សម្រង់ប្រសាសន៍​​​សម្ដេច​តេជោ ហ៊ុន សែន ថ្លែងក្នុង​​ពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

CNV: 

… និយាយរឿងកងទ័ពទៅព្រះវិហារក្នុងខែហ្នឹង កាលពីឆ្នាំ ២០០៨-២០០៩ មុននឹងទៅហ្នឹង គេរៀបការបាន ៣ ខែ ហើយក៏មានសភាពការណ៍នៅព្រះវិហារ ក៏ត្រូវឡើងទៅព្រះវិហារ។ សម័យថ្ងៃមួយហ្នឹង​ ទាហានហ្នឹង គេបានស្នើសុំច្បាប់មកលេងផ្ទះ។ ប្រពន្ធនៅជាមួយម្ដាយក្មេក ដល់ពេលប្ដីមកដល់ ម្ដាយក៏ចាប់ផ្ដើមដឹងចិត្តកូន ក៏ចាប់ផ្ដើមទាញក្រមាបង់កដើរចេញទៅ ដើម្បីទុកឱកាសអោយកូន។ ធម្មតា ឆ្កែខែកត្ដិកវារកគ្នាដែរ។ ស្រាប់តែអ៊ំស្រី គាត់ថា ស្អីហ្អែងមកពីព្រះវិហារស្អីនឹងគេដែរ? សុំទោស! ចាប់ផ្ដើមមិនទាន់និយាយពីស្អីផង និយាយពីរឿងខែកត្ដិកអីណា។

សន្យាថា បើឈ្នះឆ្នោត បន្តជួបកម្មករ បើមិនឈ្នះ មិនបំពានការងារគេ

​ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានមកជួបជុំជាមួយនឹងក្មួយៗសាជាថ្មីម្ដងទៀត ជាមួយនឹងពេលវេលា ដែលសល់តែមួយថ្ងៃនេះ ប៉ុន្តែ ក៏នៅជំពាក់អ្នកខេត្តកំពង់ស្ពឺមួយលើក នៅមួយលើកទៀត ហើយជំពាក់អ្នកខេត្តកណ្ដាល ២ លើកទៀត។ ខាងភ្នំពេញអស់ហើយ។ នៅជំពាក់ពោធិ៍សាត់ កោះកុង កំពត តាកែវ បន្ទាយមានជ័យ និងកន្លែងមួយចំនួន នឹងត្រូវធ្វើការសងនូវសំណងនេះ ព្រោះដូចដែលពូបានបញ្ជាក់តាំងពីមុនយុទ្ធនាការបោះឆ្នោតថា យើងឈប់តែពេលវេលាក្នុងយុទ្ធនាការបោះឆ្នោតតែប៉ុណ្ណោះ។ ប៉ុន្តែបន្ទាប់ពីការបោះឆ្នោតហើយ ប្រសិនបើគណបក្សប្រជាជនកម្ពុជាឈ្នះ​ ហើយពូបន្តជានាយករដ្ឋមន្រ្តី នឹងបន្តដំណើរការជួបគ្នាតទៅទៀត។ ប៉ុន្តែ បើគណបក្សប្រជាជនកម្ពុជាមិនឈ្នះទេ គឺពូមិនបំពានកិច្ចការរបស់អនាគតនាយករដ្ឋមន្រ្តីទេ។ ក៏ប៉ុន្តែ ឥឡូវនេះ គឺរាជរដ្ឋាភិបាលអាណត្តិទី ៦ បានធ្វើសកម្មភាពរយៈពេលប៉ុន្មានខែរួចមកហើយ បន្ទាប់ពីគណបក្សប្រជាជនបានឈ្នះឆ្នោត តាមរយៈការគាំទ្ររបស់ប្រជាពលរដ្ឋ។

អរគុណ ដែលបានទៅដល់ឆ្នោត ដើម្បីគាំទ្រប្រជាធិបតេយ្យ សេរីពហុបក្ស

ឥឡូវ ការជួបគ្នារបស់យើងនៅទីនេះ អនុញ្ញាតអោយពូបានយកឱកាសនេះ សំដែងនូវអំណរគុណចំពោះកម្មករ /ការិនីដែលបានមកជួបជុំគ្នានៅទីនេះ និយាយដោយឡែក និងនិយាយជារួម ចំពោះប្រជាជននៅទូទាំងប្រទេស ដែលបានចូលរួមនូវដំណើរការពីរយ៉ាង៖ ទីមួយ គឺការចូលរួមទៅបោះឆ្នោត។ ការចូលរួមទៅបោះឆ្នោត មានន័យថា គឺជាអ្នកដែលបានចូលរួមគាំទ្រដំណើរការប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិរបស់ខ្លួនដោយទៀងទាត់ តាមរយៈការកំណត់នៃរដ្ឋធម្មនុញ្ញ និងច្បាប់របស់កម្ពុជាយើង ដែលតម្រូវអោយមានការបោះឆ្នោត ៥ ឆ្នាំម្ដង។ នេះជាដំណើរការដ៏ពិតប្រាកដមួយ ដែលប្រជាពលរដ្ឋរបស់យើងជាង ៨៣% នៃអ្នកដែលមាននៅក្នុងបញ្ជីបោះឆ្នោត បានទៅចូលរួមធ្វើការបោះឆ្នោត។ នេះជាកិច្ចការទីមួយ សំខាន់ណាស់ ដើម្បីដាក់ប្រទេសរបស់យើងលើគន្លង នៃដំណើរការប្រជាធិបតេយ្យ សេរី ពហុបក្ស និងធ្វើការបោះឆ្នោតជាទៀតទាត់។

បោះឆ្នោតអោយគណបក្សប្រជាជន ដើម្បីរក្សាសន្ដិភាព និងការអភិវឌ្ឍ

ឯការងារទីពីរ ក្នុងឱកាសនេះ ក៏សុំតាំងនាមអោយថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា ក៏ដូចជាខ្លួនពូផ្ទាល់ សំដែងអំណរគុណចំពោះក្មួយៗដែលនៅទីនេះ និយាយដោយឡែក និងនិយាយជារួម ចំពោះប្រជាជននៅទូទាំងប្រទេស ដែលបានបោះឆ្នោតរក្សាទុកនូវសន្ដិភាព និងការអភិវឌ្ឍ តាមរយៈនៃការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ព្រោះមានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលមានលទ្ធភាពការពារសន្ដិភាព ដើម្បីធានាការអភិវឌ្ឍ។ ដូច្នេះចំណុចនេះ គឺជាចំណុចដែលប្រជាពលរដ្ឋរបស់យើងបានធ្វើ ហើយកិច្ចការដែលបានធ្វើនោះ វាបានផ្ដល់ផលប្រយោជន៍អោយយើងត្រឡប់មកវិញ គឺស្ថេរភាពខាងនយោបាយ និងស្ថេរភាពនៃម៉ាក្រូសេដ្ឋកិច្ចបន្ទាប់ពីការបោះឆ្នោត វាមិនមានរឿងអ្វីកើតឡើងទេ។

ឆ្នាំ ២០១៩ ប្រាក់បៀវត្សអប្បបរមាកម្មករ នឹងឡើងដល់ ១៨២ ដុល្លារសហរដ្ឋអាមេរិក

ឥឡូវនេះ ក្មួយៗក៏បានដឹងរួចមកហើយអំពីសេចក្ដីប្រកាសរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលទាក់ទងជាមួយនឹងការដំឡើងបៀវត្សរ៍សម្រាប់ឆ្នាំ ២០១៩​ ខាងមុខនេះ។ ពេលនេះ ឆ្នាំទៅ យើងអនុវត្តនូវប្រាក់បៀវត្ស ១៥៣ ដុល្លារសហរដ្ឋអាមេរិក។ ឆ្នាំនេះ យើងកំពុងអនុវត្តនូវប្រាក់បៀវត្សអប្បបរមា ១៧០ ដុល្លារសហរដ្ឋអាមេរិក ហើយនៅសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ គឺយើងនឹងអនុវត្តប្រាក់បៀវត្សអប្បបរមារបស់យើងរហូតទៅដល់ ១៨២ ដុល្លារសហរដ្ឋអាមេរិក ដែលជាចំនួនខ្ពស់មួយ បើប្រៀបធៀបជាមួយនឹងប្រទេសនៅក្នុងតំបន់អាស៊ីរបស់យើងនេះ រាប់ទាំងបណ្ដាប្រទេសនៅក្នុងក្របខណ្ឌអាស៊ានផងដែរ។

សមិទ្ធផលនៃសន្ដិភាព បង្ហាញចេញឲ្យឃើញយ៉ាងច្បាស់ ពីតួនាទីរបស់ CPP

នោះហើយ គឺជាសមិទ្ធផលដែលចេញមកអំពីសន្ដិភាព ដែលយើងបានខិតខំស្វែងរកទាំងលំបាក ហើយសន្ដិភាពនេះ វាក៏បានបន្តការថែទាំជាហូរហែតាមរយៈការបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេស។ តួនាទីរបស់គណបក្សប្រជាជនកម្ពុជា ពិតជាច្បាស់លាស់ បង្ហាញអោយឃើញ មិនមែនគ្រាន់តែជាការនិយាយអោយលឺ ហើយមិនទាន់បានឃើញនោះទេ។ ប៉ុន្តែសន្ដិភាព និងការអភីវឌ្ឍ បានបង្ហាញច្បាស់នូវចំពោះមុខអ្នកទាំងអស់គ្នា នៅចំពោះមុខប្រជាពលរដ្ឋកម្ពុជា ទោះបីអ្នកនោះមាននិន្នាការបែបណាក៏ដោយ តែគេមិនត្រូវភ្លេចថា កាលពីឆ្នាំ ១៩៧៩ រកតែស្បែកជើងផ្ទាត់ពាក់មិនបានផង។ ប៉ុន្តែឥឡូវនេះ ពួកគេមានលទ្ធភាពជិះកង់ ជិះម៉ូតូ ជិះឡាន និងមានមធ្យោបាយប្រើប្រាស់ បើទោះបីក្រ ក៏ក្រនៅក្នុងស្ថានភាពមួយដែលមិនដូចក្រក្រោយរំដោះ ១៩៧៩ ឬការលំបាកវេទនានៅក្នុងរបប ប៉ុល ពត នោះដែរ។

ស្នើក្រុមតន្រ្តីសិក្សា និងមានបទចម្រៀងអំពីតំបន់

មកដល់ទីនេះ ខ្ញុំសង្ឃឹមថា ក្រុមតន្រ្តីរបស់យើង ពិតជាមិនបំភ្លេចនូវរឿងរ៉ាវទាក់ទិនជាមួយនឹងបទ «មរតកម្ដាយខ្ញុំ»។ ខ្ញុំស្នើអោយក្រុមតន្រ្តីរបស់យើង ទៅណា គឺតែងតែសិក្សាអំពីតំបន់ ហើយតែងមានបទចម្រៀងជានិច្ច។ មកដល់កន្លែងហ្នឹង មិនត្រូវភ្លេចបទ «មរតកម្ដាយខ្ញុំ»។ នោះវត្តក្ដីល្វា មរតកម្ដាយខ្ញុំនៅស្រុកសំរោងទង។ បើទៅស្រុកគងពិសី អាហ្នឹងមានបទ «មរតកកូនខ្ញុំ» ទៅវិញ ព្រោះយើងកសាងសាលានៅហ្នឹង។ អាហ្នឹងខ្ញុំគ្រាន់តែប្រាប់ទេ ដើម្បីអោយដឹង ព្រោះប្រវត្តិបទដែលខ្ញុំនិពន្ធ និងរៀបចំចម្រៀងមានច្រើន។ ដូចជាទៅខាងតាកែវ បាទី … អញ្ចឹង​ មានបទចម្រៀងច្រើនណាស់។ បើថា ទៅខាងកំពង់ចាម ស្រុកជើងព្រៃ អាហ្នឹងមានបទទាក់ទងជាមួយនឹង «ថ្នល់ភ្ជាប់និស្ស័យ» មានរឿងច្រើនរបស់វា។ អញ្ចឹងបានថា មុនខ្ញុំទៅណា សិក្សាអោយបានដល់បន្តិច​(ពីចម្រៀងរបស់ខ្ញុំនិពន្ធ) … មានចម្រៀងច្រើនណាស់ ដែលរៀបរៀងនៅតាមតំបន់នីមួយៗ ហើយមានចម្រៀងខ្លះ (ដូច)នៅស្រុកបារាយ ខ្ញុំសរសេរចម្រៀងលើឧទ្ធម្ភាគចក្រពីវិមានឯករាជ្យ ទៅដល់​កន្លែងចុះ អត្ថបទចម្រៀងប្រគល់អោយអ្នកភ្លេង អ្នកចម្រៀងយកទៅច្រៀងបណ្ដោ​យ។ វាមានល្បឿនលឿនបែបនេះ។ អាហ្នឹងគេថា ប្រឡាយ ហ៊ុន សែន បត់បែនតាមស្រែ ស្រោចស្រពដីកេរ្ដិ៍ អ្នកស្រុកបារាយ វាមានរឿងរបស់វាអញ្ចឹង។

ប្រវត្តិ លក់ដីស្រែ មកធ្វើរោងចក្រ ពីដីចិញ្ចឹមប្រជាជនពី ១០ នាក់ មក ២-៣ ពាន់នាក់

ប្រវត្តិនៅតំបន់នេះ ខ្ញុំគួររំលឹកបន្ដិច … មានអ្នកដែលគិតខុស និងមានអ្នកដែលគិតត្រូវ ហើយប្រសិនបើពេលនោះ ខ្ញុំមិនតស៊ូ នៅក្នុងសភាពេលនោះគឺវាយប្រហារធ្ងន់ៗទៅលើ(បញ្ហា) យើងបណ្ដោយអោយប្រជាពលរដ្ឋលក់ដីនៅតាមបណ្ដោយផ្លូវជាតិលេខ ៤ ក្នុងចន្លោះពីទីក្រុងភ្នំពេញ ដល់ខេត្តកំពង់ស្ពឺ។ អ្នកតំណាងរាស្រ្តមួយចំនួន មិនបានយល់ដឹង អំពីវិធីក្នុងការអភិវឌ្ឍប្រទេសជាតិទេ។ ពួកគេទិតៀនមកចំពោះយើងថា បានបណ្ដែតបណ្ដោយអោយប្រជាជនលក់ដីនៅតាមផ្លូវជាតិលេខ ៤។ ពេលនោះ ខ្ញុំឡើងបកស្រាយនៅក្នុងសភា ហើយក៏បាននិយាយនៅខាងក្រៅមួយចំនួនដែរ ខ្ញុំថា យើងគួររួមគ្នាគិត។​ បើសិនជាដីនៅតាមផ្លូវជាតិនេះ យើងបន្តទុកអោយប្រជាជនគ្រាន់តែធ្វើស្រែមួយហិកតា អាចចិញ្ចឹមប្រជាជនបានត្រឹមតែ ៤-៥ នាក់ ឬ ១០ នាក់តែប៉ុណ្ណោះ ប៉ុន្តែប្រសិនបើតាមផ្លូវជាតិនេះ វាក្លាយទៅជារោងចក្រទៅវិញ ក្នុងមួយហិកតាដដែល វាអាចចិញ្ចឹមបានប្រជាជន ២-៣ ពាន់នាក់ តាមរយៈរោងចក្រនោះឯង​។ ប្រជាពលរដ្ឋដែលលក់ដីនៅតាមផ្លូវនេះ លើកលែងតែគាត់លេងល្បែង និងគាត់យកទៅចំណាយផ្ដេសផ្ដាស ប៉ុន្តែដែលហៅថាដីនៅតាមផ្លូវជាតិ ដីដែលអាចធ្វើរោងចក្របាន ឬបង្កើតជាសណ្ឋាគារ ឬបង្កើតទៅជាភោជនីយដ្ឋាន ហាងស្អីៗបាន គឺជាដីត្រូវប៉ាន់។ បើដីត្រូវប៉ាន់ គាត់លក់មួយហិកតា គាត់ទៅទិញបានដី ១០ ហិកតា។ ឯកន្លែងទីតាំងដីមួយហិកតា ដែលមុននោះធ្លាប់ចិញ្ចឹមប្រជាជនបាន ៤-៥ នាក់ ទៅ ១០ នាក់ ប៉ុន្តែឥឡូវនេះ ក្រោយពីបង្កើតរោងចក្រ បានបង្កើតការងារធ្វើអោយរាប់ពាន់នាក់។ នោះគឺជាការគិតត្រូវរបស់ខ្ញុំ ដែលមកដល់ពេលនេះ មានអ្នកអាចយកមកបង្ហាញឃ្លីបវីដេអូទូដែលទូរទស្សន៍ជាតិថតសេចក្ដីថ្លែងការរបស់ខ្ញុំ នៅក្នុងសភា ឬក៏ក្រៅសភា ដើម្បីយកមកផ្ទៀងផ្ទាត់ ថាតើចក្ខុវិស័យស្ដីអំពីការពង្រីកឧស្សាហកម្ម និងចក្ខុវិស័យស្ដីពីការពង្រាយរោងចក្រទៅតាមមូលដ្ឋាន តើត្រូវ ឬខុស​? ខ្ញុំមានមោទនភាពថា អ្វីដែល ហ៊ុន សែន បានគិត គឺថាវាមានចំណែកខុស តែការខុសនេះតូចណាស់បើប្រៀបធៀបទៅរឿងត្រូវ ព្រោះមិនអាចត្រូវទាំងអស់នោះទេ។

