ភ្នំពេញ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអំពាវនាវ ឱ្យវិស័យឯកជន និងអ្នកវិនិយោគកូរ៉េ ដែលមិនទាន់បានមកកម្ពុជា អញ្ជើញមកសិក្សាឈ្វេង យល់អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជាព្រមទាំងសម្រេចចិត្ត បណ្ដាក់ទុន វិនិយោគដើម្បីចូលរួមអភិវឌ្ឍប្រទេសកម្ពុជា នឹងទាញយកផល ប្រយោជន៍ជាអតិបរមា។
ការអំពាវនាវរបស់សម្ដេចតេជោនាករដ្ឋមន្ត្រី ត្រូវបានធ្វើឡើងក្នុងខណៈដែលសម្ដេច និងឯកឧត្ដម Moon Jae-in ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ អញ្ជើញជាអធិបតី ក្នុងវេទិកាធុរកិច្ចកម្ពុជា-កូរ៉េ ដែលប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នៅវិមានសន្តិភាព ដែលមានការចូលរួមពីមន្ត្រីរដ្ឋាភិបាល ថ្នាក់ដឹកនាំនៃសភាពាណិជ្ជកម្មនៃប្រទេសទាំងពីរកម្ពុជា-សាធារណរដ្ឋកូរ៉េ និងអ្នកវិនិយោគជាច្រើនទៀតនៃប្រទេសទាំងពីរ។
សម្តេចតេជោនាយករដ្ឋមន្ត្រីថ្លែងថា កម្ពុជា និងសាធារណរដ្ឋកូរ៉េ មានទំនាក់ទំនងល្អ ជាមួយគ្នាជាយូរណាស់មកហើយ ប៉ុន្តែទំនាក់ទំនងនេះត្រូវបានផ្អាកមួយរយៈដោយសារបញ្ហា សង្គ្រាមស៊ីវិលនៅកម្ពុជា តែទំនាក់ទំនងការទូតនេះត្រូវបានតភ្ជាប់ឡើងវិញ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៧ បន្ទាប់ពីសម្តេចបានធ្វើទស្សនកិច្ចនៅកូរ៉េ នាខែកក្កដា ឆ្នាំ១៩៩៦ និង បានសម្រេចឱ្យមានការចាប់ផ្ដើមឡើងវិញនូវទំនាក់ទំនងការទូតរវាង ប្រទេសទាំងពីរដើម្បី ពង្រឹងមិត្តភាពនិងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជន នៃសាធរណរដ្ឋកូរ៉េ ដែលតែងតែចូលរួមក្នុងការស្ដារ និងអភិវឌ្ឍប្រទេសកម្ពុជាតាមរយៈការផ្តល់នូវហិរញ្ញប្បទាន សហប្រតិបត្តិការ និងការវិនិយោគដោយផ្ទាល់ក្នុងក្របខ័ណ្ឌហិរញ្ញប្បទាន និងកិច្ចសហប្រតិបត្តិការ។ គិតពីឆ្នាំ១៩៩៦ មកដល់ឆ្នាំ២០១៨ រដ្ឋាភិបាលប្រទេសកូរ៉េបានផ្ដល់ហិរញ្ញប្បទានប្រមាណ ៦៣២លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះហិរញ្ញប្បទានឥតសំណងមានប្រមាណជា៣០០ លានដុល្លារអាម៉េរិក។ ជាងនេះទៀតសម្រាប់ឆ្នាំ២០១៩ ដល់ ឆ្នាំ២០២៣ សាធារណរដ្ឋកូរ៉េបានបន្តផ្តល់ឥណទានសម្បទានសរុបចំនួន ៧០០ លានដុល្លារអាម៉េរិក ដែលរដ្ឋាភិបាលទាំងពីរទើបតែចុះហត្ថលេខាលើកិច្ចសម្របសម្រួលក្របខ័ណ្ឌស្ដីពីការផ្ដល់ឥណទានសម្បទាននៃមូលនិធិសហប្រតិបត្ដិការអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលផ្ដោតលើហេដ្ឋារចនាសម្ព័ន្ធវិស័យធនធានទឹក និងសុខុមាលភាពសាធារណៈ វិស័យអប់រំនិងបណ្ដុះបណ្ដាលធនធានមនុស្ស និងវិស័យអភិវឌ្ឍន៍ជនបទ មានជាអាទិ៍ គម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលអាកាសចរស៊ីវិល គម្រោងស្ដារផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ជាមួយនឹងទំហំនៃការវិភាគទានដ៏ច្រើនរបស់រដ្ឋាភិបាល និងប្រជាជនសាធារណរដ្ឋកូរ៉េដែលបានជួយដល់ការស្ដារ និងកសាង និងអភិវឌ្ឍន៍។
សម្ដេចតេជោបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញនូវ វិធានការកែទម្រង់ស៊ីជម្រៅ ដើម្បីកាត់បន្ថយថ្លៃដើមនៃថ្លៃប្រតិបត្តិការធុរកិច្ច រាជរដ្ឋាភិបាល ចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងជាដៃគូដ៏ពិតប្រាកដក្នុង ការអភិវឌ្ឍប្រទេស។ ក្នុងន័យនេះរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតយន្តការសន្ទនាមួយហៅថា វេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន ដែលប្រព្រឹត្តទៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ ដោយមានការចូលរួមពីរដ្ឋមន្ត្រីគ្រប់ក្រសួងស្ថាប័ន អភិបាលគ្រប់រាជធានីខេត្ត តំណាងផ្នែក ឯកជនគ្រប់វិស័យប្រមាណជា៣០០នាក់ ព្រមទាំងដៃគូតំណាងស្ថាប័នអន្តរជាតិមួយ ចំនួនទៀត ដែលយន្តការនេះផ្ដល់ឱកាសឱ្យផ្នែកឯកជនលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរជូនរាជរដ្ឋាភិបាលពិនិត្យ និងលើកវិធានការសមស្របដើម្បីដោះស្រាយបញ្ហាផ្សេងៗ។ ជានេះទៀតរាជរដ្ឋាភិបាល នឹងដាក់ចេញនូវវិធានការមុតស្រួចមួយចំនួន សំដៅជួយបង្កើនភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចកម្ពុជា ការកែលម្អ និងលើកស្ទួយថែមទៀតនូវបរិយាកាសវិនិយោគ និងធុរកិច្ច ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងបង្កើតការងារប្រកបដោយគុណភាពដល់ពលករកម្ពុជា។
សម្ដេចតេជោ នាយករដ្ឋមន្ត្រីក៏បានធានាដល់អ្នកវិនិយោគគ្រប់រូបនូវបរិយាកាស វិនិយោគ ប្រកបដោយភាពអំណោយផលជាពិសេសគឺសន្តិភាព សន្តិសុខ និងស្ថិរភាព នយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខ័ណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយ ប្រសិទ្ធភាពតម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន៕
ដោយ ជឹម ណារី