សម្រង់​ប្រសាសន៍​​​​សម្ដេច​​តេជោ ហ៊ុន សែន ថ្លែងក្នុង​​​ពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅស្រុកត្រាំកក់ ខេត្តតាកែវ

រយៈ ១៥ ខែកន្លងមក នៃការចុះជួបកម្មរករ

… ដំបូងបំផុត ជូនពរចំពោះអ្នកដែលបានចូលរួមនៅទីនេះ ជាពិសេសក្មួយៗកម្មករ/ការិនីទាំងអស់ សូមទទួលបាននូវសេចក្ដីសុខ សេចក្ដីចម្រើន អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ នៅក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ឆ្លងពី ២០១៨ ចូលដល់ឆ្នាំ ២០១៩ ដែលទើបនឹងបាន ៩ ថ្ងៃនេះ សូមឲ្យអ្នកទាំងអស់គ្នា ទទួលបានសេចក្ដីសុខ សេចក្ដីចម្រើន។​ យើងមិនមែនអាចារ្យ វាពិបាកបន្ដិច ទាន់តែអាចារ្យ ស៊ូ ភិរិន្ទ បានពូកែខាងឲ្យពរ​។

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដោយបានមកសងបំណុលសម្រាប់អ្នកខេត្តតាកែវ។ ថ្ងៃនេះ ចាត់ទុកថា ជាថ្ងៃសងបំណុល ព្រោះថា អ្វីដែលខ្ញុំបាននិយាយរួចមកហើយ អំពីដំណើរនៃការជួបចំពោះកម្មកររហូតដល់អស់ នៅទូទាំងប្រទេស។ បន្ទាប់ទៅ នៅបន្តជុំតទៅទៀត នេះនៅតែជាជុំទីមួយនៅឡើយទេ ទោះបី​ជាយើងចាប់ផ្ដើមពីឆ្នាំ ២០១៧ ២០១៨ ហើយឥឡូវដើមឆ្នាំ ២០១៩ គិតទៅវា ៣ ឆ្នាំហើយ បើនិយាយពីក្បាលឆ្នាំ។ ប៉ុន្តែ បើនិយាយពីការធ្វើសកម្មភាពវិញ ប៉ុន្មានជាង ១៤-១៥ ខែ តែប៉ុណ្ណោះទេ។

សម្រាប់ខេត្តតាកែវ … ជាលើកទី ៣។ អញ្ចឹងថ្ងៃនេះ ចាត់ទុកថា ជាការសងបំណុលសម្រាប់អ្នកខេត្តតាកែវរបស់យើង ដែលយើងធ្វើកិច្ចការនៅទីនេះ។ ប៉ុន្តែ មិនមែនបានសេចក្ដីថា យើងចប់នៅត្រឹមការជួបនៅថ្ងៃនេះនោះទេ។ ដូចដែលខ្ញុំធ្លាប់បានបញ្ជាក់ហើយថា ពូនឹងនៅបន្តក្នុងតំណែងជានាយករដ្ឋមន្រ្តីយ៉ាងតិច ១០ ឆ្នាំទៀត​។ ដូច្នេះ ១០ ឆ្នាំនោះ ជាពេលវេលានៃការជួបជុំជាមួយនឹងកម្មករជាបន្តក្នុងក្របខណ្ឌទូទាំងប្រទេស។

អ្វីដែលហៅថា បុប្ផាលាក់ខ្លួននៅខេត្តតាកែវ?

ថ្ងៃនេះ គួរតែត្រូវនិយាយថា យើងមកកាន់ទីកន្លែងនៃបុប្ផាលាក់ខ្លួន។ ម៉េចបានជាយើងចេះតែនិយាយពីបុប្ផាលាក់ខ្លួន? នៅត្រង់ថា តើអ្នកណា នៅកន្លែងណា សូម្បីតែអ្នកនៅក្នុងខេត្តតាកែវមួយចំនួន ដែលមិនមែននៅទីកន្លែងនេះ ក៏មិនប្រាកដថា មានរោងចក្រមួយចំនួនបង្កប់ខ្លួននៅទីនេះ ដែលថ្ងៃនេះ ជំនួបរបស់យើងបានធ្វើសម្រាប់កម្មករ/ការិនីចំនួន ១២ រោងចក្រ នៅក្នុងខេត្តតាកែវរបស់យើងនេះ (ដែលមានកម្មករចូលរួម)រហូតដល់ ១៨.២៧៣ នាក់ … យ៉ាងណាក៏ដោយ ដែលហៅថា បុប្ផាលាក់ខ្លួន គឺចង់និយាយថា តើមានអ្នកណានឹកស្មានថា សម្ភារៈបរិក្ខាបង្គុំសម្រាប់ទូរស័ព្ទដៃ វាមានផលិតនៅក្នុងខេត្តតាកែវ។ អញ្ចឹងឥឡូវ វាមានកម្រិតរោងចក្រ គេហៅថា រោងចក្រខ្នាតពិភពលោក ក៏មានសម្ងំខ្លួននៅកន្លែងនេះដែរ។ គ្រឿងបង្គុំសម្រាប់(ទូរស័ព្ទ) Samsung iPhone និយាយរួមប្រភេទ smartphone ដែលផលិតសម្រាប់ការប្រើប្រាស់ និងលក់នៅលើទីផ្សារពិភពលោក ក៏មានផលិតនៅក្នុងស្រុកយើង ហើយនាំចេញពីស្រុកយើងទៅ គេយកទៅរៀបចំផ្គុំនៅកន្លែងណាអីកន្លែងណា ចេញជាទូរស័ព្ទ។ ទូរស័ព្ទនោះ វាមានមួយផ្នែកលក់មកស្រុកខ្មែរ មានមួយផ្នែកទៀតលក់នៅប្រទេសនេះ/នោះ។

៧ មករា ជារបស់ប្រជាជនគ្រប់រូប ដែលចង់រស់រានមានជីវិតជាមនុស្ស គ្មានអ្នកណាត្រូវសងអ្នកណាទេ

ចំណុចនេះហើយ បានធ្វើឲ្យយើងធ្វើការកត់សំគាល់អំពីការរីកចម្រើនរបស់យើង។ នោះជាសមិទ្ធផល ៤០ ឆ្នាំ ដែលយើងទើបនឹងធ្វើបុណ្យខួប ៧ មករា កាលពីម្សិលម្ង៉ៃ។ មានអ្នកខ្លះនិយាយថា រហូតទៅដល់ប្រើពាក្យថា “៧ មករា គេដឹងគុណហើយ ក៏ប៉ុន្តែ គួរឲ្យសងគុណដល់ពេលណា?”។ ហ្នឹងមានប្រធានគណបក្សនយោបាយមួយ ដែលខ្ញុំមិនចាំបាច់បញ្ចេញឈ្មោះទេ គាត់មុខតែតាមដាន គាត់ស្ដាប់ហើយ។ ខ្ញុំចង់និយាយថា ៧ មករា មិនមែនរបស់តែគណបក្សប្រជាជនកម្ពុជាទេ។ ៧ មករា ជារបស់ប្រជាជនគ្រប់រូបទាំងអស់ដែលចង់រស់ជាមនុស្ស។ ដូច្នេះ អត់មានអ្នកណាត្រូវសងអ្នកណាទេ ព្រោះ ៧ មករា ជារបស់ខ្លួនតើ។ ៧ មករា ជារបស់ជីដូនជីតា ឪពុកម្ដាយរបស់ក្មួយៗ ហើយវាក៏ក្លាយទៅជាទ្រព្យសម្បត្តិរបស់ក្មួយៗ ដែលក្មួយៗត្រូវរក្សាតើ។

ខ្ញុំមើល clip video ដែលគេបង្ហោះតាម YouTube គេថា “គេដឹងហើយ ៧ មករា ចាត់ទុកថាមានគុណ ប៉ុន្តែ សងម្ដងមិនចប់ សងពីរដងមិនចប់”។ ទេ! ៧ មករា អត់មានត្រូវការឲ្យអ្នកណាសងទេ។ បញ្ហាសំខាន់គឺ ៧ មករា ជារបស់ទាំងអស់គ្នា។ ខ្ញុំក៏មិនដែលចាត់ទុកថា ៧ មករា ជារបស់ខ្ញុំ។ គណបក្សប្រជាជនក៏មិនដែលចាត់ទុកថា ៧ មករា ជារបស់គណបក្សប្រជាជន។ តែ ៧ មករា ជារបស់រួម គឺជារបស់មនុស្សដែលចង់រស់ជាមនុស្ស។ អញ្ចឹងការបោះឆ្នោត ដើម្បីរក្សាទុកនូវស្មារតី ៧ មករា គឺជាការបោះឆ្នោតឲ្យខ្លួនឯងទេតើ។ ព្រោះខ្លួនឯងចង់រស់ មានតែអ្នកចង់ងាប់ទេ (ដែលយល់ផ្ទុយពីនេះ)។ ឥឡូវអត់មានអាណាវាយវាឲ្យងាប់ អញ្ចឹងទេ វាចេះតែពូកែទៅ ប៉ុន្តែបើសិនជាកុំតែរំដោះទាន់ពេល ឪម៉ែវានោះ ខ្លួនវានោះក៏ងាប់ដែរ។

អញ្ចឹងទេ សូមបញ្ជាក់ចំណុចនេះបន្តិចថា ៧ មករា ជារបស់រួម ហើយដោយសារ ៧ មករា ហើយបានជាជីដូនជីតារបស់ក្មួយៗ​ ក៏គាត់រស់ទៅ ហើយគាត់រៀបការទៅ បានកើតមកជាឪពុកម្ដាយរបស់ក្មួយៗទៅ។ បន្តពីហ្នឹងទៅក៏បានកើតមកជាក្មួយៗហ្នឹង ទៅជាចៅរបស់គាត់។ អាហ្នឹងកាលពីហ្នឹងជីដូនជីតារបស់ក្មួយៗនៅក្រមុំ កំ​លោះ ប៉ុន្តែបើនិយាយពីឪពុកម្ដាយរបស់ក្មួយៗវិញមួយចំនួន គឺកាលពីហ្នុងគឺគាត់នៅជាកុមារ តែក្រោយមកគាត់រៀបការ គាត់បានយើង។ អាហ្នឹងគឺជារបស់រួមគ្មានស្អីក្រៅពីហ្នឹងទេ។

ប្រទេសខ្លះមានសន្តិភាព អត់មានរបបប្រល័យពូជសាសន៍ តែកម្រិតនៃការអភិវឌ្ឍទាបជាងយើង

ក្រោយពីការខិតខំរយៈពេល ៤០ ឆ្នាំ យើងបានមកដល់ទីកន្លែងមួយ ដែលយើងទាំងអស់គ្នាត្រូវរួមថែរក្សាទាំងអស់គ្នា​ ព្រោះអ្វីដែលវាបានកើតឡើងនៅក្នុងសោកនាដកម្មសម្រាប់ប្រជាជនកម្ពុជារបស់យើង និងអ្វីដែលវាបានកើតឡើងនៅពេលនេះ ស្ថានភាពខុសគ្នាដាច់ស្រឡះ នឹកស្មានមិនដល់។ សូម្បីតែពូ នៅពេលដែលចូលទីក្រុងភ្នំពេញដំបូង មិនដឹងថាត្រូវកសាងប្រទេសមួយនេះរបៀបម៉េចទេ។ ទីក្រុងមួយដែលអត់មានមនុស្សនៅ វាពិបាកជាងរស់នៅតាមព្រៃភ្នំទៅទៀត។ ដោយសារអី? ដោយសារភាពស្ងាត់ជ្រងំ។ ម៉្យាងទៀត ផ្ទះថ្មវាដែលត្រជាក់ដូចចងអង្រឹងក្រោមដើមឈើឯណា? វាក្ដៅពេញហ្នឹង។ វាមានស្អីវានៅទីក្រុងភ្នំពេញក្នុងឆ្នាំ ១៩៧៩ មិនមែនគ្រាន់តែទីក្រុងភ្នំពេញមួយទេ គ្រប់ទីកន្លែងទាំងអស់។

… ៤០ ឆ្នាំក្រោយ យើងសង្កេតឃើញអ្វីខ្លះ? មិនមែនជារឿងលេងសើចទេ ទម្រាំបានដើរមកដល់ពេលនេះ។ ប្រ ទេសខ្លះគេមានសន្តិភាព គេអត់មានរបបប្រល័យពូជសាសន៍ទេ ក៏ប៉ុន្តែកម្រិតនៃការអភិវឌ្ឍរបស់គេ នៅទាបជាងយើងនៅឡើយ ឬក៏ស្ថិតនៅក្នុងស្ថានភាពនៃប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបដូចយើងដែរ។ រយៈពេល ៤០ ឆ្នាំ ពោរពេញដោយការលំបាក ដែលយើងទើបធ្វើបុណ្យខួបលើកទី ២០ នៃនយោបាយឈ្នះឈ្នះ យើងទើបនឹងមានពេល ២០ ឆ្នាំ ក្នុងការកសាងប្រទេសឡើងវិញ ជាមួយនឹងការបំផ្លិចបំផ្លាញជាបន្ត នៃពួកក្រុមជ្រុលនិយមមួយចំនួន ដែលដើរទៅប្រាប់បរទេស កុំឲ្យផ្ដល់ជំនួយ កុំឲ្យមកវិនិយោគ កុំឲ្យទិញទំនិញពីកម្ពុជា។ ក៏ប៉ុន្តែយើងនៅតែជំនះធ្វើឲ្យប្រទេសរបស់យើងបន្តរីកចម្រើន។

