ព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំព្រះសង្ឃគ្រប់ព្រះអង្គ,
បងប្អូនជនរួមជាតិ, ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះជាទីគោរពនឹករលឹក!
ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការរីករាយខ្លាំងណាស់ ដែលមានឱកាសបានជួបជាមួយព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជាមួយបងប្អូនជនរួមជាតិ ដែលរស់នៅក្រៅប្រទេស ហើយដែលខ្ញុំព្រះករុណាខ្ញុំ ទទួលព័ត៌មានថា មួយផ្នែកនៅប៊ែលហ្ស៊ិកនេះ មួយផ្នែកអញ្ជើញមកពីបារាំង មួយផ្នែកអញ្ជើញមកពីអង់គ្លេស មួយផ្នែកអញ្ជើញមកពីហូឡង់ ហើយក៏មាននិស្សិតអាហារូបករណ៍របស់យើងដែលកំពុងសិក្សា នៅក្រៅប្រទេសក៏មកដល់ទីនេះផងដែរ។ ថែមទាំងបងប្អូនមកពីកាណាដាថែមទៀត ដែលថ្ងៃមុនអត់បានជួប នៅអាមេរិក ឥឡូវហោះមកជួបដល់អឺរ៉ុបតែម្តង។
អរគុណជនរួមជាតិ ដែលមកពីឆ្ងាយ និងរង់ចាំយូរ ដើម្បីបានជួប
ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ហើយហាក់ដូចជាមានអារម្មណ៍ជំពាក់គុណចំពោះព្រះសង្ឃគ្រប់ព្រះអង្គ ជំពាក់គុណចំពោះបងប្អូនទាំងអស់ ព្រោះថាមានហេតុផល ២ ដែលខ្ញុំព្រះករុណាខ្ញុំគិតថា គឺជាការជំពាក់គុណ … ទី ១ ការខិតខំធ្វើដំណើរពីចំងាយមកកាន់ទីនេះ។ អ្នកនៅប៊ែលហ្ស៊ិក បើទោះបីនៅក្នុងប្រទេសប៊ែលហ្ស៊ិក ក៏មិនមែននៅក្នុងទីក្រុងនេះដែរទេ អាចថានៅឆ្ងាយក៏បានធ្វើដំណើរមក។ ប៉ុន្តែអ្នកខ្លះធ្វើដំណើរឆ្ងាយណាស់ទម្រាំមកដល់ទីនេះ ដើម្បីស្កាត់មករកជួបចំពោះខ្ញុំ ថែមទាំងត្រូវទទួលនូវការគំរាមកំហែងពីក្រុមប្រឆាំងទៀតផង។ ក្នុងជីវិតរបស់ខ្ញុំ ខ្ញុំនឹកស្មានមិនដល់ថា នៅពេលដែលគេមិនទាន់បានកាន់អំណាចផង គេហ៊ានគំរាមប្រជាពលរដ្ឋដែលគ្រាន់តែមកទទួលនាយករដ្ឋមន្ត្រីប្រទេសរបស់ខ្លួន ហើយប្រមាថទៅដល់ការបាញ់ថែមទៀត។ នេះមកនៅប្រទេសគេ ហើយប្រទេសប្រជាធិបតេយ្យថែមទៀត គេហ៊ានហាមាត់និយាយទៅដល់ការវាយតប់ ឬដល់បាញ់ប្រហារ ចុះបើគេមានអំណាចពិតប្រាកដ ដូចជាអំណាចរបស់លោក ហ៊ុន សែន សព្វថ្ងៃ ដែលប្រើកងទ័ពបានភ្លាម ប្រើនគរបាលបាន ប្រើប្រដាប់អាវុធបានភ្លាម តើគេនឹងធ្វើអ្វីទៀតទៅ។ នោះហើយដែលថា ខ្ញុំមានការជំពាក់គុណជាមួយបងប្អូនដែលបានធ្វើដំណើរមកកាន់ទីនេះ។
មួយទៀត ការជំពាក់គុណមួយទៀត បើទោះបីមានការហត់នឿយការធ្វើដំណើរផ្លូវឆ្ងាយ ប៉ុន្តែថ្ងៃនេះរង់ចាំខ្ញុំរយៈពេលយូរណាស់។ ពិតមែនហើយថ្ងៃនេះ ខ្ញុំក៏មានការហត់នឿយដែរ ប្រជុំតាំងពីព្រឹក។ តែខ្ញុំបាននិយាយហើយ ជំនួបមួយដែលមិនអាចបោះបង់ចោលបាន គឺជំនួបជាមួយបងប្អូនខ្មែរយើងដែលស្ថិតនៅក្រៅប្រទេស។ បើទោះបីជាខ្ញុំបោះបង់ចោលកម្មវិធីនានា ខ្ញុំអាចបោះបង់ចោល តែយើងបោះបង់កម្មវិធីជួបបងប្អូនខ្មែរយើង ខ្ញុំមិនអាចបោះបង់ចោលបានទេ ព្រោះថា ឈាមជ័ររបស់យើងដែលឃ្លាតឆ្ងាយពីមាតុភូមិ ហើយចង់ជួបមេដឹកនាំរបស់ខ្លួន បែរជាត្រូវបានបដិសេធ វាជារឿងមួយអគុណធម៌ ហើយមិនសមធ្វើជាមេដឹកនាំរបស់គេនោះទេ។
គ្រោងជួបជាមួយបងប្អូនខ្មែរម្តងទៀតនៅប្រទេសស្វ៊ីស
ដូច្នេះហើយក្នុងឱកាសនេះ ខ្ញុំព្រះករុណាខ្ញុំ សូមអរព្រះគុណចំពោះព្រះសង្ឃគ្រប់ព្រះអង្គ អរគុណចំពោះបងប្អូនទាំងអស់ បងប្អូនកូនក្មួយ ដែលបានអញ្ជើញមកកាន់ទីនេះ ហើយអ្នកដែលមិនទាន់បានមកកាន់ទីនេះ ក៏បានប្រុងប្រៀបខ្លួនទៅកាន់ទីក្រុងហ្សឺណែវ ដើម្បីមានការជួបជុំគ្នាមួយទៀត។ បន្ទាប់ពីការថ្ងៃនេះ កម្មវិធីគ្រោងទុកស្អែកនេះ ខ្ញុំត្រូវចេញពីប៊ែលហ្ស៊ិក ទៅកាន់ប្រទេសទួរគី ដើម្បីទស្សនកិច្ចការងារនៅទីនោះ ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២។ ថ្ងៃទី ២២ ខ្ញុំនឹងចាកចេញ ពីទួគីទៅកាន់ហ្សឺណែវ ប្រទេសស្វ៊ីស ដើម្បីចូលរួមសន្និសីទអំពីបញ្ហាពាណិជ្ជកម្ម ហើយក៏មានជំនួបជាមួយបងប្អូនខ្មែរយើងដែលរស់នៅស្វ៊ីស ហើយមួយចំនួនអាចមកពីបារាំង និងមួយចំនួនផ្សេងទៀត អាចមកពីកន្លែងដទៃៗផ្សេងទៀត។
២០២០ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃការប្រជុំអាស៊ី-អ៊ឺរ៉ុប
ជាមួយនឹងការអរគុណនៅថ្ងៃនេះ ខ្ញុំក៏សូមឱកាសជូនជាមួយនឹងបងប្អូនជនរួមជាតិនូវមោទនភាពជាតិរបស់យើងមួយថា ឆ្នាំ ២០២០ នេះ កម្ពុជាត្រូវបានទទួលនូវមោទនភាព និងការគាំទ្រពីប្រទេសជាង ៥០ ឲ្យធ្វើជាប្រធាន និងធ្វើជាម្ចាស់ផ្ទះនៃការប្រជុំអាស៊ី-អ៊ឺរ៉ុប នៅទីក្រុងភ្នំពេញ។ នេះមិនមែនជាមោទនភាពរបស់ខ្ញុំម្នាក់ឯងទេ ក៏ប៉ុន្តែត្រូវដឹងថា នេះជាមោទនភាពរបស់ជាតិខ្មែរទាំងមូល។ ខ្ញុំមិនរំពឹងថា ក្រុមប្រឆាំងគេនឹងមានការសាទរនោះទេ។ សូម្បីតែកីឡាបាល់ទាត់របស់យើងទាត់ឈ្នះ ឬក៏អ្នកដែលទទួលមេដាយមាសនៃការប្រកួតស៊ីហ្គេម នៃការប្រកួតកីឡាអាស៊ី និងការប្រកួតខាងពិភពលោក គេមិនដែលស្វាគមន៍ផង។ ខ្ញុំមិនចង់ឲ្យខ្មែរយើងមានវប្បធម៌មួយនៃការបែងចែក រហូតទៅដល់ថា គ្រាន់តែក្រុមកីឡានៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលហ៊ុនសែន (ត្រូវ)គេមិនស្វាគមន៍(នោះទេ)។ ការបែងចែកបែបនេះ តើពេលណាទៅជាតិសាសន៍របស់យើង នឹងសះជាជាមួយគ្នា។ ខ្ញុំមិនចង់ឲ្យមានរឿងអកុសល បែងចែក លាបពណ៌នោះទេ ក៏ប៉ុន្តែបើទោះបីជាគេស្វាគមន៍ ឬមិនស្វាគមន៍ ខ្ញុំគិតថា ប្រជាពលរដ្ឋភាគច្រើននឹងទទួលការស្វាគមន៍ទៅលើដំណឹងរីករាយ។
ខ្ញុំសូមជម្រាបថា ដើម្បីបានធ្វើម្ចាស់ផ្ទះប្រជុំ មិនមែនជាការងាយទេ ត្រូវមានការប្រជែងគ្នា។ ឧទាហរណ៍ យើងចង់ធ្វើការប្រជុំ រឿងអាស៊ានជារឿងមួយហើយ គេរាប់តាមតួអក្សរ ដែលនៅឆ្នាំ ២០២២ កម្ពុជានឹងធ្វើប្រធានអាស៊ានសាជាថ្មីម្តងទៀត។ ប៉ុន្តែ អាស៊ី-អ៊ឺរ៉ុប យើងមានប្រទេសដល់ទៅជាង ៥០ ប៉ុន្តែម្តងកើតនៅអឺរ៉ុប ម្តងកើតនៅអាស៊ី ឥឡូវកើតនៅអាស៊ីវាកាត់ចំកម្ពុជា។ គ្មានប្រទេសណាមួយដែលមិនគាំទ្រចំពោះកម្ពុជានោះទេ។ សូមកុំភ្លេចថា នៅក្នុងក្របខណ្ឌការងាររបស់អាស៊ី-អឺរ៉ុប គឺធ្វើការតាមកុងសង់ស៊ីស ប៉ុន្តែនៅពេលដែលកម្ពុជាស្នើសុំធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០២០ តាំងពីកម្រិតឧត្តមមន្ត្រី រហូតដល់ថ្នាក់រដ្ឋមន្ត្រីការបរទេស និងរហូតទៅដល់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល គ្មានអ្នកណាមួយជំទាស់ទេ។
ប្រទេសជាង ៥០ ទទួលការអញ្ជើញទៅប្រជុំនៅភ្នំពេញ
ចំណុចនេះ ខ្ញុំក៏ចង់ជូនសារ និងការពន្យល់ខ្លះទៅដល់អ្នកដែលបាននិយាយថា បោះឆ្នោតមិនត្រឹមត្រូវ រដ្ឋាភិបាលនេះគ្មានអ្នកណាទទួលស្គាល់។ ខ្ញុំចង់បញ្ជាក់ប្រាប់អស់លោកអ្នកថា ជាង ៥០ ប្រទេស ដែលមកប្រជុំនៅទីនេះ ប្រគល់តួនាទី និងទទួលការអញ្ជើញរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីទៅប្រជុំនៅទីក្រុងភ្នំពេញ។ ជាអ្នកណា? មិនមែនជាឧទ្ទាមទេ។ វាច្បាស់ជារដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន ហ្នឹងឯង … រឿងនេះ ខ្ញុំមិនចង់ឲ្យមនុស្សមួយចំនួនបោកប្រាស់កូនខ្មែរ រាប់ទាំងកូនខ្មែរដែលជាសមាជិកបក្សរបស់គេផង។ ខ្ញុំចង់ឲ្យកូនខ្មែរចេះ ចង់ឲ្យកូនខ្មែរ មិនថា(មកពី)បក្សគាំទ្រ ឬបក្សណាទេ ឲ្យចេះធ្វើការ ឲ្យចេះយល់ អ្វីទៅដែលហៅថាទំនាក់ទំនងអន្តរជាតិ។ ពាក្យទទួលស្គាល់ ឬមិនទទួលស្គាល់ តើមានន័យយ៉ាងម៉េច? បើសិនជាបង្កើតរដ្ឋាភិបាលហើយ បែរជាប្រទេសនានាដកទូតចេញ ផ្តាច់ទំនាក់ទំនងការទូត ទើបនោះបានហៅថាមិនទទួលស្គាល់ ប៉ុន្តែ បើកើតនូវរដ្ឋាភិបាលហើយ ទំនាក់ទំនងការទូតនៅបន្តធម្មតា មានន័យថា គេធ្វើការជាមួយហើយ។ គ្មានការចាំបាច់ដើម្បីនឹងសរសេរសំបុត្រថ្លែងជូនពរ ឬមិនជូនពរទេ។ ហ្នឹងជាទម្លាប់ដោយប្រទេសខ្លះគេធ្វើ ប្រទេសខ្លះគេមិនធ្វើប៉ុណ្ណោះទេ។ សូមកុំភ័ន្ដច្រឡំ ខ្ញុំនិយាយហើយនិយាយទៀត ខ្ញុំចង់ឲ្យកូនខ្មែរ រាប់ទាំងកូនអ្នកណាៗខ្ញុំមិនដឹងទេ តែឲ្យតែកូនខ្មែរ ឈាមខ្មែរ ខ្ញុំចង់ឲ្យមានការចេះដឹង កុំឲ្យភ្លើទៅតាមមេដឹកនាំរបស់ខ្លួន …។