ដកយកផ្លូវជាតិលេខ ៤ ពីការគ្រប់គ្រងរបស់ឯកជន ប្រជាជន/ការដឹកជញ្ជូន មិនចាំបាច់បង់ថ្លៃ

ដូចជាសម័យដែលយើងខ្វះលុយ យើងដាក់ផ្លូវជាតិលេខ ៤ អោយក្រុមហ៊ុនឯកជនធ្វើការវិនិយោគ។ ពេលនោះយើងអត់មានប្រាក់ថែទាំផ្លូវទេ យើងអោយក្រុមហ៊ុនឯកជនធ្វើការជួសជុលផ្លូវ (និង)ថែទាំផ្លូវ ប៉ុន្តែត្រូវត្រឡប់មកវិញ អ្នកដែលធ្វើដំណើរតាមដងផ្លូវជាតិលេខ ៤ ត្រូវបង់ប្រាក់។ នេះជាចំណែកខុស និងជាចំណែកដែលមានត្រូវរបស់វា។ ប៉ុន្តែ បើទោះបីខុសតូចក្ដី យើងត្រវរកវិធីកែច្នៃវា តាមរយៈនៃការដកយកផ្លូវជាតិលេខ ៤ ត្រឡប់មកវិញ … អ្នកដែលធ្វើដំណើរតាមផ្លូវជាតិលេខ ៤ និងក៏ដូចជាអ្នកដឹកទំនិញតាមផ្លូវជាតិលេខ ៤ ដែលតភ្ជាប់ពីទីក្រុងភ្នំពេញរហូតទៅដល់ខេត្តព្រះសីហនុ ពុំមានការបង់ថ្លៃទៀតទេ។ ដូច្នេះ កាត់បន្ថយនៃការធ្វើការសម្រាប់ដឹកទំនិញនាំចេញ ដែលនោះមួយភាគអាចផ្ដល់នូវប្រាក់ចំណេញសម្រាប់រោងចក្រ ហើយរោងចក្រក៏ត្រូវផ្ដល់ប្រាក់ចំណេញទាំងនោះ មកអោយកម្មករ ដែលនោះគឺជាគោលដៅដែលយើងចង់បាន។ ថ្ងៃនេះ ខ្ញុំអរគុណណាស់ដែលអស់លោកថៅកែៗបានអោយកម្មករ/ការិនីមកជួបជាមួយខ្ញុំ ហើយអនុញ្ញាតអោយបានសម្រាកមួយល្ងាចនេះទៀត។ ប៉ុន្តែអស់លោកកុំភ្លេចណា ផ្លូវជាតិលេខ ៤ កាលពីពេលមុន អស់លោកដឹកចេញ គឺត្រូវបង់លុយ ប៉ុន្តែក្រោយមកផ្លូវជាតិលេខ ៤ មិនបានបង់ប្រាក់ទៀតទេ។

ការលះបង់របស់រដ្ឋលើអគ្គិសនី និងមិនយកពន្ធព្យួរទុក និងកម្រៃសេវា គឺចង់បង្កើនបៀវត្សរ៍អោយកម្មករ/ការិនី

ថ្ងៃខាងមុខ ថ្លៃអគ្គិសនីក៏ចុះ និងមានបញ្ហា(មិនយក)ពន្ធព្យួរទុក និងកម្រៃសេវា។ គោលដៅធំបំផុតដែលអស់លោកមិនត្រូវភ្លេច គឺការលះបង់របស់រដ្ឋ ដើម្បីអោយអស់លោក … អ្វីដែលរាជរដ្ឋាភិបាលចង់បាន គឺបង្កើនបៀវត្សរ៍អោយកម្មករ/ការិនីរបស់យើង។ អញ្ចឹងទេ ចំណុចនេះខ្ញុំគួរតែរំលឹកដើម្បីអោយ​ឃើញ​ពីការខិតខំរបស់យើងរួមគ្នា។ ខ្ញុំពិតជាមានការពេញចិត្តណាស់ ជាមួយនឹងអ្វីដែលបាន និងកំពុងកើតនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ក្រោកម៉ោង ៥ ព្រោះមិនអោយកម្មករចាំយូរ

ឥឡូវនេះ រាងខ្យល់ត្រជាក់បន្តិច បើប្រៀបធៀបទៅនឹងប៉ុន្មានថ្ងៃមុនវាក្ដៅ។ ក្មួយៗប្រហែលជាឃើញពូខ្មៅបន្តិច​។ មិនអោយខ្មៅយ៉ាងម៉េច បើទៅហាលវាល វាយកូនហ្គោលទេ មិនមែនហាលច្រូតទេ។ ពីដើម មីងអោយ​ពូយកខោអាវមកដេកនៅនេះ។ ត្រង់នេះតារាងកូនហ្គោលនៅនេះ ដោយសារពូមកហាត់វាយកូនហ្គោលនៅហ្នឹង ដល់អញ្ចឹងវាយព្រឹកផង ល្ងាចផង ថ្ងៃអាទិត្យនោះ … ព្រឹកមិញហ្នឹងប្រាប់គេថា ម៉ោង ៥ អោយដាស់ ព្រោះមិនអោយកម្មករចាំយូរទេ។ អញ្ចឹងម៉ោង ៥ គេដាស់តាមទូរស័ព្ទ ប៉ុន្តែ ជាបទពិសោធន៍គឺប៉ុន្មានឆ្នាំហើយ គឺពូមិនដែលបើកទូរស័ព្ទពូប៉ុន្មានគ្រឿង មិនដែលមានបើកអោយលឺសូរសម្លេងទេ បញ្ជូនសារមកក៏អត់ដឹង ហៅ(Call​)មកក៏អត់ដឹង ព្រោះវាអត់រោទិ៍។ ដល់រោទិ៍ៗទូរស័ព្ទម៉ែវា។ ដល់ខំភ្ញាក់ឡើង សួរស្អីគេ? ក្រែងមានអ្នកណាមានរឿងអីបន្ទាន់? គាត់មើលទៅថា ដល់ម៉ោងហើយ ក្រោកមកម៉ោង ៥ មកចឹង។ ក្មួយៗដើរតាមនេះមិញ នៅក្បែរ​ៗ​នេះ មកម៉ោង ៥ ដែរ … ហើយកាលពីវាយកូនហ្គោលក៏ក្រោកម៉ោង ៥ ដែរ បានមកវាយទាន់ បានវាត្រជាក់ពីព្រឹកនោះ។

រឿងរ៉ាវតភ្ជាប់កំពង់ស្ពឺ ទៅភ្នំពេញ ទាំងទឹក ទាំងគោក

នៅមានរឿងរ៉ាវច្រើនណាស់ក្នុងការតភ្ជាប់ ពីខេត្តកំពង់ស្ពឺទៅកាន់ទីក្រុងភ្នំពេញ។ ពូនៅចាំបានអំពីការខិតខំ ដែលនៅពេលនោះ រោងចក្រអាចទើបនឹងចាប់ផ្ដើមក្នុងចំនួនតិចតួច ឬកន្លែងខ្លះទើបនឹងឈូសឆាយដីតែប៉ុណ្ណោះ ឬក៏គ្រាន់តែបោះតម្រុយ នៃការធ្វើរោងចក្រ។ អញ្ចឹង វិស័យកសិកម្មរបស់ខេត្តកំពង់ស្ពឺ ត្រូវមានការខិតខំ។ យើងបានតភ្ជាប់នូវរលាំងជ្រៃខាងជើង និងរលាំងជ្រៃខាងត្បូង។ រលាំងជ្រៃខាងត្បូង យើងបានតភ្ជាប់ទៅខាងនោះ តភ្ជាប់ពីរលាំងជ្រៃឆ្លងកាត់ទៅច្បារមន គងពិសី សំរោងទង ចូលដល់ខណ្ឌដង្កោតែម្ដង។ អញ្ចឹងបាន យើងហ៊ានចាត់តាំងបុណ្យអុំទូកនៅឯរលាំងកែន ព្រោះមានខ្នែងចូលទៅរ​លាំងកែនរបស់ស្រុកកណ្ដាលស្ទឹង។ អញ្ចឹង តភ្ជាប់ម្ខាងខាងនោះគឹតភ្ជាប់ ហើយយើងក៏មានយកបណ្ដោយផ្លូវហ្នឹង ដែលវាជាចក្ខុវិស័យ នៃការដឹកជញ្ជូនដោយផ្សារភ្ជាប់រវាងប្រព័ន្ធធារាសាស្ត្រ និងផ្លូវថ្នល់ ដោយយើងធ្វើនៅខាងនោះ។ ឯម្ខាងនេះយើងបានអូសទឹកធ្លាក់ទៅដល់ខាងអង្គស្នួលនោះ។ អង្គស្នួលចង្អុលទៅខាងណា? ទៅខាងនេះ? ទៅខាងនោះវិញ? ធ្វើទាំងសងខាង ដោយប្រឹងប្រែងហើយពេលនោះឧស្សាហ៍ចុះមកតាមហ្នឹង។

ពេលនោះ យើងអនុវត្តអង្ករពលកម្ម មិនមែនដូចឥឡូវទេ។ ឆ្នាំ២០០២ ហើយ ពេលនោះ ឆ្នាំ ២០០២ គឺជាឆ្នាំដែលរាំងស្ងួត ហើយយើងអនុវត្តនូវអង្ករពលកម្ម។ មកកាយដី ​មកជីកប្រឡាយជាមួយប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋកាលពីពេលនោះ ដូចថា ១ ម៉ែត្រគូប បានប៉ុន្មានគីឡូអង្ករ? រួចហើយបានប៉ុន្មានគីឡូអង្ករអញ្ចឹង ហើយនិងអំបិលអ៊ីយ៉ូត ស្រាប់តែខ្ញុំមកកាប់ៗដី ប្រជាពលរដ្ឋថា សម្ដេចអោយតែអង្ករ និងអំបិល អត់មានអោយ​សាច់អីផង។ អញ្ចឹងទេ បានជាបន្ថែមថា ១ ម៉ែត្រគូប ដូចជាបាន ៤ គីឡូអង្ករ អំបិលអ៊ីយ៉ូតដូចជាកន្លះគីឡូ ឬ ១ គីឡូ ហើយក្រោយមកថែមត្រីខកំប៉ុង ៤ ថែមទៀត។ រឿងចាប់ផ្ដើមពីអញ្ចឹង ប៉ុន្តែ សម័យនេះគេលែងធ្វើហើយ គេចាប់ផ្ដើមអីឡើងគ្រឿងចក្រ ទិញតែប្រេងទៅ គ្រឿងចក្រគេជីកហើយ។

វិស័យឧស្សាហកម្មកើនឡើងដល់ជាង ៣២% នៃផលិតផលក្នុងស្រុក

ក៏ប៉ុន្តែ ឥឡូវនេះ ទន្ទឹមនឹងការអភិវឌ្ឍក្នុងវិស័យកសិកម្ម ដែលកំពុងបន្តរីកលូតលាស់យើងក៏បានដំណើរការនៃការកើនឡើងក្នុងវិស័យឧស្សាហកម្ម ដែលក្នុងឆ្នាំនេះ ទំហំក្នុងវិស័យឧស្សាហកម្មរបស់យើង គ្របដណ្ដប់ជាង ៣២% ទៅហើយ។ ឆ្នាំទៅយើងមាន ៣០% តែឆ្នាំនេះឧស្សាហកម្មរបស់យើង បានកើនឡើងរហូតបានជាង ៣២% នៃផលិតផលសរុបក្នុងស្រុករបស់យើង។ ខ្ញុំសូមយកឱកាសនេះថ្លែងនូវការកោតសរសើរចំពោះការខិតខំទាំងអស់របស់ប្រជាជននៅទូទាំងប្រទេស របស់ស្ថាប័នជាតិ ទាំងនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ ដែលខិតខំជំរុញការអនុវត្តគោលនយោបាយសេដ្ឋកិច្ច សង្គមកិច្ច និងវិស័យផ្សេងទៀតលើគ្រប់វិស័យ។

ថ្ងៃ ១៤-១៥ នៅកោះកុង, គ្មានការដកតំណែងអ្នកណាក្នុងសន្និបាតបក្សទេ

នេះមិនមែនជាសេចក្ដីថ្លែងការណ៍បញ្ចប់ឆ្នាំទេ ខ្ញុំនៅមានសេចក្ដីថ្លែងការណ៍មួយចំនួនទៀត។ ​ថ្ងៃ ១៤ នេះ នឹងទៅកោះកុង ថ្ងៃ ១៥ គឺនឹងធ្វើសេចក្ដីថ្លែងការណ៍នៅបុណ្យសមុទ្រ នៃខេត្តកោះកុង។ ដល់ថ្ងៃទី ២៩ នឹងធ្វើសេចក្ដីថ្លែងការណ៍នៅបុណ្យខួបគម្រប់ ២០ ឆ្នាំ នៃនយោបាយឈ្នះឈ្នះ។ ប៉ុន្តែ ព្រឹកមិញនេះ ឃើញ ស្វាយ ស៊ីថា បញ្ជូនហ្វេសប៊ុករបស់អាក្មេងពាលម្នាក់នោះ គេថា សន្និបាតគណៈកម្មការកណ្ដាលនេះ លោក ហ៊ុន សែន នឹងដកដំណែង លោក ស ខេង ដកតំណែង សាយ ឈុំ។ ក៏ប៉ុន្តែ ថ្ងៃ ១៤ នេះ លោក ហ៊ុន សែន នឹងទៅប្រ​ទេសចិន ប្រហែលជាលោក ហ៊ុន សែន មិនអាចត្រឡប់មកពីប្រទេសចិនវិញបានទេ ព្រោះលោក ស ខេង និងលោក សាយ ឈុំ រកវិធីទប់ទល់ហើយ។ ឱ! អាតិរិច្ឆានអើយ។ ថ្ងៃ ១៤ អញទៅកោះកុង។ ថ្ងៃ ១៥ អញថ្លែងការណ៍នៅកោះកុង។ អញមានទៅស្រុកចិនឯណាអញ។ បើភូតថ្លុកភូតត្រពាំងរបៀបនេះ ភូតធ្វើអី? …

