សម្រង់សុន្ទរក​ថា​​សម្ដេច​តេជោ ហ៊ុន សែន ប្រជុំគណៈរដ្ឋមន្ត្រី លើកទី ១ នៃរាជរដ្ឋាភិបាល នីតិកាល​ទី ៦

CNV: 

 

[ចាប់ផ្តើមសេចក្តីអធិប្បាយ]

ថ្ងៃនេះ គណៈរដ្ឋមន្ត្រីរបស់យើង​បើកការប្រជុំពេញអង្គដំបូង ដែលខ្ញុំសូមបញ្ជាក់ថា ថ្ងៃនេះ យើងប្រជុំបែងចែកជាពីរផ្នែក។ មួយផ្នែក គឺយើងមានការផ្សាយបន្តផ្ទាល់ ដើម្បីថ្លែងជូនទៅកាន់ប្រជាពលរដ្ឋអំពីកម្មវិធីនយោបាយ ក៏ដូចជាយុទ្ធសាស្ត្រចតុកោណដោយសង្ខេប។ បន្ទាប់ពីកាប្រជុំនោះចប់ យើងសម្រាកបន្តិច ហើយយើងទៅថតរូបជុំគ្នា។ បន្ទាប់ទៅយើងចូលមក ដើម្បីនិយាយ​គ្នាពីបញ្ហាកិច្ចការមួយចំនួន ដែលទាក់នឹងការបែងចែកភារកិច្ចផ្សេងៗ។

សមាជិករាជរដ្ឋាភិបាល ៤៦ នាក់  ទទួលខុសត្រូវចំពោះសភា

មុនចូលដល់ខ្លឹមសារនៃការប្រជុំថ្ងៃនេះ ខ្ញុំគួរតែបញ្ជាក់ជូនបន្តិច។ បើយោងទៅលើចំនួនពិតប្រាកដ នៃសមាជិករាជរដ្ឋាភិបាលនៅពេលនេះ ប្រៀបធៀបជាមួយអាណត្តិមុន ពេលដែលរដ្ឋធម្មនុញ្ញបានកំណត់អោយរដ្ឋលេខាធិការជាសមាជិករបស់រាជរដ្ឋាភិបាល ពេលនោះគណៈរដ្ឋមន្ត្រីរបស់យើង មានទៅដល់ជាង ៣០០ (នាក់) និងទៅដល់ ៤០០ (នាក់) ឯណោះ។ ប៉ុន្តែ យោងទៅតាមទម្លាប់ រដ្ឋលេខាធិការមិនទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្ត្រី និងសភាទេ។ រដ្ឋមន្ត្រីទេ ដែលជាអ្នកទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្រី្ត និងចំពោះមុខសភា។ ដូច្នេះ យើងក៏បានកែរដ្ឋធម្មនុញ្ញរបស់យើង ដោយដករដ្ឋលេខាធិការចេញពីសមាជិកនៃរដ្ឋាភិបាល។ យោងទៅលើចំនួន​ជាក់ស្ដែង យើងមាន ២៨ ក្រសួង និងរដ្ឋលេខាធិការមួយ​។ ដូច្នេះ បើបូកនឹងអ្នកដែលកាន់កាប់ប្រអប់នៃស្ថាប័ន គឺបូកទាំងនាយករដ្ឋមន្ត្រីផង យើងមានតែ ៣០ នាក់ តែប៉ុណ្ណោះ។ ក៏ប៉ុន្តែ នៅទីនេះ យើងមានឧបនាយករដ្ឋមន្ត្រី ដែលមិនកាន់ស្ថាប័ន ចំនួន ៣ រូប ដែលកាន់គណៈកម្មការ។ ឯទេសរដ្ឋមន្រ្តី​ ដែលមិនកាន់ស្ថាប័ន ដែលទទួលបន្ទុកបេសកកម្មពិសេស គឺមានចំនួន ១៣ រូប​ទៀត។ ដូច្នេះ ចំនួនសមាជិករាជរដ្ឋាភិបាល ដែលត្រូវទទួលខុសត្រូវចំពោះមុខសភា … មាន ៤៦ រូប​ រាប់ទាំងនាយករដ្ឋមន្រ្តីផង។

ការកែទម្រង់មិនមែនសំដៅលើការដោះដូរមនុស្ស, ប្រសិទ្ធភាពការងារជារឿងសំខាន់

ចំណុចមួយទៀត ដែលខ្ញុំគួរតែបញ្ជាក់ លើកនេះ ពុំមានប្ដូររដ្ឋមន្ត្រីណាម្នាក់ទាល់តែសោះ តើមូល​ហេតុអ្វី? មនុស្សមួយចំនួនគិតថា ការកែទម្រង់ គឺជាការប្ដូរមនុស្ស។ នេះជាការគិតខ្លីរបស់មនុស្សខ្លះ។ រហូតទៅដល់មានការធ្វើអត្ថាធិប្បាយយ៉ាងនេះ/នោះ។ ប្រសិនបើការកែទម្រង់ណាមួយត្រឹម​តែការប្ដូរមនុស្ស វាមិនខុសពីការសម្លាប់ខ្លួនទេ។ ខ្ញុំអាចបញ្ជាក់ជូនអស់លោក ក្នុងក្របខណ្ឌយុទ្ធសាស្ត្រ នៃការអនុវត្តសម្រាប់ប្រទេសជាតិ មិនមែនការកែទម្រង់សំដៅទៅលើការដោះដូរមនុស្សទេ ប៉ុន្តែ សំខាន់បំផុត គឺសំដៅទៅលើខ្លឹមសារការងារ ប្រសិទ្ធភាពការងារឯណោះវិញទេ។ មាន​មនុស្សជាច្រើនរង់ចាំថា តើគណៈរដ្ឋមន្ត្រីថ្មីនេះ មានក្មេងប៉ុន្មាន? មានចាស់ប៉ុន្មាន? មានថ្មីប៉ុន្មាន? មានអីប៉ុន្មាន? ខ្ញុំមិនខ្វល់រឿងនោះទេ។ ខ្ញុំខ្វល់ពីរឿងប្រសិទ្ធភាពការងារឯណោះទេ។

អត្ថាធិប្បាយខ្លះ មានចំណងជើងថា “ស្រាចាស់ដបថ្មី ស្រាថ្មីដបចាស់”។ ប៉ុន្តែ បើនិយាយតាម​មួយ​បែបទៅ ម្សិលមិញខ្ញុំប្រាប់ ខៀវ កាញារីទ្ធិ នៅក្នុងព្រះបរមរាជវាំង ខ្ញុំសួរ ខៀវ កាញារីទ្ធិ ស្រាស្អី​ដែលឆ្ងាញ់? អ្នកទាំងអស់គ្នាតែងតែនិយាយថា  បើស្រាក្រហមទាល់តែចាស់យូរឆ្នាំ អាហ្នឹងទើប​ឆ្ងាញ់។ ចុះបើចង់បានអាស្រាចាស់ ហើយម៉េចមន្ត្រីចាស់ហ្នឹងធ្វើមិនបាន? ខ្ញីកាន់តែចាស់ កាន់តែហិរ។ ចំណុចសំខាន់មួយទៀត ដែលខ្ញុំចង់បញ្ជាក់ ធ្វើនយោបាយបើសិនគ្រាន់តែធ្វើដើម្បីដោះដូរមនុស្ស ហើយហៅការកែទម្រង់ ត្រឹម(តែជាការ)ដោះដូរមនុសុ្ស គណបក្សនយោបាយមួយនោះនឹងស្លាប់ ហើយមេដឹកនាំមួយនោះនឹងស្លាប់ដោយឯកោបំផុត​។ នេះដែលខ្ញុំសូមជម្រាប។

“រក្សាចាស់, បង្កើនថ្មី”

ជោគជ័យរបស់ ហ៊ុន សែន ចាប់ផ្ដើមពីមនុស្ស ៥ នាក់ ប៉ុន្តែ រហូតមកមនុស្សរាប់លាននាក់ ដែល​នៅជាមួយ ហ៊ុន សែន បានទាំងអស់ តាមរបៀប “រក្សាចាស់, បង្កើនថ្មី”។ នេះហើយជាទម្លាប់របស់ ហ៊ុន សែន​។ យើងត្រូវដឹងថា តើជោគជ័យដែលយើងទទួលបានកន្លងទៅ ដែលប្រជាពលរដ្ឋបានបោះឆ្នោតអោយគណបក្សប្រជាជន ក្នុងចំណោម ២០ គណបក្ស បានមកពីការខិតខំរបស់ ហ៊ុន សែន ម្នាក់ឯង ឬបានមកពីការខិតខំរបស់រាជរដ្ឋាភិបាលទាំងមូល? ច្បាស់ណាស់ គេមុខតែផ្ដោតសម្លេងភាគច្រើនផ្ដល់សំដៅដល់ ហ៊ុន សែន ហើយ ប៉ុន្តែ ហ៊ុន សែន ម្នាក់ឯងអនុវត្តទៅកើតទេ បើបណ្ដារដ្ឋមន្ត្រី និងស្ថាប័ននានាមិនបានអនុវត្តនោះ? ប្រជាជនមិនមែនខ្វះការជ្រើស​រើសទេ ឬមួយគាត់មិនទៅចូលរួមបោះឆ្នោតតាមការអំពាវនាវរបស់ពួកឧទ្ទាមក្រៅច្បាប់ ទី ២ គាត់​ទៅបោះឆ្នោត តែគាត់គូសគ្រវាត់ចោល ឯទី ៣ គាត់ទៅបោះឆ្នោត តែគាត់គូសអោយបក្សដទៃ តែគាត់មិនគូសអោយគណបក្សប្រជាជនទេ។ ប៉ុន្តែ ហេតុអីបានជាគាត់គូសអោយគណបក្សប្រជាជន? (ដោយសារ)មានអាណត្តិទី ៥ ដែលយើងបានរួមគ្នាធ្វើនេះ គឺជោគជ័យវាបានទទួលធំណាស់ សម្រាប់​ប្រទេសទាំងមូល ក៏ដូចជាក្រុមគ្រួសារនីមួយៗ។

