សម្រង់​ប្រសាសន៍​​​​សម្ដេច​​តេជោ ហ៊ុន សែន ថ្លែងក្នុង​​​​ពិធីបិទសន្និបាតត្រួតពិនិត្យការងារ ឆ្នាំ ២០១៨ និងលើកទិសដៅការងារ ឆ្នាំ ២០១៩ ក្រសួងមហាផ្ទៃ

CNV: 

  • សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស សមាជិក សមាជិកា នៃអង្គសន្និបាតទាំងមូល!

ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានចូលរួមជាថ្មីម្តងទៀត ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៨ និងលើកទិសដៅការងារឆ្នាំ ២០១៩ របស់ក្រសួងមហាផ្ទៃ ដែលបានដំណើរការមួយថ្ងៃកន្លះកន្លងទៅនេះ។

ក្នុងនាមរាជរដ្ឋាភិបាល ក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ និងរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ ដែលបានខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ធ្វើឱ្យក្រសួងមហាផ្ទៃសម្រេចបានបេសកកម្មសំខាន់ៗរបស់ខ្លួន និងសមិទ្ធផលការងារជាច្រើន ដែលបានរួមចំណែកធ្វើឱ្យរាជរដ្ឋាភិបាលនីតិកាលទី ៥ នៃរដ្ឋសភា អនុវត្តដោយជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ ព្រមទាំងកម្មវិធីកែទម្រង់នានាដែលបានកំណត់ ។

ជាការពិត រយៈពេលពេញមួយឆ្នាំ ២០១៨ ដែលទើបតែកន្លងផុតទៅថ្មីៗ កម្ពុជាបានពុះពារជំនះប្រកប​ដោយជោគជ័យគ្រប់ឧបសគ្គតូចធំ និងឧបាយកលដ៏គ្រោះថ្នាក់របសក្រុ់មជ្រុលនិយមមួយក្តាប់តូច ដែលទទួលបានការគាំទ្រ និងការលើកទឹកចិត្តពីមជ្ឈដ្ឋានមួយចំនួននៅក្រៅប្រទេស ដែលប៉ុនប៉ងបំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ និងការបោះឆ្នោតដោយសេរីនៅកម្ពុជាក្នុង គោលបំណងបន្ទច់បង្អាក់ដំណើរការអភិវឌ្ឍ និងភាពរស់នៅដោយសុខសាន្តរបស់ប្រជាជនកម្ពុជា។ ប៉ុន្តែពេលនោះ យើងទាំងអស់គ្នាបានខិតខំរួមគ្នាធ្វើឱ្យមានស្ថិរភាពនយោបាយ និងសន្តិសុខដ៏ល្អប្រសើរ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមា ជិកព្រឹទ្ធសភា នីតិកាលទី ៤ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ តាមឤណត្ដិដែលបានកំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ មានតម្លាភាព និងមានសុវត្ថិភាព ជាពិសេស ប្រជាពលរដ្ឋចំនួន ៨៣,០២% នៃអ្នកដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតបានចេញទៅបោះឆ្នោតដោយសេរី និងមាន ទឹកមុខសប្បាយរីករាយក្នុងឋានៈជាម្ចាស់ឆ្នោត ដើម្បីអនាគតប្រទេសជាតិ និងបន្តថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស ដែលកត្តានេះធ្វើឱ្យឧបាយកលក្រុមជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួន ដែលប៉ុនប៉ងបំផ្លាញដំណើរការលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតនៅកម្ពុជាត្រូវទទួលបរាជ័យទាំងស្រុង។

  • សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី!

យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ គឺជាត្រីវិស័យ សម្រាប់តម្រង់ទិសសកម្មភាពការងាររបស់រាជរដ្ឋាភិបាលក្នុងការបំពេញភារកិច្ចបម្រើជាតិ និងប្រជាជនក្នុងនីតិកាលទី ៦ នេះ។ យុទ្ធសាស្ត្រនេះរក្សាទុកនូវរចនាសម្ព័ន្ធដដែល ប៉ុន្តែពង្រឹង និងពង្រីកនូវវិសាលភាព ហើយសម្រិតសម្រាំងបន្ថែមទៀតនូវយន្តការអនុវត្ត ដើម្បីធ្វើឤទិភាវូបនីយកម្មមុំនីមួយៗនៃយុទ្ធសាស្ត្ចតុកោណឱ្យកាន់តែប្រសើរឡើង។ ទន្ទឹមនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការកែទម្រង់ថ្មីៗទៀត ក្រោមបាវចនា «កែទម្រង់ខាង​ក្នុង​កសាងមិត្តខាងក្រៅ ដោយឈរលើមូលដ្ឋានឯករាជ្យ» ដើម្បីលើកកម្ពស់ការប្រកួតប្រជែងរបស់កម្ពុជា សំដៅកសាងមូលដ្ឋានគ្រឹះចាំបាច់ ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។

ក្នុងឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមផ្តល់នូវគោលការណ៍ណែនាំលើកិច្ចការសំខាន់ៗជាឤទិភាព ដែលក្រសួងមហាផ្ទៃ និងរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់ខិតខំសម្រេចឱ្យបានដូចខាងក្រោម៖

ទីមួយ-ត្រូវបន្តថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាព បូរណភាពទឹកដី ប្រឆាំងដាច់ខាត នូវបដិវត្តពណ៌ និងរាល់សកម្មភាព ដែលប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ជាតិយើង។ ទន្ទឹមនេះ កងកម្លាំងនគរបាលជាតិ និងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ ត្រូវសហការជាមួយ ក្រសួង ស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ការពារសន្តិសុខជាតិ ទប់ស្កាត់ និងបង្ក្រាបឱ្យទាន់ពេលវេលារាល់សកម្មភាព ចលាចល និងភាពវឹកវរក្នុងសង្គម។

