សម្រង់ប្រសាសន៍​​​សម្ដេច​តេជោ ហ៊ុន សែន ថ្លែងក្នុង​​ពិធីបើកព្រឹត្តការណ៍បុណ្យសមុទ្រលើកទី៧ ឆ្នាំ២០១៨ នៅខេត្តកោះកុងក្រោមប្រធានបទ ឆ្នេរស្អាត ពលរដ្ឋរមណី អមដោយពាក្យស្លោក អេកូទេសចរណ៍សម្រាប់កំណើនបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព

CNV: 

ពិតជាមានការសប្បាយរីករាយ ដែលបានមកចូលរួមនៅក្នុងពិធីបុណ្យសមុទ្រលើកទី ៧

សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់។ ថ្ងៃនេះ ខ្ញុំ និងភរិយា ពិតជាមានការសប្បាយរីករាយ ដែលបានមកចូលរួមនៅក្នុងពិធីបុណ្យសមុទ្រលើកទី ៧ (ជុំទី ២) នៅក្នុងខេត្តកោះកុង។ អម្បាញ់មិញនេះ ខ្ញុំបានស្តាប់ដោយយកចិត្តទុកដាក់ចំពោះសុន្ទរកថារបស់លោកជំទាវអភិ​បាលខេត្ត ជាមួយនឹងសុន្ទរកថារបស់លោក Bruno Bodard អគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលោកពិភពលោក និងសុន្ទរកថារបស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ បុណ្យសមុទ្ររបស់យើងដែលមកដល់ពេលនេះគឺជា ឆ្នាំទី ៧ ហើយក៏ជាជុំទី ២​ សម្រាប់ខេត្តកោះកុង បានក្លាយទៅជាយន្តការមួយដែលចាត់ទុកថាជាយន្តការ វាជាពិធីបុណ្យ ក៏ប៉ុន្តែវាបានក្លាយជាយន្តការជាក់លាក់។

យន្តការជាក់លាក់ ៥ ចំណុច នៃបុណ្យសមុទ្រ

ហោចណាស់ក៏មានការងារមួយចំនួន ដែលខ្ញុំសូមធ្វើការកត់សម្គាល់ (ដូចតទៅ)៖

ទី១៖ ជាយន្តការត្រួតពិនិត្យជាប្រចាំឆ្នាំ សម្រាប់បណ្តាខេត្តដែលមានឆ្នេរសមុទ្រនៅក្នុងក្របខណ្ឌ នៃឆ្នេរសមុទ្រដែលស្អាតបំផុត ដែលជាតារារះនៅទិសនិរតី ជាពិសេស (បើយើង)ត្រួតពិនិត្យអំពីវឌ្ឍនភាពនៃបណ្តាខេត្តដែលជាម្ចាស់ផ្ទះសម្រាប់បុណ្យសមុទ្រនេះតែម្តង។ គឺជាការរំលឹកដាស់តឿនដល់អ្នកទទួលខុសត្រូវគ្រប់លំដាប់ថ្នាក់ ជាពិសេស គឺថ្នាក់មូលដ្ឋាន ថ្នាក់ក្រោមជាតិ ដែលជាអ្នកគ្រប់គ្រងដែនដីនេះតែម្តង។ ដើម្បីចៀសវាងនូវការបំផ្លិចបំផ្លាញនូវទង្វើផ្សេងទៀត ដែលវាមិនមែនជាលំអាន ឬក៏ជាលក្ខខណ្ឌចាំបាច់ ដើម្បីបំពេញទៅតាមតម្រូវការនៃការអភិវឌ្ឍប្រកបដោយចីរភាពនោះទេ។

ទី២៖ វាក៏ជាផ្នែកមួយនៃការសាមគ្គីភាព រវាងខេត្តដែលជាម្ចាស់ផ្ទះ ជាមួយបណ្តាខេត្តនៅក្នុងក្របខណ្ឌទូទាំងប្រទេស ដែលបានបញ្ជូនគណៈប្រតិភូមកចូលរួម តាមរយៈការពិព័រណ៍ក្តី និងតាមរយៈការចាត់បញ្ជូនគណៈប្រ​តិ​ភូមកកាន់ខេត្តដែលធ្វើបុណ្យសមុទ្រនោះឯង។

ឯទី៣៖ វាក៏ជាឱកាសចូលរួមនៃបណ្តាក្រុមហ៊ុនឯកជននានា ក៏ដូចជាក្រុមអ្នកស្រាវជ្រាវវិទ្យាសាស្រ្តដទៃទៀត ព្រមទាំងកីឡាករ/កីឡាការិនី សិល្បករ/សិល្បការិនី និងអ្នកពាក់ព័ន្ធផ្សេងទៀតបានមកចូលរួម ដើម្បីនឹងបង្ហាញនូវផលិតផលរបស់គេ ឬបង្ហាញនូវស្នាដៃរបស់គេផងដែរ។

ឯទី៤៖ ជាការបង្កើន បង្ហាញនូវសាមគ្គីភាព និងការទាក់ទាញនៃប្រជាពលរដ្ឋក្នុងប្រទេសរបស់យើង នៃបណ្តាខេត្តអោយមកស្គាល់ខេត្តមាត់សមុទ្រ ដែលកំពុងប្រារព្ធនូវពិធីបុណ្យនោះឯង។ ដូចជាថ្ងៃនេះនៅខេត្តកោះកុង របស់យើងមិនមែនមានត្រឹមតែប្រជាជននៅក្នុងខេត្តកោះកុង ដែលមកកម្សាន្តនោះទេ ក៏ប៉ុន្តែមានប្រជាជនមកពីច្រើនកន្លែងផ្សេងទៀត។ រហូតតាមដែលខ្ញុំដឹង គឺយើងខ្វះផ្ទះសំណាក់ ប៉ុន្តែដោយសារអនុសាសន៍ពីខេត្តព្រះសីហនុ ខេត្តក៏បានត្រៀមរៀបចំលក្ខណៈសម្បត្តិ ដើម្បីដោះស្រាយការខ្វះទីកន្លែងស្នាក់នៅ។

ឯចំណុចទី៥៖ វាជាឱកាសសម្រាប់ការចូលរួមនៃថ្នាក់ដឹកនាំ នៃក្លឹបដែលក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតដូចជាអគ្គនាយក Bruno Bodard ដែលបានអញ្ជើញមកដល់ទីនេះ រួមនឹងបណ្តាប្រទេសដែលជាសមាជិកដទៃទៀត បញ្ជូនគណៈប្រតិភូមកកាន់ទីនេះ និងប្រទេសនានាដូចជាថ្ងៃនេះ យើងមានវត្តមានព្រះរាជាណាចក្រថៃ មានវត្តមានសាធារណរដ្ឋសង្គមនិយមវៀតណាម ទាំងគណៈប្រតិភូ ទាំងសិល្បៈ ហើយយើងមាននូវវត្តមាននៃអគ្គរដ្ឋ​ទូតរបស់ឥណ្ឌូនេស៊ី ឥណ្ឌា រួមទាំងសិល្បករ/សិល្បការិនី ដែលមកពីប្រទេសទាំងពីរនេះផងដែរ។ នេះគ្រាន់តែជាចំណាប់អារម្មណ៍ដំបូង ទាក់ទងទៅនឹងបុណ្យសមុទ្រ (ដែល)បានក្លាយទៅជាយន្តការ (យ៉ាងហោច) ៥ ចំណុច(យ៉ាង)ជាក់លាក់។

ថ្លែងអំណរគុណថ្នាក់ដឹកនាំ គណៈប្រតិភូគ្រប់ជាន់ថ្នាក់ ចូលរួមពិធីបុណ្យសមុទ្រ

ក្នុងឱកាសនេះ ខ្ញុំសូមសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ នៃការចូលរួមទាំងអស់ពីសំណាក់ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី‌! ហើយក៏សូមថ្លែងអំណរគុណចំពោះ ឯកឧត្តម Bruno Bodard ដែលជាអគ្គនាយកក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើពិភពលោក ដែលបានអញ្ជើញមកចូលរួមជាមួយយើងពេលនេះ ហើយក៏បានថ្លែងសុន្ទរកថាប្រកបដោយការលើកទឹកចិត្តអម្បាញ់មិញនេះ។ ខ្ញុំសូមស្វាគមន៍ថ្នាក់ដឹកនាំដែលមកពីកងទ័ព ក៏ដូចជាពីបណ្តាខេត្តនៃព្រះរាជាណាចក្រថៃ ក៏ដូចជាពីសាធារណរដ្ឋសង្គមនិយមវៀតណាម និងស្វាគមន៍ចំពោះសិល្បករ/សិល្បការិនី ដែលបានអញ្ជើញមកពីថៃ វៀតណាម ឥណ្ឌូនេស៊ី ឥណ្ឌា ដែលឆ្នាំជាបន្តបន្ទាប់តែងបានបញ្ជូនសិល្បករ/សិល្បការិនីមកចូលរួមជាមួយយើង។ ខ្ញុំក៏សូមយកឱកាសនេះ ដើម្បីកោតសរសើរចំពោះគណៈកម្មាធិការរៀបចំទាំងអស់ ដែលបានធ្វើកិច្ចការងារដ៏ល្អ ដើម្បីអោយដំណើរការនៃការប្រព្រឹត្តទៅ នៃបុណ្យសមុទ្ររបស់យើងនេះប្រព្រឹត្តទៅបានល្អ។ ពិតហើយ ឧតុនិយមបានទាយត្រឹមត្រូវណាស់ តាំងពីម្សិលម្ង៉ៃ  ម្សិលមិញ ហើយព្រឹកមិញក៏បានបញ្ជាក់មកទៀត តាមរយៈនៃសារបញ្ជូនតាមទីក្រុងភ្នំពេញមកថា ល្ងាចនេះនឹងមានធ្លាក់ភ្លៀងធ្លាក់បន្តិច។ ពិតជាមានធ្លាក់ភ្លៀងធ្លាក់បន្តិចមែន។ ក៏ប៉ុន្តែបន្ទាប់ពីនេះទៅ​គឺប្រទេសរបស់យើងនឹងចាប់ផ្តើមទទួលខ្យល់ធ្លាក់ពីជើងបណ្តើរៗហើយ ក៏ប៉ុន្តែមិនទាន់ជារងាខ្លាំងនោះទេ។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ យើងមានរំខានដោយសារការភ្លៀងធ្លាក់បន្តិចបន្តួចនោះទេ។

ខេត្តកោះកុង បានក្លាយជាខេត្តប្រមូលផ្តុំក្រុមហ៊ុនជាច្រើន

ខ្ញុំពិតជាមានការរីករាយ ដែលឆ្នាំនេះនៅខេត្តកោះកុង ដែលជាខេត្តដាច់ស្រយាល ខេត្តឯកោមួយពីអតីតកាល បានប្រមូលផ្តុំនូវបណ្តាក្រុមហ៊ុនជាច្រើន និងការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋ ទាំង​នៅខេត្តខ្លួនឯង ក៏ដូចជាមកពីបណ្តាខេត្តផ្សេងៗ។ ខ្ញុំសូមកោតសរសើរជាមួយ ឯកឧត្តម ថោង ខុន ដែលបានដឹកនាំកិច្ចការងារនេះដ៏ល្អនៅក្នុងរយៈពេលកន្លងទៅនេះ ព្រមទាំងគណៈកម្មាធិការរៀបចំទាំងអស់។ ឆ្នាំនេះទៀត ទន្ទឹមនឹងសកម្មភាពនានា ដែលមានការពាក់ព័ន្ធជាមួយនឹងស្ថាប័នបានរួមជាមួយខេត្តធ្វើសកម្មភាពមួយចំនួនផ្សេងទៀត ទាំងសកម្មភាពកីឡា ទាំងសកម្មភាពសិល្បៈ ហើយក្នុងនោះសកម្មភាពនៃការដាំដើមកោងកាង គឺកាន់តែធ្វើអោយបុណ្យសមុទ្ររបស់យើងក្លាយទៅជាបុណ្យ ទៅជាយន្តការពិតប្រាកដ។ បើហោចណាស់ខេត្តនីមួយៗ នៅពេលដែលមានការធ្វើបុណ្យសមុទ្រ គឺយកអ្វីដែលជាផលប្រយោជន៍សម្រាប់ការធ្វើសកម្មភាពរួមរបស់យើង ដើម្បីឆ្ពោះទៅរកការស្រឡាញ់ធនធានធម្មជាតិ ហើយជាពិសេសនៅក្នុងសមុទ្រនោះឯង។