នឹងខិតខំពន្យល់កូនខ្មែរ អំពីទំនាក់ទំនងការទូត និងទំនាក់ទំនងដទៃទៀត ជាមួយនឹងខាងក្រៅ
ឥឡូវ យើងពិនិត្យប្រវត្តិនៃការទាក់ទងនឹងការទទួលស្គាល់ ឬមិនទទួលស្គាល់។ វាចំណុះទៅលើបញ្ហាទាក់ទងនឹងកិច្ចព្រមព្រៀងការទូត។ ប្រទេសខ្លះដាក់ទំនាក់ទំនងការទូតជាមួយគ្នាពីពេលណាមកពេលណា ដូចជាប៊ែលហ្ស៊ិកនេះ យើងទើបនឹងដាក់ទំនាក់ទំនងការទូតនៅទសវត្សរ៍ ៩០ នេះទេ។ អញ្ចឹងប្រទេសខ្លះ យើងមិនទាន់បានចុះហត្ថលេខាដាក់ទំនាក់ទំនងការទូតជាមួយគ្នាទេ។ ពាក្យថា ទំនាក់ទំនងការទូតនេះ មិនមែនចាំបាច់ដល់ទៅដាក់ថ្នាក់អ្នកការទូតទៅទីនោះទេ។ មានទំនាក់ទំនងការទូត ដោយដាក់ស្ថានអគ្គរដ្ឋទូតប្រចាំរដ្ឋធានីរៀងៗខ្លួន មានការបញ្ជូនអគ្គរដ្ឋទូតពីកន្លែងផ្សេងទៅកន្លែង ដូចជាអគ្គរដ្ឋទូតនៅប្រទេសបារាំង ទទួលបន្ទុកប៉ុន្មានប្រទេសទៅ អគ្គរដ្ឋទូតអង់គ្លេសទទួលប៉ុន្មានប្រទេសទៅ អគ្គរដ្ឋទូតនៅប៊ែលហ្ស៊ិកនេះទទួលបន្ទុកប៉ុន្មានប្រទេសទៅ។
ឯមួយទៀត គឺមានទំនាក់ទំនងចុះកិច្ចព្រមព្រៀង ដាក់ទំនាក់ទំនងការទូតជាមួយគ្នា ក៏ប៉ុន្តែស្ថានភាពមិនអំណោយផលខាងថវិកា និងធនធានមនុស្ស គឺយើងធ្វើទំនាក់ទំនងជាមួយគ្នានៅឯតាមការព្រមព្រៀង យកហ្សឺណែវ ឬយកញ៉ូវយ៉ក ធ្វើជាទីកន្លែងនៃការធ្វើទំនាក់ទំនងជាមួយគ្នា។ ខ្ញុំចង់បង្រៀនការទូត ចំពោះសាស្ត្រាចារ្យការទូតមួយចំនួន ដែលមិនចេះការទូត ហើយទៅបង្រៀនការទូត ឬបើអ្នកបោកប្រាស់ខាងការទូត។ ខ្ញុំមិនមែនជាអ្នកចេះដឹងអីទេ ក៏ប៉ុន្តែខ្ញុំបានឆ្លងកាត់ធ្វើរដ្ឋមន្ត្រីការបរទេសតាំងពីវ័យ ២៧ ឆ្នាំ ដូច្នេះតិច ឬច្រើន ក្នុងការគ្រប់គ្រងរដ្ឋជិត ៤០ ឆ្នាំ នៅសល់តែប៉ុន្មានខែទៀតទេ គ្រប់ ៤០ ឆ្នាំហើយ ល្មមនឹងមានពិសោធន៍គ្រប់គ្រាន់។ ខ្ញុំមិនអាចក្លាយទៅជាសាស្ត្រាចារ្យរបស់អ្នកទេ ក៏ប៉ុន្តែហោចណាស់ខ្ញុំនឹងខិតខំពន្យល់ឲ្យកូនខ្មែរ មានការចេះដឹងអំពីទំនាក់ទំនងការទូត និងទំនាក់ទំនងដទៃទៀត ជាមួយនឹងខាងក្រៅ។
បើអត់កម្ពុជា លែងហៅថា អាស៊ាន
ខ្ញុំមិនដែលស្តាប់ចំពោះមនុស្សមិនដឹងពីយើងទេ ប៉ុន្តែជានិច្ចជាកាល ផ្នែកព័ត៌មានរបស់យើង គេបានដកស្រង់ចេញពីវិទ្យុនេះវិទ្យុនោះ ហើយគេវាយចេញជាអក្សរបញ្ចូលមកក្នុង WhatsApp ឬ Telegram របស់ខ្ញុំ ហើយខ្ញុំក៏មើលទៅ។ មានម្នាក់ គេនិយាយថា គ្មានអ្នកណាគេមើលមុខ ហ៊ុន សែន ទេ។ គេថា ហ៊ុន សែន ធ្វើដំណើរមកជាមួយនឹងពួកអាស៊ានតើ វាទៅជាអញ្ចេះ។ ខ្ញុំមិនបានជិះយន្តហោះជាមួយនឹងប្រទេសអាស៊ានដទៃទៀតទេ។ បើសិនជិះយន្តហោះ ក៏ជិះយន្តហោះទិញដោយឡែកពីគ្នាដែរ។ យើងកាន់លិខិតឆ្លងដែនរបស់យើងតើ។ ប៉ុន្តែ ខ្ញុំគ្រាន់តែជូនសារត្រឡប់ទៅវិញ អាស៊ាន បើអត់កម្ពុជា លែងហៅអាស៊ានទេ។ បើមានតែ ៩ ប្រទេស គឺបានសេចក្ដីថា អាស៊ានអត់គ្រប់ទឹក។
បានបង្ហាញសាមគ្គីភាព ក្នុងទំនាក់ទំនងរវាងអាស៊ាន និងអូស្រ្តាលី
កាលពេលដែលខ្ញុំទៅប្រជុំពិសេសនៅអូស្រា្ដលី មានអ្នកខ្លះថា សុំកុំអោយអូស្រ្តាលីអញ្ជើញ ហ៊ុន សែន ឡើង។ តើរដ្ឋាភិបាលអូស្រ្តាលី គាត់គិតយ៉ាងម៉េច? បើអត់ ហ៊ុន សែន ស្មើនឹងអត់អាស៊ានដដែល ព្រោះកុំភ្លេចថា អាស៊ានមាន ១០ ប្រទេស។ បើអាស៊ានមានតែ ៩ ប្រទេស វាមិនគ្រប់ទឹកទេ។ នៅក្នុងសេចក្ដីថ្លែងការណ៍រវាងអាស៊ាន និងអូស្រ្តាលី បើសិនជាកម្ពុជាជំទាស់ បានសេចក្ដីថា ចេញមិនរួចទាំងអស់ ព្រោះត្រូវធ្វើការតាមកុងសង់ស៊ីស។ ប៉ុន្តែដោយហេតុផលតែចង់ចំណេញ និងការភូតកុហក គេធ្វើគ្រប់មធ្យោបាយទាំងអស់ … គេមួលបង្កាច់នៅលើវិធានជាក់ស្ដែងរបស់អាស៊ាន។ ពេលនោះ ប្រធានាធិបតីហ្វីលីពីនមិនទៅមួយ ចង់មិនសូវស្រួលដែរ។ បើ ហ៊ុន សែន មិនទៅមួយទៀត អូស្រ្តាលីកាន់តែដេកលែងលក់មែនទែនហើយ។ ប៉ុន្តែខ្ញុំមិនអោយអូស្រ្តាលីខកចិត្តទេ។ ខ្ញុំទៅ ដើម្បីបង្ហាញនូវសាមគ្គីភាពក្នុងទំនាក់ទំនងរវាងអាស៊ាន និងអូស្រ្តាលី ហើយក៏បង្ហាញនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអូស្រ្តាលីដែរ។
សម រង្ស៊ី ភូតកុហកប្រជាពលរដ្ឋនៅក្រៅប្រទេស អំពីរដ្ឋាភិបាល ហ៊ុន សែន
ឥឡូវនេះ វត្តមានរបស់ខ្ញុំនៅអឺរ៉ុប បង្ហាញច្បាស់ថា អ្វីទៅដែលហៅថា រដ្ឋាភិបាល គេមិនទទួលស្គាល់? ខ្ញុំទៅអង្គការសហប្រជាជាតិហើយ គេភូតនៅទីនោះ៖ ភូតទី ១ អាមេរិកមិនអោយ ហ៊ុន សែន ជាន់ដី។ ទីចុងបំផុត ប៉ូលីសអាមេរិកទៅការពារ ហ៊ុន សែន។ ទឹកដីអាមេរិកនៅញ៉ូវយ៉ក ជាទឹកដីដែលអាមេរិកត្រូវទទួលខុសត្រូវនូវសុវត្ថិភាពនៃមេដឹកនាំពិភពលោក ដែលទៅប្រជុំនៅប្រទេសអាមេរិក។ ដូច្នេះអាមេរិកត្រូវផ្ដល់ឡានអោយជិះ ត្រូវផ្ដល់ការការពារគ្រប់បែបយ៉ាង សូម្បីតែបន្ទប់ចេញចូលរបស់ខ្ញុំ ត្រូវដាក់កាមេរ៉ាទាំងអស់ មិនមែនអ្នកណាចេះតែចូលបាននោះទេ ក្រៅពីការការពារនៅខាងក្រៅហើយ ការពារមុខបន្ទប់ទៅទៀត។ ត្រូវយល់អោយច្បាស់។
ភូតទី ២ ថា កៅអីកម្ពុជានៅអង្គការសហប្រជាជាតិ ត្រូវគេព្យួរបាត់ហើយ។ កោតតែនិយាយទៅបាន។ អ្នកណាហ៊ានព្យួរកៅអី។ ដល់ពេលខ្ញុំប្រកាសថា អ្នកណាថ្លើមធំ ហ៊ានព្យួរកៅអីរបស់កម្ពុជា គេបែរជាថា កៅអី គេមិនព្យួរទេ តែគេមិនអោយលោក ហ៊ុន សែន ចូលប្រជុំនៅអង្គការសហប្រជាជាតិ។ ចេះនិយាយទៅរួច។ ដល់ខ្ញុំចូលទៅក្នុង(អង្គប្រជុំ)របស់អង្គការសហប្រជាជាតិ គេថា លោក ហ៊ុន សែន ត្រូវគេស្ដីអោយ។ ខ្ញុំថា អោយយកសេចក្ដីថ្លែងការណ៍គ្រប់គណៈប្រតិភូទាំងអស់ជិត ២០០ ប្រទេស ទៅមើលខ្លួនឯងទៅ … ម្សិលមិញ និងថ្ងៃនេះ មានការប្រជុំទៀតផង។ ពាក្យនិយាយដល់កម្ពុជា គឺមានតែកម្ពុជាធ្វើការម្ចាស់ផ្ទះ (អាស៊ី-អឺរ៉ុប) នៅឆ្នាំ ២០២០ តែប៉ុណ្ណោះ។ គ្មានសំឡេងនិយាយអំពីបញ្ហាកម្ពុជាទេ។
បន្ទាប់ពីបោកប្រាស់គេមិនអស់ចិត្ត មកបោកប្រាស់អ្នកនៅនេះ ថាធ្វើមហាបាតុកម្ម … ខ្ញុំបានមើលហ្វេសប៊ុករបស់គេដែរ។ គេប្រជុំដែរ គេប្រជុំគ្នាប៉ុន្មាននាក់ហ្នឹង … ប៉ុន្តែប្រៀបធៀបមនុស្សក្នុងសាល តើវាដូចគ្នាទេ? វាមិនដូចគ្នាទេ។ គេអត់ទទួលស្គាល់។
ពិនិត្យ និងត្រៀមរៀបចំអោយហើយសម្រាប់ការប្រជុំអាស៊ី-អឺរ៉ុប ឆ្នាំ ២០២០
… ត្រឡប់ទៅវិញ ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេស ប្រាក់ សុខុន ត្រូវធ្វើការពិនិត្យ ប្រជុំនៅណា ជប់លៀងនៅណា ត្រូវពិនិត្យអោយសព្វគ្រប់ ព្រោះរាប់(បញ្ចូល)ទាំងលេខាធិការដ្ឋានរបស់អឺរ៉ុប លេខាធិការដ្ឋានរបស់អាស៊ាន។ អញ្ចឹងគ្រាន់តែបន្ទប់អោយគេធ្វើការត្រូវ ៥២ ឬ ៥៣ បន្ទប់ទៅហើយ។ អាហ្នឹងត្រូវអោយគេមួយបន្ទប់ៗ និងមានកន្លែងសម្រាប់ជំនួបទៀត និងលេខាធិការ ធ្វើការអីសព្វបែបយ៉ាងទៅទៀត។ កម្ពុជាបច្ចុប្បន្ន អាណត្តិនេះ ខ្ញុំមិនគ្រាន់តែធ្វើជាម្ចាស់ផ្ទះ អាស៊ី-អឺរ៉ុប ទេ អាណត្តិក្រោយ ខ្ញុំអាចនឹងឈានទៅធ្វើប្រធានចលនាមិនចូលបក្សសម្ព័ន្ធនៅកម្ពុជា ព្រោះខ្ញុំបានប្រកាសហើយថា ខ្ញុំនឹងធ្វើនាយករដ្ឋមន្រ្តី ១០ ឆ្នាំទៀតយ៉ាងតិច។ ក្នុងរង្វង់ ៥ ឆ្នាំនេះ កម្ពុជាធ្វើប្រធានអាស៊ី-អឺរ៉ុប ឆ្នាំ ២០២០។ ធ្វើប្រធានអាស៊ានលើកទី ៣ ឆ្នាំ ២០២២។ ឆ្នាំ ២០២៣ បោះឆ្នោត ខ្ញុំសង្ឃឹមថា នឹងឈ្នះទៀត ហើយពេលនោះ ខ្ញុំនឹងសុំធ្វើប្រធានចលនាមិនចូលបក្សសម្ព័ន្ធតែម្ដង។ យើងមិនខ្វះសណ្ឋាគារអោយគេនៅទេ ផ្កាយ ៥ ផ្កាយ ៤ ផ្កាយ ៣ ផ្កាយ ២ អីតាមឋានៈ។
កក់ត្រា និងថតសំដីទុកខ្លួនឯងទុក មិនចរចាជាមួយនឹង ហ៊ុន សែន
ឥឡូវគេនិយាយអញ្ចេះទៅទៀត គេថា គេឈប់ចរចាជាមួយនឹង ហ៊ុន សែន ហើយ។ សុំទោស ខ្ញុំសុំអោយអ្នកកក់ត្រាអោយច្បាស់ អោយបាន ហើយថតសំដីខ្លួនឯង។ សុំអ្នកទាំងឡាយដែលមានបណ្ដាញសារព័ត៌មានរបស់ខ្លួន កក់ត្រាអោយច្បាស់។ មនុស្សហ្នឹងបានប្រើពាក្យថា កុំចរចាជាមួយនឹងជនពាល កុំចរចាជាមួយនឹងរដ្ឋាភិបាល ហ៊ុន សែន។ អ្នកឯងទើបនឹងវាយ WhatsApp វាយស្អីៗហ្នឹងទៅសុំអោយជប៉ុនជួយ ដើម្បីអោយបានចរចាជាមួយ ហ៊ុន សែន។ ម៉េចក៏អ្នកឯងឆាប់ភ្លេចម្លេះ? ហើយអ្នកឯងធ្លាប់វាយចូលមកក្នុង WhatsApp របស់ខ្ញុំ។ អ្នកឯងឆាប់ភ្លេចម្លេះ? អ្នកឯងកុំសុំខ្ញុំចរចាទៀត បើអ្នកឯងសុំខ្ញុំចរចាទៀត អោយរន្ទះបាញ់អ្នកឯង។ អ្វីដែលគួរខ្លាច គឺអ្នកសុំចរចា ឯខ្ញុំបដិសេធ ទើបគេថា ខ្ញុំខ្វះសុច្ឆន្ទៈ។ ឥឡូវបើអ្នកឯងប្រកាសខ្លួនឯងថា កុំចរចាជាមួយ ហ៊ុន សែន អញ្ចឹងវាល្អដល់ខ្ញុំទៅហើយ។ អ្វីដែលគួរឲ្យខ្លាច គឺខ្លាចគេផ្ដើមសុច្ឆន្ទៈ ឯយើងបែរជាអត់សុច្ឆន្ទៈ។ អាហ្នឹងហើយជាប្រការគួរខ្លាច។ អ្នកឯងបិទផ្លូវខ្លួនឯង។ អ្នកចប់ហើយ។ អ្នកកុំមកពឹងខ្ញុំអោយសោះ។ ហើយខ្ញុំបានផ្ដាំថា បើខ្ញុំលើកលែងទោសអោយអ្នកឯងលើកទី ៣ ខ្ញុំនឹងកាត់ដៃខ្ញុំគ្រវាត់ចោល។
