបស់ប្រទេសណានោះទេ យើងមិនផ្តល់ឱកាសសម្រាប់ឲ្យបរទេសមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់យើងឡើយ។ យើងមិនត្រូវឱនក្បាលចំពោះមុខការគាបសង្កត់ ឬការគំរាមកំហែងណាមួយឡើយ។ យើងធ្លាប់ទទួលរងរួចមកហើយនូវការដាក់ទណ្ឌកម្មដ៏អយុត្ដិធម៌បំផុតពីសំណាក់ប្រទេសក្រៅ ។ ការមិនឱនក្បាលរបស់យើង វាជាកិត្តិយសជាតិរបស់យើង។
គណបក្សប្រជាជនកម្ពុជា ដែលបានដណ្តើមយកមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង និងសេចក្តីថ្លៃថ្នូររបស់មនុស្ស នឹងបន្តដើរទៅមុខឥតងាករេលើមាគ៌ាប្រជាធិបតេយ្យសេរី ពហុបក្ស ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ ដែលស្របទៅនឹងស្ថានភាពជាក់ស្តែងរបស់កម្ពុជា ហើយដែលនោះ គឺជាសិទ្ធិពេញលេញ និងមិនអាចរំលោភបំពានបានរបស់ប្រជាជនកម្ពុជា ក្នុងការជ្រើសរើសផ្លូវអភិវឌ្ឍន៍របស់ខ្លួន ។ ខ្ញុំសូមគូសបញ្ជាក់ថា ប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពពិតប្រាកដ គឺស្ថិតនៅក្នុងដំណើររស់ឡើងវិញរបស់ប្រជាជាតិ ជោគជ័យនៃដំណើរការសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ ព្រមទាំងការប្រតិបត្តិនូវរដ្ឋធម្មនុញ្ញ និងច្បាប់របស់កម្ពុជា ពុំមែនស្ថិតលើពាក្យសំដីវាយតម្លៃដោយអគតិរបស់បុគ្គល ឬមជ្ឈដ្ឋានណានោះឡើយ។ ប្រជាជនកម្ពុជាបានទទួល បានថែរក្សាពូនជ្រំលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពរបស់ខ្លួនរយៈពេល ៤០ ឆ្នាំមកហើយ ដូច្នេះយើងដឹងហើយថា យើងត្រូវធ្វើដូចម្តេច ដើម្បីការពារ និងពង្រឹងប្រជាធិបតេយ្យតទៅមុខទៀត។
គណបក្សប្រជាជនកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងសហគមន៍អន្តរជាតិ ដែលបានជួយឧបត្ថម្ភគាំទ្រដល់ការរស់ឡើងវិញ និងការរីកចម្រើនរបស់កម្ពុជា ក្នុងរយៈពេល ជាង ៤០ ឆ្នាំមកនេះ ហើយកំពុងបន្តពង្រីកនូវកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាជាមួយកម្ពុជា ដើម្បីជួយជំរុញការអភិវឌ្ឍកម្ពុជាផង និងដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ វឌ្ឍនភាព និងវិបុលភាពជាសកលផង។ ព្រមជាមួយនេះ យើងសង្ឃឹមថា ប្រទេសមួយចំនួនដែលនៅតែមានទស្សនៈខុសឆ្គងចំពោះដំណើរប្រព្រឹត្តទៅដ៏ល្អ និងត្រឹមត្រូវនៃប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជា ហើយបានប្រើប្រាស់ហេតុផលនយោបាយមកដាក់ជាលក្ខណ្ឌផ្សេងៗឲ្យយើងធ្វើតាម ដែលមិនស្របទៅនឹងស្ថានភាពពិតនៅកម្ពុជា ក៏ដូចបំណងប្រាថ្នារបស់ប្រជាជននោះ នឹងទទួលយកការពិត គោរពដល់អធិបតេយ្យ និងសិទ្ធិស្វ័យសម្រេចរបស់កម្ពុជា ហើយរួមវិភាគទានពិតប្រាកដទៅក្នុងដំណើរការពង្រឹងសន្តិភាព លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅកម្ពុជា។
ខ្ញុំសូមអំពាវនាវដល់គណៈកម្មាធិការគណបក្សនៅគ្រប់ថ្នាក់ មន្ត្រី និងសមាជិក សមាជិកាគ្រប់រូប សូមលើកកម្ពស់ប្រពៃណីស្នេហាជាតិ ស្រឡាញ់ប្រជាជន ខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង បន្តចូលរួមសកម្មក្នុងការកសាងគណបក្សឲ្យកាន់តែរឹងមាំលើគ្រប់វិស័យ សំដៅលើកកម្ពស់សមត្ថភាពដឹកនាំរបស់គណបក្សឲ្យសម្រេចបានសមិទ្ធផលធំៗថ្មីៗទៀត។ ព្រមជាមួយនេះ ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងមូល សូមរួមសាមគ្គីគ្នាជាធ្លុងមួយជុំវិញរាជរដ្ឋាភិបាល នៅក្រោមដំបូលរដ្ឋធម្មនុញ្ញ និងអង្គព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ដើម្បីកសាង និងការពារមាតុភូមិកម្ពុជាឲ្យឈានទៅមុខ ឆ្ពោះទៅរកអនាគតដ៏រុងរឿង ក្លាយជាអរិយប្រទេសមួយនៅក្នុងតំបន់ ជាសង្គមប្រកបដោយភាពសុខដុមរមនា និងសេចក្តីស្រឡាញ់ ដោយគ្មានការកើតមានជាថ្មីនូវសង្គ្រាម អំពើប្រល័យពូជសាសន៍ និងការបែកបាក់ផ្ទៃក្នុងជាតិដូចពេលមុនទៀត។
ជាទីបញ្ចប់ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយព្រះពរ ប្រគេនពរ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្តេចព្រះសង្ឃរាជ ព្រះរាជាគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្ឃ ជាទីសក្ការៈ សូមប្រសិទ្ធពរជូន សម្តេច ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សមាជិក សមាជិកា នៃអង្គមីទ្ទីង និងបងប្អូនជនរួមជាតិទាំងអស់នៅគ្រប់ទិសទី សូមបានប្រកបនូវពុទ្ធពរទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមអរព្រះគុណ សូមអរគុណ !