ទីពីរ-អគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវបន្តរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម តាមរយៈការពង្រឹងសមត្ថភាពជំនាញ វិន័យ និងក្រមសីលធម៌ វិជ្ជាជីវៈដល់កងកម្លាំងនគរបាលជាតិ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ ទន្ទឹមនេះ ក្រសួងស្ថាប័ន ឤជ្ញាធរថ្នាក់ក្រោមជាតិ សង្គមស៊ីវិល វិស័យឯកជន ប្រជាពលរដ្ឋគ្រប់ស្រទាប់ជាន់ថ្នាក់ រួមគ្នាទប់ស្កាត់ បង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ សកម្មភាពលួចឆក់ ប្លន់ និងបន្តពង្រឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បង្ការទប់ស្កាត់អគ្គិភ័យ ដើម្បីអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការរស់នៅរបស់ប្រជាជនប្រកបដោយសុខសន្តិភាព និងសុវត្ថិភាព។

ទីបី-ត្រូវបន្តកិច្ចសហប្រតិបត្តិការជាមួយឤជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងប្រទេសជិតខាង ក្នុងតំបន់ និងអន្តរជាតិ ដើម្បីរួមគ្នាទប់ស្កាត់ និងបង្ក្រាបឱ្យទាន់ពេលវេលា សកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្មអន្តរជាតិ ឧក្រិដ្ឋកម្មព័ត៌មានវិទ្យា និងបទល្មើសឆ្លងកាត់ព្រំដែនគ្រប់ប្រភេទ ដើម្បីពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងសង្គម។

ទីបួន-ត្រូវបន្តពង្រឹងការទទួលខុសត្រូវ ក្នុងការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ តាមរយៈការយកចិត្តទុកដាក់ និងការលើកម្ពស់ការគ្រប់គ្រងការចេញចូលតាមច្រកទ្វារព្រំដែន ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវឤកាស។ ទន្ទឹមនេះ ត្រូវបង្កើនកិច្ចសហការក្នុងការគ្រប់គ្រងការស្នាក់នៅ ការប្រកបមុខរបរ និងសកម្មភាពជនបរទេស ជនបរទេសអន្តោប្រវេសន៍នៅក្នុងប្រទេស ស្របតាមច្បាប់អន្តោប្រវេសន៍ ច្បាប់ការងារ និងលិខិតបទដ្ឋាននានាជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។

ទីប្រាំ-អំពីការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ត្រូវបន្តការយកចិត្តទុកដាក់ជំរុញការផ្ទេរមុខងារធនធានពីក្រសួងស្ថាប័ននានាទៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការប្រគល់ ការធ្វើប្រតិភូកម្មអំណាច ការចាត់ចែងអនុវត្តមុខងារ ដែលបានផ្ទេរប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បី ឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាជនតាមមូលដ្ឋាននីមួយៗ។ ទន្ទឹមនេះនៅថ្ងៃទី ២៦ ខែ ឧសភា ខាងមុខ កម្ពុជានឹងរៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ លើកទី ៣ ស្របតាមឤណត្ដិដែលបានកំណត់ក្នុងច្បាប់។ ខ្ញុំសូមឱ្យក្រសួងស្ថាប័ននានា រដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធនានាចូលរួមក្នុងដំណើរការបោះឆ្នោតឱ្យបានពេញលេញ និងត្រឹមត្រូវ តាមច្បាប់កំណត់។

ទីប្រាំមួយ-ត្រូវធ្វើឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ក្នុងការផ្តល់សេវាសាធារណៈ ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការពង្រីកការផ្តល់សេវាតាមយន្តការឃុំ/សង្កាត់ ច្រកចេញចូលតែមួយនៅថ្នាក់ក្រោមជាតិ ឱ្យបានកាន់តែទូលំទូលាយ ថែមទៀត ដើម្បីបង្ខិតការផ្តល់សេវានានាឱ្យកៀកជិតប្រជាពលរដ្ឋ។

ទីប្រាំពីរ-ផ្អែកតាមការព្យាករណ៍ឆ្នាំនេះ ប្រទេសយើងនឹងឤចមានឤកាសធាតុក្តៅហួតហែង ហើយរដូវប្រាំងត្រូវអូសបន្លាយយូរជាងឆ្នាំមុនៗ ដូច្នេះ ខ្ញុំសូមឱ្យក្រសួងធនធានទឹក និងឧតុនិយមត្រូវសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត ដើម្បីត្រួតពិនិត្យប្រភពទឹកតាមមូលដ្ឋាន ទាំងប្រភពទឹកសម្រាប់ប្រើប្រាស់ ក្នុងជីវភាពប្រចាំថ្ងៃ និងបង្កបង្កើនផលរដូវប្រាំង ដើម្បីមានវិធានការការពារ និងប្រើប្រាស់ប្រភពទឹកដែលនៅសេសសល់សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន។ ទន្ទឹមនេះ ក្រសួង-ស្ថាប័ននានា និងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ រួមទាំងកងកម្លាំងប្រដាប់ឤវុធ ត្រូវត្រៀមលកណ្ខៈអន្តរាគមន៍ដើម្បីដឹកជញ្ជូនទឹកជូនប្រជាជននៅមូលដ្ឋាន ដោយមិនទុកឱ្យប្រជាជនរងគ្រោះដោយសារការខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃនោះឡើយ។ ជាមួយនេះ ក្រសួងសុខាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រូវសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត ណែនាំ អប់រំប្រជាជននៅតាមមូលដ្ឋានឱ្យថែរក្សាសុខភាព ការពារជំងឺឆ្លងរាតត្បាតតាមកសិដ្ឋាននានា និងត្រូវមានវិធានការជួយអន្តរាគមន៍ក្នុងការព្យាបាលជំងឺ ទាំងមនុស្ស និងសត្វឱ្យបានទាន់ពេលវេលា។

