(FN)៖ នៅព្រឹកថ្ងៃពុធ ៦រោច ខែកក្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ១៧,៩១២នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅក្នុងខេត្តកណ្តាល។ កិច្ចសំណេះសំណាលនេះ នឹងធ្វើឡើងនៅភូមិក្រាំងស្បូវ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាមេដឹកនាំក្នុងរដ្ឋអធិបតេយ្យមួយ គឺត្រូវធ្វើការងារនៅក្រៅប្រទេសផង និងក្នុងប្រទេសផង
* សម្តេចតេជោ ហ៊ុន សែន ក៏បានសុំការយោគយល់អធ្យាស្រ័យពីសំណាក់កម្មករ កម្មការិនី ដែលសម្តេចមិនទាន់បានអញ្ជើញចុះទៅជួបសំណេះសំណាល។
* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងពីមុនកម្ពុជាខិតខំពង្រាយសាលា បច្ចុប្បន្នបន្តខិតខំពង្រាយរោងចក្រឲ្យទៅនៅជិតផ្ទះប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណើរចុះជួបជាមួយកម្មករ កម្មការិនីរបស់សម្តេចនាពេលនេះ គឺធ្វើដូចអ្វីដែលសម្តេចបានសន្យាមុនពេលបោះឆ្នោត។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចចាប់យកបញ្ហារបស់កម្មករជាបញ្ហាសំខាន់ ដើម្បីជំរុញដល់ការកសាងសង្គមជាតិ តាមរយៈការជំរុញវិស័យឧស្សាហកម្មនេះ។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅសល់តែមួយខែទៀតប៉ុណ្ណោះ កម្មករ កម្មការិនី នឹងទទួលបានប្រាក់ឈ្នួល ១៨២ដុល្លារអាមេរិកក្នុងមួយខែ ហើយត្រូវបើកពីរសប្តាហ៍ម្តង។
* សម្តេចតេជោនាយករដ្ឋមន្ត្រីថា បើធៀបនឹងការចាប់ផ្តើមនៅ១៩៩៧ កម្មករ កម្មការិនីទទួលបានប្រាក់ឈ្នួលតែ ៤៧ដុល្លារប៉ុណ្ណោះ តែបច្ចុប្បន្នប្រាក់ឈ្នួលកើនខ្ពស់ និងខ្ពស់ជាងបណ្តាប្រទេសមួយចំនួន។
* សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា ប្រាក់ឈ្នួលក្នុងវិស័យកាត់ដេរនៅបង់ក្លាដេស ៦៧ដុល្លារ ស្រីលង្កា៦៧ដុល្លារ ឥណ្ឌា៧៧ដុល្លារ ដល់១៤៣ដុល្លារ ភូមា១០៨ដុល្លារ ឥណ្ឌូនេស៉ី១០៦ដុល្លារ និង២៦៧ដុល្លារ វៀតណាម១២២ដុល្លារ និង១៧៥ដុល្លារ ឡាវ១៣៣ដុល្លារ ប៉ាគីស្ថាន ១៣៤ដុល្លារ។ តាមការគ្រោងទុកនៅឆ្នាំ២០១៩ កម្ពុជាកើនដល់១៨២ដុល្លារ បង់ក្លាដេសកើនដល់១៩៥ដុល្លារ ស្រីលង្ការនៅដដែល ឥណ្ឌាកើនក្នុងចន្លោះ៨១ដុល្លារ និង១៥០ដុល្លារ ភូមានៅដដែល នៅឥណ្ឌូនេស៊ីកើនដល់១០៦ដុល្លារ និង២៦៧ដុល្លារ វៀតណាមកើនដល់ ១២៨ដុល្លារ និង ១៨៤ដុល្លារ…។
* សម្តេចតេជោបានលើកឡើងថា ការលើកបង្ហាញពីប្រាក់ឈ្នួលនៅប្រទេសដទៃនេះ គឺចង់ឲ្យកម្មករ កម្មការិនី មានមូលដ្ឋានក្នុងការពិចារណា ពោលមិនត្រូវចេះតែទាមទារដំឡើងប្រាក់ឈ្នួលនោះទេ ត្រូវមើលពីការប្រកួតប្រជែងការងារជាមួយប្រទេសដទៃផងដែរ បើមិនដូច្នោះអាចធ្វើឲ្យបាត់បង់រោងចក្រនៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលចង់ឲ្យប្រាក់ឈ្នួលកម្មករ កម្មការិនី កើនលើសពី១៨២ដុល្លារ ឡើងដល់ជាង ២០០ដុល្លារ,