គេនិយាយអញ្ចេះ មិនចរចាជាមួយនឹង ហ៊ុន សែន តែអោយ ហ៊ុន សែន ចរចាជាមួយនឹងបរទេស។ ខ្ញុំសុំផ្ដាំអ្នកទៅវិញ ខ្ញុំបង្រៀនអ្នកឯងអោយចេះ ការចរចាជាមួយនឹងបរទេស ជាកាតព្វកិច្ចធម្មជាតិរបស់នាយករដ្ឋមន្រ្តី។ បើធ្វើនាយករដ្ឋមន្រ្តីមិនចរចាជាមួយនឹងបរទេស តើគ្រប់លក្ខខណ្ឌនឹងធ្វើនាយករដ្ឋមន្រ្តីអត់? វាអត់។ ធ្វើនាយករដ្ឋមន្រ្តីបាន ទាល់តែធ្វើកិច្ចការក្នុងប្រទេសបានផង និងចរចាជាមួយនឹងបរទេសបានផង។ តម្រូវការនៃការចរចា ខ្ញុំនិយាយអំពីកម្រិតនៃមេដឹកនាំផ្នែកការទូត៖ ទី ១ ព្រះមហាក្សត្រ ប្រធានាធិបតី ឬប្រមុខរដ្ឋ។ ហ្នឹងគឺកម្រិតខ្ពស់បំផុតហើយ កម្រិតកំពូលនៃអ្នកការទូត។ ដូចជាព្រះមហាក្សត្រយើង ព្រះអង្គគឺជាព្រះប្រមុខរដ្ឋ ព្រះអង្គទទួលសារនៃបណ្ដាទូតនានា ការសម្រេចតែងតាំងអគ្គរដ្ឋទូត ឬមន្រ្តីទូត គឺព្រះមហាក្សត្រ។ (ទី ២) បន្ទាប់ទៅអ្នកណា? គឺនាយករដ្ឋមន្រ្តី ដឹកនាំនយោបាយក្នុងប្រទេស និងក្រៅប្រទេស។ ចុះបើនាយករដ្ឋមន្រ្តីមិនចេះចរចា អញ្ចឹងអោយនាយករដ្ឋមន្រ្តីម៉េចកើត។ ឯទី ៣ គឺរដ្ឋមន្រ្តីការបរទេស។ អញ្ចឹងទេ ខ្ញុំមិនចាំបាច់អោយលោកឯងបង្រៀនត្រីអោយចេះហែលទឹកទេ ខ្ញុំចេះហែលទឹកហើយ។ ខ្ញុំមកហ្នឹង ខ្ញុំមកចរចា។
ឧក្រិដ្ឋកម្មបច្ចេកវិទ្យាព័ត៌មាន
ព្រឹកមិញ ខ្ញុំត្រូវអានសុន្ទរកថាទាក់ទងនឹងប្រធានបទ។ ហើយថ្ងៃនេះ ក្រោយពីប្រជុំពេញអង្គហើយ ប៉ុន្តែនៅអឺរ៉ុប គ្មានប្រទេសណាមួយនិយាយដោយមិនបានបង្ហាញពីការព្រួយបារម្ភអំពីឧក្រិដ្ឋកម្ម internet ហាក់ដូចជាប្លែកខ្លាំងណាស់។ អញ្ចឹងបញ្ហាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន កំពុងត្រូវលុកលុយទៅដោយក្រុមឧក្រិដ្ឋកម្ម។ អញ្ចឹងទេ អ្នកឯងល្មមហើយ ទី ១ អ្នកឯងបិទផ្លូវខ្លួនឯង។ ទី ២ អ្នកឯងមិនចាំបាច់ប្រដៅខ្ញុំទេ។ (ចរចាជាមួយនឹងបរទេស)ជាកាតព្វកិច្ចធម្មជាតិរបស់មេដឹកនាំប្រទេសមួយ ត្រូវតែចេះកិច្ចការបរទេសជាចាំបាច់។ កោតតែអាចនិយាយទៅរួច អញ្ចឹងខ្ញុំរុញទូកបណ្ដោយទឹកតែម្ដងទៅ៖ ទី ១ អ្នកឯងកក់ត្រាខ្លួនឯង អ្នកកុំសុំចរចាអោយសោះ។ អ្វីដែលខ្ញុំគួរខ្លាចអ្នកឯង អ្នកឯងបង្ហាញឆន្ទៈអ្នកឯង ហើយបែរជាខ្ញុំទាត់ចោលឆន្ទៈអ្នកឯង។ អ្នកឯងត្រូវកក់ត្រាអាហ្នឹង បើអ្នកហាមាត់សុំចរចា អោយរន្ទះបាញ់បណ្ដោយទៅ។ រឿងចរចា មិនបាច់ប្រដៅខ្ញុំទេ អាហ្នឹងជាជំនាញខ្ញុំ ជំនាញ ៤០ ឆ្នាំរួចមកហើយតាំងពីអាយុ ២៧ ឆ្នាំឥឡូវអាយុឡើង ៦០ ក្រាស់ទៅទៀត។
ប្រជាពលរដ្ឋកំពុងតាមមើលនៅក្នុងប្រទេស
សូមបញ្ជាក់ថានៅទីក្រុងភ្នំពេញគេក៏កំពុងមើល … Fresh News កំពុងផ្សាយប៉ុន្តែមិនដឹងថាតាមទូរទស្សន៍ មានទូរទស្សន៍ប៉ុន្មានកំពុងតែផ្សាយ។ មើលឆែកមើលតាមទូរទស្សន៍បន្តិចមើល? … ទូរទស្សន៍ជាតិផ្សាយបន្តផ្ទាល់ពីហ្នឹងទៅ។ នេះទូរទស្សន៍ជាតិកំពុងផ្សាយបន្តផ្ទាល់។ ប៉ុន្តែ ដឹងតែទូរទស្សន៍បាយ័នគឺមានដឹងតែផ្សាយតែម្ដង ប៉ុន្តែមិនដឹងថាទូរទស្សន៍ប៉ុន្មានទៀតទេដែលផ្សាយបន្តផ្ទាល់ … វិទ្យុបាយ័នមានផ្សាយ ហើយចាក់បានច្រើនប្រទេសណាស់ បានសេចក្តីថាប្រជាពលរដ្ឋកំពុងមើលនៅក្នុងប្រទេស។ នៅមុនពេលដែលខ្ញុំជួបនាយករដ្ឋមន្ត្រីន័រវេស ប្រាប់អោយហើយដើម្បីអោយតាមដាន កម្មវិធីតន្ត្រីចំរៀងតន្ត្រីគ្រួសារ។ ខ្ញុំបើក Facebook បើកមើលតន្ត្រីគ្រួសារ ដើម្បី Comment ចូលទៅសុំបទចំរៀងពីប៊ែលហ្ស៊ិកហ្នឹងទៅតែម្ដង សុំបទចំរៀងអោយបទអីៗ រួចហើយជួបភ្ញៀវសិនដល់ជួបភ្ញៀវសិនហើយ តាមឡានមកសុំបទទៀត។ សម័យនេះហើយបើយើងមិនចេះបច្ចេកវិទ្យាព័ត៌មានទេ អាហ្នឹងយើងដើរតាមគេមិនទាន់ទេ …។
មិនចង់អោយខ្មែរចងកម្មគ្នា តពូជ/ពង្ស/ជំនាន់ទេ
យ៉ាងណាក៏ដោយ បើខ្ញុំមិនបកស្រាយទេ មនុស្សមួយចំនួននៅតែមានការភ័ន្តច្រឡំដោយការបោកប្រាស់របស់មនុស្សខ្លះ ដែលខ្ញុំមិនចាំបាច់និយាយចេញឈ្មោះទេ។ កោតតែធ្វើ ឬមួយនិយាយចេញរួច នៅពេលដែលខ្ញុំសរសើរកូនរបស់គេ គេបែរជាវាយប្រហារកូនរបស់ខ្ញុំ។ ចប់ត្រឹមប៉ុណ្ណឹង។ តើគុណធម៌មេដឹកនាំនៅកន្លែងណាទៅ? និយាយអោយត្រង់ អោយចំឈ្មោះតែម្ដង។ ខ្ញុំមិនដែលបន្ដុះបង្អាប់កូនរបស់ សម រង្ស៊ី ទេ។ ខ្ញុំតែងសរសើរកូនរបស់ សម រង្ស៊ី ប៉ុន្តែខ្ញុំអត់នឹកដល់ថា សម រង្ស៊ី វាយប្រហារកូនរបស់ខ្ញុំទៅរួច។ អញ្ចឹងយើងអាចយល់បានអំពីគុណធម៌ជាមេដឹកនាំ។ ខ្ញុំពិតជាសរសើរដោយស្មោះកូនរបស់ សម រង្ស៊ី។ ខ្ញុំអត់បានជួបតែកូនស្រីម្នាក់ ដែលពេលនោះមិនអាចជិះយន្តហោះបាន ដោយសារពេលនោះមានផ្ទៃពោះ ប៉ុន្តែខ្ញុំបានជួបកូន ២ នាក់ កូនប្រុសម្នាក់ និងកូនស្រីពៅម្នាក់។ មួយនៅហ្សឺណែវ មួយនៅអាមេរិក។ ខ្ញុំសរសើរកូន ប៉ុន្តែអត់នឹកស្មានថា សម រង្ស៊ី វាយប្រហារកូនរបស់ខ្ញុំ រាប់ទាំងប្រើ Page Facebook របស់ សម រង្ស៊ី ខ្លួនឯង វាយកូនរបស់ខ្ញុំទៅរួច។ ថាបើឪ និងឪ វាមិនត្រូវគ្នាចុះ កូន និងកូន អោយវារាប់អានគ្នាបានទេ។ អ្នកឯងចងកម្មចងពារតាំងពីអញ្ចឹងៗ គុណធម៌មេដឹកនាំនៅកន្លែងណា? ខ្ញុំមិនចង់អោយខ្មែរចងកម្មគ្នា តពូជ តពង្ស តជំនាន់ទេ។ ប៉ុន្តែយើងមានឆន្ទៈនឹងធ្វើ។ ប៉ុន្តែគេមិនឆ្លើយតប តែយើងធ្វើម្នាក់ឯងទៅវាមិនរួចទេ។
ចេញទៅក្រៅប្រទេសច្រើន បន្ទាប់ពីបង្កើតរដ្ឋាភិបាលថ្មី
ឥឡូវខ្ញុំនិយាយពីសភាពការណ៍ស្រុកទេស។ ខ្ញុំគួរតែនិយាយថា បន្ទាប់ពីបង្កើតរាជរដ្ឋាភិបាលថ្មីហើយ គណៈរដ្ឋមន្ត្រីប្រជុំបានតែម្ដងគត់គឺប្រជុំលើកដំបូង។ ដោយសារតែរដ្ឋាភិបាលនេះ ទទួលមរតកពីរដ្ឋាភិបាលចាស់ អញ្ចឹងទេកិច្ចការមួយចំនួន យើងបានដោះស្រាយតាំងពីពេលមុនបង្កើតរដ្ឋាភិបាលថ្មី។ ឯខ្ញុំចេញចូលក្រៅប្រទេសច្រើនណាស់ បន្ទាប់ពីការបង្កើតរដ្ឋាភិបាលហើយ។ ដោយឆ្នាំនេះគឺជាឆ្នាំ ដែលប្រទេសកម្ពុជាត្រូវធ្វើជាប្រទេសកិត្ដិយស នៅក្នុងពិព័ណ៌អាស៊ាន-ចិន នៅណាននីង ខ្ញុំត្រូវហោះទៅទីនោះអានសុន្ទរកថាបើកពិព័រណ៍នៅណាននីងរួចហើយ ត្រូវហោះទៅទីក្រុងហាណូយ ដើម្បីចូលរួមវេទិការសេដ្ឋកិច្ចពិភពលោកដែលរៀបចំនៅទី្រក្រុងហាណូយ ដែលរយៈពេលត្រឹមតែមួយព្រឹកអាចចូលរួមវេទិកាបានដល់ទៅ ២ … បន្ទាប់ទៅ ត្រូវទៅអង្គការសហប្រជាជាតិ។ ចេញពីអង្គការសហប្រជាតិបានតែប៉ុន្មានថ្ងៃ ត្រូវចេញទៅជប៉ុនដើម្បីប្រជុំមេគង្គ-ជប៉ុន ចេញពីជប៉ុនអត់បានចូលស្រុកទេ ចូលឥណ្ឌូនេស៊ីសិនដើម្បីចូលរួមប្រជុំប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលអាស៊ាន ជាមួយធនាគារពិភពលោក ជាមួយ IMF។ មកដល់ផ្ទះបានតែប៉ុន្មានថ្ងៃចេញមកនេះ(ប៊ែលហ្ស៊ិក)មកលើកនេះ គឺដល់ទៅ ៩ ថ្ងៃ។ ចេញពី ប៊ែលហ្ស៊ិក ទៅទួរគី ចេញពីទួរគីទៅស្វ៊ីស។ អ្នកប្រឆាំងច្បាស់ជាគិតថាខ្ញុំ(មាន)កង្វល់រឿងនយោបាយ។ តែខ្ញុំសូមប្រាប់ថា ខ្ញុំព្រួយជាងគេថាតើទៅដល់ផ្ទះវិញ ខ្ញុំឡើងប៉ុន្មានគីឡូ។ តើប្រពន្ធខ្ញុំប្រាប់ថាធ្ងន់ឬអត់? ព្រោះកាលដែលខ្ញុំទៅញូវយ៉ក ចេញពីផ្ទះតែ ៧៣ គីឡូទេ ត្រឡប់មកវិញ ៧៨,៥ គីឡូ។ ដល់តែទៅជប៉ុនចេញពីផ្ទះ ៧៤ គីឡូត្រឡប់មកវិញ ៧៨ គីឡូ។ ឥឡូវហ្នឹងចេញពីផ្ទះ ៧៦,៥ គីឡូត្រឡប់ទៅវិញប្រហែលជា ៨០ គីឡូ ព្រោះនៅពេលដែលយើងមានការហត់ ទទួលទានទៅវាចេះតែចូល …។
សេដ្ឋកិច្ចឈានទៅ ៧,២% … ស្ថាប័នហិរញ្ញវត្ថុចាត់ទុកថាលេខ ១ ក្នុងក្របខ័ណ្ឌអាស៊ីប៉ាស៊ីហ្វិក
