បន្ទាប់មកនៅព្រឹកថ្ងៃទី១៤ វិច្ឆិកាដដែលនេះដែរ បណ្តាប្រមុខរដ្ឋ / ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២១។ ជាថ្មីម្តងទៀត ប្រមុខរដ្ឋ / ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តី នៃសាធារណ រដ្ឋប្រជាមានិតចិន ដែលមានវត្តមានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់អាស៊ាន។ កិច្ច ប្រជុំកំពូលអាស៊ាន-ចិនលើកទី២១ បានប្រព្រឹត្តិទៅក្រោមប្រធានបទ ការពិនិត្យឡើងវិញ នូវកិច្ច សហប្រតិបត្តិការអាស៊ាន-ចិន និងទិសដៅអនាគត។
ក្នុងឱកាសខួបលើកទី១៥ នៃភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន មេដឹកនាំអាស៊ានបានវាយតម្លៃខ្ពស់ប្រកបដោយសេចក្តីសោមនស្ស ចំពោះសមិទ្ធផលជាផ្លែផ្កាជាច្រើន ដែលកើតចេញពីកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន ហើយដែលបាននិងកំពុងចូលរួមចំណែកក្នុងបុព្វហេតុស្ថិរភាព សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ ចំណងការទូត និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។
ដូចគ្នានិងបណ្តាមេដឹកនាំ អាស៊ាន-ចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានធ្វើបទអន្តរាគមន៍ លើប្រធានបទ ការពិនិត្យឡើងវិញ នូវកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន និងទិសដៅអនាគត បានធ្វើការគូសបញ្ជាក់យ៉ាងដូច្នេះថា កម្ពុជាមានជំនឿយ៉ាងមុតមាំថា ចិនគឺជាដៃគូយុទ្ធសាស្រ្កមួយមិនអាចខ្វះបានរបស់អាស៊ាន ទោះស្ថិតក្នុងកាលៈទេសៈនិងបរិការណ៍ណាក៏ដោយ ហើយសង្ឃឹមថាទំនាក់ទំនងនេះ នឹងកាន់តែជ្រាលជ្រៅ ក្នុងស្មារតីតម្កល់ផលប្រយោជន៍រួម និងការអភិវឌ្ឍប្រកបដោយ ចីរភាព និងបរិយាប័ន្ន ជូនប្រជាជាតិទាំងអស់។ នៅក្នុងបទអន្តារាគមន៍នោះដែរសម្តេចតេជោ នាយករដ្ឋមន្រ្តីបានរំលេចនូវចំណុចគន្លឹះសំខាន់ៗចំនួន៤ ក្នុងក្របខណ្ឌ នៃការបន្តពង្រឹងនិង ពង្រីកកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ចិន ក្នុងនោះរួមមានទី១ កម្ពុជាសូមគាំទ្រសេចក្តីថ្លែងការណ៍ ស្តីពីចក្ខុវិស័យភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន ឆ្នាំ២០៣០ និងសេចក្តីប្រកាសរួម ស្តីពីវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលនិងជួយលើកកម្ពស់ កិច្ចសហប្រតិបត្តិការ បន្ថែមទៀត។
ក្នុងន័យនេះ កម្ពុជានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងចិន ដើម្បីអនុវត្តឲ្យបានពេញលេញ និងមានប្រសិទ្ធភាព នូវចក្ខុវិស័យយន្តការ និងទិសដៅ ខាងលើ សំដៅរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែរីកចម្រើន ទី២ កម្ពុជាសូម ស្វាគមន៍ការកំណត់យកឆ្នាំ២០១៩ ជាឆ្នាំផ្លាស់ប្តូរសារព័ត៌មានអាស៊ាន-ចិន ដោយសង្ឃឹមថា សមាជិកអាស៊ាន និងចិន នឹងផ្តល់អាទិភាពខ្ពស់ក្នុងការអនុវត្ត នូវសកម្មភាពនិងគម្រោងនានា ពាក់ព័ន្ធនិងវិស័យព័ត៌មាន សំដៅជំរុញការយល់ដឹងអំពីទំនាក់ទំនងអាស៊ាន-ចិន លើគ្រប់វិស័យ ជាពិសេសរួមចំណែកដល់ការកសាងជំនឿ និងទំនុកចិត្ត ដើម្បីជាស្ពានមិត្តភាពរវាងប្រជាជន និង ប្រជាជន ទី៣កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការពង្រឹង កិច្ចសហប្រតិបត្តិការរបស់ចិន ពាក់ព័ន្ធ និងវិស័យតភ្ជាប់ និងការបន្តគាំទ្ររបស់ចិន ក្នុងការអនុវត្តផែនការមេស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ ២០២៥ ជាពិសេសកិច្ចខិតខំប្រឹងប្រែងរិះរកភាពរួមបញ្ចូលគ្នា និងការបំពេញឲ្យគ្នាទៅវិញទៅមក រវាងគំនិតផ្តួចផ្តើម នៃផែនការមេស្តីពីការតភ្ជាប់អាស៊ាន និងគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់មួយ និងវិថីមួយរបស់ចិន និងទី៤ កម្ពុជាគាំទ្រការបន្តពង្រឹងនិងពង្រីកវិសាលភាព កិច្ចសហប្រតិបត្តិការ ក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ រវាងអាស៊ាននិងចិន ឲ្យកាន់តែខ្លាំងឡើងមួយកម្រិតទៀត ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់យើង ប្រកបដោយ ចិរភាព និងបរិយាប័ន្ន។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២១នោះដែរ កិច្ចប្រជុំបាន ឯកភាពគ្នាក្នុងការឈានទៅចេញ សេចក្តីប្រកាសព័ត៌មានរបស់ប្រធានកិច្ចប្រជុំអាស៊ាន-ចិន លើកទី២១។ ចក្ខុវិស័យភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន ឆ្នាំ២០៣០ សេចក្តីប្រកាសរួម ស្តីពីកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្រ្ត បច្ចេកទេស និងនវានុវត្តន៍អាស៊ាន-ចិន របាយការណ៍ វឌ្ឍនភាពស្តីពីការអនុវត្តផែនការសកម្មភាព២០១៦-២០២០ ដើម្បីអនុវត្តសេចក្តីថ្លែងការណ៍ រួម ស្តីពីភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន ដើម្បីសន្តិភាពនិង វិបុលភាព។ បញ្ជីសកម្មភាព សម្រាប់រំលឹកខួបអនុស្សាវរីយ៍១៥ឆ្នាំ នៃទំនាក់ទំនងដៃគូយុទ្ធសាស្រ្តអាស៊ាន-ចិន និងបញ្ជី សកម្មភាពសម្រាប់ឆ្នាំ នៃនវានុវត្តន៍អាស៊ាន-ចិន។