គណបក្សប្រជាជន មិនមានអ្នកពេញចិត្តទាំងអស់ទេ

ខ្ញុំមិនភ្ញាក់ផ្អើលទេ ចំពោះចំនួនអ្នកដែលមិនបោះឆ្នោតអោយគណបក្សប្រជាជន ឬក៏ប្រឆាំងផ្កាប់មុខជាមួយនឹងគណបក្សប្រជាជន។ អ្នកទាំងនេះ បើទោះបីស្លាប់ទៅចាប់ជាតិតទៅទៀត​​ ក៏នៅតែមិនបោះឆ្នោតអោយគណបក្សប្រជាជនដដែលហ្នឹង។ បើគណបក្សប្រជាជនមានមនុស្សស្រឡាញ់ ១០០%​​ មិនចាំបាច់មានគណបក្សនយោបាយផ្សេងទេ។ សូម្បីតែសាសនាព្រះពុទ្ធ ឬសាស​នាណាក៏ដោយ គ្មានសាសនាណាមួយប្រមូលប្រជាជនបានទាំងអស់ទេ។ សាសនាដែលមាន​មនុស្សច្រើនជាងគេ គឺសាសនាឥស្លាម។ បន្ទាប់ទៅសាសនាគ្រឹស្ត។ បន្ទាប់ទៅហិណ្ឌូ។ បន្ទាប់ទៅព្រះពុទ្ធរបស់យើង។ ព្រះពុទ្ធរបស់យើង គឺសាសនាទី ៤ ទេ នៅលើពិភពលោក។ បើនិយាយ​ពីចំនួនអ្នកគោរព សាសនាហិណ្ឌូគឺមានទៅដល់ជាង ១ ពាន់លាន នាក់ឯណោះ នៅក្នុងប្រទេស​ឥណ្ឌា ក្នុងពេលដែលសាសនាព្រះពុទ្ធ មានប្រមាណ ៥ រយលាននាក់។ អញ្ចឹងទេ សាសនានៅពិភពលោកនេះ ក៏គ្មានសាសនាណាយកប្រជាជនបានទាំងអស់ដែរ ដូច្នេះ សម្រាប់គណបក្សប្រជាជន យើងយល់ច្បាស់ណាស់ មិនមានអ្នកណាពេញចិត្តយើងទាំងអស់ទេ គេពិតជាមាន​ការ​ស្រលាញ់ជាមួយគណបក្សដទៃ នោះជារឿងរបស់គេ យើងត្រូវគោរពនូវសិទ្ធិរបស់គេ។

ជាអគុណធម៌ ពេលទទួលជោគជ័យ បែរជាបោះបង់ចោលមន្ត្រីដែលខិតខំប្រយុទ្ធ

ម្យ៉ាងទៀតក៏ត្រូវមើលអោយឃើញអំពីចំណុចដែលថា ប្រសិនបើទទួលជោគជ័យហើយ បែរជានាំគ្នាបោះបង់ចោលមន្ត្រី ដែលខិតខំប្រយុទ្ធដើម្បីយកឈ្នះ តើ ហ៊ុន សែន អគុណធម៌ប៉ុណ្ណាទៅ? ម្សិល​មិញលួចខ្សឹបជាមួយសម្តេចក្រឡាហោមបន្តិចថា តើមន្ត្រីរបស់យើងបានឆ្លងផុតអាណត្តិទី ៦ ប៉ុន្មាន? និងមិនផុតប៉ុន្មាន? ព្រោះម្សិលមិញបានឃើញបង វ៉ា គឹមហុង ទៅខាងមុខ ហើយ យឹម ណូឡា ទៅខាងមុខ ទ្រេតទ្រោត​។ អញ្ចឹង តើឆ្លងផុតអាណត្តិទី ៦ រយៈពេល ៥ ឆ្នាំនេះទៀតបាន​ឬក៏អត់? មនុស្សគង់តែស្លាប់ទេ។ ខ្ញុំសូមបញ្ជាក់ ឧទាហរណ៍មួយ … ការប្រកួតមួយដែល​(អ្នកខំប្រឹង)យក​ឈ្នះ ទីចុងបំផុតត្រូវបានទាត់ចោល។ ដល់ទៅអាណត្តិក្រោយ តើ ហ៊ុន សែន នឹងប្រើនរ​ណាទៀត? តើនេះជាយុទ្ធសាស្ត្រឈ្នះសមរភូមិ ឬជាយុទ្ធសាស្រ្តឈ្នះសង្គ្រាម?

ខ្ញុំមិនត្រូវការឈ្នះតែមួយសមរភូមិទេ ខ្ញុំត្រូវឈ្នះសង្គ្រាមជារឿងរហូត តាមរយៈនៃបញ្ជាការម្នាក់នេះ “រក្សាកម្លាំងចាស់ និងបង្កើនកម្លាំងថ្មី”។ អ្នកដែលមកនៅជាមួយ ហ៊ុន សែន ហើយ តិច​ណាស់ដែលបានចាកចេញពី ហ៊ុន សែន ត្រឡប់ទៅវិញ។ មានតែចូលថែម។ អញ្ចឹង ថ្ងៃក្រោយ តើមានមន្ត្រីប៉ុន្មាននាក់ ប្រឹងប្រែងធ្វើការងារស្ថាប័ន ៥ ថ្ងៃ ចុះមូលដ្ឋាន ២ ថ្ងៃ/១ អាទិត្យ អត់បាន​នៅជុំប្រពន្ធកូន? ស្រាប់តែដល់ពេលឈ្នះ បែរជាទាត់(គ្នា)ចោល។ ហើយអាណត្តិក្រោយ តើអ្នក​ដែលទៅនោះ គាត់យល់យ៉ាងម៉េច? គាត់ថា អញប្រឹងតែល្មមៗបានហើយ ព្រោះតែរួចទៅគាត់គង់​តែដកអញចោលទៀត។ វិលត្រឡប់មកវិញ មិនមែនបានសេចក្តីថា ខ្ញុំឱបក្រសោបមន្ត្រីដែល​ធ្វើការមិនកើត ហើយសុខភាពទ្រុឌទ្រោមនៅតែបន្តប្រើទេ។ ដូចករណីបង គាត ឈន់ មិនអាច​បង្ខំអោយគាត់ធ្វើតទៅទៀតបានទេ។ ត្រូវយោគយល់ដល់គាត់។ បង ចាន់ សារុន សុខភាពរបស់គាត់បានស្តារឡើងវិញបន្តិចមែន ក៏ប៉ុន្តែ នៅទន់ខ្សោយណាស់ អញ្ចឹងសមហេតុសមផល ដើម្បីអង្គុយ​នៅក្នុងសភា។ ចំពោះបណ្តារដ្ឋមន្រ្តីតាមស្ថាប័ននៅបន្តការងារ។

ការងារធ្វើបានល្អហើយ ធ្វើអោយកាន់តែល្អ ​​ការងារមិនទាន់ល្អ ត្រូវខិតខំធ្វើអោយល្អ

នេះជាចំណុចដែលខ្ញុំសូមបញ្ជាក់។ បញ្ហាមិនស្ថិតនៅបញ្ហាត្រង់ដូរមនុស្សទេ បញ្ហាស្ថិតនៅត្រង់ថាមនុស្សដដែលហ្នឹងអោយចេះធ្វើកិច្ចការ។ ពិសោធន៍របស់ខ្ញុំ គឺដួលត្រង់ណា ត្រូវងើបឈរកន្លែង​នោះវិញ។ សូម្បីតែកូនខ្ញុំ និងចៅរបស់ខ្ញុំ ជាទម្លាប់របស់ខ្ញុំ បើវាដើរហើយវាដួល ខ្ញុំមិនដែលទៅលើកវាទេ។ អោយកូនប្រឹងងើបឈរខ្លួនឯង អោយចៅងើបឈរខ្លួនឯង។ បើអោយ​តែ​​វាដួលយើងទៅចាប់លើក អញ្ចឹងទេថ្ងៃក្រោយ វាអង្គុយនៅហ្នឹងរហូត វាអត់ព្រមងើបខ្លួនវាទេ។ ដូច្នេះ ខ្ញុំចង់ទុកអោយរដ្ឋមន្ត្រីនានា ការងារដែលល្អហើយ ត្រូវធ្វើអោយល្អកាន់តែល្អថែមទៀត។ ឯ​​ការងារដែលមិនទាន់ល្អ ត្រូវខិតខំធ្វើអោយល្អនៅក្នុងអាណត្តិថ្មីនេះ។ ពិតហើយ យើងត្រូវគិត​ថា មិនមែនគ្មានការកែសម្រួលរាជរដ្ឋាភិបាលនៅពេលខាងមុននោះទេ។ ពេលណាដែលយើង​ឃើញថា មានការចាំបាច់ដើម្បីនឹងធ្វើការកែសម្រួលនៅពាក់កណ្តាល​អាណត្តិ ឬក្នុងពេលវេលាសមស្របណាមួយនោះ ចាំបាច់ត្រូវតែធ្វើការកែសម្រួល ដើម្បីធានាថាយើងនឹងបន្តដំណើរក្នុង​ស្ថានភាពមួយដែលខ្លាំង ដែលគ្មានការចុះខ្សោយ។

ស្ថានភាពបោះចម្រុះ

ដូច្នេះ ស្ថានភាពបោះចម្រុះ រវាងអ្នកចាស់ទុំដែលមានបទពិសោធន៍ ហើយដែលដាក់ក្មេងជំនាន់ក្រោយទៅនៅជាមួយ គឺជារឿងចាំបាច់ណាស់។ ពេលដែលអ្នកចាស់ទុំបានចាកចេញទៅ អ្នក​ជំនាន់ក្រោយបានចូលមកដល់។ ខ្ញុំលើកឧទាហរណ៍៖ អូន ព័ន្ធមុនីរ័ត្ន នៅឆ្នាំ ១៩៩២ ចប់បណ្ឌិត​ពីរុស្សីមក ជាមួយ រដ្ឋ សណ្តាប់​បានមកជួបខ្ញុំពីរនាក់។ ពេលនោះធ្វើលេខាផ្ទាល់​​របស់ខ្ញុំ។ ខ្ញុំនៅចាំបានថា ខ្ញុំអោយម៉ូតូមួយម្នាក់ ដើម្បីជិះធ្វើការ។ ប៉ុន្តែ ខ្ញុំត្រូវយកទៅផ្ញើជាមួយ​បង គាត ឈន់ ទាំងពីរនាក់ ដើម្បីហ្វឹកហាត់ធ្វើការ។ ឥឡូវ ឡើងមកដល់ថ្នាក់ឧបនាយករដ្ឋមន្ត្រីហើយ។

កាលពីសម័យខ្ញុំប្រយុទ្ធ ធ្វើជាមេទ័ព ក្នុងឋានៈជាមេបញ្ជាការកងអនុសេនាធំ ជាមេបញ្ហាការ​កងវរសេនាតូច​។ ពេលនោះ ខ្ញុំហ្វឹកហាត់នីរសារបស់ខ្ញុំ រហូតដល់គេឡើងមកថ្នាក់សហប្រធាន​ជាមួយខ្ញុំ។ នេះជារបៀបរបស់ខ្ញុំ។ ដូច្នេះហើយ អ្នកដែលចូលរួមជាមួយ ហ៊ុន សែន ទាំង​ប៉ុន្មាន គឺបើសិនអ្នកនោះមិនអាចនៅជាមួយ ហ៊ុន សែន បានទេ បានសេចក្តីថា ទៅនៅឯណាក៏វាមិនសុខ​ដែរ។ ហ្នឹងនិយាយប្រាប់អោយត្រង់អញ្ចឹងទៅចុះ។ ម៉្យាងទៀត បើអ្នកណាអង្គុយស្តាប់ ហ៊ុន សែន និយាយ ហើយបែរជាងោក គ្មានគ្រូបាអាចារ្យណាទៅបង្រៀនលោកហ្នឹងបានទៀតទេ …។