… កិច្ចការធំដែលជាអាទិភាពសម្រាប់រាជរដ្ឋាភិបាលថ្មី នោះគឺរក្សាអោយខាងតែបាននូវស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ នេះជាបញ្ហាធំបំផុតសម្រាប់ប្រទេស មិនថាប្រទេសយើងប្រទេសណាៗទេ។ ដូច្នេះភារកិច្ចចម្បងរបស់រាជរដ្ឋាភិបាលថ្មីនេះ ត្រូវធ្វើយ៉ាងម៉េចរក្សាស្ថិរភាពនយោបាយផង និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចផង។ ជាភ័ព្វសំណាងណាស់ ឆ្នាំនេះ ដែលសេដ្ឋកិច្ចកម្ពុជាឈានឆ្ពោះទៅរក ៧,២%ដែលស្ថាប័នហិរញ្ញវត្ថុធំៗ គេចាត់ទុកថាជាប្រទេសលេខ ១ នៅក្នុងក្របខ័ណ្ឌអាស៊ីប៉ាស៊ីហ្វិក។ វៀតណាមជាប់ចំណាត់ថ្នាក់ទី ២ មាន ៦,៨% … ម្សិលមិញនាយករដ្ឋមន្ត្រីវៀតណាមថាអាចទៅ ៧% អត្រាប្ដូរប្រាក់មានស្ថេរភាព អតិផរណារបស់យើងនៅក្នុងកម្រិត ២,៨% វាជាការខិតខំប្រឹងប្រែងរបស់យើង។ ពេលដែលខ្ញុំត្រឡប់ទៅវិញច្បាប់ថវិកានឹងត្រូវបានឆ្លង។
ថ្ងៃ ២៤ (តុលា) ចេញហ្សឺណែវ ២៥ ដល់ភ្នំពេញ ២៦ ប្រជុំច្បាប់ថវិកា ព្រោះនេះជាប្រក្រតិទិនទាក់ទិនសំរាប់ច្បាប់ថវិកាដែលពេលណាត្រូវឆ្លងកាត់គណៈរដ្ឋមន្ត្រី ពេលណាត្រូវឆ្លងកាត់នីតិបញ្ញត្ដិរួមទាំងរដ្ឋសភានិងព្រឹទ្ធសភា ហើយពេលណា ព្រះមហាក្សត្រឡាយព្រះហស្ថលេខា រួចហើយចាត់ចែងបែងចែកថវិកា។ ប៉ុន្តែខ្ញុំអាចជម្រាបជូនថា នៅក្នុងរង្វង់នៃការគិតគូរទាក់ទិនជាមួយនឹងឆ្នាំក្រោយ យើងក៏នៅបន្តកំណត់បើទោះបីថានៅឆ្នាំនេះយើងសម្រេច ៧,២% ក៏ដោយចុះ តែស្ថិតនៅក្នុងក្របខ័ណ្ឌនៃម៉ាក្រូសេដ្ឋកិច្ច ដែលយើងនឹងដាក់សម្រាប់ការអនុវត្តនៅឆ្នាំក្រោយ កំណើន ៧% ជាមួយកំណើនអតិផរណាក្រោម ៥% និងអត្រាប្ដូរប្រាក់ ៤០៥០ ក្នុង ១$។ ចំណុចនេះ យើងត្រូវខិតខំ។ ឥឡូវនេះ កម្មករ/ការិនីរបស់យើងបានចាប់ផ្តើមសម្រេចហើយ ដែលកាលពីឆ្នាំទៅ ២០១៧ កម្មករ/ការិនីក្នុងវិស័យកាត់ដេររបស់យើង បៀវត្សត្រឹមតែ ១៥៣ ដុល្លារទេ។ ឆ្នាំ ២០១៨ ឡើង ១៧០ ដុល្លារ។ ២០១៩ នឹងឡើងទៅដល់ ១៨២ ដុល្លារ។ ទន្ទឹមជាមួយគ្នា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏នឹងត្រូវឡើងបៀវត្សដែរ។ ដូច្នេះ ប្រាក់ចំណូលក៏ត្រូវតែកើនដែរ ដើម្បីឲ្យដើរទន្ទឹមគ្នានឹងប្រាក់ដែលត្រូវចំណាយ …។
មមាញឹកស្តារហេដ្ឋារចនាសម្ព័ន្ឌក្រោយទឹកជំនន់
ការងារមួយទៀត ខ្ញុំអាចជម្រាបជូនថា ពេលនេះកំពុងមមាញឹកនៅក្នុងស្រុក។ ឆ្នាំនេះ បើទោះបីជាកម្ពុជារងគ្រោះស្រាលជាងគេ មិនដូចហ្វីលីពីន មិនដូចឥណ្ឌូនេស៊ី មិនដូចភូមា មិនដូចវៀតណាម មិនដូចឡាវ ដែលបាក់ទំនប់ ប៉ុន្តែ យ៉ាងណាក៏ដោយ កម្ពុជាជួបប្រទះនឹងគ្រោះទឹកជំនន់។ ជំនន់ទន្លេមេគង្គផង និងជំនន់ទឹកភ្លៀងផង ហើយទឹកលិចឆ្នាំនេះ គឺយូរបន្តិច។ អញ្ចឹងទេ ហេដ្ឋារចនាសម្ព័ន្ធរបស់យើងមួយចំនួនត្រូវបានបំផ្លាញ ជាផ្លូវថ្នល់ ជាផ្លូវលំ ជាប្រឡាយទឹក។ អញ្ចឹងបានឥឡូវនេះ មុនពេលមកនេះ ឯកឧត្តម ស៊ុន ចាន់ថុល ត្រូវត្រួតពិនិត្យការដ្ឋាន រាប់ទាំងពិសេសបំផ្លាញធំជាងគេ គឺផ្លូវលេខ ៤៨ តភ្ជាប់ពីផ្លូវជាតិលេខ ៤ ទៅកោះកុង ដែលខែ ១២ នេះ យើងនឹងត្រូវធ្វើបុណ្យសមុទ្រនៅឯខេត្តកោះកុង(ផង)។ ដូច្នេះ ត្រូវធានាសុវត្ថិភាពផ្លូវមួយនេះ មុននឹងពង្រីកផ្លូវនេះទៅជា Highway។
អតុល្យភាពពីដើម និងឥឡូវខុសគ្នា
អញ្ចឹងបានជារឿងដែលខ្ញុំនិយាយនៅកន្លែងណាមួយពីអតុល្យភាព។ ពីដើម អតុល្យភាពរបស់យើងគឺនិយាយពីរវាងសេចក្តីត្រូវការ និងការផ្គត់ផ្គង់។ កំណើនប្រជាជនកើន តែយើងខ្វះអង្ករស៊ី។ អាហ្នឹងកាលពីប៉ុន្មាន ១០-២០ ឆ្នាំមុន។ វាមានភាពអញ្ចឹង។ ដល់ឥឡូវនេះ ប្រជាជនកើនដល់ ១៦ លាននាក់ យើងសល់អង្ករ/ស្រូវដល់ជិត ៦ លានតោន។ បានសេចក្តីថា មានស្រូវ ខ្វះទីផ្សារនាំចេញទៅវិញ។ កាលពីប៉ុន្មាន ១០-២០ ឆ្នាំមុន អតុល្យភាពតម្រូវការប្រជាជនធ្វើដំណើរ ប៉ុន្តែខ្វះមធ្យោបាយដឹកជញ្ជូន។ ឥឡូវនេះ វាមិនមែនរឿងអញ្ចឹងទៀតទេ។ អតុល្យភាព រវាងឡានច្រើនពេក និងផ្លូវតូចពេក។ ខ្ញុំសុំសួរអ្នកប្រឆាំង តើអាហ្នឹងខ្ញុំខុសដែរ ឬអី? … កាលពីអត់មានឡានជិះនោះ ផ្លូវតែ ៧ ម៉ែត្រទេ មិនដល់ ១០ ម៉ែត្រទេ ពីដើម។ ក្នុងក្រុងមានផ្លូវ ១០ ម៉ែត្រ ឬ ២០-៣០ ម៉ែត្រ អាហ្នឹងក្នុងក្រុង។ ប៉ុន្តែ ផ្លូវជាទូទៅ ៧ ម៉ែត្រ។ ឥឡូវ ផ្លូវខ្លះត្រូវពង្រីក ៤ គន្លង ២ ទៅ ២ មក ហើយធ្វើសួនច្បារកណ្តាល ដើម្បីកុំឲ្យចេះតែជ្រែបុកគ្នា។ កាលពីយើងអត់មានអីជិះ ក៏ជេរយើងថាធ្វើមិនកើត ដល់ទៅមានអីជិះច្រើនទៅ ក៏នៅតែជេរ មិនដឹងធ្វើយ៉ាងម៉េច? … រដ្ឋលេខាធិការក្រសួងព័ត៌មាន ជុំ កុសល (វាយមកថាមានផ្សាយផ្ទាល់តាម) ទូរទស្សន៍បាយ័ន ETV រស្មីហង្សមាស ហង្សមាស CNC CTN Nice TV … នៅមាន ហ៊ុយ វណ្ណៈ វាយមកមួយទៀត រដ្ឋលេខាធិការមហាផ្ទៃ ផ្សាយគ្រប់ប៉ុស្តិ៍ …។
ផ្តល់ពូជ សម្រួល និងពន្យារការសងប្រាក់ដល់មីក្រូហិរញ្ញវត្ថុ សម្រាប់ប្រជាជនរងគ្រោះ
យើងត្រូវជម្នះ ដោយត្រូវចំណាយថវិកាមួយចំនួនដើម្បីដោះស្រាយបញ្ហាសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ ក្រៅពីនោះ ក៏យើងត្រូវជួយដល់ប្រជាពលរដ្ឋ ដែលគាត់ត្រូវជួបបញ្ហាទាក់ទងជាមួយនឹងការបំផ្លិចបំផ្លាញដោយទឹកជំនន់ ទៅលើដំណាំរបស់ពួកគាត់ ដោយត្រូវផ្តល់ឲ្យគាត់ នូវគ្រាប់ពូជដើម្បីឲ្យគាត់បានដាំដុះឡើងវិញ។ យើងក៏ត្រូវធ្វើការជាមួយនឹងស្ថាប័នមីក្រូហិរញ្ញវត្ថុ ដែលប្រជាជនបានខ្ចីប្រាក់(មកធ្វើកសិកម្ម) តែដំណាំនោះត្រូវបានបំផ្លិចបំផ្លាញអស់ទៅហើយ។ ខ្ញុំបានប្រគល់ការងារនេះឲ្យឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងអគ្គទេសាភិបាលធនាគារជាតិ ធ្វើការជាមួយមីក្រូហិរញ្ញវត្ថុ ផ្តល់ការយោគយល់ដើម្បីកុំឲ្យម្ចាស់បំណុលទៅរឹបអូសយកដីស្រែចម្ការ។ ផ្ទុយទៅវិញ ត្រូវផ្តល់នូវការយោគយល់ ពន្យាររយៈពេលសង ហើយថែមទាំងមិនយកការប្រាក់ផង។ យើងត្រូវធ្វើកិច្ចការច្រើនណាស់ ដើម្បីដោះស្រាយជូនទៅដល់ប្រជាពលរដ្ឋរបស់យើង។
សេដ្ឋកិច្ចឡើងដល់កម្រិតមួយ គេមិនឲ្យខ្ចីតាមអត្រាការប្រាក់សម្បទានទេ
ឥឡូវ ខ្ញុំនិយាយពីប្រ៊ុចសែល ដែលជាទីកន្លែង “អ្វីៗទាំងអស់ លើកលែងតែអាវុធ” តើវាដល់ណាហើយ? ចំណុចដែលខ្ញុំផ្តាំផ្ញើជម្រាបជូនទាំងបងប្អូននៅទីនេះ ទាំងអ្នកស្តាប់ទាំងអស់ថា តើពេលនេះ បងប្អូនបានបាត់បង់ការងារ បានបាត់បង់ប្រាក់ចំណូលហើយ ឬនៅ? អត់ទាន់បាត់អីទាំងអស់។ នៅមូលដូចនំក្រូចអញ្ចឹង។ ប៉ុន្តែ គេយកទៅធ្វើជាសង្គ្រាមចិត្តសាស្រ្តវាយប្រហារ។ ខ្ញុំសូមជម្រាបជូននៅក្នុងប្រទេសអាស៊ានទាំង ១០ អ្នកដែលទទួលភាពអនុគ្រោះ “អ្វីៗទាំងអស់ លើកលែងតែអាវុធ” គឺមានតែប្រទេស ៣ ទេ តិចយល់ច្រឡំថាប្រទេសអាស៊ានទាំងអស់។ អត់ទេណា។ ប្រទេសតែ ៣ គឺកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា។ មីយ៉ាន់ម៉ាក៏ស្ថិតនៅក្នុងស្ថានភាពដូចកម្ពុជាដែរ ប៉ុន្តែ មីយ៉ាន់ម៉ានៅតែនាំចេញ។ ឡាវគាត់បក្សតែមួយ គាត់នាំចេញ ប៉ុន្តែទំហំនាំចេញរបស់ឡាវមកអឺរ៉ុបនេះ គឺតិចតួច។ ខ្ញុំសូមជម្រាប ហេតុអីវៀតណាមអត់ទទួលបានអាហ្នឹង? ហេតុអីឥណ្ឌូនេស៊ីអត់ទទួលបាន ហេតុអីថៃអត់ទទួលបាន? ដោយសារកម្រិតកើនឡើងនៃសេដ្ឋកិច្ចរបស់គេ។ អញ្ចឹងកម្ពុជាយើង មុន និងក្រោយ វាគង់តែបាត់ទេ។ សូម្បីតែអត្រាការប្រាក់ តែដល់ម៉ោងបាត់ គឺបាត់ហើយ ឲ្យតែសេដ្ឋកិច្ចរបស់យើងងើបដល់កម្រិតមួយ ទៅខ្ចីលុយគេ គេមិនឲ្យខ្ចីតាមអត្រាការប្រាក់សម្បទានទេ (គឺប្រាកដជា)អត្រាការប្រាក់ពាណិជ្ជកម្មហើយ។
កម្ពុជាមិនទាន់មានលទ្ធភាព (១) ខ្ចីដោយអត្រាការប្រាក់ពាណិជ្ជកម្ម (២) ខ្ចីរហូតទល់អនុបាតបំណុល