ពីពឹងផ្អែកលើកសិកម្មទាំងស្រុង ជាប្រទេសពឹងផ្អែកលើវិស័យឧស្សាហកម្ម/សេវា

ខេត្តតាកែវរបស់យើង គឺជាខេត្តមួយក្នុងចំណោមខេត្ត ដែលមានការរីកលូតលាស់​។ ប៉ុន្តែ ការរីកលូតលាស់នៅក្នុងទសវត្សរ៍ ៨០-៩០ និងរហូតមកដល់ឆ្លងសហស្សវត្សរ៍ឆ្នាំ ២០០០ ពេលនោះយើងមានការរីកចម្រើនទៅលើវិស័យកសិកម្មច្រើន នៅក្នុងខេត្តតាកែវរបស់យើង​ ដែលក្លាយពីខេត្តខ្វះស្បៀង ទៅជាខេត្តដែលមានស្បៀងផ្គត់ផ្គង់ខ្លួនឯងគ្រប់គ្រាន់ និងជាខេត្តដែលជួយបញ្ចេញស្បៀងទៅជួយខេត្តផ្សេងផងដែរ នៅក្នុងទសវត្សរ៍ ៨០។ ក៏ប៉ុន្តែការរីកចម្រើននៅក្នុងវិស័យកសិកម្មនេះ គឺវាមិនគ្រប់គ្រាន់ទេ មិនមែនគ្រាន់តែខេត្តតាកែវនោះទេ នៅក្នុងក្របខណ្ឌទូទាំងប្រទេស. វាជាការយល់ខុស ដូចជា ប៉ុល ពត និយាយថា មានស្រូវគឺមានអ្វីៗទាំងអស់​។ វាមិនអាចអភិវឌ្ឍត្រឹមតែវិស័យកសិកម្មប៉ុណ្ណោះទេ យើងត្រូវជំរុញទៅដល់វិស័យផ្សេងទៀត។

មកដល់ពេលនេះ ប្រទេសរបស់យើង ដែលធ្លាប់ពឹងផ្អែកលើវិស័យកសិកម្មស្ទើរទាំងស្រុង ក្លាយទៅជាប្រទេស ដែលផ្អែកលើវិស័យឧស្សាហកម្ម និងវិស័យសេវា។ ប៉ុន្តែនិយាយយ៉ាងដូច្នេះ មិនមែនបានសេចក្តីថាយើងបំ​ភ្លេចចោលនូវការខិតខំប្រឹងប្រែងក្នុងការវិនិយោគ​បន្ថែម ទៅលើការជម្រុញវិស័យកសិកម្មរបស់យើងនោះទេ។ ប្រទេសយើង គឺជាប្រទេសកសិកម្ម។ យើងមិនអាចមើលរំលងវិស័យកសិកម្មបានទេ។ សូមចំណាំទុកឲ្យហើយទៅថា បើគ្រាន់តែធ្វើវិស័យកសិកម្មមួយមុខ គឺច្បាស់ជាមិនអាចធ្វើអ្នកមានបានទេ។ អាចត្រឹមតែផ្គត់ផ្គង់ស្បៀងអាហារ ក៏ប៉ុន្តែ មិនអាចក្លាយទៅជាអ្នកមានបានទេ។ ចង់ក្លាយទៅជាអ្នកមាន ចង់ក្លាយទៅជាប្រទេសដែលមានការរីកលូតលាស់ ត្រូវមានការគួបផ្សំបន្ថែមទៅលើការជម្រុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងវិស័យ​សេវា។

បាន និងកំពុងអនុវត្តនយោបាយឧស្សាហកម្មឆ្នាំ ២០១៥-២០២៥

បន្ទាប់ពីជោគជ័យ នៃគោលនយោបាយជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ យើងក៏បានដាក់ចេញនូវនយោបាយឧស្សាហកម្មឆ្នាំ ២០១៥-២០២៥ ដែលពេលនេះ យើងបាន និងកំពុងធ្វើ ដែលធ្វើឲ្យប្រទេសរបស់យើងរីកលូតលាស់ឡើង បើសិនជាយើងប្រៀបធៀប។ អម្បាញ់មិញ ឯកឧត្តម អ៊ិត សំហេង ក៏បានធ្វើរបាយការណ៍ពាក់ព័ន្ធជាមួយនឹងបញ្ហា ដែលមាននៅក្នុងខេត្តតាកែវ ដែលមកដល់ពេលនេះ មានសហគ្រាសនិងគ្រឹះស្ថានចំនួន ១៦៤ ដែលមានកម្មករ/និយោជិតរហូតទៅដល់ ៤៨.១៦៨ នាក់ ហើយដែលទទួលនូវប្រាក់ចំណូល ១៦៣ លានដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំ។ ប៉ុន្តែ បើយើងនិយាយអំពី(កម្រិត)ទូទាំងប្រទេស មកដល់ពេលនេះ យើងមានសហគ្រាស គ្រឹះស្ថានសេដ្ឋកិច្ច ដែលបានចុះបញ្ជី សរុប ១២.០០០ គ្រឹះស្ថាន ហើយដែលមានកម្មករ/និយោជិតចំនួន ១ លាន ៥ សែន នាក់ ក្នុងនោះ ក៏មានគ្រឹះស្ថានសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួនជិត ៦០ ម៉ឺន ដែលមានកម្មករជាង ២ លាន ៤ សែន នាក់។ នេះគឺជាការរីកចម្រើនមួយនៅក្នុងវិស័យ ដែលយើងត្រូវជំរុញ។

ពីឆ្នាំ ១៩៩៧ ដល់ ២០១៨ ផ្នែកវាយនភ័ណ្ឌ រោងចក្រ ចំនួនកម្មករ និងប្រាក់បៀវត្សកើនឡើងជាលំដាប់

ដោយឡែក បើយើងនិយាយអំពីបញ្ហារោងចក្រកាត់ដេរផ្នែកវាយនភ័ណ្ឌ យើងគួរតែត្រូវបានរំលឹកអំពីការកើនឡើងជាជំហានៗ ដែលចាប់ផ្ដើមឡើងនៅឆ្នាំ ១៩៩៧។ ពេលឆ្នាំ ១៩៩៧ យើងមានរោងចក្រត្រឹមតែ ៦៤ រោងចក្រតែប៉ុណ្ណោះ ជាមួយនឹងកម្មករ ចំនួន ៨ ម៉ឺន ២ ពាក់នាក់ ហើយប្រាក់ឈ្នួលអប្បបរមា កាលពីពេលនោះ មាន​ត្រឹមតែ ៤០ ដុល្លារ សហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ ដល់ឆ្នាំ ២០០៣ យើងមានរោងចក្រ ១៩៧ ហើយកម្មករមានចំនួន ២៣ ម៉ឺន ៤ ពាន់នាក់ ជាមួយនឹងប្រាក់បៀវត្សអប្បបរមា កាលពីពេលនោះ ចំនួន ៥០ ដុល្លារសហរដ្ឋ​អាមេរិក។ ដល់ឆ្នាំ ២០០៨ ចំនួនរោងចក្ររបស់យើងបានកើនឡើងចំនួន ៤៣២ រោងចក្រ ជាមួយនឹងកម្មករជាង ២៨ ម៉ឺននាក់ និងប្រាក់ឈ្នួលអប្បបរមាកាលពីពេលនោះចំនួន ៦១ ដុល្លារសហរដ្ឋអាមេរិក​។ ឆ្នាំ ២០១៣ ចំនួនរោងចក្ររបស់យើងបានកើនឡើងដល់ទៅ ៧៣៣ រោងចក្រ ជាមួយនឹងកម្មករជាង ៥១ ម៉ឺននាក់ និងប្រាក់ឈ្នួលអប្បបរមាចំនួន ៨០ ដុល្លារសហរដ្ឋអាមេរិក។ ឆ្នាំ ២០១៧ រោងចក្ររបស់យើងបានកើន ១.១០៧ រោងចក្រ ជាមួយនឹងកម្មករ/ការិនីជាង ៧៤ ម៉ឺននាក់ ជាមួយនឹងប្រាក់បៀវត្សអប្បបរមាចំនួន ១៥៣ ដុល្លារ …។

ឆ្នាំ ២០១៨ កន្លងទៅ រោងចក្ររបស់យើងបានកើនឡើង ចំនួនដល់ ១.១៥៣ រោងចក្រ ជាមួយនឹងកម្មករ/និយោជិតចំនួនជាង ៨៤ ម៉ឺន ៨ ពាន់នាក់ ជាមួយនឹងប្រាក់បៀវត្សរ៍អប្បបរមាចំនួន ១៧០ ដុល្លារសហរដ្ឋអាមេរិក។ ដល់ចូលមកដល់ឆ្នាំ ២០១៩ ដែលវាជាសមិទ្ធផលនៅក្នុងឆ្នាំ ២០១៨ ប៉ុន្តែ យើងយកមកបូកនៅក្នុងឆ្នាំ ២០១៩ រោងចក្ររបស់យើងដែលនៅក្នុងឆ្នាំ ២០១៨ មាន ១.១៥៣ រោងចក្រ ឥឡូវនេះ ឡើងដល់ ១.១៥៩ រោងចក្រ កើន ៦ រោងចក្រ ជាមួយកម្មករជាង ៨៤ ម៉ឺននាក់ ហើយនិងប្រាក់បៀវត្ស ១៨២ ដុល្លារសហរដ្ឋអាមេរិក ដែលសុំអបអរសាទរជាមួយការកើនឡើង នៃប្រាក់ឈ្នួលអប្បបរមារបស់កម្មករ/ការិនីរបស់យើង។ នេះ(ជា)ការកើនឡើងជាប្រចាំ។ វិនិយោគនៅតែមកជាបន្ត សម្រាប់ការវិនិយោគ និងដោះស្រាយការងារធ្វើ ក៏ដូចជា ជម្រុញផលិតកម្មបម្រើឱ្យការប្រើប្រាស់ក្នុងស្រុក និងសម្រាប់ការនាំចេញ។ នេះជាដំណើរការធម្មតា នៃសេដ្ឋកិច្ចរបស់កម្ពុជា។

គ្មាននរណាវាយតម្លៃត្រូវពីការវិវឌ្ឍរបស់កម្ពុជា

ម្យ៉ាងទៀត តើមានប៉ុន្មាននាក់ទៅ ដែលបានគិត មិនចាំបាច់គិតថាឆ្នាំ ១៩៧៩ ទេ, ឆ្នាំ ១៩៧៩ ខ្ញុំក៏វាយតម្លៃមិនត្រូវដែរ មិនដឹងថា កសាងប្រទេសរបៀបម៉េច? បើទីក្រុងមួយអត់មនុស្សនៅ គ្មានទឹក/ភ្លើង គ្មានស្អីទាំងអស់ គ្មានទាំងលុយចាយទៅទៀត តើត្រូវធ្វើយ៉ាងម៉េច? វាលំបាកណាស់ ហើយសង្គ្រាមនៅបន្ត។ បើមិនឈ្មុសឈ្មុល​ទេ អាចក្លាយទៅជារដ្ឋមន្ត្រីរត់ចោលជួរ ឬក៏នាយករដ្ឋមន្ត្រីរត់ចោលជួរក៏មិនដឹង? ក៏ប៉ុន្តែ យើងបានរួមគ្នាប្រឹងប្រែងឈានឡើង ពីជំហានមួយទៅកាន់ជំហានមួយ រហូតប្រទេសរបស់យើងមកដល់ដំណាក់កាលនេះ។ ឥឡូវ ស្ថានភាពប្រែប្រួល ដែលនាំទៅដល់ការរីកចម្រើ​ន មិនគ្រាន់តែនៅទីក្រុងភ្នំពេញទេ គ្រប់ទីកន្លែងទាំងអស់សុទ្ធតែបន្តការរីកចម្រើន ដែលគេហៅថា កាត់បន្ថយគម្លាត រវាងទីក្រុងជាមួយនឹងជនបទ។

ចំណូលកសិកម្មមួយខេត្តតាកែវ ២០០ លានដុល្លារ ចំណូលពីឧស្សាហកម្មស្រុកត្រាំកក់ ១៦៣ លានដុល្លារ

ប៉ុន្មាននាក់ទៅ ដែលនឹកស្មានថា ស្រុកត្រាំកក់របស់យើងនេះមានរោងចក្រនៅទីនេះ? ខេត្តតាកែវរបស់យើងនេះមានរោងចក្រនៅទីនេះ? ដែលមានកម្មករច្រើនយ៉ាងដូច្នេះ? សូមកុំភ្លេច បើសិនគិតពីស្រូវក្នុងខេត្តតាកែវ ប្រហែលជាយើងអាចប៉ាន់ស្មានថា ស្រូវ និងកសិផលមួយខេត្តតាកែវ មានតម្លៃប្រហែលត្រឹមថា យើងថា ២០០ លាន(ដុល្លារអាមេរិក)ទៅចុះ។ ប៉ុន្តែ គ្រាន់តែរោងចក្រប៉ុន្មាននេះ ទទួលបាននូវប្រាក់ចំណូល ១៦៣ លានដុល្លារសហរដ្ឋអាមេរិកទៅហើយ។ អញ្ចឹងទេ វាគួបផ្សំគ្នា រវាងវិស័យឧស្សាហកម្ម វិស័យកសិកម្ម ដែលក្លាយទៅជាផលិតផលរួមរបស់ខេត្ត ដែលនឹងត្រូវគិតមើលថា តើចំណូលសម្រាប់មនុស្សម្នាក់ៗនៅក្នុងខេត្តតាកែវមានចំនួនប៉ុន្មាន? នេះក៏ខេត្តត្រូវតែគិតខ្លួនឯងផងដែរ។

ការនយោបាយឈ្នះឈ្នះ កម្ពុជាគ្មានព្រំដែនផ្ទៃក្នុង មានតែឯកភាពជាតិ/ទឹកដី ទាក់ទាញវិនិយោគ

មិនមែនគ្រាន់(ខេត្ត)តាកែវមួយទេ នៅគ្រប់ទីកន្លែងទាំងអស់នៅក្នុងក្របខណ្ឌទូទាំងប្រទេស បន្ទាប់ពីការអនុវត្តនូវនយោបាយឈ្នះឈ្នះហើយ យើងគ្មានព្រំដែនផ្ទៃក្នុងទៀតទេ។ ពីតំបន់មួយទៅកាន់តំបន់មួយ គ្មានការចាំ​បាច់ភិតភ័យដោយសារតែការប្រយុទ្ធគ្នា រវាងក្រុមមួយ និងក្រុមមួយនោះទេ។ យើងក្លាយទៅជាប្រទេសដែលមានការឯកភាពជាតិ និងឯកភាពទឹកដី។ ស្ថានភាពនោះហើយ ដែលអំណោយផលឱ្យអ្នកវិនិយោគមកវិនិយោគនៅក្នុងប្រទេសរបស់យើង។

ផ្លូវជាតិលេខ ៣ នឹងមានបួនគន្លង, ពង្រីក​ផ្លូវជាតិលេខ ២ បន្ថែមផ្លូវជាតិលេខ ២២ ងាយដឹកជញ្ជូន/នាំចេញ 

នៅនឹងតាកែវរបស់យើងនេះ ផ្លូវជាតិលេខ ៣ នេះ នឹងក្លាយទៅជាផ្លូវដែលមានបួនគន្លង។ ពីរទៅពីរមក។ យើងត្រូវធ្វើពីរទៅពីរមក ពីចោមចៅរហូតទៅដល់បែកគូសរបស់ខេត្តកំពតឯណោះ។ អញ្ចឹងទេ វាកាន់តែ អំណោយផល សម្រាប់ផ្នែកដឹកជញ្ជូន ដែលនឹងទាក់ទាញបន្ថែមទៀតនូវអ្នកវិនិយោគទុន ដែលមកចង់បណ្តាក់ទុននៅក្នុងខេត្តតាកែវ។ ផ្លូវលេខ ៣ កំពុងសាងសង់។ ផ្លូវលេខ ២ ក៏កំពុងចាប់ផ្តើមរៀបចំសាងសង់ដែរ។ វាទៅជាមួយគ្នា ដែលកាលលើកមុន ខ្ញុំបានបង្ហាញ ហើយរដ្ឋមន្ត្រីក្រសួងសាធារណការ (និងដឹកជញ្ជូន) ស៊ុន ចាន់ថុល ក៏បានរាយការណ៍ឱ្យខ្ញុំ អំពីការត្រៀមរៀបចំបើកការដ្ឋាន ដើម្បីសាងសង់ពង្រីកបន្ថែមផ្លូវជាតិលេខ ២ និងផ្លូវជាតិលេខ ២២ ដែលក្លាយទៅជាប្រព័ន្ធតភ្ជាប់មួយសម្រាប់ប្រទេសរបស់យើង ហើយវាក៏ងាយស្រួលសម្រាប់ការនាំចេញ។ មួយផ្នែកអាចជម្រុញចុះទៅកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុ ហើយថ្ងៃអនាគតនឹងអាចមានកំពង់ផែទឹកជ្រៅនៅខេត្តកំពត។ ប៉ុន្តែ ​វាក៏អាចវិលត្រឡប់ទៅចេញនៅតាមព្រលានយន្តហោះពោធិចិនតុង ឬចេញទៅតាមកំពង់ផែនៅទីក្រុងភ្នំពេញផងដែរ …។

ខួបលើកទី ២០ ឆ្នាំ នៃការពង្រាយរោងចក្រទៅតាមបណ្តាខេត្ត

កាលពីទសវត្សរ៍ ៨០-៩០ រដ្ឋាភិបាល និងរាជរដ្ឋាភិបាលក្រោយមក បានប្រឹងប្រែងពង្រាយសាលារៀនទៅតាមមូលដ្ឋាន។ ឥឡូវនេះ យើងបានប្រឹងប្រែងពង្រាយរោងចក្រទៅតាមមូលដ្ឋាន ដើម្បីដោះស្រាយ​ការងារធ្វើសំរាប់ប្រជាពលរដ្ឋរបស់យើង។ កុំប្រមូលផ្តុំគ្នានៅឯទីក្រុងភ្នំពេញ ហើយឆ្នាំនេះជាខួបលើកទី ២០ តែម្តង នៃការចង្អុលទិសស្តីពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដើម្បីទាក់ទាញអ្នកវិនិយោគទៅតាមបណ្តាខេត្ត​។ អញ្ចឹងបានជាឥឡូវនេះ យើងមានរោងចក្រនៅតាមបណ្តាខេត្ត ដែលក្នុងហ្នឹងរាប់ទាំងតាកែវផងដែរ។ មានតាកែវ មានកំពត មានកំពង់ស្ពឺ មានកណ្តាល មានកំពង់ឆ្នាំង មានកំពង់ចាម មានពោធិសាត់ មានកំពង់សោម មានស្វាយរៀង មានព្រៃវែង មានបន្ទាយមានជ័យ (មាន)កោះកុង ត្រូវទៅខែក្រោយកោះកុង កន្លងទៅបុណ្យសមុទ្រយើងអត់បានគួបផ្សំ កាលនោះទៅធ្វើជាមួយបុណ្យសមុទ្យឲ្យហើយចប់រឿង។ ប៉ុន្តែ ឥឡូវត្រូវត្រឡប់ទៅវិញ។

បើពុំមានការវិនិយោគនៅជនបទ ទី ១ ទៅកន្លែងដទៃរកការងារធ្វើ ទី ២ នៅជាមួយគ្រួសារធ្វើកសិកម្ម

… ក្មួយៗអាចចោទចេញជាសំណួរ ហើយខ្ញុំនៅតែនិយាយអារឿងហ្នឹងដដែលៗ ហ្នឹង ព្រោះបញ្ហាវាដដែល។ កម្មករដែលពូជួប ជាកម្មករដូចគ្នា ក៏ប៉ុន្តែមុខខុសគ្នា។ កម្មករដូចគ្នា ក៏ប៉ុន្តែទីកន្លែងខុសគ្នា។ នៅពេលពូមកកាន់ជនបទ ដូចជាតាមខេត្ត ដែលនៅកន្លែងហ្នឹងថា ប្រសិនបើពុំមានអ្នកវិនិយោគចំនួន ១២ រោងចក្រ ដែលយើងកំពុងជួបគ្នានៅថ្ងៃនេះ ពេលនេះ ក្មួយៗទាំង ១៨.២៧៣ នាក់នេះ កំពុងធ្វើអ្វីទៅ? ចម្លើយមានតែ ២ ទេក្មួយ ទី ១ ក្មួយៗមួយចំនួនកំពុងស្ថិតនៅកន្លែងផ្សេង មិនមែននៅក្នុងទឹកដីរបស់ខេត្តតាកែវទេ ប្រហែលជាកំពុងនៅទីក្រុងភ្នំពេញ ឬនៅកន្លែងណាដែលមានការងារធ្វើ។ នេះគឺជាចម្លើយទី ១ ដែលឆ្លើយតបទៅនឹងសំណួរថា កំពុងធ្វើអ្វីបើសិនគ្មានរោងចក្រនៅទីនេះ? ព្រោះបើគ្មានរោងចក្រនៅទីនេះ យើងចង់ធ្វើការរោងចក្រ យើងត្រូវទៅកន្លែងផ្សេង ហើយសំខាន់​គឺតម្រង់ឆ្ពោះទៅទីក្រុងភ្នំពេញហ្នឹងតែម្តង​។ ឯចម្លើយទី ២ នឹងឆ្លើយចេញមកថា ពេលនេះម៉ោងនេះ កំពុងស្ថិតនៅជាមួយក្រុមគ្រួសារ ជាមួយឪពុកម្តាយ កំពុងធ្វើការងារនៅក្នុងវិស័យកសិកម្ម។ នេះវាជារឿងពិត ប្រសិនបើយើងមិនមានរោងចក្រនៅទីនេះទេ។

ដើម្បីទាញវិនិយោគ រាជរដ្ឋាភិបាលដោះស្រាយហេដ្ឋារចនាសម្ព័ន្ធ ផ្គត់ផ្គង់/បញ្ចុះអគ្គិសនី

អញ្ចឹងដើម្បីជោគជ័យនូវនយោបាយទាក់ទាញវិនិយោគ និយាយជារួម និងនិយាយដោយឡែក ដើម្បីជោគជ័យ នយោបាយទាក់ទាញវិនិយោគមកកាន់តំបន់មានសក្តានុពល មានភាពទាក់ទាញសម្រាប់ការវិនិយោគ រាជរដ្ឋាភិបាលត្រូវប្រឹងប្រែងណាស់ ធ្វើផ្លូវ ដើម្បីដោះស្រាយបញ្ហាហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដើម្បីធ្វើយ៉ាងម៉េចឲ្យអ្នកវិនិយោគគេមានលទ្ធភាពមកវិនិយោគ។ ខិតខំធ្វើផ្លូវ ខិតខំធ្វើកំពង់ផែ ខិតខំស្រាយបញ្ហាអគ្គិសនី ដើម្បីផ្តត់​ផ្គង់ទៅឲ្យតម្រូវការនៃអ្នកវិនិយោគ។ ឥឡូវនេះ បញ្ហាដែលត្រូវបន្ត គឺខិតខំកសាងបន្ថែម។ ផ្លូវយើងប៉ុណ្ណឹងវាមិនទាន់គ្រប់ទេ។ (ហេតុនេះហើយ)បានជាត្រូវពង្រីកផ្លូវជាតិលេខ ៣ នេះ ហើយក៏ត្រូវពង្រីកផ្លូវជាតិលេខ ២ និង ២២ ដើម្បីបម្រើឲ្យការទាក់ទាញវិនិយោគបន្ថែមមកទៀត។ យើងត្រូវបន្តជម្រុញដើម្បីនឹងធ្វើឲ្យមានសុវត្ថិភាព នៃការផ្គត់ផ្គង់អគ្គិសនី និងបញ្ចុះថ្លៃអគ្គិសនី ដើម្បីឲ្យវិស័យឧស្សាហកម្ម និងសេវារបស់យើង ក៏ដូចជាវិស័យកសិកម្មរបស់យើងមានភាពប្រកួតប្រជែងកាន់តែខ្ពស់ទៅ …។

ចាប់ផ្តើមអនុវត្តប្រាក់បៀវត្ស ១៨២ ដុល្លារ​ បើក ២ សប្តាហ៍ម្តង សម្រាប់កម្មករ/ការិនី

… ក្មួយៗបានឃើញហើយ កំណើននៃប្រាក់បៀវត្ស ដែលឆ្នាំទៅមួយ ពេលដែលពូចាប់ផ្តើមចុះជួបជាមួយនឹងកម្មករ/ការិនី យើងអនុវត្ត(បៀវត្ស)អប្បបរមា ១៥៣ ដុល្លារសហរដ្ឋអាមេរិក។ ឆ្នាំ ២០១៧ កន្លងទៅយើងអនុវត្ត ១៧០ ដុល្លារអាមេរិក។ ឆ្នាំនេះយើងចាប់ផ្តើមអនុវត្ត ១៨២ ដុល្លារ ហើយដែលត្រូវបើក ២សប្តាហ៍ម្តង … អរគុណម្ចាស់រោងចក្រទាំងអស់ថ្ងៃនេះ ដែលបានអនុញ្ញាតឲ្យកម្មករ/ការិនីរបស់យើងមកជួបជុំជាមួយយើង ហើយ​ផ្តល់ការអនុញ្ញាតឲ្យឈប់សម្រាករយៈពេលមួយល្ងាចនេះថែមទៀត។