ផ្លូវ ៤៨ នឹងត្រូវពង្រីកទៅជា ៤ គន្លង កម្រិតជាហាយវេ

ខ្ញុំសូមឱកាសនេះថ្លែងនូវការកោតសរសើរជាពិសេសចំពោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រ​សួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងផ្នែកសាធារណការ ក៏ដូចជាកងវិស្វកម្ម ដែលបានខិតខំជួសជុលផ្លូវជាតិលេខ ៤៨ អោយបានមុនពេលបុណ្យសមុទ្រ។ ពិតមែនហើយ ផ្លូវនេះទើបនឹងចាក់កៅស៊ូបានមួយស្រ​ទាប់ទេ។ នៅសល់ផ្លូវមួយស្រទាប់ទៀត។ ក៏ប៉ុន្តែ ខ្ញុំក៏មានកិត្តិយសជម្រាបជូនសម្រាប់ប្រជាជននៅខេត្តកោះកុង អោយបានជ្រាបថា ផ្លូវលេខ ៤៨ នេះ គឺយើងជួសជុលនៅពេលនេះគ្រាន់តែជាការជួសជុលបណ្តោះអាសន្នប៉ុណ្ណោះ។ អនាគត ផ្លូវនេះយើងមិនអាចទុកត្រឹម ១០ ម៉ែត្រ ឬជាង ១០ ម៉ែត្រនោះទេ យើងត្រូវពង្រីកផ្លូវនេះអោយទៅជា ៤ គន្លង គឺមានកម្រិតជាហាយវេតែម្តង។ យើងកំពុងតែដំណើរការនីតិវិធីតាមរយៈនៃការជ្រើសរើសក្រុមហ៊ុនគូរប្លង់ … វាជារបៀងមាត់សមុទ្រ សម្រាប់តភ្ជាប់ពីព្រះរាជាណាចក្រថៃទៅកាន់សាធារណរដ្ឋសង្គមនិ​យមវៀតណាម។ មិនត្រឹមតែជារបៀងដឹកជញ្ជូនប៉ុណ្ណោះទេ ក៏ប៉ុន្តែវាជារបៀងមាត់សមុទ្រ។ នៅថ្ងៃខាងមុខនេះ ព្រឹកមិញខ្ញុំបានពិភាក្សាជាមួយលោក Bruno Bodard  យើងអាចនឹងមានចលនាប្រណាំងកង់ខ្នាតអន្តរជាតិ ប្រចាំឆ្នាំនៅតាមមាត់សមុទ្ររបស់កម្ពុជាយើងផងដែរ។

អ្នកកោះកុង មិនទទួលបានការជឿទុកចិត្តពីសំណាក់រដ្ឋបាលកណ្ដាលជាច្រើនជំនាន់

ខ្ញុំសូមយកឱកាសនេះ និយាយបន្តិចមុននឹងចូលទៅដល់ស្ថានភាព ដែលទាក់ទិនជាមួយនឹងអនុសាសន៍ដែលខ្ញុំត្រូវផ្ដល់ជូននៅក្នុងពេលនេះ។ កោះកុងកាលពីអតីតកាល គឺជាខេត្តដែលកំសត់ ទទួលរងគ្រោះជាបន្តបន្ទាប់ពីអតីតកាល។ ការរងគ្រោះពីធម្មជាតិជារឿងមួយ ប៉ុន្តែការរងគ្រោះដោយសាររឿងនយោបាយគឺជារឿងគួរអោយ​ខ្លោចផ្សា សម្រាប់ទឹកដី នៃខេត្តកោះកុង។ ខ្លួនខ្ញុំផ្ទាល់បានយកដើមទ្រូងរបស់ខ្ញុំ ដើម្បីរាំងជាមួយនឹងការលំបាក ដែលអាចកើតមានជាយថាហេតុ សម្រាប់ខេត្តកោះកុងនៃយើង។ មេដឹកនាំនៅខេត្តកោះកុង មួយចំនួនបានដឹងអំពីរឿងពាក់ព័ន្ធ។ ខ្ញុំគ្រាន់តែលើកបន្តិចថា ហេតុអ្វីបានជាសម្ដេច ទៀ បាញ់ មានឈ្មោះជា ទៀ បាញ់? ទៀ បាញ់ ពិតប្រាកដឈ្មោះ ទៀ សង្វាន … មកពីគេយកគាត់ទៅបាញ់ ដល់បាញ់មិនស្លាប់ទើបគាត់ឈ្មោះ ទៀ បាញ់ រហូតដល់សព្វថ្ងៃ។ តើនោះវាចង្អុលបង្ហាញពីអ្វីទៅ? វាចង្អុលបង្ហាញអំពី(ហេតុការណ៍)ថា ប្រជាជននៅខេត្តកោះកុង មិនត្រូវទទួលបានការជឿទុកចិត្ត ពីសំណាក់រដ្ឋបាលកណ្ដាលនោះទេ។ ដំណាក់កាលក្រោយមកទៀត ប្រជាជននៅខេត្តកោះកុង នៅតែទទួលការឈឺចាប់។ ក្រោយឆ្នាំ ១៩៧៩ ក៏នៅមានបញ្ហានេះបន្តទៀត។ ប៉ុន្តែ អ្នកកោះកុងមានភ័ព្វសំណាង ដែលមាន ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តី ការពារអ្នកកោះកុង។

ទីក្រុងភ្នំពេញ និងខេត្តមួយចំនួន កំពុងប្រើប្រាស់អគ្គិសនីពី ៣ វារីអគ្គិសនី ចេញពីកោះកុង

… សម័យកាលដែលអ្នកកោះកុង (មាន)ការតភ្ជាប់តាមផ្លូវគោកមានតិចតួចណាស់។ មានឈ្មោះជាផ្លូវលេខ ៤៨ ក៏ប៉ុន្តែគ្មានផ្លូវពិតប្រាកដទេ ហើយក៏គ្មានស្ពានដែរ។ ក្នុងដំណាក់កាល(នៃការដឹកនាំ)របស់ខ្ញុំ ខ្ញុំបានធ្វើការជាមួយនឹងព្រះរាជាណាចក្រថៃ ដើម្បីដោះស្រាយនូវថវិកាសម្រាប់ការសាងសង់ផ្លូវលេខ ៤៨ ដោយមានទាំងកម្ចីមួយចំនួន ព្រមដោយអំណោយរបស់ព្រះរាជាណាចក្រថៃ លើស្ពាន ៤ តាមផ្លូវជាតិលេខ ៤៨។ អម្បាញ់មិញលោកជំទាវអភិបាលខេត្ត ក៏បានលើកអំពីចំណងដៃថ្មីៗរបស់ខ្ញុំ ដែលមានសាលាជាង ៥០០ បន្ទប់ នៅក្នុងខេត្តកោះកុងរបស់យើងនេះ។ ខ្ញុំមិនចង់អោយអ្នកខេត្តកោះកុង កំសត់ដូចពីអតីតកាលនោះទេ។ អ្នកណាចង់អោយខេត្តកោះកុង ក្លាយទៅមានរឿងរ៉ាវដូចពីអតីតកាលនោះ មិនអាចទៅរួចទេ។ កោះកុង មានប្រភពធនធានច្រើនណាស់ ដែលសូម្បីសព្វថ្ងៃនេះ នៅទីក្រុងភ្នំពេញ និងខេត្តមួយចំនួន កំពុងប្រើប្រាស់អគ្គិសនី ដែលចេញពីកោះកុង។ យើងមានវារីអគ្គិសនី ៣ នៅទីនេះ ហើយដែលបានកំពុងបញ្ចេញអគ្គិសនីទៅប្រើប្រាស់ទៅកាន់ខេត្តផ្សេង យើងមានសម្បត្តិធនធានធម្មជាតិច្រើនណាស់ នៅក្នុងខេត្តកោះកុងរបស់យើង។

បើយក ២០ ពាន់លានដុល្លារពីទីតាញ៉ូម បាត់ព្រៃជម្រកសត្វកម្រ  ២ ម៉ឺនហិកតា និងខូចទឹកសមុទ្រ

… មានរឿងមួយ (ដែល)ខ្ញុំសូមជម្រាបជូនប្រជាពលរដ្ឋនៅទីនេះ។ នៅក្នុងទឹកដីកោះកុងនេះ មានតំបន់មួយដែលនៅមិនឆ្ងាយពីមាត់សមុទ្រប៉ុន្មានទេ មានទីតាញ៉ូម ដែលគេសិក្សា(ថាមាន)តម្លៃមិនតិចជាង ២២ ពាន់លានដុល្លារសហរដ្ឋអាមេរិកនោះទេ។ ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល កាលពីដើម ហើយដែលពេលនេះ គឺក្លាយទៅជាក្រសួងរ៉ែ និងថាមពល បានស្នើសុំអោយមានការវិនិយោគ ដើម្បីយកទីតាញ៉ូមនេះ។ ប៉ុន្តែការសិក្សារបស់ខ្ញុំ មុននឹងបានទីតាញ៉ូមចំនួន ២០ ពាន់លានដុល្លារសហរដ្ឋអាមេរិក គឺយើងត្រូវចំណាយព្រៃឈើរហូតទៅដល់ជាង ២ ម៉ឺនហិកតា ហើយ(ដែល)ព្រៃនោះ ស្ថិតនៅតំបន់ជាជម្រកសត្វដំរី និងសត្វដ៏កម្រដទៃទៀត ដោយមិនទាន់គិតទៅដល់ផលប៉ះពាល់ផ្សេងទៀត នៃការហូរធ្លាក់ទឹក ដែលបណ្ដាលមកពីការធ្វើអាជីវកម្មរ៉ែនោះចូលមកក្នុងសមុទ្រ។ សមុទ្រនៅពេលនោះ លែងទៅជាសមុទ្រទឹកខៀវទៀតហើយ គឺក្លាយទៅជាសមុទ្រដែលមានទឹកក្រហមទៅវិញ ដូច្នេះហើយបានជាខ្ញុំសម្រេចចិត្តថា នឹងមិនធ្វើអាជីវកម្មជាមួយនឹងទីតាញ៉ូមនោះទេ។

ទុកទីតាញ៉ូម អោយយុវជនជំនាន់ក្រោយ(គិតគូរ)

ពិតហើយ បន្ទាប់ពីការសម្រេចធ្វើបែបនេះ ប្រមាណជា ២ ខែក្រោយ ក៏មានសំណើលើកសាជាថ្មីម្ដងទៀត មិនមែនដោយក្រសួងឧស្សាហកម្ម រ៉ែ និងថាមពលទេ ក៏ប៉ុន្តែពីប្រភពផ្សេង ដោយបានលើកថា ប្រសិនបើយើងមិនផ្ដល់ឱកាសអោយធ្វើការវិនិយោគទេ គេនឹងបាត់បង់ជំនឿទុកចិត្តពីសំណាក់អ្នកវិនិយោគ ហើយអ្នកវិនិយោគបានប្រើប្រាស់នូវថវិកាសម្រាប់ការសិក្សា​បែបនេះអស់ច្រើន។ ខ្ញុំបានឆ្លើយតបថា ការបាត់ជំនឿពីអ្នកវិនិយោគវាជារឿងមួយហើយ តែមហន្តរាយសម្រាប់ប្រជាជនកម្ពុជា វាជារឿងមួយដែលខ្ញុំត្រូវគិត។ ដូច្នេះ សូមទុកអោយយុវជនជំនាន់ក្រោយ(គិតគូរ) ក្រែងលោគេមានវិធីយ៉ាងណា ដើម្បីនឹងយកទីតាញ៉ូមនេះ ដោយមិនធ្វើអោយប៉ះពាល់ដល់ព្រៃឈើចំនួនជាង ២ ម៉ឺនហិកតា និងបង្ហូរទឹកកខ្វក់ចូលទៅក្នុងសមុទ្ររបស់យើង នេះជាអ្វីដែលខ្ញុំចង់បញ្ជាក់ជូននៅទីនេះ។