ឥឡូវមើលក្នុងអាហ្នឹង ដកតំណែង ស ខេង  ដកដំណែង សាយ ឈុំ  ហើយរៀបចំតំណែងស្អីណា អីណា រួចពេលហ្នឹងលោក ហ៊ុន សែន នៅចិន អញ្ចឹង លោក ស ខេង និងលោក សាយ ឈុំ រកវិធីទប់ទល់ កុំអោយ​លោក ហ៊ុន សែន ចូលប្រទេស ក្នុងពេលដែលអញនៅប្រទេសស្រាប់ អញទៅណាអញ? អាហ្នឹងវាក្មេងពាល​។ អញ្ចឹងទេផ្ដាំអោយហើយទៅ នៅក្នុងស្រុកទេ។ ហើយក៏គ្មានរឿងហ្នឹងកើតឡើងដែរ ចាំមើលទៅ។ គណបក្សប្រជាជនគេចេះណាស់ គេចេះត្រង់នៅជាមួយគ្នា ៤០ ឆ្នាំ ហើយ គេមិនទៅណាបែកគ្នាទេ។ ខ្ញុំមិនចង់ថាអោយអ្នកណា ជេរអ្នកណារាល់ថ្ងៃ។ អ្នកណាជេរអ្នកណាដឹងហើយរាល់ថ្ងៃ។ សូមកុំបង្វែរទិស ជេរគ្នាឯងជេរទៅ។ រឿងរបស់អ្នកឯងជេរប៉ុន្មានកញ្ឆេជេរទៅ។ ប៉ុន្តែ អញ្ចេះ ល្អដែរ កុំអោយគេប៉ាន់ជំហានដើររបស់យើងត្រូវ អាហ្នឹងគឺយើងយកឈ្នះគេបាន តែយើងប៉ាន់ជំហានដើររបស់គេត្រូវ អាហ្នឹងគឺយើងឈ្នះ តែគេប៉ាន់ជំហានដើររបស់យើងអត់ត្រូវទេ គេចាញ់។

បញ្ជាឲ្យពន្លឿនការដោះស្រាយបញ្ហាសហជីពជាប់ពាក្យបណ្ដឹង មិនមែនឲ្យបញ្ចប់ការចោទប្រកាន់នោះទេ

ប៉ុន្តែមានរឿងមួយក្រែងខ្ញុំមិនបាននិយាយ។ ខ្ញុំគួរតែរំលឹកបន្តិច ដើម្បីយើងបញ្ជាក់បញ្ហានេះបន្តិច។​ កាលពីប៉ុន្មានអាទិត្យមុននោះ ខ្ញុំបានអោយក្រសួងការងារ និងក្រសួងយុត្តិធម៌ ធ្វើការពន្លឿន នៃការដោះស្រាយបញ្ហាដោះស្រាយសហជីព ដែលជាប់ពាក្យបណ្ដឹង។ ពន្លឿននេះមិនមែនបានសេចក្ដីថា អោយបញ្ចប់ការលើកលែងការចោទប្រកាន់ទេ។ ខ្ញុំបានស្នើថា រឿងណាត្រូវជម្រះក៏ជម្រះទៅ រឿងណាដែលទុកមិនចាត់ការក៏ទុកទៅ វាជាសមត្ថកិច្ចរបស់តុលាការទេ។ ម្សិលមិញនេះ តុលាការបានប្រកាសសាលដីកាអោយដូចជា ៦ នាក់ ជាប់ទោស ប៉ុន្តែទោសនោះត្រូវបានព្យួរ។ ចំណុចនេះខ្ញុំសុំបញ្ជាក់ជូនបន្តិចដើម្បីអោយអ្នកទាំងអស់គ្នាបានដឹង បានឃើញ ហើយជាសារមួយជូនទៅកាន់សហជីពទាំងឡាយ ឬក៏ទៅកាន់គេហៅថាកាន់អ្នកដែលទទួលផ្នែកច្បាប់ ខ្ញុំគ្មានសិទ្ធិបញ្ជាទៅលើតុលាការទេ ក៏ប៉ុន្តែ ខ្ញុំគ្រាន់តែអោយរដ្ឋមន្ត្រី តាមរយៈរដ្ឋមន្ត្រីយុត្តិធម៌ ត្រូវធ្វើកិច្ចការងារនេះ។ ករណីផ្លូវវេងស្រេងជាអង្គហេតុ និងអង្គច្បាប់ អ្នកណាក៏ដោយដែលពាក់ព័ន្ធត្រូវមានទោស។ នេះជារឿងផ្លូវច្បាប់ ព្រោះផ្លូវវេងស្រេងគឺជារឿងធ្ងន់ធ្ងរណាស់ មានដល់ការស្លាប់មនុស្ស មានដល់ការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងទ្រព្យសម្បត្តិឯកជន ដែលត្រូវតែមានទោសដាច់ខាត។ ហ្នឹងគឺជាអង្គហេតុរួម ដែលអ្នកពាក់ព័ន្ធនៅផ្លូវវេង​ស្រេងត្រូវមានទោស ព្រោះនេះជាផ្នែកមួយនៃដំណើរការផ្តួលរំលំ ដែលលទ្ធផលរបស់វា នាំទៅដល់ការរំលាយគណបក្ស និងមនុស្សមួយចំនួនត្រូវជាប់គុក ជាប់ខ្នោះ ឬក៏កំពុងស្ថិតនៅក្នុងការឃុំឃាំង។

មនុស្ស ៣ នាក់ មិនពាក់ព័ន្ធទេរឿងផ្លូវវេងស្រេង

ប៉ុន្តែ រឿងករណីបុគ្គល ខ្ញុំអាចហ៊ានអះអាងដោយសារខ្ញុំតាមដានរឿងនេះ។ មានមនុស្ស ៣នាក់ មិនពាក់ព័ន្ធទេ ទី១៖ អាត់ ធន់​ ទី២៖ ប៉ាវ ស៊ីណា ទី៣៖ ជា មុនី្ន ខ្ញុំមានភស្តុតាងថា ៣នាក់ នេះ មិនពាក់ព័ន្ធទេ។ ត្រង់រឿង ៣នាក់ផ្សេងទៀតគឺ ខ្ញុំអត់ហ៊ានអះអាងទេ។ រឿង ជា មុនី្ន គឺ កែវ រ៉េមី អាចធ្វើសាក្សីបាន ដោយសារពេលនោះខ្ញុំបានទទួលនូវរបាយការណ៍ថា កម្លាំងនឹងចុះធ្វើសកម្មភាព។ ខ្ញុំបានទូរស័ព្ទម៉ោងប្រហែលជា ១២ យប់ អោយ​ទៅ កែវ រ៉េមី ប្រាប់ ជា មុនី្ន កុំអោយចូលពាក់ព័ន្ធផ្លូវវេងស្រេងអោយសោះ។ បានបញ្ជាក់មកវិញថា អត់មានជាប់ពាក់ព័ន្ធអីទេ។ អញ្ចឹង ជា មុនី្ន ដេកនៅឯណាឯណោះ អត់មានជាប់ពាក់ព័ន្ធអីទេអាហ្នឹង។ រឿងហ្នឹងខ្ញុំមានភស្តុតាង ក្នុងឋានៈជាអ្នកគ្រប់គ្រងសន្តិសុខជាតិ។ ខ្ញុំមិនចង់អោយអ្នកទាំងនោះមានគ្រោះថ្នាក់ទេ។ អាត់ ធន់ ត្រូវខ្ញុំបញ្ចូនសារតាម WhatsApp មិនដឹងថាគាត់រក្សាបាន ឬមិនបាន។ ប៉ាវ ស៊ីណា ខ្ញុំបានប្រាប់ សយ សុភាព កុំអោយចូលពាក់ព័ន្ធ ប៉ាវ ស៊ីណា, អាត់ ធន់ ហើយនិង ជា មុនី្ន អត់ជាប់ពាក់ព័ន្ធតាំងពីអើយ! ៣​ នាក់ហ្នឹង ខ្ញុំអាចហ៊ានបញ្ជាក់។

អាចដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍

ប៉ុន្តែ រឿងច្បាប់មិនអាចអោយតុលាការទីក្រុងភ្នំពេញកាត់ឡើងវិញទេ។ អស់លោកទាំងឡាយ ទាំង អាត់ ធន់ ទាំង ជា មុនី្ន ទាំង ប៉ាវ ស៊ីណា ឬអ្នកដទៃទៀត អាចដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ អាចករណីអាចហៅទាំង កែវ រ៉េមី សួររឿងពាក់ព័ន្ធជាមួយនឹង ជា មុនី្ន បាន។ (រឿង) អាត់ ធន់ និង ប៉ាវ ស៊ីណា អាចសួរទៅ សយ សុភាព បាន តុលាការ។ ប៉ុន្តែ ខ្ញុំស្នើអោយអ្នកទាំងឡាយ ទាំង អាត់ ធន់ ទាំង ជា មុនី្ន និងទាំង ប៉ាវ ស៊ីណា អាចរកនូវភស្តុតាងអី ដើម្បីបញ្ជាក់អំពីការដែលមិនជាប់ពាក់ព័ន្ធរបស់ខ្លួន។ ប៉ុន្តែ ក្នុងឋានៈជាអ្នកគ្រប់គ្រងទៅលើបញ្ហាសន្តិសុខជាតិ ហើយខ្ញុំមិនចង់អោយអ្នកទាំងនេះជាប់ពាក់ព័ន្ធក្នុងរឿងនយោបាយមួយដ៏សាំញុំា ដែលពាក់ព័ន្ធនឹងការផ្តួលរំលំ (ដែល)អ្នកទាំងនេះអត់បានចូលពាក់ព័ន្ធតាំងពីដើមទី។ ប៉ុន្តែអ្នកដទៃទៀតខ្ញុំអត់ដឹងទេ …។

សូមបញ្ជាក់ថា តុលាការបានកាត់ក្តីសម្រាលណាស់ទៅហើយ។ ជាប់គុក ប៉ុន្តែ ត្រូវបានព្យួរគឺជាការស្រាលណាស់ទៅហើយ។ តែស្រាលយ៉ាងណាក៏ដោយ បើវាមិនយុត្តិធម៌នៅក្នុងការកាត់ក្តី ព្រោះគេអត់បានជាប់ពាក់ព័ន្ធផង ទៅជាប់គុកនឹងគេដែរ មានឈ្មោះអ្នកមានទោសនឹងគេដែរ គឺវាអត់យុត្តិធម៌។ ខ្ញុំគ្រាន់តែបញ្ជាក់ ខ្ញុំមិនចោទតុលាការទីក្រុងភ្នំពេញថាអយុត្តិធម៌ទេ ក៏ប៉ុន្តែ នៅពេលដែលខ្ញុំបានឃើញនូវរឿងនេះ ខ្ញុំក៏មានការភ្ញាក់ផ្អើលដែរ ព្រោះខ្ញុំដឹងថា ៣ នាក់ហ្នឹង អត់ជាប់ពាក់ព័ន្ធ … សូម្បីតែ កែវ រ៉េមី នៅចាំទេ? ម៉ោង ១២ យប់ជាងហើយ ហៅទាល់តែភ្ញាក់ អោយប្រាប់ទៅ ជា មុនី្ន កុំអោយចូលពាក់ព័ន្ធ។ ដល់បន្តិចប្រាប់ត្រឡប់មកវិញថា គ្នានៅដេកនៅឯណានោះ។ ដូចជាដេកនៅកំពង់សោម នៅអីផង ឬក៏ដេកនៅឯណា ខណ្ឌសែនសុខអីណា មិននៅពាក់ព័ន្ធជាមួយនឹងនេះទេ អាត់ ធន់ និង ប៉ាវ ស៊ីណា អត់ទេ អាហ្នឹងខ្ញុំបញ្ជាក់។ ក៏ប៉ុន្តែខ្ញុំមិនឡើងចូលធ្វើសាក្សីក្នុងតុលាការទេណា សូមតុលាការមេត្តាកុំហៅខ្ញុំចូលធ្វើសាក្សី។ ខ្ញុំអាចបញ្ចូន កែវ រ៉េមី ទៅធ្វើការអោយតុលាការសាកសួរទាក់ទងរឿង ជា មុនី្ន បញ្ជូន សយ សុភាព អោយទៅតុលាការសាកសួរដែលទាក់ទងរឿង ប៉ាវ ស៊ីណា ជាមួយនឹង អាត់ ធន់ ហើយបើសិនជា អាត់ ធន់ រក្សាបាននូវ WhatsApp របស់ខ្ញុំ ដែលខ្ញុំបញ្ជូនទៅ​ គឺជាការបញ្ជាក់មួយច្បាស់។ ប៉ុន្តែ ខ្ញុំដូរទូរស័ព្ទមិនដឹងប៉ុន្មាន​​ដង? មិនដឹងវាទៅណា? ខ្ញុំអត់សូវsaveទុកទេអាអញ្ចឹងនោះ។ ព្រោះរឿងរ៉ាវទាក់ទងនឹងការផ្តួលរំលំ មិនអាចអត់ឱនទេ ច្បាប់ប្រទេសណាក៏មានដែរ។

ប្រទេសបារាំង ក៏បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ដោយសារបាតុកម្ម

សូម្បីតែប្រទេសបារាំង បិតាលទ្ធិប្រជាធិបតេយ្យ យប់ម្សិលម្ង៉ៃ វាត្រូវម្សិលមិញរបស់យើង បានប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្នហើយ បន្ទាប់ពីស្លាប់ ៤ នាក់ របួសរាប់រយនាក់ ចាប់ខ្លួនជាង ១៧០០ នាក់។ ឥឡូវនេះ ប្រធានាធិនតី ម៉ាក្រុង បានលុបចោលទាំងអស់ផែនការដំឡើងពន្ធ ហើយថែមទាំងប៉ូវប្រាក់ខែអោយទៀត មិនត្រឹមតែមិនដំឡើងពន្ធទេ លុបចោលអាផែនការដំឡើងពន្ធ ដំឡើងប្រាក់ខែអោយទៀត។ តែអ្នកធ្វើបាតុកម្មនៅតែមិនទាន់សុខចិត្ត។ ប្រទេសបារាំង គ្រាន់តែបាតុកម្មប៉ុន្មានថ្ងៃ ឆេះឡានអស់ប៉ុន្មាន? ខូចបើតាមការប៉ានស្មានអស់ ១១០០ លានដុល្លារ។ អញ្ចឹង ដើម្បីគ្រប់គ្រងសភាពការណ៍ ប្រទេសបារាំង រដ្ឋាភិបាលបារាំងក៏ត្រូវយកវិធានការណ៍បាញ់ទឹក និងបាញ់ផ្សែងបង្ហូរទឹកភ្នែក។ អាហ្នឹងគេមានឧបករណ៍របស់គេ ហើយបើសិនទៅជ្រុលលើសពីហ្នឹង គឺអត់មានជម្រើសទេ។

… អញ្ចឹង ឯកឧត្តម រដ្ឋមន្ត្រីយុត្តិធម៌ គឺថាឥឡូវខ្ញុំសូមផ្ញើសារជូនទៅអ្នកដែលគេត្រូវការអោយមានទោស ប្តឹងទៅឧទ្ធរណ៍ភ្លាមទៅ ដើម្បីអោយឧទ្ធរណ៍(ដោះស្រាយ)។ ខ្ញុំមិនឡើងធ្វើសាក្សីខ្លួនឯងទេ ក៏ប៉ុន្តែ ខ្ញុំឥឡូវនេះក្រ​ឡេកឃើញ កែវ រ៉េមី, កែវ រ៉េមី ខ្ញុំអ្នកទូរស័ព្ទប្រាប់ ព្រោះ កែវ រ៉េមី និង ជា មុនី្ន ធ្លាប់ស្គាល់គ្នាពីមុន អញ្ចឹងទេមានតែពឹង កែវ រ៉េមី។ ដល់ទៅខាង អាត់ ធន់ ជាមួយនឹង សយ សុភាព ធ្លាប់ស្គាល់គ្នា អញ្ចឹង ត្រូវពឹងទៅ សយ សុភាព អោយទៅជួប។ ប៉ុន្តែពួកហ្នឹងគេអត់ចូលរួមតាំងពីដើមទីមក​ … ៣ នាក់ផ្សេងទៀតខ្ញុំអត់ដឹងទេ …។ ខ្ញុំបញ្ជាក់ បើរឿងណាត្រូវជម្រះ អោយជម្រះទៅ រឿងណាគេហៅថាទុកមិនចាត់ការ។ ឥឡូវគេជម្រះហើយ។ អញ្ចឹង​ទេ មិនមែនបានសេចក្តីថា អោយលើកលែងការចោទប្រកាន់។ ខ្ញុំអត់មានសិទ្ធិទេ។ ទម្លាក់ចោលការចោទប្រកាន់ អាហ្នឹងជា​សមត្ថកិច្ចរបស់តុលាការ។ សូមកុំភ័ន្តច្រឡំនូវអ្វីដែលជាសាររបស់ខ្ញុំ។