ផ្តល់ការឧបត្ថម្ភសម្រាប់ភ្ជុំបិណ្ឌដល់មន្ត្រីរាជការទាំងអស់ ក្នុងម្នាក់ ៥ ម៉ឺនរៀល

ខ្ញុំមានសារខ្លះជូនចំពោះបងប្អូនយើង ដើម្បីអោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមុខ​ងារ​សាធារណៈ ធ្វើការរៀបចំ។ ក៏ដូចជាឆ្នាំមុនៗដែរ ឆ្នាំនេះ រដ្ឋាភិបាលនឹងផ្តល់ការឧបត្ថម្ភមន្ត្រីទាំងអស់ បូកនឹងនិវត្ត​ជន គឺសម្រាប់ភ្ជុំបិណ្យក្នុងម្នាក់ ៥ ម៉ឺនរៀល ដែលយើងនឹងចំណាយថវិកាប្រមាណជា ៣០ ពាន់​លានរៀល ប្រហែលជា ៧ លានដុល្លារ សហរដ្ឋអាមេរិក ដើម្បីអោយបងប្អូនបាន(ទៅ)ភ្ជុំ។ ហ្នឹងបានដល់មន្រ្តីភូមិដែរ? ចាប់តាំងពីមន្ត្រីភូមិ មន្ត្រីយោធា មន្ត្រីស្អីៗ គ្រប់ទាំងអស់។ ដែលហៅថា មន្ត្រី បានសេចក្តីថា មានទាំងយោធា មានទាំងប្រដាប់អាវុធនៅក្នុងហ្នឹងហើយ។ ហ្នឹងគឺចំណុចទី ១ ដែលសូមអោយរៀបចំជាអនុក្រឹត្យឡើង។

រៀបចំកាលបរិច្ឆេទបើកបៀវត្សរ៍

ទី ២​ គឺត្រូវរៀបចំការបើកបៀវត្សរ៍។ ការបើកបៀវត្សរ៍ខែ កញ្ញា នេះ បើកនៅសប្តាហ៍ទី ៤ ធម្មតា។ ធម្មតាចាប់ពីថ្ងៃទី ២៣ ទៅ យើងបើកបៀវត្សរ៍បានហើយ។ ប៉ុន្តែ យើងត្រូវដឹងថា នៅខែ តុលា យើងនឹងមានបុណ្យភ្ជុំ(បិណ្ឌ) បូកនឹងប្រាក់ឧបត្ថម្ភ។ ដូច្នេះ អាទិត្យទី ១ នៃខែ តុលា ត្រូវបើកប្រាក់ខែៗ តុលា តែម្តង។ អញ្ចឹង ប្រាក់របស់យើងនឹងចេញធំ។ ចុងខែ កញ្ញា ចេញប្រាក់ខែៗ កញ្ញា ដល់អាទិត្យទី ១ នៃខែ តុលា ត្រូវចេញប្រាក់ខែៗ តុលា ផង នឹងចេញប្រាក់សម្រាប់ភ្ជុំ(បិណ្ឌ)ផង។ នេះគឺសម្រាប់ខែ តុលា។ ឯខែ វិច្ឆិកា យើងអាចនឹងបើក(បៀវត្សរ៍)នៅសប្តាហ៍ទី ២ ព្រោះដើម្បីកុំអោយមានគម្លាតពីដើមខែ តុលា ទៅដល់ចុងអាទិត្យទី ៣ ឬអាទិត្យទី ៤ វិច្ឆិកា វាយូរពេក។ ចាយលុយអស់ហើយ។ អញ្ចឹង ត្រូវបើកសប្តាហ៍ទី ២ នៃខែ វិច្ឆិកា។ ម្យ៉ាងទៀត យើងក៏មានបុណ្យអុំទូកដែរ។

អញ្ចឹង ត្រូវរៀបចំបញ្ហានេះ ហើយក៏ត្រូវពិនិត្យមើលផងដែរថា ខែ ធ្នូ យើងបើក(បៀវត្សរ៍)នៅពេល​ណា? ព្រោះវារំកិលគ្នា។ អាចខែ ធ្នូ យើងអាទិត្យទី ៣ យើងអាចបើក(បៀវត្សរ៍បាន) ព្រោះនេះជារបៀបមួយ ដើម្បីដោះស្រាយបញ្ហា។ បន្ទាប់ទៅចូលទៅដល់ខែ មករា យើងអាចចាប់ផ្តើមចូលអា ១៥ ថ្ងៃ បើកម្តង។ ដូច្នេះ នៅក្នុងខែ ធ្នូ យើងអាចបើកអាទិត្យទី ៣ បាន។ ដល់ទៅចាប់ផ្តើមខែ មករា បានសេចក្តីថា ១៥ ថ្ងៃបើក(បៀវត្សរ៍)ម្តងៗ ដែលយើងបានរៀបចំទុកជាមុនរួចហើយ។

[បញ្ចប់សេចក្តីអធិប្បាយ]

សម្តេច, ឯកឧត្តម, លោកជំទាវ, ឧបនាយករដ្ឋមន្ត្រី, ទេសរដ្ឋមន្ត្រី, រដ្ឋមន្ត្រី, ដែលជាសមាជិក-សមាជិកា នៃអង្គគណៈរដ្ឋមន្ត្រីទាំងមូល ជាទីមេត្រី !

ថ្ងៃនេះ ជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់កម្ពុជា ដែលរាជរដ្ឋាភិបាល នីតិកាលទី ៦ នៃរដ្ឋសភា បានបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួនជាលើកទី ១។ ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ខ្ញុំសូមសម្តែងនូវការស្វាគមន៍ និងពរសព្វសាធុការយ៉ាងកក់ក្តៅជូនចំពោះ សម្តេច ឯកឧត្តម លោកជំទាវទាំងអស់ ជាសហសេវិកនៅក្នុងរាជរដ្ឋាភិបាល នីតិកាលទី ៦ នៃរដ្ឋសភានេះ។

ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនដល់ជនរួមជាតិទាំងអស់ ដែលតែងតែផ្តល់យុត្តិធម៌ ជំនឿ និងការគាំទ្រយ៉ាងរឹងមាំ ចំពោះគណបក្សប្រជាជនកម្ពុជា និងចំពោះរូបខ្ញុំផ្ទាល់ តាមរយៈលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៨ កន្លងទៅនេះ ដើម្បីឱ្យខ្ញុំមានលទ្ធភាពដឹកនាំរាជរដ្ឋាភិបាល និងបម្រើជាតិមាតុភូមិ បន្តទៅទៀត ជាមួយនឹងភាពស្វា​ហាប់ និងការប្តេជ្ញាចិត្តយ៉ាងពេញទំហឹង ដើម្បីកសាង, ការពារ និងអភិវឌ្ឍប្រទេសជាតិយើង។ ជាការពិត ការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងមានការចូលរួមពីសំណាក់គ្រប់ភាគីពាក់ព័ន្ធ ពិសេសគឺ មានការចូលរួមពីសំណាក់ប្រជាពលរដ្ឋដ៏ច្រើនកុះករ រហូតដល់ទៅ ៨៣,០២% នៃពលរដ្ឋបានចុះ ឈ្មោះបោះឆ្នោតនៅក្នុងបញ្ជីរបស់ គជប។ ច្បាស់ណាស់ថា លទ្ធផលនេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញ នូវឆន្ទៈគាំទ្រយ៉ាងពេញទំហឹង និងដ៏មោះមុត ពីសំណាក់ប្រជាពលរដ្ឋភាគច្រើនលើសលប់ និងពីគ្រប់មជ្ឈដ្ឋាន លើកិច្ចដំណើរការប្រជាធិបតេយ្យដ៏ត្រឹមត្រូវ និងទៀងទាត់នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាលើភាពចាំបាច់ក្នុងការបន្តកិច្ចដឹកនាំកសាងប្រទេស នៅលើមាគ៌ានៃសុខសន្តិភាព ការអភិវឌ្ឍ និងការកែទម្រង់រដ្ឋ ក្នុងគ្រប់វិស័យ ឆ្ពោះទៅរកវឌ្ឍនភាព និងវិបុលភាពដ៏កាន់តែរុងរឿង។

ជាមួយនឹងមោទនភាពដ៏ខ្ពង់ខ្ពស់ ខ្ញុំសូមយកឱកាសនៃអង្គប្រជុំគណៈរដ្ឋមន្ត្រីលើកទី ១ របស់យើងនាពេលនេះ ដើម្បីប្រកាសជូនជនរួមជាតិកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ ឱ្យបានជ្រាបអំពី ឤទិភាពគោលនយោបាយសំខាន់ៗ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំឥតងាករេរបស់រាជរដ្ឋាភិបាល នៃនីតិកាលថ្មីនេះ ក្នុងការបន្តអនុវត្តកម្មវិធីកែទម្រង់សំខាន់ៗ ក្នុងគោលដៅបម្រើនូវឧត្តមប្រយោជន៍របស់ជាតិ និងឆ្លើយតបទៅនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាជន។

