សម្រង់សុន្ទរក​ថា​​សម្ដេច​តេជោ ហ៊ុន សែន ថ្លែងក្នុងពិធីអបអរសាទរកីឡាការិនី ខាន់ ចេសា និងកីឡាករ សាលី អ៊ូមើត ជ័យលាភីមេដាយមាស ក្នុងការប្រកួតកីឡាអាស៊ីទី ១៨ នៅហ្សាកាតា-ប៉ាឡាំបាំង

CNV: 

បានសន្យាមុនចេញទៅប្រកួត “ជួបគ្នាលុះត្រាមានមេដាយមាសមួយ”

ថ្ងៃនេះ យើងជួបជុំគ្នានៅទីនេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងមូល ខ្ញុំសូមសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះវីរកីឡាការនី កញ្ញា ចាន់ ចេសា ដែលជាជ័យលាភីមេដាយមាសពីកីឡាអាស៊ី។ សូមងើបឈរឡើង។ ក៏សូមស្វាគមន៍ ចំពោះលោកវីរកីឡាករ សាលី អ៊ូមើត ដែលបានមេដាយមាស និងមេដាយសំរឹទ្ធិពីកីឡាអាស៊ី។ សូមអញ្ជើញឡើងមកខាងមុខ ដើម្បីអោយគេឃើញបន្តិច។ កាលពី ១៨ ថ្ងៃមុន យើងបានជួបជុំគ្នានៅទីនេះ ក្នុងពេលដែលខ្ញុំជូនដំណើរកីឡាករ/ការនី គ្រូបង្វឹក ក៏ដូចជាថ្នាក់ដឹកនាំ ដើម្បីទៅ​ចូលរួមការប្រកួតកីឡាអាស៊ីនៅប្រទេសឥណ្ឌូនេស៊ី។ ១៨ ថ្ងៃក្រោយ យើងក៏ជួបជុំគ្នានៅទីនេះម្ដងទៀត។ ដូច​ដែលខ្ញុំបានបញ្ជាក់កាលពីក្មួយៗចេញដំណើរថា យើងនឹងជួបគ្នាលុះត្រាតែមានមេដាយមាសមកជាមួយ។

ត្រូវរង់ចាំរហូតដល់ ៦៤ ឆ្នាំ ទើបទទួលបានមេដាយ ៤

លើកនេះ ក្មួយៗពិតជាធ្វើអោយប្រទេសជាតិរបស់យើងមិនខកបំណងនោះទេ។ យើងអង្គុយរង់ចាំបែបនេះអស់រយៈពេល ៦៤ ឆ្នាំ រួចមកហើយ។ មុននេះ ៦០ ឆ្នាំ យើងរង់ចាំនូវមេដាយមាសទី ១ ដែលនាំមកដោយវីរកីឡាការនី​ ស៊ន សៀវម៉ី កាលពីឆ្នាំ ២០១៤។ ដល់ឆ្នាំ ២០១៨ នេះ គ្រប់ ៦៤ ឆ្នាំ យើងទទួលបាននូវមេដាយមាស ២ ទៀត បន្ថែមទៅដោយមេដាយសំរឹទ្ធិ ១។ សរុបទៅ ៦៤ ឆ្នាំនេះ យើងទទួលបានមេដាយត្រឹមតែ ៤ តែប៉ុណ្ណោះ។ ពេលនេះ ក្មួយៗទាំង ២ នាក់ ក៏ដូចជា រួមជាមួយនឹង ស៊ន សៀវម៉ី ព្រមទាំងការគាំទ្រទាំងឡាយ ពីស្ថាប័នរដ្ឋ ពីប្រជាជនកម្ពុជា ជាអ្នកបង្កើតប្រវត្តិសាស្ត្រនេះឡើង។​

ខិតខំបង្កើតនូវប្រវត្តិសាស្ត្រ

សង្ឃឹមថា ប្រវត្តិសាស្ត្រនឹងកត់ត្រាទុកជាមួយនឹងអ្វីដែលក្មួយៗបានធ្វើនោះដែរ មិនមែនអ្នកណាក៏ចេះតែសរសេរប្រវត្តិសាស្ត្រនោះទេ មានអ្នកខ្លះគេអាចបំភ្លៃប្រវត្តិសាស្ត្របាន ក៏ប៉ុន្តែ រឿងយើងដែលបានធ្វើ និងធ្វើនៅថ្ងៃនេះ គ្មានអ្នកណាផ្លាស់ប្តូរប្រវត្តិសាស្រ្តបានទេ។ ប៉ុន្តែ មុននឹងធ្វើអោយអ្នកសរសេរប្រវត្តិសាស្រ្តគេសរសេរពីយើងៗត្រូវខិតខំបង្កើតនូវប្រវត្តិសាស្ត្រនោះឡើង ដូចជាក្មួយ ចាន់ ចេសា ក៏ដូចជាក្មួយ សាលី អ៊ូមើត ដែលបានបង្កើតប្រវត្តិសាស្រ្តនេះឡើង ចាប់ផ្ដើមពីសាម៉ីខ្លួន រហូតដល់អ្នកសរសរប្រវត្តិសាស្ត្រ។