ខ្ញុំមិនដឹងថាម្ចាស់រោងចក្រទាំង ១២ រោងចក្រ បានត្រៀមខ្លួនរួចរាល់ហើយឬនៅ ដើម្បីបើកបៀវត្សរ៍ប៉ុន្មានថ្ងៃខាងមុខត្រូវបើកបៀវត្សរ៍ហើយ។ ខាងផ្នែករាជរដ្ឋាភិបាលមិនចោទទេ បានណែនាំរួចហើយ។ លុយហ្នឹងវាធ្លាក់ទៅដល់ធនាគារអស់ហើយ ចាំតែដល់ថ្ងៃទី ១៥ ហ្នឹង ទៅបើកយកទៅ។ វាមិនមែនទៅជាប្រាក់ខែទេ អាហ្នឹងទៅប្រាក់ប្រចាំអាទិត្យម្តង។ យើងហ៊ានលេងជាមួយនឹងល្បែងនេះ ហើយល្បែងនេះវាជាល្បែងមិនមែនជាវិធានល្បែងឈ្នះចាញ់ទេ ក៏ប៉ុន្តែវាជាវិធី ឬក៏ជាល្បែង នៃការសម្រួលឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាកម្មករ/ការិនីរបស់យើងដោះស្រាយបានបញ្ហា។

បៀវត្សរ៍កើន តែតម្លៃទំនិញត្រូវឲ្យវានៅដដែល

រឿងរបស់យើងគឺត្រូវបន្តការខិតខំជាបន្តទៀត ដើម្បីធ្វើឲ្យប្រទេសមួយនេះកាន់តែបន្តរីកចម្រើន ហើយអ្វីដែលខិតខំនៅក្នុងដំណាក់កាលនេះ គឺមិនមែនដំឡើងអ្វីដែលយើងត្រូវប្រឹងនោះ ជាក្របខណ្ឌម៉ាក្រូ គេហៅថា ក្របខណ្ឌរួមរបស់ជាតិ ត្រូវធ្វើយ៉ាងណាឲ្យបៀវត្សរ៍កើន តែអាតម្លៃទំនិញនេះឲ្យវានៅដដែល។​ ហ្នឹងបានបៀវត្សរ៍វាកើនពិត។ បើសិនជា ឧទាហរណ៍ថា៖ អាវមួយយើងធ្លាប់ទិញតែ ៥០០០ រៀល នៅមុនពេលដែលយើងឡើងបៀវត្សរ៍ ដល់ទៅយើងឡើងបៀវត្សរ៍ហើយ អាវហ្នឹង វានៅតែ ៥០០០រៀល អាហ្នឹងបានតម្លៃពិត នៃការកើនឡើង នៃប្រាក់បៀវត្សរ៍។ ប៉ុន្តែបើសិនជាយើងឡើងបៀវត្សរ៍ អាវហ្នឹងវាអត់នៅ ៥០០០ រៀល ផង វាឡើងដល់ ៦០០០ រៀល អាហ្នឹងវាមិនមែនឡើងបៀវត្សរ៍ទេ​។ សូវកុំឡើង។ អញ្ចឹងទេ បានជាទន្ទឹមនឹងការរៀបចំជាមួយនឹងការតំឡើងបៀវត្សរ៍ឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាកម្មករ/ការិនី ក៏ត្រូវខិតខំរក្សានូវលំនឹងទំនិញក្នុងទីផ្សារ ដើម្បីធានាឲ្យកម្លាំងទិញប្រាកដ ដែលបានមកពីការដំឡើងបៀវត្សរ៍ឲ្យមន្ត្រីរាជការ​ កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាកម្មករ/ការិនីរបស់យើងផងដែរ …។

ត្រូវរក្សាឲ្យបាននូវអ្វីដែលយើងមានក្នុងដៃរួចទៅហើយ

… ខ្ញុំនៅតែនិយាយដដែលអំពីអ្វី ដែលខ្ញុំធ្លាប់បានសំណូមពរ(ថា) ក្មួយៗត្រូវក្តាប់ឲ្យជាប់ការងារដែល​យើងមានរួចមកហើយ សន្តិភាពដែលយើងមាន អ្វីៗដែលយើងមានរួចមកហើយ កុំឲ្យវាបាត់ត្រឡប់ទៅវិញ។ ដូចកាលពីឆ្នាំ ១៩៧០ កាលហ្នឹងយើងអាចចាត់ទុកថា ជីដូនជីតា ឬ ជីទួត ជីលួតរបស់យើងបានប្រឹងខ្លាំងណាស់ នៅក្នុងដំណាក់កាលដឹកនាំដោយ​ សម្តេច ព្រះនរោត្តម សីហនុ​ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គទាមទារបានឯករាជ្យហើយ ព្រះអង្គដឹកនាំកសាងប្រទេស។ ពេលនោះ កម្ពុជា គឺជាកោះសន្តិភាពមួយ ដែលគ្មានសង្គ្រាម ហើយក៏ជាប្រទេសមួយដែលកំពុងរីកលូតលាស់ខាងសេដ្ឋកិច្ច។ ក៏ប៉ុន្តែវាត្រូវបំផ្លាញមួយពព្រិចភ្នែក នៃការធ្វើរដ្ឋប្រហារ ១៨ មីនា ឆ្នាំ ១៩៧០ ទម្លាក់សម្តេច ព្រះនរោត្តម សីហនុ។ ដូច្នេះទ្រព្យសម្បត្តិដែលប្រឹងប្រែងរកកាលពីឆ្នាំតាំងពីក្រោយសម័យឯករាជ្យ រហូតមកដល់សង្គ្រាមឆ្នាំ ១៩៧០ ត្រូវបាត់បង់មួយពព្រិចភ្នែក។ ដីធ្លីដែលទៅរកកន្លែងដីថ្មី ក៏ត្រូវរត់ចោលដី។ ដំណាក់កាលនោះជាដំណាក់កាលរត់ចោលដី មិនមែនជាដំណាក់កាលរកដីទេ។

មានសន្តិភាព ទើបមានការវិនិយោគ

ដីស្រែចម្ការរាប់លានហិកតាត្រូវបោះបង់ចោល ដោយគ្មានការបង្កបង្កើនផល ហើយមកដល់ពេលនេះ យើងបំផ្លាញចោលគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះមិនទាន់អស់ផង។ (យើង)កំពុងតែត្រូវខិតខំកសាង អ្វីដែលខ្ញុំហៅថា យុទ្ធសាស្រ្តប្រែក្លាយតំបន់អតីតសមរភូមិ ឲ្យក្លាយទៅជាតំបន់អភិវឌ្ឍ និងទៅជាទីផ្សារ … ឥឡូវ ក្មួយៗត្រូវតែបន្តខិតខំចូលរួម ដើម្បីថែរក្សានូវសន្តិភាពសម្រាប់ប្រទេសនេះ មិនត្រូវឲ្យនរណាបំផ្លាញនោះទេ។ គ្មាននរណាទៅវិនិយោគជាមួយប្រទេស ដែលមានសង្គ្រាមទេ។ សូមក្រឡេកទៅមើលប្រទេស ដែលមានសង្គ្រាម ហើយក៏សូមក្រឡេកមើលទៅលើអតីតកាលដ៏ឈឺចាប់របស់យើង តើមានប្រទេសណាគេមកអើតក្បាល? មានតែរត់ចោលយើងតែប៉ុណ្ណោះ។ ឆ្នាំ ១៩៧០ ដល់ឆ្នាំ ១៩៧៥ រត់ចោលមួយចំនួនទៅហើយ ឆ្នាំ ១៩៧៥ និង ឆ្នាំ ១៩៧៩ រត់បន្ថែមទៀត ទើបនឹងយើងមានសន្តិភាព បានគេមកវិនិយោគនៅក្នុងប្រទេសរបស់យើង។

កាតព្វកិច្ច ២ សំខាន់ ដែលប្រជាជន និងក្មួយៗបានបំពេញ

សូមយកឱកាសនេះថ្លែងអំណរគុណផងដែរ ចំពោះក្មួយៗជាកម្មករ/ការិនី ដែលនៅទីនេះ និយាយដោយឡែក និងនិយាយរួម ថ្លែងអំណរគុណចំពោះអ្នកខេត្តតាកែវ ក៏ដូចជាប្រជាជននៅទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន អនុញ្ញាតឲ្យគណបក្សប្រជាជនមានលទ្ធភាពបន្ត ឲ្យពូមានលទ្ធភាពបន្តដឹកនាំប្រ​ទេសនេះតទៅទៀត … ប្រជាជនយើង ក៏ដូចជាក្មួយៗនៅទីនេះបានបំពេញកាតព្វកិច្ច បានធ្វើកិច្ចការងារ ២ សំខាន់។ ការងារទី ១ គឺបានចូលរួមអនុវត្តនូវលទ្ធិប្រជាធិបតេយ្យ តាមរយៈការអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ កន្លងទៅ។ អ្នកទៅបោះឆ្នោត ទើបមានឈ្មោះថាជាអ្នកប្រជាធិបតេយ្យ ហ្នឹងជាចំ​ណុចទី ១។ ឯចំណុចទី ២ ក្មួយៗក៏បានចូលរួមរក្សាទុកនូវសន្តិភាព និងការអភិវឌ្ឍ តាមរយៈនៃការបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា។ តាមរយៈនៃការបោះឆ្នោតឲ្យគណបក្សប្រជាជននោះ ក៏ផ្តល់លទ្ធភាពឲ្យពូមានឱកាសបានមកជួបជាមួយក្មួយៗនៅទីនេះផងដែរ។

រាជរដ្ឋាភិបាល ៤ ខែ ៣ ថ្ងៃ បំពេញបានកិច្ចការច្រើនទាំងក្នុង និងក្រៅប្រទេស

… ពូបានប្រកាសមុនពេលយុទ្ធនាការបោះឆ្នោតថា យើងផ្អាកការងារសិន ព្រោះពូមិនអាចទៅជួបកម្មករនៅក្នុងឱកាសនៃយុទ្ធនាការនៃការបោះឆ្នោតទេ​។ បើសិនជាទៅ តែងតែមានអំណោយនេះ​/នោះ។​​ អំណោយនេះ/នោះ នោះវាខុសច្បាប់ ទាក់ទងនឹងការបោះឆ្នោត។ ពូបានស្នើឲ្យផ្អាក ហើយពូបាននិយាយថា នឹងបន្តវិញ​ក្រោយការបោះឆ្នោត ក្នុងករណីដែលគណបក្សប្រជាជនឈ្នះ ប៉ុន្តែ បើគណបក្សប្រជាជនមិនឈ្នះទេ ពូមិនបំពានទៅលើកិច្ចការអនាគតរបស់នាយករដ្ឋមន្ត្រីនោះទេ។ ក៏ប៉ុន្តែអ្វីៗវាបានច្បាស់លាស់អស់ហើយ រាជរដ្ឋាភិបាលក៏បានបង្កើត ពូក៏កំពុងតែបន្តនៅក្នុងអាណត្តិថ្មីរបស់ខ្លួន គិតពីខែ ៩ រហូតដល់ឥឡូវបាន ៤ ខែ ហើយ។ យើងបង្កើតថ្ងៃ ៦​​ (ខែ ៩) អញ្ចឹងបាន ៤ ខែ ៣ ថ្ងៃ។ ៤ ខែ ៣ ថ្ងៃ ក៏ជាកិច្ចការច្រើនសម្រាប់ការធ្វើដំណើររបស់ពូទាំងក្នុង និងក្រៅប្រទេស ហើយការដោះស្រាយបញ្ហាក៏មិនតិចនោះដែរ។​

ថៅកែត្រូវយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងសុខុមាលភាពកម្មករ

… ខ្ញុំនៅតែបន្តអំពាវនាវឲ្យកម្មករ ជាមួយនឹងថៅកែ ថៅកែជាមួយនឹងកម្មករ បន្តការរួបរួមគ្នាតទៅទៀត ធ្វើយ៉ាងណាធានាឲ្យរោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ។ ចំណុចនេះ ទាមទារឲ្យមានការយោគយល់គ្នាសម្បើមណាស់។  ឥឡូវនេះ ភាពល្អប្រសើររបស់យើងកាន់តែមានច្រើនឡើង ការយល់គ្នា អនុវត្តនូវច្បាប់ការងារទាំងអស់គ្នា ក៏បាន និងកំពុងកើតនៅក្នុងក្របខណ្ឌទូទាំងប្រទេស ដែលពូត្រូវបន្តតាមមើលបន្តទៅទៀតជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាអាជ្ញាធរគ្រប់ថ្នាក់ ដែលសេនាធិការឲ្យរាជរដ្ឋាភិបាល។ ថៅកែត្រូវយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់កម្មករ/ការិនី ហើយខ្ញុំនៅតែបន្តឲ្យបន្តការខិតខំរៀបចំជាមួយនឹងអ្វីដែលជាតម្រូវការពិតប្រាកដនៅតាមរោងចក្រ។ ឧទាហរណ៍ គិលានដ្ឋានសម្រាប់ពិនិត្យព្យា​បាលបឋម ចំពោះកម្មករ/ការិនីរបស់យើង ដែលមានបញ្ហាសុខភាព។ រៀបចំឲ្យមានកន្លែងទទួលទានអាហាររបស់កម្មករ/ការិនីរបស់យើងនៅតាមរោងចក្រ និងការដោះស្រាយផ្សេងទៀតដែលវាទាក់ទងជាមួយនឹងសុខទុក្ខរបស់កម្មករ រាប់ទាំងបញ្ហាកែលំអបរិស្ថាន ដើម្បីចៀសវាងការដួលសន្លប់របស់កម្មករ ដែលមុននេះមានច្រើន តែឥឡូវយើងបានកាត់បន្ថយហើយ។ ថៅកែគប្បីយកចិត្តទុកដាក់លើបញ្ហានេះ នៅពេលដែលកម្មករមានសុខភាពល្អ កម្មករក៏ធ្វើការងារបានល្អ ហើយប្រាក់ចំណេញដែលបានមកពីការធ្វើការងារទាំងនោះ មួយផ្នែកក៏ត្រូវបានយកមកតម្លើងជាប្រាក់បៀវត្សរបស់កម្មករ និងអត្ថប្រយោជន៍របស់កម្មករ។

កម្មករខិតខំបង្កើនចំណេះដឹង និងជំនាញ ដើម្បីប្រកួតប្រជែង

សម្រាប់កម្មកររបស់យើងវិញ ក្មួយៗត្រូវខិតខំធ្វើកិច្ចការ និងខិតខំបង្កើនចំណេះឲ្យកាន់តែខ្ពស់ ព្រោះថាជំនាញនៅលើពិភពលោកនេះ មានការប្រកួតប្រជែងគ្នាខ្លាំងណាស់។ ប្រទេសមួយ ដែលមានការប្រកួតប្រជែងជាមួយយើងខ្លាំង ទាក់ទងជាមួយនិងការនាំចេញ គឺប្រទេសបង់ក្លាដែស (ដែល)ឆ្នាំទៅប្រាក់បៀវត្ស និយាយរួម ប៉ុន្មានឆ្នាំហើយអត់ឡើងទេ នៅតែ ៦៧ ដុល្លារ ប៉ុន្តែឥឡូវគាត់ឡើងដល់ ៩៦ ដុល្លារ ។ នៅបង់ក្លាដែសដូចស្រុកខ្មែរអញ្ចឹង បោះឆ្នោតកន្លងទៅនេះ លោកជំទាវ Sheikh Hasina ឈ្នះភ្លូកទឹកភ្លូកដី ដូចគណបក្សប្រជាជនអញ្ចឹង ប៉ុន្តែ នៅមានក្រុម ២ អត់(ទទួលស្គាល់)។ ប្រកាសផ្តន្ទាទោស។ ឲ្យតែអ្នកណាឈ្នះច្រើន គេអត់ទទួល​។ តែលោកជំទាវ Sheikh Hasina ហ្នឹងដូចខ្ញុំដែរ ទទួលមិនទទួល “អញមិនដឹង អញដឹងថា ប្រជាជនអញបោះឆ្នោត”។ គាត់ឈ្នះថ្ងៃ ១ ថ្ងៃ ៣ គាត់ប្រជុំសភា សភាចូលស្បថ គាត់បន្តរឿងរបស់គាត់ទៅ អត់ចាំបាច់ឲ្យអង្គការសហប្រជាជាតិទទួលស្គាល់ ព្រោះអត់មានលក្ខខណ្ឌអញ្ចឹងផង​។ ប៉ុន្តែ ស្លាប់ ១៧ នាក់ និងរបួសប៉ុន្មានអ្នកឯណោះ នៅក្នុងការបោះឆ្នោតនៅបង់ក្លាដែសរយៈពេលកន្លងទៅ។

ការប្រកួតប្រជែងតម្លៃពលកម្ម ងាយនឹងទាញរោងចក្រចេញពីយើង

អញ្ចឹងទេ ស្ថានភាពទាំងអស់នេះ គឺជាស្ថានភាពដែលក្មួយៗនៅទីនេះ យើងមិនត្រូវភ្លេចថា មិនមែនមានតែកម្ពុជាមួយ ជាអ្នកផលិតសំលៀកបំពាក់ ឬស្បែកជើងសម្រាប់ការនាំចេញទេ។ ប្រទេសច្រើនណាស់ ដែលខ្ញុំសុំរៀបរាប់ ដើម្បីឲ្យក្មួយៗយល់។ ឥឡូវនេះ សម្រាប់ប្រាក់បៀវត្សឆ្នាំនេះ គឺជាប្រាក់បៀវត្សដែលមានការប្រកួតប្រ​ជែង រវាងយើង និងប្រទេសដទៃ ដែលពូសុំរៀបរាប់ដើម្បីឲ្យយើងបានដឹង។ សម្រាប់កម្ពុជាយើង ឆ្នាំទៅ ១៧០ ដុល្លារ ឥឡូវនេះ ១៨២ ដុល្លារ នេះសម្រាប់កម្ពុជា។ ដល់ទៅប្រទេសបង់ក្លាដែស ឆ្នាំទៅ ៦៧ ដុល្លារ ឥឡូវនេះ គឺ ៩៦ ដុល្លារ។ ប្រទេសស្រីលង្ការ ឆ្នាំទៅ ៦៧ ដុល្លារ ឆ្នាំនេះនៅ ៦៧ ​ដុល្លារ ដដែល។ ឥណ្ឌាឆ្នាំទៅ ៧៧ ដុល្លារ ដល់ ១៤៣ ដុល្លារ អាហ្នឹងនៅប្រទេសឥណ្ឌា។ ឥឡូវឆ្នាំនេះ ៨១ ដុល្លារ ដល់ ១៥០ ដុល្លារ ព្រោះមានតំបន់ខ្លះទាប តំបន់ខ្លះខ្ពស់។ ប្រទេសមីយ៉ាន់ម៉ា ឆ្នាំទៅ ១០៨ ដុល្លារ ឆ្នាំនេះ ១០៨ ដុល្លារ ដដែល អត់មានឡើងទេ។ ឥណ្ឌូនេស៊ី ឆ្នាំទៅ ១០៦ ដុល្លារ ដល់ ២៦៧ ដុល្លារ។ ឆ្នាំនេះ ១០៦ ដុល្លារ ដល់ ២៦៧ ដុល្លារ អត់មានឡើងទេ។ នៅវៀតណាម ឆ្នាំទៅ ១២២ ដុល្លារ ដល់ ១៧៥ ដុល្លារ  ឆ្នាំនេះបានឡើង ១២៨ ដុល្លារ ដល់ ១៨៤ ដុល្លារ ព្រោះគេមានតំបន់ខ្លះបានតែ ១២៨ ដុល្លារទេ តំបន់ ខ្លះបាន ១៨៤ ដុល្លារ ។ នៅឡាវ ឆ្នាំទៅ ១៣៣ ដុល្លារ ឆ្នាំនេះនៅ ១៣៣ ដុល្លារ អត់ឡើងទេ។ នៅប៉ាគីស្ថាន ឆ្នាំទៅ ១៣៤ ដុល្លារ  ឆ្នាំនេះឡើង ១៣៩។ ដូច្នេះ កុំភ្លេចថា ប្រទេសដែលមានប្រាក់ឈ្នួលទាបជាងយើង ជាប្រទេសដែលងាយគេបង្វែររោងចក្រទៅកន្លែងនោះ។ ជួនកាល ប្រទេសដែលមានប្រាក់ឈ្នួលទាបជាងយើង ទាញរោងចក្រចេញពីប្រទេសរបស់យើង ដែលនៅទីបំផុតនឹងធ្វើឲ្យប្រទេសរបស់យើងបាត់បង់នូវការងារធ្វើរបស់កម្មករ។

អំពាវនាវឲ្យមានសាមគ្គីភាព កុំឲ្យមានបងតូច បងធំ គ្រឿងញៀន និងការចម្លងមេរោគអេដស៍

ជាមួយនឹងការអំពាវនាវឲ្យមានសាមគ្គីភាព ពូក៏នៅតែបន្តអំពាវនាវឲ្យរោងចក្រទាំងអស់ ខិតខំធ្វើយ៉ាងម៉េច ក្នុងចំណោមរោងចក្ររបស់យើង កុំឲ្យមានបងតូច បងធំ កុំឲ្យមានក្រុមគ្រឿងញៀន ហើយក៏ប្រសិនបើមានបញ្ហាទាក់ទងនឹងមេរោគអេដស៍ កុំឲ្យកន្លែងនោះក្លាយទៅជាកន្លែងចម្លងមេរោគអេដស៍ ដែលវាក្លាយទៅជាបញ្ហាសង្គមដ៏ធំ។ កម្រិតមេរោគអេដស៍របស់យើងថយចុះ ប៉ុន្តែអ្នកដែលមានផ្ទុកមេរោគអេដស៍ជាបុរស មិនត្រូវទៅចម្លងចំពោះស្រ្តីណាផ្សេងទេ ជាស្រ្តី ក៏មិនត្រូវចម្លងទៅបុរសណាផ្សេងដែរ។ យើងត្រូវខិតខំទាំងអស់គ្នា ​ដើម្បីឲ្យប្រទេសជាតិរបស់យើង មិនមែនជាប្រទេសនៃការរីករាលដាលនៃជំងឺអេដស៍នោះទេ។ សុំកុំឲ្យរោងចក្រមួយៗមានការពាក់ព័ន្ធជាមួយគ្រឿងញៀន។ ត្រូវមានការអធ្យាស្រ័យ ហើយមានការអប់រំគ្នា ចេះជួយគ្នាដើម្បី សេចក្តីសុខទាំងអស់គ្នា។

បន្តតាមដានអនុសាសន៍ ១០ ចំណុចតទៅទៀត

ដូចដែលឯកឧត្តម អ៊ិត សំហេង បានលើកឡើងនៅក្នុងរបាយការណ៍របស់ខ្លួនហើយ អំពីការតាមដាននូវវិធានការណ៍ អនុសាសន៍ ទាំង ១០ ចំណុច  ហើយនៅក្នុង ១០ ចំណុចនេះ ឆ្នាំនេះយើងបន្ត។ ថ្ងៃនេះ ក្មួយៗ មានផ្ទៃពោះ មានរហូតដល់ ៨៦១ នាក់។ ចំនួននេះ បើយើងប្រៀបធៀបជាមួយនឹងចំនួនដែលខ្ញុំជួបមុនៗ ចំនួនប៉ុណ្ណឹងដែរ ក៏ប៉ុន្តែ មានត្រឹមតែ ៧០០ ទេ។ ឥឡូវជួបចំនួនប៉ុណ្ណឹងដែរ ឡើងជាង ៨០០។ កន្លែងនេះដូចជាប្រឹងប្រែងយកកូន។ បន្តិចទៀតនឹងយកកូនកាន់តែច្រើនហើយ។ ឥឡូវសូមសួរបន្តិចអ្នកត្រៀមចូលរោងការមានប៉ុន្មានទៅ? សូមលើកដៃ ទាំងស្រីទាំងប្រុស។ ម៉ែអើយ! មិនចេះតិចវើយ។ ឥឡូវហ្នឹង វិបត្តិអាចារ្យ វិបត្តិភ្លេងការ រកអ្នកកាត់សក់មិនបានទេខែនេះ។ ជួនកាលអ្នកកាត់សក់កន្លែងខ្លះត្រូវកាត់សក់ ២ រោង/មួយព្រឹក ក៏មានដែរ ប៉ុន្តែក្នុងហ្នឹងវិបត្តិអាចារ្យ បានដោះស្រាយបញ្ហាមួយចំនួនហើយ។ ប្រហែលជាជាង ១០ ឆ្នាំមុន បានប្រកាសថា កម្ពុជាមានវិបត្តិអាចារ្យ ព្រោះអាចារ្យខ្លះ ព្រឹកទៅការកូនគេ ល្ងាចទៅខ្មោច។ អាចារ្យខ្មោច គេមិនឲ្យកាន់ពេលាការទេ។ ឥឡូវគឺក្រសួងធម្មការ និងសាសនា ក៏បានបណ្តុះបណ្តាលអាចារ្យ និងអាចារិនីបានច្រើនណាស់ដែរ …។

អនុវត្តខ្ជាប់ខ្ជួនការផ្តល់ការឈប់សម្រាក ៣ ខែ បៀវត្សរ៍ ១២០% និងឧបត្ថម្ភពីរាជរដ្ឋាភិបាល

ឥឡូវនេះ ហេតុអីបាន(ជាការហើយ)មិន(ទុកពោះទំនេរ)យូរ? ដោយសារតែយើងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ក្នុងឆ្នាំ ២០១៨ កន្លងទៅកម្មការិនីឆ្លងទន្លេទទួលបានការឈប់សម្រាករយៈពេល ៣ ខែ ជាមួយនឹងប្រាក់បៀវត្ស ១២០%។ បានសេចក្តីថា មិនទាន់ឆ្លងទន្លេ ប្រាក់ខែបានតែ ១៨២ ដុល្លារទេ ប៉ុន្តែដល់ពេលឆ្លងទន្លេ រយៈពេល ៣ ខែ ឡើងទៅដល់ ២១៨ ដុល្លារ។ អញ្ចឹង ពេលដែលកំពុងធ្វើការ ប្រាក់ខែទាបបំផុត ១៨២ ដុល្លារ ប៉ុន្តែ ដល់ឆ្លងទន្លេភ្លាម ប្រាក់ខែឡើងជាង ២០០ ដុល្លារ។ អញ្ចឹងទេ វាច្រើនដែរ ១២០% បូកជាមួយរាជរដ្ឋាភិបាលឆ្នាំកន្លងទៅ ចំណាយអស់ជាង ៦ លានដុល្លារ សម្រាប់ការឧបត្ថម្ភចំពោះកម្មការិនីដែលឆ្លងទន្លេ … ខាងមុខនេះ យើងនឹងបន្តអនុវត្តចំពោះស្ត្រីក្រីក្រ ដែលមានផ្ទៃពោះ រហូតទៅដល់ឆ្លងទន្លេ និងរហូតទៅដល់ ២ ឆ្នាំ ដែលត្រូវផ្គត់ផ្គង់ ដើម្បីកាត់បន្ថយអត្រាស្លាប់របស់មាតា និងទារកនេះម្ខាង និងម្ខាងទៀត បង្កើនអាហារូបត្ថម្ភ និងសុខភាពរបស់មាតា និងកុមារ។ នេះគឺជាផ្នែកមួយ នៃនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ហើយដែលយើងបានចាប់យកក្នុងចំណោមកម្មករអនុវត្តមុនគេ។

កំណត់ពេលសម្រាប់កម្មការិនីមានផ្ទៃពោះចេញមុនម៉ោង

ឥឡូវសុំសួរមួយទៀត តើក្មួយៗជាកម្មការិនី ដែលមានផ្ទៃពោះនេះ ឥឡូវនេះ គេឲ្យចេញមុនម៉ោងបានប៉ុន្មាននាទីទៅ? ១៥ នាទី។ ចុះកាលពីពេលដែលមុននោះ កាលមុន គេឲ្យប៉ុន្មាន? ១០ នាទី។ រឿងវាអញ្ចេះ មានរោងចក្រខ្លះគេឲ្យ ៥ នាទី រោងចក្រខ្លះឲ្យ ១០ នាទី រោងចក្រខ្លះឲ្យ ១៥ នាទី រោងចក្រខ្លះឲ្យ ២០ នាទី រោងចក្រខ្លះឲ្យច្រើនជាងហ្នឹងទៀត។ ប៉ុន្តែ ពូបានស្នើសុំរោងចក្រទាំងអស់មេត្តាផ្តល់ឲ្យ(យ៉ាងហោច) ១៥ នាទី ប៉ុន្តែ សុំបញ្ជាក់ក្មួយៗឲ្យច្បាស់ បើគេឲ្យចេញ ១៥ នាទី អាហ្នឹងត្រឹមត្រូវ ឲ្យតែ ១៤ នាទី ខុស ប៉ុន្តែបើឲ្យ ១៦ នាទីឡើង អាហ្នឹងត្រូវ។ ប្រាក់បៀវត្សក៏អញ្ចឹងដែរ ឲ្យ ១៨២ ដុល្លារ ត្រូវ ឲ្យ ១៨១ ដុល្លារ ខុស ឲ្យ ១៩០ ឡើងលើ ត្រូវទាំងអស់ ឲ្យតែឡើងចាប់ពី ១៨៣ ទៅ ត្រូវទាំងអស់ ឲ្យច្រើនកាលណា គឺត្រូវកាលហ្នឹង។ សុំថៅកែៗ ជួយពិនិត្យផង … ឥឡូវគេឲ្យធ្វើការដល់ប៉ុន្មានខែ ទើបឲ្យសម្រាក? (អាស្រ័យលើកម្មការិនី) ខ្លះសុំឈប់ ខ្លះគេបន្ត។ យើងគួរតែកំណត់ដែរ។ តាមរោងចក្រខ្លះ សុំឲ្យក្រុមថៅកែៗ បើសិនជាផ្តល់ការយោគយល់ ឥឡូវឧទាហរណ៍ថា ពី ១ ខែដល់ ៥ ខែ អាហ្នឹងឲ្យ ១៥ នាទី ខែទី ៦ ដល់ទី ៧ អាចឡើងដល់ទៅ ២០ នាទី។ ប៉ុន្តែ បើធ្វើការដល់ខែទី ៨ ទៀត អាហ្នឹងឲ្យលើសពីហ្នឹងថែមទៀត ក៏ជាការល្អដែរ …។

វិសោធនកម្មច្បាប់ការងារ បញ្ជាឲ្យបើកប្រាក់អត្ថប្រយោជន៍ ៦ ខែម្តង

ហើយក៏ត្រូវតាមដានឲ្យបានដិតដល់នូវកិច្ចការទាំងឡាយដែលយើងបានធ្វើកន្លងទៅ។ រឿងមួយ ដែលពូត្រូវនិយាយនៅថ្ងៃនេះ ព្រោះកន្លងទៅមានបាតុភាព រាប់ទាំងក្នុងខេត្តតាកែវក៏មានរឿងនេះកើតឡើង ក្រៅពីទីក្រុងភ្នំពេញប៉ុន្មានរោងចក្រ។ រឿងប្រវត្តិរបស់វាអញ្ចេះ ដែលក្មួយៗត្រូវចាំ ហើយយើងត្រូវយល់បញ្ហានេះទាំងអស់គ្នា ព្រោះមិនមែនជាបញ្ហាដាច់ដោយឡែករបស់ថៅកែរោងចក្រទេ ជាបញ្ហារបស់យើងតែម្តង​។ មុនគេសួរថា បើរោងចក្រត្រូវបិទ តើអ្នកដែលទទួលផលវិបាកមុនគេគឺជាអ្នកណា? មិនមែនថៅកែទេ អ្នកដែលទទួលផលវិបាកមុនគេគឺកម្មករ ដែលធ្លាប់តែមានប្រាក់ចំណូល មានការងារធ្វើ ត្រូវបាត់បង់ទាំងអស់ ក្នុងតែមួយថ្ងៃទេ មិនចាំ​បាច់ច្រើនថ្ងៃទេ។ មុននេះ មានប្រវត្តិម្ចាស់រោងចក្ររត់ចោលកម្មករ បន្សល់ទុកការលំបាកនោះឲ្យរាជរដ្ឋាភិបាល ដែលមកដល់ពេលនេះ ខ្ញុំនៅចាំបានជាង ២២ លានដុល្លារសហរដ្ឋអាមេរិក ដែលបញ្ចេញទៅឲ្យដោះស្រាយបៀវត្សរ៍ផង ដោះស្រាយប្រាក់អតីតភាពផង។ អញ្ចឹងទេ ដើម្បីដោះស្រាយបញ្ហានេះ យើងបានធ្វើវិសោធនកម្មច្បាប់ការងាររបស់យើង ដែលមុននេះ អូសបន្លាយពេល នៃការផ្តល់ប្រាក់អត្ថប្រយោជន៍ទៅឲ្យកម្មករ/ការិនីរបស់យើង មកឲ្យធ្វើការទូទាត់ក្នុងរយៈពេល ៦ ខែម្តង។

មានអ្នកញុះញង់ឲ្យទូទាត់ប្រាក់អត្ថប្រយោជន៍ផ្តាច់ ដែលអាចនាំឲ្យបាត់បង់ ២/៣ រោងចក្រនៅប្រទេសយើង

ប៉ុន្តែ ពូអត់នឹកដល់ថា ស្រាប់តែមានរោងចក្រប្រហែលជា ៦ រោងចក្រនៅទីក្រុងភ្នំពេញ ៣ នៅតាកែវ ២ កំពង់ស្ពឺ ១ បែរជាសុំទូទាត់នៅខែ មករា ហ្នឹងផ្តាច់តែម្តង។ ឥឡូវពូសុំសួរបញ្ជាក់ត្រឡប់ទៅវិញ តើទុកឲ្យរោងចក្រនេះ​ក្ស័យធនតាមរយៈការប្រមូលទុនទាំងអស់យកមកបើកឲ្យកម្មករតែក្នុងមួយពេល រួចហើយបិទរោងចក្រឬយ៉ាងណា? ក្មួយៗពិចារណាមើលទៅ។ ពីមុននេះ ៣-៤ ឆ្នាំ មិនទាន់ទាំងទូទាត់ផង ទាល់​តែគេបញ្ឈប់បានគេទូទាត់ឲ្យ។ ឥឡូវនេះ តើមានក្រុមញុះញង់មកពីត្រង់ណាទៅ ដែលបង្កើតឲ្យមានស្ថានភាពបើកផ្តាច់នៅក្នុង ខែ មករា ឆ្នាំ ២០១៩ នេះ។ បើសិនធ្វើដូចនេះ រោងចក្រមួយប្រទេសរបស់យើងនឹងត្រូវបិទទ្វារ អាចថាបិទទ្វារ ២/៣ ខ្ញុំហ៊ាននិយាយថា ២/៣ ព្រោះផែនការបង្វិលទុនរបស់ម្ចាស់រោងចក្រកាលពីពេលមុន គឺអនុវត្តតាមច្បាប់ចាស់ មិនមែនអនុវត្តតាមច្បាប់ថ្មីនោះទេ … បើសិនជាក្មួយៗទាមទារទូទាត់ក្នុងតែមួយពេល រោងចក្រមិនតិចជាង ២/៣ ទេ។ ក្មួយៗបានហើយលុយ ប៉ុន្តែបន្ទាប់ពីហ្នឹងទៅ ក្មួយៗនឹងចប់ អស់ការងារធ្វើហើយ ព្រោះរោងចក្រទាំងនោះនឹងចូលដល់កម្រិតក្ស័យធន។ អញ្ចឹងអ្នកដែលខាតបង់ទីបំផុតគឺកម្មករ/ការិនីរបស់យើងតែម្តង។

សហជីពដឹកនាំតវ៉ារឿងទូទាត់ប្រាក់អត្ថប្រយោជន៍ផ្តាច់ បញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់

អញ្ចឹងទេ រាជរដ្ឋាភិបាលបានខិតខំរកដំណោះស្រាយឈ្នះឈ្នះ ដោយមិនទុកឲ្យកម្មករចាញ់ មិនទុកឲ្យថៅកែចាញ់ ហើយមិនទុកឲ្យរាជរដ្ឋាភិបាលចាញ់ ព្រោះកន្លងទៅរាជរដ្ឋាភិបាលតែងតែជាអ្នកចាញ់រហូត អស់លុយជាង ២២ លានដុល្លារសហរដ្ឋអាមេរិក សងចំពោះកម្មករ/ការិនីរបស់យើង នៅពេលដែលថៅកែរត់ចោល​។ ឥឡូវនេះ សុំក្មួយៗមេត្តាយោគយល់ មិនឲ្យធ្វើទៅរួចទេ។ បើចង់ចាប់បង្ខំធ្វើ ថៅកែហ្នឹងមានតែបិទទ្វាររោងចក្រ ហើយទីចុងបំផុតក្មួយៗមានតែអស់ការងារធ្វើតែប៉ុណ្ណឹង។ ឥឡូវនេះ ប្រាក់ហ្នឹងវាអត់ទៅណាទេ តែគ្រាន់តែសុំ ៦ ខែ បើកយកម្ដងៗ។ ទីចុងបំផុត វានៅតែជាប្រាក់សន្សំរបស់យើងដដែល​។​ ប្រសិនបើ​កំពុងតែដំណើរការ ម្ចាស់រោងចក្រនោះរត់ចោលទៅទៀត បន្ទុកនោះនឹងធ្លាក់លើរដ្ឋាភិបាល​ដដែល មិនដែល​ឲ្យក្មួយ​ៗណាខាតទេ។ អញ្ចឹងទេ អំពាវនាវដល់សហជីព ដែលដឹកនាំកម្មករ​ធ្វើបាតុកម្ម​ កូដ​កម្មលើបញ្ហា​នេះ សូមបញ្ឈប់ជាបន្ទាន់នូវសកម្មភាព ​ដែលវាចូលទៅក្នុងស្ថានភាពជ្រុលនិយម​នេះ​។​ ការខាតបង់​បែប​នេះមិនគួរអោយកើតមានសម្រាប់ពលរដ្ឋរបស់យើងទេ​ ជាពិសេសក្នុងចំណោមកម្មករ​/ការិនី​របស់យើង​ដែល​ធ្លាប់ទទួលបានប្រាក់ជាប្រចាំ ហើយលឺរោងចក្រណាមួយថា បើកប្រាក់ឈ្នួលឲ្យកម្មករ​ទៀងទាត់ណាស់ ប៉ុន្តែ វាបានកើតចំរោងចក្រហ្នឹងតែម្ដង​​ នៅទីក្រុងភ្នំពេញ។ នេះបើតាមខ្ញុំទទួលព័ត៌មាន។ អញ្ចឹងទេ ​គួរ​ត្រូវបានបញ្ឈប់​(បាតុកម្ម កូដកម្ម)។ រង់ចាំ ៦ ខែ​ ពេលនោះនឹងទទួលបានប្រាក់អត្ថប្រយោជន៍ …។

