
នៅក្នុងពិធីបើកវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ឆ្នាំ២០១៧នេះ គឺមានការអញ្ជើញចូលរួម ពីប្រធានដឹកនាំវេទិការសេដ្ឋកិច្ចពិភពលោក លោក ថងលូន ស៊ីស៊ូលីត (Thongloun Sisoulith) នាយក រដ្ឋមន្ត្រីឡាវ លោក រ៉ូឌ្រីហ្គោ រ៉ូ ឌុយតឺតេ (Rodrigo Duterte) ប្រធានាធិបតីហ្វីលលីពីន និងលោក ង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រីវៀតណាម ព្រមទាំងមានតំណាង ប្រមុខរដ្ឋ រដ្ឋាភិបាល រដ្ឋមន្ត្រី និងពាណិជ្ជករជាច្រើនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកមួយចំនួនទៀត។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ និងថ្លែងអំណរគុណ ដល់ប្រមុខដឹកនាំនានាដែលបានចូលរួមក្នុងវេទិការសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ក្រោមមូលបទ «យុវជន បច្ចេកវិទ្យា និងកំណើន: ការធានាពីគុណប្រយោជន៍ផ្នែកប្រជាសាស្ត្រ និងឌីជីថលរបស់ អាស៊ាន» ដែលព្រឹត្តិកាណ៍រនេះធ្វើឡើងស្របពេលខួប៥០ នៃការបង្កើតអាស៊ាន។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា តាមរយៈវេទិកានេះ គឺបានផ្ដោតការយកចិត្តទុក ដាក់ទៅលើការរួមចំណែកពីកម្លាំងការងារវ័យក្មេង និងប្រកបដោយថាមពលដែលកំពុងកើន ឡើងនៅ ក្នុងតំបន់ក្នុង ការស្ថាបនាអនាគតដ៏ត្រចះត្រចង់របស់ប្រទេសក្នុងតំបន់។ លើសពីនេះទៅទៀត វេទិកា នេះនឹងរួមចំណែកដល់ការលើកតម្កើងកាលានុវត្តវិស័យវិនិយោគ និងទេសចរណ៍របស់កម្ពុជា ដែលភាគ ច្រើនសក្ដានុពលដ៏ធំនេះ មិនទាន់ត្រូវបានយកមកប្រើប្រាស់នៅឡើយ។ វេទិកាសេដ្ឋកិច្ចពិភពលោក ស្ដីពីអាស៊ានឆ្នាំ២០១៧ នឹងផ្ដល់លទ្ធផលប្រកបដោយផ្លែផ្កា ដើម្បីលើកកម្ពស់ថែមទៀតដល់ការ អភិវឌ្ឍប្រកបដោយចីរភាព សន្តិភាព ស្ថិរភាព និងវិបុលភាព ដែលរួមចំណែកដល់ការកសាង សហគមន៍អាស៊ានដ៏រឹងមាំមួយ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់អាស៊ាន គឺត្រូវផ្តោតការយកចិត្តទុកដាក់លើរបៀបវារៈសំខាន់ៗមួយចំនួនដូចជា៖
១)បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដើម្បីធានាឱ្យបាននូវសន្តិភាព សន្តិសុខ សុវត្ថិភាព និងស្ថិរភាពយ៉ាងពេញលេញ តាមរយៈការជំរុញលើកកំពស់កិច្ចសន្ទនាជិតស្និទ្ធ ការកសាងទំនុកចិត្ត ព្រមទាំងការដោះស្រាយបញ្ហាតំបន់ដោយសន្តិវិធី និងដោយឈរលើគោលការណ៍នៃច្បាប់អន្តរជាតិ។ ២)ការបន្តធានាកំណើនសេដ្ឋកិច្ចដ៏រឹមាំ មានតុល្យភាព ចីរភាព និងបរិយាប័ន ដោយផ្តោតយកចិត្តទុក ដាក់ជាពិសេសការការកាត់បន្ថយគម្លាតអភិវឌ្ឍន៍។ ៣)ការបន្តជំរុញអនុវត្តន៍ ឱ្យបានសម្រេចតាមការ គ្រោងទុកនូវផែនការ មេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ ការតភ្ជាប់រវាងមនុស្សសំដៅលើកកម្ពស់ សមត្ថភាពប្រកួតប្រជែង ភាពរីកចម្រើន បរិយាប័ន និងភាពធននៃសេដ្ឋកិច្ចរបស់តំបន់ទាំងមូល។ ៤)បន្តជំរុញលើកកម្ពស់តួនាទីស្នូលរបស់អាស៊ានក្នុងកិច្ចសហប្រតិបត្តិការតំបន់ និងពង្រឹងសមត្ថភាព របស់អាស៊ានក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនានា ទាំងក្នុងកម្រិតតំបន់ ទាំងក្នុងកម្រិត សកល។
កិច្ចការជាអាទិភាពរបស់អាស៊ានគឺខិតខំជំរុញឱ្យសម្រេចបានឆាប់រហ័សនូវកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនៃតំបន់ ដែលមនប្រទេសចូលរួមចំនួន១៦ ហើយមានអាស៊ានជាឆ្អឹងខ្នង ដែលមានទីផ្សារប្រមាណ ៣,៤ ទ្រីលាននាក់ ជាមួយនឹងទំហំសេដ្ឋកិច្ចសរុប ២២,៤ ទ្រីលានដុល្លារ ឬ ប្រហែលជា៣០% នៃទហំសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០២៥។
សម្តេចនាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា សម្រាប់រយៈពេលមធ្យមខាងមុខ គឺកំណើនសេដ្ឋកិច្ច របស់កម្ពុជាត្រូវបានព្យាករណ៍ថានឹងបន្តភាពរឹងមាំរបស់ខ្លួននៅក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ។ ក្នុង គោលដៅធានាសម្រេចឲ្យបាននូវទស្សនៈវិស័យ រយៈពេលវែងឆ្ងាយរបស់ខ្លួន ពោលគឺការឈាន ឡើងទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០។ កម្ពុជានឹងបន្តជំរុញអនុវត្តដោយឥតងាករេ និងរឹតតែសកម្មឡើងថែមទៀត នូវគោល នយោបាយសេដ្ឋកិច្ចបើកចំហ តាមរយៈការបង្កើនកិច្ចខិតខំប្រឹងប្រែងតភ្ជាប់ក្នុងគ្រប់រូបភាព និងសមាហ រណកម្មខ្លួន កាន់តែស៊ីជម្រៅជាមួយសេដ្ឋកិច្ចតំបន់ និងសកលលោក ព្រមទាំងការបង្កើន ល្បឿននៃការ កែទម្រង់រចនាសម្ព័ន្ធ ក៏ដូចជាការកសាងសមត្ថភាពស្ថាប័ន និងធនធានមនុស្ស។ ខ្លឹមសារទាំងស្រុង គឺបានផ្សាយផ្ទាល់ ហើយបងប្អូនប្រជាពលរដ្ឋ និងអ្នកស្រាវជ្រាវអាចបើកមើល និងស្តាប់បានឡើងវិញនៅក្នុង Facebook ផ្លូវការសម្តេចតេជោ៕
សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកវេទិកាសេដ្ឋកិច្ចពិភពលោក ២០១៧