ខិតខំធ្វើយ៉ាងម៉េចអោយប្រទេសរបស់យើងមានចំណុចទាក់ទាញខាងវិស័យទេសចរណ៍

ឥឡូវ យើងត្រូវមើលអោយឃើញថា ប្រទេសរបស់យើងដែលមានតំបន់ឆ្នេរដ៏ល្អស្អាត បំពេញបន្ថែមដោយប្រាង្គប្រាសាទនានា នៅក្នុងផ្ទៃប្រទេសរបស់យើង ធ្វើអោយប្រទេសរបស់យើងក្លាយទៅជាប្រទេសដែលមានទេសចរដ៏សម្បូរបែប គឺយើងច្រើននិយមហៅថា ទេសចរវប្បធម៌ និងធម្មជាតិ។ ប៉ុន្តែ នៅក្នុងនោះដូចដែលឯកឧត្តម ថោង ខុន បានលើកឡើងអម្បាញ់មិញ អេកូទេសចរណ៍បានក្លាយទៅជានយោបាយមួយ ដែលយើងទើបនឹងបានឆ្លងនៅក្នុងខែវិច្ឆិកាកន្លងទៅ … ហើយកោះកុង គឺជាខេត្តដែលសម្បូរបែបទៅដោយអេកូទេសចរណ៍។ យើងត្រូវខិតខំធ្វើយ៉ាងម៉េច អោយប្រទេសរបស់យើង ក្លាយទៅជាប្រទេសដែលមានចំណុចទាក់ទាញខាងវិស័យទេសចរណ៍។

ទេសចរណ៍ មានចំណែក ១៣% នៃ ផសស ដោយទទួលបាន ៥,៦ លាននាក់ពីឆ្នាំទៅ

… ខ្ញុំគួរតែជម្រាបជូនអស់លោកអ្នកបានជ្រាប អំពីការរួមចំណែកនៃវិស័យទេសចរណ៍ វិស័យសេវា វិស័យ​កសិ​កម្ម និងវិស័យឧស្សាហកម្ម ក្នុងខឿនសេដ្ឋកិច្ចជាតិរបស់យើង។ ការួមចំណែកក្នុងវិស័យកសិកម្មរបស់យើង កាលពីឆ្នាំទៅ​ មាន ២៥% … ឥឡូវនេះ ពិតមែនតែវិស័យកសិកម្មរបស់យើងរីកចម្រើនធំធាត់ ក៏ប៉ុន្តែកសិ​កម្មរបស់យើង គិតជាភាគរយនៅសល់ ២៣,៥%។ នេះចង្អុលបង្ហាញថា វិស័យឧស្សាហកម្ម និងវិស័យសេវាកើនឡើងហើយ ឯវិស័យឧស្សាហកម្មកាលពីឆ្នាំទៅមាន ៣០% តែឆ្នាំនេះ យើងបានឈានមកដល់ ៣២,៤% នៃវិស័យឧស្សាកម្ម។ ចំណែកវិស័យប៉ុន្មានផ្សេងទៀត គឺស្ថិតនៅក្នុងក្របខណ្ឌវិស័យសេវា និងវិស័យមួយចំនួន ប្រហែល ៥%  ដែលយើងមិនដឹងថាដាក់ទៅកន្លែងណា។ ចំណុចនេះក៏បានចង្អុលអោយឃើញថា វឌ្ឍនភាពក្នុងវិស័យទេសចរណ៍របស់យើង ហើយដែលមុននេះយើងធ្លាប់និយាយមានចំណែកដល់ទៅ ១៣% នៃផលិត​ផលសរុបក្នុងស្រុក។ នេះជាកម្លាំងសេដ្ឋកិច្ចដែលទទួលបាន។ ក្នុងនោះ សម្រាប់ឆ្នាំកន្លងទៅ ឬក៏ឆ្នាំនេះ ឆ្នាំនេះយើងមិនទាន់បូកសរុបជាក់លាក់នៅឡើយទេ ព្រោះមិនទាន់ដាច់ឆ្នាំ ប៉ុន្តែឆ្នាំទៅយើងមាន ៥ លាន ៦ សែននាក់​។ ឆ្នាំនេះ ខ្ញុំគិតថា ប្រមាណជាង ៦ លាន ប្រមាណជាង ៥ លាន ៧ សែន ឬ ៥ លាន ៨ សែនក៏មិនដឹង។ យ៉ាងណាក៏ដោយ តួលេខរបស់យើងកើនជាប្រចាំនៃចំនួនទេសចររបស់យើង។

កោះកុង អាចនឹងទទួលបានភ្ញៀវទេសចរបរទេសច្រើនជាងគេ បន្ទាប់ពីតារាសាគរកសាងរួចរាល់

ក្នុងចំណោមទេសចរដែលមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា មានទេសចរប្រមាណជាង ៨០ ម៉ឺននាក់ បានមកទស្សនកិច្ចនូវឆ្នេរក្នុងបណ្តាខេត្តនៅតាមឆ្នេរសមុទ្ររបស់កម្ពុជា ដែលលាតសន្ធឹងប្រមាណជា ៤៤០ គីឡូម៉ែត្រពីព្រំដែនកម្ពុជា-ថៃ​ ទៅដល់ព្រំដែនកម្ពុជា-វៀតណាម។ ដោយឡែកតែខេត្តកោះកុង មានប្រមាណជា ១៥ ម៉ឺននាក់ ដែលបានមកទស្សនកិច្ចក្នុងខេត្តកោះកុង។ ដូច្នេះនៅពេលខាងមុខ ខេត្តកោះកុងអាចក្លាយទៅជាខេត្តដែលនឹងទទួលបានភ្ញៀវទេសចរបរទេសច្រើនជាងគេ បន្ទាប់ពីតារាសាគរកសាងរួចរាល់ ប្រហែលជាខេត្តកោះកុងអាចក្លាយទៅជាខេត្តទី ១ ឬក៏អាចខេត្តទី ២ នៃការទទួលទេសចរ ដែលមកទស្សនកិច្ចនៅតំបន់ឆ្នេររបស់យើង តាមរយៈនៃការកសាងព្រលានយន្តហោះ ពង្រីកព្រលានយន្តហោះនៅខេត្តព្រះសីហនុផង និងរៀប​ចំព្រលានយន្តហោះនៅគិរីសាគរ នៃខេត្តកោះកុងរបស់យើងផង។ តាមរយៈនោះហើយ​ ដែលយើងបង្កើតឲ្យ​មាន​មុខរបរ និងបង្កើននូវការនាំចេញនៅនឹងកន្លែងសម្រាប់ប្រជាពលរដ្ឋរបស់យើង។ ប្រជាពលរដ្ឋរបស់យើងមានមុខរបរតាមរយៈការបង្កើនឡើងនូវសេវាទេសចរណ៍។

ទេសចរណ៍ជាកំណើនបៃតង ឬជា មាសបៃតង

ខ្ញុំនឹងផ្តល់ជាអនុសាសន៍ ដើម្បីអនុសាសន៍នេះ វាមិនមែនគ្រាន់តែនៅជ្រុំត្រឹមតែអនុសាសន៍ ដែលមាននៅឯខេត្តកែបនោះទេ ក៏ប៉ុន្តែខ្ញុំគិតថា នឹងមានបន្ថែមអនុសាសន៍មួយចំនួនទៀត សម្រាប់អស់លោកយកទៅអនុវត្ត។ ឥឡូវដល់ចំណុចដែលខ្ញុំផ្តល់អនុសាសន៍ ដើម្បីបន្តជំហានឆ្នេរបៃតងរបស់យើង ហើយប្រធានបទ ដែលជ្រើស រើសយកមកពេលនេះ ប្រើពាក្យថា «ឆ្នេរស្អាត ពលរដ្ឋរមណី អមដោយពាក្យស្លោក អេកូទេសចរណ៍សម្រាប់ កំណើនបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព»។ ខ្ញុំយល់ស្រប។ ច្បាស់ណាស់ គ្មានការអភិវឌ្ឍណា មួយបំផ្លិចបំផ្លាញហើយ ហើយប្រើប្រាស់ពាក្យថាចីរភាព ឬនិរន្តរភាពនោះបានទេ។ ហើយកំណើនរបស់យើងពិតជាកំណើនបៃតងមែន ដែលឯកឧត្តម ថោង ខុន និយមហៅថា មាសបៃតង។ ចំណុចដែលយើងត្រូវធ្វើជាបន្ត តើមានអ្វីខ្លះដែលខ្ញុំគួរតែត្រូវរំលឹក ហើយខ្ញុំគិតថា ក៏នៅមានអនុសាសន៍ដដែលៗដែរ ប៉ុន្តែ វាក៏នៅមានអនុសាសន៍ដែលតាមការរីកចម្រើនវិវឌ្ឍ នៃសភាពការណ៍។

អនុសាសន៍ទី ១ វត្តមានជាអចិន្ត្រៃយ៍នៃសន្តិភាព និងស្ថេរភាពខាងនយោបាយ

… វត្តមានជាអចិន្ត្រៃយ៍នៃសន្តិភាព ស្ថេរភាពនយោបាយ ខិតខំរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ដាច់ខាតកុំឲ្យ​មានការវាយប្រហារដោយភេរវកម្ម។ នេះជាចំណុចដែលអស់លោក ក៏ដូចជាប្រជាពលរដ្ឋ ត្រូវក្តាប់ឲ្យបាន និង​ត្រូវធ្វើឲ្យបាន ដើម្បីធានាថា ប្រទេសនេះមិនចូលទៅក្នុងឋានៈប្រទេសដែលមានសង្គ្រាម ហើយមានការវាយប្រហារដោយភេរវកម្មទៅក្នុងតំបន់ដែលមានទេសចរ ឬគ្មានទេសចរនោះទេ។ ប្រទេសមួយចំនួនបានកើតមានភេរវកម្ម ធ្វើឲ្យអ្នកដែលប៉ុនប៉ងទៅធ្វើទស្សនកិច្ចជួបការភ័យខ្លាច រហូតទៅដល់មានករណីវាយប្រហារនៅតំបន់ទេសចរណ៍តែម្តង។ សង្ឃឹមថា យើងទាំងអស់គ្នា​ ប្រជាជនម្នាក់ គឺជានគរបាលម្នាក់ ដើម្បីជួយការពារជាតិ ការ​ពារសន្តិភាព ការពារស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម។ បើគ្មានវត្តមានជាអចិន្ត្រៃយ៍នៃសន្តិភាព និងស្ថេរភាពនយោបាយទេ កុំសង្ឃឹមថាមានទេសចរ ហើយកុំសង្ឃឹមថា មានដំណើរឆ្ពោះទៅមុខដើម្បីសម្រេចគោលដៅ (ប្រែក្លាយ)ពីប្រទេសដែលមានឋានៈចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូល​មធ្យមកម្រិតខ្ពស់ នៅក្នុងឆ្នាំ ២០៣០ ឲ្យសោះ។

