ប្រតិភូ​គណៈ​កម្មាធិការ​អាយ​ស៊ីស៊ី​អង្គ​រចូល​គាល់ព្រះមហាក្សត្រ ដើម្បីទូល​ថ្វាយ​អំពី​ដំណើរ​វិវត្តនៃការងារគ្រប់គ្រង​រមណីយ​ដ្ឋានអង្គរ

ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧កន្លងទៅនេះ ប្រតិភូនៃគណៈកម្មាធិការអន្តរជាតិសម្របសម្រួលការគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយស៊ីស៊ីអង្គរ បានចូលគាល់ព្រះមហាក្សត្រព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះប្រធានកិត្តិយសនៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរ ដើម្បីទូលថ្វាយអំពីវឌ្ឍនភាពនៃការងារអភិរក្សរមណីយដ្ឋានអង្គរ។

ក្នុងដំណើរចូលគាល់ព្រះមហាក្សត្រនៅពេលនេះ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានទូលថ្វាយព្រះមហាក្សត្រអំពីដំណើរការគ្រប់គ្រងរបស់រមណីយដ្ឋានអង្គរ ដែលផ្តោតសំខាន់លើការអភិរក្ស ជួសជុលស្តារឡើងវិញនូវប្រាង្គប្រាសាទ ការងារស្រាវជ្រាវ និងការបណ្តុះបណ្តាលធនធានមនុស្សដើម្បីបន្តវេនការងារអភិរក្សជាដើម។

ក្រៅពីនេះ ព្រះមហាក្សត្រក៏បានទ្រង់ព្រះសណ្តាប់នូវរបាយការណ៍អំពីការរីកចម្រើនយ៉ាងខ្លាំងនៃគណៈកម្មាធិការអាយស៊ីស៊ីអង្គរ ដែលទូលថ្វាយដោយសហប្រធាននៃគណៈកម្មការអន្តរជាតិមួយនេះ គឺ ឯកឧត្តម Jean-Claude POIMBŒUF អគ្គរដ្ឋទូតនៃប្រទេសបារាំងប្រចាំកម្ពុជា និងឯកឧត្តម Hidehisa HORINOUCHI អគ្គរាជទូតនៃប្រទេសជប៉ុនប្រចាំកម្ពុជា រួមនឹងតំណាងអង្គការUNESCOប្រចាំកម្ពុជាគឺ លោកស្រី Anne LEMAISTRE។

គណៈប្រតិភូនេះក៏បានទូលថ្វាយអំពីភាពជោគជ័យជាបន្តបន្ទាប់ នៃការយន្តការអាយស៊ីស៊ីអង្គរ ក្នុងការគ្រប់គ្រងរមណីយដ្ឋានអង្គរ។ ជាក់ស្តែង កិត្តិសព្ទយន្តការនេះត្រូវបានប្រទេសជាច្រើនក្នុងពិភពលោកកោតសរសើរ និងយកគំរូតាម ដើម្បីអនុវត្តនៅក្នុងរមណីយដ្ឋានបេតិកភណ្ឌរបស់គេទៀតផង។

មានព្រះរាជឱង្ការក្នុងឱកាសនោះ ព្រះមហាក្សត្រជីវិតតម្កល់លើត្បូងទ្រង់សព្វព្រះរាជហឫទ័យ និងបានថ្លែងអំណរគុណចំពោះអាជ្ញាធរជាតិអប្សរា គណៈកម្មាធិការអាយស៊ីស៊ីអង្គរ និងស្ថាប័នអន្តរជាតិទាំងអស់ ដែលបានចូលរួមអភិរក្សជួសជុលប្រាង្គ្រប្រាសាទក្នុងរមណីយដ្ឋានអង្គរ និងបានអនុវត្តតាមគោលការដ៏ល្អប្រពៃរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការថែរក្សាការពារបេតិកភណ្ឌដ៏ល្អបវររបស់កម្ពុជា៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