ជាក់ស្តែង ដោយផ្អែកលើគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការកសាង និងការពារមាតុភូមិ ឆ្នាំ ២០១៨-២០២៣ ដែលប្រជាពលរដ្ឋទូទាំងប្រទេស បានផ្តល់ការគាំទ្រភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោត នាថ្ងៃទី ២៩ កក្កដា កន្លងទៅ រាជរដ្ឋាភិបាលបានរៀបចំ «កម្មវិធីនយោបាយ» របស់ខ្លួន សម្រាប់នៃនីតិកាលទី ៦ នៃរដ្ឋសភា។ លើមូលដ្ឋាននៃការវាយតម្លៃគ្រប់ជ្រុងជ្រោយលើលទ្ធផលការងារដែលបានអនុវត្តក្នុងនីតិកាលមុនៗ ក៏ដូចជា បរិការណ៍ជាតិ និងអន្តរជាតិ ក្នុងពេលបច្ចុប្បន្ន និងទៅអនា​គត ព្រមទាំងដោយយកចិត្តទុកដាក់ឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន កម្មវិធីនយោ​បាយនេះ បានកំណត់ដាក់ចេញនូវគោលដៅជាយុទ្ធសាស្ត្រ គោលនយោបាយធំៗជាឤទិភាព គោលនយោបាយអភិវឌ្ឍតាមវិស័យ និងវិធានការជាក់ស្តែងជាឤទិភាព សម្រាប់អនុវត្តចាប់ពីឆ្នាំ ២០១៩ ទៅ ដែលជាក្របខណ្ឌសម្រាប់តម្រង់ទិសដៅការងាររបស់រាជរដ្ឋាភិបាល ក្នុងការបន្តបំពេញបេសកកម្មបម្រើជាតិ និងប្រជាជន នៅក្នុងនីតិកាលទី ៦ នេះ។ ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំបានដាក់បង្ហាញ «កម្មវិធីនយោបាយ» នេះ ជូនដល់អង្គរដ្ឋសភា កាលពីម្សិលមិញរួចហើយ។ លើមូលដ្ឋាននេះ រាជរដ្ឋាភិបាលក៏បានរៀបចំ «យុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី ៤» ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព៖ កសាងមូលដ្ឋានឆ្ពោះទៅចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ដែលជារបៀបវារៈគោលនយោ​បាយសង្គម-សេដ្ឋកិច្ច សម្រាប់ជំរុញអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ «កម្មវិធីនយោបាយ» របស់ខ្លួន និងជាមគ្គុទេសក៍សម្រាប់តម្រង់សកម្មភាពរបស់គ្រប់តួអង្គទាំងអស់ ក្នុងគោលដៅបន្ត និងពង្រឹងកិច្ចអភិ​វឌ្ឍ ប្រកបដោយចីរភាព និងបរិយាប័ន្ន សម្រាប់រយៈពេលមធ្យម និងវែងទៅមុខ តាមរយៈការកែទម្រង់មុតស្រួច សំដៅបន្តលើកស្ទួយប្រសិទ្ធភាពនៃស្ថាប័នសាធារណៈ និងស័ក្តិសិទ្ធិភាព នៃការគ្រប់គ្រងធនធានសរុបរបស់ជាតិ ដែលខ្ញុំសូមដាក់ជូនអង្គប្រជុំគណៈរដ្ឋមន្ត្រីលើកទី ១ របស់យើងនាថ្ងៃនេះ ព្រមទាំងជូនដៃគូអភិវឌ្ឍ និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជ្រាប និងរួមសហការគ្នាជាធ្លុងមួយ ជំរុញអនុវត្តឱ្យបានសម្រេចជោគ​ជ័យ តាមការទន្ទឹងចង់បានរបស់ប្រជាជនកម្ពុជា ដែលជាម្ចាស់ឆ្នោត។

ខុសពីនីតិកាលមុនៗ នៅក្នុងការឧទ្ទេសនាម យុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី ៤ របស់យើងលើកនេះ ខ្ញុំនឹងមិនឤនអត្ថបទយុទ្ធសាស្ត្រនេះទាំងស្រុង ជូនដល់អង្គប្រជុំ និងជនរួមជាតិយើងទាំងអស់គ្នានោះទេ។ ដើម្បីសន្សំពេល ខ្ញុំនឹងឧទ្ទេសនាមដោយសង្ខេបខ្លីប៉ុណ្ណោះ អំពីខ្លឹមសារជារួម នៃយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី ៤ នេះ។ យ៉ាងណាក៏ដោយ អត្ថបទទាំងស្រុង នៃយុទ្ធសាស្ត្រនេះ ត្រូវបានរៀបចំចងក្រងជាសៀវភៅ ដែលមានម្ខាងជាភាសាខ្មែរ និងម្ខាងទៀតជាភាសាអង់គ្លេស ហើយត្រូវបានចែកជូនដល់សមាជិក-សមាជិកានៃអង្គប្រជុំរបស់យើង ដូចមាននៅចំពោះមុខសម្តេច ឯកឧត្តម និងលោកជំទាវ ទាំងអស់គ្នាស្រាប់។ បន្ថែមលើនេះ ក្រោយពីកិច្ចប្រជុំនេះទៅ ខ្ញុំសូមស្នើឱ្យទីស្តីការគណៈរដ្ឋមន្ត្រី យកឯកសារនេះ ទៅរៀបចំដាក់ផ្សព្វផ្សាយជាសាធារណៈ នៅក្នុងគេហទំព័រផ្លូវការរបស់រាជរដ្ឋាភិបាល ដើម្បីផ្តល់ភាពងាយស្រួលឱ្យគ្រប់តួអង្គដែលមានការញក់ព័ន្ធ និងសាធារណជនទូទៅ ឤចទាញយកក្នុងទម្រង់ទន់ (soft copy) ឬបោះពុម្ពចេញជាទម្រង់រឹង សម្រាប់ប្រើប្រាស់តាមសេចក្តីត្រូវការរៀងៗខ្លួន។ ជាមួយគ្នានេះដែរ ខ្ញុំក៏សូមស្នើឱ្យឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ត្រៀមរៀបចំបោះពុម្ពឯកសារនេះ ជាសៀវភៅបន្ថែមទៀត ដើម្បីចែកជូនដល់ក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍ ដែលមានការពាក់ព័ន្ធ តាមសេចក្តីត្រូវការចាំបាច់ ជាយថាហេតុ។

ជាមួយនឹងការគូសបញ្ជាក់ខាងលើនេះ ខ្ញុំសូមអនុញ្ញាតចាប់ផ្តើមធ្វើការឧទ្ទេសនាមដោយសង្ខេប អំពីខ្លឹមសាររួមនៃ «យុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី ៤» ដូចតទៅ៖

  1. សាវតា

ជារួម យុទ្ធសាស្ត្រចតុកោណទាំង ៣ ដំណាក់កាល បានបំពេញតួនាទីយ៉ាងល្អប្រសើរ ជារបៀបវារៈអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ការអនុវត្តយុទ្ធសាស្ត្រចតុកោណ ឆ្លងកាត់ដំណាក់កាលទាំង ៣ ជាបន្តបន្ទាប់ បានផ្តល់ផលជាការផ្លាស់ប្តូរស៊ីជម្រៅ នៃរចនាសម្ព័ន្ធសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពប្រជាជន ឱ្យកាន់​តែប្រសើរឡើង ទាំងខាងសម្ភារៈ និងស្មារតី តាមរយៈកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ការបង្កើតការ​ងារជូនប្រជាជន ការធានាសមធម៌សង្គម ការពង្រឹងប្រសិទ្ធភាពនៃអភិបាលកិច្ចរបស់ស្ថាប័នរដ្ឋ និងការនាំកម្ពុជាឆ្លងកាត់ដោយជោគជ័យ ពីចំណាត់ថ្នាក់ នៃប្រទេសមានចំណូលទាប ក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប កាលពីពេលថ្មីៗកន្លងទៅ។

សម្រាប់រយៈពេលមធ្យមខាងមុខ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា នឹងឈានដល់ដំណាក់កាល «ប្រែប្រួលថ្មី» មួយទៀត ដែលជាអន្តរកាលឆ្ពោះទៅសម្រេចឋានៈប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។ ការណ៍នេះទាមទារនូវការយកចិត្តទុកដាក់ចំពោះការពង្រឹងឡើងថែមទៀត នូវស្ថាប័នសាធារណៈ ដែលជារចនាសម្ព័ន្ធនៃយន្តការ សំណុំវិធាននៃច្បាប់ ទាំងផ្លូវការ និងមិនផ្លូវការ ធនធានមនុស្ស មធ្យាបាយ និងធនធានហិរញ្ញវត្ថុ ដែលកំណត់នូវទស្សនៈគោលការណ៍ធំៗ និងឥរិយាបថ ក្នុងការបំពេញមុខងារ ទាំងក្នុងផ្នែកនយោបាយ សេដ្ឋកិច្ច និងសង្គម ក្នុងក្របខណ្ឌនៃកិច្ចដំណើរការប្រជាធិបតេយ្យ និងនីតិរដ្ឋ ដែលមានធម្មានុរូបភាពពេញលេញ ដើម្បីដំណើរការអភិវឌ្ឍទៅមុខទៀត ដោយបន្តរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម បង្កើតការងារប្រកបដោយគុណភាព សម្រាប់យុវជន ឆ្លើយតបប្រកបដោយប្រសិទ្ធភាព ចំពោះក្តីរំពឹងទុករបស់ប្រជាជន ជាពិសេស ដោះស្រាយនូវសេចក្តីត្រូវការរបស់ប្រជាជន ដែលចេះតែកើនឡើងជាលំដាប់ រួមបញ្ចូលនូវការទទួលបាននូវសេវាសាធារណៈសំខាន់ៗប្រកបដោយគុណភាព ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សេវាអប់រំ សេវាសុខាភិបាល និងសេវាមូលដ្ឋានចាំបាច់ផ្សេងទៀត ធានានូវសន្តិសុខសង្គម និងសុខុមាលភាពរបស់ប្រជាជនទូទៅ ធានាសុវត្ថិភាពចំណូល ពិសេសសម្រាប់ប្រជាជនងាយរងគ្រោះ ធានាតុល្យភាព និងកាត់បន្ថយគម្លាតនៃការរីកចម្រើន រវាងទីក្រុង និងជនបទ រក្សាភាពបត់បែន និងតាមឱ្យទាន់សភាពការណ៍ប្រែប្រួលក្នុងតំបន់ និងពិភព លោក ទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងឌីជីថលូបនីយកម្ម ជាពិសេស ក្នុងបរិការណ៍នៃបដិវត្តឧស្សាហកម្មទី ៤ និងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចការពារ និងអភិរក្សបរិស្ថាន ធនធានធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី តំបន់ជីវចម្រុះ ព្រៃឈើ និងជម្រកសត្វព្រៃ ព្រមទាំងការសម្របខ្លួនទៅនឹងការប្រែប្រួលឤកាសធាតុ។

យោងតាមបទពិសោធន៍ក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណទាំង ៣ ដំណាក់កាលកន្លងមក រាជរដ្ឋាភិបាលឤចធ្វើការវាយតម្លៃបានត្រឹមត្រូវពីភាពខ្លាំង និងភាពខ្សោយ ក៏ដូចជាបញ្ហាប្រឈម និងកាលានុវត្តភាព​។ ចំណុចខ្លាំងនៃយុទ្ធសាស្ត្រចតុកោណ គឺការផ្តល់ក្របខណ្ឌគោលនយោបាយប្រទាក់ក្រឡាគ្នា គ្រប់ជ្រុងជ្រោយ និងប្រកបដោយសង្គតិភាព ព្រមទាំងគ្របដណ្តប់លើគ្រប់វិស័យសំខាន់ៗ សម្រាប់ការចូលរួមគាំទ្រអនុវត្តពីគ្រប់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ដែលជាមូលដ្ឋានយ៉ាងសំខាន់សម្រាប់ការវិភាជធនធានឆ្ពោះទៅឤទិភាពគោលនយោបាយ និងជាក្របខណ្ឌមួយដ៏ល្អ សម្រាប់កិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍទាំងអស់ ដែលមានការពាក់ព័ន្ធ រួមទាំង វិស័យឯកជន និងសង្គមស៊ីវិលផង។ យ៉ាងណាមិញ  ចំណុចខ្សោយនៅក្នុងនេះ គឺបញ្ហាប្រសិទ្ធភាពនៃការអនុវត្ត ដែលពាក់ព័ន្ធជាសំខាន់ទៅនឹងសមត្ថភាពស្ថាប័ន និងប្រសិទ្ធភាពនៃការសម្របសម្រួលរវាងក្រសួង-ស្ថាប័ន នៅក្នុងការដាក់ចេញ និងអនុវត្តវិធានការគោលនយោបាយជាក់ស្តែង។ មួយវិញទៀត សកម្មភាពអនុវត្តប្រចាំថ្ងៃ ក៏នៅមានគម្លាត និងមិនទាន់បានផ្សារភ្ជាប់ល្អ ទៅនឹងគោលបំណង គោលនយោបាយរបស់រាជរដ្ឋាភិបាល និងរបស់ក្រសួង-ស្ថាប័ន។