ប៉ុន្តែ ខ្ញុំបានធ្វើការមុនមួយជំហាន ជាមួយជប៉ុន ជាមួយកូរ៉េខាងត្បូង ជាមួយចិន ជាមួយធនាគារអភិវឌ្ឍន៍អាស៊ីថា នៅពេលដែលសេដ្ឋកិច្ចរបស់ខ្ញុំកើនឡើង សូមមេត្តាទុកឲ្យខ្ញុំបានខ្ចីប្រាក់ ដែលមានអត្រាការប្រាក់សម្បទាន។ ទៅជប៉ុនកន្លងទៅ ក្នុងពេលចរចាទ្វេភាគីជាមួយនាយករដ្ឋមន្រ្តី ស៊ីនហ្ស៊ូ អាបេ ខ្ញុំបានស្នើសុំគាត់ឲ្យបន្តនូវឥណទាន ដែលមានអត្រាការប្រាក់សម្បទានខ្ពស់ ដែលអត្រាការប្រាក់នោះ ០,០១% រយៈពេលសង ៤០ ឆ្នាំ និងរយៈពេលអនុគ្រោះ ១០ ឆ្នាំ។ បើយោងទៅលើកំណើនសេដ្ឋកិច្ចរបស់យើង គឺអ្នកខ្លះផ្តល់ជាមតិថា កុំខ្លាចខ្ចី (ដោយទទួលបង់)អត្រាការប្រាក់ពាណិជ្ជកម្ម។ ប៉ុន្តែ ខ្ញុំមិនយល់ព្រម។ ពេលនេះ កម្ពុជាមិនទាន់មានលទ្ធភាព ដើម្បីនឹងទៅខ្ចីបុលគេ ដោយអត្រាការប្រាក់ពាណិជ្ជកម្ម(នោះទេ)។ ទី ២ មានអ្នកផ្តល់មតិថា កម្ពុជាត្រូវខ្ចីគេឲ្យដល់ពិដាន គេហៅថា អនុបាតបំណុល។ អនុបាតបំណុលប្រទេសនីមួយៗ គឺគេឲ្យខ្ចីរហូតដល់ ៤០% នៃផលិតផលសរុបក្នុងស្រុក ប៉ុន្តែកម្ពុជាទើបនឹងខ្ចីគេ ២៣% រាប់ទាំងបំណុលចាស់ ដែលសល់ពីមុន ជំពាក់អាមេរិក និងសូវៀត។
យើងត្រូវគិតដល់សមត្ថភាពសង។ អញ្ចឹងទេ បានជាយើងត្រូវសន្សំប្រាក់ (ដែល)ក្នុងមួយឆ្នាំៗ យើងក៏មានអតិរេករាប់រយលានដុល្លារដែរ ដើម្បីវិនិយោគ។ គ្រាន់តែធ្វើផ្លូវ និងជួសជុលផ្លូវ ក៏ទៅខ្ចីលុយគេដែរ។ គ្រាន់តែទឹកជំនន់បន្តិច ក៏ទៅរកជំនួយគេដែរ។ បើនិយាយពីស្រីៗ គេថា កញ្ជើធ្លុះ។ របៀបចាយលុយត្រូវធ្វើឲ្យដូចទុយោទឹក។ ក្បាលចូល និងក្បាលចេញ កុំឲ្យក្បាលចូលតូច ក្បាលចេញធំ។ យកល្អ ក្បាលចូលឲ្យធំ ក្បាលចេញឲ្យតូច។ អញ្ចឹងបានយើងសន្សំលុយ អាចតម្លើងបៀវត្សឲ្យមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធបាន និងយកទៅវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ។ មួយឆ្នាំ យើងដាក់ទុនប៉ុន្មានទៅលើផ្លូវថ្នល់? មួយឆ្នាំដាក់ទុនប៉ុន្មានទៅលើប្រឡាយទឹក? មួយឆ្នាំដាក់ទុនប៉ុន្មានទៅលើការកសាងមន្ទីរពេទ្យ? មួយឆ្នាំយើងដាក់ទុនប៉ុន្មានទៅលើការកសាងសាលា?
បិទទីផ្សារ និងដកភាពអនុគ្រោះ ជារឿងផ្ទុយគ្នា
វាមាន(ការបកស្រាយរហូត)ដល់កម្រិត(ថា) គេចាប់ផ្តើមបិទ ច្បាស់ជាអត់មានបើកប្រាក់ខែ។ ខ្ញុំថាអីក៏ល្ងង់ម្ល៉េះ? លុយត្រូវបង់ពន្ធឲ្យគេនេះ បើមិនបង់ពន្ធវាចំណេញក្រុមហ៊ុនតើ។ គ្រាន់តែក្រុមហ៊ុនហ្នឹងគេយកទៅដើម្បីមួយភាគគេចំណេញ មួយភាគគេយកទៅសងធនាគារ ឧទាហរណ៍ ហើយមួយភាគគេយកទៅដើម្បីរួមចំណែកតំឡើងបៀវត្សឲ្យកម្មករ តែប៉ុណ្ណឹងទេ។ បើបាត់អាហ្នឹង ទីផ្សារក៏វានៅដែរ។ យើងធ្លាប់បាត់ហើយតើ។ ព្រោះលក្ខខណ្ឌវាតម្រូវ តែប៉ុណ្ណឹង។ អាមេរិកអត់ឲ្យ GSP ភាពអនុគ្រោះដល់យើង តាំងពីឆ្នាំ ១៩៩៤ ដល់ ឆ្នាំ ២០០៤ ត្រូវបាត់។ តាំង ២០០៤ គេបញ្ចប់។ ក្រោយមកឥឡូវយើងនាំទៅអាមេរិកមានបង់ពន្ធតើ។ ឥឡូវយើងចោទជាសំណួរថា ក្រុមហ៊ុនផ្សេងៗដែលនាំទៅអាមេរិកបង់ពន្ធ ម៉េចក៏មានប្រាក់ចំណេញ ចុះក្រុមហ៊ុននានាដែលនាំមកអឺរ៉ុបត្រូវបង់ពន្ធម៉េច ក៏អត់ប្រាក់ចំណេញ? វាគ្រាន់តែចំណេញតិចតែប៉ុណ្ណឹង។ បើបិទទីផ្សារមានការខុសអីនឹងដើរផ្ទុយជាមួយនឹងគោលការអង្គការពាណិជ្ជកម្មពិភពលោក? រឿងបិទទីផ្សារ និងរឿងដកភាពអនុគ្រោះវាផ្ទុយគ្នា។ ទីផ្សារគឺនៅតែទីផ្សារដដែល គ្រាន់តែប្រាក់ចំណេញវាតិចជាងមុនដោយសារគេឲ្យយើងបង់ពន្ធ។ រឿងនេះវានៅតែជួប។ វាគង់តែជួបទេ។ ឥឡួវនេះ អត់ទាន់មានបញ្ហាអ្វីទាំងអស់។ ឥឡូវវាមានបាត់បង់ឬនៅ? … ឥឡូវកម្មករនៅបើកប្រាក់ខែ …។
មត៌កតេជោ
កសិកម្មឆ្នាំនេះ របស់យើងពិតមែនដោយមានការបំផ្លាញដោយទឹកជំនន់មួយចំនួន ប៉ុន្តែអាចចាត់ទុកថាក៏នៅតែជាកសិកម្មល្អ។ ឆ្នាំនេះក៏មានតំបន់ខ្លះជំនន់ដោយទឹកភ្លៀង តំបន់ខ្លះជំនន់ដោយទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ ប៉ុន្តែ ក៏មានតំបន់ខ្លះបែជារាំងស្ងួត តែចុងក្រោយ តំបន់រាំងស្ងួតទាំងនេះក៏ត្រូវបានកន្លងហួស។ ខ្ញុំគួរតែបញ្ជាក់ជូន អំពីអាទិភាពនៃការបន្តការយកចិត្តទុកដាក់វិនិយោគរបស់រាជរដ្ឋាភិបាល បើគិតមកដល់ពេលនេះមានរយៈពេល ៣១ ឆ្នាំ ដែលខ្ញុំបានប្រកាសអំពីអាទិភាព ៤ យ៉ាង ដែលគប្បីត្រូវយកចិត្តទុកដាក់វិនិយោគ។
ពេលនោះនៅក្នុងឆ្នាំ ១៩៨៧ ព្រោះ ខ្ញុំធ្វើនាយករដ្ឋមន្រ្តីជាង ៣០ ឆ្នាំ ហើយដល់ឥឡូវជិតគ្រប់ ៣៤ ឆ្នាំ។ អញ្ចឹង ដំណើររឿងពាក់ព័ន្ធជាមួយនឹងដំណើរកម្ពុជា មិនអាចមើលផុតរំលង បន្តិចទៀតចាំទៅដល់ ហ្សឺណែវចំថ្ងៃ ២៣ តុលា ខ្ញុំនឹងនិទានពីកិច្ចព្រមព្រៀងប៉ារីស ឲ្យស្តាប់ ព្រោះអ្នកខ្លះគឺជើងកាងកិច្ចព្រមព្រៀងប៉ារីស តែខ្លួនឯងមិនដឹងនៅឯណា ក្នុងពេលដែលអ្នកតាក់តែង ចូលរួមតាក់តែងកិច្ចព្រមព្រៀងប៉ារីស និងចុះហត្ថលេខាកិច្ចព្រមព្រៀងប៉ារីស ដឹកនាំអនុវត្តកិច្ចព្រមព្រៀងប៉ារីសកំពុងតែអង្គុយនេះ។ ជើងកាងស្អី មិនដឹងកិច្ចព្រមព្រៀងប៉ារីសបែរមុខទៅណាផង។ តែចាំទៅហ្សឺណែវចាំខ្ញុំនិយាយអាហ្នឹង ព្រោះចំថ្ងៃ ២៣ តុលា។
ដំណើរជាតិកម្ពុជាតាំងពី ២០ ខែមិថុនា ឆ្នាំ ១៩៧៧ ជាដំណើរដែលខ្ញុំចាប់ផ្តើមប្តូរផ្តាច់ដើម្បីដឹកនាំចលនាវាយ ប៉ុល ពត ពីពេលនោះមក។ បានសេចក្តីថា មិនអាចរំលងភ្នែករបស់ហ៊ុនសែនបានទេ ហើយតែងមានបាតដៃ ហ៊ុន សែន នៅកន្លែងហ្នឹង។ ទ័ព ហ៊ុន សែន ជាទ័ពដ៏ខ្លាំងនៅក្នុងចំណោមទ័ពដែលនាំមុខ។ ពីមុនខ្ញុំគ្រាន់តែជាកូនទាហានគេទេ។ អ្នកជំនាន់មុន បង្កើតសង្រ្គាម ខ្ញុំជាអ្នកពន្លត់សង្រ្គាម។ ហ្នឹងអាចហៅថាមត៌កតេជោ។ មត៌កតេជោពិតជាមានច្រើន វាយ ប៉ុល ពត រំដោះជីវិតមនុស្ស ក៏មានចំណែកមត៌កតេជោសែនដែរ ទប់ស្កាត់កុំឲ្យ ប៉ុល ពត ត្រឡប់មកវិញ ក៏មានមត៌ក កិច្ចព្រមព្រៀងប៉ារីសក៏មានមត៌ករបស់តេជោសែន។ អាបញ្ចប់សង្រ្គាមចុងក្រោយបំផុតនេះ ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨ ក៏ជាបាតដៃរបស់តេជោសែន អាហ្នឹងហើយជាមត៌ករបស់តេជោ ឥឡូវមត៌ក ផ្លូវពង្រីកកាន់តែធំទៅៗ អាហ្នឹងក៏ជាមត៌កដែរ។
នៅប្រទេសណាក៏មានស្រ្តីរកស៊ីផ្លូវភេទដែរ
ខ្លះគេថាមត៌កលោកឯងគឺស្រីខូច។ ចុះបើស្រុកយើងមានស្រីខូចមែនឲ្យធ្វើម៉េច។ មិនថាស្រុកខ្មែរទេ នៅប៊ែលហ្ស៊ិកក៏មានស្រីខូច បារាំងក៏មានស្រីខូច។ ប្រហែលជានៅទីនេះ មិនដឹងថាបងប្អូនតាមដានព័ត៌មានឬអត់? ឆ្នាំ ២០១២ មានការសិក្សានៅប្រទេសអេស្ប៉ាញស្តីពីប្រាក់ចំណូលនៃស្រ្តីរកស៊ីផ្លូវភេទថយចុះ។ មិនថយម៉េច បើប្រុសៗរកលុយមិនបាន។ វាត្រូវតែថយហើយ។ គេសិក្សាដល់ប៉ុណ្ណឹង។ ហ្នឹងខ្ញុំមើលព័ត៌មានជាក់លាក់។ គេសិក្សានៅអេស៉្បាញ។ ប្រាក់ចំណូលរបស់ស្រ្តីរកស៊ីផ្លូវភេទមានការថយចុះ។ វាត្រូវតែថយហើយដោយសារអត់មានលុយ។ រួចមកបន្ទោសខ្ញុំ រឿងស្រីខូចហ្នឹង។ បើយើងមើលកុនចិន ២០០០ ឆ្នាំមុនកើតស្រីខូចទៅហើយ។
អ្នកក្នុងស្រុក មើលក្នុងទូរទស្សន៍លួចសើចហើយមើលទៅ។ រឿងហ្នឹងរឿងពិត។ ខ្លះពូកែលាក់មែន។ នៅប្រទេសមួយខ្ញុំ មិនបញ្ចេញឈ្មោះប្រទេសទេ តៃកុងឡានម្នាក់ ត្រូវតុលាការយកទៅកាត់ទោស។ ដល់តុលាការយកទៅកាត់ទោសស្រាប់តែចេញមក កូនខ្លះពាក់ស័ក្តិ ៥ កូនខ្លះពាក់ស័ក្តិ ៤ កូនខ្លះធ្វើនេះ កូនខ្លះធ្វើនោះមកជុំគ្នា នៅតុលាការ ព្រោះការងារជាតៃកុងឡាន គាត់ចល័តរហូត។ ទៅត្រង់នេះមានកូន ទៅត្រង់នោះមានកូន។ គាត់បើកឡាននៅក្នុងសម័យសង្រ្គាម។ គាត់ដឹកអង្ករ។ អញ្ចឹងគាត់ត្រូវលួចអង្ករឲ្យប្រពន្ធនេះទៅ ឲ្យប្រពន្ធនោះទៅហូរហែរហូត។ ដល់គេតាមដានដឹងរឿង គេយកមកកាត់ទោស។ ដល់យកមកកាត់ទោស បានគាត់សារភាព។ ដល់សារភាពកូនៗសុទ្ធតែស័ក្តិ ៥ ស័ក្តិ ៤ ប៉ុន្តែ កុំយកតម្រាប់ណា។ នៅប៊ែលហ្ស៊ិក ស្រាប់តែមានប្រពន្ធកូននៅស្រុកខ្មែរ …។
អាទិភាព ៤ យ៉ាង
ឥឡូវអាទិភាព ៤ យ៉ាងមានស្អីខ្លះ? ពីដើមខ្ញុំប្រើពាក្យ ទឹក ផ្លូវ ភ្លើង មនុស្ស ៤ យ៉ាងហ្នឹង ឥឡូវនៅតែ ៤ ដដែល ក៏ប៉ុន្តែ យើងផ្តោតយកចិត្តទៅលើការអភិវឌ្ឍធនធានមនុស្ស ដោយប្រមូលផ្តុំការខិតខំរបស់យើងទៅលើការបណ្តុះបណ្តាលធនធានមនុស្ស ព្រោះដំណាក់កាលនេះជាដំណាក់កាលសេដ្ឋកិច្ចនៃចំណេះដឹង បើគ្មានធនធានមនុស្សមិនអាចធ្វើអីបានទេ។ ដូច្នេះត្រូវបង្កើនថវិកា សម្រាប់វិស័យអប់រំ និងផ្នែកសុខាភិបាល ធានាធ្វើយ៉ាងម៉េចឲ្យពលរដ្ឋខ្មែររបស់យើង កូនខ្មែររបស់យើង មានចំណេះដឹងឡើង។ អាណត្តិកន្លងផុតទៅ ថវិកាចូលទៅក្នុងវិស័យអប់រំកើន ៣ ដងកន្លះទៅក្នុងវិស័យសុខាភិបាល ៣ ដង ទៅក្នុងវិស័យសង្គមកិច្ច ២ ដងកន្លះ។ យើងនឹងបង្កើនការចំណាយបន្តទៀតរាប់ទាំងកិច្ចគាំពារសង្គមទៅលើបញ្ហាស្រ្តីដែលមានផ្ទៃពោះ និងឆ្លងទន្លេ ដែលបច្ចុប្បន្ននេះ ស្រ្តីដែលជាកម្មករ កម្មការិនីឆ្លងទន្លេ ទន្ទឹមនឹងបានឈប់សម្រាក ៣ ខែ ត្រូវមានបៀវត្ស ១២០ ភាគរយ រាជរដ្ឋាភិបាលត្រូវផ្តល់ ១០០ ដុល្លារ ឲ្យថែមទៀត។
