សម្ដេចតេជោ ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសហុងគ្រី និងចូលរួមសន្និសីទអន្តរជាតិនៅប្រទេសតាជីគីស្ថាន

ភ្នំពេញ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ -ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ តាមជើងយន្តហោះពិសេស នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ដើម្បីទៅបំពេញទស្សនកិច្ចផ្លូវការនៅ សាធារណរដ្ឋហុងគ្រី និងចូលរួម សន្និសីទកំពូលលើកទី៥ ស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី នៅសាធារណរដ្ឋតាជីគីស្ថាន ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ដែលតបតាម ការអញ្ជើញ របស់ឯកឧត្ដម វីកទ័រ អ័របាន (Vikto Orbán) នាយករដ្ឋមន្ត្រីហុងគ្រី និង ឯកឧត្ដម អ៊ី ម៉ូ ម៉ាលី រ៉ាម៉ុន (Emomali Rahmon) ប្រធានាធិបតី នៃសាធារណរដ្ឋតាជីគីស្ថាន។

ឯកឧត្ដម ស្រ៊ី ថាមរង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់អ្នកយកព័ត៌មាននៅ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថា នេះអាចចាត់ទុកថាជាដំណើទស្សនកិច្ចជា ប្រវត្តិសាស្រ្តថ្មីមួយ បន្ទាប់ពីទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានពង្រឹងឡើងវិញ ដោយសារថា ប្រទេសហុងគ្រីជាប្រទេសមួយដែលស្ថិតនៅក្នុងប្រទេសសហគមន៍អឺរ៉ុប ដែលអាចផ្តល់ប្រយោជន៍ច្រើនដល់កម្ពុជា។ ជាងនេះទៀតប្រទេសហុងគ្រី ក៏ធ្លាប់មានទំនាក់ទំនងល្អជាមួយកម្ពុជាតាំងពីយូរមកហើយ ពិសេសបន្ទាប់ពីរបបប្រល័យ ពូជសាសន៍ ប្រទេសហុងគ្រីដែលស្ថិតនៅក្នុងប្រទេសអឺរ៉ុបខាងកើត ដែលបានជួយកម្ពុជាយ៉ាងច្រើន។

នៅក្នុងទស្សនកិច្ចប្រទេសហុងគ្រី សម្ដេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា នឹងអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីហុងគ្រី និងពិធីជប់លៀងផ្លូវការ។ បន្ទាប់មកនៅថ្ងៃទី១៤ ខែមិថុនា សម្តេចតេជោនាយករដ្ឋមន្រ្តីនឹងអញ្ជើញ ជួបសម្ដែងការគួរសមជាមួយឯកឧត្ដមប្រធានាធិបតីហុងគ្រី និងប្រធានសភាហុងគ្រីផងដែរ។

ឯកឧត្ដមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានបន្ដឱ្យដឹងថា ក្រោយជំនួបចរចាភាគី ទាំងពីរ នឹងចុះហត្ថលេខាលើឯកសារចំនួន៣ ដែលក្នុងនោះរួមមាន៖ ១.អនុស្សរណៈស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងទីស្តីការគណៈរដ្ឋមន្រ្តីកម្ពុជាជាមួយក្រសួងពាណិជ្ជកម្ម និង ការបរទេសរបស់ហុងគ្រី។ ទី២.អនុស្សរណៈស្តីពីការផ្លាស់ប្តូរវិស័យអប់រំរវាង ក្រសួងអប់រំកម្ពុជាជាមួយក្រសួងធនធានមនុស្សនៃប្រទេសហុងគ្រី និងទី៣.កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ចរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល ប្រទេសហុងគ្រី។

បន្ទាប់មកសម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ីពីឆ្នាំ២០១៨ ដល់ ២០២០ (5th CICA Summit) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងឌូស្ហាន់បេ សាធារណរដ្ឋ តាជីគីស្ថាន នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩។

ក្នុងកិច្ចប្រជុំកំពូលនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងថ្លែងសុន្ទរកថាដ៏សំខាន់មួយ ដោយផ្តោតលើបញ្ហាគន្លឹះជាច្រើនដែលជាការប្រឈមរួមរបស់តំបន់អាស៊ី និងចែករំលែក ទស្សនៈស៊ីជម្រៅថា អាស៊ីនឹងរួមគ្នាដោះស្រាយបញ្ហាសន្តិសុខ សេដ្ឋកិច្ច និងនយោបាយ តាមរយៈការពង្រឹងជំនឿទំនុកចិត្ត និងទំនាក់ទំនងក្នុងចំណោមប្រទេសជាសមាជិក CICA។

ក្រៅពីកិច្ចប្រជុំកំពូលនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបពិភាក្សា ការងារទ្វេភាគី ជាមួយ ឯកឧត្ដម អ៊ី ម៉ូម៉ាលី រ៉ាម៉ុន ប្រធានាធិបតីតាជីគីស្ថាន និងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសមួយចំនួន ដែលអញ្ជើញមកពីប្រទេស សមាជិកផ្សេង ទៀតដូចជា ឯកឧត្ដមប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីកៀកស៊ីស្តាន ប្រធានាធិបតីកាហ្សាស្ថានជាដើម។ CICA គឺជា វេទិកាពហុភាគី ដែលមានវត្ថុបំណងលើក កម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមរដ្ឋសមាជិករបស់ខ្លួនក្នុង វិស័យមួយចំនួន ដូចជា សន្តិភាព សន្តិសុខ និងស្ថិរភាព នៅអាស៊ី និងពិភពលោកទាំងមូល។ បច្ចុប្បន្នសន្និសីទនេះ មានសមាជិកអចិន្រៃ្តយ៍ចំនួន២៧ប្រទេស ហើយកម្ពុជាបានចូលជាសមាជិកនៅឆ្នាំ២០១១។

ឯកឧត្ដម ស្រ៊ី ថាមរង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងដែរថា ប្រតិភូអមដំណើរសម្ដេចតេជោរួមមាន ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី  ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្ដម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងសមាជិកជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាផ្សេងទៀត។

តាមកម្មវិធីគ្រោងទុក សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញនិវត្តន៍មកកាន់មាតុភូមិ វិញនៅថ្ងៃទី១៦ ខែមិថុនា ២០១៩៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