សម្តេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរចាកចេញពីប្រទេសតួកគី មកដល់ក្រុងហ្សឺណែវ ប្រទេសស្វីស ប្រកបដោយសុវត្តិភាព

បន្ទាប់ពីបានបញ្ចប់នូវដំណើរ នៃការអញ្ជើញបំពេញទស្សនកិច្ច ការងារជាប្រវត្តិសាស្រ្ត នៅ​ទីក្រុងអ៉ីស្តានប៊ុល សាធារណរដ្ឋតួកគី ប្រកបដដោយលទ្ធផលដ៏ត្រចះត្រចង់​រយៈពេល២ថ្ងៃ រួចមក នៅព្រឹកព្រលឹមថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញធ្វើ ដំណើរចាកចេញពីទីក្រុងអ៉ីស្តានប៊ុល សាធារណរដ្ឋតួកគី ក្នុងដំណើរនៃការអញ្ជើញចូលរួម​កិច្ច​ប្រជុំកំពូលអ្នកដឹកនាំវិនិយោគសាកល នៃវេទិកាវិនិយោគពិភពលោកឆ្នាំ២០១៨ របស់​សន្និ​សីទ​សហប្រជាជាតិ ស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍន៍ នៅទីស្នាក់ការរបស់អង្គការសហប្រជាជាតិ ប្រ​ចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស។

នៅអាកាសយានអន្តជាតិអាតាទួក ទីក្រុងអ៉ីស្តានប៊ុល វត្ត​មាន​នៃការអញ្ជើញជូនដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណះប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល​កម្ពុជា រួមមានឯកឧត្តមអភិបាលក្រុងអ៉ីស្តានប៊ុល ប្រមុខយោធាតួកគី អគ្គនាយកនៃ​ក្រសួងការ​បរ​ទេស​តួកគី និងលោកជំទាវឯកអគ្គរាជទូតតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រម​ទាំងឯក​ឧត្តម លោកជំទាវ ជាឥស្សរជន​ជាន់ខ្ពស់​រដ្ឋា​ភិ​បាលតួកគី និងឥស្សរជនការទូតរបស់​ព្រះរាជាណា​ចក្រ​កម្ពុជា ប្រចាំប្រទេស​តួកគីជាច្រើនរូប។

​​យន្តហោះពិសេសបានធ្វើការចុះចតប្រកបដោយ​សុវត្តិ​ភាព នៅអាកាស​យាន​​ដ្ឋាន​អន្តរជាតិ​ហ្សឺណែវ ទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីវេលាម៉ោង១០​និង​១០នាទី ម៉ោងនៅទីក្រុង​ហ្សឺណែវ ប្រទេសស្វីស ត្រូវនឹងម៉ោង១៥និង១០នាទី ម៉ោង​នៅ​រាជធានីភ្នំពេញ ព្រះរាជាណា​ចក្រ​កម្ពុជា ដើម្បីចូលរួម​កិច្ច​ប្រជុំកំពូលអ្នកដឹកនាំវិនិយោគសាកល នៃវេទិកាវិនិយោគពិភពលោក​ឆ្នាំ​២០១៨ របស់​សន្និ​សីទ​សហប្រជាជាតិ ស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍន៍ នៅទីស្នាក់ការរបស់​អង្គការសហប្រជាជាតិ ប្រ​ចាំទីក្រុងហ្សឺណែវ ប្រទេសស្វីស។

វត្តមាននៃ​ការអញ្ជើញដល់​របស់​សម្តេច​តេជោ​នាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់ ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍​យ៉ាង​ស្និទ្ធ​ស្នាល​រ៉ាក់ទាក់​បំផុត ពីឯកឧត្តម លោកជំទាវ តំណាងអង្គការសហប្រជាជាតិ ប្រចាំហ្សឺណែវ ប្រ​ទេសស្វីស ឯកអគ្គរាជទូតអចិន្រៃ្តយ៍របស់ ព្រះរាជាណាចក្រកម្ពុជា ប្រចាំ​ហ្សឺណែវ ប្រទេសស្វីស ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ជាឥស្សរជន​ជាន់របស់អង្គការ សហប្រជាជាតិ និងឥស្សរជនការទូតរបស់ព្រះរាជាណា​ចក្រ​កម្ពុជា ប្រចាំហ្សឺណែវប្រទេសស្វីស ជាច្រើនរូប។

សូមបញ្ជាក់ដែរថា នៅសណ្ឋាគារស្នាក់អាស្រ័យរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានទទួលនូវការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុត ពីសំណាក់ប្រជាពល​រដ្ឋ មកពីទីជិតឆ្ងាយក្នុងទីក្រុងហ្សឺណែវ និងតំបន់មួយចំនួនទៀត ក្នុងប្រទេសស្វីស ក៏ដូចជានៅ​តំបន់អឺរ៉ុបទាំងមូល​ ដែលបានបង្ហាញពីការគោរពស្រឡាញ់យ៉ាងអស់ពីដួងចិត្ត និងការដឹងគុណពិតៗជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលជាមគ្គុទេសក៏ដឹកនាំ ប្រកបដោយបញ្ញាញាណឈ្លាសវៃ ក្នុងការរំដោះប្រទេសជាតិ ប្រជាជនកម្ពុជា និងការពុះពារនូវ រាល់ការលំបាកគ្រប់បែបយ៉ាង ក្នុងការដឹកនាំប្រទេសជាតិទទួលបាននូវ សុខសន្តិភាពយ៉ាងពេញ​លេញ ពិសេសដឹកនាំស្តារនិងអភិវឌ្ឍន៍ប្រទេសមានការរីកចម្រើនលើគ្រប់វិស័យ ចាប់តាំងពី​ ទីក្រុង រហូតដល់បទ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