ទីប្រាំបី-យើងត្រូវរួមគ្នាធ្វើការ ដើម្បីពង្រីកការលូតលាស់ខាងសេដ្ឋកិច្ច ដើម្បីបន្តពង្រឹងឯករាជ្យភាពខាងនយោបាយរបស់យើង។ យើងមិនត្រូវយកអធិបតេយ្យភាពរបស់យើងទៅដោះដូរជាមួយជំនួយណាមួយនោះឡើយ។ យើងត្រូវប្រែក្លាយការប្រឈមឲ្យទៅជាឱកាស នៃការខិតខំឈានឡើង នៃសេដ្ឋកិច្ចរបស់យើង។ ការព្យួរ EBA ដែលនឹងដឹងបានរយៈពេល ១៨ ខែទៀត បើទោះជាបាត់ ឬនៅមានបន្តក៏មិនអាចធ្វើឲ្យយើងស្លាប់ ឬក្លាយជាអ្នកមានបានដែរ។ EBA មុន និងក្រោយ គង់តែបាត់ដូចគ្នា គ្រាន់តែយូរ និងឆាប់តែប៉ុណ្ណោះ ដូចនេះ ការរកស៊ីបង់ពន្ធឲ្យគេ និងបង់ពន្ធឲ្យយើង គឺជារឿងជៀសមិនរួច ហើយថ្លៃថ្នូរ និងស្ថេរភាពទៀតផង ដែលយើងត្រូវរកគ្រប់វិធីដើម្បីឲ្យសេដ្ឋកិច្ចយើងកាន់តែមានភាពប្រកួតប្រជែងកាន់តែខ្លាំង។ ជនរួមជាតិ ជាពិសេស កម្មករ កម្មការិនី បើនៅតែមានមុខរបរ មានការងារធ្វើ មានប្រាក់ចំណូល សុំកុំខ្វល់ អ្នកណានិយាយពីអ្វី? មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងនិវត្តន៍ជន បើនៅតែទទួលបានបៀវត្ស ២ សប្តាហ៍ម្តង សុំកុំខ្វល់អ្នកណានិយាយពីអ្វី? គឺត្រូវបន្តតាមពាក្យឆ្កែចេះតែព្រុស មនុស្សចេះតែដើរ​។ យើងក៏ចង់មើលឃើញអ្នកដែលកំពុងសប្បាយ ដែលបានឃើញបរទេសធ្វើបាបយើង ហើយដែលកំពុងរងចាំនូវការស្លាប់នៃរដ្ឋាភិបាលយើង គេនឹងធ្វើមុខបែបណា នៅពេលដែលយើងមិនស្លាប់តាមបំណងរបស់គេ។ បើយើងមិនប្រឹងខ្លួនយើងនោះទេ ទោះបីមានគេជួយច្រើនយ៉ាងណាក៏នៅតែក្រ ហើយទទួលនូវការប្រមាថដដែល។ យើងខិតខំដើម្បីជាតិយើង មិនមែនតម្រូវតាមការចង់បានរបស់បរទេសណាមួយនោះ តែយើងក៏ត្រូវការនូវកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូស្មើភាព និងស្មើសិទ្ធិជាមួយប្រទេសទាំងអស់ដោយគ្មានការរើសអើង។

ក្នុងស្មារតីនៃការខិតខំខាងលើ បាវចនាពីរ គឺកែទម្រង់ខាងក្នុង និងពង្រីកមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ និងអភិក្រម ៥ គឺឆ្លុះកញ្ចក់ មុជទឹក ដុះក្អែល ព្យាបាល និងវះកាត់ ត្រូវតែយកមកអនុវត្តព្រមៗគ្នា។

ទន្ទឹមនឹងការកែទម្រង់ផ្ទៃក្នុងដែលកំពុងទទួលផល យើងក៏កំពុងបន្តទំទាក់ទំនងជាមួយប្រទេសនានានៅក្នុងសហភាពអឺរ៉ុប និងសហភាពអឺរ៉ុបផងដែរ ដោយមិនទុកឲ្យបញ្ហា EBA ក្លាយទៅជាឧបសគ្គនៃទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋ សហគមន៍ និងសហគមន៍នោះទេ។ កម្ពុជានឹងរួមជាមួយសមាជិកអាស៊ានផ្សេងទៀត បន្តចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាស៊ាន និងអឺរ៉ុប ព្រមទាំងពិនិត្យពេលវេលាសមស្របសម្រាប់ភាពជាដៃគូយុទ្ធសាស្រ្តរវាងអាស៊ាន និងអឺរ៉ុប តាមសំណើររបស់សហភាពអឺរ៉ុប។ កម្ពុជានឹងបន្តពិភាក្សាជាមួយដៃគូអឺរ៉ុប សម្រាប់ប្រធានបទ និងកិច្ចដំណើរការនៃការប្រជុំអាស៊ី-អឺរ៉ុបលើកទី ១៣ នៅកម្ពុជានាឆ្នាំ ២០២០ ខាងមុខដែលកម្ពុជាសង្ឃឹមថា ដៃគូអឺរ៉ុបរបស់យើងនឹងរួមជាមួយយើង ដើម្បីសម្រេចជោគជ័យក្នុងវេទិកាពហុភាគីដ៏សំខាន់មួយនេះ។

ខ្ញុំក៏ចង់និយាយទៅបណ្តាក្រុមហ៊ុនអឺរ៉ុបរាប់រយក្រុមហ៊ុន ដែលកំពុងធ្វើអាជីវកម្មនៅកម្ពុជា សុំបន្តការរកស៊ី និងស្នាក់នៅដោយការសប្បាយរីករាយជាមួយសុខសន្តិភាពសម្រាប់អស់លោកអ្នក។