* សម្តេចនាយករេដ្ឋមន្ត្រី បានលើកឡើងថា ការសម្រេចដំឡើងប្រាក់ឈ្នួលដល់ ១៨២ដុល្លារ រាជរដ្ឋាភិបាលត្រូវទម្លាក់ថ្លៃអគ្គិសនីដល់រោងចក្រសហគ្រាស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទម្រាំកម្ពុជាមានដូចសព្វថ្ងៃកម្មករ កម្មការិនី មិនត្រូវបំភ្លេចពីការខិតខំរបស់គណបក្សប្រជាជនកម្ពុជាក្នុងការខិតខំបញ្ចប់សង្គ្រាម និងនាំមកនូវសុខសន្តិភាពនោះទេ។
* សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងថា បើមានតែសន្តិភាព មិនមានការអភិវឌ្ឍគឺមិនអាចទៅរួចនោះឡើយ ពោលសន្តិភាព និងការអភិវឌ្ឍត្រូវតែផ្សារភ្ជាប់គ្នាដោយមិនអាចខ្វះផ្នែកណាមួយបាននោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការនាំចេញមានទំហំទឹកប្រាក់ជាង ១២ពាន់លានដុល្លារអាមេរិក ដែលជាជោគជ័យមួយក្នុងការដឹកនាំរបស់សម្តេច និងគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់ប្រជាពលរដ្ឋដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជា និងការដឹកនាំរបស់សម្តេចជាង ៣០ឆ្នាំមកនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបោះឆ្នោតរបស់កម្មករ កម្មការិនី មិនមែនត្រឹមតែជាការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានោះទេ តែក៏ជាការបោះឆ្នោតការពាររក្សាទុកនូវសមិទ្ធផលជាស្នាដៃជីដូជីតារបស់ពួកគេ ក៏ដូចជាបោះឆ្នោតឲ្យខ្លួនឯងផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចេញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋជាង ៨០ភាគរយ គឺជាជោគជ័យនៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលមួយមិនអាចឲ្យមានការផ្តួលរំលំតាមរយៈសកម្មភាពតាមចិញ្ចើមផ្លូវនោះឡើយ។ សម្តេចនាយករដ្ឋមន្ត្រីបន្ថែមថា សកម្មភាពផ្តួលរំលំរាជរដ្ឋាភិបាលរបស់ក្រុមអ្នកប្រឆាំងកាលពីឆ្នាំ២០១៣ នឹងរងគ្រោះថ្នាក់ដល់ជីវិតបើពួកគេធ្វើសកម្មភាពហួសបន្ទាត់ក្រហម។
* សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា ការដំឡើងប្រាក់ឈ្នួលឆ្នាំ២០១៩ អត់មានការទាមទាររបស់បក្សប្រឆាំងនោះទេ។ ចំណុចនេះសម្តេចចង់បង្ហាញថា ការដំឡើងប្រាក់ឈ្នួលនេះមិនមែនចាំបាច់មានការស្រែកពីក្រុមអ្នកប្រឆាំងនោះឡើយ។
* សម្តេចតេជោ បានអំពាវនាវទៅដល់រោងចក្រ សហគ្រាសទាំងអស់ ត្រៀមអនុវត្តន៍ការបើកប្រាក់ឈ្នួលជូនកម្មករ កម្មការិនី ១៨២ដុល្លារនៅឆ្នាំ២០១៩ ហើយត្រូវបើកពីរសប្តាហ៍ម្តង។