ឆ្នាំ ២០១៩ អនុវត្តកិច្ចគាំពារសង្គមទៅលើស្ត្រីក្រីក្រមានផ្ទៃពោះ រហូតដល់កូនអាយុ ២ ឆ្នាំ
ឆ្នាំ ២០១៩ ខាងមុខនេះ រាជរដ្ឋាភិបាលនឹងអនុវត្តនូវកិច្ចគាំពារសង្គម សម្រាប់ស្ត្រីមានផ្ទៃពោះ រហូតទៅ ដល់កូនអាយុ ២ ឆ្នាំ ទៅលើស្ត្រីក្រីក្រ។ ក្នុងគោលដៅធ្វើយ៉ាងម៉េចអោយកូនខ្មែរកើតឡើងកុំអោយវាក្រិន បង្កើនអាហារូបត្ថម្ភ កាត់បន្ថយអត្រាស្លាប់មាតា និងទារក តាមរយៈការរីកលូតលាស់ធំធាត់របស់កុមារ។ យើងដល់ដំណាក់កាលដែលពួកគេរៀន យើងត្រូវមានសាលារៀន។ ឃុំមួយអនុវិទ្យាល័យមួយយ៉ាងតិច ប្រើពាក្យយ៉ាងដូច្នេះ។ ស្រុកមួយវិទ្យាល័យច្រើន។ ខេត្តមួយត្រូវមានសាកលវិទ្យាល័យមួយ។ ក្រៅពីការបណ្តុះបណ្តាលនៅក្នុងប្រទេស យើងបញ្ជូនមកបណ្តុះបណ្តាលនៅក្រៅប្រទេស។
ទស្សនកិច្ចក្រៅប្រទេស មិនភ្លេចជួបសំណេះសំណាលជាមួយនិស្សិត និងបងប្អូនខ្មែរ
… Fresh News សម្ភាសន៍ជាមួយក្មួយ(ស្រីម្នាក់)។ ឯណា(ក្មួយស្រី)រៀននៅហុងគ្រី? ក្មួយស្រីរៀននៅហុងគ្រី សម្ភាសន៍ជាមួយ Fresh News អម្បាញ់ម៉ិញនេះ? ឈ្មោះស្អីទេ? ជិះជាមួយ ណែត។ មើលតាមការផ្សាយបន្តផ្ទាល់រៀននៅហុងគ្រី។ មានក្មួយស្រីម្នាក់ទៅរៀនឆ្នាំទី ២។ កុំភ្លេចណាអ្នករៀននៅហុងគ្រី ខែក្រោយនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស ទៅទស្សនកិច្ចហើយ។ កុំភ្លេចសុំជួបគាត់។ ទៅណាក៏ដោយខ្ញុំមិនដែលភ្លេចជាមួយនឹង(ការជួបជុំ) បើមានពលរដ្ឋខ្មែរយើងត្រូវតែជួប បើមាននិស្សិតត្រូវតែជួប។ បញ្ជូនកូនគេមករៀន ត្រូវថែទាំកូនគេ ធ្វើម៉េចនាំកូនគេអោយទៅដល់ផ្ទះ រុញកូនគេអោយទៅដល់គោលដៅ នៃការរីកលូតលាស់កម្រិតនៃការសិក្សារបស់គេ។ ប៉ុន្តែ សិទ្ធិរបស់គេៗអាចមានសិទ្ធិជ្រើសរើស ជួនកាលគេមានសិទ្ធិជ្រកកោនទៅធ្វើការនៅកន្លែងនេះ/នោះ។
អ្នកខ្លះដើម្បីបានសិទ្ធិជ្រកកោននៅបរទេស ជេររដ្ឋាភិបាលអោយខ្លាំង/លឺ
ឥឡូវ វាមានរឿងអញ្ចេះ។ អ្នកណាចង់បានសិទ្ធិជ្រកកោន ត្រូវជេររដ្ឋាភិបាលអោយលឺ/ខ្លាំង បានសិទ្ធិជ្រកកោន(ហើយ)។ ខ្ញុំចេះតែឆ្ងល់ ប្រទេសនានាចេះតែចាញ់បោកពួកហ្នឹងទៅរួច? ព្រោះអញ្ចេះ គេចំណាំមើល អោយតែអ្នកណាជេររដ្ឋាភិបាលខ្លាំង ទៅវិញរដ្ឋាភិបាលចាប់ហើយ។ អញ្ចឹងទេ ត្រូវតែអោយសិទ្ធិជ្រកកោន។ អញ្ចឹងទេ បានអាអ្នកជេរត្រូវបានសិទ្ធិជ្រក(កោន)។ ប៉ុន្តែ ក៏ងាយស្រួលក្នុងផ្នែកចារកម្មដែរ អញ្ចឹង ហ្អែងជេរអោយលឺបន្តិចទៅ ដល់គេអោយៗបានចូលទៅហ្នឹង រួចហើយព័ត៌មានបានមកយើង។
លំអិតអាទិភាព ៤ យ៉ាង
ខ្ញុំបញ្ជាក់ឡើងវិញ អាទិភាពទី ១ របស់យើង គឺការវិនិយោគបណ្តុះបណ្តាលធនធានមនុស្ស។ អញ្ចឹង ត្រូវផ្តល់ទុនកាន់តែធំអោយទៅក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។ អាទិភាពទី ២ របស់យើង គឺទាក់ទងទៅលើការដឹកជញ្ជូន។ ទាំងផ្លូវថ្នល់ ទាំងផ្លូវដែក និងផ្លូវទឹក។ ជាពិសេស ការកសាងផ្លូវថ្នល់របស់យើង ដែលមកដល់ពេលនេះ (យើង)ធ្វើអោយមាំ និងធ្វើអោយធំ។ ផ្លូវដែករបស់យើងក៏បានស្តារហើយទាំងពីរទិស ភ្នំពេញ-ក្រុងព្រះសីហនុ និងភ្នំពេញ-ប៉ោយប៉ែត ដែលភ្ជាប់ជាមួយនឹងព្រះរាជាណាចក្រថៃ។ ត្រូវរុញហេដ្ឋារចនាសម្ព័ន្ធនេះឡើង ដើម្បីឆ្លើយតបទៅនឹងកំណើននៃសេដ្ឋកិច្ច ក៏ដូចជា តម្រូវការរបស់ប្រជាជន។ អាទិភាពទី ៣ របស់យើង គឺទៅលើការដោះស្រាយទឹក។ ទាំងទឹកស្អាតសម្រាប់ការប្រើប្រាស់ ទាំងទឹកស្រោចស្រពក្នុងវិស័យកសិកម្ម ដែលត្រូវបន្តដោះស្រាយ មិនមែនមួយឆ្នាំពីរឆ្នាំហើយទេ វាត្រូវការពេលវេលា។ មុននោះ ផ្ទៃដីរបស់យើងមិនដល់ ១០% ទេ ដែលគ្របដណ្តប់ដោយប្រព័ន្ធធារាសាស្ត្រ ឥឡូវ យើងបានលើស ៥០% ហើយ តែវាមិនទាន់គ្រប់គ្រាន់ទេ។ យើងត្រូវការវិនិយោគថែមទៀតកាន់តែធំ ហើយប្រព័ន្ធរបស់យើងក៏មិនមែនជាប្រព័ន្ធតូចតាចទេ ដូចជាប្រព័ន្ធ គេហៅថា ប្រព័ន្ធវ៉ៃកូ។ ប្រព័ន្ធវ៉ៃកូ វាតភ្ជាប់ខេត្តរហូតទៅដល់បីខេត្ត។ ពីមុនវាកំពង់ចាម ប៉ុន្តែឥឡូវវាត្បូងឃ្មុំវិញ។ តពីត្បូងឃ្មុំកាត់ខេត្តព្រៃវែង បានចេញទៅស្វាយរៀង។ វាវិវដ្តបែបនេះ។ នឹងជាអាទិភាពទី ៣ ដែលត្រូវផ្តោតការយកចិត្តទុកដាក់ ហើយបើខ្ចីបុលលុយគេ ក៏ខ្ចីយកមកធ្វើអញ្ចឹង កុំខ្ចីទិញឡានជិះ កុំខ្ចីទិញយន្តហោះ។ ឯអាទិភាព ទី ៤ គឺអគ្គិសនី។ សម័យដុតចន្លុះ សម័យដុតជ័រ សម័យដុតចង្កៀងកន្ទឹប បានកន្លងហួសហើយ។ ឥឡូវនេះ ៨៣% មានអគ្គិសនីប្រើប្រាស់ នៅសល់ ១៧% ទេ។ ត្រូវសម្រេចក្នុងវង្វង់ពីរឆ្នាំនេះ ហើយត្រូវទម្លាក់ថ្លៃអគ្គិសនីចុះ ដែលនឹងត្រូវអនុវត្តចាប់ពីខែ មករា ឆ្នាំក្រោយនេះ នៅតែប៉ុន្មានខែទៀត។ រដ្ឋត្រូវបំពេញខាតប្រមាណ ៨០ លាន ដុល្លារ(អាមេរិក) ក្នុង ១ ឆ្នាំ ដើម្បីអោយប្រជាពលរដ្ឋប្រើប្រាស់ធូរថ្លៃ ជាមួយនោះ ក៏មានចំណែកដើម្បីរុញទៅអោយវិនិយោគិន ដើម្បីគេប្រើប្រាស់ភ្លើងថ្លៃថោកជាង គេបានផលកម្រៃចំណេញ ហើយផលកម្រៃចំណេញនោះ គឺមានមួយផ្នែកសម្រាប់ដំឡើងបៀវត្សអោយកម្មកររបស់យើង។
ប្រៀបធៀបបៀវត្សអប្បបរមាកម្មករជាមួយបណ្តាប្រទេសក្នុងតំបន់
សុំជម្រាប ឥឡូវ យើងកំពុងអនុវត្តនូវបៀវត្សកម្មករអប្បបរមា ១៧០ (ដុល្លារអាមេរិក)។ ឡាវ (អនុវត្តបៀវត្សអប្បបរមា) ១២០ (ដុល្លារអាមេរិក)។ ភូមា (អនុវត្តបៀវត្សអប្បបរមា) ១១០ (ដុល្លារអាមេរិក)។ វៀតណាម(អនុវត្តបៀវត្សអប្បបរមា)មានកន្លែង ១២៥ និងមានកន្លែងលើសពីហ្នឹង។ ងាកទៅបង់ក្លាដេស (អនុវត្តបៀវត្សអប្បបរមា) ៦៧ (ដុល្លារអាមេរិក)។ ស្រីលង្ការ (អនុវត្តបៀវត្សអប្បបរមា) ៦៧ (ដុល្លារអាមេរិក)។ ឥណ្ឌា (អនុវត្តបៀវត្សអប្បបរមា) ៧៧ (ដុល្លារអាមេរិក)។ សុទ្ធតែជាដៃគូប្រកួតប្រជែង។ ស្រីលង្ការ ក៏ជាអ្នកនាំសម្លៀកបំពាក់ចូលមកអឺរ៉ុប។ បង់ក្លាដេស ក៏ទទួលភាពអនុគ្រោះដូចយើងដែរ ក៏នាំមិនតិចទេ ប្រាក់ខែគេតែ ៦៧ ដុល្លារអាមេរិកទេ។ អញ្ចឹង បានជាឡើងតាមដំណាក់ៗ។ ឡើងច្រើនពេកគេដករោងចក្រទៅប្រទេសដទៃ។ យើងមិនអស់ការងារធ្វើ? ចំណុចនេះ ជាចំណុចដែលយើងត្រូវគិតគូរអោយបានហ្មត់ចត់។ អ្នកខ្លះគិតតែពីឡើង? ចុះដល់ពេលគេដករោងចក្រចេញ កុំថាដល់ទៅឡើង រកតែស្មើនឹងអាមុនមិនបានផង បើវាដកទៅបាត់ហើយ? ដូច្នេះហើយបានជាយើងត្រូវគិតគូរអោយបានហ្មត់ចត់។
រចនាសម្ព័ន្ធសេដ្ឋកិច្ចត្រូវបានផ្លាស់ប្តូរ
ខ្ញុំព្រះករុណាខ្ញុំ ក៏សូមជម្រាបថា រចនាសម្ព័ន្ធសេដ្ឋកិច្ចប្រទេសរបស់យើងបានផ្លាស់ប្តូរហើយ។ មុននេះ កសិកម្មប្រទេសរបស់យើងមានចំណែករហូតទៅដល់ ៨០% ឯឧស្សាហកម្ម និងសេវា មានត្រឹមតែ ២០% ទេ។ តែឥឡូវនេះ កសិកម្មរបស់យើងនៅរួមចំណែក ២៥% ឧស្សាហកម្មរួមចំណែក ៥០% និងសេវាកម្មរួម ចំណែក ៤៥%។ ចំណុចដែលខ្ញុំលើកឡើងនេះ ពី ៨០% មកនៅ ២៥% ម៉េចក៏អញ្ចឹង? ប៉ុន្តែ ខ្ញុំសុំពន្យល់ ពីបញ្ហាសេដ្ឋកិច្ចបន្តិច ប្រទេសលូតលាស់ទាំងអស់ ការរួមចំណែកក្នុងវិស័យកសិកម្ម គឺតូចណាស់ ជាភាគរយ។ តូចជាភាគរយ តែធំជាបរិមាណ។ អាមេរិកាំង ឬបារាំង បងប្អូននៅបារាំងអាចដឹងរឿងជាង ហ៊ុន សែន ទៅទៀត ប៉ុន្តែ ប្រទេសលូតលាស់ទាំងអស់ កសិកម្មត្រឹមតែ ១% ឬ ២% ប៉ុណ្ណឹង ទេ ប៉ុន្តែ ១% ឬ ២% គេចិញ្ចឹមប្រជាពលរដ្ឋរបស់គេបាន។ គេនាំចេញទៀត។ ជប៉ុន កសិកម្មរបស់ជប៉ុនរួម ចំណែកមិនដល់ ១% ទេ ប៉ុន្តែ ចិញ្ចឹមខ្លួនឯងហើយ នាំចេញ(ទៀត) ស៊ីរបស់ជប៉ុនសឹងតែគ្រប់ប្រទេស។
កាលពីកសិកម្មធំ ប្រជាជនតិច ខ្វះអង្ករស៊ី ដល់កសិកម្មរួមតូច ប្រជាជនច្រើន សល់ស្រូវ/អង្ករនាំចេញ
