បន្ទាប់មកនៅព្រឹកថ្ងៃទី១៤ វិច្ឆិកាដដែលនេះដែរ បណ្តាប្រមុខរដ្ឋ / ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានអញ្ជើញចូល រួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២០។ ជាថ្មីម្តងទៀត ប្រមុខរដ្ឋ / ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម មូន ចេអ៊ីន ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ ដែលមានវត្តមានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់អាស៊ាន។ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២០ បានប្រព្រឹត្តិទៅក្រោមប្រធានបទ ការពិនិត្យឡើងវិញ នូវកិច្ចសហប្រតិបត្តិការអាស៊ាន សាធារណរដ្ឋកូរ៉េ និងទិសដៅអនាគត។
ដូចគ្នា និងបណ្តាមេដឹកនាំអាស៊ាន សាធារណរដ្ឋកូរ៉េ សម្តេចតេជោ នាយករដ្ឋមន្រ្តីបានធ្វើបទអន្តរាគមន៍ និងទស្សនៈវិស័យអំពីទំនាក់ទំនងអាស៊ាន សាធារណរដ្ឋកូរ៉េ លើចំណុចសំខាន់ៗចំនួន៣ ក្នុងនោះទី១ កម្ពុជាសូមស្វាគមន៍នូវសំណើររៀបចំកិច្ចប្រជុំ រំលឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន សាធារណរដ្ឋកូរ៉េ នៅឆ្នាំ២០១៩ នៅសាធារណរដ្ឋកូរ៉េ។ កម្ពុជា ក៏បានកត់សំគាល់ដោយក្តីរីករាយ នូវបំណងតម្លើងកិច្ចប្រជុំកំពូលមេគង្គ សាធារណរដ្ឋកូរ៉េ ទៅជាកិច្ចប្រជុំកំពូល ហើយរៀបចំកិច្ចប្រជុំកំពូលមេគង្គ សាធារណរដ្ឋកូរ៉េ លើកទី១ ស្របពេលជាមួយ និងកិច្ចប្រជុំរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េ។ កម្ពុជានិងបន្តធ្វើការយ៉ាជិតស្និទ្ធជាមួយនិងបណ្តាប្រទេសសមាជិកអាស៊ាន និងសាធារណរដ្ឋកូរ៉េ ដើម្បីឲ្យកិច្ចប្រជុំកំពូលសម្រេចបានលទ្ធផលប្រកបដោយផ្លែផ្កា សំដៅជំរុញកិច្ចសហប្រតិបត្តិការរបស់យើងថែមទៀត ទី២កម្ពុជាស្វាគមន៍នូវគោលនយោបាយទិសខាងត្បូងថ្មី របស់សាធារណរដ្ឋកូរ៉េ ដែលមានបំណងលើកកម្ពស់ទំនាក់ទំនងរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ និងបង្កើតសហគមន៍មួយដែលឈរលើសសរស្តម្ភបី គឺប្រជាជន វិបុលភាព និងសន្តិភាព។
កម្ពុជាក៏សង្ឃឹមផងដែរថា គោលនយោបាយនេះ នឹងបំពេញបន្ថែមឲ្យគោលនយោបាយផ្សេងៗ ទៀត នៅក្នុងតំបន់ និងបម្រើផលប្រយោជន៍ដល់ចំណងមិត្តភាពតំបន់យើងទាំងពីរ ក៏ដូចជាប្រជាជនជារួម និងទី៣ កម្ពុជាសូមស្វាគមន៍នូវជំនួបកំពូលអន្តរកូរ៉េ និងជំនួបកំពូលសហរដ្ឋអាមេរិក សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរក ការ កសាងសន្តិភាពអចិន្រៃ្តយ៍ កិច្ចសហប្រតិបត្តិការឈ្នះ ឈ្នះ ការលុបបំបាត់អាវុធនុយក្លែអ៊ែរដោយសន្តិវិធី និងវិបុលភាពរួមនៅឧបទ្វីកូរ៉េ។ ការអនុវត្តសេចក្តីថ្លែងការណ៍រួម នៃជំនួបកំពូល សហរដ្ឋអាមេរិក សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងសេចក្តីថ្លែងការណ៍ប៉ានមូយ៉ូម ព្រមទាំងសេចក្តីប្រកាសរួមទីក្រុងព្យូងយ៉ាង ទាមទារនូវការអត់ធ្មត់។ ការវិវឌ្ឍន៍ថ្មីៗនេះគឺជាការ លើកទឹកចិត្ត និងមិនធ្លាប់មានពីមុនមក នៅក្នុងប្រវត្តិសាស្រ្ត នៃឧបទ្វីបកូរ៉េ។ កម្ពុជាសង្ឃឹមថា ការវិឌ្ឍន៍នេះនឹងក្លាយជាមូលដ្ឋានគ្រឹះ សម្រាប់ការឈានទៅសម្រេចបានសន្តិភាពអចិន្រៃ្តយ៍ និងការរំសាយអាវុធនុយក្លែអ៊ែរទាំងស្រុង នៅឧបទ្វីបកូរ៉េ។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២០នោះដែរ កិច្ចប្រជុំបានឯកភាពគ្នាក្នុងការឈានទៅចេញ សេចក្តីប្រកាសព័ត៌មានរបស់ប្រធានកិច្ចប្រជុំអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២០ និងរបាយការណ៍វឌ្ឍនភាព ស្តីពីការអនុវត្តផែនការសកម្មភាពអាស៊ាន សាធារណរដ្ឋកូរ៉េ ដើម្បីអនុវត្តសេចក្តីថ្លែងការណ៍រួម ស្តីពីភាពជាដៃគូយុទ្ធសាស្រ្តសម្រាប់សន្តិភាព និងវិបុលភាព ឆ្នាំ២០១៦-២០២០។