ទំហំនៃការនាំចេញ ប្រមាណ ១២០០០ លានដុល្លារសហរដ្ឋអាមេរិក

ឥឡូវនិយាយមកដល់រឿងយើងវិញម្តង។ យើងបានខិតខំធ្វើដំណើរពីការលំបាកខ្លាំងណាស់ ចេញដំណើរពីស្ថានភាពមួយដ៏លំបាកលំបិន មកដល់ស្ថានភាពប្រទេសជាតិរបស់យើង មានការរីកចម្រើនបណ្តើរៗឡើង ១ ឆ្នាំបន្តិចៗ។ ទោះក្នុងអតីតកាល គេហ៊ុមព័ទ្ធដោយអយុត្តិធម៌បំផុត ក៏ប៉ុន្តែ យើងបានរួមគ្នាប្រឹងរស់រានមានជីវិតរហូតមកដល់ពេលនេះ។ ចាប់តាំងពីប្រជាជនមានប្រមាណជា ៥ លាននាក់ ឥឡូវនេះប្រជាជនជិត ១៦ លាននាក់ ទៅហើយ។ កាលពីមុនជា ៥ លាននាក់ ខ្វះអង្ករស៊ី ប៉ុន្តែឥឡូវនេះជាង ១៥ លាននាក់ ជិត ១៦ លាននាក់ តែយើងមានសល់ស្រូវ សល់អង្ករសម្រាប់ការនាំចេញ។ យើងមានផលិតផលសម្រាប់ការនាំចេញ​ ដែលទំហំនៃការនាំចេញរបស់យើងមកដល់ពេលនេះ គឺមានរហូតទៅដល់ប្រមាណ ១២០០០ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការនាំចេញទៅបរទេស ទាំងគ្រប់ផ្នែក ទាំងផ្នែកកសិកម្ម ទាំងផ្នែកឧស្សាហកម្ម​។

ប្រទេសយើងអាចផ្គត់ផ្គង់ស៊ីម៉ង់ត៍ និងសម្ភារៈសំណង់មួយចំនួន ដោយមិនចាំបាច់នាំចូល

ឧស្សាហកម្មនៅក្នុងប្រទេសរបស់យើង គ្រាន់តែចំណុចមួយ ដែលខ្ញុំសូមបញ្ជាក់ថា កាលមុនយើងធ្លាប់នាំចូលថា ១០០% សម្ភារៈសំណង់ មកផ្គត់ផ្គង់អោយទីផ្សារក្នុងស្រុក។ តម្រូវការរបស់ប្រជាពលរដ្ឋរបស់យើង គឺត្រូវកសាងផ្ទះ។ ការកសាងផ្ទះត្រូវធ្វើខ្លះកសាងដោយឈើ ប៉ុន្តែ មិនអាចនឹងមិនប្រើស៊ីម៉ង់ត៍បានទេ មិនអាចមិនប្រើនូវទុយោទឹក មិនអាចមិនប្រើនូវរបស់របរខ្លះ ដែលជាការនាំចូលពីបរទេសនោះទេ។ ប៉ុន្តែ ឥឡូវ សូមបញ្ជាក់​ចំ​ពោះប្រជាពលរដ្ឋអោយបានជ្រាបថា ហោចណាស់ ម​កដល់ពេលនេះ យើងអាចផ្គត់ផ្គង់ស៊ីម៉ង់ត៍ក្នុងប្រទេសរបស់យើងប្រមាណជាង ៧ លានតោន ជំនួសអោយការនាំចូល ដែលមុនមកនេះ យើងត្រូវយករូបិយបណ្ណ(ទៅឲ្យគេ)នាំចូលពីក្រៅប្រទេស តែឥឡូវ(យើងផលិត)ស៊ីម៉ង់ត៍ រោងចក្រ ៣ ធំៗ នៅកំពត និងរោងចក្រធំមួយនៅខេត្តបាត់ដំបង។ នេះស្ថិតក្នុងវិស័យឧស្សាហកម្មធុនធ្ងន់ ដែលមុននោះយើងត្រូវនាំដុល្លារចេញ នាំរូបិយបណ្ណចេញ ដើម្បីនាំទំនិញទាំងនោះចូលមក។ ឥឡូវ ការផលិតនៅក្នុងប្រទេសរបស់យើង រាប់ទាំងផលិតខ្សែភ្លើង ខ្សែភ្លើងមួយផ្នែកណានោះផ្គត់ផ្គង់ក្នុងស្រុក ប៉ុន្តែ ខ្សែភ្លើងភាគច្រើននាំចេញទៅក្រៅប្រទេស។ មុននេះយើងនាំចូលសម្លៀកបំពាក់ ដែលហៅថាខោអាវជជុះមកស្លៀកពាក់ក្នុងស្រុករបស់យើង ឥឡូវនេះយើងមានសម្លៀកបំពាក់ ស្បែកជើង ឬក៏របស់ផ្សេងៗជាច្រើនទៀតសម្រាប់ការនាំចេញទៅប្រទេសជាច្រើនលើពិភពលោកនេះ។

ថ្លៃ(សណ្ឋាគារ) ឡើងចុះអាស្រ័យលើតម្រូវការ និងការផ្គត់ផ្គង់

នោះហើយដែលយើងអនុវត្តលើគ្រប់ផ្នែកសំខាន់ៗ ដែលក្នុងនោះវិស័យកសិកម្មនៅបន្ត ដែលក្នុងនោះអត្រារួមចំណែករបស់វិស័យកសិកម្មនៅឆ្នាំនេះ នៅសល់ជាង ២៣% ទៅវិញ ឆ្នាំទៅនៅ ២៥%។ ឧស្សាហកម្មឆ្នាំទៅ ៣០% ឥឡូវឡើង ៣២% ក្រៅពីនោះ គឺសេវាដែលកាន់តែធំទៅៗ។ ប្រទេសរបស់យើងតាំងពីអត់មានទេសចរ សូន្យទេសចរ ឥឡូវនេះ ទេសចររហូតទៅដល់គេថា បើនៅកំពង់សោម គេថា ទេសចរចិនច្រើនពេក វាទៅជាអញ្ចេះ​។ អត់ទេសចរ គេថាកំសត់ មានទេសចរ គេថាសណ្ឋាគារឡើងថ្លៃ។ ប៉ុន្តែ អារឿងឡើងថ្លៃនេះ ខ្ញុំបានអំពាវនាវសម្រាប់បុណ្យសមុទ្រនៅខេត្ត កោះកុង ឬក៏ដាច់ឆ្នាំនៅខេត្តព្រះសីហនុ នៅខេត្តកែប នៅកំពត សណ្ឋាគារ ផ្ទះសំណាក់ ខិតខំរក្សានូវតម្លៃ។ ប៉ុន្តែ ខ្ញុំសូមបញ្ជាក់ជូនថា រវាងសេចក្តីត្រូវការ និងការផ្គត់ផ្គង់ តែងតែមានចំ​ណុចខុសគ្នា។ នៅពេលណាដែលសេចក្តីត្រូវការមានតិច ការផ្គត់ផ្គង់មានច្រើន តម្លៃតែងតែថោក។ នៅពេលណាសេចក្តីត្រូវការមានច្រើន ការផ្គត់ផ្គង់មានតិច គឺតម្លៃគឺត្រូវតែខ្ពស់។ ជាក់ស្តែង មិនចាំបាច់ទៅនិយាយឯណាទេ ទៅនិយាយជាមួយអាមេរិកាំងតែម្តង។ នៅញូវយ៉ក ឲ្យតែខែមហាសន្និបាតអង្គការសហប្រជាជាតិ ថ្លៃសណ្ឋាគារឡើង ១០០% ឬឡើង ១២០% ឡើងលើស ១០០% ថ្លៃសណ្ឋាគារ។ បើយើង book មុន ថាឥឡូវ ដូចជាយើងត្រៀមបម្រុងថា ខែ ៩ ត្រូវទៅអង្គការសហប្រជាជាតិ អញ្ចឹងកក់ពីខែ ១ ខែ ២ ទៅ អាហ្នឹងអាចនឹងបានថោក។ ប៉ុន្តែចាប់ជិតដល់នៅសល់ ២ ខែ ឬ ១ ខែ អាហ្នឹងខ្ពស់ហើយ។ សូម្បីតែចៅស្រីខ្ញុំ ដែលរៀននៅប្រទេសអង់គ្លេស ដើម្បីមកជួបខ្ញុំនៅហ្ស៊ឺណែវ ពេលខ្ញុំទៅហ្ស៊ឺណែវ ចៅត្រូវទិញសំបុត្រយន្តហោះ តម្លៃលើសធម្មតា ៧០% អាហ្នឹងគ្រាន់តែសំបុត្រយន្តហោះ។ ឥឡូវសាកទិញសំបុត្រយន្តហោះទៅសាំងហ្គាពួរ ទិញប្រញាប់ប្រញាល់ឲ្យបានទៅសាំងហ្គាពួរមើល ថ្លៃលើសធម្មតា។

ប៉ុន្តែ សុំកុំឲ្យម្ចាស់ផ្ទះ ឬម្ចាស់សណ្ឋាគារកាប់ឆៅ។ ​ឃើញថាគ្នាទៅដោយខ្វះកន្លែងដេក ហើយដូចសាច់ជ្រូក ៣ ជាន់ អាហ្នឹងក៏វាមិនត្រូវដែរ។ សុំបង្រៀនអ្នករកស៊ីបន្តិច។ ខ្ញុំមិនមែនអ្នករកស៊ីទេ បើគេឲ្យធ្វើជាអ្នកលក់ដូរវិញ ច្បាស់ជាខាត។ គេមកទិញ មានតែឲ្យគេទទេ។ ខ្ញុំមិនអាចយកលុយគេបានទេ។ បើឲ្យចេញផុតពីការងារ ឲ្យទៅរកស៊ី ដឹងតែពីខាតតែម្តង។ អញ្ចឹងហើយបានជាក្រយៅគេដាក់មក ព្រះឥន្ទដាក់មក ទេវតាដាក់មក កើតមកគេឲ្យមកធ្វើណែនាំអ្នករកស៊ី មិនមែនឲ្យមករកស៊ីទេ​។ ឥឡូវគេហៅថា ជឿទំនាយខ្លះទៅ អ្នកខ្លះចង់ធ្វើនា​យករដ្ឋមន្ត្រី រហូតដល់ដេកយល់សប្តិ ក៏វាមិនបានធ្វើ។ ឯយើងធ្វើនេះ ធ្វើជាងពាក់កណ្តាលជីវិតហើយ។ ចាប់ផ្តើមធ្វើនាយករដ្ឋមន្ត្រីអាយុ ៣២ ឥឡូវធ្វើនាយករដ្ឋមន្ត្រីបានជិត ៣៤ ឆ្នាំហើយ គឺជាងពាក់កណ្តាលជីវិត។ អញ្ចឹងទេ ក្រយៅគេឲ្យយើងមិនមែនមករកស៊ីទេ ​​ឧបមាធ្វើជាឈ្មួញរកស៊ីលក់ដូរ រកស៊ីលក់ដូរវាមិនបានទេ ប៉ុន្តែអាចណែនាំឈ្មួញឲ្យចេះរកស៊ី គេឲ្យក្រយៅយើង គេគូសមកអញ្ចឹង​។

ធ្វើឲ្យគេទិញរបស់យើងជារឿងមួយហើយ តែរឿងលំបាក គឺធ្វើយ៉ាងណាឲ្យគេមកទិញម្តងទៀត

អ្នករកស៊ីលក់ដូរត្រូវចាំ យើងរកអតិថិជនម្នាក់ឲ្យមកទិញទំនិញរបស់យើង វាជាការលំបាក។ តែអ្វីដែលលំបាកជាងហ្នឹងទៀត គឺត្រូវធ្វើយ៉ាងណាឲ្យអ្នកទិញ គេទិញយើងម្តងហើយ គេវិលត្រឡប់មកទិញរបស់យើងទៀត នាំទាំងក្រុមគ្រួសារ មិត្តភក្តិ មកជួយទិញរបស់យើងទៀត ទើបជាជោគជ័យ នៃអ្នកធ្វើជំនួញ។ បើទិញម្តង គេរាងចាល ថ្ងៃក្រោយខាត។ ទិញម្តងរាង ទិញពីរដងរាង ថ្ងៃក្រោយហាងខ្លួនឯងត្រូវតែបិទទ្វារចឹងតែម្តង។ ត្រូវតែខាត​។ មកដល់ ត្រូវធ្វើមុខឲ្យញញឹម រួចហើយកុំកាត់ថ្លៃគេខ្លាំងពេក។ គេសុំតែប៉ុណ្ណឹង។ ឧទាហរណ៍ថា ​៥០០០ រៀល គេថា ៣០០០ រៀលបានហើយ អញ្ចឹង ចុងក្រោយអាចមកតទាល់គ្នា ឯណោះចុះពី ៥០០០ មកសល់ ៤០០០ ឯណេះឡើងពី ៣០០០ ទៅ ៤០០០ វាដល់ចំណុចមួយឯកភាពគ្នា។ លក់ទៅ … បើលោក យ៉ាត វិញច្បាស់ជាទៅរកកន្លែងនាងៗដែលស្អាតៗ។ ថ្ងៃមុន សួរលោក យ៉ាត ម៉េចហើយ (ថា)សម្តេចដូចមិនស្គាល់មនុស្សប្រុស។ និយាយតែប៉ុណ្ណឹង យើងអាចយល់ហើយ។ សួរ លោក យ៉ាត ថាម៉េចប្រពន្ធកូនម៉េចហើយ? តិចថាមកនេះមានប្រពន្ធមានអីទៀត? ស្រាប់តែលោក យ៉ាត ថា សម្តេចដូចមិនស្គាល់មនុស្សប្រុស។ និយាយអញ្ចឹងប្រយ័ត្នប្រពន្ធលោក យ៉ាត ឮ កើតរឿងដោយសារសំដីនាយករដ្ឋមន្ត្រីមួយម៉ាត់។

ថ្ងៃមុនមានរឿងអញ្ចេះ រឿងលោកវេជ្ជបណ្ឌិត ជា សំណាង នេះ គាត់ទៅចូល page ចំរៀងគ្រួសារខ្មែរ។ គាត់អាយុ ៥១ ហើយ នៅកំលោះ។ ដល់ក្រោយមក គាត់បញ្ជាក់ថា គាត់នៅលីវ។ ខ្ញុំ comment ចូលទៅដុត​ … ព្រោះកងពល ៧០ គេនិពន្ធបទ «៣ ឆ្នាំចាំយកប្តី»។ ៣ ឆ្នាំចាំយកប្តី អត់មានរឿងអីពិបាកទេ ព្រោះអញ្ចេះ គេហាមតែកុំឲ្យការតើ តែរឿងស្នេហាគេអត់ហាមផង មិនអញ្ចឹង? អញ្ចឹងប៉ុន្មានឆ្នាំទៀតក៏បាន វាមិនអីទេ។ ខ្ញុំថា មិនខុសពីលោក ជា សំណាង ថានៅលីវនោះទេ ហើយប្រើពាក្យថា កំលោះ និងលីវ វាខុសគ្នា។ កំលោះអាហ្នឹង គឺថាមិនស្គាល់អីតែម្តង។ និយាយទៅឯណាទៀតហើយ ប៉ុន្តែ រឿងវាអញ្ចឹង ប៉ុន្តែមិញនិយាយដល់ណា?