ខ្ញុំក៏សូមជម្រាបដល់វិនិយោគិន និងធុរជនទាំងឡាយទាំងដែលកំពុងមានការវិនិយោគ និងរបបអាជីវកម្ម នៅកម្ពុជាទាំងអ្នកដែលមានបំណងមកដាក់ទុន ឬកំពុងសិក្សាដាក់ទុនវិនិយោគនៅកម្ពុជាថា ជាមួយនឹងការប្តូរផ្តាច់រក្សាឲ្យបានល្អប្រសើរនូវសុខសន្តិភាព និងស្ថេរភាពនយោបាយនៅក្នុងប្រទេស រាជរដ្ឋាភិបាល កំពុងតែសកម្មចាត់វិធានការកែទម្រង់មុតស្រួច និងស៊ីជម្រៅសំដៅកែលម្អ និងលើកស្ទួយភាពប្រកួតប្រជែងរបស់កម្ពុជា ពិសេសវិធានការសម្រួលពាណិជ្ជកម្ម និងកាត់បន្ថយថ្លៃនៃការធ្វើធុរកិច្ច ជាអាទិ៍ ការលុបបំបាត់នូវវិញ្ញាបនប័ត្រប្រភពដើមទំនិញ (CO) ការកែសម្រួលមុខនាទីរបស់កាំកុងត្រូលចេញពីការត្រួតពិនិត្យទំនិញនាំចេញ-នាំចូល ការរំសាយអង្គភាពកាំសាប ការកាត់បន្ថយថ្លៃស្កេនកុងទែន័រ និងថ្លៃសេវាមួយចំនួនទៀត ការកែលម្អសេវាអ្នកជាប់ពន្ធ ការលើកទឹកចិត្តផ្នែកសារពើពន្ធដល់សហគ្រាសធុនតូច និង​មធ្យម និងវិធានការសំខាន់ៗជាប្រព័ន្ធជាច្រើនទៀត ដែលសហគមន៍ធុរកិច្ចនឹងបានរកឃើញ ព្រមទាំងនឹងបានទទួលផលប្រយោជន៍ជាក់ស្តែងបន្ថែមជាបន្តបន្ទាប់ក្នុងពេលដ៏ខ្លីខាងមុខ។ ជាមួយនឹងការកែទម្រង់មុតស្រួច និងស៊ីជម្រៅ ដែលបាន និងកំពុងអនុវត្ត ហើយនិងបន្តដាក់ចេញជាបន្តបន្ទាប់ទៀតនេះ យើងជឿជាក់ថា បរិយាកាសវិនិយោគនៅកម្ពុជានឹងមានសភាពរឹតតែប្រសើរឡើង ដែលនឹងផ្តល់នូវភាពទាក់ទាញកាន់តែខ្លាំងសម្រាប់វិនិយោគិន និងធុរជន ទាំងក្នុង និងក្រៅប្រទេស។ ការលើកកម្ពស់ភាពប្រកួតប្រជែង ពិសេស តាមរយៈការកាត់បន្ថយថ្លៃ នៃការធ្វើធុរកិច្ច ការបង្កើនប្រសិទ្ធភាព នៃកិច្ចសម្រួលពាណិជ្ជកម្ម និងការកែលម្អឲ្យកាន់តែប្រសើរឡើងថែមទៀត នូវបរិយាកាសធុរកិច្ច ជាទូទៅ និងជួយឲ្យវិនិយោគិន និងធុរជនទាំងឡាយអាចរកចំណេញបានសមរម្យ នៅក្នុងការធ្វើកិច្ចប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ដើម្បីបម្រើទីផ្សារទាំងក្នុងប្រទេស និងក្រៅប្រទេស ទោះបីជាត្រូវបង់ពន្ធទៅវិញទៅមកក៏ដោយ ហើយបន្តចូលរួមចំណែកដល់ការលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ បង្កើតការងារជូនដល់ពលករ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ]

ចំណុចនេះ ខ្ញុំគួរតែយកឱកាសនេះបញ្ជាក់បន្ដិច។ ដំបូង ខ្ញុំសុំស្នើឲ្យក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា និងផ្នែកពាក់ព័ន្ធ ដើម្បីរៀបចំវេទិការាជរដ្ឋាភិបាល និងវិស័យឯកជន នៅក្នុងខែមីនា ខាងមុខ ដើម្បីយើងពិភាក្សាគ្នាបន្ថែមទៀតទៅលើបញ្ហាពាក់ព័ន្ធទាំងឡាយទាក់ទងជាមួយកំណែទម្រង់ ដែលយើងនឹងប្រកាន់យក ដើម្បីនឹងធ្វើការជម្រុញល្បឿននៃកំណើនសេដ្ឋកិច្ចរបស់យើង។ ខ្ញុំចង់ជម្រាបជូនថា កំណើនសេដ្ឋកិច្ចកម្ពុជាដែលបានប្រកាសកាលពីចុងឆ្នាំ (២០១៨ និង) ដើមឆ្នាំកន្លងទៅ ដែលមាន ៧,៣% នោះ ឥលូវ IMF សហការជាមួយស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាបានវាយតម្លៃឡើងវិញ កំណើនសេដ្ឋកិច្ចរបស់កម្ពុជាគឺឆ្នាំ ២០១៨ កន្លងទៅនេះ គឺមានរហូតទៅដល់ ៧,៥% ដែលជាកំណើនខ្ពស់។