កម្ពុជាបានឆ្លងកាត់រយៈកាលដ៏យូរ។ បើនិយាយពីឆ្នាំ រហូតទៅដល់ជាង ៦៤ ឆ្នាំ។ បើនិយាយពីទសវត្សរ៍រហូតទៅដល់ ៦ ទសវត្សរ៍។ បើនិយាយពីសតវត្សរ៍ គឺជាងកន្លះសតវត្សរ៍ ទើបមានមេដាយមាស។ អញ្ចឹងមានន័យថា យើងបានខិតខំប្រឹងប្រែងងើបឈរឡើងពីការលំបាក។ កាលពីទទួល ស៊ន សៀវម៉ី រហូតដល់ម៉ោង ១២ យប់ ឯណោះ។ ឯចិនវិញទទួលបានមេដាយរហូតទៅដល់ ២២៤ គ្រឿង ក្នុងនោះ មេដាយមាស ចំនួន ១០៦ គ្រឿង។ ជប៉ុនទទួលបាន(មេដាយរហូតទៅដល់) ១៦៤ គ្រឿង (ក្នុងនោះ) មេដាយមាស (ចំនួន) ៥៣ គ្រឿង។ កូរ៉េខាងត្បូងទទួលបាន (មេដាយរហូតទៅដល់) ១៣៣ គ្រឿង (ក្នុងនោះ)មេដាយមាស (ចំនួន) ៣៧ គ្រឿង …។

ធ្វើដោយផ្ទាល់ដៃ ទើបដឹងថាមានតម្លៃប៉ុណ្ណា

ខ្ញុំសូមបញ្ជាក់ថា ចាប់ផ្ដើមពី(មេដាយមាស)មួយហ្នឹងហើយដែលយើងត្រូវអរ។ ដូចកាលពីពេលមុននោះ ស្ពានអាកាសទី ១ នៅក្បាលថ្នល់។ ខ្ញុំអរដើម្បីនឹងបានទៅសម្ពោធ បែរជាមានគេឌឺអោយខ្ញុំថា ប្រទេសគេមានរាប់រយគេមិនទាំងអួតផង? … ដោយសារតែមានតែមួយហ្នឹងហើយបានខំអួតនោះ បើមានច្រើនចាំអួតធ្វើអី? … ដូចជានៅសហរដ្ឋអាមេរិក ឬក៏នៅបារាំង ស្ពានអាកាសគេរាប់រយរាប់ពាន់គេចាំបាច់អួតធ្វើអី? ព្រោះ​អាអ្នកមុនវាធ្វើមក អាអ្នកក្រោយវាចាំទទួល វាចាំបាច់អួតអីទៀត? ឯចំពោះយើង យើងធ្វើដោយផ្ទាល់ដៃរបស់យើង ទើបយើងដឹងថាតម្លៃរបស់វាប៉ុនណា។ ដល់ទៅពេលក្រោយទៅ ស្ពានអាកាសឡើងដល់ ១០, ២០, ៣០ ឡើងដល់រយទៅ គេលែងអួតហើយ ព្រោះវាមានច្រើនហើយចាំបាច់អួតធ្វើអីទៀត? កាល(ពេល) ស៊ន សៀវម៉ី នាំមកមួយ យើងប្រឹងអួត។ ឥឡូវ នាំមក ២ ទៀត ប្រឹងអួតទៀត … លទ្ធភាពរបស់យើងវាប៉ុណ្ណឹង។ វាពូកែណាស់ទៅហើយ ៦៤ ឆ្នាំ ទើបមានមេដាយបែបនេះ។

មិនទាន់យកបានមេដាយពីអូឡាំពិក 

អស់លោកជាជនជាតិបរទេស ដែលបានជួយជាគ្រូបង្វឹក និងជួយឧបត្ថម្ភ សូមអស់លោកជ្រាបថា មិនមែនគ្រាន់តែខ្លួនខ្ញុំម្នាក់ទេ ក៏ប៉ុន្តែប្រជាជាតិមួយនេះ អរគុណចំពោះអស់លោក ដែលបានជួយបណ្ដុះបណ្ដាល ហ្វឹកហាត់ និងការជួយឧបត្ថម្ភនានា សម្រាប់ការរីកលូតលាស់នៃកីឡា​របស់កម្ពុជា។ នេះបង្ហាញអោយឃើញ អំពីការឈានឡើងរបស់យើងនៅក្នុងវិស័យកីឡា ដែលមិនមែនជាការខិតខំចុងក្រោយរបស់យើងទេ។ យើងត្រូវមានជំហានឈានតាមលំដាប់។ កាលមុននេះ កម្រណាស់ដែលយើងយកមេដាយពីស៊ីហ្គេម។ យើងយកមេដាយពីកម្រិតអាស៊ី យើងយកមេដាយពីកម្រិតពិភពលោក ទៅលើវិញ្ញាសាខ្លះ។ ប៉ុន្តែ យើងមិនទាន់មានមេដាយណាមួយចេញពីអូឡាំពិកទេ។ យើងត្រូវបន្តការខិតខំរបស់យើងជាបន្តទៀត។

