សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួប​រដ្ឋមន្ត្រី​ការ​បរទេស​នេប៉ាល់

នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក ប្រាឌីព គូម៉ា ហ្គែវ៉ាលី (Pradeep Kumar Gyawali) រដ្ឋមន្ត្រីការបរទេសនៃប្រទេសនេប៉ាល់ ។

លោករដ្ឋមន្ត្រីការបរទេសនេប៉ាល់ បានសម្តែងនូវការរីករាយពេញចិត្តចំពោះទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ដូចគ្នា មានជួបបញ្ហាប្រឈមប្រហាក់ប្រហែលគ្នា ហើយមានមិត្តភាពជិតស្និទ្ធជាមួយគ្នា។ ទន្ទឹមនឹងនោះដែរ លោក Pradeep Kumar Gyawali បានអបអរសាទរចំពោះ គណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោ ដែលបានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតកន្លងមកនេះ ព្រមទាំងបាននាំមកនូវសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍសម្រាប់ប្រទេសកម្ពុជា។

លោក Pradeep Kumar Gyawali ក៏បានថ្លែងអំណរគុណផងដែរ ចំពោះ សម្តេចតជោ ដែលបានទទួលយកការអញ្ជើញក្នុងជំនួបនាទីក្រុងញូវយ៉កជាមួយនាយករដ្ឋមន្ត្រីនេប៉ាល់ មកបំពេញទស្សនកិច្ចនៅ នេប៉ាល់នាពេលនេះ។

លោករដ្ឋមន្រ្តី បានរៀបរាប់ជម្រាបសម្តេចតេជោផងដែរអំពីដំណើរការបោះឆ្នោត និងការកសាងប្រទេសនេប៉ាល់ ហើយព្រមទាំងបានកោតសរសើរចំពោះប្រទេសកម្ពុជា ដែលបានកសាងប្រទេសឡើងវិញដោយឆ្លងបានកាត់ឧបសគ្គជាច្រើន។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការអញ្ជើញសម្តេចមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសនេប៉ាល់ ហើយក៏សូមអរគុណផងដែរចំពោះការអបអរសាទរចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ដែលអាចឲ្យសម្តេចបន្តធ្វើជានាយករដ្ឋមន្ត្រីដឹកនាំកម្ពុជាបន្តទៀត។ សម្តេចតេជោ ក៏បានមានប្រសាសន៍អំពីប្រវត្តិកម្ពុជា និងនេប៉ាល់ ដែលមានភាពស្មុគស្មាញ និងមានស្ថានភាពពុំដូចគ្នាទេ ប៉ុន្តែបានឆ្លងកាត់ការលំបាកនានាស្ទើរតែដូចគ្នា។

សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះជោគជ័យដែលប្រទេសនេប៉ាល់ បានសម្រេចក្នុងការបង្រួបបង្រួមជាតិ។ កម្ពុជាបានឆ្លងកាត់នូវបទពិសោធន៍ជាច្រើនពីប្រទេស ដែលមានការបែកបាក់ហែកហួរគ្នា មកជាប្រទេសដែលរួបរួមគ្នាជាធ្លុងមួយ ពីប្រទេសដែលមានបក្សពួកច្រើន មានការបែងចែកទឹកដី ហើយប្រយុទ្ធគ្នាឯងនៅលើទឹកដីរបស់ខ្លួន ដែលបានឆ្លងកាត់ការលំបាកសព្វបែបយ៉ាង។ ឥឡូវកម្ពុជានេះបានបង្រួបបង្រួមជាតិឲ្យទៅជាប្រទេសមួយ មានរដ្ឋធម្មនុញ្ញមួយ មានកងទ័ពមួយ ហើយកំពុងជំរុញការអភិវឌ្ឍប្រទេសទាំងអស់គ្នា។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានជម្រាបផងដែរថា កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចប្រហែល ៧,៧%ក្នុងមួយឆ្នាំអស់រយៈពេល២០ឆ្នាំមកនេះ ហើយក៏កំពុងប្រែក្លាយពីប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

សម្តេចតេជោបានលើកឡើងថា ពីកម្ពុជាមកនេប៉ាល់ ពីនេប៉ាល់ទៅកម្ពុជា ក៏មិនឆ្ងាយទេ ដែលគួរតែពង្រីក កិច្ចសហប្រតិបត្តិការទៅលើអ្វីដែលជាសក្តានុពលប្រទេសទាំងពីរមាន។ សម្តេចតេជោ បានបញ្ជាក់ថា ដោយសារនេប៉ាល់ មានឯកអគ្គរដ្ឋទូតនៅប្រទេសវៀតណាម ហើយថ្វាយសារតាំងនៅរាជធានីភ្នំពេញ ហើយ សម្តេចមានបំណងបញ្ជូនឯកអគ្គរដ្ឋទូតកម្ពុជា ដែលមាននិវេសនដ្ឋាននៅញូវដេលី ប្រទេសឥណ្ឌា មកកាន់នេប៉ាល់ផងដែរ។ នៅពេលមានយើងមានហិរញ្ញវត្ថុគ្រប់គ្រាន់ កម្ពុជានឹងបើកស្ថានទូតផ្លូវការនៅនេប៉ាល់តែម្តង។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរនេប៉ាល់ ដែលបានរៀបចំឲ្យមានកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០១៨នេះ។ សម្តេចតេជោនឹងចូលរួមវិភាគទានដើម្បីជោគជ័យនៃកិច្ចប្រជុំកំពូលនេះ។

លោក រដ្ឋមន្ត្រីការបរទេសនេប៉ាល់ ជាថ្មីម្តងទៀតបានអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋកម្ពុជា ដែលបានអភិវឌ្ឍន៍ប្រទេសឲ្យមានការជឿនលឿន ហើយនេប៉ាល់នឹងខិតខំរិះរកវិស័យផ្សេងៗ ដើម្បីជំរុញនូវកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាដូចជា វិស័យទេសចរណ៍ ពាណិជ្ជកម្ម ដែលយើងមានសក្តានុពលច្រើន ហើយដែលអាចធ្វើទៅបាន។

នៅឆ្នាំក្រោយនេះ ប្រទេសនេប៉ាល់នឹងបើកព្រលានយន្តហោះថ្មីមួយ ដែលអាចធ្វើការហោះហើរត្រង់មកកាន់កម្ពុជា ហើយពេលនោះប្រជាជននេប៉ាល់ក៏អាចធ្វើដំណើរទៅទស្សនកិច្ចអង្គរវត្ត រីឯយពលរដ្ឋកម្ពុជា វិញក៏អាចធ្វើដំណើរមកទស្សនាកន្លែងព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូត្រនៅនេប៉ាលផងដែរ។

កម្ពុជា និង នេប៉ាល់ នឹងចុះកិច្ចព្រមព្រៀងជាមួយគ្នាមួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាច្រើនទៀតតាមដែលអាចធ្វើបាន មានដូចជាវិស័យវប្បធម៌ សាសនា ជំនឿ ហើយសង្ឃឹមថា កិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក ២០១៨ នឹងបានផ្លាស់ប្តូរទស្សនៈគ្នារួមគ្នាដោះស្រាយបញ្ហាប្រឈមនានាមានដូចជា ការប្រែប្រួលអាកាសធាតុ ភេរវកម្ម និងអំពើហិង្សាជាដើម៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