ខ្ញុំចង់និយាយបន្ដិចទាក់ទងនឹងអ្វីទៅដែលហៅថា EBA? បញ្ហានៃការបាត់បង់នូវភាពអនុគ្រោះ និងការបាត់បង់ទីផ្សារគឺមានចរិតខុសគ្នា។ នៅទីនេះ ការដែលយើងមិនអនុវត្ដទៅតាមអ្វីដែលគេចង់បាន ការបង្គាប់បញ្ជារបស់គេ។ ទ្រនិចនាឡិកាត្រូវបានចាប់ផ្ដើមអំពីការពិនិត្យទៅបញ្ហាការព្យួរភាពអនុគ្រោះនេះ។ វាមានរយៈពេល ១៨ ខែ បើគិតចាប់ពីពេលនេះ ទៅដល់ពេលដែលគេត្រូវដក ឬមិនត្រូវដក (គឺ)រហូតទៅដល់ពាក់កណ្ដាលឆ្នាំ ២០២០ ឯណោះ។ នេះជានីតិវិធីធម្មតារបស់ពួកគេ។ នោះហើយ ដែលខ្ញុំចង់និយាយថា យើងចង់រស់ដោយប្រើខ្យល់អុកស៊ីសែនខ្លួនឯង ដោយមិនពឹងពាក់ខ្យល់ដែលគេបញ្ចូលឲ្យយើងនោះទេ។ (ដោយហេតុផលនេះ) នៅក្នុងចំណុចនេះនៃក្នុងសុន្ទរកថា ខ្ញុំបានសរសេរក្នុងរង្វង់ម៉ោង ១២ យប់ និងម៉ោង ២ ភ្លឺយប់មិញនេះ ខ្ញុំបានបញ្ជាក់ថា ទោះមាន ឬគ្មាន EBA វាក៏មិនធ្វើឲ្យយើងស្លាប់ តែវាក៏មិនធ្វើឲ្យយើងក្លាយជាអ្នកមានបានដែរ។

បញ្ហារកស៊ីបង់ពន្ធឲ្យគេ គេបង់ពន្ធឲ្យយើង គឺជារឿងស្មើភាព សមហេតុ សមផល ដែលយើងមិនចង់ឲ្យអ្នកណាប្រើប្រាស់នូវភាពអនុគ្រោះ ហើយបែរជាមកបង្វិលក្បាលយើងតាមចិត្តចង់នោះទេ។ ខ្ញុំបានបញ្ជាក់តាំងពីដើមទីមកថា មិនអាចយកអធិបតេយ្យជាតិរបស់យើងមកដោះដូរជាមួយជំនួយអ្នកណាទាំងអស់។ ដូច្នេះ យើងត្រូវខិតខំ។ ខ្ញុំសូមបញ្ជាក់ EBA នេះ យូរ ឬឆាប់ វាគង់នឹងបាត់ទេ នៅពេលដែលសេដ្ឋកិច្ចរបស់យើងដើរដល់ដំណាក់កាលមួយ។ វានឹងបាត់ដោយស្វ័យប្រវត្ដិ វាគ្រាន់តែបាត់មុនបន្ដិចតែប៉ុណ្ណោះ ដែលយើងត្រូវប្រឹង ត្រូវទ្រាំ។ ពីមុនធ្លាប់ចំណេញច្រើន ឥឡូវចំណេញតិចជាងតែប៉ុណ្ណោះ។ នេះមិនមែនជាការបិទទីផ្សារទេ តែគឺជាការរៀបចំនីតិវិធីឈានឆ្ពោះទៅរកការបញ្ចប់ ឬមិនបញ្ចប់(EBA)។

ចំណុចនេះ យើងត្រូវយល់ទាំងអស់គ្នា ជាពិសេសកូនក្មួយដែលជាកម្មករ កម្មការិនី និងប្រជាពលរដ្ឋ។ ប្រសិនបើនៅតែមានការងារធ្វើ ប្រសិនបើនៅតែមានប្រាក់ចំណូល កុំខ្វល់ថាអ្នកណានិយាយពីអី។ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្ដជន បើនៅតែទទួលបានប្រាក់ខែពីរដ្ឋ បើនៅតែទទួលបានប្រាក់បៀវត្សគឺកុំខ្វល់ថាអ្នកណានិយាយពីអី។ គេកំពុងតែគិតថា បើសិនមានការដកហូតណាមួយ នឹងមានផលប៉ះពាល់រហូតទៅដល់គ្មានប្រាក់បើកបៀវត្ស។ ខ្ញុំសូមបញ្ជាក់ជូនអ្នកឯងឲ្យបានច្បាស់ថា ពេលនេះ ម៉ោងនេះ បើទោះគ្មានចំណូលបន្ថែម រដ្ឋាភិបាល ហ៊ុន សែន មានសមត្ថភាពបើកប្រាក់ខែជូនមនុស្សទាំងអស់រយៈពេល ១២ ខែ ដោយមិនចាំបាច់មានចំណូលថ្មី។ ប៉ុន្ដែ ពេលនេះ ខ្ញុំសូមប្រាប់អ្នកឯងថា គ្រាន់តែចំណូលគយមួយគ្រប់គ្រាន់ សម្រាប់បើកប្រាក់ខែហើយ មិនចាំបាច់អ្នកឯងមកព្រួយបារម្ភជួសទេ។ អញ្ចឹង​ទេ យើងបាននិ​យាយហើយ ការដក EBA គឺមានតំលៃស្មើនឹងសម្លាប់បក្សប្រឆាំង ខ្ញុំមិនចង់និយាយបន្ថែមទៀតទេ។ រឿងនេះខ្ញុំបានណែនាំផ្ទៃក្នុងរួចហើយ។

អំពើខុសច្បាប់ណាមួយ ដែលកើតលើទឹកដីកម្ពុជា ត្រូវតែប្រើវិធានផ្លូវច្បាប់ ដើម្បីចាត់ការវា យើងត្រូវខិតខំដើម្បីឈានឆ្ពោះទៅរកភាពឯករាជ្យ ទាំងនយោបាយ និងសេដ្ឋកិច្ច។ វាមិនបានធ្វើឲ្យមានការរង្គោះរង្គើនៅក្នុងទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋនោះទេ។ រកស៊ីបង់ពន្ធឲ្យគ្នា។ ទំនាក់ទំនងរវាងរដ្ឋ និងរដ្ឋនៅតែបន្ដ។ មិនមែនបានសេចក្ដីថា ដកហូតភាពអនុគ្រោះ ហើយផ្ដាច់ទំនាក់ទំនងខាងការទូតនោះទេ។ កុំយល់ច្រឡំ។ ពួកអ្នកបោកប្រាស់ កំពុងធ្វើការបោកប្រាស់មនុស្សមួយចំនួន យើងនៅធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអាស៊ី-អឺរ៉ុប ដែលប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៅប្រទេសអឺរ៉ុប នឹងត្រូវធ្វើដំណើរមកកាន់កម្ពុជានៅឆ្នាំ ២០២០ តាមការគ្រោងទុក។

