សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម-កម្ពុជា នៅទីក្រុងហាណូយ

នៅល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨នេះ បន្ទាប់ពីបានអញ្ជើញមកដល់ប្រទេស​វៀត​ណាម​ភ្លាម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ​រាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ចវៀតណាម-កម្ពុជា ដែលធ្វើនៅទីក្រុងហាណូយ ប្រទេសវៀតណាម មានការអញ្ជើញចូលរួមពីលោកនាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ្វុក និងពាណិជ្ជករ អ្នកធុរកិច្ចវៀតណាមជាច្រើន រួមជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជា និងវៀតណាមជាច្រើនរូបផងដែរ។

នៅក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញថ្លែងសុន្ទរថាគន្លឹះអំពីការរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្ន ព្រមទាំងកាលានុវត្តភាព និងសក្ដានុពលវិនិយោគនៅកម្ពុជា។

សម្តេចតេជោបានមានប្រសាសន៍ថា វៀតណាមនិងកម្ពុជាបានចាប់ផ្តើមមានទំនាក់ទំនងល្អនឹងគ្នាជាយូរលង់ណាស់មកហើយ ដែលឆ្នាំ ២០១៨ នេះជាខួបលើកទី ៥១ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរផងដែរ។ ក្នុងទំនាក់ទំនងពាណិជ្ជកម្ម ពាណិជ្ជកម្មសរុបរវាងកម្ពុជា និងវៀតណាម ក្នុងឆ្នាំ២០១៧ សម្រេចបានចំនួនប្រមាណ ២,១៣ ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣០% ធៀបនឹងឆ្នាំ ២០១៦ ។ ការនាំចេញពីប្រទេសកម្ពុជាទៅប្រទេសវៀតនៅមានទំហំតូចនៅឡើយ។ ជាក់ស្តែង ការនាំចេញរបស់កម្ពុជាទៅប្រទេសវៀតណាមក្នុងឆ្នាំ ២០១៧ មានចំនួន ៣៤២ លានដុល្លារអាមេរិក ធៀបនឹងការនាំចូលរបស់កម្ពុជាពីវៀតណាម ក្នុងឆ្នាំ ២០១៧ មានចំនួនប្រមាណ ១,៨ ពាន់លានដុល្លារអាមេរិក។ ក្នុងក្របខណ្ឌនៃការវិនិយោគផ្ទាល់ពីវៀតណាម រហូតដល់ខែ វិច្ឆិកា ឆ្នាំ ២០១៨ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុមហ៊ុនវៀតណាមចំនួន ៧៥ គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ២,៤ ពាន់លានដុល្លារអាមេរិក ដែលផ្តោតសំខាន់លើវិស័យកសិកម្ម និងហេដ្ឋា-រចនាសម្ព័ន្ធ។

សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០១៨ ត្រូវបានប៉ាន់ស្មានថា នឹងមានកំណើនក្នុងអត្រា ៧,៣% ហើយសម្រាប់រយៈ ពេលមធ្យមខាងមុខ កម្ពុជាអាចរក្សាបានអត្រាកំណើនប្រមាណ ៧% ក្នុងមួយឆ្នាំ។ កំណើនសេដ្ឋកិច្ចខ្ពស់នេះបានធ្វើឱ្យកម្ពុជា សម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ ២០១៥ និងស្ថិតនៅលើគន្លងនៃការឈានទៅសម្រេចបាននូវឋានៈនៃប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ដើម្បីសម្រេចបាននូវគោលបំណងខាងលើ និងស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤, រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ និងកំពុងអនុវត្ត “គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥” សំដៅកែប្រែរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្ម ផ្អែកលើជំនាញនៅរង្វង់ឆ្នាំ២០២៥។ គោលនយោបាយនេះជា “យុទ្ធសាស្ត្រកំណើនថ្មី” និងបានកំណត់ឧស្សាហកម្មចំនួន ៥ ជាអាទិភាព រួមមាន៖
(១) ឧស្សាហកម្ម ឬកម្មន្តសាលថ្មីៗដែលមានចរិតជាការបើកច្រកចូលទីផ្សារ ផ្ដល់តម្លៃបន្ថែមខ្ពស់ មានភាពច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់
(២) សហគ្រាសធុនតូចនិងមធ្យមក្នុងគ្រប់វិស័យ
(៣) ផលិតកម្មកសិ-ឧស្សាហកម្មដែលបម្រើឱ្យការនាំចេញ និងទីផ្សារក្នុងស្រុក
(៤) ប្រភេទឧស្សាហកម្មគាំទ្រពាក់ព័ន្ធនឹងវិស័យកសិកម្ម ទេសចរណ៍ និងកាត់ដេរ ព្រមទាំងឧស្សាហកម្មបម្រើឱ្យខ្សែចង្វាក់ផលិតកម្មតំបន់ ដែលជាឧស្សាហកម្មតភ្ជាប់ទៅទីផ្សារ ឬខ្សែចង្វាក់តម្លៃសកល
(៥) ប្រភេទឧស្សាហកម្មបម្រើឱ្យខ្សែចង្វាក់ផលិតកម្មតំបន់ និងមានចរិតយុទ្ធសាស្ត្រនាពេលអនាគត។