សូមក្រឡេកមើលទៅលើប្រទេសដែលកំពុងមានសង្គ្រាម និងមានអស្ថេរភាព តើទេសចរហ៊ានតម្រង់ទៅទីនោះទេ ទាំងអ៊ីរ៉ាក់ ទាំងលីប៊ី ទាំងស៊ីរី ទាំងយេមែន ទាំងម៉ាលី ទាំងអាហ្វ្រិកកណ្តាល ទាំងស៊ូដង់ខាងត្បូង ដែលនៅទីនោះ កងទ័ពរបស់យើងកំពុងតែឈរជើងនៅអាហ្វ្រិកកណ្តាល នៅម៉ាលី នៅស៊ូដង់ខាងត្បូង និងនៅលីបង់។ សូម្បីតែយើងក៏យើងត្រូវចូលរួមចំណែកវិភាគទាន ដើម្បីចូលរួមប្រតិបត្តិការរក្សាសន្តិភាពនៅលើពិភពលោកនេះដែរ ប៉ុន្តែទន្ទឹមទៅនឹងការជួយទៅប្រទេសដទៃ អំពីការរក្សាសន្តិភាព យើងខ្លួនឯងក៏ត្រូវរក្សាសន្តិភាពឲ្យខាងតែបាន ចៀសវាងនូវការបំផ្លិចបំផ្លាញ។ យើងមិនត្រូវអត់អោនឲ្យអ្នកណាក៏ដោយចុះ ដែលចង់បំផ្លិចបំ​ផ្លាញសន្តិភាពសម្រាប់ប្រទេសនេះ។ ដូច្នេះ ខ្ញុំប្រើនិយមន័យថា វត្តមានជាអចិន្ត្រៃយ៍នៃសន្តិភាព និងស្ថេរភាពខាងនយោបាយ។

អនុសាសន៍ទី ២៖ រក្សានូវសមុទ្របៃតង និងអភិវឌ្ឍអេកូទេសចរណ៍ ដោយមិនកាប់បំផ្លាញព្រៃឈើ

… រក្សាឲ្យបាននូវសមុទ្របៃតង រក្សាឲ្យបាននូវតារារះនាទិសនិរតីសម្រាប់ខេត្ត ៤ ជាប់មាត់សមុទ្រ ដែលស្ថិតក្នុងចំណោមឆ្នេរ ដែលស្អាតបំផុតលើពិភពលោក។ លើកទឹកចិត្តឲ្យមានការអភិវឌ្ឍអេកូទេសចរណ៍ បែបតារាសា​គរ (ដើម្បីយើង)ទទួលផលពីទេសចរណ៍ដោយមិនកាប់បំផ្លាញព្រៃឈើ។ ចំណុចនេះ នៅក្នុងខេត្តកោះកុង គឺមានអេកូទេសចរណ៍ច្រើនណាស់។ (អេកូទេសចរណ៍)កម្រិតតារាសាគរ គឺជាខ្នាតធំ ប៉ុន្តែយើងនៅមានតំបន់អារ៉ែង មានជីផាត មានកន្លែងដទៃទៀតច្រើនណាស់។ លើកទឹកចិត្តឲ្យមានការអភិវឌ្ឍបែបនេះ។ ការប្រគល់ដីធ្លីឲ្យមានការកាប់ព្រៃឈើ ហើយធ្វើការដាំដុះ ពិតហើយនោះវាគឺជាតម្រូវការនៃការអភិវឌ្ឍនៅក្នុងវិស័យកសិកម្ម ដែលយើងបាន និងកំពុងធ្វើនៅលើដីមួយចំនួន ប៉ុន្តែដើម្បីបានកៅស៊ូ ស្វាយចន្ទី និងធញ្ញជាតិដទៃទៀត យើងត្រូវកាប់ព្រៃឈើ ដើម្បីដាំដុះ។ ប៉ុន្តែអេកូទេសចរណ៍ មិនតម្រូវឲ្យមានការកាប់ឈើច្រើននោះទេ។ តាមរយៈនៃការរៀបចំមូលដ្ឋានអេកូទេសចរណ៍នេះ យើងទទួលផលពីទេសចរណ៍ច្រើនជាងវិស័យកសិកម្ម ហើយយើងបានការពារព្រៃរបស់យើងបានល្អទៀតផង

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បន្តភាពម៉ឺងម៉ាត់ ហាមការចាក់ដីចូលក្នុងសមុទ្រដោយគ្មានការអនុញ្ញាត

ខ្ញុំនៅតែរំលឹកថា សុំកុំសម្លាប់មេមាន់ គ្រាន់តែឆ្ងាញ់មួយពេល ដែលត្រូវទុកមេមាន់សម្រាប់ផលប្រយោជន៍ច្រើនទៀត ខិតខំការ​ពារឆ្នេរ ការពារព្រៃ និងបរិស្ថានធម្មជាតិ ខិតខំពន្លឿនការកសាងកន្លែងចំរោះទឹកកខ្វក់ ហើយមុនដំបូង គឺខិតខំពន្លឿននៅក្នុងខេត្តព្រះសីហនុ បញ្ចៀសការបង្ហូរទឹកកខ្វក់ និងសំរាមចូលក្នុងទឹកសមុទ្រ។ ចំណុចនេះជាចំណុចដែលឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ត្រូវបន្តភាពម៉ឹងម៉ាត់ជាមួយឯកឧត្តម ថោង ខុន ដើម្បីធ្វើកិច្ចការងារនេះជាមួយនឹងបណ្តាខេត្តដែលជាប់ពាក់ព័ន្ធ ហើយហាមដាច់ខាតនូវការចាក់ដីចូលក្នុងសមុទ្រ ដោយគ្មានការអនុញ្ញាត។ ចំណុចនេះ អស់លោកត្រូវធ្វើឲ្យជាប់ ធ្វើជាប្រចាំ ដោយមិនអាចធ្វើការធ្វេសប្រ​ហែស​ទេ។

ធានាថា ទឹកកខ្វក់មិនត្រូវបាន​បង្ហូរទៅក្នុងសមុទ្រនៅពេលអនាគត

យើងចង់បានការអភិវឌ្ឍហើយ ក៏ប៉ុន្តែការអភិវឌ្ឍណាមួយដែលយើងមិនអាចគ្រប់គ្រងបាន មិនត្រូវបណ្តែតបណ្តោយនោះទេ។ ​ខ្ញុំបានទទួលរបាយការណ៍ពីឯកឧត្តម ជា សុផារ៉ា ហើយ អំពីទុននានាបន្ថែម ដើម្បីធ្វើលូបង្ហូរ​ទឹកនៅឯខេត្តព្រះសីហនុ។ ត្រូវខិតខំជំរុញអភិវឌ្ឍគម្រោងនេះ។ ប៉ុន្ដែ​ខ្ញុំគិតថា ​​គម្រោងបែបនេះ គ្រាន់តែជា(ដំណោះស្រាយ)បណ្ដោះអាសន្ន​ទេ​។ យើងត្រូវធ្វើគម្រោងធំជាងនេះ ដើម្បីធានាថា ទឹកកខ្វក់ទាំងអស់មិនត្រូវបាន​បង្ហូរទៅក្នុងសមុទ្រនៅពេលអនាគត។ ប្រសិនបើយើងអភិវឌ្ឍនៅលើគោក បែរជាបំផ្លាញក្នុងទឹកសមុទ្រ តើមានន័យអ្វីទៀតទៅគឺវាមិនខុសពីការបំផ្លាញចោលសមុទ្រ ហើយខ្ញុំនៅចាំថា​នៅ​ទសវត្ស​រ៍ ៩០ គឺមានសំណើស្នើសុំបង្កើតអគ្គិសនី ដុតដោយសំរាមនៅលើកោះកម្ពុជា​ ហើយមកធ្វើជី​ដើម្បី​ជួ​យកម្ពុជា ដោយដឹកសំរាមពីស្រុកគេយកមកផលិតជី ធ្វើជាជំនួយឲ្យកម្ពុជា។

មិនអោយកម្ពុជា ក្លាយជាទីចោលសំរាមនៃប្រទេសនានា

ខ្ញុំមិនយល់ស្របពីការដឹក​សំរាមពីប្រទេសដទៃ មក​ធ្វើអគ្គិសនីផ្គត់ផ្គង់អោយកម្ពុជានោះទេ​ ហើយខ្ញុំក៏មិនទទួលយកជី ដែលដឹកសម្រាមពីប្រទេសដទៃ មកដុតលើកោះរបស់កម្ពុជា ហើយធ្វើជាជំនួយមកឲ្យកម្ពុជាដែរ។​ (បើធ្វើបែប)នោះកម្ពុជានឹងក្លាយជាធុងសំរាម ជាទីចោលសំរាមដែលប្រទេសនានាកំពុងតែកកស្ទះនោះឯង។ ឥឡូវ​ នោះជា​រឿង​មួយហើយ។ ប៉ុន្ដែបញ្ហាទីនេះ​ សំរាម និងទឹកកខ្វក់ច្រើនទៅៗធ្លាក់ចូលទៅក្នុងសមុទ្រ ដែល​​យើង​ខិតខំរកគ្រប់មធ្យោបាយទាំងអស់ ដើម្បីធានាយ៉ាងណាធ្វើឲ្យសមុទ្ររបស់យើង​ជាសមុទ្រដែលស្អាត ដែលយើង និងទេសចរ ចុះងូតនៅក្នុងសមុទ្ររបស់យើង ដោយគ្មានការភ័យខ្លាច​អំពីភាពរមាស់ ឬជំងឺដង្កាត់​ដែល​អាចឆ្លងតាមទឹកនោះឯង​។

ហាមឃាត់ដាច់ខាតការចាក់ដីចូលសមុទ្រ ដែលគ្មានការអនុញ្ញាត

… ការចាក់ដីចូលសមុទ្រ ពាក្យថា «ហាមឃាត់ដាច់ខាតការចាក់ដីចូលសមុទ្រ ដែលគ្មានការអនុញ្ញាត​» ហេតុអ្វី​ចាំបាច់ថា​ គ្មានការអនុញ្ញាត? ការអភិវឌ្ឍតែងមានការចាក់ដី​ ឬចាក់ថ្ម សូម្បីកំពង់ផែកំពង់​សោម យើងបានឃើញទេ ដើម្បីអោយកំពង់ផែនេះអាចចូលបាន យើងត្រូវធ្វើអ្វី? ឥឡូវនេះ​តាមរយៈកម្ចីពីជប៉ុន យើងកំពុងតែជីកជម្រៅទឹកឲ្យវាជ្រៅ។ ក៏ប៉ុន្ដែ នៅក្បែរកំពង់ផែ យើងត្រូវរៀបចំអោយមានរបាំងដើម្បីកុំ​អោយរលក​បុកចូល​​។ នៅតំបន់ខ្លះទៀត ក៏យើងអាចមានករណីធ្វើដូចគ្នា។ ឆ្នេររបស់យើងមាន ប៉ុន្ដែងូតទឹកមិនបាន ដោយសារ​រលកធំ​ពេក​។ ​ដូច្នេះដើម្បីកាត់បន្ថយរលក​ ​យើងក៏អាចមានលទ្ធភាពអនុញ្ញាតឲ្យមានការបាំងថ្ម ដើម្បីអោយមានតំបន់​ដែល​ប្រជាជនអាចមុជទឹកបាន​។