ក្នុងពេលដែលខ្ញុំទៅប្រជុំនៅប្រ៊ុចស៊ែល នៅខែតុលា​ កន្លងទៅនេះ គ្មានពាក្យមួយម៉ាត់ណាជំទាស់នឹងតួនាទីធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជាសម្រាប់ការប្រជុំលើកទី ១៣ របស់កិច្ចប្រជុំអាស៊ី-អឺរ៉ុបនោះទេ។ ដូច្នេះ ក្នុងឋានៈជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរាប់សិបប្រទេសទាំងអាស៊ី និងអឺរ៉ុប យើងនឹងសហការជាមួយដៃគូរបស់យើងគឺសហ​​ភាពអឺរ៉ុប ដើម្បីពិភាក្សាអំពីប្រធានបទ និងកិច្ចដំណើរការនៃការប្រជុំជាបន្ដទៀត។ យើងនឹងបន្ដទំនាក់ទំនងជាដៃគូជាមួយបណ្ដារដ្ឋនៅក្នុងសហភាពអឺរ៉ុបជាបន្ដទៀត ដើម្បីធ្វើឲ្យទំនាក់ទំនងទ្វេភាគីនេះកាន់ប្រសើរ។ កុំច្រឡំថា អឺរ៉ុបមិនទទួលស្គាល់។ (ការជាក់ស្តែង)គឺបានឃើញយ៉ាងណានៃការប្រជុំនោះរួចស្រេចទៅហើយ។ តើមានប្រទេសនៅអឺរ៉ុបប៉ុន្មានដែលបានកាត់ទូតពីកម្ពុជា?

ពួកគេកំពុងធ្វើការបោកប្រាស់យ៉ាងធំ ហើយខ្ញុំក៏សូមបញ្ជាក់ថានៅអាស៊ានមានប្រទេស ៣ តែប៉ុណ្ណោះ ដែលទទួលបាននៅភាពអនុគ្រោះ។ ហេតុអ្វីទៅ? ប្រទេសដែលទទួលបាននៅភាពអនុគ្រោះ គឺជាប្រទេសដែលមានការអភិវឌ្ឍតិចតួច។ គេចាត់ទុកឡាវ កម្ពុជា មីយ៉ាន់ម៉ា ជាប្រទេសដែលមានការអភិវឌ្ឍតិចតួច ប៉ុន្ដែ នៅពេលដែលប្រទេសទាំងនេះបានឆ្លងផុតពីប្រទេស ដែលហៅប្រទេសការអភិវឌ្ឍតិចតួច យើងនៅតែបាត់បង់ដដែល។ គ្រាន់តែជាបញ្ហាពេលវេលាតែប៉ុណ្ណោះ។ … ឥលូវគេគម្រាមដកមីយ៉ាន់ម៉ាផងដែរ។ ឯកឧត្តម ប្រាក់ សុខុន ក្នុងពេលដែលទៅប្រជុំគណៈកម្មការចំរុះរវាងកម្ពុជា និងមីយ៉ាន់ម៉ា ក៏បានពិភាក្សាជា​មួយលោកជំទាវ អ៊ុងសាន ស៊ូឃ្យី និងអ្នកដឹកនាំរបស់មីយ៉ាន់ម៉ាទៅលើរឿងនេះ ព្រោះគេគម្រាមដូចគ្នា …។

អ្វីដែលខ្ញុំចង់និយាយ សំខាន់គឺយើងត្រូវប្រឹងប្រែងខ្លួនយើង។ បងប្អូនទាំងឡាយ ជាពិសេស កម្មករអា​ទិត្យក្រោយខ្ញុំទៅជួបបងប្អូនកម្មករបន្ដទៀត ខ្ញុំនៅតែនិយាយ បើនៅបន្ដមានការងារធ្វើ ហើយមានប្រាក់ចំ​ណូល កុំខ្វល់អ្នកណានិយាយពីអី។ ខ្ញុំក៏កំពុងចាំមើលមុខ អ្នកដែលរង់ចាំខ្មោចដែលស្លាប់ទៅហើយ ឲ្យវារស់ឡើងវិញ ដើម្បីទទួលបានប្រាក់ខែ។ តើទឹកមុខវារបៀបណា នៅពេលដែលវាចង់សំលាប់យើង តែយើងមិនស្លាប់។ នេះមិនមែនជាការផ្ចាញ់ផ្ចាលមួយទេ ប៉ុន្ដែវាជារឿងជាក់ស្ដែងមួយដែលអ្នកត្រូវយល់។ … ខ្ញុំគ្មានការចាំបាច់ឆ្លើយតបជាមួយអ្នកណាទាំងអស់ ក៏ប៉ុន្ដែខ្ញុំមានភារកិច្ចដើម្បីពន្យល់ប្រជាពលរដ្ឋ ១៦ លាន នាក់ ដែលនៅប្រទេសកម្ពុជា ថាកម្ពុជាមិនស្លាប់ដោយសារតែអត់ភាពអនុគ្រោះ EBA តែក៏មិនអាចធ្វើអ្នកមានដោយសារតែភាពអនុគ្រោះដែរ។