មានកត្តាសត្យានុម័ត និងអត្តនោម័ត ដែលធ្វើឲ្យតំបន់ក្រុងព្រះសីហនុមានការថយចំនួនអ្នកទេសចរ

ទេសចរណ៍ក៏ដូចគ្នា ​តំបន់ទេសចរណ៍ គឺបើចង់ទាក់ទាញភ្ញៀវឲ្យទៅ សហគមន៍ទេសចរណ៍នៅកន្លែងហ្នឹង ត្រូវ ធ្វើឥរិយាបថទាក់ទាញ ដើម្បីឲ្យគេទៅ។ រឿងទេសចរ ដែលពេលបុណ្យអុំទូកមិនទៅកំពង់សោម វាមានកត្តាសត្យានុម័តផង និងកត្តាអត្តនោម័តផង។ កត្តាសត្យានុម័ត អ្នកណាមួយឆ្នាំៗទៅលេងតែកំពង់សោម ចុះគេមិនទៅកែប គេមិនទៅកំពត គេមិនទៅកោះកុង ចុះគេមិនទៅរតនគីរី មណ្ឌលគីរី ទៅស្ទឹងត្រែង ទៅព្រះវិហារ កន្លែងទេសចរណ៍ដទៃទៀត? … អញ្ចឹងរឿងទេសចរណ៍ តំបន់ទេសចរណ៍កាន់តែរីក ប្រជាជនយើងនៅតែប៉ុណ្ណឹង។ សៀមរាបក៏គេទៅ ស្អីក៏គេទៅ។ អញ្ចឹងធ្វើឲ្យទេសចរនៅតំបន់កំពង់សោម នៅតំបន់ក្រុងព្រះសីហនុ ក៏មានការថយចុះ។ វាមានកត្តាសត្យានុម័តរបស់វា ដោយសារទេសចរហ្នឹង ត្រូវបែងចែកទៅតំបន់ដទៃៗ ដែលមានចំ​ណុចទាក់ទាញ ហើយដែលអ្នកដែលធ្លាប់ទៅហើយ គេមិនទៅទៀត ហ្នឹងគឺកត្តាសត្យានុម័ត​។ ឯកត្តាអត្តនោម័ត ដែលសាលាខេត្តព្រះសីហនុ ក៏ដូចជាក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធកំពុងយកចិត្តទុកដាក់ដោះស្រាយ គឺបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ក៏ដូចជាបញ្ហា​បរិស្ថាន និងបញ្ហាថ្លៃផ្ទះឈ្នួលផងដែរ ដែលមានបញ្ហាខ្លះ ផ្ទះឈ្នួល​វាអត់ថ្លៃទេ ក៏ប៉ុន្តែអ្នកទេសចររបស់យើង អ្នកទៅកំសាន្តរបស់យើង អត់ស្គាល់កន្លែងហ្នឹង ដោយខ្វះព័ត៌មាន ដែលគ្រាន់តែបញ្ហាហ្នឹង យើងអាចដោះស្រាយបាន។

ត្រូវធ្វើឲ្យទេសចរម្នាក់ ទៅទាញទេសចរ ១០ នាក់មកទៀត

… អញ្ចឹងបានជាខ្ញុំឧស្សាហ៍ប្រាប់ទៅឯកឧត្តម ថោង ខុន ថា រឿងទេសចរមកកម្ពុជានេះ យើងមិនមែនគ្រាន់តែបញ្ហាឯកឧត្តម ថោង ខុន ទេ ត្រូវធ្វើទាំងអស់គ្នា។​ ដើម្បីឲ្យទេសចរពីក្រៅប្រទេសមកលេងស្រុកខ្មែរត្រូវធ្វើម៉េច? ខិតខំធ្វើម៉េចឲ្យទេសចរមកដល់ប្រទេសយើងហើយ ត្រឡប់ទៅប្រទេសគេវិញ គេត្រឡប់មកវិញ ហើយគេនាំទាំងកូនគេ នាំទាំងប្រពន្ធគេ នាំទាំងមិត្តភក្តិគេត្រឡប់មកវិញ ទេសចរម្នាក់ ទៅទាញទេសចរ ១០ នាក់មកទៀត​។ អាហ្នឹង យើងធ្វើឲ្យល្អ។ ប៉ុន្តែ បើចាប់ផ្តើមមកដល់ព្រលានយន្តហោះបង្កការរំខានគេ ចាប់ផ្តើមបញ្ហាមិនចេះ​ចប់ គេត្រឡប់ទៅវិញថា ហ្អែង! កុំមកលេងស្រុកខ្មែរ ពិបាកណាស់ វេទនាណាស់ ហ្អែងគួរទៅលេងស្រុកគេ ស្រុកនេះ ស្រុកនោះ។ អញ្ចឹងទេ ចំណុចនេះហើយ ដែលយើងមិនអាចទទួលបានទេសចរខ្ពស់។ ក៏ប៉ុន្តែ ទេស​ចររបស់យើងមានកំណើនមិនតិចជាង ១០% ទេ ក្នុងរង្វង់ជិត ១០% ឬលើស ១០% ប្រចាំឆ្នាំ។ អញ្ចឹងទេ បាន​ជាយើងខិតខំជម្រុញទាំងអស់គ្នា​ ធ្វើសេដ្ឋកិច្ចឲ្យប្រទេសយើងមានកំណើនកើនឡើង។

ត្រៀមខ្លួនបើកបៀវត្សរ៍ ២ សប្តាហ៍ម្តង ទាំងផ្នែករដ្ឋ និងផ្នែកឯកជន

… ឯកឧត្តម អ៊ិត សំហេង គប្បីធ្វើការស្រាវជ្រាវ ហើយផ្តល់នូវរបាយការណ៍ឲ្យខ្ញុំបានដឹងថា តើមានរោងចក្រប៉ុន្មានភាគរយហើយ ដែលបានត្រៀមខ្លួនបើកបៀវត្សរ៍ឲ្យកម្មករ ក្នុង ២ អាទិត្យម្តង? ម្សិលមិញ ខ្ញុំបានចុះហត្ថលេខាលើសារាចរណែនាំទៅកាន់ស្ថាប័នរដ្ឋទាំងអស់ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អំពីវិធីបើកផ្តល់នូវប្រាក់បៀវត្សរ៍ ២ សប្តាហ៍ម្តង។ ប្រទេសរបស់យើងចាប់ផ្តើមអនុវត្តនូវប្រព័ន្ធ មិនមែនជាប្រាក់ខែទេ ប្រាក់ប្រចាំសប្តាហ៍តែម្តង។ ធ្វើការមួយខែ ប៉ុន្តែបើកប្រាក់កន្លះខែម្តង ដើម្បីយកមកដោះស្រាយ។ អញ្ចឹងខាងផ្នែកវិស័យឯកជន ក៏ ដូចជាវិស័យរដ្ឋ ប្រាក់ខែកើនឡើង ជាមួយនឹងការបើកផ្តល់បៀវត្សរ៍ ២ អាទិត្យម្តង។

ចែកសៀវភៅពេលពិព័រណ៍សៀវភៅ បង្កើតទម្លាប់អាន

ខ្ញុំក៏សុំយកឱកាសនេះ ជម្រុញឲ្យឯកឧត្តម រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការងារ ពិចារណាអំពីសំណើរបស់បណ្តាសហជីព ដែលនៅក្នុងថ្ងៃសិទ្ធិការងារដែលបានដាក់ញត្តិ។ ខ្ញុំគិតថា យើងគប្បីត្រូវធ្វើសកម្មភាពនៅក្នុងវិស័យមួយចំនួន ដែលអាចធ្វើបានមុន។ ក្នុងហ្នឹង ខ្ញុំបានមើល ព្រោះជាទម្លាប់ធម្មតា ខ្ញុំចូលចិត្តអានណាស់ បានជាឆ្នាំនេះ ពិព័រណ៍តាំងសៀវភៅ ៣ ថ្ងៃ ខ្ញុំចែកសៀវភៅប៉ុន្មានម៉ឺន ក្បាលនោះ ស្រីហិតោបទេស ក្រមង៉ុយ អ៊ូ ចុង ដូចជាជាង ៣ ម៉ឺន ជិត ៤ ម៉ឺនក្បាល ដែលចែកក្នុងពិព័រណ៍សៀវភៅ។ ឆ្នាំក្រោយខ្ញុំនឹងធ្វើទៀត ដើម្បីបង្កើតទម្លាប់ឲ្យយុវជនយើងអានសៀវភៅ ប្រជាជនយើងអានសៀវភៅ។ អញ្ចឹងទេ ត្រូវបោះពុម្ពសៀវភៅ។

តើយើងគួរកំណត់បៀវត្សរ៍អប្បបរមាសម្រាប់កម្មករនៅក្រៅប្រព័ន្ធ ឬទេ?

ប៉ុន្តែខ្ញុំបាននៅថ្ងៃទី ១០ ទិវាសិទ្ធិមនុស្សកន្លងទៅ យើងបានទទួលនូវសំណើតាមរយៈញត្តិរបស់សហជីពមួយចំនួន ឲ្យយើងគួរកំណត់ថ្លៃឈ្នួលអប្បបរមាទៅលើកម្មរសំណង់។ យើងត្រូវពិនិត្យមើល តើគួរត្រូវបានកំណត់លើវិស័យណាខ្លះ? កន្លងទៅ យើងបានកំណត់ត្រឹមតែក្នុងវិស័យកាត់ដេរ និងដេរស្បែកជើងតែប៉ុណ្ណោះ ១៨២។ អញ្ចឹង យើងឈានគួរទៅកំណត់ក្នុងវិស័យផ្សេងទៀត? ប៉ុន្តែ ខ្ញុំចង់សួរថា ដូចជាក្នុងឧស្សាហកម្មស៊ីម៉ង់ត៍ស្អីៗ មានចូលក្នុងអញ្ចឹងដែរ? … វិស័យណាដែលយើងកំណត់ហើយ ដាក់មួយផ្នែកទៅ។ (ធ្វើការ)សំណង់នៅ ធ្វើការតាមភោជនីយដ្ឋាន តាមសណ្ឋាគារក៏នៅ ធ្វើការតាមផ្ទះក៏នៅ។ ប៉ុន្តែ ផ្ទះត្រូវប្រយ័ត្នប្រយែង ប្រយ័ត្នទីចុងបំផុតគ្នាអត់មានការងារធ្វើ។ ខ្ញុំនៅតែទទូចស្នើសុំឲ្យមានការកំណត់ទាំងអស់ ដើម្បីធានាថា ប្រទេសរបស់យើង អ្នកធ្វើការ យើងត្រូវដឹងពីចំណូល ហើយចៀសវាងនូវការកេងប្រវ័ញ្ចនៃកម្លាំងពលកម្ម។

យោគយល់ និងអធ្យាស្រ័យដល់អ្នកធ្វើការតាមផ្ទះផង

ខ្ញុំសុំផ្តាំផ្ញើទាក់ទងជាមួយនឹងកម្មករធ្វើការតាមផ្ទះ បើទោះបីមិនទាន់បានកំណត់នូវប្រាក់ឈ្នួលអប្បបរមាសម្រាប់អ្នកធ្វើការតាមផ្ទះក៏ដោយចុះ ក៏ប៉ុន្តែ ខ្ញុំសុំអំពាវនាវចំពោះម្ចាស់ផ្ទះទាំងអស់ ដែលបានយកឈ្នួលមកបម្រើតាមផ្ទះរបស់ខ្លួន មេត្តាផ្តល់ការយោគយល់ទៅដល់ការលំបាកអ្នកធ្វើការតាមផ្ទះ។ រឿងនេះ សម្រាប់ខ្ញុំ ខ្ញុំយល់ណាស់ ដោយសារខ្ញុំមានមនុស្សធ្វើការនៅផ្ទះជាមួយខ្ញុំ។ អ្នកធ្វើការតាមផ្ទះអត់មានថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ថ្ងៃ​បុណ្យនឹងគេទេ។ គ្នាធ្វើការលំបាកណាស់។ ពេលយើងទទួលទានអាហារ បើអ្នកដែលមានការយល់ដឹង អាចខិតខំទទួលទានអាហារឲ្យបានលឿនបន្តិច ដើម្បីឲ្យអ្នកធ្វើការតាមផ្ទះបានទទួលទានអាហារ ហើយបានសម្រាក​។ ប៉ុន្តែ អ្នកខ្លះនៅញ៉ែដល់ម៉ោង ១២ យប់។ អញ្ចឹងគ្នានៅឆ្ងក់នៅចាំបម្រើនៅហ្នឹង។ នេះជាការខ្វះការអធ្យាស្រ័យ។ ក្នុងចំនួននោះមានតិចតួចទេ ប៉ុន្តែ អាតិចតួចនោះហើយ ដែលវាបង្កើតនូវការលំបាក។ ភរិយារបស់ខ្ញុំគាត់មើលណាស់អាចំណុចនេះ។ ថ្ងៃបុណ្យ ថ្ងៃទាន តែងតែឲ្យក្មេងៗរៀបចំបាយទុកចុះ ពូមីងដួសស៊ីខ្លួនឯង ហើយឲ្យក្មេងៗវាទៅលេង។ ជួនកាលបើមានគ្នាច្រើនបន្តិចទៅផ្លាស់វេនគ្នា អានេះទៅលេងពីថ្ងៃបន្តិចទៅ រួចហើយអានេះមក អានេះចេញទៅ ឬក៏យប់នេះអានេះទៅ យប់ស្អែកអានោះទៅ។ អាហ្នឹងយើងត្រូវមានការយល់ដឹង។ កំសត់ជាងគេវានៅត្រង់ណេះ ជួនកាលគ្នាសុខចិត្តចោលប្តី ចោលប្រពន្ធ ចោលកូន ដើម្បីមកធ្វើមេដោះឲ្យកូនយើង ឲ្យចៅយើងនេះ។ នៅពេលដែលគាត់បានទទួលទានអាហារ គាត់នឹកដល់កូនគាត់ គាត់នឹកដល់ប្តីគាត់ ដែលកំពុងវេទនាដែលកំពុងលំបាកនៅឯជនបទ។ មិនខុសពីអ្វីដែលខ្ញុំបានទៅដល់ប្រទេសវៀត​ណាម ពេលដែលលើកស្លាបព្រាយកមកដាក់នៅនឹងមាត់ ទឹកភ្នែកស្រក់លើបាយ ដោយនឹកឃើញភរិយា និងមានកូនកំពុងសម្ងំក្នុងផ្ទៃ ប្រជាជនកម្ពុជាកំពុងស្រែកឃ្លាននៅពេលនោះ។

បង្ហោះចម្រៀង ៣ បទ ទាក់ទងនឹងប្រវត្តិនៃការតស៊ូ

ម្សិលមិញហ្វេសប៊ុករបស់ខ្ញុំបង្ហោះ ៣ បទជាប់គ្នា។ បទមួយដែលបង្ហោះក្រោយគេបន្តិច «ដើមទុនជីវិត» គឺកើតឡើងនៅក្នុងថ្ងៃទី ២០ និង ២១ ខែមិថុនា ឆ្នាំ ១៩៧៧។ មួយបទទៀត «លិខិតដែលពិបាកសរសេរបំផុត» និងបទទី ៣ បទស្រីច្រៀង គឺបទ «អក្ខរាទឹកភ្នែក» បង្ហោះ ៣ បទ ចូលមើលក្នុងហ្វេសប៊ុកហ្នឹងមានហើយ download យកមក។ បន្តិចទៀត ចម្រៀងគ្រួសារខ្មែរ ហើយ YouTube មានការបង្ហោះហើយ។ មិនដឹងថ្ងៃហ្នឹង ជិន វឌ្ឍនា មកឬអត់? អាហ្នឹងម្ចាស់បទរបស់គេ។ មាននរណាចេះច្រៀងទេ? … រឿងនេះបើសិនជាគ្មានពេលនោះហើយ បើពេលនោះ ហ៊ុន សែន ស្លាប់ ចរន្តជាតិរបស់យើងទៅខាងណា? នេះជាបញ្ហាដាក់ជាសំណួរមួយ បើអត់ ហ៊ុន សែន បើ ហ៊ុន សែន កុំទៅពេលនោះវៀតណាមនៅតែចាប់ជនជាតិខ្មែរដែលរត់ទៅ វៀតណាមនៅក្នុងភាពយន្ត ៤០ ឆ្នាំ ដំណើរឆ្ពោះទៅការសង្រ្គោះជាតិ វៀតណាមបានទទួលសារភាពថា ចាប់យកមកឲ្យពួកខ្មែរក្រហម។ បន្ទាប់ទៅឃើញខ្មោចអណ្តែតទឹកត្រឡប់ទៅវៀតណាមវិញ។ រឿងគឺបែបនេះ។ មិនមែនបានសេចក្តីថាយើងភ្លេចទេ ប៉ុន្តែ យើងចង់ដឹងថាអ្នកខាងក្រោយស្តាប់យើងនិយាយឬអត់? ចាប់បានចំណុចដែលយើងនិយាយឬអត់?