អញ្ចឹងចំណុចនេះ មានចំណុចដែលទាក់ទងទៅនឹងការអនុញ្ញាត និងចំណុចដែលមិនទាក់ទងនឹងការអនុញ្ញាតដែលខ្ញុំសូមបញ្ជាក់។ ភាពជ្រុលនិយមឆ្វេង និងជ្រុលនិយមស្ដាំ យល់មិនច្បាស់​ ក៏វាបង្កើតជាបញ្ហាលំបាកធ្វើការផងដែរ​។ មានអ្នកដែលមានបទពិសោធន៍ធ្វើការក្នុងរដ្ឋបាលសាធារណៈ​ និង​មានអ្នកដែលមិនធ្លាប់មានបទពិសោធន៍ធ្វើការក្នុងរដ្ឋបាលសាធារណៈ។ ខ្ញុំចង់យកឱកាសន​នេះ​បញ្ជាក់ថា កន្លែងដែលមិនបានទទួលការអនុញ្ញាតឲ្យចាក់ ប៉ុន្ដែគេចាក់ យើងត្រូវមានវិធានការម៉ឺងម៉ាត់ដាច់​ខាតនៅពេលខាងមុខនេះ​ ហើយក៏ត្រូវមានទោសទណ្ឌដែរ ប្រសិនបើត្រូវការវិសោធនកម្មច្បាប់ និងបន្ថែម​ច្បាប់​​ ខ្ញុំគាំទ្រអោយមានការដាក់ទោសទណ្ឌជាមួយអ្នកដែលបំពានទៅលើការចាក់ដីទៅក្នុងសមុទ្រដោយ​គ្មាន​ការ​អនុញ្ញាត។

អភិបាលខេត្តព្រះសីហនុ ស្ដារកិត្ដិយសខេត្ត

ជាមួយគ្នានេះ ខ្ញុំសូមឲ្យខេត្តព្រះសីហនុ ដែលអភិបាលខេត្តក៏អញ្ជើញនៅទីនេះ​ខិតខំស្ដារឡើង​វិញ​នូវកិត្តិយស​ដែលបានធ្លាក់ចុះ​ ដោយកត្តាសត្យានុម័ត និងកត្តាអត្ដនោម័ត​។ ខ្ញុំសូមយកឱកាស​នេះបញ្ជាក់បន្ដិច ហើយក៏សូមបញ្ជាក់ថា ​សម្ដីរបស់ខ្ញុំមិនបានគាំទ្រទៅអ្នកលេងហ្វេសប៊ុកណាមួយទេ។ សូម​បញ្ជាក់ជូនអោយច្បាស់នៅទីនេះ។ សូមកុំយកសេចក្ដីថ្លែងការណ៍របស់ខ្ញុំ ​​ទៅវាយប្រហារគ្នារវាងអ្នកលេង​ហ្វេស​ប៊ុក​ជាមួយគ្នា។ ខ្ញុំមិនបានដឹងថាអស់លោកនិយាយពីអីទេ​។ ប៉ុន្ដែ នេះជាសម្ដីរបស់នាយករដ្ឋមន្ដ្រី ដែល​មិនសំដៅ​គាំទ្រ(គណនី)ហ្វេសប៊ុកនេះ ឬនោះ​ទេ។ ខ្ញុំអត់(ធ្វើ)ទេ។ នេះជាសម្ដី​ដែលខ្ញុំណែនាំទៅអាជ្ញាធរ​តែប៉ុណ្ណោះ។ ខ្ញុំចង់បញ្ជាក់។ ខ្ញុំមានការភ្ញាក់ផ្អើលណាស់ នៅពេលគេថា សម្ដេចនាយកបញ្ជាអោយចាប់ នាងខ្ញុង។ ​យើង​មិនដឹងថា នាងខ្ញុង និយាយពីអីផង​។ ជួនកាល មានពេលមួយ ទាល់តែ ករុណា ពេជ្រ ចេញមកនិយាយ ទើបខ្ញុំដឹង។ គេបានមកបំផុស ពេល ខេម ចេញទៅច្រៀងក្រៅប្រទេសថា ​សម្ដេច ហ៊ុន  សែន បញ្ជាឲ្យ​ចាប់ ខេម ទៅហើយ ក្នុងពេលដែលយើងកំពុងតែ​​​​ ដោនឡូតចំរៀងរបស់ ខេម គឺ បទ រងាផ្កាគ ទុក។ វាមាន​រងាផ្កាគរបស់ កែវ សារ៉ាត់ និងរបស់ ខេម។

កត្ដាសត្យានុម័ត នៃការធា្លក់ចុះទេសចរ ក្នុងខេត្តព្រះសីហនុ

អញ្ចឹងវាដូចជាយកពាក្យរបស់យើងទៅកាឡៃ។ ខ្ញុំសូមស្នើ​អ្នក​លេងហ្វេសប៊ុកទាំងអស់ លេងអីលេងតែខ្លួនឯងទៅ កុំយកសម្ដីរបស់ខ្ញុំទៅចាក់ ហើយកុំយកសម្ដីរបស់ខ្ញុំ​ទៅ ​ដើម្បីថាកាន់ជើង​ក្រុមនេះ កាន់ជើងក្រុមនោះ។ ខ្ញុំចង់ធ្វើការពិត​ប្រាកដ។ ​ខ្ញុំបញ្ជាទៅលើរដ្ឋបាលសាធារណៈ​ កម្លាំងប្រដាប់អាវុធ បញ្ហានៅខេត្ដព្រះសីហនុ​។ រឿងវាមិនធំទេ ក៏ប៉ុន្ដែគេ​ធ្វើ​ដូចព្យុះស៊ូណាមីបានកើតឡើង​នៅខេត្តព្រះសីហនុដូចគ្នា​។ ជាកត្ដាសត្យានុម័ត ខ្ញុំចង់និយាយ​សំដៅដល់​ថា ​ការ​ធា្លក់ចុះនូវទេសចរនៃខេត្តព្រះសីហនុ​ យើងត្រូវមើលស្ថានភាពរួម កុំមើលដើមឈើមួយដើមៗ ត្រូវមើលព្រៃទាំង​មូលទើបយើងអាចដឹងបាន។ ប្រជាជនយើងត្រឹមតែ ១៦ លាន នាក់​ ក្នុង ១៦ លាននាក់ កាលពីមុន អត់​មាន​តំបន់ទេសចរណ៍ច្រើន អញ្ចឹង ១៦ លាន ប្រមូលផ្ដុំគ្នាមកតែក្រុងព្រះសីហនុ។ ប៉ុន្ដែពេលនេះ តំបន់ទេសចរណ៍មាន​ការប្រកួតប្រជែងគ្នាខ្លាំងណាស់។ គ្រាន់តែ​តំបន់មាត់សមុទ្រ មានអ្នកចង់លេងកោះកុង មានអ្នកចង់លេង​ក្រុង​ព្រះសីហនុ មានអ្នកចង់លេងនៅកែប កំពត។ ក្រៅពីតំបន់មាត់សមុទ្រមានអីទៀត មានអង្គរវត្ដ ព្រះវិហារ រតនគិរី​ មណ្ឌលគិរី ស្ទឹងត្រែង ច្រើនណាស់ ដូច្នេះអ្នកដែលធ្លាប់មកហើយគេមិនមក ដូច្នេះចាត់ទុកថា​វាជាកត្ដា​សត្យា​នុម័ត​មួយ​។

កត្ដាអត្ដនោម័ត គឺសន្ដិសុខសណ្ដាប់ធ្នាប់សង្គម

ទន្ទឹមនឹងនោះ វាក៏មានកត្ដាអត្ដនោម័តរបស់វា នៅត្រង់ថា សន្ដិសុខ​ សណ្ដាប់ធ្នាប់​សង្គម​ក៏ត្រូវរៀបរយ ពង្រឹងឲ្យ​រឹងមាំនៅទីនេះ។ ច្បាប់កម្ពុជាត្រូវតែបានអនុវត្ដទៅលើមនុស្សទាំងអស់ ដែលបានឈរ​ជើងក្នុងទឹកដីកម្ពុជាដោយគ្មានការលើកលែងនោះទេ​។​​​ ត្រូវពង្រឹងអំពីបញ្ហានេះឲ្យបានច្បាស់លាស់​។ ​ ខ្ញុំគួរតែបញ្ជាក់ថា តើអ្នកទាំងឡាយយល់ដឹងប៉ុណ្ណាទៅអំពីក្រឹត្យក្រមសេដ្ឋកិច្ចទីផ្សារ​។ ហេតុអ្វី បានមានអ្នក​កសាងសណ្ឋាគារផ្កាយប្រាំ ហើយអ្នកកសាងសណ្ឋាគារផ្កាយបួន?​ ហើយមានអ្នកកសាង​សណ្ឋាគារផ្កាយបី និង​ផ្ទះសំណាក់? ហេតុអ្វី? នោះហើយជាក្រឹត្យក្រមសេដ្ឋកិច្ចទីផ្សារ។ អ្នកមានលុយទៅដេកអាផ្កាយប្រាំទៅ អ្នកដែលលុយតិច​ទៅដេកផ្កាយបួនទៅ … ពិភពលោកគឺដូច្នេះ។ មានតែ ប៉ុល ពត មួយ​ទេ ដែលអនុញ្ញាតឲ្យមនុស្ស​បានដេកតាមរោងទាំងអស់គ្នានោះ។ ខ្ញុំមិនយល់ទេ សណ្ឋាគារថោក ឬសណ្ឋាគារថ្លៃ វាជាក្រឹត្យក្រមទីផ្សារ ដែល​ខ្ញុំលើកថ្ងៃមុននោះ បើចង់ទៅញូវយ៉ក​នៅ ខែ ៩ ឆ្នាំក្រោយ ពេលមហា​សន្និបាតអង្គការសហប្រជាជាតិ កក់ពី ខែ ១ អាហ្នឹងទើបបានល្អ។ ប៉ុន្តែ បើចាំ ខែ ៩ បាន book សណ្ឋាគារ អ្នកឯងត្រូវបង់ប្រាក់ ១០០% ពីលើថ្លៃធម្មតា … ហេតុអ្វីបានជាអ្នកទាំងឡាយមិនយល់អំពីបញ្ហារវាងតម្រូវការ និងការផ្គត់ផ្គង់នេះ ហើយបែរជាយកហ្វេសប៊ុកមកវាយបំផ្លាញធ្វើដូចជាខេត្តព្រះសីហនុ គឺជាតំបន់ដ៏ខ្មៅងងឹតមួយ ជាខ្យល់ព្យុះស៊ូណាមី? ខ្ញុំសូមធ្វើការដាស់តឿនមនុស្សមួយចំនួន ដែលមិនយល់ សូម្បីតែខ្លួនដែលមុននេះរកតែស្បែកជើងពាក់មិនបាន ឥឡូវខ្លួនមានឡានជិះ។ ចុះយើងចេះទារប្រាក់ខែ(ឲ្យខ្ពស់) តើអ្នកសណ្ឋាគារចេះតម្លើងថ្លៃទេ? វាច្បាស់ណាស់ ដូច្នេះហើយបានសូម្បីតែចំពោះបញ្ហាផ្ទះ(ឈ្នួល)កម្មករ ក៏ខ្ញុំបានស្នើសុំឲ្យមានការយោគយល់ បើសិនជាមានការតម្លើងក៏តម្លើងឲ្យសមរម្យ។ ខ្ញុំក៏សុំអំពាវនាវដូចគ្នានេះ ទៅគ្រប់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ នៅទូទាំងប្រទេសទាំងអស់ រាប់ទាំងនៅកោះកុង ក្រុងព្រះសីហនុ និងកន្លែងដទៃទៀត សូមកុំឲ្យតម្លើងថ្លៃនៅពេលដែលប្រជាពលរដ្ឋធ្វើវិស្សមកាលនៅដំណាច់ឆ្នាំនេះ។