ខ្ញុំនិយាយបកមកកម្ពុជា កាលពីកសិកម្មរួមចំណែក ៨០% ប្រជាជនត្រឹមតែ ៥-៦ លាននាក់ យើងខ្វះអង្ករ ស៊ី ឥឡូវ កសិកម្មរបស់យើងរួមចំណែកត្រឹមតែ ២៥% តែយើងសល់ស្រូវរហូតដល់ជិត ៦ លានតោន។ វាទៅជាអញ្ចឹង។ អញ្ចឹង យើងប្រឹងពង្រីក (និង)ជម្រុញវិស័យឧស្សាហកម្ម និងសេវា។ យើងក៏ត្រូវតែខិតខំ បន្តធ្វើអោយមានការលូតលាស់ក្នុងវិស័យកសិកម្ម។ ប៉ុន្តែ ខ្ញុំអាចនិយាយបានថា កសិ-ឧស្សាហកម្ម ឬឧស្សាហកម្ម ដែលយើងទាញយកដើម្បីមកប្រើប្រាស់វត្ថុធាតុដើមដែលមានស្រាប់ក្នុងស្រុក គឺជារឿងចាំបាច់ខ្លាំងណាស់។ ដំឡូងមីរបស់យើងមួយឆ្នាំ ២០-៣០ លានតោន យើងនាំចេញ គ្រាន់តែកាប់ៗ (រួច)នាំចេញ។ ឥឡូវ យើងត្រូវតែទាញយករោងចក្រធ្វើម្សៅមី … ទាញអ្វីដែលគេអាចផលិតទៅជាផលិតផលសម្រេចទៅបាន។ កៅស៊ូរបស់យើងពីមួយឆ្នាំទៅមួយឆ្នាំ ចេះតែមានការកើនឡើង ដោយការដាំដុះកាន់តែច្រើនរបស់ប្រជាពលរដ្ឋ។ យើងនាំចេញជ័រកៅស៊ូ តែយើងចង់អោយអ្នកដែលផលិតប្រើប្រាស់វត្ថុធាតុដើមកៅស៊ូមកផលិតក្នុងស្រុកខ្មែរ។ បើមិនទៅជាផលិតផលសម្រេច ក៏ត្រឹមពាក់កណ្តាលផលិតផលសម្រេច។
រចនាសម្ព័ន្ធចំណូលជាតិត្រូវបានផ្លាស់ប្តូរ
. ចំណូលពន្ធគយធ្លាក់ពី ៨០% មកនៅក្នុងជុំវិញ ៤០%
. ចំណូលផ្ទៃក្នុង ដែលធ្លាប់មានត្រឹមតែ ២០% កើនទៅដល់ ៦០%
អំពីចំណូលវិញ ក៏ខ្ញុំសុំជម្រាបថា រចនាសម្ព័ន្ធចំណូលជាតិរបស់យើង ក៏បានផ្លាស់ប្តូរដែរ។ មុននេះ ចំណូលបានមកពីពន្ធគយគ្របដណ្តប់ដល់ ៨០% ឯណោះ ឯចំណូលផ្ទៃក្នុងមានត្រឹមតែ ២០%។ តែឥឡូវនេះ រចនាសម្ព័ន្ធចំណូលនេះត្រូវផ្លាស់ប្តូរហើយ។ ចំណូលដែលបានមកពីពន្ធគយ គឺនៅត្រឹមប្រមាណ ៤០% ប៉ុណ្ណោះ ដោយយើងត្រូវចូលរួមនៅក្នុងតំបន់ពាណិជ្ជកម្មសេរី ក្នុងក្របខណ្ឌអាស៊ាន អាស៊ាន-ចិន … យើងចេះតែធ្វើដំណើរតទៅទៀតជាមួយតំបន់ពាណិជ្ជកម្មសេរីដទៃទៀត ដែលត្រូវនាំទៅនាំមកដោយមិនជាប់ពន្ធ ឬក៏ពន្ធតិចតួច។ អញ្ចឹង ចំណូលពន្ធគយរបស់យើង បានធ្លាក់ពី ៨០% មកនៅក្នុងជុំវិញ ៤០% ចំណូលផ្ទៃក្នុងដែលធ្លាប់មានត្រឹមតែ ២០% កើនទៅដល់ ៦០% … ទូរស័ព្ទខ្ញុំមួយនេះវាទទួលបានតាំងពីពន្ធដែលគេបង់ចូលនៅធនាគារណាមួយ វាលោតចូលទៅក្នុងបណ្តាញរបស់ខាងពន្ធដារ រួចហើយទិន្នន័យវារុញមកអោយនាយករដ្ឋមន្ត្រីបានដឹងនៅក្រៅប្រទេស។
ពីមុន ៨០% នៃចំណូលពន្ធគយ បានត្រឹមតែ ២០ ទៅ ៣០ លានដុល្លារ/ខែ
ឥឡូវនៅសល់តែ ៤០% តែ ក៏ជាង ២០០ លានដុល្លារ/ខែ
… ពីមុន ៨០% នៃចំណូលពន្ធគយ តែទឹកប្រាក់វិញបានត្រឹមតែ ២០ ទៅ ៣០លានដុល្លារទេ ក្នុង ១ ខែ។ ឥឡូវនៅសល់តែ ៤០% តែ ១ ខែ ក៏ជាង ២០០ លានដុល្លារ ព្រោះទំហំនៃការនាំចេញនាំចូលរបស់យើងវាធំ។ ឥឡូវនេះទំហំវាធំ។ ហើយក្នុងនោះយើងពិនិត្យមើលប្រភេទចំណូលដែលធំៗ ជាង ៣០% មកពីឡាន និងម៉ូតូ ព្រោះនាំឡាន និងម៉ូតូច្រើនពេក ដូរម៉ូតច្រើនពេក ដេញស៊េរីគ្នា។ ឥឡូវឆ្នាំ ២០១៨ មានអាស៊េរីឆ្នាំ ២០១៩ បាត់ហើយ ប្រមាណជាង ៣០% គឺបានមកពីពន្ធលើមធ្យោបាយជាឡាន ជាម៉ូតូ ដល់ ៣០% ទៀតជាប្រេងឥន្ធនៈ ជាង ៣០% សល់ ជាង ៣០% ទៀតជាទំនិញចំរុះ។
ប្រើប្រព័ន្ធព័ត៌មានវិទ្យា ទប់ស្កាត់អំពើពុករលួយ
ខ្ញុំសូមបញ្ជាក់អញ្ចឹងបានរឿងព័ត៌មានវិទ្យានេះ យើងអាចប្រើវាត្រូវ គឺល្អ។ ទំនើបកម្មបង្កើនល្បឿនការងារ បង្កើនប្រសិទ្ធភាពការងារ រាប់ទាំងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ យើងប្រើប្រព័ន្ធព័ត៌មានវិទ្យាដើម្បីប្រឆាំងជាមួយវាទប់ស្កាត់។ ម៉េចបានខ្ញុំនិយាយអញ្ចឹង។ ឥឡូវនេះយើងមិនអោយអ្នកជាប់ពន្ធ និងអ្នកទារពន្ធជួបមុខគ្នាទេ។ បង់លុយតាមធនាគារ។ អញ្ចឹងវាអត់មានត្រូវការតថ្លៃជាមួយគ្នាទេ។ ពីដើមត្រូវបង់ពន្ធ ១០០ ខ្ញុំនិយាយថា ១០០ លាន ទៅចុះ អញ្ចឹងអ្នកជាប់ពន្ធ និងអ្នកទារពន្ធ (បង់តែ ៥០ បានហើយ ឯ ៥០ ទៀត បងឯងយក ២៥ ខ្ញុំយក ២៥)។ តែឥឡូវធ្វើអត់បានទេ។ មិនថាគយមិនថាពន្ធដារ។ មួយទៀត រឿងទាហានខ្មោច។ រឿងមន្ត្រីខ្មោចនេះគឺកើតតាំងពីជំនាន់ណាជំនាន់ណី ជាពិសេសជំនាន់ លន់ នល់ ទាហានខ្មោចជួនកាលខាងកងទ័ពមាន ១០០០ នាក់ តែដល់ចេញច្បាំងមាន ១០០ នាក់។ អាហ្នឹងហើយបានទាហាន លន់ នល់ ចាញ់នោះ។ ឥឡូវយើងបើកលុយតាមធនាគារ។ ពីដើមបើកលុយទាំងបាវយកទៅ។ អញ្ចឹងទេ ជួនកាលមេទាហានកាត់លុយកូនទាហាន។ អាហ្នឹងមានមួយរឿង។ ប៉ុន្តែរឿងធំជាងគេទាហានមានតែ ១០០ នាក់ទេ ក៏ប៉ុន្តែបើកប្រាក់ខែ ១៥០ នាក់ … ខ្ញុំមិនខ្លាចនឹងនិយាយនូវអ្វីដែលវាធ្លាប់កើត ហើយដែលយើងបានបំបាត់។ បើយើងនៅល្អទាំងអស់ចាំបាច់ទៅធ្វើការកំណែទម្រង់អី។ នៅសេសសល់ចំណុចខ្សោយ។ សូម្បីតែឥឡូវនេះ មិនប្រាកដថាពន្ធយកគ្រប់ទេ។ មិនទាន់គ្រប់ទេ។ អញ្ចឹងបានបងប្អូនយើងកុំព្រួយ។ នយោបាយរបស់ខ្ញុំ មិនប្រកាសដំឡើងពន្ធទេ អ្វីដែលខ្ញុំចង់បានគឺបង់ពន្ធអោយគ្រប់តែប៉ុណ្ណឹងទេ។
ក្រោមការដឹកនាំនៃគណបក្សប្រជាជន មិនយកពន្ធលើដីស្រែកសិកម្ម
ប៉ុន្មានឆ្នាំហើយខ្ញុំប្រកាសអត់យកពន្ធ ហើយរឿងដីស្រែកសិកម្មរបស់កសិករដាច់ខាតមិនយកពន្ធក្នុងដំណាក់កាល តេជោសែន។ អត់យកពន្ធ។ ចាំយកច្បាប់ ក្រមង៉ុយ ទៅមើល។ ពីដើម ក្រមង៉ុយ គាត់ថា ពូជពីរកន្តាំងក៏ជាប់ពន្ធដែរ។ បារាំងជាន់ដើម ចូលស្រុកខ្មែរ បារាំងយកពន្ធ។ ដីស្រែក៏យក ពេលធ្វើស្រែគឺជាប់ពន្ធរហូត។ តែតាំងពីពេលដែលគណបក្សប្រជាជនកាន់កាប់ពីឆ្នាំ ១៩៧៩ រហូតមកដល់បច្ចុប្បន្នអត់ទាន់យកពន្ធលើដីស្រែទេ បន្តទៅមុខទៀតមិនយកពន្ធ។ នាយករដ្ឋមន្ត្រីពេលក្រោយ អោយតែគណបក្សប្រជាជនគឺដូចគ្នា។ ប៉ុន្តែបើបក្សផ្សេងខ្ញុំមិនប្រាកដ ព្រោះបក្សផ្សេងគេពូកែ ត្រឹមដី ១ គីឡូម៉ែត្រ គេបោកបានពីររឿង។
ខ្ញុំលើកឧទាហរណ៍៖ គេចូលទៅផ្សារគេសួរអង្ករ ១ គីឡូថ្លៃប៉ុន្មាន។ ជាពិសេសអាអ្នកពូកែទាយ stock exchange អាហ្នឹង ពូកែបោកណាស់។ អង្ករ ១ គីឡូប៉ុន្មាន? (២៥០០ រៀល) អូយ! ថ្លៃណាស់ៗ ដាច់ពោះងាប់ហើយ។ បើខ្ញុំធ្វើនាយករដ្ឋមន្ត្រីវិញខ្ញុំធ្វើអោយអង្ករហ្នឹងនៅតែ ២០០០ រៀលទេ ក្នុង ១ គីឡូ។ ហ្នឹងខ្ញុំលើកឧទាហរណ៍ទេណា។ អញ្ចឹងអ្នកដែលមិនផលិតស្រូវក៏ចេះតែជឿទៅ។ ស្រាប់តែដល់ពេលគេចេញពីផ្សារហ្នឹង គេជិះទៅជួបកសិករកំពុងតែច្រូតស្រូវ គេក៏ចុះទៅស្រូវ ១ គីឡូ ប៉ុន្មាន? ១ គីឡូ (១០០០ រៀល) អូយ! ថោកណាស់លោកអើយ ថោកណាស់ៗ បើខ្ញុំធ្វើនាយករដ្ឋមន្ត្រីវិញខ្ញុំអោយស្រូវហ្នឹងឡើង ១ គីឡូ (១៥០០ រៀល)។ វាបោកបានពីរកន្លែងមួយភ្លែត។
មនុស្សបោកប្រាស់ គួរត្រូវបានទទួលទណ្ឌកម្ម។ ប៉ុន្តែម្នាក់នេះ អត់ហ៊ានស្បថជាមួយខ្ញុំទេ ខ្ញុំបបួលស្បថមិនដែលហ៊ាន។ និយាយបង្វែរទៅណាឯណោះ។ សុទ្ធតែថាស្បថហ្នឹងវាហួសសម័យហើយ។ ប៉ុន្តែប្រទេសណាក៏ដោយ មុនឡើងធ្វើប្រធានាធិបតី ធ្វើនាយករដ្ឋមន្រ្តីសុទ្ធតែស្បថ។ ធ្វើសមាជិកសភាត្រូវតែស្បថ …។
ស្ងើចសរសើរ ទឹកចិត្តស្រឡាញ់រាប់អានរបស់បងប្អូន
ខ្ញុំយល់ បងប្អូនទាំងអស់មកទីនេះហត់ណាស់ តែអ្នកដែលហត់ជាងគេគឺអ្នកអង្គុយនិយាយនេះ។ រួចចេញទៅ។ ចុះម្ហូបស្រុកគេស៊ីម៉េចកើត។ តែឥឡូវមិនទាន់ស៊ីអីផងហ្នឹង ព្រោះស្អែកត្រូវក្រោកពីព្រលឹម ក្រោកមិនរួចទៀត។ ប៉ុន្តែយ៉ាងណាក៏ដោយខ្ញុំនៅតែស្ងើចសរសើរ ជាពិសេសទឹកចិត្តស្រឡាញ់រាប់អានដល់ចំពោះខ្ញុំព្រះករុណាខ្ញុំ ដែលធ្វើដំណើរមកពីឆ្ងាយ ហើយយប់នេះត្រូវត្រឡប់ទៅវិញ។ ប៉ុន្តែគ្រាន់ថារថយន្តហ្នឹងវាអាចដេកបាន។ តែធ្វើម៉េចកំដរអ្នកដែលបើកឧស្សាហ៍និយាយជាមួយ។ អរគុណណាស់ នេះជាប្រភពនៃការលើកទឹកចិត្តអោយខ្ញុំខិតខំក្នុងស្រុកតទៅទៀត។ ខ្ញុំអរគុណ អ្នកខ្លះដែលបានទៅបោះឆ្នោតខ្លួនឯង ដូចជាក្មួយនិស្សិតនៅប៊ុលហ្គារីមិញនេះ … រួចនៅនេះ គេថាខ្ញុំហ្នឹងបង្ខំប្រជាពលរដ្ឋអោយមកជួប។ យី! មកដល់ស្រុកគេ អាណាទៅបង្ខំកើត។ សូម្បីតែនៅក្នុងស្រុកខ្មែរ មិនថាតែស្រុកខ្មែរទេ សូម្បីតែនៅកូរ៉េខាងជើងក៏មិនអាចបង្ខំលុយកាក់គេបានដែរ។ មនុស្សណាហើយចេះនិយាយគេបង្ខំ។ នៅស្រុកអាមេរិកថាខ្ញុំទៅជួលគេមក។ បើមានលុយ ខ្ញុំទុកធ្វើសាលាហើយ … ម៉្យាងទៀត តើបងប្អូនមានការចាំបាច់ដើម្បីយកប្រាក់ពីខ្ញុំទេ?