ពិបាកកំណត់បៀវត្សរ៍អប្បបរមាសម្រាប់អ្នកធ្វើការតាមផ្ទះ តែសូមអំពាវនាវឲ្យយោគយល់អធ្យាស្រ័យគ្នាវិញ

… យើងទើបនឹងទទួលយក(ញត្តិ)..្តាប់យើងឬអត់?យើងភ្លេចទេ តែន ់កម្មករនៅផ្នែកដទៃទៀត ឬទេ?ច់បង់ថ្លៃម្មម្សិលម្ង៉ៃ … សហជីពបានជួយគិតគូរលើរឿងនេះ។ អ្នកធ្វើក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ យើងនៅមិនទាន់បានកំណត់ប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យសំណង់ យើងមិនទាន់បានកំណត់ប្រាក់ឈ្នួលក្នុងវិស័យការដ្ឋានកសិកម្ម យើងមិនទាន់បានកំណត់ប្រាក់ឈ្នួលក្នុងវិស័យសេវា យើងមិនទាន់បានកំណត់ប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យអ្នកបម្រើធ្វើការតាមផ្ទះទេ។ ក៏ប៉ុន្តែ រឿងបញ្ហាមួយចំនួនផ្សេងទៀត តែរឿងអ្វីដែលខ្ញុំចង់និយាយ និងផ្តាំផ្ញើទៅកាន់ពលរដ្ឋជនរួមជាតិរបស់យើង មេត្តាយោគយល់អាណិតអាសូរឲ្យអ្នកបម្រើតាមផ្ទះ ហើយកុំធ្វើបាបក្មេង។ កន្លងទៅ យើងក៏បានឃើញការបង្ហោះតាមហ្វេសប៊ុក វាយធ្វើបាបក្មេងគ្នាអ្នកបម្រើ ជារឿងអយុត្តិធម៌ ជារឿងអគុណធម៌ ដែលមិនគួរឲ្យកើតមាននៅក្នុងចំណោមជាតិសាសន៍របស់យើងទេ។ ខ្ញុំធ្លាប់វ័យ ១៣ ឆ្នាំ ១៤ ១៥ ១៦ ១៧ ឆ្នាំ ជាវ័យដែលមកស្នាក់នៅជាមួយលោក(សង្ឃ)។ លោកគ្រូខ្ញុំដែលមានចម្រៀងពួកនេះក៏ចេះច្រៀងដែរ «បណ្តាំព្រះគ្រូអាចារ្យ គឹម ច្រែង» គ្រូខ្ញុំនាំខ្ញុំមកដល់ទីក្រុងភ្នំពេញនៅពេលដែលឃើញគេធំៗជាងធ្វើបាបមកលើយើង គ្រូខ្លួនឯងស្រក់ទឹកភ្នែកដោយអាណិតកូនសិស្ស។ សម័យមុន ខ្ញុំរៀននៅទួលគោក ហើយចេញពីសាលាមក ដើរយកចានស្រាក់។ ពេលនោះ ពេលដែលយើងអត់ គេឲ្យលុយត្រឹមតែ ៣​ រៀល ស្រក់ទឹកភ្នែក។ មិនមែនឥឡូវរាប់រយ រាប់សិប រាប់ពាន់ រាប់ម៉ឺនដុល្លារទេ។ ត្រឹមតែ ៣ រៀល ស្រក់ទឹកភ្នែក ហេតុតែយើងក្រ យើងលំបាក។ អញ្ចឹង អ្នកខ្លះធ្លាប់ក្រ ដល់ក្លាយទៅជាអ្នកមាន ធ្វើបាបអ្នកក្រទៀត។ រឿងហ្នឹងគឺជារឿងភ្លេចធាតុដើមហើយ គួរត្រូវផ្តល់ការយោគយល់ឲ្យបានច្រើន។

ខ្ញុំអំពាវនាវបញ្ហានេះ ទៅកាន់អ្នកដែលមានលទ្ធភាពខ្ពស់ជាង។ ហើយប្រសិនបើអាចធ្វើទៅរួច ក្មេងខ្លះគ្នារៀន ជូនកាលប្រឡងជាប់បាក់ឌុបតែមិនអាចទៅមុខទៀត រួចមកធ្វើអ្នកនៅជាមួយយើង។ នៅផ្ទះជាមួយខ្ញុំ ខ្ញុំឲ្យទៅរៀនមហាវិទ្យាល័យបន្ត។ តាំងពីឆ្នាំ ១៩៧៩ ចេញដំណើរមក នៅសល់តែមួយនៅជាប់រហូតដល់រាល់ថ្ងៃ។ ឯក្រៅពីនោះ ខ្លះគេរៀនចប់មហាវិទ្យាល័យរបស់គេ។ បណ្តុះបានគឺបណ្តុះ ឲ្យគេមានការងារធ្វើ … ឥឡូវចង់អស់ហើយ យកក្មួយមួយមកមើល ទុកជាមេដោះឲ្យចៅ ប៉ុន្តែ មិនទាន់បានអី ឥឡូវ វាកូន ២ ហើយ ឥឡូវជិតអាទី ៣ កើតទៀតហើយ។ អញ្ចឹង តើដោះស្រាយយ៉ាងម៉េច? …។

អ្វីដែលខ្ញុំចង់សុំមួយទៀត … ខ្ញុំបាននិយាយអម្បាញ់មិញពាក់ព័ន្ធជាមួយនឹងកិច្ចការដំណើរការរបស់យើង ដែលយើងត្រូវសិក្សាមួយម្តងៗ យើងអាចប្រជុំក្រុមហ៊ុនសំណង់ ដើម្បីកំណត់(បៀវត្សរ៍)អប្បបរមាប៉ុន្មាន? … ត្រូវស្រាវជ្រាវពីបណ្តាក្រុមហ៊ុនសំណង់មុន វិស័យកសិកម្មក៏ត្រូវមាន វិស័យសេវាក៏ត្រូវមាន ស្អីក៏ត្រូវមាន ដើម្បីយើងកំណត់ធានាមួយ។ ប៉ុន្តែ ពិបាកជាងគេគឺតាមផ្ទះ មិនដឹងហៅអ្នកណាធ្វើជាតំណាង។ វិធីមានតែមួយទេ គឺអំពាវនាវតែម្តង។ យើងមិនទាន់ចេញច្បាប់ទៅកើតទេ ព្រោះបើមិនស្រួល អ្នកហ្នឹងអត់ការងារធ្វើទៀត ។

ធ្វើឲ្យរោងចក្រក្លាយជាសហគមន៍សុខសាន្តមួយ

ប៉ុន្តែសម្រាប់រោងចក្រ ខ្ញុំនៅតែបន្តអំពាវនាវឲ្យបន្តរួមគ្នាខិតខំរក្សាសន្តិភាព   ស្ថេរភាពនយោបាយ ដើម្បីធានាការអភិវឌ្ឍរបស់យើងជាបន្ត។ សុំគ្រប់រោងចក្រទាំងអស់ ខិតខំធ្វើរោងចក្រក្លាយទៅជាសហគមន៍ដ៏សុខសាន្តមួយ កុំឲ្យរោងចក្រនេះមានបងតូច បងធំ កាប់ចាក់គ្នា កុំឲ្យរោងចក្រនេះ មានការបំពានសិទ្ធិគ្នាទៅវិញ​ទៅមក ឬការប្រើប្រាស់ហិង្សា។ កុំឲ្យរោងចក្រក្លាយជាទី​លាន​នៃ​ការចែកចាយ និងប្រើប្រាស់គ្រឿងញៀន កុំឲ្យ​រោងចក្រក្លាយជាទីកន្លែង ​នៃការឆ្លងមេរោគអេដស៍។ ប៉ុន្ដែ​ផ្ទុយទៅវិញ​ ត្រូវប្រើប្រាស់ទីកន្លែងរោងចក្រ ជាកន្លែង​អប់រំកុំឲ្យប្រើប្រាស់គ្រឿងញៀន និងជាទីកន្លែងកុំឲ្យ​រីក​រាល​ដាល​នៃ​ជំងឺ​អេដស៍ ក្លាយជាទីកន្លែងសម្រាប់អប់រំ​ដោយស្មារតី នៃការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដែលកំពុង​មានគ្រោះ​ថ្នាក់​រាល់ថ្ងៃនេះ។

ថៅកែ និងកម្មករ ខ្វះគ្នាមិនបាន

ខ្ញុំសុំស្នើអោយថៅកែ និងកម្មករ ផ្ដល់ការយោគយល់​គ្នាទៅវិញទៅមក អោយបានល្អបំផុត។ ​ជាឆ្នាំងបាយរួម ព្រោះពេលថៅកែយកចិត្តទុកដាក់លើកម្មករ កម្មករមានសុខភាពល្អ​ ធ្វើការបានល្អ ផលិតផល​ដែលចេញមក វាក៏​ល្អតាមនោះ។ នៅពេលដែលកម្មករធ្វើការបានល្អ ថៅកែក៏មានលទ្ធភាពដំឡើងបៀវត្ស​រ៍កម្មករ​។ ថៅកែត្រូវ​ដឹងឲ្យបានច្បាស់ថា បើមានតែរោងចក្រអត់កម្មករ យើងក៏មិនមែនថៅកែ​រោងចក្រដែរ គឺថៅកែ​ឃ្លាំង។ ឯកម្មករ​ក៏ត្រូវ​ដឹងដែរថា​ បើគ្មានថៅកែរោងចក្របង្កើតការងារឲ្យយើងធ្វើទេ ពេលនេះយើងកំពុងធ្វើស្រែ ធ្វើចម្ការ ឬ​ធ្វើ​មុខរបរផ្សេង ក្រៅពីកម្មកររោងចក្រ​ ដែលទទួលបានប្រាក់​បៀវត្សកាន់តែច្រើនទៅៗនោះទេ។

ថៅកែរោងចក្រ ធ្វើគិលានដ្ឋាន កន្លែងបំបៅកូន និងកន្លែងហូបអាហារ, ដោះស្រាយបញ្ហាតាមការសន្ទនា

សូមថៅកែរោង​ចក្រទាំងអស់ខិតខំដោះស្រាយបញ្ហាណា ដែលមិនទាន់បានដោះស្រាយ ដូចជាគិលានដ្ឋាន ដើម្បីដោះ​ស្រាយ​បញ្ហាជំងឺកម្ម​ករ​ ដែលកើតឡើងភ្លាមៗ។ ដោះស្រាយទីកន្លែងដែលកម្មករត្រូវ​ទទួល​ទាន​អាហារ ឬកន្លែងបំបៅកូន ដើម្បីអោយ​កម្មករងាយស្រួល។ ដំណោះស្រាយនៃការបណ្តេញកម្មករ ឬសហ​ជីព​ចេញ មិនមែនជាដំណោះស្រាយល្អទេ។ អ្វីដែលជាដំណោះស្រាយល្អបំផុតគឺ តាមរយៈការយោគ​យល់។ ការដោះស្រាយតាមរយៈបាតុកម្ម ឬកូដកម្ម ពិតមែនតែវាជាសិទ្ធិ តែមិនមែនជាវិធីល្អទេ​។ រឿងតូច រឿងធំ ត្រូវដោះស្រាយតាម​ការ​សន្ទនា ដោយការយោគយល់​ ដោយការអធ្យាស្រ័យ។ ជា​ងមួយឆ្នាំចុង​ក្រោយ​នេះ​ ស្ថានភាពនៃការយោគយល់រវាងម្ចាស់រោងចក្រ និងកម្មករ កម្មករ និងម្ចាស់​រោងចក្រ និងអ្នកគ្រប់គ្រង​ទាំង​ឡាយ​​គឺកាន់តែប្រសើរ ហើយខ្ញុំនឹងដើរពិនិត្យបញ្ហាទាំងនេះបន្ដទៅទៀត។ មិន​មែនដើរត្រឹមឆ្នាំ ២០១៨ ទេ គឺ​ដើរដល់ឆ្នាំ​ ២០២៨។ នៅតែលាបសក់ខ្មៅរហូត ធ្វើតាំងពីសក់ខ្មៅ ដល់សក់ស ហើយពីសក់​សមកសក់ខ្មៅវិញ។ សម័យឥឡូវស្រួល ប៉ុន្ដែស្រួលជាងគេ គឺអ្នកអត់សក់​។ អត់មាន​អី​លាប​ ប៉ុន្ដែ អ្នកខ្លះ​លាប​អត់ត្រូវដែរ ហើយលាបទៅវា​ allergy …។

លុបបំបាត់បងតូចបងធំ ជើងកាងតាមរោងចក្រ

សូមអំពាវនាវឲ្យមានការយកចិត្ត​ទុកដាក់ មិនត្រូវឲ្យមានបងតូចបងធំ ជើងកាង នៅតាមរោងចក្រ។ កម្មករ​មានសិទ្ធិធ្វើកូដកម្ម យើងត្រូវគោរព​សិទ្ធិគ្នាទៅវិញ​ទៅមក។ ករណីនៅកន្លែងខ្លះ និងពេល​វេលាខ្លះ រោងចក្រ​មួយមានកម្មករ ៥០០ នាក់ អ្នកធ្វើកូដកម្មមានតែ​ ៣០ នាក់​ទេ ៤៧០ នាក់ចង់ធ្វើការ​ ប៉ុន្ដែ ៣០ នាក់ មករំខាន ៤៧០ នាក់ កុំអោយចូលធ្វើការ​ មិនត្រូវឲ្យមានរបៀបនេះ​ទេ។ ៤៧០ នាក់ គោរពសិទ្ធិ ៣០ នាក់ ដែលកំពុងធ្វើកូដកម្ម​ ហើយ ៣០ នាក់ ធ្វើកូដកម្ម ទាមទារអ្វីមួយនោះ ត្រូវ​គោរពសិទ្ធិ ៤៧០ នាក់ ដែល​គេចង់ធ្វើការទទួលបានប្រាក់បន្ថែម។ ត្រូវធ្វើកិច្ចការងារនេះ កុំឲ្យមានបងតូចបងធំតទៅទៀត ជើងកាងតទៅទៀត។

ធ្វើឲ្យទៅជា ចរន្ត/ចលនាជាតិការពារខ្លួនកុំឲ្យឆ្លងមេរោគអេដស៍

អំពាវនាវ ដោយប្រទេសរបស់យើងមានការហក់ឡើងបន្ដិចវិញ នូវជំងឺអេដស៍ ប៉ុន្ដែ ឥឡូវ ប្រធាន​អាជ្ញាធរ​ជំងឺអេដស៍(ថា)ចាប់ធ្លាក់បន្តិចវិញ​។ ខ្ញុំសូមអំពាវនាវ បង្កើតជាចរន្ដជាតិមួយ នៃការការពារខ្លួន កុំឲ្យឆ្លង​មេរោគអេដស៍ ព្រោះអ្នកដែលវេទនាមិនមែន​អ្នកដទៃក្រៅពីអ្នកកើតជំងឺអេដស៍ទេ។ អញ្ចឹងសូមអំពាវ​នាវ ត្រូវធ្វើឲ្យបាន​ច្បាស់លាស់អំពីបញ្ហានេះ។ ត្រូវធានាថា អនាគតប្រទេសរបស់យើង គឺឈានចូលដល់អត្រា​សូន្យ នៃជំងឺអេដស៍​ ដូចជា​អត្រាសូន្យ នៃជំងឺគ្រុនចាញ់ នាឆ្នាំ ២០២៥​ ឬក៏អត្រាសូន្យ នៃជំងឺគ្រុនស្វិតដៃជើង​នានា នាឆ្នាំ ១៩៩៧-១៩៩៨ ឬ​អត្រាសូន្យ នៃជំងឺខ្វាក់មាន់។ យើងត្រូវដាក់ចេញគោលដៅនេះ។ បើវា​មិន​ឈានដល់អត្រាសូន្យ ក៏សុំជាភាគរយ តើឥឡូវយើងនៅប៉ុន្មានភាគរយ? (០,៦%) បើ ០,៦% យើងត្រូវខិតខំ ដើម្បី​បញ្ចុះ ទៅ ០,៥  ០,៤ … ទៅដល់ ០។​ ពូមិនហ៊ានហាមទេ គ្រាន់តែគេមានរបៀបការពាររបស់គេ គ្រាន់តែពេលបុណ្យអុំ​ទូកចែកមិនចេះតិ​ច អាប្រដាប់ការ​ពារ ដែលមានរឿងគេនិយាយខ្លះថា គេអោយយក​ទៅ​ការពារ ទៅជាយកទៅពាក់មេជើង។​ អាហ្នឹងគេ(បង្រៀន)វិធី​ពន្យារ​កំណើត ហើយអ្នកទៅពន្យល់ៗមិនច្បាស់  ឲ្យពាក់សាកនឹងមេជើង ដល់គាត់ទៅប្រព្រឹត្ដបទល្មើស គាត់ពាក់នឹងមេជើង(មែន)។ ដល់ក្រោយមក វាមានកូន គាត់ទៅសួរពេទ្យថា ខ្ញុំពាក់វាហើយ តែវានៅតែមានកូន ធ្វើម៉េច? ដល់ពេទ្យឆ្ងល់ពេទ្យសួរថា ពាក់​ឯណា? ថាពាក់មេជើង។