គេគ្រាន់តែអនុគ្រោះឲ្យបន្ដិចៗ អញ្ចឹងធ្វើអ្នកមានបានទេ? តែក្លាយទៅជាអ្នកមានហើយ គេឈប់ឲ្យហើយអាហ្នឹងនោះ។ អញ្ចឹងត្រូវប្រឹងធ្វើជាអ្នកមានតែម្ដងទៅវាមិនល្អជាង។ ធ្វើក្រនាំតែគេប្រមាថ។ ដូច្នេះកំណែទម្រង់ស៊ីជម្រៅត្រូវតែធ្វើ ដើម្បីប្រែក្លាយនៅបញ្ហាប្រឈមឲ្យទៅជាឱកាស ទៅជាកាលានុវត្ដភាព នៃការជឿនលឿនក្នុងសេដ្ឋកិច្ចរបស់យើងទើបជាបញ្ហាសំខាន់។ យើងធ្លាប់ទទួលនៅការហ៊ុមព័ទ្ធដោយអយុត្ដិធម៌រួចមកហើយ ទាំងនយោបាយ ទាំងសេដ្ឋកិច្ច ក្រោយដំណាក់កាល ប៉ុល ពត ប៉ុន្ដែឥឡូវនេះ យើងមិនគ្រាន់តែធ្វើពាណិជ្ជកម្មជាមួយប្រទេសមួយចំនួនណានោះទេ យើងធ្វើជាមួយ(ប្រទេស)ច្រើនលើពិភពលោក​។

ការបាត់បង់ជ្រុងមួយ វាមិននាំទៅដល់ការស្លាប់ប្រទេសមួយនោះទេ។ នេះជាអ្វីដែលខ្ញុំចង់ជូនជាសារ ហើយយើងមិនធ្វើជាសត្រូវជាមួយនរណាទេ តែក៏មិនទុកឲ្យអ្នកណាប្រមាថយើងនោះដែរ។ (ហេតុនេះហើយ) បានជាខ្ញុំតែងតែនិយាយ។ ចំណុចនេះត្រូវដឹងថា នៅពេលវេលានេះជាពេលវេលាដែលយើងក្ដាប់នូវ​អ្វីៗទាំងអស់នៅក្នុងដៃរបស់យើង ដោយមិនចាំបាច់ឲ្យមានអ្នកណាប្រដៅយើងនោះទេ។ ការប្រដៅរបស់គេខុស រហូតដល់យើងមិនអាចអនុវត្ដច្បាប់របស់យើងបាន តើរដ្ឋអធិបតេយ្យមានន័យធ្វើអ្វីទៅ? សង្ឃឹមថាទាំងអស់គ្នានឹងយល់អំពីបញ្ហានេះ។ សូម្បីតែកូនក្មេង និស្សិត កម្មករ ក៏យល់បានដែរ ឥឡូវជាក់ស្ដែងតើកំពុងខូចខាតអ្វីខ្លះទៅហើយសម្រាប់ជីវភាពប្រជាពលរដ្ឋ ជាពិសេសសម្រាប់កម្មករ កម្មការិនីកំពុងធ្វើការនៅគ្រប់ទីកន្លែង។

បើនិយាយពីបញ្ហាអង្ករ អង្ករមិនមែនជាបញ្ហាEBA នោះទេ។ អង្ករវាជាបញ្ហាប្រកួតប្រជែងរវាងអង្ករអ៊ីតាលី អេស្ប៉ាញ ជាមួយអង្ករដែលទៅពីកម្ពុជា។ រឿងនេះវាកើតប៉ុន្មានឆ្នាំរួចមកហើយ អ៊ីតាលី និងអេស្ប៉ាញ គេផលិតអង្កររបស់គេ។ លក់មិនដាច់ ដោយសារអង្កររបស់កម្ពុជាវាឆ្ងាញ់។ ដូច្នេះហើយបានជាគេទប់ស្កាត់អង្កររបស់កម្ពុជា ឲ្យអង្កររបស់កម្ពុជាបង់ពន្ធ។ ប៉ុន្ដែអ្នករងគ្រោះពិតប្រាកដមិនមែនកសិករកម្ពុជាតែម្នាក់ឯងទេ គឺខ្មែរនៅអឺរ៉ុប ដែលធ្លាប់ស៊ីអង្ករខ្មែរ គឺជាអ្នកបង់ថ្លៃទេ។ សូមកុំភាន់ច្រឡំ។ បងប្អូនខ្មែរនៅបរទេសទាំងឡាយ អង្ករកម្ពុជាមិនអាចនាំទៅអឺរ៉ុបតាមរយៈដែលគ្មានការបង់ពន្ធ មិនមែនមកពីបញ្ហានយោបាយទេ បណ្ដាលមកពីការទាមទាររបស់អ៊ីតាលី និងអេស្ប៉ាញ។ ដើម្បីអង្ករអេស្ប៉ាញ និងអ៊ីតាលី លក់ដាច់គេត្រូវវាយពន្ធលើអង្ករកម្ពុជាឲ្យវាថ្លៃជាង។ ប៉ុន្ដែ អ្នកណាអ្នករងគ្រោះ បើសិនអង្ករកម្ពុជាត្រូវវាយពន្ធចូល? អ្នកដែលរងគ្រោះគឺអ្នកដែលទទួលទាននៅអឺរ៉ុប អ្នកទទួលទាននៅអឺរ៉ុបមានមួយភាគជាជនជាតិកម្ពុជានោះឯង។

អញ្ចឹងត្រូវបង់ថ្លៃទៅ។ នោះហើយជាអ្វីដែលមនុស្សមួយចំនួនចង់បាន។ ទីចុងបំផុតគឺធ្វើបាបខ្លួនឯង។ បា​រាំង ឬបរទេស គេស៊ីដំឡូង នំប៉័ងតើ។ ខ្មែរ និងពួកអាស៊ីទេតើស៊ីបាយ។ អញ្ចឹងអង្ករធ្លាប់តែទិញថោក (ប្រែជាត្រូវ)ទិញអង្ករថ្លៃទៅ។ សូមកុំភ្លេច កាលណាតែមានការវាយពន្ធ ការខូចខាតមិនមែនមានតែនៅកម្ពុជាទេ។ ពាក់​កណ្ដាលម្នាក់។ អ្នកប្រើប្រាស់ចុងក្រោយជាអ្នកបង់ថ្លៃទាំងអស់។ ឧទាហរណ៍ថា ពីមុនអាវមួយតំលៃ ១០០ ដុល្លារ ប៉ុន្ដែត្រូវវាយពន្ធ ១០ ដុល្លារ អញ្ចឹងពីមុនអ្នកធ្លាប់ទិញនៅអឺរ៉ុបតម្លៃ ១០០ ពេលដែលមានការវាយពន្ធហើយ ត្រូវទិញតម្លៃ ១១០ ដុល្លារ។ ដូច្នេះអ្នកប្រើចុងក្រោយទេ ដែលទទួលរងការខូចខាត​។