ចរិតបំផ្លិចបំផ្លាញទេសចរណ៍នៅក្នុងប្រទេស បានកើតមានពិតប្រាកដ

អញ្ចឹងត្រូវយល់ទាំងអស់គ្នា។ ថ្ងៃមុន​ ថ្នាក់រដ្ឋលេខាធិការក្រ​សួងមួយ ខ្ញុំមិនចេញឈ្មោះទេ បញ្ជូនឃ្លីបវីដេអូមួយមកឲ្យខ្ញុំថាសណ្តាប់ធ្នាប់ប្រទេសយើង ហេតុអ្វីបានបណ្តែតបណ្តោយដល់កម្រិតប៉ុណ្ណេះ? ខ្ញុំគ្មានពេលពិនិត្យទេ។ ខ្ញុំបានមើលបន្តិច ក៏បានបាញ់មួយទៅកាន់សម្តេច​ក្រឡាហោម ស ខេង ក្នុងឋានៈជារដ្ឋមន្រ្តីមហាផ្ទៃ បាញ់មួយទៀតទៅ នេត សាវឿន ក្នុងឋានៈជាអគ្គស្នងការនគរបាលជាតិ បាញ់មួយទៀតទៅ ឆៃ ស៊ីណារិទ្ធ ក្នុងឋានៈជាអគ្គស្នងការរងនគរបាលជាតិ និងបាញ់មួយទៀតទៅឲ្យឧត្តមសេនីយ ស ថេត ដែលជាស្នងការនគរបាលរាជធានីភ្នំពេញ … ព្រលឹមឡើង ខ្ញុំគិតថា ពេលហ្នឹង ស ថេត បានបញ្ជូនត្រឡប់ទៅវិញថា “លោកពូ! វីដេអូនេះ គឺកាត់ត”។ ដូច្នេះ យកមកពិនិត្យវិញគឺកាត់តមែន ម្ខាងកាន់សុទ្ធតែកាំបិត មិនដឹងថាគេថតកុននៅណាទេ។ មិនដឹងថានៅប្រទេសណាទេ។ មិនមែនជាជនជាតិខ្មែរទេ។ អញ្ចឹងទេ នៅទីនេះ ជាចរិតបំផ្លិចបំផ្លាញទេសចរណ៍នៅក្នុងប្រទេសរបស់យើង ពិតជាបានកើតមានពិតប្រាកដ។ ខ្ញុំនឹងនិយាយទៅដល់ផ្នែកខាងក្រោម ដើម្បីឲ្យឃើញពីចរិតពិសពុល នៃមនុស្សមួយចំនួនបំផ្លាញសន្តិសុខជាតិ ហើយយើងនឹងចាត់វិធានការទៅលើរឿងនេះ។

ប៉ុន្តែ រឿងអ្នកផ្សេងធ្វើជាកត្តាសត្យានុម័ត គឺជារឿងមួយ តែរឿង​ដោះស្រាយកត្តាអត្តនោម័ត គឺជាការទទួលខុសត្រូវ នៃរដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ទាំងអស់នៅក្នុងប្រទេស មិនថាតែខេត្តជាប់មាត់សមុទ្រទេ។ ប៉ុន្តែ ឥឡូវនេះ ខេត្តព្រះសីហនុ ត្រូវតែខិតខំខ្លាំងជាងគេ ដើម្បីស្តារមុខមាត់ ហើយបង្ក្រាបឲ្យខាងតែបានទៅលើពួកល្មើស មិនថាពួកល្មើសហ្នឹងវាមកពីណាទេ ហើយពាក់ផ្កាយប៉ុន្មាន ខ.ម មិន ខ.ម ខ្ញុំមិនដឹងទេ ដឹងតែនរណាខុស គឺដាក់អាហ្នឹងតែម្តងទៅ កុំឲ្យវាពិបាកពេក។

អនុសាសន៍ទី ៖ ត្រូវខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ទាំងអស់ ដើម្បីបម្រើឲ្យវិស័យទេសចរណ៍

… ខិតខំបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះ មានអាកាសយានដ្ឋាន ផ្លូវ ទឹក ភ្លើង សណ្ឋាគារ រមណីយដ្ឋានទេសចរណ៍ផ្សេងទៀត ដែលជាតម្រូវការ។ បន្តការកសាង ទេសចរបច្ចុប្បន្ននេះ មិនមែនទេសចរសម័យបក់ផ្លិតទេ ជាសម័យទេសចរនៃម៉ាស៊ីនត្រជាក់។ កន្លែងខ្លះវាទាល់តែមានសណ្ឋាគារផ្កាយ ៥ គេបើកតាម internet ឡើង គេដឹងថា ប្រទេសយើងមានសណ្ឋាគារផ្កាយ ៥ គេដឹងថា យើងមានមន្ទីរពេទ្យដ៏ល្អ បើសិនគេមានបញ្ហា គឺគេសម្រេចចិត្តមកក្នុងប្រទេសរបស់យើង។ ដូច្នេះ យើងត្រូវខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ទាំងអស់​ ដើម្បីបម្រើឲ្យវិស័យទេសចរណ៍។

អនុសាសន៍ទី ៤៖ សន្តិសុខ សណ្តាប់ធ្នាប់សង្គម

… ទាក់ទងនឹងសន្តិសុខដដែល សន្តិសុខ សណ្តាប់ធ្នាប់សង្គម ធ្វើយ៉ាងណាកុំឲ្យពួកគ្រឿងញៀន ពួកប្រព្រឹត្តខុសច្បាប់ ប្រើតំបន់មាត់សមុទ្រធ្វើសកម្មភាព … កិច្ចការនេះត្រូវខិតខំដោះស្រាយ។ យើងនៅចាំបានទេ ប៉ុន្មានឆ្នាំមុន (Sergei) Polonsky ដែលជាឧក្រិដ្ឋជនប្រព្រឹត្តកំហុសនៅរុស្ស៊ី បានរត់គេចខ្លួនមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ ហើយពេលនោះខ្ញុំចេញបញ្ជាផ្ទាល់អោយចាប់។ ចាប់បាន។ Polonsky ប៊ិះនឹងរត់គេចផុតពីដែនទឹករបស់កម្ពុជា។ រដ្ឋាភិបាលរុស្ស៊ីស្នើសុំឲ្យយើងចាប់ ដើម្បីបញ្ជូនទៅកាន់រុស្ស៊ី។ អញ្ចឹងទេ ត្រូវប្រុងប្រយ័ត្នកុំឲ្យតំបន់មាត់សមុទ្រ ឆ្នេរសមុទ្ររបស់យើង ក្លាយទៅជាជម្រកនៃក្រុមគ្រឿងញៀន ឬក្រុមប្រព្រឹត្តខុសច្បាប់ផ្សេង​ទៀត។ កាន់តែសំខាន់ជាងនេះទៀត កុំឲ្យ​ក្រុមភេរវកម្មដែលរត់គេចពីដីគោក មកជ្រកកោនក្នុងដែនទឹករបស់យើងឲ្យសោះ។

អនុសាសន៍ទី ៥៖ ជម្រុញការផលិតដើម្បីផ្គត់ផ្គង់ឲ្យទេសចរណ៍

… ជម្រុ​ញការផលិតដើម្បីផ្គត់ផ្គង់ឲ្យទេសចរណ៍ ដែលជាទិសដៅនាំចេញនៅនឹងកន្លែង។ លើកទឹកចិត្ត និងជួយប្រជាជនដែលរស់នៅក្បែរតំបន់ទេសចរ​ណ៍ ឲ្យដាំដុះ ចិញ្ចឹមសត្វ និងផលិតនូវមុខទំនិញដែលទេសចរត្រូវការ ដោយចាត់ទុកទេសចរជាទីផ្សារនៃផលិតផលរបស់ប្រជាជន។ ចំណុចនេះ ខ្ញុំនៅតែបន្តនិយាយថា ជម្រុញការនាំ​ចេញនៅនឹងកន្លែង។ ម្សិលមិញ ខ្ញុំបានជួបលោក Lee ដែលជាប្រធាននៃក្រុមហ៊ុន Union នៅតារាសាគរ ខ្ញុំបានសូមអោយគាត់ ខិតខំនាំទេសចរចិនឲ្យបាន ៣ លាននាក់ ចូលមកក្នុងស្រុកខ្មែរ ហើយទិញអង្ករខ្មែរ ដើម្បីផ្គត់ផ្គង់ឲ្យ ៣ លាននាក់ទទួលទាន។ គាត់ថា គាត់នឹងខិតខំសម្រេច។

យើងគិតមើល ​ទេសចរបារាំង ទេសចរអាមេរិកស៊ីនំប៉័ង ឯទេសចរចិនស៊ីអង្ករ។ អញ្ចឹងទេ ចិនមិនបានវេចអង្ករពីស្រុកចិនមកកាន់កម្ពុជាទេ ច្បាស់ជាមកទិញអង្ករកម្ពុជាហើយ។ អញ្ចឹងទេ ៣ លាននាក់ ទេសចរដែលមក យើងថា(ទទួលទាន) ៦ ពេលទៅចុះ … (បើ)ម្នាក់អស់ ១ គីឡូក្រាម(អង្ករ) វាអស់ ៣ លានគីឡូក្រាម។ អញ្ចឹងវាក៏ជួយលក់អង្ករ វាក៏ជួយលក់បន្លែ វាជួយលក់ពងមាន់ពងទា លក់សាច់មាន់ សាច់ទារបស់ខ្មែរដែរ។

កំណត់តំបន់ខ្សែក្រវាត់បៃតង ជម្រុញដាំដុះបន្លែបង្ការ ចិញ្ចឹមសត្វ ផ្គត់ផ្គង់ឱ្យសណ្ឋាគារ

អញ្ចឹងទេ បានជាយើងត្រូវខិតខំជម្រុញការដាំដុះ ជម្រុញការចិញ្ចឹមសត្វនៅក្នុងប្រទេសរបស់យើង ដើម្បីកាត់បន្ថយប្រាក់ចំណូលដែលយើងបានមកពីទេសចរ ហើយនាំចេញទៅវិញ ដើម្បីនាំបន្លែបង្ការ នាំសាច់ពីប្រទេសក្រៅចូលមកផ្គត់ផ្គង់ទេសចរក្នុងស្រុក។ អញ្ចឹងគ្រប់ទីកន្លែងដែលមានតំបន់ទេសចរណ៍ទាំងអស់ ត្រូវខិតខំចលនា។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវកំណត់តំបន់នោះ ដើម្បីធ្វើជាខ្សែក្រវាត់បៃតងដើម្បីជម្រុញឱ្យប្រជាជនដាំដុះបន្លែបង្ការ ជម្រុញឱ្យប្រជាពលរដ្ឋចិញ្ចឹមសត្វ ចិញ្ចឹមត្រី ផ្គត់ផ្គង់ឱ្យបណ្តាសណ្ឋាគារដែលមានទេសចរណ៍។ ចំណុចនេះ យើងយកវិស័យទេសចរណ៍មួយទាញវិស័យកសិកម្ម វិស័យសិប្បកម្ម ទាញវិស័យផ្សេងទៀត ដែលមានតម្រូវការសម្រាប់វិស័យទេសចរណ៍របស់យើង។

អនុសាសន៍ទី ៦៖ ពង្រីក និងពង្រឹងការតភ្ជាប់របៀងដឹកជញ្ជូនមាត់សមុទ្រ

… ពង្រីក និងពង្រឹងការតភ្ជាប់តាមផ្លូវនៅមាត់សមុទ្រ ហៅថា របៀងមាត់សមុទ្ររបស់យើង ពីកោះកុង ទៅខេត្តព្រះសីហនុ ទៅកែប ទៅកំពត។ របៀងនេះ ជាយុទ្ធសាស្ត្រ នៃរបៀងដឹកជញ្ជូន ក៏ប៉ុន្តែ របៀងដឹកជញ្ជូននោះ ក៏វា​​ជារបៀងទេសចរណ៍របស់យើងដែរ។ យើងត្រូវខិតខំពង្រីកផ្លូវលេខ ៤៨។ ខ្ញុំក៏ សូមជូនដំណឹងប្រជាជនកោះ​កុង ក៏ដូចជាប្រជាជននៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបងឱ្យបានជ្រាបថា គម្រោងសាងសង់តភ្ជាប់ផ្លូវពីកោះ​កុង ទៅខេត្តពោធិសាត់ និងខេត្តបាត់ដំបង នឹងត្រូវធ្វើនៅពេលខាងមុខ ដើម្បីធានាឱ្យការដឹកជញ្ជូន និងការធ្វើដំណើររបស់យើងកាន់តែជិត។ នៅក្នុងខេត្តកោះកុងខ្លួនឯង ត្រូវតែខិតខំការតភ្ជាប់តទៅទៀត។