បន្ថែមពីលើវិធានការមុតស្រួច និងជាក់ស្តែង ដែលរាជរដ្ឋាភិបាលបានដាក់ចេញនោះ សម្តេចក៏បានជម្រាបជូនធុរជន និងអ្នកវិនិយោគទាំងអស់អំពីសក្ដានុពលវិនិយោគ និងឧត្តមភាពសំខាន់ៗរបស់កម្ពុជា ដូចតទៅ៖

ទី១៖ ភាពអំណោយផលនៃស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។

ទី២៖កម្ពុជាស្ថិតនៅលើទីតាំងជាយុទ្ធសាស្ត្រក្នុងតំបន់អាស៊ាន ដែលតំបន់នេះបាននិងកំពុងក្លាយជា “រោងចក្រនៃអាស៊ី” ហើយម្យ៉ាងទៀតកម្ពុជាក៏ស្ថិតនៅចំណុចកណ្តាលនៃតំបន់មេគង្គ ដែលជាតំបន់មានកំណើនសេដ្ឋកិច្ច និងការតភ្ជាប់ខ្ពស់ជាងគេ។

ទី៣៖កម្លាំងពលកម្មដែលមានភាពសម្បូរបែបនិងវ័យក្មេង ដែលក្នុងនោះប្រជាជនដែលមានអាយុត្រឹម ៣៥ឆ្នាំចុះ មានចំនួនដល់ទៅ ៧២% នៃចំនួនប្រជាជនសរុប គួបផ្សំនឹងការកើនឡើងនៃចំនួនប្រជាជនដែលមានចំណូលមធ្យមនិងជាវណ្ណៈកណ្តាលនឹងបង្កើតកាលានុវត្តភាពសម្រាប់កម្ពុជា ។

ទី៤៖កម្ពុជាបានបើកចំហសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់អ្នកវិនិយោគទាំងអស់ ដោយគ្មានការរើសអើងរវាងអ្នកវិនិយោគកម្ពុជា និងអ្នកវិនិយោគបរទេសនោះទេ។

ទី៥៖ទំនិញផលិតនៅកម្ពុជា មិនមែនផ្គត់ផ្គង់សម្រាប់តែទីផ្សារនៅកម្ពុជាដែលមានប្រជាជនប្រមាណតែជាង ១៥លាននាក់ប៉ុណ្ណោះនោះទេ ប៉ុន្តែអាចផ្គត់ផ្គង់ទៅក្នុងទីផ្សារអនុតំបន់មេគង្គដែលមានអតិថិជនប្រមាណ ២៥០លាននាក់, ទីផ្សារអាស៊ានដែលមានអតិថិជនប្រមាណ ៦៣០លាននាក់, និងទីផ្សារនៅក្នុងតំបន់នៃ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ (RCEP) ដែលមានអតិថិជនប្រមាណ ៣ប៊ីលាននាក់ ព្រមទាំងលទ្ធភាពចូលទីផ្សារធំដទៃទៀតក្នុងពិភពលោក។

ទី ៦៖ កម្ពុជា និងវៀតណាមបានចុះកិច្ចព្រមព្រៀងស្តីពីការជៀងវាសការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពាក់ព័ន្ធនិងពន្ធលើប្រាក់ចំណូល នៅថ្ងៃទី៣១ មីនា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ។. សម្តេចតេជោនៅតែបន្តអំពាវនាវដល់អ្នកវិនិយោគវៀតណាមដែលមិនទាន់បានមកកម្ពុជា អញ្ជើញមកសិក្សាស្វែងយល់ពីសក្ដា-នុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគ ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចសហប្រតិបតិ្តការទ្វេភាគីរវាងវៀតណាម និងកម្ពុជា។សម្តេចក៏សូមសូមធានាជូនអ្នកវិនិយោគគ្រប់រូបនូវបរិស្ថានប្រកបដោយភាពអំណោយផល ជាពិសេស គឺសន្តិ-ភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersi...

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Anne Zhao នាយិកាប្រតិបត្តិនៃក្រុមហ៊ុន Legendary
beylikdüzü escort escort beylikdüzü beylikdüzü escort