ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ — នៅមុនការអញ្ជើញចូលរួម ក្នុងសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតរបស់អាស៊ីនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យ លោក ណាអូតូស៊ី អូកាដា (Naotoshi OKADA) ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងជំនួបពិភាក្សានោះ លោក ណាអូតីស៊ិ អូកាដា មានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានចំណាយពេលដ៏មមាញឹកបំផុត ទទួលជួបរូបលោកក្នុងជំនួបដ៏មានតម្លៃបំផុតនេះ។
លោក ណាអូតូស៊ី អូកាដា បានថ្លែងកោតសរសើរអំពីយុទ្ធសាស្ត្ររបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការធ្វើកំណែទម្រង់សេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជានាំមកនូវការរីកចម្រើន។ លោកបានលើកឡើងទៀតថា លោកតែបានលឺនៅតាមសារព័ត៌មានជាច្រើន និយាយពីការរីកចម្រើនរបស់កម្ពុជា ទាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងៗទៀត។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា មានកត្តាពីរសំខាន់ដែល ធ្វើឱ្យសេដ្ឋកិច្ចរបស់កម្ពុជាមានកំណើនខ្ពស់ និងការអភិវឌ្ឍដោយចីរភាព។ កត្តាទាំងពីរនោះ រួមមាន៖ ទី១. គឺសន្តិភាព និងស្ថិរភាពនយោបាយ ហើយកត្តាចាំបាច់ទី២ គឺស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ សម្តេចតេជោបានបន្ថែមថា ត្រូវរក្សាកត្តាទាំងពីរនេះឱ្យបាន ហើយកត្តាទាំងពីរនេះ ត្រូវពឹងផ្អែកគ្នាទៅវិញទៅមក។ ដូច្នេះត្រូវថែរក្សាសន្តិភាព ស្ថិរភាព នយោបាយ និងស្ថានភាព ម៉ាក្រូសេដ្ឋកិច្ចផងដែរ។ សម្ដេចតេជោបានលើកឡើងទៀតថា បន្ទាប់មកទាមទារឱ្យមាន អភិបាលកិច្ចល្អដើម្បីជំរុញនូវការអភិវឌ្ឍ។
សម្ដេចតេជោបានគូសបញ្ជាក់បន្តថា អភិបាលកិច្ចស្មោគគ្រោគមិនអាចនាំមកនូវជោគជ័យបានឡើយ។ ដូច្នេះសម្រាប់ប្រទេសកម្ពុជានៅបន្តធ្វើការកែទម្រង់ ជាពិសេសក្នុងការកែលម្អលើចំណុចណាដែលចាំបាច់។ សម្ដេចនាយករដ្ឋមន្ត្រីបានថ្លែងឱ្យដឹងដែរថា ប្រទេសកម្ពុជានៅឆ្នាំ២០០១ មិនទាន់មានស្បៀងគ្រប់គ្រាន់ទេដោយនាំចូលស្បៀងពីបរទេស ប៉ុន្តែក្រោយមកយើងបានក្លាយជាប្រទេសដែលនាំចេញស្បៀងដូចជាអង្ករដែលយើងសល់ដល់ ៣លានតោនសម្រាប់នាំចេញ។ ដូច្នេះប្រទេសកម្ពុជាក្លាយខ្លួនពីប្រទេសនាំចូលស្បៀងទៅជាប្រទេសនាំចេញស្បៀងវិញ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា ដើម្បីជំរុញការអភិវឌ្ឍប្រទេសនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ២០១៥-២០២៥។ ជាមួយគ្នានេះ វាគឺជាការខិតខំជំរុញធ្វើយ៉ាងណាឱ្យថវិកាជាតិមានការកើនឡើងជាលំដាប់ ដើម្បីធ្វើយ៉ាងណាអាចឱ្យប្រទេសកម្ពុជា ត្រូវបានដោះស្រាយលើតម្រូវការចាំបាច់ ក៏ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធផងដែរ។ ពាក់ព័ន្ធនឹងការរីកចម្រើននេះ កម្ពុជាក៏មានការកើនឡើងនូវចំនួនប្រជាពលរដ្ឋដែលមានជីវភាពល្អប្រសើរច្រើន។ បើទោះកម្ពុជាមានការរីកចម្រើនយ៉ាងណាក្តី តែសម្តេចតេជោបានបញ្ជាក់បន្ថែមថា កម្ពុជានៅតែត្រូវការជំនួយពីប្រទេសជប៉ុន ដើម្បីជំរុញការអភិវឌ្ឍប្រទេសឱ្យកាន់តែល្អប្រសើរថែមទៀត។ សម្ដេចតេជោក៏បានបង្ហាញក្តីសង្ឃឹមដែរថា វិនិយោគិនពីជាប្រទេសជប៉ុននឹងទៅបណ្ដាក់ទុនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា បើទោះបីបច្ចុប្បន្ន មានចំនួនអ្នកវិនិយោគពីប្រទេសជប៉ុនមានការកើនឡើងក៏ដោយ ហើយសម្ដេចនៅចង់ឃើញ អ្នកមកពីប្រទេសជប៉ុនទៅវិនិយោគបន្ថែមទៀត៕