អរគុណ ឪពុកម្តាយ ខាន់ ចេសា អនុញ្ញាតអោយកូនប្រកួតជាជម្រើសជាតិកម្ពុជា

ខ្ញុំពិតជាមានការសប្បាយរីករាយ ដោយចៅស្រី ហៅក្មួយស្រីវាមិនសមទេ ទើបនឹងអា​យុ ១៧ ឆ្នាំ គឺស្មើនឹងចៅរបស់តា ក៏ប៉ុន្តែ(ចៅបានក្លាយជា) វីរកីឡាការិនី ដែលទទួលបាននូវមេដាយមាសក្នុងវិញ្ញាសា ខ្ញុំពិតជាពិបាកហៅណាស់ ជឺជិតស៊ូ (Jujutsu)។ បើយោងទៅលើប្រវត្តិនេះ​ ខ្មែរក៏មិនច្បាស់ជាខ្មែរ អាមេរិកកាន់តែលែងជាអាមេរិកទៅទៀត គឺជាម៉ិចស៊ិចទៅវិញ។ អញ្ចឹង បានជាយើងពិនិត្យមើល។ ប៉ុន្តែ រឿងបញ្ហាជនជាតិអីវាមិនសំខាន់ទេ។ បើ​យោងទៅលើផ្លូវច្បាប់ ឪពុកជាជនជាតិអីគេយកជនជាតិនោះ(តាមឪពុក)។ ក៏ប៉ុន្តែ ទាំងឪពុកក៏បានទៅចូលសញ្ជាតិអាមេរិក ទាំងម្តាយជនជាតិម៉ិចស៊ិច ក៏ទៅចូលសញ្ជាតិអាមេរិក។ ឥឡូវ ក៏​នៅប្រទេសអាមេរិក។ ប៉ុន្តែ ចៅស្ម័គ្រចិត្តមកប្រកួតអោយជម្រើសជាតិកម្ពុជា។ ចាត់ទុកថាជាភ័ព្វសំ​ណាង​របស់កម្ពុជា។

តាមរយៈចៅ តាផ្ញើផ្តាំសួរសុខទុក្ខ​ និងអរគុណចំពោះឪពុក/ម្តាយ ដែលផ្តល់ការអនុញ្ញាត​អោយកូនបានមកទទួលធ្វើជាជម្រើសជាតិ ដើម្បីប្រកួតអោយកម្ពុជា។ បើយោងទៅលើប្រវត្តិ ដែល​ចៅទទួលបានមេដាយនេះ គឺមានមេដាយមាសតាំងពីពានរង្វាន់អឺរ៉ុប។ មេដាយមាសនោះវាច្រើនពេកហើយ។ អញ្ចឹង​ទេ វាជាភ័ព្វសំណាង(របស់កម្ពុជា) ប្រហែលជាឪពុក និងមានការលើកទឹកចិត្តពីម្តាយរបស់ចៅផងដែរ ដែលបានលើកទឹកចិត្តអោយកូនមកប្រកួតជាជម្រើសជាតិរបស់កម្ពុជា លើកកិត្តិយសរបស់កម្ពុជាឡើង។ សង្ឃឹមថា ចៅនឹងបន្តការចូលរួមប្រកួតក្នុងឋានៈជាជម្រើសជាតិរបស់កម្ពុជា។ បើសិនអាចធ្វើទៅរួច បើសិនជាមានវិញ្ញាសានេះនៅក្នុងស៊ីហ្គេម ២០២៣ ពេលនោះ ចៅក៏មិនទាន់ហួសអាយុនៅឡើយទេ។

កីឡាករម៉ូតូទឹក សាលី អ៊ូមើត នាំមេដាយមាសមកអោយកម្ពុជា

ចំពោះលោក សាលី អ៊ូមើត (ជា)អ្នកក្បាលបឹងសេះ មិនឆ្ងាយពីកន្លែងដែលខ្ញុំរស់នៅទេ។ តាមប្រវត្តិរបស់ អ៊ូមើត នេះ ធ្លាប់នៅពពេល។ (ពពេល)ក៏នៅតែមិនឆ្ងាយ។ ហើយក៏អ្នកធ្លាប់រៀននៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន នៅមេមត់។ ដូច្នេះក៏នៅមិនឆ្ងាយទេ។ ប៉ុន្តែ ដោយសារការស្រឡាញ់នូវប្រភេទកីឡានេះ ថ្ងៃនេះ ក៏ទទួលបានជោគជ័យក្នុងឋានៈជាអ្នកដែលប្រណាំងម៉ូតូលើទឹក ហើយដែលផ្នែកនេះអាចចាត់ទុកថា ជាការខិតខំមួយ នៃការរួមចំណែកដើម្បីលើកតម្កើង​ប្រទេសជាតិរបស់យើង។

មេដាយមាសទាំង ២ ជាកិត្តិយសរួមរបស់ជាតិ

កិត្តិយសដែលអ្នកទាំងពីរទទួលបាននៅថ្ងៃនេះ មិនមែនគ្រាន់តែជាបញ្ហាផ្ទាល់ខ្លួនរបស់អ្នកទាំងពីរទេ ប៉ុន្តែ នេះជាកិត្តិយសរបស់ជាតិ។ ដូច្នេះ បានជាការកំណត់គ្រប់ប្រភេទកីឡា ដែលទទួលបាននូវពានរង្វាន់ខ្នាតអន្តរជាតិ សុទ្ធតែទទួលការអមដោយម៉ូតូអម (ដែល)មិនមែនអ្នកណាក៏ចេះតែមានម៉ូតូអមទេ។ បើយោងតាមការកំណត់ មានតែឥស្សរជន ២ នាក់គត់ ដែលត្រូវមានម៉ូតូអម។ ទី ១.  ព្រះមហាក្សត្រ។ ទី ២. នាយករដ្ឋមន្រ្តី។ បើប្រទេសមានប្រធានាធិបតី គឺមានប្រធានាធិបតីតែមួយគត់។ បើប្រទេសមានប្រមុខរដ្ឋផង មាននាយករដ្ឋមន្រ្តីផង គឺ(មានម៉ូតូអមសំរាប់)ប្រមុខរដ្ឋ និងនាយករដ្ឋមន្រ្តី។ អមហ្នឹងមិនមែនអមចៅទេ អមមេដាយ។ ដោយសារតែចៅជាអ្នកពាក់មេដាយហ្នឹង ចៅត្រូវទទួល ព្រោះចៅជាអ្នកយកមក។ អញ្ចឹងទេ បានជាយើងមានការលើកទឹកចិត្តធំណាស់។ នេះជាតម្លៃរបស់ជាតិរបស់យើងទាំងមូល ដែលយើងត្រូវរួមគ្នាមោទនភាព។

បក្សនយោបាយនានា គួរអបអរសាទរដល់កីឡាករ/ការិនីរបស់យើង

… បក្សនយោបាយនានាមិនគួរនឹងធ្វើការរើសអើង គ្រាន់តែពាក្យអបអរសាទរ សម្រាប់ជ័យលាភីទទួល​មេដាយមាស សម្រាប់ជាតិរបស់ខ្លួននោះទេ។ ខ្ញុំសង្ឃឹមយ៉ាងដូច្នេះទៅចុះ។ ប៉ុន្តែ ពីអតីតកាលមិនដែលលឺសូរបក្សប្រឆាំងណាគេអបអរសាទរបែបនេះទេ ព្រោះការអបអរសាទរទៅ វាស្មើនឹងតម្លៃលើកចំពោះរដ្ឋាភិបាល ហ៊ុន សែន។ ក៏ប៉ុន្តែ នេះមិនមែនជាបញ្ហាដាច់ដោយឡែករបស់ខ្ញុំទេ តែជាបញ្ហារួមរបស់ប្រទេសជាតិរបស់យើង។ ព្រះមហាក្សត្រជាទីសក្ការៈរបស់យើង ព្រះអង្គជ្រាបពីរឿងនេះ ព្រះអង្គក៏អបអរសាទរចំ​ពោះរឿងនេះ។ សម្តេចម៉ែ ព្រះវររាជមាតាជាតិខ្មែររបស់យើង នៅពេលដែលព្រះអង្គទ្រង់ជ្រាបអំពីរឿងនេះ ព្រះអង្គក៏សប្បាយព្រះទ័យទៅលើរឿងនេះដែរ។ ដូច្នេះ សង្ឃឹមថា ជាតិយើងទាំង មូលនឹងទទួលបាននូវកិត្តិ​យស តាមរយៈការប្រឹងប្រែងរបស់កីឡាករ/ការិនីរបស់យើង។

មុនទៅប្រកួត ផ្តាំ (១) កុំប្រើសារធាតុហាមឃាត់ (២) កុំបំពានលើវិធាននៃការប្រកួត

ជាមួយនឹងមេដាយដែលយើងទទួលបាន កិត្តិយសជាតិរបស់យើងត្រូវបានលើកតម្កើង តាមរយៈការផ្តែផ្តាំ រាល់ការមុនចេញដំណើររបស់កីឡាករ/ការិនីរបស់យើង ខ្ញុំតែងតែផ្តាំថា “កុំប្រើប្រាស់នូវសារធាតុដែលមានការហាមឃាត់ ដែលវាជាការបំពានទៅលើច្បាប់”។ កីឡាករ/ការិនីរបស់យើងមិនបានប្រើប្រាស់ទេ។ មួយទៀត “កុំបំពានទៅលើវិធាននៃការប្រកួត បើទោះបីជាចាញ់ៗដោយកិត្តិយស ឈ្នះៗដោយកិត្តិយស”។ កីឡារករ​/ការិនីរបស់យើងពិតជាបានខិតខំ ហើយក្មួយៗកីឡាករ/ការិនីដទៃទៀត ដែលមិនបានទទួលមេដាយនៅពេលនេះ ក៏សូមមេត្តាកុំអស់សង្ឃឹម ហើយត្រូវបន្តការហ្វឹកហាត់ជាបន្តទៀត។ ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ត្រូវបន្តការខិតខំធ្វើអោយកីឡាគ្រប់ប្រភេទបន្តការរីកចម្រើនតទៅទៀត។ ប៉ុណ្ណេះវាមិនទាន់គ្រប់គ្រាន់ទេ យើងត្រូវការមេដាយមាសច្រើនជាងនេះ ដើម្បីនាំមកនូវកិត្តិ​យសជាតិរបស់យើង …។

កើតក្នុងប្រទេសក្រីក្រ ធ្វើអោយមានអ្នកប្រមាថមើលងាយជាតិសាសន៍យើង

… គ្រាន់តែយើងកើតនៅក្នុងប្រទេសក្រីក្រប៉ុណ្ណោះ ដែលធ្វើអោយមានអ្នកខ្លះប្រមាថមើលងាយចំពោះ(ជាតិសាសន៍)យើង។ ក៏ប៉ុន្តែ ខួរក្បាលរបស់គេមិនប្រាកដថាពូកែជាងយើងទេ។ ខ្ញុំហ៊ាននិយាយយ៉ាងដូច្នេះ​។ ខ្ញុំធុញទ្រាន់នឹងការប្រមាថពីប្រទេសអ្នកមានខ្លាំងណាស់ ប៉ុន្តែ ខ្ញុំក៏សូមផ្ញើសារអោយអ្នកឯងត្រឡប់ទៅវិញថា អ្នកឯងគ្រាន់តែមានសំណាង កើតនៅលើក្នុងប្រទេសអ្នកមានតែប៉ុណ្ណោះ ប៉ុន្តែ ខួរក្បាលអ្នកឯងមិនប្រាកដថាពូកែជាងខ្ញុំទេ។ ដូនតារបស់ខ្ញុំធ្វើអង្គរវត្តបានតាំងពីជាង ១ ពាន់ឆ្នាំមុនឯណោះ? អ្នកឯងត្រូវយល់។ តាំងពីជាតិសាសន៍ខ្លះមិនទាន់បានចាប់កំណើតជាជាតិសាសន៍ផង។ យើងមិនមោទនភាពជ្រុល ប៉ុន្តែយើងក៏មិនអនុញ្ញាតអោយនរណាមើលងាយយើងទេ។ យើងក៏ហ៊ានប្រដៅគេដោយត្រង់ៗថា អ្នកឯងគ្រាន់តែមានភ័ព្វសំណាងបានកើតក្នុងប្រទេសអ្នកមាន ប្រទេសធំតែប៉ុណ្ណឹង។ ប៉ុន្តែ អោយខួរក្បាលអ្នកឯងឆ្លាតជាងខ្ញុំមិនប្រាកដទេ។ មានជនបរទេសខ្លះ គេបានប្រមាថមើលងាយលើយើង ប៉ុន្តែ សួរគេសមត្ថភាពដល់ណា? ពេលខ្លះមកជួបខ្ញុំ ត្រូវមាត់ខ្ញុំប្រាវ … ខ្ញុំចេះតែគិតថា ឯងនេះគ្រាន់តែបានកើតក្នុងប្រ​ទេសអ្នកមានទេ ប៉ុន្តែ អោយឯងពូកែជាងអញមិនប្រាកដទេ ពូកែជាងមន្ត្រីរបស់អញមិនប្រាកដទេ។ ខ្ញុំអត់ដៀមដាមដាក់អោយអ្នកណាទេ …។

ដើមអាណត្តិទី ៥ បានមេដាយមាស ១ ចុងអាណត្តិទី ៥ បានមេដាយមាស ២ ពីកីឡាអាស៊ីដូចគ្នា

ពូអាចយកការសង្ខេបមួយថា ដើមអាណត្តិទី ៥ បានមេដាយមាស ១ នាំមកដោយវីរកីឡាការិនី ស៊ន សៀវម៉ី។ កីឡាអាស៊ីដូចគ្នា។ ចុងអាណត្តិទី ៥ នៅសល់តែពីរថ្ងៃទៀតទេក្មួយ ផុតអាណត្តិរាជរដ្ឋាភិបាលអា​ណត្តិទី ៥ ហើយ បាននាំមកមេដាយមាស ២ ទៀត។ តើនេះវា(មិនមែន)ជាជោគជ័យ នៃរាជរដ្ឋាភិបាលអា​ណត្តិទី ៥ ទាក់ទិនជាមួយនឹងកិច្ចខិតខំទាំងអស់គ្នាទេឬ? អាណត្តិដែលយើងជិតផុតនេះ ជាអាណត្តិនៃកំណែទម្រង់។ សូម្បីតែអនុក្រឹត្យទាក់ទិនជាមួយនឹងបញ្ហាលើកទឹកចិត្ត និងធ្វើការបណ្តុះបណ្តាល និងផ្តល់អាហារូបករណ៍សម្រាប់ការបណ្តុះបណ្តាលកីឡា ក៏បានធ្វើការកែសម្រួលនៅក្នុងអាណត្តិនេះដែរ។ ឧទាហរណ៍៖ ទាក់ទងនឹងអាហារូបត្ថម្ភ របបហ្វឹកហាត់ផ្សេងៗ និងរបបឧបត្ថម្ភ។ ពិតហើយរាជរដ្ឋាភិបាលក្រ យើងបានទទួលប្រាក់កាសប៉ុណ្ណេះ ប៉ុន្តែ នៅពេលរាជរដ្ឋាភិបាលមានលទ្ធភាពកាន់តែខ្ពស់ អ្នកដែលទទួលមេដាយក៏នឹងទទួលបានខ្ពស់ផងដែរ។ វាជារឿងធម្មតាទេ។