* សម្តេចតេជោ ហ៊ុន សែន បានប៉ាន់ប្រមាណថា រហូតដល់ដាច់ឆ្នាំ២០១៨នេះ អាចនឹងមានកូនកម្មការិនីប្រមាណជា ៦ម៉ឺននាក់ នឹងត្រូវសម្រាលនៅក្នុងឆ្នាំនេះ ហើយថវិកាប្រមាណជា ៦លានដុល្លារ នឹងត្រូវឧបត្ថម្ភដល់ពួកគេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថវិកាបុរេប្រទានប្រមាណជា ២២លានដុល្លារអាមេរិក ត្រូវបានយកទៅដោះស្រាយជូនកម្មករ កម្មការិនី ដែលត្រូវថៅកែរត់ចោល។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពីអតីតកាលស្រុកកណ្តាលស្ទឹងអត់ដែលមានរោងចក្រនោះទេ បើគ្មានរោងចក្រទេកម្មករ កម្មការិនីទាំងនេះនឹងត្រូវធ្វើចំណាកស្រុកស្វែងរកការងារធ្វើ ឬអាចនៅធ្វើស្រែចំការជាមួយឪពុកម្តាយ។
* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ទៀតថា គ្មានស្ថេរភាព គ្មានសន្តិភាព គ្មានអ្នកវិនិយោគ ហើយក៏គ្មានអ្នកទេសចរនោះដែរ។
* សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងថា ក្នុងជំនួបជាមួយក្រុមហ៊ុនបារាំង ដែលកំពុងគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនោះ ក្រុមហ៊ុននេះបានបង្ហាញការនឹកស្មានមិនដល់ចំពោះកំណើនភ្ញៀវទេសចរនៅកម្ពុជា ហើយគាំទ្រដល់ការបង្កើតព្រលានយន្តហោះនៅភ្នំពេញ និងសៀមរាប។
* សម្តេចតេជោ បានបញ្ជាក់ទៀតថា ព្រលានយន្តហោះនៅព្រះសីហនុ ត្រូវតែពង្រីកបន្ថែម ដែលអាចនឹងទទួលភ្ញៀវប្រមាណ ៣លាននាក់នៅថ្ងៃខាងមុខ។
* សម្តេចនាយករដ្ឋមន្ត្រី បានបន្តក្រើនរំលឹកដល់ថៅកែរោងចក្រ សហគ្រាស និងកម្មករ កម្មការិនី ត្រូវរួមគ្នារក្សាសហគមន៍រោងចក្រសុខសាន្ត ដោយមិនត្រូវឲ្យមានបងតូចបងធំ ហើយថៅកែរោងចក្រ សហគ្រាស និងកម្មករ កម្មការិនី ត្រូវចេះដោះស្រាយគ្នាពេលមានបញ្ហា។
* សម្តេចតេជោ ហ៊ុន សែន ស្នើដល់មេសហជីពទាំងអស់ ដែលកំពុងមានក្តីក្តាំនៅតុលាការ ត្រូវបញ្ជូនសំណើដោះស្រាយបញ្ហាទៅរដ្ឋមន្ត្រីក្រសួងការងារ និងក្រសួងយុត្តិធម៌ ក៏ដូចជាជាតុលាការ ដើម្បីដោះស្រាយបញ្ហាឲ្យបានឆាប់រហ័ស។
* សម្តេចតេជោ ហ៊ុន សែន បានជំរុញឲ្យពន្លឿនដោះស្រាយរឿងក្តីក្តាំរបស់សហជីព ដើម្បីធានាសិទ្ធិសេរីភាពក្នុងការធ្វើការងារ។ តែសម្តេចស្នើគ្រប់គ្នាធ្វើអ្វីៗ ត្រូវស្ថិតនៅក្រោមច្បាប់។
* សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ក្រោយបញ្ចប់ការជួបសំណេះសំណាលរួមជាមួយកម្មករ កម្មការិនីហើយ សម្តេចនឹងចុះទៅតាមរោងចក្រផ្ទាល់ថែមទៀត ដើម្បីធានាសិទ្ធិសេរីភាពរបស់កម្មករ កម្មការិនី និងធានាដល់ប្រាក់ចំណូលរបស់ពួកគេ។
* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ជាថ្មីថា ចាប់ពីពេលនេះទៅរាល់ពេលចូលឆ្នាំ និងភ្ជុំបិណ្ឌត្រូវបញ្ចេញរថយន្តក្រុងសាធារណៈគ្រប់ផ្លូវជាតិទាំងអស់។
* នៅចុងឆ្នាំនេះសម្តេចតេជោ ហ៊ុន សែន ជាប់ភារកិច្ចនៅក្រៅប្រទេសជាច្រើនទៀតរួមមាន៖ ប្រទេសនេប៉ាល់ ឡាវ និងវៀតណាម។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង៨៖៤៨នាទីព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨៕