ប្រមុខដឹកនាំកម្ពុជា អញ្ជើញចូលរួមក្នុងពិធីបុណ្យឆ្លងឆ្នាំសកល នៅវិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ

នៅឯនៅវិមានអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ដែលមាទីតាំងស្ថិតនៅក្នុង​សង្គាត់​ព្រែ​ក​តាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នារាត្រី ថ្ងៃចន្ទ ៩រោច ខែមិគសិរ ឆ្នាំច សំ​រឹទ្ធិ​ស័​ក ព.ស​២៥​៦​២ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ មានរៀបចំពិធីបុណ្យឆ្លងឆ្នាំសកល ដោ​យ​មាន​ការចូល​រួម​ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​ សែន សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋ​សភា សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា ព្រមទាំង​មាន​កា​រ​អញ្ជើញចូល​រួមរបស់សមា​ជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ ភ្ញៀវជាតិ អន្តរជាតិ និង​បង​ប្អូនប្រជាលរដ្ឋយ៉ាង​ច្រើន​កុះករ។

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧ​ប​នាយ​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ បាន​ថ្លែង​ ស្វាគមន៍​បើក​កម្មវិធី​បុណ្យ​ឆ្លង​ចូលឆ្នាំថ្មី​ឆ្នាំ​សកល ដោយបានរំលេច​​ពី​គុណសម្បត្តិ​នៃ​នយោ​បាយ​ឈ្នះ ​ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ដឹកនាំ​ប្រទេស​កម្ពុជា​ឆ្លង​ផុតពី​ភ្លើងសង្គ្រាមវិនាសកម្មមកជា​ទឹកដី​មួយ ដែលមាន​សុខសន្តិភាព​ពេញលេញ បានផ្តល់​ឱ​កាស​ឱ្យ​មាន​កិច្ចអភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ និងភាព​រីកចម្រើន​រហូតមកដល់ពេលបច្ចុប្បន្ននេះ។

នៅ​លើ​បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី​បាន​សរសេរថា ក្នុងឱកាសនៃពិធីឆ្លងឆ្នាំសកល ២០១៨ ចូល ឆ្នាំ២០១៩ ដែលប្រព្រឹត្តធ្វើឡើង នៅ​វិមា​ន​ អនុ​ស្សា​វរីយ៍ “នយោបាយ ឈ្នះ ឈ្នះ ” បានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ​ក្រៃ​លែ​ង ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋរាប់ម៉ឺននាក់មកពីគ្រប់ទិសទី ដែលបាន​បង្ហា​ញ​ពី​អា​រ​ម្មណ៍រីករាយគ្រប់ៗគ្នា។ សម្ដេចតេជោបានបន្ដថា ពិតណាស់សម្រាប់ឆ្នាំនេះ គឺជាឆ្នាំពិសេសសម្រាប់ប្រទេស​ក​ម្ពុ​ជា ដែលបានរៀបចំពិធីបុណ្យរម្លឹកខួប២០ឆ្នាំ នៃនយោ​បាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុ​ន សែ​ន បានដាក់ចេញកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលនាំមកនូវការបង្រួបបង្រួមជាតិ ឯក​ភាពទឹកដី សុខសន្តិភាព និងការ​អភិវឌ្ឍ​គ្រប់វិស័យក្នុងរយៈពេល២០ កន្លងមកនេះ។ សម្ដេចតេជោបានលើកឡើងថា កម្ពុ​ជា​​ទទួល​បាននូវសុខសន្តិភាព ជីវភាពប្រជាពលរដ្ឋល្អប្រសើរ កំណើនសេដ្ឋកិច្ចរីកលូតលាស់ ដែ​ល​បានប្រែក្លាយពីប្រទេសដែលមានប្រាក់ចំណូលទាបមកជាប្រទេសដែលមានប្រាក់ចំណូល​មធ្យមកម្រិតទាប និងនៅឆ្នាំ២០៣០ ខាងមុខ នឹងឈានទៅជាប្រទេសដែលមានប្រាក់​ចំណូ​ល​មធ្យមកម្រិតខ្ពស់។ ទន្ទឹមនេះ កម្ពុជាក៏នឹងមានទិសដៅក្លាយទៅជាប្រទេសដែលមានប្រាក់​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០។ នៅក្នុងរាត្រីនៃពិធីឆ្លងឆ្នាំសកលនេះផងដែរ ក៏មានកម្មវិធី​សំខាន់ៗ​​ជាច្រើ​ន​ដូ​ច​ជា​ ការទទួលទានអាហារសាមគ្គី ការបង្ហាញឈុតឆាកសិល្បៈ​ទាក់ទង​ទៅនឹងប្រវត្តិនៃនយោ​បា​​យ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន មានចម្រៀង និងការ​សម្តែង របស់សិល្ប​ករ​ល្បី​ៗ។ ជាមួយគ្នានោះ នៅក្នុងបរិវេណ វិមាន ឈ្នះ ឈ្នះ នេះផងដែរ ក៏មានការតាំង​បង្ហា​ញ​ពី​ស្តង់​ពិ​​ព័រណ៌ ទំនិញ ផលិតផល និងម្ហូបអាហារផ្សេងៗច្រើន ក្នុងនោះ​ក៏មានការតាំងបង្ហាញ​នូវ​ស​មិទ្ធ​​​​ផលរីកចម្រើនក្នុងរយៈពេល២០ឆ្នាំ របស់ក្រសួង​ស្ថាប័នផ្សេងៗ​នៃរាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ នៅក្នុងព្រឹត្តិការណ៍ដ៏ធំនេះផងដែរ ក៏មានការបាញ់​កាំជ្រួចដ៏អស្ចារ្យមិនធ្លាប់​មានក្នុង​រយៈ​ពេល​១​ម៉ោង ក្នុងបរិយាកាសរីករាយក្រៃលែង។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានជូន​ពរ​បង​ប្អូន​ជន​រួមជាតិទាំងក្នុង និងក្រៅប្រទេស ព្រមទាំង​កងទ័ពជាតិដែលកំពុងឈរជើង​ការ​ពា​រ​ទឹកដី​នៅ​តាមព្រំដែន ជួបតែសេចក្តីសុខ សេចក្តីចម្រើន មានសុខភាពល្អ ទទួលបាន​ជោគ​ជ័យ​ក្នុង​ការ​ងារ និងមុខរបរ និងមានលាភ​សំណាងគ្រប់ៗគ្នានៅក្នុងឱកាសឆ្នាំថ្មី ២០១៩ នេះ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