នៅថ្ងៃទី ៦ ខាងមុខ នឹងក្លាយជានាយករដ្ឋមន្ត្រីនៅអាណត្តិទី ៦

ឥឡូវ បើទោះបីជារដ្ឋាភិបាលអាណត្តិទី ៥ ជិតបានបញ្ចប់ តែគេបានដឹងច្បាស់ហើយថា ហ៊ុន សែន បន្ត​ធ្វើនាយករដ្ឋមន្ត្រីនៅអាណត្តិក្រោយទៀត។ ឥឡូវ កំពុងតែស្ថិតនៅជានាយករដ្ឋមន្ត្រីចាត់តាំងអោយផ្គូផ្គងរាជរដ្ឋាភិបាល។ ថ្ងៃទី ៦ (ខាងមុខ)នេះ នឹងក្លាយជានាយករដ្ឋមន្ត្រី។ ចប់អាណត្តិទី ៥ នឹងចូលទៅអាណត្តិទី ៦។ ដូរដូចគេថាអញ្ចឹង។ ដូរពីអា(ណត្តិ)ទី ៥ ទៅអា(អាណត្តិ)ទី ៦។ ឥឡូវនេះ បើទោះបីវាថ្មី វាចាស់ នឹងជិតឈានដល់អាថ្មី ច្បាប់ថវិកា(ត្រូវ)បានវេចខ្ចប់។ កំពុងតែចរចាច្បាប់ថវិកានៅឡើយទេ។ ដូច្នេះ យើងនឹងបន្តរួមដំណើរជាមួយគ្នាដោយគ្មានការអាក់ខាននោះទេ។ ថ្ងៃនេះ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី បានមកទទួលស្វាគមន៍ជាកិត្តិយស ហើយវិមាននេះ គឺជាវិមានដែលក្មួយអាចចូលប្រហែលជាចូល(លើកទីពីរ) ឬក៏ចូលប៉ុន្មានលើកហើយក៏មិនដឹងទេ ក៏ប៉ុន្តែ ដឹងថាកាលពីថ្ងៃទី ១៥ ចូលម្តង មុនចេញទៅប្រកួត ហើយថ្ងៃនេះ គឺចូលម្តងទៀត ដើម្បីមកនាំមេដាយចូលវិមានសន្តិភាព ដែលជាទីកន្លែងដែលគេថា កំពូលអំណាចខាងនីតិប្រតិបត្តិតែម្តង។

អរគុណគ្រូបង្វឹក អរគុណអ្នកឧបត្ថម្ភ និងអរគុណអ្នកការទូតកម្ពុជា

អរគុណ និងកោតសរសើរជាមួយនឹងគ្រូបង្វឹកទាំងអស់ ដែលបានប្រឹងប្រែងហ្វឹកហាត់កូនសិស្សរបស់ខ្លួន ដែលការហ្វឹកហាត់នោះមិនមែនជាការងាយទេ។ ត្រូវលួងសិស្សរបៀបម៉េច? អោយសិស្សប្រឹងប្រែងរបៀបម៉េច? ក៏មិនមែនប្រើវិធីសាស្ត្រល្មមៗនោះដែរ។ ត្រូវចេះគ្រប់វិធី។ ដូច្នេះ ក៏សូមសរសើរចំពោះគ្រូបង្វឹកទាំងអស់ មិនថាគ្រូដែលទទួលពានរង្វាន់ទេ​ សូម្បីតែគ្រូដែលមិនទទួលពានរង្វាន់ ក៏សូមលើកទឹកចិត្តអោយបន្តការហ្វឹកហាត់តទៅទៀត។ សូមអរគុណ ចំពោះអ្នកឧបត្ថម្ភ។ សូមអរគុណ ចំពោះថ្នាក់ដឹកនាំ នៃគណៈប្រតិភូ ដើម្បីដឹកនាំការចូលរួមប្រកួត។ សូមថ្លែងអំណរគុណ ចំពោះអគ្គរាជទូត ហោ​ ណាំបូរ៉ា នៅឯហ្សាកាតា។ អគ្គរដ្ឋទូតគ្រប់ប្រទេសទាំងអស់ ធ្វើសកម្មភាពបែបនេះវាជាការល្អ។ យើងមានពលរដ្ឋរបស់យើងទៅចូលរួមលើកទឹកចិត្តទៅលើកីឡាករ/ការនីនៅគ្រប់ទីកន្លែង ដែលមានការប្រកួត គឺជាការចាំបាច់នៃកិច្ចការទូតរបស់យើង ហើយដែលពួក(អ្នកការទូត)នៅទីនោះ ក៏បានធ្វើការសម្របសម្រួលកិច្ចការច្រើន ដែលខ្ញុំបាន​ទទួលព័ត៌មានបែបនេះ។

ប្រាក់រង្វាន់ជូនជ័យលាភីមេដាយមាស/សំរឹទ្ធិ និងគ្រូបង្វឹក

អរគុណ សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលមកចូលរួម។ ថ្ងៃនេះសម្រាប់កញ្ញា ខាន់ ចេសា ដែលជាមេដាយមាសខាង ជឺជិតស៊ូ តាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល គឺត្រូវផ្តល់ជូន(ថវិកា) ៨០ លានរៀល។ ក្រៅពីថវិការបស់រាជរដ្ឋាភិបាល ក៏នៅមានប្រាក់របស់តា និងយាយចំនួន ១ ម៉ឺនដុល្លារ(អាមេរិក) ផ្សេងទៀត។ ឯគ្រូបង្វឹកក៏នឹងទទួលបាន ៨០ លានរៀល ជាប្រាក់របស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា និងប្រាក់ ១ ម៉ឺនដុល្លារអាមេរិក របស់ខ្ញុំផងដែរ។ ឯកីឡាករ សាលី អ៊ូមើត ដែលទទួលមេដាយមាសផង និងមេដាយសំរឹទ្ធិផង គឺទទួលបានថវិការាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវ​ជន និងកីឡា ចំនួន ១០៤ លានរៀល។ ឯថវិការបស់ខ្ញុំ ១ ម៉ឺន ៣ ពាន់ ដុល្លារអាមេរិក។ ចំពោះគ្រូបង្វឹកទទួលបាន ៨០ លានរៀល ជាថវិការបស់រាជរដ្ឋាភិបាល និងថវិកា ១ ម៉ឺនដុល្លារអាមេរិក ជាថវិការបស់ខ្ញុំ។ សរុបទៅរាជរដ្ឋាភិបាលត្រូវចំណាយទៅលើមេដាយចំនួន ៣ គ្រឿងនេះ ៣៤៤ លានរៀល ឯចំពោះថវិកា​របស់ខ្ញុំនឹងភរិយា ចំនួន ៤ ម៉ឺន ៣ ពាន់ ដុល្លារ(អាមេរិក) …។

