សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបតំណាងក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន CRBC

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក Weng Gang អនុប្រធានក្រុមហ៊ុន សាជីវកម្មស្ពាន-ថ្នល់ ចិន (CRBC) នៅវិមានសន្តិភាព។

លោក Weng Gang បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានគាំទ្រ និងផ្តល់ឱកាសឲ្យក្រុមហ៊ុនលោកបានរួមចំណែកក្នុងការកសាងស្ពាន-ថ្មល់ និង ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតនៅកម្ពុជា ដែលរហូតមកដល់ពេលនេះគឺបានសម្រេចកសាងថ្នល់ប្រវែងប្រមាណ១ពាន់គីឡូម៉ែត្ររួចហើយ។

នៅថ្ងៃស្អែកទី ២២ មីនា នេះ ក្រុមហ៊ុននឹងបើកសម្ពោធដំណើរការសាងសង់ ផ្លូវល្បឿនលឿន ពីទីក្រុងភ្នំពេញទៅក្រុងព្រះសីហនុ ដែលជាគម្រោងដ៏ធំបំផុតមួយក្នុងចំណោមគម្រោងជាង ១៥៥ ដែលក្រុមហ៊ុនបានវិនិយោគនៅក្រៅប្រទេស។ គម្រោងផ្លូវល្បឿនលឿន (Express Way) ដែលជាគម្រោងផ្លូវល្បឿនលឿនធំជាងគេទី១នៅកម្ពុជា គឺនឹងត្រូវចំណាយទឹកប្រាក់ ២ពាន់លានដុល្លារ។ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញផ្តល់កិត្តិយចូលរួមសម្ពោធបើកដំណើរការសាងសង់នៅថ្ងៃស្អែកនេះផងដែរ។

លោក Weng បានគោរពជម្រាបជូនសម្ដេចតេជោអំពីជំនឿទុកចិត្តយ៉ាងខ្លាំងទៅលើកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងអត្រាជាង ៧% ក្នុងមួយឆ្នាំ ជាមួយនឹងស្ថិរភាពនយោបាយ ដែលបានធ្វើអោយប្រជាពលរដ្ឋមានការងារធ្វើ និងមានជីវភាពរស់នៅកាន់តែធូរធារល្អប្រសើរ នៅក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ។ លោក Weng បញ្ជាក់ផងដែរថា ទំនាក់ទំនងជាមិត្តភាពដូចជាបងប្អូនរវាងកម្ពុជាចិន គឺបានផ្តល់នូវទំនុកចិត្ត និងភាពកក់ក្តៅដល់គម្រោងវិនិយោគធំជាច្រើនទៀតនៅកម្ពុជា។ ក្នុងថ្ងៃសម្ពោធការដ្ឋានសាងសង់ថ្ងៃស្អែកនេះ ក្រុមហ៊ុនលោកនឹងប្រគល់សម្ភារៈថែទាំ និងជួសជុលថ្នល់មួយដល់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។ លោកមានជំនឿថា ការវិនិយោគនៅកម្ពុជា គឺនឹងបានចូលរួមចំណែកជំរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដែលនឹងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរកាន់តែល្អប្រសើរឡើងថែមទៀង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍កោតសរសើរ និងគាំទ្រនូវគម្រោងវិនិយោគទាំងឡាយរបស់ក្រុម CRBCដែលភាគច្រើនគឺបានសាងសង់ស្ពានថ្នល់ធំៗជាច្រើននៅក្នុងប្រទេសកម្ពុជា។ គម្រោងសាងសង់ផ្លូវល្បឿនលឿនពីទីក្រុងភ្នំពេញទៅក្រុងព្រះសីហនុ គឺនឹងកាន់តែផ្តល់ផលប្រយោជន៍ជាច្រើនថែមទៀតដល់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា គម្រោងវិនិយោគធំៗបែបនេះនៅកម្ពុជានឹងមិនអាចសម្រេចបានឡើយ ប្រសិនបើគ្មានការគាំទ្រ និងជួយជ្រោមជ្រែងពី លោកប្រធានាធិបតីចិន ស៊ី ជីនពីង និងលោក នាយករដ្ឋមន្រ្តី លី ឃឺជាង។ សម្តេចតេជោ បានរំលឹកអំពីចំណងមិត្តភាព និងសហប្រតិបត្តិការរល្អដែលប្រទេសយើងទាំងពីរបានក្លាយជាបងប្អូន និងជាដៃគូយុទ្ឋសាស្រ្តគ្រប់ជ្រុងជ្រោយដែលមានលក្ខណៈរឹងមាំដូចដែកថែប។ កម្ពុជាសូមអរគុណរដ្ឋាភិបាលចិន និងប្រជាជនចិនដែលបានចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជាអោយកាន់តែរីកចម្រើនទៅមុខ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