ក្នុងន័យនេះ, ភាពចាំបាច់នៃការបន្តអនុវត្ត យុទ្ធសាស្ត្រចតុកោណ នៅក្នុងដំណាក់កាលទី ៤ តទៅមុខទៀតនេះ ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងទិដ្ឋភាពសំខាន់ៗ ដូចខាងក្រោម៖

ទី១- ភាពចាំបាច់ក្នុងការបន្តពង្រឹង និងពង្រីកសមិទ្ធផលនានា ដែលរាជរដ្ឋាភិបាលសម្រេចបាន ក្នុងនីតិកាលទី ៥ កន្លងមក ក៏ដូចជាក្នុងការបញ្ចប់ការងារសេសសល់ទាំងឡាយ នៅក្នុងក្របខណ្ឌយុទ្ធសាស្ត្រចតុកោណ ទាំង ៣ ដំណាក់កាលមុន តាមរយៈការបន្តពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ការលើកស្ទួយនីតិរដ្ឋ សិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូររបស់មនុស្ស លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងការអនុវត្តវិធានការជាក់ស្តែងនានា សំដៅលើកកម្ពស់កម្រិតជីវភាព និងសុខុមាលភាពរបស់ប្រជាជន ជាពិសេស ការដោះស្រាយបញ្ហា «ប្រសិទ្ធភាព» នៃអភិបាលកិច្ច និងបញ្ហាយុត្តិធម៌សង្គម ព្រមទាំងការពង្រឹងគុណភាពនៃសេវាសាធារណៈគ្រប់ប្រភេទ។

ទី២- ភាពចាំបាច់ក្នុងការស្វែងរកប្រភពថ្មី ដើម្បីធានាកំណើនសេដ្ឋកិច្ចខ្ពស់ និងប្រកបដោយចីរភាព ដោយទាញយកប្រយោជន៍ពីកាលានុវត្តភាពនៅក្នុងតំបន់ បង្កើតតម្លៃបន្ថែមក្នុងវិស័យជន្ទល់សេដ្ឋកិច្ច ដែលមានស្រាប់ និងអនុវិស័យពាក់ព័ន្ធ ជំរុញការវិនិយោគក្នុងវិស័យកសិកម្ម រៀបចំខ្លួនសម្រាប់ការឈោងចាប់យកបច្ចេកវិទ្យាថ្មីៗក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល និងឈោងចាប់យកឱកាស ក៏ដូចជាជំនះផលវិបាកពីបដិ​វត្តឧស្សាហកម្មទី ៤ ព្រមទាំងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងគោលដៅឆ្លើយតប និងដោះស្រាយ នូវកង្វល់ និងសំណូមពរថ្មីៗរបស់ប្រជាជនកម្ពុជា នៅក្នុងដំណាក់កាលថ្មីនៃការអភិ​វឌ្ឍ និងក្នុងគោលដៅបម្រើឱ្យបេសកកម្ម នៃការដឹកនាំកម្ពុជា ឈានទៅសម្រេចបានឋានៈជាប្រទេសចំណូល​មធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ ២០៥០។

  1. គោលដៅយុទ្ធសាស្ត្រ និងវិស័យឤទិភាពនៃយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី ៤

រាជរដ្ឋាភិបាលបានកំណត់យក «គោលដៅយុទ្ធសាស្ត្រ ៤» និង «វិស័យឤទិភាព ៤» ជាការប្តេជ្ញាចិត្តក្នុងការបន្តអនុវត្ត «យុទ្ធសាស្ត្រចតុកោណ» នៅក្នុងដំណាក់កាលទី ៤ នេះ។

ក. គោលដៅយុទ្ធសាស្ត្រ ៤៖

ទី១- ធានាឱ្យបានកំណើនសេដ្ឋកិច្ច ក្នុងអត្រាមធ្យមប្រចាំឆ្នាំ ក្នុងរង្វង់ ៧% ប្រកបដោយចីរភាព និងធន់នឹងវិបត្តិ តាមរយៈការធ្វើពិពិធកម្មនៃមូលដ្ឋានសេដ្ឋកិច្ចថ្មីៗ ដោយទូលំទូលាយ និងមានភាពប្រកួតប្រជែង ជាមួយនឹងការថែរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច តាមរយៈការគ្រប់គ្រងអត្រាអតិផរណាឱ្យនៅទាប ការធានាស្ថិរភាពអត្រាប្តូរប្រាក់ ការខិតខំបង្កើនទុនបម្រុងជាប្រចាំ និងការគ្រប់គ្រងបំណុលសាធារណៈដោយគត់មត់។

ទី២- បង្កើតការងារឱ្យបានកាន់តែច្រើន ទាំងបរិមាណ និងគុណភាព ជូនដល់ប្រជាជនកម្ពុជា ពិសេសសម្រាប់ស្រទាប់យុវជន តាមរយៈការផ្តល់ជំនាញ ព័ត៌មានទីផ្សារការងារ ការកែលម្អលក្ខខណ្ឌ ការងារ ការលើកកម្ពស់សកម្មភាពធុរកិច្ច និងការជំរុញការវិនិយោគ ទាំងក្នុងប្រទេស និងក្រៅប្រទេស។

ទី៣- សម្រេចឱ្យបាននូវគោលដៅនៃការកាត់បន្ថយភាពក្រីក្រ ឱ្យស្ថិតនៅក្នុងអត្រាទាបជាង ១០%  ការពារមិនឱ្យភាពក្រីក្រវិលត្រឡប់មកវិញ ដោយផ្តោតលើការលើកកម្ពស់ការចូលរួមក្នុងយន្តការទីផ្សារ ការអនុវត្តគោលនយោបាយគាំពារសង្គម ការកាត់បន្ថយបន្ទុកជីវភាពរស់នៅ និងការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងការកាត់បន្ថយគម្លាតសង្គម។

ទី៤- បន្តពង្រឹងសមត្ថភាព និងអភិបាលកិច្ចនៃស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពនៃសេវាសាធារណៈ សំដៅបម្រើប្រជាជនឱ្យបានកាន់តែប្រសើរឡើង ក៏ដូចជាលើកកម្ពស់បរិយាកាសធុរកិច្ច និងបរិស្ថានអំណោយផលសម្រាប់ការវិនិយោគ។

ខ. វិស័យឤទិភាព ៤៖

ក្នុងបណ្តានីតិកាលកន្លងមក, រាជរដ្ឋាភិបាលបានកំណត់យកឤទិភាពចំនួន ៤ គឺ៖ ផ្លូវ ទឹក ភ្លើង និងមនុស្ស ដើម្បីជំរុញការអភិវឌ្ឍប្រទេស ដែលលំដាប់នៃសារសំខាន់របស់ឤទិភាពទាំងនេះ ត្រូវបានផ្លាស់ប្តូរទៅតាមដំណាក់កាលនីមួយៗនៃការអភិវឌ្ឍ។ ក្នុងដំណាក់កាល ២ ខាងដើម យុទ្ធសាស្ត្រចតុកោណ បានផ្តោតឤទិភាពទី ១ លើ ផ្លូវ ហើយ ទឹក ភ្លើង និង មនុស្ស គឺជាឤទិភាពបន្តបន្ទាប់។ នៅក្នុងយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី ៣, មនុស្ស បានក្លាយជាឤទិភាពទី ១ វិញ ហើយ ផ្លូវ ភ្លើង និង ទឹក បានក្លាយជាឤទិភាពបន្តបន្ទាប់។ សម្រាប់នីតិកាលទី ៦ នេះ, យុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី ៤ នឹងបន្តផ្តោតការយកចិត្តទុកដាក់លើ «វិស័យឤទិភាព ៤» ដោយតម្កល់ «មនុស្ស» ជាឤទិភាពទី ១ នៅលើគេ។

  • រចនាសម្ព័ន្ធនៃយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី ៤

យុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី ៤ នៅតែរក្សាជារួម នូវសមាសភាគ និងរចនាសម្ព័ន្ធដើមរបស់ខ្លួនដដែល ពោលគឺ៖ ក). ស្នូលនៃយុទ្ធសាស្ត្រ គឺការបង្កើនល្បឿននៃការកែទម្រង់អភិបាលកិច្ច ខ). បរិស្ថានគ្របដណ្តប់សម្រាប់ការអនុវត្តយុទ្ធសាស្ត្រទាំងមូល គ). ចតុកោណយុទ្ធសាស្ត្រទាំងបួន ដែលរួមមាន៖ ១. ការអភិវឌ្ឍធនធានមនុស្ស ២. ការធ្វើពិពិកម្មសេដ្ឋកិច្ច ៣. ការអភិវឌ្ឍវិស័យឯកជន និងការងារ ៤. ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន និង ឃ). មុំយុទ្ធសាស្ត្រនៃចតុកោណនីមួយៗ ដោយគ្រាន់តែធ្វើការកែសម្រួលលំដាប់ឤទិភាពតាមការដ្ឋាន និងមុំមួយចំនួននៃយុទ្ធសាស្ត្រនេះ ព្រមទាំងបានបញ្ចូលឤទិភាពថ្មីមួយចំនួន ហើយបានសម្រិតសម្រាំង និងសម្រួចសកម្មភាពមួយចំនួនថែមទៀត ដើម្បីឱ្យស្របតាមសេចក្តីត្រូវការជាក់ស្តែង និងបរិការណ៍ថ្មីៗរបស់កម្ពុជា។

