ភ្នំពេញ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តឱ្យ ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បន្តស្វែងរកនូវកិច្ចសហប្រតិបត្តិការផ្សេងៗទៀតលើគ្រប់វិស័យ ដើម្បីការរីកចម្រើននៃប្រទេសទាំងពីរ។
ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះ ប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃសុក្រ ៦រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨នេះ នៅវិមានសន្តិភាព។
ក្នុងជំនួបនោះ ឯកឧត្ដម Wang Wentian បានបង្ហាញនូវក្តីមោទនភាព និងរីករាយ ដែលរូបឯកឧត្ដមត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជានាពេលនេះ ហើយក៏ ស្របទៅនឹងខួប៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ចិនផងដែរ។ ក្នុងន័យនេះឯកឧត្ដមក៏បាន បញ្ជាក់ពីការប្តេជ្ញាចិត្តចំពោះមុខសម្តេចតេជោថា នៅក្នុងការបំពេញបេសកកម្មការទូត នៅកម្ពុជា ឯកឧត្ដម នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពធ្វើយ៉ាងណាជំរុញទំនាក់ទំនង រវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងឡើងថែមទៀត ដើម្បីផលប្រយោជន៍ជាក់ស្តែង សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសកម្ពុជា ដែលជាមិត្តចាស់ មិត្តល្អ និងមិត្តដែកថែបរបស់ចិន។
ជាការឆ្លើយតប សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរ ជូនចំពោះឯកឧត្ដម Wang Wentian ដែលត្រូវបានរដ្ឋាភិបាលចិន តែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា។ សម្តេចក៏បានឯកភាពជាមួយនឹងការលើកឡើង របស់ឯកឧត្ដម Wang Wentian ពាក់ព័ន្ធនឹងទំនាក់ទំនង រវាងកម្ពុជា-ចិន ដោយសម្តេចបានគូសបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ បានវិវឌ្ឍន៍ជាច្រើនដំណាក់មកហើយ រហូតមកដល់ពេលបច្ចុប្បន្ននេះ បានក្លាយជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងក្លាយជាមិត្តដែកថែបជាមួយគ្នាទៀតផង។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកទឹកចិត្ត ដល់ឯកឧត្ដម Wang Wentian ក្នុងការបំពេញបេសកកម្មការទូតរបស់ខ្លួន ធ្វើយ៉ាងណាជំរុញឱ្យទទួលបានជោគជ័យ នូវរាល់គម្រោង ដែលមេដឹកនាំប្រទេសទាំងពីរ បានចុះហត្ថលេខារួមគ្នារួចមកហើយ។ សម្តេចក៏ស្នើឱ្យ ភាគីចិន បន្តស្វែងរកនូវកិច្ចសហប្រតិបត្តិការផ្សេងៗទៀត លើគ្រប់វិស័យ ដើម្បីការរីកចម្រើននៃប្រទេសទាំងពីរ។ សម្តេចក៏បានជូនពរ ឱ្យឯកឧត្ដមឯកអគ្គរដ្ឋទូត ទទួលបានជោគជ័យ ក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា៕