វាគ្មានការចាំបាច់។ ខ្ញុំដឹងថាបងប្អូនមួយចំនួនណានោះ សព្វថ្ងៃនេះបានផ្ញើប្រាក់កាក់អោយបងប្អូនក្នុងស្រុក ហើយមួយចំនួនណានោះ បានផ្ញើប្រាក់កាសទៅចូលរួមកសាងសាលារៀន មន្ទីរពេទ្យ វត្ដអារាម នៅក្នុងស្រុកទៀតផង។ ហេតុអ្វីដល់ថ្នាក់មើលងាយ មើលថោក បងប្អូន? …។
អរគុណចំពោះការគាំទ្រលទ្ធិប្រជាធិបតេយ្យតាមរយៈការរក្សាសន្ដិភាព និងការអភិវឌ្ឍ
ខ្ញុំអរគុណបងប្អូនមួយចំនួនបានទៅបោះឆ្នោត ឯមួយចំនួនទៀតបានទូរស័ព្ទនឹងបង្ហោះតាមហ្វេសប៊ុកផ្ដាំផ្ញើឲ្យបងប្អូនក្នុងស្រុកទៅបោះឆ្នោត។ មានន័យថា បងប្អូនបានចូលកាតព្វកិច្ចក្នុងឋានៈជាអ្នកស្រឡាញ់លទ្ធិប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត។ មានតែអ្នកគាំទ្រការបោះឆ្នោតតែប៉ុណ្ណោះ ជាអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ។ អ្នកឯងនិយាយខុសពីហ្នឹងគឺ អ្នកឯងប្រឆាំងនឹងការបោះឆ្នោត គឺអ្នកឯងប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យពេញទី។ ៨៣% ជាង ជាអ្នកបានទៅបោះឆ្នោត មិនមែនជារឿងលេងសើចទេ។ អរគុណបងប្អូនដែលបានចូលរួមដំណើរការប្រជាធិបតេយ្យយ៉ាងទៀងទាត់នៅព្រះរាជាណាចក្រកម្ពុជា។ នេះចំណុចទី១។ ទី ២ បងប្អូនបានជ្រើសរើសត្រឹមត្រូវហើយ គឺបោះឆ្នោតរក្សាទុកនូវសន្ដិភាព និងការអភិវឌ្ឍ។ មានន័យថា បោះឆ្នោតជូនគណបក្សប្រជាជនគឺជាការបោះឆ្នោតសម្រាប់ខ្លួនឯង សន្ដិភាព និងការអភិវឌ្ឍខ្លួនឯងតែម្ដង។ បើនិយាយឲ្យកាន់តែជ្រៅជាងនេះទៅទៀត គឺដើម្បីតបស្នងដល់ជីដូនជីតា ឪពុកម្ដាយរបស់អ្នកទាំងអស់គ្នាដែលបានប្រឹងប្រែងពលី។ ហ៊ុន សែន ហេង សំរិន ជា ស៊ីម មិនគ្រប់ទេ ការពិតអ្នកដែលបោះឆ្នោតគាំទ្រគណបក្សប្រជាជនគឺបោះឆ្នោតគាំទ្រជីដូនជីតាខ្លួនឯងទេតើ ព្រោះឪពុកម្ដាយ ជីដូនជីតា ខ្លួនឯងហ្នឹងហើយ ដែលប្រឹងប្រែងវាយ អាពត ទប់ អាពត កសាងតាំងពីបាតដៃទទេ ដូច្នេះបោះឆ្នោតរក្សាកេរអាករជីដូនជីតា ឪពុកម្ដាយខ្លួនឯងតើ។ ខ្ញុំគ្រាន់តែជាផ្នែកមួយដែលបងប្អូនគាំទ្រតែប៉ុណ្ណោះ តែបើអត់បងប្អូនទេ តើខ្ញុំធ្វើយ៉ាងម៉េចទៅ?
នាយករដ្ឋមន្ដ្រី Luxemburg ថ្មី រកពេលទៅកម្ពុជាមុនឆ្នាំ ២០២០
អរគុណណាស់ ថ្ងៃក្រោយជួបគ្នាទៀត និយាយដល់ចំណុចត្រង់នឹងគេថា បើ ហ៊ុន សែន មក គេមិនទៅចាប់ដៃ គេមិនទទួល។ ចាំមើល។ មកទៀត។ ម្សិលមិញ ខ្ញុំអង្គុយតុទី ១ បានសេចក្ដីថា តុលេខ ១ មានប្រធានាធិបតីប៊ែលហ្ស៊ិក មានប្រធានសភាពអឺរ៉ុប មានប្រធានាធិបតីកូរ៉េខាងត្បូង មាននាយករដ្ឋមន្ដ្រីអង់គ្លេស ជប៉ុន វៀតណាម កាហ្សាកស្ថាន បានសេចក្ដីថាតុទី ១ នៅក្រោយគេទាំងអស់ តុដទៃគេងើបទៅបាត់អស់រលីង។ តុទី ១ នេះទៀត កំសត់នោះ បានខ្ញុំទាញ អាបេ នាយករដ្ឋមន្ដ្រី លុច្សសំបួរ ដែលទើបជាប់ឆ្នោតថ្មីៗ អង្គុយខាងណេះ ហើយស៊ីញ៉ូទៅនាយករដ្ឋមន្ដ្រីអង់គ្លេសថា យើងជាកិត្ដិយសរបស់ម្ចាស់ផ្ទះកុំទៅណា។ ប្រធានាធិបតីកូរ៉េចេញទៅមុន។ វៀតណាមទៅមុន។ ដល់កាហ្សាកស្ថានទៅបាត់ទៀត។ ដល់លោកជំទាវ មើកេល តុខាងនោះអស់មនុស្ស គាត់រត់មកតុខាងនេះបានជុំគ្នា។ ប៉ុន្ដែចំណាប់អារម្មណ៍មួយនៅត្រង់ថា នាយករដ្ឋមន្ដ្រីលុច្សសំបួរ គាត់មានព្រះកេសរបស់ព្រះបាទជ័យវរ្ម័នមួយ។ គាត់ថាគាត់ស្រឡាញ់ណាស់។ ដំបូងគាត់ថា ២០២០ គាត់នឹងទៅ ប៉ុន្ដែឥឡូវគាត់ថាគាត់នឹងរកពេលទៅមុនឆ្នាំ ២០២០។
ប្រធានឧត្តមស្នងការលោក Claude Juncker ជាមិត្ដចាស់។ ម្សិលមិញ មិនដឹងពួកហ្នឹងយករូបថតបានមិនបាន ព្រោះនៅពេលដែលចាប់ដៃគាត់ មុនគាត់មកអោប ព្រោះពីដើមធ្លាប់តែដើរជួបគ្នា។ មនុស្សពូកែជក់បារីដូចគ្នា។ ២០០៤ ជួបគ្នានៅហាណូយ។ ស្គាល់គ្នាពីហ្នឹងមក។ យើងចូល ASEM ២០០៤ នៅហាណូយ ដល់ ២០០៦ ប្រជុំនៅ Helsinki។ ពេលហ្នឹងដែលមានគ្នា ៣ នាក់ជាអ្នកដែលចេះជក់បារី ពីរនាក់នៅរស់ ម្នាក់ស្លាប់ គឺប្រធានាធិបតីកូរ៉េខាងត្បូង Roh Moo-hyun។ ដើរទៅជួបគ្នាតាំងពីគាត់ធ្វើនាយករដ្ឋមន្ដ្រីលុច្សសំបួរ ហើយទៅជួបគ្នានៅឯ Ulaanbaatar ហើយឥឡូវមកជួបគ្នានៅនេះ។ អញ្ចឹងបាននាយករដ្ឋមន្ដ្រីលុច្សសំបួរ ដែលទើបនឹងឈ្នះឆ្នោតកាលពីថ្ងៃអាទិត្យ អាចទៅមុន។ គាត់សួរខ្ញុំថាបើទៅប្រទេសកម្ពុជា ទិញវត្ថុអនុស្សាវរីយ៍គួរទិញអី? អញ្ចឹងបានខ្ញុំរៀបរាប់ថាគួរទិញអី តាំងពីក្រមា មួកស្លឹកត្នោត ហើយកុំភ្លេចអប្សរា ប៉ុន្ដែបែរជាគាត់មាន។ កម្ពុជា និងប្រទេសនានា ផ្ដាច់ទូតហើយនៅ? វានៅ។ ទូតយើងនៅតែជាទូតយើងនៅប្រចាំប្រទេសនានា …។
កុំពូកែដើរប្រៀបធៀបគេពេក
មានរឿងមួយទៀត។ ឥឡូវដូចជាមិនឃើញគាត់យក អោងសានស៊ូគ្យី ធ្វើជាដៃគូទៀត។ ខ្ញុំបើកមើលថ្ងៃមុន គាត់ថាលោក ហ៊ុន សែន កំពុងភ័យស្លន់ស្លោដោយសារឃើញប្រធានាធិបតីកូរ៉េ ៣ នាក់ត្រូវជាប់គុក។ ឥឡូវជាប់គុកលោក បាក់ មួយទៀតហើយ។ លើកមុនគឺ ប៉ាក់ គន់ហេ មុន រ៉ូ មូហ៍យន់ ស្លាប់។ រួចហើយប្រៀបធៀប ណាជីប ទើបជាប់គុកទៀត។ កាលមុន អោងសានស៊ូគ្យី ឈ្នះនៅភូមា វាប្រៀបធៀប។ អញ្ចឹងបាន(តែថា)ចប់គ្នាត្រឹមប៉ុណ្ណឹង។ ដល់ឥឡូវ អោងសានស៊ូគ្យី ត្រូវគេដាក់របបប្រល័យពូជសាសន៍អីនោះ ដូចអត់ហ៊ាននិយាយ ឈ្មោះ អោងសានស៊ូគ្យី ទៀត។ ទៅជាយើងជួយការពារ អោងសានស៊ូគ្យី ទៅវិញ។ម្នាក់នេះ (ដើរតែ)យកគេប្រៀបធៀបនឹងខ្លួនតែម្ដង។ ឲ្យចេះខ្មាសគេបន្ដិចមើលអន្ទិត …។ ជាថ្មីម្ដងទៀត សូមអរគុណព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ អរគុណចំពោះបងប្អូនទាំងឡាយទាំងអស់ដែលបានមកចូលរួមនៅទីនេះ ប្រឹងប្រែងស្ដាប់ ហើយអរគុណបងប្អូនជនរួមជាតិនៅក្នុងប្រទេស និងក្រៅប្រទេសដែលមើលតាមការផ្សាយតាមប្រព័ន្ធផ្សេងៗគ្នា តាមទូរទស្សន៍ ឬអនឡាញ ឬតាមហ្វេសប៊ុកផេក។ ជាមួយគ្នានេះ ប្រគេនពរជាមួយព្រះសង្ឃគ្រប់ព្រះអង្គ ជួនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសបងប្អូនជនរួមជាតិទាំងអស់សូមប្រកបដោយពរនិងពុទ្ធពរទាំងប្រាំប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ៕