  1. ខ្លឹមសារសង្ខេបនៃយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី ៤

លើមូលដ្ឋាននៃរចនាសម្ព័ន្ធខាងលើ, ការសរសេរនៅក្នុងគ្រប់ផ្នែកទាំងអស់នៃយុទ្ធសាស្ត្រនេះ ក៏មានរចនាសម្ព័ន្ធប្រហាក់ប្រហែលគ្នា រួមមាន៖ (១). ការគូសរំលេចអំពីគោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងការបូកសរុបសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាល នៅក្នុងការអនុវត្តតាមគោលដៅជាយុទ្ធសាស្ត្រនេះ នៅតាមផ្នែកដែលមានការពាក់ព័ន្ធ កាលពីក្នុងនីតិកាលទី ៥ កន្លងមក (២). ការគូសរំលេចអំពីបញ្ហាប្រឈមចម្បងៗដែលកម្ពុជានៅបន្តជួបប្រទះ នៅតាមផ្នែកដែលមានការពាក់ព័ន្ធនីមួយៗ (៣). ការឆ្លុះបញ្ចាំង អំពីគោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នៅតាមផ្នែកដែលមានការពាក់ព័ន្ធនីមួយៗ សម្រាប់នីតិកាលទី ៦ នេះ និង (៤). ការគូសរំលេចអំពីបណ្តាវិធានការជាឤទិភាពដែលរាជរដ្ឋាភិបាលនឹងប្រកាន់យកមកអនុវត្ត ដើម្បីសម្រេចគោលដៅជាយុទ្ធសាស្ត្ររបស់ខ្លួន នៅតាមផ្នែកដែលមានការពាក់ព័ន្ធនីមួយៗនេះ។

ហេតុនេះ ក្នុងគោលដៅសន្សំពេលវេលា នៅក្នុងការអធិប្បាយអំពីខ្លឹមសារ នៃយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី ៤ នៅតាមផ្នែកដែលមានការពាក់ព័ន្ធដូចបានគូសបញ្ជាក់ខាងលើ ខ្ញុំនឹងផ្តោតការយកចិត្តទុកដាក់ជារួម តែទៅលើ គោលដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នីតិកាលទី ៦ និងអំពីបណ្តា មុំយុទ្ធសាស្ត្រ នៅក្នុង ស្នូលនៃយុទ្ធសាស្ត្រក៏ដូចជានៅក្នុង បរិស្ថានគ្របដណ្តប់ និងនៅក្នុង ចតុកោណយុទ្ធសាស្ត្រ នីមួយៗប៉ុណ្ណោះ។ គ្មានការសង្ស័យទេថា នៅក្នុងឯកសារពេញលេញ មុំយុទ្ធសាស្ត្រ នីមួយៗ សុទ្ធតែមានគូសរំលេចច្បាស់លាស់អំពីបណ្តាវិធានការជាឤទិភាពជាក់ស្តែងទាំងឡាយ ដែលរាជរដ្ឋាភិបាលនឹងប្រកាន់យកមកអនុវត្ត ដើម្បីសម្រេចគោលដៅជាយុទ្ធសាស្ត្ររបស់ខ្លួន។

១. ស្នូលនៃយុទ្ធសាស្ត្រចតុកោណ គឺការបង្កើនល្បឿនកែទម្រង់អភិបាលកិច្ច

គោលដៅជាយុទ្ធសាស្ត្រនៃអភិបាលកិច្ច គឺការធ្វើទំនើបកម្មស្ថាប័នរដ្ឋ និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន សមធម៌ និងយុត្តិធម៌ តាមរយៈការអនុវត្តសិទ្ធិអំណាចរដ្ឋ ខាងផ្នែកនយោបាយ សេដ្ឋកិច្ច និងរដ្ឋបាល ក្នុងការដឹកនាំ គ្រប់គ្រង និងចាត់ចែងកិច្ចការរបស់ប្រទេសជាតិ ជាពិសេស ការធានានិរន្តរភាពនៃតួនាទី និងដំណើរការរដ្ឋបាលសាធារណៈ ដោយយកចិត្តទុកដាក់ទៅលើអត្ថប្រយោជន៍ប្រជាជនជាស្នូល និងលើការកសាងជាតិ។

លើមូលដ្ឋាននៃសមិទ្ធផលដែលសម្រេចបាន និងក៏ដូចជាបញ្ហាប្រឈមដែលនៅសេសសល់ ដើម្បីធានាធម្មានុរូបភាព  និងភាពជឿជាក់ពីសាធារណជន តាមរយៈការកសាងប្រព័ន្ធស្ថាប័នរដ្ឋ ឱ្យមានប្រសិទ្ធភាព ផលិតភាព ភាពឆ្លើយតប គណនេយ្យភាព និងតម្លាភាព រាជរដ្ឋាភិបាលនឹងផ្តោតឤទិភាពលើ៖ (១). ការកែទម្រង់ និងលើកកម្ពស់សមត្ថភាពស្ថាប័ន (២). ការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ (៣). ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ និង (៤). ការពង្រឹងអភិបាលកិច្ចវិស័យឯកជន។

២. បរិស្ថានគ្របដណ្តប់សម្រាប់ការអនុវត្តយុទ្ធសាស្ត្រទាំងមូល

បរិស្ថានគ្របដណ្តប់ល្អប្រសើរ គឺជាមូលដ្ឋានគ្រឹះសម្រាប់អនុវត្តប្រកបដោយជោគជ័យនូវឤទិភាព គោលនយោបាយតាមផ្នែកនៃ «ចតុកោណយុទ្ធសាស្ត្រ» ទាំង ៤ ដើម្បីធានាសម្រេចឱ្យបាននូវគោលដៅនៃការអភិវឌ្ឍ។ ជារួម រាជរដ្ឋាភិបាលនឹងបន្តផ្តោតឤទិភាពទៅលើការកសាងបរិយាកាសអំណោយផល ៤ យ៉ាង គឺ៖ (១) សន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សាធារណៈ (២) បរិស្ថានអំណោយផលសម្រាប់ធុរកិច្ច ការវិនិយោគ និងការអភិវឌ្ឍ (៣) ការពង្រឹងភាពជាម្ចាស់ ភាពជាដៃគូក្នុងការអភិវឌ្ឍ និងសហប្រតិបត្តិការអន្តរជាតិ និង (៤) ការពង្រឹងសមត្ថភាពកម្ពុជា ដើម្បីបន្តជំរុញសមាហរណកម្មខ្លួនចូលក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក។

៣. ចតុកោណយុទ្ធសាស្ត្រទាំង ៤

ចតុកោណទី ១-ការអភិវឌ្ឍធនធានមនុស្ស

ការអភិវឌ្ឍធនធានមនុស្ស ត្រូវបានចាត់ទុកជាឤទិភាពនៃយុទ្ធសាស្ត្រចតុកោណ ក្នុងគ្រប់ដំណាក់កាល។ ក្នុងនីតិកាលទី ៦ រាជរដ្ឋាភិបាលចាត់ទុកការអភិវឌ្ឍធនធានមនុស្ស ជាឤទិភាពទី ១ សំដៅបន្តជំរុញការកសាងសមត្ថភាពប្រកបដោយគុណភាព គុណធម៌ សហគ្រិនភាព ការច្នៃប្រឌិត និងនវានុវត្តន៍ លើគ្រប់ផ្នែកគ្រប់វិស័យ ទាំងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សីលធម៌ មនសិការស្នេហាជាតិ វិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវ ការលើកស្ទួយសុខភាពសាធារណៈ និងគុណភាពសេវាសុខាភិបាល និងការកសាងប្រព័ន្ធគាំពារសង្គមទូលំទូលាយ ដែលមានប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុសម្រាប់សង្គមទាំងមូល។ ដើម្បីគោលដៅនេះ រាជរដ្ឋាភិបាលនឹងបន្តផ្តោតឤទិភាពលើ៖ (១) ការពង្រឹងគុណភាពវិស័យអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (២) ការបណ្តុះបណ្តាលជំនាញបច្ចេកទេស (៣) ការលើកកម្ពស់សេវាសុខភាពសាធារណៈ និងឤហារូបត្ថម្ភ និង (៤) ការពង្រឹងសមភាពយេនឌ័រ និងការគាំពារសង្គម។

ចតុកោណទី ២-ការធ្វើពិពិធកម្មសេដ្ឋកិច្ច

ការធ្វើពិពិធកម្មសេដ្ឋកិច្ច ជាដំណើរការចាំបាច់នៃការបង្កើតជន្ទល់ឱ្យបានច្រើនសម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ច សំដៅពង្រីកការនាំចេញ ឬបង្កើតតម្លៃបន្ថែមពីសកម្មភាពសេដ្ឋកិច្ចដែលមានស្រាប់ ដើម្បីឤចរក្សាកំណើនសេដ្ឋកិច្ចនៅក្នុងកម្រិតខ្ពស់ ក្នុងរយៈពេលមធ្យម និងវែងខាងមុខ។ ការធ្វើពិពិធកម្មសេដ្ឋកិច្ចផ្តោតលើឤទិភាពចំនួន ៤ ដែលមានភាពប្រទាក់ក្រឡាគ្នាយ៉ាងជិតស្និទ្ធ និងបំពេញឱ្យគ្នាទៅវិញទៅមក គឺ៖ (១) ការកែលម្អប្រព័ន្ធឡូជីស្ទីក ការលើកកម្ពស់ការតភ្ជាប់ផ្នែកដឹកជញ្ជូន ថាមពល និងឌីជីថល (២) ការអភិវឌ្ឍប្រភពកំណើនសេដ្ឋកិច្ចគន្លឹះ និងថ្មីៗ (៣) ការរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី ៤ និង (៤) ការជំរុញការអភិវឌ្ឍ វិស័យហិរញ្ញវត្ថុ និងធនាគារ ។

ចតុកោណទី៣-ការអភិវឌ្ឍវិស័យឯកជន និងការងារ

ការអភិវឌ្ឍវិស័យឯកជន នៅតែបន្តជាឤទិភាពរបស់រាជរដ្ឋាភិបាល ក្នុងអភិក្រមអភិវឌ្ឍសេដ្ឋកិច្ចទីផ្សារ និងមានតួនាទីគន្លឹះ ក្នុងការជំរុញកំណើន និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ក្នុងស្មារតីនេះ ការអភិវឌ្ឍវិស័យឯកជន នឹងត្រូវបានអនុវត្តតាមរយៈវិធានការជាកញ្ចប់ និងគ្រប់ជ្រុងជ្រោយ ដោយគ្របដណ្តប់លើឤទិភាព ៤ យ៉ាង គឺ៖ (១) ការអភិវឌ្ឍទីផ្សារការងារ (២) ការលើកស្ទួយសហគ្រាសធុនតូច និងមធ្យម និងសហគ្រិនភាព (៣) ការរៀបចំ និងអនុវត្តភាពជាដៃគូរវាង វិស័យសាធារណៈ និងវិស័យឯកជន និង (៤) ការពង្រឹងការប្រកួតប្រជែង។

ចតុកោណទី៤-ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន

ទន្ទឹមនឹងការជំរុញកំណើនសេដ្ឋកិច្ចខ្ពស់ រាជរដ្ឋាភិបាលក៏បន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ជាពិសេសផ្សារភ្ជាប់ទៅនឹង «គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា»។ នៅក្នុងបរិការណ៍នេះ រាជរដ្ឋាភិបាលនឹងបន្តផ្តោតការយកចិត្តទុកដាក់លើ៖ (១) ការលើកស្ទួយវិស័យកសិកម្ម និងការអភិវឌ្ឍជនបទ (២)​ ការគ្រប់គ្រងធនធានធម្មជាតិ និងវប្បធម៌ ប្រកបដោយចីរភាព (៣)ការពង្រឹងការគ្រប់គ្រងនគរូបនីយកម្ម និង (៤) ការធានាចីរភាពបរិស្ថាន និងការរៀបចំខ្លួនឆ្លើយតបនឹងការប្រែប្រួលឤកាសធាតុ។