ឧទាហរណ៍៖ ការតភ្ជាប់ រវាងទីរួមខេត្តកោះកុងជាមួយនឹងតំបន់ទេសចរណ៍តារាសាគរ ដែលវាកាត់បន្ថយនូវចម្ងាយរបស់វាក្នុងការធ្វើដំណើរ។ ហើយត្រូវខិតខំការតភ្ជាប់ រវាងពីតំបន់ខាងក្នុង មកកាន់បណ្តាគោលដៅទេសចរណ៍នៅមាត់សមុទ្រ។ ហើយនៅក្នុងតំបន់មួយ គឺត្រូវមានការតភ្ជាប់ខ្លួនឯង។ ម្សិលមិញខ្ញុំចូលទៅគិរីសាគរ ផ្លូវ ៦០ គីឡូម៉ែត្រ ដែល​តភ្ជាប់ពីផ្លូវជាតិលេខ ៤៨ អាផ្លូវ ៦០ គីឡូម៉ែត្រនោះ វាធំជាងអាផ្លូវជាតិលេខ ៤៨ របស់យើងទៅទៀត …។ ដូច្នេះ ការធ្វើដូចនេះ វានឹងបង្កលក្ខណៈងាយស្រួល។ ព្រួញមួយបាញ់បានសត្វច្រើន មិនមែនគ្រាន់តែវិស័យទេសចរណ៍ទេ វាសម្រួលឱ្យការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ (និង)ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ត្រូវជម្រុញការតភ្ជាប់បែបនេះ។

អនុសាសន៍ទី ៧៖ ខិតខំការពារឱ្យខាងតែបាននូវសុវត្ថិភាពអ្នកទេសចរណ៍ផ្លូវទឹក

… ខិតខំការពារឱ្យខាងតែបាននូវសុវត្ថិភាព នៃអ្នកទេសចរណ៍ ដែលធ្វើដំណើរតាមមធ្យោបាយផ្លូវទឹក ទៅសំរាកនៅតាមកោះ និងទស្សនាតាមផ្លូវទឹក។ ត្រួតពិនិត្យជាប្រចាំនូវមធ្យោបាយ និងពោងសុវត្ថិភាព។ ព្រឹកមិញនេះ ភរិ​យារបស់ខ្ញុំ បានក្លាយទៅជាអ្នកទេសចរណ៍ផ្លូវទឹក។ គាត់បង្ហាញរូបថតខ្ញុំអម្បាញ់មិញ ក៏ប៉ុន្តែ ខ្ញុំមិនបានឃើញគាត់ពាក់(អាវ)ពោងទេ។ តែលើកលែងទៅចុះ។ អ្វីដែលខ្ញុំចង់និយាយ នៅតាមបណ្តាកោះមានការវិនិយោគ​ច្រើន​ណាស់។ សូម្បីតែអម្បាញ់មិញនេះ មានកោះអីមួយនោះ កំពុងតែធ្វើការវិនិយោគនៅលើកោះ។ ឥឡូវ អ្នកទៅលេងកោះច្រើន … តែត្រូវខិតខំយ៉ាងម៉េចមធ្យោបាយដឹកជញ្ជូនត្រូវតែធានា។ ប្រទេសមួយចំនួនមានការលិច​នូវកាណូតដឹក(អ្នកទេសចរ) ហើយក្នុងករណីខ្វះពោង(សុវត្ថិភាព)ថែមទៀត នឹងធ្វើឱ្យអ្នកទេសចរគ្រោះថ្នាក់​។ មិនថាទេសចរក្នុងស្រុក ឬទេសចរមកពីក្រៅស្រុកទេ ជីវិតដូចគ្នា។ សូមយកចិត្តទុកដាក់ដោះស្រាយទៅលើបញ្ហានោះ។ កោះយើងទាំងអស់ត្រូវដាក់ឱ្យមានការវិនិយោគ ហើយការវិនិយោគនេះ វាអត់មានអីចម្លែកទេ នៅប្រទេសនានាគេធ្វើអស់ហើយ វានៅតែកម្ពុជាហ្នឹងមិនទាន់ធ្វើ។ យើងបានធ្វើមួយចំនួនហើយៗ កំពុងតែបន្តធ្វើតទៅទៀត។ យើងលើកទឹកចិត្ត (តែមិន)ឱ្យកោះរបស់យើង (ក្លាយជាទី)បោះបង់ចោលនូវកាកសំណល់ហួសសម័យ ដូចដែលគេចង់ធ្វើរោងចក្រជី និងរោងចក្រដុតអគ្គិសនីដើរដោយសំរាមដឹកពីប្រ​ទេសគេនោះមកទេ។ យើង(ត្រូវតែ)ក្លាយទៅជាតំបន់ទេសចរណ៍ដ៏មានការទាក់ទាញ។ ត្រូវយកចិត្តទុកដាក់ទៅលើបញ្ហានេះ។

គ្មានការចាំបាច់មានវត្តមានកងទ័ពបរទេសនៅកម្ពុជា

ចុងក្រោយ មិនមែនជាអនុសាសន៍ទេ តែខ្ញុំចង់បញ្ជូនសារតាមរយៈនៃការផ្សាយបន្តផ្ទាល់ ដែលចេញពីទីនេះ និងចំពោះប្រិយមិត្តបរទេសទាំងឡាយនៅទីនេះ ឱ្យបានជ្រាបថា មួយរយៈចុងក្រោយនេះ វាអាក្រក់ពេកហើយ វាអយុត្តិ​ធម៌ពេកហើយសម្រាប់កម្ពុជា ដែល(គេបាន)ចោទប្រកាន់ថា កម្ពុជាកំពុងរៀបចំនូវមូលដ្ឋានកងទ័ពជើងទឹក​របស់បរទេសនៅកោះកុង តំបន់តារាសាគរ និងនៅខេត្តព្រះសីហនុ ហើយថែមទាំងប្រើពាក្យថា ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ទាំងនេះ (អាច)ប្រើបានទាំងពីរប្រភេទ គឺស៊ីវិល និងយោធា។ ខ្ញុំសូមបញ្ជាក់ថា “រដ្ឋធម្ម​នុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធា បរទេសនៅលើទឹកដីរបស់ខ្លួននោះទេ មិនថាជើងទឹក មិនថាជើងគោក មិនថាជើងអាកាស”។

ម្យ៉ាងទៀត យើងដាក់ចេញជាសំណួរថា តើយើងត្រូវការវត្តមានកងទ័ពបរទេសដើម្បីអ្វីទៅ? នេះជាចំណុច ដែល​អ្នកដាក់បញ្ហាមកចំពោះយើង ត្រូវតែត្រិះរិះពិចារណា។ អ្វីដែលអស់លោកបាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជាប្រើបានទាំងពីរ ទាំងស៊ីវិល និងយោធា តើនៅប្រទេសអស់លោកវាយ៉ាងម៉េចដែរ? តើអាកាសយានដ្ឋានរបស់អស់លោក វាចុះបានទាំងស៊ីវិល ទាំងយោធាមែនដែរទេ? បើចុះបាន តើកម្ពុជាម៉េចក៏គ្មានសិទ្ធិធ្វើ? តើកម្ពុជាត្រូវដឹកទេសចររបស់ខ្លួនតាមរទេះគោ រទេះសេះ ឬអី? ខ្ញុំមិនយល់ទេ (ដែល)អ្នកលើក(សំណួរ)របៀបនេះ? បើសិនជាអ្នកនយោបាយ ហើយទទួលព័ត៌មានចារកម្មវិញ … គឺជាការឆោតល្ងង់ ដែលខ្ញុំគួរតែប្រៀនប្រ​ដៅ​អ្នកនយោបាយនៃប្រទេសទាំងនេះ។

ផ្លូវថ្នល់ ឡានស៊ីវិលក៏វាបើកបាន ឡានយោធាក៏វាបើកបាន … ខ្ញុំមិនយល់ទេ។ អស់លោកចង់បានអ្វីពីកម្ពុជាទៀត? ក្រៅពីសម្លាប់កម្ពុជាក្នុងអតីតកាលរួចហើយ តើអស់លោកចង់បានអ្វីពីកម្ពុជាទៀត? ខ្ញុំសុំឱ្យអស់លោកប្រើប្រាស់ខួរក្បាលឱ្យបានច្រើនជាងនេះ កុំសម្លាប់កម្ពុជាបន្តទៀត កុំធ្វើបានកម្ពុជាតទៅទៀត។ សូម្បីតែយើងខ្ញុំអភិវឌ្ឍតាមតំបន់ឆ្នេរ អស់លោកមិនបានមកវិនិយោគ អស់លោកបែរជាច្រណែននឹងក្រុមហ៊ុនមកវិនិយោគ ហើយមកដាក់បញ្ហាថា យើងខ្ញុំរៀបចំមូលដ្ឋានកងទ័ពបរទេស។ អស់លោកត្រូវស្គាល់កម្ពុជាឱ្យបានច្បាស់។ យើងខ្ញុំគ្មានការចាំបាច់មានកងទ័ពបរទេសនៅក្នុងប្រទេសយើងខ្ញុំទេ។ ខ្ញុំមិនយល់ ហេតុអ្វីបានជាអនុប្រធានា​ធិប​តីសហរដ្ឋអាមេរិក សរសេរលិខិតមកខ្ញុំលើកពីរឿងនេះ? តើសហរដ្ឋអាមេរិកទទួលព័ត៌មានពីចារកម្មរបស់អាមេរិក ហើយបែរជាអនុប្រធានាធិបតីអាមេរិកសរសេរសំបុត្រមកចំពោះខ្ញុំបែបនេះ? ខ្ញុំមិនយល់ទេ? ឥឡូវនេះ នៅលើអាកាសមានផ្កាយរណបថតពីលើមក តើយើងខ្ញុំបានធ្វើជម្រកជាទីកន្លែងនៃនាវាមុជទឹកទេ? ខ្ញុំមិនអនុញ្ញាត​ឱ្យទិញនាវាមុជទឹកមកប្រើប្រាស់នៅកម្ពុជាទេ។ ដូច្នេះវាក៏គ្មានតម្រូវការចាំបាច់ឲ្យមាន នូវមូលដ្ឋាននាវាមុជទឹកនៅកម្ពុជាទេ ខ្ញុំមិនឲ្យធ្វើទេ។

ទោះបីជាយើងអាចកែរដ្ឋធម្មនុញ្ញ ក៏យើងខ្ញុំមិនកែដើម្បីយោធាបរទេសមានវត្តមាននៅប្រទេសកម្ពុជា