សម្រាប់យើងត្រូវខិតខំធ្វើយ៉ាងណាឲ្យថ្លៃដើម នៃការផលិតរបស់កម្ពុជា មានការចុះថោក ដើម្បីឲ្យធុរជនទាំងឡាយ ដែលធ្វើកិច្ចការនៅកម្ពុជានេះទទួលបានផលចំណេញ និងមានលទ្ធភាពបង់ពន្ធសម្រាប់ចូលទីកាន់ទីផ្សាររបស់គេ។ រឿងនេះទើបជារឿងចាំបាច់ជាងភាពអនុគ្រោះប៉ុន្មានឆ្នាំខាងមុខ។ បាត់នៅតែបាត់ គ្រាន់តែពេលណាដែលអង្គការសហប្រជាជាតិ ឬធនាគារពិភពលោកគេកំណត់ថា អ្នកឯងឆ្លងផុតពីប្រទេសអភិវឌ្ឍន៍តិចតួចហើយ។ តែគេកំណត់អញ្ចឹងហើយអាលក្ខខណ្ឌ ដែលបានទទួលហ្នឹងវានឹងត្រូវចប់។អញ្ចឹងបើវាគង់តែចប់ដដែល ប្រឹងប្រែងឲ្យវាចប់បានមុនបន្ដិចទៅ។ វាមិនអីដែរ។ ផ្ទុយទៅវិញ វាធ្វើឲ្យយើងកាន់តែរឹង(មាំ) បើអ្នកឯងមិនដកខ្ញុំកាន់តែខ្លាំង ឬបើអ្នកឯងដកក៏ខ្ញុំមិនងាប់ និយាយគ្នាយ៉ាងដូច្នេះ នេះជាកិច្ចការបន្ទាន់ដែលយើងត្រូវធ្វើ។

[ចប់សេចក្ដីអធិប្បាយ]

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិទូទាំងប្រទេស សូមចូលរួមការធ្វើជំរឿនប្រជាជននៅ ថ្ងៃទី ៣ ខែ មីនា ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ពីញ្រេះការធ្វើ ជំរឿនប្រជាជនមានសារៈសំខាន់ និងជាប្រភពតែ ១ គត់ ដែលឤចផ្តល់ទិន្នន័យពេញលេញនិងច្បាស់លាស់ ព្រមទាំងបានកំណត់ចរិតលក្ខណៈ និងស្ថានភាពរស់នៅពិតប្រាកដរបស់ប្រជាជននៅទូទាំងប្រទេស។

[ចាប់ផ្ដើមសេចក្ដីអធិប្បាយ]

សូមអំពាវនាវដល់ប្រជាពលរដ្ឋ ថ្ងៃទី ៣ មីនា សូមកុំទៅណា ដើម្បីឲ្យគេកត់ត្រាស្រង់ស្ថិតិ រាប់ចំនួនមនុស្សនៅក្នុងផ្ទះតែម្ដង ដើម្បីឲ្យគេដឹងថា មានមនុស្សប៉ុន្មានពិតប្រាកដ។ យើងប៉ាន់ស្មានថា យើងមានជិត ១៦ ឬ ១៦ លាននាក់ ដែលតួលេខនេះផ្ដល់ឲ្យដោយក្រសួងសុខាភិបាល ដែលមានអត្រាកំណើត កត់ត្រាតាមមន្ទីរពេទ្យ ឬបានមកពីអត្រានុកូលដ្ឋានដែលធ្វើបញ្ជីជាតិស្អីផ្សេងៗ … រវាងកម្ពុជា និងឡាវ ខុសគ្នាឆ្ងាយណាស់ នៅក្នុងឆ្នាំ ១៩៧៩។ ក្នុងដំណើរទស្សនកិច្ចរបស់ប្រតិភូកម្ពុជាទៅកាន់ប្រទេសឡាវ ពេលនោះឡាវមានប្រជាជនប្រហាក់ប្រហែល ៥ លាន នាក់ ស្មើនឹងយើង(នៅពេលនោះ)ដែរ។ ឥឡូវ ឡាវឡើង ៧ លាននាក់ យើងឡើង(ដល់ប្រហាក់ប្រហែល) ១៦ លាននាក់ … កូនច្រើនជាងឡាវ។ ឡាវជាង ៧ លាន យើងថាតែ ១៥ លានទៅចុះ កើនលើសឡាវ ២ ដង។ យើងកើន ១០ លាន ឡាវកើនតែ ២ លាន …។

[ចប់សេចក្ដីអធិប្បាយ]

ជាថ្មីម្តងទៀត ខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំរួមគ្នាបំពេញការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងរយៈពេលកន្លងមក ខ្ញុំសង្ឃឹមថា អង្គសន្និបាតទាំងមូលនឹងអនុវត្តប្រកបដោយជោគជ័យនូវទិសដៅការងារ និងគោលការណ៍សំខាន់ៗជាឤទិភាពរបស់ក្រសួងមហាផ្ទៃ ដើម្បីនាំមកនៅជោគជ័យថ្មីៗថែមទៀតជូនជាតិ និងប្រជាជនកម្ពុជា។ ជាមួយនឹងការប្រកាសបិទសន្និបាតប្រចាំឆ្នាំរបស់ក្រសួង មហា​ផ្ទៃនាពេលនេះ ខ្ញុំសូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងអង្គសន្និបាតទាំង​មូល សូមទទួលបាននូវពុទ្ធពរ និងពរទាំង ៥ ប្រការ ឤយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