  1. សេចក្តីសន្និដ្ឋាន

ក្នុងរយៈពេល ១៥ ឆ្នាំ កន្លងទៅនេះ កម្ពុជាបានអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ១ ទី ២ និង ទី ៣ ដោយបានធ្វើឱ្យកម្ពុជាឈានទ្បើងទៅកានដំណាក់កាលថ្មីមួយទៀតកាន់តែខ្ពស់ត្រដែត នៅលើវិថីនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ តាមរយៈនេះ កម្ពុជាសម្រេចបានសមិទ្ធផលសំខាន់ៗ ដែលមានអត្ថន័យជាប្រវត្តិសាស្ត្រ រួមមាន៖

ទី១- ការធានាចីរភាពនៃសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ក៏ដូចជាការលើកស្ទួយនីតិរដ្ឋ ការលើកកម្ពស់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការលើកស្ទួយកិត្យានុភាពជាតិឱ្យខ្ពស់ត្រដែតនៅលើឆាកតំបន់ និងអន្តរជាតិ ការការពារបានដោយឥតរវាតនូវអធិបតេយ្យជាតិ ឯកភាពជាតិ និងបូរណភាពទឹកដី ព្រមទាំងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ និងការធានានូវផលប្រយោជន៍របស់ជាតិ នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ។

ទី២- ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាប្រមាណ ៧% ជាមធ្យម ក្នុងមួយឆ្នាំ ក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយ ប្រកបដោយចីរភាព បរិយាប័ន្ន និងធន់នឹងវិបត្តិ នៅលើមូលដ្ឋានកាន់តែទូលាយ និងមានសមត្ថភាពប្រកួតប្រជែង ព្រមទាំងមានផលិតភាព និងការប្រើប្រាស់ក្នុងស្រុកខ្ពស់ជាងមុន ក្នុងបរិការណ៍អត្រាអតិផរណាទាបជាង ៥% ជាមធ្យម ក្នុងមួយឆ្នាំ ដែលតាមរយៈនេះ បានធ្វើឱ្យកម្ពុជាប្រែក្លាយខ្លួនពីប្រទេសដែលមានចំណូលកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប។

ទី៣- ការកាត់បន្ថយអត្រានៃភាពក្រីក្របានលើស ១% ក្នុងមួយឆ្នាំ ការធ្លាក់ចុះនៃគម្លាតប្រាក់ចំណូលរបស់ប្រជាជន និងការធានាកែលម្អសូចនាករសំខាន់ៗ ក្នុងវិស័យសង្គមកិច្ច ពិសេសក្នុងវិស័យអប់រំសុខាភិបាល និងសមភាពយេនឌ័រ។

ទី៤- ការបង្កើនវិសាលភាព ប្រសិទ្ធភាព និងគុណភាពនៃសេវាសាធារណៈ ឱ្យកាន់តែប្រសើរទ្បើង ហើយទទួលបាននូវការជឿទុកចិត្តកាន់តែខ្លាំងឡើងពីសំណាក់ប្រជាជន។

លើមូលដ្ឋាននេះ រាជរដ្ឋាភិបាលនីតិកាលទី ៦ បានដាក់ចេញនូវ យុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី ៤ ដើម្បីឆ្លើយតបទៅនឹងបេសកកម្មជាប្រវត្តិសាស្ត្រដ៏ចម្បងពីរយ៉ាងរបស់ជាតិ គឺ៖ ទីមួយ ការបន្តដំណើរទៅមុខក្នុងជំនឿដ៏មុតមាំ សំដៅសម្រេចឱ្យបានពេញលេញ នូវគោលដៅការអភិវឌ្ឍប្រកបដោយចីរភាព និង ទីពីរ ការបង្កើតទ្បើងនូវបុរេលក្ខខណ្ឌចាំបាច់ និងបរិស្ថានអនុគ្រោះ ដើម្បីកសាងមូលដ្ឋានគ្រឹះរឹងមាំជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ សម្រាប់ដំណើរការផ្លាស់ប្តូរស៊ីជម្រៅរបស់កម្ពុជា ឈានទៅសម្រេចចក្ខុវិស័យជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។

ក្នុងគោលដៅនេះ យុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី ៤ បានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់នូវរបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ចកម្ពុជា សម្រាប់អនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី ៦ នៃរដ្ឋសភា ក្នុងរយៈពេល ៥ ឆ្នាំ ខាងមុខ ដែលផ្តោតទៅលើ «គោលដៅជាយុទ្ធសាស្ត្រ ៤» និង «ឤទិភាព ៤» ដូចបានគូសបញ្ជាក់ពីខាងដើម។ ដូច្នេះ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ យុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី ៤ នឹងនាំកម្ពុជាឱ្យបន្តដំណើរ ប្រកបដោយជវភាព ឈានទៅមុខកាន់តែស្វាហាប់ ដោយឆ្លងកាត់នូវរបត់ថ្មីៗ និងការផ្លាស់ប្តូរមុខមាត់ជាប្រវត្តិសាស្ត្រ នៅក្នុងទិដ្ឋភាពសំខាន់ៗ ដូចខាងក្រោម៖

ទី១- ការថែរក្សាយ៉ាងខ្ជាប់ខ្ជួននូវសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងទូទាំង ប្រទេស ការបង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច ការវិនិយោគ និងការអភិវឌ្ឍ ការពង្រឹងភាពជាម្ចាស់ ភាពជាដៃគូក្នុងការអភិវឌ្ឍ និងសហប្រតិបត្តិការអន្តរជាតិ ពិសេសការពង្រឹងសមត្ថភាពកម្ពុជាសម្រាប់សមាហរណកម្មទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក ដោយខិតខំប្រើប្រាស់ឱ្យបានប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវបណ្តាកាលានុវត្តភាព និងលក្ខខណ្ឌអំណោយផលទាំងឡាយ ដែលកើតចេញមកពីកិច្ចដំណើរការទាំងនេះ សំដៅទាក់ទាញប្រយោជន៍ជាអតិបរមាសម្រាប់កម្ពុជា។

ទី២- ការកែទម្រង់ដ៏ស៊ីជម្រៅទាំងឡាយ ដើម្បីអភិបាលកិច្ចល្អ ពិសេស ការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងការកែទម្រង់វិស័យកងកម្លាំងប្រដាប់ឤវុធ។

ទី៣- ការវិនិយោគលើ «មូលធនមនុស្ស» និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលផ្តោតលើការអភិវឌ្ឍធនធានមនុស្ស ទីផ្សារការងារ និងការគាំពារសង្គម ព្រមទាំងនគរូបនីយកម្ម និងបរិស្ថាន។

ទី៤- ការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការពង្រឹងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ឡូជីស្ទីក និងថាមពល ការអភិវឌ្ឍឧស្សាហកម្មគន្លឹះ ដោយផ្តោតលើការពង្រឹងផលិតភាព ការកែច្នៃ និងការប្រកួតប្រជែង ការជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម និងការជំរុញការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងធនាគារ។

ដូចនីតិកាលមុនដែរ «កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី ៦ នៃរដ្ឋសភា» និង «យុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី ៤» នឹងត្រូវបានអនុវត្តតាមរយៈ «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣» ដែលនឹងត្រូវបានដាក់ចេញក្នុងពេលដ៏ឆាប់ខាងមុខ។ ផែនការយុទ្ធសាស្ត្រនេះ នឹងកំណត់លម្អិតបន្ថែមនូវវិធានការ ផែនការសកម្មភាពតាមវិស័យ និងការបញ្ជាក់នូវការទទួលខុសត្រូវអនុវត្តរបស់ក្រសួងស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ទន្ទឹមនេះ, ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ ក៏នឹងត្រូវរៀបចំ នូវ​ «យុទ្ធសាស្ត្រកៀគរចំណូលរយៈពេលមធ្យម ឆ្នាំ ២០១៩-២០២៣» ដែលជាមូលដ្ឋានសម្រាប់ធានាប្រសិទ្ធភាពនៃការគ្រប់គ្រងប្រមូលចំណូល ដើម្បីឆ្លើយតបទៅនឹងតម្រូវការចំណាយរបស់រាជរដ្ឋាភិបាល នៅក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាល ទី ៤ នេះ។

បន្ថែមលើនេះ ដើម្បីធានានូវការអនុវត្តប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព និងនៅក្នុងភាពប្រទាក់ក្រឡាគ្នាគ្រប់ជ្រុងជ្រោយ ក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ ត្រូវរៀបចំក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ច និងហិរញវត្ថុសាធារណៈរយៈពេលមធ្យម សំដៅកំណត់តម្រូវការធនធាន និងហិរញ្ញប្បទាន រយៈពេលបីឆ្នាំរំកិលទៅមុខ ឱ្យបានជាក់លាក់។ បន្ទាប់មក ក្រសួង-ស្ថាប័ននីមួយៗ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវរៀបចំ «ផែន​ការយុទ្ធសាស្ត្រថវិកា» របស់ខ្លួន ដើម្បីធានាការផ្សារភ្ជាប់ថវិកា ទៅនឹងឤទិភាពគោលនយោបាយ ដែលមានចែងនៅក្នុងយុទ្ធសាស្ត្រចតុកោណ និង «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ» ដោយកំណត់ឱ្យកាន់តែច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ អំពីគោលបំណង គោលនយោបាយ ព្រមទាំងរចនាសម្ព័ន្ធកម្មវិធី ដែលនឹងត្រូវយកទៅអនុវត្តក្នុងក្របខ័ណ្ឌនៃថវិកាសមិទ្ធកម្ម ស្របតាម «យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ ២០១៨-២០២៥»។ ជាជំហានបន្ត «ផែនការយុទ្ធសាស្ត្រថវិកា» របស់ក្រសួង-ស្ថាប័ន នឹងត្រូវបានយកទៅផ្គូផ្គងជាមួយក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ច និងក្របខណ្ឌហិរញ្ញវត្ថុសាធារណៈ ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ពិចារណារៀបចំការវិភាជថវិកាប្រចាំឆ្នាំ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព សំដៅឆ្លើយតបទៅនឹងឤទិភាពគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ដូច្នេះ ថវិកាប្រចាំឆ្នាំ គឺជាឧបករណ៍ចម្បងបំផុត សម្រាប់សម្រេចឱ្យបាននូវគោលដៅទាំងឡាយ ដែលត្រូវបានដាក់ចេញមកនៅក្នុង «យុទ្ធសាស្ត្រចតុកោណ-ដំណាក់កាល ទី ៤»។ ក្នុងការអនុវត្តជាក់ស្តែង ការតាមដាន ការត្រួតពិនិត្យ និងការវាយតម្លៃការអនុវត្តយុទ្ធសាស្ត្រចតុកោណ នឹងត្រូវបានធ្វើឡើងដោយប្រើប្រាស់យន្តការនៃការអនុវត្តថវិកា តាមរយៈការពង្រឹងការអនុវត្តថវិកាកម្មវិធី និងការអនុវត្ត «ថវិកាព័ត៌មានសមិទ្ធកម្ម»

