ភ្នំពេញ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ -កាលពីរាត្រីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅសណ្ឋាគារហ្ក្រេតឌួក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រារព្ធរៀបចំពិធីលៀងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនឯកឧត្តម មូន ចេអ៊ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ និងលោកជំទាវ ក្នុងឱកាសដែលឯកឧត្តមប្រធានាធិបតី និងលោកជំទាវ អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងពិធីលៀងសាយភោជន៍ជាលក្ខណៈគ្រូសារនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានមានប្រសាសន៍សម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះឯកឧត្តម ប្រធានាធិបតី និងលោកជំទាវ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានបំពេញទស្សនកិច្ចនៅប្រទេសព្រុយណេ និងប្រទេសម៉ាឡេស៊ី។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានចាត់ទុកថា ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តមប្រធានាធិបតី និងលោកជំទាវ មកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ គឺជាការផ្តល់នូវមហាកិត្តិយសខ្ពស់ខ្លាំងណាស់សម្រាប់កម្ពុជា ពិសេសការបន្តពូនជ្រុំនូវចំណងសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកម្ពុជា-សាធារណរដ្ឋកូរ៉េ ឱ្យកាន់តែរឹងមាំ និងរីកចម្រើនទ្វេឡើងថែមទៀត បន្ទាប់ពីប្រទេសទាំងពីរបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា ពីស្ថានតំណាងបេសកកម្មការទូតនៅឆ្នាំ១៩៩៦ និងដំឡើងជាស្ថានបេសកកម្មការទូតនៅ ឆ្នាំ១៩៩៧។ នៅក្នុងពិធីលៀងសាយភោជន៍នោះដែរ បើទោះបីមិនមានការថ្លែងសុន្ទរកថាក៏ពិតមែន ប៉ុន្តែមេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-សាធារណរដ្ឋកូរ៉េ បានធ្វើការពិភាក្សាគ្នាយ៉ាង ស៊ីជម្រៅលើទំនាក់ទំនងទំនងទ្វេភាគី បញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា ពិសេសការរិះរកគ្រប់មធ្យោបាយក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកម្ពុជា-សាធារណរដ្ឋកូរ៉េ ឱ្យកាន់តែរឹងមាំទ្វេឡើងថែមទៀត ក្នុងនាមជាប្រទេសដន្លង នឹងគ្នា។ នៅក្នុងពិធីលៀងសាយភោជន៍នោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តីបានស្នើដល់ឯកឧត្តមប្រធានាធិបតីកូរ៉េ ពិនិត្យលទ្ធភាពក្នុងការទទួលទិញកសិផលពីប្រទេស កម្ពុជា ដែលសំណើនេះ ត្រូវបានឯកឧត្តមប្រធានាធិបតីទទួលនូវការស្វាគមន៍ និងបាន សន្យាថា នឹងជំរុញអ្នកវិនិយោគសាធារណរដ្ឋកូរ៉េ មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ឱ្យកាន់ តែមានចំនួនច្រើនឡើងថែមទៀត ដើម្បីធ្វើការនាំចេញនូវមុខទំនិញ ដែលជាកសិផលកសិកម្ម ឧស្សាហកម្ម ពីកម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េ និងទៅកាន់ទីផ្សារអន្តរជាតិ។
សូមបញ្ជាក់ដែរថា ឯកឧត្តមប្រធានាធិបតី នៃ សាធារណរដ្ឋកូរ៉េ និងលោកជំទាវ បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦មីនា ឆ្នាំ២០១៩។ ទន្ទឹមនេះ នាព្រឹកថ្ងៃទី១៥ ខែមីនានេះដែរ ឯកឧត្តមប្រធានាធិបតីនិងលោកជំទាវ បានអញ្ជើញចូលថ្វាយបង្គំគាល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញជំនួបទ្វេភាគីជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ច កម្ពុជា-សាធារណរដ្ឋកូរ៉េ។ ដោយឡែកនៅថ្ងៃទី១៦ ខែមីនា ឯកឧត្តមប្រធានាធិបតី និងលោកជំទាវ នឹងអញ្ជើញទស្សនាប្រាង្គប្រាសាទមួយចំនួននៅទីក្រុងសៀមរាប មុនពេលដែលឯកឧត្តមប្រធានាធិបតី និងលោកជំទាវ អញ្ជើញនិវត្តន៍ ទៅកាន់សាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃដដែលនោះដែ៕
ដោយ ជឹម ណារី