សូមធ្វើយ៉ាងម៉េចឲ្យក្លាយជាចលនាជាតិ ជាពិសេស ក្នុងចំណោមយុវជនរបស់យើង។ យើងគ្មានសិទ្ធិ​ហាម​ឃាត់​ទៅការស្រឡាញ់ភេទដូចគ្នាទេ។ បានជាលើកណាមួយខ្ញុំស្នើសុំកុំមានការរើសអើងជាមួយនឹង​អ្នក​ស្រ​ឡាញ់ភេទដូចគ្នា​។ ដូចជានៅផ្ទះរបស់ខ្ញុំនេះ ស៊ីនឌី ឧស្សាហ៍ចេញចូលផ្ទះ​ … យើង​មិន​ដែលប្រកែប្រកាន់រឿងហ្នឹងទេ។ គ្នាជាប្រុស ប៉ុន្ដែតែងខ្លួនទៅជាស្រីបាត់ទៅហើយ។ អញ្ចឹងបាន​ខ្ញុំសំណូមពរកុំឲ្យមានការរើសអើងរវាងអ្នកស្រឡាញ់ភេទដូចគ្នា។ ក៏ប៉ុន្ដែ ​យោងលើការគណនា គេបានមើលឃើញថា អ្នកស្រឡាញ់​ភេ​ទដូចគ្នា គឺជាអ្នក(ធ្វើឲ្យ)រីករាលដាលជំងឺអេដស៍លឿន។ អញ្ចឹងទេ សូមអំពាវនាវ មិនថាអ្នកស្រឡាញ់ភេទដូចគ្នា ឬអ្នកស្រឡាញ់ភេទមិនដូចគ្នាទេ ត្រូវខិតខំការពារ។ អ្នកដែល​មានជំងឺ​អេដស៍ កុំទៅចម្លងអោយគេ​ តិចទៅជាគិតថា បាន​ជា​ជ្រុលកើតហើយ អញថែមនាងឯងមួយទៀត ឬនាង​នោះ​កើតហើយ លោកឯងប្រហែស ថែមលោក​ឯង​មួយទៀត។ អញ្ចឹង វាជារឿងអគុណធម៌ទៅវិញ។

សម្ដេចមកថ្ងៃនេះ គាត់មិននិយាយពីរឿងការងារ។​ ការងារនិយាយច្រើនណាស់ មិនមែនគ្រាន់តែនិយាយ​ក្នុង​ប្រព័ន្ធនេះទេ ទៅគ្រប់ផ្នែកទៅហើយ ប៉ុន្ដែ រឿងនេះជាផ្នែកមួយ។ បើសិនយើងកើតអេដស៍ យើងក្លាយ​ជា​អ្នក​ដែល​​មិនអាចធ្វើ​ការ​ងារបាន តើយើងធ្វើអ្វីទៀត? វាដូចជាបង្កើតគ្រាប់មីននៅក្នុងគ្រួសារមួយ​ បង្កើតទម្ងន់​នៅក្នុង​ក្រុមគ្រួសារមួយ ដោយសារការសប្បាយភ្លើតភ្លើនរបស់យើង។ ពេទ្យ ជួនកាល យើងធ្លាប់មាន​ការ​កើត​ដោយសារពេទ្យ នៅខេត្ដបាត់ដំបង ក៏​ត្រូវពង្រឹងនូវការទទួលខុសត្រូវ នៃការរីករាលដាល​ដោយសារតែការខ្វះ​អនាម័យ។

សប្បាយចិត្តនឹងចលនាឈប់ជក់បារីនៅកម្ពុជា

ត្រូវធ្វើឲ្យក្លាយជាចលនា ហើយត្រូវធ្វើ​បណ្ដុះគំនិតជួយអប់រំគ្នា​ ក្មួយៗក្នុងរោងចក្រជួយអប់រំគ្នា​ បើសិន​ជាមាន​អ្នកណាញៀនគ្រឿងញៀន ត្រូវ​បញ្ឈប់។ ពូសប្បាយចិត្តនៅត្រង់ពេលពូដើរ ជួបប្រហែល ៨០ ម៉ឺន នាក់ ហើយ​ប្រហែលជា ២ ទៅ ៣ ម៉ឺននាក់ បានមកជិតពូ ទាំងយុវជន យុវនារី ពូមិនបានធុំ​ក្លិនបារី​នោះទេ។​ ប៉ុន្ដែកុំភ្លេច នៅអឺរ៉ុប កាន់តែហាម កាន់តែជក់។ នៅសិង្ហបុរី ខ្ញុំទៅប្រជុំអាស៊ានលើកនេះ កាលណាខ្ញុំទៅក្រៅផ្លូវការ ខ្ញុំ​អត់​ដើរយប់ទេ យូរបំផុតត្រឹមម៉ោង ៨ យប់ ខ្ញុំចូល​អូតែលហើយ។​ ប៉ុន្ដែ ទៅប្រជុំអាស៊ាន ម៉ោង ១០ ទៅ ១១ យប់ បានចូលអូតែល។ មកដល់អាជ្រុងកាច់ចូល​កន្លែង​អូតែលហ្នឹង សុទ្ធតែគេហៅថា Smoking Area ហើយជាង​ពាក់កណ្ដាលគឺជាស្ដ្រី ជាយុវនារី​ ប៉ុន្ដែក្នុងចំណោមយុវនារី និងយុវជន​កម្ពុជារបស់យើង មិនបានធុំក្លិនបារីទេ។ ខ្ញុំសប្បាយចិត្តជាមួយចលនាឈប់ជក់បារី តាមរយៈសកម្មភាពមួយចំនួនរបស់ក្រសួង​សុខា​ភិបាលរបស់យើង ដាក់ចេញ។

​កាលពីមុន ប្រជុំគណៈរដ្ឋមន្ដ្រី មួយគណៈរដ្ឋមន្ដ្រីជក់ នាយករដ្ឋមន្ដ្រីជក់បារី​។ បើកុំមាន​សង្គ្រាម ខ្ញុំមិនចេះជក់បារីទេ ព្រោះកាលពីពេលមុន ជក់ដេញមូស កុំអោយវាមកខាំ … ពេលយើងយាម។ ដល់បន្ទាប់ទៅជក់ឆ្ងាញ់ បន្ទាប់ទៅជក់ដើម្បីគិត ព្រោះខ្ញុំជាមនុស្សគោរពចុងប៊ិចណាស់។ សរសេរ​មិនងាយ​លុប​ទេ តែបើមិនជក់បារីទេ សរសេរ​មិន​ចេញ។ ដល់ចុងក្រោយ ៥ ឆ្នាំនេះ ដើម្បីប្ដូរផ្ដាច់ឈប់ជក់បារី​ ដាក់បារីគ្រប់​កន្លែងទាំងអស់ ក្បាលដំណេកក៏មាន​បារី តុបាយក៏មាន តុធ្វើការក៏មានបារី ទៅកន្លែងណាក៏មានបារី ហោប៉ាវឆ្វេងក៏មានបារី ហោប៉ាវស្ដាំក៏មានបារី ធ្វើហ្អែងមិនដឹង។ ឈប់ប្រាំដងបានដាច់ … បារីអេឡិកត្រូចនិកនេះទៀត e-cigarette ដាក់គ្រប់ទាំងអស់។ ស្រេចតែមិនប៉ះ។ ដល់ឥឡូវអ្នកដែលជក់បារីដើរកាត់ យើងពិបាកទ្រាំ។ អញ្ចឹងប្រហែលជាពីមុន ប្រពន្ធយើងទ្រាំជាមួយយើងរាប់សិបឆ្នាំ មិនតិចទេ។ ប៉ុន្តែ ដោយសារស្រឡាញ់ប្តី បានទៅនៅជាមួយប្តីជក់បារីនោះ។ នែ! កុំអីភ្លេចទៀត ថ្ងៃ ១៥ ហ្នឹង នៅកោះកុងចំថ្ងៃខួបប្រពន្ធតែម្តង។ គ្មានទម្លាប់ធ្វើខួប អញ្ចឹងទេ ទើបនឹង អ៊ិត សំហេង ថា ជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ អញ្ចឹងថ្ងៃ ១៥ នៅកោះកុង សូមផ្តាំទៅអាក្មេងពាលមួយថា ថ្ងៃ ១៤ និង ១៥ អញនៅកោះកុងទេ មិនមែននៅស្រុកចិនទេ កុំភ្លើ។

មានតែនៅស្រុកយើងទេ ហ៊ានឲ្យកម្មការិនីសម្រាលកូន ឈប់ ៣ ខែ ប្រាក់ខែ ១២០%

បញ្ជាក់សាជាថ្មី​ សូ​មឲ្យថៅកែរោងចក្រ និងកម្មករ យកចិត្តទុកដាក់ថ្នាក់ថ្នម​​​​ទំនាក់ទំនងការងារជាមួយគ្នា។ ថៅកែយកចិត្តទុកដាក់លើកម្មករ ហើយត្រឡប់ទៅវិញ កម្មករមានសុខភាពល្អ មានប្រាក់ចំណូលល្អ ធ្វើការបានល្អ។ កម្មវិធីច្រើនណាស់ ដែលក្មួយៗត្រូវបានទទួលនៅពេលខាងមុខ។ ប្រាក់អត្ថប្រយោជន៍នានា ដែលឯកឧត្តម អ៊ិត សំហេង បានលើកឡើងរួចមកហើយ ពូមិនចាំបាច់រំលឹកឡើងវិញទេ។ ហើយក្មួយៗនេះមិញមួយនេះថា ដល់ហើយ ៩ ខែ ជិតឡើងជ្រុញហើយ។​​ ស្រុកខ្មែរ ក្មួយៗ ឈប់ ៣ ខែ ប្រាក់ខែ ១២០% ​យើងហ៊ានលេងដល់ប៉ុននោះ អញ្ចឹងបានឥឡូវនេះ ខ្ញុំគិតថា ឆ្នាំនេះចាយមិនអស់ ៦ លានទេ ឥឡូវឡើងជាង ៦ លាន បានសេចក្តីថា ក្នុងចំណោមកម្មករយើងកើតបានកូន ជាង ៦ ម៉ឹននាក់។ អញ្ចឹង ឆ្នាំក្រោយអាចនឹងឡើងដល់ ៧ ម៉ឺន ទៅ ៨ ម៉ឺន នាក់។ ពេលមានកូន បានឈប់ ៣ ខែ ហើយ បានប្រាក់ខែ ១២០% ហើយ បានរដ្ឋាភិបាលឲ្យ ១០០ ដុល្លារទៀត រឿងអីមិនយកឲ្យហើយ?

ឲ្យកម្មការិនីមានផ្ទៃពោះចេញមុនចាប់ពី ១៥ នាទី ទើបត្រូវច្បាប់

ឯណាទៅក្មួយៗដែលត្រៀមរៀបការ លើកដៃឡើងទៅមើល? អ្នកដែលការហើយថ្មីៗ លើកដៃឡើងទៅមើល? សូមសួរមួយទៀត អ្នកដែលចាប់ផ្តើមមានផ្ទៃពោះ? នោះមានលើកដែរតើ។ ប៉ុន្តែ អាហ្នឹងដូចជាមិនមែនទេហ្អី? ព្រោះអ្នកមានផ្ទៃពោះដូចជានៅខាងនេះទេ ប្រហែលគ្រាន់តែកំពុងសង្ស័យ។ ថ្ងៃនេះមាន ៦៩៨ នាក់(មានផ្ទៃពោះ) អញ្ចឹងទេ ចំណុចនេះ ហេតុអី​បានជាពូធ្វើរឿងហ្នឹង? ពូចង់សួរអញ្ចេះ ឥឡូវក្មួយៗដែលមានផ្ទៃពោះ គេឲ្យចេញមុនម៉ោងប៉ុន្មាននាទី? ១៥ នាទី ។ ពេលមុនពូសុំ គេឲ្យប៉ុន្មាន? ១០ នាទី? មានរោងចក្រខ្លះ ៥ នាទី ខ្លះ ១០ នាទី និងខ្លះ ១៥ នាទី ខ្លះទៀតឲ្យដល់កន្លះម៉ោងឯណោះ។ ប៉ុន្តែ ពូសូមបញ្ជាក់ រោងចក្រណាឲ្យ ១៥ នាទី ត្រូវច្បាប់ រោងចក្រណាឲ្យក្រោម ១៥ នាទី ខុសច្បាប់ រោងចក្រណាឲ្យច្រើនលើស ១៥ នាទី ត្រូវច្បាប់។ ម្ចាស់រោងចក្រក៏គួរមានការយោគយល់ដែរ គួរតែត្រូវមានវិធានការផ្ទៃក្នុងមួយ បើមានផ្ទៃពោះចាប់ពី ៤ ខែចុះ ឲ្យចេញមុន ១៥ នាទី។ ចាប់ពី ខែទី ៥ ទៅ ខែទី ៦ ឲ្យ ២០ នាទី ឧទាហរណ៍អញ្ចឹងចុះ។ ចាប់ពីខែទី ៦ ដល់ខែទី ៩ ឲ្យកន្លះម៉ោង។ ខ្ញុំលើកឧទាហរណ៍ទេ បើធ្វើបានខ្ញុំអរគុណ។

ឆ្នាំ ២០១៩ ទៅ ឲ្យបៀវត្សរ៍ចាប់ពី ១៨២ ដុល្លារ ទើបត្រូវច្បាប់

បៀវត្សរ៍ក៏ដូចគ្នា ចាប់ពីថ្ងៃទី ១ មករា ទៅ ឲ្យ ១៨២ ដុល្លារ ត្រូវច្បាប់ ឲ្យក្រោម ១៨២ ដុល្លារ ខុសច្បាប់ ឲ្យលើ ១៨២ ដុល្លារ ត្រូវច្បាប់ទាំងអស់ ហើយខ្ញុំអរគុណទៀត។ អ្នកណាឲ្យប្រាក់ខែលើស គួរគប្បីមានកម្មវិធីបំពាក់មេដាយឲ្យរោងចក្រ លើកទឹកចិត្ត។ ឆ្នាំនេះ ប្រុសស្អាត និងស្រីស្អាតរបស់កំពង់ស្ពឺជាប់លេខមួយ។ ឯណាមកឬទេ? … ប្រឡងទៀត។ ចុះនៅក្នុងចំណោមកម្មកររបស់យើងៗប្រឡង រួចហើយយើងយកទៅផ្តាច់ព្រ័ត្រនៅភ្នំពេញ ហើយផ្សាយបន្តផ្ទាល់នៅភ្នំពេញឯណោះ។ យើងបង្កើនពានរង្វាន់បន្តិចទៅ សម្រាប់អ្នកលេខមួយ។ ពង្រីកទៀត ឥឡូវថា អា Top 10 ហ្នឹងពង្រីករង្វាន់បន្តិចទៅ ព្រោះធ្វើឲ្យកម្មវិធីវាសប្បាយ។

