នៅរសៀលថ្ងៃព្រហស្ប៍១០ កើត ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ គ.ស ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ។ ក្រសួងមហាផ្ទៃបានបើកសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ កាលពីថ្ងៃម្សិលមិញនេះ។ ក្នុងសន្និបាតរយៈពេលពីរថ្ងៃនេះក្រសួងមហាផ្ទៃបានបង្ហាញនូវសមិទ្ធផលជាច្រើនដែលថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំខេត្ត និងកងកម្លាំងនគរបាលសម្រេចបាននៅក្នុងឆ្នាំ២០១៨ ដើម្បីជាប្រយោជន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋ។ អង្គសន្និបាតក៏បានបង្ហាញនូវផែនការមួយចំនួនដែលនៅចន្លោះប្រហោងទាមទារឲ្យមានការយកចិត្តទុកដាក់បំពេញបន្ថែមទៀតនៅក្នុងឆ្នាំ២០១៩នេះ។
ថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី សប្បាយរីករាយក្រៃលែងដែលបានអញ្ជើញចូលរួមបិទសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩នាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃដល់កងកម្លាំង និងមន្រ្តីរាជការទាំងអស់នៃក្រសួងមហាផ្ទៃ ដែលបានប្រឹងប្រែងបំពេញការងារប្រកបដោយស្មារតីខ្ពស់ និងសម្រេចបានសមិទ្ធផលជាច្រើននៅក្នុងឆ្នាំ២០១៨។
នៅក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អានុសាសន៍សំខាន់ៗ ៨ចំនុចដើម្បីចូលរួមក្នុងការពិធីបិទសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ រួមមាន៖
១) ក្រសួងស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវចូលរួមការពារសន្តិភាព និងសន្តិសុខជាតិនិងទប់ស្កាត់បង្ការ និងបង្រ្កាបឲ្យទាន់ពេលវេលារាល់សកម្មភាពបទល្មើសផ្សេងៗ។
២) អាជ្ញាធរ សង្គមស៊ីវិល និងវិស័យឯកជន រួមទាំងប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់ត្រូវចូលរួមទប់ស្កាត់បង្ក្រាបបទល្មើសគ្រឿងញៀនខុសច្បាប់សកម្មភាពលួចឆក់ប្លន់ បន្តពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក ទប់ស្កាត់អគ្គីភ័យ អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពការងារ និងការរស់នៅរបស់ប្រជាជនប្រកបដោយសុខសន្តិភាព និងសុវត្ថិភាព។
៣)បន្តកិច្ចសហការជាមួយអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ច ជាមួយប្រទេសជិតខាងក្នុងតំបន់ និងអន្តរជាតិដើម្បីរួមគ្នាទប់ស្កាត់បង្រ្កាបសកម្មភាពភេរវកម្ម និងឧក្រិដ្ឋកម្មអន្តរជាតិនានា។
៤)បន្តពង្រឹងការទទួលខុសត្រូវក្នុងការគ្រប់គ្រងជនអន្តោប្រវេសន៍តាមរយៈការយកចិត្តទុកដាក់នឹងការងារ និងការការគ្រប់គ្រងតាមច្រកព្រំដែនគោក ផ្លូវទឹក និងផ្លូវអាកាស។ បង្កើនកិច្ចសហការក្នុងការគ្រប់គ្រងការស្នាក់នៅការប្រកបមុខរបរ និងសកម្មភាពជនបរទេស ជនអន្តោប្រវេសន៍នៅក្នុងប្រទេសស្របតាមច្បាប់អន្តោប្រវេសន៍។
៥)បន្តការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដោយយកចិត្តទុកដាក់ជាមួយនឹងការផ្ទេរមុខងារធនធានមនុស្សនៃក្រសួងស្ថាប័នទៅរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈការប្រគល់ ឬការធ្វើប្រតិភូកម្មអំណាច អនុវត្តមុខងារដែលបានផ្ទេរប្រកបដោយប្រសិទ្ធភាពតម្លាភាព និងគណនេយ្យភាព។