អ្នកខាតបង់មុនដំបូងគេ គឺមានតែកម្មករ

បើយ៉ាងដូច្នោះ​ ពូប៉ាន់ស្មាន រោងចក្រមិនតិចជាង ២/៣ នៃរោងចក្រ គិតថា យើង​នឹងត្រូវអស់រោងចក្រប្រហែលជា ឥឡូវយើងមាន ១.១៥៩ រោងចក្រ អាចបាត់បង់អស់ ៨០០ រោងចក្រ តាមការប៉ាន់ស្មាន។ បើអញ្ចឹង​កម្មករ/ការិនីរបស់យើងនឹងអត់មាន​ការងារធ្វើ​ទេ។ … (រឿងនេះ)យើងគឺជាអ្នក​បង្កើតដោយខ្លួនឯង យើងជាអ្នកបំផ្លាញការងារដោយខ្លួនឯង។ មិនគួរឲ្យមានទេ​។​​ រឿងនេះនឹងរីក​រាលដាល​ហើយ បើធ្វើលើរោង​ចក្រមួយ រោងចក្រដទៃនឹងធ្វើទាំងអស់។ ដូច្នេះខ្ញុំសូមយកឱកាស​នេះអំពាវនាវទៅកាន់ទីកន្លែង(នានា)​ មិនដឹងថា ក្នុង​ចំណោមរោងចក្រដែលទាមទារនេះ មានរោងចក្រ​ក្មួយៗដែលមក​ទីនេះ ឬអត់? នេះជាការពន្យល់ហេតុផល។  មុននេះទាល់តែគេបញ្ឈប់យើង ទើបគេផ្ដល់ប្រាក់​អត្ថប្រយោជន៍ ​ប៉ុន្ដែឥឡូវនេះ ច្បាប់បានកែ​សម្រួល​ហើយ ៦ ខែ បានយើងបើកម្ដង​ តាមដំណាក់ៗរបស់វា។ ឥឡូវ សូម្បីតែទាមទារបើកមុន ៦ ខែ ក៏​វាខុស​ច្បាប់​នោះបាត់ទៅហើយ។ នេះមិនមែនជាវិធីល្អក្នុងការដោះស្រាយបញ្ហាទេ។ សូមឲ្យមានការ​យោគ​យល់គ្នា។ បើគ្មាន​ការយោគយល់ទេ អ្នកដែលខូចខាតផលប្រយោជន៍ គឺប្រទេសជាតិ ហើយមុន​ដំបូងគឺកម្មករ/ការិនី​របស់យើង ដែលធ្លាប់​មានការងារធ្វើ ធ្លាប់ទទួលបានប្រាក់ចំណូល ទៅជាអត់ប្រាក់ចំណូល​​អាហ្នឹងគឺចប់​ត្រឹម​ប៉ុណ្ណឹង។​

កាត់បន្ថយពន្ធគយតំបន់ពាណិជ្ជកម្មសេរីអាស៊ាន និងជាមួយប្រទេសដទៃ មិនបន្ថយចំណូលពន្ធគយ

ប្រសិនបើរោងចក្រត្រូវបិទ គឺមិនមែនជារឿងតូចតាចទេ​​ ហើយបិទដោយភាពក្ស័យធន មិនមែនដោយសារ ​ភាពអនុគ្រោះនោះទេ​។ គេនាំចូលមកប្រទេសរបស់យើង គេក៏បង់ពន្ធ យើងក៏នាំចូលទៅប្រទេសខ្លះ យើងក៏​បង់ពន្ធ ​យើងនាំចូលទៅប្រទេសខ្លះ មានការអនុគ្រោះពន្ធ ប៉ុន្ដែទីចុងបំផុត មុខរបរក្នុងវិស័យពាណិជ្ជកម្ម​នៅ​ក្នុងក្រប​ខណ្ឌតំបន់ពាណិជ្ជកម្មសេរី​ អាហ្នឹងគឺមានការលើកគ្នាទៅវិញទៅមក។ គេនាំមកយើងថយពន្ធប៉ុណ្ណា យើងនាំទៅគេវិញថយ​ពន្ធប៉ុណ្ណឹង​។ ដូច្នេះបានជានៅក្នុងបារ៉ាស់ពន្ធប្រចាំឆ្នាំ យើងចុះ​រៀងរាល់ឆ្នាំ ​គឺត្រូវ​កាត់​បន្ថយបន្ទាត់ពន្ធគយជារៀងរាល់ឆ្នាំ​។ ពិតហើយ ការកាត់បន្ថយពន្ធគយជារៀងរាល់ឆ្នាំ តាមក្របខណ្ឌ​តំបន់​ពាណិជ្ជកម្មសេរីរបស់អាស៊ាន និងក្របខណ្ឌសេរីជាមួយប្រទេសដទៃ មិនបានធ្វើឲ្យប្រាក់ចំណូលពន្ធគយ​របស់យើងថមថយទេ ផ្ទុយទៅវិញ ប្រាក់ចំណូលពន្ធគយរបស់យើងមានការកើនឡើងទៅវិញ។

សហជីពដឹកនាំបាតុកម្ម ជាសហជីពគាំទ្រគណបក្សប្រជាជន

… ខ្ញុំលឺសូររឿងនេះប៉ុន្មានថ្ងៃហើយ លឺថា កន្លែងរោងចក្រណា​មួយនោះធ្វើ​បាតុកម្ម អ្នក​ដឹកនាំធ្វើបាតុកម្មនោះជាសហជីពដែលគាំទ្រគណបក្សប្រជាជនទៅទៀត។ អញ្ចឹង អាហ្នឹងវានៅ​(បន្លំ)ជាមួយគណបក្សប្រជាជន … វាអត់យល់កិច្ចការស្អីទេអី? ក្មួយៗអើយ! ទោះបីសហ​ជីព​ណាក៏ដោយ ដឹកនាំមិនត្រឹមត្រូវ ​កុំទៅតាមអី វាខូចប្រ​យោជន៍យើង។ ចំណុច​អស់ទាំងនេះ មិនគួរឲ្យមាន​ទេ។ ថ្ងៃនេះ… និយាយ ១ ម៉ោង ១៥ នាទី ល្មមហើយ។ នយោបាយ ខ្ញុំអត់និយាយទៀត​ទេ ព្រោះ​ខ្ញុំបាននិយាយអស់ហើយ។ អ្នកដទៃទៀត ស្ដាប់បាន ឬមិនបាន(អ្វីដែលនិយាយពី)ពេលមុន សូមឲ្យទៅតាម​ដំណើរ​ទៅ ខ្ញុំអត់​និយាយតទៅទៀតទេ។ ខ្ញុំមិនតមាត់ជាមួយអ្នកណាទេ។​ ពាក្យខ្មែរ ពាក្យយោធា ដូចដែល​ខ្ញុំ​និយាយ​ពីឆ្នាំ ២០០៣ ឬដើមឆ្នាំ ២០០៤ ពេលហ្នឹងបង្កើតរដ្ឋាភិបាលមិនបាន ខ្ញុំបានប្រាប់ទៅលោក ញឹក ប៊ុនឆៃ​ ខ្ញុំថា “ឆៃ ប្រាប់ទៅគណបក្សលោក ឆៃ ឯងទៅ ភាសាយោធា បើនិយាយស្ដាប់គ្នាមិនបាន​ អញមិ​ន​និយាយរកហ្អែងតែម្ដង”។ ឥឡូវចាំមើលទៅ សភាពការណ៍ខ្មែរវាទៅដល់ណា​? ធ្វើអីធ្វើទៅ យើងវា​អត់​ទៅណាទេ …។

កសិកម្ម ឧស្សាហកម្ម សេវា សុទ្ធតែកំពុងរីកលូតលាស់, តួលេខទេសចរបឋម ៦ លាននាក់

ប៉ុន្ដែ​រឿងដទៃ​ទៀត ​វិស័យកសិកម្ម ក៏កំពុង​រីក​លូតលាស់ វិស័យឧស្សាហកម្ម ក៏កំពុងរីកលូតលាស់​ និងវិស័យសេវាក៏កំពុងរីកលូតលាស់។ កន្លងទៅ ចំនួនទេសចរ​របស់យើង ខ្ញុំនៅតែមិនទាន់ទទួលតួលេខ​ជាក់លាក់នេះ ខ្ញុំនៅតែនិយាយតួលេខជិត ៦ លាន ព្រោះខ្ញុំធ្វើម៉េច បើមិនទាន់ដាច់ឆ្នាំផង លោកឯងហ៊ាននិយាយដល់ ៦ លាន ដល់អាហ្នឹងគេថាយើងអ្នកមិនប្រាកដប្រជា យកតួលេខស្រមៃ។ ខ្ញុំរង់ចាំតួលេខពិតប្រាកដនៅចុងឆ្នាំនេះ​ វាបានប៉ុន្មាន? ប៉ុន្ដែ មានតួលេខ ដែលគេហៅថា ការបូកសរុបជា​បឋម មានដល់ទៅ ៦ លាន នាក់នោះ។​ បើស្រុកយើងអសន្ដិសុខ គេមិនមកលេងប្រទេសរបស់យើងទេ … ខ្ញុំមិននិយាយរឿងបញ្ហានយោបាយ​​​មិននយោបាយស្អីទេ អ្នកណាចង់ទៅងាប់នៅណា​ងាប់ទៅ កុំទៅខ្វល់ពេក។

ចម្រៀង អរគុណមករា

គិតប្រជាជន ១៦ លាននាក់ នៅ​ក្នុង​ប្រទេសនេះ ធ្វើម៉េចឲ្យប្រជាជន ១៦ លាន នាក់ មានបាយទទួលទាន សំលៀកបំពាក់ ថ្នាំស្កូវ ការពិនិត្យ​ព្យា​បាលជំងឺ ដែលត្រូវតាមដានឲ្យហ្មត់ចត់ ការពិនិត្យព្យាបាលជំងឺ ក្នុងចំណោមកម្មករ គឺឥតគិតថ្លៃទេ។​ មាន​ផ្ទះសម្បែង មធ្យោបាយធ្វើដំណើរ និងមានរបស់ប្រើប្រាស់ សេចក្តីត្រូវការរបស់មនុស្ស គឺគិតគូរអាហ្នឹង។​ ចង់​អ្នក​ណានិយាយពីអី និយាយទៅ។ ហ្អែងនិយាយ ១ ម៉ឺនគីឡូពីហ្នឹង ​និយាយទៅ​ ហើយគេថា ខ្ញុំហ្នឹងអសុរោះ​ណាស់ … ឥឡូវមិន​បាច់​និយាយទេ ខ្ញុំស្ដាប់ចំរៀងពិរោះជាង។ អញ្ចឹងបើសិនធ្វើដូចនេះពបើកផ្តាច់នៅក្នុងខែមករាំងទូទាត់ផង ់្ហានេះ យើងបានធ្វើវិសោធនកម្មច្បាប់ការងាររបស់យើងមានចម្រៀងមួយបទ ដែលថ្ងៃមុន មិនដឹងថាមានចេះឬនៅ? «អរគុណមករា» ចម្រៀង​របស់ ខេម។ អញ្ចេះ ថ្ងៃមុនហ្នឹងចំថ្ងៃ ៧ មករា ​រួចដល់ទៅពេលលោក ឡោ សារិត នោះ គាត់ទៅយកចម្រៀងរបស់ ខេម មកច្រៀងលំនាំបទ រងាផ្កាគ ដល់អញ្ចឹងស្តាប់ទៅវាពិរោះ វាដូចជាចម្រៀងថ្មី។ ដល់អញ្ចឹង យើងក៏ comment ចូលទៅថា ចម្រៀងដែលលោក សារិត ច្រៀង ស្មានតែគាត់និពន្ធហើយច្រៀង ស្រាប់តែ comment ចូលទៅថាឲ្យគាត់ច្រៀងឡើងវិញ ស្រាប់តែខាងនោះ គេប្រាប់មកវិញថា ចម្រៀងនោះជាចម្រៀងរបស់លោក ខេម។ ឯងក៏បើកទៅ YouTube បើកទៅឃើញបទ អរគុណមករា រួចហើយក៏បញ្ជូនអាហ្នឹងទៅ WhatsApp របស់លោក (អ៊ុក) ណារីម នោះ។ ពិរោះមែន អាហ្នឹងដូចជាលំនាំបទ រងាផ្កាគ។ ​ដាក់អាហ្នឹងតែម្តងទៅធ្លាក់ខ្យល់ពីជើងអញ្ចេះ។ ចេះហើយឬ? ចេះហើយ។ ថ្ងៃណាហៅ ខេម មកច្រៀងផងទៅ ដាក់ រងាផ្កាគ។ រងាផ្កាគ របស់ កែវ សារ៉ាត់ និងរបស់ ខេម ខ្ញុំស្តាប់របស់ ខេម ពិរោះជាង។ នេះដោយត្រចៀករបស់យើងទេ។ ប៉ុន្តែ ឥឡូវ មានបទមួយលំនាំ​បទ រងាផ្កាគ ក៏ប៉ុន្តែ អរគុណមករា អញ្ចឹងតែម្តង …។