គ្រប់សហព័ន្ធបង្កើនការហ្វឹកហាត់ ដើម្បីទទួលបានមេដាយ ទាំងថ្នាក់ជាតិ តំបន់ និងក្របខណ្ឌសកល

អ្នកទាំងអស់គ្នាទៅប្រកួត មិនមែនគ្រាន់តែដើម្បីប្រាក់កាក់នោះទេ។ ប្រាក់កាក់ជាចំណែកមួយ តែកិត្តិយស សំខាន់ណាស់។ ជាតិយើងកាន់តែសំខាន់ទៅទៀត។ ប៉ុន្តែ វាទាល់តែកីឡាករ/ការិនីរបស់យើងទាំងអស់ គ្នាធ្វើការខិតខំ។ ដូច្នេះ ថ្ងៃនេះ គ្រប់សហព័ន្ធទាំងអស់ដែលមកចូលរួម ត្រូវបង្កើនការហ្វឹកហាត់គ្រប់សហព័ន្ធ ដើម្បីទទួលបាននូវមេដាយក្នុងការប្រកួត ទាំងក្នុងថ្នាក់ជាតិ ទាំងកម្រិតតំបន់ អនុតំបន់ ក៏ដូចជា ក្របខណ្ឌសកល។ សង្ឃឹមថា ខ្មែរអាចធ្វើបាន។ ខ្មែរមានលទ្ធភាពនឹងធ្វើ។ តែដូចខ្ញុំបានបញ្ជាក់អញ្ចឹង ដល់គេមានមេដាយរាប់រយ មិនចាំបាច់អរទៀតទេ ព្រោះគេធ្លាប់ទទួលរាប់រយទៅហើយ ឯយើងទទួលអាមួយដំបូងហ្នឹង ដែលសប្បាយ។ ដល់លើកទី ២ កាន់តែសប្បាយទៅទៀត ព្រោះវាមិនដែលទទួល ៦៤ ឆ្នាំហើយទើបនឹងបានមេដាយហ្នឹង (មេដាយ)មាស (ចំនួន) ៣, (មេដាយ)សំរឹទ្ធិ (ចំនួន) ១ (ត្រូវចំណាយពេល) ៦៤ ឆ្នាំ។ កីឡាអាស៊ីជាអ្នកកត់ត្រាទុក មិនមែនយើងចេះតែនិយាយទេ។

ក្រៅពីកត់ត្រាក្នុងប្រវត្តិរបស់កម្ពុជា នៅមានការកត់ត្រាពីកីឡាអាស៊ី

អញ្ចឹង បានជាពូថា ក្មួយៗ(ជា)អ្នកបង្កើតប្រវត្តិសាស្ត្រ ប៉ុន្តែត្រូវអោយអ្នកសរសេរប្រវត្តិសាស្ត្រសរសេរពីយើង។ គេអត់ភ្លេចទេ ខាន់ ចេសា ជាប់មេដាយមាស។ សាលី អ៊ូមើត ជាប់មេដាយមាស។ ក្រៅពីការកត់ត្រានៅក្នុងប្រវត្តិរបស់កម្ពុជាខ្លួនឯង នៅមានការកត់ត្រាពីកីឡាអាស៊ីទៀត។ ឥឡូវនេះ និយាយពីវីដេអូគេបង្ហោះពេញទឹក/ដីឯណោះ អត់បោកអ្នកណាបានទេ។ អញ្ចឹង យើងបង្កើតប្រវត្តិសាស្ត្រផង តែត្រូវអោយគេសរសេរពីយើងផង។ ឥឡូវ គេសរសេរពីកម្ពុជាហើយ។ សូម្បីតែភ្នំពេញប៉ុស្តិ៍ ក៏មានចុះអត្ថបទចុងក្រោយរបស់គេ ព្រឹកមិញដាក់ថា ដូចជាចំណងជើង “ចិនបានទទួលមេដាយមាសច្រើនជាងគេ ក្នុងពេលដែលកម្ពុជាត្រៀមនឹងស្វាគមន៍មេដាយមាសនៅក្នុងប្រទេស” អើ! ចុះអញ្ចឹងៗអាហ្នឹងបានវាត្រូវ។ (បើ)ចុះខុសពីហ្នឹងវាមិនត្រូវនឹងប្រវត្តិសាស្ត្រដែលយើងកំពុងតែធ្វើ។ ចិនទទួលមេដាយមាសច្រើនមែន។ ហ្នឹងសរសេរវាត្រូវ។