ផ្អែកលើសមិទ្ធផលសម្រេចបានកន្លងមក ផ្អែកលើសក្តានុពលដ៍ធំធេងរបស់កម្ពុជា ឆន្ទៈដ៏មោះមុត និងទេព​កោសល្យរបស់ប្រជាជនកម្ពុជា ព្រមទាំងផ្អែកលើសមត្ថភាពក្នុងការរៀនសូត្រ ការដកស្រង់នូវបទពិសោធន៍ ការតម្រឹម ការបន្សាំ និងការចេះជ្រើសយកវិធានការចាំបាច់របស់រាជរដ្ឋាភិបាល និងរបស់ប្រជាជនកម្ពុជាទាំងមូល រួមជាមួយនឹងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវដែលបានដាក់ចេញមកនេះ រាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំថា កម្ពុជានឹងជម្នះបាននូវបញ្ហាប្រឈម និងឧបសគ្គទាំងឡាយ នៅលើមាគ៌ាឆ្ពោះទៅកាន់វឌ្ឍនភាព វិបុលភាព និងភាពថ្កើងថ្កានរុងរឿង ហើយកសាងបានដោយជោគជ័យ នូវមូលដ្ឋានគាំទ្រសំខាន់ៗសម្រាប់ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ២០៥០។

សម្តេច, ឯកឧត្តម, លោកជំទាវ, សមាជិក-សមាជិកា នៃអង្គគណៈរដ្ឋមន្ត្រីទាំងមូល !

ខ្ញុំបានដាក់ចេញនូវ យុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី ៤ ដែលជារបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ច នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី ៦ នៃរដ្ឋសភា។ យុទ្ធសាស្ត្រនេះ គឺជាមាគ៌ារយៈពេលមធ្យមមួយ ដើម្បីឈានទៅសម្រេចបាននូវបំណងប្រាថ្នារយៈពេលវែងរបស់ប្រជាជនកម្ពុជា ក្នុងការក្តាប់យកមកវិញ នូវមោទនភាពជាតិ និងកសាងជាតិមួយដ៏រស់រវើក មានអនាគតដ៏រុងរឿង ភ្លឺស្វាង និងត្រចះត្រចង់ ជារដ្ឋអធិបតេយ្យមួយរឹងមាំ ដែលគោរពខ្ជាប់ខ្ជួននូវគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ មានសន្តិភាព មានកិត្យានុភាពខ្ពស់ត្រដែតលើឆាកអន្តរជាតិ ជាប្រទេសមានចំណូលខ្ពស់ មានសេដ្ឋកិច្ចរឹងមាំ ធន់នឹងវិបត្តិ និងមានសង្គមបរិយាប័ន្ន។

ខ្ញុំសូមអំពាវនាវដល់ដៃគូអភិវឌ្ឍទាំងអស់ ដែលក្នុងនោះ រួមមាន ដៃគូទ្វេភាគី និងពហុភាគី វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការនៅតាមបណ្តាក្រសួង និងស្ថាប័ននានា អង្គនីតិបញ្ញត្តិ អង្គនីតិប្រតិបត្តិ តុលាការ កងកម្លាំងប្រដាប់ឤវុធ និងឤជ្ញាធរដែនដី ក៏ដូចជាជនរួមជាតិទាំងអស់ សូមផ្តល់ការគាំទ្រ និងយកចិត្តទុកដាក់ខ្ពស់ ប្រកបដោយឆន្ទៈមនសិកាស្នេហាជាតិ និងការតម្កល់ផលប្រយោជន៍ប្រជាជនជាធំ ចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោលនយោបាយ និងកម្មវិធីនានា នៅក្នុងក្របខណ្ឌនៃយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី ៤ នេះ។

ខ្ញុំសូមបញ្ជាក់សាជាថ្មីម្តងទៀតថា ប្រជាជនកម្ពុជាបានបោះឆ្នោតផ្តល់ជំនឿទុកចិត្តមកលើយើងទាំងអស់គ្នា ដើម្បីដឹកនាំប្រទេសជាតិ និងបម្រើប្រជាជនក្នុងរយៈពេល ៥ ឆ្នាំបន្តទៀត។ ទំនុកចិត្តនេះជាការលើកទឹកចិត្តដ៏មហិមា ចំពោះការងាររបស់រាជរដ្ឋាភិបាល ដោយយើងត្រូវមានកាតព្វកិច្ចរែកពន់ការទទួលខុសត្រូវ ដើម្បីធានាឱ្យបាននូវសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាព សម្រាប់បំពេញតាមបំណងប្រាថ្នារបស់ប្រជាជន។ យើងទាំងអស់គ្នាត្រូវប្តេជ្ញាប្រឹងប្រែងយ៉ាងខ្លាំងក្លាបំផុត និងឱ្យអស់ពីសមត្ថភាព ក្នុងនាមជាសហសេវិកក្នុងរាជរដ្ឋាភិបាល ដែលប្រកបដោយសាមគ្គីភាព កិច្ចសហការល្អ និងសុខដុមរមនា ដើម្បីដោះស្រាយបញ្ហាប្រឈមនានានៅចំពោះមុខ ឆ្លើយតបចំពោះទំនុកចិត្តនេះ និងបំពេញនូវបេសកកម្មនេះ ដោយមិនរួញរា។

ខ្ញុំសូមជំរុញលើកទឹកចិត្តដល់សហសេវិកទាំងអស់ ឱ្យបំពេញភារកិច្ចរៀងៗខ្លួនតាមស្មារតីនេះ។ ពិតណាស់​ថា សមត្ថភាពបុគ្គលម្នាក់ៗមានដែនកំណត់រៀងៗខ្លួន ប៉ុន្តែ កិច្ចខិតខំប្រឹងប្រែងបម្រើប្រជាជនដោយស្មោះ ពិតជាគ្មានដែនកំណត់ទេ។ យើងត្រូវរួបរួមសាមគ្គីជាធ្លុងមួយ ដែលតាមនេះពិតជាគ្មានការលំបាក ឬឧបសគ្គណាដែលយើងមិនឤចពុះពារបាននោះឡើយ។ ក្នុងស្មារតីនេះ យើងត្រូវជំរុញអនុវត្តនូវសកម្មភាពប្រទាក់ក្រឡាគ្នា ប្រកបដោយចីរភាពជាប់មិនដាច់ នៅក្នុងគ្រប់ការដ្ឋានទាំងអស់ ដើម្បីសម្រេចបានវឌ្ឍនភាពនៅក្នុងបេសកកម្មនេះ។ ជាក់ស្តែង គ្មានគោលដៅអ្វី សំខាន់ជាងគោលដៅនៃការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននោះទេ ហើយក៏គ្មានភារកិច្ចអ្វី ដែលត្រចះត្រចង់ជាងនេះដែរ។ នៅក្នុងការបោះឆ្នោតលើកនេះ ប្រជាជនកម្ពុជាទាំងមូលបានផ្តល់ការទុកចិត្តជាប្រវត្តិសាស្ត្រដ៏ធំធេងបំផុត ដល់យើងទាំងអស់គ្នា។ ដូច្នេះ ការទន្ទឹងរង់ចាំទទួលពីយើងទាំងអស់គ្នាទៅវិញ នូវការឆ្លើយតបប្រកបដោយប្រសិទ្ធភាព ទៅនឹងបំណងប្រាថ្នារបស់ប្រជាជនដែលជាម្ចាស់ឆ្នោត ពិសេសតាមរយៈការអនុវត្តឱ្យចេញជាលទ្ធផលជាក់ស្តែង ប្រកបដោយប្រសិទ្ធភាពនូវ «កម្មវិធីនយោបាយ» និង «យុទ្ធសាស្ត្រចតុកោណ» នេះ ក៏ពិតជាមានកម្រិតខ្ពស់បំផុតដូចគ្នាដែរ។ ប្រជាជនកម្ពុជានឹងចងចាំយើង ហើយនឹងបន្តជឿទុកចិត្តលើយើង គឺមិនមែនដោយសារតែវោហាសាស្ត្ររបស់យើងនោះទេ, ប៉ុន្តែ គឺដោយសារស្នាដៃជាក់ស្តែង និងសមិទ្ធផលសំខាន់ៗ ដែលយើងសម្រេចបាន។ ក្នុងស្មារតីនេះ ជាថ្មីម្តងទៀត ខ្ញុំសូមឱ្យសហសេវិកទាំងអស់ យកយុទ្ធសាស្ត្រនេះ ទៅអនុវត្តក្នុងទឹកចិត្តស្មោះត្រង់ និងឆន្ទៈប្តូរផ្តាច់បំផុត ខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយ ចិត្ត និងប្រាជ្ញា ដោយស្មារតីប្រុងប្រយ័ត្ន ដឹកនាំស្ថាប័នរបស់ខ្លួនឱ្យបានល្អ ដោះស្រាយបញ្ហាឱ្យមានប្រសិទ្ធភាព ខិតខំកែប្រែនូវឤកប្បកិរិយា ទម្លាប់ការងារមិនល្អចោល ហើយត្រូវរក្សាទំនាក់ទំនងល្អ យកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាជន និងចុះជាប់ជួយប្រជាជន។ យើងមិនត្រូវធ្វើឱ្យប្រជាជនខកចិត្ត ដោយសារទង្វើអសកម្ម និងការខុសឆ្គងរបស់យើងនោះទេ។ ប្រសិនបើមិនបានជួយអ្វីដល់ប្រជាជន សូមមេត្តាកុំធ្វើឱ្យប្រជាជនស្រក់ទឹកភ្នែក ទទួលរងការឈឺចាប់ និងរងគ្រោះ ដោយសារទង្វើខុសឆ្គងរបស់មន្ត្រីយើង។

ជាទីបញ្ចប់ ខ្ញុំសូមប្រសិទ្ធពរជូនដល់សហសេវិកទាំងអស់ នូវពុទ្ធពរ និងពរទាំង ៥ ប្រការ គឺ ឤយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ ព្រមទាំងសូមសម្រេចបានជោគជ័យ ក្នុងគ្រប់ភារកិច្ចជូនជាតិ មាតុភូមិ និងប្រជាជនយើង។

ខ្ញុំសូមប្រកាសដាក់ឱ្យអនុវត្ត យុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី ៤ ចាប់ពីពេលនេះតទៅ។

សូមអរគុណ !

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