ឡើងគីឡូ ពិបាកនឹងនៅស្ងៀមមួយកន្លែង

ថ្ងៃនេះ មានអីទៀត ខ្ញុំមានភ្លេចអីទៀត និយាយទៅមើល? ឥឡូវ ក្មួយៗអើយ ពូអត់សុំឲ្យក្មួយៗជូនពរអីទេ បើថាជូនពរៗឲ្យពូចុះគីឡូ។ គ្រូពេទ្យគេឲ្យនៅក្រោម ៧៤ គីឡូ មុនមកហ្នឹង ថ្លឹង ៧៨ កន្លះ។ ថ្ងៃមុន នៅស្ទឹងត្រែងដល់ទៅ ៨០ គីឡូ រួចហើយព្រឹកមិញ អាមួយនោះវាថាពោះធំ។ ចុះបើមិនធំយ៉ាងម៉េច បើពោះអញវាអញ្ចឹង។ យើងកាន់តែដល់អាយុ កម្ពស់វាដល់ ១,៧០ ម៉ែត្រ ប៉ុន្តែ ពួកប្រដាល់ ១,៧០ ម៉ែត្រ តែ ៦៥ គីឡូទេតើ តែយើងវាមិនមែនអ្នកប្រដាល់ឯណា យើងដល់អាយុឡើងទៅហើយ ដល់អញ្ចឹងនៅពេលដែលយើងឈរមួយកន្លែងអញ្ចឹង វាលំបាក តែបើសិនជាធ្វើដំណើរមិនមានបញ្ហាអ្វីទេ។ ថ្ងៃនេះ បានមកជួបជុំហើយ តាមរយៈក្មួយៗអនុញ្ញាតឲ្យពូ​ផ្ញើសួរសុខទុក្ខចំពោះជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗ និងអរគុណពួកគាត់ផងប្រសិនបើពួកគាត់នៅរស់។ តាមរយៈក្មួយៗ ក៏សូមផ្ញើសួរសុខទុក្ខទៅដល់អ្នកភូមិទាំងឡាយ ហើយអរគុណគាត់ផងដែរ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងរយៈពេលកន្លងទៅនេះ។ យើងនឹងបន្តដំណើររួមគ្នាតទៅទៀត ដើម្បីការរីកលូតលាស់នៃសេដ្ឋកិច្ចរបស់យើង។

ជូនពរអ្នកមានផ្ទៃពោះ

សម្រាប់ក្មួយៗទាំង ៨៦១ នាក់ ដែលមានផ្ទៃពោះថ្ងៃនេះ សង្ឃឹមថា ក្មួយៗនឹងបានកូនប្រុសស្រីដែលគួរឲ្យ​ស្រឡាញ់ និងវ័យឆ្លាត ហើយពួកគេនឹងក្លាយទៅជាមនុស្សដែលជាអនាគតរបស់ប្រទេសជាតិរបស់យើងនៅពេលក្រោយ។ ពួកគេនឹងទទួលនូវមរតកមួយ ដែលពួកយើងសព្វថ្ងៃនេះកំពុងកសាងឲ្យគេនៅពេលក្រោយ។ ជំនាន់មុនកសាងទុកឲ្យយើងៗ ប្រឹងកសាងនៅពេលនេះ ដូចជាប្រាង្គប្រាសាទនានា ដែលដូនតាបាន​កសាងបន្សល់ទុក។ ប៉ុន្តែ ប៉ុល ពត មិនបានទុកអ្វីឲ្យយើងក្រៅពីផលវិបាករាប់មិនអស់នោះទេ ដែលយើងប្រឹងប្រែងកសាងឡើងវិញ។ ដូនតាជំនាន់ដើម​​កសាងទុ​កប្រាសាទអង្គរវត្ត និងប្រាសាទដទៃទៀត រាប់ទាំងនៅក្នុងខេត្តតាកែវរបស់យើង មានប្រាសាទភ្នំជីសូ និងប្រាសាទនេះ/នោះច្រើនណាស់ ហើយមុនសម័យអង្គរទៅទៀត។

នឹងដឹងពីចំនួនប្រជាជនពិតប្រាកដ នៅពេលធ្វើជំរឿន ខែ មីនា នេះ

យើងបន្តជាមួយនឹងតាំងពីប្រជាជនក្នុងរង្វង់ ៥ លាននាក់ ឥឡូវ ជំរឿន ថ្ងៃទី ៣ ខែ មីនា? … ថោង ខុន សុំខ្ញុំធ្វើបុណ្យទន្លេនៅខេត្តកំពង់ឆ្នាំង ថ្ងៃ ២៣-២៤ ហើយថ្ងៃ ២៣-២៤ វាចំរនោច តែខ្ញុំមិនចង់បានរនោចទេ ចង់បានខ្នើត ដើម្បីឲ្យមានលោកខែសម្រាប់មនុស្សដើរលេង។ ដល់ទូរស័ព្ទទៅសួរ ខុន គេថា ជំរឿនថ្ងៃ ២៣ ខែ ៣? ជំរឿន ១០ ថ្ងៃ ពីថ្ងៃ ៣ ដល់ថ្ងៃ ១៣ (មីនា) ដល់ធ្វើបុណ្យថ្ងៃ ១៥ ទេតើ។ អញ្ចឹងខ្ញុំ(សុំ)យកថ្ងៃ ១៥ វាអត់ខុសអីផង។ មិនអញ្ចឹង? វាមាននរណាទៅផ្លាស់ទីក្នុងពេលហ្នឹង? ខ្លាចគេផ្លាស់ទី? ពេលហ្នឹងយើងរាប់ប្រជាជនឡើងវិញហើយ។ កើតនោះកើត។ ឡាវឆ្នាំ ១៩៧៩ មាន(ប្រជាជន) ៥ លាននាក់ដូចយើង ឥឡូវឡាវមានតែ ៧ លាននាក់ទេ។ យើងឡើងចាត់ទុកថា ជុំវិញ ១៦ លាននាក់ កើន ១០ លាននាក់។ និយាយពីមហាកើត ប៉ុន្តែ វាមានរឿងគួរឲ្យនិយាយដែរ។ មានអ្នកខ្លះ ប្តីមួយ ប្រពន្ធមួយ តែកូនញឹក កូនច្រើន អាហ្នឹងរឿងម្ខាងទៅ។ ប៉ុន្តែ វាមានអ្នកខ្លះទៀត មិនចាំបាច់បញ្ចេញឈ្មោះគេទេ គាត់មានកូនសឹងគ្រប់ខេត្ត គាត់លាក់បាន។ តាកែវគាត់កូន ២ ទៅ កំពតគាត់កូន ១ ទៅ កំពង់សោមកូន ៣ ទៅ កំពង់​ស្ពឺកូន ២ ទៅ ហើយគាត់លាក់បាន។ ប៉ុន្តែ ​​អ្នកកើត ធុនហ្នឹងច្រើនតែតៃកុងឡាន។ និយាយអញ្ចឹង តិចតៃកុងឡានពិបាករកប្រពន្ធ។ ប៉ុន្តែ ដែលហៅថា តៃកុងឡាន មិនសូវមាន(ប្រពន្ធ)មួយទេ។ បើតៃកុងឡានអ្នកធំប្រហែលជាមិនអីទេ តែជួនកាលខូចទៀតណា ដឹកស្រីឲ្យអ្នកធំ។

ស្ថិតិក្រសួងសុខាភិបាល កើតជាង ៤០ ម៉ឺន/ឆ្នាំ, ក្នុងនោះកម្មករ ៦ ម៉ឺន/ឆ្នាំ

… ចាំយើងធ្វើជំរឿនមើលពិតប្រាកដ។ ប្រជាជនយើងប៉ុន្មាន? ក៏ប៉ុន្តែ​យើងអាចដឹងបានតាមរយៈស្ថិតិរបស់ក្រសួងសុខាភិបាលប្រចាំឆ្នាំ មួយឆ្នាំកើតជាង ៤០ ម៉ឺននាក់ អញ្ចឹងគិតទៅតែ ៣ ឆ្នាំ យើងកើន ១ លាន ២ សែន ដឹងតែ ៣ ឆ្នាំ ១ លាន ២ សែនតែម្តង។ កើនអញ្ចឹង។ គ្រាន់តែក្នុងកម្មកររបស់យើង បាន ៦ ម៉ឺននាក់ដែរ ស្មានតែតិច។ ហើយចាប់ពីពេលនេះទៅ ពូជឿថា ក្នុងឆ្នាំ ២០១៩ ក្នុងចំណោមកម្មកររបស់យើងនឹងមានកូនដល់ ៧ ម៉ឺននាក់។ ជាពិសេស អ្នកលើកដៃមិញ តែការហើយនេះ អាមួយពាក់អាវផ្កាឈូកនេះ សួរថាប៉ុន្មានខែហើយ? ៨ ខែ។ ចុះការបានប៉ុន្មានខែ? ១០ ខែ។ អញ្ចឹងមែនអត់? ទំនេរពោះតែ ២ ខែទេ។ ឥឡូវនេះ បង្ខំយកកូនឲ្យលឿនបន្តិចទៅ​ក៏ល្អដែរ។ ចាស់ៗគាត់ប្រៀបៗអញ្ចេះ មិនមែនចាស់ៗទេ ក្នុងឃ្លីប​ឃោសនាពន្យាកំណើតនោះ ទៅប្រៀបធៀបកូនទៅនឹងកូនស្ពៃ។ ដាំស្ពៃ ១ ដើមៗ រង្វើលៗទៅ វារីកធំធាត់ ដល់ស្ពៃវាញឹកពេក វាអត់ធំ អញ្ចឹងប្រៀបធៀបមកកូន(មនុស្ស)ឯណេះវិញថា ដល់កូនញឹកពេកទៅ វាអត់ធំ។ ចាំតែអត់ធំតើ។ ពូខ្សិបប្រាប់ ១៣ ខែ កូន ១ ណា ប៉ុន្តែ មើលមាឌកូនពូចុះ អាកើត ២ ក្រោយហ្នឹងសុទ្ធតែ ១,៧៥ ម៉ែត្រណា។ អាមួយកើត ១៩៨១ និងអាមួយ ១៩៨២។ អាមួយខែ ១០ ឆ្នាំ ១៩៨១ អាមួយខែ ១១ ឆ្នាំ ១៩៨២, ១៣ ខែ តែឥឡូវមាឌរបស់វាប៉ុនៗ គ្នា ១,៧៥ ម៉ែត្រដូចគ្នា … ប៉ុន្តែ និយាយពីអាហារូបត្ថម្ភសម្រាប់អ្នកក្រីក្រ វាជួបការលំបាក។

អំណោយអ្នកចូលរួម

ថ្ងៃនេះ បានមកជូបជាមួយកម្មករ/ការិនីរបស់យើងចំនួន ១៨.២៧៣ នាក់ ដែលមកពី​ ១២ រោងចក្រ ក្នុងម្នាក់ៗ ក្មួយៗអើយ ពូមានប្រាក់ត្រឹមតែ ២ ម៉ឺនរៀលប៉ុណ្ណោះសម្រាប់ជាចំណងដៃ។ ប៉ុន្តែ ពូក៏ដឹងដែរថា ក្មួយៗមិនសំដៅមករកប្រាក់ ២ ម៉ឺនរៀលនោះទេ ប្រៀបធៀបជាមួយប្រាក់ដែលក្មួយៗមួយខែជាង ២០០ ដុល្លារ ឬ ៨០ ម៉ឺនរៀល ក្នុងមួយខែនោះ។ ហើយសម្រាប់ក្មួយៗដែលជាអ្នកមានផ្ទៃពោះនេះ ក៏ពូនឹងចែកជូនមួយស្រោមសំបុត្រម្នាក់ ដោយមិនបញ្ជាក់ថាប៉ុន្មានទេ តែសុំបញ្ជាក់តែមួយទេ បើកាលណាក្មួយមានកូនភ្លោះប្រាប់ថាភ្លោះ នឹងជូន ២ ស្រោមសំបុត្រ។ មានភ្លោះប៉ុន្មាននាក់ លើកដៃទៅមើល? អូ! ចំអា ៨ ខែ ហ្នឹងតែម្តង។ នាងអើយនាង! ការទើបនឹងបាន ១០ ខែ កូនដំបូងមិនបាច់កើតច្រើនដង តែ ២ ដងគ្រប់​។ លើកក្រោយភ្លោះទៀត ស្រី ឬប្រុស? ប្រុសទាំង ២ អស់ទាស់ហើយ ចាំមើលវាតាមម៉ែ ឬឪវា? សម្រាប់ក្រុមគ្រូពេទ្យប្រចាំការក្នុងអង្គពិធី ថវិកា ៥ លានរៀល និងក្រុមតន្រ្តីសម័យ ៥ លានរៀល នេះគឺជាការរៀបចំសម្រាប់ជំនួបនៅថ្ងៃនេះ។

នឹងត្រឡប់មកជួបអ្នកតាកែវម្តងទៀត ដោយចុះមើលតាមរោងចក្រ

ថ្ងៃនេះ សងបំណុលរបស់អ្នកតាកែវរួចហើយ ប៉ុន្តែ នឹងវិលមកដល់អ្នកតាកែវសាជាថ្មីម្តងទៀត តើនៅពេលណា? ជួនកាលមិនមែនជាការជួបរួមទេ តែជាការសួរសុខទុក្ខតាមរោងចក្រនេះ/នោះ។ ជូនកាលចង់ដឹងកន្លែងផលិតគ្រឿងបង្គុំសម្រាប់ទូរស័ព្ទ smart phones នៅតំបន់នេះ ជួនកាលអាចមកមើលនេះ/នោះ ដើម្បីមើលការរីកចម្រើនរបស់ប្រទេសជាតិរបស់យើង និងជាពិសេស ចង់ដឹងពីជំនាញរបស់កម្មករ/ការិនីរបស់យើង​។ ហើយចុងបញ្ចប់ហើយ ជាថ្មីម្តងទៀត ជូនពរចំពោះអ្នកចូលរួមទាំងអស់ ជាពិសេសក្មួយៗកម្មករ/ការិនីទាំងអស់សូមជួបតែនឹងសេចក្តីសុខ សេចក្តីចម្រើន អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ​៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