យើងបានអនុម័តគម្រោងប្លង់ដីទាំងឡាយសម្រាប់ប្រទេសរបស់យើង។ យើងនឹងពង្រីកព្រលានយន្តហោះនៅខេត្តព្រះសីហនុរបស់យើង ឲ្យក្លាយទៅជាព្រលានយន្តហោះខ្នាតអន្តរជាតិ ដែលចុះបានយន្តហោះធុនធំ ដោយវិនិយោគដោយក្រុមហ៊ុន VINCI របស់បារាំង។ យើងវិនិយោគនៅខេត្តកោះកុងនេះជាមួយនឹងក្រុមហ៊ុនបាងកកអ៊ែវេ ដើម្បីចុះចតនូវយន្តហោះធុនល្មម។ យើងនឹងវិនិយោគនូវនឹងតារាសាគរ ដើម្បីចុះចតនូវយន្តហោះមកពីប្រទេសក្រៅសម្រាប់ការចុះចតនាំភ្ញៀវទេសចរមកកាន់ប្រទេសរបស់យើង។ តើហេតុអីបានជាសង្ស័យលើបញ្ហាចំណុចអស់ទាំងនេះ អំពីបញ្ហាវត្តមានយោធាបរទេសទៅវិញ។ ខ្ញុំសុំស្នើឲ្យអស់លោកសុំកុំធ្វើបាបកម្ពុជាជាបន្តទៀត អស់លោកបានសម្លាប់ជីវិតប្រជាជនកម្ពុជាច្រើនណាស់ហើយ ល្មមទុកឲ្យប្រជាជនកម្ពុជាបានសេចក្តីសុខ។ ប្រជាជនយើងខ្ញុំបានស្លាប់រាប់លាននាក់ ឥឡូវយើងទើបនឹងកើនបានប្រមាណ ១៦ លាននាក់ ហើយសង្ឃឹមថា ឆ្នាំ ២០៣០ អាចឈានលើសពី ២០ លាន។ តើត្រូវការឲ្យប្រជាជាតិនេះស្លាប់តទៅទៀតទេ? ខ្ញុំអត់នឹកស្មានថា គេអាចលើកបញ្ហានេះមកចំពោះរូបខ្ញុំ ក្នុងឋានៈជារដ្ឋឯករាជ្យអធិបតេយ្យមួយនោះទេ។

ខ្ញុំក៏សូមបញ្ជាក់ ទោះបីរដ្ឋធម្មនុញ្ញថ្ងៃនេះហាមឃាត់មិនឲ្យមានមូលដ្ឋានយោធាបរទេសនៅក្នុងប្រទេសកម្ពុជា ហើយហាមមិនឲ្យប្រទេសកម្ពុជាចូលរួមក្នុងប្រតិបត្តិការជាមួយប្រទេសដទៃប្រឆាំងប្រទេសផ្សេង ប៉ុន្តែអាចធ្វើទៅបាននៅក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ ទោះបីជាយើងមានសមត្ថភាពកែរដ្ឋធម្មនុញ្ញ ក៏យើងខ្ញុំមិនកែរដ្ឋធម្មនុញ្ញដើម្បីផ្តល់លទ្ធភាពឲ្យបរទេសមានវត្តមានយោធានៅប្រទេសកម្ពុជា ហើយផ្តល់លទ្ធភាពឲ្យកម្ពុជាមាន​បញ្ជូនកងទ័ពទៅបរទេសមិនមែនក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិនោះទេ។ នេះជាសេចក្តីថ្លែងការណ៍បញ្ជាក់សាជាថ្មីម្តងទៀត បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់ខ្ញុំនៅក្នុងប្រជុំគណៈរដ្ឋមន្រ្តី ហើយនៅក្នុងពេល​សន្និសីទសារព័ត៌មានរួមគ្នារវាងខ្ញុំជាមួយនាយករដ្ឋមន្រ្តីវៀតណាមនៅឯទីក្រុងហាណូយ។ ខ្ញុំសុំយកឱកាសនេះដើម្បីបញ្ជាក់សាជាថ្មីម្តងទៀត កម្ពុជាដាច់ខាត មិនឲ្យមានវត្តមានមូលដ្ឋានកងទ័ពបរទេសនៅលើទឹកដីរបស់ខ្លួន។ ខ្ញុំសុំអភ័យទោសព្រោះខ្ញុំមានការចាំបាច់ដើម្បីនឹងនិយាយបញ្ហានេះ ហើយខ្ញុំសង្ឃឹមថាសិល្បករ សិល្បការិនីដែលបានតែងខ្លួនរួចហើយនោះ ច្បាស់ជាក្តៅស្អុះ ក៏ប៉ុន្តែ ការនិយាយរបស់ខ្ញុំនេះ ក៏មិនរំខានជ្រុលហួសហេតុពេកនោះទេ។

មិនមែនខ្ញុំជ្រើសរើសថ្ងៃកំណើតភរិយារបស់ខ្ញុំ ដើម្បីនឹងធ្វើបុណ្យសមុទ្រនោះទេ

មុននឹងបញ្ចប់ ថ្ងៃនេះ ក៏ខ្ញុំសុំបញ្ជាក់ចំពោះឯកឧត្តម ថោង ខុន ចំពោះគណៈរៀបចំ ក៏ដូចជាអភិបាលខេត្តថ្នាក់ដឹកនាំខេត្តកោះកុងផងដែរថា មិនមែនខ្ញុំជ្រើសរើសថ្ងៃកំណើតភរិយារបស់ខ្ញុំ ដើម្បីនឹងធ្វើបុណ្យសមុទ្រនោះទេ។ ប៉ុន្តែ ថ្ងៃនេះ គឺជាថ្ងៃដែលឯកឧត្តម ថោង ខុន បានស្នើសុំដើម្បីរៀបចំនៅពេលនេះតែម្តង ហើយថ្ងៃនេះមានរឿងមួយដែលខ្ញុំគួរតែអានសម្រាប់អ្នកទាំងអស់គ្នាបានជ្រាប កូនរបស់ខ្ញុំម្នាក់គេជំនួសឲ្យបងប្អូន និងក្មួយៗគេទាំងអស់បានសរសេរនៅក្នុងគ្រុបហើយជូនពរម្តាយថាអញ្ចេះ ជំនួសមុខឲ្យកូនៗ និងចៅៗទាំងអស់ សូមចូលរួមអបអរសាទរថ្ងៃកំណើតម៉ែ និងសូមជូនពរម៉ែឲ្យមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច ហើយជាពិសេសតែម្តងនៅតែស្រស់ស្អាតជានារីដែលពុកស្រលាញ់តែម្នាក់គត់។ អរគុណជូនពរម៉ែ ច្បាស់ហើយកូន ពុកស្រលាញ់តែម៉ែមួយហ្នឹង ម៉ែក៏ស្រលាញ់តែពុកមួយដែរ បានជានៅជាមួយគ្នារហូត ពេលនេះ អរគុណអូនប្រពន្ធដែលបានថែទាំប្តី ហើយយក(ប្តី)មិនមែន(ដោយសារ)ប្តីធ្វើនាយករដ្ឋមន្រ្តីទេ។

ក៏សូមបញ្ជាក់ជូនប្រជាពលរដ្ឋឲ្យបានជ្រាបថា ការស្រលាញ់គ្នាជួនកាលពេលខ្លះស្រ្តីខ្លះ ដល់ទៅ(បុរស)រូបស្អាត មានឋានៈ មានបុណ្យស័ក្តិបានគេស្រលាញ់ ប៉ុន្តែ ភរិយារបស់ខ្ញុំនេះ បានយកខ្ញុំនៅក្នុងកាលៈទេសៈដែលខ្ញុំលំបាកបំផុត ធ្លាក់ខ្លួនពិការភ្នែកម្ខាង មិនទាន់ប្រាកដថា ម្ខាងទៀតវាទៅយ៉ាងម៉េចអាហ្នឹងទី ១។ ទី ២ ជោគ​វាសនានៅពេលនោះផុយស្រួយណាស់ អាចនឹងស្លាប់ភ្លាមដោយគេសម្លាប់ ប៉ុន្តែ ភរិយារបស់ខ្ញុំនៅតែយកខ្ញុំ។ មានចម្រៀង​មួយបទគេច្រៀងថា គ្រាក្រស្រីល្អទៅណា? ប៉ុន្តែ ភរិយាខ្ញុំ និងខ្ញុំ បន្តជាមួយគ្នា ឥឡូវយើងមានចៅទី ២០ ហើយ យើងកំពុងរង់ចាំចៅទី ២១ និង ២២ ប៉ុន្តែហាក់ដូចគ្មានដំណឹង ដូចជាចង់អស់សង្ឃឹម។ ប៉ុន្តែ ២០ ក៏វាច្រើនណាស់បើប្រៀបធៀបជាមួយគ្រួសារផ្សេងទៀត។

បុណ្យសមុទ្រ ក៏ប៉ុន្តែ វាជាខួបកំណើត របស់ភរិយាដ៏កំសត់ ហើយក៏ជាភរិយាជាទីស្រលាញ់ដែលនៅអមដំណើរជាមួយខ្ញុំជារៀងរហូតមក។ យើងកំសត់ណាស់ទម្រាំបានដល់ថ្ងៃនេះ។ ជីវិតរបស់យើងទាំងពីរនាក់បានផ្សារភ្ជាប់ជាមួយនឹងជីវិតប្រជាជនកម្ពុជា ជួបហើយព្រាត់ ព្រាត់ហើយជួប រហូតទៅដល់កូនមិនស្គាល់ឪពុក នេះជារឿងអណោចអាធម ហើយនេះជាជីវិតពិតនៃគ្រួសាររបស់នាយករដ្ឋមន្រ្តីកម្ពុជា ហើយវាក៏ជាជីវិតពិត នៃគ្រួសាររបស់ប្រជាជនកម្ពុជានៅក្នុងសម័យនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ការពារប្រជាជនរបស់ខ្ញុំពីការប្រមាថនានា មកលើរដ្ឋអធិបតេយ្យមួយនេះ

សុំអរគុណជាមួយនឹងការយកចិត្តទុកដាក់ស្តាប់ ទៅលើសេចក្តីថ្លែងការណ៍ដ៏វែងអន្លាយរបស់ខ្ញុំ ដែលចង់គូសរំលេច អំពីទិដ្ឋភាពទាំងឡាយពាក់ព័ន្ធជាមួយបុណ្យសមុទ្រផង ហើយក៏មានទិដ្ឋភាពខ្លះទាក់ទងនឹងនយោ​បាយ​កម្ពុជាទៅលើកិច្ចការអន្តរជាតិខ្លះ ដែលវាមិនជាទីគាប់ចិត្តនៃមនុស្ស ដែលមានបញ្ហាជាមួយនឹងប្រជាជនកម្ពុជា និងជាមួយរាជរដ្ឋាភិបាលកម្ពុជានោះទេ។ ក៏ប៉ុន្តែអ្នកទទួលបាន ឬមិនទទួលបាន តែនេះជាសិទ្ធិរបស់ខ្ញុំក្នុងឋានៈខ្ញុំត្រូវបានបោះឆ្នោតដោយប្រជាជនកម្ពុជា ហើយតំណាងប្រទេសកម្ពុជា ដឹកនាំនយោបាយក្នុងប្រ​ទេស និងក្រៅប្រទេសរបស់កម្ពុជា។ នេះជាសិទ្ធិរបស់ប្រជាជនដែលផ្តល់ឲ្យខ្ញុំ ខ្ញុំត្រូវតែការពារប្រជាជនរបស់ខ្ញុំពីការប្រមាថនានាមកដល់រដ្ឋអធិបតេយ្យមួយនេះ សុំឲ្យបងប្អូនទាំងអស់ ដែលបានមកចូលរួមកំសាន្តនៅក្នុងបុណ្យសមុទ្រនៅខេត្តកោះកុងទទួលបានតែនឹងសេចក្តីសប្បាយរីករាយ។ សូមឲ្យកីឡាករ កីឡាការិនី សិល្បករ សិល្បការិនី ទាំងក្នុងប្រទេស និងក្រៅប្រទេសសម្តែងបានល្អ ច្រៀងក៏ពិរោះ។ ជូនពរទាំងអស់គ្នាជួបប្រទះតែនឹងពុទ្ធពរ និងពរប្រាំប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នឹងបន្តនូវភាពជាដៃគូដ៏ល្អជាមួយកម្ពុជា ក្នុងការអភ...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Kenji Okamura អនុប្រធានគ្រប់គ្រងនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)