វិសោធនកម្មច្បាប់ស្តីពីបក្សនយោបាយ, អ្នកត្រូវហាមធ្វើនយោបាយ អាចស្នើនាយករដ្ឋមន្រ្តី លើកលែងទោស

ប៉ុន្តែ ចុងក្រោយមានចំណុចមួយ ជាចំណុចនយោបាយ។ ប៉ុន្មានថ្ងៃខាងមុខ ដូចជាស្អែកនេះហើយ សភាប្រជុំស្អែក ខ្ញុំសូមជូនសារទៅសម្រាប់ប្រជាពលរដ្ឋ និងបណ្តាបក្សនយោបាយ។ ហេតុអីបានជាត្រូវធ្វើ? មិនមែនសំ​ដៅទៅលើបក្សនយោបាយណាមួយ ឬក្រុមណាមួយទេ ក៏ប៉ុន្តែ ធ្វើនេះ គឺសំដៅលើបក្សនយោបាយទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រោះថា នៅក្នុងច្បាប់ស្តីពីពន្ធនាគារ អនុញ្ញាតឲ្យនាយករដ្ឋមន្រ្តី សុំលើកលែងទោសឲ្យទណ្ឌិតនៅពេលណាក៏បាន។ ហ្នឹងគឺទាក់ទងជាមួយនឹងច្បាប់ អ្នកជាប់គុក គឺអនុញ្ញាតបើកផ្លូវឲ្យនាយករដ្ឋមន្រ្តីធ្វើការស្នើសុំទៅព្រះមហាក្សត្រដើម្បីសុំព្រះរាជទានទោស នៅពេលណាក៏បានដែរ។ ប៉ុន្តែ ច្បាប់ស្ដីពីបក្សនយោបាយ ដែលបក្សនយោបាយ​​នោះត្រូវរំលាយ ហើយមេដឹកនាំរបស់គេ ត្រូវបានទទួលការហាមឃាត់ធ្វើនយោបាយ មិនមានច្រកណាមួយបើកផ្លូវឲ្យនាយករដ្ឋមន្រ្តីធ្វើការសុំលើកលែងទេ។ ជាផ្លូវច្បាប់ សាលក្រមតុលាការកំពូលបិទផ្លូវតវ៉ា ដូច្នេះ មានន័យថា អត់មានច្រកចេញតែម្តង។ បើចង់ឲ្យកាត់ឡើងវិញ គឺវាផ្ទុយនឹងសាលដីកាតុលាការកំពូល តែគេចេញហើយគឺបិទផ្លូវតវ៉ាតែម្តង។ អញ្ចឹងហើយអត់សើរើរឿងក្តីបានទេ។

អ្នកប្រឆាំងសាលដីកាតុលាការកំពូល មិនបានសិទ្ធិធ្វើនយោបាយឡើងវិញ ហើយត្រូវជាប់គុកថែមទៀត

ជម្រើសដែលនៅសល់បន្ទាប់ពីការសិក្សាគ្នារួចមក គឺនៅមានជម្រើសពាក់ព័ន្ធតែជាមួយនឹងបើកច្រកឲ្យ​នាយករដ្ឋមន្រ្តីស្នើថ្វាយព្រះមហាក្សត្រ ដើម្បីលើកបម្រាមហាមឃាត់ការធ្វើនយោបាយឲ្យអ្នកនយោបាយឡើងវិញ​។ ខ្ញុំគ្រាន់តែបញ្ជាក់ថា នេះមិនមែនសំដៅទៅលើក្រុមណាមួយនោះទេ គឺសំដៅសម្រាប់រៀបចំដំណើរជីវិតនយោ​បាយ នៃបណ្តាបក្សនយោបាយទៅអនាគត​ តែក្នុងនោះ វាអាចដោយទាំងមនុស្សមួយចំនួន ដែលត្រូវបានតុលាការកាត់ហាមឃាត់សិទ្ធិធ្វើនយោបាយនៅពេលនេះដែរ។ ប្រសិនបើគេមានការស្នើសុំមកនាយករដ្ឋមន្រ្តី ហើយនាយករដ្ឋមន្រ្តីបានពិនិត្យឃើញថា គេមិនបានប្រឆាំងនឹងសាលដីកាតុលាការកំពូលនោះទេ ត្រូវចាំណា អ្នកដែលប្រឆាំងនឹងសាលដីកាតុលាការកំពូល មិនមែនត្រឹមតែអត់បានសិទ្ធិធ្វើនយោបាយឡើងវិញទេ គឺត្រូវជាប់គុកថែមទៀតផង ព្រោះកាលណាប្រឆាំងនឹងសាលដីកាតុលាការកំពូល ដូចជាត្រូវជាប់គុករហូតទៅដល់ ២ ឆ្នាំ ឬ ២ ឆ្នាំកន្លះ។

ច្បាប់ចូលជាធរមាន នាយករដ្ឋមន្រ្តីរង់ចាំសំណើសាមីជនម្នាក់ៗ ឬសំណើតាមរយៈរដ្ឋមន្រ្តីមហាផ្ទៃ

អញ្ចឹងទេ នៅពេលច្បាប់ចូលជាធរមាន ក្នុងឋានៈខ្ញុំជានាយករដ្ឋមន្រ្តី ខ្ញុំត្រៀមនឹងទទួលយកនូវសំណើរបស់សាមីជនម្នាក់ៗ មិនមែនតំណាងឲ្យបក្សនយោបាយណាមួយមកស្នើទេ បុគ្គលម្នាក់ៗត្រូវស្នើមកនាយករដ្ឋមន្រ្តី ឬស្នើតាមរយៈរដ្ឋមន្រ្តីមហាផ្ទៃ ព្រោះក្នុងនោះ សំណើនាយករដ្ឋមន្រ្តីស្នើទៅព្រះមហាក្សត្រតាមសំណើរបស់រដ្ឋមន្រ្តីមហាផ្ទៃ។ ដូច្នេះ រដ្ឋមន្រ្តីមហាផ្ទៃត្រូវយល់ដឹង មិនមែនចេញច្បាប់ហើយ អ្នកទាំងប៉ុន្មានរួចទាំងអស់។ អត់ទេ។ ម្នាក់ម្តងៗ។ ម្នាក់មានព្រះរាជក្រឹត្យមួយ ឬ ៤-៥ នាក់ សុំមក គឺមានព្រះរាជក្រឹត្យមួយ។ អញ្ចឹងជាឆន្ទានុសិទ្ធិរបស់នាយករដ្ឋមន្រ្តីនៅកន្លែងហ្នឹង។ សុំផ្តាំ កុំភ័ន្តច្រឡំ ទីមួយ កុំភ័ន្តច្រឡំ សំដៅលើតួអង្គណាជាក់លាក់ ប៉ុន្តែ សំដៅលើទិដ្ឋភាពរួមនៃបក្សនយោបាយទាំងអស់។ ការបើកច្រកនេះសម្រាប់អនាគតរបស់កម្ពុជា មិនមែនសម្រាប់មនុស្សប៉ុន្មាននាក់ ដែលបម្រាមរបស់គេដល់ឆ្នាំ ២០២២ ឬឆ្នាំ ២០២៣ (នោះទេ) ទោះបីមិនត្រូវបានលើកលែង ក៏ត្រូវតែរបូតដែរ ព្រោះគេហាមតែ ៥ ឆ្នាំ។ ប៉ុន្តែ អ្នកដែលចង់បានរួចមុន ៥ ឆ្នាំ ត្រូវធ្វើសំណើសុំមកនាយករដ្ឋមន្រ្តី ឬទៅតាមរយៈរដ្ឋមន្រ្តីមហាផ្ទៃ មានតែប៉ុណ្ណឹង។

ទោះយ៉ាងណា អំណាចគឺនៅលើដៃនាយករដ្ឋមន្រ្តីជាអ្នកស៊ីញ៉េ

ខ្ញុំអត់ចង់មានតមាត់តកជាមួយនរណាទាំងអស់ ព្រោះវាក្មេងពេក ខ្ចីពេក។ អត់និយាយ។ ទុក​ឲ្យគេវិនិច្ឆ័យ​សភាពការណ៍ខ្លួនគេចុះ។ ខ្លះវិនិច្ឆ័យបែបនេះ ខ្លះវិនិច្ឆ័យបែបនោះ។ ខ្ញុំបាននិយាយហើយថា ខ្ញុំមិនតបត ខ្ញុំនៅស្ងៀម។ ប៉ុន្តែ រឿងអ្វីដែលទាក់ទិនជាមួយនឹងទិដ្ឋភាពរួម គឺខ្ញុំសូមបង្ហាញថា វិសោធនកម្មច្បាប់នេះ អាចនឹងមានបក្សខ្លះនឹងត្រូវរំលាយនៅពេលណាមួយ ដោយតុលាការកំពូលដែរ នៅពេលដែលគេប្រព្រឹត្តកំហុស មេដឹកនាំរបស់គេត្រូវបានហាមឃាត់។ អញ្ចឹងវាអាចមានករណីនេះកើតឡើងនៅពេលអនាគតដែរ។ អញ្ចឹងអ្នកខ្លះថា អូ! យើងជិតរួចហើយ ទាំងអស់គ្នារួចហើយ ឲ្យតែច្បាប់ចេញ។ នេះអ្នកស៊ីញ៉េនៅនេះ។ បើគ្មានការយល់ព្រមពីអ្នកស៊ីញ៉េទេ សុំប៉ុណ្ណាក៏វាអត់។ និយាយអញ្ចឹងថា ច្បាប់អីចេះតែឲ្យអំណាចមកនាយករដ្ឋមន្រ្តី? ចុះបើមិនឲ្យអំណាចមកនាយករដ្ឋមន្រ្តី ឲ្យទៅនរណា? ឲ្យទៅចោរឬអី? នាយករដ្ឋមន្រ្តីអ្នកកាន់អំណាច ប្រទេសរបបសភា គឺអញ្ចឹង។ លំដាប់ពិធីការគឺជារឿងមួយ តែអំណាចក្នុងវិស័យនីតិប្រតិបត្តិគឺវាធំជាងគេហើយ។ គេមិនអនុញ្ញាតឲ្យរដ្ឋមន្រ្តី ឬឧបនាយករដ្ឋមន្រ្តី​ ធ្វើការផ្ទាល់ជាមួយនឹងសភា ធ្វើដំណើរទៅសភាទេ លើកលែងតែសភា​ហៅរដ្ឋមន្រ្តីហ្នឹងទៅដេញដោល បានធ្វើការផ្ទាល់បាន។ គេមិនធ្វើការផ្ទាល់ជាមួយព្រះមហាក្សត្រទេ គឺនាយករដ្ឋមន្រ្តីទើបធ្វើការផ្ទាល់។ អាហ្នឹងគឺជាក្រឹត្យក្រមនៃរបៀបរបបការងារតែប៉ុណ្ណោះ។

អំណោយសម្រាប់អ្នកចូលរួម

ខ្ញុំអរគុណណាស់ ថ្ងៃនេះ បានជួបជុំគ្នា ថានិយាយតិច តែនៅតែមិនតិច វានៅតែច្រើន។ ក្មួយៗដែលលំបាកជាងគេ(គឺអ្នកមានផ្ទៃពោះ) ព្រោះខ្លះវាធាក់លិច ធាក់កើត ខាងមុខភ្លោះតែ ៤ តើ? ៤ ហ្នឹងមាន ខាងនេះប្រុសទាំង ២ បន្ទាប់ទៅ ស្រីទាំង ២ មួយទៀតប្រុសទាំង ២ និងស្រីទាំង ២ ដែរ អញ្ចឹង​ប្រុស ២ គូ ស្រី ២ គូ ធ្វើដន្លងជាមួយគ្នាតែម្តងទៅ។ ប៉ុន្តែ ក្រែងលោមានការភ្លាត់ភ្លាំងនៅពេលដែលពូដើរទៅក្រោយ ក្រែងលោមានករណីកន្លែងមួយនោះ មកខាងមុខមិនអស់ នៅខាងក្រោយមានភ្លោះទៀត នៅពេលដែលភ្លោះប្រាប់ពូផង ព្រោះពូនឹងជូនស្រោមសំបុត្រ ១ កាលណាតែភ្លោះត្រូវបាន ២ អាហ្នឹងភ្លោះ ២ បើភ្លោះ ៣ គឺស្រោមសំបុត្រ ៣ ហើយ។ ប៉ុន្តែ អា ៣ ហ្នឹង ឥឡូវតិចណាស់។ ភ្លើងភ្លឺពេក។ ម្យ៉ាងទៀត ទូរទស្សន៍វាច្រើន ដល់យូរ​ៗទៅដេកភ្លេចបាត់។

ថ្ងៃនេះ បានជួបជាមួយកម្មករ/ការិនីសរុប ១៧៦២១ នាក់​ មកពីរោងចក្រ/សហគ្រាសចំនួន ២៣ នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ គ្រាន់ជាចំណងដៃនៃការជួបគ្នាទេ ក្មួយៗក៏មិនសំដៅមករកថវិកាពូដែរ ជូនម្នាក់ៗ ២ ម៉ឺនរៀល តែប៉ុណ្ណោះ។ ក្រុមគ្រូពេទ្យប្រចាំការក្នុងកម្មវិធីនេះ ៥ លានរៀល ហើយក្រុមតន្រ្តីសម័យ ៥ លានរៀលដែរ។ សម្រាប់ក្មួយៗជាកម្មការិនីដែលមានផ្ទៃពោះ នៅមានស្រោមសំបុត្រមួយដោយឡែកក្រៅពី ២ ម៉ឺនរៀលនោះ។ សូមអរគុណណាស់ជាមួយម្ចាស់រោងចក្រ បន្ទាប់ទៅកម្មករបានទៅសម្រាក ព្រោះខ្លះក៏ក្រោកពីយប់ ខ្លះក៏ក្រោកក្បែរភ្លឺ ប៉ុន្តែ យ៉ាងណាក៏បានសម្រាកមួយល្ងាចនេះទៀត។

សំរោងទង ស្រុកមួយដែលមានអត្រាបោះឆ្នោតឲ្យគណបក្សប្រជាជនខ្ពស់

ចុងបញ្ចប់ អរគុណសាជាថ្មីម្តងទៀត ចំពោះក្មួយៗទាំងអស់ តាមរយៈក្មួយក៏សុំផ្តាំផ្ញើជូននូវការអរគុណចំពោះជីដូនជីតា ឪពុកម្តាយរបស់ក្មួយៗ ដែលពួកគាត់បានប្រឹងប្រែងរួមដំណើរជាមួយពូតាំងពីពួកគាត់នៅក្មេង បង្កើតបានជាឪពុកម្តាយរបស់ក្មួយៗ ហើយបន្តការរួមជាមួយពូ និងរហូតមកដល់ក្មួយក៏បន្តការរួមជាមួយគ្នា។ សំរោងទងគឺជាស្រុកមួយក្នុងចំណោមស្រុកដែលបោះឆ្នោតខ្ពស់ជាងគេនៅកំពង់ស្ពឺឲ្យគណបក្សប្រជាជន។ នៅ​ក្នុងឆ្នាំ ២០០៣, ២០០៨ គឺជាស្រុកដែលក្នុងខេត្តកំពង់ស្ពឺ ដែលបោះឆ្នោតខ្ពស់ណាស់។ អញ្ចឹងបានជាសុំកុំភ្លេច គឺចាប់ផ្តើមពី «មរតកម៉ែខ្ញុំ» ប៉ុន្តែ ដំបូងសូមកុំភ្លេច «កន្សែងក្រហម» របស់កម្មករ គឺត្រូវបើកឆាកមុនគេ បន្ទាប់ទៅបានមានចម្រៀងលំដាប់លំដោយតទៅទៀត រាប់ទាំង «ពាមកោះស្នា វាចាប្រុសស្នេហ៍» អាហ្នឹងគឺចម្រៀងប្រចាំត្រកូល។ សូមឲ្យក្មួយៗ និងអ្នកចូលរួមទាំងអស់ជួបប្រទះតែនឹងសេចក្តីសុខ សេចក្តីចម្រើន ជាមួយនឹងភាពរុងរឿងក្នុងការដាច់ឆ្នាំសកល ២០១៨​ ឈានចូល ២០១៩ ជាមួយនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ​៕​

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