៦)គឺត្រូវធ្វើឲ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាពក្នុងការផ្ដល់សេវាសាធារណៈព្រមទាំងកំណត់តាមដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ តាមរយៈការបម្រើជូននូវសេវាតាមភូមិ ឃុំ សង្កាត់ ច្រកចេញចូលតែមួយអោយកាន់តែទូលំទូលាយ។
៧)តាមការព្យាករណ៍ នៅឆ្នាំនេះប្រទេសកម្ពុជានឹងអាចមានអាកាសធាតុក្តៅហួតហែង ដោយរដូវប្រាំងត្រូវអូសបន្លាយយូរឆ្នាំជាងឆ្នាំមុន ដូច្នេះសូមឲ្យក្រសួងធនធានទឹក និងឧតុនិយមរាជធានីខេត្តត្រូវត្រួតពិនិត្យ តាមដានពីការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋ។ ក្រសួងសុខាភិបាល ក្រសួងកសិកម្ម ត្រូវណែនាំអប់រំប្រជាជន ពីការថែរក្សាសុខភាព និងទប់ស្កាត់ជំងឺផ្សេងៗ។
៨) សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យអាជ្ញាធរ និងកម្លាំងនគរបាលត្រូវប្រឹងប្រែងរួមគ្នាលើកកម្ពស់សេដ្ឋកិច្ច ដើម្បីពង្រឹងឯករាជ្យជាតិ អធិបតេយ្យជាតិ។ ការរស់ពឹង EBA មិនអាចពឹងឲ្យកម្ពុជាក្លាយជាប្រទេសអ្នកមាននោះឡើយ។ សូមប្រជាពលរដ្ឋ កុំខ្វល់ទៅនឹងសម្តីអ្នកដទៃ បើនៅតែអាចបន្តបើកប្រាក់បៀវត្សរ៍ និងអាចប្រកបរបបទទួលទានជាប្រក្រតីនោះ។ កម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការល្អជាមួយសហភាពអឺរ៉ុប និងជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំ អាស៊ី-អឺរ៉ុប លើកទី១៣ នៅឆ្នាំ២០២០ ដោយមិនធ្វើឲ្យបញ្ហា EBA ប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា-អឺរ៉ុបនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ក្រុមហ៊ុនមកពីបណ្តាប្រទេសនៅតំបន់អឺរ៉ុបទាំងអស់ ឲ្យបន្តរកស៊ី និងស្នាក់នៅដោយក្តីរីករាយក្រោមម្លប់សុខសន្តិភាពរបស់កម្ពុជា។ សម្តេចតេជោបានបន្តអំពាវនាវដល់អ្នកវិនិយោគ និងធុរជនទាំងអស់ឲ្យបន្តជឿជាក់ក្នុងការរកស៊ីនៅកម្ពុជា ខណៈកម្ពុជាកំពុងធ្វើកំណែទម្រង់លើសេវាផ្សេងៗជាច្រើនទៀត ដើម្បីសម្រួលដល់ការរកស៊ី។សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានបង្ហាញការជឿជាក់ថា តាមរយៈការធ្វើកំណែទម្រង់ជាច្រើននេះ បរិយាកាសនៃការវិនិយោគនៅកម្ពុជានៅតែល្អប្រសើរ ពីព្រោះតាមរយៈការវាយតម្លៃជាថ្មីរកឃើញថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាមានរហូតដល់ទៅ ៧.៥ភាគរយ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវទៅដល់កម្មករ កម្មការិនី កុំមានការព្រួយបារម្ភបញ្ហា EBA ដរាបណាការងារនៅតែមានធ្វើ។ ថ្ងៃនេះសម្ដេចតេជោបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមក្នុងការធ្វើជំរឿនទាំងអស់គ្នានៅថ្ងៃទី ៣ ខែមីនា ឆ្នាំ២០១៩ខាងមុខនេះ។
មុននឹងបញ្ចប់ សម្តេចតេជោនាយករដ្ឋមន្ត្រី សម្តេចតេជោ ក៏បានសរសើរចំពោះក្រសួងមហាផ្ទៃ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដែលបានរួមគ្នាបំពេញការងារប្រកបដោយការទទួលខុសត្រូវ។ សម្តេចសង្ឃឹមថាអង្គសន្និបាតទាំងមូលនឹងអនុវត្តប្រកបដោយភាពជោគជ័យនូវទិសដៅការងារ និងគោលការណ៍សំខាន់ៗជាច្រើនទៀតរបស់ក្រសួងមហាផ្ទៃដើម្បីនាំមកនូវជោគជ័យថ្មីៗបន្ថែមទៀតជូនជាតិនិងប្រជាជន។ បន្ទាប់មក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញផ្តល់កិត្តិយសបំពាក់មេដាយ ដល់មន្ត្រីមានស្នាដៃមួយចំនួន នៃក្រសួងមហាផ្ទៃ និងបានថតរូបអនុស្សាវរីយ៍ក្នុងភាពសប្បាយរីករាយក្រៃលែង៕