មិនបានស្អប់អាមេរិកទេ ស្អប់តែអ្នកមើលងាយខ្មែរ ស្អប់ខ្មែរ បំផ្លាញខ្មែរ

… វាមានឈ្លើយទៅតែឯង វាថា ឥឡូវ កូនកាត់អាមេរិកយកមកប្រកួត។ លោក ហ៊ុន សែន ស្អប់អាមេរិក តើទទួលឬមិនទទួល? វាទៅជាអញ្ចេះទៅ? ខ្ញុំដែលស្អប់អាមេរិកពីអង្កាល់? តែខ្ញុំស្អប់អាណាឈ្លានពានកម្ពុជាតែប៉ុណ្ណឹង? ខ្ញុំអត់ស្អប់អាមេរិកទេ។ តែអ្នកណាបញ្ជូនទ័ពចូលឈ្លានពានកម្ពុជា ហើយចង់ផ្តួលរំលំកម្ពុជា ខ្ញុំស្អប់អាហ្នឹង។ ខ្ញុំអត់ស្អប់ប្រជាជនអាមេរិកទេ។ វាមានមេដឹកនាំរបស់វា។ ជំនាន់ឆ្នាំ ១៩៧០ មាន និក សុន (Richard Nixon) ទម្លាក់គ្រាប់បែកនៅស្រុកខ្មែរ រលាយអស់ស្រុកខ្មែរ។ អញ្ចឹង តើយើងសរសើរ និក សុន (Richard Nixon) ទេ? ហើយអ្នកដទៃទៀតដែលឆាឆៅកម្ពុជា? កូនខ្ញុំរៀននៅអាមេរិក … ប្រហែលជាមានកូនខ្មែរមិនច្រើនទេ។ កូនខ្មែរលើកទី ១ ដែលចូលសាលាយោធាអាមេរិក West Point គឺកូនរបស់ ហ៊ុន សែន។ សុំផ្តាំទៅអ្នកឯងអោយយល់។ អាមេរិកបណ្តុះកូនខ្ញុំមួយផ្សេងទៀត អោយចប់អនុបណ្ឌិតខាងវិស័យការពារជាតិនៅសហរដ្ឋអាមេរិក មិនមែន ហ៊ុន សែន អ្នកសុំទេ តែអាមេរិកអ្នកអោយ។ ហ៊ុន ម៉ានី ក្រៅពីចប់អនុបណ្ឌិតវិទ្យាសាស្ត្រនយោបាយនៅអូស្ត្រាលី អាមេរិកអោយអាហារូបករណ៍ទៅរៀន(នៅ)សាលាវិទ្យាល័យការពារជាតិរបស់អាមេរិក។ ចប់ជាអនុបណ្ឌិតផ្នែកការពារជាតិ​របស់អាមេរិក ដែលរៀនជាមួយនឹងព្រះអង្គម្ចាស់មកពីប្រទេសខ្លះ។ ឧត្តមសេនីយ៍មកពីប្រទេសខ្លះ។ ក្មេងជាងគេ ហ៊ុន ម៉ានី​ កូនប្រុសរបស់ខ្ញុំ។ អាមេរិកអោយទៅ។ អ្នកឯងកុំភ័ន្តច្រឡំ។

អ្នកឯងចង់ធ្វើមិត្តនឹងខ្ញុំ ខ្ញុំក៏ធ្វើមិត្តនឹងអ្នកឯង

ខ្ញុំមិនបានស្អប់អាមេរិកទេ ក៏ប៉ុន្តែ (មិនចូលចិត្ត)ជនជាតិអាមេរិកណាដែលមើលងាយខ្មែរ ស្អប់ខ្មែរ បំផ្លាញខ្មែរ។ ហ្នឹង បើទោះបីយើងមិនស្អប់ ក៏វាស្អប់យើង (ហើយយើង)វាត្រូវតែស្អប់គេ។ ហ្អែងវាយអញៗវាយហ្អែង។ បើហ្អែងអត់ធ្វើអីអញៗអត់ធ្វើអីហ្អែង។ ហ្អែងចង់ធ្វើមិត្តអញៗធ្វើមិត្តហ្អែង។ វាតែប៉ុណ្ណឹង។ នៅលើលោក​ វាមានតែប៉ុណ្ណឹង។ បើអ្នកឯងអត់រករឿងខ្ញុំៗក៏មិនរករឿងអ្នកឯង។ អ្នកឯងរករឿងខ្ញុំៗក៏ត្រូវតែតបត។ អ្នកឯងចង់ធ្វើ មិត្តខ្ញុំៗធ្វើមិត្តអ្នកឯង។ អ្នកខ្លះវាដាក់ផ្លែអោយខ្ញុំ វាថា ខាន់ ចេសា ជាកូនកាត់អាមេរិក តើលោក ហ៊ុន សែន ទទួលយកមេដាយឬអត់? ផ្តាំទៅពីហ្នឹងទៅ ខ្ញុំមានចៅមួយសញ្ជាតិអាមេរិកទៀតឯណោះ ប៉ុន្តែឥឡូវដូចជាផ្តាច់បានហើយ ព្រោះខ្ញុំខ្លាចដែរ ក្រែងលោអាយុ ១៨ ឆ្នាំ ត្រូវទៅធ្វើ(ជា)ទាហាន (ព្រោះវាជា)កាតព្វកិច្ច(យោធា) ហើយត្រូវបង់ពន្ធ ព្រោះអា(ចៅ)ហ្នឹងវាកើតនៅអាមេរិក។ មានលិខិត​ឆ្លងដែន​អាមេរិក មានស្អី។

មុននឹងយើងធ្វើពិធីបំពាក់មេដាយ ជូនពរ ចំពោះសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា សូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀង ឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